Author: សឿន សំណាង

  • កូរ៉េខាងត្បូង ដំឡើង​ប្រាក់ខែ​​អប្បបរមា​​ដល់​​កម្មករ​ និយោជិត​​ សម្រាប់​​​ឆ្នាំ ​២០២៣

    កូរ៉េខាងត្បូង ដំឡើង​ប្រាក់ខែ​​អប្បបរមា​​ដល់​​កម្មករ​ និយោជិត​​ សម្រាប់​​​ឆ្នាំ ​២០២៣

    នា​ថ្ងៃទី ៣០ ខែមិថុនា​នេះ ក្រុមមន្ត្រី​កូរ៉េខាងត្បូង បានឱ្យដឹងថា តំណាង​កម្មករ និយោជិត និង​ម្ចាស់​ក្រុមហ៊ុន​នៅ​ប្រទេស​នេះ បាន​ឯកភាពគ្នា​ក្នុងការ​ដាក់ចេញ​នូវ​កម្រិត​ប្រាក់បៀវត្ស​អប្បបរមា​គិត​ទៅតាម​ម៉ោង​ធ្វើការ សម្រាប់​ឆ្នាំ ២០២៣ គឺ ៩,៦២០ វ៉ុ​ន (ប្រហែល ៧.៤១ ដុល្លារ​អាម៉េរិក) កើន ៥% ធៀប​នឹង​ឆ្នាំនេះ។

    គណៈកម្មការ​ប្រាក់បៀវត្ស​អប្បបរមា (MWC) ដែលមាន​សមាជិក ៩ រូប តំណាងឱ្យ​កម្មករ និយោជិត ម្ចាស់​ក្រុមហ៊ុន និង​សាធារណជន កាលពី​ព្រលប់​ថ្ងៃទី ២៩ មិថុនា សម្រេចបាន​កិច្ចព្រមព្រៀង​ស្ដីពី​ការកំណត់​ប្រាក់បៀវត្ស​អប្បបរមា​សម្រាប់​កម្មក​រ និយោជិត។ យោងតាម​កិច្ចព្រមព្រៀង​នេះ ប្រាក់ខែ​របស់​កម្មករ និយោជិត​កូរ៉េខាងត្បូង គឺ ២.០២ លាន​វ៉ុ​ន ដែល​នឹង​ត្រូវបាន​អនុវត្ត​ចំពោះ​គ្រប់​វិស័យ។

    នៅ​ក្នុង​ការចរចា ភាគី​តំណាង​កម្មករ និយោជិត បានស្នើ​ឱ្យ​ដំឡើង​ប្រាក់ខែ​ទៅតាម​ការសន្យា​របស់ អាជ្ញាធរ​របស់​អតីត​ប្រធានាធិបតី Moon Jae-in (១០,០០០ វ៉ុ​ន/ម៉ោង)។ ចំណែក​ភាគី​ខាង​ម្ចាស់​ក្រុមហ៊ុន​វិញ បាន​ស្នើឱ្យ​ពន្យារពេល​គម្រោង​ដំឡើង​ប្រាក់ខែ​ទៅតាម​ការសន្យា​ខាងលើ ដោយសារ​មានការ​បារម្ភ​អំពី​ការខាតបង់​ដែល​កើតឡើង​ដោយសារ​កូ​វីដ-១៩ ការប្រាក់ អតិផរណា​កើនឡើង និង​អត្រា​ប្ដូរប្រាក់​ក៏​សុទ្ធតែ​ខ្ពស់។

    ការកំណត់​ប្រាក់ខែអប្បបរមា​​ថ្មី​ខាងលើ​សម្រាប់​ឆ្នាំ ២០២៣ នេះ នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី ១ មករា ២០២៣។

    ក្នុង​អាណត្តិ​របស់ អតីត​ប្រធានាធិបតី Moon Jae-in ប្រាក់​បៀ​​វត្ស​អប្បបរមា​បាន​កើន ១៦.៤% នៅ​ឆ្នាំ ២០១៨, ១០.៩% នៅ​ឆ្នាំ ២០១៩, ២.៩% នៅ​ឆ្នាំ ២០២០ និង ១.៥% នៅ​ឆ្នាំ ២០២១៕

  • សហភាព​អឺរ៉ុប ត្រូវ​ចំណាយពេល ៣ ឆ្នាំ ទើប​អាចមាន​ប្រភព​ផ្គត់​ផ្គង់​​ជំនួស​ថាមពល​របស់ រុស្ស៊ី

    សហភាព​អឺរ៉ុប ត្រូវ​ចំណាយពេល ៣ ឆ្នាំ ទើប​អាចមាន​ប្រភព​ផ្គត់​ផ្គង់​​ជំនួស​ថាមពល​របស់ រុស្ស៊ី

    ក្រុមហ៊ុន​វាយតម្លៃ​ឥណទាន Fitch បាន​អះអាងថា ប្រទេស​ស្លូ​វ៉ា​គី, ហុង​គ្រី និង សាធារណរដ្ឋ​ឆែក នឹង​ជា​ប្រទេស​ដែល​ត្រូវ​រង​ផលប៉ះពាល់​ធ្ងន់​ធ្ងន់​ជាងគេ បើសិន រុស្ស៊ី កាត់ផ្ដាច់​ប្រភព​ផ្គត់ផ្គង់​ប្រេង​ឧស្ម័ន។

    របាយការណ៍​របស់ Fitch ដែល​បានប្រកាស​កាលពី​ថ្ងៃទី ២៨ មិថុនា ក៏បាន​ឱ្យដឹងថា សហភាព​អឺរ៉ុប (EU) ត្រូវការ​ពេល ៣ ឆ្នាំ ទើប​អាចមាន​ប្រភព​មក​ជំនួស​ប្រេង​ឧស្ម័ន​ដែល​នាំចូល​ពី ប្រទេស​រុស្ស៊ី ក្នុងករណី ទីក្រុង​មូ​ស្គូ កាត់ផ្ដាច់​ប្រភព​ផ្គត់ផ្គង់ភ្លាម។

    Fitch បាន​ព្រមាន​ថា ការដែល រុស្ស៊ី មាន «ភាពរអាក់រអួល» ក្នុងការ​ផ្គត់ផ្គង់​ប្រេង​ឧស្ម័ន ក៏​នឹង​ធ្វើឱ្យ​បណ្ដា​ប្រទេស​នៅ អឺរ៉ុប ប្រឈម​នឹង​ផលប៉ះពាល់​ធ្ងន់​ធ្ងន់ ពិសេស​គឺ កំណើនសេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ និង​អតិផរណា​កើនឡើង​ខ្ពស់។

    ក្រុមហ៊ុន​វាយតម្លៃ​ឥណទាន​ខាងលើ​ក៏​យល់ថា ស្លូ​វ៉ា​គី, ហុង​គ្រី និង សាធារណរដ្ឋ​ឆែក គឺជា​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត ដោយសារតែ​ពឹងផ្អែក​ច្រើន​ទៅលើ​ឧស្ម័ន​ដែល​នាំចូល​ពី ប្រទេស​រុស្ស៊ី និង​ពុំមាន​ប្រភព​ផ្គត់ផ្គង់​បម្រុង។ ចំណែក ប៉ូឡូញ, លី​ទុយ​អា​នី និង រូ​ម៉ា​នី អាចមាន​សុវត្ថិភាព​ច្រើនជាង ព្រោះតែ​បាន​ចាប់យក​ប្រភព​ផ្គត់ផ្គង់​ជំនួស ឬ​មានលទ្ធភាព​ផលិត​ក្នុងស្រុក។

    កាលពី​ខែមេសា ក្រុមហ៊ុន Gazprom របស់ រុស្ស៊ី បាន​ផ្អាក​ការផ្គត់ផ្គង់​ឧស្ម័ន​ដល់ ប៊ុលហ្គារី, ប៉ូឡូញ និង ហ្វាំ​ង​ឡង់ បន្ទាប់ពី​ប្រទេស​ទាំងនេះ​មិន​ព្រម​ទូទាត់​ដោយ​ប្រើប្រាស់​ប្រាក់ រូ​ប្ល​រុស្ស៊ី ទៅតាម​សំណើ​របស់ ទីក្រុង​មូ​ស្គូ។ កាលពី​ដើមខែ​នេះ ក្រុម​ហ៊ុន ​Gazprom ក៏បាន​កាត់បន្ថយ​ឧស្ម័ន ៦០% ដែល​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទៅឱ្យ ប្រទេស​អាល្លឺម៉ង់ តាម​បំពង់​បង្ហូរ Nord Stream។ ប្រការនេះ​ធ្វើឱ្យមាន​ការព្រួយបារម្ភ​ខ្លាំង​សម្រាប់ តំបន់​អឺរ៉ុប។

    ចំពោះ រុស្ស៊ី វិញ វិមាន​ក្រឹម​ឡាំង បានប្រកាសថា នឹង​ប្រឹងប្រែង​រក្សា​តំណែង​ជា «អ្នកផ្គត់ផ្គង់​ឧស្ម័ន​ដែល​គួរ​ជាទី​ទុកចិត្ត» និង​បាន​ច្រាល​ចោល​ព័ត៌មាន​ដែលថា ប្រទេស​នេះ​នឹង​កាត់ផ្ដាច់​ទាំងស្រុង​នូវ​ការផ្គត់ផ្គង់​ឧស្ម័ន​ដល់ អឺរ៉ុប៕

  • ន័​រ​វែ​ស នឹង​សាងសង់​បំពង់​បង្ហូរ​ខ្នាត​យក្ស នាំ​សមាសធាតុ CO2 ចុះក្រោម​បាតសមុទ្រ

    ន័​រ​វែ​ស នឹង​សាងសង់​បំពង់​បង្ហូរ​ខ្នាត​យក្ស នាំ​សមាសធាតុ CO2 ចុះក្រោម​បាតសមុទ្រ

    ក្រុមហ៊ុន​ថាមពល Epuinor របស់ ប្រទេស​ន័​រ​វែ​ស កាលពី​ថ្ងៃទី ២៩ មិថុនា ឆ្នាំ​ ២០២២ ​បានដាក់​សំណើ​សាងសង់​ប្រព័ន្ធ​បង្ហូរ កាបូនឌីអុកស៊ីត ចុះក្រោម​បាតសមុទ្រ​របស់​ប្រទេស​នេះ ដើម្បី​កប់​សមាស​ធាតុគីមី CO2 នេះ​ចោល​ជា​រៀងរហូត។

    បើសិន​ត្រូវបាន​អនុវត្ត នេះ​នឹង​ក្លាយជា​គម្រោង​ប្រមូល ដឹកជញ្ជូន និង​រក្សាទុក​កាបូន (CCS) ធំ​បំផុត​មួយ​ក្នុង​ពិភពលោក។

    «ប្រព័ន្ធ​បំពង់​បង្ហូរ​នៅឯ​សមុទ្រ ដែលមាន​នៅក្នុង​គម្រោង​នេះ មាន​សមត្ថភាព​អាច​បង្ហូរ​កាបូនឌីអុកស៊ីត​បាន​ពី ២០ ទៅ ៤០ លាន​តោន​ជា​រៀងរាល់ឆ្នាំ ផ្គត់ផ្គង់​តម្រូវការ​ថ្មី​ស្ដីពី CCS របស់​បណ្ដា​ក្រុមហ៊ុន​ឧស្សាហកម្ម​នៅ អឺរ៉ុប» ក្រុមហ៊ុន Equinor បញ្ជាក់​ដូច្នេះ។ តួលេខ​ខាងលើ​គឺ​ប្រហាក់ប្រហែល​នឹង​ឧស្ម័ន​ដែល​មនុស្ស​ពី ៣ ទៅ ៦ លាន​នាក់​បាន​បង្កើតជា​រៀងរាល់ឆ្នាំ។

    CCS ត្រូវបាន​ចាត់ទុក​ដូច​ទៅនឹង​ដំណោះស្រាយ​ដ៏​មាន​សក្ដានុពល​សម្រាប់​វិស័យ​ឧស្សាហកម្ម​ដែល​បញ្ចេញ CO2 កម្រិត​ខ្ពស់ ជា​វិធី​ដែល​អនុញ្ញាតឱ្យ​បណ្ដា​ក្រុមហ៊ុន​អាច​បន្តសកម្មភាព​រប​ស់​ខ្លួន បើទោះជា​មាន​វិធានការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ដើម្បី​ប្រឆាំងនឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ។

    តាម​សំណើ ក្រុមហ៊ុន Fluxys របស់ បែលហ្ស៊ិក នឹង​ដំណើរការ​មូលដ្ឋាន​មួយ​នៅ Zeebrugge ជាទី​សម្រាប់​ប្រមូល​កាបូ​ឌីអុកស៊ីត ពី​បណ្ដា​ក្រុមហ៊ុន និង​កប៉ាល់​ដែល​ចូល​ចត​ក្នុង​កំពង់ផែ ដោយ​ត្រូវបាន​ភ្ជាប់​តាមរយៈ​ប្រព័ន្ធ​បំពង់​បង្ហូរ។

    បន្ទាប់មក កាបូនឌីអុកស៊ីត នឹង​ត្រូវបាន​បង្ហូរ​ទៅតាម​បំពង់​មួយ​ផ្សេងទៀត​ដែល​ក្រុមហ៊ុន Equinor ជា​អ្នកគ្រប់គ្រង នៅក្រោម​បាតសមុទ្រ។ បំពង់​បង្ហូរ​នេះ​នឹង​ជួយ​រក្សាទុក CO2 នៅក្រោម​បាតសមុទ្រ​របស់ ន័​រ​វែ​ស ជា​រៀងរហូត។

    គម្រោង​នេះ​កំពុងស្ថិត​ក្នុងដំណាក់កាល​ស្រាវជ្រាវ​អំពី​លទ្ធភាព។ បច្ចុប្បន្ន ក្រុមហ៊ុន Equinor និង Fluxys បានធ្វើការ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ជា​អតិថិជន​សក្ដានុពល ហើយ​សង្ឃឹមថា ពួកគេ​នឹងមាន​ការសម្រេចចិត្ត​ក្នុងការ​បណ្ដាក់ទុន​វិនិយោគ​នៅ​ឆ្នាំ ២០២៥៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ៣០ ខែ​មិថុនា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ៣០ ខែ​មិថុនា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ២៩ ខែ​មិថុនា ២០២២ កម្ពុជា ​​មាន​​​ករណី​​​វិជ្ជមាន​ថ្មី​ចំនួន ៧ នាក់​, ជា​សះស្បើយថ្មី​​មិន​មាន, ​​​​​ស្លាប់ថ្មី​​មិន​មាន​។

  • តៃវ៉ាន់ ធ្វើ​សមយុទ្ធ​លើ​កោះ Taiping! វៀតណាម ស្រែកថា រំលោភ​លើ​អធិបតេយ្យភាព​ទឹកដី

    តៃវ៉ាន់ ធ្វើ​សមយុទ្ធ​លើ​កោះ Taiping! វៀតណាម ស្រែកថា រំលោភ​លើ​អធិបតេយ្យភាព​ទឹកដី

    ប៉ូលិស​ការពារ​ដែនសមុទ្រ​តៃវ៉ាន់ បង្កើត​តំបន់ហាមឃាត់​ទូក កប៉ាល់ និង​បានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅលើ​កោះ Taiping ក្នុង​ប្រជុំ​កោះ Spratly លើ សមុទ្រ​ចិន​ខាងត្បូង ធ្វើឱ្យ វៀតណាម «ស្រែក» ថា ខុសច្បាប់ និង​រំលោភ​លើ​អធិបតេយ្យភាព​ទឹកដី​របស់​ពួកគេ។

    អាជ្ញាធរ​ការពារ​ដែន​សមុទ្រ​របស់ តៃវ៉ាន់ បានប្រកាស​ធ្វើ​សមយុទ្ធ​ចាប់ពី​ថ្ងៃទី ២៨ ដល់ ២៩ មិថុនា ដោយមាន​វិញ្ញាសា​បាញ់​គ្រាប់​ពិត​សំដៅលើ​គោលដៅ​ក្នុង​ដែនអាកាស និង​នៅលើ​ដែនទឹក។ យន្តហោះ និង​ទូក កប៉ាល់ ត្រូវបាន​ស្នើឱ្យ​គេច​ពី​តំបន់​នេះ​នៅក្នុងពេល​កំពុង​ធ្វើ​សមយុទ្ធ។

    សមយុទ្ធ​របស់ តៃវ៉ាន់ នេះ ធ្វើឱ្យ អាជ្ញាធរ​វៀតណាម «កើតទុក្ខ​មិន​សុខចិត្ត» និង​ប្រកាសថា នេះ​ជា​សម្មភាព​ខុសច្បាប់។ អាជ្ញាធរ​វៀតណាម កន្លងមក​ធ្លាប់​បានស្នើ​ជាច្រើនលើក ឱ្យ តៃវ៉ាន់ បញ្ឈប់​សកម្មភាព​សម​យុទ្ធ​នៅលើ​កោះ Taiping ដែល វៀតណាម ហៅថា កោះ Ba Binh និង​ដែនទឹក​នៅ​ជុំវិញ ដោយ​ចាត់ទុកថា ជាការ​រំលោភ​លើ​អធិបតេយ្យភាព​ទឹកដី​របស់​ពួកគេ គំរាម​កំ​ហែក​សន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ​ដែនទឹក បង្ក​ភាព​តានតឹង និង​ស្មុគស្មាញ​បន្ថែមទៀត​នៅលើ សមុទ្រ​ចិន​ខាងត្បូង។

    កោះ Taiping គឺ​កោះ​ដែលមាន​ផ្ទៃក្រឡា​ធម្មជាតិ​ធំជាងគេ​បង្អស់​នៅក្នុង​ប្រជុំ​កោះ Spratly ដែល វៀតណាម ប្រកាសថា​ជា​កម្មសិទ្ធិ​របស់ខ្លួន។ វៀតណាម អះអាងថា ពួកគេ​មាន​មូលដ្ឋាន​ច្បាប់ និង​ភ័ស្ដុតាង​ប្រវត្តិសាស្ត្រ​គ្រប់គ្រាន់​ដែល​បញ្ជាក់បាន​ថា ប្រជុំ​កោះ Spratly និង ប្រជុំ​កោះ Paracel នៅ សមុទ្រ​ចិន​ខាងត្បូង គឺជា​ទឹកដី​របស់​ពួកគេ៕

  • ជប៉ុន មានបំណង​លើកកម្ពស់​បន្ថែមទៀត ចំពោះ​ទំនាក់​ទំនងជា​ដៃគូ​ជាមួយ ណា​តូ

    ជប៉ុន មានបំណង​លើកកម្ពស់​បន្ថែមទៀត ចំពោះ​ទំនាក់​ទំនងជា​ដៃគូ​ជាមួយ ណា​តូ

    កាលពី​ថ្ងៃទី ២៩ មិថុនា នាយករដ្ឋមន្ត្រី​ជប៉ុន លោក Kishida Fumio បាន​សម្ដែង​នូវ​គោលបំណង​លើកកម្ពស់​ទំនាក់ទំនង​ជា​ដៃគូ​ជាមួយ អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (ណា​តូ/NATO) ក្នុង​គ្រា​ដែល​សន្តិសុខ​របស់ អឺរ៉ុប មិនអាច​កាត់ផ្ដាច់​បាន​ពី​សន្តិសុខ​របស់ អាស៊ី។

    ថ្លែង​នៅក្នុង ប្រទេស​អេ​ស្ប៉ា​ញ ក្នុងនាម​ជា​មេដឹកនាំ​ទីមួយ​របស់ ជប៉ុន ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​របស់ ណា​តូ នាយករដ្ឋមន្ត្រី Kishida បានឱ្យដឹងថា ជប៉ុន ចង់​លើកកម្ពស់​ទំនាក់ទំនង​ជា​ដៃគូ​ជាមួយ ណា​តូ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​ក្នុង​វិស័យ​ជាច្រើន​ដូចជា សន្តិសុខ​អ៊ី​ន​ធើ​ណិ​ត និង​សមុទ្រ​ជាដើម។

    លោក Kishida បាន​សង្កត់ធ្ងន់ថា ការព្យាយាម​ជា​ឯកតោភាគី​ដើម្បី​ផ្លាស់ប្ដូរ​ស្ថានការណ៍​នៅ សមុទ្រ​ចិន​ខាងត្បូង និង សមុទ្រ​ចិន​ខាងកើត គឺ​នៅតែ​កើតមាន ខណៈ​បញ្ហា​សន្តិសុខ​ប្រឈម​នឹង​ហានិភ័យ​កាន់តែ​ខ្ពស់​នៅ អាស៊ី​ខាងកើត។ នាយករដ្ឋមន្ត្រី​ជប៉ុន ក៏បាន​វាយតម្លៃ​ខ្ពស់​ទៅលើ​ការ​សាមគ្គី​គ្នា​ដើម្បី​បញ្ចប់​ស្ថានភាព​នេះ។

    ក្នុង​សន្និសីទ​កំពូល​របស់ ណា​តូ ខាងលើ នាយករដ្ឋមន្ត្រី​ជប៉ុន និង​អគ្គលេខាធិការ​របស់ ណា​តូ លោក Jens Stoltenberg ក៏បាន​ឯកភាពគ្នា​ពិនិត្យឡើងវិញ​នូវ​កម្មវិធី​សហប្រតិបត្តិការ និង​ភាពជា​ដៃគូ​រវាង​សម្ព័ន្ធមិត្ត​យោធា​នេះ ជាមួយនឹង ជប៉ុន។ ភាគី​ទាំងពីរ​ក៏បាន​យល់​ស្រាប​គ្នា​ថា បញ្ហា​សន្តិសុខ​របស់ អឺរ៉ុប និង​សន្តិសុខ​របស់ តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជា​បញ្ហា​មិនអាច​កាត់ផ្ដាច់​ពីគ្នា​បាន។ ណា​តូ និង ជប៉ុន បាន​យល់ព្រម​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀតផង​ដែរ។

    កិច្ចប្រជុំ​កំពូល​របស់ ណា​តូ ឆ្នាំនេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង រាជធានី​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ។ ក្រៅពី​សមាជិក​ក្នុង​សម្ព័ន្ធមិត្ត កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​រប​ស់ មេដឹកនាំ​ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង នូ​វែ​ល​សេ​ឡង់ ផងដែរ។

    យោងតាម​ប្រភពព័ត៌មាន​ពី រដ្ឋាភិបាល​អាម៉េរិក កិច្ចប្រជុំ​ខាងលើ​នឹង​ឯកភាពគ្នា​អំពី​ការបង្កើត​យន្តការ​ពង្រីក​កិច្ចសហប្រតិបត្តិការ ក្នុង​បំណង​ធានា​នូវ​ការប្រឹក្សា​យោបល់​ផ្នែក​នយោបាយ​ឱ្យបាន​ម៉ត់ចត់​ជាង​មុន សហការគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​ភាគី​ទាំងឡាយ​យកចិត្តទុកដាក់ រួមទាំង​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​អ៊ី​ន​ធើ​ណិ​ត សន្តិសុខ​លើ​ផ្ទៃសមុទ្រ ការប្រឆាំង​ភេរវកម្ម ក៏ដូចជា​ផលប៉ះពាល់​ពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ចំពោះ សន្តិសុខ​ផងដែរ៕

  • ប្រទេស​ស៊ី​រី ទទួលស្គាល់​ឯករាជ្យ​នៃ​តំបន់​ផ្ដាច់ខ្លួន​ចំនួន​ពីរ​នៅ អ៊ុយ​ក្រែ​ន

    ប្រទេស​ស៊ី​រី ទទួលស្គាល់​ឯករាជ្យ​នៃ​តំបន់​ផ្ដាច់ខ្លួន​ចំនួន​ពីរ​នៅ អ៊ុយ​ក្រែ​ន

    ស៊ី​រី បានប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់​ចំនួន​ពីរ​នៅ ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន នាំឱ្យ ទីក្រុង​កៀវ ប្រកាស​កាត់ផ្ដាច់​រាល់​ទំនាក់ទំនង​ជាមួយនឹង ទីក្រុង​ដា​ម៉ាស។

    «សាធារណរដ្ឋ​អារ៉ាប់​ស៊ី​រី សម្រេចចិត្ត​ទទួលស្គាល់​ឯករាជ្យ និង​អធិបតេយ្យភាព​របស់ សាធារណរដ្ឋ​ប្រជាមានិត Lugansk (Luhansk) និង សាធារណរដ្ឋ​ប្រជាមានិត Donetsk។ យើង​នឹង​ទាក់ទង​ទៅកាន់​ប្រទេស​ទាំងពីរ​ដើម្បី​ឯកភាពគ្នា​ក្នុង​ក្របខ័ណ្ឌ​នៃ​ការបង្កើន​ទំនាក់ទំនង រួមទាំង​ការបង្កើត​ទំនាក់ទំនង​ការទូត​ដែល​សមស្រប​ជាមួយនឹង​ការកំណត់​ដែលមាន​ស្រាប់» ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ស៊ី​រី SANA ដកស្រង់​ប្រភពព័ត៌មាន​ពី ក្រសួងការបរទេស​នៃ​ប្រទេស​នេះ ឱ្យដឹង​ដូច្នេះ​កាលពី​ថ្ងៃទី ២៩ មិថុនា។

    ស៊ី​រី ដែលជា​សម្ព័ន្ធមិត្ត​រប​ស់ រុស្ស៊ី បាន​ក្លាយជា​ប្រទេស​ទី​ពីរ​ក្នុង​ពិភពលោក​ដែល​បានទទួល​ស្គាល់​ឯករាជ្យ​នៃ​តំបន់​ផ្ដាច់ខ្លួន Lugansk និង Donetsk ក្នុង​តំបន់ Donbass ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន។

    ភ្លាមៗក្រោយ​ការប្រកាស​របស់ ទីក្រុង​ដា​ម៉ាស អាជ្ញាធរ​អ៊ុយ​ក្រែ​ន ក៏បាន​រិះគន់​យ៉ាងខ្លាំង​ក្លា​ទៅលើ​ការសម្រេចចិត្ត​នេះ។ «យើង​នឹង​កាត់ផ្ដាច់​រាល់​ទំនាក់ទំនង​ជាមួយ ស៊ី​រី» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី សរសេរ​លើ Telegram ដូច្នេះ និង​បាន​ព្រមាន​ថា នឹងដាក់​ទណ្ឌកម្ម​លើ ស៊ី​រី ឱ្យ​ធ្ងន់​ជាង​បច្ចុប្បន្ន និង​បាន​ហៅ​ទង្វើ​របស់ ទីក្រុង​ដា​ម៉ាស ថា ជា​រឿង «គ្មាន​តម្លៃ»។

    នេះ​មិនមែនជា​លើកទីមួយ​ឡើយ​ដែល ប្រទេស​ស៊ី​រី ទទួលស្គាល់​បណ្ដា​តំបន់​ផ្ដាច់ខ្លួន​ដែលមាន រុស្ស៊ី នៅ​ពីក្រោយ។ កាលពី​ឆ្នាំ ២០១៨ ស៊ី​រី ក៏បាន​ទទួលស្គាល់ អូ​សេ​ទី​ខាងត្បូង (South Ossetia) និង អាប​ខា​ហ្ស៊ី ដែល​បានប្រកាស​ឯករាជ្យ​ពី ប្រទេស​ហ្ស​ក​ហ្ស៊ី (Georgia/Gruzia) ធ្វើឱ្យ ទីក្រុង​ប៊ី​លី​ស៊ី ប្រកាស​កាត់ផ្ដាច់​ទំនាក់ទំនង​ជាមួយ ដា​ម៉ាស៕

  • អង់គ្លេស ផ្ដល់ជំនួយ​យោធា​ជាង ១ ពាន់​លាន​ដុល្លារ​ទៀត ដល់ អ៊ុយ​ក្រែ​ន

    អង់គ្លេស ផ្ដល់ជំនួយ​យោធា​ជាង ១ ពាន់​លាន​ដុល្លារ​ទៀត ដល់ អ៊ុយ​ក្រែ​ន

    រដ្ឋាភិបាល​អង់គ្លេស ប្រកាសថា នឹង​ផ្ដល់ជំនួយ​ជា​អាវុធ​ដែលមាន​តម្លៃ ១.២ ពាន់​លាន​ដុល្លារ​អាម៉េរិក បន្ថែមទៀត ដល់ អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​អាវុធ​សម្រាប់​សង្គ្រាម​អេ​ឡិ​ក​ត្រូ​និក​ផងដែរ។

    «កញ្ចប់​ជំនួយ​ថ្មី​នេះ​រួមមាន ប្រព័ន្ធ​ការពារ​ដែនអាកាស​ទំនើ​ប យន្តហោះ​គ្មាន​មនុស្ស​បើក ឧបករណ៍​សម្រាប់​សង្គ្រាម​អេ​ឡិ​ក​ត្រូ​និក និង​សព្វាវុធ​រាប់ពាន់​គ្រឿង​ផ្សេងទៀត​ដែលមាន​សារសំខាន់​បំផុត​សម្រាប់ ទាហាន​អ៊ុយ​ក្រែ​ន។ នេះ​គឺជា​ជំហាន​ដំបូង​ជួយ​ឱ្យ អ៊ុយ​ក្រែ​ន ពង្រឹងសមត្ថភាព​លើ​ការការពារ និង​ឆ្ពោះទៅរក​ការ​វាយ​សម្រុក​ដើម្បី​ដណ្ដើម​ទឹកដី​មកវិញ» រដ្ឋាភិបាល​អង់គ្លេស ប្រកាស​កាលពី​ថ្ងៃទី ២៩ មិថុនា​ដូច្នេះ។

    កញ្ចប់​ជំនួយ​ជា​អាវុធ​ថ្មី​នេះ បាន​នាំឱ្យ​ជំនួយ​សរុប​របស់ អង់គ្លេស សម្រាប់ កងទ័ព​អ៊ុយ​ក្រែ​ន ឡើងដល់ ២.៨ ពាន់​លាន​ដុល្លារ​អាម៉េរិក រាប់​ចាប់តាំងពី រុស្ស៊ី បើក​យុទ្ធនាការ​យោធា​ពិសេស​កាលពី​ចុងខែ​កុម្ភៈ។

    អង់គ្លេស ពិសេស​គឺ នាយករដ្ឋមន្ត្រី ច​ន​សុន គឺជា​អ្នកគាំទ្រ អ៊ុយ​ក្រែ​ន យ៉ាងខ្លាំង​ក្លា ចាប់ពី​ពេល រុស្ស៊ី បើក​ការឈ្លានពាន។ លោក ច​ន​សុន គឺជា​មេដឹកនាំ​ប្រទេស​លោកខាងលិច​ដំបូង​គេ​ដែល​បាន​ថ្លែងការណ៍​នៅក្នុង សភា​អ៊ុយ​ក្រែ​ន បន្ទាប់ពី​សង្គ្រាម​បាន​ផ្ទុះឡើង។ អង់គ្លេស ក៏​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេសដំបូងៗដែល​បាន​ផ្ដល់ជំនួយ​ជា​អាវុធ​ធុន​ធ្ងន់​ដល់ អ៊ុយ​ក្រែ​ន ក៏ដូចជា​បាន​ចូលរួម​បង្វឹក​ទាហាន​ប្រទេស​នេះ​អស់​ជាច្រើន​ឆ្នាំកន្លងមក​ផងដែរ។

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី កាលពី​ម្សិលមិញ បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់ ណា​តូ តាមរយៈ​ប្រព័ន្ធ​វីដេអូ ថា ប្រទេស​របស់លោក​ត្រូវការ​អាវុធ​ទំនើប និង​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែមទៀត ដើម្បី​ទប់ទល់​នឹង កងទ័ព​រុស្ស៊ី៕

  • តំបន់ Kherson ទឹកដី​ភាគ​ខាង​ត្បូង​របស់​ អ៊ុយ​ក្រែ​ន ​កំពុង​ត្រៀម​ខ្លួន​​ធ្វើ​​ប្រជាមតិ​​លើ​​ការ ​«ច្របាច់​​បញ្ចូល​​ទៅ​ក្នុង​​ប្រទេស​​រុស្ស៊ី»

    តំបន់ Kherson ទឹកដី​ភាគ​ខាង​ត្បូង​របស់​ អ៊ុយ​ក្រែ​ន ​កំពុង​ត្រៀម​ខ្លួន​​ធ្វើ​​ប្រជាមតិ​​លើ​​ការ ​«ច្របាច់​​បញ្ចូល​​ទៅ​ក្នុង​​ប្រទេស​​រុស្ស៊ី»

    មន្ត្រី​មួយរូប​របស់​ខេត្ត Kherson បានប្រកាសថា តំបន់​នេះ​កំពុង​ត្រៀមខ្លួន​ដើម្បី​ធ្វើ​ប្រជាមតិ​ស្ដីពី​ការបង្រួបបង្រួម​ជាមួយ រុស្ស៊ី ក្នុងពេល​ដ៏​ខ្លី​ខាងមុខ។

    លោក Kirill Stremousov អនុប្រធាន​នៃ «អាជ្ញាធរ​យោធា-ស៊ីវិល» ដែល​ត្រូវបាន​លើក​បន្តុប​ដោយ រុស្ស៊ី នៅ Kherson នៃ ប្រទេស​អ៊ុយ​ក្រែ​ន ថ្ងៃនេះ (២៩ មិថុនា) បានឱ្យដឹងថា អាជ្ញាធរ​នៅក្នុង​តំបន់​នេះ បានចាប់ផ្ដើម​ត្រៀម​សម្រាប់​ការធ្វើប្រជាមតិ​ស្ដីពី​ការច្របាច់បញ្ចូល Kherson ទៅក្នុង សហព័ន្ធរុស្ស៊ី។

    «តំបន់ Kherson នឹង​សម្រេចចិត្ត​ក្នុង​ការច្របាច់បញ្ចូល​ទៅក្នុង សហព័ន្ធរុស្ស៊ី និង​ក្លាយជា​ស្ថាប័ន​ផ្លូវការ​មួយ ដែល​ដូច​ទៅនឹង​ប្រទេស​ឯករាជ្យ» លោក Stremousov និយាយ​នៅក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​លើ Telegram ដូច្នេះ។

    Kherson គឺជា​ដែនដី​ភាគខាងត្បូង​របស់ អ៊ុយ​ក្រែ​ន ជាប់​នឹង ឧបទ្វីប​គ្រី​មៀ។ រុស្ស៊ី ដណ្ដើមបាន Kherson ពី អ៊ុយ​ក្រែ​ន ក្នុងដំណាក់កាល​ដំបូង​នៃ​យុទ្ធនាការ​យោធា​ពិសេស​របស់ ទីក្រុង​មូ​ស្គូ។

    កាលពី​ថ្ងៃទី ២១ មិថុនា លោក Stremousov បានប្រកាសថា Kherson នឹងធ្វើ​ប្រជាមតិ​មួយ​នៅក្នុង​ឆ្នាំនេះ ក្នុងនោះ ជំហាន​នានា​កំពុង​ត្រូវបាន​អនុវត្ត។

    ទាក់ទិន​នឹង​បញ្ហា​ខាងលើ វិមាន​ក្រឹម​ឡាំង បានឱ្យដឹងថា ប្រជាជន​នៅ Kherson ត្រូវ​សម្រេចចិត្តថា តើ​ចង់​ចូលរួម​ជាមួយ រុស្ស៊ី ដែរ ឬ​អត់។ ក្រុមអ្នកច្បាប់​របស់ រុស្ស៊ី បញ្ជាក់ថា ការធ្វើប្រជាមតិ​មួយ​អាច​ត្រូវបាន​ធ្វើឡើង​យ៉ាងយូរ​នៅ​ខែកក្កដា​ខាងមុខ៕

  • អ៊ុយ​ក្រែ​ន ប្រកាសថា «មិន​បោះបង់​គម្រោង​ចូល​ជា​សមាជិក​ណា​តូ»

    អ៊ុយ​ក្រែ​ន ប្រកាសថា «មិន​បោះបង់​គម្រោង​ចូល​ជា​សមាជិក​ណា​តូ»

    អ៊ុយ​ក្រែ​ន នឹងមិន​ពិចារណា​ឡើងវិញ​អំពី​គោលបំណង​ចូល​ជា​សមាជិក​របស់ ណា​តូ នេះ​បើតាម​រដ្ឋមន្ត្រីការបរទេស Dmitry Kuleba ថ្លែង​នៅក្នុង​កិច្ច​សម្ភាស​នា​ថ្ងៃទី ២៩ មិថុនា។

    លោក​រដ្ឋមន្ត្រីការបរទេស​របស់ អ៊ុយ​ក្រែ​ន បាន​ច្រានចោល​នូវ​ការអះអាង​ដែលថា អ៊ុយ​ក្រែ​ន បាន​បោះបង់​ផែនការ​ចូល​ជា​សមាជិក​របស់ សម្ព័ន្ធមិត្ត​យោធា​ណា​តូ។

    «ហេតុអ្វី​បែរជា​យ៉ាងនេះ​ទៅវិញ? បញ្ហា​ចូល​ជា​សមាជិក​ណា​តូ ត្រូវបាន​សរសេរ​នៅក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​របស់​យើង​រួចហើយ។ ក្រៅពីនេះ រចនាសម្ព័ន្ធ​របស់​ស​ម្ព័​ន្ធ​មិត្ត​នេះ បច្ចុប្បន្ន​គឺជា​យន្តការ​ការពារ​ស​ន្តិ​សុខ​ដែលមាន​ប្រសិទ្ធភាព​បំផុត​នៅ អឺរ៉ុប» លោក Kuleba អះអាង​ដូច្នេះ។

    លោក​បន្ថែមថា «ក៏ប៉ុន្តែ ដោយ​សំអាង​លើ​បំណង​ចូល​ជា​សមាជិក​ណា​តូ តែមួយ​មុខ របស់ យើង គឺ​មិនទាន់​គ្រប់គ្រាន់​ឡើយ។ សម្ព័ន្ធមិត្ត​នេះ​ក៏ត្រូវ​ការ​ការ​ប្រាថ្នា​ដូច្នេះ។ សហភាព​អឺរ៉ុប បានធ្វើការ​សម្រេចចិត្ត​មួយ​ជា​ប្រវត្តិសាស្ត្រ។ ប៉ុន្តែ យើង​ឃើញថា ចាប់តាំងពី​សង្គ្រាម​បានចាប់ផ្ដើម ណា​តូ មិនទាន់បាន​បញ្ចេញ​សកម្មភាព​ណាមួយ​ដែល​ជំរុញ​ឱ្យ​យើង​ចូលរួម»។

    អ៊ុយ​ក្រែ​ន បាន​បញ្ចូល​ក្ដី​ប្រាថ្នា​របស់​ពួកគេ​ក្នុង​ការចូល​ជា​សមាជិក ណា​តូ ទៅក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ និង​នៅតែ​ប្រឹងប្រែង​ដើម្បី​សម្រេចបាន​គោលដៅ​នៃ​ផែនការ​ក្លាយជា​សមាជិក​របស់​ស​ម្ព័​ន្ធ​មិត្ត​យោធា​នេះ ប៉ុន្តែ មកដល់​បច្ចុប្បន្ន ប្រទេស​នេះ​នៅ​មិនទាន់​ទទួលបាន​ជោគជ័យ និង​បាន​ពើបប្រទះ​នឹង​ការប្រឆាំង​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់ ទីក្រុង​មូ​ស្គូ។

    ចំណែក​ភាគី​ខាង​រុស្ស៊ី វិញ ឯកអគ្គរដ្ឋទូត​រង​របស់ រុស្ស៊ី ប្រចាំ​នៅ អង្គការសហប្រជាជាតិ លោក Dmitry Polyansky បាន​បញ្ជាក់ថា យុទ្ធនាការ​យោធា​ពិសេស​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន នឹង​នៅតែ​បន្ត​រហូត​ដល់ពេល អ៊ុយ​ក្រែ​ន បញ្ឈប់​ការវាយប្រហារ​ទៅលើ Donbass និង​លែងមាន​ការគំរាមកំហែង​ណាមួយ​ពី​ទឹកដី​នេះ៕