Author: សឿន សំណាង

  • ឥណ្ឌូណេស៊ី នឹង​តម្រូវឱ្យ​ទេសចរ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដូ​ស​ជំរុញ

    ឥណ្ឌូណេស៊ី នឹង​តម្រូវឱ្យ​ទេសចរ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដូ​ស​ជំរុញ

    ប្រភពព័ត៌មាន​ពី ទីក្រុង​ហ្សា​ការ​តា ឱ្យដឹងថា អ្នកនាំពាក្យ​របស់ ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី ៥ កក្កដា បាន​បញ្ជាក់ថា រដ្ឋាភិបាល​ប្រទេស​នេះ​មាន​ផែនការ​ស្នើឱ្យ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដូ​ស​ជំរុញ ចំពោះ​ទេសចរ ក្នុង​គ្រា​ដែល​តួលេខ​នៃ​ករណី​ឆ្លង​ជំងឺ​នេះ​កំពុង​កើនឡើង​នៅក្នុង​តំបន់​មួយចំនួន។

    អ្នកនាំពាក្យ​របស់ ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី លោក Mohammad Syahril បានឱ្យដឹងថា ប្រធានាធិបតី Joko Widodo បាន​កំណត់ថា ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​គឺជា​ការតម្រូវ​មួយ​នៅក្នុង​ការធ្វើដំណើរ ហើយ​មេដឹកនាំ​ប្រទេស​នេះ​មិន​ចង់ឃើញ​រលក​នៃ​ការឆ្លង​រាលដាល​ថ្មី​នៃ​ជំងឺ​កូ​វីដ-១៩។

    យោងតាម​មន្ត្រី​ខាងលើ ស្ថានភាព​កូ​វីដ-១៩ ត្រូវបាន​គ្រប់គ្រង​នៅ​ទូទាំងប្រទេស​ក្នុង​ខែមិថុនា ២០២២ ដោយ​អត្រា​នៃ​ការធ្វើ​តេស្ត​រកឃើញ​ករ​ណី​វិជ្ជមាន​ក្រោម ១.១៥% និង​អត្រា​ឆ្លង​ស្ថិតក្នុង​កម្រិត ១.០៣ ករណី​លើ ១០០,០០០ នាក់ នៅក្នុង ១ សប្ដាហ៍។

    រលក​នៃ​ការឆ្លង​រាលដាល​បានកើត​ឡើងជា​ថ្មី​នៅ​ប្រទេស​នេះ ក្នុងនោះ កាលពី​ថ្ងៃទី ៣០ មិថុនា តួលេខ​អ្នក​ឆ្លង​ថ្មី​បាន​កើន​ដល់ ២,២០០ នាក់ ប៉ុន្តែ បាន​ថយចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ៤ ថ្ងៃ មក​នៅត្រឹម ១,៤៣៤ ករណី ក្នុង​ថ្ងៃទី ៤ កក្កដា។ ទោះជា​យ៉ាងណាក៏ដោយ តួលេខ​នេះ​បាន​ព្រមាន​អំពី​រលក​នៃ​ការឆ្លង​រាលដាល​ធំថ្មី​ដែល​អាច​កើតឡើង​គ្រប់ពេល។

    លោក Syahril សង្កត់ធ្ងន់ថា ការផ្ទុះ​ឆ្លង​រាលដាល​ថ្មី​គឺ​ចាប់ផ្ដើម​ពី​ការមិន​គោរព​វិធានការ​សុខាភិបាល និង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​មានការ​យឺតយ៉ាវ៕

  • អ៊ីរ៉ង់ បញ្ចុះតម្លៃ​ប្រេង ដើម្បី​ទប់ស្កាត់ រុស្ស៊ី ក្ដៅ​ក្ដាប់​ទីផ្សារ​ចិន ពេញ​ទំហឹង

    អ៊ីរ៉ង់ បញ្ចុះតម្លៃ​ប្រេង ដើម្បី​ទប់ស្កាត់ រុស្ស៊ី ក្ដៅ​ក្ដាប់​ទីផ្សារ​ចិន ពេញ​ទំហឹង

    ទីក្រុង​ប៉េកាំង កំពុង​ទទួលបាន​ផលចំណេញ​ច្រើន​នៅពេល ទីក្រុង​តេ​ហេ​រ៉ង់ បញ្ចុះតម្លៃ​ប្រេង​ឆៅ​ដើម្បី​ប្រកួតប្រជែង​នឹង​ប្រេង​របស់ រុស្ស៊ី នៅក្នុង​ទីផ្សារ​ចិន។

    Bloomberg ដកស្រង់​ប្រភពព័ត៌មាន​ពី​ក្រុម​អ្នកជំនួញ​បានឱ្យដឹងថា ប្រេង​ឆៅ​របស់ អ៊ីរ៉ង់ កំពុង​ត្រូវ​បានកំណត់​តម្លៃ​ទាប​ជាង ១០ ដុល្លារ ធៀប​នឹង​ប្រេង Brent។ ប្រការនេះ​ជួយ​ឱ្យ​ផលិតផល​របស់ អ៊ីរ៉ង់ មានតម្លៃ​ប្រហាក់ប្រហែល​នឹង​ប្រេង Urals របស់ រុស្ស៊ី ដែល​គ្រោង​នឹង​ប្រគល់ឱ្យ ប្រទេស​ចិន នៅក្នុង​ខែសីហា​ខាងមុខ។

    ធៀប​នឹង​មុន​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន ប្រេង​ឆៅ​របស់ អ៊ីរ៉ង់ បច្ចុប្បន្ន​ត្រូវបាន​បញ្ចុះតម្លៃ​បន្ថែម​ពី ៤-៥ ដុល្លារ/ធុង។ អ៊ីរ៉ង់ ត្រូវ​បញ្ចុះតម្លៃ​ប្រេង ក្នុង​គ្រា​ដែល​ប្រេង​របស់ រុស្ស៊ី កំពុង​បង្កើន​ចំណែក​ទីផ្សារ​របស់ខ្លួន​នៅ ប្រទេស​ចិន។ ទីផ្សារ​ចិន បាន​ក្លាយជា​​ទិស​ដៅ​​សំខាន់​របស់ ប្រេង​រុស្ស៊ី នៅពេល វិមាន​ក្រឹម​ឡាំង ស្វែងរក​វិធី​ទប់ទល់​នឹង​ទណ្ឌកម្ម​របស់ បស្ចិម​លោក។

  • ថ្ម​រក្សា​ថាមពល​ធ្វើ​អំពី​ខ្សាច់​ដំបូង​គេ​ក្នុង​ពិភពលោក ជួយ​ផ្គត់ផ្គង់​កម្ដៅ​នៅ ហ្វាំ​ង​ឡង់

    ថ្ម​រក្សា​ថាមពល​ធ្វើ​អំពី​ខ្សាច់​ដំបូង​គេ​ក្នុង​ពិភពលោក ជួយ​ផ្គត់ផ្គង់​កម្ដៅ​នៅ ហ្វាំ​ង​ឡង់

    ក្រុមហ៊ុន​មួយ​របស់ ប្រទេស​ហ្វាំ​ង​ឡង់ បាន​ដំឡើង​ប្រព័ន្ធ​ថ្ម​ដែលមាន​ធាតុ​ផ្សំ​ពី​ខ្សាច់​ប្រហែល ១០០ តោន ជួយ​រក្សា​ថាមពលបៃតង​ក្នុង​ទម្រង់​កម្ដៅ​ក្នុង​រយៈពេល​ជាច្រើន​ខែ និង​អាច​ប្រើប្រាស់​ជំនួស​អគ្គិសនី​បាន​ច្រើន​ករណី។

    ក្រុម​វិស្វករ​វ័យក្មេង​របស់​ក្រុមហ៊ុន Polar Night Energy បាន​ដំឡើង​រួចរាល់​នូវ «ថ្ម​ខ្សាច់» ដែល​ដំណើរការ​មុខងារ​​ពេញ​លេញ​​ដំបូង​ក្នុង​ពិភពលោក នៅ​ទីរួមស្រុក Kankaanpaa នៃ ប្រទេស​ហ្វាំ​ង​ឡង់ នេះ​បើតាម BBC ចុះផ្សាយ​កាលពី​ម្សិលមិញ។ ឧបករណ៍​ថ្មី​នេះ​ត្រូវ​បានដាក់​នៅក្នុង​រោងចក្រ​អគ្គិសនី Vatajankoski។

    តម្រូវការ​ថាមពល​ក្នុង​ពិភពលោក បូករួម​នឹង​បញ្ហា​ប្រេង​ឡើងថ្លៃ បាន​នាំឱ្យ​ក្រុមហ៊ុន​ជាច្រើន​វិនិយោគ​ទៅលើ​វិស័យ​ថាមពល​កកើត​ឡើងវិញ។ ក៏ប៉ុន្តែ ថ្ម​រក្សា​ថាមពល​អគ្គិសនី​ទំនើប ផ្ទាំង​សូ​ឡា ឧបករណ៍ប្រើប្រាស់​ថាមពលខ្យល់​ជាដើម​នៅមាន​តម្លៃ​ខ្ពស់​នៅពេល​ប្រើប្រាស់​ទ្រង់ទ្រាយ​ធំ។

    ចំណែក​ថ្ម​ដែល​ធ្វើ​អំពី​ខ្សាច់​វិញ អាច​រក្សាទុក​ថាមពល​បៃតង​ក្នុង​រយៈពេល​ច្រើន​ខែ។ វត្ថុ​ធាតុ​សំខាន់​របស់​ឧបករណ៍​នេះ​គឺ​ខ្សាច់​ប្រហែល ១០០ តោន ដែល​ផ្ទុក​នៅក្នុង​ជង្រុក​ធំ និង​ខ្ពស់។

    ដំណើរការ​នៃ​ថ្ម​ខ្សាច់​នេះ​មាន​ដូចតទៅ៖ អគ្គិសនី​សល់​ដែលមាន​តម្លៃ​ទាប ត្រូវបាន​គេ​យកមក​កម្ដៅ​ខ្សាច់​ឱ្យ​ឡើងដល់ ៥០០ អង្សា​សេ តាមរយៈ​ឧបករណ៍​ជំនួយ​កម្ដៅ​របស់ Polar Night Energy។ ដំណើរការ​នេះ​ធ្វើឱ្យ​បរិយាកាស​ក្នុង​ខ្សាច់​ឡើង​ក្ដៅ​ខ្លាំង។ ខ្សាច់​គឺជា​វត្ថុ​ធាតុ​ដែល​រក្សា​កម្ដៅ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​មិនសូវ​បាត់បង់​កម្ដៅ​ទៅតាម​ពេលវេលា។ ក្រុម​អ្នក​អភិវឌ្ឍ​បានឱ្យដឹងថា ឧបករណ៍​របស់​ពួកគេ​អាច​រក្សា​ខ្សាច់​ឱ្យនៅ​ក្ដៅ​ត្រឹម ៥០០ អង្សា​សេ ក្នុង​រយៈពេល​ច្រើន​ខែ។

    នៅពេល​ត្រូវការ​ប្រើប្រាស់ គេ​អាច​បញ្ចេញ​ថាមពល​ពី​ថ្ម​ខ្សាច់​នេះ ដើម្បី​ធ្វើឱ្យ​ទឹក​ឡើង​ក្ដៅ​សម្រាប់​បូម​ចូលក្នុង​ប្រព័ន្ធ​ទឹក​ក្ដៅ​របស់​តំបន់។ ក្រោយមក ទឹក​ដែល​ក្ដៅ​នេះ​ត្រូវបាន​បូម​ទៅក្នុង​ប្រព័ន្ធ​បំពង់​បង្ហូរទឹក​របស់​គ្រួសារ ការិយាល័យ ឬ​អាង​ហែល​ទឹក​នានា។ វិធី​នេះ​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះ​កម្ដៅ​នៅក្នុង​រដូវ​ត្រជាក់​ដ៏​សែន​រងា​ដែល​អូសបន្លាយ​ពេល​យូរ​នៅ ហ្វាំ​ង​ឡង់៕

  • កំណើន​នៃ​អតិផរណា​នៅ ប្រទេស​តួ​ក​គី កើនឡើង​ជិត​ដល់ ៨០%

    កំណើន​នៃ​អតិផរណា​នៅ ប្រទេស​តួ​ក​គី កើនឡើង​ជិត​ដល់ ៨០%

    អតិផរណា​ក្នុង​រយៈពេល ៦ ខែ​កន្លង នៅ ប្រទេស​តួ​ក​គឺ បាន​ហក់​ឡើង​ខ្ពស់បំផុត​ក្នុងអំឡុងពេល ២០ ឆ្នាំ​មកនេះ ចំណែក​តម្លៃ​អាហារ​ក៏​កើនឡើង​ទ្វេដង​ក្នុង ១ ឆ្នាំ​កន្លងទៅ។

    យោងតាម​ទិន្នន័យ​ពី វិទ្យាស្ថាន​ស្ថិតិ​តួ​ក​គី អត្រា​តម្លៃ​ទំនិញ (CPI) របស់​ប្រទេស​តួ​ក​គី កើនឡើង​ដល់ ៧៨.៦% ក្នុង​រយៈពេល ៦ ខែ​ដើម​ឆ្នាំនេះ បើ​ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លង ក្នុងនោះ ភាគច្រើន​កើតឡើង​ដោយសារ​តម្លៃ​អាហារ ភេសជ្ជៈ និង​ការដឹកជញ្ជូន។ តម្លៃ​អាហារ​បាន​កើនឡើង​ជិត ២ ដង ក្នុង ១ ឆ្នាំ​មកនេះ។ ការចំណាយ​ទៅលើ​ការដឹកជញ្ជូន​ក៏បាន​កើនឡើង ១២៣%។

    ប្រទេស​តួ​ក​គី បាន​ធ្លាក់​ទៅក្នុង​វិបត្តិ​អតិផរណា​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ។ រូបិយប័ណ្ណ លី​រ៉ា​តួ​ក​គី បាន​បាត់បង់​តម្លៃ​អស់​ជាង ២០% ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក នៅក្នុង​ឆ្នាំនេះ។

    សេដ្ឋកិច្ច​របស់ តួ​ក​គី ក៏បាន​រង​ផលប៉ះពាល់​ពី​បញ្ហា​អតិផរណា​ដូច​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក។ ប៉ុន្តែ គោលនយោបាយ​របស់​មេ​ដឹកនាំ Tayyip Erdogan បានធ្វើឱ្យ​វិបត្តិ​កាន់​តែមាន​សភាព​ធ្ងន់​ធ្ងន់។ ប្រាក់ លី​រ៉ា ដែល​បាន​ធ្លាក់​ថ្លៃ កាន់តែ​ធ្វើឱ្យ​ទំនិញ​នាំចូល​មានតម្លៃ​កាន់តែ​ខ្ពស់។

    ប្រធានាធិបតីតួកគី លោក Tayyip Erdogan

    កាលពី​ខែកញ្ញា ២០២១ លោក Erdogan បានស្នើ​ឱ្យ​ធនាគារកណ្ដាល​របស់ តួ​ក​គី បញ្ចុះ​អត្រា​ការប្រាក់ នៅពេល​តម្លៃ​ទំនិញ​កើន​ឡើងជា​បន្តបន្ទាប់។ ក្នុង​គ្រា​ដែល​ធនាគារជាតិ​របស់​ប្រទេស​នានា​ដំឡើង​អត្រា​ការប្រាក់​ដើម្បី​បន្ថយ​កំណើន​អតិផរណា ប្រទេស​តួ​ក​គី បែរជា​ធ្វើ​ផ្ទុយ​ពីនេះ។ ការប្រាក់​នៅ​ប្រទេស​នេះ​នៅតែ​រក្សា​អត្រា ១៤% ចាប់ពី​ខែធ្នូ ២០២១។

    ទោះជា​យ៉ាងនេះ​ក៏ដោយ លោក Erdogan នៅតែ​ការពារ​គោលនយោបាយរ​បស់​ខ្លួន ដោយ​អះអាងថា ការបន្ថយ​អត្រា​ការប្រាក់​នឹង​អូស​ទម្លាក់​កំណើន​អតិផរណា និង​បង្កើន​ការនាំចេញ។ លោក Erdogan យល់ថា បញ្ហា​សេដ្ឋកិច្ច​របស់ ប្រទេស​តួ​ក​គី កើតឡើង​ដោយសារ​ឥទ្ធិពល​ពី​ខាងក្រៅ៕

  • បន្ទាន់! មាន​ករណី​ផ្ទុះអាវុធ​មួយ​ទៀតហើយ​នៅក្នុង​ទិវា​បុណ្យ​ឯករាជ្យ​របស់ សហរដ្ឋ​អាម៉េរិក

    បន្ទាន់! មាន​ករណី​ផ្ទុះអាវុធ​មួយ​ទៀតហើយ​នៅក្នុង​ទិវា​បុណ្យ​ឯករាជ្យ​របស់ សហរដ្ឋ​អាម៉េរិក

    ករណី​ផ្ទុះអាវុធ​ថ្មី​នេះ​កើតឡើង​នៅក្បែរ​ឧទ្យាន Benjamin Franklin ក្នុង​ទីក្រុង Philadelphia កាលពី​ថ្ងៃទី ៤ កក្កដា បណ្ដាលឱ្យ​សមត្ថកិច្ច ២ នាក់ រងរបួស និង​ធ្វើឱ្យ​ហ្វូងមនុស្ស​​ភ័យ​​ស្លន់ស្លោ រត់​យករួចខ្លួន។

    មន្ត្រីប៉ូលិស ២ រូប នៅ Philadelphia ត្រូវបាន​គេ​បាញ់​នៅក្បែរ​ឧទ្យាន Benjamin Franklin កាលពី​ព្រលប់​ថ្ងៃទី ៤ កក្កដា (៥ កក្កដា នៅ កម្ពុជា) នៅពេល​មនុស្ស​រាប់ពាន់​នាក់​កំពុង​ប្រមូល​ផ្ដុំគ្នា​ចូលរួម​ពិធី​ប្រគំតន្ត្រី និង​មើល​គេ​បាញ់​កាំជ្រួច​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់ សហរដ្ឋ​អាម៉េរិក។

    មនុស្ស​រាប់រយ​នាក់​នាំគ្នា​រត់គេចខ្លួន​ពី​ឧទ្យាន Benjamin Franklin បន្ទាប់ពី​ស្នូរ​គ្រាប់កាំភ្លើង​ដំបូង​បាន​ផ្ទុះឡើង។ ប៉ូលិស​បាន​ណែនាំ​ឱ្យ​ប្រជាជន​រក​កន្លែង​សុវត្ថិភាព។ «ខ្ញុំ​មិន​បានឮ​សំឡេង​គ្រាប់កាំភ្លើង​ទេ ប៉ុន្តែ បានឮ​ប៉ូលិស​ស្រែកថា «រត់ រត់ រត់»» សាក្សី​ម្នាក់​រៀបរាប់​ដូច្នេះ។

    អភិបាលក្រុង Philadelphia លោក Jim Kenney បានឱ្យដឹងថា មន្ត្រីប៉ូលិស ២ រូប ដែល​បាន​រងរបួស ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​ពេទ្យ ដោយសារតែ​របួស​មិន​ប៉ះពាល់​ធ្ងន់​ធ្ងន់​ដល់​សុខភាព។

    អភិបាលក្រុង Kenney បន្ថែមថា អាជ្ញាធរ​របស់លោក កំពុងតែ «ស្នើសុំ​តំណាងរាស្ត្រ» ទប់ស្កាត់​អាវុធ​ដែល​នាំ​ចូលកាន់​ទីក្រុង។ «ប្រពៃណី​របស់​យើង​មិនគួរ​ត្រូវបាន​បំផ្លាញ​ដោយ​អំពើហិង្សា​នៃ​ការប្រើប្រាស់​កាំភ្លើង​ឡើយ» លោក Kenney ថ្លែង​ដូច្នេះ។

    ករណី​បាញ់ប្រហារ​ថ្មី​នេះ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ករណី​បាញ់ប្រហារ​នៅលើ​ដងផ្លូវ​ក្នុង​តំបន់ Highland Park ជាយក្រុង Chicago នៅពេល​ហ្វូងមនុស្ស​កំពុង​ចូលរួម​ហែ​ក្បួន​ដើម្បី​អបអរ​ទិវា​បុណ្យ​ឯករាជ្យ បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច ៦ នាក់ ត្រូវ​បាត់បង់​ជីវិត និង​ជាង ៣០ នាក់​រងរបួស។

    https://twitter.com/Doudrick/status/1544148907055357952?s=20&t=fSyhDjRqiylHNF-X41n3QQ

  • អាជ្ញាធរ​ចិន ប្រកាស​ផ្អាក​សកម្មភាព​នាំចេញ-នាំចូល​តាម​ច្រកព្រំដែន​គោក​ជាប់​ជាមួយ វៀតណាម

    អាជ្ញាធរ​ចិន ប្រកាស​ផ្អាក​សកម្មភាព​នាំចេញ-នាំចូល​តាម​ច្រកព្រំដែន​គោក​ជាប់​ជាមួយ វៀតណាម

    ភាគី​ខាង​ប្រទេស​ចិន ប្រកាស​ផ្អាក​សកម្មភាព​នាំចេញ-នាំចូល​ទំនិញ​ដែល​ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ផ្លូវគោក​ចិន-វៀតណាម Beishan-Kim Thanh ដោយសារតែ​រកឃើញ​បញ្ហា​មិន​ប្រក្រតី​នៅលើ​ទំនិញ។

    បញ្ហា​មិន​ប្រក្រតី​នៅទីនេះ​គឺ​ទាក់ទង​នឹង​វីរុស SARS-CoV-2 (កូ​វីដ-១៩) ដែល​ត្រូវបាន​រកឃើញ​នៅលើ​ទំនិញ​ដែល​នាំចូល​ពី វៀតណាម ទៅកាន់ ប្រទេស​ចិន។

    មុន​នោះ កាលពី​ថ្ងៃទី ២៥ មិថុនា ក្រោយពី​បាន​ផ្អាក​ជាង ៤ ខែ ភាគី​ខាង​ប្រទេស​ចិន ក៏បាន​យល់ព្រម​បើក​ច្រកទ្វារព្រំដែន Beishan-Kim Thanh ដោយ​អនុញ្ញាតឱ្យ​សាកល្បង​នាំចូល​ទំនិញ​ជា​ផ្លែឈើ​មួយចំនួន​ពី ប្រទេស​វៀតណាម។

    ច្រកទ្វារព្រំដែន Beishan-Kim Thanh ស្ថិតក្នុង​ស្រុក Hekou, ខេត្ត Yunnan, ប្រទេស​ចិន និង​ក្នុង​ក្រុង Lao Cai, ខេត្ត Lao Cai, ប្រទេស​វៀតណាម។

    ការប្រកាស​បិទ​ច្រកព្រំដែន​បណ្ដោះអាសន្ន​ជា​ឯកតោភាគី​របស់ អាជ្ញាធរ​ចិន មិនបាន​កំណត់ពេល​វេលា​ដែល​នឹង​បើក​ដំណើរការ​ឡើងវិញ​នោះទេ៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ០៥ ខែ​កក្កដា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ០៥ ខែ​កក្កដា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០៣ នាក់ ដែល​សុទ្ធ​តែ​ជា​ករណី​ឆ្លង​ក្នុងសហគមន៍ ខណៈ​ដែល​អ្នក​ជាសះស្បើយ​ និង​​ករណី​ស្លាប់មិន​មាន​។

     

  • ថ្ងៃនេះ ណា​តូ ចាប់ផ្ដើម​អនុម័ត​ផ្លូវការ​លើ​សំណើ​សុំចូល​ជា​សមាជិក​របស់ ហ្វាំ​ង​ឡង់ និង ស៊ុយអែត

    ថ្ងៃនេះ ណា​តូ ចាប់ផ្ដើម​អនុម័ត​ផ្លូវការ​លើ​សំណើ​សុំចូល​ជា​សមាជិក​របស់ ហ្វាំ​ង​ឡង់ និង ស៊ុយអែត

    ដំណើរការ​នៃ​ការអនុម័ត​ឱ្យ ហ្វាំ​ង​ឡង់ និង ស៊ុយអែត ចូល​ជា​សមាជិក​របស់ សម្ព័ន្ធ​យោធា​ណា​តូ នឹង​អាស្រ័យ​លើ​ប្រទេសនីមួយៗដែលជា​សមាជិក ប៉ុន្តែ វា​តែង​ស៊ីពេល​ពី ៨ ដល់ ១២ ខែ។

    ប្រទេស​ចំនួន ៣០ ដែលជា​សមាជិក​របស់​ណា​តូ (អង្គការ​ស​ន្ធឹ​សញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង-NATO) ថ្ងៃនេះ (៥ កក្កដា) នឹង​ចុះហត្ថលេខា​លើ​ពិធីសារ​ស្ដីពី​ការបញ្ចូល ហ្វាំ​ង​ឡង់ និង ស៊ុយអែត ទៅក្នុង​សម្ព័ន្ធ​យោធា​ណា​តូ ដើម្បី​បើកផ្លូវ​ឱ្យមាន​ការចាប់ផ្ដើម​ដំណើរការ​អនុម័ត​លើ​ពាក្យស្នើសុំ​ចូល​ជា​សមាជិក​របស់​ប្រទេស​អឺរ៉ុប​ខាងជើង​ទាំងពីរ​នេះ។

    ដើម្បី​បាន​ក្លាយជា​សមាជិក​រប​ស់ ណូ​តូ ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត ត្រូវការ​ការយល់ព្រម​ពី​សភា​របស់​ប្រទេស​ទាំង ៣០ ដែលជា​សមាជិក​បច្ចុប្បន្ន​របស់ ណា​តូ។

    ការដែល ហ្វាំ​ង​ឡង់ និង ស៊ុយអែត ចូល​ជា​សមាជិក​ណា​តូ នឹង​ក្លាយជា​ព្រឹត្តិការណ៍​សំខាន់ បង្កើតបានជា​ការផ្លាស់​ប្ដូរ​រចនាសម្ព័ន្ធ​សន្តិសុខ​ធំ​បំផុត​នៅ អឺរ៉ុប រាប់​ចាប់តាំងពី​សង្គ្រាមត្រជាក់​បានបញ្ចប់ និង​ត្រូវបាន​ចាត់ទុកថា​ជា​លទ្ធផល​ដែល​កើតឡើង​ដោយសារ​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន។

    ដំណើរការ​នៃ​ការអនុម័ត​ឱ្យ ហ្វាំ​ង​ឡង់ និង ស៊ុយអែត ចូល​ជា​សមាជិក​របស់ សម្ព័ន្ធ​យោធា​ណា​តូ នឹង​អាស្រ័យ​លើ​ប្រទេសនីមួយៗដែលជា​សមាជិក ប៉ុន្តែ វា​តែង​ស៊ីពេល​ពី ៨ ដល់ ១២ ខែ។ ទោះជា​យ៉ាងណាក៏ដោយ នៅក្នុង​សន្និបាត​កំពូល​កាលពី​សប្ដាហ៍​កន្លង សមាជិក​ទាំងអស់​រប​ស់ ណា​តូ សុទ្ធតែ​បាន​សន្យាថា នឹង​ព​ន្លឿ​ន​ដំណើរការ​នេះ។

  • កម្មវិធី​ទូរស័ព្ទដៃ CamDigiKey ជំនាន់​ចុងក្រោយ ២.០ មាន​មុខងារ​ពិសេស​ចំនួន ៤

    កម្មវិធី​ទូរស័ព្ទដៃ CamDigiKey ជំនាន់​ចុងក្រោយ ២.០ មាន​មុខងារ​ពិសេស​ចំនួន ៤

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង ធនាគារជាតិ​កម្ពុជា (NBC) បាន​ដាក់ឱ្យ​ដំណើរការ KHQR ដើម្បី​ធ្វើឱ្យមាន​ស្ដង់ដា ចំពោះ QR codes ធនាគារ​ក្នុងប្រទេស និង​កម្មវិធី​ទូរស័ព្ទ CamDigiKey ជំនាន់​ទី​ពីរ កាលពី​ថ្ងៃទី ៤ កក្កដា។

    តាមរយៈ​ទំព័រ Facebook ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា កម្មវិធី​ទូរស័ព្ទដៃ CamDigiKey ជំនាន់​ទី​ពីរ (២.០) នេះ មាន​មុខងារ​ពិសេស​ចំនួន ៤ រួមមាន​ដូចខាងក្រោម៖

    ១-មុខងារ​ស្គែ​ន​មុខ​យ៉ាង​រស់​រវើក, ២-ការ​ស្គែ​ត​កូដ​ដែល​អាច​អាន​បាន​ដោយ​ម៉ាស៊ីន (MRZ) លើ​អត្តសញ្ញាណប័ណ្ណ​ខ្មែរ និង​លិខិតឆ្លងដែន​បរទេស, ៣-សន្ធានកម្ម​កម្មវិធី​ទូរស័ព្ទដៃ និង​កម្មវិធី​ទូរស័ព្ទដៃ (App-to-app Integration), ៤-សន្ធានកម្ម​គេហទំព័រ និង​គេហទំព័រ (Web-to-web integration)។

    CamDigiKey គឺជា​កម្មវិធី​ទូរស័ព្ទដៃ​ដែលមាន​សុវត្ថិភាព និង​ងាយស្រួល ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ផ្ទៀងផ្ទាត់ អត្តសញ្ញាណ​របស់លោក​អ្នក​តាម​មធ្យោបាយ​ឌីជីថល។ តាមរយៈ​ការចុះឈ្មោះ​លើ CamDigiKey អ្នកនឹង​ទទួលបាន​អត្តសញ្ញាណ​ឌីជីថល​មួយ​ដែលមាន​សុពលភាព ហើយ​អាច​ប្រើប្រាស់​សម្រាប់ login ចូលទៅ​កាន់ portal រដ្ឋាភិបាល​កម្ពុជា​ណាមួយ​ក៏បាន។ ដើម្បី​ធ្វើការ login លោកអ្នក​គ្រាន់តែ​ធ្វើការ​ស្កេ​ន​កូដ QR ដែលមាន​នៅលើ portal នោះ​ជាមួយ​កម្មវិធី​ទូរស័ព្ទ CamDigiKey ជាការ​ស្រេច។

    ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ www.registrationservices.gov.kh

  • រដ្ឋមន្ត្រីការបរទេស​របស់ ប្រទេស​រុស្ស៊ី ធ្វើ​ទស្សនកិច្ចនៅ​ ​វៀតណាម

    រដ្ឋមន្ត្រីការបរទេស​របស់ ប្រទេស​រុស្ស៊ី ធ្វើ​ទស្សនកិច្ចនៅ​ ​វៀតណាម

    រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី លោក Sergey Lavrov គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃ នៅ ប្រទេស​វៀតណាម តប​តាម​ការអញ្ជើញ​របស់ រដ្ឋមន្ត្រីការបរទេស​វៀតណាម Bui Thanh Son។

    លោក Sergey Lavrov នឹងធ្វើ​ទស្សនកិច្ច​នៅ វៀតណាម ចាប់ពី​ថ្ងៃទី ៥ ដល់ទី ៦ កក្កដា ក្នុង​គ្រា​ដែល ប្រទេស​រុស្ស៊ី និង វៀតណាម ឈានដល់​របត់ ១០ ឆ្នាំ​នៃ​ការបង្កើត​ទំនាក់​ទំនងជា​ដៃគូ​យុទ្ធសាស្ត្រ​ពេញលេញ។

    រុស្ស៊ី និង វៀតណាម បាន​បង្កើត​ទំនាក់ទំនង​ការទូត​កាលពី​ឆ្នាំ ១៩៥០ និង​បាន​ផ្ដើម​កែលម្អ​ទំនាក់ទំនង​ទ្វេភាគី​ចាប់ពី​ឆ្នាំ ២០០១។ ១១ ឆ្នាំ​ក្រោយមក ប្រទេស​ទាំងពីរ​ក៏បាន​ក្លាយជា​ដៃគូ​សហការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។

    ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ ២០២០ រវាង រុស្ស៊ី និង វៀតណាម បាន​ឡើងដល់ ៤.៨៥ ពាន់​លាន​ដុល្លារ​អាម៉េរិក កើន ៩% ធៀប​នឹង​ឆ្នាំ ២០១៩។ ក្នុង​ឆ្នាំ ២០២១ ការដោះដូរ​ទំនិញ​ទៅមក បាន​ឡើងដល់ ៧.១ ពាន់​លាន​ដុល្លារ កើន​ជាង ២៥% ធៀប​នឹង​ឆ្នាំ ២០២០។ នៅក្នុង ទឹកដី​វៀតណាម រុស្ស៊ី មាន​គម្រោង​រកស៊ី​ចំនួន ១៥១ គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ជាង ៩៥០ លាន​ដុល្លារ​អាម៉េរិក។