Author: សឿន សំណាង

  • មនុស្ស​រាប់ពាន់នាក់​ត្រូវ​រត់ចោល​ផ្ទះ​ដោយសារ​ភ្លើងព្រៃ​នៅ សហរដ្ឋ​អាម៉េរិក

    មនុស្ស​រាប់ពាន់នាក់​ត្រូវ​រត់ចោល​ផ្ទះ​ដោយសារ​ភ្លើងព្រៃ​នៅ សហរដ្ឋ​អាម៉េរិក

    ភ្លើងព្រៃ​នៅ California សហរដ្ឋ​អា​ម៉​រិ​ក បន្ត​ឆេះ​រាលដាល ដុតបំផ្លាញ​ព្រៃឈើ​រាប់ពាន់​ហិកតា បង្ខំ​ឱ្យ​មនុស្ស​ជាង ៦,០០០ នាក់​ត្រូវ​រត់ចោល​ផ្ទះសំបែង។

    ភ្លើង​ឆេះ​ព្រៃ​ដែល​ត្រូវបាន​គេ​ហៅថា Oak Fire បាន​ឆាបឆេះ​នៅ​ខាងក្រៅ​ឧទ្យាន​ជាតិ Yosemite ក្នុងស្រុក Mariposa ភាគ​កណ្ដាល​នៃ​រដ្ឋ California តាំងពី​ថ្ងៃទី ២២ កក្កដា រហូតដល់​បច្ចុប្បន្ន ដោយ​មិនទាន់​ត្រូវបាន​គ្រប់គ្រង​នៅឡើយ។

    បុគ្គលិក​ពន្លត់​អគ្គិភ័យ​ជាង ២,០០០ នាក់ និង​ឧទ្ធម្ភាគចក្រ ១៧ គ្រឿង កំពុង​ចូលរួម​បេសកកម្ម​ពន្លត់​ភ្លើងព្រៃ Oak Fire នេះ​បើតាម​នាយកដ្ឋាន​ព្រៃឈើ និង​បង្ការ ពន្លត់ភ្លើង​ព្រៃរបស់ រដ្ឋ​កាលីហ្វ័រ​ញ៉ា (CAL FIRE)។ ភ្លើងព្រៃ​បាន​ដុតបំផ្លាញ​ឈើ និង​គ្រប់យ៉ាង ជាង ៦,៣០០ ហិកតា។ អាកាសធាតុ​ក្ដៅ​ខ្លាំង រួម​នឹង​កម្រិត​សំណើម​ទាប បាន​បណ្ដាលឱ្យ​បេសកកម្ម​ពន្លត់​ភ្លើងព្រៃ​ត្រូវ​ជួប​ការលំបាក​ខ្លាំង។

    ភ្លើងព្រៃ Oak Fire បាន​បំផ្លាញ​ផ្ទះ​យ៉ាងតិច ១០ ខ្នង បង្ក​ការខូចខាត​ដល់ផ្ទះ ៥ ខ្នង​ផ្សេងទៀត និង​កំពុង​គំរាមកំហែង​ដល់ផ្ទះ​រាប់ពាន់​ខ្នង​នៅក្បែរនោះ។ មនុស្ស​ជាង ៦,០០០ នាក់​ត្រូវបាន​ជម្លៀស នេះ​បើតាម Hector Vasquez មន្ត្រីជាន់ខ្ពស់​របស់ CAL FIRE។

    អភិបាលរដ្ឋ California កាលពី​ថ្ងៃទី ២៣ កក្កដា បានប្រកាស​អាសន្ន​ចំពោះ​ស្រុក Mariposa ព្រោះតែ «ស្ថានការណ៍​គ្រោះថ្នាក់​ជាទីបំផុត​សម្រាប់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​មនុស្ស»៕

  • អា​រ៉ា​ប៊ី​សា​អូឌីត សាងសង់​អគារ​ខ្ពស់កប់ពពក លាតសន្ធឹង​ទន្ទឹមគ្នា​ប្រវែង ១២០ គីឡូម៉ែត្រ

    អា​រ៉ា​ប៊ី​សា​អូឌីត សាងសង់​អគារ​ខ្ពស់កប់ពពក លាតសន្ធឹង​ទន្ទឹមគ្នា​ប្រវែង ១២០ គីឡូម៉ែត្រ

    ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត មាន​គម្រោង​សាងសង់ Mirror Line ដែលជា​អគារ​ភ្លោះ​កប់​ពពក​ផ្ដេកខ្លួន​ទន្ទឹមគ្នា និង​លាតសន្ធឹង​ប្រវែង ១២០ គីឡូម៉ែត្រ កាត់​ទទឹង​ឆ្នេរសមុទ្រ ភ្នំ និង​សមុទ្រ​ខ្សាច់ ដោយ​ប្រើប្រាស់​ខ្ទង់​វិនិយោគ​ឡើងដល់ ១ ទ្រីលាន​​ដុល្លារ​អាម៉េរិក។

    ដោយមាន​កម្ពស់​ជិត ៥០០ ម៉ែត្រ Mirror Line នឹង​ក្លាយជា​សំណង​ដ៏​មហិមា​បំផុត​ក្នុង​ពិភពលោក។ អគារ​ភ្លោះ​នេះ​ត្រូវបាន​គ្រប​ដោយ​កញ្ចក់​នៅ​ចំហៀង​ខាងក្រៅ និង​ត​ភ្ជាប់​គ្នា​ដោយ​ផ្លូវ​ថ្មើរជើង ហើយ​អាចដាក់​មនុស្ស​បាន ៥ លាន​នាក់ បន្ទាប់ពី​សាងសង់​រួចរាល់ នេះ​បើតាម Wall Street Journal ចេញផ្សាយ​កាលពី​ថ្ងៃទី ២៣ កក្កដា ២០២២។

    ក្រោម​អគារ Mirror Line នឹងមាន​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​មួយ​ខ្សែ។ ប្រភព​អាហារ​សម្រាប់​ប្រជាជន​ដែល​រស់នៅក្នុង​អគារ​នេះ នឹង​បានមកពី​បណ្ដា​កសិដ្ឋាន​ឈរ​ត្រង់​នៅក្នុង​អគារ។ ក្រៅពីនេះ អគារ​ភ្លោះ​នេះ​ក៏​នឹងមាន​កីឡដ្ឋាន​មួយ​ដែល​ស្ថិតនៅ​កម្ពស់​ជាង ៣០០ ម៉ែត្រ និង​ចំណតកប៉ាល់​ទេសចរណ៍​ស្ថិតនៅ​ខាងក្រោម​ដំបូល​ចន្លោះ​អគារ​ទាំងពីរ​នេះ។

    Mirror Line គឺជា​គម្រោង​លំដាប់​ខ្ពស់ និង​ស្ថិតក្នុង Neom ដែលជា​គម្រោង​ទីក្រុង​ធំ​ប៉ុន​រដ្ឋ Massachusetts របស់ សហរដ្ឋ​អាម៉េរិក ដែល​ផ្ដួចផ្ដើម​ការសាងសង់​ដោយ​ព្រះអង្គម្ចាស់ Mohammed bin Salman របស់ អា​រ៉ា​ប៊ី​សា​អូឌីត ក្នុង​បំណង​ធ្វើ​ព​ពិធ​កម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​ពឹង​ផ្អែកលើ​រ៉ែ​ប្រេង។ តាម​គម្រោង អគារ​ភ្លោះ​នេះ​នឹង​ចំណាយ​ទុនវិនិយោគ​សរុប ១ ទ្រី​លាន (១,០០០,០០០,០០០,០០០) ដុល្លារ​អាម៉េរិក។

    នៅក្នុង​អគារ Mirror Line ប្រជាជន​នឹង​ចំណាយពេល​តែ ២០ នាទី​ប៉ុណ្ណោះ​ក្នុងការ​ធ្វើដំណើរ​ពី​ចុង​ម្ខាង​នៃ​អគារ ទៅកាន់​ចុង​ម្ខាង​ទៀត។ ដោយសារតែ​ដំណើរការ​ដោយ​ថាមពល​កកើត​ឡើងវិញ អគារ​ភ្លោះ​នេះ​នឹងមិន​បញ្ចេញ​ឧស្ម័ន​ពុល​ទៅក្នុង​បរិយាកាស។

    https://www.youtube.com/watch?v=kAQXYtKIF3Y

    យោងតាម​ការវាយតម្លៃ​លើ​គម្រោង Mirror Line កាលពី​ខែមករា ២០២១ បង្ហាញថា សំណង់​នេះ​ត្រូវការ​សាងសង់​ទៅតាម​ដំណាក់កាល និង​ត្រូវការ​ពេលវេលា​សាងសង់​សរុប​រហូតដល់ ៥០ ឆ្នាំ។ នៅពេល​សាងសង់​រួចរាល់ Mirror Line នឹង​លាតសន្ធឹង​កាត់​ឆកសមុទ្រ Aqaba និង​ឆ្លងកាត់​ជួរ​ភ្នំ​មួយ​នៅក្បែរ​មាត់សមុទ្រ៕

     

  • តម្លៃ​ប្រេង​នៅ តំបន់​អាស៊ី ធ្លាក់ចុះ​នៅ​ព្រឹក​ថ្ងៃទី ២៥ កក្កដា​នេះ

    តម្លៃ​ប្រេង​នៅ តំបន់​អាស៊ី ធ្លាក់ចុះ​នៅ​ព្រឹក​ថ្ងៃទី ២៥ កក្កដា​នេះ

    ប្រេង​នៅ អាស៊ី បាន​ធ្លាក់​ថ្លៃ​នៅក្នុង​ការជួញដូរ​នា​ព្រឹក​នេះ ដោយ​ផ្ទុយ​ពី​ការកើនឡើង​មុន​នោះ ព្រោះតែ​មានការ​បារម្ភ​ថា ការដំឡើង​ការប្រាក់​នៅ សហរដ្ឋ​អាម៉េរិក ដែលជា​ប្រទេស​ប្រើប្រាស់​ប្រេង​ច្រើនជាងគេ​ក្នុង​ពិភពលោក ធ្វើឱ្យ​តម្រូវការ​ប្រេង​ត្រូវ​ថយចុះ។

    វេលា​ម៉ោង​ប្រហែល ៩ ព្រឹក​ថ្ងៃនេះ (ម៉ោង​នៅ ភ្នំពេញ) តម្លៃ​ប្រេង Brent ប្រគល់​ក្នុង​ខែកញ្ញា ២០២២ បាន​ថយចុះ​អស់ ៤៨ សេន​អាម៉េរិក (០.៥%) មក​នៅត្រឹម ១០២.៧២ ដុល្លារ/ធុង។ ប្រេង WTI ប្រគល់​ក្នុង​ខែកញ្ញា ២០២២ ក៏​ធ្លាក់​ថ្លៃ​អស់ ៦៥ សេន​អាម៉េរិក (០.៧%) មក​នៅត្រឹម ៩៤.០៥ ដុល្លារ/ធុង។

    លោក Kazuhiko Saito ប្រធាន​ផ្នែក​វិភាគ​ទីផ្សារ​របស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Fujitomi Securities Co Ltd. (ជប៉ុន) បានឱ្យ​ដង​ថា និន្នាការ​ធ្លាក់​ថ្លៃ​នៅតែ​គ្របដណ្ដប់​ទីផ្សារ​ប្រេង ដោយសារតែ​ការបារម្ភ​ថា ការដំឡើង​ការប្រាក់​នឹង​ធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់​ប្រេង​ពិភពលោក និង​ប្រេង​ពី លី​ប៊ី ដែល​ជិត​ត្រលប់មក​ទីផ្សារ​វិញ នឹង​ជួយ​បន្ធូរបន្ថយ​បញ្ហា​រឹតត្បិត​ប្រភព​ប្រេង​នៅលើ​ពិភពលោក។

    ក្រុមមន្ត្រី​នៅ ធនាគារកណ្ដាល​អាម៉េរិក (Fed) បង្ហើប​ឱ្យដឹងថា ធនាគារ​នេះ​អាច​នឹង​ដំឡើង​ការប្រាក់​គោល ៧៥ ពិន្ទុ​ទៀត​នៅក្នុង​កិច្ចប្រជុំ​ចាប់ពី​ថ្ងៃទី ២៦ ដល់ ២៧ កក្កដា​ខាងមុខ។

    ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ប្រេង​រ៉ែ​រដ្ឋ​លី​ប៊ី (NOC) ក៏បាន​កំណត់​គោលដៅ​ចាប់ផ្ដើម​បញ្ចេញ​ប្រេង ១.២ លាន​ធុង/ថ្ងៃ ទៅក្នុង​ទីផ្សារ​ឡើងវិញ​នៅក្នុង​រយៈពេល ២ សប្ដាហ៍​ទៀត៕

  • រថយន្តក្រុង​បរ​ធ្លាក់​ពីលើ​ស្ពាន​ចូល​ទន្លេ​នៅ កេ​ន​យ៉ា សម្លាប់​មនុស្ស​ជាង ២០ នាក់

    រថយន្តក្រុង​បរ​ធ្លាក់​ពីលើ​ស្ពាន​ចូល​ទន្លេ​នៅ កេ​ន​យ៉ា សម្លាប់​មនុស្ស​ជាង ២០ នាក់

    ប៉ូលិស​កេ​ន​យ៉ា បានឱ្យដឹងថា មនុស្ស​យ៉ាងតិច ២៤ នាក់​បាន​ស្លាប់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​កាលពី​ថ្ងៃទី ២៤ កក្កដា នៅពេល​រថយន្តក្រុង​មួយគ្រឿង​បាន​ជ្រុល​ចង្កូត​ធ្លាក់​ពីលើ​ស្ពាន​ចូលទៅ​ទន្លេ​នៅក្បែរ​ផ្លូវ​ល្បឿន​លឿន។

    ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល ១៨ កន្លះ (ម៉ោង​ក្នុងស្រុក) គ្រា​ដែល​រថយន្តក្រុង​ដែល​ជួប​គ្រោះថ្នាក់​នេះ​កំពុងធ្វើដំណើរ​ពី​ទីរួមស្រុក Meru (ភាគ​កណ្ដាល​ប្រទេស​កេ​ន​យ៉ា) ទៅកាន់ រដ្ឋធានី​ណៃ​រ៉ូ​ប៊ី។

    សមត្ថកិច្ច​កេ​ន​យ៉ា បានឱ្យដឹងថា មូលហេតុ​ដំបូង​អាច​បណ្ដាលមកពី​រថយន្ត​មាន​បញ្ហា​ហ្វាំ​ង នេះ​បើ​យោងតាម​ល្បឿន​យ៉ាង​លឿន​របស់​រថយន្ត​នៅក្នុងពេល​ជួប​គ្រោះថ្នាក់។

    យោងតាម​វិទ្យុ Capital News របស់ កេ​ន​យ៉ា ហេតុការណ៍​នេះ​បានសម្លាប់​មនុស្ស​យ៉ាងតិច ២៤ នាក់ និង​ជាង ២០ នាក់​ផ្សេងទៀត​រងរបួស ខណៈដែល​មនុស្ស​ជាច្រើន​នាក់​បាន​បាត់​ខ្លួន។ សមត្ថកិច្ច​និយាយថា តួលេខ​អ្នកស្លាប់​អាច​បន្ត​កើនឡើង​ទៀត។ ចំណែក​ស្ពាន ជាទី​ដែល​រថយន្តក្រុង​នេះ​ជួប​គ្រោះថ្នាក់ ក៏ត្រូវ​បានចាត់ទុក​ថា​ជា​កន្លែង «ជើងកប» ដោយសារ​តែមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅទីនេះ​ជា​ញឹកញាប់៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ២៥ ខែ​កក្កដា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ២៥ ខែ​កក្កដា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ២៤ នាក់ទៀត ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ២៤ ខែ​កក្កដា ២០២២ ដែលទាំង​នេះ​​សុទ្ធ​តែ​ជា​ករណី​ឆ្លង​ក្នុងសហគមន៍។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១០ នាក់ទៀត បានជាសះស្បើយ និង​​​​មិនមានករណី​ស្លាប់​ថ្មី​ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

  • គូប្រជែង «Made in China» របស់ Boeing ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការដណ្ដើម​ទីផ្សារ

    គូប្រជែង «Made in China» របស់ Boeing ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការដណ្ដើម​ទីផ្សារ

    ម៉ូ​ដែល​យន្តហោះ​ពាណិជ្ជកម្ម C919 របស់ ប្រទេស​ចិន បានបញ្ចប់​ដំណាក់កាល​ហោះហើរ​សាកល្បង​ដោយ​ជោគជ័យ និង​កំពុង​រង់ចាំ​ទទួល​វិញ្ញាបនបត្រ​ទទួលស្គាល់​ការហោះហើរ។

    ដកស្រង់​អត្ថបទ​បង្ហោះ​លើ​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ​របស់ ក្រុមហ៊ុន​ផលិត​យន្តហោះ​ពាណិជ្ជកម្ម​ចិន (COMAC) កាលពី​ថ្ងៃទី ២៣ កក្កដា ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា យន្តហោះ​ពាណិជ្ជកម្ម​ដំបូង​ដែល​អភិវឌ្ឍ​ដោយ ប្រទេស​ចិន បានបញ្ចប់​ការហោះហើរ ៦ លើក​ដោយ​ជោគជ័យ និង​កំពុង​រង់ចាំ​នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ចិន ផ្ដល់​វិញ្ញាបនបត្រ​ទទួលស្គាល់ ដើម្បី​ដំណើរការ​ជា​ផ្លូវការ។

    ទីក្រុង​ប៉េកាំង បានចាប់ផ្ដើម​កម្មវិធី​ផលិត​យន្តហោះ C919 តាំងពី​ឆ្នាំ ២០០៨ ប៉ុន្តែ បាន​ជួប​បញ្ហា​ជាច្រើន​ទាក់ទិន​នឹង​ការកំណត់ និង​បច្ចេកទេស ក្នុងនោះ​មាន​ទាំង​ការគ្រប់គ្រង​ការនាំចេញ​របស់ សហរដ្ឋ​អាម៉េរិក ផងដែរ។

    បើទោះជា​ត្រូវបាន​ដំឡើង​នៅ ប្រទេស​ចិន ប៉ុន្តែ ផ្នែកសំខាន់ៗជាច្រើន​របស់​យន្តហោះ C919 ដូចជា​ប្រព័ន្ធ​បញ្ជា ឬ​ម៉ាស៊ីន​ជាដើម ត្រូវបាន​ផ្គត់ផ្គង់​ពី​បណ្ដា​ប្រទេស​លោកខាងលិច។ ដំណាក់កាល​អភិវឌ្ឍ​ជា​ផ្លូវការ​បានចាប់ផ្ដើម​ពី​ឆ្នាំ ២០១១ ហើយ​យន្តហោះ​ដំបូង​ត្រូវបាន​ដំឡើង​ពេញលេញ​នៅក្នុង​ឆ្នាំ ២០១៥។

    យន្តហោះ​ C919

    យន្តហោះ C919 ដំបូង គ្រោង​នឹង​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិចិន Eastern Airlines នៅក្នុង​ខែសីហា​ខាងមុខ។ Eastern Airlines បាន​បញ្ជា​ទិញ​យន្តហោះ C919 ចំនួន ៥ គ្រឿង កាលពី​ខែមីនា ឆ្នាំ ២០២១។

    យន្តហោះ C919 ត្រូវបាន​ផលិតឡើង​ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​យន្តហោះ 320neo របស់​ក្រុមហ៊ុន Airbus និង​យន្តហោះ Boeing 737 MAX របស់ សហរដ្ឋ​អាម៉េរិក។ ក៏ប៉ុន្តែ ទីផ្សារ​យន្តហោះ​នៅ ប្រទេស​ចិន នៅមាន​ការនិយម​ប្រើប្រាស់​យន្តហោះ​របស់ សហរដ្ឋ​អាម៉េរិក នៅឡើយ ដូច្នេះ Eastern Airlines ទំនងជា​ត្រូវ​ចំណាយពេល​យូរ​ទៀត​ទើប​អាចមាន​សមត្ថភាព​ដណ្ដើម​ទីផ្សារ​បាន​ច្រើន៕

  • នាយករដ្ឋមន្ត្រី​អង់គ្លេស ចនសុន គប់​​គ្រាប់​បែក សាកល្បង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ ជាមួយ​ទាហាន​អ៊ុយ​ក្រែ​ន

    នាយករដ្ឋមន្ត្រី​អង់គ្លេស ចនសុន គប់​​គ្រាប់​បែក សាកល្បង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ ជាមួយ​ទាហាន​អ៊ុយ​ក្រែ​ន

    នាយករដ្ឋមន្ត្រី​អង់គ្លេស ដែល​ជិត​ចាក​ចេញពី​តំណែង លោក បូរី​ស ច​ន​សុន បាន​ចូលរួម​ពិធី​ហ្វឹកហ្វឺន​សម្រាប់​ក្រុម​ទាហាន​របស់ អ៊ុយ​ក្រែ​ន នៅក្នុង​ស្រុក Yorkshire ខាងជើង កាលពីដើម​សប្ដាហ៍​នេះ។

    យោងតាម​ទូរទស្សន៍ RT លោកនាយ​រដ្ឋមន្ត្រី ច​ន​សុន បាន​បង្ហោះ​វីដេអូ​ថត​សកម្មភាព​របស់លោក​ដែល​ស្លៀកពាក់​ឈុត​ទាហាន កំពុង​សាកល្បង​អាវុធ​ច្រើន​ប្រភេទ ក្នុងនោះ​មាន​ទាំង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ និង​កាំភ្លើងយន្ត​បាញ់​ផ្លោង​គ្រាប់បែក​ជាដើម។

    ក្នុង​វីដេអូ​នោះ មេដឹកនាំ​អង់គ្លេស ក៏បាន​សាកល្បង​គប់​គ្រាប់បែក​មួយគ្រា​ប់។ លោក ច​ន​សុន បាន​សរសើរ​ចំពោះ​ស្មារតី​អង់អាច​ក្លាហាន​របស់ ទាហាន​អ៊ុយ​ក្រែ​ន និង​ស្រែក​ហ៊ោ​ជយឃោស​ជា​ភាសា​អ៊ុយ​ក្រែ​ន ផងដែរ។

    «សប្ដាហ៍​នេះ ខ្ញុំ​បាន​ទៅ​សួរ​សុខ​ទុ​ក្ឋ​ទាហាន​របស់ អ៊ុយ​ក្រែ​ន ដែល​កំពុង​ត្រូវបាន​កងកម្លាំងប្រដាប់អាវុធ​របស់ អង់គ្លេស បណ្ដុះបណ្ដាល​នៅ Yorkshire ខាងជើង» នាយករដ្ឋមន្ត្រី ច​ន​សុន និយាយ​ដូច្នេះ និង​បន្ថែមថា លោក​បាន​ជួប​ទាហាន​របស់ អ៊ុយ​ក្រែ​ន ប្រហែល ៤០០ នាក់។ មុន​នោះ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទីក្រុង​កៀវ កាលពី​ខែ​កន្លង លោក ច​ន​សុន បានប្រកាស​អំពី​កម្មវិធី​បណ្ដុះបណ្ដាល​សម្រាប់​ទាហាន ១០,០០០ នាក់​របស់ អ៊​យ​ក្រែ​ន នៅ​ប៉ុន្មាន​ខែ​ខាងមុខ។

    នាយករដ្ឋមន្ត្រី​អង់គ្លេស ឱ្យដឹងថា ខ្ទង់​ជំនួយ​យោធា​របស់ អង់គ្លេស សម្រាប់ អ៊ុយ​ក្រែ​ន បច្ចុប្បន្ន​បាន​ឡើងដល់ ២.៣ ពាន់​លាន​ផោន រួម​នឹង​អាវុធ​ប្រឆាំង​រថក្រោះ ៦,៩០០ ដើម និង​រថពាសដែក ១២០ គ្រឿង​ផងដែរ។

    ទីក្រុង​មូ​ស្គូ បាន​ព្រមាន​ចំពោះ​ក្រុម​ប្រទេស​លោកខាងលិច​ថា មិនគួរ​បញ្ជូន​អាវុធ​មកឱ្យ អ៊ុយ​ក្រែ​ន ឡើយ ដោយបាន​អះអាងថា ទង្វើ​នេះ​នឹង​គ្រាន់តែ​ធ្វើឱ្យ​សង្គ្រាម​អូសបន្លាយ​ពេល​យូរ​ប៉ុណ្ណោះ៕

  • អ្នកវិភាគ​ថា តម្លៃ​មាស​ក្នុង​សប្ដាហ៍​នេះ​​នឹង​កើនឡើង

    អ្នកវិភាគ​ថា តម្លៃ​មាស​ក្នុង​សប្ដាហ៍​នេះ​​នឹង​កើនឡើង

    ក្រុមអ្នកវិភាគ​យល់ថា មាស​ប្រហែលជា​បាន​ធ្លាក់​ថ្លៃ​ដល់​កម្រិត​ទាប​បំផុត ហើយ​មានលទ្ធភាព​អាច​ងើប​ឡើងដល់ ១,៧៥០ ដុល្លារ នៅពេល​អារម្មណ៍​របស់​អ្នកវិនិយោគ​ក្នុង​ទីផ្សារ​មាស​បាន​ប្រសើរ​ឡើងវិញ។

    ចប់​ការជួញដូរ​កាលពី​ចុង​សប្ដាហ៍​កន្លង មាស ១ អោន (ounce) ធ្លាក់​ថ្លៃ​មក​នៅត្រឹម ១,៦៧៨ ដុល្លារ​អាម៉េរិក ដែលជា​តម្លៃ​ទាប​បំផុត​ក្នុង​រយៈពេល ១ ឆ្នាំ​មកនេះ។ ក៏ប៉ុន្តែ ក្រុមអ្នកវិភាគ​នៅតែ​លើកឡើង​នូវ​ការ​ព្យាករ​ប្រកបដោយ​សុទិដ្ឋិនិយម​ចំពោះ​តម្លៃ​មាស​សម្រាប់​ពេលខាងមុខ នៅពេល​អារម្មណ៍​របស់​អ្នកវិនិយោគ​បាន​ប្រែប្រួល បូករួម​នឹង​ការរំពឹងទុក​របស់​ក្រុម​អ្នកទិញ​ដូរ​បាន​ធ្លាក់ចុះ​ទាប​បំផុត​ក្នុង​មួយរយៈ​ពេល​ខ្លី​កន្លងទៅថ្មីៗនេះ។ ទន្ទឹមនឹងនេះ អ្នកវិនិយោគ​ជាច្រើន​កំពុង​សង្ស័យ​លើ​កម្លាំង​របស់​ប្រាក់​ដុល្លារ​អាម៉េរិក នៅពេល​វា​បាន​ថមថយ​ក្នុង​សប្ដាហ៍​ដំបូង​នៅក្នុង ៤ សប្ដាហ៍​កន្លង។

    ក្នុង​ការស្ទង់មតិ​រប​ស់ Kitco News កាលពីពេលថ្មីៗនេះ ដោយមាន​ការចូលរួម​ពី​អ្នកវិភាគ​ចំនួន ១៨ រូប នៅ Wall Street ក្នុងនោះ​មាន​អ្នកជំនាញ ១២ រូប (៦៧%) បានបង្ហាញ​ការជឿជាក់​លើ​តម្លៃ​មាស​នៅក្នុង​សប្ដាហ៍​នេះ ក្នុងពេលដែល​អ្នកវិភាគ ៦ រូប​ផ្សេងទៀត (៣៣%) បាន​ព្យាករ​ថា មាស​នឹង​ធ្លាក់​ថ្លៃ និង​មិនមាន​អ្នកវិភាគ​ណា​ម្នាក់​យល់ថា តម្លៃ​មាស​នឹង​នៅ​ថេរ។

    លទ្ធផល​នៃ​ការ​ស្ទង់​មតិ​អំពី​តម្លៃ​មាស​នៅ​ក្នុង​សប្ដាហ៍​នេះ រាប់ចាប់​ពី​ថ្ងៃទី ២៥ ដល់ ២៩ កក្កដា របស់ Kitco News

    ដោយសារ​តែមាន​បញ្ហា​បច្ចេកទេស មាន​សន្លឹកឆ្នោត​តែ ១៨៧ សំឡេង​ប៉ុណ្ណោះ​ដែល​បានមកពី​អ្នកវិនិយោគ​ឯកបុគ្គល នៅក្នុង​ការស្ទង់មតិ​កាលពី​សប្ដាហ៍​កន្លង។ ក្នុងចំណោម​នេះ មាន ៥៦% យល់ថា មាស​នឹង​ឡើងថ្លៃ , ២៨% ព្យាករ​ថា មាស​នឹង​ធ្លាក់​ថ្លៃ ចំណែក ៣១% រក្សា​ជំហរ​កណ្ដាល (តម្លៃ​ថេរ) នៅក្នុង​សប្ដាហ៍​នេះ៕

  • ផ្ទុះ​ភ្នំភ្លើង អាជ្ញាធរ​ជប៉ុន ប្រកាសអាសន្ន​កម្រិត​ខ្ពស់បំផុត

    ផ្ទុះ​ភ្នំភ្លើង អាជ្ញាធរ​ជប៉ុន ប្រកាសអាសន្ន​កម្រិត​ខ្ពស់បំផុត

    ភ្នំភ្លើង Sakurajima ក្នុង​ខេត្ត Kagoshhima នៅ​ភាគ​និរតី​នៃ ប្រទេស​ជប៉ុន បាន​ផ្ទុះឡើង​កាលពី​ម្សិលមិញ បណ្ដាលឱ្យ​រាជរដ្ឋាភិបាល​ត្រូវ​ប្រកាសអាសន្ន​កម្រិត​ទី ៥ ។

    អាជ្ញាធរ​គ្រប់គ្រង​ស្ថានការណ៍​បន្ទាន់ និង​ប៉ូលិស​ក្នុង​តំបន់ បានឱ្យ​ដង​ថា ក​ម្អែ​ភ្នំភ្លើង និង​ដុំថ្ម​ជាច្រើន​បាន​ធ្លាក់​លើ​ទីតាំង​ដែលមាន​ចម្ងាយ​ប្រហែល ២.៥ គីឡូម៉ែត្រ ពី​មាត់​ភ្នំភ្លើង ប៉ុន្តែ មិនទាន់មាន​របាយការណ៍​ស្ដីពី​ការខូចខាត​ទ្រព្យសម្បត្តិ ឬ​បាត់បង់​អាយុជីវិត​មនុស្ស​នៅឡើយ។

    បន្ទាប់ពី​ភ្នំភ្លើង​បាន​ផ្ទុះឡើង​ភ្លាម នាយកដ្ឋាន​ឧតុនិយម​ជប៉ុន បាន​ដំឡើង​កម្រិត​ប្រកាសអាសន្ន​ពី​កម្រិត ៣ ដល់​កម្រិត ៥ ដែលជា​កម្រិត​ខ្ពស់បំផុត និង​ណែនាំ​ឱ្យ​ប្រជាជន​ភៀសខ្លួន​ទៅរក​ទី​សុវត្ថិភាព។

    Sakurajima គឺជា​ភ្នំភ្លើង​មួយ​ក្នុងចំណោម​ភ្នំភ្លើង​ដែល​សកម្ម​បំផុត​នៅ ជប៉ុន និង​ត្រូវបាន​ភ្ជាប់​ជាមួយ​ឧបទ្វីប Osumi នៃ​កោះ Kyushu នៅ​ភាគ​និរតី​របស់​ប្រទេស​នេះ។

    https://www.youtube.com/watch?v=opFvIrBhqLw

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ២៣ ខែ​កក្កដា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ២៣ ខែ​កក្កដា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ២០ នាក់ទៀត ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ២២ ខែ​កក្កដា ២០២២ ដែលទាំង​នេះ​​សុទ្ធ​តែ​ជា​ករណី​ឆ្លង​ក្នុងសហគមន៍។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ២៦ នាក់ទៀត បានជាសះស្បើយ និង​​​​មិនមានករណី​ស្លាប់​ថ្មី​ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។