Author: សឿន សំណាង

  • ប្រទេស​ចិន សាកល្បង​ឧទ្ធម្ភាគចក្រ​បើកបរ​ស្វ័យប្រវត្ត​នៅ​លើ​សមុទ្រ (វីដេអូ)

    ប្រទេស​ចិន សាកល្បង​ឧទ្ធម្ភាគចក្រ​បើកបរ​ស្វ័យប្រវត្ត​នៅ​លើ​សមុទ្រ (វីដេអូ)

    កំណែ​គំរូ​នៃ​ឧទ្ធម្ភាគចក្រ​គ្មាន​មនុស្ស​បើក AR-500BJ របស់ ចិន បានសម្រេច​គោលដៅ​ជា​ស្ថាពរ​ក្នុងការ​សាកល្បង​ហោះ​ឡើង និង​ចុះចត​នៅលើ​នាវា​នៅឯ​កំពង់ផែ Qingdao កាលពី​ថ្ងៃទី ២២ កក្កដា។

    «ក្នុងពេល​សម្ដែង​បង្ហាញ និង​ដំណើរការ​សាកល្បង AR-500BJ បានសម្រេច​គោលដៅ​ដោយ​រលូន​ចំពោះ​វិញ្ញាសា​ហោះហើរ​ដូចជា ហោះ​ឡើង និង​ចុះចត​នៅលើ​នាវា ដែល​នេះ​គឺជា​ជំហាន​ដ៏​ធំ​នៃ​ការរីកចម្រើន​របស់​ប្រភេទ​ឧទ្ធម្ភាគចក្រ​គ្មាន​មនុស្ស​បើកបរ​នេះ» ក្រុមហ៊ុន​ឧស្សាហកម្ម​អាកាសចរណ៍​ចិន (AVIC) បានប្រកាស​នៅលើ​ទំព័រ WeChat ដូច្នេះ។

    AR-500BJ គឺជា​ឧទ្ធម្ភាគចក្រ​ធុន​ស្រាល ដោយមាន​ទម្ងន់ ៥០០ គីឡូក្រាម នេះ​បើតាម CCTV។ វា​ត្រូវបាន​អភិវឌ្ឍ​ដោយយោង​ទៅតាម​ម៉ូ​ដែល​ឧទ្ធម្ភាគចក្រ AR-500 ដែល​ត្រូវបាន​ប្រកាស​បង្ហាញ​មុន​នោះ ដើម្បី​សមស្រប​នឹង​ចំណត​ដ៏​តូចចង្អៀត​នៅលើ​នាវា។ ឧទ្ធម្ភាគចក្រ​នេះ​ប្រើប្រាស់​ម៉ាស៊ីន​ដើរ​ដោយ​ប្រេងឥន្ធនៈ​ធុន​ធ្ងន់ ដែល​ផលិត​ដោយ​ប្រទេស​ចិន។

    ឧទ្ធម្ភាគចក្រ​បើកបរ​ស្វ័យប្រវត្តិ​ថ្មី​នេះ ត្រូវបាន​រចនា​ឡើង​សម្រាប់​គោលដៅ​យោធា និង​ស៊ីវិល។ វា​អាច​ស៊ូទ្រាំ​បាន​ជាមួយនឹង «បរិស្ថាន​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​ស្មុគស្មាញ» ជា​ស្ថានការណ៍​យោធា​មួយ​ដែល​រលកសញ្ញា​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​រារាំង​សមត្ថភាព​តាមដាន​សភាពការណ៍​ក្នុង​សមរភូមិ។

    ឧទ្ធម្ភាគចក្រ​បើកបរ​ស្វ័យប្រវត្ត ដែល​ផលិត​ដោយ ប្រទេស​ចិន ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​មួយចំនួន ដូចជា ប្រទេស​អាល​ហ្សេ​រី និង អេ​ហ្ស៊ី​ប ជាដើម ដោយសារតែ​វា​មានតម្លៃ​ទាប​ជាង ធៀប​នឹង​ផលិតផល​របស់ សហរដ្ឋ​អាម៉េរិក និង អឺរ៉ុប៕

  • វេជ្ជបណ្ឌិត​ថៃ ជាង ៨០០ នាក់ អំពាវនាវ​ដល់​រាជរដ្ឋាភិបាល ផ្អាក​ការធ្វើឱ្យ​កញ្ឆា​​ទៅ​ជា​ទំនិញ​ស្របច្បាប់

    វេជ្ជបណ្ឌិត​ថៃ ជាង ៨០០ នាក់ អំពាវនាវ​ដល់​រាជរដ្ឋាភិបាល ផ្អាក​ការធ្វើឱ្យ​កញ្ឆា​​ទៅ​ជា​ទំនិញ​ស្របច្បាប់

    វេជ្ជបណ្ឌិត​ថៃ​ជាង ៨០០ នាក់ បាន​អំពាវនាវ​ឱ្យ រាជរដ្ឋាភិបាល​ប្រទេស​នេះ ផ្អាក​ការ​កំណត់ឱ្យ​កញ្ឆា​ក្លាយជា​ទំនិញ​ស្របច្បាប់ ខណៈដែល​កំពុង​រង់ចាំ​វិធានការ​គ្រប់គ្រង​សមស្រប​ដើម្បី​ការពារ​ក្មេង​មិនទាន់​គ្រប់​អាយុ។

    នៅក្នុង​អត្ថបទ​មួយ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី ២៥ កក្កដា វេជ្ជបណ្ឌិត Smith Srisont ប្រធាន​សមាគម​វេជ្ជបណ្ឌិត​កោ​ល​ស្យ​វិ​ច្ច័​យ​ថៃ បានឱ្យដឹងថា វេជ្ជបណ្ឌិត សាស្ត្រាចារ្យ និង​អតីត​និស្សិត​នៃ​ផ្នែក​វេជ្ជសាស្ត្រ​របស់​មន្ទីរ​ពេទ្យ Ramathibodi នៃ​សាកលវិទ្យាល័យ Mahidol ចំនួន ៨៥១ រូប បាន​ឯកភាពគ្នា​លើក​ញត្តិ​ស្នើ​សូមឱ្យ រាជរដ្ឋាភិបាល ផ្អាក​ជាបន្ទាន់​នូវ​ការធ្វើឱ្យ​កញ្ឆា​ទៅជា​ទំនិញ​ស្របច្បាប់។

    យោងតាម​ក្រុម​វេជ្ជបណ្ឌិត ការធ្វើឱ្យ​កញ្ឆា​ស្របច្បាប់​នៅក្នុង​គ្រា​ដែល​មិនទាន់មាន​វិធានការ និង​គោលនយោបាយ​គ្រប់គ្រង​សមស្រប បាន​នាំឱ្យ​យុវវ័យ​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវ ខណៈដែល​ភស្ដុតាង​ផ្នែក​វិទ្យាសាស្ត្រ​បានបញ្ជាក់​ច្បាស់​ថា កញ្ឆា​បង្ក​ផលប៉ះពាល់​អាក្រក់​ដល់​រាងកាយ និង​ប្រព័ន្ធ​ខួរក្បាល​របស់​យុវវ័យ​មិនទាន់​គ្រប់​អាយុ។

    ក្រុម​វេជ្ជបណ្ឌិត ជំរុញ​ឱ្យ​ផ្អាក​បណ្ដោះអាសន្ន​នូវ​ការកំណត់​ដែល រដ្ឋាភិបាល​ថៃ បានសម្រេច​ចិត្ត​នាពេល​កន្លង រហូតដល់​មានច្បាប់​ការពារ​ក្មេង​ជំទង់​ពី​កញ្ឆា ការកំណត់​ស្ដីពី​ការប្រើប្រាស់​កញ្ឆា​ឱ្យ​ត្រឹមត្រូវ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អាក្រក់​ដល់​សុខភាព៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ២៦ ខែ​កក្កដា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ២៦ ខែ​កក្កដា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ១៩ នាក់ទៀត ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ២៤ ខែ​កក្កដា ២០២២ ដែលទាំង​នេះ​​សុទ្ធ​តែ​ជា​ករណី​ឆ្លង​ក្នុងសហគមន៍។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១៣ នាក់ទៀត បានជាសះស្បើយ និង​​​​មិនមានករណី​ស្លាប់​ថ្មី​ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

  • ក្រសួងប្រៃសណីយ៍ ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ឈប់​ប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវាទូរស័ព្ទ​

    ក្រសួងប្រៃសណីយ៍ ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ឈប់​ប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវាទូរស័ព្ទ​

    នាព្រឹក​ថ្ងៃទី ២៦ កក្កដានេះ ក្រសួងប្រៃសណីយ៍ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ​ស្តីពីការបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេវាទូរសព្ទចល័ត។

    ក្រសួង​ខាងលើ​បាន​ស្នើ​ឱ្យ​អ្នក​ប្រើប្រាស់ ​រុះ​រើ​ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា​ដោយ​ខ្លួន​ឯង និង​ស្នើ​ឱ្យ​អ្នក​ជំនួញ​ ឈប់​នាំចូល​ផលិត​ផល​ទាំង​នេះ​ផងដែរ​។

    សូម​អាន​សេចក្ដី​ជូនដំណឹង​របស់​ ក្រសួង​ប្រៃយ៍សណីយ៍​ខាង​ក្រោម​៖

     

  • ប្រទេស​ចិន បង្កើត​មូលនិធិ​តម្លៃ ៤៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ជួយ​ដល់​វិស័យ​អចលនទ្រព្យ

    ប្រទេស​ចិន បង្កើត​មូលនិធិ​តម្លៃ ៤៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ជួយ​ដល់​វិស័យ​អចលនទ្រព្យ

    ធនាគារ​នានា​របស់ ចិន នឹង​សហការគ្នា​បង្កើត​មូលនិធិ​ដើម្បី​ជួយ​ដល់​បណ្ដា​ក្រុមហ៊ុន​អចលនទ្រព្យ ក្នុងការ​ដោះស្រាយ​វិបត្តិ​បំណុល​នាបច្ចុប្បន្ន។

    សារព័ត៌មាន Reuters ដកស្រង់​ប្រភពព័ត៌មាន​ដែល​ជិតដិត បានឱ្យដឹងថា ប្រទេស​ចិន នឹង​បង្កើត​មូលនិធិ​អចលនទ្រព្យ​មួយ​ដើម្បី​ជួយ​ឱ្យ​ក្រុមហ៊ុន​ក្នុង​វិស័យ​អចលនទ្រព្យ ឆ្លង​ផុត​ដំណាក់កាល​វិបត្តិ​បំណុល​ដែល​កំពុង​កើតមាន​នាបច្ចុប្បន្ន។ ទំហំ​ទឹកប្រាក់​ដែលជា​គោលដៅ​របស់​មូលនិធិ​នេះ​គឺ ៣០០ ពាន់​លាន​យ៉ុ​ន (៤៤ ពាន់​លាន​ដុល្លារ​អាម៉េរិក)។ នេះ​គឺជា​សកម្មភាព​ធំ​ដំបូង​របស់ ទីក្រុង​ប៉េកាំង ក្នុង​បំណង​ជួយសង្គ្រោះ​វិស័យនេះ រាប់​ចាប់តាំងពី​ឆ្នាំ ២០២១។

    មូលនិធិ​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ទិញ​បណ្ដា​គម្រោង​គេហដ្ឋាន​ដែល​កំពុង​ផ្អាក​ការសាងសង់ ហើយ​បង្ហើយការ​សាងសង់ឡើង​វិញ។ ក្រោយមក គម្រោង​ទាំងនោះ​នឹងត្រូវ​បានដាក់​ឱ្យ​ជួល ដើម្បី​ជំរុញ​ផ្នែក​គេហដ្ឋាន​សម្រាប់​ជួល​នៅ​ប្រទេស​នេះ។

    ក្នុងដំណាក់កាល​ដំបូង មូលនិធិ​នេះ​នឹង​បញ្ចេញ​សាច់ប្រាក់​ជិត ១២ ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយមាន​ការចូលរួម​របស់ ធនាគារ​ជាតិចិន ( PBOC) និង​ធនាគារ​អភិវឌ្ឍ​ចិន។ បើសិនជា​រូបមន្ត​នេះ​មាន​ប្រសិទ្ធភាព បណ្ដា​ធនាគារ​ផ្សេងទៀត​នឹងចូលរួម ពង្រីក​គោលដៅ​ឱ្យដល់ ពី ២០០ ទៅ ៣០០ ពាន់​លាន​យ៉ុ​ន។

    ជា​សសរទ្រូង​សំខាន់​របស់​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក ប៉ុន្តែ ចាប់តាំងពី​ឆ្នាំ ២០២១ វិស័យ​អចលនទ្រព្យ​នៅ ប្រទេស​ចិន ត្រូវ​ជួប​វិបត្តិ​ជា​បន្តបន្ទាប់។ ថ្មីៗបំផុត​នេះ វិស័យ​អចលនទ្រព្យ​ចិន បាន​ពើបប្រទះ​នឹង​រលក​នៃ​ការបដិសេធ​ការទូទាត់​បំណុល​គេហដ្ឋាន ចំពោះ​បណ្ដា​គម្រោង​ដែល​បាន​ពន្យារពេល​នៅក្នុង​ខែ​នេះ បណ្ដាលឱ្យ​ក្រុមមន្ត្រី​នៅ ប្រទេស​ចិន ឈឺក្បាល​កាន់តែខ្លាំង។

    ចំនួន​ផ្ទះ​ដែល​បាន​លក់​ចេញ​នៅ ប្រទេស​ចិន នៅតែ​បង្ហាញ​តួលេខ​ទាប ហើយ​សញ្ញា​នៃ​ការ​ងើប​ឡើងវិញ មាន​តិចតួច នៅក្នុង​គ្រា​ដែល​សេដ្ឋកិច្ច​កំពុង​ត្រូវ​ញាំញី​ដោយ​កូ​វីដ-១៩ ខណៈដែល​អត្រា​នៃ​ការបាត់បង់​ការងារ​មានការ​កើនឡើង និង​ពេលវេលា​ប្រគល់​ផ្ទះ​ចេះតែ​ត្រូវបាន​អូសបន្លាយ​ដោយ​មិនមាន​ភាពប្រាកដប្រជា។ ក្នុង ៥ ខែ​ដើម​ឆ្នាំនេះ តួលេខ​នៃ​គេហដ្ឋាន​ដែល​បាន​លក់​ចេញ បាន​ថយចុះ ២៣.៦% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លង៕

  • ប្រធានាធិបតី​អាម៉េរិក ជំរុញ​ឱ្យ​សភា​អនុម័ត​កញ្ចប់​​ជំនួយ​ថវិកា ៥២ ពាន់​លាន​ដុល្លារ សម្រាប់​គាំទ្រ​ដល់​វិស័យ​បន្ទះ​អេឡិចត្រូនិក​​ (semiconductor)

    ប្រធានាធិបតី​អាម៉េរិក ជំរុញ​ឱ្យ​សភា​អនុម័ត​កញ្ចប់​​ជំនួយ​ថវិកា ៥២ ពាន់​លាន​ដុល្លារ សម្រាប់​គាំទ្រ​ដល់​វិស័យ​បន្ទះ​អេឡិចត្រូនិក​​ (semiconductor)

    លោក ចូ បៃ​ដិ​ន បាន​ជំរុញ​ឱ្យ​សភា អនុម័ត​សេចក្ដីព្រាងច្បាប់​ផ្ដល់ជំនួយ​ដល់​បណ្ដា​ក្រុមហ៊ុន​ផលិត​បន្ទះ​អេឡិចត្រូនិក​ក្នុងស្រុក តម្លៃ ៥២ ពាន់​លាន​ដុល្លារ ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រភព​ផ្គត់ផ្គង់​ពី​បរទេស។

    «សភា​ត្រូវអនុម័ត​សេចក្ដីព្រាងច្បាប់​នេះ កាន់តែ​ឆាប់ កាន់តែ​ល្អ» ប្រធានាធិបតី​អាម៉េរិក លោក បៃ​ដិ​ន ថ្លែង​ដូច្នេះ​នៅ​ចំពោះមុខ​ក្រុម​ជំនួយការ​សេដ្ឋកិច្ច សន្តិសុខ​ជាតិ រួម​នឹង​តំណាង​មកពី​បណ្ដា​ក្រុមហ៊ុន​ផលិត​បន្ទះ​អេឡិចត្រូនិក កាលពី​ថ្ងៃទី ២៥ កក្កដា ស្ដីពី​សេចក្ដីព្រាងច្បាប់​ផ្ដល់ជំនួយ​ដែលមាន​តម្លៃ ៥២ ពាន់​លាន​ដុល្លារ សម្រាប់​បណ្ដា​ក្រុមហ៊ុន​​ផលិត​​បន្ទះ​​អេឡិច​ត្រូនិក​​ក្នុង​ស្រុក។

    លោក បៃ​ដិ​ន បញ្ជាក់ថា ដើម្បី​សេដ្ឋកិច្ច និង​សន្តិសុខ​ជាតិ ត្រូវតែ​ធានា​ការផលិត​បន្ទះ​អេឡិចត្រូនិក semiconductor ដែលជា​វត្ថុ​ចាំបាច់​សម្រាប់​គ្រប់យ៉ាង ចាប់ពី​ទូរស័ព្ទ​ឆ្លាត​វៃ រហូតដល់​រថយន្ត និង​អាវុធ​ជាដើម។ ម្ចាស់​សេត​វិមាន​សង្កាត់​​ធ្ងន់​​ថា ការ​ជួយ​​គាំទ្រ​របស់​រដ្ឋាភិបាល​ចំពោះ​អ្នក​ផលិត​បន្ទះ​អេឡិចត្រូនិក​ក្នុងស្រុក​គឺ​មានន័យថា សហរដ្ឋ​អាម៉េរិក នឹង «អាច​នៅ​លេង​បាន​បន្តទៀត»។

    «សហរដ្ឋ​អាម៉េរិក គឺជា​អ្នក​រកឃើញ​វិធី​បង្កើត​បន្ទះ​អេឡិចត្រូនិក semiconductor ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​មកនេះ យើង​បែរជា​បណ្ដោយឱ្យ​ការផលិត​បន្ទះ​អេឡិចត្រូនិក​នេះ​ស្ថិតនៅ​ក្រៅប្រទេស។ សហរដ្ឋ​អាម៉េរិក ត្រូវតែ​នាំមុខ​ពិភពលោក​នៅក្នុង​កិច្ចការ​នេះ» លោក បៃ​ដិ​ន អះអាង​ដូច្នេះ។

    រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អាម៉េរិក Gina Raimondo បាន​ហៅ microchip ដែលជា​បន្ទះ​អេឡិចត្រូនិក​ខ្នាតតូច ថា​ជា «ថ្នាល​បច្ចេកវិទ្យា​ជួយ​ដល់​សេដ្ឋកិច្ច​ទាំងមូល» ហើយ​បាន​ព្រមាន​ថា អាម៉េរិក កំពុង​ដើរ​ក្រោយ​គេ។ លោកស្រី​អះអាងថា ក្រុម​អ្នក​នាំចូល​របស់ សហរដ្ឋ​អាម៉េរិក កំពុងតែ «ពឹងផ្អែក​ទាំងស្រុង​លើ តៃវ៉ាន់ ដើម្បី​មាន​បន្ទះ​អេឡិចត្រូនិក​ដែលមាន​តម្លៃ​ទាប»។

    Microchip កំពុង​ក្លាយជា​គ្រឹះ​នៃ​បច្ចេកវិទ្យា សូម្បីតែ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​ដែល​កំពុង​ផ្ទុះ​ខ្លាំង។ ក្រុមមន្ត្រី​សហរដ្ឋ​អាម៉េរិក ក៏បាន​បញ្ជាក់ប្រាប់​ប្រធានាធិបតី បៃ​ដិ​ន អំពី​ផលប៉ះពាល់​ចំពោះ​សន្តិសុខ​ជាតិ នៅពេល​ប្រភព​ផ្គត់ផ្គង់​បន្ទះ​អេឡិចត្រូនិក​ក្នុងស្រុក​មាន​ភាពអន់ថយ៕

  • ផ្ទះ​បី​ជាន់​សាងសង់​ដោយ​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D សម្រាប់​ក្រុម​​អវកាសចរ​ អាច​ដាក់​ចូលក្នុង​យាន SpaceX

    ផ្ទះ​បី​ជាន់​សាងសង់​ដោយ​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D សម្រាប់​ក្រុម​​អវកាសចរ​ អាច​ដាក់​ចូលក្នុង​យាន SpaceX

    ក្រុមហ៊ុន SAGA Space Architects សហការ​ជាមួយ​សិស្ស​នៅ ប្រទេស​ស្វ៊ី​ស ដើម្បី​សាងសង់​ផ្ទះ​សម្រាប់​អវកាស​ចរ​នៅលើ​ឋាន​ព្រះ​ចន្ទ និង​ពិភព​ព្រះ​អង្គារ។

    សិស្ស​នៅ​វិទ្យាស្ថាន Rosenberg បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​ក្នុងការ​អភិវឌ្ឍ​ផ្ទះ​ស្នាក់នៅ​សម្រាប់​ក្រុម​អ្នក​អវកាស​នាពេល​អនាគត ដែល​ផ្ទះ​នេះ​អាចដាក់​ចូលក្នុង​យានអវកាស Starship របស់ SpaceX។ ផ្ទះ​គំរូ​ដែល​ត្រូវ​បានបង្ហាញ​កាលពី​ថ្ងៃទី ២០ កក្កដា​នេះ គឺជា​លទ្ធផល​នៃ​ការសហការ​រវាង​សិស្ស​នៅ​វិទ្យាស្ថាន Rosenberg និង​ក្រុមហ៊ុន​ស្ថាបត្យកម្ម​របស់ ដា​ណឺ​ម៉ាក SAGA Space Architects នេះ​បើតាម​ទំព័រ Space។

    ផ្ទះ​កម្ពស់ ៣ ជាន់ របស់ វិទ្យាស្ថាន Rosenberg និង ក្រុមហ៊ុន SAGA Space Architects នេះ មាន​ទំហំ​ធំ​ទូលាយ​សម្រាប់​ក្រុម​អ្នក​អវកាស​ធ្វើការ និង​កម្សាន្ត។

    Bernhatd Gademann អគ្គនាយក​នៃ​វិទ្យាស្ថាន Rosenberg បានឱ្យដឹងថា ពួកគេ​ត្រូវ​ចំណាយពេល​អស់ ២ ឆ្នាំ ទើប​ផលិត​បាន​ផ្ទះ​ដែលមាន​ឈ្មោះថា Rosenberg Space Habitat នេះ។ ក្រុម​អ្នក​អវកាស​អាច​រុះផ្ទះ​នេះ ហើយ​ប្រើប្រាស់ polymer ដើម្បី​បង្កើតជា​រចនាសម្ព័ន្ធ​ថ្មី បើសិនជា​ចាំបាច់។ រ៉ូ​បូត​មួយគ្រឿង​ដែលមាន​ឈ្មោះថា Spot រួម​នឹង​គ្រឿងសង្ហារិម​ពហុមុខ​ងារ នឹង​ជួយ​ឱ្យ​ក្រុម​អ្នក​អវកាស​អាច​ប្រើប្រាស់​លម្ហ​ក្នុងផ្ទះ​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

    វិទ្យាស្ថាន Rosenberg បាន​រៀប​គម្រោង​ត្រួតពិនិត្យ​ផ្នែក​រឹង ផ្នែក​ទន់ និង​ប្រព័ន្ធ​បញ្ជា​ពី​ចម្ងាយ​ដែល​ប្រើប្រាស់​សម្រាប់​ផ្ទះ Rosenberg Space Habitat។ ក្រុមសិស្ស​របស់​វិទ្យាស្ថាន​នេះ​នឹងចូលរួម​អនុវត្ត​គម្រោង​ជាច្រើន​ផ្សេងទៀត ដើម្បី​បង្ហាញ​អំពី​របៀប​ដែល​ព័ន្ធ​ដ៏​ស្មុគស្មាញ​នេះ​ធ្វើ​អន្ត​រកម្ម​នឹង​គ្នា និង​ធ្វើការ​ជាមួយ​បញ្ញា​សិប្បនិម្មិត៕

  • ចិន អនុម័ត​ឱ្យប្រើ​ប្រាស់​​ឱសថ​​គ្រាប់​ដែល​ផលិត​ក្នុងស្រុក សម្រាប់​​ការ​ព្យាបាល​ជំងឺ​កូ​វីដ-១៩

    ចិន អនុម័ត​ឱ្យប្រើ​ប្រាស់​​ឱសថ​​គ្រាប់​ដែល​ផលិត​ក្នុងស្រុក សម្រាប់​​ការ​ព្យាបាល​ជំងឺ​កូ​វីដ-១៩

    ថ្នាំ​ប្រភេទ​គ្រាប់​ដែល​ផលិត​ក្នុងស្រុក និង​ទើបតែ​ត្រូវបាន​អនុម័ត​ឱ្យប្រើ​ប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ-១៩ នាពេលថ្មីៗនេះ ត្រូវបាន​អនុញ្ញាត​ឱ្យប្រើ​សម្រាប់​ព្យាបាល​អ្នក​ឆ្លង​វីរុស HIV-1 កាលពី​ខែកក្កដា ២០២១។

    កាលពី​ថ្ងៃទី ២៥ កក្កដា អាជ្ញាធរ​ចិន បាន​យល់ព្រម​ឱ្យធ្វើ​ចរាចរណ៍​ដោយមាន​លក្ខខណ្ឌ​ចំពោះ​ឱសថ​ប្រភេទ​គ្រាប់​សម្រាប់​លេប​ដែល​ផលិត​ក្នុងស្រុក នៅក្នុង​ការព្យាបាល​ជំងឺ​កូ​វីដ-១៩ ចំពោះ​អ្នកជំងឺ​ពេញវ័យ។

    ប្រកាស​របស់​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​ឱសថ​ចិន បានឱ្យដឹងថា ថ្នាំ​ប្រភេទ​នេះ​មាន​ឈ្មោះថា Azvudine ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ Genuine Biotech។ កាលពី​ឆ្នាំ ២០២១ ថ្នាំ Azvudine ត្រូវបាន​អនុម័ត​ឱ្យប្រើ​ប្រាស់​សម្រាប់​ព្យាបាល​អ្នកជំងឺ​អេដស៍ ប៉ុន្តែ ពេលនេះ​វេជ្ជបណ្ឌិត​អាច​ប្រើប្រាស់​វា​ដើម្បី​ព្យាបាល​ជំងឺ​កូ​វីដ-១៩។

    ថ្នាំ Azvudine

    រាប់​ចាប់តាំង​ពី​​ខែមេសា ២០២០ ថ្នាំ Azvudine ត្រូវបាន​ពិសោធ​ដល់​ដំណាក់​កាលពី​បី នៅក្នុង​ការព្យាបាល​ជំងឺ​កូ​វីដ-១៩ ហើយ​ទទួលបាន​លទ្ធផល​ល្អ ចំពោះ​អ្នកជំងឺ​ដែលមាន​សភាព​ធ្ងន់ធ្ងរ និង​កំពុង​ប្រឈម​នឹង​ការស្លាប់។ ទន្ទឹមនឹងនេះ Azvudine ក្នុង​បរិមាណ​ដ៏​តិច​ក៏​អាច​ព្យាបាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​កាត់បន្ថយ​ចំនួន​វីរុស​បាន​យ៉ាង​លឿន នៅ​ចំពោះមុខ​ជំងឺ​កូ​វីដ-១៩ បង្ក​ឡើង​ដោយ​វីរុស​ SARS-CoV-2 ប្រភេទ Alpha, Beta, Delta និង Omicron។

  • កម្ពុជា គ្រោង​​នឹង​តម្រូវឱ្យ​យានយន្ត​ឯកជន​ភ្ជាប់​កាតព្វកិច្ច​បង់​ធានារ៉ាប់រង

    កម្ពុជា គ្រោង​​នឹង​តម្រូវឱ្យ​យានយន្ត​ឯកជន​ភ្ជាប់​កាតព្វកិច្ច​បង់​ធានារ៉ាប់រង

    រាជរដ្ឋាភិបាល​កម្ពុជា នឹងដាក់​ឱ្យប្រើ​ប្រាស់​នូវ​ការធានារ៉ាប់រង​យានយន្ត​ឯកជន​ជា​កាតព្វកិច្ច ដែលជា​ការទទួលខុសត្រូវ​របស់​ប្រតិបត្តិ​ករ​ធានារ៉ាប់រង និង​ម្ចាស់​យានយន្ត​ចំពោះ​សង្គមជាតិ តាមរយៈ​ការធានារ៉ាប់រង​ដល់​ជនរងគ្រោះ ដែល​បង្កដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ នេះ​បើតាម ឯកឧត្តម រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

    ក្នុងឱកាស​ចូលរួម​ក្នុង​ទិវា​ធានារ៉ាប់រង នៅ​ថ្ងៃទី ២៥ ខែកក្កដា ដែល​ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​ធានារ៉ាប់រង រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែងថា ការកំណត់​ជា​កាតព្វកិច្ច​នេះ នឹង​ជួយ​ឱ្យ​ជនរងគ្រោះ​ទទួលបាន​សំណង​សមស្រប​ណាមួយ សម្រាប់​ការព្យាបាល និង​ដោះស្រាយ​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​របស់ខ្លួន ដែល​បង្កឡើង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ។

    យោងតាម ឯកឧត្តម រស់ សីល​វ៉ា គម្រោង​ខាងលើនេះ​អាច​នឹង​ដំណើរការ​ក្នុង​ឆ្នាំ ២០២២ នេះ បន្ទាប់ពី​ទីផ្សារ​ធានារ៉ាប់រង​របស់ កម្ពុជា បាន និង​កំពុង​បន្ត​រីកចម្រើន​យ៉ាង​ឆាប់ ក្នុង​រយៈពេល ៥ ឆ្នាំ​មកនេះ។

     

    ឯកឧត្តម ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​នៃ​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា បានឱ្យដឹងថា បុព្វលាភ​ដុល​សរុប​នៃ​ទីផ្សារ​ធានារ៉ាប់រង​របស់​កម្ពុ​ជា បាន​កើន​ឡើងដល់​ប្រមាណ ៣០០ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០២១ និង​មាន​កំណើន​ជា​មធ្យម ប្រមាណ ២០% ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ។

    លោក ហ៊ុយ វ៉ា​ថា​រ៉ូ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា បាន​សម្ដែង​ការគាំទ្រ​ចំពោះ​គម្រោង​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ធានារ៉ាប់រង​យានយន្ត​ឯកជន​ជា​កាតព្វកិច្ច ដែល​បច្ចុប្បន្ន​ទើបតែ​បាន និង​កំពុង​អនុវត្ត​ជា​អន្លើរ​នៅលើ​យានយន្ត​នៃ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ និង​ក្រុមហ៊ុន​ដឹកទំនិញ​ប៉ុណ្ណោះ។

    បច្ចុប្បន្ន ទីផ្សារ​ធានារ៉ាប់រង​នៅ កម្ពុជា មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​សរុប ៣៩ ស្ថាប័ន ក្នុងនោះ​មាន ១៨ ស្ថាប័ន​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ, ១៤ ស្ថាប័ន​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត និង ៧ ស្ថាប័ន​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាតតូច ហើយក៏​មាន ១ ស្ថាប័ន​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត៕

  • ក្រោយ​ត្រូវ​រង​ការចោទប្រកាន់ថា​បានរួម​ដំណេក​ជាមួយ​ភរិយា​របស់​មិត្តភក្ដិ Elon Musk ក៏​ចេញមុខ​បដិសេធ

    ក្រោយ​ត្រូវ​រង​ការចោទប្រកាន់ថា​បានរួម​ដំណេក​ជាមួយ​ភរិយា​របស់​មិត្តភក្ដិ Elon Musk ក៏​ចេញមុខ​បដិសេធ

    មហាសេដ្ឋី Elon Musk អះអាង​នៅលើ Twitter ថា លោក​នៅតែ​ជា​មិត្ត​ជាមួយនឹង Sergey Brin ហើយ​ថា ជាង​នេះ​ពួកគេ​ថែមទាំង​ទើបតែ​បាន​ចូលរួម​ពិធីជប់លៀង​ជាមួយគ្នា​ទៀតផង។

    «ពិតជា​ផ្ដេសផ្ដាស់​មែន» លោក Musk ឆ្លើយតប​នឹង​សំណេរ​មួយ​ឃ្លា​នា​ថ្ងៃ​នេះ​ ដែល​ទាក់ទិន​នឹង​ការចោទប្រកាន់​ដែលថា​លោក​មាន «ទំនាក់ទំនង​ស្នេហា​រយៈពេល​ខ្លី» ជាមួយ​ភរិយា​របស់​សហ​ស្ថាបនិក Google លោក Sergey Brin ។ «ខ្ញុំ​ជាមួយនឹង Sergey នៅតែ​ជា​មិត្តភក្ដិ ហើយ​យើង​ទើបតែ​បាន​ចូលរួម​ពិធីជប់លៀង​ជាមួយគ្នា​កាលពី​យប់​ម្សិលមិញ»។

    មុន​នោះ WSJ បាន​ចុះផ្សាយ​ថា នាយក​ប្រតិបត្តិ​របស់ Tesla មាន​ទំនាក់ទំនង​មនោសញ្ចេតនា «ភ្លើងចំបើង​ជាមួយនឹង Nicole Shanahan ដែលជា​ភរិយា​របស់ Brin នៅក្នុង​ពិធីបុណ្យ Art Basel នៅ Miami កាលពីដើម​ខែធ្នូ ២០២១។ ក៏ប៉ុន្តែ លោក Musk បកស្រាយ​ថា «ខ្ញុំ​បាន​ជួប Nicole តែ ២ លើក​ក្នុង​រយៈពេល ៣ ឆ្នាំ​កន្លង ហើយ​ការជួបគ្នា​នោះ​សុទ្ធ​តែមាន​មនុស្ស​ច្រើន​នៅ​ជុំវិញ។ មិនមាន​អ្វី​រ៉ូ​មែន​ទិ​ក​នោះទេ»។

    នៅក្នុង​សារ​មួយ​ផ្សេងទៀត លោក Musk បាន​បង្ហើប​ឱ្យដឹងថា ជា​យូរ​មកហើយ​ដែល​លោក​មិនមាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​អ្នកណា។ លោក Musk ក៏បាន​រិះគន់ WSJ ថា រត់តាម​រឿងរ៉ាវ​សហាយស្មន់​ដើម្បី​ទាក់ទាញ​អ្នកអាន ដោយយោង​ទៅតាម «ពាក្យ​ច​ចរាម​អា​រ៉ា​ម​របស់​ភាគី​ទី​បី» បើទោះជា WSJ ត្រូវបាន​គេ​ជឿថា មាន​ស្ដង់ដា​ខ្ពស់​ផ្នែក​សារព័ត៌មាន។

    ក្រៅពី​ព័ត៌មាន​ស្ដីពី​លោក Musk មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ Shanahan សារព័ត៌មាន WSJ ក៏​ស្រង់​សម្ដី​អ្នក​ជិតស្និទ្ធ​នឹង​លោក Musk ចុះផ្សាយ​ថា ម្ចាស់ Tesla ថែមទាំង​បាន​លុតជង្គង់​នៅ​ចំពោះមុខ Brin និង​សូម​អភ័យទោស​ចំពោះ​រឿងនេះ​ទៀតផង។ Brin បានដាក់​ពាក្យ​លែងលះ​ជាមួយនឹង Shanahan ដោយ​មូល​ហេតុថា «មាន​ភាពខុសគ្នា​មិនអាច​ផ្សះផ្សា​បាន» នេះ​បើតាម​ឯកសារ​ដែល​បានដាក់​ឡើង​តុលាការ​ខណ្ឌ Santa Clara កាលពី​ខែមករា។

    លោក Sergey Brin មិនទាន់មាន​ប្រតិកម្ម​យ៉ាងណា​នៅឡើយ ចំពោះ​ព័ត៌មាន​ទាំងឡាយ​ខាងលើ។