Author: សឿន សំណាង

  • ប្រទេស​បារាំង ៖ ផ្ទុះ​ធំ​ក្នុង​រោងចក្រ​ឧស្សាហកម្ម មនុស្ស​រាប់សិប​នាក់​រង​ផលប៉ះពាល់

    ប្រទេស​បារាំង ៖ ផ្ទុះ​ធំ​ក្នុង​រោងចក្រ​ឧស្សាហកម្ម មនុស្ស​រាប់សិប​នាក់​រង​ផលប៉ះពាល់

    រោងចក្រ​ឧស្សាហកម្ម​ដែល​កើតមាន​ករណី​ផ្ទុះ​នេះ គឺជា​ប្រភេទ​ដែល​ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី​ឈ្មោះ​ស្ដីពី​បណ្ដា​រោងចក្រ​ដែល «មាន​ហានិភ័យ​បង្ក​មហន្តរាយ Seveso កម្រិត​ខ្ពស់»។

    កាលពី​រសៀល​ថ្ងៃទី ០៣ សីហា នៅឯ​រោងចក្រ​ឧស្សាហកម្ម​មួយ​នៅក្នុង​ទីក្រុង Bergerac ភាគ​អាគ្នេយ៍​នៃ ប្រទេស​បារាំង បានកើត​មាន​ហេតុការណ៍​ផ្ទុះ​ធំ​មួយ បណ្ដាលឱ្យ​មនុស្ស ៨ នាក់​រងរបួស ក្នុងនោះ​មាន​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

    យោងតាម​ក្រុមមន្ត្រី​ក្នុង​តំបន់ ករណី​ផ្ទុះ​នៅឯ​រោងចក្រ Manuco ខាងលើនេះ ក៏បាន​បណ្ដាលឱ្យ​មនុស្ស ៣៥ នាក់​ផ្សេងទៀត មាន​អាការ​ពុល​ដោយសារ​ផ្សែង​គីមី។ បុគ្គលិក​ពន្លត់​អគ្គិភ័យ និង​ប៉ូលិស​ចំនួន ៨០ នាក់ និង​ឧទ្ធម្ភាគចក្រ ២ គ្រឿង រួម​នឹង​រថយន្ត​ពន្លត់​អគ្គិភ័យ​ច្រើន​គ្រឿង ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ។

    រោងចក្រ Manuco ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Eurenco ដែល​រកស៊ី​ក្នុង​វិស័យ​ចាត់ចែង ផលិត ប្រើប្រាស់ និង​រក្សាទុក​វត្ថុ​ធាតុគីមី​គ្រោះថ្នាក់។ រោងចក្រ​នេះ​ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី​ឈ្មោះ​ស្ដីពី​បណ្ដា​រោងចក្រ​ដែល «មាន​ហានិភ័យ​បង្ក​មហន្តរាយ Seveso កម្រិត​ខ្ពស់»។

    គ្រោះមហន្តរាយ Seveso គឺជា​គ្រោះថ្នាក់​ដែល​កើតឡើង​នៅក្នុង​រោងចក្រ​គីមី នៅ ប្រទេស​អ៊ីតាលី កាលពី​ឆ្នាំ ១៩៧៦ ដែល​បណ្ដាលឱ្យ​គីមី​ពុល ៦ តោន ត្រូវ​បែកធ្លាយ និង​ភាយ​ទៅក្នុង​បរិស្ថាន បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាជន​ក្នុង​តំបន់។

    នៅ ប្រទេស​បារាំង បច្ចុប្បន្ន​មាន​រោងចក្រ​ឧស្សាហកម្ម​ចំនួន ៧០៥ កន្លែង ស្ថិតក្នុង «ហានិភ័យ​បង្ក​មហន្តរាយ Seveso កម្រិត​ខ្ពស់» ខណៈដែល​រោងចក្រ ៦០៧ កន្លែង​ផ្សេងទៀត ស្ថិតក្នុង​ហានិភ័យ​ទាប។

    កាលពី​ឆ្នាំ ២០១៩ ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅឯ​រោងចក្រ Lubrizol (ស្ថិតក្នុង​ប្រភេទ Seveso ខ្ពស់) នៅ​ទីក្រុង Rouen ​ប្រទេស​បារាំង បាន​បណ្ដាលឱ្យ​មនុស្ស​ច្រើន​នាក់​រងរបួស ក្នុងនោះ​មាន ៨ នាក់ ត្រូវ​ចូល​ពេទ្យ៕

  • ប្រេង​រ៉ែ​ពិភពលោក​ធ្លាក់​ថ្លៃភ្លាមៗ បន្ទាប់ពី OPEC+ សម្រេចចិត្ត​បង្កើន​ការផលិត

    ប្រេង​រ៉ែ​ពិភពលោក​ធ្លាក់​ថ្លៃភ្លាមៗ បន្ទាប់ពី OPEC+ សម្រេចចិត្ត​បង្កើន​ការផលិត

    កាលពី​ថ្ងៃទី ០៣ សីហា តម្លៃ​ប្រេង​ពិភពលោក​បាន​ធ្លាក់​ថ្លៃ ក្រោយពី​ទិន្នន័យ​បាន​បង្ហាញថា បរិមាណ​ប្រេង​ឆៅ​ដែល​សល់​ក្នុង​ឃ្លាំង​របស់ សហរដ្ឋ​អាម៉េរិក កើនឡើង និង​អង្គការ​នៃ​ក្រុម​ប្រទេស​ផលិត​ប្រេង​រ៉ែ និង​ដៃគូ​សហការ (OPEC+) បាន​ឯកភាពគ្នា បង្កើន​បរិមាណ​ប្រេង​ក្នុង​ខែកញ្ញា​ខាងមុខ។

    ជាក់ស្ដែង ប្រេង​ឆៅ WTI ប្រគល់​ក្នុង​ខែកញ្ញា បាន​ធ្លាក់​ថ្លៃ ៣.៧៦ ដុល្លារ (៤%) មក​នៅត្រឹម ៩០.៦៦ ដុល្លារ/ធុង នៅលើ​ផ្សារ​ជួញដូរ​ទំនិញ New York។ តម្លៃ​ប្រេង​ឆៅ Brent ប្រគល់​ក្នុង​ខែតុលា ក៏​ថយចុះ ៣.៧៦ ដុល្លារ (៣.៧%) មក​នៅត្រឹម ៩៦.៧៨ ដុល្លារ/ធុង នៅក្នុង​ផ្សារ​អន្តរទ្វីប។

    ប្រេង​ធ្លាក់​ថ្លៃ បន្ទាប់ពី រដ្ឋបាល​ព័ត៌មាន​ថាមពល​អាម៉េរិក (EIA) បានឱ្យដឹងថា បរិមាណ​ប្រេង​ឆៅ​ដែល​សល់​នៅក្នុង​ឃ្លាំង​របស់​ប្រទេស​នេះ បាន​កើនឡើង ៤.៥ លាន​ធុង​នៅក្នុង​សប្ដាហ៍​ដែល​បញ្ចប់​កាលពី​ថ្ងៃទី ២៩ កក្កដា។ ទិន្នន័យ​របស់ EIA ក៏បាន​បង្ហាញថា បរិមាណ​ប្រេងសាំង​ដែល​សល់​សរុប​នៅក្នុង​សប្ដាហ៍​កន្លង​របស់ សហរដ្ឋ​អាម៉េរិក បាន​កើន ២០០,០០០ ធុង។

    នៅក្នុង​កិច្ចប្រជុំ​ចុងក្រោយ​បំផុត អង្គការ OPEC+ បានសម្រេច​ចិត្ត​បង្កើន​ការផលិត​ប្រេង​បន្ថែម ១០០,០០០ ធុង/ថ្ងៃ សម្រាប់​ខែកញ្ញា ២០២២ ដើម្បី​ជួយ​ទប់​ទល់នឹង​តម្លៃ​ប្រេង​ដែល​ចេះតែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ៕

  • សភា​ជាន់ខ្ពស់​សហរដ្ឋ​​អាម៉េរិក អនុម័ត​បញ្ចូល ហ្វាំ​ង​ឡង់ និង ស៊ុយអែត ជា​សមាជិក​ណា​តូ

    សភា​ជាន់ខ្ពស់​សហរដ្ឋ​​អាម៉េរិក អនុម័ត​បញ្ចូល ហ្វាំ​ង​ឡង់ និង ស៊ុយអែត ជា​សមាជិក​ណា​តូ

    សភា​ជាន់ខ្ពស់​របស់ សហរដ្ឋ​អា​ម៉​រិ​ក អនុម័ត​ឱ្យ ហ្វាំ​ង​ឡង់ និង ស៊ុយអែត ចូល​ជា​សមាជិក​របស់ ណា​តូ ព្រមទាំង​គាំទ្រ​ឱ្យ​ពង្រីក​សម្ព័ន្ធមិត្ត​យោធា​នេះ។

    កាលពី​ថ្ងៃទី ០៣ សីហា សភា​ជាន់ខ្ពស់​អាម៉េរិក បានអនុម័ត​លើ​ពាក្យ​សុំចូល​ជា​សមាជិក​ណា​តូ របស់ ប្រទេស​ហ្វាំ​ង​ឡង់ និង ប្រទេស​ស៊ុយអែត ក្នុងនោះ​មាន​សន្លឹកឆ្នោត​គាំទ្រ​ចំនួន ៩៥ សំឡេង និង​ប្រឆាំង ១ សំឡេង។

    សំឡេងឆ្នោត​ប្រឆាំង​តែមួយគត់​នេះ​គឺ​របស់ តំណាងរាស្ត្រ Josh Hawley មកពី​បក្ស​សាធារណរដ្ឋ ជា​អ្នក​ដែល​យល់ថា សហរដ្ឋ​អាម៉េរិក ត្រូវការ​ការផ្ដោត​ទៅលើ​ឧបសគ្គ​ពី ប្រទេស​ចិន ជាជាង អឺរ៉ុប។ ចំណែក​តំណាងរាស្ត្រ ១ រូប​ដែល​បាន​បោះឆ្នោត​អនុបវាទ គឺ Rand Paul មកពី​បក្ស​សាធារណរដ្ឋ។

    ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន បានឱ្យដឹងថា កំពុង​ទន្ទឹងរង់ចាំ​ចុះហត្ថលេខា​អនុម័ត​លើ​ឯកសារ ដែលជា​ការសម្រេច​មួយ​នាំឱ្យ សហរដ្ឋ​អាម៉េរិក ក្លាយជា​សមាជិក​ទី ២៣ ដែល​យល់​ព្រមឱ្យ ស៊ុយអែត និង ហ្វាំ​ង​ឡង់ ចូល «រួមរស់» ជាមួយ ណា​តូ នៅក្នុង​ចំណោម​សមាជិក​ទាំង ៣០ ប្រទេស​របស់​សម្ព័ន្ធ​យោធា​នេះ។

    ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត នឹង​ក្លាយជា​សមាជិក បន្ទាប់ពី​ប្រទេស​ទាំងអស់​នៅក្នុង អង្គការ​ណា​តូ បាន​បោះឆ្នោត​អនុម័ត​យល់ព្រម។ ប្រទេស​ដែល​មិនទាន់​អនុម័ត​លើ​ពាក្យស្នើសុំ​នេះ រួមមាន សាធារណរដ្ឋ​ឆែក, ​ប្រទេស​ក្រិ​ក, ហុង​គ្រី, ព័រទុយហ្កាល, ស្លូ​វ៉ា​គី, អេ​ស្ប៉ា​ញ និង​តួ​ក​គឺ៕

     

  • ប្រព័ន្ធ​ផ្លូវ​​ទម្រង់​លូ​របស់ TransPod អាចឱ្យ​រថភ្លើង​ធ្វើដំណើរ​ក្នុង​ល្បឿន ១,២០០ គីឡូម៉ែត្រ/ម៉ោង

    ប្រព័ន្ធ​ផ្លូវ​​ទម្រង់​លូ​របស់ TransPod អាចឱ្យ​រថភ្លើង​ធ្វើដំណើរ​ក្នុង​ល្បឿន ១,២០០ គីឡូម៉ែត្រ/ម៉ោង

    (កាណាដា)-ក្រុមហ៊ុន TransPod បានឱ្យដឹងថា ពួកគេ​ចាប់ផ្ដើម​ការ​សាងសង់​ប្រព័ន្ធ​ផ្លូវ​ដែល​មាន​រូប​រាង​​ជា​បំពង់​លូ​ ​​អាចឱ្យ​រថភ្លើង​ដឹក​អ្នកដំណើរ​ពី Calgary ទៅកាន់ Edmonton ដែលមាន​ចម្ងាយ​ផ្លូវ ៣០០ គីឡូម៉ែត្រ ប្រើប្រាស់​ពី​តែ ៤៥ នាទី។

    ប្រព័ន្ធ​ដឹកជញ្ជូន​ល្បឿន​មហា​លឿន TransPod FluxJet ដែល​ត្រូវ​បានបង្ហាញ​កាលពី​សប្ដាហ៍​កន្លង​នៅ​ទីក្រុង​តូ​រ៉ុ​ន​តូ ប្រទេស​កាណដា ត្រូវបាន​គេ​រំពឹងថា នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ទាក់ទង​នឹង​កម្លាំង​រុញច្រាន ថាមពល​ស្អាត និង​បច្ចេកវិទ្យា​បញ្ជូន​អគ្គិសនី​មិន​ប្រើ​ខ្សែ​ជាដើម។ ប្រព័ន្ធ​នេះ​នឹង​កាត់បន្ថយ​កម្លាំង​ក​កឹ​តរបស់​ខ្យល់ ដោយសារតែ​រថភ្លើង​នឹង​បរ​នៅក្នុង​បំពង់ នៅក្នុង​ការដឹកជញ្ជូន​អ្នកដំណើរ និង​ទំនិញ​នៅក្នុង​ប្រទេស ជាមួយនឹង​ល្បឿន​មហា​លឿន។

    ដូច​ទៅនឹង​គម្រោង​ដទៃ​ដូចជា Hyperloop, Hyperloop TT, Hyperloop One, ET3, HyperPort ជាដើម គម្រោង FluxJet នឹង​លុបបំបាត់​ស្ថានភាព​ក​កឹ​ត​ដែល​កើតឡើង​ដោយ​ទម្ងន់ ព្រោះ​តែ​វា​​ប្រើប្រាស់​បច្ចេកវិទ្យា Maglev (Magnetic levitation)។ ផ្នែក​នានា​ដែល​ប៉ះ​នឹង​ដី​របស់​រថភ្លើង នឹងត្រូវ​បាន​ដក​ចូល​ខ្លី​នៅពេល​រថភ្លើង​ធ្វើដំណើរ​ក្នុង​ល្បឿន​យ៉ាងតិច ៣០០ គីឡូម៉ែត្រ/ម៉ោង និង​អាច​បង្កើនល្បឿន​ដល់ ១,០០០ គីឡូម៉ែត្រ/ម៉ោង ឬ​លឿន​បំផុត​ត្រឹម ១,២០០ ម៉ែត្រ/ម៉ោង។

    ក្រុមហ៊ុន TransPod មិនបាន​បង្ហើប​ឱ្យដឹង​ច្រើន​អំពី​បច្ចេកវិទ្យាសំខាន់ៗ ប៉ុន្តែ ពួកគេ​នឹង​ប្រើប្រាស់ veillance flux ដែលជា​ប្រព័ន្ធ​កំណត់​ទិស អនុញ្ញាតឱ្យ​ស្កេ​ន​ផ្លូវ​ក្នុង​ប្រព័ន្ធ​បំពង់ និង​សម្រួល​ទីតាំង​របស់​រថភ្លើង។ ​​រថភ្លើង​មួយ​ខ្សែ​ៗ ​មាន​ប្រវែង ២៥ ម៉ែត្រ អាចដាក់​មនុស្ស​បាន ៥៤ នាក់ និង​បំពាក់​ម៉ាស៊ីន​រុញច្រាន​ចំនួន ៤ គ្រឿង។ បន្ទប់​ទាំងនេះ​ក៏មាន​បំពាក់​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី និង​អាច​ទាញយក​ថាមពល​អគ្គិសនី​ដោយ​មិន​ប្រើ​ខ្សែ​ពី​ផ្លូវ​ប្រភេទ​បំពង់​នេះ។

    TransPod ឱ្យដឹងថា ក្រុមហ៊ុន​ទទួលបាន​​ប្រាក់​វិនិយោគ ៥៥០ លាន​ដុល្លារ​អាម៉េរិក និង​កំពុង​ឈានដល់​ដំណាក់កាល​បន្ទាប់​របស់​គម្រោង គឺ​ការបើកការដ្ឋាន​សាងសង់​ផ្លូវ​ប្រវែង​ជាង ៣០០ គីឡូម៉ែត្រ រវាង Calgary និង Edmonton។

    ប្រព័ន្ធ​ផ្លូវ​ទម្រង់​បំពង់​លូត​ម្លៃ ១៨ ពាន់​លាន​ដុល្លារ​នេះ នឹង​ជួយ​ឱ្យ​ពេលវេលា​នៃ​ការធ្វើដំណើរ​រវាង​ទីក្រុង Calgary និង Edmonton ចុះមក​នៅត្រឹម ៤៥ នាទី ជំនួស​ឱ្យ​ជាង ៣ ម៉ោង ដែល​ត្រូវ​ចំណាយ​នាបច្ចុប្បន្ន។ ផ្លូវ​នេះ​ក៏​ជួយ​កាត់បន្ថយ​បាន ១/៣ នៃ​ចំនួន​យានយន្ត​ដែល​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ល្បឿន​លឿន​ពី​ទីក្រុង Calgary ទៅកាន់​ទីក្រុង​ Edmonton។ ហើយ​ជាង​នេះ វា​ក៏​នឹង​កាត់បន្ថយ​ឧស្ម័ន​កាបូន​បាន ៦៣៦,០០០ តោន ជា​រៀងរាល់ឆ្នាំ​ផងដែរ ដោយសារតែ​ប្រើប្រាស់​ថាមពល​ស្អាត៕

  • ដែនដី​ដែលមាន​កូនភ្នំ​ជាង ១,៧០០ នៅ​តំបន់​អាស៊ីអាគ្នេយ៍ (វីដេអូ)

    ដែនដី​ដែលមាន​កូនភ្នំ​ជាង ១,៧០០ នៅ​តំបន់​អាស៊ីអាគ្នេយ៍ (វីដេអូ)

    ocolate Hills គឺជា​តំបន់​អច្ឆរិយ​ធម្មជាតិ​ដែលមាន​អាយុកាល​រាប់លាន​ឆ្នាំ​មកហើយ និង​ត្រូវ​បានស្នើ​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់ UNESCO។

    បណ្ដា​កូនភ្នំ​ដែល​ស្ថិតនៅ​ជា​ក្រុម និង​លាតសន្ធឹង​ដាច់​កន្ទុយភ្នែក​នេះ ត្រូវបាន​គេ​ហៅថា ប្រជុំ​កូនភ្នំ​សូកូឡា (Chocolate Hills)។ ឈ្មោះ​នេះ​មាន​ប្រភព​ចេញពី​ពណ៌​ស្មៅ​ដែល​ប្ដូរ​ពី​បៃតង​ទៅជា​ប្រផេះ​នៅក្នុង​រដូវក្ដៅ។

    ប្រជុំ​កូនភ្នំ​សូកូឡា មានកូន​ភ្នំ​សរុប​ចំនួន ១,៧៧៦ និង​មាន​ទ្រង់ទ្រាយ​ស្ទើរតែ​ដូចគ្នា​ទាំងស្រុង ស្ថិតនៅលើ​ផ្ទៃដី​ប្រមាណ ៥០ គីឡូម៉ែត្រ​ក្រឡា។ តំបន់ភ្នំ​អច្ឆរិយ​នេះ​ស្ថិតនៅលើ​កោះ Bohol របស់ ប្រទេស​ហ្វ៊ី​លី​ពី​ន។

    យោងតាម​ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ ប្រភព​ដែលនាំឱ្យ​ក​កើតជា​ប្រជុំ​កូនភ្នំ​នេះ​គឺ​ដោយសារ​សមុទ្រ។ ប្រមាណ ២ លាន​ឆ្នាំមុន ទឹកសមុទ្រ​បាន​គ្របដណ្ដប់​តំបន់ Bohol ទាំងមូល ប៉ុន្តែ ដោយសារតែ​ការផ្លាស់​ទី​របស់​ស្រទាប់​តិច​តូ​និ​ច (Tectonic Plate) នៃ​សម្បក​ផែនដី ទឹកសមុទ្រ​ក៏បាន​នាច​ទៅ​អស់ បន្សល់ទុក​នូវ​បណ្ដុំ​នៃ​សិលា​កម្ទេចកំណ (sedimentary rock), ផ្កាថ្ម និង​សំបក​គ្រំ គ្រែង​ជាដើម។ល។

    ក្រោយ​រយៈពេល​ច្រើន​សតវត្សរ៍ ឬ​យូរ​ជាង​នេះ ធម្មជាតិ​ក៏បាន​ធ្វើឱ្យ​បណ្ដុំ​វត្ថុ​ធាតុ​ទាំងឡាយ​ខាងលើ ក្លាយជា​កូនភ្នំ​ដែលមាន​សណ្ឋាន​ដូច​ទៅនឹង​រូបរាង​ដួន និង​មាន​កម្ពស់​ចាប់ពី ៣០ ទៅ ៥០ ម៉ែត្រ។

    Chocolate Hills ត្រូវបាន​ប្រកាស​ចាត់ទុក​ជា បេតិកភណ្ឌ​ភូមិសាស្ត្រ​ជាតិ​លំដាប់​ទី​បី​របស់ ប្រទេស​ហ្វ៊ី​លី​ពី​ន និង​ត្រូវ​បានស្នើ​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO ផងដែរ៕

  • ក្រុមហ៊ុន​អាម៉េរិក ​​វិនិយោគ ១៣ ពាន់​លាន​ដុល្លារ សម្រាប់​គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​នៅ វៀតណាម

    ក្រុមហ៊ុន​អាម៉េរិក ​​វិនិយោគ ១៣ ពាន់​លាន​ដុល្លារ សម្រាប់​គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​នៅ វៀតណាម

    បន្ទាប់ពី​គម្រោង​ថាមពល Mong Duong 2 និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន Son My 2 សាជីវកម្ម AES របស់ សហរដ្ឋ​អាម៉េរិក បន្ត​ជំរុញ​ការវិនិយោគ​លើ​វិស័យ​ថាមពល​នៅ វៀតណាម ជាមួយនឹង​ផែនការ​បណ្ដាក់ទុន ១៣ ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​នេះ។

    ក្នុង​ក្របខណ្ឌ​នៃ​កិច្ចពិភាក្សា​ប្រចាំឆ្នាំ​ស្ដីពី​សន្តិសុខ​ថាមពល​រវាង សហរដ្ឋ​អាម៉េរិក និង វៀតណាម នាពេលថ្មីៗនេះ ក្រុមហ៊ុន AES បានបង្ហាញ​អំពី​បំណង​អនុវត្ត​គម្រោង​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​នៅលើ​លម្ហ​សមុទ្រ​នៃ​ខេត្ត Binh Thuan ប្រទេស​វៀតណាម​ ជាមួយនឹង​ទុនវិនិយោគ ១៣ ពាន់​លាន​ដុល្លារ និង​អាច​ផលិត​អគ្គិសនី​បាន ៤,០០០ MW។

    សាជីវកម្ម AES របស់ សហរដ្ឋ​អាម៉េរិក បាន និង​កំពុង​វិនិយោគ​លើ​វិស័យ​ថាមពល​មួយ​ចំនួន​​នៅ វៀតណាម មានដូចជា រោងចក្រ​អគ្គិសនី BOT Mong Duong 2 នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នេះ ដោយ​ប្រើប្រាស់​ទុន​ជាង ២ ពាន់​លាន​ដុល្លារ។

    គម្រោង Mong Duong 2 ត្រូវបាន​អភិវឌ្ឍ​ដោយ​សាជីវកម្ម AES (សហរដ្ឋ​អាម៉េរិក), Posco (កូរ៉េ​ខ​ង​ត្បូង) និង CIC (ចិនដីគោក)។ ឆ្នាំ ២០០៨ គម្រោង​បណ្ដាក់ទុន​រួមគ្នា​នេះ​បាន​បង្កើត​ក្រុមហ៊ុន​សាជីវកម្ម AES-TKV Mong Duong ដើម្បី​ដំណើរការ​គម្រោង​ថាមពល​នេះ​ជាមួយនឹង​អត្រា​ទុន ៥១%, ៣០% និង ១៩%។

    ចុងឆ្នាំ ២០២០ AES បាន​លក់​ភាគហ៊ុន​របស់ខ្លួន​ដែលមាន​នៅក្នុង AES-TKV Mong Duong ទៅឱ្យ​ភាគី​មួយ​នៅ សហរដ្ឋ​អាម៉េរិក។ តម្លៃ​នៃ​ការទិញ​ដូរ​​ភាគ​ហ៊ុន​នេះ​មិនទាន់​ត្រូវបាន​បង្ហើ​ប​ឱ្យដឹង​នៅឡើយ ប៉ុន្តែ អាច​នឹង​ត្រូវបាន​ទូទាត់​រួចរាល់​នៅ​ដើមឆ្នាំ​ក្រោយ។

    ទន្ទឹម​នឹង​នេះ AES ក៏​សហការ​ជាមួយ ក្រុមហ៊ុន​វៀតណាម PV Gas ក្នុងការ​អភិវឌ្ឍ​គម្រោង​ឃ្លាំង​កំពង់ផែ​នាំចូល​ឧស្ម័ន​រាវ (LNG) Son My ដែល​គ្រោង​នឹងមាន​តម្លៃ ១.៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ក្រៅពីនេះ ក្រុមហ៊ុន​អាម៉េរិក AES ក៏​ថែមទាំង​ជា​អ្នក​អភិវឌ្ឍ​គម្រោង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន Son My 2 (Son My 2 CCGT) ដោយ​មាន​​​ទុនវិនិយោគ ១.៧ ពាន់​លាន​ដុល្លារ​ទៀតផងដែរ៕

  • ​រថយន្ត​អគ្គិសនី​របស់ BYD នឹង​​មាន​វត្តមាន​​​ក្នុង​ទីផ្សារ​​របស់ អ៊ីស្រាអែល​ ចាប់​ពី​​ចុង​ឆ្នាំ​​នេះ

    ​រថយន្ត​អគ្គិសនី​របស់ BYD នឹង​​មាន​វត្តមាន​​​ក្នុង​ទីផ្សារ​​របស់ អ៊ីស្រាអែល​ ចាប់​ពី​​ចុង​ឆ្នាំ​​នេះ

    ក្រុមហ៊ុន BYD ឱ្យដឹងថា រថយន្ត​ប្រភេទ​ស៊ី​ដាន់ (sedan) ដំបូងៗរបស់ខ្លួន គ្រោង​នឹង​ទៅដល់​កំពង់ផែ Eilat នៅ​ភាគខាងត្បូង​នៃ ប្រទេស​អ៊ីស្រាអែល ក្នុង​ត្រីមាស​ទី​បី ឆ្នាំ ២០២២។

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​លំដាប់​កំពូល​របស់ ចិន BYD គ្រោង​នឹង​លក់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នៅ ទីផ្សារ​អ៊ីស្រាអែល ចាប់ពី​ចុងឆ្នាំ​នេះ ដោយ​​សហការ​ជាមួយ​ដេប៉ូ​ចែកចាយ​រថយន្ត Shlomo Motors របស់ អ៊ីស្រាអែល នេះ​បើតាម​ប្រកាស​កាលពី​ម្សិលមិញ​របស់​ក្រុមហ៊ុន​ទាំងពីរ។

    BYD បង្ហើប​ឱ្យដឹងថា រថយន្ត​ប្រភេទ​ស៊ី​ដាន់ (sedan) ដំបូងៗរបស់ខ្លួន គ្រោង​នឹង​ទៅដល់​កំពង់ផែ Eilat នៅ​ភាគខាងត្បូង​នៃ ប្រទេស​អ៊ីស្រាអែល ក្នុង​ត្រីមាស​ទី​បី ឆ្នាំនេះ។ ក្រុមហ៊ុន​អ៊ីស្រាអែល Shlomo បញ្ជាក់ថា ចាប់ពី​ខែកញ្ញា ​ឆ្នាំ​ ២០២២ Shlomo នឹង​បើក​ទីតាំង​បង្ហាញ​រថយន្ត​ថ្មី​ចំនួន ៤ កន្លែង ដើម្បីឱ្យ​អតិថិជន​អាច​ទទួលបាន​បទពិសោធ​ន៍​ក្នុងការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​របស់ BYD។

    រថយន្តក្រុង​អគ្គិសនី​របស់​ក្រុម​ហ៊ុន BYD

    BYD និង Shlomo បាន​សហការគ្នា​រកស៊ី​ជាង ១ ទសវត្សរ៍​មកហើយ តាមរយៈ​សកម្មភាព​ជំនួញ​លើ​រថយន្តក្រុង​អគ្គិសនី​របស់ BYD។ BYD (Build Your Dreams) ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ១៩៩៥ និង​មាន​ការិយាល័យ​កណ្ដាល​នៅ Shenzhen ប្រទេស​ចិន។ ក្រុមហ៊ុន​នេះ​ផ្ដោត​សំខាន់​ទៅលើ​ការអភិវឌ្ឍ និង​ផលិត​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​សុវត្ថិភាព។

    BYD អះអាងថា បច្ចេកវិទ្យា​ថ្ម​ផ្ទុក​អគ្គិសនី​របស់ខ្លួន អនុញ្ញាតឱ្យ​រថយន្ត​ម៉ូ​ដែល e-Platform 3.0 រត់​បាន​ចម្ងាយ​លើសពី ១,០០០ គីឡូម៉ែត្រ។ ក៏ប៉ុន្តែ BYD និង Shlomo មិនទាន់​បង្ហើប​ឱ្យដឹងថា រថយន្ត BYD ម៉ូ​ដែល​ណាមួយ​ដែល​នឹងត្រូវ​បានដាក់លក់​​​ក្នុង​ទីផ្សារ​របស់ អ៊ីស្រាអែល នៅឡើយ៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ០២ ខែ​សីហា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ០២ ខែ​សីហា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ៤០ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ០២ ខែ​សីហា ២០២២ ក្នុង​នោះ​មាន​​​ករណី​ឆ្លង​ក្នុងសហគមន៍​ចំនួន​ ៤០ នាក់។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ៣៩ នាក់បានជាសះស្បើយ និង​​​​មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

  • ក្រុមហ៊ុន​ជប៉ុន បាត់បង់ ១.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយសារ​វិនិយោគ​លើ​គម្រោង​របស់ រុស្ស៊ី

    ក្រុមហ៊ុន​ជប៉ុន បាត់បង់ ១.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយសារ​វិនិយោគ​លើ​គម្រោង​របស់ រុស្ស៊ី

    ក្រុមហ៊ុន Mitsui និង​ក្រុមហ៊ុន Mitsubishi របស់ ជប៉ុន បាន​បាត់បង់​ប្រាក់​អស់​ប្រហែល ១.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​ពួកគេ​បាន​វិនិយោគ​ទៅក្នុង​គម្រោង​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) របស់ រុស្ស៊ី។

    យោងតាម Bloomberg សាជីវកម្ម Mitsui និង Mitsubishi របស់ ជប៉ុន បាន​បាត់បង់​ប្រាក់​សរុប​ប្រហែល ១.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​បាន​វិនិយោគ​ទៅក្នុង​គម្រោង​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) Sakhalin-2 របស់ រុស្ស៊ី ដោយសារតែ​ត្រូវបាន​រឹបអូស និង​បញ្ចូល​ទៅក្នុង​ទ្រព្យ​របស់​រដ្ឋ​រុស្ស៊ី ទៅតាម​បទបញ្ជា​របស់ ប្រធានាធិបតី ពូ​ទីន។

    ទុនវិនិយោគ​របស់ Mitsui ដែល​ត្រូវបាន រុស្ស៊ី រឹបអូស គឺ ១៣៦.៦ ពាន់​លាន​យ៉េន (១.១ ពាន់​លាន​ដុល្លារ​អាម៉េរិក) ចំណែក ទុន​ដែល Mitsubishi បាន​បាត់បង់ គឺ ៨១ ពាន់​លាន​យ៉េន (៦១០ លាន​ដុល្លារ​អាម៉េរិក)។ ក្រុមហ៊ុន​ទាំងពីរ​ខាងលើនេះ​សុទ្ធតែ​កាន់កាប់​ភាគហ៊ុន ២២.៥% នៅក្នុង​គម្រោង​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) Sakhalin-2 របស់ រុស្ស៊ី។

    សាជីវកម្ម​បរទេសមួយ​ផ្សេងទៀត​ដែលមាន​ភាគហ៊ុន ២៧.៥% នៅក្នុង​គម្រោង Sakhlin -2 គឺ ក្រុមហ៊ុន Shell របស់ ចក្រភព​អង់គ្លេស។ ភាគហ៊ុន​ដែល​នៅសល់​គឺជា​កម្មសិទ្ធិ​ផ្ដាច់មុខរ​បស់​សាជីវកម្ម​ឧស្ម័ន Gazprom របស់ រុស្ស៊ី។

    ក្រុមហ៊ុន Shell មុន​នោះបាន​ប្រកាស​លុបចោល​ខ្ទង់​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅក្នុង​គម្រោង ពាណិជ្ជកម្ម​នានា​របស់ រុស្ស៊ី ប៉ុន្តែ​មិនបាន​និយាយ​ច្បាស់​អំពី​តួលេខ​នៃ​ខ្ទង់​វិនិយោគ​ទៅលើ Sakhalin-2 នោះទេ៕

  • មាស​ពិភពលោក ម្សិលមិញ​ឡើង​ថ្លៃ​ខ្ពស់បំផុត​ក្នុងអំឡុង​ជិត​មួយខែ​កន្លង

    មាស​ពិភពលោក ម្សិលមិញ​ឡើង​ថ្លៃ​ខ្ពស់បំផុត​ក្នុងអំឡុង​ជិត​មួយខែ​កន្លង

    តម្លៃ​មាស​ពិភពលោក​នៅក្នុង​ការជួញដូ​រ​កាលពី​ថ្ងៃទី ០២ សីហា បាន​ឡើង​ខ្ពស់បំផុត​ក្នុងអំឡុង​ជិត​មួយខែ​កន្លង ក្នុង​គ្រា​ដែលមាន​ភាព​តានតឹង​រវាង អាម៉េរិក-ចិន និង​ការបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​អាម៉េរិក។

    ក្នុងការ​ជួញដូរ​នៅវេលា​ម៉ោង​ប្រហែល ០ និង ៥៩ នាទី នៃ​ថ្ងៃទី ០២ សីហា (ម៉ោង​នៅ កម្ពុជា) មាស​ប្រគល់​ភ្លាម​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ១,៧៧១.៥៩ ដុល្លារ​អាម៉េរិក/អោន។ តម្លៃ​មាស​ប្រគល់​មាន​កាលកំណត់ កើន ០.១% និង​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ១,៧៨៩.៧០ ដុល្លារ​អាម៉េរិក/អោន (១ អោន​ស្មើនឹង ៨.២៩៤២៦ ជី)។

    David Meger ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​មាស​នៃ ស្ថាប័នហិរញ្ញវត្ថុ High Ridge Futures (សហរដ្ឋ​អាម៉េរិក) អះអាងថា ពាក្យ​ចចាមអារ៉ាម​ស្ដីពី​ការបន្ថយ​អត្រា​ការប្រាក់​របស់ Fed (ធនាគារកណ្ដាល​អាម៉េរិក) និង​ឱនភាព​សេដ្ឋកិច្ច​នៅ សហរដ្ឋ​អាម៉េរិក រួម​នឹង​ភាព​តានតឹង​ជុំវិញ​បញ្ហា កោះ​តៃវ៉ាន់ នាបច្ចុប្បន្ន គឺជា​កត្តា​ចម្បង​ដែលនាំឱ្យ​អ្នកវិនិយោគ​រត់​មករ​កមាស ជា​ទ្រព្យ​ដែល​ត្រូវគេ​ចាត់ទុកថា «សុវត្ថិភាព»។

    Craig Erlam អ្នកវិភាគ​ទីផ្សារ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន OANDA (សហរដ្ឋ​អាម៉េរិក) ព្យាករ​ថា ១,៨០០ ដុល្លារ/អោន អាចជា​តម្លៃ​សាកល្បង​ដ៏​ធំ​សម្រាប់​មាស ប៉ុន្តែ លោហធាតុ​មានតម្លៃ​នេះ​អាច​ស្ថិត​ក្នុងការ​ប្រទាញប្រទង់​ក្នុង​រង្វង់​ប្រហែល ១,៧៨០ ដុល្លារ/អោន៕