Author: សឿន សំណាង

  • អាជ្ញាធរ​ចិន ចាប់ផ្ដើម​អនុម័ត​លើ​គម្រោង​អាជីវកម្ម​រថយន្ត​តាក់ស៊ី​គ្មាន​មនុស្ស​បើកបរ

    អាជ្ញាធរ​ចិន ចាប់ផ្ដើម​អនុម័ត​លើ​គម្រោង​អាជីវកម្ម​រថយន្ត​តាក់ស៊ី​គ្មាន​មនុស្ស​បើកបរ

    Baidu បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ត្រូវបាន អាជ្ញាធរ​ចិន ផ្ដល់​អាជ្ញាប័ណ្ណ​ដំណើរការ​រថយន្ត​តាក់ស៊ី​ស្វ័យ​ប្រវត្ត​​​ទាំង​ស្រុង​​នៅ​តំបន់​មួយចំនួន ដែល​នេះ​គឺជា​ការបោះ​ជំហាន​ដ៏​ធំ​របស់ Baidu ធៀប​នឹង​គូប្រជែង​នានា​ដូចជា Pony.ai និង XPeng ជាដើម។

    ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស Baidu ទទួលបាន​អាជ្ញាប័ណ្ណ​ដំណើរការ​អាជីវកម្មរ​ថ​យន្ត​តាក់ស៊ី​គ្មាន​មនុស្ស​បើកបរ​នៅក្នុង​ទីក្រុង​ចំនួន ២ គឺ អ៊ូ​ហាន (Wuhan) និង ឆុង​ឈី​ង (Chongqing)។

    ការសម្រេចចិត្ត​ខាងលើនេះ​បាន​បង្ហាញថា អាជ្ញាធរ​ចិន កំពុងតែ​ផ្ដល់​ភ្លើង​ខៀវ​បន្តិចម្ដងៗសម្រាប់​គម្រោង​តាក់ស៊ី​ស្វ័យប្រវត្ត។ មុន​នោះ ក្រុមមន្ត្រី​ចិន បានកំណត់​ឱ្យមាន​មនុស្ស​ម្នាក់​នៅក្នុង​រថយន្ត​ដើម្បី​គ្រប់គ្រង​ករណី​បន្ទាន់។

    ក្រុមហ៊ុន Baidu នឹង​ចាប់ផ្ដើម​ដំណើរការ​សេវាកម្ម​តាក់ស៊ី​បើកបរ​ស្វ័យប្រវត្ត​នៅ​ទីក្រុង​អ៊ូ​ហាន ចាប់ពី​ម៉ោង ០៩ ដល់​ម៉ោង ១៧ ខណៈដែល ទីក្រុង​ឆុង​ឈី​ង នឹង​ចាប់ពី​ម៉ោង ០៩ កន្លះ ដល់​ម៉ោង ១៦ កន្លះ។

    Wei Dong អនុប្រធាន​របស់​ក្រុមហ៊ុន Baidu Intelligence Driving Group បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​នឹងធ្វើ​ការ​ជាមួយ​ក្រុមមន្ត្រី​នៅ ប៉េកាំង និង ក្វាង​ចូ​វ (Guangzhou) ដើម្បី​បន្ត​សុំ​អាជ្ញាប័ណ្ណ​សម្រាប់​តំបន់​ទាំងនេះ។

    នៅ សហរដ្ឋ​អាម៉េរិក មុន​នោះ​តាក់ស៊ី​គ្មាន​មនុស្ស​បើកបរ​ក៏​ត្រូវបាន​អនុញ្ញាតឱ្យ​ដំណើរការ។ ក្រុមហ៊ុន Cruise LLC ទទួលបាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​សម្រាប់​តំបន់​មួយចំនួន​នៅ សាន ហ្វ្រា​ន​ស៊ី​ស្កូ (San Francisco)។ ប៉ុន្តែ ក្រុមហ៊ុន​នេះ​កំពុង​ប្រឈម​នឹង​ការតាមដាន​ពី​អាជ្ញាធរ បន្ទាប់ពី​កើតមាន​គ្រោះថ្នាក់ ២ លើក​នៅលើ​ដងផ្លូវ បណ្ដាលឱ្យមាន​មនុស្ស ២ នាក់ រងរបួស​ស្រាល។

    អនុប្រធាន​របស់​ក្រុមហ៊ុន Baidu Intelligence Driving Group បញ្ជាក់ថា ក្រុមហ៊ុន​នេះ​នឹង​បង្កើន​ចំនួន​រថយន្ត​តាក់ស៊ី​បើកបរ​ស្វ័យប្រវត្ត​របស់ខ្លួន​នៅលើ​ដងផ្លូវ​ក្នុង ប្រទេស​ចិន ឱ្យបាន ៦០០ គ្រឿង នៅ​ចុង​ឆ្នាំនេះ៕

  • ការនាំចេញ​អង្ករ​របស់ កម្ពុជា នឹង​កើនឡើង​ខ្ពស់​នៅ​ចុងឆ្នាំ​នេះ

    ការនាំចេញ​អង្ករ​របស់ កម្ពុជា នឹង​កើនឡើង​ខ្ពស់​នៅ​ចុងឆ្នាំ​នេះ

    ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រំពឹងថា ការនាំចេញ​អង្ករ​របស់ កម្ពុជា នៅ​ចុង​ឆ្នាំនេះ នឹងមាន​ការកើនឡើង​ទៅតាម​ផែនការ ពោលគឺ​កើនឡើង​ចន្លោះ​ពី ៧៥ ម៉ឺន ទៅ ៨០ ម៉ឺន​តោន។

    ចាប់ពី​ខែសីហា​នេះ រហូតដល់​ខែធ្នូ ២០២២ ការនាំចេញ​អង្ករ​របស់ កម្ពុជា នឹងមាន​កំណើន​ងើបឡើង​វិញ ដោយសារ​ថា នៅក្នុង​ឆ្នាំ ២០២២ នេះ សហព័ន្ធ​ស្រូវ​អង្ករ បានកំណត់​ផែនការ​សកម្មភាព នៃ​ការនាំចេញ​អង្ករ​ឱ្យបាន​ចន្លោះ​ពី ៧៥ ម៉ឺន ទៅ ៨០ ម៉ឺន​តោន ដែល​នេះ​គឺជា​ការស្តារ​ស្ថានភាព​មួយ​ដ៏​ធំ បន្ទាប់ពី កម្ពុជា បាន​ជួប​ឧបសគ្គ​មួយចំនួន​ទាក់ទិន​នឹង​ការនាំចេញ​អង្ករ​នាពេល​កន្លងមក។ នេះ​បើតាម លោក​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។

    ក្នុង​រយៈពេល ៧ ខែ​នៃ​ឆ្នាំ ២០២២ កម្ពុជា បាន​នាំចេញ​អង្ករ​ចំនួន ៣៥០,៩០២ តោន ស្មើនឹង ២១៨.១៧ លាន​ដុល្លារ​អាមេរិក តាមរយៈ​ក្រុមហ៊ុននាំចេញ​អង្ករ​ចំនួន ៥៣ ស្ថាប័ន ទៅកាន់​ប្រទេស​ចំនួន ៥៦ ក្នុង​ពិភពលោក។ ទីផ្សារ​នាំចេញ​អង្ករ​ធំជាងគេ​របស់ កម្ពុជា នាបច្ចុប្បន្ន គឺ ប្រទេស​ចិន ដោយ​អង្ករ ១៦៩,៧៦៦ តោន តម្លៃ ៨៩.០៩ លាន​ដុល្លារ​អាម៉េរិក ស្មើនឹង ៤៨.៣៨% នៃ​ការនាំចេញ​អង្ករ​សរុប​របស់ កម្ពុជា ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​នេះ។

    ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោកឧកញ៉ា សុង សារ៉ន

    ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បញ្ជាក់ថា ក្នុង​រយៈពេល ៧ ខែ​នៃ​ឆ្នាំ ២០២២ នេះ ការនាំចេញ​អង្ករ​សរុប​មាន​កំណើន ១៣.២៤% ធៀប​នឹង​រយៈពេល ៧ ខែ​នៃ​ឆ្នាំ ២០២១។ ដូចនេះ លោក​ឧកញ៉ា រំពឹងថា ការនាំចេញ​អង្ករ​នៅ​ចុង​ឆ្នាំនេះ នឹងមាន​កំណើន​កើនឡើង​ខ្ពស់ ស្រប​ពេលដែល កម្ពុជា កំពុង​ពង្រីក​ទីផ្សារថ្មីៗបន្ថែមទៀត៕

  • មន្ត្រី​អាម៉េរិក ព្យាករ​អំពី​ពេលវេលា​នៃ​ការបញ្ចប់​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន

    មន្ត្រី​អាម៉េរិក ព្យាករ​អំពី​ពេលវេលា​នៃ​ការបញ្ចប់​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន

    មន្ត្រី​មួយរូប​របស់ សហរដ្ឋ​អាម៉េរិក បាន​ប្រាប់​សារព័ត៌មាន​របស់ អ៊ុយ​ក្រែ​ន ថា លោក​គិតថា សង្គ្រាម រុស្ស៊ី-អ៊ុយ​ក្រែ​ន នឹង​បន្ត​កើត​មាននៅ​ឆ្នាំក្រោយ។

    លោក Kurt Walker អតីត​អ្នកតំណាង​ពិសេស​របស់ សហរដ្ឋ​អាម៉េរិក ស្ដីពី​បញ្ហា អ៊ុយ​ក្រែ​ន និយាយថា អ៊ុយ​ក្រែ​ន អឺរ៉ុប និង រុស្ស៊ី គួរ​ត្រៀម​ស្មារតី​សម្រាប់​រដូវរងា​នៅខាងមុខ ព្រោះថា សង្គ្រាម​នេះ​អាច​នឹង​អូស​បន្លាយពេល​យូរ ហើយ​វិបត្តិ​ថាមពល​មួយ​នឹង​កើតឡើង។ ប៉ុន្តែ លោក Walker បញ្ជាក់ថា សហរដ្ឋ​អាម៉េរិក នឹង​បន្ត​ប្រកៀក​ស្មា​ជាមួយ អ៊ុយ​ក្រែ​ន គ្រប់​កាលៈទេសៈ។

    នៅក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយនឹង​អ្នកយកព័ត៌មាន​របស់ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ០៧ សីហា មន្ត្រី​អាម៉េរិក​ខាងលើ បាន​ព្យាករ​ថា រដូវរងា​ខាងមុខ​នឹង​ក្លាយជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​គ្រប់ភាគី។

    មន្ត្រី​រូបនេះ​បញ្ជាក់ថា សហភាព​អឺរ៉ុប នឹងត្រូវ​ប្រឈម​នឹង​បញ្ហា​ខ្វះ​ថាមពល​ធ្ងន់ធ្ងរ និង​តម្លៃ​ខ្ពស់។ ចំណែក អ៊ុយ​ក្រែ​ន វិញ មាន​មូលហេតុ​តិចតួច​ដើម្បី​មាន​ភាពជឿជាក់ ខណៈដែល​ពេលវេលា​ដ៏​លំបាក​កំពុង​រង់ចាំ​ខាងមុខ។ រីឯ រុស្ស៊ី វិញ ក៏​នឹងត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ស្រដៀង​ទៅនឹង អ៊ុយ​ក្រែ​ន នេះដែរ។

    យោងតាម​ការ​ព្យាករ​របស់លោក Walker សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន នឹង​បន្ត​អូសបន្លាយ​រហូតដល់រ​ដូ​វ​ផ្កា​រីក ឬ​អាច​ដល់​រដូវក្ដៅ​ឆ្នាំក្រោយ។ ប៉ុន្តែ លោក​បាន​លើកសរសើរ​នូវ​អ្វីដែល អ៊ុយ​ក្រែ​ន សម្រេចបាន​នាពេល​កន្លង។

    លោក Walker អះអាង ក្រុមមន្ត្រី​នៅឯ សហរដ្ឋ​អាម៉េរិក បង្ហាញ​អំពី​ការជឿជាក់​ទៅលើ អ៊ុយ​ក្រែ​ន និង​ការសន្យា​របស់ សហរដ្ឋ​អាម៉េរិក ចំពោះ​ប្រជាធិបតេយ្យ។ ដូច្នេះ សហរដ្ឋ​អាម៉េរិក ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការបន្ត​ផ្ដល់ជំនួយ​ដល់ អ៊ុយ​ក្រែ​ន ដើម្បី​បណ្ដេញ​កងទ័ព​របស់ រុស្ស៊ី និង​ក្រុម​ផ្ដាច់ខ្លួន។

    ដោយឡែក វិមាន​ក្រឹម​ឡាំង បានបញ្ជាក់​ជាច្រើនលើក​ហើយ​ថា រុស្ស៊ី មិនបាន​កំណត់ពេល​ជាក់លាក់​នៅក្នុង​យុទ្ធនាការ​យោធា​របស់ខ្លួន និង​អះអាងថា សង្គ្រាម​នឹង​នៅតែ​បន្ត រហូតដល់ រុស្ស៊ី សម្រេចបាន​គោលដៅ​នៅ អ៊ុយ​ក្រែ​ន៕

  • អង្ករ​ថៃ ក្លាយជា​កសិផល​ដែល​ត្រូវបាន​លក់​ក្នុងតម្លៃ​ថ្លៃ​ជាងគេ​នៅ​​ក្នុង​ពិភពលោក

    អង្ករ​ថៃ ក្លាយជា​កសិផល​ដែល​ត្រូវបាន​លក់​ក្នុងតម្លៃ​ថ្លៃ​ជាងគេ​នៅ​​ក្នុង​ពិភពលោក

    ក្នុង​រយៈពេល​ច្រើន​ខែ​មកនេះ អង្ករ​របស់ ប្រទេស​ថៃ បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ខណៈដែល​អង្ករ​របស់​បណ្ដា​ប្រទេស​ដទៃ កំពុង​ប្រកួតប្រជែង​តម្លៃ។

    ក្រោយពី​បាន​រក្សា​តម្លៃ​ទាប​ជាង​អង្ករ​របស់​ប្រទេស​ដទៃ​ពី ១០ ទៅ ២០ ដុល្លារ/តោន អស់​រយៈពេល​ជា​យូរ តម្លៃ​អង្ករសំរូប​ដែល​នៅ​កន្ទក់ ១០០% របស់ ប្រទេស​ថៃ មានតម្លៃ ៤២០ ដុល្លារ/តោន កើន ១០ ដុល្លារ/តោន ធៀប​នឹង ១០ ថ្ងៃ​មុននេះ ខណៈដែល​អង្ករសំរូប​មាន​កន្ទក់ ៥% មានតម្លៃ ៤១០ ដុល្លារ/តោន កើន ១០ ដុល្លារ/តោន និង​អង្ករ​កន្ទក់ ២៥% មានតម្លៃ ៣៩៤ ដុល្លារ/តោន កើន ៣ ដុល្លារ/តោន។

    សមាគម​អ្នក​នាំចេញ​អង្ករ​របស់ ប្រទេស​ថៃ បានឱ្យដឹងថា មូលហេតុ​ដែលនាំឱ្យ​តម្លៃ​អង្ករ​របស់​ប្រទេស​នេះ​កើនឡើង​ខ្ពស់​ដូច្នេះ គឺ​ដោយសារ​រូបិយប័ណ្ណ​បាត​ថៃ ធ្លាក់​ថ្លៃ ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក។ ម្យ៉ាងទៀត ការដែល​អង្ករ​ថៃ បាន​ធ្លាក់​ថ្លៃ​ក្នុង​ខែកក្កដា ក៏​នាំឱ្យ​វា​មាន​សមត្ថភាព​ប្រកួតប្រជែង​ខ្ពស់ ជួយ​ឱ្យ​ការបញ្ជាទិញ​មានការ​កើនឡើង។

    យោងតាម សមាគម​អ្នក​នាំចេញ​អង្ករ​របស់ ប្រទេស​ថៃ ទិន្នផល​ស្រូវ​បាន​ប្រសើរឡើង​នៅក្នុង​បណ្ដា​ប្រទេស​ដែល​នាំចេញ​អង្ករធំៗដូចជា ឥណ្ឌា និង ប៉ា​គី​ស្ថាន ជាដើម ក៏​ឱ្យ​ពួកគេ​បង្កើន​ការប្រកួតប្រជែង​ដោយ​លក់​កសិផល​នេះ​ក្នុងតម្លៃ​ទាប។

    ប្រទេស​ថៃ កំពុង​ឈរលើ​កំពូល​តារាង​នៃ​បណ្ដា​ប្រទេស​ដែល​នៅសល់​អង្ករ​ច្រើនជាងគេ ដូច្នេះ​ការដែល​អង្ករ​របស់​ប្រទេស​នេះ​ខ្ពស់​ជាងគេ ត្រូវបាន​ព្យាករ​ថា នឹងមិន​ស្ថិតនៅ​បានយូរ​ឡើយ ព្រោះតែ​ក្រុម​អ្នកជំនួញ​កំពុង​ស្វែងរក​វិធី​ដើម្បី​លក់​អង្ករ​ដែល​កំពុង​នៅសល់​ក្នុង​ឃ្លាំង៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​ដើម​​ថ្ងៃទី ០៨ ខែ​សីហា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​ដើម​​ថ្ងៃទី ០៨ ខែ​សីហា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ៣៥ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ០៧ ខែ​សីហា ២០២២ ក្នុង​នោះ​មាន​​​ករណី​ឆ្លង​ក្នុងសហគមន៍​ចំនួន​ ៣៥ នាក់។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ២៤ នាក់បានជាសះស្បើយ និង​​​​មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

  • ក្រុមហ៊ុន​អាកាសចរណ៍​មួយ​របស់ វៀតណាម ប្រឈម​នឹង​ហានិភ័យ «បាត់​ខ្លួន» ពី​ទីផ្សារ

    ក្រុមហ៊ុន​អាកាសចរណ៍​មួយ​របស់ វៀតណាម ប្រឈម​នឹង​ហានិភ័យ «បាត់​ខ្លួន» ពី​ទីផ្សារ

    Pacific Airlines ត្រូវតែ​បំពេញ​លក្ខខណ្ឌ​ទុន​អប្បបរមា ៦០០ ពាន់​លាន​ដុង (ជាង ២៥ លាន​ដុល្លារ​អាម៉េរិក) នៅក្នុង​ឆ្នាំនេះ ពុំ​ដូចនេះ​ទេ​នឹងត្រូវ អាជ្ញាធរ​វៀតណាម ដកហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម​អាកាសចរណ៍។

    ក្នុងអំឡុង ២ ឆ្នាំ​បន្តបន្ទាប់​មកនេះ ក្រុមហ៊ុន​អាកាសចរណ៍ Pacific Airlines មិនបាន​បំពេញ​លក្ខខណ្ឌ​ទុន​អប្បបរមា ៦០០ ពាន់​លាន​ដុង ដែល វៀតណាម បានកំណត់​ចំពោះ​អាជីវកម្ម​រកស៊ី​ក្នុង​វិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស​ដែលមាន​យន្តហោះ​ចាប់ពី ១១ ទៅ ៣០ គ្រឿង។ ទុន​របស់​ម្ចាស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ បាន​ធ្លាក់​ទៅក្នុង​ឱនភាព​ (អវិជ្ជមាន) ពោល​គឺ​ បំណុល​លើសពី​តម្លៃ​ទ្រព្យសកម្ម​របស់​ក្រុមហ៊ុន នៅក្នុង​ឆ្នាំ ២០២០ និង ២០២១។

    ច្បាប់​របស់ ប្រទេស​វៀតណាម កំណត់ថា ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នឹង​ត្រូវបាន​ដកហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម បើសិន​ក្រុមហ៊ុន​នោះបាន​បរាជ័យ​ក្នុងការ​រក្សា​ទុន​អប្បបរមា​ដែល​រដ្ឋ​បានកំណត់ ក្នុង​រយៈពេល ៣ ឆ្នាំ​ជាប់​គ្នា។

    ដូច្នេះ ក្រុមហ៊ុន​អាកាសចរណ៍ Pacific Airlines អាច​នឹង​ត្រូវបាន​លុបឈ្មោះ​ចេញពី​បញ្ជី​របស់​រដ្ឋ បើសិន​មិនអាច​បំពេញ​តាម​លក្ខខណ្ឌ​ខាងលើ នៅក្នុង​ឆ្នាំ ២០២២ នេះ។

  • ឆេះ​ស្ពាន​បុរាណ​អាយុកាល​ជាង ៩០០ ឆ្នាំ នៅ ប្រទេស​ចិន

    ឆេះ​ស្ពាន​បុរាណ​អាយុកាល​ជាង ៩០០ ឆ្នាំ នៅ ប្រទេស​ចិន

    ស្ពាន Wan’an ជា​ស្ពាន​ដែលមាន​ដំបូល​ធ្វើ​ពី​ឈើ ស្ថិតនៅក្នុង​ខេត្ត Fujian ប្រទេស​ចិន និង​មាន​ប្រវត្តិ​ជាង ៩០០ ឆ្នាំ ត្រូវបាន​លេប​ត្របាក់​ដោយ​អគ្គិភ័យ នាំឱ្យ​សមត្ថកិច្ច​ក្នុង​តំបន់​បើក​ការស៊ើបអង្កេត​រក​មូល​ហេតុ។

    ប្រភពព័ត៌មាន​ពី ប្រទេស​ចិន បានឱ្យដឹងថា ស្ពាន Wan’an នៅ​ទីរួមស្រុក Changqiao ស្រុក Pingnan នៃ​ខេត្ត Fujian ត្រូវបាន​ភ្លើង​ឆាបឆេះ​កាលពី​ព្រលប់​ថ្ងៃទី ០៦ សីហា និង​ត្រូវបាន​ពន្លត់​ក្រោយ​ភ្លើង​ឆេះ​បាន​ជាង ១ ម៉ោង។

    ស្ពាន​បុរាណ​នេះ​បាន​ស្រុត​រលំ បន្ទាប់ពី​ត្រូវ​អគ្គិភ័យ​ឆាបឆេះ។ សំណាងល្អ ពុំមាន​មនុស្ស​ស្លាប់ ឬ​រងរបួស​នៅក្នុង​ហេតុការណ៍​នេះ។ អាជ្ញាធរ​ក្នុង​តំបន់ បាន​បង្កើត​ក្រុម​ស៊ើបអង្កេត​មួយ​ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ករណី​អគ្គិភ័យ។

    ស្ពាន​បុរាណ Wan’an មាន​ប្រវត្តិ​ជាង ៩០០ ឆ្នាំ ត្រូវបាន​កសាង​ក្នុង​រាជវង្ស​សុង​ខាងជើង។ ស្ពាន​នេះ​ធ្លាប់បាន​ឆេះ​ម្ដង​រួចហើយ​កាលពី​រជ្ជកាល ព្រះ​ចៅ​អធិរាជ​កាង​ស៊ី នៃ​រាជវង្ស ឈី​ង និង​ត្រូវបាន​សាងសង់​ឡើងវិញ​ក្នុង​ឆ្នាំ ១៧៤២ ក្នុង​រជ្ជកាល​ស្ដេច ឆៀន​ឡុង ហើយ​ត្រូវបាន​ជួសជុល​ច្រើនលើក​នៅក្នុង​រជ្ជកាល​ប​ន្ត​បន្ទាប់។

    ស្ពាន Wan’an ក៏​ជា​ស្ពាន​បុរាណ​មាន​ដំបូល​ធ្វើ​ពី​ឈើ​វែង​ជាងគេ​នាបច្ចុប្បន្ន​នៅ ប្រទេស​ចិន។ ស្ពាន​នេះ​ឆ្លងកាត់​ទន្លេ Changqiao នេះ មាន​ប្រវែង ៩៨.២ ម៉ែត្រ, ទទឹង ៤.៧ ម៉ែត្រ និង​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​សំខាន់​របស់ ចិន កាលពី​ឆ្នាំ ២០០៦។

    https://www.youtube.com/watch?v=r9rYySaGVUQ

  • ក្រុមហ៊ុន Alibaba ចាប់ដៃ​ជាមួយ​គូប្រជែង​របស់ Tesla ដើម្បី​អភិវឌ្ឍ​រថយន្ត​គ្មាន​មនុស្ស​បើកបរ

    ក្រុមហ៊ុន Alibaba ចាប់ដៃ​ជាមួយ​គូប្រជែង​របស់ Tesla ដើម្បី​អភិវឌ្ឍ​រថយន្ត​គ្មាន​មនុស្ស​បើកបរ

    ក្រុមហ៊ុន​ខ្នាត​យក្ស​របស់ ចិន Alibaba និង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​​ក្នុង​ស្រុក​ចិន Xpeng សហការគ្នា​បើក​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ធំ​មួយ​ ក្នុង​បំណង​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​បើកបរ​ដោយ​ស្វ័យប្រវត្ត។

    ជា​បច្ចេកវិទ្យា​មួយ​ដែល​នៅ​ក្មេងខ្ចី ប្រព័ន្ធ​បើកបរ​ដោយ​ស្វ័យប្រវត្ត​របស់ Alibaba និង Xpeng នឹងត្រូវ​ការ​ពេល​ច្រើន​ដើម្បី​មាន​ទិន្នន័យ​ចាំបាច់​គ្រប់គ្រាន់​សម្រាប់​ការអភិវឌ្ឍ និង​បណ្ដុះបណ្ដាល​ប្រព័ន្ធ​ឱ្យ​សមស្រប​នឹង​ស្ថានភាព​ចរាចរណ៍​ជាក់ស្ដែង។ ក៏ប៉ុន្តែ Xpeng បានប្រកាសថា មជ្ឈមណ្ឌល​កុំព្យូទ័រ​ថ្មី​ដែល​ក្រុមហ៊ុន​នេះ និង Alibaba បង្កើតឡើង នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​ក្នុងការ​បណ្ដុះបណ្ដាល​រូបមន្ត​បើកបរ​ស្វ័យប្រវត្ត ពី ៧ ថ្ងៃ ចុះមក​នៅត្រឹម ១ ម៉ោង។ ជាក់ស្ដែង Xpeng នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ពី​វិស័យ​កុំព្យូទ័រ​ពពក (cloud computing) របស់ Alibaba សម្រាប់​បម្រើ​ដល់​តម្រូវការ​នៃ​មជ្ឈមណ្ឌល​កុំព្យូទ័រ​របស់ខ្លួន។

    មជ្ឈមណ្ឌល​ដែលមាន​ឈ្មោះថា Fuyao នឹង​ត្រូវបាន​ស្ថាបនា​នៅក្នុង​តំបន់ Inner Mongolia ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ ប្រទេស​ចិន។

    កិច្ចសហការ​ខាងលើ​នេះ​ បាន​បង្ហាញថា ក្រុម​ហ៊ុន​ Alibaba កំពុង​ប្រឹងប្រែង​ដើម្បី​លោត​ចូលក្នុង​វិស័យ​រថយន្ត​អគ្គិសនី​ដែល​កំពុងតែ​ផ្ទុះ​ការពេញនិយម​នាបច្ចុប្បន្ន។ សម្រាប់ Xpeng វិញ កិច្ចសហការ​នេះ​គឺជា​ការបោះ​ជំហាន​ដ៏​ធំ​មួយ​របស់ខ្លួន​នៅក្នុង​ការប្រកួតប្រជែង​ជាមួយនឹង​ក្រុមហ៊ុន​ខ្នាត​យក្ស Tesla របស់ សហរដ្ឋ​អាម៉េរិក និង BYD របស់ ចិន នៅក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​ពិភពលោក៕

  • សភា​ជាន់ខ្ពស់​អាម៉េរិក អនុម័ត​ច្បាប់​ចំណាយ​តម្លៃ ៤៣០ ពាន់​លាន​ដុល្លារ

    សភា​ជាន់ខ្ពស់​អាម៉េរិក អនុម័ត​ច្បាប់​ចំណាយ​តម្លៃ ៤៣០ ពាន់​លាន​ដុល្លារ

    សភា​ជាន់ខ្ពស់​របស់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ០៧ សីហា បានអនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការចំណាយ​លើ​សុខាភិបាល និង​អាកាសធាតុ តម្លៃ ៤៣០ ពាន់​លាន​ដុល្លារ ដែល​នេះ​នឹង​នាំមក​នូវ​ជោគជ័យ​ដ៏​សំខាន់​សម្រាប់​ប្រធានាធិបតី ចូ បៃ​ដិ​ន។

    គម្រោង​ប្រើប្រាស់​ថវិកា ៤៣០ ពាន់​លាន​ដុល្លារ​នេះ​នឹង​រួមមាន បណ្ដា​ខ្ទង់​វិនិយោគធំៗបំផុត​មិន​ធ្លាប់មាន​ពីមុនមក​របស់ សហរដ្ឋ​អាម៉េរិក ទៅលើ​ការដោះស្រាយ​បញ្ហា​អាកាសធាតុ ក្នុងនោះ ខ្ទង់​ប្រាក់ ៣៧០ ពាន់​លាន​ដុល្លារ​នឹងត្រូវ​បាន​ប្រើប្រាស់​ដើម្បី​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឱ្យ ៤០% នៅក្នុង​ឆ្នាំ ២០៣០។

    សេចក្ដីព្រាងច្បាប់​នេះ​ត្រូវបាន​គេ​ជឿថា នឹង​នាំមក​នូវ​ជ័យជម្នះ​យ៉ាងច្បាស់​លាស់​សម្រាប់​លោក បៃ​ដិ​ន នៅមុន​ការបោះឆ្នោត​ពាក់កណ្ដាល​អាណ​ត្តិ​នា​ចុងឆ្នាំ​នេះ ព្រមទាំង​ស្ដារ​តួនាទី​នាំមុខគេ​របស់ សហរដ្ឋ​អាម៉េរិក នៅក្នុង​កិច្ចប្រឹងប្រែង​ទប់​ទល់នឹង​បម្រែបម្រួល​អាកាសធាតុ​ពិភពលោក។

    ដោយមាន​សេចក្ដីព្រាងច្បាប់​នេះ ពលរដ្ឋ​អាម៉េរិក នឹង​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ឡើងដល់ ៧,៥០០ ដុល្លារ នៅពេល​ទិញ​រថយន្ត​អគ្គិសនី បូករួម​នឹង​ការបញ្ចុះ​តម្លៃ ៣០% នៅពេល​ដំឡើង​ផ្ទាំង​សូ​ឡា​នៅលើ​ដំបូលផ្ទះ។

    វា​ក៏​នឹង​ផ្ដល់​រាប់លាន​ដុល្លារ​សម្រាប់​កិច្ចប្រឹងប្រែង​ការពារ និង​ថែរក្សា​ព្រៃឈើ​របស់ សហរដ្ឋ​អាម៉េរិក។ ការលើកលែង​ពន្ធ​រាប់ពាន់​លាន​ដុល្លារ​ក៏​នឹង​ត្រូវបាន​ធ្វើឡើង​សម្រាប់​វិស័យ​ឧស្សាហកម្ម​មួយចំនួន​ដែល​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ដោយ​ជួយ​ឱ្យ​ក្រុមហ៊ុន រោងចក្រ​ទាំងនោះ​ងាក​មកប្រើប្រាស់​ថាមពល​ស្អាត។

    សេចក្ដីព្រាងច្បាប់​នេះ​នឹង​កាត់បន្ថយ​ការចំណាយ​ក្នុងការ​ថែទាំ​សុខភាព​របស់ ពលរដ្ឋ​អាម៉េរិក តាមរយៈ​កិច្ចព្រមព្រៀង​ធានារ៉ាប់រង។

    សេចក្ដីព្រាងច្បាប់​នេះ​នឹង​ត្រូវបាន​បញ្ចូនទៅ​កាន់ សភា​ជាន់​ទាប​អាម៉េរិក ដើម្បី​ធ្វើការ​អនុម័ត​នៅ​ថ្ងៃទី ១២ សីហា​ខាងមុខ ក្រោយមក នឹងត្រូវ​បញ្ជូន​ទៅកាន់​ប្រធានាធិបតី ចូ បៃ​ដិ​ន ដើម្បី​ចុះហត្ថលេខា​ឱ្យទៅជា​ច្បាប់៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​ដើម​​ថ្ងៃទី ០៦ ខែ​សីហា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​ដើម​​ថ្ងៃទី ០៦ ខែ​សីហា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ១៨ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ០៥ ខែ​សីហា ២០២២ ក្នុង​នោះ​មាន​​​ករណី​ឆ្លង​ក្នុងសហគមន៍​ចំនួន​ ១៥ នាក់។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១០ នាក់បានជាសះស្បើយ និង​​​​មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។