Author: សឿន សំណាង

  • មេដឹកនាំ​ជាន់ខ្ពស់​របស់ អង្គការ​រដ្ឋ​អ៊ីស្លាម (IS) ធ្វើអត្តឃាត នៅពេល​ត្រូវបាន​ឡោមព័ទ្ធ

    មេដឹកនាំ​ជាន់ខ្ពស់​របស់ អង្គការ​រដ្ឋ​អ៊ីស្លាម (IS) ធ្វើអត្តឃាត នៅពេល​ត្រូវបាន​ឡោមព័ទ្ធ

    ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ SANA កាលពី​ម្សិលមិញ បានឱ្យដឹងថា Abu Salem Al-Iraqi ដែលជា​មេដឹកនាំ​ជាន់ខ្ពស់​មួយរូប​របស់ អង្គការ​រដ្ឋ​អ៊ីស្លាម (IS) បានធ្វើ​អត្តឃាត​នៅក្នុង​យុទ្ធនាការ​សន្តិសុខ​ដែល អាជ្ញាធរ​ស៊ី​រី បាន​អនុវត្ត​មុន​នោះ​មួយថ្ងៃ នៅក្នុង​ខេត្ត Daraa ភាគខាងត្បូង​ប្រទេស​នេះ។

    SANA បាន​ចុះផ្សាយ​ថា Al-Iraqi ត្រូវបាន​ឡោមព័ទ្ធ និង​រងរបួស​ក្នុង​ផ្ទះមួយ​ខ្នង​នៅឯ​ទីរួមស្រុក Adwan ភាគ​ខាងលិច​របស់​ខេត្ត Daraa នៅពេល​កងកម្លាំង​សន្តិសុខ​របស់ ស៊ី​រី បាន​បើក​យុទ្ធនាការ​ពិសេស។ ក្រោយមក Al-Iraqi ក៏បាន​ធ្វើអត្តឃាត​ដោយ​ការ​បំផ្ទុះ​គ្រាប់​ផ្ទុះ​ដែល​ចង​ជុំវិញខ្លួន។

    យោងតាម​ប្រភពព័ត៌មាន​ខាងលើ Al-Iraqi គឺជា​មេដឹកនាំ​យោធា​របស់​អង្គការ​អ៊ីស្លាម​ជ្រុលនិយម IS (អង្គការ​រដ្ឋ​អ៊ីស្លាម) នៅ​ភាគខាងត្បូង​នៃ ប្រទេស​ស៊ី​រី។ ជន​ដែលមាន​សញ្ជាតិ​អ៊ីរ៉ាក់ នេះ បានគេច​ខ្លួន​ទៅកាន់ Daraa បន្ទាប់ពី IS ត្រូវបាន​វាយបំបាក់​នៅ​តំបន់​ជំរំ Yarmouk ភាគខាងត្បូង​នៃ រដ្ឋធានី​ដា​ម៉ាស (Damascus)។

    អង្គការ​តាមដាន​សិទ្ធិមនុស្ស​ស៊ី​រី (SOHR) បាន​បញ្ជាក់ថា Al-Iraqi ត្រូវបាន​កម្ចាត់​កាលពី​ថ្ងៃទី ០៩ សីហា។ យោងតាម SORH ជននេះ​បាន​លាក់ខ្លួន​ក្នុង​តំបន់​ខាងលើ​តាំងពី​ឆ្នាំ ២០១៨ និង​បាន​ចូលរួម​ក្នុងករណី​ធ្វើឃាត ក៏ដូចជា​ករណី​វាយប្រហារធំៗនានា​ដែល​បង្ក​ភាពវឹកវរ​ខ្លាំង​នៅ​ភាគខាងត្បូង​នៃ ប្រទេស​ស៊ី​រី នាពេល​កន្លង៕

  • អ្នកទោស​ជាង ៨០០ នាក់​នៅ កុង​ហ្កោ «ហែក​គុក» គេចខ្លួន​បាត់ស្រមោល

    អ្នកទោស​ជាង ៨០០ នាក់​នៅ កុង​ហ្កោ «ហែក​គុក» គេចខ្លួន​បាត់ស្រមោល

    អ្នកទោស​ជាង ៨០០ នាក់ នៅក្នុង​ពន្ធនាគារ​ក្រុង Butembo ភាគខាងកើត​​របស់ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្កោ បាននាំគ្នា «ហែក​គុក» រត់គេចខ្លួន បន្ទាប់ពី​ក្រុម​ខ្មាន់កាំភ្លើង​មួយក្រុម​បាន​សម្រុកចូល​ពន្ធនាគា​រ បណ្ដាលឱ្យ​ប៉ូលិស ២ នាក់​ត្រូវ​បាត់បង់​ជីវិត។

    យោងតាម​សមត្ថកិច្ច​ក្នុង​តំបន់ ហេតុការណ៍​វឹកវរ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី ០៩ សីហា។ ព័ត៌មានដំបូងៗបានឱ្យដឹងថា យ៉ាងហោចណាស់​មាន​ប៉ូលិស ២ នាក់ ​និង​មនុស្ស​ម្នាក់​ទៀត​​បាន​បាត់​បង់ជីវិត​។ អ្នកទោស​ជាង ៨០០ នាក់ ក្នុងចំណោម​អ្នកទោស​សរុប ៨៧២ នាក់ ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ស្រុក Butembo បាន​រត់​គេចខ្លួនបាត់​ស្រមោល។

    បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​វែកមុខ​រក​ក្រុម​ដែល​នៅ​ពីក្រោយ​ការវាយប្រហារ និង​ការ​ហែក​គុក​ខាងលើ។

    អំពើហិង្សា​តែងតែ​កើតមាន​ជា​ញឹកញាប់​នៅ​ភាគខាងត្បូង​នៃ សាធារណរដ្ឋ​កុង​ហ្កោ ជាទី​ដែលមាន​ក្រុម​ប្រដាប់អាវុធ​ជាច្រើន ធ្វើ​សកម្មភាព​រាប់សិប​ឆ្នាំ​កន្លងមកហើយ៕

  • ក្រុមហ៊ុន​អាល្លឺម៉ង់ ផលិត​សាច់​ត្រី​សិប្បនិម្មិត ចិញ្ចឹម​ពី​កោសិកា​រស់​ មិន​បាច់​ឆ្លង​កាត់​ការ​សម្លាប់

    ក្រុមហ៊ុន​អាល្លឺម៉ង់ ផលិត​សាច់​ត្រី​សិប្បនិម្មិត ចិញ្ចឹម​ពី​កោសិកា​រស់​ មិន​បាច់​ឆ្លង​កាត់​ការ​សម្លាប់

    ក្រុមហ៊ុន Bluu Seafood នៅ រដ្ឋធានី​បែរ​ឡាំង កំពុង​រៀប​គម្រោង​ចែកចាយ​ផលិតផល​ពី​សាច់​ត្រី​ដែល​គេ​ចិញ្ចឹម​ពី​កោសិកា​ត្រី​នៅក្នុង​បន្ទប់ពិសោធន៍ ទៅកាន់​ទីផ្សារ​មួយចំនួន​ក្នុង​ពិភពលោក។

    Bluu Seafood គឺជា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០២០ ដោយមាន​ឈ្មោះ​ដំបូង​ថា Bluu Biosciences។ ដោយសារតែ​ការនេសាទ​ត្រីបាន​​ក្លាយជា​បញ្ហា​ធ្ងន់ធ្ងរ ក្រុមហ៊ុន​នេះ​ក៏បាន​ស្វែងរក​វិធី​ដើម្បី​ជួយ​កាត់បន្ថយ​សកម្មភាព​សេសាទ តាមរយៈ​បច្ចេកវិទ្យា​ចិញ្ចឹម​កោសិកា​ដើម ដើម្បី​បង្កើតជា​ផលិតផល​សុវត្ថិភាព​សម្រាប់​មនុស្ស។

    ក្រុមហ៊ុន​ខាងលើ​បាន​អភិវឌ្ឍ​មុខម្ហូប​មួយ​ចំនួន​ដែលមាន​ឈ្មោះថា «បន្ទះ​ត្រី» និង «ប្រហិត​ត្រី»​ ជាដើម ដែលមាន​រូបរាង​ដូច​ទៅនឹង​មុខ​អាហារ​ធម្មតា​ដែលមាន​ស្រាប់។ ផលិតផល​ទាំងនេះ​មាន​ផ្ទុក​ប្រូតេអ៊ីន​រុក្ខជាតិ​ច្រើន ដូច្នេះ​ងាយស្រួល​ទំពារ និង​អាច​ចម្អិន​គ្រប់ពេល។

    ដើម្បី​បង្កើតបាន​ដុំ​សាច់​ត្រី ក្រុមហ៊ុន​ Bluu Seafood បាន​ប្រមូល​កោសិកា​ពីស​ត្វ​ត្រី​រស់ ក្រោយមក​ចិញ្ចឹម​វា​នៅក្នុង​ឡ​ប្រតិកម្ម​ជីវសាស្ត្រ​ដែលមាន​បរិស្ថាន​សម្បូរ​សារជាតិ​បំប៉ន។ បន្ទាប់មក កោសិកា​ទាំងនោះ រីក​ចម្រើន​ធំឡើង​នៅលើ​ឧបករណ៍​ពិសោធន៍​ ដូច​ទៅនឹង​សាច់​ត្រី​ធម្មតា។ ដំណាក់កាល​ទាំង​អស់នៃ​ការអភិវឌ្ឍ​សាច់​ត្រី​សិប្បនិម្មិត​នេះ មិនត្រូវ​ការ​សកម្មភាព​សម្លាប់​ត្រីពិត​នោះទេ នេះ​បើតាម TechCrunch ចុះផ្សាយ​កាលពី​ថ្ងៃទី ០៨ សីហា។

    បច្ចុប្បន្ន ក្រៅពី Bluu ក៏មាន​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត​កំពុង​រក​វិធី​នាំយក​ផលិតផល​គ្រឿង​សមុទ្រ​ដែល​ផលិត​ដោយ​បច្ចេកវិទ្យា​ចិញ្ចឹម​កោសិកា ទៅក្នុង​ទីផ្សារ ក្នុងនោះ​មានដូចជា ក្រុមហ៊ុន Wild Type និង CellMeat ជាដើម​ល។ល។

    សហស្ថាបនិក​របស់​ក្រុមហ៊ុន Bluu Seafood
  • សហរដ្ឋ​អាម៉េរិក ចុះហត្ថលេខា​លើ​សេចក្ដីសម្រេច​បញ្ចូល ស៊ុយអែត និង ហ្វាំ​ង​ឡង់ ជា​សមាជិក​ណា​តូ

    សហរដ្ឋ​អាម៉េរិក ចុះហត្ថលេខា​លើ​សេចក្ដីសម្រេច​បញ្ចូល ស៊ុយអែត និង ហ្វាំ​ង​ឡង់ ជា​សមាជិក​ណា​តូ

    ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក ចូ បៃ​ដិ​ន កាលពី​ថ្ងៃទី ០៩ សីហា បាន​ចុះហត្ថលេខា​ចុងក្រោយ​លើ​សេចក្ដីសម្រេច​ទទួលយក ស៊ុយអែត និង ហ្វាំ​ង​ឡង់ ជា​សមាជិក​របស់ ណា​តូ (NATO)។

    ការចុះហត្ថលេខា​នេះ​គឺជា​ជំហាន​ចុងក្រោយបង្អស់​របស់ សហរដ្ឋ​អាម៉េរិក ក្នុង​ដំណើរការ​នៃ​ការអនុម័ត​លើ​លិខិតស្នើ​សុំឱ្យ​ពិនិត្យ​លើ​ការដាក់បញ្ចូល​ជា​សមាជិក​ណា​តូ ចំពោះ ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត។ ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា លោក បៃ​ដិ​ន ឱ្យដឹងថា សហរដ្ឋ​អាម៉េរិក គឺជា​សម្ព័ន្ធមិត្ត​ទី ២៣ ក្នុង​អង្គការ​ណា​តូ ដែល​បានអនុម័ត​ឱ្យ​ប្រទេស​ទាំងពីរ​នេះ ចូល​ជា​សមាជិក។

    ហ្វាំ​ង​ឡង់ និង ស៊ុយអែត បានដាក់​ពាក្យ​សុំចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ កាលពី​ថ្ងៃទី ១៨ ឧសភា។ ៣០ ប្រទេស​ដែលជា​សមាជិក​របស់ ណា​តូ បាន​ចុះហត្ថលេខា​លើ​លិខិតស្នើ​ឱ្យធ្វើ​ការអនុម័ត​លើ​ពាក្យស្នើសុំ​របស់​ប្រទេស​ទាំងពីរ​ខាងលើ​កាលពី​ថ្ងៃទី ៣០ ឧសភា។ ហ្វាំ​ង​ឡង់ និង ស៊ុយអែត នឹង​ក្លាយជា​សមាជិក​របស់​ស​ម្ព័​ន្ធ​យោធា​នេះ បន្ទាប់ពី​សភា​របស់​ប្រទេស​ទាំង ៣០ នៃ​អង្គការ​នេះ អនុម័ត​រួចរាល់៕

  • ផ្ទុះ​ធំ​ជាច្រើន​ករណី​នៅឯ​ព្រលានយន្តហោះ​របស់​ឧបទ្វីប​គ្រី​មៀ (Crimea)

    ផ្ទុះ​ធំ​ជាច្រើន​ករណី​នៅឯ​ព្រលានយន្តហោះ​របស់​ឧបទ្វីប​គ្រី​មៀ (Crimea)

    ក្រសួងការពារជាតិ​រុស្ស៊ី បានឱ្យដឹងថា ឃ្លាំង​អាវុធ​នៅឯ​ព្រលានយន្តហោះ​របស់ ឧបទ្វីប​គ្រី​មៀ បាន​ផ្ទុះ បណ្ដាលឱ្យ​កើតមាន​អគ្គិភ័យ​ច្រើន​កន្លែង ប៉ុន្តែ មិនមែនជា​ការវាយប្រហា​រ​ពីស​ត្រូវ។

    គ្រាប់បែក និង​គ្រាប់កាំភ្លើង​សម្រាប់​យន្តហោះ​ចម្បាំង​បាន​ផ្ទុះ​នៅឯ​ព្រលានយន្តហោះ Saki ក្បែរ​តំបន់​រស់នៅ Novofyodorovka នៃ​ឧបទ្វីប​គ្រី​មៀ នេះ​បើតាម ក្រសួងការពារជាតិ​រុស្ស៊ី។ ស្ថាប័ន​នេះ​កំពុង​ស្វែងរក​មូលហេតុ​នៃ​ការផ្ទុះ​នេះ ប៉ុន្តែ​បាន​អះអាងថា ព្រលានយន្តហោះ​នេះ​មិនមែនជា​គោលដៅ​នៃ​ការវាយប្រហារ។ ករណី​ផ្ទុះ​ឃ្លាំង​អាវុធ​នេះ​បាន​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​ម្នាក់ និង​រងរបួស ៥ នាក់។

    ឧបទ្វីប​គ្រី​មៀ មាន​ទីតាំង​នៅជាប់​ជាមួយនឹង​តំបន់ Kherson នៅ​ភាគខាងត្បូង​នៃ ប្រទេស​អ៊ុយ​ក្រែ​ន ជាទី​ដែល​កំពុង​ត្រូវបាន​គ្រប់គ្រង​ដោយ រុស្ស៊ី និង​ជិត​តំបន់ Zaporizhzhia នៅ​ភាគ​អាគ្នេយ៍​អ៊ុយ​ក្រែ​ន ដែល​មួយ​ភាគ​ធំ​ស្ថិតក្នុង​ការកាន់កាប់រ​បស់ ទីក្រុង​មូ​ស្គូ។

    ភាគី​ខាង​អ៊ុយ​ក្រែ​ន មិនទាន់មាន​ការអធិប្បាយ​អ្វី​ទាក់ទិន​នឹង​ករណី​ផ្ទុះ​ឃ្លាំង​អាវុធ​នៅក្នុង តំបន់​គ្រី​មៀ នៅឡើយ ប៉ុន្តែ កងទ័ព​ប្រទេស​នេះ​ត្រូវបាន​គេ​មើលឃើញថា មិន​ធ្លាប់បាន​វាយប្រហារ​លើ​គោលដៅ​នៅលើ​ឧបទ្វីប​នេះ ចាប់តាំងពី​សង្គ្រាម​ផ្ទុះឡើង​កាលពី​ថ្ងៃទី ២៤ កុម្ភៈ។

  • ពាណិជ្ជកម្ម​ទ្វេភាគី​រវាង ថៃ និង វៀតណាម នឹង​សម្រេចបាន ២៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ ២០២៥

    ពាណិជ្ជកម្ម​ទ្វេភាគី​រវាង ថៃ និង វៀតណាម នឹង​សម្រេចបាន ២៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ ២០២៥

    លោក Nikorndej Balankura ឯកអគ្គរាជទូត​ប្រទេស​ថៃ ប្រចាំ ប្រទេស​វៀតណាម នៅក្នុង​ពិធី​សម្ពោធ​ព្រឹត្តិការណ៍​សប្ដាហ៍​ថៃ ឆ្នាំ ២០២២ នៅ ទីក្រុង​ព្រៃនគរ (ក្រុង​ហូជីមិញ) នាពេលថ្មីៗនេះ បាន​អះអាងថា ក្នុង​ឆ្នាំ ២០២៥ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង ថៃ និង វៀតណាម នឹង​សម្រេចបាន ២៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ទំនាក់ទំនង​ពិសេស​រវាង ប្រទេស​ថៃ និង វៀតណាម បាន​ឈានដល់​ដំណាក់កាល​ចាស់ទុំ និង​ត្រូវបាន​លើកកម្ពស់​ទៅជា «ទំនាក់ទំនង​យុទ្ធសាស្ត្រ​កម្រិត​ជំរុញ​បន្ថែម» ចាប់តាំងពី​ឆ្នាំ ២០១៩។

    កាលពី​ឆ្នាំ ២០២១ ប្រទេស​ថៃ បាន​បង្កើត​សមាគម​សហគ្រាស​ថៃ នៅ ប្រទេស​វៀតណាម ឬ​ហៅថា ThaiCham ក្នុង​បំណង​ជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ។

    ឯកអគ្គរាជទូត​ប្រទេស​ថៃ ប្រចាំ ប្រទេស​វៀតណាម ឱ្យដឹងថា ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង ថៃ និង វៀតណាម ក្នុង​ឆ្នាំ ២០២១ សម្រេចបាន ១៨.៨ ពាន់​លាន​ដុល្លារ​អាម៉េរិក កើន ១៧.៩% ធៀប​នឹង​ឆ្នាំ ២០២០។ ប្រ​ទស​ថៃ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់ វៀតណាម នៅក្នុង​តំបន់អាស៊ីអាគ្នេយ៍ និង​ជា​អ្នកវិនិយោគ​បរទេស​ធំ​លំដាប់​ទី ៨ របស់ វៀតណាម។

    ទន្ទឹមនឹង​ប្រការ​ខាងលើ ប្រទេស​ថៃ និង វៀតណាម កំពុងតែ​ប្រឹងប្រែង​ដើម្បី​សម្រេចបាន​គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យបាន ២៥ ពាន់​លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ឆ្នាំ ២០២៥ ខាងមុខ នេះ​បើតាម​ការអះអាង​របស់​លោក Nikorndej Balankura ឯកអគ្គរាជទូត​ប្រទេស​ថៃ ប្រចាំ ប្រទេស​វៀតណាម។

    ពិធីសម្ពោធព្រឹត្តិការណ៍សប្ដាហ៍ថៃ ឆ្នាំ ២០២២ នៅ ទីក្រុងព្រៃនគរ (ក្រុងហូជីមិញ) នាពេលថ្មីៗនេះ
    ពិព័រណ៍​ពាណិជ្ជកម្ម​មួយ​​របស់ ថៃ នៅ វៀតណាម កាលពី​ពេល​ថ្មីៗនេះ
  • អតីត CEO របស់ JPMorgan ៖ ក្រុម​មនុស្ស​កំពូល​​​ជោគជ័យ តែងតែ​ឈាន​ជើង​ចេញពី​តំបន់​សុវត្ថិភាព

    អតីត CEO របស់ JPMorgan ៖ ក្រុម​មនុស្ស​កំពូល​​​ជោគជ័យ តែងតែ​ឈាន​ជើង​ចេញពី​តំបន់​សុវត្ថិភាព

    អតីត CEO មួយរូប​នៃ​ធនាគារ​មួយ​ក្នុងចំណោម​ធនាគារធំៗជាងគេ​ក្នុង​ពិភពលោក JPMorgan បាន​លើកទឹកចិត្ត​ឱ្យ​គ្រប់គ្នា​ចាក​ចេញពី​តំបន់​សុវត្ថិភាព ដោយ​ជឿ​ថា ការទទួលយក​បទពិសោធ​ន៍​នៅក្នុង​បរិស្ថាន​ថ្មី និង​មិន​ស្រួលអារម្មណ៍ បាន​នាំ​គាត់​ទៅដល់​ទីឋាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់។

    តំបន់​សុវត្ថិភាព​របស់​អ្នក​ពិតជា​ស្រួលខ្លួន ស្រួល​អារម្មណ៍ ប៉ុន្តែ​ក៏មាន​កម្រិត។ Bill Harrison ដែលជា​អតីត CEO របស់​ធនាគារ​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក គឺ JPMorgan បាន​លើកទឹកចិត្ត​ឱ្យ​មនុស្ស​គ្រប់​រូប​ហ៊ាន​​ចាក​ចេញពី​តំបន់​សុវត្ថិភាព​នោះ។

    «អ្នក​ត្រូវតែ​ឈាន​ជើង​ចេញពី​តំបន់​សុវត្ថិភាព​របស់ខ្លួន។ នោះ​គឺជា​វិធី​ដើម្បីឱ្យ​អ្នក​បន្ត​រីកចម្រើន» លោក Harrison និយាយ​នៅក្នុង​កម្មវិធី «How Leaders Lead with David Novak» កាលពីពេលថ្មីៗនេះ។

    យោងតាម​លោក Harrison ដែល​ធ្លាប់​ធ្វើជា CEO របស់ JPMorgan ចន្លោះ​ពី​ឆ្នាំ ២០០០ ដល់ ២០០៦ ជាធម្មតា​អ្នក​តែងតែបាន​រៀនសូត្រ​អំពី​អ្វីមួយ​ពី​បរិស្ថាន តំណែង ឬ​ឱកាស​ថ្មី ដែល​ជំរុញ​ការអភិវឌ្ឍ​ខ្លួន និង​នាំ​អ្នក​ទៅដល់​វិថី​ឆ្ពោះទៅកាន់​ភាពជោគជ័យ។ មុនពេល​បាន​ឡើងទៅ​កាន់តំណែង​ជា​អ្នកដឹកនាំ​ធនាគារ​ធំ​បំផុត​មួយ​នៅ សហរដ្ឋ​អាម៉េរិក ការងារ​របស់លោក Harrison បាន​ជួបនឹង​ការប្រែប្រួលធំៗជា​បន្តបន្ទាប់។ លោក Harrison មិន​ពេញ​ចិត្តនឹង​ការប្រែប្រួល​ទាំងនោះ​ឡើយ ប៉ុន្តែ វា​បែរជា​ជួយ​ឱ្យ​លោក​បានទទួល​ជោគជ័យ​នាពេលក្រោយៗមកទៀត។

    អតីត CEO របស់ JPMorgan បាន​ប្រាប់ថា ការផ្លាស់ប្ដូរ​បាន​ជួយ​លើកកម្ពស់​ការងារ​រប​ស់លោក​ច្រើនជាងគេ។ នោះ​គឺ​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ពេល​លោក​ទទួល​តំណែង​ជា​អ្នកគ្រប់គ្រង​ដំបូង ជាមួយនឹង​តួនាទី​ដឹកនាំ​ក្រុមការ​ងារ​​ដែលមាន​បុគ្គលិក ១៣ នាក់​ នៅក្នុង​ការិយាល័យ​តំបន់​របស់ Chemical Bank នៅ San Francisco។ ៣ ឆ្នាំ​ក្រោយមក ធនាគារ​នេះ​បានស្នើ​ឱ្យ​លោក​ទៅធ្វើ​ការ​នៅ ទីក្រុង​ឡុង​ដ៍ ដើម្បី​គ្រប់គ្រង​ទីផ្សារ​នៅ អឺរ៉ុប ជាទី​ដែល​លោក​ត្រូវ​គ្រប់គ្រង​បុគ្គលិក​ប្រមាណ ១,៣០០ នាក់។

    ដំបូង លោក Harrison មិន​ចូល​ចិត្តគំនិត​នេះ។ «ខ្ញុំ​មិន​ចង់ទៅ​កាន់ ក្រុង​ឡុង​ដ៍។ ខ្ញុំ​សប្បាយរីករាយ​នឹង​ការងារ​នៅ San Francisco។ គំនិត​ខ្ញុំ​គឺថា ខ្ញុំ​មាន​អារម្មណ៍​ស្រួលខ្លួន​នៅពេល​ស្ថិតក្នុង​តំបន់​សុវត្ថិភាព​របស់ខ្លួន»។

    ទោះជា​យ៉ាងនេះ​ក្ដី គាត់​ប្រ​មូល​បាន​ចំណេះដឹង​ជាច្រើន​នៅពេល​ធ្វើការ​ក្នុង​បរិស្ថាន​ថ្មី ប្លែក និង​លំបាក​នោះ។ «បទពិសោធន៍​នេះ​ពិតជា​បាន​បង្រៀន​ខ្ញុំ​នូវ​ប្រការ​ជាច្រើន គឺ​ច្រើនជាង​អ្វីដែល​ខ្ញុំ​ធ្លាប់​បានធ្វើមុន​នោះ»។

    និយាយ​រួម បទពិសោធន៍​ទាំងឡាយ​នៅក្នុង​បរិស្ថាន​ប្លែក ថ្មី និង​មិន​ស្រួល​អារម្មណ៍​ដែល Harrison បាន​ឆ្លងកាត់ បាន​នាំ​គាត់​ទៅកាន់​អាជីព​មួយ​ប្រកបដោយ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់។

    ឆ្នាំ ១៩៩១ ក្រោយពី​ប៉ុន្មាន​ឆ្នាំ​ដែល Harrison បាន​ចាក​ចេញពី ទីក្រុង​ឡុង​ដ៍ ដើម្បី​ត្រលប់​ទៅ​ដឹកនាំ​អាជីវកម្ម​នៅ សហរដ្ឋ​អាម៉េរិក របស់ Chemical Bank គាត់​បាន​ជួយ​រៀបចំ​ដំណើរការ​នៃ​ការច្របាច់បញ្ចូលគ្នា​រវាង​ធនាគារ​នេះ ជាមួយនឹង Manufactures Hanover ដែល​ជាការ​ទិញដូរ​ក្រុម​ហ៊ុន​ដំបូង​ក្នុងចំណោម ៣ ករណី​ចុងក្រោយ​ដែល​បង្កើតបានជា JPMorgan Chase កាលពី​ឆ្នាំ ២០០០។ លោក Harrison បាន​ចូលនិវត្តន៍​កាលពី​ឆ្នាំ ២០០៦ បន្ទាប់ពី​​ជិត ៤ ទសវត្សរ៍​ដែល​លោក​បានធ្វើការ​ក្នុង​វិស័យ​ធនាគារ។

    ក្នុង​អាជីព​របស់ខ្លួន លោក Harrison ត្រូវបាន​គេ​ដាក់ឱ្យ​ស្ថិតក្នុងស្ថានភាព​ត្រូវ​ធ្វើ​​ការជ្រើសរើស​ជា​ញឹកញាប់​រវាង​ការចាកចេញ​ពី​តំបន់​សុវត្ថិភាព​របស់គាត់ និង​ការ​​នៅ​ជាមួយ​ក្រុមមនុស្ស​ដែល​លោក​ស្គាល់​ជិតស្និទ្ធ លោក Harrison ចែករំលែក​បទពិសោធ​ន៍​របស់គាត់ដូច្នេះ។ គាត់​ថា គាត់​តែងតែ​ជ្រើសរើស​វិធីដែល​​មិន​ជួយ​ឱ្យ​គាត់​បាន​​ស្រួល​ចិត្ត ហើយ​គាត់​ក៏​មិនដែល​ស្ដាយក្រោយ​ចំពោះ​អ្វីដែល​គាត់​បានសម្រេច​ចិត្ត​ចំពោះ​ការជ្រើសរើស​ទាំងនោះ។

    «ពេល​ងាកមើល​ក្រោយ ខ្ញុំ​ឃើញថា បើសិន​មិន​បាន​ធ្វើ​ដូច្នោះ ខ្ញុំ​ប្រាកដជា​បាន​រំលង​ចោល​​បទពិសោធន៍​ទាំងឡាយ​ដែល​អស្ចារ្យ ​មិនគួរ​ឱ្យ​​ជឿ​» អតីត CEO របស់​ធនាគារ JPMorgan សង្កត់ធ្ងន់​ដូច្នេះ៕

  • វៀតណាម បញ្ចុះ​អត្រាពន្ធ​គយ​នាំចូល​សម្រាប់​ទំនិញ​ពិសេស «ប្រេងសាំង»

    វៀតណាម បញ្ចុះ​អត្រាពន្ធ​គយ​នាំចូល​សម្រាប់​ទំនិញ​ពិសេស «ប្រេងសាំង»

    អត្រាពន្ធ​ពិសេស​ចំពោះ​ប្រេងសាំង​នាំចូល​ពី​បរទេស ត្រូវបាន វៀតណាម បញ្ចុះ​ពី ២០% មក​នៅត្រឹម ១០% និង​មាន​សុពលភាព​ចាប់ពី​ថ្ងៃទី ០៨ សីហា​នេះ។

    យោងតាម ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម ធៀប​នឹង​ប្រទេស​ជាច្រើន អត្រាពន្ធគយ​សម្រាប់​ប្រេងសាំង​របស់ វៀតណាម ដែល​នាំចូល​ពី​បរទេស នាបច្ចុប្បន្ន នៅមានកម្រិត​ទាប​ជាង​មធ្យមភាគ​រួម។ អត្រាពន្ធ​លើ​ប្រេងសាំង​នៅក្នុង​បណ្ដា​ប្រទេស ភាគច្រើន​ស្ថិតក្នុង​រង្វង់​ពី ៤០% ទៅ ៥៥% និង ៣៥% ទៅ ៥០% សម្រាប់​ប្រេងម៉ាស៊ូត (លើកលែងតែ​ប្រទេស​ដែលមាន​បរិមាណ​ប្រេងសាំង​ក្នុង​ឃ្លាំង​ច្រើន ទើប​មាន​អត្រាពន្ធគយ​ទាប​ជាង)។

    នៅ ប្រទេស​វៀតណាម អត្រាពន្ធ​ការពារ​បរិស្ថាន​ដែល​កំពុង​ត្រូវបាន​បន្ធូរបន្ថយ ជួយ​ឱ្យ​អត្រាពន្ធ​ក្នុងតម្លៃ​មូលដ្ឋាន​របស់​សាំង​ស្ថិតក្នុង​ចន្លោះ​ពី ១៩.៣៩% ទៅ ២១.៩៥% ទៅតាម​ប្រភេទ​សាំង និង ១១.០៥% ចំពោះ​ប្រេងម៉ាស៊ូត។

    ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម បាន​បញ្ជាក់ថា ទំនិញ​ប្រេងសាំង​ភាគច្រើន​ត្រូវបាន​នាំចូល​ពី​បណ្ដា​ប្រទេស​ដែលមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ វៀតណាម ដូច្នេះ ពន្ធ​នាំចូល​មាន​អត្រា​ទាប​ជាង ធៀប​នឹង ពន្ធ MFN (MFN ជា​ប្រភេទ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ​សម្រាប់​បណ្ដា​ប្រទេស​ក្រីក្រ)៕

  • ចិន រកឃើញ​វីរុស​ថ្មី «កាច​សាហាវ​ជាង​កូវីដ-១៩» និង​អាច​ឆ្លង​ពី​ស​ត្វកណ្ដុរ​មក​​​​មនុស្ស

    ចិន រកឃើញ​វីរុស​ថ្មី «កាច​សាហាវ​ជាង​កូវីដ-១៩» និង​អាច​ឆ្លង​ពី​ស​ត្វកណ្ដុរ​មក​​​​មនុស្ស

    អត្ថបទ​ព័ត៌មាន​មួយ​ដែល​ចុះផ្សាយ​លើ​ទស្សនាវដ្ដី​វេជ្ជសាស្ត្រ​ដ៏​ល្បីឈ្មោះ​មួយ​កាលពីពេលថ្មីៗនេះ​បានឱ្យដឹងថា ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ប្រភេទ​វីរុស​ថ្មី​មួយ​នៅ ប្រទេស​ចិន ដែល​ត្រូវបាន​គេ​ហៅ​បណ្ដោះអាសន្ន​ថា «LayV» ​អាច​ឆ្លង​មក​មនុស្ស​តាមរយៈ​សត្វ និង​នាំឱ្យ​កើត​ជំងឺ​សាហាវផ្សេងៗ។

    អត្ថបទ​ខាងលើ​ត្រូវបាន​ចុះផ្សាយ​ដោយ​ទស្សនាវដ្ដី «The New England Journal of Medicine» (NEJM) ហើយ​ព័ត៌មាន​ស្ដីពី​អត្ថបទ​នោះ​ត្រូវបាន​ប្រកាស​ដោយ​ទំព័រ The Paper របស់ ចិន។ ការរកឃើញ​វីរុស​ខាងលើនេះ គឺជា​លទ្ធផល​នៃ​កិច្ចសហការ​រវាង​ក្រុមអ្នកវិទ្យាសាស្ត្រ​ចិន និង សិង្ហ​បុរី។

    អត្ថបទ​ស្ដីពី​របកគំហើញ​នោះបាន​ឱ្យដឹងថា វីរុស​ដែល​ទើប​រកឃើញ​នោះ​គឺ Henipavirus មាន​ប្រភពពី​សត្វ អាច​ឆ្លង​មក​មនុស្ស និង​ត្រូវបាន​រកឃើញ​នៅក្នុង​ខេត្ត សាន​ទុង និង ខេត្ត​ហឺ​ណាន ប្រទេស​ចិន។ ក្រុម​អ្នកវិទ្យាសាស្ត្រ​បានដាក់​ឈ្មោះ​ឱ្យ​វីរុស​នោះ​ថា Langya henipavirus (LayV)។ គិត​មកដល់​បច្ចុប្បន្ន មាន​មនុស្ស ៣៥ នាក់​បាន​ឆ្លង​វីរុស​នេះ។

    ការវិភាគ​ហ្សែ​ន​បាន​បង្ហាញថា សត្វ​កណ្ដុល​ច្រមុះ​វែង​មួយ​ប្រភេទ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​វិទ្យាសាស្ត្រ​ថា Sorex araneus Linnaeus។ កណ្ដុរ​ដែល​​រស់នៅ​ក្នុងព្រៃនេះ អាចជា​ភ្នាក់ងារ​ចម្លង​ក្នុង​ធម្មជាតិ​របស់​វីរុស​នេះ។ បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា វីរុស​នេះ​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ដែរ ឬ​យ៉ាងណា​នៅឡើយ។

    សត្វកណ្ដុលច្រមុះវែងមួយប្រភេទ ដែលមានឈ្មោះក្នុងបញ្ជីវិទ្យាសាស្ត្រថា Sorex araneus Linnaeus អាច​ជា​ភ្នាក់ងារ​ចម្លង​វីរុស​ Henipavirus

    ​អ្នកជំងឺ​ទាំង ៣៥ នាក់​ដែល​បាន​ឆ្លង​វីរុស​ខាងលើ សុទ្ធ​តែមាន​អាការ​ក្ដៅខ្លួន ក្នុងនោះ​មាន​អ្នកជំងឺ​ចំនួន​ជាង​ពាក់កណ្ដាល មាន​អាការ​អស់កម្លាំង ក្អក មិន​ចង់​បរិភោគ​អាហារ។ ចំណែក​អ្នកជំងឺ​ពី ៣០% ទៅ ៤០% មាន​រោគសញ្ញា​ដូចជា ឈឺ​សាច់ដុំ ក្អួតចង្អោរ ឈឺក្បាល និង ៨% ​ត្រូវ​ខ្សោយ​មុខងារ​តម្រងនោម។

    បច្ចុប្បន្ន ពុំទាន់​មាន​វ៉ាក់សាំង ឬ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ Henipavirus នេះ​នៅឡើយ។ វិធីសាស្ត្រ​ព្យាបាល​តែមួយគត់ នោះ​គឺ​ថែទាំ និង​ជួយ​ដល់​អ្នកជំងឺ​ដើម្បី​អាច​គ្រប់គ្រង​អាការរោគ។ យោងតាម WHO អត្រា​នៃ​ការស្លាប់​ដោយសារ Henipavirus គឺ​ពី ៤០% ទៅ ៧៥% ខ្ពស់ជាង​ឆ្ងាយ​ធៀប​នឹង កូ​វីដ-១៩៕

  • វិស័យ​ទេសចរណ៍​របស់ ឡាវ មាន​សញ្ញា​ប្រសើរ​ជាង​មុន បន្ទាប់ពី​បើក​ប្រទេស​ឡើងវិញ

    វិស័យ​ទេសចរណ៍​របស់ ឡាវ មាន​សញ្ញា​ប្រសើរ​ជាង​មុន បន្ទាប់ពី​បើក​ប្រទេស​ឡើងវិញ

    ក្នុង ៦ ខែ​ដើម​ឆ្នាំនេះ ភ្ញៀវ​បរទេស​ដែល​បានមក​ទេសចរណ៍​នៅ ប្រទេស​ឡាវ មាន​ជាង ៤២ ពាន់​នាក់ ក្នុងនោះ​ភាគច្រើន​នៅក្នុង​ខែឧសភា និង​ខែមិថុនា។

    ប្រភពព័ត៌មាន​ពី រដ្ឋធានី​វៀងចន្ទន៍ បានឱ្យដឹងថា នាយកដ្ឋាន​អភិវឌ្ឍ​ទេសចរណ៍ នៃ ក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ឡាវ ប្រកាសថា ចំនួន​ទេសចរ​មកកាន់​ប្រទេស​នេះ​បាន​កើនឡើង​វិញ បន្ទាប់ពី ឡាវ បាន​ដក​បម្រាម​ក្នុងការ​ដើរហើរ​កាលពី​ខែមករា ២០២២។

    ជាក់ស្ដែង ក្នុង​រយៈពេល ៦ ខែ​ដើម​ឆ្នាំនេះ ភ្ញៀវ​បរទេស​ដែល​បានមក​កាន់ ប្រទេស​ឡាវ ដោយ​ប្រើប្រាស់​ទិដ្ឋាការ​ទេសចរណ៍ មាន​ជាង ៤២ ពាន់​នាក់ ក្នុងនោះ​ភាគច្រើន​នៅក្នុង​ខែឧសភា និង​ខែមិថុនា នៅពេល​រដ្ឋាភិបាល បាន​លុបចោល​លក្ខខណ្ឌ​នៃ​ការផ្ដល់​ទិដ្ឋាការ ទាក់ទិន​នឹង​ការបង្ការ​ជំងឺ​កូ​វីដ-១៩។

    នាយកដ្ឋាន​អភិវឌ្ឍ​ទេសចរណ៍​ឡាវ បានឱ្យដឹងថា ក្នុងអំឡុង ៥ ខែ​ដើមឆ្នាំ ២០២២ ឡាវ បានទទួល​ភ្ញៀវ​បរទេស​ជាង ៣៦,៥០០ នាក់ ស្នាក់នៅ​ជា​មធ្យម ៧.៩ ថ្ងៃ និង​ចំណាយ​មធ្យម​ប្រមាណ ៨៣ ដុល្លារ​អាម៉េរិក/ម្នាក់/ថ្ងៃ បង្កើតបាន​ចំណូល​ជូន​រដ្ឋ​ជាង ៤.៥៥ លាន​ដុល្លារ​អាម៉េរិក។

    ចំនួន​ទេសចរ​ក្នុងស្រុក​ក្នុង ៥ ខែ​ដើម​ឆ្នាំនេះ ក៏​ឡើងដល់​ជាង ៦២៦,០០០ លើក កើន ២.៨% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ​កន្លង និង​បង្កើតបាន​ចំណូល​ប្រមាណ ៧០.៧៩ លាន​ដុល្លារ។

    យោងតាម នាយកដ្ឋាន​អភិវឌ្ឍ​ទេសចរណ៍​ឡាវ ភ្ញៀវ​មកពី តំបន់​អាស៊ីអាគ្នេយ៍ គឺមាន​ច្រើន ក្នុងនោះ ប្រទេស​ថៃ ឈរ​លំដាប់​កំពូល​តារាង ដោយមាន ១៨,០០០ នាក់ បាន​ទៅលើ ប្រទេស​ឡាវ ក្នុងអំឡុង ៦ ខែ​ដើមឆ្នាំ ២០២២។