Author: សឿន សំណាង

  • អតីត​ប្រធានាធិបតីរបស់ ប្រទេស​​ស្រីលង្កា ទៅ​កាន់ ប្រទេស​ថៃ

    អតីត​ប្រធានាធិបតីរបស់ ប្រទេស​​ស្រីលង្កា ទៅ​កាន់ ប្រទេស​ថៃ

    កាលពី​ថ្ងៃទី ១១ សីហា អតីត​ប្រធានាធិបតី​របស់ ប្រទេស​ស្រីលង្កា លោក Gotabaya Rajapaksa បាន​ទៅ​ដល់ ទីក្រុង​បាងកក ប្រទេស​ថៃ បន្ទាប់ពី​បាន​ចាក​ចេញពី សិង្ហ​បុរី។

    លោក Rajapaksa បានធ្វើ​ដំណើរ​ដល់​ព្រលានយន្តហោះ Don Muang នៅ រាជធានី​បាងកក តាមរយៈ​ជើងហោះហើរ​ពី សិង្ហ​បុរី។ អាជ្ញាធរ​ថៃ បានឱ្យដឹងថា លោក Rajapaksa នឹង​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ ប្រទេស​ថៃ និង​មិន​មានបំណង​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​ឡើយ។

    កាលពី​ថ្ងៃទី ១០ សីហា នាយករដ្ឋមន្ត្រី​ថៃ លោក Prayuth Chan-o-cha ក៏​បានឱ្យដឹងថា នេះ​គឺជា​បញ្ហា​មនុស្សធម៌ និង​សង្កត់ធ្ងន់ថា លោក Rajapaksa នឹង​ស្នាក់នៅ​ក្នុងប្រទេស​នេះ​ជា​បណ្ដោះអាសន្ន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​ក៏​នឹង​​មិន​ចូលរួម​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ទាំងអស់នៅ​ទី​នេះ។

    រដ្ឋមន្ត្រីការបរទេស​ថៃ Don Pramudwinai បាន​ថ្លែងថា រដ្ឋាភិបាល​ស្រីលង្កា គាំទ្រ​ដំណើរ​របស់លោក Rajapaksa មកកាន់ ប្រទេស​ថៃ ជាទី​ដែល​លោក​នឹង​ត្រូវបាន​អនុញ្ញាតឱ្យ​ស្នាក់​នៅក្នុង​រយៈពេល ៩០ ថ្ងៃ ដោយ​ប្រើប្រាស់​លិខិតឆ្លងដែន​របស់គាត់។

    លោក Rajapaksa មិនបាន​បង្ហាញខ្លួន​ជា​សាធារណៈ ឬ​លើកឡើង​នូវ​ការអធិប្បាយ​ណាមួយ រាប់​ចាប់តាំងពី​ពេល​លោក​បាន​ចាក​ចេញពី ប្រទេស​ស្រីលង្កា៕

  • ទីក្រុង​ក្លាយទៅជា​ទន្លេ នៅ រដ្ឋធានី​របស់ កូរ៉េខាងត្បូង ក្រោយពី​ភ្លៀង​ធំ

    ទីក្រុង​ក្លាយទៅជា​ទន្លេ នៅ រដ្ឋធានី​របស់ កូរ៉េខាងត្បូង ក្រោយពី​ភ្លៀង​ធំ

    រដ្ឋធានី​សេ​អ៊ូ​ល របស់ កូរ៉េខាងត្បូង ទើបតែ​បាន​ឆ្លងកាត់​គ្រោះ​ជំនន់​ទឹកភ្លៀង​ធំ​បំផុត​ក្នុងអំឡុង ៨០ ឆ្នាំ​មកនេះ ធ្វើឱ្យ​ផ្លូវ​ជាច្រើន​នៅក្នុង​ទីក្រុង ក្លាយទៅជា​ទន្លេ បណ្ដាលឱ្យ​ខាតបង់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​មនុស្ស​ជាច្រើន​នាក់។

    ភ្លៀង​ធំ​ដែល​បាន​ធ្លាក់​នៅក្នុង និង​ជុំវិញ​តំបន់ សេ​អ៊ូ​ល ចាប់ពី​ថ្ងៃទី ០៨ សីហា បាន​ពន្លិច​ផ្លូវថ្នល់​ជាច្រើន​ខ្សែ និង​រថយន្ត​ជាច្រើន​គ្រឿង បង្ក​ឱ្យ​កើតមាន​គ្រោះ​ជំនន់​ទឹកភ្លៀង​ដល់​តំបន់​ដែលមាន​ភូមិសាស្ត្រ​ទាប និង​បង្ខំ​ឱ្យ​ប្រជាជន​រាប់រយ​នាក់​ត្រូវ​ជម្លៀស​ខ្លួន។

    យោងតាម​អាជ្ញាធរ​កូរ៉េខាងត្បូង ចាប់ពី​ថ្ងៃទី ០៨ ដល់ ១០ សីហា បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លា​ក់នៅ សេ​អ៊ូ​ល គឺ ៥២៥ ម​ម។ ចំណែក​តំបន់ Yangpyeong ដែលមាន​ចម្ងាយ​ពី សេ​អ៊ូ​ល ប្រហែល ៤៥ គីឡូម៉ែត្រ​ទៅ​ទិសខាងកើត បរិមាណ​ទឹកភ្លៀង​សរុប​ក្នុងពេល​ដំណាលគ្នា​នឹង ទីក្រុង​សេ​អ៊ូ​ល គឺ ៥២៦.២ ម​ម។

    ក្រុមមន្ត្រី​របស់ កូរ៉េខាងត្បូង កាលពី​ម្សិលមិញ បាន​បញ្ជាក់ថា មាន​មនុស្ស​ចំនួន ៩ នាក់​បាន​ស្លាប់, ៧ នាក់​បាត់​ខ្លួន, ១៧ នាក់​រងរបួស និង​ផ្ទះ អគារ​ជាង ២,៦០០ ខ្នង ត្រូវ​លិច​ក្នុង​ទឹកជំនន់ ក្រោយពី​ភ្លៀង​បាន​ធ្លាក់​ខ្លាំង​នៅក្នុង​សប្ដាហ៍​នេះ។

    នៅ​តំបន់​ខាងលើ មាន​ប្រជាជន​ប្រហែល ៥៧០ នាក់ មកពី ៣៩៨ គ្រួសារ ត្រូវ​ជម្លៀស​ខ្លួន ទៅកាន់​ទី​សុវត្ថិភាព។ នៅ​ទូទាំងប្រទេស អាជ្ញាធរ​បាន​ជម្លៀស​ខ្លួន​បណ្ដោះអាសន្ន​ចំពោះ​មនុស្ស​ប្រហែល ១,២០០ នាក់ មកពី ៧២៤ គ្រួសារ ដើម្បី​គេច​ពី​គ្រោះទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​នេះ៕

  • ឥណ្ឌូណេស៊ី នាំចេញ​យន្តហោះ​ដឹកជញ្ជូន​ផ្នែក​យោធា ទៅកាន់ ប្រទេស​ថៃ

    ឥណ្ឌូណេស៊ី នាំចេញ​យន្តហោះ​ដឹកជញ្ជូន​ផ្នែក​យោធា ទៅកាន់ ប្រទេស​ថៃ

    យន្តហោះ​ដែលមាន​លេខ​សម្គាល់ AX-2129 បាន​ហោះ​ឡើង​ពី​អាកាសយានដ្ឋាន Husein Sastranegara នៅ​ខេត្ត​ជ្វា​ខាងលិច ទៅ​ចុះចត​នៅលើ​មូលដ្ឋាន​ទ័ពអាកាស Nakhon Sawan របស់ ប្រទេស​ថៃ ទៅតាម​កិច្ចសន្យា។

    ក្រុមហ៊ុន​អាកាសចរណ៍​អវកាស PT Dirgantara Indonesia (PTDI) ដែលជា​កម្មសិទ្ធិ​របស់ រដ្ឋ​ឥណ្ឌូណេស៊ី ទើបតែ​បានប្រគល់​យន្តហោះ NC212i ទៅឱ្យ នាយកដ្ឋាន​អាកាសចរណ៍​កសិកម្ម និង​បង្កើត​ភ្លៀង​សិប្បនិម្មិត​នៃ​ព្រះរាជាណាចក្រ​ថៃ (DRRAA)។

    Wildan Arief ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ គ្រប់គ្រង​ហានិភ័យ និង​ធនធានមនុស្ស​របស់ PTDI ឱ្យដឹងថា យន្តហោះ ដែលមាន​លេខ​សម្គាល់ AX-2129 បាន​ហោះ​ឡើង​ពី​អាកាសយានដ្ឋាន Husein Sastranegara នៅ​ខេត្ត​ជ្វា​ខាងលិច ទៅ​ចុះចត​នៅលើ​មូលដ្ឋាន​ទ័ពអាកាស Nakhon Sawan របស់ ប្រទេស​ថៃ កាល​ពីសប្ដាហ៍​កន្លង​។

    លោក Arief និយាយថា NC212i គឺជា​យន្តហោះ​ពហុមុខ​ងារ ហើយ​យន្តហោះ ១ គ្រឿង​ដែល​ទើបតែ​ត្រូវបាន​ប្រគល់ឱ្យ ប្រទេស​ថៃ នេះ គឺជា​ប្រភេទ​សម្រាប់​ដឹកជញ្ជូន​ផ្នែក​យោធា និង​អាច​កែច្នៃ​ឱ្យទៅជា​យន្តហោះ​សម្រាប់​បាច​សារធាតុ​បង្កើត​ភ្លៀង​សិប្បនិម្មិត។

    យោងតាម​លោក Arief យន្តហោះ NC212i ១ គ្រឿង​ផ្សេងទៀត​នឹងត្រូវ​បាន ឥណ្ឌូណេស៊ី ប្រគល់ឱ្យ ប្រទេស​ថៃ នៅ​ចុងខែ​ធ្នូ​ខាងមុខ។

    គិត​មកដល់​បច្ចុប្បន្ន PTDI បានប្រគល់​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​សរុប ៤៦៦ គ្រឿង​រួចហើយ ទៅឱ្យ​អតិថិជន​នៅក្នុង និង​ក្រៅប្រទេស ក្នុងនោះ​ក៏មាន​យន្តហោះ NC212i ផងដែរ។ NC212i គឺជា​យន្តហោះ​ជំនាន់​ថ្មី​បំផុត​របស់​ត្រកូល​យន្តហោះ​ពហុមុខ​ងារ NC212 និង​អាច​ដឹក​មនុ​ស្សបាន ២៨ នាក់៕

  • ថត​បាន​សកម្ម​ភាពយ​ន្ត​ហោះ​ធ្លាក់ និង​ផ្ទុះ​ឆេះ ពេល​កំពុង​ព្យាយាម​ចុះចត​លើផ្លូវ​រថយន្ត

    ថត​បាន​សកម្ម​ភាពយ​ន្ត​ហោះ​ធ្លាក់ និង​ផ្ទុះ​ឆេះ ពេល​កំពុង​ព្យាយាម​ចុះចត​លើផ្លូវ​រថយន្ត

    (សហរដ្ឋ​អាម៉េរិក)-យន្តហោះ​ធុន​តូច ១ គ្រឿង កាលពី​រសៀល​ថ្ងៃទី ០៩ សីហា បាន​ហោះ​ធ្លាក់​មកលើ​ផ្លូវ​ល្បឿន​លឿន​នៅ​ភាគខាងត្បូង​នៃ​រដ្ឋ California និង​បាន​ផ្ទុះ​ឆេះ ​គួរឱ្យ​រន្ធត់។

    យោងតាម នាយកដ្ឋាន​ជាតិ​គ្រប់គ្រង​អាកាសចរណ៍​របស់ សហរដ្ឋ​អាម៉េរិក យន្តហោះ​ដែល​ដឹក​មនុស្ស ២ នាក់​នេះ បាន​ធ្លាក់​នៅលើ​ផ្លូវ​ល្បឿន​លឿន ៩១ នៅក្នុង​ទីក្រុង Corona ដែល​ស្ថិតក្នុង​ខណ្ឌ Riverside មាន​ចម្ងាយ​ប្រហែល ៨០ គីឡូម៉ែត្រ​ទៅ​ទិសខាងកើត​របស់ Los Angeles។

    វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ​បង្ហាញថា យន្តហោះ​នេះ​ធ្លាក់​នៅ​កណ្ដាលផ្លូវ​ដែលមាន​រថយន្ត​ជាច្រើន​កំពុង​បរ​​ពេញ​ផ្លូវ និង​បាន​ផ្ទុះ​ឆេះ​នៅពេល​វា​រុល​ក្បាល​ទៅខាង​ស្ដាំដៃ​របស់​វា​ និង​បុក​ទៅនឹង​ជញ្ជាំង​ផ្លូវ។

    អង្គភាព​ពន្លត់​អគ្គិភ័យ Corona បានឱ្យដឹងថា មនុស្ស ២ នាក់​នៅលើ​យន្តហោះ​បាន​រួច​ផុតពី​ការគ្រោះ​ថ្នាក់​នេះ​ ហើយក៏​មិនបាន​រងរបួស​ធ្ងន់ធ្ង​រ​អ្វីដែល បើ​ទោះ​វា​បាន​ប៉ះទង្គិច​នឹង​រថយន្ត​ទ្រុង ១ គ្រឿង។ ក្នុង​ហេតុ​ការណ៍​នេះ​ក៏​មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃនោះ​ដែរ។ អគ្គិភ័យ​នៅ​កន្លែងកើតហេតុ​ត្រូវបាន​គ្រប់គ្រង​ទាន់ពេល​វេលា​ក្រោយពី​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ទៅដល់ ប៉ុន្តែ យន្តហោះ​ត្រូវ​ខូច​ខាត​ទាំង​ស្រុង។

  • វៀតណាម ស្រាវជ្រាវ​ផលិត​ថ្នាំ​បង្ការ ប្រឆាំង​ជំងឺ​អុត​ស្វា (Monkeypox)

    វៀតណាម ស្រាវជ្រាវ​ផលិត​ថ្នាំ​បង្ការ ប្រឆាំង​ជំងឺ​អុត​ស្វា (Monkeypox)

    កាលពី​ថ្ងៃទី ១០ សីហា ក្រសួងសុខាភិបាល​វៀត​ណា​ម បាន​ស្នើឱ្យ​ស្ថាប័ន​ផលិត​ឱសថ និង​វត្ថុធាតុដើម​សម្រាប់​ផលិត​ឱសថ នាំចូល​វត្ថុធាតុដើម​ពី​បរទេស​ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ផលិត​ថ្នាំ​ព្យាបាល​ជំងឺ​អុត​ស្វា​នៅ​ក្នុង​ស្រុក។

    ប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងស្ថានភាព​ជំងឺ​អុត​ស្វា​កំពុង​បង្ក​ភាពស្មុគស្មាញ​នៅលើ​ពិភពលោក។ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឱ្យប្រើ​ប្រាស់​ឱសថ​ដែលមាន​ផ្ទុក​សារធាតុ Tecovirimat, Brincidofvir, Cidofovir, Probenecid សម្រាប់​ការទប់ស្កាត់ ប្រឆាំងនឹង​ជំងឺ​អុត​ស្វា។ បច្ចុប្បន្ន វ៉ាក់សាំង​បង្ការ​ជំងឺ​អុត​ស្វា​ក៏ត្រូវ​បានអនុម័ត​ឱ្យប្រើ​ប្រាស់​នៅក្នុង​ប្រទេស​មួយចំនួន​រួច​ហើយ។

    ដូច្នេះ ដើម្បី​ជំរុញ​ការប្រើប្រាស់​ឱសថ​ថ្មី​សម្រាប់​​ការ​ព្យាបាល​ជំងឺ​អុត​ស្វា នាយកដ្ឋាន​គ្រប់គ្រង​ឱសថ នៃ ក្រសួងសុខាភិបាល​វៀត​ណា​ម បាន​ស្នើឱ្យ​ស្ថាប័ន​ផលិត​ឱសថ វត្ថុធាតុដើម​សម្រាប់​ផលិត​ឱសថ បង្កើន​ការស្រាវជ្រាវ ធ្វើ​បច្ចុប្បន្នភាព​និន្នាការ​ស្រាវជ្រាវ​ ផលិត​ឱសថ​ព្យាបាល និង​វ៉ាក់សាំង​បង្ការ​ជំងឺ​អុត​ស្វា។

    ស្ថាប័ន​នាំចូល​ឱសថ វត្ថុធាតុដើម​សម្រាប់​ផលិត​ឱសថ ត្រូវបាន​ក្រសួងសុខាភិបាល​វៀតណាម អនុញ្ញាត​ឱ្យធ្វើ​ការទាក់ទង​ដោយផ្ទាល់​ទៅកាន់​ប្រភព​ផ្គត់ផ្គង់​ឱសថបរទេស​ ដើម្បី​នាំចូល​មក​ប្រទេស​នេះ សម្រាប់​​ធ្វើការ​ស្រាវជ្រាវ និង​ផលិត​ឱសថ​ព្យាបាល​ជំងឺ​អុត​ស្វា​ដោយផ្ទាល់។

    ក្រសួងសុខាភិបាល​វៀត​ណា​ម ប្រកាសថា នឹង​ផ្ដល់​អាទិភាព​​ក្នុងការ​​ផ្ដល់​លិខិតអនុញ្ញាត​សម្រាប់​​ការ​នាំចូល​ឱសថ វត្ថុ​ធាតុ​ដើម្បី​​ពី​បរទេស​ ដើម្បី​​​ផលិត​ឱសថ​ ទៅតាម​ការកំណត់​របស់​ច្បាប់។

    មុន​នោះ កាលពី​ថ្ងៃទី ២៣ កក្កដា WHO បានប្រកាស​អាសន្ន​អំពី​សុខភាព​សាធារណៈ​ ​ចំពោះ​ជំងឺ​អុត​ស្វា។ នេះ​គឺជា​ជំងឺ​ដែល​អាច​ឆ្លង​ពីស​ត្វ​មក​មនុស្ស ពី​មនុស្ស​ទៅ​មនុស្ស តាមរយៈ​ការប៉ះពាល់ ដោយ​ឆ្លងតាម​ស្នាមរបួស​មិនទាន់​ជា ជាតិ​ទឹក​រ​ងៃ ទឹកមាត់ ឬ​ទឹកសម្បោ​រដែ​លបាញ់​ចេញពី​ប្រព័ន្ធ​ផ្លូវដង្ហើម និង​តាមរយៈ​ការប៉ះពាល់​សត្វ ព្រមទាំង​របស់របរ​​ប្រើប្រាស់​ដែលមាន​ផ្ទុក​​វីរុស​អុត​ស្វា។

    រយៈពេល​នៃ​ការ​សំងំ​​របស់​វីរុស​អុត​ស្វា ​គឺ​ចាប់ពី ៦ ទៅ ១៣ ថ្ងៃ ប៉ុន្តែ អាច​ចាប់ពី ៥ ទៅ ២១ ថ្ងៃ​ផងដែរ។ អាការ​របស់​ជំងឺ​នេះ​រួមមាន ក្ដៅខ្លួន ឈឺក្បាល ឈឺ​សាច់ដុំ ឈឺ​ខ្នង ឡើង​កូនកណ្ដុរ ព្រឺ​រងា អស់កម្លាំង ចេញ​កន្ទួល ពងទឹក​មាន​រូបរាង​ដូច​មុនធំៗនៅលើ​មុខ ក្នុង​មាត់ ឬ​បាតដៃ បាតជើង ទ្រូង ប្រដាប់ភេទ ឬ​បាត​ជា​ដើម​៕

  • ក្រសួងពាណិជ្ជកម្ម ប្រកាសពីតម្លៃលក់រាយប្រេងរាយប្រេងឥន្ធនៈ អនុវត្តចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២២

    ក្រសួងពាណិជ្ជកម្ម ប្រកាសពីតម្លៃលក់រាយប្រេងរាយប្រេងឥន្ធនៈ អនុវត្តចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២២

    នាព្រឹក​ថ្ងៃទី ១១ សីហា​នេះ ក្រសួងពាណិជ្ជកម្ម របស់ កម្ពុជា បាន​ប្រកាសពីតម្លៃលក់រាយប្រេងរាយប្រេងឥន្ធនៈតាមស្ថានីយប្រេងនានាទូទាំងប្រទេស ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២២ ក្នុង​នោះ ប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤,៦៥០ រៀល/លីត្រ (ថយ​ចុះ ១០០ រៀល) និងប្រេងម៉ាស៊ុតត្រូវលក់តម្លៃ ៥,០០០ ​រៀល/លីត្រ (ថយ​ចុះ ១៥០ រៀល)។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដី​ប្រកាស​របស់ ក្រសួង​ពាណិជ្ជកម្ម​ ខាងក្រោម​ ៖

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​ដើម​​ថ្ងៃទី ១១ ខែ​សីហា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​ដើម​​ថ្ងៃទី ១១ ខែ​សីហា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ២១ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ១០ ខែ​សីហា ២០២២ ក្នុង​នោះ​មាន​​​ករណី​ឆ្លង​ក្នុងសហគមន៍​ចំនួន​ ២១ នាក់។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ៣៥ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

  • ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ព្យាករ​អំពី​ពេលវេលា​បញ្ចប់សង្គ្រាម​ជាមួយ រុស្ស៊ី

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ព្យាករ​អំពី​ពេលវេលា​បញ្ចប់សង្គ្រាម​ជាមួយ រុស្ស៊ី

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី កាលពី​ថ្ងៃទី ១០ សីហា បានឱ្យដឹងថា ប្រទេស​នេះ​នឹង​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង រុស្ស៊ី រហូត​ដល់ពេល​ដណ្ដើម​បាន ឧបទ្វីប​គ្រី​មៀ (Crime) មកវិញ។

    «ការប្រយុទ្ធ​របស់ រុស្ស៊ី ប្រឆាំងនឹង អ៊ុយ​ក្រែ​ន និង ទ្វីបអឺរ៉ុប​សេរី ទាំងមូល គឺ​ចាប់ផ្ដើម​ពី គ្រី​មៀ ហើយក៏​នឹងត្រូវ​បញ្ចប់​ជាមួយនឹង​ការរំដោះ គ្រី​មៀ» លោក ហ្សេ​ឡែ​ន​ស្គី បាន​អះអាង​នៅក្នុង​ការ​ថ្លែង​តាមរយៈ​វីដេអូ​របស់លោក។

    «គ្រី​មៀ គឺជា​កម្មសិទ្ធិ​របស់ អ៊ុយ​ក្រែ​ន ហើយ​យើង​នឹងមិន​បោះបង់​ទឹកដី​នេះ​ជាដាច់ខាត» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បញ្ជាក់។ លោក ហ្សេ​ឡែ​ន​ស្គី យល់ថា នឹង​មិនមាន​សន្តិភាព​នៅ សមុទ្រ​ខ្មៅ និង មេ​ឌី​ទែ​រ​ណេ ឡើយ «បើសិន រុស្ស៊ី នៅតែ​ប្រើប្រាស់ គ្រី​មៀ ជា​មូលដ្ឋានទ័ព»។

    លោក ហ្សេ​ឡែ​ន​ស្គី ទទួលស្គាល់ថា ពិតជា​មានការ​លំបាក​ក្នុងការ​សន្និដ្ឋានថា នៅពេលណា​ទើប អ៊ុយ​ក្រែ​ន អាច​រំដោះ គ្រី​មៀ បាន ប៉ុន្តែ លោក​បាន​អះអាងថា «យើង​នឹង​នៅតែ​បន្ថែម​វិធានការថ្មីៗទៅក្នុង​យុទ្ធសាស្ត្រ​រំដោះ» តំបន់​នេះ។

    អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់ រុស្ស៊ី Medvedev បាន​ព្រមាន​ថា បើសិន ក្រុមមន្ត្រី​នៅ រដ្ឋធានី​កៀវ ប្ដេជ្ញា​ប្រើប្រាស់​កម្លាំងបាយ​ចំពោះ គ្រី​មៀ «ពួកគេ​នឹងត្រូវ​ប្រឈម​នឹង​ថ្ងៃ​កាត់ទោសភ្លាម»៕

  • យន្តហោះចម្បាំង​រុស្ស៊ី ជិត​ ១០ គ្រឿង ត្រូវ​បាន​បំផ្លាញ​​ ​ក្នុង​ករណី​ផ្ទុះ​នៅឯ​​ព្រលានយន្តហោះ​គ្រី​មៀ (Crimea)

    យន្តហោះចម្បាំង​រុស្ស៊ី ជិត​ ១០ គ្រឿង ត្រូវ​បាន​បំផ្លាញ​​ ​ក្នុង​ករណី​ផ្ទុះ​នៅឯ​​ព្រលានយន្តហោះ​គ្រី​មៀ (Crimea)

    រូបភាព​ពី​ផ្កាយរណប​បង្ហាញថា យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​របស់ រុស្ស៊ី ត្រូវ​ខូចខាត ក្នុង​គ្រា​ដែល​ឃ្លាំង​អាវុធ​ស្ថិតក្នុង​ស្ថានភាព​ដដែល នៅក្នុង​មូលដ្ឋាន Saki នៅ គ្រី​មៀ បន្ទាប់ពី​ហេតុការណ៍​ផ្ទុះ​ដ៏​ធំ​ជាច្រើន​ករណី​បានកើត​ឡើង។

    រូបភាព​ពី​ផ្កាយរណប​ដែល​ប្រកាស​កាលពី​ថ្ងៃទី ១០ សីហា ដោយ​ក្រុមហ៊ុន Planet Labs និង​ត្រូវបាន​ទំព័រ​យោធា​អាម៉េរិក War Zone វិភាគ បានបង្ហាញ​អំពី ឥទ្ធិពល​ពី​ករណី​ផ្ទុះ​នៅឯ​ព្រលានយន្តហោះ​យោធា Saki ក្បែរ​តំបន់ Novofyodorovka លើ ឧបទ្វីប​គ្រី​មៀ មុន​នោះ​មួយថ្ងៃ។

    ការខូចខាត ភាគច្រើន​កើតមាន​នៅ​តំបន់​ភាគ​និរតី​នៃ​មូលដ្ឋានទ័ព Saki ជាទី​ដែលមាន​ព្រលានយន្តហោះ និង​លេណដ្ឋាន​ការពារ​យន្តហោះ ចំណែក​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់​ព្រលានយន្តហោះ​នេះ មិន​រង​ការខូចខាត។

    «ពេល​ប្រៀបធៀប​ជាមួយនឹង​រូបភាព​មុនពេល​កើតមាន​ហេតុការណ៍​ផ្ទុះ ឃើញថា យន្តហោះ​ចម្បាំង Su-24 ចំនួន ៣ គ្រឿង និង Su-30 ១ គ្រឿង ត្រូវបាន​បំផ្លាញ​នៅលើ​ចំណត​សំខាន់​របស់​យន្តហោះ។ សំណង់​ទាំងឡាយ​ដែល​នៅក្បែរនោះ​ក៏​រង​ការខូចខាត​ក្នុង​កម្រិតផ្សេងៗគ្នា» អ្នកជំនាញ​ផ្នែក​យោធា Joseph Trevithick បានឱ្យដឹង​ដូច្នេះ។

    រូបភាព​ពី​ផ្កាយរណប​ក៏បាន​បង្ហាញថា មាន​រណ្ដៅធំៗចំនួន ៤ ដែលមាន​ទំហំ​ប្រហាក់ប្រហែលគ្នា នៅលើ​ចំណត​របស់​យន្តហោះ​ដែលមាន​លេណដ្ឋាន​ការពារ។ យ៉ាងហោចណាស់​ក៏មាន​យន្តហោះ​ចម្បាំង Su-30 និង Su-24 ចំនួន ៣ គ្រឿង ត្រូវបាន​បំផ្លាញ​ទាំងស្រុង​នៅ​ទីតាំង​នេះ ខណៈដែល Su-24 ១ គ្រឿង​ទៀត​ដែល​នៅក្បែរនោះ បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ។

    អគ្គិភ័យ​ដ៏​ធំ​មួយ​បាន​ដុត​កម្ទេច​មួយ​ភាគ​ធំ​នៃ​វាលស្មៅ​នៅ​កណ្ដាល​ព្រលានយន្តហោះ ប៉ុន្តែ ឃ្លាំង​អាវុធ​សំខាន់ និង​ទីលាន​ផ្គុំ​អាវុធ​សម្រាប់​យន្តហោះ​ចម្បាំង មិនបាន​រង​ផលប៉ះពាល់។

    សាក្សី​បានឱ្យដឹងថា បានឮ​សំឡេង​ផ្ទុះ​យ៉ាងតិច ១២ គ្រាប់ នៅវេលា​ម៉ោង​ប្រហែល ១៥ និង ២០ នាទី ថ្ងៃទី ០៩ សីហា ចេញពី​មូលដ្ឋាន​ទ័ពអាកាស Saki ក្បែរ Novofyodorovka នៅលើ ឧបទ្វីប​គ្រី​មៀ។

    ភាគី​ខាង​រុស្ស៊ី និយាយថា ករណី​ផ្ទុះ​នៅឯ​ព្រលានយន្តហោះ​ខាងលើ គឺ​ដោយសារ​ការឆេះ​ឃ្លាំង​អាវុធ ពោលគឺ​មិនមែន​ដោយសារ​ការវាយប្រហារ​ពី អ៊ុយ​ក្រែ​ន ឡើយ។ ចំណែក អ៊ុយ​ក្រែ​ន វិញ​យល់ថា ករណី​ផ្ទុះ​ទាំងនោះ​អាច​បណ្ដាលមកពី​ភាព​អន់​ខ្សោយ​របស់ រុស្ស៊ី ឬ​ដោយសារ​ការ​ឆ្មក់​វាយប្រហារ​ពីស​ត្រូវ​របស់​ប្រទេស​នេះ៕

  • រដ្ឋធានី​វី​យែ​ន អនុវត្ត​គម្រោង​សន្សំសំចៃ​អគ្គិសនី ព្រោះតែ​តម្លៃ​ថាមពល​កើនឡើង​ខ្ពស់​ខ្លាំង

    រដ្ឋធានី​វី​យែ​ន អនុវត្ត​គម្រោង​សន្សំសំចៃ​អគ្គិសនី ព្រោះតែ​តម្លៃ​ថាមពល​កើនឡើង​ខ្ពស់​ខ្លាំង

    វី​យែ​ន (រដ្ឋធានី​របស់ អូទ្រីស) ដែលជា​ទីក្រុង​ល្បីឈ្មោះ​ខ្លាំង​ទាក់ទង​នឹង​តំបន់​ផ្សារ​ណូអែល និង​កម្មវិធី​ប្រគំ​តន្ត្រី​អបអរ​ឆ្នាំ​ថ្មី​យ៉ាង​គគ្រឹកគគ្រេង នឹង​បិទ​ប្រព័ន្ធ​អំពូល​ភ្លើង​សាធារណៈ​មួយចំនួន ដោយសារតែ​តម្លៃ​ថាមពល​កើនឡើង​ខ្ពស់​ខ្លាំង។

    អ្នកនាំពាក្យ​របស់ អាជ្ញាធរ​រដ្ឋធានី​វី​យែ​ន បានឱ្យដឹងថា យោងតាម​ផែនការ​សន្សំសំចៃ​ថាមពល ឆ្នាំនេះ​នឹងមិន​មាន «ពន្លឺ​ណូអែល» នៅលើ​មហាវិថី Ring ដែលជា​ផ្លូវ​ល្បីឈ្មោះ​មួយ​ព័ទ្ធជុំវិញ​រដ្ឋធានី​រប​ស់ អូទ្រីស។ ប្រភេទ​អំពូល​ភ្លើង​ទាំងឡាយ​ក្នុង​ទីតាំង​ផ្សារ​ណូអែល នៅ​ទីលាន​ខាងមុខ​អគារ​ក្រុមប្រឹក្សាភិបាល​រដ្ឋធានី នឹងត្រូវ​បាន​បើក​តែ​នៅ​ពេលយប់​ប៉ុណ្ណោះ ពោលគឺ​មិន​បើក​ចាប់ពី​ក្បាល​ព្រលប់​ដូចឆ្នាំមុនៗឡើយ។

    ក្រុមមន្ត្រី​នៅ រដ្ឋធានី​វី​យែ​ន បញ្ជាក់ថា ពួកគេ​មិនទាន់​គណនា​ដឹង​ច្បាស់​ថា នឹង​សំច័យ​ថាមពល​បាន​ប៉ុន្មាន​នៅឡើយ ប៉ុន្តែ​គម្រោង​នេះ​ត្រូវបាន​អនុវត្ត​បន្ទាប់ពី​តម្លៃ​ថាមពល​កើនឡើង​ខ្ពស់ ដោយសារតែ​ផលប៉ះពាល់​ពី​ទណ្ឌកម្ម​របស់ សហភាព​អឺរ៉ុប ដែល​បានដាក់​ទៅលើ រុស្ស៊ី ព្រោះតែ​បាន​ចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។

    អូទ្រីស ជា​ប្រទេស​ដែលមាន​ប្រជាជន ៩ លាន​នាក់ ពឹងផ្អែក​ភាគច្រើន​ទៅលើ​វិ​ស​ទេសចរណ៍ ហើយ​រដូវ​បុណ្យ​នៅ​ចុងឆ្នាំ គឺជា​ប្រភព​ចំណូល​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​នេះ។