Author: សឿន សំណាង

  • ក្រុមហ៊ុន​មួយ​របស់​ចិន ក្លាយជា​អ្នក​វិនិ​យោគ​ធំជាងគេ​​​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ហុង​គ្រី

    ក្រុមហ៊ុន​មួយ​របស់​ចិន ក្លាយជា​អ្នក​វិនិ​យោគ​ធំជាងគេ​​​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ហុង​គ្រី

    ក្រុមហ៊ុន CATL បានសម្រេច​ចិត្ត​បោះទុន​វិនិយោគ ៧.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅក្នុង​គម្រោង​សាងសង់​រោងចក្រ​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​មួយ​សម្រាប់ផ្គត់​ផ្គង់​ដល់​បណ្ដា​​រោង​ចក្រ​ផលិត​រថយន្ត​នៅ ប្រទេស​ហុង​គ្រី។

    កាលពី​ចុង​សប្ដាហ៍​កន្លង ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្ទុក​ថាមពល Contemporary Amperex Technology Co. Limited (CATL) របស់​ ចិន បាន​ក្លាយជា​អ្នកវិនិយោគ​ធំជាងគេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ប្រទេស​ហុង​គ្រី នៅពេល​ភាគី​ទាំងពីរ​សម្រេចបាន​កិច្ចព្រមព្រៀង​សហការ​ដែលមាន​តម្លៃ ៧.៦ ពាន់​លាន​ដុល្លារ ក្រោយពី​ការចរចា​ជាង ២ ឆ្នាំ។

    នៅលើ​ទំព័រ​បណ្ដាញ​សង្គម​របស់ខ្លួន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី Peter Szijjarto បានឱ្យដឹងថា ក្រុមហ៊ុន CATL បានសម្រេច​ចិត្ត​វិនិយោគ ៧.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ​ទៅក្នុង​គម្រោង​សាងសង់​រោងចក្រ​ផលិត​ថ្ម​ផ្ទុក​ថាមពល​មួយ ​សម្រាប់​ផ្គត់ផ្គង់​ដល់​បណ្ដា​​រោងចក្រ​ផលិត​រថយន្ត​នៅ ហុង​គ្រី។ នេះ​ក៏​ជា​ខ្ទង់​វិនិយោគ​ទៅលើ​វិស័យ​ថាមពលបៃតង​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ ប្រទេស​ហុង​នេះ​។

    នៅក្នុង​ប្រកាស​មួយ CATL ក៏បាន​ឱ្យដឹងថា ក្រុមហ៊ុន​នេះ​នឹង​សាងសង់​រោងចក្រ​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី ១០០ GWh នៅ Debrencen ភាគ​ខាងកើត​នៃ ប្រទេស​ហុង​គ្រី។ Debrencen គឺជា​ទីរួមស្រុក​ធំ​ទី​ពីរ​នៅ ហុង​គ្រី និង​ស្ថិតនៅ​ចំ​កណ្ដាល ទ្វីបអឺរ៉ុប។

    មជ្ឈមណ្ឌល​ពិព័រណ៍មួយ​នៅ អឺរ៉ុប របស់ក្រុមហ៊ុនចិន CATL

    រោងចក្រ​ថ្មី​នេះ​នឹង​ផ្គត់ផ្គង់​គ្រឿងបន្លាស់​ជាដើម ទៅឱ្យ​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ អឺរ៉ុប ដូចជា Mercedes-Benz, BMW, Stellantis និង Volkswagen។ល។ រោងចក្រ​នេះ​មាន​ផ្ទៃក្រឡា​ប្រហែល ២២១ ហិកតា និង​ជា​រោងចក្រ​ទី​ពីរ​របស់ CATL នៅ អឺរ៉ុប បន្ទាប់ពី​រោងចក្រ​មួយ​នៅ ប្រទេស​អាល្លឺម៉ង់។ ការសាងសង់​រោងចក្ររបស់ CATL នៅ Debrecen គ្រោង​នឹង​ចាប់ផ្ដើម​ក្នុងឆ្នាំនេះ។

    គម្រោង​ថ្មី​នេះ​កំពុងតែ​ជួយ​ឱ្យ ហុង​គ្រី ក្លាយជា​មជ្ឈមណ្ឌល​ធំ​មួយ​ទាក់ទង​នឹង​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ អឺរ៉ុប។ Debrecen គឺជា​តំបន់​ដែលមាន​រោងចក្រ​ជាច្រើន​កំពុង​ត្រូវបាន BMW សាងសង់ ខណៈដែល​ក្រុមហ៊ុន Audi មាន​រោងចក្រ​នៅ Gyor ភាគ​ខាងលិច​របស់ ហុង​គ្រី និង​ក្រុមហ៊ុន Mercedes-Benz មាន​រោងចក្រ​នៅ Kecskemet ភាគ​កណ្ដាល​នៃ​ប្រទេស៕

  • រុស្ស៊ី ប្រកាស​បង្ហាញ​ស្ថានីយ​អវកាស​ថ្មីផ្ទាល់​ខ្លួន សម្រាប់​ដំណាក់​កាល​ក្រោយ​ដក​ថយ​​ពី​ ISS

    រុស្ស៊ី ប្រកាស​បង្ហាញ​ស្ថានីយ​អវកាស​ថ្មីផ្ទាល់​ខ្លួន សម្រាប់​ដំណាក់​កាល​ក្រោយ​ដក​ថយ​​ពី​ ISS

    ទីភ្នាក់ងារ​អវកាស​រុស្ស៊ី (Roscosmos) កាលពី​ម្សិលមិញ បានប្រកាស​បង្ហាញ​ទម្រង់​រូបរាង​គំរូ​នៃ​ស្ថានីយ​អវកាស​ថ្មី ក្នុង​គ្រា​ប្រទេស​នេះ​មាន​គម្រោង​ដកខ្លួន​ពី​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ក្រោយ​ឆ្នាំ ២០២៤។

    ទម្រង់​រូបរាង​របស់​ស្ថានីយ​អវកាស​ថ្មី​របស់ រុស្ស៊ី ត្រូវបាន​ប្រកាស​​បង្ហាញ​នៅក្នុង​វេទិកា​យោធា-បច្ចេកទេស​អន្តរជាតិ Army 2022។ ក្រុមហ៊ុន​អវកាស Energia ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Roscosmos បច្ចុប្បន្នកំពុង​អភិវឌ្ឍ​គ្រោងឆ្អឹង​របស់​ស្ថានីយ​អវកាស​អនាគត ដែល​គ្រោង​នឹងត្រូវ​បាន​ដំឡើង​នៅ​ទី​អវកាស​​​ទៅតាម ២ ដំណាក់កាល។

    ដំណាក់​កាលពី ១ រួមមាន ម៉ូឌុល​ចំនួន ៤ និង​មាន​សមាជិក​នៅលើ​ស្ថានីយ​នេះ​ចំនួន ២ នាក់។ ដំណាក់កាល​ទី ២ នឹង​បន្ថែម​មូ​ឌុល​ចំនួន ២ ទៀត។ ក្រោយមក ចំនួន​សមាជិក​ក្នុង​ស្ថានីយ​អវកាស​នេះ​នឹង​កើនឡើង​ដល់ ៤ នាក់។

    រូងរាងគំរូនៃស្ថានីយអវកាសថ្មី និងផ្ទាល់ខ្លួនរបស់ ប្រទេសរុស្ស៊ី

    កាលពី​ខែកក្កដា​កន្លងទៅ ប្រធាន​អង្ការ​ Roscosmos លោក Yury Borisov ថ្លែងថា រុស្ស៊ី នឹង​ដកខ្លួន​ពី ISS ក្រោយ​ឆ្នាំ ២០២៤។ លោក Yury បញ្ជាក់ថា ការសម្រេចចិត្ត​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ឡើយ។

    រុស្ស៊ី អាច​ផ្ដើម​សាងសង់​ស្ថានីយ​អវកាស​ផ្ទាល់ខ្លួន ចាប់ពី​ឆ្នាំ ២០២៨ នេះ​បើ​យោង​ទៅ​តាម​លោក Vladimir Solovyov អវកាស​ចរ​ជំនាន់​សូ​វៀត និង​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​រចនា​របស់​ក្រុមហ៊ុន​អភិវឌ្ឍ​យានអវកាស RSC Energia ឱ្យ​ដឹង​កាលពី​ឆ្នាំ ២០២១៕

  • តម្លៃ​អគ្គិសនី​នៅ ប្រទេស​ថៃ កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន

    តម្លៃ​អគ្គិសនី​នៅ ប្រទេស​ថៃ កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន

    ប្រទេស​ថៃ ថ្មីៗនេះ បានអនុម័ត​ដំឡើងថ្លៃ​អគ្គិសនី​ក្នុង​អត្រា ១៨% ចាប់ពី​ខែកញ្ញា ២០២២ នាំឱ្យ​តម្លៃ​អគ្គិសនី​នៅ​ប្រទេស​នេះ ​ឡើងដល់ ៤.៧២ បាត/គីឡូ​វ៉ាត​ម៉ោង។

    តម្លៃ​អគ្គិសនី​សម្រាប់​ប្រើប្រាស់​តាម​គ្រួសារ​នៅ ប្រទេស​ថៃ នឹង​កើន​ឡើងដល់ ៤.៧២ បាត (៥៥១ រៀល) ក្នុង​ ១ គីឡូ​វ៉ាត​ម៉ោង ខ្ពស់បំផុត​មិន​ធ្លាប់មាន​ពីមុន​មក​របស់​ប្រទេស​នេះ នៅពេល គណៈកម្មការ​គ្រប់គ្រង​ថាមពល (ERC) ដំឡើងថ្លៃ​ឥន្ធនៈក្នុងអំឡុងពេល​ពី​ខែកញ្ញា​ដល់​ខែធ្នូ ២០២២។

    តម្លៃ​ឥន្ធនៈ​នៅ ប្រទេស​ថៃ បាន​កើនឡើង​ខ្ពស់​ខ្លាំង ព្រោះតែ​ប្រទេស​នេះ​ត្រូវ​នាំចូល​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) ពី​ទីផ្សារ​ដែលមាន​ស្រាប់ ដើម្បី​បង្គ្រប់​ទៅលើ​ការថយចុះ​នៃ​បរិមាណ​ដែល​ផលិត​បាន​ពី ឈូង​សមុទ្រ​ថៃ។ ថៃ នាំចូល LNG រហូតដល់ ៦០% ធៀប​នឹង​ឥន្ធនៈ​សរុប​ដែល​ប្រើប្រាស់​ដើម្បី​ផលិត​អគ្គិសនី​នៅ ប្រទេស​នេះ។

    ERC បានឱ្យ​ដឹង​ថា ការផលិត LNG ក្នុងស្រុក​របស់ ថៃ បាន​ថយចុះ​ច្រើន បង្ខំ​ឱ្យ​ប្រទេស​នេះ​ត្រូវ​នាំចូល LNG បន្ថែមទៀត ដើម្បី​ផ្គត់ផ្គង់​ដល់​បណ្ដា​រោងចក្រ​ផលិត​អគ្គិសនី​របស់ខ្លួន។ ទន្ទឹមនឹងនេះ សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន ក៏បាន​រុញច្រាន​តម្លៃ LNG នៅក្នុង​ទីផ្សារ​អន្តរជាតិ ឡើង​ខ្ពស់ខ្លាំង ធ្វើឱ្យ​ការចំណាយ​លើ​ការផលិត​អគ្គិសនី​នៅ ប្រទេស​ថៃ កើនឡើង​ថែម​មួយកម្រិត​ទៀត។

    REC ព្យាករ​ថា ស្ថាន​ភាពខ្វះ LNG នឹង​អូសបន្លាយ​ដល់​ឆ្នាំ ២០២៣ ដោយសារ​ប្រភព​ផ្គត់ផ្គង់​នៅ ប្រទេស​ថៃ និង មី​យ៉ាន​ម៉ា នៅតែ​មិនអាច​ធានាបាន ហើយ​ស្ថានការណ៍​សេដ្ឋកិច្ច​បច្ចុប្បន្ន​ក៏​មិនទាន់មាន​អំណោយផល​ល្អ​សម្រាប់​ការវិនិយោគ​ទៅលើ​គម្រោង​ថ្មី​ដើម្បី​ស្វែងរក LNG។

    បច្ចុប្បន្ន ERC កំពុង​ស្រាវជ្រាវ​លើ​លទ្ធភាព​នៃ​ការប្រើប្រាស់​ប្រភព​ឥន្ធនៈ​ជំនួស​សម្រាប់​បណ្ដា​រោងចក្រ​អគ្គិសនី​របស់ ប្រទេស​ថៃ រួមមាន ប្រេង, ប្រេងម៉ាស៊ូត, ធ្យូង, វា​រី​អគ្គិសនី និង​ថាមពល​កកើត​ឡើងវិញ។

    គណៈកម្មការ​គ្រប់គ្រង​ថាមពល (ERC) របស់ ថៃ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន សហគ្រាស​ទាំងអស់ ឱ្យ​មាន​សន្សំសំច័យ​អគ្គិសនី ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​របស់ ប្រទេស​ថៃ ទៅលើ​ប្រភព LNG ពី​បរទេស៕

  • សហរដ្ឋ​អាម៉េរិក ធ្វើ​សមយុទ្ធ​ការពារ​មី​ស៊ី​ល ជាមួយ ជប៉ុន និង កូរ៉េខាងត្បូង

    សហរដ្ឋ​អាម៉េរិក ធ្វើ​សមយុទ្ធ​ការពារ​មី​ស៊ី​ល ជាមួយ ជប៉ុន និង កូរ៉េខាងត្បូង

    កងទ័ពជើងទឹក​អាម៉េរិក កូរ៉េខាងត្បូង និង​កងទ័ព​របស់ ជប៉ុន រួមគ្នា​ធ្វើ​សមយុទ្ធ​ការពារ​មី​ស៊ី​ល​នៅលើ មហាសមុទ្រ​ប៉ា​ស៊ី​ហ្វ៊ិ​ក ដើម្បី​ទប់ទល់​នឹង «ឧបសគ្គ​ពី កូរ៉េខាងជើង»។

    «កងទ័ពជើងទឹក​អាម៉េរិក កងកម្លាំង​ការពារ​សមុទ្រ​របស់ ជប៉ុន និង​កងទ័ពជើងទឹក​របស់ កូរ៉េខាងត្បូង ថ្ងៃទី ០៨ ដល់ ១៤ (ខែសីហា) ចូលរួម​ធ្វើ​លំ​ហាត់​សមយុទ្ធ​ព្រមាន ស្វែងរក និង​តាមដាន​មី​ស៊ី​ល​ប្លោង នៅក្នុង​ក្របខណ្ឌ​នៃ​សមយុទ្ធ​ពហុ​ជាតិ Pacific Dragon នៅ​លើ​សមុទ្រក្បែរ​​ឆ្នេរ​ហ្វឹកហ្វឺន​មី​ស៊ី​ល​ប៉ា​ស៊ី​ហ្វ៊ិ​ក (PMRF) នៅ Hawaii» មន្ទីរ​បញ្ច​កោណ ប្រកាស​កាលពី​ថ្ងៃទី ១៥ សីហា។

    មន្ទីរ​បញ្ច​កោណ ឱ្យដឹងថា សមយុទ្ធ​ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​របស់ សហរដ្ឋ​អាម៉េរិក, ជប៉ុន និង កូរ៉េខាងត្បូង ក្នុងការ​សហការ​ត្រីភាគី​ដើម្បី «ទប់​ទល់នឹង​ឧបសគ្គ​ពី កូរ៉េខាងជើង ការការពារ​សន្តិសុខ​រួម និងការ​​ស្ដារ​​សណ្ដាប់​ធ្នាប់​​អន្តរ​ជាតិ​ដោយយោង​ទៅ​​លើ​ច្បាប់ទម្លាប់»។

    កម្មវិធី​ហ្វឹកហ្វឺន Pacific Dragon ត្រូវបាន​ធ្វើឡើង ២ ឆ្នាំ​ម្ដង ដើម្បី​កែលម្អ​សមត្ថភាព​សហការ​ផ្នែក​បច្ចេកទេស យុទ្ធសាស្ត្រ ក៏ដូចជា​កម្លាំង​អន្តរ​កម្ម​ទាក់ទង​នឹង​ការបង្ការ​មី​ស៊ី​ល និង​ការការពារ​ដែនអាកាស​ក្នុង​តំបន់។ នាវាចម្បាំង​ចំនួន ៧ គ្រឿង មកពី​ប្រទេស​ចំនួន ៥ រួមមាន សហរដ្ឋ​អាម៉េរិក, ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី និង កាណាដា ចូលរួម​សមយុទ្ធ Pacific Dragon នៅក្នុង​ឆ្នាំនេះ៕

  • អ្នកបើកបរ​យន្តហោះ​ពូកែ​បំផុត​នៅ អ៊ុយ​ក្រែ​ន បាត់បង់​ជីវិត​ពេល​ប្រយុទ្ធ​ជាមួយ​សត្រូវ

    អ្នកបើកបរ​យន្តហោះ​ពូកែ​បំផុត​នៅ អ៊ុយ​ក្រែ​ន បាត់បង់​ជីវិត​ពេល​ប្រយុទ្ធ​ជាមួយ​សត្រូវ

    ទីភ្នាក់ងារសារព័ត៌មាន Ukrinform របស់ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ១៥ សីហា បាន​ចុះផ្សាយ​ថា អ្នកបើកបរ​យន្តហោះ Anton Lystopad អាយុ ៣១ ឆ្នាំ ដែល​ត្រូវបាន​វាយតម្លៃថា​ជា​អ្នកបើកបរ​យន្តហោះ​ម្នាក់​ដែល​ពួ​កែ​ជាងគេ​នៅ អ៊ុយ​ក្រែ​ន បានទទួល​មរណភាព​ក្នុងពេល​ប្រយុទ្ធ​មួយ​ជាមួយ កងទ័ព​រុស្ស៊ី។

    នៅលើ​ទំព័រ Facebook សាលា​រូបវិទ្យា-វិស្វកម្ម Ivano Frankivsk ជាទី​ដែល Anton បានបញ្ចប់​ការសិក្សា បានឱ្យដឹងថា «ឆ្នាំ ២០១៩ Anton ត្រូវបាន​ទទួលស្គាល់ថា​ជា​អ្នកបើកបរ​យន្តហោះ​ពូកែ​ជាងគេ​របស់ ទ័ពអាកាស​អ៊ុយ​ក្រែ​ន ហើយ​ក្រោយមក​ក៏បាន​ចូលរួម​ធ្វើ​សកម្មភាព​យោធា​នៅ​ភាគ​ខាងកើត»។

    ប្រកាស​របស់​សាលា​ខាងលើ​ក៏បាន​បញ្ជាក់ថា «អ្នកបើកបរ​យន្តហោះ Anton Lystopad បានការ​ពារ ទឹកដី​អ៊ុយ​ក្រែ​ន នៅ​ចំពោះមុខ​ការវាយប្រហារ​ទូទៅ​របស់ រុស្ស៊ី នៅក្នុង​គ្រា​ដំបូងបង្អស់»។

    យោងតាម Ukrinform លោក Anton Lystopad បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​ជាតិ​ទ័ពអាកាស Ivan Kozhedub តាំងពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៨ និង​ក្លាយជា​អ្នកបើកបរ​ប្រយុទ្ធ​ដែលមាន​ឋាន​នន្តរ​សក្ដិ​ខ្ពស់បំផុត។

    ប៉ុន្មាន​ថ្ងៃ​មុនពេល​ទទួលមរណភាព លោក Lystopad ត្រូវបាន​ប្រធានាធិបតី​របស់ អ៊ុយ​ក្រែ​ន ផ្ដល់​មេដាយ​ក្លាហាន​ថ្នាក់​ទី ៣ ព្រោះតែ​បង្កើតបាន​ស្នាដៃ​ជាច្រើន​នៅក្នុង​ការប្រយុទ្ធ​ដើម្បី​ការពារ​ទឹកដី។

    ក្រសួងការពារជាតិ​រុស្ស៊ី បានឱ្យដឹងថា យន្តហោះ​ចម្បាំង និង​កម្លាំង​ការពារ​ដែនអាកាស​រប​ស់​ប្រទេស​នេះ បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ជាង ២៦០ គ្រឿង​របស់ អ៊ុយ​ក្រែ​ន រាប់​ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះឡើង៕

    អ្នកបើកបរ​យន្តហោះ Anton Lystopad (ស្ដាំ)
    អ្នកបើកបរ​យន្តហោះ Anton Lystopad
  • អូស្ត្រាលី កំពុង​​តែ​ពិនិត្យ​លើ​លទ្ធភាព​ដំឡើង​ពិតាន​នៃ​អន្តោប្រវេសន៍​ដើម្បី​បង្កើន​ប្រភព​ពលករ

    អូស្ត្រាលី កំពុង​​តែ​ពិនិត្យ​លើ​លទ្ធភាព​ដំឡើង​ពិតាន​នៃ​អន្តោប្រវេសន៍​ដើម្បី​បង្កើន​ប្រភព​ពលករ

    រដ្ឋាភិបាល​អូស្ត្រាលី កំពុងតែ​ពិនិត្យ​មើល​​លទ្ធភាព​នៃ​ការអនុញ្ញាតឱ្យ​នាំចូល​ពលករ​​ជំនាញ​ពី​បរទេស​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារពលកម្ម​ក្នុងប្រទេស ដែល​បច្ចុប្បន្ន​ស្ថិតក្នុង​ស្ថានភាព​វិបត្តិ​កម្លាំង​ពលកម្ម។

    គម្រោង​លម្អិត​នឹងត្រូវ​បាន រដ្ឋធានី​កង់​បេ​រ៉ា ប្រកាស​នៅក្នុង​របាយការណ៍​ថវិកា​ជាតិ ដែល​នឹង​ចេញផ្សាយ​នៅក្នុង​ខែតុលា​ខាងមុខ។ ក៏ប៉ុន្តែ ប្រភពព័ត៌មាន​ផ្ទៃក្នុង​បានឱ្យដឹងថា អូស្ត្រាលី គ្រោង​នឹង​អនុញ្ញាតឱ្យ​បង្កើន​ការទទួលយក​ពលករ​បរទេស​ដែលមាន​ជំនាញ ប្រមាណ ៤០,០០០ នាក់ជា​រៀងរាល់ឆ្នាំ ​​បន្ថែមពី​លើ​ការ​កំណត់​​នា​បច្ចុប្បន្ន​ ដែល​នេះ​នឹង​ដំឡើង​ពិតាន​នៃ​ការនាំ​ចូល​ពលករ​អន្ត​ប្រវេសន៍​ឡើង​ដល់​ជិត ២០០,០០០ នាក់/ឆ្នាំ។

    ការលើកឡើង​ខាងលើ​ទទួល​បានការ​សាទរ​ពី​ក្រុម​អ្នកនយោបាយ និង​សហគ្រិន​ក្នុងប្រទេស ក្នុង​គ្រា​ដែល​វិស័យ​នានា​របស់ អូស្ត្រាលី សុទ្ធតែ​កំពុង​ខ្វះ​កម្លាំង​ធនធានមនុស្ស នាំឱ្យ​ក្រុមហ៊ុន​ជាច្រើន​ត្រូវ​កាត់បន្ថយ​ពេលវេលា​ធ្វើ​សកម្មភាព​ជំនួញ ហើយ​ខ្លះ​ថែមទាំង​ត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន​ផងដែរ៕

  • ក្រសួងសុខាភិបាល​ ផាក​ពិន័យ និង​​ព្រមាន​​បិទ​​មន្ទីរ​​ពហុ​​ព្យាបាល​​មួយ​​នៅ​​ភ្នំពេញ

    ក្រសួងសុខាភិបាល​ ផាក​ពិន័យ និង​​ព្រមាន​​បិទ​​មន្ទីរ​​ពហុ​​ព្យាបាល​​មួយ​​នៅ​​ភ្នំពេញ

    ក្រសួងសុខាភិបាល នា​រសៀល​ថ្ងៃទី ១៥ សីហា​នេះ បានប្រកាស​ជា​សាធារណៈ​អំពី​ការ​ផាកពិន័យ ណែនាំ និង​ព្រមាន​​ចំពោះ​​​ ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ ដែល​មាន​ទីនៅ​ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំ​ពេញ ព្រោះ​តែ​បាន​បំពាន​ការ​ណែនាំ​របស់​ក្រសួង​។

    យោងតាម​លិខិត​ជម្រាប​ទៅ លោក​វេ​ជ្ជ​បណ្ឌិត ស៊ឹម វន់ ដែល​ជា ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ ​​ក្រសួងសុខាភិបាល បានឱ្យដឹងថា មន្ទីរ​ពហុ​ព្យាបាល​នេះ បានធ្វើ​ផ្ទុយ​ពី​ការណែនាំ​កន្លងមក​របស់ ក្រសួង ទាក់ទិន​នឹង​ការបញ្ចេញ​រថយន្ត​គិលានសង្គ្រោះ​របស់ខ្លួន ទៅ​ដឹក​អ្នករងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ យកមក​ព្យាបាល​នៅក្នុង​គ្លីនិក​នេះ។

    ដោយ​កំ​ហុង​ឆ្គង​ខាងលើ ក្រសួងសុខាភិបាល សម្រេច​ផាកពិន័យ​ជា​ប្រាក់​ចំនួន ១០ លាន​រៀល ចំពោះ​លោក​វេ​ជ្ជ​បណ្ឌិត ស៊ឹម វន់ ក៏ដូចជា មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ និង​តម្រូវឱ្យ​គោរព​តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល។ ជាង​នេះ ក្រសួង​ក៏បាន​ព្រមាន​អំពី​ការបិទ លែង​ឱ្យ​ដំណើរ​ការ​ ក្នុងករណីដែល​គ្លីនិក​នេះ​​នៅតែ​បំពាន​ការណែនាំ។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដី​ជម្រាបជូន​របស់ ក្រសួងសុខាភិបាល ដែលមាន​ដូចខាងក្រោម ៖

  • ទីភ្នាក់​ងារ​សារព័ត៌មាន​​ចិន ព្រមាន​​ក្រុម​តំណាង​រាស្ត្រ​​អាម៉េរិក​ ដែល​​ធ្វើ​​ទស្សនកិច្ច​​នៅ​ កោះ​​តៃវ៉ាន់

    ទីភ្នាក់​ងារ​សារព័ត៌មាន​​ចិន ព្រមាន​​ក្រុម​តំណាង​រាស្ត្រ​​អាម៉េរិក​ ដែល​​ធ្វើ​​ទស្សនកិច្ច​​នៅ​ កោះ​​តៃវ៉ាន់

    Xinhua បាន​ចុះផ្សាយ​អត្ថបទ​ព្រមាន​ក្រុម​អ្នកនយោបាយ​អាម៉េរិក ថា «ប្រលែង​នឹង​ភ្លើង» ទាក់ទិន​នឹង​បញ្ហា កោះ​តៃវ៉ាន់ ក្រោយពី​ប្រតិភូ​មួយក្រុម​របស់ សភា​អាម៉េរិក ធ្វើ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ នាពេលថ្មីៗនេះ។

    «ក្រុម​អ្នកនយោបាយ​អាម៉េរិក ដែល​កំពុងតែ​ប្រលែង​ជាមួយនឹង​ភ្លើង​ចំពោះ​បញ្ហា តៃវ៉ាន់ គួរតែ​បោះបង់​ការស្រមើស្រមៃ។ មិនមាន​កន្លែង​សម្រាប់​ការព្រមព្រៀង ឬ​សម្បទាន​ឡើយ នៅពេល​ទាក់ទង​នឹង​ផលប្រយោជន៍​ស្នូល​របស់ ប្រទេស​ចិន» ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ចិន Xinhua បាន​ចុះផ្សាយ​អត្ថបទ​វិចារណកថា​មួយ បន្ទាប់ពី​ក្រុមតំណាងរាស្ត្រ​របស់ សភា​អាម៉េរិក មក​ធ្វើ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី ១៤ សីហា។

    Xinhua បាន​ចោទ​ក្រុមតំណាងរាស្ត្រ​របស់ សហរដ្ឋ​អាម៉េរិក ដែល​បាន​ទៅកាន់ កោះ​តៃវ៉ាន់ ថា​ជា «ក្រុម​ឱកាសនិយម» ដែល​កំពុង​គិត​អំពី​ផលប្រយោជន៍​ផ្នែក​នយោបាយ ​ក្នុងពេល សហរដ្ឋ​អាម៉េរិក ជិត​រៀបចំ​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ នៅ​ខែវិច្ឆិកា​ខាងមុខ។

    ក្រុមមន្ត្រី​ការទូត​ចិន នៅ សហរដ្ឋ​អាម៉េរិក ក៏បាន​ចោទថា ដំណើរ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ ថ្មីៗនេះ​របស់ ក្រុមតំណាងរាស្ត្រ​អាម៉េរិក បង្ហាញថា វ៉ា​ស៊ី​ង​តោន «មិន​ចង់ឃើញ​ស្ថិរភាព​នៅលើ​ច្រក​សមុទ្រ​តៃវ៉ាន់» និង «ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ ប្រ​ទស​ចិន»។

    អ្នកនាំពាក្យ​របស់ ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាម៉េរិក ឱ្យដឹងថា ក្រុមតំណាងរាស្ត្រ​អាម៉េរិក បាន​ទៅកាន់ តៃវ៉ាន់ ក្នុងអំឡុង​ច្រើន​ទសវត្សរ៍​មកហើយ ហើយ​ថា​នឹង​បន្តធ្វើ​ដូច្នេះ​ទៀត ដោយ​យល់ថា ដំណើរ​ទស្សនកិច្ច​បែប​នេះ​នៅតែ​សមស្រប​សម្រាប់​គោលនយោបាយ​ចិន​តែមួយ របស់ វ៉ា​ស៊ី​ង​តោន។

    ប្រតិភូ​មួយក្រុម​នៃ សភា​អាម៉េរិក កាលពី​ម្សិលមិញ​បានចាប់ផ្ដើម​ចេញ​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃ នៅ កោះ​តៃវ៉ាន់ និង​មាន​គម្រោង​ជួបពិភាក្សា​ការងារ​ជាមួយ​មេដឹកនាំ​កោះ​នេះ។

    ក្រុម​តំណាង​រាស្ត្រ​អាម៉េរិក ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ កោះ​តៃវ៉ាន់ ក្នុង​ថ្ងៃទី ១៥ សីហា

    យោងតាម​ការិយាល័យ​តំណាង​អាម៉េរិក នៅ កោះ​តៃវ៉ាន់ (AIT) ប្រតិភូ​អាម៉េរិក មួយក្រុម​នេះ​រួមមាន​តំណាងរាស្ត្រ ៥ រូប ដែល​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​សភា​ជាន់ខ្ពស់ Ed Markey មកពី​បក្ស​ប្រជាធិបតេយ្យ។ ពួកគេ​នឹង​ពិភាក្សា​អំពី​បញ្ហា​ជាច្រើន មានដូចជា សន្តិសុខ​ក្នុង​តំបន់ ពាណិជ្ជកម្ម វិនិយោគ បណ្ដាញ​ផ្គត់ផ្គង់​ទូទាំង​ពិភពលោក និង​បញ្ហា​អាកាសធាតុ​ជាដើម។ លោក Markey គឺជា​ប្រធាន​អនុគណៈកម្មការ​កិច្ចការបរទេស​អាស៊ី​ខាងកើត អាស៊ី​ប៉ា​ស៊ី​ហ្វ៊ិ​ក និង​ប្រធាន​អនុគណៈកម្មការ​សន្តិសុខ​អ៊ី​ន​ធើ​ណិ​ត​អន្តរជាតិ​របស់ សភា​ជាន់ខ្ពស់​អាម៉េរិក។

    ដំណើរ​ទស្សនកិច្ច​នេះ​កើតឡើង​បន្ទាប់ពី ប្រធានសភា​ជាន់​ទាប​អាម៉េរិក លោកស្រី Nancy Pelosi បានធ្វើ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ ចាប់ពី​ថ្ងៃទី ០២ ដល់ ០៣ សីហា ដែល​បាន​បណ្ដាលឱ្យ ទីក្រុង​ប៉េកាំង ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា ក្នុង​នោះ​មាន​ទាំង​​ការ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ជុំវិញ កោះ​តៃវ៉ាន់។

    សហរដ្ឋ​អាម៉េរិក សន្យា​គោរព​គោលនយោបាយ​ចិន​តែមួយ ប៉ុន្តែ នៅតែ​រក្សា​ទំនាក់ទំនង​ជាមួយ កោះ​តៃវ៉ាន់ និង​ផ្គត់ផ្គង់​សព្វាវុធ​ឱ្យ​កោះ​នេះ៕

  • Toyota ឈរលើ​កំពូល​តារាង​ចំណាត់​ថ្នាក់​​ពិភព​លោក​​ស្ដីពី​ចំនួន​រថយន្ត​ដែល​បាន​លក់​ចេញ​នៅ​ពាក់កណ្ដាល​ដើមឆ្នាំ

    Toyota ឈរលើ​កំពូល​តារាង​ចំណាត់​ថ្នាក់​​ពិភព​លោក​​ស្ដីពី​ចំនួន​រថយន្ត​ដែល​បាន​លក់​ចេញ​នៅ​ពាក់កណ្ដាល​ដើមឆ្នាំ

    យោងតាម​ទិន្នន័យ​ផ្លូវការ Toyota នាំមុខគេ​ស្ដីពី​ចំនួន​រថយន្ត​ដែល​បាន​លក់​ចេញ​នៅ​ពាក់កណ្ដាល​ដើមឆ្នាំ ២០២២ ដោយមាន​រថយន្ត ៥.១៣៨ លាន​គ្រឿង​ត្រូវបាន​លក់​ចេញ​ក្នុង​ទីផ្សារ​ទូទាំង​ពិភពលោក។

    Toyota, Volkswagen និង Hyundai គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​នាំមុខគេ​ក្នុង​ពិភពលោក​ស្ដីពី​បរិមាណ​រថយន្ត​ដែល​បាន​លក់​ចេញ​នៅក្នុង​រយៈពេល ៦ ខែ​ដើម​ឆ្នាំនេះ។

    Toyota មាន​រថយន្ត ៥.១៣៨ លាន​គ្រឿង​ត្រូវបាន​លក់​ចេញ​ក្នុង​ទីផ្សារ​ទូទាំង​ពិភពលោក ខណៈដែល​​​លំដាប់​ទី ២ គឺបាន​ទៅ​លើ​ Volkswagen Group ដោយមានរថយន្ត ៤.០០៦ លាន​គ្រឿង​ត្រូវបាន​លក់​ចេញ និង​ទី​ ៣ គឺ​ Hyundai Motor Co លក់បាន ៣.២៩៩ លាន​គ្រឿង។

    បរិមាណ​រថយន្ត​ដែល​បាន​លក់​ចេញ​របស់​ក្រុមហ៊ុន​ផលិត​រថយន្តធំៗក្នុង​ពិភពលោក សុទ្ធតែ​បាន​ថយចុះ​បើ​ធៀប​​ទៅ​នឹង ១ ឆ្នាំមុន​នោះ ក្នុងនោះ ក្រុម​ហ៊ុន​ Toyota ថយចុះ ៦%, Hyundai ថយចុះ ៥.១%, Volkswagen Group ថយចុះ ១៤%, Stellantis ថយចុះ ១៦% និង General Motor Co. ថយចុះ ១៩%៕

  • ក្រុម​ប្រទេស​ G20 ឯកភាពគ្នា​បង្កើត​មូលនិធិ​សម្រាប់​​ជួយ​ដល់​បណ្ដា​ប្រទេស​ក្រីក្រ

    ក្រុម​ប្រទេស​ G20 ឯកភាពគ្នា​បង្កើត​មូលនិធិ​សម្រាប់​​ជួយ​ដល់​បណ្ដា​ប្រទេស​ក្រីក្រ

    រដ្ឋមន្ត្រី Suharso ប្រកាសថា សមាជិក​នានា​របស់ G20 បាន​យល់ព្រម​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ពហុភាគី និង​ជំរុញ​ការបង្កើត​មូលនិធិ​អភិវឌ្ឍ​សម្រាប់​បណ្ដា​ប្រទេស​ក្រីក្រ ប្រទេស​កំពុង​អភិវឌ្ឍ ក៏ដូចជា​បណ្ដា​ប្រទេស​កោះ។

    រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​អភិវឌ្ឍ​ជាតិ​ឥណ្ឌូណេស៊ី លោក Suharso Monoarfa កាលពី​ម្សិលមិញ បានប្រកាសថា សមាជិក​ទាំងអស់​រប​ស់​ក្រុម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន និង​ទើប​លេចធ្លោ​លំដាប់​កំពូល​របស់​​ពិភពលោក (G20) បាន​ឯកភាពគ្នា​ក្នុងការ​បង្កើន​កិច្ចសហការ​ពហុភាគី និង​ជំរុញ​ការបង្កើត​មូលនិធិ​អភិវឌ្ឍ​សម្រាប់​ជួយ​ដល់​បណ្ដា​ប្រទេស​ក្រីក្រ ប្រទេស​កំពុង​អភិវឌ្ឍ ក៏ដូចជា​បណ្ដា​ប្រទេស​កោះ។

    ប្រកាស​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​សន្និសីទ​នៃ​ក្រុម​បេសកកម្ម​អភិវឌ្ឍរបស់ G20 (DWG) លើក​ទី ៣ ដែល​ធ្វើឡើង​នៅ កោះ​បាលី (ឥណ្ឌូណេស៊ី) នាពេលថ្មីៗនេះ។

    រដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍជាតិឥណ្ឌូណេស៊ី លោក Suharso Monoarfa

    DWG គឺជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​បេសកកម្ម​ដែល ឥណ្ឌូណេស៊ី ជា​អ្នក​ផ្ដួចផ្ដើមគំនិត​​ក្នុងនាម​ជា​ប្រធាន​ប្ដូរ​វេន​របស់ G20 ក្នុង​បំណង​ពិភាក្សា​អំពី​​បញ្ហា​​ទាំង​ឡាយ​ដែល​ទាក់ទិន​នឹង​ការអភិវឌ្ឍ។ នេះ​គឺជា​វេទិកា​សម្រាប់​ សមាជិក​របស់ G20 ផ្លាស់ប្ដូរ​យោបល់​គ្នា​អំពី​កិច្ចសហការ​ពហុភាគី និង​ផែនការ​អភិវឌ្ឍ​សំដៅ​ទៅរក​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព (SDG)៕