Author: សឿន សំណាង

  • ជប៉ុន ផ្ដួចផ្ដើម​បង្កើត​​យុទ្ធនា​​ការ​ទាក់​ទាញ​​ប្រជា​ពលរដ្ឋ​​ឱ្យ​ «ផឹក​ស្រា»​ ឡើង​វិញ ដើម្បី​សេដ្ឋកិច្ច​ជាតិ​

    ជប៉ុន ផ្ដួចផ្ដើម​បង្កើត​​យុទ្ធនា​​ការ​ទាក់​ទាញ​​ប្រជា​ពលរដ្ឋ​​ឱ្យ​ «ផឹក​ស្រា»​ ឡើង​វិញ ដើម្បី​សេដ្ឋកិច្ច​ជាតិ​

    រាជរដ្ឋាភិបាល​ជប៉ុន បំផុស​ឱ្យមាន​ការប្រកួតប្រជែង​ទូទាំងប្រទេស ដើម្បី​ជាការ​អំពាវនាវ​ដល់​ម​នុស្ស​ពេញវ័យ លើកឡើង​នូវ​គំនិត​ដែល​ជួយ​លើកទឹកចិត្ត​ដល់​ពលរដ្ឋ ឱ្យប្រើ​ប្រាស់​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ឱ្យបាន​ច្រើនជាង​បច្ចុប្បន្ន។

    យុទ្ធនាការ Sake Vival! ដែល​លើកឡើង​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ (NTA) ស្នើឱ្យ​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ២០ ទៅ ៣៩ ឆ្នាំ ចូលរួម​ផ្ដល់​មតិ​សម្រាប់​ការស្ដារ​តម្រូវការ​លើ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ដែល​បច្ចុប្បន្ន​ជា​ទំនិញ​លែងមាន​ការពេញនិយម ដោយសារតែ​យុវវ័យ​បាន​ប្ដូរផ្លាស់​ផ្នត់គំនិត ចំណែក​ប្រជាជន​ក៏​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ ក្នុងសម័យ​កូ​វីដ-១៩។

    ព្រឹត្តិការណ៍​ប្រកួតប្រជែង​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១៤ សីហា ដល់ ៩ កញ្ញា អំពាវនាវ​អំពី​មានការ «ច្នៃប្រឌិត​ចំពោះ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ថ្មី» ក៏ដូចជា​រក​វិធី​ដើម្បី​បង្កើន​ការប្រើប្រាស់​ផលិតផល​នេះ​នៅតាម​ផ្ទះ។ បេក្ខជន​ដែល​ចូលរួម​ប្រកួត​ក៏​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ស្វែងរក​វិធី​លក់ទំនិញ​ប្រភេទ​នេះ​នៅលើ​ថ្នាល​បច្ចេកវិទ្យា​ផងដែរ។

    អ្នក​ដែល​បាន​ចូលដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ព្រឹត្តិការណ៍​ប្រកួតប្រជែង​នេះ​នឹង​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ពិធី​ប្រគល់​រង្វាន់​នៅ តូ​ក្យូ នៅ​ថ្ងៃទី ១០ វិច្ឆិកា។ អគ្គនាយកដ្ឋាន​ពន្ធដា​រ ឱ្យដឹងថា ពួកគេ​នឹង​ជួយ​ជ្រោមជ្រែង​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ទៅលើ​គំនិត​នានា​ដែល​ទទួលបាន​ជ័យលាភី​ក្នុងការ​ប្រកួត​នេះ។

    ក្រសួងសុខាភិបាល​ជប៉ុន បាន​បញ្ជាក់ថា ពួកគេ​សង្ឃឹមថា យុទ្ធនាការ​ខាងលើ​នឹង​រម្លឹក​គ្រប់គ្នា ឱ្យ «ផឹកស្រា​ក្នុង​បរិមាណ​សមស្រប»។

    ពន្ធ​លើ​ស្រា​បៀរ​នៅ ជប៉ុន មាន​ចំណែក ១.៧% ក្នុង​ថវិកា​សរុប​ដែល​ប្រមូលបាន​ពី​ពន្ធដារ​ក្នុង​ឆ្នាំ ២០២០ ថយចុះ​ពី ៣% ក្នុង​ឆ្នាំ ២០២១ និង ៥% ក្នុង​ឆ្នាំ ១៩៨០។ ប្រាក់ចំណូល​ពី​ពន្ធ​លើ​ស្រា​បៀរ​ក្នុង​ឆ្នាំ ២០២០ បាន​ថយចុះ​ជាង ១១០ ពាន់​លាន​យេន (៨១៦ លាន​ដុល្លារ​អាម៉េរិក) ធៀប​នឹង​ឆ្នាំ ២០១៩ មក​នៅត្រឹម ១.១ យេន (៨.១៦ លាន​ដុល្លារ) នេះ​បើតាម​ការបញ្ជាក់​ពី NTA កាលពីដើម​ខែសីហា។ យោងតាម Japan Times នេះ​គឺជា​អត្រា​ថយចុះ​ខ្លាំង​បំផុត​ក្នុងអំឡុង ៣១ ឆ្នាំ​កន្លង​នៅ ជប៉ុន៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១៨ ខែ​សីហា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១៨ ខែ​សីហា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ២៣ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ១៧ ខែ​សីហា ២០២២ ក្នុង​នោះ​មាន​​​ករណី​ឆ្លង​ក្នុងសហគមន៍​ចំនួន​ ២៣ នាក់។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ៣៨ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតត្រឹមព្រឹក ថ្ងៃទី ១៨ ខែសីហានេះ កម្ពុជា​ បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​កូវីដ-១៩ សរុប​ចំនួន ១៣៧,៣៤៩ នាក់ ក្នុង​នោះ​មាន​ជាង ៣,០០០ នាក់​បាន​បាត់បង់ជីវិត​។

     

  • ក្រុមតំណាងរាស្ត្រ​កាណាដា គ្រោង​នឹងធ្វើ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់

    ក្រុមតំណាងរាស្ត្រ​កាណាដា គ្រោង​នឹងធ្វើ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់

    ប្រតិភូ​តំណាងរាស្ត្រ​របស់ ប្រទេស​កាណាដា មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ ក្នុង​ខែតុលា ដើម្បី​ស្វែងរក​ឱកាស​សហការ​ផ្នែក​សេដ្ឋកិច្ច​ក្នុង តំបន់​អាស៊ី-ប៉ា​ស៊ី​ហ្វ៊ិ​ក។

    «គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​មិនមែន​ដើម្បី​បង្ក​ភាពរអាក់រអួល ឬ​បញ្ហា​ដល់ តៃវ៉ាន់ ក៏ដូចជា ចិនដីគោក។ ទស្សនកិច្ច​នេះ​គឺ​ផ្ដោតលើ​ពាណិជ្ជកម្ម មិត្តភាព ឱកាស​សម្រាប់ កាណាដា នៅ តំបន់​អាស៊ី-ប៉ា​ស៊ី​ហ្វ៊ិ​ក» Judy Sgro តំណាងរាស្ត្រ​មកពី​បក្ស​សេរីភាព​កាណាដា ថ្លែង​កាលពី​ម្សិលមិញ​ដូច្នេះ។

    យោងតាម​លោកស្រី Sgro ប្រតិភូ​តំណាងរាស្ត្រ​កាណាដា គ្រោង​នឹង​ទៅដល់ កោះ​តៃវ៉ាន់ ក្នុង​ខែតុលា​ខាងមុខ។ ក្រុមមន្ត្រី​នៅ អូ​តា​វ៉ា តែងតែ​ធ្វើ​ទស្សនកិច្ច កោះ​តៃវ៉ាន់ ២ លើក​ក្នុង ១ ឆ្នាំ ប៉ុន្តែ មួយរយៈ​ពេល​ចុង​ក្រោយនេះ​ត្រូវ​ផ្អាក​ដោយសារតែ​បញ្ហា​កូ​វីដ-១៩។

    រដ្ឋាភិបាល​កាណាដា របស់លោក​នាយករដ្ឋមន្ត្រី Justin Trudeau ប្រកាស​គោរព និង​គាំទ្រ​លើ​ការសម្រេចចិត្ត​របស់​ក្រុមតំណាងរាស្ត្រ​នេះ។ ចំណែក ស្ថានទូត​ចិន នៅ រដ្ឋធានី​អូ​តា​វ៉ា វិញ មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ ប៉ុន្តែ គ្រប់ពេល ប្រទេស​ចិន តែងតែ​ចាត់ទុក កោះ​តៃវ៉ាន់ ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​មិនអាច​កាត់ផ្ដាច់​បាន និង​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ៕

  • វឌ្ឍនភាព​នៃ​គម្រោង​ស្ថាបនា​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ សម្រេចបាន ១៥% ហើយ

    វឌ្ឍនភាព​នៃ​គម្រោង​ស្ថាបនា​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ សម្រេចបាន ១៥% ហើយ

    រដ្ឋបាល​ខេត្តកោះកុង កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២២ បានឱ្យដឹងថា វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ នៅក្នុង ខេត្តកោះកុង សម្រេចបាន​ប្រហែល​ពី ១០% ទៅ ១៥% ហើយ។

    គម្រោង​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង ស្រុក​ថ្មបាំង និង ស្រុក​កោះកុង នៃ​ខេត្តកោះកុង នេះ ត្រូវបាន​វិនិយោគ​ក្នុង​ទឹកប្រាក់ ៣៨៩ លាន​ដុល្លារ​អាមេរិក ដោយ​ក្រុមហ៊ុន CAMBODIAN UPPER TATAY HYDROPOWER CO., LTD។

    តាម​ផែនការ គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ នេះ នឹង​ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ ដោយ​ប្រើពេល ៤ ឆ្នាំ។ បន្ទាប់ពី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ វា​រី​អគ្គិសនី​នេះ អាច​ផលិត​អគ្គស​នី សរុប​បាន ៥២៧ លាន​គីឡូវ៉ាត់ម៉ោង/ឆ្នាំ៕

  • ឥណ្ឌូណេស៊ី ប្រារព្ធ​ទិវា​ឯករាជ្យ​ជា​លើកដំបូង​នៅ​រដ្ឋធានី​ថ្មី នូ​សាន​តារា (Nusantara)

    ឥណ្ឌូណេស៊ី ប្រារព្ធ​ទិវា​ឯករាជ្យ​ជា​លើកដំបូង​នៅ​រដ្ឋធានី​ថ្មី នូ​សាន​តារា (Nusantara)

    កាលពី​ថ្ងៃទី ១៧ សីហា ប្រទេស​ឥណ្ឌូណេស៊ី បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​របស់ខ្លួន​ជា​លើកដំបូង​នៅ រដ្ឋធានី​ថ្មី នូ​សាន​តារា ដែល​អាច​បើកទ្វារ​ដំណើរការ​នៅ​អំឡុង​ប្រធានាធិបតី Joko Widodo ចប់​អាណត្តិ​នៅ​ឆ្នាំ ២០២៤។

    មាន​ចម្ងាយ​ពី រដ្ឋធានី​ហ្សា​ការ​តា ប្រហែល ២,០០០ គីឡូម៉ែត្រ នូ​សាន​តារា កំពុង​ត្រូវបាន​ស្ថាបនា​ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​នយោបាយ​ថ្មី​របស់​ប្រទេស​ដែលមាន​ផ្ទៃក្រឡា​ធំជាងគេ​លំដាប់​ទី ៤ ក្នុង​ពិភពលោក​មួយ​នេះ។

    រដ្ឋាភិបាល​ឥណ្ឌូណេស៊ី កំណត់​គោលដៅ​បង្ហើយ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​អាច​បើកទ្វារ​រដ្ឋធានី​ថ្មី នូ​សាន​តារា នៅ​អំឡុង​ប្រធានាធិបតី Joko Widodo ចប់​អាណត្តិ​នៅ​ឆ្នាំ ២០២៤។

    មេដឹកនាំ​រដ្ឋធានី​ថ្មី​របស់ ឥណ្ឌូណេស៊ី លោក Bambang Susantono បានឱ្យដឹងថា «ចំណុច​សំខាន់​នៃ​ព្រឹត្តិការណ៍​នេះ គឺ​ការប្រើប្រាស់​ស្មារតី​នៃ​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី ៧៧ ដើម្បី​ពង្រឹង​ការប្ដេជ្ញាចិត្ត និង​ស្មារតី​របស់​យើង នៅក្នុង​ការកសាង​រដ្ឋ​ធានី​ថ្មី»។

    យោងតាម​លោក Susantono រដ្ឋធានី​ថ្មី នូ​សាន​តារា ដែលមាន​ផ្ទៃក្រឡា​ប្រហែល ៥៦,១៨០ ហិកតា នឹង​ក្លាយជា​ទីកន្លែង​រស់នៅរ​បស់​ប្រជាជន​ប្រហែល ២ លាន​នាក់ នៅ​ឆ្នាំ ២០៤៥។

    ដំណើរការ​នៃ​ការអភិវឌ្ឍ​រដ្ឋធានី​ថ្មី​នឹង​ត្រូវបាន​អនុវត្ត​ជា ៣ ដំណាក់កាលសំខាន់ៗគឺ ឆ្នាំ ២០២៤, ២០៣៥ និង ២០៤៥។ នៅ​ឆ្នាំ ២០៤៥ នូ​សាន​តារា នឹង​ជា​តំបន់​សេដ្ឋកិច្ច​ដែល​អាចជួយ​ជំរុញ​ឱ្យ ឥណ្ឌូណេស៊ី ក្លាយជា​ប្រទេស​អភិវឌ្ឍ។

    រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានប្រកាស​ពី​គម្រោង​រើ រដ្ឋធានី​ហ្សា​ការ​តា ចេញពី កោះ​ជ្វា ជា​កោះ​ដែលមាន​ប្រជាជន​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក កាលពី​ខែមេសា ២០១៩។ ប្រធានាធិបតី Joko Wedodo ប្រកាសថា ស្រុក Penajam Paser ខាងជើង និង Kutai Kertanegara នៃ​ខេត្ត Kalimantan ខាងកើត ត្រូវបាន​ជ្រើសរើស​ជាទី​តាំងរបស់​រដ្ឋធានី​ថ្មី។

    នូ​សាន​តារា នឹង​ដើរតួនាទី​ជា​មជ្ឈមណ្ឌល​រដ្ឋបាល​កំ​ពូ​ល​របស់ ឥណ្ឌា​ណេ​ស៊ី ខណៈដែល ហ្សា​ការ​តា ដែលជា​រដ្ឋធានី​បច្ចុប្បន្ន និង​ជាទី​ដែលមាន​មនុស្ស​ជាង ១០ លាន​នាក់​កំពុង​រស់នៅ នឹង​នៅតែ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ៕

  • អាល្លឺម៉ង់ បញ្ជូន​ក្រុម​យន្តហោះ​ចម្បាំង​មក អាស៊ី ជា​លើកដំបូង

    អាល្លឺម៉ង់ បញ្ជូន​ក្រុម​យន្តហោះ​ចម្បាំង​មក អាស៊ី ជា​លើកដំបូង

    ប្រទេស​អាល្លឺម៉ង់ បញ្ជូន​ក្រុម​យន្តហោះ​ចម្បាំង យន្តហោះ​ដឹកជញ្ជូន និង​យន្តហោះ​ផ្គត់ផ្គង់​ឥន្ធនៈ​មក​ធ្វើ​សមយុទ្ធ​យោធា​នៅ ទ្វីបអាស៊ី ជា​លើកដំបូង ដែល​នេះ​គឺជា​ការបង្ហាញ​អំពី​សមត្ថភាព​ប្រយុទ្ធ​នៅក្នុង​តំបន់។

    «កងទ័ពអាកាស​អាល្លឺម៉ង់ ជា​លើកដំបូង បាន​បញ្ជូន​យន្តហោះ​ចម្បាំង និង​យន្តហោះ​គាំទ្រ មកកាន់​តំបន់ ឥណ្ឌូ-ប៉ា​ស៊ី​ហ្វ៊ិ​ក។ ក្រុម​យន្តហោះ​នេះ​បាន​ឆ្លងកាត់​ផ្លូវ​ចម្ងាយ ១០,០០០ គីឡូម៉ែត្រ ក្នុង​រយៈពេល ២៤ ម៉ោង» កងទ័ពអាកាស​របស់ ប្រទេស​អាល្លឺម៉ង់ ប្រកាស​កាលពី​ថ្ងៃទី ១៧ សីហា។

    នេះ​ក៏​ជាការ​បញ្ចេញ​ក្រុម​យន្តហោះ​​ចម្បាំង​ទ្រង់​ទ្រាយ​ធំ​បំផុត​របស់ ទ័ពអាកាស​អាល្លឺម៉ង់ នៅក្នុង​សម័យ​សន្តិភាព។ សកម្មភាព​នេះ​ត្រូវបាន​គេ​យល់ថា គឺជា​ការបង្ហាញ​សមត្ថភាព​ប្រយុទ្ធ និង​គាំទ្រ​ដល់​សម្ព័ន្ធមិត្ត​របស់ អាល្លឺម៉ង់ នៅក្នុង​តំបន់។

    ក្រុម​យន្តហោះ​យោធា​របស់ អាល្លឺម៉ង់ ខាងលើ ដែល​រួមមាន យន្តហោះ​ចម្បាំង Eurofighter Typhoon ចំនួន ៦ គ្រឿង, យន្តហោះ​ដឹកជញ្ជូន A400M ៤ គ្រឿង និង​យន្តហោះ​ផ្គត់ផ្គង់​ប្រេង​ពហុមុខ​ងារ A330 ចំនួន ៣ គ្រឿង បានមក​ដល់ សិង្ហ​បុរី កាលពី​ថ្ងៃទី ១៦ សីហា ត្រៀមខ្លួន​ដើម្បី​ទៅ​ចូលរួម​ធ្វើ​សមយុទ្ធ Pitch Black នៅ អូស្ត្រាលី ចាប់ពី​ថ្ងៃទី ១៩ សីហា ដល់ ៩ កញ្ញា។

    ក្នុង​សមយុទ្ធ​ខាងលើ ក្រុម​ហោះហើរ​របស់ អាល្លឺម៉ង់ ក៏មាន​គម្រោង​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយនឹង សិង្ហ​បុរី និង​ធ្វើ​ទស្សនកិច្ច​នៅ កូរ៉េខាងត្បូង និង ជប៉ុន ផងដែរ៕

  • រថភ្លើង​ដឹកទំនិញក្នុង​តំបន់អាស៊ាណ (ASEAN Express) នឹង​ដំណើរការ​ចាប់ពី​ខែតុលា​ខាងមុខ

    រថភ្លើង​ដឹកទំនិញក្នុង​តំបន់អាស៊ាណ (ASEAN Express) នឹង​ដំណើរការ​ចាប់ពី​ខែតុលា​ខាងមុខ

    ខ្សែ​រថភ្លើង​ថ្មី​ធ្វើដំណើរ​ឆ្លងកាត់ ៣ ប្រទេស ឬ​ហៅថា ASEAN Express ដែល​ត​ភ្ជាប់​រវាង ម៉ាឡេស៊ី-ថៃ-ឡាវ គ្រោង​នឹង​ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​ចាប់ពី​ខែតុលា ២០២២។

    កាលពី​សប្ដាហ៍​កន្លង Keretapi Tanah Melayu Berhad ដែលជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវដែក​ខាងលើ បានដំណើរ​​ការ​សាកល្បងរ​ថ​ភ្លើង​ដឹកទំនិញ ASEAN Express និង​កំពុង​ត្រៀម​សម្រាប់​ដំណើរការ​លក្ខណៈ​ពាណិជ្ជកម្មជាផ្លូវ​ការ។

    យោងតាម Laotian Times ដើម្បី​ទៅដល់ ប្រទេស​ឡាវ រថភ្លើង​ពី ម៉ាឡេស៊ី ត្រូវធ្វើ​ដំណើរ ៧២ ម៉ោង ដោយ​ឆ្លងកាត់​ចម្ងាយ​ផ្លូវ ២,២០៦ គីឡូម៉ែត្រ ក្នុងនោះ​មាន​ឆ្លងកាត់​ចំណត​នានា​នៅ ប្រទេស​ថៃ ផងដែរ។

    តាមរយៈ​ចំណត​រថភ្លើង​នៅ រដ្ឋធានី​វៀងចន្ទន៍ ផ្លូវដែក​របស់ ម៉ាឡេស៊ី ក៏​នឹង​ត​ភ្ជាប់​ជាមួយ​បណ្ដា​ខេត្ត​ក្រុង​របស់ ប្រទេស​ចិន រួមមាន​ ខេត្ត Kunming, Chengdu និង​ខេត្ត Chongqing។

    ក្រុមហ៊ុន Keretapi Tanah Melayu Berhad បាន​បញ្ជាក់ថា គម្រោង​រថភ្លើង​ល្បឿន​លឿន​ក្នុង​តំបន់ អាស៊ាន នេះ ត្រូវបាន​បង្កើតឡើង​ក្រោម​​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​អន្តរជាតិ​របស់​ក្រុមហ៊ុន និង​ជំរុញ​ផែនការ​កសាង​ផ្លូវដែក​ត​ភ្ជាប់​តំបន់​ដែល​ចាប់ផ្ដើម​ពី​ទីក្រុង Kunming ខេត្ត Yunnan របស់ ចិន ជាមួយនឹង ឡាវ, ថៃ, ម៉ាឡេស៊ី និង សិង្ហ​បុរី។

    សារព័ត៌មាន Laotian Times ឱ្យដឹងថា ចុងខែ​សីហា​នេះ ក្រុមមន្ត្រី​ថៃ គ្រោង​នឹងធ្វើ​ទស្សនកិច្ច​នៅ ប្រទេស​ឡាវ ដើម្បី​ពិភាក្សា​អំពី​ការស្ថាបនា​ផ្លូវដែក​ដែល​ត​ភ្ជាប់ ប្រទេស​ថៃ ទៅនឹង ផ្លូវដែក​ឡាវ-ចិន៕

  • ក្រុមហ៊ុន PT. Swap Energi Indonesia សហការ​ជាមួយ BP AKR Fuels Retail អភិវឌ្ឍ​បណ្ដាញ​គាំទ្រ​ម៉ូតូ​អគ្គិសនី​នៅ ឥណ្ឌូណេស៊ី ដើម្បី​គោលដៅ «មិន​បំ​ភាយ​ឧស្ម័ន​កាបូន»

    ក្រុមហ៊ុន PT. Swap Energi Indonesia សហការ​ជាមួយ BP AKR Fuels Retail អភិវឌ្ឍ​បណ្ដាញ​គាំទ្រ​ម៉ូតូ​អគ្គិសនី​នៅ ឥណ្ឌូណេស៊ី ដើម្បី​គោលដៅ «មិន​បំ​ភាយ​ឧស្ម័ន​កាបូន»

    (ឥណ្ឌូណេស៊ី)- PT. Swap Energi Indonesia បាន​សហការ​ជាមួយ BP AKR Fuels Retail ក្នុងការ​ផ្គត់ផ្គង់​ស្ថានីយ​ប្ដូរ​ថ្ម​ផ្ទុក​អគ្គិសនី (SWAPPoin) សម្រាប់​ម៉ូតូ​អគ្គិសនី​នៅតាម​បណ្ដា​ស្ថានីយ​សេវាកម្ម​របស់ BP។

    ចាប់ផ្ដើម​ពី BP Metland Cybercity Creenlake អ្នកប្រើប្រាស់​ម៉ូតូ​អគ្គិសនី​អាច​ទទួលយក​សេវាកម្ម​ប្ដូរ​ថ្ម​អគ្គិសនី​បាន​យ៉ាង​ងាយស្រួល។ កិច្ចសហការ​រវាង PT. Swap Energi Indonesia និង BP AKR Fuels Retail ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​ផ្ដល់​ដំណោះស្រាយ​ល្អ​សម្រាប់​អ្នកប្រើប្រាស់​ម៉ូតូ​អគ្គិសនី ក៏ដូចជា​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​បណ្ដាញ​យានយន្ត​អគ្គិសនី​នៅ ឥណ្ឌូណេស៊ី។

    លោក Irwan Tjahaja ស្ថាបនិក​របស់ PT SWAP Energi Indonesia បានឱ្យដឹងថា អ្នកប្រើប្រាស់​ម៉ូតូ​អគ្គិសនី​នឹងត្រូវ​ចំណាយពេល​តែ ៩ វិនាទី​ប៉ុណ្ណោះ នៅក្នុង​ការប្ដូរ​ថ្ម​ផ្ទុក​អគ្គិសនី នៅតាម​ស្ថានីយ​របស់ BP AKR។

    បច្ចុប្បន្ន SWAP Energi Indonesia កំពុង​សហការ​ជាមួយ SMOOT Motor Indonesia ក្នុងការ​អភិវឌ្ឍ​ម៉ូតូ​អគ្គិសនី​ឆ្លាត​វៃ ដែលមាន​បំពាក់​ប្រព័ន្ធ​ថ្ម​ផ្ទុក​អគ្គិសនី និង​កម្មវិធី​ទូរស័ព្ទ​របស់ SWAP ក្នុងនោះ អ្នកប្រើប្រាស់​អាច​មើលឃើញ​ស្ថានីយ​ប្ដូរ​ថ្ម​ទាំងឡាយ​របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ។

    ប្រការ​ដែល​អស្ចារ្យ​នោះ​គឺថា អ្នកប្រើប្រាស់​ម៉ូតូ​អគ្គិសនី SMOOT អាច​ប្ដូរ​ថ្ម​ផ្ទុក​អគ្គិសនី​ដោយ​មិនត្រូវ​បង់ថ្លៃ​នៅតាម​ស្ថានីយ​របស់ SWAP និង​មិនបាច់​ព្រួយបារម្ភ​អំពី​ស្ថានភាព​ថ្ម ព្រោះ​ត្រូវបាន​ធានា​ជា​រៀងរហូត៕

  • ឥណ្ឌា មានបំណង​ពង្រីក​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់ កម្ពុជា ឡាវ និង វៀតណាម

    ឥណ្ឌា មានបំណង​ពង្រីក​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់ កម្ពុជា ឡាវ និង វៀតណាម

    រដ្ឋាភិបាល​ឥណ្ឌា មាន​គោលដៅ​ជំរុញ​ការពង្រីក​ផ្លូវ​ល្បឿន​លឿន​មកកាន់ កម្ពុជា ឡាវ និង វៀតណាម ដើម្បី​បង្កើន​ការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​សមាជិក​អាស៊ាន។

    ឥណ្ឌា កំពុងតែ​ជំរុញ​ការស្ថាបនា និង​ពង្រីក​កំណាត់​ផ្លូវ​ល្បឿន​លឿន ឥណ្ឌា-មី​យ៉ាន​ម៉ា-ថៃ ដើម្បី​កែលម្អ​ការតភ្ជាប់​ក្នុង​តំបន់។ នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បានស្នើ​ឱ្យមាន​ការពង្រីក​ផ្លូវ​ល្បឿន​លឿន​នេះ មកកាន់ កម្ពុជា ឡាវ និង វៀតណាម បន្ថែមទៀត ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ការដោះដូរ​ពាណិជ្ជកម្ម រវាង ឥណ្ឌា និង​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

    ផ្លូវ​ល្បឿន​លឿន​អន្តរជាតិ​ដែល​ចាប់ផ្ដើម​ពី ប្រទេស​ឥណ្ឌា មកកាន់​តំបន់​អាស៊ាន បច្ចុប្បន្ន ត្រូវបាន​ភ្ជាប់​ជាមួយ ប្រទេស​មី​យ៉ាន​ម៉ា និង ប្រទេស​ថៃ ដោយមាន​ប្រវែង​ប្រហែល ១,៤០០ គីឡូម៉ែត្រ។ បើសិនជា​ត្រូវបាន​ពង្រីក​មកកាន់ កម្ពុជា ឡាវ និង វៀតណាម នោះ​ផ្លូវ​នេះ​នឹងមាន​ប្រវែង​សរុប​ប្រមាណ ៣,២០០ គីឡូម៉ែត្រ។

    ផ្លូវ​ល្បឿនលឿន​ ឥណ្ឌ- មីយ៉ាម៉ា-ថៃ 

    គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​សកម្មភាព​ឆ្ពោះទៅ​ទិសខាងកើត​របស់ ឥណ្ឌា ដែលជា​គំនិត​ផ្ដួចផ្ដើម​ក្នុង​វិស័យ​ការទូត ក្នុង​បំណង​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច និង​វប្បធម៌​រវាង ឥណ្ឌា និង​បណ្ដា​ប្រទេស​នៅ តំបន់​អាស៊ី-ប៉ា​ស៊ី​ហ្វ៊ិ​ក។

    ការតភ្ជាប់ ឥណ្ឌា ជាមួយ កម្ពុជា ឡាវ និង វៀតណាម ក៏ត្រូវ​បានចាត់ទុក​ថា​ជា ការធ្វើឱ្យមាន​តុល្យភាព​ជាមួយនឹង គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ របស់ ប្រទេស​ចិន ផងដែរ៕

  • ប្រទេស​ថៃ គ្រោង​នឹង​វិនិយោគ ៦២ ពាន់​លាន​ដុល្លារ ទៅលើ​វិស័យ​ឧស្សាហកម្ម​នៅ​ភាគ​ខាងកើត

    ប្រទេស​ថៃ គ្រោង​នឹង​វិនិយោគ ៦២ ពាន់​លាន​ដុល្លារ ទៅលើ​វិស័យ​ឧស្សាហកម្ម​នៅ​ភាគ​ខាងកើត

    រាជរដ្ឋាភិបាល​ថៃ កំណត់​គោលដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​ឱ្យបាន ៥% ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ ២០២៣ ដល់ ២០១៧ និង​ទាក់ទាញ​ខ្ទង់​វិនិយោគ​សរុប ២.២ ទ្រី​លាន (២,២០០,០០០,០០០,០០០) បាត។

    រាជរដ្ឋាភិបាល​ថៃ ថ្មីៗនេះ​បានឱ្យដឹងថា បច្ចុប្បន្ន ប្រទេស​នេះ​កំពុង​ដាក់​គោលដៅ​វិនិយោគ ២.២ ទ្រី​លាន​បាត (ប្រហែល ៦១.៩៧ ពាន់​លាន​ដុល្លារ​អាម៉េរិក) ទៅក្នុង​តំបន់ឧស្សាហកម្ម​ភាគ​ខាងកើត​របស់​ប្រទេស ក្នុងអំឡុង ៥ ឆ្នាំ​ខាងមុខ ខណៈ​ប្រទេស​នេះ​កំពុង​ជំរុញ​កំណើនសេដ្ឋកិច្ច​រយៈពេល​វែ​ង។

    អ្នកនាំពាក្យ​របស់ រាជរដ្ឋាភិបាល​ថៃ លោក Thanakorn Wangboonkongchana បង្ហើប​ឱ្យដឹងថា គម្រោង​ដែល​នឹងត្រូវ​អនុវត្ត​ពី​ឆ្នាំ ២០២៣ ដល់ ២០២៧ នៅក្នុង​ផែនការ «ច្រករបៀង​សេដ្ឋកិច្ច​បូព៌ា (EEC)» នឹង​រួមមាន​ទាំង​ខ្ទង់​វិនិយោគធំៗ ដូចជា រថយន្ត​អគ្គិសនី និង​បច្ចេកវិទ្យា​សុខាភិបាល​ជាដើម។

    អ្នកនាំពាក្យ​ខាងលើ​ឱ្យដឹងថា រាជរដ្ឋាភិបាល​ថៃ គ្រោង​នឹង​វិនិយោគ​ពី ៤០០ ទៅ ៥០០ ពាន់​លាន​បាត (ពី ១១.២៧ ដល់ ១៤.០៨ ពាន់​លាន​ដុល្លារ​អាម៉េរិក) ជា​រៀងរាល់ឆ្នាំ ទៅក្នុងផែនការ​ EEC ដែល​ប្រការនេះ​នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ច​មាន​កំណើន ៥% ក្នុង ១ ឆ្នាំ ចាប់ពី​ឆ្នាំ ២០២៤។

    ផែនការ​វិនិយោគ​ទៅលើ EEC ចាប់ពី​ឆ្នាំ ២០១៨ ដល់ ២០២២ របស់ ថៃ បច្ចុប្បន្ន សម្រេចបាន ១.៨ ទ្រី​លាន​បាត ខ្ពស់ជាង​ផែនការ ​(១.៧ ទ្រី​លាន​បាត) ដែល​បានគ្រោង​ទុក។

    EEC រួមមាន ៣ ខេត្ត​នៅ​ភាគ​ខាងកើត​ធៀប​នឹង រាជធានី​បាងកក រួមមាន​ខេត្ត​ឈុន​បុរី ខេត្ត​រ៉ា​យ៉ង និង​ខេត្ត​ឆា​ឈឿង​សៅ។ ក្នុង​ផែនការ EEC នឹងមាន​វិស័យ​ឧស្សាហកម្ម​ចំនួន ១២ រួមមាន អភិវឌ្ឍ​រថយន្ត, អគ្គិសនី​ឆ្លាត​វៃ, ទេសចរណ៍​សុខាភិបាល និង​សុខភាព, កសិកម្ម និង​បច្ចេកវិទ្យា​ជីវសាស្ត្រ, អាហារ, រ៉ូ​បូត​សម្រាប់​វិស័យ​ឧស្សាហកម្ម, ដឹកជញ្ជូន និង​អាកាសចរណ៍, ឥន្ធនៈ​ជីវសាស្ត្រ និង​ជីវគីមី, ឌីជីថល, សេវា​សុខាភិបាល, អភិវឌ្ឍ​ការពារជាតិ និង​ វិស័យអប់រំ៕