Author: សឿន សំណាង

  • ទឹកជំនន់និង​ បំណាក់​ដី​​ដោយ​សារ​ភ្លៀង បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច ៥០ នាក់​នៅ ឥណ្ឌា បាត់បង់​ជីវិត

    ទឹកជំនន់និង​ បំណាក់​ដី​​ដោយ​សារ​ភ្លៀង បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច ៥០ នាក់​នៅ ឥណ្ឌា បាត់បង់​ជីវិត

    ក្នុង​រយៈពេល​តែ ៣ ថ្ងៃ​ប៉ុណ្ណោះ គ្រោះទឹកជំនន់ និង​បាក់​ដី​បានសម្លាប់​មនុស្ស​យ៉ាងហោច ៥០ នៅក្នុង​តំបន់​ភាគ​ខាងជើង និង​ភាគ​ខាងកើត​របស់ ប្រទេស​ឥ​ណ្ឌា។

    ជំនន់​ទឹកភ្លៀង​បាន​ហូរ​ចូល​ភូមិឋាន កួច​យក​ផ្ទះសំបែង និង​បណ្ដាលឱ្យ​ប្រជាជន​ត្រូវ​ជាប់គាំង​នៅនឹងកន្លែង ខណៈដែល​ក្រុម​សង្គ្រោះ​ត្រូវ​រត់ប្រណាំង​នឹង​ពេលវេលា​ដើម្បី​ឈ្លៀសមនុស្ស​ដែល​នៅមាន​ជីវិត ទៅ​រក​ទីសុវត្ថិភាព​។

    ជនរងគ្រោះ​នៅក្នុង​គ្រោះទឹកជំនន់​នេះ​ភាគច្រើន​នៅក្នុង​រដ្ឋ Himachal Pradesh, Uttarakhand និង​រដ្ឋ Odisha បន្ទាប់ពី​បាតុភូត​ទឹកជំនន់ និង​បំណាក់​ដី​ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​មនុស្ស​ជិត ៨០០,០០០ នាក់ ក្នុងនោះ​មាន​មនុស្ស​រាប់ពាន់នាក់​ត្រូវ​ភៀសខ្លួន​ពី​ទីលំនៅ។ ភ្លៀង​ធ្លាក់​បង្ក​ជា​ទឹកជំនន់​បានធ្វើ​ឱ្យមាន​បញ្ហា​រអាក់រអួល​ដល់​បណ្ដាញ​អគ្គិសនី ទឹក និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់យ៉ាង​ធ្ងន់​ធ្ងរ។

    ជា​រៀងរាល់ឆ្នាំ រដូវភ្លៀង​នៅ ឥណ្ឌា បាន​បង្ក​ការខាតបង់​ជីវិត​មនុស្ស និង​ទ្រព្យសម្បត្តិ​យ៉ាងច្រើន ប៉ុន្តែ វា​ក៏​ជា​ប្រភព​ផ្គត់ផ្គង់​ទឹក​ដ៏​សំខាន់​សម្រាប់​​ឧស្សាហកម្ម ជា​វិស័យ​ដែល​រួមចំណែក​ប្រមាណ ១៥% ទៅក្នុង​សេដ្ឋកិច្ច​របស់ ប្រទេស​ឥណ្ឌា៕

  • រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា

    រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា

    [ភ្នំពេញ – ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏ធំសម្បើមជាថ្មីម្តងទៀតប្រចាំឆ្នាំនោះគឺការប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ​ សែនសុខដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង 3,000 នាក់។

    ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានថ្លែងសុន្ទរកថានៅក្នុងអង្គពិធីនេះដែរ ដែលលោកបានមានប្រសាសន៍ថា៖ “រាជរដ្ឋាភិបាលកម្ពុជា​ បានទទួលស្គាល់​ក្រុមហ៊ុន RMA ជា ក្រុមហ៊ុនដំបូងបំផុត ដែលនាំចូលរថយន្ត​មាន​ស្តង់ដារសុវត្ថិភាព​ខ្ពស់ មកកាន់ទីផ្សារកម្ពុជា​ដែលក្នុងនោះដែរគឺរថយន្តម៉ាក Ford ដែលមានភាពល្បីល្បាញខ្លាំងបំផុត ​និងបានទទួលចំណែកទីផ្សាររថយន្តថ្មីលេខ 1 នៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំជាប់គ្នា ហើយថ្ងៃនេះដែរក្រុមហ៊ុននឹងនាំយកអ្វីដែលកាន់តែថ្មីជូនដល់អតិថិជននោះគឺរថយន្តFord Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ដែលជារថយន្តភីកអាប់អាចជំនះបានគ្រប់ឧបសគ្គនៃការបើកបរ។”

    កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងដើម្បីឲ្យអតិថិជនយល់ជ្រាបកាន់តែច្បាស់ពីវត្តមាននៃកំពូលរថយន្តភីកអាប់ Off-Road Performance មួយនេះជាមួយនឹងរូបរាងថ្មីទាំងស្រុង និងទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៃការបើកបរសាកល្បងរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នេះដោយផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេស​Ford ដើម្បីសាកល្បងនូវមុខងារដ៏ថ្មីស្រឡាង ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបានបំពាក់នៅលើរថយន្តនេះ ជាពិសេសនោះគឺអតិថិជនពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីននៃរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ដែលម៉ាស៊ីនជំនាន់ថ្មីនេះជាប្រភេទម៉ាស៊ីនសាំង Twin-Turbo 3.0L V6 EcoBoost ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 392 HP និងកម្លាំងរមួលកង់រហូតដល់ទៅ 583 Nm ដែលផ្តល់នូវសន្ទុះដ៏ខ្លាំងគ្មានគូប្រៀប។ មិនតែប៉ុណ្ណោះនៅមានមុខងារជាច្រើនទៀតដែលបានទាក់ចិត្តអតិថិជនបន្ទាប់ពីបានធ្វើតេស្តសាកល្បងរួចមកដូចជា៖

    • ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវរហូតដល់ 7 ជម្រើសរួមមាន៖ ផ្លូវធម្មតា ស្ព័រ រអិល ភក់ ខ្សាច់ BAJA (ផ្លូវឧបសគ្គ)​ និងផ្លូវមានថ្ម
    • ប្រព័ន្ធកំណត់សម្លេងរថយន្ត (Exhaust Mode) ដែលអាចកំណត់សម្លេងរថយន្តបាន 4 ជម្រើសដូចជា៖ ស្ងាត់ ធម្មតា បែបស្ព័រ និងបែប BAJA Mode (ដែលសម្រាប់ការបើកបរលើផ្លូវមានឧបសគ្គ) បូករួមជាមួយនឹងការបំពាក់ជូននូវបំពង់ស៊ីមុំាង 2 ធ្វើឲ្យរថយន្តនេះមានរូបរាង និងការបញ្ចេញសម្លេងដូចទៅនឹងរថយន្តស្ព័រអញ្ចឹង
    • ប្រព័ន្ធកំណត់ការប្រើប្រាស់បូមរថយន្ត (Suspension Mode) ដែលអាចកំណត់បូមរថយន្តទន់ ឬរឹងទៅតាមស្ថានភាពផ្លូវ ជាពិសេសគឺបានបំពាក់នូវបូម Fox Live Valve Shocks ទំហំ 5 អ៊ីញ
    • ប្រព័ន្ធកំណត់ការប្រើប្រាស់ចង្កូតរថយន្ត (Steering Mode) ដែលអាចកំណត់ចង្កូតរថយន្តធូរ ឬតឹងទៅតាមស្ថានភាពផ្លូវ
    • អ្វីដែលអតិថិជនមានការភ្ញាក់ផ្អើល និងពេញចិត្តខ្លាំងមួយទៀតនោះគឺ ប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី 10 វគ្គអូតូ (E-Shifter) បូករួមជាមួយនឹង Paddle Shift ដែលអាចថែមថយលេខនៅនឹងដៃចង្កូតពិតជាធ្វើឲ្យការចូលរលូនខ្លាំងមែនទែន
    • បំពាក់ជូននូវប្រព័ន្ធគ្រប់គ្រងប៉ុងអេឡិចត្រូនិចជំនាន់ថ្មី (2H, 4H, 4L, 4A)
    • អ្វីដែលកាន់តែអស្ចារ្យនោះគឺរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 បានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P), (T) និងប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត ដែលវានឹងដំណើរការហ្វ្រាំង ហ្គ៊ែរ ចង្កូត និងការចូលលេខពីប្រអប់លេខអេឡិចត្រូនិចដោយខ្លួនឯង និងអ្នកបើកបរអាចទស្សនាប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត នៅលើអេក្រង់ Touchscreen 12 អ៊ីញបានយ៉ាងងាយស្រួល
    • ក្រៅពីនេះគឺនៅមានប្រព័ន្ធសុវត្ថិភាព​ និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀតដែលអាចឲ្យរថយន្តនេះជំនះបានគ្រប់ឧបសគ្គនៃការបើកបរ និងស័ក្តិសមជាកំពូលរថយន្តភីកអាប់ Off-Road Performance

    រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូររហូតដល់ទៅ 8 ជម្រើសរួមមាន៖ ពណ៌ក្រហម ទឹកក្រូច ខៀវ ខ្មៅ ប្រផេះស្ងួត ប្រផេះរលោង ទឹកប្រាក់ និងពណ៌ស។ ជាមួយនឹងតម្លៃពិសេសត្រឹមតែជាង 7 ម៉ឺនដុល្លាតែប៉ុណ្ណោះ។សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរ និងបើកបរសាកល្បងរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

    • អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
    • អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
    • អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
    • អគារតាំងបង្ហាញរថយន្ត Ford Trade-In ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 077 722 999
    • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
    • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883។
  • សេវា​ទេសចរណ៍​អវកាស​តម្លៃ ៥១៤ លាន​រៀល ប្រើ​បា​ឡុង​ហោះ​របស់​ក្រុមហ៊ុន​អាម៉េរិក

    សេវា​ទេសចរណ៍​អវកាស​តម្លៃ ៥១៤ លាន​រៀល ប្រើ​បា​ឡុង​ហោះ​របស់​ក្រុមហ៊ុន​អាម៉េរិក

    ទេសចរណ៍​អវកាស​ប្រកបដោយ​សុវត្ថិភាព មិន​បំ​ភាយ​ឧស្ម័ន​ពុល ប៉ុន្តែ​នៅតែ​អាច​គយគន់​សម្រស់​រប​ស់​ផែនដី និង​អវកាស​បាន គឺជា​គោលដៅ​របស់​ក្រុមហ៊ុន​អវកាស​ចរណ៍ធំៗលើ​ពិភពលោក ក្នុងនោះ​ក៏មាន Apace Perspective ផងដែរ។

    ការប្រកួតប្រជែង​ក្នុង​វិស័យ​ទេសចរណ៍​អវកាស​កំពុងតែ​ក្ដៅគគុក​ជាងពេលណាៗទាំងអស់។ ប៉ុន្តែ អ្វីដែល​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​សក្ដានុពល​ខ្ពស់​នាពេល​ដ៏​ខ្លី​ខាង​មុន នោះ​គឺ​សេវា​ទេសចរណ៍​អវកាស​តាមរយៈ​បា​ឡុង​ហោះ​ដែល​មិន​បញ្ចេញ​ឧស្ម័ន​ពុល។

    ក្រុមហ៊ុន Space Perspective នៅ Florida សហរដ្ឋ​អាម៉េរិក មាន​គម្រោង​នាំ​អតិថិជន​ឡើងទៅ​កាន់​កម្ពស់​ជាង ៣០,០០០ ម៉ែត្រ តាមរយៈ​បា​ឡុង​ហោះ។ អតិថិជន​នឹង​បាន​ហោះហើរ​ក្នុង​ទី​អវកាស​ដោយ​ជិះ​ក្នុង​បន្ទប់​មួយ​ដែល​ភ្ជាប់​ពី​ខាងក្រោម​បា​ឡុង​ហោះ​ខ្នាត​យក្ស បំពាក់​បច្ចេកវិទ្យា​ទំនើប។ រូបភាព​នានា​ដែល​ត្រូវបាន​ប្រកាស​កាលពី​ចុងខែ​កក្កដា បង្ហាញថា រចនា​រូបរាង​ថ្មី​របស់​បន្ទប់​ដែលមាន​ឈ្មោះថា Space Neptune ទទួលបាន​វិញ្ញ​ប​នប​ត្រ​ពី​ស្ថាប័នរដ្ឋ​រួចហើយ។

    បន្ទប់ Space Neptune សម្រាប់​ភ្ញៀវ ធំ​ទូលាយ​ជាង ធៀប​នឹង​កំណែ​មុន ជួយ​ឱ្យ​អតិថិជន​ឈរ​ត្រង់​បាន​យ៉ាង​ស្រួលខ្លួន ក៏ដូចជា​សមត្ថភាព​នៃ​ការ​ស៊ូទ្រាំ​នឹង​សម្ពាធ​មាន​កម្រិត​ខ្ពស់ជាង​មុន។

    Space Perspective សហការ​ជាមួយ studio of My Imagination (OMI) ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ ទីក្រុង​ឡុង​ដ៍ ដើម្បី​រចនា​នូវ​រូបរាង​របស់​បន្ទប់ Space Neptune ថ្មី​នេះ។

    ក្រុមហ៊ុន Space Perspective កំណត់​ផែនការ​ថា នៅ​ចុងឆ្នាំ ២០២៤ នឹង​ចាប់ផ្ដើម​នាំ​ទេសចរ ៨ នាក់ ឡើងទៅ​គយគន់​ផែនដី និង​អវកាស​ពី​ចម្ងាយ ដោយ​ប្រើប្រាស់​ពេល ៦ ម៉ោង។ បា​ឡុង​ហោះ​នេះ​នឹង​ស្ថិតនៅលើ​ស្រទាប់​បរិយាកាស stratosphere របស់​ផែនដី។

    អតិថិជន​ដែល​នឹងធ្វើ​ដំណើរ​ទេសចរណ៍​ក្នុង​កម្មវិធី​បា​ឡុង​ហោះ​ប្រើប្រាស់​ឧស្ម័ន​អ៊ីដ្រូសែន របស់ Space Perspective នឹងមិន​ចាំបាច់​ឆ្លងកាត់​ការបណ្ដុះបណ្ដាល​ស៊ីជម្រៅ​ដូច​អ្នក​អវកាស​ឡើយ។

    តម្លៃ​សំបុត្រ​សម្រាប់​មនុស្ស​ម្នាក់​គឺ​ ១២៥ ពាន់​ដុល្លារ​អាម៉េរិក (ប្រហែល ៥១៤ លាន​រៀល)។ Space Perspective ឱ្យ​ដឹង​ថា សំបុត្រ​ចំនួន​ជាង ៩០០ ត្រូវ​បាន​លក់​ឱ្យ​អតិថិជន​រួចហើយ​៕

    >ទេសចរណ៍​នាពេល​អនាគត ៖ ជិត​ក្នុង​បា​ឡុង​ហោះ​ខ្នាត​យក្ស​ទស្សនា​ទិដ្ឋភាព​ភាព​កោង​របស់​ផែនដី​ពី​លើ​មេឃ

    >ទេសចរណ៍​អវកាស! Virgin Galactic មាន​អតិថិជន​ជាង 600នាក់​ក្នុង​ដៃ ខណៈ Blue Origin មិនទាន់​ប្រកាស​ពី​តម្លៃ​សំបុត្រ​ធម្មតា​នៅឡើយ

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ២០ ខែ​សីហា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ២០ ខែ​សីហា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ១៧ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ១៩ ខែ​សីហា ២០២២។

    ក្នុង​អំឡុង​ពេល​ខាង​លើ ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ២២ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតមក​ដល់​បច្ចុប្បន្ន កម្ពុជា​ បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​កូវីដ-១៩ សរុប​ចំនួន ១៣៧,៣៩៤ នាក់ ក្នុង​នោះ​មាន​ ៣,០៥៦ នាក់​បាន​បាត់បង់ជីវិត​។

  • មាស​ពិភពលោក កំពុង​ធ្លាក់​ថ្លៃ​រយៈពេល​វែង​បំផុត រាប់​ពី​ខែវិច្ឆិកា ២០២១

    មាស​ពិភពលោក កំពុង​ធ្លាក់​ថ្លៃ​រយៈពេល​វែង​បំផុត រាប់​ពី​ខែវិច្ឆិកា ២០២១

    តម្លៃ​មាស​កាលពី​ម្សិលមិញ បាន​បន្ត​ដាំ​ក្បាល​ចុះ ធ្វើឱ្យ​រយៈពេល​នៃ​ការធ្លាក់​ថ្លៃ​​របស់​វា អូសបន្លាយ​ដល់ ៥ ថ្ងៃជាប់ៗគ្នា ដែល​នេះ​គឺជា​ការធ្លាក់​ថ្លៃ​យូរ​ជាងគេ រាប់​ចាប់ពី​ខែវិច្ឆិកា ២០២១។

    បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃ​សុក្រ តម្លៃ​មាស​ប្រគល់​ភ្លាម ធ្លាក់​ថ្លៃ ០.៦% ចុះមក​នៅត្រឹម ១,៧៤៨.៥៨ ដុល្លារ/អោន (១ អោន (ounce) ស្មើនឹង ៨.២៩៤២៦ ជី) ដែលជា​តម្លៃ​ទាប​បំផុត​រាប់​ចាប់ពី​ថ្ងៃទី ២៨ កក្កដា។ មាស​ប្រគល់​ក្នុង​​កាលកំណត់ បាត់បង់​តម្លៃ​អស់ ០.៥% មក​នៅត្រឹម ១,៧៦២.៩ ដុល្លារ/អោន។

    ក្រោយពី​បាន​ឡើងថ្លៃ​ក្នុង ៤ សប្ដាហ៍​កន្លង តម្លៃ​មាស​បាន​ថយចុះ ២.៩% ក្នុង​សប្ដាហ៍​នេះ ដែល​នេះ​ក៏​ជា​សប្ដាហ៍​ដែល​មាស​ធ្លាក់​ថ្លៃ​ខ្លាំង​បំផុត រាប់​ចាប់តាំងពី​សប្ដាហ៍​ដែល​បញ្ចប់​នៅ​ថ្ងៃទី ០៨ កក្កដា ២០២២។

    ក្រុមអ្នកវិភាគ​ទីផ្សារ​បានឱ្យដឹងថា កត្តា​ដែលនាំឱ្យ​មាស​ធ្លាក់​ថ្លៃ​គឺ​ការ​ងើបឡើង​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក និង​ការ​ដែល​ រតនាគារជាតិ​អាម៉េរិក ត្រូវ​ការដំឡើង​ការប្រាក់​ដើម្បី​ទប់ទល់​នឹង​អតិផរណា។

  • ទំហំ​សេដ្ឋកិច្ច​អ៊ី​ន​ធើ​ណិ​ត​នៅ អាស៊ីអាគ្នេយ៍ អាច​កើន​ឡើងដល់ ៣០០ ពាន់​លាន​ដុល្លារ​អាម៉េរិក នៅ​ឆ្នាំ ២០២៥

    ទំហំ​សេដ្ឋកិច្ច​អ៊ី​ន​ធើ​ណិ​ត​នៅ អាស៊ីអាគ្នេយ៍ អាច​កើន​ឡើងដល់ ៣០០ ពាន់​លាន​ដុល្លារ​អាម៉េរិក នៅ​ឆ្នាំ ២០២៥

    នៅលើ​ខឿនសេដ្ឋកិច្ច​ឌីជីថល​អ៊ី​ន​ធើ​ណិ​ត ទិន្នន័យ​ធំ (Big Data) មាន​សក្ដានុពល​យ៉ាង​ធំ​សម្បើម ជួយ​ជំរុញ​ល្បឿន​នៃ​ការ​ងើបឡើង​របស់​សេដ្ឋកិច្ច​នៅ អាស៊ីអាគ្នេយ៍ ក្រោយ​សម័យ​កូ​វីដ-១៩ ដោយ​ផលប្រយោជន៍​ក្នុង​វិស័យ​សុខាភិបាល​សាធារណៈ សុខុមាលភាព​សង្គម និង​អប់រំ សម្រេចបាន​តម្លៃ​ជាង ១០០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    យោងតាម​របាយការណ៍​ថ្មី​របស់ ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ដែលមាន​ប្រធានបទ ទាញយក​សក្ដានុពលរ​បស់ Big Data នៅ អាស៊ីអាគ្នេយ៍ ក្រោយ​កូ​វីដ-១៩ Big Data អាច​កែលម្អ​ការផ្គត់ផ្គង់​សេវាកម្ម​របស់​រដ្ឋាភិបាល និង​ជំរុញ​ល្បឿន​នៃ​ការ​ងើបឡើង​របស់​សេដ្ឋកិច្ច ក្រោយ​វិបត្តិ​កូ​វីដ-១៩។

    របាយការណ៍​ថ្មី​របស់ ADB បង្ហាញថា បណ្ដា​ប្រព័ន្ធ​តាមដាន​ពី​ចម្ងាយ​អាចជួយ​សន្សំសំច័យ​បាន ៩.៤ ពាន់​លាន​ដុល្លារ សម្រាប់​បណ្ដាញ​សុខាភិបាល​នៅ អាស៊ីអាគ្នេយ៍ ក្នុង​ឆ្នាំ ២០៣០ ដោយសារតែ​ការថយចុះ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ដែល​មកកាន់​មន្ទីរពេទ្យ ពេលវេលា​នៃ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្លី​ជាង​មុន និង​ការថយចុះ​នៃ​លិខិតស្នាម​នៅ​មន្ទីរពេទ្យ។

    ចំណែកឯ​ការប្រើប្រាស់​ទិន្នន័យ​វិភាគ​ដើម្បី​កំណត់​គោលដៅ​សម្រាប់​អន្តរាគមន៍​ផ្នែក​សុខាភិបាល​ដែល​ផ្ដោត​សំខាន់​ទៅលើ​ក្រុម​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ក៏​អាច​នាំឱ្យ​កើនឡើង​ប្រហែល ១៥.៥ ពាន់​លាន​ដុល្លារ នៅក្នុង​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​តំបន់ អាស៊ីអាគ្នេយ៍ នៅ​ឆ្នាំ ២០៣០។

    របាយការណ៍​ខាងលើ​បញ្ជាក់ថា ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​ផ្គត់ផ្គង់​សេវាកម្ម​អប់រំ ការធ្វើការ​ពី​ចម្ងាយ និង​លក្ខណៈ​ឯកជន អាចរួមចំណែក​ប្រមាណ ៧៧.១ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ ទៅក្នុង GDP របស់​បណ្ដា​ប្រទេស​នៅ តំបន់​អាស៊ីអាគ្នេយ៍ នៅ​ឆ្នាំ ២០៣០ ផងដែរ។

    បច្ចេកវិទ្យា​ឌីជីថល កំពុងតែ​ផ្លាស់ប្ដូរ​សេដ្ឋកិច្ចពិភពលោក។ របាយការណ៍​របស់ ADB បាន​បង្ហាញថា គិតតែ​ក្នុង តំបន់​អាស៊ីអាគ្នេយ៍ ទំហំ​របស់​សេដ្ឋកិច្ច​អ៊ី​ន​ធើ​ណិ​ត អាច​កើន​ជា ៣ ដង ធៀប​នឹង​ឆ្នាំ ២០១៩ ដោយ​អាច​នឹង​ឡើងដល់ ៣០០ ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ ២០២៥៕

  • វៀតណាម ស្នើឱ្យ កម្ពុជា ជួយ​សហការ​ស៊ើបអង្កេត​ក​រ​ណី ជនជាតិ​វៀតណាម រត់គេច​ពី​កាស៊ីណូនៅ កម្ពុជា

    វៀតណាម ស្នើឱ្យ កម្ពុជា ជួយ​សហការ​ស៊ើបអង្កេត​ក​រ​ណី ជនជាតិ​វៀតណាម រត់គេច​ពី​កាស៊ីណូនៅ កម្ពុជា

    អាជ្ញាធរ​វៀតណាម ស្នើ កម្ពុជា ជួយ​សហ​ការ ​ស៊ើបអង្កេត​រក​​មូលហេតុ​ដែលនាំឱ្យ ជនជាតិ​វៀតណាម ៤២ នាក់ រត់គេច​ពី​កាស៊ីណូ នៅក្នុង ខេត្តកណ្ដាល និង​ស្វែងរក​អ្នក​ដែល​បាន​បាត់​ខ្លួន នេះ​បើតាម​សារព័ត៌មាន​វៀតណាម VNexpress ស្រង់​ព័ត៌មាន​ពី ក្រសួងការបរទេស​វៀ​ត​ណា​ម ចេញផ្សាយ​នា​ព្រឹក​ថ្ងៃទី ២០ សីហា។

    វៀតណាម បាន​ទាក់ទង​ទៅកាន់ អាជ្ញាធរ​កម្ពុជា ដើម្បី​បញ្ជាក់​អំពី​ព័ត៌មាន​នេះ និង​ស្នើឱ្យ​ត្រួតពិនិត្យ​ទីតាំង​មួយ​នៅក្នុង ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម Le Thi Thu Hang និយាយ​អំពី​ព័ត៌មាន​ស្ដីពី​ពលករ​វៀតណាម ៤២ នាក់ ដែល​បាន​រត់គេចខ្លួន​ពី​កាស៊ីណូ នៅ កម្ពុជា។

    លោកស្រី Hang ឱ្យដឹងថា វៀតណាម បានស្នើ​ឱ្យ កម្ពុជា ជួយ​តាមរក​អ្នក​ដែល​កំពុង​បាត់​ខ្លួន និង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ហេតុការណ៍​នេះ។ អ្នកនាំពាក្យ​រូបនេះ​ក៏បាន​ព្រមាន​អំពី​ស្ថានភាព ជនជាតិ​វៀតណាម ត្រូវគេ​មេខ្យល់​បោក​មក​ធ្វើការ​ដោយ​ខុសច្បាប់​នៅ កម្ពុជា ក្នុង​រយៈពេល​កន្លង។ លោកស្រី Hang បញ្ជាក់ថា ជនជាតិ​វៀតណាម ជាង ៥០០ នាក់ ត្រូវបាន​ជួយសង្គ្រោះ និង​នាំ​ត្រលប់ទៅ​កាន់​​ប្រទេស​ដោយ​សុវត្ថិភាព និង​រាប់ពាន់នាក់​ទទួលបាន​ជំនួយ​ក្នុង​ការ​ធ្វើ​លិខិតស្នាម។

    ការិយាល័យ​ការពារ​ព្រំដែន Long Binh ខេត្ត An Giang របស់ វៀតណាម កាលពី​ថ្ងៃទី ១៨ សីហា បាន​ចាប់ខ្លួន​មនុស្ស ៤០ នាក់ រួមមាន​ស្ត្រី ៥ នាក់ និង​បុរស ៣៥ នាក់ ព្រោះតែ​ឆ្លងដែន​ចូល​ទឹកដី​របស់ វៀតណាម ដោយ​ខុសច្បាប់។ អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ​បានឱ្យដឹងថា មនុស្ស ៤២ នាក់ បាន​រត់គេចខ្លួន​ពី​កាស៊ីណូ នៅក្នុង ខេត្តកណ្ដាល និង​ហែល​ឆ្លងទន្លេ Binh Di ត្រលប់ទៅ​​ប្រទេស។ ប៉ុន្តែ ម្នាក់​ត្រូវ​ទឹក​គួច​បាត់​ខ្លួន និង​ម្នាក់​ត្រូវបាន​ខាង​កាស៊ីណូ​ចាប់​ត្រលប់​មកវិញ។

    ក្រុម​ពលករ​វៀតណាម ដែល​រត់​គេច​ពីកាស៊ី​ណូ នៅ​ កម្ពុជា កំពុង​សម្រាក​នៅ​ក្នុង​ទីតាំង​មួយ​របស់​ អាជ្ញាធរ​វៀតណាម នៅ​ខេត្ត An Giang កាលពី​ថ្ងៃទី ១៩ សីហា ២០២២

    ជនជាតិ​វៀតណាម ខាងលើ បាន​សារភាពថា មុន​នោះ​ពួកគេ​បាន​ចូល​ទឹកដី​របស់ កម្ពុជា ដោយ​ខុសច្បាប់ ដើម្បី​ទៅធ្វើ​ការ​ក្នុង​កាស៊ីណូ​មួយចំនួន។ ដោយសារតែ​ត្រូវ​ធ្វើការ​លើសពី​ការកំណត់​របស់​ច្បាប់ មិនបាន​សម្រាក​គ្រប់គ្រាន់ និង​មិន​ទទួលបាន​ប្រាក់ខែ ពួកគេ​ក៏​នាំគ្នា​រក​វិធី​ឆ្លងដែន​ត្រលប់​ទៅ វៀតណាម វិញ។

    សារព័ត៌មាន VNexpress បានឱ្យដឹងថា ថ្មីៗនេះ ជនជាតិ​វៀតណាម ជាច្រើន ត្រូវបាន​មេខ្យល់​បោក​យកមក កម្ពុជា ហើយ​លក់​ទៅឱ្យ​បន​ល្បែង​មួយចំនួន ឬ​ក្រុម​ជួញដូរ​ប្រាក់​ឌីជីថល​គ្រីប​តូ និង​ត្រូវ​រំលោភបំពាន​កម្លាំង​ពលកម្ម។ បើសិនជា​ចង់​ត្រលប់​ទៅ​ប្រទេស​វិញ ពួកគេ​ត្រូវតែ​បង់ប្រាក់​ចាប់ពី ៣,០០០ ដល់ ៣០,០០០ ដុល្លារ​អាម៉េរិក។

    ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម បាន​ចោទថា បន​ល្បែង​ដែល​រំលោភ​កម្លាំង​ពលកម្ម រឹបអូស​ទ្រព្យសម្បត្តិ​បុគ្គល ភាគច្រើន​​​ស្ថិតនៅក្នុង​ ក្រុង​បាវិត ខេត្តស្វាយរៀង, ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ, ជ្រៃ​ធំ ខេត្តកណ្ដាល និង ភ្នំពេញ។ ក្នុង​រយៈពេល ៦ ខែ​ដើម​ឆ្នាំនេះ ប៉ូលិស​វៀតណាម សហការ​ជាមួយ​សមត្ថកិច្ច​របស់ កម្ពុជា រំដោះ​ជនរងគ្រោះ​បាន​ជាង ២៥០ ករណី ដែល​ត្រូវបាន​ជនខិលខូច​បោក​មក​ធ្វើការ​នៅ កម្ពុជា ដោយ​ខុសច្បាប់៕

  • ក្រុមហ៊ុន​ឡាវ អភិវឌ្ឍ​គម្រោងផលិត​​អគ្គិសនី​ពី​ថាមពល​​ព្រះអាទិត្យ តម្លៃ​ជាង ៦៩ លាន​ដុល្លារ​អាម៉េរិក

    ក្រុមហ៊ុន​ឡាវ អភិវឌ្ឍ​គម្រោងផលិត​​អគ្គិសនី​ពី​ថាមពល​​ព្រះអាទិត្យ តម្លៃ​ជាង ៦៩ លាន​ដុល្លារ​អាម៉េរិក

    ក្រុមហ៊ុន​ទទួលខុស​ត្រូវមាន​កម្រិត Solar Attapeu Power Sole (SAPC) ទើបតែ​បាន​សម្ពោធ​បើក​ការដ្ឋាន​អនុវត្ត​គម្រោង​ថាមពល​អគ្គិសនី​ព្រះអាទិត្យ Attapeu (SAPP) តម្លៃ ៦៩.២ លាន​ដុល្លារ​នៅ​ស្រុក Xaysettha ក្នុង​ខេត្ត Attampeu ប្រទេស​ឡាវ។

    លោក Sisavath Souvannavong ប្រធាន​ក្រុមហ៊ុន SAPC ឡាវ បានឱ្យដឹងថា គម្រោង​ផលិត​អគ្គិសនី​ពី​ថាមពលព្រះអាទិត្យ Attapeu នេះ គ្រោង​នឹង​ត្រូវបាន​ស្ថាបនា​រួចរាល់​នៅ​ចុងឆ្នាំ ២០២៣ ហើយ​​នឹង​មាន​​កម្លាំង​ដំឡើង ៦៤MWdc/៥០MWac។ គម្រោង​នេះ​ត្រូវបាន​ក្រុមហ៊ុន និង​ស្ថាប័ន​ពាក់ព័ន្ធ សិក្សា​ស្រាវជ្រាវ​តាំងពី​ឆ្នាំ ២០១៤។

    គម្រោង​ផលិត​អគ្គិសនី​ពី​ថាមពលព្រះអាទិត្យ Attapeu ​​ត្រូវបាន​គេ​រំពឹងថា នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ថាមពល​ រួមចំណែក​ក្នុងការ​ធានា​សន្តិសុខ​ថាមពល បង្កើត​ការងារ​នៅក្នុង​តំបន់ និង​ផ្ដល់​អគ្គិសនី ១២៨GWh ជា​រៀងរាល់ឆ្នាំ សម្រាប់​ប្រទេស​ និង ​ប្រជាជន​ឡាវ។

    រដ្ឋាភិបាល​ឡាវ កំពុងតែ​អនុវត្ត​គោលនយោបាយ​អនុគ្រោះ ដើម្បី​លើកទឹកចិត្ត​ដល់​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ក្នុង​វិស័យ​ផលិត​ថាមពល​ស្អាត មាន​ដូចជា អគ្គិសនី​ផលិត​ពី​ថាមពលព្រះអាទិត្យ អគ្គិសនីផលិតពី​ថាមពល​​​ខ្យល់ និង​ថាមពលជីវម៉ាស​ជាដើម៕

  • ក្រុមហ៊ុន​ជប៉ុន គ្រោង​នឹង​ផ្ដល់​សេវាកម្ម​ទេសចរណ៍ «លំដាប់​ប្រណិត» សម្រាប់​ភ្ញៀវ​​ដែល​មាន​ទ្រព្យ​ចាប់​ពី​ ៥០ លាន​ដុល្លារ​

    ក្រុមហ៊ុន​ជប៉ុន គ្រោង​នឹង​ផ្ដល់​សេវាកម្ម​ទេសចរណ៍ «លំដាប់​ប្រណិត» សម្រាប់​ភ្ញៀវ​​ដែល​មាន​ទ្រព្យ​ចាប់​ពី​ ៥០ លាន​ដុល្លារ​

    បណ្ដា​សហគ្រិន​វិស័យ​ទេសចរណ៍​នៅ ប្រទេស​ជប៉ុន កំពុង​ពិភាក្សាគ្នា​អំពី​ការផ្ដល់​សេវាកម្ម​ទេសច​រណ៍​ដែល​អនុញ្ញាតឱ្យ​អតិថិជន​ដើរ​កម្សាន្ត​តាម​តំបន់​ប្រវត្តិសាស្ត្រ ធម្មជាតិ និង​វប្បធម៌​គ្រប់ទិសទី​នៅក្នុង ប្រទេស​ជប៉ុន តាមរយៈ​យន្តហោះ​ឯកជន។

    ក្រុមហ៊ុន​អាកាសចរណ៍​ធំជាងគេ​របស់ ជប៉ុន ANA Holdings Inc. និង​ក្រុមហ៊ុន​ជាច្រើន​ទៀត កំពុងតែ​ពិនិត្យមើល​លទ្ធភាព​ក្នុង​ការផ្ដល់​សេវាកម្ម​ទេស​ចរណ៍​លំដាប់​ប្រណិត​សម្រាប់​ភ្ញៀវ​អ្នកមាន​ពី​បរទេស​ដែលមាន​លទ្ធភាព​ចំណាយ​ប្រាក់​ច្រើន​នៅ ជប៉ុន។

    កញ្ចប់​សេវាកម្ម​ទេសចរណ៍​ខាងលើនេះ នឹង​អនុញ្ញាតឱ្យ​ភ្ញៀវ​ដើរទេស​ចរណ៍​ពាសពេញ​ផ្ទៃ​ប្រទេស​ជប៉ុន ក្នុង​រយៈពេល​ជាង ១ សប្ដាហ៍ តាមរយៈ​យន្តហោះ​ឯកជន ក្នុងនោះ តំបន់​ប្រវត្តិសាស្ត្រ តំបន់​ទេសចរណ៍ធម្មជាតិ និង​វប្បធម៌ គឺជា​គោលដៅ​សំខាន់។

    ផែនការ​នេះ កំពុង​ត្រូវបាន​ពិភាក្សា​រួមគ្នា​ដោយ Nippon Travel Agency ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ANA Holdings, ក្រុមហ៊ុន​លក់​ឧបករណ៍​ក្រៅ​ផ្ទះ Snow Peak, រដ្ឋបាល​ទីក្រុង Tajimi នៅ​ខេត្ត Gifu និង ក្រុមប្រឹក្សា​ទេសចរណ៍ និង​ស្ដារ​តំបន់​ក្នុងប្រទេស។

    ដំណើរ​ទេសចរណ៍​លក្ខ​ណៈ​សាកល្បង​មួយចំនួន ត្រូវបាន​បើក​ដំណើរការ​តាំងពី​ខែមេសា ២០២២។ ស្ថាប័ន​ពាក់ព័ន្ធ​មាន​គម្រោង​ជ្រើសរើស​តំបន់​ទេសចរណ៍ល្បីៗប្រមាណ​ជា ១០ នៅ​ទូទាំងប្រទេស​ជប៉ុន សម្រាប់​សេវាកម្ម​របស់​ពួកគេ​នៅ​ចុងឆ្នាំ​នេះ ហើយនឹង​ផ្ដល់​សេវាកម្ម​ទេសចរណ៍​ជា​ផ្លូវការ​នៅ​ដើម​ឆ្នាំក្រោយ។

    អតិថិជន​គោលដៅ​របស់បណ្ដា​​ក្រុមហ៊ុន​ខាងលើ​គឺ​ក្រុមមនុស្ស​ដែលមាន​ទ្រព្យ​យ៉ាងតិច ៥០ លាន​ដុល្លារអាម៉េរិក។ តាម​ការ​គណនា អតិថិជន​ប្រភេទ​នេះ​មាន​ប្រហែល ២១០,០០០ នាក់ នៅលើ​ពិភពលោក។

    ​សំបុត្រ​សម្រាប់​ដំណើរ​ទេសចរណ៍​ថ្នាក់​ប្រណិត​នេះ​នឹងមាន​តម្លៃ​ប្រមាណ ៥ លាន​យេន (៣៦,០០០ ដុល្លារ​អាម៉េរិក) ក្នុង ១ សំបុត្រ៕

  • គម្រោង​បង្កើត​រោងចក្រ​ឧស្សាហកម្ម​ថ្មី​ចំនួន ៤ ទៀត ទទួលបាន​ការអនុម័ត​ពី ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

    គម្រោង​បង្កើត​រោងចក្រ​ឧស្សាហកម្ម​ថ្មី​ចំនួន ៤ ទៀត ទទួលបាន​ការអនុម័ត​ពី ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

    នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី ១៩ សីហា​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឱ្យដឹងថា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន​ថ្មី​ចំនួន ៤ ដែល​គ្រោង​នឹង​បង្កើត​រោងចក្រ​នៅ ភ្នំពេញ និង ខេត្ត​ព្រះសីហនុ។

    ខាងក្រោម​នេះ​គឺជា​បណ្ដា​ក្រុមហ៊ុន​ដែល​ទើបតែ​ទទួលបាន​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ពី ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ៖

    ១-ក្រុមហ៊ុន R.G. FOOTWEAR (CAMBODIA) CO., LTD ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អណ្តូង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល គ្រោង​នឹង​វិនិយោគ​ប្រមាណ ៥.៦ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​ដល់​ពលរដ្ឋ​បាន​ចំនួន ១,៣២៨ កន្លែង។

    ២- ក្រុមហ៊ុន Xing Gang Wood Industry (Cambodia) Co., Ltd.។ គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​បង្គុំ និង​សម្ភារៈ​តុបតែង​លំអ​ធ្វើ​ពី​ឈើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជឺ, ខេត្ត​ព្រះសីហនុ, ក្នុង​ទុនវិនិយោគ​ចំនួន ៣.៩ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ២៥០ នាក់។

    ៣- ក្រុមហ៊ុន Zhejiang Jeni Furniture Co., Ltd. គម្រោង​បង្កើត​រោងចក្រ​ផលិត​សា​ឡុង និង​ស្រោម​សា​ឡុង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជឺ, ខេត្ត​ព្រះសីហនុ,ក្នុង​ទុនវិនិយោគ​ចំនួន ១ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៤០០ នាក់។

    ៤- ក្រុមហ៊ុន FF.LL (Cambodia) Co., Ltd.។ គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​វេច​ខ្ចប់​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ, ខេត្ត​ព្រះសីហនុ, ក្នុង​ទុនវិនិយោគ​ចំនួន ៦.៥ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៨៣០ នាក់។

    គម្រោង​វិនិយោក​ដែលមាន​ទុន ១៧ លាន​ដុល្លារ​អាម៉េរិក របស់​ក្រុមហ៊ុន​ទាំង ៤ ខាងលើនេះ នឹង​បង្កើត​ការងារ​ថ្មី​បាន​ប្រមាណ ២,៨០០ កន្លែង៕