Author: សឿន សំណាង

  • ចិន ចាប់ផ្ដើម​សាងសង់​រោងចក្រ​វា​រី​អគ្គិសនី​តម្លៃ ១៧ ពាន់​លាន​ដុល្លារ ក្នុងប្រទេស​មួយ​នៅ​អាស៊ីអាគ្នេយ៍

    ចិន ចាប់ផ្ដើម​សាងសង់​រោងចក្រ​វា​រី​អគ្គិសនី​តម្លៃ ១៧ ពាន់​លាន​ដុល្លារ ក្នុងប្រទេស​មួយ​នៅ​អាស៊ីអាគ្នេយ៍

    គម្រោង​រោងចក្រ​វា​រី​អគ្គិសនី​ដែល​រួមមាន ទំនប់​ចំនួន ៥ កន្លែង និង​អាច​ផ្ដល់​ថាមពល​អគ្គិសនី​ខ្លាំងជាងគេ​នៅ អាស៊ីអាគ្នេយ៍ នេះ គ្រោង​នឹងត្រូវ​ចំណាយ​ទុន ១៧ ពាន់​លាន​ដុល្លារ​អាម៉េរិក និង​បញ្ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០៣៥។

    Kayan Hydro Energy (KHE) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​សាជីវកម្ម​សាងសង់​បណ្ដាញ​អគ្គិសនី​របស់​ប្រទេស​ចិន (PowerChina) បានចាប់ផ្ដើម​ការស្ថាបនា​រោងចក្រ​វា​រី​អគ្គិសនី​កម្លាំង ៩GW នៅលើ​កោះ Borneo របស់ ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​បម្រើ​ដល់​គម្រោង​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​បៃតង​នានា​ក្នុង​តំបន់។

    បច្ចុប្បន្ន KHE កំពុង​សាងសង់​ផ្លូវ​ទៅកាន់​ទីតាំង​របស់​គម្រោង​វា​រី​អគ្គិសនី Kayan Cascade ដែល​ស្ថិតនៅតាម​បណ្ដោយ​ទន្លេ Kayan ក្នុង​ខេត្ត Kalimantan ខាងជើង។

    គម្រោង​ដែល​រួមមាន ទំនប់​វា​រី​អគ្គិសនី​ចំនួន ៥ កន្លែង និង​អាច​ផ្ដល់​ថាមពល​អគ្គិសនី​ខ្លាំងជាងគេ​បង្អស់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នេះ គ្រោង​នឹងត្រូវ​ចំណាយ​ដើមទុន ១៧ ពាន់​លាន​ដុល្លារ​អាម៉េរិក និង​បញ្ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០៣៥។

    ទិដ្ឋភាព​គ្រឿង​ចក្រ​កំពុង​ចាប់​ផ្ដើម​អនុវត្ត​គម្រោង

    ទំនប់​វា​រី​អគ្គិសនី​ដំបូង​របស់​គម្រោង​ខាងលើ គឺ Kayan 1 ដែល​ផ្ដល់​ថាមពល ៩០០MW គ្រោង​នឹង​ចាប់ផ្ដើម​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ឆ្នាំ ២០២៦។ ទំនប់​ចុងក្រោយ​គឺ Kayan 5 ដែល​ផ្ដល់​ថាមពល​រហូតដល់ ៣.៣GW គ្រោង​នឹង​ស្ថាបនា​រួចរាល់​នៅក្នុង​ឆ្នាំ ២០៣៥។

    ប្រធាន និង​ជា​អគ្គនាយក​របស់ KHE លោក Andrew Suryali បានឱ្យដឹងថា ក្រុមហ៊ុន PowerChina Huadong នឹង​ទទួលខុសត្រូវ​ក្នុងការ​គូរ​ប្លង់ ចំណែក SinoHydro នឹង​រ៉ាប់រង​ផ្នែក​បច្ចេកទេស ការទិញ​សម្ភារ​សំណង់ និង​ការសាងសង់។

    PowerChina Huadong និង SinoHydro គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ PowerChina។ ពួកគេ​ក៏​ជា​អ្នកចូលរួម​ក្នុង​ដំណើរការ​អនុវត្ត​គម្រោង​ស្ថាបនា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដំបូង​របស់ ឥណ្ឌូណេស៊ី ដែល​ត​ភ្ជាប់​ពី រដ្ឋធានី​ហ្សា​ការ​តា ​ជា​មួយ​នឹង​ Bandung ដែលជា​ទីក្រុង​រដ្ឋបាល​របស់​ខេត្ត​ជ្វា​ខាងលិច​ផងដែរ៕

  • ធនាគារជាតិ​នៃ​កម្ពុជា ប្រកាសថា នឹង​បោះផ្សាយ​មូល​ប​ត្រ​បំណុល​ដំបូង នៅ​ថ្ងៃស្អែក

    ធនាគារជាតិ​នៃ​កម្ពុជា ប្រកាសថា នឹង​បោះផ្សាយ​មូល​ប​ត្រ​បំណុល​ដំបូង នៅ​ថ្ងៃស្អែក

    ការដេញថ្លៃ​មូល​ប​ត្រ​រដ្ឋ លើកទីមួយ​ដែលមាន​ទំហំ​ទឹកប្រាក់ ១០០ ពាន់​លាន​រៀល ដែល​ប្រហែល ២៥ លាន​ដុល្លារ​អាម៉េរិក នឹងត្រូវ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី ០៧ កញ្ញា​ខាងមុខ នេះ​បើតាម ធនាគារជាតិ​កម្ពុជា ប្រកាស​កាលពី​ម្សិលមិញ។

    យោងតាម​សេចក្ដីប្រកាស​របស់ ធនាគារជាតិ​កម្ពុជា មូល​ប​ត្រ​រដ្ឋ​ដំបូង​ខាងលើនេះ នឹង​ដាក់ឱ្យ​ដេញថ្លៃ​តាមរយៈ​ផ្លែ​ត​ហ្វ​ម​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBCP) ចាប់ពី​ម៉ោង ៨ ព្រឹក ដល់ ២ រសៀល ថ្ងៃទី ០៧ កញ្ញា។ មូល​ប​ត្រ​បំណុល​នេះ មានតម្លៃ​ចា​រឹត (Face Value) ចំនួន ១ លាន​រៀល ដែល​ស្មើនឹង ២៥០ ដុល្លារ​អាម៉េរិក ក្នុង ១ បណ្ណ ជាមួយនឹង​ការផ្ដល់​អត្រា​ការប្រាក់ ២% ថេរ​ក្នុង​មួយឆ្នាំ ដែល​រដ្ឋ​នឹង​ទូទាត់​សង​ក្នុង​រយៈពេល ៦ ខែម្តង។

    នេះ​គឺជា​ជំហាន​ទីមួយ​របស់ រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​គម្រោង​បោះ​លក់​មូល​ប​ត្រ​បំណុល​ក្នុង​ទំហំ​ទឹកប្រាក់ ២,២១៩ ពាន់​លាន​រៀល ដែល​ប្រហាក់ប្រហែល​នឹង ៣០០ លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ឆ្នាំ ២០២២។

    មូលហេតុ​នៃ​ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល​នេះ​ត្រូវបាន​លើកឡើងថា គឺ​ក្នុង​បំណង​ប្រមូល​ទុនវិនិយោគ​ក្នុងប្រទេស សម្រាប់​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ៕

  • ផ្លូវដែក​ឡាវ-ចិន ដឹកជញ្ជូន​ទំនិញ​បាន​ជាង ១០ ពាន់​លាន​យុន ក្រោយ​ដំណើរការបាន ៩ ខែ

    ផ្លូវដែក​ឡាវ-ចិន ដឹកជញ្ជូន​ទំនិញ​បាន​ជាង ១០ ពាន់​លាន​យុន ក្រោយ​ដំណើរការបាន ៩ ខែ

    ខ្សែ​រថភ្លើង​ឡាវ-ចិន ដឹកជញ្ជូន​ទំនិញ​អន្តរជាតិ​បាន​រាប់លាន​តោន គិត​ជាត​ម្លៃ​បាន​ជាង ១០ ពាន់​លាន​យុន ក្រោយពី​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ចុងឆ្នាំ​កន្លង។

    យោងតាម Global Times ចាប់តាំងពី ផ្លូវដែក​ចិន-ឡាវ បាន​ដំណើរការ​កាលពី​ថ្ងៃទី ០៣ ធ្នូ ២០២១ អាជ្ញាធរ​នៅ​កំពង់ផែ Mohan នៃ​ខេត្ត Yunnan ប្រទេស​ចិន ដែល​ស្ថិត​នៅជាប់​នឹង​ព្រំដែន​ជាមួយ ប្រទេស​ឡាវ បានអនុញ្ញាត​ឱ្យ​រថភ្លើង​ឆ្លងកាត់​ព្រំដែន​ចំនួន ១,៨៦៨ ជើង។ ទំនិញ​សរុប​ដែល​ត្រូវបាន​ដឹក​តាម​ខ្សែ​រថភ្លើង​នេះ​មាន​ចំនួន ១.២៨ លាន​តោន ក្នុងនោះ​មាន ៣៤០,០០០ តោន គឺជា​ទំនិញ​នាំ​ពី​ប្រទេស​ចិន ចូល​ប្រទេស​ឡាវ និង ៩៤០,០០០ តោន ជា​ទំនិញ​នាំ​ពី ប្រទេស​ឡាវ ចូល ប្រទេស​ចិន។

    ទំនិញ​ដែល​ត្រូវបាន​ដឹក​ជញ្ជូន​​តាម​រយៈ​​ផ្លូវដែក​ចិន-ឡាវ នេះ មាន​ចំនួន​ប្រមាណ ២ ពាន់​មុខ រួម​មានដូចជា ផលិតផល​អេឡិចត្រូនិក ផ្ទាំង​សូ​ឡា ឧបករណ៍​ទូរគមនាគមន៍។ល។ គិត​មកដល់​ដើមខែ​សីហា​កន្លងទៅ ផ្លូវដែក​នេះ​ក៏​ដឹកជញ្ជូន​អ្នកដំណើរ​បាន ៥.៥៤ លាន​ជើង​រួចហើយ​ដែរ។

    ផ្លូវដែក​ចិន-ឡាវ គឺជា​គម្រោង​ស្ថិតក្នុង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ដែល​បង្កើតឡើង​ដោយ​ប្រទេស​ចិន។ ផ្លូវដែក​នេះ​រត់​ឆ្លងកាត់ ៣០ ខេត្ត និង​តំបន់​ស្វយ័ត​នៅក្នុង​ទឹកដី​របស់ ប្រទេស​ចិន និង ៨ ប្រទេស​នៅ តំបន់​អាស៊ីអាគ្នេយ៍ មានដូចជា ប្រទេស​ឡាវ, មី​យ៉ាន​ម៉ា, ថៃ និង វៀតណាម ជាដើម។

    ផ្លូវដែក​ចិន-ឡាវ បាន​ក្លាយជា​ភ្នាក់ងារ​ត​ភ្ជាប់​ដ៏​សំខាន់​រវាង ប្រទេស​ចិន ជាមួយនឹង​បណ្ដា​ប្រទេស​នៅក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់ ប្រទេស​ចិន។

    ផ្លូវដែក​ប្រវែង ១,០៣៥ គីឡូម៉ែត្រ​នេះ អាចជួយ​សន្សំសំច័យ​ប្រាក់​ក្នុងការ​ដឹកជញ្ជូន​បាន​ពី 40-50% សម្រាប់​បណ្ដា​ក្រុមហ៊ុន អាជីវករ​នាំចេញ នាំចូល។ ប្រការនេះ​នាំឱ្យ ប្រទេស​ចិន និង​ប្រទេស​មួយចំនួន​នៅ អាស៊ីអាគ្នេយ៍ កំពុងមាន​គម្រោង​ពង្រីក​ផ្លូវដែក​នេះ​បន្ថែមទៀត៕

  • ក្រុម​សង្គ្រោះ​របស់ ចិន ​ចាប់​ផ្ដើម​​ឆ្លង​​ជ្រោះ​​ទៅ​​ជួយ​​ជន​រង​គ្រោះ​​ក្នុង​​ហេតុ​ការណ៍​​រញ្ជួយ​​ដី​ (រូបភាព)

    ក្រុម​សង្គ្រោះ​របស់ ចិន ​ចាប់​ផ្ដើម​​ឆ្លង​​ជ្រោះ​​ទៅ​​ជួយ​​ជន​រង​គ្រោះ​​ក្នុង​​ហេតុ​ការណ៍​​រញ្ជួយ​​ដី​ (រូបភាព)

    ក្រុមមន្ត្រី​ចិន នាំគ្នា​ឆ្លងកាត់​ព្រៃ និងជ្រោះ នៅក្នុង​បេសកកម្ម​ជួយសង្គ្រោះ បន្ទាប់ពី​ហេតុការណ៍​រញ្ជួយ​ដី​កម្លាំង ៦.៦ រិច​ទ័​រ បាន​កើតឡើង​នៅក្នុង​ខេត្ត Sichuan បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច ៤៦ នាក់​បាត់​បង់ជីវិត។

    ខេត្ត Sichuan កាលពី​ថ្ងៃទី ០៥ កញ្ញា ទទួលរង​គ្រោះ​រញ្ជួយ​ដី​ដ៏​ធំ​មួយ នាំឱ្យ​កក្រើក​ទីក្រុង Kangding ដែលមាន​ប្រជាជន​ប្រហែល ១ សែន​នាក់​កំពុង​រស់នៅ រួម​នឹង​ទីប្រជុំជន​ជាច្រើន​ផ្សេងទៀត។ ទូរទស្សន៍​ចិន CCTV ឱ្យដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស ៤៦ នាក់​បាន​ស្លាប់ និង​រាប់សិប​នាក់​រងរបួស និង​បាត់​ខ្លួន។

    កងកម្លាំង​ជួយសង្គ្រោះ​រាប់ពាន់នាក់ កំពុង​ញាប់ដៃ​ញាប់ជើង​ចូលរួម​ស្វែងរក និង​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅក្រោយ​ហេតុការណ៍​រញ្ជួយ​ដី​នេះ។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ០៦ ខែ​​កញ្ញា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ០៦ ខែ​​កញ្ញា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ១១ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ០៥ ខែ​កញ្ញា​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ២៥ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

  • ជប៉ុន បង្កើន​ទំហំ​នៃ​ការផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី ដើម្បី​ក្ដោប​ក្ដាប់​ទីផ្សារ​

    ជប៉ុន បង្កើន​ទំហំ​នៃ​ការផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី ដើម្បី​ក្ដោប​ក្ដាប់​ទីផ្សារ​

    ប្រទេស​ជប៉ុន កំពុង​តែមាន​ផែនការ​ពង្រីក​ទីផ្សារ​រថយន្ត​អគ្គិសនី ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក្នុងនោះ ការអភិវឌ្ឍ​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​គឺជា​កត្តា​ដែល​មិនអាច​រំលង​បាន។

    ដោយសារ​មានការ​រឹតបន្តឹង​ក្នុងការ​ការពារ​បរិស្ថាន​កាន់តែខ្លាំងឡើងៗ ទីផ្សារ​រថយន្ត​អគ្គិសនី​កំពុងតែ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី បណ្ដា​ក្រុមហ៊ុនធំៗរបស់ ប្រទេស​ជប៉ុន កំពុងតែ​ផ្ដោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​ការអភិវឌ្ឍ​ថ្ម​ផ្ទុក​ថាមពល ព្រោះថា វា​គឺជា​ផ្នែក​ដ៏​សំខាន់​របស់​រថយន្ត​អគ្គិសនី។

    យោងតាម​សារព័ត៌មាន Sankei ក្រុមហ៊ុន​សាជីវកម្ម Toyota បានឱ្យដឹងថា នឹង​វិនិយោគ ៧៣០ ពាន់​លាន​យ៉េន ដើម្បី​ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​នៅ ជប៉ុន និង សហរដ្ឋ​អាម៉េរិក ហើយ​ការផលិត​នឹង​ចាប់ផ្ដើម​ពី​ឆ្នាំ ២០២៤។

    ក្រៅពី Toyota ក្រុមហ៊ុន​ខ្នាត​យក្ស​មួយ​ផ្សេងទៀត​របស់ ជប៉ុន ក៏​បង្កើន​ការវិនិយោគ​ទៅលើ​ទីផ្សារ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី នោះ​គឺ Honda។ Honda និង​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន LG របស់ កូរ៉េខាងត្បូង ដើម្បី​ផលិត​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​នៅ សហរដ្ឋ​អាម៉េរិក ដោយ​ចំណាយ​ដើមទុន​ប្រមាណ ៦១០ ពាន់​លាន​យ៉េន។ យោងតាម​គម្រោង កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ចាប់ផ្ដើម​ពី​ឆ្នាំ ២០២៣ និង​ផលិត​ក្នុង​បរិមាណ​ច្រើន​ចាប់ពី​ឆ្នាំ ២០២៥។

    ដើម្បី​គាំទ្រ​ដល់ទី​ផ្សារ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា របស់ ជប៉ុន ក៏បាន​ប្រកាស​គោលដៅ​សម្រាប់​ពី​ពេលនេះ​ដល់​ឆ្នាំ ២០៣០ ក្នុងនោះ ក្រសួង​នឹង​បណ្ដុះបណ្ដាល​វិស្វករ​ឱ្យបាន​ដល់ ៣ ម៉ឺន​នាក់ សម្រាប់​បម្រើ​ដល់​ការអភិវឌ្ឍ​ថ្ម​ក្នុង​វិស័យនេះ ដោយសារ​ថា បច្ចុប្បន្ន ជប៉ុន មាន​បុគ្គលិក​ប្រមាណ​តែ ៥,០០០ នាក់​ប៉ុណ្ណោះ ដែល​ធ្វើការ​ក្នុង​វិស័យ​ផលិត​ថ្ម​ផ្ទុក​ថាមពល។

    បច្ចុប្បន្ននេះ ​រាជ​រដ្ឋាភិបាល​ជប៉ុន មាន​គោលនយោបាយ​ជាច្រើន​ដែល​លើកទឹកចិត្ត​ឱ្យធ្វើ​ការអភិវឌ្ឍ​ដើម្បី​អាច​គ្រប់គ្រង​ទីផ្សារ​រថយន្ត​អគ្គិសនី និង​ថ្ម​ផ្ទុក​អគ្គិសនី ក្នុងនោះ គោលដៅ​ចម្បង​របស់ ជប៉ុន គឺ​ការបង្កើន​ការផលិត​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​ឱ្យបាន​ឡើងដល់ ៦០០ Gwh ដែល​ស្មើនឹង ២០% នៃ​ទីផ្សារ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​នៅ​ទូទាំង​ពិភពលោក ក្នុង​ឆ្នាំ ២០៣០៕

  • មនុស្ស​យ៉ាង​តិច ៤៦ នាក់​បាន​ស្លាប់​ នៅក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ប្រទេស​ចិន

    មនុស្ស​យ៉ាង​តិច ៤៦ នាក់​បាន​ស្លាប់​ នៅក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ប្រទេស​ចិន

    យ៉ាងហោចណាស់​មាន​មនុស្ស ៤៦ នាក់ បាន​បាត់​បង់ជីវិត ខណៈដែល​មនុស្ស​រាប់សិប​នាក់​រងរបួស និង ១៦ នាក់​បាត់​ខ្លួន នៅក្នុង​ហេតុការណ៍​រញ្ជួយ​ដី​មួយ​ដ៏​ធំ​នៅក្នុង​ខេត្ត Sichuan ភាគ​និរតី​នៃ ប្រទេស​ចិន។

    ទូរទស្សន៍ CCTV របស់ ចិន កាលពី​ម្សិលមិញ បាន​រាយការណ៍​ថា គ្រោះ​រញ្ជួយ​ដី​មួយ​ដែលមាន​កម្លាំង ៦.៦ រិច​ទ័​រ បានធ្វើឱ្យ​កក្រើក​ទីក្រុង Kangding ជាទី​ដែលមាន​ប្រជាជន​ប្រមាណ ១ សែន​នាក់​កំពុង​រស់នៅ រួម​នឹង​ទីប្រជុំជន​ជាច្រើន​ផ្សេងទៀត​នៅក្នុង​ខេត្ត Sichuan។ មនុស្ស​ជាង ១ លាន​នាក់​នៅក្នុង​តំបន់​រញ្ជួយ​ដី បាន​ឆ្លងកាត់​ភាព​ញាប់​ញ័រ​របស់​ធរណី។

    CCTV បាន​ផ្សាយ​ថា មនុស្ស ១៧ នាក់​បាន​ស្លាប់​នៅក្នុង​ទីក្រុង Yaan, ២៩ នាក់​ស្លាប់​នៅក្នុង​តំបន់​ស្វយ័ត​ទី​បេ Garze នៅក្បែរនោះ។ «១៦ នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន និង ៥០ នាក់​រងរបួស» នេះ​បើតាម CCTV។

    អាជ្ញាធរ​ចិន បានចាប់ផ្ដើម​ការងារ​បន្ទាន់​កម្រិត ៣ និង​បញ្ជូន​បុគ្គលិក​សង្គ្រោះ​ទៅកាន់​កន្លែងកើតហេតុ។ ទូរទស្សន៍ CGTN ផ្សាយ​ថា បុគ្គលិក​សង្គ្រោះ​កំពុង​ជួយ​រៀបចំ​ផ្លូវ​ទាំងឡាយ​ដែល​ត្រូវ​រាំងស្ទះ​ដោយសារ​បំណាក់​ដី។

    ការិយាល័យ​គ្រោះ​រញ្ជួយ​ដី Sichuan បានប្រកាសថា ទាហាន​ជាង ១,០០០ នាក់ ត្រូវបាន​បញ្ជូនទៅ​ជួយ​​ដល់​បុគ្គលិក​​​សង្គ្រោះ។ អាជ្ញាធរ​ក៏បាន​ដឹក​តង់ កន្ទេល ផួយ មុង​រាប់ពាន់​ឈុត​ទៅកាន់​តំបន់​ដែល​បាន​រងគ្រោះ៕

  • អ៊ុយ​ក្រែ​ន អំពាវនាវ​ដល់​ប្រជាជន​នៅ គ្រី​មៀ ឱ្យ​ស្វែងរក​កន្លែង​លាក់ខ្លួន

    អ៊ុយ​ក្រែ​ន អំពាវនាវ​ដល់​ប្រជាជន​នៅ គ្រី​មៀ ឱ្យ​ស្វែងរក​កន្លែង​លាក់ខ្លួន

    មន្ត្រី​អ៊ុយ​ក្រែ​ន បាន​អំពាវនាវ​ដល់​ប្រជាជន​នៅក្នុង​តំបន់​ទាំងឡាយ​ដែល​កំពុង​ត្រូវបាន​រំលោភ​កាន់កាប់​ដោយ រុស្ស៊ី រួមទាំង ឧបទ្វីប​គ្រី​មៀ ផងដែរ ឱ្យ​ត្រៀម​កន្លែង​លាក់ខ្លួន និង​ត្រៀម​ស្បៀងអាហារ​ឱ្យបាន​គ្រប់គ្រាន់។

    «ប្រជាជន​នៅក្នុង​បណ្ដា​តំបន់​ដែល​ត្រូវបាន​គេ​រំលោភ​កាន់កាប់ រួមទាំង ឧបទ្វីប​គ្រី​មៀ ត្រូវគោរព​តាម​ការណែនាំ​របស់​ក្រុមមន្ត្រី នៅក្នុងពេល​អនុវត្ត​វិធានការ​រំដោះ» Mikhail Podolyak ទីប្រឹក្សា​របស់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប្រកាស​នៅលើ Twitter កាលពី​ថ្ងៃទី ០៥ កញ្ញា។

    «ជាងនេះទៀត គ្រប់គ្នា​គួរតែ​ត្រៀម​កន្លែង​លាក់ខ្លួន​ពី​គ្រាប់បែក ត្រៀម​ទឹក​ឱ្យបាន​គ្រប់គ្រាន់ និង​បញ្ចូល​ថាមពល​អគ្គិសនី​ចាប់ពីពេលនេះ» Podolyak បន្ថែម​ដូច្នេះ។ «គ្រប់យ៉ាង​នឹង​ជា​កម្មសិទ្ធិ​របស់ អ៊ុយ​ក្រែ​ន»។

    ក្នុង​រយៈពេល​ច្រើន​សប្ដាហ៍​កន្លងមកនេះ អ៊ុយ​ក្រែ​ន បាន​ព្រមាន​ជា​បន្តបន្ទាប់ និង​ណែនាំ​ឱ្យ​ប្រជាជន​នៅ​ភាគខាងត្បូង ត្រៀមខ្លួន​ឱ្យបាន​រួចរាល់ និង​ភៀសខ្លួន​មុនពេល​ប្រទេស​នេះ​បើក​ការវាយប្រហារ។ ប៉ុន្តែ ការព្រមាន​របស់ Podolyak ពិតជា​គួរឱ្យ​ចាប់អារម្មណ៍ ព្រោះតែ​សំដៅលើ​ប្រជាជន​នៅ គ្រី​មៀ ជាទី​ដែល​ត្រូវបាន ទីក្រុង​មូ​ស្គូ រឹបអូស និង​ដាក់បញ្ចូល​ទៅក្នុង សហព័ន្ធរុស្ស៊ី តាមរយៈ​ការធ្វើប្រជាមតិ​កាលពី​ឆ្នាំ ២០១។ ឧបទ្វីប​គ្រី​មៀ ត្រូវបាន​គេ​យល់ថា ស្ថិត​នៅក្រៅ​រង្វង់​ប្រតិបត្តិការ​នៃ​អាវុធ​របស់ អ៊ុយ​ក្រែ​ន៕

  • តម្លៃ​ប្រេង​ឆៅ​កើនឡើង​ខ្ពស់ បន្ទាប់ពី​ក្រុម​ប្រទេស OPEC+ សម្រេចចិត្ត​កាត់បន្ថយ​ការផលិត

    តម្លៃ​ប្រេង​ឆៅ​កើនឡើង​ខ្ពស់ បន្ទាប់ពី​ក្រុម​ប្រទេស OPEC+ សម្រេចចិត្ត​កាត់បន្ថយ​ការផលិត

    ជា​លើកដំបូង​ហើយ​ដែល​ការសម្រេចចិត្ត​កាត់បន្ថយ​ការផលិត​ប្រេង​ឆៅ​របស់ OPEC+ ត្រូវបាន​ធ្វើឡើង​ដើម្បី​ជួយ​លើក​តម្លៃ​ប្រេង​ដែល​បាន​ធ្លាក់​ថ្លៃនា​ពេល​កន្លង​។

    អង្គ​ការ​នៃ​បណ្ដា​ប្រទេស​នាំចេញ​ប្រេង​ឆៅ និង​បណ្ដា​ប្រទេស​ជា​ដៃគូ​សហការ (OPEC+) កាលពី​ថ្ងៃទី ០៥ កញ្ញា បាន​ឯកភាពគ្នា​ថា ចាប់ពី​ខែតុលា​ខាងមុខ នឹងមាន​ការកាត់បន្ថយ​បរិមាណ​ប្រេង​ឆៅ​ប្រមាណ ១ សែន​ធុង​ក្នុង ១ ថ្ងៃ ធៀប​នឹង​ខែកញ្ញា។

    ការសម្រេចចិត្ត​កាត់បន្ថយ​ការផលិត​ប្រេង​ឆៅ​របស់ OPEC+ ត្រូវបាន​ធ្វើឡើង​ដើម្បី​ជួយ​លើក​តម្លៃ​ប្រេង​ដែល​បាន​ធ្លាក់​ថ្លៃ ដោយសារ​ការបារម្ភ​អំពី​ឱនភាព​សេដ្ឋកិច្ច​ធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់​ប្រេង​ថយចុះ។

    បរិមាណ​ប្រេង​ដែល OPEC+ សម្រេចចិត្ត​កាត់បន្ថយ​ខាងលើ គឺ​ស្មើនឹង ០.១% នៃ​តម្រូវការ​ប្រើប្រាស់​ប្រេង​​ប្រចាំ​ថ្ងៃ​ នៅ​ទូទាំង​​ពិភពលោក។

    នៅក្នុង​កិច្ចប្រជុំ​កាលពី​ម្សិលមិញ OPEC+ ក៏បាន​ឯកភាព​ថា​នឹង​អាច​កោះ​​ប្រជុំ​គ្រប់ពេល ដើម្បី​កែសម្រួល​បរិមាណ​ប្រេង​ឱ្យបាន​សមស្រប​នឹង​ភាពជាក់ស្ដែង នៅមុន​កិច្ចប្រជុំ​តាម​កាលកំណត់​នៅ​ថ្ងៃទី ០៥ ខែតុលា​ខាងមុខ។

    កាលពី​ខែមីនា តម្លៃ​ប្រេង​ពិភពលោក​បាន​ឡើង​ជិត​ដល់ ១៤០ ដុល្លារ/ធុង ដោយសារតែ​ផលប៉ះពាល់​ពី​សង្គ្រាម​រវាង រុស្ស៊ី ដែលជា​អ្នក​នាំចេញ​ប្រេង​ឆៅ​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់ពី អា​រ៉ា​ប៊ី​សា​អូឌីត ជាមួយនឹង អ៊ុយ​ក្រែ​ន។

    ក៏ប៉ុន្តែ ប្រេង​ឆៅ​បានចាប់ផ្ដើម​ធ្លាក់​ថ្លៃ​នៅពេល​មានការ​បារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច និង​ការដែល ចិន នៅតែ​បន្ត​បិទ​ខ្ទប់​ទីក្រុង​ជាច្រើន​ដោយសារ​កូ​វីដ-១៩ ក៏ដូចជា​លទ្ធភាព​នៃ​ការសម្រេចបាន​កិច្ចព្រមព្រៀង​នុយ​ក្លេ​អែរ​រវាង សហរដ្ឋ​អាម៉េរិក និង អ៊ីរ៉ង់ ដែល​នឹង​អាច​បើកផ្លូវ​ឱ្យ ទីក្រុង​តេ​ហេ​រ៉ង់ នាំចេញ​ប្រេង​ឆៅ​ទៅកាន់​ពិភពលោក​ឡើងវិញ៕

  • ​យន្តហោះ​បុកគ្នា​ជាមួយ​ម៉ូតូពេល​កំពុង​ចុះ​ចត បណ្ដាល​ឱ្យ​មនុស្ស​ច្រើន​នាក់​បាត់​បង់ជីវិត

    ​យន្តហោះ​បុកគ្នា​ជាមួយ​ម៉ូតូពេល​កំពុង​ចុះ​ចត បណ្ដាល​ឱ្យ​មនុស្ស​ច្រើន​នាក់​បាត់​បង់ជីវិត

    (ហ្គីណេ)-ម៉ូតូ​មួយ​គ្រឿង​ព្យាយាម​បរឆ្លង​ផ្លូវ​រត់​របស់​យន្តហោះ​ ក្នុង​ពេល​ដែលយន្តហោះ​​ A320neo របស់​ក្រុមហ៊ុន​ TAP Air កំពុង​ចុះចត​ បណ្ដាល​ឱ្យ​មនុស្ស​ ២​ នាក់​នៅ​លើ​ម៉ូតូ​ត្រូវ​បាត់បង់ជីវិត។

    ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ពេល​យន្តហោះ Airbus A320neo របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ TAP Air របស់​ ព័រទុយហ្គាល កំពុង​ចុះ​ចត​នៅ​លើ​ព្រលាន​យន្តហោះ​អន្តរជាតិ Ahmed Sekou Toure នៅ ​រដ្ឋធានីកូណាគ្រី ប្រទេស​ហ្គីណេ កាលពី​យប់​ថ្ងៃទី ០២​ កញ្ញា​ ប៉ុន្តែ ព័ត៌មាន​នេះ​ទើបតែ​​ត្រូវ​បាន​អាជ្ញាធរ​ប្រកាស​កាលពី​ថ្ងៃ​ទី ០៤ កញ្ញា​។

    អាជ្ញាធរ​ហ្គីណេ បាន​ឱ្យ​ដឹង​ថា ម៉ូតូ​មួយ​គ្រឿង មុន​ពេល​​​ជួប​គ្រោះ​ថ្នាក់ បាន​ព្យាយាម​បរឆ្លង​កាត់​ផ្លូវ​រត់​របស់​យន្តហោះ នៅ​ពេល​យន្តហោះ​កំពុង​បន្ថយ​ល្បឿន ចុះចត​ ហើយ​ក៏​បាន​ប៉ះទង្គិច​ទៅ​នឹង​ម៉ាស៊ីន​នៅ​ស្លាប​ខាង​ស្ដាំ​របស់​យន្តហោះ​។ មនុស្ស​ ២ នាក់​​ដែល​ជិះ​លើ​ម៉ូតូ​នោះ​បាន​បាត់បង់ជីវិត​ ក្នុង​នោះ ជនរងគ្រោះ​ម្នាក់​ត្រូវ​បាន​គេ​ជឿ​ថា ជា​មន្ត្រី​នៅ​អាកាសយានដ្ឋាន​។

    ម៉ាស៊ីន​របស់​យន្តហោះ A320neo ត្រូវ​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ ប៉ុន្តែ មិន​មាន​ការ​ផ្ទុះ​ឆេះ​ ហើយ​ក៏​មិន​បង្ក​ឱ្យ​មាន​អ្នក​ណា​ម្នាក់​លើ​យន្តហោះ​​ រងរបួស​នោះ​ដែរ​។ ហេតុ​ការណ៍​នេះ​នាំ​ឱ្យ​យន្តហោះ​ត្រូវ​លុប​ចោល​ជើង​ហោះ​ហើរ​បន្ទាប់​ដែល​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់ ព័រទុយហ្គាល។ បច្ចុប្បន្ន យន្តហោះ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ រដ្ឋធានី​កូណាគ្រី​។

    អាជ្ញាធរ​គ្រប់​គ្រង​អាកាសយានដ្ឋាន​របស់ ហ្គីណេ បាន​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​រកមូលហេតុ​ដែល​នាំ​ឱ្យ​មាន​ហេតុការណ៍​នេះ​៕