Author: សឿន សំណាង

  • ក្រុមតំណាងរាស្ត្រ​អាម៉េរិក ធ្វើ​ទស្សនកិច្ចភ្លាមៗនៅ កោះ​តៃវ៉ាន់

    ក្រុមតំណាងរាស្ត្រ​អាម៉េរិក ធ្វើ​ទស្សនកិច្ចភ្លាមៗនៅ កោះ​តៃវ៉ាន់

    ប្រតិភូ​តំណាងរាស្ត្រ ៨ រូប​របស់ សហរដ្ឋ​អាម៉េរិក បានមក​ដល់ កោះ​តៃវ៉ាន់ ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​មិនបាន​ប្រកាស​ជាមុន ហើយ​គ្រោង​នឹង​ធ្វើការ​នៅទីនេះ​រយៈពេល ២ ថ្ងៃ។

    ការិយាល័យ​តំណាង​របស់ សហរដ្ឋ​អាម៉េរិក ប្រចាំ កោះ​តៃវ៉ាន់ (AIT) បានឱ្យដឹងថា ប្រតិភូ​តំណាងរាស្ត្រ ៨ រូប​របស់ សហរដ្ឋ​អាម៉េរិក ដឹកនាំ​ដោយ Stephanie Murphy សមាជិក​គណៈកម្មការ​យោធា​នៅ សភា​ជាន់​ទាប បានមក​ដល់ កោះ​តៃវ៉ាន់ កាលពី​ព្រលប់​ថ្ងៃទី ០៧ កញ្ញា ហើយ​គ្រោង​នឹង​ធ្វើការ​នៅទីនេះ​រយៈពេល ២ ថ្ងៃ។ AIT បន្ថែមថា នេះ​គឺជា​ផ្នែក​មួយ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ពួកគេ​មកកាន់ តំបន់​ឥណ្ឌូ-ប៉ា​ស៊ី​ហ្វ៊ិ​ក។

    «ប្រតិភូ​នឹងមាន​ជំនួប​ជាមួយ​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​របស់ តៃវ៉ាន់ ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ជាមួយ សហរដ្ឋ​អាម៉េរិក, បញ្ហា​សន្តិសុខ​ក្នុង​តំបន់, បញ្ហា​ពាណិជ្ជកម្ម និង​វិនិយោគ, បណ្ដាញ​ផ្គត់ផ្គង់​ទូទាំង​សកល​លិ​ក ក៏ដូចជាបញ្ហាសំខាន់ៗដែលជា​ចំណាប់អារម្មណ៍​របស់​ភា​គី​ទាំងពីរ» AIT ឱ្យដឹង​ដូច្នេះ។

    ការិយាល័យ​មេដឹកនាំ​កោះ​តៃវ៉ាន់ ប្រកាសថា លោកស្រី Tsai Ing-wen នឹង​ជួបពិភាក្សា​ជាមួយ​ប្រតិភូ​តំណាងរាស្ត្រ​អាម៉េរិក នៅ​ព្រឹក​នេះ។

    «នេះ​គឺជា​ប្រតិភូ​តំណាងរាស្ត្រ​អាម៉េរិក ក្រុមទី ៦ ដែល​បានមក​កាន់ កោះ​តៃវ៉ាន់ រាប់​ចាប់តាំងពី កងទ័ព​ចិនដីគោក ធ្វើ​លំ​ហាត់​សមយុទ្ធ​យោធា​កាលពីដើម​ខែសីហា។ ប្រការនេះ​បង្ហាញថា សហរដ្ឋ​អាម៉េរិក ផ្ដល់​តម្លៃ និង​គាំទ្រ​ចំពោះ កោះ​តៃវ៉ាន់ នៅ​ច្រើន​ថ្នាក់ ច្រើន​កម្រិត» ការិយាល័យ​មេដឹកនាំ​កោះ​តៃវ៉ាន់ អធិប្បាយ​ដូច្នេះ។

    ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុមមន្ត្រី​នៅ ទីក្រុង​ប៉េកាំង មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ។ ប៉ុន្តែ កន្លងមក ដំណើរ​ទស្សនកិច្ច​បែប​នេះ តែងតែ​ត្រូវ​រង​ការរិះគន់ និង​ការព្រមាន ក៏ដូចជា​ចំណាត់ការ​នានា​ពី​សំណាក់ ចិនដីគោក។

  • វៀតណាម អនុម័តការ​វិនិយោគលើ​គម្រោងកំពង់ផែអន្តរជាតិនៅ​ភាគ​កណ្ដាល​​ ដើម្បី​ទទួល​ដឹក​ទំនិញ​ពី​ ឡាវ និង​ ថៃ

    វៀតណាម អនុម័តការ​វិនិយោគលើ​គម្រោងកំពង់ផែអន្តរជាតិនៅ​ភាគ​កណ្ដាល​​ ដើម្បី​ទទួល​ដឹក​ទំនិញ​ពី​ ឡាវ និង​ ថៃ

    អាជ្ញាធរគ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ខេត្ត Quang Binh នៅ​ភាគ​កណ្ដាល​នៃ​ ប្រទេស​វៀតណាម កាលពី​ម្សិលមិញ បាន​អនុម័ត​ការ​​​វិនិយោគ​លើ​គម្រោង​កំពង់​ផែចម្រុះ​អន្តរជាតិ​ Hon La ជាមួយ​នឹង​ទុន​វិនិយោគ​ជាង ២.១ ទ្រីលាន​ដុង​។

    គម្រោង​កំពង់​ផែចម្រុះ​អន្តរជាតិ​ Hon La នេះ​ ត្រូវ​បាន​បែង​ជា​ ២ ដំណាក់​កាល​នៃ​ការ​វិនិយោគ​ ក្នុង​នោះ ដំណាក់​កាល​ទី ១ អនុវត្ត​ពី​ឆ្នាំ ២០២២ ដល់ ២០២៤ ដោយ​​ប្រើ​ប្រាស់​ទុន​វិនិយោគជិត ៩៤០ ពាន់​លាន​ដុង និង​ដំណាក់​កាល​ទី ២ ចាប់​ពី​ឆ្នាំ ២០២៥ ដល់ ២០២៦ ដោយ​​ប្រើ​ទុន​ជាង ១.១ ទ្រីលាន​ដុង​។

    ​​​ក្រុមហ៊ុនសាជីវកម្ម Hon La ដែល​ជា​ម្ចាស់​គម្រោង​ខាងលើនេះ ​​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​អនុវត្ត​ និង​ដំណើរ​ការ​​រយៈ​ពេល​ ៥០ ឆ្នាំ​ រាប់​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា។

    គោល​ដៅ​នៃ​ការ​វិនិយោគ​នេះ​គឺ​ក្នុង​បំណង​ស្ថាបនា​កំពង់ផែ​ចម្រុះលក្ខណៈ​អន្តរ​ជាតិ​​ សម្រាប់​បម្រើ​ដល់​វិស័យ​សេដ្ឋកិច្ច​នៅតំបន់​ Hon La និង​តំបន់​ឧស្សាហកម្ម​ក្នុង​ខេត្ត​ Quang Binh, ការ​ដឹក​ជញ្ជូន​ទំនិញ​ពី​ ប្រទេស​ឡាវ ក៏ដូចជា​ពី ភាគ​ឦសាន​ប្រទេស​ថៃ។ ​កំពង់​ផែ​នេះ​​អាច​ទទួល​កប៉ាល់​ដឹក​ទំនិញ​ និង​កប៉ាល់​ដឹក​អ្នក​ដំណើរ​អន្តរ​ជាតិ​៕

  • BYD គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ ប្រទេស​ថៃ​​ ដើម្បី​ដណ្ដើម​ទីផ្សារ​នៅ​ អាស៊ី​អាគ្នេយ៍

    BYD គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ ប្រទេស​ថៃ​​ ដើម្បី​ដណ្ដើម​ទីផ្សារ​នៅ​ អាស៊ី​អាគ្នេយ៍

    ក្រោយពី Tesla របស់ អាម៉េរិក បង្កើន​ការជ្រើសរើស​បុគ្គលិក ក្នុង​បំណង​ពង្រីក​ទីផ្សារ​ទៅក្នុង ​ប្រទេស​ថៃ ភ្លាមនោះ BYD របស់ ចិន ក៏មាន​មហិច្ឆតា​ប្រែក្លាយ ប្រទេស​ថៃ ឱ្យ​ទៅជា​មជ្ឈមណ្ឌល​ផលិត​ដំបូង​របស់ខ្លួន​នៅក្នុង តំបន់​អាស៊ីអាគ្នេយ៍។

    BYD ដែលជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​លំដាប់​កំពូល​របស់ ប្រទេស​ចិន និង​ជា​គូប្រជែង​សំខាន់​មួយ​របស់ Tesla នឹង​ប្រែក្លាយ ប្រទេស​ថៃ ឱ្យទៅជា​មជ្ឈមណ្ឌល​ផលិតរថយន្ត​អគ្គិសនី​​ដំបូង​របស់ខ្លួន​នៅក្នុង តំបន់​អាស៊ីអាគ្នេយ៍។

    យោងតាម​សារព័ត៌មាន Nikkei នេះ​អាចជា​ឧបសគ្គ​មួយ​សម្រាប់​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន​ផ្សេងទៀត​ដែល​កំពុងមាន​វត្តមាន​នៅ ​ប្រទេស​ថៃ។ BYD បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ប្រើប្រាស់​តម្រូវកា​រ​រថយន្ត​អគ្គិសនី​ដែល​កំពុង​កើតឡើង​ខ្ពស់ ក៏ដូចជា​កញ្ចប់​ជំនួយ​ដែល​ផ្ដល់​ដោយ រដ្ឋាភិបាល​ថៃ ដើម្បី​ដណ្ដើម​ចំណែក​ទីផ្សារ​នៅប្រទេស​នេះ​ ក៏ដូចជា​ អាស៊ីអាគ្នេយ៍​ ទាំង​មូល។

    យោងតាម​មន្ត្រី​មួយរូប​នៅក្នុង​ក្រុមប្រឹក្សា​វិនិយោគ​របស់ ប្រទេស​ថៃ ក្រុម​ហ៊ុន​ BYD នឹង​បោះទុន​សរុប ១៧.៩ ពាន់​លាន​បាត (៤៨៨ លាន​ដុល្លារ​អាម៉េរិក) ទៅក្នុង​ខេត្ត Rayong ជាទី​ដែល​ត្រូវបាន​គេ​ជឿថា BYD បាន​ទិញ​ដី ១១២ ហិកតា ដើម្បី​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី។

    កាលពី​ខែ​មុន ក្រុមប្រឹក្សា​វិនិយោគ​ថៃ បានផ្ដល់​សិទ្ធិ​វិនិយោគ​ពិសេស​មួយ​ទៅឱ្យ BYD។ មន្ត្រី​មួយរូប​របស់ ប្រទេស​ថៃ បាន​និយាយថា បច្ចុប្បន្ន BYD ត្រូវ​ចាប់ផ្ដើម «វិនិយោគ​ក្នុង​រង្វង់ ៣ ឆ្នាំ»។

    បរិមាណ​រថយន្ត​អគ្គិសនី​ដែល​ត្រូវបាន​លក់​ចេញ​នៅ ប្រទេស​ថៃ ត្រូវបាន​គេ​ព្យាករ​ថា នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស ដោយសារតែ​កញ្ចប់​ជំនួយ​របស់ រដ្ឋាភិបាល​ថៃ ដែល​នឹង​ជួយ​ឱ្យ​តម្លៃ​រថយន្ត​អគ្គិសនី​ថោក​ជាង​ទីផ្សារ​ខាងក្រៅ។

    គំនិត​ផ្ដួចផ្ដើម​ក្នុងការ​បញ្ចេញ​កញ្ចប់​ជំនួយ​សម្រាប់​វិស័យ​រថយន្ត​អគ្គិសនី​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​ទាក់ទាញ​អ្នកប្រើប្រាស់​ដើម្បី​បង្កើតបានជា​ខឿនសេដ្ឋកិច្ច​មួយ និង​ជំរុញ​ការវិនិយោគ​ក្នុង​វិស័យនេះ។ តម្លៃ​នៃ​កញ្ចប់​ជំនួយ​ទាំងឡាយ​អាច​ឡើងដល់ ១៥០,០០០ បាត សម្រាប់​រថយន្ត​អគ្គិសនី​មួយគ្រឿង៕

  • បារាំង​បញ្ចេញ​ស្រឡាង​បៃតង​ទំនើប បំពាក់​ប្រព័ន្ធ​ប្រឆាំងនឹង​ការ​បំ​ភាយ​ឧស្ម័ន​ពុល

    បារាំង​បញ្ចេញ​ស្រឡាង​បៃតង​ទំនើប បំពាក់​ប្រព័ន្ធ​ប្រឆាំងនឹង​ការ​បំ​ភាយ​ឧស្ម័ន​ពុល

    ក្រុមហ៊ុន​សាងសង់​កប៉ាល់ La Meridionale បាន​បញ្ចេញ​ស្រឡាង​ថ្មី​ដែល​សមស្រប​នឹង​បរិស្ថាន ដោយ​អាច​បំបាត់​ភាគល្អិត​ប្រមាណ​ជា ៩៩.៩% ក្នុងចំណោម​ភាគល្អិត​ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​បញ្ចេញ​ម៉ាស៊ីន​ចំហេះ​ក្នុង។

    កាលពី​ថ្ងៃទី ០៥ កញ្ញា ស្រឡាង​មួយគ្រឿង​ដែល​មិន​បំពុលបរិស្ថាន ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ក្នុងការ​ដឹកជញ្ជូន​ផ្លូវទឹក​រវាង​តំបន់ Marseille និង Bastia របស់ ប្រទេស​បារាំង។

    យោងតាម​ក្រុមហ៊ុន La Meridionale ស្រឡាង​ខ្នាត​យក្ស​នេះ​ប្រើប្រាស់​ប្រព័ន្ធ​ចម្រាញ់ baghouse ដ៏​ទំនើប ដែល​ភ្ជាប់​ជាមួយនឹង​បំពង់ផ្សែង ដើម្បី​ចម្រាញ់​ចោល​ឧស្ម័ន​ពុល។

    «តាមពិត យើង​មិនបាន​ស្វែងរក​ឯណា​ឆ្ងាយ មិនបាន​ស្រាវជ្រាវ​រកឃើញ​អ្វី​ទាំងអស់។ នោះ​គឺជា​ប្រព័ន្ធ​មួយ ជា​ដំណើរ​ការដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​បណ្ដា​រោងចក្រ​ដុត​សំរាម​ឧស្សាហកម្ម សំរាម​ប្រើប្រាស់​ប្រចាំថ្ងៃ និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលជីវម៉ាស» ប្រធាន​ផ្នែក​បច្ចេកទេស Christophe Ceguinot របស់ La Meridionale ឱ្យដឹង​ដូច្នេះ។

    Christophe Ceguinot បន្តថា «ប្រព័ន្ធ​ចម្រាញ់ baghouse មាន​វត្តមាន​ជិត ៣០ ឆ្នាំ​មកហើយ។ ដូច្នេះ ឧបសគ្គ​របស់​យើង​គឺ​ការធ្វើឱ្យ​វា​សមស្រប​នឹង​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក»។

    ការបំពាក់​ប្រព័ន្ធ​ចម្រាញ់ baghouse ទំនើប​ទៅក្នុង​ប្រព័ន្ធ​បំពង់ផ្សែង អនុញ្ញាតឱ្យ​យាន​នេះ​បំបាត់​ភាគល្អិត​នៃ​ផ្សែងខ្មៅ​បាន​រហូតដល់ ៩៩.៩% ព្រមទាំង​កាត់បន្ថយ​ការ​បំ​ភាយ​សារធាតុ​ស្ពាន់ធ័រ​អ៊ុក​ស៊ីត ផងដែរ។

    ជាក់ស្ដែង ស្ពាន់ធ័រ និង​គ្រាប់​ល្អិត​ដែល​បញ្ចេញ​ពី​ម៉ាស៊ីន នឹង​ត្រូវបាន​បន្សាប​ដោយ sodium bicarbonate ហើយ​ក្រោយ​មកវា​ត្រូវ​ឆ្លងកាត់​ប្រព័ន្ធ​ចម្រាញ់។ ចុងក្រោយ សារធាតុ​រឹង​នឹងត្រូវ​បាន​នាំទៅ​កាន់​អាង​កែច្នៃ​ឡើងវិញ។ ដូច្នេះ លែងមាន​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​សារធាតុ​ស្ពាន់ធ័រ​ណា​ដែល​អាច​បំ​ភាយ​ទៅក្នុង​បរិយាកាស​ទៀតឡើយ៕

  • អ្នក​ម្ដាយ​ប្រយុទ្ធ​ជាមួយ​សត្វ​ខ្លា​ដោយ​ដៃទទេ ដើម្បី​សង្គ្រោះ​កូន​អាយុ ១៥ ខែ

    អ្នក​ម្ដាយ​ប្រយុទ្ធ​ជាមួយ​សត្វ​ខ្លា​ដោយ​ដៃទទេ ដើម្បី​សង្គ្រោះ​កូន​អាយុ ១៥ ខែ

    (ឥណ្ឌា)-ស្ត្រី​ម្នាក់​នៅក្នុង​រដ្ឋ Madhya Pradesh ត្រូវ​រងរបួស​ធ្ងន់​ប​ន្ទា​ប់​ពី​ប្រយុទ្ធ​គ្នា​ជាមួយ​សត្វ​ខ្លា​ដោយ​ដៃទទេ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​កូនប្រុស។

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី ០៤ កញ្ញា នៅក្បែរ​តំបន់​អភិរក្ស​សត្វ​ខ្លា Bandhavgarh ក្នុង​រដ្ឋ Madhya Pradesh ភាគ​កណ្ដាល​ប្រទេស​ឥណ្ឌា។

    អ្នកស្រី Archana Choudhary អាយុ ២៥ ឆ្នាំ រួម​នឹង​កូនប្រុស​អាយុ ១៥ ខែ កំពុងស្ថិត​នៅលើ​វាយ​ស្រែ ក៏​ស្រាប់​តែមាន​សត្វ​ខ្លា​មួយ​ក្បាល​បោល​ចេញពី​ព្រៃ វាយប្រហារ​ទៅលើ​កូនតូច បំណង​ចាប់យក​ជា​ចំណី។

    អ្នកស្រី Archana Choudhary

    សារព័ត៌មាន​ឥណ្ឌា បាន​រាយការណ៍​ថា សត្វ​ខ្លា​នេះ​ខាំ​ក្បាល​កូនតូច​នោះ និង​រក​វិធី​នាំយកទៅ​ធ្វើជា​អាហារ។ ភ្លាមនោះ Choudhary ក៏​ស្ទុះ​ចូល​វាយ ធាក់​ទាត់​ទៅលើ​សត្វ​ខ្លា ទន្ទឹមនឹង​ការស្រែក​ឱ្យគេ​ជួយ។ ប្រជាជន​នៅក្បែរនោះ ក៏​នាំគ្នា​ចាប់យក​អាវុធ និង​សម្រុកចូល ដេញ​សត្វ​សាហាវ​នេះ។

    Bhola Prasad ដែលជា​ស្វាមី​របស់ Choudhary បាន​ប្រាប់ថា ភរិយា​គាត់​ត្រូវ​ធ្លុះ​សួត និង​រងរបួស​ច្រើន​កន្លែង​ទៀត ចំណែក​កូនប្រុស​ត្រូវរ​បួស​ត្រង់​ក្បាល ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ។ ក្រោយពី​សង្គ្រោះបន្ទាន់ ម្ដាយ និង​កូន​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ថ្នាក់លើ​នៅ​ទីក្រុង Jabalpur ដែលមាន​ចម្ងាយ ១៣០ គូ​ឡូ​ម៉ែត្រ។

    វេជ្ជបណ្ឌិត Misthi Ruhela នៅ Jabalpur និយាយថា ជនរងគ្រោះ​កំពុង​ត្រូវបាន​ព្យាបាល​ក្នុង​បន្ទប់​ពិសេស និង​បាន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​រួចហើយ។

    Bhola Prasad ដែលជា​ស្វាមី​របស់ Choudhary

    ករណី​ខាងលើនេះ ធ្វើឱ្យ​ប្រជាជន​ក្នុង​តំបន់​អភិ​រក្សា​សត្វ​ខ្លា​មានការ​ភ័យខ្លាច​ជាខ្លាំង។ អាជ្ញាធរ​ក្នុង​តំបន់ កំពុង​ស្វែងរក​ចាប់​សត្វ​ខ្លា​មួយ​ក្បាល​នេះ និង​ចាត់វិធានការ​ដើម្បី​កុំ​ឱ្យមាន​ករណីបែបនេះ​កើតឡើង​ទៀត៕

  • ទឹកដី​នៅលើ​មេឃ​មួយផ្នែក​របស់​ប្រទេស​អវកាស Asgardia ជិត​ធ្លាក់​មកកាន់​ផែនដី ខណៈ «អាជ្ញាធរ» ត្រៀម​បោះឆ្នោត​រើស «មេដឹកនាំ»

    ទឹកដី​នៅលើ​មេឃ​មួយផ្នែក​របស់​ប្រទេស​អវកាស Asgardia ជិត​ធ្លាក់​មកកាន់​ផែនដី ខណៈ «អាជ្ញាធរ» ត្រៀម​បោះឆ្នោត​រើស «មេដឹកនាំ»

    ផ្កាយរណប Asgardia-1 របស់​គម្រោង​ប្រទេស​អវកាស Asgardia កំពុងតែ​បន្ទាបខ្លួន ហើយ​អាច​ធ្លាក់​ចូលក្នុង​បរិយាកាស​ផែនដី និង​ឆេះ​ខ្ទេច​នៅ​អំឡុង​ពាក់​ក​ណ្ដា​ល​ខែកញ្ញា​ខាងមុខ។

    ប្រទេស​អវកាស​ដំបូង​របស់​មនុស្សជាតិ គឺ Asgardia កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​បាត់បង់ «ទឹកដី» តែមួយគត់​នាបច្ចុប្បន្ន នៅ​ទី​អវកាស ដែលជា​ផ្កាយរណប Asgardia-1។ ទិន្នន័យ​តាមដាន​ពី​កងកម្លាំង​អវកាស​អាម៉េរិក និង​ប្រភព​មួយចំនួនទៀត​បានបង្ហាញ​ថា «ទឹកដី Asgardia-1» របស់​ប្រទេស​អវកាស Asgardia ដែល​ស្ថិត​នៅ​លើ​មេឃ នឹង​ធ្លាក់​មកកាន់​បរិយាកាស​ផែនដី ហើយ​ឆេះ​ខ្ទេច​នៅ​ពាក់កណ្ដាល​ខែកញ្ញា ២០២២។

    បណ្ឌិត Igor Ashurbeyli អ្នកវិទ្យាសាស្ត្រ​ជនជាតិ​រុស្ស៊ី គឺជា​អ្នក​ស្នើឱ្យ​បង្កើត Asgardia ដែលជា​ប្រទេស​អវកាស​ឯករាជ្យ​ដំបូង​គេ​នៅ​ខែតុលា ២០១៦។ «ប្រទេស» ​នេះ​ត្រូវបាន​ដាក់ឈ្មោះ​ទៅតាម​តំបន់​ដី​នៅលើ​មេឃ​នៅក្នុង​ទេវកថា​​អឺរ៉ុប​ខាងជើង។ ពលរដ្ឋ​នានា​អាច​សុំចូល​សញ្ជាតិ Asgardia ដោយ​មិន​គិតថ្លៃ។

    បេសកកម្ម​របស់ Asgardia គឺ​នាំមក​នូវ​សន្តិភាព ជួយ​ឱ្យ​គ្រប់គ្នា​អាច​យល់ និង​ប្រើប្រាស់​បច្ចេកវិទ្យា​អវកាស​បាន​ងាយស្រួល និង​ការពារ​ផែនដី​ពី​ការគំរាមកំហែង​ពី​ទី​អវកាស។

    មហិច្ឆតា​របស់ ប្រទេស​អវកាស​នេះ គឺ នាំមកនូវសន្តិភាព ជួយឱ្យគ្រប់គ្នាអាចយល់ និងប្រើប្រាស់បច្ចេកវិទ្យាអវកាសបានងាយស្រួល និងការពារផែនដីពីការគំរាមកំហែងពីទីអវកាស។

    ផ្កាយរណប Asgardia-1 ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ទឹកដី​មួយផ្នែក​របស់​ប្រទេស Asgardia ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ឆ្នាំ ២០១៧។ ក្រៅពី​ជា​អ្នក​តំណាងឱ្យ​ទឹកដី​របស់ Asgardia នៅក្រៅ​ផែនដី ផ្កាយរណប Asgardia-1 ក៏​នាំយកទៅ​ជាមួយ​នូវ​ច្បាប់​ចម្លង​នៃ​រដ្ឋធម្មនុញ្ញ​របស់ Asgardia, ទង់ជាតិ Asgardia និង​ទិន្នន័យ​ស្ដីពី «ពលរដ្ឋ» របស់ Asgardia រួម​នឹង​បេសកកម្ម​ជាច្រើន​ផ្សេងទៀត។

    តំណាង​ម្នាក់​របស់ Asgardia បានឱ្យដឹងថា ពួកគេ​កំពុង​ពិនិត្យ​លើ​បញ្ហា​នេះ ប៉ុន្តែ​មិនបាន​និយាយ​អ្វី​បន្ថែម។ បច្ចុប្បន្ន​មិនទាន់​ដឹងថា ការបាត់បង់​ទឹកដី (ផ្កាយ​រណប Asgardia-1) នេះ នឹង​ជះឥទ្ធិពល​ដល់​ទិសដៅ​ក្លាយជា​ប្រទេស​អវកាស​ឯករាជ្យ ឬ​យ៉ាងណា​នោះទេ។

    បច្ចុប្បន្ន មិនទាន់មាន​ប្រទេស​ណាមួយ​ទទួលស្គាល់​នាម​ជា​ប្រទេស​របស់ Asgardia នៅឡើយ។ ក៏ប៉ុន្តែ​អង្គការ​នេះ​នៅតែ​ធ្វើ​សកម្មភាព​តាម​អន​ឡាញ និង​មាន​គម្រោង​បោះឆ្នោត​ជ្រើសរើស​តំណែង «មេដឹកនាំ​ប្រទេស» នៅ​ថ្ងៃទី ០៩ កញ្ញា​ខាងមុខ៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ០៧ ខែ​​កញ្ញា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ០៧ ខែ​​កញ្ញា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ៨ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ០៦ ខែ​កញ្ញា​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១០ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិត​មក​ដល់​បច្ចុប្បន្ន​ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៧,៦៨៧ នាក់, សះស្បើយសរុបចំនួន ១៣៤,៥៤២ នាក់ និងករណីស្លាប់សរុបចំនួន ៣,០៥៦ នាក់។

  • ស្ថានីយ​ផលិត​អគ្គិសនី​ពី​កម្ដៅ​ព្រះអាទិត្យ​មាន​រូបរាង​ដូច​សេះ​នៅលើ​សមុទ្រ​ខ្សាច់

    ស្ថានីយ​ផលិត​អគ្គិសនី​ពី​កម្ដៅ​ព្រះអាទិត្យ​មាន​រូបរាង​ដូច​សេះ​នៅលើ​សមុទ្រ​ខ្សាច់

    ក្រៅពី​ការផ្ដល់​អគ្គិសនី ស្ថានីយ Tiancihu ទំហំ ១.៤ លាន​ម៉ែត្រក្រឡា នៅលើ​សមុទ្រ​ខ្សាច់ Kubuqi ក៏​ថែមទាំង​បង្កើត​ការងារ និង​ជួយ​លើកស្ទួយ​ប្រព័ន្ធ​អេកូ​ផងដែរ។

    រូបរាង​សត្វ​សេះ​ដែល​កំពុង​ផាយ​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ផ្ទាំង​សូ​ឡារ​ជាង ១៩៦,០០០ ផ្ទាំង ដែល​តម្រៀប​លើ​សមុទ្រ​ខ្សាច់​មួយ​នៅ​តំបន់​ម៉ុង​ហ្គោ​លី​ខាងក្នុង (Inner Mongolia) នៅ ប្រទេស​ចិន។ នេះ​គឺជា​ស្ថានីយ​ផលិត​អគ្គិសនី​ពី​កម្ដៅ​ព្រះអាទិត្យ Tiancihu ដែលមាន​ទំហំ​ប្រហែល ១.៤ លាន​ម៉ែត្រក្រឡា។

    ស្ថិតនៅលើ​សមុទ្រ​ស​ខ្សាច់ Kubuqi ដែលជា​សមុទ្រ​ខ្សាច់​ធំជាងគេ​លំដាប់​ទី ៧ របស់ ប្រទេស​ចិន ស្ថានីយ Tiancihu មិន​ត្រឹម​តែមាន​តួនាទី​ផ្ដល់​អគ្គិសនី​នោះទេ តែ​ក៏​ចូលរួមចំណែក​ក្នុងការ​ការពារ​បរិស្ថាន​ផងដែរ។

    យើង​អាច​មើលឃើញ​របង​ទប់​លំហូរ​ខ្សាច់ ដែល​ត្រូវបាន​បង្កើតឡើង​ពី​មែក​រុក្ខជាតិ។ មែកឈើ​ទាំងនេះ​ត្រូវបាន​ដោត​ទៅក្នុង​ដី ដើម្បី​ជួយ​ទប់​ខ្សាច់​មិនឱ្យ​ផ្លាស់​ទី។ នេះ​ត្រូវបាន​គេ​ហៅថា ការស្ដារ​ជីវសាស្ត្រ នៅ​ខាងក្រោម​ផ្ទាំង​សូ​ឡារ។

    ទំហំ​ខ្សាច់​ដែល​ត្រូវបាន​គ្រប់គ្រង បាន​ឡើងដល់​ជាង ៨,០០០ mu (៥៣៣ ហិកតា)។ ដោយ​ការដាំ​រុក្ខជាតិ amorpha និង​ដើម​ពុទ្រា​ចិន​ជាដើម ស្ថានីយ​ផលិត​អគ្គិសនី​ពី​កម្ដៅ​ព្រះអាទិត្យ Tiancihu បានបង្ហាញ​សញ្ញា​នៃ​ការ​ងើបឡើង​យ៉ាងច្បាស់​របស់​ជីវសាស្ត្រ។

    ទ​ន្ទឺ​ម​នឹង​នេះ ស្ថានីយ​នេះ​ក៏​បង្កើត​ការងារ​ជូន​ប្រជាជន និង​លើកកម្ពស់​ប្រាក់ចំណូល​របស់​ពួកគេ​ផងដែរ។

    «ខ្ញុំ​ជា​ពលករ​ថែទាំ​ស្ថានីយ Tiancihu ទទួលបាន​ប្រាក់ខែ ៨៦៥ ដុល្លារ/ខែ។ ក្រៅពី​ការដាំ​ដំណាំ និង​ចិញ្ចឹមសត្វ ប្រជាជន​ក្នុងភូមិ​អាចមក​កាន់​ស្ថានីយ​នេះ ដើម្បី​រៀបចំ សម្អាត​ខ្សាច់ និង​ស្មៅ​ព្រៃ» Zhao Jinlong ដែលជា​ប្រជាជន​នៅក្បែរ​ស្ថានីយ និយាយ​ដូច្នេះ។

    លោក Zhao បន្តថា «ស្ថានីយ​អគ្គិសនី​ព្រះអាទិត្យ​នេះ មិន​ត្រឹមតែ​បង្កើត​ការងារ​ឱ្យ​យើង​នោះទេ តែ​ក៏បាន​កែលំអ​បរិស្ថាន​ជីវសាស្ត្រ​គួរឱ្យកត់សម្គាល់​ទៀតផង។ ទីនេះ ធ្លាប់ជា​តំបន់​ខ្សាច់​ដ៏​ធំធេង ប៉ុន្តែ​បច្ចុប្បន្ន បាន​ក្លាយជា​តំបន់​បៃតង​ទៅហើយ»៕

  • តម្លៃ​ប្រេង​ឆៅ​បែរជា​ធ្លាក់​ថ្លៃ​ខ្លាំង ក្រោយពី OPEC+ សម្រេច​កាត់បន្ថយ​បរិមាណ​នៃ​ការផលិត

    តម្លៃ​ប្រេង​ឆៅ​បែរជា​ធ្លាក់​ថ្លៃ​ខ្លាំង ក្រោយពី OPEC+ សម្រេច​កាត់បន្ថយ​បរិមាណ​នៃ​ការផលិត

    អា​រ៉ា​ប៊ី​សា​អូឌីត បាន​ទម្លាក់​តម្លៃ​ប្រេង​ដែល​លក់​ទៅឱ្យ​អតិថិជន​នៅ ទ្វីបអាស៊ី ដោយសារតែ​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩ និង​ការ​ថមថយ​កម្លាំង​រប​ស់​សេដ្ឋកិច្ច។

    វិធាន​ការបិទ​ខ្ទប់​ដើម្បី​ប្រឆាំងនឹង​កូ​វីដ-១៩ នៅ ប្រទេស​ចិន បាន​បណ្ដាលឱ្យ​ការបង្ការ​ហានិភ័យ​កើនឡើង​ខ្ពស់​នៅក្នុង​ទីផ្សារ​ប្រេង។ ទន្ទឹមនឹងនេះ ការ​នៅ​ទ្រឹង​នៅក្នុង​ការជួញដូរ​ចុងក្រោយបង្អស់​នេះ​ក៏បាន​រាំងស្ទះ​កំណើន​នៃ​តម្លៃ​ប្រេង ក្រោយ​ការប្រជុំ​របស់​ក្រុម​ប្រទេស​នាំចេញ​ប្រេង (OPEC)។

    បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី ០៦ កញ្ញា តម្លៃ​ប្រេង Brent នៅលើ​ទីផ្សារ​ក្រុង​ឡុង​ដ៍ បាន​ថយចុះ ៣.០៤% មក​នៅត្រឹម ៩២.៨៣ ដុល្លារ/ធុង។ តម្លៃ​ប្រេង WTI នៅលើ​ទីផ្សារ ញូវយ៉ក មិនមាន​ការប្រែប្រួល​ច្រើន ដោយ​ត្រូវបាន​លក់​ក្នុងតម្លៃ ៨៦.៨៨ ដុល្លារ/ធុង។

    ថ្មីៗនេះ អា​រ៉ា​ប៊ី​សា​អូឌីត បាន​ទម្លាក់​តម្លៃ​ប្រេង​ដែល​លក់​ទៅឱ្យ​អតិថិជន​នៅ ទ្វីបអាស៊ី ដោយសារតែ​វិធានការ​ទប់ស្កាត់​នឹង​កូ​វីដ-១៩ នៅ ប្រទេស​ចិន និង​ការដែល​សេដ្ឋកិច្ច​ថមថយ​កម្លាំង បានធ្វើឱ្យ​តម្រូវការ​ថាមពល​ក្នុង​តំបន់​ត្រូវ​ថយចុះ។ វិធានការ​ទប់ស្កាត់​កូ​វីដ-១៩ នៅ ប្រទេស​ចិន ត្រូវបាន​អនុវត្ត​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​មុន បណ្ដាលឱ្យ​អ្នកវិនិយោគ​ជាច្រើន​បារម្ភ​អំពី​ហានិភ័យ​កើតមាន​ឱនភាព​សេដ្ឋកិច្ច​សកល។

    កាលពី​ថ្ងៃទី ០៥ កញ្ញា តម្លៃ​ប្រេង WTI បាន​កើន​ឡើងដល់ ៩០ ដុល្លារ/ធុង បន្ទាប់ពី​ក្រុម​ប្រទេស​នាំចេញ​ប្រេង និង​ដៃគូ​សហការ (OPEC+) ក្នុងនោះ​មាន រុស្ស៊ី ជាដើម បាន​យល់ព្រម​កាត់បន្ថយ​បរិមាណ​ប្រេង​ឆៅ​ចំនួន ១ សែន​ធុង​ជា​រៀងរាល់ថ្ងៃ ក្នុង​បំណង​លើកស្ទួយ​តម្លៃ​ក្នុង​ទីផ្សារ៕

  • អ៊ីតាលី ប្រកាស​អំពី​វិធានការ​ថ្មី​ដើម្បី​កាត់បន្ថយ​បរិមាណ​ឧស្ម័ន​ប្រើប្រាស់​ប្រចាំថ្ងៃ

    អ៊ីតាលី ប្រកាស​អំពី​វិធានការ​ថ្មី​ដើម្បី​កាត់បន្ថយ​បរិមាណ​ឧស្ម័ន​ប្រើប្រាស់​ប្រចាំថ្ងៃ

    វិធានការ​ថ្មី​នេះ កំណត់ថា កម្ដៅ​នៅក្នុង​អគារ​ឧស្សាហកម្ម​ត្រូវតែ​ស្ថិតនៅ​ត្រឹម ១៧ អង្សា​សេ និង​កន្លែង​ដទៃទៀត​គឺ ១៩ អង្សា​សេ ទាប​ជាង ១ អង្សា​សេ ធៀប​នឹង​ការណែនាំ​កន្លងមក។

    កាលពី​ថ្ងៃទី ០៦ កញ្ញា ការិយាល័យ​បរិវត្ត​កម្ម​ប្រព័ន្ធ​អេកូ​របស់​អ៊ីតាលី បានប្រកាស​ដាក់ចេញ​នូវ​ការ​វិធានការ​ថ្មី​ដើម្បី​សន្សំសំច័យ​ថាមពល​នៅក្នុង​រដូវរងា ជា​ផ្នែក​មួយ​នៃ​ផែនការ​កាត់បន្ថយ​ការប្រើប្រាស់​ឧស្ម័ន​នៅ​ទូទាំង​សហភាព​អឺរ៉ុប (EU) ក្នុង​គ្រា​ដែល​តម្លៃ​ឧស្ម័ន​បាន និង​កំពុង​កើនឡើង​ខ្ពស់​ខ្លាំង​ដោយសារ​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន។

    យោងតាម​ការកំណត់​ថ្មី កម្ដៅ​នៅក្នុង​អគារ​ឧស្សាហកម្ម​ត្រូវបាន​កំណត់ឱ្យ​នៅត្រឹម ១៧ អង្សា​សេ និង​កន្លែង​ដទៃទៀត​គឺ ១៩ អង្សា​សេ ទាប​ជាង ១ អង្សា​សេ ធៀប​នឹង​ការណែនាំ​កន្លងមក។

    ក្រៅពីនេះ រយៈពេល​នៃ​ការបើក​ប្រព័ន្ធ​កម្ដៅ​ក៏​ត្រូវបាន​កាត់បន្ថយ ក្នុងនោះ ១ ថ្ងៃ​ត្រូវ​កាត់បន្ថយ ១ ម៉ោង និង ១ ឆ្នាំ ត្រូវ​កាត់បន្ថយ ១៥ ថ្ងៃ។ វិធានការ​ថ្មី​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ក្របខណ្ឌ​នៃ​ផែនការ​កាត់បន្ថយ​ថាមពល​ប្រើប្រាស់ ១៥% ចាប់ពី​ថ្ងៃទី ០១ សីហា ២០២២ ដល់ ៣១ មីនា ២០២៣។

    ក៏ប៉ុន្តែ ស្ថាប័ន និង​ទីតាំង​មួយចំនួន​ត្រូវបាន​លើកលែង​ពី​វិធានការ​ថ្មី​នេះ ក្នុងនោះ​រួមមាន​ដូចជា មន្ទីរពេទ្យ មណ្ឌល​ចាស់ជរា សាលាបឋមសិក្សា និង​កុមារដ្ឋាន ក៏ដូចជា​តំបន់​ភាគ​ខាងជើង​ដែលមាន​អាកាសធាតុ​ត្រជាក់​ខ្លាំង៕