Author: សឿន សំណាង

  • Intel សង់រោង​ច​ក្រលិត​ឈី​ប​អេ​ឡិច​ត្រូ​និ​ចត​ម្លៃ ២០ ពាន់​លាន​ដុល្លារ នៅ សហរដ្ឋ​អាម៉េរិក

    Intel សង់រោង​ច​ក្រលិត​ឈី​ប​អេ​ឡិច​ត្រូ​និ​ចត​ម្លៃ ២០ ពាន់​លាន​ដុល្លារ នៅ សហរដ្ឋ​អាម៉េរិក

    ក្រុមហ៊ុន Intel ទើបតែ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​ឈី​ប​អេ​ឡិច​ត្រូ​និ​ចត​ម្លៃ ២០ ពាន់​លាន​ដុល្លារ នៅក្នុង​រដ្ឋ Ohio សហរដ្ឋ​អាម៉េរិក។

    សហរដ្ឋ​អាម៉េរិក កំពុងតែ​ដោះស្រាយ​បញ្ហា​ដាច់​ចង្វាក់​ផ្គត់ផ្គង់​ផលិតផល គ្រឿងបន្លាស់​នានា ដោយសារតែ​កូ​វីដ-១៩ បញ្ហា​ប្រែប្រួល​នៃ​ទីផ្សារ​សេដ្ឋកិច្ច និង​នយោបាយ។ ឈី​ប​អេ​ឡិច​ត្រូ​និ​ច​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អាទិភាព​ដំបូង​គេ​មួយ​នៅ សហរដ្ឋ​អាម៉េរិក។

    ក្រុមហ៊ុន Intel ទើបតែ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​ឈី​ប​អេ​ឡិច​ត្រូ​និ​ចត​ម្លៃ ២០ ពាន់​លាន​ដុល្លារ នៅលើ​ផ្ទៃដី​ទំហំ​ជាង ៤០០ ហិកតា ក្នុង​រដ្ឋ Ohio សហរដ្ឋ​អាម៉េរិក។ បុគ្គលិក​ប្រមាណ ៣,០០០ នាក់​នឹង​ធ្វើការ​ក្នុង​រោងចក្រ​នេះ ហើយ​ផលិតផល​របស់​វា​គឺ​ឈី​ប​អេ​ឡិច​ត្រូ​និ​ច​ជាដើម ដែល​បម្រើ​ដល់​វិស័យ​អាកាសចរណ៍​អវកាស កុំព្យូទ័រ រថយន្ត ឧបករណ៍​វេជ្ជសាស្ត្រ ឬ​ទូរស័ព្ទដៃ ទូទឹកកក និង​ម៉ាស៊ីន​បោកគក់។ល។

    ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន បាន​អះអាងថា ការផលិត​ឈី​ប​អេឡិចត្រូនិក បច្ចុប្បន្ន​គឺជា​បញ្ហា​សន្តិសុខ​ជាតិ។ លោក បៃ​ដិ​ន ថ្លែងថា «យើង​ត្រូវតែ​ផលិត​ឈី​ប​នៅទីនេះ ក្នុង​ទឹកដី​អាម៉េរិក ដើម្បី​បន្ថយ​ការចំណាយ​លើ​ការផលិត និង​បង្កើត​ការងារ​បន្ថែម។ នោះ​គឺជា​បញ្ហា​សន្តិសុខ​សេដ្ឋកិច្ច និង​ជា​រឿង​សន្តិសុខ​ជាតិ»។

    សហរដ្ឋ​អាម៉េរិក កំពុងតែ​ប្រឹងប្រែង​ដើម្បី​នាំយក​វិស័យ​ផលិត​ឈី​ប​ត្រលប់​ចូលមក​ទឹកដី​នេះ​វិញ ដើម្បី​ប្រកួតប្រជែង​នឹង ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង ឬ សហភាព​អឺរ៉ុប ជាទី​ដែល​កំពុង​ត្រូវបាន​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​ទាក់ទាញ​អ្នក​ផលិត​ឈី​ប។ សហរដ្ឋ​អាម៉េរិក បាន​បញ្ចេញ​គោលនយោបាយ​ផ្ដល់​អត្ថប្រយោជន៍​ដល់​បណ្ដា​ក្រុមហ៊ុន រោងចក្រ​នៅ សហរដ្ឋ​អាម៉េរិក ក្នុងការ​ប្រើប្រាស់​គ្រឿងបន្លាស់​ដែល​ផលិត​នៅក្នុង​ទឹកដី​នេះ។

    ក្រុមហ៊ុន​អន្តរជាតិ​ដូចជា Toyota ឬ Honda ជាដើម ក៏​កំពុងតែបន្ត​វិនិយោគ និង​សាងសង់​រោងចក្រ​ជាច្រើន​ទៀត​នៅ សហរដ្ឋ​អាម៉េរិក និង​ប្រើប្រាស់​ឈី​ប​ដែល​ផលិត​នៅក្នុង​ទឹកដី​នេះ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍ ការអនុគ្រោះ​នានា បន្ទាប់ពី​បញ្ហា​ដាច់​បណ្ដាញ​ផ្គត់ផ្គង់​កំពុង​ត្រូវបាន​ដោះស្រាយ​ជាបណ្ដើរ៕

  • តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែកញ្ញា ២០២២

    តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែកញ្ញា ២០២២

    នា​ព្រឹក​ថ្ងៃទី ១២ កញ្ញា​នេះ​ ក្រសួង​ពាណិជ្ជកម្ម បាន​ចេញ​សេចក្តីជូនដំណឹងស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែកញ្ញា ២០២២។

    យោង​តាម​ប្រកាស​ថ្មី​របស់​ ក្រសួង​ពាណិជ្ជកម្ម សាំង​លក់​រាយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លក់​ក្នុង​​តម្លៃ  ៤,៤០០ រៀល​/លីត្រ​ ខណៈ​ប្រេង​ម៉ាស៊ូត​ លក់​  ៥,២០០ រៀល​/លីត្រ។

     

  • អតីត​សង្សារ​ដាក់លក់​ដេញថ្លៃ​វត្ថុ​អនុស្សាវរីយ៍​របស់​មហា​សេដ្ឋី Elon Musk

    អតីត​សង្សារ​ដាក់លក់​ដេញថ្លៃ​វត្ថុ​អនុស្សាវរីយ៍​របស់​មហា​សេដ្ឋី Elon Musk

    Jennifer Gwynne សង្សារ​កាលពី​ជំនាន់​នៅ​សិក្សា​របស់​មហាសេដ្ឋី Elon Musk កំពុង​ដាក់លក់​ដេញថ្លៃ​វត្ថុ​អនុស្សាវរីយ៍​ដែល​នាង​បានទទួល​ពី​លោក Musk កាលពី​សហស​វត្សរ៍​មុន។

    វត្ថុ​អនុស្សាវរីយ៍​ទាំងនេះ​នឹងត្រូវ​បាន​លក់​តាមរយៈ​ក្រុមហ៊ុន​លក់​ដេញថ្លៃ RR Auction ដែលមាន​ទីស្នាក់ការ​នៅ Boston សហរដ្ឋ​អាម៉េរិក។ យោងតាម RR Auction អ្នកស្រី Gwynne និង Musk ចាប់ផ្ដើម​ណាត់ជួប​គ្នា​តាំងពី​ឆ្នាំ ១៩៩៤ ពេល​ពួកគេ​ធ្វើជា​ទីប្រឹក្សា​ឱ្យ​អន្តេវាសិកដ្ឋាន​មួយ។ មិនយូរប៉ុន្មាន​បន្ទាប់​ពី​បានបញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យា Pennsylvania លោក Musk ក៏​ចាប់ផ្ដើម​ចូល​សិក្សា​ថ្នាក់បណ្ឌិត​នៅ​សាកលវិទ្យាល័យ Stanford ប៉ុន្តែ​បាន​បោះបង់​ការសិក្សា​នេះ​ដើម្បី​បង្កើត Zip2 ដែលជា​ក្រុមហ៊ុន​ដំបូង​របស់គាត់។

    វត្ថុ​អនុស្សាវរីយ៍​ដែល​ត្រូវបាន​ដាក់លក់​ដេញថ្លៃ​រួមមាន រូបថត​កាលពី​វ័យក្មេង​ចំនួន ១៨ សន្លឹក​របស់លោក Musk ពេល​សិក្សា​នៅ​សាកលវិទ្យាល័យ Pennsylvania រួម​នឹង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ទៀត​ដែល​បង្ហាញ​អំពី​ភាពស្និទ្ធស្នាល​រវាង Musk និង Gwynne។

    រូបថត​ខាងលើ​បង្ហាញថា ជីវិត​កាលពី​នៅ​រៀន​របស់ Musk មាន​ភាពសាមញ្ញ មុនពេល​បានទទួល​​ជោគជ័យ ៖ ជប់លៀង​ក្នុង​បន្ទប់​នៅ​អន្តេវាសិកដ្ឋាន ដើរលេង​ជាមួយ​មិត្តភក្ដិ ឬ​ស្និទ្ធ​នឹង​សង្សារ។

    វត្ថុ​អនុស្សាវរីយ៍​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​នាបច្ចុប្បន្ន​គឺ ​បំ​បុត្រ​ជូនពរ​ថ្ងៃកំណើត​ដែលមាន​ហត្ថលេខា​របស់លោក Musk បន្ទាប់មក​គឺ​កងក​ដែល Musk បាន​ជូន​ក្នុង​ថ្ងៃកំណើត​របស់ Gwynne។

    គិត​មកដល់ពេលនេះ សំបុត្រ​ជូនពរ​ត្រូវបាន​គេ​ឱ្យ​ថ្លៃ ៧,០០០ ដុល្លារ ប៉ុន្តែ RR Auction ជឿថា វា​អាច​ត្រូវបាន​លក់​ក្នុងតម្លៃ ១០,០០០ ដុល្លារ។

    កងក​មាស​ដែល Musk បាន​ជូន Gwynne ធ្វើ​ពី​មាស​ មាន​ដាំ​ត្បូង ១ គ្រាប់​ដែល​រុករក​បាន​ពី​អណ្ដូងរ៉ែ នៅ សំ​ប៊ី និង​ធ្លាប់ជា​កម្មសិទ្ធិ​របស់លោក Errol ឪពុក​របស់លោក Musk ដែលជា​វិស្វករ និងជា​​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​​ ​ដែលមាន​ទ្រព្យ​ច្រើន​មួយ​​នៅ អាហ្វ្រិក​ខាងត្បូង។

    ក្រុម​អ្នក​ចូលចិត្ត​មហាសេដ្ឋី Elon Musk អាច​ចូលរួម​ការដេញថ្លៃ​ដែល​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី ១៤ កញ្ញា​ ២០២២ ខាងមុខ៕

  • សហរដ្ឋ​អាម៉េរិក រម្លឹក​ខួប ២១ ឆ្នាំ​នៃ «​ព្រឹត្តិការណ៍​ភេរវកម្ម ១១ កញ្ញា ២០០១»

    សហរដ្ឋ​អាម៉េរិក រម្លឹក​ខួប ២១ ឆ្នាំ​នៃ «​ព្រឹត្តិការណ៍​ភេរវកម្ម ១១ កញ្ញា ២០០១»

    ពលរដ្ឋ​អាម៉េរិក រម្លឹក​ឈ្មោះ​ជនរងគ្រោះ ធ្វើ​កិច្ចការ​មនុស្សធម៌ និង​ចូលរួម​ព្រឹត្តិការណ៍​នានា​​ដើម្បី​ជា​ការ​​រម្លឹក​ខួប​ទី ២១ ឆ្នាំ នៃ​ហេតុការណ៍​ភេរវកម្ម ១១ កញ្ញា ឆ្នាំ​ ២០០១ ដែល​បាន​បណ្ដាលឱ្យ​មនុស្ស​ជិត ៣,០០០ នាក់​ត្រូវ​​បាត់​បង់ជីវិត។

    ពិធី​​រម្លឹក​ខួប ២១ ឆ្នាំ​នៃ​ព្រឹត្តិការណ៍ ១១ កញ្ញា ត្រូវបាន​ធ្វើឡើង​នៅក្នុង​តំបន់​ដែល​អគារ​ភ្លោះ​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាម៉េរិក បាន​ដួលរលំ​នៅក្នុង​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម​កាលពីឆ្នាំ​ ២០០១ (២១ ឆ្នាំមុន)។ សាច់ញាតិ​របស់​ជនរ​ង​គ្រោះ និង​ក្រុមមន្ត្រី​អាម៉េរិក ក៏បាន​ចូលរួម​ព្រឹត្តិការណ៍​រម្លឹក​ខួប​ដ៏​សោកសៅ​នេះ​នៅ​ទីកន្លែង ២ ទៀត គឺ មន្ទីរ​បញ្ច​កោណ និង​វាលស្រែ​នៅក្នុង​រដ្ឋ Pennsylvania។

    សហគមន៍​នានា​នៅ​ពាសពេញ​ទឹកដី​អាម៉េរិក បាន​រម្លឹក​ខួប​ព្រឹត្តិការណ៍ ១១ កញ្ញា ទៅតាម​រូបភាពផ្សេងៗ មានដូចជា ពិធីបួងសួង​ក្រោម​ពន្លឺ​ភ្លើងទៀន ពិធី​សាសនានានា និង​សកម្មភាព​រម្លឹក​ខួបផ្សេងៗទៀត។ល។

    កាលពី​ជាង ២ ទសវត្សរ៍​មុន ហេតុការណ៍​វាយប្រហារ​ភេរវកម្ម ១១ កញ្ញា បាន​ក្លាយជា​ព្រឹត្តិការណ៍​ដែលនាំឱ្យ សហរដ្ឋ​អាម៉េរិក ត្រូវ​ស្ដារ​គោលនយោបាយ​សន្តិ​សុខ​ជាតិ និង​ចាប់ផ្ដើម «សង្គ្រាម​ប្រឆាំង​ភេរវកម្ម» នៅ​ទូទាំង​ពិភពលោក។

    នៅមុន​ថ្ងៃ​រម្លឹក​ខួប​នៃ​ព្រឹត្តិការណ៍ ១១ កញ្ញា នៅក្នុង​ឆ្នាំនេះ កងទ័ព​អាម៉េរិក បាន​បញ្ជូន​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) ទៅ​ប្រហារ Ayman al-Zawahri ដែលជា​សមាជិក​សំខាន់​មួយរូប​​របស់​ក្រុម​ភេរ​វករ al-Qaeda និង​ជា​អ្នក​ដែល​ជាប់​ទាក់ទិន​នឹង​ហេតុការណ៍ ១១ កញ្ញា។

    ករណី ១១ កញ្ញា បាន​នាំឱ្យ ប្រជាជន​អាម៉េរិក សាមគ្គី​គ្នា​​ក្នុង​មួយរយៈ​ពេល ប៉ុន្តែ​ក៏បាន​បណ្ដាលឱ្យ​សហគមន៍​​អ៊ីស្លាម​សាសនិក​នៅ​ប្រទេស​នេះ រង​ការសង្ស័យ និង​ការរើសអើង​អស់​ជាច្រើន​ឆ្នាំ។

    ព្រឹត្តិការណ៍ ១១ កញ្ញា ក៏ត្រូវ​បាន​គេ​អះអាងថា បាន និង​កំពុង​ជះឥទ្ធិពល​អាក្រក់​ក្នុងសង្គម​​​អាម៉េរិក ទាំង​ក្នុង​វិស័យ​នយោបាយ ទាំង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ រហូតដល់​បច្ចុប្បន្ន៕

  • ក្រឡាប់​រថយន្តក្រុង បណ្ដាលឱ្យ​មនុស្ស​ជាង ៥០ នាក់​ត្រូវស្លាប់ និង​រងរបួស នៅ អាហ្វ្រិក​កណ្ដាល

    ក្រឡាប់​រថយន្តក្រុង បណ្ដាលឱ្យ​មនុស្ស​ជាង ៥០ នាក់​ត្រូវស្លាប់ និង​រងរបួស នៅ អាហ្វ្រិក​កណ្ដាល

    មេដឹកនាំ​ខណ្ឌ Boali នៃ​ខេត្ត Ombella-M’poko របស់ សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល បានឱ្យដឹងថា សាកសព​ជនរងគ្រោះ​មួយចំនួន​ស្ថិតនៅក្នុង​រថយន្ត ហើយ​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង ព្រោះ​មាន​អ្នករងរបួស​ធ្ងន់ធ្ងរ​ច្រើន។

    អាជ្ញាធរ​ក្នុង​តំបន់​ខាងលើ​បាន​ប្រាប់ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​មួយ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី ១១ កញ្ញា (ពេលវេលា​ក្នុងស្រុក) បាន​បណ្ដាលឱ្យ​មនុស្ស​ចំនួន ១២ នាក់​បាត់​បង់ជីវិត និង​ជាង ៤០ នាក់​រងរបួស។ ហេតុការណ៍​នេះ​កើតឡើង​នៅ​តំបន់ Kassango ក្នុង​ខណ្ឌ Boali នៃ​ខេត្ត Ombella-M’poko របស់ សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល។

    រថយន្តក្រុង​ដែល​ដឹក​មនុស្ស ៦៧ នាក់ ចេញដំណើរ​ពី​ទីក្រុង Beloko ដោយ​ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ ១ បាន​ជួប​គ្រោះថ្នាក់​នៅ​ទីតាំង​ដែលមាន​ចម្ងាយ​ជិត ១០០ គីឡូម៉ែត្រ ពី រដ្ឋធានី​បង់​ហ្គី។

    លោក Robert Yamo ដែលជា​មេដឹកនាំ​ខណ្ឌ Boali បានឱ្យដឹងថា រថយន្ត​ដឹក​លើស​ចំណុះ និង​រត់​លើស​ល្បឿន​កំណត់​គឺជា​មូល​ហេតុដែល​នាំឱ្យមាន​ហេតុការណ៍​គ្រោះថ្នាក់​នេះ។ លោក Yamo បន្ថែមថា ដោយសារតែ​អ្នករងរបួស​ធ្ងន់ធ្ងរ​មាន​ចំនួន​ច្រើន ដូច្នេះ​តួលេខ​អ្នកស្លាប់​អាច​នឹង​កើនឡើង​បន្តទៀត

    កាលពី​ខែមិថុនា ២០២២ នៅត្រង់ចំណុច​គ្រោះថ្នាក់​ខាងលើ​ក៏មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង និង​បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច ៩ នាក់​ត្រូវស្លាប់ និង​ជាង ១០ នាក់​រងរបួស៕

     

  • ថ្ម​ផ្ទុក​ថាមពល​នឹង​ក្លាយជា​គ្រោងឆ្អឹង​សំខាន់​មួយ​របស់​​រថយន្ត​អគ្គិសនី?

    ថ្ម​ផ្ទុក​ថាមពល​នឹង​ក្លាយជា​គ្រោងឆ្អឹង​សំខាន់​មួយ​របស់​​រថយន្ត​អគ្គិសនី?

    ថ្ម​ផ្ទុក​ថាមពល​របស់​រថ​យន្ត​អគ្គិសនី មិនមែនជា​ឧបករណ៍​មួយ​ផ្ទាំង​ធំ​ស្ថិតនៅក្នុង និង​ជាប់​ជាមួយនឹង​តួ​រថយន្ត​ឡើយ ពោលគឺ​វា​នៅ​ដាច់ដោយឡែក នាំឱ្យ​ក្រុម​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ជួប​បញ្ហា​នៅពេល​ចង់​ធ្វើឱ្យ​រថយន្ត​រត់​បាន​ឆ្ងាយ​ជាង​មុន និង​នៅតែ​ស្រាល។

    រថយន្ត Tesla Model S ប្រើប្រាស់​ថ្ម​ប្រភេទ​គ្រាប់​តូច​ដូច​ទៅនឹង​ថ្មពិល ហើយ​មាន​ចំនួន​តិច​ច្រើន​អាស្រ័យ​លើ​ប្រភេទ​រថយន្ត។ រថយន្ត​ដែល​ធ្ងន់​នឹងត្រូវ​បំពាក់​ថ្ម​កាន់តែច្រើន។

    រថយន្ត​អគ្គិសនី​មួយគ្រឿង​ដែល​បរបាន​ឆ្ងាយ​គឺ​ទាមទារ​ឱ្យមាន​ថ្ម​ផ្ទុក​ថាមពល​កាន់តែច្រើន ដូច្នេះ​ទម្ងន់​ថ្ម​ទាំងនោះ​នឹង​ធ្វើឱ្យ​រថយន្ត​កាន់តែ​ធ្ងន់ និង​ត្រូវការ​គ្រោងឆ្អឹង ប្រព័ន្ធ​គ្រឿង​ក្រោម និង​កង់​រឹងមាំ ហើយ​ប្រការនេះ​ក៏​កាន់តែ​ធ្វើឱ្យ​ទម្ងន់​របស់​រថយន្ត​កើនឡើង ទាមទារ​ឱ្យមាន​ថ្ម​ផ្ទុក​ថាមពល​កាន់តែច្រើន​បន្ថែមទៀត​ដើម្បី​រត់​បាន​ឆ្ងាយ​ជាង​មុន។ បញ្ហា​នេះ ពិតជា​ពិបាក​ដោះស្រាយ ដោយសារ​ជាវ​ដ្ដ​មួយ​ដែល​បង្កបញ្ហា​មិនចេះ​ឈប់​ទៅលើ​ទម្ងន់​របស់​រថយន្ត​អគ្គិសនី។

    ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ បច្ចុប្បន្ន ក្រុម​អ្នក​ផលិត​រថយន្ត​អគ្គិសនី ក្នុងនោះ​មាន Tesla របស់ សហរដ្ឋ​អាម៉េរិក និង BYD របស់ ប្រទេស​ចិន ជាដើម កំពុងតែ​អភិវឌ្ឍ​រូបរាង​របស់​ថ្ម​ផ្ទុក​ថាមពល​នេះ​ឡើងវិញ ដើម្បីឱ្យ​វា​ក្លាយទៅជា​ផ្នែក​មួយ​នៃ​គ្រោងឆ្អឹង​របស់​រថយន្ត ដោយ​វា​ត្រូវ​ដើរតួនាទី​ជា​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​ផង និង​ជា​គ្រោងឆ្អឹង​ដ៏​រឹងមាំ​របស់​រថយន្ត​ផង។

    បើសិនជា​ធ្វើបាន​ដូចខាងលើ រថយន្ត​អគ្គិសនី​ជំនាន់ក្រោយៗប្រាកដ​ជាមាន​ទម្ងន់​កាន់តែ​ស្រាល កាត់​តែ​រឹងមាំ ហើយ​ថ្ម​កាន់តែ​អាច​ផ្ទុក​ថាមពល​អគ្គិសនី​បាន​ច្រើនជាង​មុន អនុញ្ញាតឱ្យ​បើកបរ​បាន​រហូតដល់​រាប់ពាន់​គីឡូម៉ែត្រ បន្ទាប់ពី​បាន​បញ្ចូល​ថាមពល​ពេញ៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១០ ខែ​​កញ្ញា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១០ ខែ​​កញ្ញា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០៩ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ០៩ ខែ​កញ្ញា​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១៦ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

  • ប្រទេស​ថៃ ចំណាយ ៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ជួយ​ដល់​ការផលិត​ស្រូវ

    ប្រទេស​ថៃ ចំណាយ ៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ជួយ​ដល់​ការផលិត​ស្រូវ

    ប្រទេស​ថៃ ដែលជា​អ្នក​នាំចេញ​អង្ករ​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក ថ្មីៗនេះ​បាន​បញ្ចេញ​កញ្ចប់​ជំនួយ​សេដ្ឋកិច្ច​តម្លៃ​ជាង ៤ ពាន់​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការផលិត​ស្រូវ។

    ទន្ទឹមនឹង​កញ្ចប់​ជំនួយ​ខាងលើ អាជ្ញាធរ​ថៃ ក៏​កំពុង​រក​វិធី​ដើម្បី​ដំឡើងថ្លៃ​អង្ករ​នាំចេញ ក្នុងពេលដែល​ការចំណាយ​លើ​ការដាំដុះ​ស្រូវ បាន​កើនឡើង​ខ្ពស់​ជិត​ទ្វេដង ធៀប​នឹង ២ ឆ្នាំមុន។

    ប្រភពព័ត៌មាន​ឱ្យដឹងថា យោងតាម​គណៈកម្មការ​គ្រប់គ្រង និង​គោលនយោបាយ​ជាតិ​ស្ដីពី​ស្រូវ​អង្ករ កញ្ចប់​ជំនួយ​តម្លៃ​ជាង ៤ ពាន់​លាន​ដុល្លារ​ខាងលើ​គឺ​សម្រាប់​ជួយ​ដល់​គម្រោង​ធានា​ប្រាក់ចំណូល​ពី​ការលក់​ស្រូវ​អង្ករ​របស់​ពលរដ្ឋ​ថៃ​ប្រមាណ ៤.៦ លាន​គ្រួសារ នៅក្នុង​រដូវ​ធ្វើស្រែ​សំខាន់​ក្នុង​ឆ្នាំ ២០២២-២០២៣។

    គណៈកម្មការ​គ្រប់គ្រង និង​គោលនយោបាយ​ជាតិ​ស្ដីពី​ស្រូវ​អង្ករ​របស់ ប្រទេស​ថៃ ក៏​អនុម័ត​លើ​វិធានការ​ជំនួយផ្សេងៗទៀត​ដើម្បី​រក្សា​តម្លៃ​អង្ករ ក្នុងនោះ​មានដូចជា​ការលើកទឹកចិត្ត​ដល់​កសិករ កុំឱ្យ​សម្រុក​លក់​ស្រូវ​លើ​ទីផ្សារ និង​ការផ្ដល់​ការប្រាក់​ក្នុង​អត្រា ៣% សម្រាប់​ក្រុមហ៊ុន សហគ្រាស​ទាំងឡាយណា​ដែល​យល់ព្រម​រក្សាទុក​អង្ករ​ក្នុង​ឃ្លាំង ក្នុង​គ្រា​ដែល​ប្រភព​ផ្គត់ផ្គង់​លើ​ទីផ្សារ​ថយចុះ។

    យោងតាម​ស្ថិតិ ក្នុង​រយៈពេល ៧ ខែ​ដើម​ឆ្នាំនេះ ប្រទេស​ថៃ បាន​នាំចេញ​អង្ករ​ជិត ៤ លាន​តោន តម្លៃ​ជាង ១.៩ ពាន់​លាន​ដុល្លារ ដោយ​បរិមាណ​ស្រូវ​បាន​កើន ៥៨% ធៀប​នឹង ៧ ខែ​ដើមឆ្នាំ ២០២១ ប៉ុន្តែ ទំហំ​ទឹកប្រាក់​កើនឡើង​តែ​ប្រហែល ៣៤% ប៉ុណ្ណោះ។

    អាជ្ញាធរ​ថៃ បានឱ្យដឹងថា ការចំណាយ​លើ​ការផលិត​ស្រូវ​បាន​កើនឡើង​ទ្វេដង ធៀប​នឹង ២ ឆ្នាំមុន ដោយសារ​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន និង​បញ្ហា​អាកាសធាតុ ដែល​នាំ​ឱ្យ​ផលិត​ផល​ថែ​ទាំ​ការ​ពារ​ស្រូវ​មាន​តម្លៃ​ខ្ពស់ ស្រូវ​ផ្ដល់​ទិន្នផល​ទាប​ ខណៈដែល​តម្លៃ​ស្រូវ​អង្ករ​លើ​ទីផ្សារ​មិន​ឡើង​ប៉ុន្មាន។ ដូច្នេះ ប្រទេស​ថៃ នឹង​ដំឡើងថ្លៃ​អង្ករ​នាំចេញ​នាពេលខាងមុខ ដើម្បី​ឱ្យ​សមស្រប​ជាមួយនឹង​ការចំណាយ​លើ​ការដាំដុះ៕

     

  • អឺរ៉ុប បញ្ចេញ​ប្រាក់ ៥០០ ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​សម្រាល​បញ្ហា​ចំណាយ​លើ​ថាមពល​របស់​ប្រជាជន

    អឺរ៉ុប បញ្ចេញ​ប្រាក់ ៥០០ ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​សម្រាល​បញ្ហា​ចំណាយ​លើ​ថាមពល​របស់​ប្រជាជន

    ទឹកប្រាក់​សរុប​ដែល អង់គ្លេស និង សហភាព​អឺរ៉ុប (EU) គ្រោង​នឹង​បញ្ចេញ​ដើម្បី​ជួយ​បង់ថ្លៃ​វិក្កយបត្រ​ថាមពល​ខ្លះ​ជូន​ប្រជាជន និង​សហគ្រាស បាន​កើន​ឡើងដល់​ជាង ៥០០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    រដ្ឋាភិបាល​អង់គ្លេស ទើបតែ​បានបញ្ជាក់​អំពី​ផែនការ​ផ្ដល់ជំនួយ​ជា​ថ្លៃ​ថាមពល​សម្រាប់​គ្រួសារ និង​សហគ្រាស​របស់​ប្រទេស​នេះ ដើម្បី​ទប់ស្កាត់​បញ្ហា​ឱនភាព​សេដ្ឋកិច្ច​នៅក្នុង​រដូវរងា​ឆ្នាំនេះ។ សហគមន៍​អ្នកវិភាគ​យល់ថា ផែនការ​ខាងលើ​របស់ អង់គ្លេស អាច​ឡើងដល់ ១៥០ ពាន់​លាន​ផោន (ប្រហែល ១៥០ ពាន់​លាន​ដុល្លារ​អាម៉េរិក)។

    គិត​ជា​សរុប កញ្ចប់​ជំនួយ​ផ្នែក​ថាមពល នៅ​ទូទាំង​អឺរ៉ុប (EU បូក​នឹង អង់គ្លេស) បាន​ឡើងដល់​ជាង ៥០០ ពាន់​លាន​អឺរ៉ូ (៥០០ ពាន់​លាន​ដុល្លារ​អា​ម៉េ​រិ) ទៅហើយ នេះ​បើតាម CNN។

    ចាប់ពី​ខែតុលា​ខាងមុខ គ្រួសារ​ដែលមាន​ជីវភាព​មធ្យម​នៅ ប្រទេស​អង់គ្លេស​នឹងត្រូវ​ចំណាយ​មិន​លើសពី ២,៥០០ ផោន សម្រាប់​វិក្កយបត្រ​ថាមពល​ក្នុង​រយៈពេល ២ ឆ្នាំ​ខាងមុខ។ រដ្ឋាភិបាល​អង់គ្លេស ក៏​នឹង​ផ្ដល់ជំនួយ​ដល់​បណ្ដា​ក្រុមហ៊ុន សហគ្រាស និង​អង្គការក្រៅរដ្ឋាភិបាល រួម​នឹង​ស្ថាប័ន​សាធារណៈ នៅក្នុង​អំឡុង ៦ ខែ​ទៅមុខ ឬ​យូរ​ជាង​នេះ។

    Salomon Fiedler អ្នកវិភាគ​ប្រចាំ​ធនាគារ Berenberg ឱ្យដឹងថា គិត​ដោយឡែក កញ្ចប់​ជំនួយ​សម្រាប់​គ្រួសារ​នៅ អង់គ្លេស គឺអាច​ឡើងដល់ ១០០ ពាន់​លាន​ផោន ពោលគឺ​ជាង ៤% ធៀប​នឹង GDP របស់​ប្រទេស​នេះ។

    បច្ចុប្បន្ន ការចំណាយ​លើ​ថាមពល​ជា​មធ្យម​ប្រចាំ​របស់​គ្រួសារ​មួយ​នៅ អង់គ្លេស បាន​កើន ៥៤% ឡើងដល់ ១,៩៧១ ផោន។ បើសិន​មិនមាន​កញ្ចប់​ជំនួយ ខ្ទង់ចំណាយ​នៃ​នឹង​ឡើងដល់​លើសពី ៣,៥០០ ផោន នៅក្នុង​ខែតុលា ហើយ​អាច​ខ្ពស់ជាង​នេះ​នៅ​ឆ្នាំ​បន្ទាប់។ ចំណែក​ក្រុមហ៊ុន សហគ្រាស​ជាច្រើន​នៅ អង់គ្លេស ក៏បាន​ប្រកាសថា មិនអាច​ឆ្លង​ផុត​រដូវរងា​នេះ។

    «តម្លៃ​ដែល​ត្រូវ​ខាត​ដោយសារ​ការមិនធ្វើ​សកម្មភាព នឹងមាន​ទំហំ​ធំ​ជាង​ឆ្ងាយ​ធៀប​នឹង​ការចំណាយ​ក្នុង​ការធ្វើអន្តរាគមន៍» រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អង់គ្លេស Kwasi Kwarteng បានបញ្ជាក់​ដូច្នេះ៕

  • រដ្ឋធានី​ថ្មី​របស់ ឥណ្ឌូណេស៊ី នឹងមាន​គន្លង​ផ្លូវ​​​សម្រាប់​រថយន្ត​អគ្គិសនីបញ្ចូល​ថាមពល​ដោយ​ស្វ័យ​ប្រវត្ត

    រដ្ឋធានី​ថ្មី​របស់ ឥណ្ឌូណេស៊ី នឹងមាន​គន្លង​ផ្លូវ​​​សម្រាប់​រថយន្ត​អគ្គិសនីបញ្ចូល​ថាមពល​ដោយ​ស្វ័យ​ប្រវត្ត

    ស្ថាប័ន​ទទួលបន្ទុក​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​​រដ្ឋធានី​ថ្មី Nusantara នៃ​ ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ម្សិលមិញ បានឱ្យដឹងថា រដ្ឋធានី​ថ្មី​របស់​ប្រទេស​នេះ​នឹង​អភិវឌ្ឍ​ប្រព័ន្ធ​គន្លង​ផ្លូវ​ដែល​អាច​បញ្ចូល​ថាមពល​ដោយ​ស្វ័យប្រវត្ត​ទៅឱ្យ​រថយន្ត​អគ្គិសនី​ពេល​កំពុង​បើកបរ។

    បច្ចុប្បន្ននេះ នៅពេល​ត្រូវ​ការបញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី អ្នកបើកបរ​មាន​ជម្រើស​តែ ២ គត់ គឺ​បញ្ចូល​ថាមពល​នៅឯ​ផ្ទះ ឬ​នៅតាម​ស្ថានីយ​នៅក្បែរ​ផ្លូវ។

    បច្ចេកវិទ្យា​ថ្មី​ដែល​ត្រូវ​បានលើកឡើង​ដោយ ឥណ្ឌូណេស៊ី នេះ នឹង​ដំណើរការ​ដូច​ទៅនឹង​វិធី​បញ្ចូល​ថាមពល​គ្មាន​ខ្សែ​របស់​ឧបករណ៍​មួយចំនួន ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​អាំង​ឌុ​ច​ស្យុ​ង​អេ​ឡិច​ត្រូ​ម៉ាញេ​ទិច។ ខ្សែភ្លើង​នឹងត្រូវ​បាន​បង្កប់​ក្រោម​ផ្លូវ​ល្បឿន​លឿន និង​បង្កើត​ដែន​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច ដែល​អាច​ភ្ជាប់​ដោយ​មិន​ប្រើ​ខ្សែ​ជាមួយនឹង​ឧបករណ៍​ពិសេស​នៅក្នុង​រថយន្ត​អគ្គិសនី ដើម្បី​បំប្លែង​វា​ទៅជា​អគ្គិសនី ជួយ​បញ្ចូល​ថាមពល​ទៅក្នុង​ថ្ម​របស់​រថយន្ត​អគ្គិសនី។ ខាងក្រោម​ដងផ្លូវ​នេះ​ក៏ត្រូវ​បាន​ដំឡើង​ប្រព័ន្ធ​ទំនាក់ទំនង ដូច្នេះ អាច​ដឹងបាន​ថា រថយន្ត​ណា​កំពុងស្ថិត​នៅលើ​គន្លង​ផ្លូវ​នេះ ដើម្បី​​ចាប់ផ្ដើម​ដំណើរការ​បញ្ចូល​ថាមពល។

    យោងតាម​ស្ថាប័ន​ទទួលបន្ទុក​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​​នៅ​រដ្ឋធានី​ថ្មី Nusantara ប្រព័ន្ធ​គន្លង​ផ្លូវ​បញ្ចូល​ថាមពល​ដូច​ខាងលើនេះ ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេស​មួយចំនួន ហើយ​កំពុង​ប្រើប្រាស់​សាកល្បង​នៅក្នុង​ប្រទេស​មួយចំនួន​ផ្សេងទៀត។ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ពិនិត្យ​លើ​ជម្រើស​នេះ​ក៏​ព្រោះតែ​រដ្ឋធានី​ថ្មី​របស់​ប្រទេស​នេះ​នឹង​អនុញ្ញាតឱ្យ​មានតែ​យានយន្ត​អគ្គិសនី ឬ​យានយន្ត​ដំណើរការ​ស្វ័យប្រវត្ត​ដែល​ល្អ​សម្រាប់​បរិស្ថាន​ប៉ុណ្ណោះ។

    ក្រៅពី​គន្លង​ផ្លូវ​បង្កប់​បច្ចេកវិទ្យា​ខាងលើ រដ្ឋធានី​ថ្មី Nusantara របស់ ឥណ្ឌូណេស៊ី ក៏​នឹងមាន​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លាត​វៃ និង​ស្ថិរភាព​ជាច្រើន​ទៀតផង​ដែរ។

    កន្លងមក ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo បានប្រកាសថា អ្នក​ដែល​ចូលចិត្ត​ជិះ​រថយន្ត​ប្រើប្រាស់​ម៉ាស៊ីន​ចំហេះ​ក្នុង មិនគួរ​រើ​ទៅ​នៅ​រដ្ឋធានី​ថ្មី​ឡើយ៕