Author: សឿន សំណាង

  • អ៊ុយ​ក្រែ​ន រកឃើញ «ផ្នូរ​បញ្ចុះ​សាកសព​រួម» កប់​មនុស្ស​រាប់រយ​នាក់​នៅ Izyum

    អ៊ុយ​ក្រែ​ន រកឃើញ «ផ្នូរ​បញ្ចុះ​សាកសព​រួម» កប់​មនុស្ស​រាប់រយ​នាក់​នៅ Izyum

    ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន បានឱ្យដឹងថា កងទ័ព​ប្រទេស​នេះ​បាន​រកឃើញ​ផ្នូរ​បញ្ចុះ​សាកសព​រួម​ដែល​កប់​មនុស្ស​ជាង ៤៤០ នាក់​នៅ Izyum បន្ទាប់ពី​បាន​ចូល​គ្រប់គ្រង​ទីក្រុង​នេះ​ឡើងវិញ។

    «មួយ​ក្នុងចំណោម​ផ្នូរ​បញ្ចុះ​សាកសពធំៗក្នុង​ទីរួមស្រុក​ដែល​ត្រូវបាន​រំដោះ មាន​សាកសព​ជាង ៤៤០ នាក់។ មនុស្ស​មួយចំនួន​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​ធំ ចំណែក​អ្នកខ្លះ​ក៏​ស្លាប់​នៅក្នុង​ការវាយប្រហារ​តាម​អាកាស» Serhiy Bolvinov ដែលជា​អភិបាលខេត្ត Kharkov នៅ​ភាគ​ឦសាន​នៃ ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ១៥ កញ្ញា បានឱ្យដឹង​ដូច្នេះ។

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី យល់ថា កងទ័ព​រុស្ស៊ី ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ «ផ្នូរ​បញ្ចុះសព​រួម» នៅ Izyum។ លោក ហ្សេ​ឡែ​ន​ស្គី ក៏បាន​ភ្ជាប់​ព្រឹត្តិការណ៍​នេះ​ទៅនឹង​ការចោទប្រកាន់​អំពី​បទ «សម្លាប់​រង្គាល​នៅ Bucha» ជា​ទីរួមស្រុក​មួយ​នៅ​ជាយ រដ្ឋធានី​កៀវ ដែល​ត្រូវបាន អ៊ុយ​ក្រែ​ន លើកឡើង​បន្ទាប់ពី រុស្ស៊ី បានបញ្ចប់​ដំណាក់​ដំបូង​នៃ​យុទ្ធនាការ​យោធា និង​ដកទ័ព​ចេញពី​ភាគ​ខាងជើង​ប្រទេស​នេះ។

    ផែនទី​ស្ដីពី​ អ៊ុយក្រែន

    រុស្ស៊ី មិនទាន់មាន​ការអធិប្បាយ​អ្វី​ទៅនឹង​ព័ត៌មាន​ទាក់ទិន​នឹង «ផ្នូរ​បញ្ចុះ​សាកសព​រួម» នៅ Izyum នៅឡើយ។ ប៉ុន្តែ កាលពី​ខែមេសា វិមាន​ក្រឹម​ឡាំង ធ្លាប់បាន​ច្រានចោល​ការចោទប្រកាន់រ​បស់ អ៊ុយ​ក្រែ​ន អំពី​ករណី​សម្លាប់​រង្គាល​នៅ Bucha ដោយ​ប្រកាសថា នេះ​គឺជា​ព័ត៌មាន​ប្រឌិត៕

  • លំហូរ​ទុន FDI ​ដែល​​វិនិយោគ​​មក​​លើ​ ​អាស៊ាន​ កើន​​ឡើង​​ដល់​ជាង​ ១៧០ ​ពាន់​​លាន​​ដុល្លារ​​អាម៉េរិក

    លំហូរ​ទុន FDI ​ដែល​​វិនិយោគ​​មក​​លើ​ ​អាស៊ាន​ កើន​​ឡើង​​ដល់​ជាង​ ១៧០ ​ពាន់​​លាន​​ដុល្លារ​​អាម៉េរិក

    របាយការណ៍​ប្រចាំឆ្នាំ​របស់ អាស៊ាន (ASEAN) បាន​សង្កត់ធ្ងន់ថា ការ​ងើប​ឡើងវិញ​យ៉ាង​លឿន​បានបង្ហាញ​អំពី​សមត្ថភាព​នៃ​ការ​ទប់ទល់ និង​កម្លាំង​ទាក់ទាញ​របស់ អាស៊ាន ក្នុងនាម​ជា​តំបន់​វិនិយោគ​ធំ​មួយ​របស់​ពិភពលោក និង​ជា​ចលករ​នៃ​កំណើន FDI។

    កាលពី​ថ្ងៃទី ១៤ កញ្ញា កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន-ក្រុមប្រឹក្សា​តំបន់​វិនិយោគ​អាស៊ាន​លើក​ទី ២៥ បានប្រកាស​របាយការណ៍​វិនិយោគ​អាស៊ាន (AIR) ឆ្នាំ ២០២២ ក្នុង​មូលបទ «ស្ដារ​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​រាតត្បាត​សកល និង​សម្រួល​ការវិនិយោគ»។

    របាយការណ៍​ខាងលើ​បាន​បង្ហាញថា លំហូរ​ទុន​ផ្ទាល់​ពី​បរទេស (FDI) ចូលមក​កាន់​តំបន់​អាស៊ាន បាន​កើន ៤២% ឡើងដល់ ១៧៤ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១។ នេះ​គឺជា​កំណើន​ខ្ពស់បំផុត​នៅ​ចំពោះមុខ​ជំងឺ​រាតត្បាត​កូ​វីដ-១៩ និង​ការកែប្រែ​ស្ថានការណ៍​នៃ​ឱនភាព​សេដ្ឋកិច្ច​ដែល​កើតឡើង​ដោយសារ កូ​វីដ-១៩ ក្នុង​ឆ្នាំ ២០២០។

    របាយការណ៍​ប្រចាំឆ្នាំ​របស់ អាស៊ាន (ASEAN) បាន​សង្កត់ធ្ងន់ថា ការ​ងើប​ឡើងវិញ​យ៉ាង​លឿន​បានបង្ហាញ​អំពី​សមត្ថភាព​នៃ​ការ​ទប់ទល់ និង​កម្លាំង​ទាក់ទាញ​របស់ អាស៊ាន ក្នុងនាម​ជា​តំបន់​វិនិយោគ​ធំ​មួយ​របស់​ពិភពលោក និង​ជា​ចលករ​នៃ​កំណើន FDI។

    បណ្ដា​សមាជិក​អាស៊ាន (AMS) បាន​ប្រឹងប្រែង​ក្នុងការ​ផ្ដល់​អំណោយផល​ដល់​ការវិនិយោគ​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។ ការសម្រួល​លើ​ការវិនិយោគ​នៅ អាស៊ាន (AIFF) ក្នុង​ឆ្នាំ ២០២១ បានបង្ហាញ​អំពី​ការសន្យា​របស់ អាស៊ាន នៅក្នុង​ការកែលំអ​បន្ថែ​ម​ទៀត​ចំពោះ​បរិស្ថាន​វិនិយោគ និង​ពាណិជ្ជកម្ម​ក្នុង​តំបន់។

    យោងតាម​របាយការណ៍​ដដែល បើទោះជា AMS បាន​អនុវត្ត​វិធានការ AIFF ស្ទើរតែ​ទាំងអស់ រួម​នឹង​បណ្ដា​វិធានការ​សម្រួលការ​វិនិយោគ​កាន់តែ​ប្រកបដោយ​ប្រសិទ្ធភាព ប៉ុន្តែ​ក៏​នៅមាន​ចន្លោះប្រហោង​ដែល​ត្រូវការ​បំពេញបន្ថែម។

    តាម​គម្រោង AIR ២០២២ នឹងត្រូវ​បានប្រកាស​ប​ន្ត​នៅក្នុង​កិច្ចប្រជុំ​កំពូល​ស្ដីពី​ការវិនិយោគ និង​ពាណិជ្ជកម្ម​អាស៊ាន នៅក្នុង​ខែវិច្ឆិកា​ខាងមុខ៕

  • WHO ប្រកាស​ថា ពេលវេលា​ដើម្បី​បញ្ចប់​កូ​វីដ-១៩ បានមក​ដល់​ហើយ

    WHO ប្រកាស​ថា ពេលវេលា​ដើម្បី​បញ្ចប់​កូ​វីដ-១៩ បានមក​ដល់​ហើយ

    ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ម្សិលមិញ បាន​អះអាងថា ពិភពលោក​កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​មាន​អំណោយផល​ល្អ​បំផុត​ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩។

    លោក Tedros ប្រធាន WHO បានឱ្យដឹងថា តួលេខ​នៃ​ករណី​ឆ្លង​ថ្មី និង​ស្លាប់​ដោយសារ​កូ​វីដ-១៩ ប្រចាំ​សប្ដាហ៍ បាន​ថយចុះ​មក​ទាប​បំផុត​រាប់​ចាប់តាំងពី​ជំងឺ​រាតត្បាត​នេះ​បាន​ផ្ទុះឡើង​កាលពី​ខែមីនា ២០២០។ លោក Tedros បាន​អំពាវនាវ​ដល់​ពិភពលោក ឱ្យ​ក្ដាប់​យក​ឱកាស​នេះ​ដើម្បី​បញ្ចប់​ការ​រាតត្បាត​របស់​កូ​វីដ-១។

    បើទោះជា​យល់ថា នឹង​អាចមាន​ការផ្ទុះ​ឆ្លង​នាពេល​អនាគត ប៉ុន្តែ WHO បញ្ជាក់ថា ពិភពលោក​មាន​ឧបករណ៍​ជាច្រើន​ដូចជា វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជាដើម ដែល​អាច​ការពារ​អ្នកជំងឺ​មិនឱ្យ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ឬ​ស្លាប់។

  • ព្យុះ Muifa វាយប្រហារ​លើ​ភាគ​ខាងកើត​ប្រទេស​ចិន ធ្វើឱ្យ​មនុស្ស ១.៦ លាន​នាក់​ត្រូវ​ភៀសខ្លួន

    ព្យុះ Muifa វាយប្រហារ​លើ​ភាគ​ខាងកើត​ប្រទេស​ចិន ធ្វើឱ្យ​មនុស្ស ១.៦ លាន​នាក់​ត្រូវ​ភៀសខ្លួន

    ថ្ងៃទី ១៥ កញ្ញា​នេះ ព្យុះ Muifa បក់បោក​ចូលដល់​ខណ្ឌ Fengxian នៃ​ទីក្រុង​សៀង​ហៃ ភាគ​ខាងកើត​ប្រទេស​ចិន បណ្ដាលឱ្យ​កើតមាន​ភ្លៀង​ធំ ទឹកជំនន់ និង​បាក់​ដី នាំឱ្យ​មនុស្ស​ប្រមាណ ១.៦ លាន​នាក់​ត្រូវ​ភៀសខ្លួន​ទៅកាន់​ទី​សុវត្ថិភាព។

    ទូរទស្សន៍​ជាតិចិន (CCTV) បាន​រាយការណ៍​ថា ដោយមាន​កម្លាំង​ឡើងដល់ ១២៥ គីឡូម៉ែត្រ/ម៉ោង Muifa គឺជា​ព្យុះ​កំណាច​បំផុត​ដែល​បាន​បក់បោក​មកលើ​ទីក្រុង​សៀង​ហៃ ដែលមាន​ប្រជាជន ២៥ លាន​នាក់ រាប់​ចាប់ពី​ឆ្នាំ ១៩៤។ បច្ចុប្បន្ន មិនទាន់មាន​របាយការណ៍​អំពី​តួលេខ​នៃ​ការស្លាប់ ឬ​របួស​ដោយសារ​ព្យុះ​នេះ​នៅឡើយ។

    ក៏ប៉ុន្តែ ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ៤២៦,០០០ នាក់ ត្រូវបាន​ឈ្លៀស​ទៅរក​កន្លែង​សុវត្ថិភាព និង ១.២ លាន​នាក់​ផ្សេងទៀត​ត្រូវបាន​នាំទៅ​កាន់​ជម្រក​បណ្ដោះអាសន្ន​នៅក្នុង​ខេត្ត Zhejiang ដែល​នៅក្បែរនោះ។

    ភ្លៀង​ធំ​ក៏បាន​បង្កឱ្យមាន​ការកកស្ទះ​ចរាចរណ៍ និង​ជំនន់​ទឹកភ្លៀង​ក្នុងស្រុក​មួយចំនួន​នៅ​តំបន់​វាលរាប​ទន្លេ​Yangtze ដែលជា​មជ្ឈមណ្ឌល​ផលិត​ដ៏​ធំ​មួយ​របស់​ពិភពលោក។ ចំណែក​ជើងហោះហើរ​ជាច្រើន​នៅក្នុង​តំបន់​នេះ ក៏ត្រូវ​បាន​លុបចោល ឬ​ពន្យារពេល។

    មួយ​ថ្ងៃមុន​ការវាយប្រហារ​ចូលដល់ ទីក្រុង​សៀង​ហៃ ព្យុះ Muifa បាន​បក់បោក​លើ ទីក្រុង​ស​ហ្សូ​សាន នៃ​ខេត្ត ហ្សឺ​ជាំ​ង ផងដែរ៕

  • ម៉ូតូ​លេខ​អូ​តូ​អគ្គិសនី Blueshark R1 ត្រូវបាន​ផលិត​នៅ ម៉ាឡេស៊ី

    ម៉ូតូ​លេខ​អូ​តូ​អគ្គិសនី Blueshark R1 ត្រូវបាន​ផលិត​នៅ ម៉ាឡេស៊ី

    ម៉ូតូ​អគ្គិសនី​ដែលមាន​លេខ​អូ​តូ Blueshark R1 ត្រូវបាន​បង្ហាញ​ជា​ផ្លូវការ​នៅក្នុង ទីផ្សារ​ម៉ាឡេស៊ី ដែល​នេះ​ក៏​ជាការ​បើកផ្លូវ​សម្រាប់​ម៉ូតូ​ប្រភេទ​នេះ ពង្រីក​វត្តមាន​របស់ខ្លួន​នៅក្នុង ទីផ្សារ​អាស៊ីអាគ្នេយ៍ ផងដែរ។

    ម៉ូតូ​លេខ​អូ​តូ​គឺជា​យានយន្ត​ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​បំផុត​នៅក្នុង ទ្វីបអាស៊ី ដោយសារតែ​តម្លៃ​សមស្រប និង​ភាពងាយស្រួល​ប្រើប្រាស់​របស់​ពួកវា។ ក្នុង​ទីផ្សារ​ម៉ូតូ​អគ្គិសនី ម៉ូតូ​លេខ​អូ​តូ​នឹង​កាន់តែ​ពេញនិយម​ថែមទៀត ដោយសារ​ថា វា​ជួយ​សំច័យ​ថាមពល​បាន​ច្រើនជាង ងាយស្រួល​ថែទាំ​ជាង ព្រមទាំង​ចំណេញ​លើ​ពន្ធ​នៅក្នុង​ប្រទេស​មួយចំនួន។

    នៅ ម៉ាឡេស៊ី ក្រុមហ៊ុន​មួយ​ក្នុង​ទីផ្សារ​យានយន្ត​អគ្គិសនី អាច​នឹងចូលរួម​ប្រកួតប្រជែង​នាពេលឆាប់ៗ​ខាង​មុខ​នេះ ក្នុងនោះ ផលិតផល​របស់​ក្រុមហ៊ុន​នេះ​អាច​ត្រូវបាន​ផលិត​ក្នុងស្រុក ជាហេតុ​ឱ្យគេ​ជឿ​បាន​ថា ម៉ូតូ​លេខ​អូ​តូ​អគ្គិសនី​តម្លៃ​ទាប​នឹង​បង្ហាញខ្លួន​នៅ​ទីផ្សារ​នេះ។

    យោងតាម​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Edge Markets ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​រថយន្ត EP Manufacturing បាន​ចុះ​កិច្ចព្រមព្រៀង​កាលពី​ខែមីនា ជាមួយនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា Sharkgulf និង​មូលនិធិ CIS Pride Silver Rock ដើម្បី​ផលិត និង​ចែកចាយ​ទោចក្រយានយន្ត​អគ្គិសនី​សម្រាប់ ទីផ្សារ​ម៉ាឡេស៊ី និង អាស៊ីអាគ្នេយ៍។

    CIS គឺជា​មូលនិធិ​វិនិយោគ​ដែល​ដំណើរការ​ដោយ Silver Rock Capital, Realchamp Asset Management និង The Pride Group ខណៈដែល Sharkgulf មាន​ទីស្នាក់ការ​កណ្ដាល​នៅ ប្រទេស​ចិន ដែលជា​អ្នក​ផលិត​ម៉ូតូ​អគ្គិសនី​យីហោ Blueshark។ ម៉ាឡេស៊ី នឹង​ក្លាយជា​ស្រុកកំណើត​របស់​រោងចក្រ​ផលិត ចែកចាយ និង​លក់​ប្រភេទ​កង់​សម្រាប់​ម៉ូតូ​អគ្គិសនី Blueshark។

    ម៉ូតូ​អគ្គិសនី​លេខ​អូ​តូ Blueshark R1 ដែល​ផលិត​ដោយ Sharkgulf មាន​កម្លាំង ៥ kW។ វា​ប្រើប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី ១,៤៤០ Wh ចំនួន ២ គ្រាប់ អាចឱ្យ​វារ​ត់​ក្នុង​ល្បឿន ២៦ គីឡូម៉ែត្រ/ម៉ោង បាន​ចម្ងាយ ១៦០ គីឡូម៉ែត្រ ខណៈដែល​ល្បឿន​អតិបរមា​របស់​វា​គឺ ៨០ គីឡូម៉ែត្រ/ម៉ោង។ តម្លៃ​របស់ Blueshark នៅក្នុង​ទីផ្សារ​មួយចំនួន​នៅ អាស៊ីអាគ្នេយ៍ ដែល​នាំចូល​មិន​ផ្ដាច់មុខ មានតម្លៃ​ប្រមាណ ២,៩០០ ដុល្លារ​អាម៉េរិក៕

    មាន​បំពាក់​ប្រព័ន្ធ​អង្គញាណ ឬ​ហៅ​ថា សែនសឺរ ទំនើប
    អេក្រង់​បច្ចេកវិទ្យា​ថ្មី​
  • អាម៉េរិក បញ្ចេញ​ប្រាក់ ៩០០ លាន​ដុល្លារ ដើម្បី​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី

    អាម៉េរិក បញ្ចេញ​ប្រាក់ ៩០០ លាន​ដុល្លារ ដើម្បី​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី

    សេត​វិមាន​បានឱ្យដឹងថា ប្រធានាធិបតី ចូ បៃ​ដិ​ន នឹងចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត Detroit និង​ប្រកាស​អនុម័ត​កញ្ចប់​ថវិកា​ជំនួយ ៩០០ លាន​ដុល្លារ​ដំបូង​ដើម្បី​សាងសង់​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​នៅក្នុង ៣៥ រដ្ឋ ដែល​ទុកដូចជា​មួយផ្នែក​នៃ​ច្បាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​តម្លៃ ១ ទ្រី​លាន​ដុល្លារ​អាម៉េរិក។

    នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត Detroit លោក បៃ​ដិ​ន អាច​នឹង​និយាយ​អំពី​វឌ្ឍនភាព​នានា​ដែល​ទាក់ទង​នឹង​វិស័យ​យានយន្ត​អគ្គិសនី ក៏ដូចជា​គម្រោង​នានា​របស់​រដ្ឋាភិបាល​ក្នុងការ​លើកទឹកចិត្ត​ឱ្យមាន​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​ឱ្យបាន​ទូលំទូលាយ​ជាង​បច្ចុប្បន្ន។

    យោងតាម​លោក បៃ​ដិ​ន ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ សហរដ្ឋ​អាម៉េរិក គ្រោង​នឹង​កើន​ពី ២៨.២៤ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១ ឡើងដល់ ១៣៧.៤៣ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៨ ហើយ​រដ្ឋាភិបាល​ក៏​កំពុងតែ​ជំរុញ​តម្រូវការ​នោះ។ កាលពី​ខែធ្នូ ២០២១ លោក បៃ​ដិ​ន បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ដែល​ណែ​នាំឱ្យ​អាជ្ញាធរ​ទិញ និង​ប្រើប្រាស់​តែ​រថយន្ត​អគ្គិសនី ឬ​រថយន្ត plug-in hybrid EV ចាប់ពី​ឆ្នាំ ២០២៧។

    សេត​វិមាន​បានឱ្យដឹងថា កាលពី​ឆ្នាំ ២០២០ តួលេខ​នៃ​រថយន្ត​អគ្គិសនី​ដែល​ត្រូវបាន​ទិញដូរ​ក្នុង​ទឹកដី​អាម៉េរិក គឺមាន​ត្រឹមតែ ១% ប៉ុណ្ណោះ។ ក្នុង​ឆ្នាំ​ដំបូង​នៃ​អាណត្តិ​ប្រធានាធិបតី​របស់លោក បៃ​ដិ​ន ចំនួន​រថយន្ត​អគ្គិសនី​ដែល រដ្ឋាភិបាល​អាម៉េរិក បាន​ទិញ បាន​កើនឡើង​ទ្វេដង ហើយ​ក្នុង​ឆ្នាំសារពើពន្ធ ២០២២ អាជ្ញាធរ​អាម៉េរិក បាន​ទិញ​រថយន្ត​ច្រើនជាង​មុន​រហូតដល់ ៥ ដង។

    ស្ថានីយបញ្ចូល​ថាមពល​សម្រាប់​យាន​យន្ត​អគ្គិសនី​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋ California សហរដ្ឋ​អាម៉េរិក

    រដ្ឋាភិបាល​អាម៉េរិក កំពុងតែ​ជួយ​ជំរុញ​ការ​ងាក​ទៅប្រើ​ប្រាស់​យានយន្ត​អគ្គិសនី។ ការផ្ដល់​ជំនួយ​សម្រាប់​ការសាងសង់​ស្ថានីយ​បញ្ចូល​ថាមពល​នឹង​ជួយ​ដោះស្រាយ​ឧបសគ្គ​មួយ​ដ៏​ធំ​ចំពោះ​ការជំរុញ​កំណើន​នៃ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី។

    ច្បាប់​ស្ដីពី​ហេដ្ឋារចនាសម្ព័ន្ធ​ដែល ប្រធានាធិបតី បៃ​ដិ​ន បាន​ចុះហត្ថលេខា​កាលពី​ខែវិច្ឆិកា ២០២១ មានតម្លៃ ៧.៥ ពាន់​លាន​ដុល្លារ សម្រាប់​ប្រព័ន្ធ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី និង​បណ្ដា​មធ្យោបាយ​បញ្ចូល​ថាមពលជំនួស​ដទៃទៀត។ ៥ ពាន់​លាន​ដុល្លារ​ក្នុង​កញ្ចប់​ថវិកា ៧.៥ ពាន់​លាន​ដុល្លារ​នោះ ត្រូវបាន​ប្រគល់ឱ្យ​កម្មវិធី​រូបមន្ត​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​យានយន្ត​អគ្គិសនី​ជាតិ (NEVI)។

    យោងតាម​កម្មវិធី NEVI រដ្ឋ​នានា​របស់ សហរដ្ឋ​អាម៉េរិក អាច​ទទួលបាន​កញ្ចប់​ជំនួយ​ពី​ស្ថាប័ន​គ្រប់គ្រង​ផ្លូវ​ល្បឿន​លឿន​របស់​រដ្ឋ (FHWA) រហូតដល់ ៨០% ធៀប​នឹង​តម្លៃ​របស់​គម្រោង​ដែលមាន​លក្ខខណ្ឌ​គ្រប់គ្រាន់៕

  • កម្ពុជា ស្នើឱ្យ​ពិចារណាលើ​ «ការ​ត​ភ្ជាប់​ខ្សែ​បញ្ជូន និង​បំពង់​ឧស្ម័ន​ក្នុង​តំបន់​អាស៊ាន»

    កម្ពុជា ស្នើឱ្យ​ពិចារណាលើ​ «ការ​ត​ភ្ជាប់​ខ្សែ​បញ្ជូន និង​បំពង់​ឧស្ម័ន​ក្នុង​តំបន់​អាស៊ាន»

    ដើម្បី​បង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម​លើ​វិស័យ​ថាមពល​អគ្គិសនី និង​ចូលរួម​ឱ្យបាន​យ៉ាងសកម្ម ដើម្បី​សម្រេច​គោលដៅ​ថាមពល​អាស៊ាន កម្ពុជា ស្នើ​ដល់​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន ពិចារណា​លើ​ការតភ្ជាប់​ខ្សែ​បញ្ជូន និង​បំពង់​ឧស្ម័ន​រវាង​ប្រទេស​នៅក្នុង សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន-ASEAN)។

    សំណើ​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​ដោយ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នា​ថ្ងៃនេះ នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​លើក​ទី ៤០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ រួម​នឹង​វេទិកា​ធុរកិច្ច​ថាមពល​អាស៊ាន​ឆ្នាំ ២០២២ ក្រោម​មូលបទ «បង្កើនល្បឿន​អន្តរកាល​ថាមពល ៖ ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ និង​កំណើន​ប្រកបដោយ​ចីរភាព»។

    នៅក្នុង​កិច្ចប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​នេះដែរ សម្ដេចនាយក​រដ្ឋមន្ត្រី​កម្ពុជា មានប្រសាសន៍ថា ក្នុង​ក្របខណ្ឌ​អាស៊ាន ក្នុងនាម​ជា​ប្រធាន​នៅក្នុង​ឆ្នាំ ២០២២ នេះ កម្ពុជា នឹង​បន្ត​ចូលរួមចំណែក​បង្កើត​គំនិត​ផ្តួចផ្តើមថ្មីៗ និង​ជំរុញ​ការចូលរួម​បន្ថែម​លើ​គ្រប់​សកម្មភាព និង​គម្រោង​អន្តរកាល​ថាមពល​ក្នុង​តំបន់​នេះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់បំផុត។

    ក្នុង​រយៈពេល ០២ ថ្ងៃ​នៃ​កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រី​ថាមពល​នៃ​បណ្ដា​ប្រទេស​អាស៊ាន នឹងមាន​កិច្ចប្រជុំសំខាន់ៗជាច្រើន​ដែល​ទាក់ទង​នឹង​វឌ្ឍនភាព​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​វិស័យ​ថាមពល ជា​ផ្លូវ​ឆ្ពោះទៅរក​ការបង្កើន​ល្បឿន​អន្តរកាល​ថាមពល និង​ការជំរុញ​សកម្មភាព​ស្ដារ​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​អាស៊ាន៕

  • «ទិដ្ឋាការ​មាស» របស់ ប្រទេស​ថៃ ទាក់ទាញ​ជនជាតិ​អាម៉េរិក និង​ ជន​ជាតិ​​ចិន ច្រើន​ជាង​គេ

    «ទិដ្ឋាការ​មាស» របស់ ប្រទេស​ថៃ ទាក់ទាញ​ជនជាតិ​អាម៉េរិក និង​ ជន​ជាតិ​​ចិន ច្រើន​ជាង​គេ

    អាជ្ញាធរ​ថៃ ចាប់ផ្ដើម​ផ្ដល់​ទិដ្ឋាការ​ស្នាក់នៅ​រយៈពេល​យូរ (LTR) ចាប់ពី​ខែ​នេះ ដើម្បី​បង្កើន​ការទាក់ទាញ​ពលរដ្ឋ​បរទេស​ដែលជា​អ្នក​មានមក​វិនិយោគ ក្នុង​បំណង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នេះ។

    ប្រទេស​ថៃ ទទួលបាន​ការចុះឈ្មោះ​​ស្នើ​សុំ​ទិដ្ឋាការ​ទៅតាម​កម្មវិធី​ស្នាក់នៅ​ក្នុង​រយៈពេល​យូរ (LTR) ពី​ប្រជាពលរដ្ឋ​បរទេស​ចំនួន​ប្រហែល ៤០០ នាក់ ក្នុង​រយៈពេលតែ​ ១២ ថ្ងៃ​ដំបូង បន្ទាប់ពី​​បានចាប់ផ្ដើម​ដំណើរការ​កម្មវិធី។ នេះ​បើ​យោង​តាម​លោក Narit Therdsteerasukdi អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សា​វិនិយោគ​ថៃ។

    លោក Narit បញ្ជាក់ថា ជនជាតិ​អាម៉េរិក មាន​ចំនួន ២០% ក្នុងចំណោម​ពាក្យសុំ​ទិដ្ឋាការ។ ចំណាត់ថ្នាក់​លេខ ២ បាន​ទៅលើ ជនជាតិ​ចិន (១៥%) និង​តាម​ពីក្រោយ​ដោយ ជនជាតិ​អង់គ្លេស (១០%)។

    ប្រទេស​ថៃ ចាប់ផ្ដើម​ផ្ដល់​ទិដ្ឋាការ​ស្នាក់នៅ​រយៈពេល​យូរ​ចាប់ពី​ខែ​នេះ ដើម្បី​បង្កើន​ការទាក់ទាញ​ជនជាតិ​បរទេស​ដែលជា​អ្នកមាន មក​វិនិយោគ​នៅ ប្រទេស​ថៃ ក្នុង​បំណង​លើកស្ទួយ​សេដ្ឋកិច្ចជាតិ។ កម្មវិធី LTR កំណត់​គោលដៅ​ទាក់ទាញ​អ្នកមាន​ទ្រព្យ​ច្រើន និង​អ្នកមាន​ជំនាញ​ការងារ​ខ្ពស់​ពី​បរទេស​ឱ្យបាន ១ លាន​នាក់​ក្នុង​រង្វង់ ៥ ឆ្នាំ​ខាងមុខ ដែល​នេះ​នឹង​រួមចំណែក ១ ទ្រី​លាន​បាត (២៧ ពាន់​លាន​ដុល្លារ​អាម៉េរិក) ដល់​សេដ្ឋកិច្ច​ប្រទេស​នេះ។

    ក្រុម​ពលរដ្ឋ​បរទេស​ជា​គោលដៅ​របស់ LTR ត្រូវបាន​បែងចែក​ជា ៤ ប្រភេទ រួមមាន ពលរដ្ឋ​អ្នកមាន​ទ្រព្យ​ច្រើន, អ្នក​ចូលនិវត្តន៍​មានទ្រព្យ​ច្រើន, អ្នកឯកទេស​បរទេស​ដែល​ធ្វើការ​នៅ ប្រទេស​ថៃ និង​អ្នកឯកទេស​បរទេស​ដែលមាន​ជំនាញ​ខ្ពស់។

    លក្ខខណ្ឌ​ពិសេស​មួយចំនួន​ត្រូវបាន​អនុវត្ត​សម្រាប់​បេក្ខភាព​ដែល​ស្នើសុំ​ទិដ្ឋាការ LTR ក្នុងនោះ​មានដូចជា ពលរដ្ឋ​បរទេស​ដែល​វិនិយោគ​យ៉ាងតិច​កន្លះ​លាន​ដុល្លារ​នៅ ប្រទេស​ថៃ ឬ​មានទ្រព្យ​ចាប់ពី ១ លាន​ដុល្លារ​អាម៉េរិក និង ពលរដ្ឋ​បរទេស​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវមាន​បទ​ពិសេស​ន៍​យ៉ាងតិច ៥ ឆ្នាំ ក្នុង​វិស័យ​ដែល​ខ្លួន​កំពុងធ្វើការ។ល។

    កម្មវិធី​ខាងលើ​អនុញ្ញាតឱ្យ​អ្នកមាន​ទិដ្ឋាការ LTR អាច​សុំ​ពន្យារពេល​លើ​ការ​ស្នាក់នៅ​រហូតដល់ ១០ ឆ្នាំ រួម​នឹង​សិទ្ធិ​ពិសេស​ជាច្រើន​ផ្សេងទៀត។

    ក្នុងចំណោម​មនុស្ស​ប្រហែល ៤០០ នាក់​ដំបូង​ដែល​បាន​ចុះឈ្មោះ​សុំ​ទិដ្ឋាការ LTR មាន ៤០% ជា​អ្នក​ចូលនិវត្តន៍​ដែលមាន​ទ្រព្យ​ច្រើន, ៣០% ជា​អ្នកឯកទេស​ធ្វើការ​នៅ ប្រទេស​ថៃ។ ក្រៅពីនេះ​គឺជា​ពលរដ្ឋ​អ្នកមាន និង​អ្នកឯកទេស​មាន​ជំនាញ​ខ្ពស់៕

  • វិស័យ​ហិរញ្ញវត្ថុ​របស់ រុស្ស៊ី ខាតបង់​អស់​រាប់រយ​ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយសារ​ទណ្ឌកម្ម​រប​ស់​បស្ចិម​លោក

    វិស័យ​ហិរញ្ញវត្ថុ​របស់ រុស្ស៊ី ខាតបង់​អស់​រាប់រយ​ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយសារ​ទណ្ឌកម្ម​រប​ស់​បស្ចិម​លោក

    ឯកសារ​ផ្ទៃក្នុង​របស់ ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី បានឱ្យដឹងថា វិស័យនេះ​បាន «ខាតបង់​ផ្ទាល់» អស់​រាបរយ​ពាន់​លាន​ដុល្លារ​អាម៉េរិក ព្រោះតែ​ទណ្ឌកម្ម​ដែល​ដាក់ចេញ​ដោយ​បណ្ដា​ប្រទេស​នៅ​លោកខាងលិច។

    ការប៉ាន់ប្រមាណ​នេះ​រួមបញ្ចូល​ទាំង​ការខាតបង់​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ ដែល​ទុន​របស់​បណ្ដា​ធនាគារ ក៏ដូចជា​ប្រាក់ ៣០០ ពាន់​លាន​ដុល្លារ​នៃ​ទុនបម្រុង​រូបិយប័ណ្ណ​បរទេស ត្រូវបាន​បង្កក​នៅ​ខាងក្រៅ​ស្រុក។ តួលេខ​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​បទ​បង្ហាញ​នៅឯ​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​រុស្ស៊ី កាលពី​ខែ​កន្លង។ នេះ​បើតាម​ប្រភពព័ត៌មាន​របស់ Bloomberg។

    បទ​បង្ហាញ​នេះ​បាន​បរិយាយ​អំពី​ការខូចខាត​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ។ នោះ​គឺ ៨០% នៃ​ទ្រព្យសម្បត្តិ​ក្នុង​វិស័យ​ធនាគារ ស្ថិតក្នុង​ក្របខណ្ឌ​នៃ​ទណ្ឌកម្ម។ រុស្ស៊ី ក៏ត្រូវ​បាន​លុប​ចេញពី​ប្រព័ន្ធ​ទូទាត់​សកល SWIFT និង​មិនបាន​ប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ និង​ឧបករណ៍​បច្ចេកវិទ្យា​ចាំបាច់​នានា។ បណ្ដា​ឧក​រណ៍​ដូចជា និ​ស្ស​ន្ទ (Derivative), មូលនិធិ​ការពារ​ហានិភ័យ, បូ​លប​ត្រ​បំណុល​ដែល​បោះ​លក់​ជា​រូបិយ​បណ្ណ​បរទេស និង IPO ជាដើម ហាក់​បាន​បាត់​ខ្លួន​ទាំងស្រុង។

    ទោះជា​យ៉ាងណាក៏ដោយ របាយការណ៍​ខាងលើនេះ មិនបាន​បញ្ចេញ​តួលេខ​សរុប​ស្ដីពី​ការខាតបង់​ដោយសារ​ទណ្ឌកម្ម​របស់​លោកខាងលិច ក៏ដូចជា​មិនបាន​លើកឡើង​អំពី​ផលប៉ះពាល់​រួម​ទៅលើ​សេដ្ឋកិច្ច​របស់ រុស្ស៊ី។

    ក៏ប៉ុន្តែ ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​កាលពីដើម​សប្ដាហ៍​នេះ ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បាន​ថ្លែងថា «រុស្ស៊ី មាន​ភាពជឿជាក់​ក្នុងការ​ទប់ទល់​បាន​ជាមួយនឹង​សម្ពាធ​ពី​ខាងក្រៅ» ហើយ​ថា សេដ្ឋកិច្ច «កំពុង​តែមាន​ស្ថិរភាព ឆ្ពោះទៅកាន់​គន្លង​នៃ​ការរីកចម្រើន»៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១៥ ខែ​​កញ្ញា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១៥ ខែ​​កញ្ញា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០៦ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ១៤ ខែ​កញ្ញា​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១២ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។