Author: សឿន សំណាង

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ២០ ខែ​​កញ្ញា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ២០ ខែ​​កញ្ញា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០៧ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ១៩ ខែ​កញ្ញា​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ០៨ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

  • ឡាវ អភិវឌ្ឍ​គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​តម្លៃ​ជាង ២ ពាន់​លាន​ដុល្លារ​អាម៉េរិក

    ឡាវ អភិវឌ្ឍ​គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​តម្លៃ​ជាង ២ ពាន់​លាន​ដុល្លារ​អាម៉េរិក

    គម្រោង​ផលិត​អគ្គិសនី​ថាមពលខ្យល់​នៅក្នុង​តំបន់ Lako ស្រុក Xepon ខេត្ត Savannakhet នេះ ត្រូវបាន​អនុវត្ត​ដោយ រដ្ឋាភិបាល​ឡាវ និង​ក្រុមហ៊ុន​ថាមពល​កកើត​ឡើងវិញ Savan Vayu សហការ​ជាមួយ​ក្រុមហ៊ុន LMT ឡាវ។

    តំបន់​ដែល​ត្រូវ​សិក្សា​សម្រាប់​គម្រោង​ខាងលើ មាន​ផ្ទៃក្រឡា ២៨,៥១៣ ហិកតា ជាមួយនឹង​កម្លាំង​ដំឡើង ១,២០០ មេ​ហ្គា​វ៉ា​ត់ និង​ចំណាយ​ថវិកា​ប្រមាណ ២.១៦ ពាន់​លាន​ដុល្លារ​អាម៉េរិក។ គ្រោង​នេះ​គ្រោង​នឹង​ស្ថាបនា​រួចរាល់ និង​ចាប់ផ្ដើម​ដំណើរការ​នៅ​ចុងឆ្នាំ ២០២៥ ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ក្នុងស្រុក ក៏ដូចជា​ការនាំ​ចេញទៅ​ប្រទេសជិតខាង។

    ក្រុម​អ្នក​អភិវឌ្ឍ​គម្រោង បានចាប់ផ្ដើម​សិក្សា​បឋម​អំពី​គម្រោង​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​នេះ​ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ ២០២១ និង​បាន​រកឃើញថា គម្រោង​នេះ​ពិត​ជាមាន​សក្ដានុពល។ ដូច្នេះ ពួកគេ​ក៏បាន​ដាក់សំណើ​ទៅកាន់ រដ្ឋាភិបាល​ឡាវ។ ក្រោយ​ការពិនិត្យ ពិភាក្សា និង​ពិចារណា រដ្ឋាភិបាល​ឡាវ ក៏បាន​យល់ព្រម និង​អនុម័ត​លើ​សំណើ​សិក្សា​លទ្ធភាព​អភិវឌ្ឍ​គម្រោង​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​ធំ​បំផុត​នៅ ប្រទេស​នេះ។

    កាលពី​ថ្ងៃទី ០៩ កញ្ញា​កន្លងទៅ អនុរដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង​វិនិយោគ​ឡាវ Sthabandith Insisienmay និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ថាមពល​កកើត​ឡើងវិញ Savan Vayu លោក Sengsack Xayyarath បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​ស្ដីពី​ការសិក្សា​លទ្ធភាព (FS) នៃ​ការអភិវឌ្ឍ​គម្រោង​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​ខាងលើ ក្រោម​អធិបតីភាព​របស់ អនុរដ្ឋមន្ត្រី​ក្រសួង​ថាមពល និង​រ៉ែ​ឡាវ Sinava Souphanouvong, តំណាង​ក្រុមហ៊ុន LMT ឡាវ រួម​នឹង​ដៃគូ​សហការ​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត៕

  • ប្រជាជន​ម៉ិ​ក​ស៊ិ​ក ភ័យ​ស្លន់ស្លោ ពេល​រញ្ជួយ​ធរណី​កើតឡើង​ចំ​ថ្ងៃ​រម្លឹក​ខួប​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ពីរលើក

    ប្រជាជន​ម៉ិ​ក​ស៊ិ​ក ភ័យ​ស្លន់ស្លោ ពេល​រញ្ជួយ​ធរណី​កើតឡើង​ចំ​ថ្ងៃ​រម្លឹក​ខួប​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ពីរលើក

    រញ្ជួយ​ដី​កម្លាំង ៧.៤ រិច​ទ័​រ នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក បណ្ដាលឱ្យ​ប្រជាជន​ភ័យ​ស្លន់ស្លោ នៅពេល​វា​កើតឡើង​ចំ​ថ្ងៃ​រម្លឹក​ខួប​នៃ​គ្រោះមហន្តរាយ​រញ្ជួយ​ដី ២ លើក ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ ១៩៨៥ និង ២០១៧។

    ស្ថាប័ន​គ្រប់គ្រង​គ្រោះ​រញ្ជួយ​ធរណី​របស់ ម៉ិ​ក​ស៊ិ​ក បានឱ្យដឹងថា គ្រោះ​រញ្ជួយ​ដី​ថ្មី​នេះ​កើតឡើង​នៅ​ថ្ងៃទី ១៩ កញ្ញា ដោយ​ចំណុចកណ្ដាល​ស្ថិតនៅ​ក្បែរ​ឆ្នេរ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វ៊ិ​ក ជម្រៅ ១៥ គីឡូម៉ែត្រ និង​មាន​ចម្ងាយ​ពីរ រដ្ឋធានី​ម៉ិ​ក​ស៊ី​កូ ប្រហែល ៤០០ គីឡូម៉ែត្រ ទៅ​ទិស​ខាងលិច។

    ការប្រកាសអាសន្ន​អំពី​គ្រោះ​រញ្ជួយ​ដី​នៅ ម៉ិ​ក​ស៊ី​កូ បាន​បន្លឺឡើង មួយ​ម៉ោង​ក្រោយពី​រដ្ឋធានី​នេះ​បានធ្វើការ​ហ្វឹកហ្វឺន​បន្ទា​ន់ ដែលជា​ផ្នែក​មួយ​ដើម្បី​រម្លឹក​ដល់​ខួប​គ្រោះមហន្តរាយ​កាលពី​ឆ្នាំ ១៩៨៥ និង ២០១៧។

    ប្រធានាធិបតី Andres Manuel Lopez Obrador បាន​បង្ហោះ​សារ​លើ Twitter ថា មនុស្សម្នា​ក់បាន​ស្លាប់​ដោយសារ​វត្ថុ​បែកបាក់​បាន​ធ្លាក់​ទៅលើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ Manzanillo ភាគ​ខាងលិច​របស់​រដ្ឋ Colima។

    «នោះ​គឺជា​ហេតុការណ៍​ចៃដន្យ​ដ៏​គួរឱ្យ​ភ័យខ្លាច! ហេតុអ្វី​បែរជា​កើតឡើង​ចំ​ថ្ងៃនេះ?» លោកយាយ Laura Resendiz វ័យ ៧៣ ឆ្នាំ បាន​ថ្លែង​ដូច្នេះ នៅ​ខាងក្រៅ​អគារ​ដែល​គាត់​រស់នៅ ក្នុង រដ្ឋធានី​ម៉ិ​ក​ស៊ី​កូ។

    នេះ​គឺជា​គ្រោះ​រញ្ជួយ​ដី​ធំ​ទី ៣ ដែល​កើតឡើង​នៅ ប្រទេស​ម៉ិ​ក​ស៊ិ​ក ក្នុង​ថ្ងៃទី ១៩ កញ្ញា។ អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​រញ្ជួយ​ដី​របស់​ប្រទេស​នេះ​បានឱ្យដឹងថា នេះ​គឺជា​ហេតុការណ៍​ចៃដន្យ​ធម្មតា។ «ពុំមាន​មូលហេតុ​បែប​វិទ្យាសាស្ត្រ​ណាមួយ​ដើម្បី​បកស្រាយ​ឡើយ»។

    ក៏ប៉ុន្តែ នៅក្នុង​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​សាមញ្ញ ហេតុការណ៍​នេះ​បានធ្វើឱ្យ​ពួកគេ​ដាក់​សំណួរ​ជាច្រើន​ទាក់ទង​នឹង​អប្បិយ​ជំនឿផ្សេង៕

  • ស្ថានទូត​រុស្ស៊ី ប្រចាំ​នៅ ប្រទេស​កាណាដា ត្រូវគេ​គប់​គ្រាប់បែក​សាំង

    ស្ថានទូត​រុស្ស៊ី ប្រចាំ​នៅ ប្រទេស​កាណាដា ត្រូវគេ​គប់​គ្រាប់បែក​សាំង

    បុរស​ម្នាក់​បាន​គប់​គ្រាប់បែក​សាំង​ចូលទៅក្នុង​ស្ថានទូត​រុស្ស៊ី នៅ រដ្ឋធានី​អូ​តា​វ៉ា ប៉ុន្តែ​មិនបាន​បណ្ដាលឱ្យ​មានការ​ខូចខាត​ដល់​អាយុជីវិត​មនុស្ស ឬ​ទ្រព្យសម្បត្តិ។

    «ម៉ោង​ប្រហែល ០ និង ១៦ នាទី ថ្ងៃទី ១២ កញ្ញា មនុស្ស​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ បាន​គប់​គ្រាប់បែក​សាំង​ពី​ខាងក្រៅ​របង ចូលទៅក្នុង​បរិវេណ​ស្ថានទូត។ បុរស​នេះ​រត់​ពី​សួន​ដែល​នៅក្បែរ​ស្ថានទូត គប់​គ្រាប់បែក​សាំង ហើយក៏​បាត់ស្រមោល» អគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ ប្រទេស​កាណាដា Oleg Stepanov ប្រកាស​កាលពី​ថ្ងៃទី ១៩ កញ្ញា។

    «ដប​កែវ​បាន​បែក ប៉ុន្តែ​ធាតុ​ផ្សំ​មិន​ឆាបឆេះ…។ ពុំមាន​បុគ្គលិក​ណា​ម្នាក់​របស់​ស្ថានទូត​ត្រូវ​រងរបួស ទ្រព្យសម្បត្តិ​របស់​ស្ថានទូត​ក៏​មិនបាន​រង​ការខូចខាត» លោក Stepanov បញ្ជាក់ និង​បង្ហើប​ឱ្យដឹងថា ស្ថានទូត​រុស្ស៊ី នៅ អូ​តា​វ៉ា បាន​ផ្ញើ​កំណត់​ការទូត​ទៅកាន់ ក្រសួងការបរទេស​កា​ណ​ដា រួចហើយ។

    ប៉ូលិស​សេះ​កាណាដា បានប្រកាសថា បាន​បើក​ការស្រាវជ្រាវ​លើ​ករណី​ខាងលើ ដើម្បី​ប្រមូល​ព័ត៌មាន​បន្ថែម ខណៈដែល​ប៉ូលិស​នៅ អូ​តា​វ៉ា មុន​នោះ​និយាយថា មិនបាន​ដឹង​អំពី​ករណី​គប់​គ្រាប់បែក​សាំង​នេះ។

    ស្ថានទូត​រុស្ស៊ី នៅ កាណាដា បាន​ហៅ​ករណី​គប់​គ្រាប់បែក​សាំង​នេះ​ថា​ជា «អំពើ​ភារ​វក​ម្ម»។ ក្រសួងការបរទេស​រុស្ស៊ី កាលពី​ថ្ងៃទី ១៩ កញ្ញា ក៏បាន​កោះហៅ ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​ប្រទេស​នេះ ដើម្បី​ធ្វើការ​តវ៉ា​ចំពោះ​ករណី «ប៉ូលិស​នៅ អូ​តា​វ៉ា ធ្វើ​ព្រងើយ​នៅ​ចំពោះមុខ​ក្រុមបាតុករ​ដែលមាន​កំហឹង» រារាំង​មនុស្ស​មិន​ឱ្យមក​ស្ថានទូត​រុស្ស៊ី។

    ចំណែក ប៉ូលិស​កាណាដា វិញ បាន​អះអាងថា សមត្ថកិច្ច​ប្រទេស​នេះ តែងតែ​យកចិត្តទុកដាក់​ការពារ​ស្ថានទូត​រុស្ស៊ី ឱ្យបាន​សមស្រប៕

  • ព្រះសព​អតីត​មហាក្សត្រី Elizabeth ទី ២ បាន​ដង្ហែ​ដល់​ទីស្ងប់​សុខ​ចុង​ក្រោយ និង​បាន​បញ្ចុះរួច​រាល់

    ព្រះសព​អតីត​មហាក្សត្រី Elizabeth ទី ២ បាន​ដង្ហែ​ដល់​ទីស្ងប់​សុខ​ចុង​ក្រោយ និង​បាន​បញ្ចុះរួច​រាល់

    ព្រះសព​អតីត​មហាក្សត្រី Elizabeth ទី ២ ត្រូវ​បាន​ដង្ហែ​ទៅ​ដល់​វិមាន​ Windsor ជាទី​ដែល​ទ្រង់​នឹង​ត្រូវ​បាន​បញ្ចុះ​នៅ​ក្បែរ​ស្វាមីរបស់​ទ្រង់ ​គឺ​ព្រះអង្គម្ចាស់ Philip។

    ព្រះទីន័ង​ដឹក​​ព្រះសព​អតីត​មហាក្សត្រី Elizabeth ទី ២ បាន​ទៅ​ដល់​វិមាន Windsor កាល​ពី​រសៀល​ថ្ងៃទី ១៩ កញ្ញា ក្រោយ​ពី​ធ្វើ​ដំណើរ​ជាង​ ៣០ គីឡូម៉ែត្រ ពី​ខ្លោង​ទ្វារ Wellington នៅ​រាជធានីឡុងដ៍​របស់​ អង់គ្លេស​។ ប្រជាជន​ឈរ​នៅ​តាម​ដងផ្លូវ​ដែល​ក្បួន​ដង្ហែព្រះសព​អតីត​មហាក្សត្រី Elizabeth ទី ២ ឆ្លង​កាត់​។ មនុស្ស​មួយចំនួន​នាំ​គ្នា​បាច​ផ្កា និង​អ្នក​ខ្លះ​ហ៊ោ​ដើម្បី​យាង​ដំណើរ​អតីត​មហាក្សត្រី​។

    ពិធី​បញ្ចុំ​ព្រះសព​អតីត​មហាក្សត្រី Elizabeth ទី ២ ដែល​មាន​ភ្ញៀវ​ចូល​រួម​ប្រមាណ ៨០០ នាក់​ ត្រូវ​បាន​ធ្វើឡើង​នៅ​វិហារ St George ក្នុង​សួន​របស់​​វិមាន Windsor មុនពេល​ព្រះសព​ត្រូវ​បាន​បញ្ចុះ។ ក្រុម​មេដឹកនាំ​សាសនា​អានធម៌​អធិដ្ឋាន មុន​ពេល​មកុដ ដំបងរាជ និង​គ្រាប់​បាល់​រាជាធិបតេយ្យ ដែល​ជា​វត្ថុ​តំណាង​ឱ្យ​របប​រាជានិយម ត្រូវ​បាន​លើក​ឡើង​ពី​ព្រះសព និង​ដាក់​នៅ​លើអាសនៈ។

    បន្ទាប់​មក ចៅហ្វាវាំង ​មន្ត្រី​ជាន់​ខ្ពស់​បំផុត​ដែល​បម្រើ​រាជវង្ស ធ្វើ​ពិធី​កាច់​បំបាក់​ដំបងរាជជា​​ ២ កំណាត់ ហើយ​ដាក់​​ទៅ​លើ​ព្រះសព​ ដើម្បី​បង្ហាញ​អំពីការ​បញ្ចប់​​ដំណាក់​កាល​បម្រើ​ប្រទេស​ជាតិ និង​បញ្ចប់​រជ្ជកាល​របស់ អតីត​មហាក្សត្រី Elizabeth ទី ២។

    ក្រោយ​មក ព្រះសព​អតីត​មហាក្សត្រី Elizabeth ទី ២ ត្រូវ​បាន​ដាក់​បញ្ចុះ​ទៅ​ក្នុង​ផ្នូរ​សម្រាប់ព្រះ​សព​របស់​​រាជវង្ស។

    ពិធី​ត្រូវ​បាន​បញ្ចប់​នៅ​ពេល​ប្រធានគណៈអាចារ្យ​ Canterbury Justin Welby ដែល​ជា​មេដឹកនាំ​វិហារ​គ្រិស្ត​សាសនា​អង់គ្លេស​ អាន​ធម៌​បួងសួង​ និង​ក្រុម​ស្មូត ស្មូត​បទ​ «សូមព្រះប្រទានពរដល់ព្រះមហាក្សត្រី»៕

  • រដ្ឋាភិបាល​ឡាវ អនុម័ត​លើ​ការ​សិក្សា​អំពី​សក្ដានុពល​នៃគម្រោង​​ផ្លូវដែក​ឡាវ-វៀតណាម

    រដ្ឋាភិបាល​ឡាវ អនុម័ត​លើ​ការ​សិក្សា​អំពី​សក្ដានុពល​នៃគម្រោង​​ផ្លូវដែក​ឡាវ-វៀតណាម

    រដ្ឋាភិបាល​ឡាវ ទើប​តែ​បាន​សម្រេច​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​ចិន​ Jiangsu Hengtong Construction Engineering Co., Ltd អនុវត្ត​គម្រោង​សិក្សា​អំពី​លទ្ធភាពនៃ​ការ​ស្ថាបនា​ផ្លូវ​ដែក​ប្រវែង​ ២២០ គីឡូម៉ែត្រ​ ពី​ខេត្ត Savannakhet របស់ ឡាវ ទៅ​កាន់ព្រំ​ដែន​ជាប់​នឹង​តំបន់​​ Lao Bao នៃ​ខេត្ត Quang Tri របស់ វៀតណាម។

    លោក Sonesack Nhansana អគ្គនាយក​រង​នៃ​​អគ្គនាយកដ្ឋាន​ផ្លូវដែក​ឡាវ បាន​ឱ្យ​ដឹង​ថា បើ​សិន​ជា​គម្រោង​ស្ថាបនា​ត្រូវ​បាន​អនុម័ត​​ ផ្លូវដែក​នេះ​នឹង​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល​ ៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ចំណែក​​ការ​សិក្សា​អំពី​គម្រោង​ផ្លូវ​ដែក​នេះ​វិញ នឹង​ត្រូវ​ចំណាយ​ពេល​ ​​២ ឆ្នាំ​ ហើយ​ការ​ស្ថាបនា​នឹង​ស៊ី​ពេល​អស់​ប្រហែល ៣​​ ឆ្នាំ​។

    ក្រុម​ហ៊ុន​ចិន​ខាងលើ​ក៏​បាន​ស្នើសុំ​ រដ្ឋាភិបាល​ឡាវ ធ្វើ​សម្បទាន​ដី​​សម្រាប់​ការ​សាងសង់​ស្ថានីយ​រថភ្លើង​ធំៗ​ចំនួន ៤ កន្លែង​ និង​ស្ថានីយ​តូច​ៗ​ ៧ កន្លែង​ នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​ លើ​ផ្ទៃ​ដី​សរុប​ ៤,១០០ ហិកតា​។

  • អង់គ្លេស​ ជិត​ប្រារព្ធ​​ពិធី​​បញ្ចុះ​ព្រះ​សព​​អតីត​​មហា​ក្សត្រី​ ​Elizabeth​ ទី​ ២ (វីដេអូ)

    អង់គ្លេស​ ជិត​ប្រារព្ធ​​ពិធី​​បញ្ចុះ​ព្រះ​សព​​អតីត​​មហា​ក្សត្រី​ ​Elizabeth​ ទី​ ២ (វីដេអូ)

    ពិធី​បញ្ចុះ​ព្រះសព​អតីត​មហាក្សត្រី​ Elizabeth ទី២ គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​វេលា​ម៉ោង ១១ ព្រឹក (ម៉ោង​ ១៧ នៅ​​ កម្ពុជា) ថ្ងៃ​នេះ នៅ​​ក្នុង​​វិហារ Westminster នា​ទីក្រុង​ឡុងដ៍​ ដោយ​មាន​ភ្ញៀវ​ចូល​រួម​ប្រមាណ ២,០០០ នាក់ បន្ទាប់​ពី​ព្រះសព​ត្រូវ​បាន​ដង្ហែ​ពី​មហា​សាល Westminster។

    សំឡេង​ជួង​ដំបូង​បាន​ចាប់​ផ្ដើម​បន្លឺ​ឡើង​ដើម្បី​រម្លឹក​ដល់​ព្រះវិញ្ញាណក្ខន្ធ​របស់​អតីត​មហា​ក្សត្រី​ នៅ​ខាង​ក្រៅ​វិហារ Westminster។ សំឡេង​ជួង​​នឹង​បន្លឺ​ឡើង​មួយ​នាទី​ម្ដង ចំនួន ៩៦ ដង ​ដែល​តំណាង​ឱ្យ​ព្រះជន្ម​របស់​មហា​​ក្សត្រី​អង់គ្លេស​។

    ប្រធានធិប​តី​អាម៉េរិក និង​ភរិយា ស្ថិត​ក្នុង​ចំណោម​ភ្ញៀវ​បរទេស​ជិត ៥០០ នាក់ ក្នុង​នោះ​មាន​មេដឹក​នាំ​យ៉ាង​តិច ៧០ នាក់ មាន​ដូច​ ប្រធានាធិបតី​បារាំង​, ប្រធានាធិបតី​ប្រេស៊ីល, ប្រធានាធិបតី​អាល្លឺម៉ង់, នាយករដ្ឋមន្ត្រី​នូវែលសេឡង់,​ នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​ នាយករដ្ឋមន្ត្រី​កាណាដា​ ជា​ដើ​ម។ល។ ដែល​នឹង​ចូល​រួម​ពិធី​បញ្ចុះ​ព្រះសព​អតីត​មហាក្សត្រី​ Elizabeth ទី ២។

    ព្រះមហា​ក្សត្រ​ជប៉ុន និង​មហា​សី ក៏​គ្រោង​នឹង​បង្ហាញ​ព្រះវត្តមាន​នៅ​ក្នុង​ព្រះ​រាជពិធី​ខាងលើ​ ​​រួម​ជាមួយ​នឹង​មហា​ក្សត្រ​ មហា​ក្សត្រី​ មហេសី រាជទាយាទ​ ព្រះ​អង្គម្ចាស់ អ្នក​អង្គ​ម្ចាស់​ ​ប្រហែល​ជាង ២០ អង្គ ដែល​យាង​មក​ពី​ប្រទេស​មួយ​ចំនួន​មាន​ដូច​ជា អេស្ប៉ាញ, ហូឡង់, បែហ្ស៊ិក, ន័រវែស, ដាណឺម៉ាក និង​ស៊ុយអែត​។ល។

    https://www.youtube.com/watch?v=OuENY9sKTxQ

     

  • រញ្ជួយ​ដី​នៅ​ តៃវ៉ាន់ ៖ ពិតាន​នៃ​អគារ​មជ្ឈមណ្ឌល​កីឡា​នៅ តៃវ៉ាន់ ត្រូវ​ធ្លាក់​បាក់បែក​គួរ​ឱ្យ​ភ័យ​រន្ធត់

    រញ្ជួយ​ដី​នៅ​ តៃវ៉ាន់ ៖ ពិតាន​នៃ​អគារ​មជ្ឈមណ្ឌល​កីឡា​នៅ តៃវ៉ាន់ ត្រូវ​ធ្លាក់​បាក់បែក​គួរ​ឱ្យ​ភ័យ​រន្ធត់

    សាល​លេង​កីឡា​វាយ​សី​នៅ​ភាគ​ខាងជើង​របស់ កោះ​តៃវ៉ាន់ ត្រូវ​ញាប់​ញ័រ និង​ធ្លាក់​បាក់បែក​គួរ​ភ័យខ្លាច នៅក្នុង​ហេតុការណ៍​រញ្ជួយ​ដី​កម្លាំង ៦.៨ រិច​ទ័​រ កាលពី​ម្សិលមិញ។

    យោងតាម​នាយកដ្ឋាន​ឧតុនិយម​តៃវ៉ាន់ (CWB) នៅវេលា​ម៉ោង​ជិត ១៤ ថ្ងៃទី ១៨ កញ្ញា កោះ​នេះ​បាន​រងគ្រោះ​ដោយសារ​រញ្ជួយ​ដី​កម្លាំង ៦.៨ រិច​ទ័​រ នៅក្នុង​ជម្រៅ ៧ គីឡូម៉ែត្រ។ នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ​របស់ តៃវ៉ាន់ នៅវេលា​ម៉ោង​ប្រហែល ១៤ និង ៥៤ នាទី បានទទួល​ព័ត៌មាន​ស្ដីពី​ពិតាន​របស់​សាល​លេង​កីឡា​នៅ​ជា​ន់ទី ៥ នៃ​អគារ​មជ្ឈមណ្ឌល​កីឡា​មួយ​ក្នុងស្រុក Bade របស់​ទីក្រុង Taoyuan ត្រូវ​បាក់​ធ្លាក់​ទាំងស្រុង​នៅក្នុង​គ្រោះ​រញ្ជួយ​ដី។ ហេតុការណ៍​នេះ​បានធ្វើឱ្យ​មនុស្ស​មួយចំនួន​រងរបួស។

    សារព័ត៌មាន​តៃវ៉ាន់ ថ្ងៃនេះ​បានឱ្យដឹងថា គ្រោះ​រញ្ជួយ​ដី​ខាងលើ​បានសម្លាប់​មនុស្ស​ម្នាក់ និង ១៤៦ នាក់​រងរបួស គ្រា​ដែល​ជិត ៥០០ នាក់​កំពុង​ជាប់​នៅក្នុង​តំបន់ភ្នំ​ភាគ​ខាងកើត​កោះ​នេះ។

  • XPeng បង្ហាញ​កម្មវិធី​សម្រាប់​រថយន្ត​បើកបរ​ស្វ័យប្រវត្ត City NGP ដូច Tesla FSD

    XPeng បង្ហាញ​កម្មវិធី​សម្រាប់​រថយន្ត​បើកបរ​ស្វ័យប្រវត្ត City NGP ដូច Tesla FSD

    មុខងារ​ជួយ​ដល់​ការបើកបរ​កម្រិត​ខ្ពស់​របស់ XPeng Motors ចុងក្រោយ​ក៏ត្រូវ​បាន​បំពាក់​នៅលើ​រថយន្ត​អគ្គិសនី​មួយចំនួន​នៅ ប្រទេស​ចិន។

    ក្រុមហ៊ុន XPeng ថ្ងៃនេះ​បានប្រកាសថា មុខងារ​បើកបរ​ស្វ័យប្រវត្ត​ក្នុង​ទីក្រុង (City NGP) របស់ខ្លួន ត្រូវបាន​ដំណើរការ​ក្នុង​ទ្រង់ទ្រាយ​សាកល្បង​នៅក្នុង​ទីក្រុង Guangzhou ជាទី​ដែល XPeng ដាក់​ទីស្នាក់ការ​កណ្ដាល។ ប្រការនេះ​បាន​ជួយ​ឱ្យ XPeng ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់ ចិន ដំបូង​ដែល​បង្ហាញ​ប្រព័ន្ធ​ជំនួយការ​បើកបរ​កម្រិត​ខ្ពស់ (ADAS)។

    XPeng ឱ្យដឹងថា ម្ចាស់​រថយន្ត​អគ្គិសនី XPeng P5 មួយចំនួន​នៅ Guangzhou បច្ចុប្បន្ន​អាច​ប្រើប្រាស់​មុខងារ City NGP តាមរយៈ​កំណែ​បច្ចុប្បន្នភាព OTA។

    លោក He Xiaopeng ដែលជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន XPeng បាន​និយាយថា «យើង​ជឿថា បទពិសោធន៍​នៃ​ការប្រើប្រាស់​ដែល​ត្រូវបាន​លើកកម្ពស់​របស់ City NGP នឹង​ជំរុញ​ដំណើរការ​ប្ដូរផ្លាស់​ទម្លាប់​បើកបរ​ទៅរក​យុគសម័យ​ស្វ័យប្រវត្ត និង​ការបើកបរ​ស្វ័យប្រវត្តិ​ក្នុងពេល​អនាគត»។

    City NGP គឺជា​មុខងារ ADAS ដូច​ទៅនឹង​មុខងារ​បើកបរ​ស្វ័យប្រវត្ត​ទាំងស្រុង (Full Self-Driving – FSD) របស់ Tesla ដែល​អនុញ្ញាតឱ្យ​រថយន្ត​អនុវត្ត​គ្រប់​តួនាទី​របស់​អ្នកបើកបរ​នៅពេល​វា​ត្រូវបាន​បើក​ដំណើរការ និង​ទីតាំង​ជា​គោលដៅ​ដែល​ត្រូវបាន​ម្ចាស់​រថយន្ត​កំណត់៕

  • ក្រុមហ៊ុន Gogoro ផ្គត់ផ្គង់​បណ្ដាញ​ស្ថានីយ​ប្ដូរ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​ម៉ូតូ​អគ្គិសនី​នៅ សិង្ហ​បុរី

    ក្រុមហ៊ុន Gogoro ផ្គត់ផ្គង់​បណ្ដាញ​ស្ថានីយ​ប្ដូរ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​ម៉ូតូ​អគ្គិសនី​នៅ សិង្ហ​បុរី

    ប្រទេស​សិង្ហ​បុរី គឺជា​ប្រទេស​ទី​ពីរ​ហើយ​ដែល​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី Gogoro របស់ តៃវ៉ាន់។

    កាលពី​ថ្ងៃទី ០២ កញ្ញា ២០២២ ក្រុមហ៊ុន Gogoro បានប្រកាសថា ពួកគេ​នឹង​ដំឡើង​ស្ថានីយ​ប្ដូរ​ថ្ម​ផ្ទុក​ថាមពល​របស់ខ្លួន​នៅ សិង្ហ​បុរី។ ចំណែក​នាយកដ្ឋាន​ចរាចរណ៍​ផ្លូវគោក​របស់ សិង្ហ​បុរី ក៏​ទើបតែ​បានផ្ដល់​វិញ្ញាបនបត្រ​ដើម្បី​អនុញ្ញាតឱ្យ Gogoro ដំឡើង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ផ្ដល់​សេវា​ប្ដូរ​ថ្ម​យានយន្ត​នៅ សិង្ហ​បុរី។

    Gogoro ប្រកាសថា កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន Jardine Cycle & Carriage ក្នុង​តំបន់ ដើម្បី​ធ្វើ​កិច្ចការ​ខាងលើនេះ។ Jardine Cycle & Carriage គឺជា​ក្រុមហ៊ុន​លំដាប់​កំពូល​ដែល​វិនិយោគ​រយៈពេល​យូរ​ទៅលើ​បណ្ដា​អាជីវកម្ម​នានា​ដែល​នាំមុខគេ​នៅ​ពាសពេញ​អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន Jardine Cycle & Carriage មាន​វត្តមាន​នៅក្នុង​ប្រទេស​សិង្ហ​បុរី មី​យ៉ាន​ម៉ា ថៃ ម៉ាឡេស៊ី វៀតណាម និង ឥណ្ឌូណេស៊ី។

    បច្ចុប្បន្ន Jardine Cycle & Carriage ក៏​ជា​អ្នក​ចែកចាយ​ផ្ដាច់មុខ​ម៉ូតូ​អគ្គិសនី Gogoro នៅក្នុង​ទីផ្សារ​មួយចំនួន​ផងដែរ។ ពួកគេ​នឹង​ដំឡើង ដំណើរការ និង​គ្រប់គ្រង​ស្ថានីយ​ប្ដូរ​ថ្ម Gogoro ដើម្បី​ផ្ដល់​ថាមពល​សម្រាប់​ម៉ូតូ​លេខ​ស្វ័យប្រវត្ត​អគ្គិសនី​ដែល​ពួកគេ​លក់។

    អាជីវកម្ម​ខាងលើ​ទាក់ទង​នឹង​ផែនការ​បៃតង​របស់ សិង្ហ​បុរី សម្រាប់​ឆ្នាំ ២០៣០ (Singapore Green Plan 2030 – SGP 2030) ក្នុងនោះ​ក៏មាន​ការកំណត់​គោលដៅ​ច្បាស់លាស់​មួយចំនួន​សម្រាប់​កម្មវិធី​នានា​ដែល​ត្រូវ​ដោះស្រាយ ក្នុង​បំណង​បង្កើន​ស្ថិរភាព​របស់​បរិស្ថាន និង​ការ​បន្សា​ន​កាបូន។

    SGP 2030 ក៏បាន​ប្រកាសថា សិង្ហ​បុរី កំពុង​កំណត់​គោលដៅ​ដាក់ឱ្យ​ដំណើរការ​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​ចំនួន ៦០,០០០ កន្លែង នៅ​ឆ្នាំ ២០៣០ ដោយ​ចែកជា ៤០,០០០ ទីតាំង​នៅក្នុង​ចំណតរថយន្ត​សាធារណៈ និង ២០,០០០ ទីតាំង​នៅក្នុង​គម្រោង​នានា​របស់​វិស័យ​ឯកជន៕