Author: សឿន សំណាង

  • ទូទាំងពិភពលោក អាច​បាត់​បង់​ប្រាក់ ២.៨ ទ្រីលាន​ដុល្លារ​អាម៉េរិក ព្រោះតែ​សង្គ្រាម​រវាង​ រុស្ស៊ី និង​អ៊ុយក្រែន

    ទូទាំងពិភពលោក អាច​បាត់​បង់​ប្រាក់ ២.៨ ទ្រីលាន​ដុល្លារ​អាម៉េរិក ព្រោះតែ​សង្គ្រាម​រវាង​ រុស្ស៊ី និង​អ៊ុយក្រែន

    OECD យល់​ថា ពិភពលោក​កំពុង​តែ​ត្រូវ «បង់ថ្លៃ​យ៉ាង​ធំធេង» សម្រាប់​សង្គ្រាម​នៅ អ៊ុយក្រែន និង​ព្រម​មាន​ថា អឺរ៉ុប នឹង​ធ្លាក់​ទៅ​ក្នុង​ឱនភាព​សេដ្ឋកិច្ច​។

    អង្គការសម្រាប់កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍​ (OECD) កាលពី​ថ្ងៃទី ២៦ កញ្ញា បាន​គណនា​ឃើញ​ថា យុទ្ធនាការ​យោធា​ពិសេស​របស់ រុស្ស៊ី នៅ អ៊ុយក្រែន នឹង​ធ្វើ​ឱ្យ​ GDP ទូទាំង​សកលលោក​បាត់​បង់​ ២.៨ ទ្រីលាន​ដុល្លារ​អាម៉េរិក គិត​ត្រឹម​ចុង​ឆ្នាំ​ក្រោយ​។ តួលេខ​នេះ​អាច​ខ្ពស់​ជាង​បើសិន​ជា​រដូវ​ត្រជាក់​ធ្វើ​ឱ្យ​ អឺរ៉ុប ត្រូវ​បែង​ចែក​ការ​ប្រើប្រាស់​ថាមពល​។

    សង្គ្រាម​រវាង​ រុស្ស៊ី និង អ៊ុយក្រែន បាន​បណ្ដាល​ឱ្យ​តម្លៃ​ថាមពល​កើន​ឡើង​ខ្ពស់​ខ្លាំង ធ្វើ​ឱ្យ​ការ​ចំណាយ​របស់​គ្រួសារ​ត្រូវ​ធ្លាក់​ចុះ ហើយ​​ការ​​ជឿជាក់​​ក្នុង​អាជីវកម្ម​ មុខ​ជំនួញ​ក៏​ត្រូវ​ថយ​ចុះ ពិសេស​គឺ​នៅ អឺរ៉ុប​។ សង្គ្រាម​នេះ​កំពុង​តែ​បង្ក​ឱ្យ​មាន​ភាព​រអាក់​រអួល​ចំពោះ​បណ្ដាញ​ផ្គត់ផ្គង់​ បញ្ហា​ខ្វះខាត​ស្បៀង​អាហារ ទំនិញ​សំខាន់ៗ​ និង​ធ្វើ​ឱ្យ​រង្គោះ​រង្គើ​ទីផ្សារ​ពិភពលោក​។

    រដ្ឋាភិបាល​នានា​នៅ អឺរ៉ុប បារម្ភ​ថា សង្គ្រាម​នេះ​អាច​អូស​បន្លាយ​ពេល​ច្រើន​ខែ ឬ​ច្រើន​ឆ្នាំ​ទៀត​។ បញ្ហា​នេះ​នឹង​​ដាក់​សម្ពាធ​កាន់​តែ​ធ្ងន់​ទៅ​លើ​សេដ្ឋកិច្ច​សកល​។ «យើង​ទាំង​អស់​គ្នា​កំពុង​តែ​បង់​ថ្លៃ​យ៉ាង​ខ្ពស់​សម្រាប់​សង្គ្រាម​នេះ» Alvaro Santos Pereira ប្រធាន​ក្រុម​សេដ្ឋកិច្ច​នៅ OECD អះអាង​ដូច្នេះ​។

    នៅ​ក្នុង​របាយការណ៍​ព្យាករណ៍​កាលពី​ម្សិល​ម្ង៉ៃ OECD យល់​ថា សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​អាច​មាន​កំណើន​ ៣%​ ក្នុង​ឆ្នាំ​នេះ និង ២.២%​ ក្នុង​ឆ្នាំ​ក្រោយ​។ នៅ​មុន​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយក្រែន តួលេខ​នេះ​គឺ ៤.៥% និង ៣.២%។

    ចំពោះ​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ OECD គណនា​ឃើញ​ថា GDP នឹង​កើន​តែ ០.៣% ប៉ុណ្ណោះ​នៅ​​ឆ្នាំ​ក្រោយ​។ សេដ្ឋកិច្ច​របស់ អាល្លឺម៉ង់ ត្រូវ​បាន​ព្យាករ​ថា នឹង​ថយ​ចុះ ០.៧%។

    OECD ក៏​បាន​ព្យាករ​ថា សេដ្ឋកិច្ច​របស់ អឺរ៉ុប អាច​ធ្លាក់​ចុះ​ជ្រៅ​ជាង​នេះ​ បើ​សិន​តម្លៃ​ថាមពល​កើន​ឡើងមក​វិញ​។ បើសិន​តម្លៃ​ឧស្ម័ន​កើន​ឡើង ៥០% នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ​ នោះ GDP របស់ អឺរ៉ុប អាច​ថយ​ចុះ ១.៣% ក្នុង​ឆ្នាំ​ ២០២៣​។ សេដ្ឋកិច្ច​សកល​ក៏​នឹង​មាន​កំណើន​តែ ១.៧% ប៉ុណ្ណោះ​។ «អឺរ៉ុប នឹង​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច» Pereira បញ្ជាក់​ដូច្នេះ​។

    រដ្ឋាភិបាល​នានា​នៅ អឺរ៉ុប បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ និង​ក្រុម​ហ៊ុន​ សហគ្រាស​ដែល​រង​ផលវិបាក​ដោយ​សារ​តម្លៃ​ឥន្ធនៈ​កើន​ឡើង​ខ្ពស់​។ ប្រទេស​មួយចំនួន​ថែមទាំង​កំណត់តម្លៃ​ពិតាន​លើ​ថាមពល​។ ប៉ុន្តែ ប្រការ​ទាំង​នេះ​បែរ​ជា​ធ្វើ​ឱ្យ​គ្រួសារ​ទាំង​ឡាយ​មិន​មាន​កត្តាជំរុញ​សម្រាប់​ការ​កាត់បន្ថយ​ការ​ប្រើប្រាស់​ឥន្ធនៈ​។

    ទន្ទឹម​នឹង​នេះ គោលនយោបាយ​ផ្ដល់​ជំនួយ​ខាងលើ​ថែម​ទាំង​ធ្វើ​ឱ្យ​បំណុល​សាធារណៈ​កើន​ឡើង​ខ្ពស់​ខ្លាំង​។

    OECD បាន​ទម្លាក់​​ការ​ព្យាករ​លើ​អត្រា​កំណើន​សេដ្ឋកិច្ច​របស់​ សហរដ្ឋ​អាម៉េរិក នៅ​ឆ្នាំ​ក្រោយ​ ចុះ ០.៥%។ GDP របស់​ខឿន​សេដ្ឋកិច្ច​ធំបំផុត​ក្នុង​ពិភភពលោក​នេះ​អាច​ធ្លាក់​​ចុះ​ជ្រៅ​ជាង​នេះ​ បើសិន​អតិផរណា​មិន​អន់ថយ​រហ័ស​ដូច​ការ​រំពឹង​ទុក​របស់​ Fed (ធនាគារ​កណ្ដាល​របស់ សហរដ្ឋ​អាម៉េរិក)។

    ចំពោះ​ ប្រទេស​ចិន OECD យល់​ថា សេដ្ឋកិច្ច​នឹង​ងើប​ឡើង​វិញ​នៅ​ឆ្នាំ ២០២៣​ ក្រោយ​ពី​វេទនា​នៅ​ក្នុង​ឆ្នាំ​នេះ​។ GDP របស់ ប្រទេស​ចិន អាចមាន​កំណើន​ ៣.២% ក្នុង​ឆ្នាំ​នេះ និង ៤.៧% ក្នុង​ឆ្នាំ​ក្រោយ​៕

  • ទិដ្ឋភាព​ខ្លះៗ​ស្ដីពី​ព្យុះ Noru ដែល​កំពុង​​វាយ​ប្រហារ​ចូល​ដីគោក​នៅ​ វៀតណាម

    ទិដ្ឋភាព​ខ្លះៗ​ស្ដីពី​ព្យុះ Noru ដែល​កំពុង​​វាយ​ប្រហារ​ចូល​ដីគោក​នៅ​ វៀតណាម

    ម៉ោង​ ០៧ ព្រឹក​ ថ្ងៃទី ២៨ កញ្ញានេះ ចំណុច​កណ្ដាល​របស់​ព្យុះ​ Noru កំពុងស្ថិត​នៅ​ក្នុង​តំបន់​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម បណ្ដាល​ឱ្យ​ដើម​ឈើ ​ផ្ទះ​សំបែង និង​ហេដ្ឋារចនា​សម្ព័ន្ធ​ត្រូវ​​រង​ការ​ខូចខាត​ធ្ងន់​ធ្ងរ​។

    ​ទឿធាន​ហ្វេ, ដាណាំង, ក្វាងណាម និង​ក្វាងង៉ាយ របស់​ ប្រទេស​វៀតណាម គឺ​ជា​បណ្ដា​ខេត្ត​ដែល​ស្ថិត​ក្រោម​ចំណុច​កណ្ដាល​របស់​ព្យុះ​ Noru។ ​កម្លាំង​ខ្យល់ដែល​មាន​ល្បឿន​ ១១៧ គីឡូម៉ែត្រ​/ម៉ោង​ បាន​បណ្ដាល​ឱ្យ​ដើម​ឈើ​ត្រូវ​ដួលរលំ ​ផ្ទះ​សំបែង​ជា​ច្រើន​ខ្នង​ត្រូវ​ប៉ើង​ដំបូល ឬ​បាក់​ស្រុត​​ជា​បន្ត​បន្ទាប់​។ ខេត្ត​ជា​ច្រើននៅ​ក្រោម​ចំណុច​កណ្ដាល​របស់​ព្យុះ ​ត្រូវ​ដាច់​ចរន្ត​អគ្គិសនី​ ខណៈ​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​ក៏​ត្រូវ​ខូចខាត។

    ក្រៅ​ពី​បណ្ដា​ខេត្ត​ខាងលើ ក៏នៅ​មាន​ខេត្ត​មួយចំនួន​ទៀត​របស់ វៀតណាម ត្រូវ​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​​ឥទ្ធិពល​របស់​​ព្យុះ​នេះ​ ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ បណ្ដាល​ឱ្យ​បាក់​ដី ទឹក​ជំនន់​។ល។

    ខាងក្រោម​នេះ​គឺជា​ទិដ្ឋភាព​ខ្លះ​ៗ​ស្ដីពី​ព្យុះ​ Noru ដែល​កំពុង​​វាយ​ប្រហារ​ចូល​ដីគោក​នៅ​ វៀតណាម ៖

  • ប្រទេស​ថៃ ចង់​ក្លាយជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ធំ​របស់​ពិភពលោក

    ប្រទេស​ថៃ ចង់​ក្លាយជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ធំ​របស់​ពិភពលោក

    ឆ្នាំ ១៩៦១ រថយន្ត​ប្រភេទ​សេ​ដាន​មួយគ្រឿង​ដែលមាន​ឈ្មោះថា Ford Cortina បានចាប់ផ្ដើម​​​បង្កើត​វិស័យ​ឧស្សាហកម្ម​ផលិត​រថយន្ត​របស់ ប្រទេស​ថៃ ដោយ​ក្នុងនោះ កម្មករ​ក្នុងស្រុក​គឺជា​អ្នក​ដំឡើង​គ្រឿងបន្លាស់​ដែល​ដឹក​មកពី ប្រទេស​អង់គ្លេស។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក Toyota Motor Corp និង Nissan Motor Co. ក៏​បង្កើត​រោងចក្រ​ផលិត​រថយន្ត និង​ពង្រីក​ការផលិត​ជា​បន្តបន្ទាប់​អស់​ជាច្រើន​ទសវត្សរ៍ នាំឱ្យ ​ប្រទេស​ថៃ ក្លាយជា​អ្នក​ផលិត​រថយន្ត​ធំជាងគេ​លំដាប់​ទី ៣ នៅ អាស៊ី និង​ទី ១០ ក្នុង​ពិភពលោក។

    អំណោយផល​នេះ​បាន​ជួយ​ឱ្យ​ ប្រទេស​ថៃ មាន​រហ័ស​នាម​ថា «Detroit របស់ អាស៊ី» ហើយ​ក្នុងពេល​ជាមួយគ្នា​នោះ ថៃ គឺជា​បណ្ដាញ​ផ្គត់ផ្គង់​ពេញលេញ​សម្រាប់​ការផលិត​រថយន្ត​ម៉ាស៊ីន​ចំហេះ​ក្នុង។ ក្នុង​រយៈពេល ៥០ ឆ្នាំ ប្រទេស​ថៃ បានចាប់ផ្ដើម​ពី​ការដំឡើង​រថយន្ត ទៅជា​អ្នក​ផលិត​រថយន្ត​ ដោយ​មាន​រោងចក្រ​ចំនួន ១៨ នៅ​ពាសពេញ​ប្រទេស និង​មាន​អ្នកផ្គត់ផ្គង់​គ្រឿងបន្លាស់​រាប់ពាន់​ស្ថាប័ន។

    ពេលនេះ នៅពេល​រថយន្ត​អគ្គិសនី​កំពុងតែ​ចូលខ្លួន​មក​ជំនួស​រថយន្ត​ម៉ាស៊ីន​ចំហេះ​ក្នុង​នៅ​ទូទាំង​ពិភពលោក ប្រទេស​ថៃ ក៏​ចាប់​ផ្ដើម​​ងាក​ទៅរក​ដៃគូ​បរទេស​ថ្មី​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី ក្នុង​បំណង​រក្សា​​តំណែង​របស់ខ្លួន​នៅក្នុង​វិស័យ​ឧស្សាហកម្ម​រថយន្ត​ទូទាំង​សកលលោក។

    ក្រុម​ហ៊ុន​ Ford Motor Co. របស់ សហរដ្ឋ​អាម៉េរិក និង Toyota របស់ ជប៉ុន គឺជា «អ្នក​ចេញមុខ» មុនគេ​នៅក្នុង​អំឡុង​ពាក់កណ្ដាល​សតវត្សរ៍​ទី ២០ ប៉ុន្តែ​បច្ចុប្បន្ន ក្រុម​ហ៊ុន​ Foxconn Technology Group របស់ កោះ​តៃវ៉ាន់ ក៏ដូចជា BYD Co. និង Contemporary Amperex Technology Co. (CATL) របស់ ចិន​ដីគោក កំពុងតែ​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ក្នុង​ការជួយ​ឱ្យ ប្រទេស​ថៃ សម្រេច​ក្ដី​ប្រាថ្នា «ក្លាយជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ធំ​មួយ​ក្នុង​ពិភព​លោក»។

    ថៃ ដាក់​គោលដៅ​ផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន ៣០% ក្នុងចំណោម​រថយន្ត​ទាំងអស់​ដែល​ផលិត​នៅ​ប្រទេស​នេះ​នៅ​ឆ្នាំ ២០៣០។ អាជ្ញាធរ​ប្រទេស​នេះ​រៀប​ផែនការ​ខាងលើ​ជា ២ ដំណាក់កាល ដើម្បី​សម្រេច​គោលដៅ​នេះ។ ដំណាក់កាល​ដំបូង​គឺ​ការទាក់ទាញ​អ្នកប្រើប្រាស់​ឱ្យ​ងាក​មក​ជ្រើស​យក​រថយន្ត​អគ្គិសនី ដោយ​មិន​គិត​អំពី​ប្រភព ខណៈ​ដំណាក់កាល​ទី ២ គឺ​ការលើកទឹកចិត្ត​ឱ្យ​អ្នកប្រើប្រាស់​គាំទ្រ​ដល់​រថយន្ត​អគ្គិសនី​ដែល​ផលិត​ក្នុងស្រុក។

    ការផ្ដល់​ជំនួយ​សម្រាប់​ការទិញ​រថយន្ត​អគ្គិសនី​គឺជា​គន្លឹះ​ដំបូង​ដើម្បី​ជំរុញឱ្យមាន​តម្រូវការ​ប្រើប្រាស់​។ ការបញ្ចុះ​អត្រាពន្ធ​នាំចូល និង​ពន្ធ​ប្រើប្រាស់​ពិសេស​នឹង​ជួយ​ឱ្យ​រថយន្ត​អគ្គិសនី​អាច​ប្រកួតប្រជែង​បាន​យ៉ាង​ល្អ​ជាមួយនឹង​រថយន្ត​ស៊ីប្រេង​សាំង។ ក្រៅ​ពី​នេះ​ អាជ្ញាធរ​ថៃ ក៏​កំពុង​មាន​គម្រោង​ជា​ច្រើន​ទៀត​ដើម្បី​ជំរុញ និង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ប្រើប្រាស់ ក៏ដូច​ជា​ការ​ផលិតរថយន្តអគ្គិសនី​នៅ​ប្រទេស​នេះ​៕

  • ប្រទេស​រុស្ស៊ី រៀប​គម្រោង​បញ្ចេញ «រូបិយប័ណ្ណ​រូ​ប្ល​ឌីជីថល» នៅ​ដើម​ឆ្នាំក្រោយ

    ប្រទេស​រុស្ស៊ី រៀប​គម្រោង​បញ្ចេញ «រូបិយប័ណ្ណ​រូ​ប្ល​ឌីជីថល» នៅ​ដើម​ឆ្នាំក្រោយ

    ធនាគារជាតិ​រុស្ស៊ី បានធ្វើការ​សាកល្បង​ប្រាក់​រូ​ប្ល​ឌីជីថល​ជាមួយនឹង​ធនាគារ​មួយចំនួន បន្ទាប់ពី​ប្រទេស​នេះ​ត្រូវ​រង​ទណ្ឌកម្ម​ទាក់ទិន​នឹង​ការចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។

    ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​នៃ​សភា​ជាន់​ទាប​រុស្ស៊ី លោក Anatoly Aksakov កាលពី​ថ្ងៃទី ២៦ កញ្ញា បានឱ្យដឹងថា រុស្ស៊ី មាន​គម្រោង​បង្ហាញ​ប្រាក់​រូ​ប្ល​ឌីជីថល​នៅ​ដើមឆ្នាំ ២០២៣ និង​ប្រើប្រាស់​ក្នុងការ​ទូទាត់​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន។

    រុស្ស៊ី បាន​អភិវឌ្ឍ​ប្រាក់​ឌីជីថល​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​ដើម្បី​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ បង្កើនល្បឿន​នៃ​ការទូទាត់ និង​ទប់​ទល់នឹង​ការគំរាមកំហែង​ពី​ប្រាក់​ឌីជីថល​គ្រីប​តូ ដូចជា bitcoin ជាដើម។

    ធនាគារជាតិ​រុស្ស៊ី បានធ្វើការ​សាកល្បង​ប្រាក់​រូ​ប្ល​ឌីជីថល​ជាមួយនឹង​ធនាគារ​មួយចំនួន បន្ទាប់ពី​ប្រទេស​នេះ​ត្រូវ​រង​ទណ្ឌកម្ម​ទាក់ទិន​នឹង​ការចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។ ដំណោះស្រាយ​សម្រាប់​បញ្ហា​ខាងលើ​របស់ រុស្ស៊ី គឺ​ការប្រើប្រាស់​ប្រាក់​រូ​ប្ល​ឌីជីថល ព្រោះថា លំហូរ​ហិរញ្ញវត្ថុ​អាច​ឆ្លង​ផុត​ប្រព័ន្ធ​ទាំងឡាយ​ដែល​គ្រប់គ្រង​ដោយ​បណ្ដា​ប្រទេស​ដែល រុស្ស៊ី ចាត់ទុកថា «មិន​ស្និទ្ធស្នាល»។

    យោងតាម ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​នៃ​សភា​ជាន់​ទាប​រុស្ស៊ី ក្រោយពី​បាន​ដំណើរការ ប្រាក់​រូ​ប្ល​ឌីជីថល​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ទូទាត់​ទ្វេភាគី​ជាមួយ ប្រទេស​ចិន ដែល​បច្ចុប្បន្ន​ប្រទេស​នេះ​ក៏​កំពុងដំណើរការ​សាកល្បង​ប្រាក់​យុន​ឌីជីថល​ផងដែរ។

    ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​ធនាគារ​របស់ រុស្ស៊ី អះអាងថា បច្ចេកវិទ្យា​ទូទាត់​បែប​ទំនើប​គឺមាន​សារសំខាន់​ខ្លាំងណាស់ ព្រោះថា បណ្ដា​ប្រទេស​អាច​ទូទាត់​ប្រាក់​ដោយផ្ទាល់​ជាមួយគ្នា ដោយ​មិន​ឆ្លងកាត់​បណ្ដាញ​ទូទាត់​ដែល​គ្រប់គ្រង​ដោយ​បណ្ដា​ប្រទេស​លោកខាងលិច មានដូចជា​ប្រព័ន្ធ​ទូទាត់​អន្តរជាតិ SWIFT ជាដើម៕

  • រូបភាព​ចុង​ក្រោយ​​របស់​​យាន​អវកាស​​ណា​សា ​មុន​ពេល​​បុក​​ទៅ​លើ​​អាចម៍​ផ្កាយ

    រូបភាព​ចុង​ក្រោយ​​របស់​​យាន​អវកាស​​ណា​សា ​មុន​ពេល​​បុក​​ទៅ​លើ​​អាចម៍​ផ្កាយ

    រូបភាព​ចុងក្រោយ​ដែល​ត្រូវបាន​យានអវកាស DART របស់ ណា​សា បញ្ជូន​មកកាន់​ផែនដី បង្ហើប​ឱ្យឃើញ​អំពី​ផ្ទៃ​របស់​អាចម៍ផ្កាយ​ដែល​វា​កំពុង​ហោះ​ទៅបុក​ក្នុង​ល្បឿន ២២,៥០០ គីឡូម៉ែត្រ/ម៉ោង។

    បេសកកម្ម​សាកល្បង​បង្វែរ​ទិសដៅ​អាចម៍ផ្កាយ​ភ្លោះ (DART) ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​ពិនិត្យមើល​ការប៉ះទង្គិច​បែប​ថាមវន្ត ជា​បច្ចេកទេស​ដែល​មនុស្ស​អាច​ប្រើប្រាស់​ដើម្បី​បង្វែរ​ទិសដៅ​របស់​បណ្ដា​អាចម៍ផ្កាយ​ដែល​ត្រូវបាន​ចាត់ទុកថា អាច​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី។

    បេសកកម្ម​នេះ​ត្រូវបាន​យានអវកាស DART ធ្វើឡើង​កាលពី​ម៉ោង ៧ និង ១៤ នាទី​យប់​នៃ​ថ្ងៃទី ២៦ កញ្ញា ម៉ោង​នៅ សហរដ្ឋ​អាម៉េរិក (ម៉ោង​ប្រហែល ៦ ព្រឹក​នៃ​ថ្ងៃទី ២៧ កញ្ញា​នៅ កម្ពុជា) ដោយ​វា​បាន​ហោះ​ទៅបុក​អាចម៍ផ្កាយ​ដែល​គេ​ដាក់ឈ្មោះថា Dimorphos។ លទ្ធផល​ទទួលបាន​ពី​ការបុក​គ្នា​នេះ​គឺ​កម្រង​រូបភាព​ដ៏​អស្ចារ្យ។

    អាចម៍ផ្កាយ Dimorphos

    Nancy Chabot ប្រធាន​ក្រុម​ចាត់ចែង​បេសកកម្ម DART និង​ជា​អ្នកវិទ្យាសាស្ត្រ​ភព​នៅ​បន្ទប់ពិសោធន៍​របស់ សាកលវិទ្យាល័យ Johns Hopkins បាន​ចែករំលែក​រូបថត​ដែល​ហួស​ពី​ការរំពឹងទុក​របស់​នា​ង។

    សូម​ទស្សនា​វីដេអូ​ដែល​បង្ហាញ​អំពី​ការបុក​គ្នា​រវាង​យានអវកាស DART និង​អាចម៍ផ្កាយ Dimorphos ៖

  • ឱកាសបុណ្យភ្ជុំបិណ្ឌ ០៣ ថ្ងៃ កម្ពុជា ទទួលបានភ្ញៀវសរុបជាង ១.២ លាន​នាក់

    ឱកាសបុណ្យភ្ជុំបិណ្ឌ ០៣ ថ្ងៃ កម្ពុជា ទទួលបានភ្ញៀវសរុបជាង ១.២ លាន​នាក់

    កម្ពុជា ទទួលបានភ្ញៀវសរុបជាង ១ លាន ២ សែននាក់ ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ ចំនួន ០៣ ថ្ងៃ នេះ​បើតាម​ ក្រសួងទេសចរណ៍​។

    ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែល​មាន​រយៈ​ពេល​ ០៣ កន្លង​ទៅ​នេះ​ កម្ពុជា ទទួលបានទេសចរ​សរុបជាង ១.២ លាន​នាក់ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ ក្នុងនោះ ខេត្តបាត់ដំបង សៀមរាប និង​ ប៉ៃលិន ទទួលបានភ្ញៀវច្រើនជាងគេ។

    យោង​តាម​ ក្រសួងទេសចរណ៍ ក្នុង​ចំណោម​ភ្ញៀវ​សរុបទូទាំងប្រទេសដែល​មាន ១,២៥៩,១២១ នាក់ មានភ្ញៀវជាតិ​ចំនួន​ ១,២៤៤,៦៤២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង​ចំនួន ១៤,៤៧៩ នាក់។

    ក្នុង​រយៈ​ពេល​ ០៣ ថ្ងៃ​នេះ ខេត្ត​ដែល​ទទួល​បាន​ភ្ញៀវ​ច្រើន​ជាង​គេ​បង្អស់​គឺ​ខេត្ត បាត់ដំបង ដោយ​មាន​ភ្ញៀវ​ប្រមាណ​ជា​ជាង​ ២១០,០០០ នាក់​។ ខេត្ត​សៀម​រាប​ ជាប់​លេខ​ ២ ដោយ​មាន​ភ្ញៀវ ១៤៣,៤៧០ នាក់ និង​ ខេត្តកែប ជាប់​ចំណាត់​ថ្នាក់​លេខ ៣ (១១៦,៧៧៦ នាក់)។

  • ទិដ្ឋភាព​រួម​នឹង​ពិធីតម្កល់ធាតុ​របស់​​​អតីតនាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហីនហ្សូ អាបេ

    ទិដ្ឋភាព​រួម​នឹង​ពិធីតម្កល់ធាតុ​របស់​​​អតីតនាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហីនហ្សូ អាបេ

    ពិធីបូជាសព​ និង​តម្កល់​ធាតុ​របស់ អតីតនាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហីនហ្សូ អាបេ គឺជា​ព្រឹត្តិការណ៍​ធំ​ដំបូង​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ ជប៉ុន ចាប់​ផ្ដើម​អនុវត្ត​គោលការណ៍​សន្តិសុខ​ថ្មី​ ក្រោយ​ពី​ករណី​ឃាត​កម្ម​លើ​លោក​ អាបេ។ ប៉ូលិស​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ រាជធានី​តូក្យូ ដើម្បី​បង្កើន​សកម្មភាព​ថែ​រក្សា​សន្តិសុខ​។

    លោក ស្ហីនហ្សូ អាបេ អាយុ ៦៧ ឆ្នាំ ជា​អតីត​នាយករដ្ឋមន្ត្រី​កាន់​អំណាច​យូរ​ជាង​គេ​នៅ​ ជប៉ុន ត្រូវ​បាន​ធ្វើ​ឃាត​កាលពី​ថ្ងៃទី ០៨ កក្កដា ពេល​កំពុង​ថ្លែង​ការណ៍​ទៅកាន់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ទីក្រុង Nara ភាគ​ខាងលិច​នៃ​ប្រទេស​ជប៉ុន​។

    ពិធី​បូជាសព​ និង​តម្កល់​ធាតុរបស់ អតីតនាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហីនហ្សូ អាបេ ចាប់​ផ្ដើម​នៅ​វេលាម៉ោង ១៤ ថ្ងៃ​នេះ​ (ម៉ោង ១២ នៅ កម្ពុជា) នៅ​ឯ​សាល​ប្រកួត​ក្បាច់គុន Nippon Budokan ក្នុង​ រាជធានី​តូក្យូ ដោយ​មាន​ការ​ចូល​រួម​ពី​ភ្ញៀវ​ប្រមាណ ៤,៣០០ នាក់​។

    ខាង​ក្រោម​នេះ​គឺជា​ទិដ្ឋភាព​ខ្លះៗ​ស្ដីពី​ពិធី​តម្កល់​ធាតុ​របស់ ​អតីតនាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហីនហ្សូ អាបេ ៖

    រថយន្តដង្ហែធាតុអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស្ហីនហ្សូ អាបេ ទៅកាន់សាលប្រកួតក្បាច់គុន Nippon Budokan ក្នុង រាជធានីតូក្យូ នាថ្ងៃនេះ
    លោកស្រី Akie Abe កាន់ធាតុរបស់ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស្ហីនហ្សូ អាបេ ចូលមកកាន់កន្លែងប្រារព្ធពិធីតម្កល់ធាតុ
    ធាតុរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស្ហីនហ្សូ អាបេ ត្រូវបានតម្កល់លើទីសម្រាប់តម្កល់ធាតុ
    ទិដ្ឋភាពខាងក្នុងសាលប្រកួតក្បាច់គុន Nippon Budokan ជាទីប្រារព្ធពិធីតម្កល់ធាតុរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស្ហីនហ្សូ អាបេ
    ភ្ញៀវចូលរួមកំពុងគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស្ហីនហ្សូ អាបេ
    អនុប្រធានាធិបតីអាម៉េរិក លោកស្រី Kamala Harris ក៏ចូលរួមក្នុងព្រឹត្តិការណ៍នេះ
    ការបញ្ចាំងវីដេអូនៅ សាលប្រកួតក្បាច់គុន Nippon Budokan ដែលនិយាយអំពីអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស្ហីនហ្សូ អាបេ
    ការបញ្ចាំងវីដេអូនៅ សាលប្រកួតក្បាច់គុន Nippon Budokan ដែលនិយាយអំពីអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស្ហីនហ្សូ អាបេ
    នាយករដ្ឋមន្ត្រី​ជប៉ុន Fumio Kishida អាន​សេចក្ដី​ថ្លែង​ការណ៍​ក្នុង​ពិធីតម្កល់​សព​អតីតនាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហីនហ្សូ អាបេ
    លោកស្រី Akie Abe ជូតទឹកភ្នែក នៅពេលក្រុមមន្ត្រីថ្លែងរៀបរាប់អំពីស្វាមី
    អតីតនាយករដ្ឋមន្ត្រី Suga អានសុន្ទរកថា
    រាជទាយាទ​ Akishino (ទីពីរ រាប់​ពី​ឆ្វេង) និង ព្រះនាង Kiko ជា មហេសី (ទីបី រាប់​ពី​ឆ្វេង) របស់ ជប៉ុន យាង​ចូលរួម​ពិធីតម្កល់​សព
    លោកស្រី Akie Abe ដាក់កម្រផ្កាជូនស្វាមីជាលើកចុងក្រោយ
    ក្រុមមន្ត្រីជាន់ខ្ពស់​បរទេស ដាក់​កម្រង​ផ្កា​ជូនលោក អាបេ
    ក្រុមមន្ត្រីជាន់ខ្ពស់​បរទេស ដាក់​កម្រង​ផ្កា​ជូនលោក អាបេ
    ក្រុមមន្ត្រីជាន់ខ្ពស់​បរទេស ដាក់​កម្រង​ផ្កា​ជូនលោក អាបេ
  • ក្រសួងសាធារណការ និង​ដឹកជញ្ជូន ចេញ​សេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

    ក្រសួងសាធារណការ និង​ដឹកជញ្ជូន ចេញ​សេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

    ក្រសួងសាធារណការ និង​ដឹកជញ្ជូន ចេញ​សេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿន​លឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយឥតគិតថ្លៃរយៈពេល ១ ខែ គិតចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃ ៣១ ខែតុលា ឆ្នាំ ២០២២។

  • នេះ​គឺ​ជា​ «រាជាណាចក្រ» ​តែ​មួយ​គត់​របស់ ​ប្រទេស​ឥណ្ឌូណេស៊ី

    នេះ​គឺ​ជា​ «រាជាណាចក្រ» ​តែ​មួយ​គត់​របស់ ​ប្រទេស​ឥណ្ឌូណេស៊ី

    ដោយសារតែ​បានរួម​ចំណែក​យ៉ាង​ធំធេង​នៅក្នុង​សង្គ្រាម​ដណ្ដើម​ឯករាជ្យ Yogyakarta ក៏​ទទួលបាន​សិទ្ធិ​ស្វ័យគ្រប់គ្រង និង​ក្លាយជា «រាជាណាចក្រ​អ៊ីស្លាម» តែមួយគត់​នៅ ឥណ្ឌូណេស៊ី។

    Yogyakarta ដែលជា​ខេត្ត​មួយ​នៅ​ភាគ​កណ្ដាល​នៃ​កោះ​ជ្វា (Java) និង​មាន​ចម្ងាយ​ពី រដ្ឋធានី​ហ្សា​ការ​តា ជាង ៤២០ គីឡូម៉ែត្រ​ទៅ​ទិស​ខាងត្បូង ដើរតួនាទី​សំខាន់​ក្នុងការ​ទាមទារ​ឯករាជ្យ​របស់ ឥណ្ឌូណេស៊ី ដែល​ត្រូវបាន​ហៅថា បដិវត្តន៍​ជាតិ​ឥណ្ឌូណេស៊ី ចាប់ពី​ឆ្នាំ ១៩៤៥ ដល់ ១៩៤៩។

    កាលពី​ថ្ងៃទី ១៧ ខែ​សីហា ឆ្នាំ​ ១៩៤៥ នៅពេល​ដែល​​ប្រធានាធិបតី​ដំបូង​របស់ ឥណ្ឌូណេស៊ី Sukarno ប្រកាស​បង្កើត សាធារណរដ្ឋ​ឥណ្ឌូណេស៊ី Sultan (ស្ដេច​របស់​ប្រទេស​កាន់សាសនា​អ៊ីស្លាម) Hamengkubuwono IX ដែលជា​មេដឹកនាំរបស់ ​រាជាណាចក្រ​អ៊ីស្លាម Yogyakarta កាលណោះ បាន​ផ្ញើ​សារ​លិខិត​​ភ្លាមៗទៅកាន់​លោក Sukarno ដើម្បី​សម្ដែង​ការគាំទ្រ​ចំពោះ ប្រទេស​ឥណ្ឌូណេស៊ី ដែល​ទើប​ចាប់កំណើត និង​បញ្ជាក់ថា រាជាណាចក្រ​អ៊ីស្លាម Yogyakarta គឺជា​ទឹកដី​មួយផ្នែក​របស់ សាធារណរដ្ឋ​ឥណ្ឌូណេស៊ី។

    ទីក្រុង Yogyakarta ក្លាយជា​រដ្ឋធានី​របស់ សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ចាប់ពី​ឆ្នាំ ១៩៤៦ ដល់​ឆ្នាំ ១៩៤៨ ក្រោយពី ហ្សា​ការ​តា បាន​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​របស់​ជន​ជាតិ​ហូ​ឡង់។ កងទ័ព​ហូ​ឡង់ បន្ទាប់មក​ក៏បាន​ចូល​ឈ្លាម​ពាន Yogyakarta បណ្ដាលឱ្យ​រដ្ឋា​នី​របស់​ប្រទេស​នេះ ជាថ្មី​ម្ដងទៀត ត្រូវ​រើ​ទៅកាន់ Bukittinggi នៅ​ភាគ​ខាងលិច​នៃ​កោះ Sumatra។

    រាជវាំង Yogyakarta

    ការវាយលុក​ទូទៅ​កាលពីដើមឆ្នាំ ១៩៤៩ របស់ ឥណ្ឌូណេស៊ី បាន​បង្ខំ​ឱ្យ កងទ័ព​ហូ​ឡង់ ត្រូវ​ដកថយ។ ថ្ងៃទី ២៩ មិថុនា ១៩៤៩ ដោយមាន​សម្ពាធ​ពី អង្គការសហប្រជាជាតិ Yogyakarta ក៏ត្រូវ​បាន​រំដោះ​ទាំងស្រុង​ពី​កណ្ដាប់ដៃ​ជនជាតិ​ហូ​ឡង់។

    ដោយសារតែ​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​បេសកកម្ម​ស្លាប់​រស់​របស់ សាធារណរដ្ឋ​ឥណ្ឌូណេស៊ី Yogyakarta ក៏​ទទួលបាន​សិទ្ធិ​ស្វ័យគ្រប់គ្រង ដែល​ដូច​ទៅនឹង «តំបន់​ពិសេស» និង​ក្លាយជា​តំបន់​តែមួយគត់​ដែល​រក្សា​របបរាជានិយម និង​ត្រូវបាន​ទទួលស្គាល់​នៅ ឥណ្ឌូណេស៊ី។

    សម្ដេច Hamengkubawono ទី ១០

    មហាក្សត្រ​របស់ រាជាណាចក្រ​អ៊ីស្លាម Yogyakarta បច្ចុប្បន្ន​គឺ សម្ដេច Hamengkubawono ទី ១០ ព្រះជន្ម ៧៦ វស្សា។ ទ្រង់​បាន​ឡើង​គ្រង​រាជសម្បត្តិ​កាលពី​ឆ្នាំ ១៩៨៨ បន្ទាប់ពី​បិតា​របស់​ទ្រង់​បាន​សោយ​ទិវង្គត។

    មហាក្សត្រ​ Hamengkubawono ទី ១០ ត្រូវបាន​វាយតម្លៃថា ជា​អ្នកប្រជាធិបតេយ្យ នៅពេល​ទ្រង់​បញ្ចប់​ប្រពៃណី​ពហុពន្ធ​ភាព (មហេសី​ច្រើន) ទៅតាម​បំណង​របស់​បិតា ដែល​ទ្រង់​ធ្លាប់មាន​បន្ទូល​ឱ្យធ្វើ​ទំនើបកម្ម​រាជវង្សានុវង្ស។ មហា​ក្សត្រ​ Hamengkubawono ទី ១០ បាន​រៀប​អភិសេក​ជាមួយ​មហេសី Hemas និង​មាន​បុត្រី ៥ អង្គ។ បុត្រី​ច្បង ព្រះ​នាង Mangkubumi អាច​នឹង​ក្លាយជា​មហាក្សត្រី​បន្ទាប់​របស់ Yogyakarta ប៉ុន្តែ បញ្ហា​នេះ​ក៏​កំពុងមាន​ភាពចម្រូងចម្រាស​នៅក្នុង​រាជវង្សានុវង្ស ព្រោះតែ​ទ្រង់​មិនមែនជា​រាជបុត្រា។

    មហាក្សត្រ Hamengkubawono ទី ១០ និង មហេសី រួម​នឹង​​បុត្រី​ ៥ អង្គ

    មហាក្សត្រ Hamengkubawono ទី ១០ របស់ Yogyakarta ធ្លាប់​មានបន្ទូលថា រាជបុត្រី​មួយអង្គ​អាច​ក្លាយជា​មេដឹកនាំ​បន្ទាប់ ហើយ​ថា ទ្រង់​កំពុង​ពិចារណា​លើ​បញ្ហា​នេះ​ដើម្បី​លើកកម្ពស់​សិទ្ធិ​របស់​ស្ត្រីភេទ ប៉ុន្តែ ព្រះ​នាង Mangkubumi នឹងត្រូវ​ឆ្លើយតប​នឹង​លក្ខខណ្ឌ​មួយចំនួន​ដើម្បី​អាច​ឡើង​សោយរាជ​សម្បត្តិ៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ២៧ ខែ​​កញ្ញា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ២៧ ខែ​​កញ្ញា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០៧ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ២៦ ខែ​កញ្ញា​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ០៩ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។