Author: សឿន សំណាង

  • ក្រុម​ហ៊ុន​អាកាសចរណ៍​អង់គ្លេស អនុញ្ញាត​ឱ្យ​បុគ្គលិក​ភេទ​​​ប្រុស​​ស្លៀក​រ៉ូប​ដូច​នារី

    ក្រុម​ហ៊ុន​អាកាសចរណ៍​អង់គ្លេស អនុញ្ញាត​ឱ្យ​បុគ្គលិក​ភេទ​​​ប្រុស​​ស្លៀក​រ៉ូប​ដូច​នារី

    ក្រុមហ៊ុន Virgin Atlantic អនុញ្ញាត​ឱ្យ​បុគ្គលិក​ស្លៀក​ពាក់​​ឯកសណ្ឋាន​​បែប​ណា​​ក៏​បាន​ ឱ្យ​តែ​ពួក​គេ​គិតថា​សម​ស្រប​ ក្នុងនោះ បុគ្គលិក​ជា​បុរស​អាច​ស្លៀក​រ៉ូប​ធ្វើការ​។

    ក្នុង​កិច្ច​ប្រឹង​ប្រែង​ក្លាយជា «ក្រុម​ហ៊ុន​អាកាស​ចរណ៍​ល្អ​ឯក​លើ​អាកាស» Virgin Atlantic របស់ អង់គ្លេស កាលពី​ថ្ងៃទី ២៨ កញ្ញា បាន​ប្រកាស​អំពី​ការ​កែប្រែ​គោល​ការណ៍​ថ្មី​ស្ដី​ពី​ឯកសណ្ឋាន​របស់​បុគ្គលិក ដើម្បី​លើក​កម្ពស់​ឯកជន​ភាព​។ បុគ្គលិក​អាច​ជ្រើស​រើស​ឯកសណ្ឋាន​តាម​ចិត្ត​ ដោយ​មិន​រង​ឥទ្ធិពល​ពី​ «អត្តសញ្ញាណ​ភេទ ឬ​ការ​បង្ហាញ​អំពី​ភេទ​»។

    ក្នុង​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​លើ Youtube គេឃើញ​មាន​រូប​ភាព​បុរស​ជា​អ្នកបម្រើ​លើ​យន្តហោះ​ស្លៀក​រ៉ូប​ពណ៌​ក្រហម ខណៈ​នារី​ជា​អ្នកបម្រើ​ស្លៀក​ពាក់​ឈុត​អាវ​ធំ​ និង​ក្រវាត់​ក​បែប​បុរស​។ បុគ្គលិក​របស់ Virgin Atlantic ក៏​អាច​ពាក់ស្លាក​ឈ្មោះ​ដែល​ពួក​គេ​ចូល​ចិត្ត​ និង​ចង់​ឱ្យ​ហៅ​។

    Virgin Atlantic ក៏​មាន​គោល​ការណ៍​ថ្មីដែល​ល្អ​​សម្រាប់​បុគ្គលិក​ដែល​សុំ​ច្បាប់​សម្រាក​ព្យាបាល​ទាក់ទង​នឹង​ការ​ប្ដូរ​ភេទ​ និង​អនុញ្ញាត​ឱ្យ​ពួក​គេ​ជ្រើស​រើស​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​ និង​បន្ទប់​ងូត​ទឹក​ផងដែរ​។

    ក៏ប៉ុន្តែ គោល​ការណ៍​ថ្មី​របស់ Virgin Atlantic បាន​បង្ក​ឱ្យ​មាន​មតិ​ចម្រូង​ចម្រាស​ច្រើន​។ អ្នក​ខ្លះ​សរសើរ​ថា នេះ​គឺជា​គោល​ការណ៍​ទាន់​សម័យ​ ខណៈ​អ្នក​ខ្លះ​ថា វា​ជា​ការ​វិវត្ត​ដ៏​អាក្រក់​៕

    https://www.youtube.com/watch?v=B-haq1V-xJo

  • មនុស្ស​ ៩០ លាន​នាក់​ស្លាប់ និង​រងរបួស ​ក្នុង​រយៈ​ពេល​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​​សង្គ្រាម​នុយក្លេអែរ រវាង សហរដ្ឋ​អាម៉េរិក និង រុស្ស៊ី បាន​ផ្ទុះ​ឡើង

    មនុស្ស​ ៩០ លាន​នាក់​ស្លាប់ និង​រងរបួស ​ក្នុង​រយៈ​ពេល​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​​សង្គ្រាម​នុយក្លេអែរ រវាង សហរដ្ឋ​អាម៉េរិក និង រុស្ស៊ី បាន​ផ្ទុះ​ឡើង

    វីដេអូ​​​​​បង្ហាញ​ត្រាប (simulation) អំពី​សេណារីយ៉ូថ្មី​មួយ​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​ សាកល​វិទ្យា​ល័យ​ Princeton ​បង្ហាញ​ថា មនុស្ស​ជាង ៩០ លាន​នាក់​នឹង​ត្រូវ​ស្លាប់ និង​រងរបួស​ក្នុង​អំឡុង​ពេល​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​សង្គ្រាម​នុយក្លេអែរ​រវាង រុស្ស៊ី និង​ សហរដ្ឋ​អាម៉េរិក បាន​ផ្ទុះ​ឡើង​ នេះ​បើ​តាម​ទីភ្នាក់​ងារ​សារព័ត៌មាន Independent។

    ការ​បង្ហាញ​ត្រាប​អំពី​សង្គ្រាម​នុយក្លេអែរ​ខាងលើ គឺជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​មួយ​របស់​កម្មវិធី​វិទ្យាសាស្ត្រ​ និង​សន្តិសុខ​សកល​របស់ Princeton (SGS)។ វា​បង្ហាញ​ថា មនុស្ស​ជាង ៣៤ លាន​នាក់​នឹង​ស្លាប់​ និង ៥៧ លាន​នាក់​រងរបួស​ នៅក្នុង​ប៉ុន្មាន​ម៉ោង​ដំបូង​នៃ​សង្គ្រាម​នុយក្លេអែរ នេះ​មិន​ទាន់​និយាយ​ដល់​អ្នក​ត្រូវធ្លាក់​ខ្លួន​ឈឺ​ និង​បញ្ហា​សុខភាព​យូរ​អង្វែង​ដែល​បង្ក​ឡើង​ដោយ​អាវុធ​​ប្រល័យ​លោក។

    ក្នុង​ទិដ្ឋភាព​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ បង្ហាញ​ថា ​ខ្សែ​ពន្លឺ​រាងកោង​គឺជា​មីស៊ីល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអែរ​ ត្រូវ​បាន​គូសត្រូវ​​បាញ់​​សំដៅ​ភាគី​ជម្លោះ​ ចំណែត​ដុំ​ពណ៌​ស​គឺជា​គោល​ដៅ​ដែល​ត្រូវ​បាន​កម្ទេច​​ដោយ​អាវុធ​នុយក្លេអែរ​។

    ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​គ្រាដែល​ស្ថាន​ការណ៍​ត្រូវ​បាន​គេ​ជឿ​ថា កំពុង​តែ​មាន​ការ​រត់​ប្រណាំង​​ផ្នែក​អាវុធ​ប្រល័យ​លោក​រវាង រុស្ស៊ី និង​ សហរដ្ឋ​អាម៉េរិក ក៏ដូចជា​សម្ព័ន្ធ​មិត្ត​ណាតូ។

    ការ​សន្មត់​អំពី​ការ​វាយប្រហារ​នេះ​ត្រូវ​បាន​លើក​ឡើង​គឺ​ «សង្ឃឹម​ថា ទប់​ស្កាត់​ការ​បោះ​ជំហាន​របស់ សហរដ្ឋ​អាម៉េរិក​-ណាតូ និង​ រុស្ស៊ី ក្នុង​ការ​បាញ់​ព្រមាន​ដោយ​អាវុធ​នុយក្លេអែរ​ពី​មូលដ្ឋាន​ទ័ព​មួយ​កន្លែង​នៅ​ក្បែរ​ទីក្រុង Kaliningrad។ ណាតូ ឆ្លើយ​តប​ដោយ​ការ​វាយ​ប្រហារ​អាវុធ​ប្រល័យ​លោក​យុទ្ធសាស្ត្រ»។

    នៅ​ពេល​បន្ទាត់​​ក្រហម​នុយក្លេអែរ​ត្រូវ​គេ​រំលង​ ការ​ប៉ះទង្គិច​គ្នា​នឹង​ប្រែក្លាយ​ទៅ​ជា​សង្គ្រាម​នុយក្លេអែរ​យុទ្ធសាស្ត្រ​នៅ ​អឺរ៉ុប​។ រុស្ស៊ី ប្រើប្រាស់​យន្តហោះ​ និង​មីស៊ីល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអែរ​ ៣០០ គ្រាប់ វាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​ទ័ព​នានា​របស់ ណាតូ​។ ណាតូ ឆ្លើយ​តប​ដោយ​គ្រាប់​បែក​ប្រល័យលោក​ប្រហែល ១៨០ គ្រាប់ទម្លាក់​ចុះ​ពី​យន្តហោះ​។

    បន្ទាប់​​មក ការ​វាយប្រហារ​រាប់​រយ​លើក​ដោយ​អាវុធ​នុយក្លេអែរ​ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​ភាគី​ទាំង​ពីរ​។ ក្នុង​វីដេអូ ខ្សែ​ពន្លឺ​ពណ៌​ក្រហម​គឺជា​មីស៊ីល​របស់​ រុស្ស៊ី ដែល​បាញ់​ចេញ​ពី​ក្រោម​ទឹក មុន​ពេល​មីស៊ីល​ពណ៌​ខៀវ​របស់ សហរដ្ឋ​អាម៉េរិក ស្រោច​ទៅ​លើ​ រុស្ស៊ី​។ ក្រោយ​មក រុស្ស៊ី វាយ​ប្រហារ​ទៅ​លើ​ឆ្នេរ​សមុទ្រ​អាម៉េរិក​។ តមកទៀត ទីក្រុង​វ៉ាស៊ីងតោន និង មូស្គូ នឹង​វាយប្រហារ​ផ្ដោត​ទៅលើ​តំបន់​ដែល​មាន​ប្រជាជន​ច្រើន​ ក្នុង​នោះ ទីក្រុង​នីមួយ​ៗ​នឹង​ត្រូវ​ទទួល​រង​គ្រាប់​បែក​នុយក្លេអែរ​ប្រមាណ​​ ១០ គ្រាប់​។

    យោង​តាម​ SGS វីដេអូ​នេះ​គឺយោង​ទៅ​លើ​ស្ថាន​ភាព​​កម្លាំង​ គោល​ដៅ​ និង​ការ​គណនា​អំពី​ការ​ស្លាប់​ជាក់ស្ដែង​។ ប៉ុន្តែ Sam Dudin អ្នក​ស្រាវជ្រាវ​ប្រចាំ​វិទ្យាស្ថាន​ស្រាវជ្រាវ​ការ​ពារ​ជាតិ​ និង​សន្តិសុខ​អង់គ្លេស​ បាន​ឱ្យ​ដឹង​ថា សេណារីយ៉ូ​​ប្រល័យ​លោក​របស់ SGS មិន​ងាយនឹង​កើត​ឡើង​ ព្រោះ​ថា គោលនយោបាយ​របស់ សហរដ្ឋ​អាម៉េរិក ចាប់​ពី​ឆ្នាំ ១៩៥០ គឺ​ការ​ចៀស​វាង​សង្គ្រាម​ដោយ​ផ្ទាល់​ជាមួយ​ រុស្ស៊ី​។ «មូស្គូ ក៏​មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​ ណាតូ» លោក​ Sam Dudin បញ្ជាក់​ដូច្នេះ​។

    លោក​ Sam Dudin បន្ថែម​ថា សេណារីយ៉ូ​​នេះ ហាក់​មិន​បាន​គិត​ដល់​​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​ភាគី​ទាំង​ពីរ​។ ប្រព័ន្ធ​ទាំង​នេះ​នឹង​មាន​ឥទ្ធិពល​ធំធេង​ដល់​ការ​វាយ​ប្រហារ​ដោយ​អាវុធ​នុយក្លេអែរ​ដែល​បាញ់​ចេញ​ពី​យន្តហោះ​៕

  • ប្រទេស​ចិន ចាប់ផ្ដើម​ដំណើរការ​ពាណិជ្ជកម្ម​​ស្ថានីយ​វា​រី​អគ្គិសនី​កម្លាំង ១ លាន​គីឡូវ៉ាត់

    ប្រទេស​ចិន ចាប់ផ្ដើម​ដំណើរការ​ពាណិជ្ជកម្ម​​ស្ថានីយ​វា​រី​អគ្គិសនី​កម្លាំង ១ លាន​គីឡូវ៉ាត់

    ស្ថានីយ​វា​រី​អគ្គិសនី​ចុងក្រោយ​នៅ​ឆ្នេរ​ខាងឆ្វេង​របស់​ទំនប់​វា​រី​អគ្គិសនី Baihetan នៅលើ​ទន្លេ Jinsha ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ពាណិជ្ជកម្ម​ជា​ផ្លូវការ​កាលពី​សប្ដាហ៍​កន្ល​ង។

    ស្ថានីយ​វា​រី​អគ្គិសនី​ថ្មី​មួយ​របស់ ទំនប់​វា​រី​អគ្គិសនី Baihetan នៅ​ភាគ​និរតី​នៃ ប្រទេស​ចិន បានបញ្ចប់​ដំណើរការ​សាកល្បង​រយៈ​ពេល ៧២ ម៉ោង និង​ចាប់ផ្ដើម​ដំណើរការ​ពាណិជ្ជកម្ម​ជា​ផ្លូវការ​កាលពី​សប្ដាហ៍​មុន នេះ​បើតាម សារព័ត៌មាន Xinhua។

    ការ​ដំណើរការ​ស្ថានីយ​វា​រី​អគ្គិសនី​លេខ ៨ គឺជា​ការ​បញ្ជាក់ថា ស្ថានីយ​ផលិត​អគ្គិសនី​ទាំងអស់​នៅ​ឆ្នេរ​ខាងឆ្វេង​របស់​ទំនប់​វា​រី​អគ្គិសនី Baihetan បាន​ដំណើរការ​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម​ទាំងស្រុង។

    ទំនប់​វា​រី​អគ្គិសនី Baihetan ស្ថិតនៅលើ​ទន្លេ Jinsha ដែលជា​ដៃទន្លេ​ផ្នែក​ខាងលើ​របស់​ទន្លេ Yangtze ក្នុង​ខេត្ត Sichuan និង​ខេត្ត Yunnan នៅ​ភាគ​និរតី​នៃ ប្រទេស​ចិន។

    ទំនប់​វា​រី​អគ្គិសនី Baihetan មាន​ស្ថានីយ​ផលិត​អគ្គិសនី​ចំនួន ១៦ ហើយ​ស្ថានីយនីមួយៗមាន​កម្លាំង ១ លាន​គីឡូ​វ៉ាត។ នេះ​គឺជា​ប្រភេទ​ស្ថានីយ​វា​រី​អគ្គិសនី​ដែលមាន​កម្លាំង​ខ្លាំងជាងគេ​ក្នុង​ពិភពលោក។ ស្ថានីយ​វា​រី​អគ្គិសនី​ទាំងអស់​ដែល​នៅសល់​របស់​ទំនប់​វា​រី​អគ្គិសនី Baihetan នឹងត្រូវ​បានដាក់​ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ។

    នៅពេល​ដំណើរការ​ពេញលេញ ទំនប់​វា​រី​អគ្គិសនី Baihetan នឹង​ក្លាយជា​រោងចក្រ​វា​រី​អគ្គិសនី​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក ស្ដីពី​កម្លាំង​ដំឡើង​សរុប បន្ទាប់ពី​ទំនប់​វា​រី​អគ្គិសនី Three Gorges Dam ដែល​នៅលើ​ទន្លេ Yangtze ក្នុង​ខេត្ត Hubei ភាគ​កណ្ដាល​ប្រទេស​ចិន។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ២៩ ខែ​​កញ្ញា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០៩ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ២៨ ខែ​កញ្ញា​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១៥ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិត​មកទល់ពេលនេះ កម្ពុជា មានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៧,៨៧០ នាក់, ជាសះស្បើយសរុបចំនួន ១៣៤,៧៤៥ នាក់ និងករណីស្លាប់សរុបចំនួន ៣,០៥៦ នាក់។

  • កម្ពុជា នៅសល់​អ្នកជំងឺ​កូ​វីដ-១៩ ត្រឹម ១០ នាក់​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​​ព្យាបាលនៅ​មន្ទីរពេទ្យ

    កម្ពុជា នៅសល់​អ្នកជំងឺ​កូ​វីដ-១៩ ត្រឹម ១០ នាក់​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​​ព្យាបាលនៅ​មន្ទីរពេទ្យ

    បច្ចុប្បន្ននៅ​ទូទាំងប្រទេស​កម្ពុជា​ នៅសល់​អ្នកជំងឺ​កូ​វីដ-១៩ ត្រឹម ១០ នាក់​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​​ព្យាបាល​នៅ​មន្ទីរពេទ្យ នេះ​បើតាម​ប្រសាសន៍​របស់ សម្តេច​តេ​ជោ ហ៊ុន សែន។

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឱ្យ​ដឹង​​ថា «បច្ចុប្បន្ននេះ​នៅ​ទូទាំងប្រទេស​កម្ពុជា​យើង នៅសល់​អ្នកជំងឺ​កូ​វីដ-១៩ ត្រឹម ១០ នាក់​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ។ ហើយ​​ថ្ងៃនេះ​មាន​អ្នក​ឆ្លង​ត្រឹម 0៩ នាក់​ប៉ុណ្ណោះ ដោយ​អ្នកខ្លះ​​​កើត​ហើយគាត់​​​ព្យាបាល​នៅតាម​ផ្ទះ​»។

    ប្រសាសន៍​របស់​ សម្ដេច​តេជោ ហ៊ុន សែន ត្រូវ​បាន​លើក​ឡើង​​​នៅក្នុង វេទិកា​អន្តរ​សាសនា​ប្រឆាំង​ការជួញដូរ​មនុស្ស លើក​ទី ៦ នៅ ដែល​ធ្វើឡើង​នៅ មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ២៩ កញ្ញា ២០២២។

  • ផ្លូវល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះ​សីហនុ​ មាន​ “ទី​តាំង​ច្រក​ចេញ​-​ចូល”​ ០៨​ កន្លែង

    ផ្លូវល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះ​សីហនុ​ មាន​ “ទី​តាំង​ច្រក​ចេញ​-​ចូល”​ ០៨​ កន្លែង

    ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ ត្រូវ​បាន​ដាក់ឱ្យ​ប្រើប្រាស់​​ចាប់​ពីថ្ងៃ​ទី ០១ ខែតុលា ឆ្នាំ ២០២២ ដោយ​មិន​តម្រូវឱ្យ​បង់ប្រាក់​ក្នុងការ​ធ្វើដំណើរ​រយៈពេល​ពេញ​មួយខែ ហើយ​ អ្នកបើកបរ​យាន​យន្ត​​អាចចេញ-ចូលក្នុងផ្លូវល្បឿនលឿននេះ​បាន តាម “ទីតាំងច្រកចេញ-ចូល” ០៨ កន្លែង។

    យោង​តាម​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ ដែល​មាន​ប្រវែង​សរុប​ជាង ១៩០ គីឡូម៉ែត្រនេះ មាន​ «ទីតាំងច្រកចេញ-ចូល” ចំនួន ០៨ កន្លែង។ អ្នកបើកបរ​យានយន្ត​ដែលមាន​លក្ខខណ្ឌ​គ្រប់គ្រាន់ អាច​ចេញ-ចូលក្នុង​ផ្លូវ​ល្បឿន​លឿន​នេះ​បាន​ តាម​ ស្ថានីយ​ភ្នំពេញ ផ្លូវ​កប់​ស្រូវ (គ.ម 3), ស្ថានីយ​កំពង់ស្ពឺ​ខាងកើត (គ.ម 26), ស្ថានីយ​កំពង់ស្ពឺ​ខាងលិច (គ.ម 43), ស្ថានីយ​ត្រែងត្រយឹង (គ.ម 76), ស្ថានីយ​កំពង់​សិលា (គ.ម 114), ស្ថានីយ​ស្រែអំបិល (គ.ម 135), ស្ថានីយ​ស្ទឹងហាវ (គ.ម 172) និង ស្ថានីយ​ក្រុងព្រះសីហនុ (គ.ម 182)។

    ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ ត្រូវ​បាន​ដាក់ឱ្យ​ប្រើប្រាស់​​ចាប់​ពីថ្ងៃ​ទី ០១ ខែតុលា ឆ្នាំ ២០២២ ក្រោយ​ពី​​ត្រូវ​បាន​បញ្ចប់​ការ​សាង​សង់​​រួច​រាល់​ជា​ស្ថាពរ​។ ផ្លូវ​នេះ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ ដោយមាន​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) ពី ប្រទេស​ចិន តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ ២,០០០ លាន​ដុល្លារ​អាមេរិក និង​ហិរញ្ញប្បទាន​ឥត​សំណង​ពី រដ្ឋាភិបាល​ចិន ប្រមាណ ១៥០ លាន​ដុល្លារ។

    គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ មាន​ប្រវែង​សរុប​ជាង ១៩០ គីឡូម៉ែត្រ ក្នុងនោះ​វា​មាន​ទទឹង​តួ​ផ្លូវ ២៤.៥ ម៉ែត្រ និង​ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០ សង់ទីម៉ែត្រ។ គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​ចែកជា ៤ គន្លង (២ គន្លង​ទៅ ២គន្លង​មក)។ ផ្លូវ​នេះ​អនុញ្ញាតឱ្យ​យានយន្ត​គ្រប់​ប្រភេទ អាច​បើកបរ​ក្នុង​ល្បឿន​រហូតដល់ ១០០ គីឡូម៉ែត្រ/ម៉ោង និង​កន្លែង​ខ្លះ​អាច​បើកបរ ក្នុង​ល្បឿន​ដល់ ១២០ គីឡូម៉ែត្រ/ម៉ោង។

    ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ មាន​ស្ពាន​តូច​ចំនួន ៥ កន្លែង, ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន ៨០ កន្លែង។ ផ្លូវ​នេះ​ក៏មាន​ស្ពាន​រំលង​ផ្លូវ​ចំនួន ២០ កន្លែង, ចំណត​ឈប់សម្រាក​ចំនួន ៣ កន្លែង, ចំណតរថយន្ត​ចំនួន ១កន្លែង, មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ផ្លូវ​ចំនួន ៤ កន្លែង និង​បញ្ជរ​បង់ប្រាក់​ចំនួន ៩ កន្លែង៕

  • ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា បញ្ជាក់ថា មាន​ករណី​ស្លាប់​ច្រើន​នាក់​ដោយសារ​ជំងឺ​អេ​បូ​ឡា (Ebola)

    ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា បញ្ជាក់ថា មាន​ករណី​ស្លាប់​ច្រើន​នាក់​ដោយសារ​ជំងឺ​អេ​បូ​ឡា (Ebola)

    ការផ្ទុះ​ឆ្លង​រាលដាល​របស់​រោគរាតត្បាត​អេ​បូ​ឡា នៅ ប្រទេស​អ៊ូ​ហ្ក​ង់​ដា ដែល​ត្រូវបាន​ប្រកាស​កាលពី​សប្ដាហ៍​កន្លង បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​អំពី​វិបត្តិ​សុខាភិបាល​ធ្ងន់ធ្ងរ​នៅ​ប្រទេស​នេះ។

    កាលពី​ថ្ងៃទី ២៨ កញ្ញា ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា Yoweri Museveni បានឱ្យដឹងថា មាន​មនុស្ស​ចំនួន ៥ នាក់ ត្រូវបាន​បញ្ជាក់ថា បាន​ស្លាប់​ដោយសារ អេ​បូ​ឡា នៅ​ប្រទេស​នេះ និង ១៩ ករណី​ទៀត​ក៏​ត្រូវបាន​សង្ស័យថា ស្លាប់​ដោយសារ​ជំងឺ​នេះ ព្រោះ​តែមាន​រោគសញ្ញា​ដូច​ជំងឺ​អេ​បូ​ឡា ប៉ុន្តែ​មិនត្រូវ​បាន​ពិនិត្យ​សំណាក​មុនពេល​ពួកគេ​ស្លាប់។

    លោក Museveni បន្ថែមថា ករណី​ឆ្លង​អេ​បូ​ឡា ចំនួន ១៩ នាក់​ក៏ត្រូវ​បាន​រកឃើញ ក្នុងនោះ​មាន​ទាំង​បុគ្គលិក​សុខាភិបាល ៦ នាក់​ផងដែរ។

    ក៏ប៉ុន្តែ ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា បាន​អះអាងថា នឹង​មិនមាន​ការបិទ​ខ្ទប់​នោះទេ ព្រោះ​យល់ថា ជំងឺ​រាតត្បាត​អេ​បូ​ឡា ងាយ​គ្រប់គ្រង​ជាង កូ​វីដ-១៩។

    ការផ្ទុះ​ឆ្លង​រាលដាល​របស់​រោគរាតត្បាត​អេ​បូ​ឡា នៅ ប្រទេស​អ៊ូ​ហ្ក​ង់​ដា ដែល​ត្រូវបាន​ប្រកាស​កាលពី​សប្ដាហ៍​កន្លង បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​អំពី​វិបត្តិ​សុខាភិបាល​ធ្ងន់ធ្ងរ​នៅ​ប្រទេស​ដែលមាន​ប្រជាជន ៤៥ លាន​នាក់​នេះ។

    បច្ចុប្បន្ន​មិនទាន់មាន​វ៉ាក់សាំង​សម្រាប់​អេ​បូ​ឡា​ប្រភេទ Sudan ដែលជា​វីរុស​បង្កឱ្យមាន​ករណី​ឆ្លង​ថ្មី​បំផុត​នៅ អ៊ូ​ហ្ក​ង់​ដា។

    អេ​បូ​ឡា ភាគច្រើន​ឆ្លងតាម​រយៈ​ការប៉ះពាល់​ជាតិ​ទឹករងៃ​របស់​រាងកាយ​អ្នកជំងឺ។ រោគសញ្ញា​របស់​ជំងឺ​នេះ មានដូចជា អស់កម្លាំង​ខ្លាំង ឈឺ​សាច់ដុំ ឈឺក្បាល និង​ឈឺបំពង់ក ក្អួតចង្អោរ រាក និង​ចេញ​កន្ទួល។

    អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងថា ការឆ្លង​រាលដាល​របស់​វីរុស Ebola-Sudan មាន​កម្រិត​ទាប​ជាង ធៀប​នឹង Ebola-Zaire ជា​វីរុស​ដែល​បានសម្លាប់​មនុស្ស​ជិត ២,៣០០ នាក់ នៅក្នុង​រលក​នៃ​ការផ្ទុះ​ឆ្លង​ចន្លោះ​ពី​ឆ្នាំ ២០១៨ ដល់ ២០២០ នៅ សាធារណរដ្ឋ​កុង​ហ្គោ៕

  • ផ្ទុះ​ឃ្លាំង​គ្រាប់រំសេវ​របស់ រុស្ស៊ី ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន បណ្ដាលឱ្យ​មនុស្ស​ជាង ១០ នាក់​រងរបួស

    ផ្ទុះ​ឃ្លាំង​គ្រាប់រំសេវ​របស់ រុស្ស៊ី ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន បណ្ដាលឱ្យ​មនុស្ស​ជាង ១០ នាក់​រងរបួស

    ឃ្លាំង​អាវុធ​មួយកន្លែង​របស់ រុស្ស៊ី នៅក្នុង​ខេត្ត Belgorod ក្បែរ​ព្រំដែន​ជាមួយ អ៊ុយ​ក្រែ​ន បាន​ផ្ទុះ បណ្ដាលឱ្យ​មនុស្ស ១៤ នាក់​ត្រូវ​រងរបួស ខណៈដែល​មូលហេតុ​ត្រូវបាន​ក្រុមមន្ត្រី​ក្នុង​តំបន់​យល់ថា​គឺជា «កំហុស​របស់​មនុស្ស»។

    «ដោយសារ​កត្តា​មនុស្ស ឃ្លាំង​គ្រាប់រំសេវ​មួយ​បាន​ផ្ទុះ នៅក្នុង​ខណ្ឌ Valuysky» Vyacheslav Gladkov អភិបាលខេត្ត Belgorod នៅ​ភាគ​ខាងលិច​ប្រទេស​រុស្ស៊ី សរសេរ​លើ​បណ្ដាញ​សង្គម Telegram កាលពី​ថ្ងៃទី ២៨ កញ្ញា​ដូច្នេះ។ អភិបាលខេត្ត​ខាងលើ​បន្ថែមថា អ្នក​ដែល​រងរបួស​បានទទួល​ការព្យាបាល ហើយ​កងកម្លាំង​សង្គ្រោះបន្ទាន់​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ។

    ខណ្ឌ Valuysky មាន​ប្រជាជន​ប្រហែល ៣៨ ពាន់​លាន ស្ថិតនៅ​ចម្ងាយ​ពី​ព្រំដែន​អ៊ុយ​ក្រែ​ន ប្រហែល ១៥ គីឡូម៉ែត្រ​ទៅ​ទិស​ខាងជើង។ តំបន់​នេះ​ធ្លា​ប់រង​ការវាយប្រហារ​បន្ទាប់ពី​កងទ័ព​របស់ រុស្ស៊ី ដក​ចេញពី​ខេត្ត Kharkov ភាគ​ឦសាន​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ដើមខែ​នេះ។

    ក្នុង​មួយរយៈ​ពេល​ខ្លី​ចុង​ក្រោយនេះ ឃ្លាំង​អាវុធ​ជាច្រើន​កន្លែង​នៅក្នុង​ខេត្ត Belgorod របស់ រុស្ស៊ី បាន​ផ្ទុះ​ជា​បន្តបន្ទាប់។ អភិបាល​របស់ ខេត្ត Belgorod បានឱ្យដឹងថា ហេតុការណ៍​ភាគច្រើន​កើតឡើង​ដោយសារ​កត្តា​មនុស្ស ឬ​អាកាសធាតុ​ក្ដៅ​ខ្លាំង ប៉ុន្តែ​ក៏បាន​ចោទថា កងទ័ព​អ៊ុយ​ក្រែ​ន បាន​ប្លោង​គ្រាប់​ដាក់​តំបន់​នេះ​ផងដែរ។

    អាជ្ញាធរ​អ៊ុយ​ក្រែ​ន តែងតែ​ចៀសវាង​ការប្រកាស​ថា​នៅ​ពីក្រោយ​ហេតុការណ៍​ផ្ទុះ​ឃ្លាំង​អាវុធ​នៅ រុស្ស៊ី ប៉ុន្តែ ធ្លាប់បាន​ចំអក​ថា ទាហាន​រុស្ស៊ី មានការ​ធ្វេសប្រហែស។ អភិបាលខេត្ត Lugansk របស់ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ១៤ កញ្ញា បាន​ព្រមាន​ថា កងទ័ព​អ៊ុយ​ក្រែ​ន អាច​នឹង​វាយប្រហារ​ចូលក្នុង​ទឹកដី​របស់ រុស្ស៊ី បើសិនជា​ចាំបាច់៕

  • សហរដ្ឋ​អាម៉េរិក ប្រកាស​អំពី​កញ្ចប់​ជំនួយ​ជា​អាវុធ​តម្លៃ​ជាង ១ ពាន់​លាន​ដុល្លារ សម្រាប់ អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក ប្រកាស​អំពី​កញ្ចប់​ជំនួយ​ជា​អាវុធ​តម្លៃ​ជាង ១ ពាន់​លាន​ដុល្លារ សម្រាប់ អ៊ុយ​ក្រែ​ន

    កញ្ចប់​ជំនួយ​ថ្មី​នេះ​រួមមាន ប្រព័ន្ធ​រ៉ុក្កែត​ចល័ត ១៨ គ្រឿង ប្រព័ន្ធ​រ៉ា​ដា រថពាសដែក ១៥០ គ្រឿង និង​យាន​យោធា​យុទ្ធសាស្ត្រ ១៥០ គ្រឿង។ល។

    យោងតាម AFP ថ្ងៃទី ២៨ កញ្ញា សហរដ្ឋ​អាម៉េរិក បានប្រកាស​អំពី​កញ្ចប់​ជំនួយ​ថ្មី ដែល​រួមមាន អាវុធ និង​គ្រឿង​បរិក្ខា​យោធា​តម្លៃ ១.‌១ ពាន់​លាន​ដុល្លារ សម្រាប់ អ៊ុយ​ក្រែ​ន ដើម្បី​ស្ដារ​កម្លាំង​របស់ ទីក្រុង​កៀវ សម្រាប់​រយៈពេល​វែង និង​មធ្យម។

    ប្រកាស​របស់​មន្ទីរ​ប​ញ្ច​កោណ បានឱ្យដឹងថា កញ្ចប់​ជំនួយ​ថ្មី​នេះ​រួមមាន ប្រព័ន្ធ​រ៉ុក្កែត​ចល័ត HIMARS ១៨ គ្រឿង និង​គ្រាប់រំសេវ ប្រព័ន្ធ​រ៉ា​ដា និង​ឧបករណ៍​ប្រឆាំង​យន្តហោះ​គ្មាន​មនុស្ស​បើក រួម​នឹង​រថពាសដែក ១៥០ គ្រឿង និង​យាន​យោធា​យុទ្ធសាស្ត្រ ១៥០ គ្រឿង។ល។

    ជំនួយ​ផ្នែក​យោធា​សរុប​របស់ សហរដ្ឋ​អាម៉េរិក សម្រាប់ អ៊ុយ​ក្រែ​ន គិត​ចាប់ពី​ពេល រុស្ស៊ី ចាប់ផ្ដើម​យុទ្ធនាការ​យោធា​ពិសេស​នៅ​ប្រទេសជិតខាង​មួយ​នេះ​កាលពី​ថ្ងៃទី ២៤ កុម្ភៈ បាន​កើន​ឡើងដល់ ១៦.២ ពាន់​លាន​ដុល្លារ។

    ប្រព័ន្ធ​រ៉ុក្កែត​ចល័ត HIMARS របស់ សហរដ្ឋ​អាម៉េរិក

    Interfax បាន​រាយការណ៍​ថា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អ៊ុយ​ក្រែ​ន Serhiy Marchenko បង្ហើប​ឱ្យដឹងថា ប្រទេស​នេះ​បានទទួល​ជំនួយ​អន្តរជាតិ ៤.៦ ពាន់​លាន​ដុល្លារ​ក្នុង​ខែសីហា ២០២២។ អ៊ុយ​ក្រែ​ន គ្រោង​នឹង​ទទួលបាន​ជំនួយ​តម្លៃ ១.៥ ពាន់​លាន​ដុល្លារ​ពី សហរដ្ឋ​អាម៉េរិក នៅក្នុង​ខែកញ្ញា​នេះ និង​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី សហភាព​អឺរ៉ុប នៅក្នុង​ខែ​នេះ ឬ​ដើមខែ​តុលា​ខាងមុខ​ផងដែរ។

    យោងតាម រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អ៊ុយ​ក្រែ​ន ចាប់តាំងពី​សង្គ្រាម​ផ្ទុះឡើង​កាលពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២ អ៊ុយ​ក្រែ​ន បានទទួល​ជំនួយ​បរទេស​សរុប ១៧ ពាន់​លាន​ដុល្លារ​អាម៉េរិក៕

  • រថយន្ត​ដឹកទំនិញ​​ក្រឡាប់​ ​បណ្ដាល​ឱ្យ​​មនុស្ស​​ជាង​ ៣០ ​នាក់​​បាត់​​បង់​ជីវិត​ នៅ​ កុង​ហ្គោ

    រថយន្ត​ដឹកទំនិញ​​ក្រឡាប់​ ​បណ្ដាល​ឱ្យ​​មនុស្ស​​ជាង​ ៣០ ​នាក់​​បាត់​​បង់​ជីវិត​ នៅ​ កុង​ហ្គោ

    ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើង​នៅ ប្រទេស​កុង​ហ្គោ បណ្ដាលឱ្យ​មនុស្ស ៣៤ នាក់ ក្នុងនោះ​មាន​ក្មេង ១៦ នាក់​បាត់​បង់ជីវិត។

    កាលពី​ថ្ងៃទី ២៨ កញ្ញា អាជ្ញាធរ​ក្នុងស្រុក​បានបញ្ជាក់​ថា មនុស្ស ៣៤ នាក់​ក្នុងនោះ​មាន​ក្មេង​ចំនួន ១៦ នាក់ បាន​ស្លាប់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​មួយ​នៅ​តំបន់​ភាគ​និរតី​របស់ សាធារណរដ្ឋ​កុង​ហ្គោ។

    យោងតាម​ព័ត៌មាន​នៅ អាហ្វ្រិក លោកស្រី Clementine Lupanda ដែលជា​អភិបាល​តំបន់ Lubudi ក្នុង​ខេត្ត Lualaba បានឱ្យដឹងថា ករណី​គ្រោះថ្នាក់​ខាងលើ​កើតឡើង​នៅ​ថ្ងៃទី ២៦ កញ្ញា។

    រថយន្ត​មួយគ្រឿង​ដែល​ដឹកទំនិញ​ផង និង​ដឹក​អ្នកដំណើរ​ផង ធ្វើដំណើរ​ពី​ខេត្ត Kasai-Oriental ឆ្ពោះទៅកាន់​ខេត្ត Lualaba ហើយ​ក៏បាន​ក្រឡាប់​នៅពេល​កំពុង​ផ្លាស់​ទី​លើ​ដងផ្លូវ​ចោត​មួយកន្លែង។

    ក្នុងចំណោម​ជនរងគ្រោះ​ដែល​បាន​ស្លាប់ មាន ៩ នាក់​ជា​បុរស, ៩ នាក់​ជា​ស្ត្រី និង ១៦ នាក់​គឺជា​ក្មេង​មិនទាន់​គ្រប់​អាយុ។ ក្នុងចំណោម​មនុស្ស​ជិត ៦០ នាក់​ដែល​នៅ​រស់រានមានជីវិត មាន ៣៧ នាក់​រងរបួស និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

    មូលហេតុ​ដែលនាំឱ្យ​កើតមាន​ហេតុ​កាណ៍​ដ៏​រន្ធត់​នេះ​ត្រូវបាន​គេ​ជឿថា បណ្ដាលមកពី​រថយន្ត​បើកបរ​ហួស​ល្បឿន​កំណត់​នៅពេល​ឡើង​ទួល និង​អ្នកបើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា៕