Author: សឿន សំណាង

  • រុស្ស៊ី​ បោះ​ឆ្នោត​ប្រឆាំង ខណៈ​ចិន​ បោះ​ឆ្នោត​អនុបវាទ លើ​សេចក្ដី​សម្រេច​ចិត្ត​ថ្កោល​ទោស​ទីក្រុង​មូស្គូ​

    រុស្ស៊ី​ បោះ​ឆ្នោត​ប្រឆាំង ខណៈ​ចិន​ បោះ​ឆ្នោត​អនុបវាទ លើ​សេចក្ដី​សម្រេច​ចិត្ត​ថ្កោល​ទោស​ទីក្រុង​មូស្គូ​

    ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី ៣០ កញ្ញា បាន​ប្រឆាំង​ទៅ​នឹង​សេចក្ដី​សម្រេច​ចិត្ត​របស់​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដែល​លើក​ឡើង​ដោយ​ សហរដ្ឋ​អាម៉េរិក និង​ អាល់បានី​ ក្នុង​តំណង​​ថ្កោល​ទោស​ចំពោះ​ទី​ក្រុង​មូស្គូ ទាក់​ទិន​នឹង​ការ​រឹប​អូស​ទឹក​ដី​ ៤ ខេត្ត​របស់ អ៊ុយក្រែន​។

    មុន​នោះ ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន បាន​ប្រកាស​អំពី​​អធិបតេយ្យ​របស់​ រុស្ស៊ី ចំពោះ​ទឹក​ដី​ ៤ ខេត្ត​ ដែល​ស្មើ​នឹង ១៥% នៃ​ទឹក​ដី​របស់ អ៊ុយក្រែន​។ នេះ​គឺជា​ករណី​រឹប​អូស​ទឹក​ដី​ធំបំផុត​នៅ​ អឺរ៉ុប រាប់ចាប់​ពី​សង្គ្រាម​លោក​លើក​ទី២។ បណ្ដា​ប្រទេស​លោក​ខាងលិច និង​សូម្បី​តែ​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​របស់ រុស្ស៊ី ក៏​បាន​ជំទាស់​ទៅ​នឹង​ទង្វើ​របស់​ ទីក្រុង​មូស្គូ។

    ភ្លាម​នោះ តំណាង​របស់ សហរដ្ឋ​អាម៉េរិក​ នៅ​ អង្គការ​សហប្រជាជាតិ​ បាន​ដាក់​សំណើ​ទៅ​កាន់​ ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​ អង្គការ​សហប្រជាជាតិ​ អំពាវ​នាវ​ឱ្យ​មាន​ការ​ថ្កោល​ទោស​ និង​មិន​ត្រូវ​ទទួល​ស្គាល់​រាល់​ស្ថាន​ភាព​ប្រែប្រួល​នៅ​ អ៊ុយក្រែន ហើយ​បង្ខំ​ឱ្យ​ រុស្ស៊ី ដក​ទ័ព​ចេញពី​ប្រទេស​ជិត​ខាង​នេះ​។

    សមាជិក​ចំនួន ១០ របស់​ ក្រុម​ប្រឹក្សា​សន្តិសុខ​ បាន​បោះ​ឆ្នោត​គាំទ្រ​សេចក្ដី​សម្រេច​ចិត្ត​​ថ្កោល​ទោស​ចំពោះ​ទង្វើ​រឹប​អូស​ទឹក​ដី​​ប្រទេស​ដទៃ​របស់ រុស្ស៊ី​។ ចំណែក ប្រទេស​ចិន ប្រទេស​ហ្កាបុង ឥណ្ឌា និង ប្រេស៊ីល បាន​បោះ​ឆ្នោត​អនុបវាទ​។

    «ពុំ​មាន​ប្រទេស​ណា​មួយ​បោះ​ឆ្នោត​សម្រាប់​ រុស្ស៊ី​។ មិន​មាន​ប្រទេស​ណា​ទាំង​អស់» លោក​ស្រី Linda Thomas-Greenfield តំណាង​របស់ សហរដ្ឋ​អាម៉េរិក​ នៅ​ អង្គការ​សហប្រជាជាតិ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​របស់​ ក្រុម​ប្រឹក្សា​សន្តិសុខ​។ លោក​ស្រីបន្ថែម​ថា បណ្ដា​ប្រទេស​ដែល​បោះ​ឆ្នោត​អនុបវាទ «ពិត​ណាស់​ មិន​មែនជា​ការ​ការ​ពារ​ រុស្ស៊ី​ ឡើយ»​។

    លោក​ស្រី Thomas-Greenfield បញ្ជាក់​ថា លោក​ស្រី​នឹង​ដាក់​សេចក្ដី​សម្រេច​ចិត្ត​​​នេះ​ឡើង​ទៅ​កាន់​សន្និបាត​អង្គការ​សហប្រជាជាតិ​ ដែល​មាន​សមាជិក ១៩៣ ប្រទេស​ ដើម្បី​ថ្កោល​ទោស​ទង្វើ​ថ្មី​បំផុត​របស់ រុស្ស៊ី​៕

  • ក្រុម​ហ៊ុន Dongfeng Motor នាំចេញ​រថយន្ត​អគ្គិសនី​ SUV Voyah ៥០០ គ្រឿង​ ទៅ​កាន់ ន័រវែស

    ក្រុម​ហ៊ុន Dongfeng Motor នាំចេញ​រថយន្ត​អគ្គិសនី​ SUV Voyah ៥០០ គ្រឿង​ ទៅ​កាន់ ន័រវែស

    ន័រវែស​ គឺជា​ទីសំចត​ដំបូង​របស់ Voyah សម្រាប់​ទីផ្សារ​អន្តរជាតិ​ ហើយ​ក្រុមហ៊ុន​ Dongfeng គ្រោង​នឹង​វាយ​លុក​ចូល​ទីផ្សារ​របស់​ប្រទេស​មួយ​ចំនួន​ទៀតនៅ​ តំបន់​អឺរ៉ុប។

    កាលពី​ដើម​សប្ដាហ៍​នេះ​ Dongfeng Motor បាន​ប្រកាស​ថា រថយន្ត​ប្រភេទ SUV អគ្គិសនី​យីហោ Voyah Free ដំបូង​ចំនួន ៥០០ គ្រឿង​ នឹង​ត្រូវ​ដឹក​ទៅ​កាន់​ ប្រទេស​ន័រវែស។ ទំនិញ​ខាងលើ​ត្រូវ​បាន​ដឹក​ពី​រោង​ចក្រ​របស់ Dongfeng Motor នៅ Wuhan ខេត្ត Hebei ប្រទេស​ចិន ដែលជា​ទីស្នាក់​ការ​កណ្ដាល​របស់​ពួក​គេ​​។

    ក្រុមហ៊ុន​នេះ​បាន​ឱ្យ​ដឹង​ថា នឹង​ប្រគល់​ Voyah Free ដល់​ដៃ​អតិថិជន​នៅ ន័រវែស ចាប់​ពី​ចុង​ខែ​វិច្ឆិកា​ខាងមុខ​។

    ន័រវែស​ គឺជា​ទីសំចត​ដំបូង​របស់ Voyah សម្រាប់​ទីផ្សារ​អន្តរជាតិ​ ហើយ​ក្រុមហ៊ុន​ Dongfeng គ្រោង​នឹង​វាយ​លុក​ចូល​ទីផ្សារ​របស់​ប្រទេស​មួយ​ចំនួន​ទៀត មាន​ដូច​ជា ស៊ុយអែត ហូឡង់ ដាណឺម៉ាក ជា​ដើម ដោយ​ចាប់​ផ្ដើម​ពី​ឆ្នាំ​ក្រោយ​។

    Dongfeng Motor បាន​ប្រកាស​បញ្ចេញ​រថយន្ត​ម៉ាក Voyah និង Voyah FREE កាលពី​ចុង​ឆ្នាំ​ ២០២០ ដើម្បី​អនុវត្ត​មហិច្ឆតា​វាយ​លុក​ទីផ្សារ​​រថយន្ត​អគ្គិសនី​លើ​ពិភពលោក​។ Voyah FREE បច្ចុប្បន្ន​មាន​តម្លៃ​ចាប់ពី ៣១៣,៦០០ យុន (៤៣,៧៦០ ដុល្លារ​អាម៉េរិក) ដល់ ៣៩៣,៦០០ យុន​ នៅ​ ប្រទេស​ចិន​។

    Voyah Space ដែល​ជា​ហាង​ដំបូង​របស់ Voyah ដែល​នៅ​ខាង​ក្រៅ​ ប្រទេស​ចិន​។ ហាង​នេះ​ត្រូវ​បាន​បើក​ដំណើរ​ការ​នៅ ន័រវែស តាំង​ពី​ខែ​មិថុនា ២០២២​៕

  • សហរដ្ឋ​អាម៉េរិក​ ថា មិន​ទាន់​ដល់​ពេល​ត្រូវ​បញ្ចូល​ អ៊ុយក្រែន​ ជា​សមាជិក​ណាតូ

    សហរដ្ឋ​អាម៉េរិក​ ថា មិន​ទាន់​ដល់​ពេល​ត្រូវ​បញ្ចូល​ អ៊ុយក្រែន​ ជា​សមាជិក​ណាតូ

    សហរដ្ឋ​អាម៉េរិក យល់​ថា ការ​ប្រឹង​ប្រែង​ចូល​ជា​សមាជិក​ណាតូ (NATO) របស់ អ៊ុយក្រែន គួរ​តែ​ធ្វើ​នៅ​ពេល​ផ្សេង បន្ទាប់​ពី​លោក ហ្សេឡែនស្គី ចុះ​ហត្ថលេខា​លើ​ពាក្យ​ស្នើ​សុំ​ចូល​ជា​សមាជិក​របស់​សម្ព័ន្ធ​មិត្ត​យោធា​នេះ​។

    «តាម​ការ​យល់​ឃើញ​របស់​យើង​ វិធី​ល្អ​បំផុត​នា​បច្ចុប្បន្ន​ដើម្បី​គាំទ្រ​ អ៊ុយក្រែន នោះ​គឺ​ការ​ផ្ដល់​ជំនួយ​ជាក់​ស្ដែង​ នៅ​លើ​ភូមិ​សាស្ត្រ​ជាក់​ស្ដែង​។ ដំណើរ​ការ​នៃ​ការ​ចូល​ជា​សមាជិក​ណាតូ គួរ​តែ​ត្រូវ​បាន​អនុវត្ត​នៅ​ពេល​ផ្សេង» ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក Jake Sullivan ថ្លែង​កាល​ពី​ថ្ងៃទី ៣០ កញ្ញា​ដូច្នេះ​។

    ប្រកាស​នេះ​ត្រូវ​បាន​លោក Sullivan លើក​ឡើង​បន្ទាប់​ពី​ ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡែនស្គី បាន​ចុះ​ហត្ថលេខា​លើ​ពាក្យ​ស្នើ​សុំ​ចូល​ជាសមាជិក​ណាតូ និង​ស្នើ​ឱ្យ​សម្ព័ន្ធ​យោធា​នេះ​ប្រញាប់​ទទួល​យក​ អ៊ុយក្រែន​។ ការ​សម្រេច​ចិត្ត​របស់ អ៊ុយក្រែន ត្រូវ​បាន​គេ​ជឿ​ថា ជា​ការ​ប្រតិកម្ម​ខ្លាំង​ក្លា​បំផុត​​របស់​ ទីក្រុង​កៀវ ចំពោះ​ទង្វើ​រឹប​អូស​ទឹក​ដី​ ៤ ខេត្តគឺ Donetsk, Lugansk, Zaporizhzhia និង Kherson ​របស់ អ៊ុយក្រែន ពី​សំណាក់​លោក ពូទីន​។

    យោង​តាម​ច្បាប់​របស់ ណាតូ បើសិន​សំណើ​របស់​​ អ៊ុយក្រែន ត្រូវ​បាន​យល់​ព្រម នោះ​មាន​ន័យ​ថា ណាតូ នឹង​ត្រូវ​បាន​អូស​ឱ្យ​ចូល​ក្នុង​សង្គ្រាម​ដោយស្វ័យ​ប្រវត្ត និង​ប្រឈម​មុខ​ដោយ​​ផ្ទាល់​​ជាមួយ​ រុស្ស៊ី ហើយ​សង្គ្រាម​នេះ​នឹង​កាន់​តែ​ធំឡើង​ៗ​ ដែល​អាច​នាំ​ទៅ​រក​សង្គ្រាម​លោក​លើក​ទី ៣៕

  • អ៊ុយក្រែន​ ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​​សម្ព័ន្ធមិត្ត​យោធា​ណាតូ

    អ៊ុយក្រែន​ ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​​សម្ព័ន្ធមិត្ត​យោធា​ណាតូ

    ប្រធានាធិបតីអ៊ុយក្រែន​ លោក ហ្សេឡែនស្គី បាន​ចុះ​ហត្ថលេខា​លើ​ពាក្យ​ស្នើ​សុំ​ចូល​ជា​សមាជិក​ណាតូ (NATO) និង​​ស្នើ​​​ឱ្យ​សម្ព័ន្ធ​យោធា​នេះ​ប្រញាប់​ទទួល​យក​ អ៊ុយក្រែន​ បន្ទាប់​ពី​ រុស្ស៊ី រឹប​អូស​ទឹក​ដី​ ៤ ខេត្ត​ទៀត​របស់​ប្រទេស​នេះ​។

    «យើង​បាន​បង្ហាញ​អំពី​សមត្ថភាព​របស់​យើង​ចំពោះ​ស្ដង់ដារ​របស់​សម្ព័ន្ធ​មិត្ត​។ យើង​អនុវត្ត​ជំហាន​ដែល​មាន​លក្ខណៈ​ប្ដូរ​ផ្ដាច់​ដោយ​ការ​ចុះ​ហត្ថលេខា​សុំ​ចូល​ជា​សមាជិក​ណាតូ​ ជា​បន្ទាន់» ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី កាលពី​ថ្ងៃទី ៣០ កញ្ញា បាន​ឱ្យ​ដឹង​ដូច្នេះ​។

    ប្រកាស​នេះ​ត្រូវ​បាន ​ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡែនស្គី លើក​ឡើង​បន្ទាប់​ពី​ ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន ប្រកាស​ច្របាច់​បញ្ចូល​ទឹក​ដី​ ៤ ខេត្ត​ គឺ Donetsk, Lugansk, Zaporizhzhia និង Kherson របស់ អ៊ុយក្រែន ទៅ​ក្នុង​ ប្រទេស​រុស្ស៊ី​។

    ក្រោយ​ពី​បាន​ចុះ​ហត្ថលេខា​ទទួល​យក​ទឹក​ដី​ ៤ ខេត្ត​នេះ លោក ពូទីន ក៏​បាន​ជំរុញ​ឱ្យ​ អ៊ុយក្រែន បញ្ឈប់​សកម្មភាព​យោធា និង​ត្រលាប់​ចូល​តុ​ចរចា។

    ប៉ុន្តែ លោក ហ្សេឡែនស្គី បាន​បដិសេធ​រាល់​ការ​ចរចា​ជាមួយ​លោក ពូទីន​។ «អ៊ុយក្រែន នឹង​មិន​ចរចា​​អ្វី​ទាំង​អស់ នៅ​ពេល​លោក ពូទីន នៅ​ជា​ប្រធានាធិបតី​របស់ សហព័ន្ធ​រុស្ស៊ី​។ យើង​នឹង​ចរចា​ជាមួយ​ប្រធានាធិបតី​ថ្មី» លោក ហ្សឡែនស្គី បញ្ជាក់​ដូច្នេះ​។

    ភាគី​រុស្ស៊ី មិន​ទាន់​មាន​ប្រតិកម្ម​ទៅ​នឹង​ប្រកាស​របស់​ ប្រធានាធិបតី​អ៊ុយក្រែន​ នៅ​ឡើយ​។ អគ្គលេខាធិការ​នៃ​ អង្គការ​ណាតូ លោក Jens Stoltenberg បាន​ឱ្យ​ដឹង​ថា ការ​សម្រេច​ទទួល​យក​ អ៊ុយក្រែន​ ជា​សមាជិក​ នឹង​ត្រូវ​ការ​ការ​យល់​ព្រម​ពី​សមាជិក​ទាំង​អស់​នៅ​ក្នុង​សម្ព័ន្ធ​មិត្ត​យោធា​នេះ​៕

  • ក្រុម​ហ៊ុន CATL សង់រោងចក្រ​ផលិត​ថ្ម​ផ្ទុកថាមពល​អគ្គិសនី ដើម្បី​ត្រៀម​សម្រាប់​យុគសម័យ TWh និង​តាម​តម្រូវ​ការ​ទីផ្សារ​រថយន្ត​អគ្គិសនី

    ក្រុម​ហ៊ុន CATL សង់រោងចក្រ​ផលិត​ថ្ម​ផ្ទុកថាមពល​អគ្គិសនី ដើម្បី​ត្រៀម​សម្រាប់​យុគសម័យ TWh និង​តាម​តម្រូវ​ការ​ទីផ្សារ​រថយន្ត​អគ្គិសនី

    ក្រុមហ៊ុន CATL មាន​គម្រោង​សាងសង់​រោង​ចក្រ​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​ថ្មី​នៅ​ទីក្រុង Luoyang នៃ​ខេត្ត Henan ប្រទេស​ចិន ដើម្បី​ត្រៀម​ទទួល​យក​ «យុគសម័យ TWh (terawatt hour/តេរ៉ាវ៉ាត់​ម៉ោង) ដែល​នឹង​មក​ដល់​នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។

    គម្រោង​របស់ CATL (Contemporary Amperex Technology) ដែល​នឹង​មាន​​ទុន​វិនិយោគ​ឡើងដល់ ១.៩ ពាន់​លានដុល្លារ​អាម៉េរិក​នេះ ធ្វើ​ឡើង​​ក្នុងបំណង​ជំរុញ​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ និងការ​​ផ្គត់ផ្គង់​តាម​តម្រូវ​ការ​ទីផ្សារយាន​យន្ត​អគ្គិសនី​ ដែល​កំពុងកើន​ឡើង​យ៉ាង​ឆាប់​រហ័ស​។

    រោង​ចក្រ​នេះ​គ្រោង​នឹង​សាងសង់​រួច​រាល់​ដោយ​ប្រើពេល ៣៦ ខែ រាប់ចាប់​ពី​ថ្ងៃ​បើក​ការដ្ឋាន​។ គម្រោង​នេះ គ្រោង​នឹង​អនុវត្ត​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ ១១២ ហិកតា​ នៅ​ក្នុង​​ទីក្រុង Luoyang នៃ​ខេត្ត Henan ប្រទេស​ចិន។

    យោង​តាម​ព័ត៌មានដែល​ត្រូវ​បាន​ប្រកាស​នៅ​លើ​គេហទំព័រ​ក្រុម​ហ៊ុន បច្ចុប្បន្ន CATL មាន​រោង​ចក្រ​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​សរុប​ចំនួន ១០ កន្លែង​ នៅ​ពាស​ពេញ​ពិភពលោក​។

    ក្រុម​ហ៊ុន​ចិន CATL នេះ គឺជា​អ្នក​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​ធំជាង​គេ​បង្អស់​នៅ​ ប្រទេសចិន ក្នុង​នោះ​​មាន​ ១២.៩៩ GWh ត្រូវ​បាន​ដំឡើង​ក្នុង​ខែ​សីហា ២០២២​ និង​កំពុង​កាន់​កាប់​ចំណែក​ទីផ្សារ​ ៤៦.៧៩%​។ យោង​តាម SNE Research ក្រុម​ហ៊ុន CATL ក៏នាំ​មុខ​គេ​ក្នុង​ទីផ្សារ​ថ្មផ្ទុក​ថាមពល​អគ្គិសនី​ទូទាំង​ពិភពលោក​ ដោយ​កាន់កាប់​ចំណែក​ទីផ្សារ​ ៣៣.៥% ក្នុង​ខែ​កក្កដា ២០២២​៕

  • ​សហរដ្ឋ​អាម៉េរិក បង្កើត​បញ្ជាការដ្ឋាន​ផ្គត់ផ្គង់​អាវុធ​ដល់ អ៊ុយក្រែន ដើម្បី​ត្រៀម​សម្រាប់​សង្គ្រាម​យូរ​អង្វែង

    ​សហរដ្ឋ​អាម៉េរិក បង្កើត​បញ្ជាការដ្ឋាន​ផ្គត់ផ្គង់​អាវុធ​ដល់ អ៊ុយក្រែន ដើម្បី​ត្រៀម​សម្រាប់​សង្គ្រាម​យូរ​អង្វែង

    មន្ទីរបញ្ចកោណ​ កំពុង​តែ​រៀប​ចំ​បង្កើត​បញ្ជាការដ្ឋាន​យោធា​ទទួលបន្ទុក​តំបន់​អ៊ុយក្រែន ក្នុង​បំណង​គ្រប់​គ្រង​ការ​ហ្វឹក​ហាត់ និង​ផ្គត់ផ្គង់​អាវុធ​ដល់ ទីក្រុង​កៀវ​ ដើម្បី​ទប់ទល់​នឹង​ រុស្ស៊ី​។

    មន្ត្រី​ពីររូប​របស់ សហរដ្ឋ​អាម៉េរិក សុំ​មិន​បញ្ចេញ​ឈ្មោះ​ កាលពី​ថ្ងៃទី ២៩ កញ្ញា​បាន​ឱ្យ​ដឹង​ថា ទីបញ្ជាការ​ដែល​​ទទួល​ខុស​ត្រូវ​ក្នុងការ​ជួយ​គាំទ្រ​ផ្នែក​យោធា​ដល់ អ៊ុយក្រែន​ នេះ នឹង​មាន​មូលដ្ឋាន​នៅ​ Wiesbaden ប្រទេស​អាល្លឺម៉ង់ ក្រោម​ការ​គ្រប់គ្រង​របស់​ឧត្តម​សេនីយ៍ Christopher Cavoli មេបញ្ជា​ការ​នៃ​បញ្ជាការដ្ឋាន​កងទ័ព​អាម៉េរិក នៅ អឺរ៉ុប (EUCOM)។

    ពេល​វេលា​នៃ​ការ​បង្កើត​ទីបញ្ជាការ​នេះ​មិន​ទាន់​ត្រូវ​បាន​បង្ហើប​ឱ្យដឹង​នៅ​ឡើយ ប៉ុន្តែ វា​នឹង​ត្រូវ​បាន​ដឹក​នាំ​ដោយ​ឧត្តមសេនីយ៍​ផ្កាយ​ ៣ មួយ​រូប​ និង​មាន​ទាហាន​ប្រមាណ ៣០០ នាក់​។ នេះ​គឹជា​សញ្ញា​មួយ​បង្ហាញ​ថា សហរដ្ឋ​អាម៉េរិក កំពុងតែ​ត្រៀម​សម្រាប់​សេណារីយ៉ូ​សង្គ្រាម​នៅ អ៊ុយក្រែន​ អូស​បន្លាយ​ពេល​ច្រើន​ឆ្នាំ​ទៅ​មុខ​។

    បញ្ជាការដ្ឋាន​ខាងលើ​ត្រូវបាន​គេ​រំពឹង​ថា នឹង​កែលំអ​ដំណើរ​ការ​ផ្គត់ផ្គង់​អាវុធ និង​ការ​ហ្វឹក​ហ្វឺន​សម្រាប់​ទាហាន​របស់ អ៊ុយក្រែន ដែល​កន្លង​មក​ត្រូវបាន​ធ្វើឡើង​ដោយ​ភាព​ប្រញាប់​ប្រញាល់ បន្ទាប់​ពី​ រុស្ស៊ី បើក​ការ​ឈ្លាន​ពាន​នៅ​ប្រទេស​ជិត​ខាង​។

  • ផែនទីអេឡិច​ត្រូនិច​ (Google Map) សម្រាប់​រក​ទីតាំង​ច្រក​ចេញ​-ចូល​ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

    ផែនទីអេឡិច​ត្រូនិច​ (Google Map) សម្រាប់​រក​ទីតាំង​ច្រក​ចេញ​-ចូល​ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

    ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែល​នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ ខាង​មុខ​នេះ មាន​ច្រកចេញ​-ចូល​ ចំនួន ៨ កន្លែង។

    ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បង្ហាញ​​ទីតាំង​​តាម​រយៈ​តំណ​ភ្ជាប់​ផែនទី​ Google Map ដែល​​ប្រាប់​​អំពី​ច្រកចេញ​-ចូល​ទាំង​នោះ​ដូច​ខាង​ក្រោម​ ៖

    ១- ភ្នំពេញ ផ្លូវកប់ស្រូវ (គ.ម 3): https://maps.app.goo.gl/GEjwTC9bxG1Nnf7U6?g_st=it
    ២- កំពង់ស្ពឺខាងកើត (គ.ម 26): https://maps.app.goo.gl/hkVAo6wHgtyAVMTw6?g_st=it
    ៣- កំពង់ស្ពឺខាងលិច (គ.ម 43): https://maps.app.goo.gl/7wkmuctNm277bmwL8?g_st=it
    ៤- ត្រែងត្រយឹង (គ.ម 76): https://maps.app.goo.gl/dCMLrP2e7HTKxQrk8?g_st=it
    ៥- កំពង់សិលា (គ.ម 114): https://maps.app.goo.gl/EQc2N1p3fMbdpmxo8?g_st=it
    ៦- ស្រែអំបិល (គ.ម 135): https://maps.app.goo.gl/91UDqjrSvBcSzwmv6?g_st=it
    ៧- ស្ទឹងហាវ (គ.ម 172): https://maps.app.goo.gl/b2ZXe1eQt8q3gDRy8?g_st=it
    ៨- ក្រុងព្រះសីហនុ (គ.ម 182): https://maps.app.goo.gl/MRdX3368qDfDcfZV7?g_st=it
  • ប្រទេស​ចិន​ និង​ ​សហរដ្ឋ​​អាម៉េរិក​ គឺ​ជា​​ដៃ​គូ​ពាណិជ្ជ​កម្ម​​សំខាន់​​ជាង​​គេ​​របស់ ​អាស៊ាន

    ប្រទេស​ចិន​ និង​ ​សហរដ្ឋ​​អាម៉េរិក​ គឺ​ជា​​ដៃ​គូ​ពាណិជ្ជ​កម្ម​​សំខាន់​​ជាង​​គេ​​របស់ ​អាស៊ាន

    ប្រទេស​ចិន ឈរ​លំដាប់​លេខ​ ១ នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់ស្ដីពី​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​​របស់​​ សមាគម​ប្រជាជាតិ​អាស៊ី​​អាគ្នេយ៍ (អាស៊ាន) នៃ​ព្រឹត្តិបត្រ​ពាណិជ្ជកម្ម​លេខ ០៣ វ៉ុល​ទី ០២ ខែ​កញ្ញា ឆ្នាំ​ ២០២២ ចេញ​ផ្សាយ​ដោយ​ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ នៅ​ថ្ងៃទី ៣០ កញ្ញា ២០២២។

    ​នៅក្នុង​ព្រឹត្តិបត្រ​ពាណិជ្ជកម្ម​នេះ ក្រសួង​បាន​ឱ្យ​ដឹង​ថា អាស៊ាន គឺជា​ខឿន​សេដ្ឋកិច្ច​ធំ​ទី ៥ ក្នុង​ពិភពលោក​​ក្នុង​ឆ្នាំ​ ២០២១​ ហើយ​ ប្រទេស​ចិន​ គឺជា​ដៃគូពាណិជ្ជកម្ម​សំខាន់​ជាង​គេ​របស់ អាស៊ាន ដោយ​ទំហំ​ពាណិជ្ជកម្មទ្វេភាគី​​ឡើង​ដល់​ ៧៣២.៩៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​ស្មើ​នឹង​ ២១.៣៨% ធៀប​នឹង​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ អាស៊ាន និង​ពិភពលោក​។

    ឈរ​លំដាប់​ទី ២ គឺ​ សហរដ្ឋ​អាម៉េរិក ដោយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ អាស៊ាន​ ឡើង​ដល់​ ៣៧៣.៧៨ ពាន់​លាន​ដុល្លារ​ ស្មើ​នឹង ១០.៩០%។ សហភាព​អឺរ៉ុប ឈរ​លំដាប់​ទី ៣ (២៨២.០១ ពាន់​លាន​ដុល្លារ​អាម៉េរិក ស្មើ​នឹង ៨.២៣%), ជប៉ុន (២៣៨.៩០ ពាន់​លាន​ដុល្លារ​ ស្មើ​នឹង ៦.៩៧%), កូរ៉េខាងត្បូង (១៩១.២៥ ពាន់​លាន​ដុល្លារ​ ស្មើ​នឹង ៥.៥៨%)។ ទំហំ​ពាណិជ្ជកម្ម​រវាង​ អាស៊ាន និង​បណ្ដា​ប្រទេស​ក្រៅ​ពី​ប្រទេស​ទាំង​ឡាយ​ខាង​លើ​គឺ​មាន​ប្រមាណ​ជិត ៤៧% ធៀប​នឹង​ទំហំ​ពាណិជ្ជកម្ម​សរុប​​រវាង​ អាស៊ាន និង​ពិភពលោក​។

    ក្រៅពី​នេះ ព្រឹត្តិបត្រ​ខាងលើ​ក៏​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន អាស៊ាន​ មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ចំនួន​ ០៦ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​រួច​រាល់ ជាមួយ​នឹង​បណ្ដា​ប្រទេស​ និង​ដែន​ដី​មួយចំនួន​ រួម​មាន អាស៊ាន-ចិន, អាស៊ាន-ឥណ្ឌា​, អាស៊ាន-សាធារណរដ្ឋកូរ៉េ, អាស៊ាន​-ជប៉ុន​, អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់​, អាស៊ាន-ហុងកុង រួម​នឹង​កិច្ច​ព្រម​ព្រៀង​មួយចំនួន​ផ្សេង​ទៀត​ដែល​កំពុងស្ថិត​ក្នុងការ​ចរចា​ ក៏ដូចជាកិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​​ជាមួយបណ្ដា​ប្រទេស​ផងដែរ​។

  • យន្តហោះ​ដំណើរ​ការ​ដោយ​ថាមពល​នុយក្លេអែរ «ហោះ​ពី ញូវយ៉ក ទៅ​​ សិង្ហបុរី» ចំណាយ​ពេល​តែ​ជាង​ ៣ ម៉ោង​ប៉ុណ្ណោះ

    យន្តហោះ​ដំណើរ​ការ​ដោយ​ថាមពល​នុយក្លេអែរ «ហោះ​ពី ញូវយ៉ក ទៅ​​ សិង្ហបុរី» ចំណាយ​ពេល​តែ​ជាង​ ៣ ម៉ោង​ប៉ុណ្ណោះ

    អ្នករចនាម៉ូដ​​​ជនជាតិ​អេស្ប៉ាញ បាន​បង្ហាញ​គំនិត (concept) ស្ដីពីយន្តហោះ​ល្បឿន​មហា​លឿន​ គឺ​លឿន​ជាង​ទ្វេដង ធៀប​នឹង​កំពូល​យន្តហោះ Concorde និង​អាច​ដឹក​អ្នកដំណើរ​បាន​ ១៧០ នាក់​។

    ការ​ហោះ​ហើរ​ពី​ ក្រុង​ឡុងដ៍​ របស់ អង់គ្លេស ទៅ​កាន់ ញូវយ៉ក របស់ សហរដ្ឋ​អាម៉េរិក ដោយ​ចំណាយ​ពេល​តែ ៨០ នាទី អាច​ក្លាយ​ជា​ការ​ពិតនាពេល​អនាគត​ ដោយ​ប្រើប្រាស់ Hyper Sting ដែល​ជា​គំនិត​ស្ដីពី​យន្តហោះ​ល្បឿន​មហា​លឿន​ ដំណើរ​ការ​ដោយ​ថាមពល​នុយក្លេអែរ​ នេះ​បើ​តាម​សារព័ត៌មាន Sun ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ២៩ កញ្ញា​។

    Hyper Sting គឺជា​គំនិត​របស់​អ្នក​រចនា​ជនជាតិ​អេស្ប៉ាញ Oscar Vinals។ លោក Oscar ឱ្យ​ដឹង​ថា យន្តហោះ​នេះ​អាច​ហោះ​ក្នុង​ល្បឿន​ធម្មតា​ប្រហែល ៤ ពាន់​គីឡូម៉ែត្រ​ក្នុង​ ១ ម៉ោង​ និង​ល្បឿន​អតិបរមា​ ៤,២៨៧ គីឡូម៉ែត្រ​/ម៉ោង​ លឿន​ជាង​ ៣ ដង​ធៀប​នឹង​ល្បឿន​របស់សំឡេង​ និង​លឿន​ជាង​ទ្វេដង​ធៀប​នឹង​កំពូល​យន្តហោះ​ Concorde របស់ អង់គ្លេស និង​បារាំង​។

    Hyper Sting មាន​រូបរាង​ធំជាង​ឆ្ងាយ​ធៀប​នឹង Concorde និង​អាច​ដឹក​អ្នក​ដំណើរ​បាន ១៧០ នាក់​។ យន្តហោះ​ក្នុង​ក្ដី​ស្រមៃ​នេះមាន​បណ្ដោយ​ដងខ្លួនប្រវែង ១០០ ម៉ែត្រ និង​ស្លាប​ប្រវែង ៥២​ ម៉ែត្រ​។ យន្តហោះ​នេះ​មាន​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអែរ​មួយគ្រឿង​ ជា​ប្រភព​ថាមពល​​សម្រាប់​ម៉ាស៊ីន​ជំនាន់​ថ្មី​ចំនួន ៦ របស់វា​។

    លោក Oscar Vinals និយាយ​ថា Hyper Sting គឺជា​គំនិត​ថ្មី​សម្រាប់​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​នា​ពេល​អនាគត។

    ជើងហោះ​ហើរ​ពាណិជ្ជកម្ម​ដែល​វែង​បំផុត​ក្នុង​ពិភពលោក​នា​បច្ចុប្បន្នគឺ ១៥,៣៤៨ គីឡូម៉ែត្រ ពី ញូវយ៉ក ទៅ​កាន់​ សិង្ហបុរី ដោយ​ចំណាយ​ពេលប្រហែល ១៩ ម៉ោង​ ប៉ុន្តែ Hyper Sting អាច​ហោះ​បាន​ចម្ងាយ​​នេះ​ដោយ​ប្រើ​ពេល​តែ​ ៣ ម៉ោង​ និង​ ៤០ នាទី​ប៉ុណ្ណោះ៕

  • ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មាន​ទីតាំង​ឈប់​សម្រាក​ចំនួន ៤ កន្លែង ដែល​អ្នក​បើកបរ​គួរ​តែ​ដឹង​ច្បាស់

    ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មាន​ទីតាំង​ឈប់​សម្រាក​ចំនួន ៤ កន្លែង ដែល​អ្នក​បើកបរ​គួរ​តែ​ដឹង​ច្បាស់

    ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ ដូច្នេះ ដើម្បី​អ្នក​បើកបរ​គួរ​តែ​ដឹង​ច្បាស់​អំពី​ «ទីតាំង​ឈប់​សម្រាក» នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ​។

    “ទីតាំង​សម្រាប់​ឈប់សម្រាក និងផ្តល់សេវាកម្ម” នៅ​តាម​បណ្ដោយ​ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មាន​ ៤ កន្លែង ក្នុង​នោះមាន ២ កន្លែង​នៅ ខេត្ត​កំពង់​ស្ពឺ និង ២ កន្លែង​នៅ​ ខេត្ត​ព្រះសីហនុ។

    កន្លែងឈប់សម្រាក និងផ្តល់សេវាកម្មទាំង​នេះ​សុទ្ធតែ​មានចំណតយានយន្ត ស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ។

    ទីតាំងទាំង ៤ កន្លែង​នេះ រួមមាន៖ ទីតាំងកំពង់ស្ពឺ (គ.ម 40), ទីតាំងកំពង់ស្ពឺខាងលិច (គ.ម 63), ទីតាំងកំពង់សិលា ខេត្ត​ព្រះសីហនុ​ (គ.ម 109) និង ទីតាំងព្រៃនប់ខាងលិច ខេត្ត​ព្រះសីហនុ (គ.ម 156)។

    កន្លែងឈប់សម្រាក និងផ្តល់សេវាកម្ម នៅតាមបណ្ដោយផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ

    គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ មាន​ប្រវែង​សរុប​ជាង ១៩០ គីឡូម៉ែត្រ ក្នុងនោះ​វា​មាន​ទទឹង​តួ​ផ្លូវ ២៤.៥ ម៉ែត្រ និង​ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០ សង់ទីម៉ែត្រ។ គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​ចែកជា ៤ គន្លង (២ គន្លង​ទៅ ២គន្លង​មក)។ ផ្លូវ​នេះ​អនុញ្ញាតឱ្យ​យានយន្ត​គ្រប់​ប្រភេទ អាច​បើកបរ​ក្នុង​ល្បឿន​រហូតដល់ ១០០ គីឡូម៉ែត្រ/ម៉ោង និង​កន្លែង​ខ្លះ​អាច​បើកបរ ក្នុង​ល្បឿន​ដល់ ១២០ គីឡូម៉ែត្រ/ម៉ោង។

    ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ មាន​ស្ពាន​តូច​ចំនួន ៥ កន្លែង, ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន ៨០ កន្លែង។ ផ្លូវ​នេះ​ក៏មាន​ស្ពាន​រំលង​ផ្លូវ​ចំនួន ២០ កន្លែង, ចំណត​ឈប់សម្រាក​ចំនួន ៣ កន្លែង, ចំណតរថយន្ត​ចំនួន ១កន្លែង, មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ផ្លូវ​ចំនួន ៤ កន្លែង និង​បញ្ជរ​បង់ប្រាក់​ចំនួន ៩ កន្លែង៕