Author: សឿន សំណាង

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ០៣ ខែ​​តុលា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ០៣ ខែ​​តុលា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០៨ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ០២ ខែ​តុលា​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ០២ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតត្រឹមព្រឹក ថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២២ កម្ពុជា មាន​ អ្នក​ឆ្លងសរុប ៖ ១៣៧,៨៩៣ នាក់, អ្នកជាសះស្បើយសរុប​ ៖ ១៣៤,៧៥៩ នាក់ និង​​អ្នកស្លាប់​សរុប​ ៖ ៣,០៥៦ នាក់។

  • មហា​ទ្វីប​បន្ទាប់​របស់​ផែនដី​នឹង​បង្ហាញ​ខ្លួន​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វ៊ិក

    មហា​ទ្វីប​បន្ទាប់​របស់​ផែនដី​នឹង​បង្ហាញ​ខ្លួន​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វ៊ិក

    លទ្ធផល​នៃការ​សិក្សា​ស្រាវ​ជ្រាវ​របស់សាកល​វិទ្យា​ល័យ​ Curtin បាន​បង្ហាញ​ថា មហា​ទ្វីប​បន្ទាប់​នៅ​លើ​ផែនដី​គឺ Amasia នឹង​កកើត​ឡើង​នៅ​ពេល​មហា​សមុទ្រ​ប៉ាស៊ីហ្វ៊ិក​​រួម​តូច​ នៅ​ក្នុង​រយៈ​ពេល​ចាប់​ពី ២០០ ទៅ ៣០០ លាន​ឆ្នាំ​ទៀត​។

    នៅក្នុង​អត្ថបទ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទិ ២៨ កញ្ញា នៅ​លើ​ទស្សនាវដ្ដី Science Review ក្រុម​អ្នកស្រាវជ្រាវ​ប្រើប្រាស់​កុំព្យូទ័រ​ដើម្បីធ្វើ​​​ការ​​​បង្ហាញត្រាប់ (simulation) នូវ​ដំណើរ​ការ​មហាទ្វីប​ថ្មី​​កកើត​ និង​បាន​រក​ឃើញ​ថា ដោយ​សារ​តែ​ផែនដី​ចុះ​ត្រជាក់​ក្នុង​រយៈ​ពេល​រាប់​ពាន់​លាន​ឆ្នាំ​ ភាព​ក្រាស់​ និង​ភាព​រឹង​មាំ​របស់​ស្រទាប់តិចតូនិច (Tectonic Plate) ដែល​នៅ​ខាងក្រោម​មហា​សមុទ្រ​ប៉ាស៊ីហ្វ្រិក​ ថយ​ចុះ​ទៅ​តាម​ពេល​វេលា​។ ជា​លទ្ធផល​គឺ​ថា មហា​ទ្វីប​បន្ទាប់​ ពិបាក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជុំវិញ​បណ្ដា​មហា​សមុទ្រ​វ័យ​ក្មេង​ដូចជា អាត្លង់ទិច ឬ​មហា​សមុទ្រ​ឥណ្ឌា​។​

    អ្នកវិទ្យា​សាស្ត្រ​របស់​សាកល​វិទ្យា​ល័យ​ Curtin បាន​ឱ្យ​ដឹង​ថា របក​គំហើញ​ថ្មី​នេះ​បង្ហើប​ឱ្យ​ដឹង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ផែនដី​ក្នុង​រយៈ​ពេល ២០០ ឆ្នាំ​ខាងមុខ​។ អ្នកវិទ្យា​សាស្ត្រ​របស់ Curtin យល់​ថា ក្នុងរយៈ​ពេល ២ ពាន់​លាន​ឆ្នាំ​កន្លង បណ្ដា​ទ្វីប​នៅ​លើ​ផែនដី បាន​ប៉ះទង្គិច​នឹង​គ្នា​ ហើយ​រៀង​រាល់​ ៦០០ លាន​​ឆ្នាំ​ម្ដង នឹង​មានមហា​​ទ្វីប​ថ្មី​មួយ​កើត​ឡើង​ ដែល​ហៅ​ថា វដ្ដ​នៃ​មហា​ទ្វីប​។ ដូច្នេះ បណ្ដា​ទ្វីប​បច្ចុប្បន្ន​ជិត​​ប្រមូល​ផ្ដុំ​គ្នា​ម្ដង​ទៀត​នៅ​ក្នុង​រយៈ​ពេល ២០០ លាន​ឆ្នាំ​ខាង​មុខ​។

    មហា​ទ្វីប​ថ្មី Amasia

    មហា​ទ្វីប​ថ្មី​នេះ​នឹង​ត្រូវ​បាន​ដាក់ឈ្មោះ​ថា Amasia ដោយ​សារ​តែ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​រួម​តូច​ នៅពេល​ទ្វីប​អាម៉េរិក​ ប៉ះទង្គិច​ជាមួយ​ទ្វីប​អាស៊ី​។ អូស្ត្រាលី​ ត្រូវ​បាន​ព្យាករ​ថា​នឹង​​ចូល​រួម​ចំណែក​ក្នុង​ដំណើរ​ការ​កកើត​មហា​ទ្វីប​ថ្មី​នេះ​។ ដំបូង​ ទ្វីប​អូស្ត្រាលី នឹង​​ប៉ះជាមួយ​ទ្វីប​អាស៊ី ហើយ​ភ្ជាប់​ទ្វីប​អាម៉េរិក​ ជាមួយ​នឹង​ ទ្វីប​អាស៊ី​។

    អ្នកវិទ្យាសាស្ត្រ​របស់សាកល​វិទ្យា​ល័យ​ Curtin និយាយ​ថា ការ​កកើត​មហា​ទ្វី​ប​ថ្មី​នេះ​នឹង​ធ្វើ​ឱ្យ​ទឹក​សមុទ្រ​មាន​កម្រិត​ទាប​ជាង​បច្ចុប្បន្ន​ ហើយ​​នៅ​លើ​មហា​ទ្វីប​នេះ​នឹង​មាន​សភាព​ស្ងួត​ខ្លាំង​ដោយ​មាន​សីតុណ្ហ​ភាព​ខ្ពស់​។ បច្ចុប្បន្ន ផែនដី​មាន​ទ្វីប​ចំនួន ៧ ដែល​មាន​ប្រព័ន្ធ​ជីវសាស្ត្រ​ចម្រុះ​ និង​វប្បធម៌​ផ្សេងៗ​គ្នា​៕

  • តម្លៃ​ប្រេង​ឥន្ធនៈ​​នៅ​ កម្ពុជា សម្រាប់​រយៈ​ពេល​ពី​ថ្ងៃទី ០១ ដល់​ទី ១០ តុលា ២០២២

    តម្លៃ​ប្រេង​ឥន្ធនៈ​​នៅ​ កម្ពុជា សម្រាប់​រយៈ​ពេល​ពី​ថ្ងៃទី ០១ ដល់​ទី ១០ តុលា ២០២២

    ​តម្លៃ​មធ្យម​ប្រេង​ឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ​ ចាប់ពី​ថ្ងៃទី ០១ ដល់​ទី ១០ តុលា ២០២២ គឺ​​ ៤,៥១៦ រៀល​ ក្នុង​ ១ លីត្រ​ សម្រាប់​សាំង​ធម្មតា និង​ ៤,៩៦៧ លីត្រ​ សម្រាប់ប្រេង​ម៉ាស៊ូត​។

    យោងតាម​តម្លៃ​ខាងលើ ក្រសួង​ពាណិជ្ជកម្ម បាន​កំណត់​ថា ចាប់ពី​ថ្ងៃទី ០១ ដល់​ទី ១០ តុលា ២០២២ ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​​នៅ កម្ពុជា នឹង​ត្រូវ​លក់​ ៤,២៥០ រៀល​ ក្នុង​ ១ លីត្រ​ សម្រាប់​សាំង​ធម្មតា និង​ ៤,៧០០/លីត្រ​ សម្រាប់ប្រេង​ម៉ាស៊ូត​។

    ដូច្នេះ ធៀប​នឹង​មុន​នេះ តម្លៃ​ប្រេងឥន្ធនៈ​ ចាប់ពី​ថ្ងៃទី ០១ ដល់​ទី ១០ តុលា ២០២២ បាន​ធ្លាក់​ថ្លៃ​ ១០០ រៀល សម្រាប់​ប្រេង​សាំង​ធម្មតា និង ១៥០ រៀល​ សម្រាប់​ប្រេង​ម៉ាស៊ូត​។

  • អ៊ុយក្រែន​ ប្រកាស​ថា រំដោះបាន​​​ទីក្រុង​យុទ្ធសាស្ត្រ​ Lyman ពី​ដៃ​រុស្ស៊ី

    អ៊ុយក្រែន​ ប្រកាស​ថា រំដោះបាន​​​ទីក្រុង​យុទ្ធសាស្ត្រ​ Lyman ពី​ដៃ​រុស្ស៊ី

    ប្រធានាធិបតី​អ៊ុយក្រែន កាលពី​ថ្ងៃទី ០២ តុលា បាន​ប្រកាស​ថា កងទ័ព​ប្រទេស​នេះ​ដណ្ដើម​បាន​មក​វិញ​ទាំង​ស្រុង​នូវ​ទីក្រុង​ Lyman ដែលជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ភាគ​ខាង​កើត​នៅ​ក្នុង​ខេត្ត Donetsk និង​បាន​ឱ្យ​ដឹង​ថា មូស្គូ បាន​ដក​ទ័ព​ទាំង​អស់​ចេញ​ពី​ទីក្រុង​នេះ​។

    «គិត​ត្រឹម​ម៉ោង ១២ និង ៣០ នាទី (ម៉ោង​ក្នុង​ស្រុក) Lyman ត្រូវ​បាន​រំដោះ​ទាំង​ស្រុង» Reuters ដកស្រង់​ប្រកាស​របស់​ ប្រធានាធិបតី​អ៊ុយក្រែន លោក​ ហ្សេឡែនស្គី ថ្លែង​នៅ​ក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​លើ​ Telegram កាល​ពី​ថ្ងៃទី ០២ តុលា​។

    មុន​នោះ មេដឹកនាំ​ប្រទេស​អ៊ុយក្រែន បាន​ឱ្យ​ដឹង​ថា «ចំនួន​ទង់​ជាតិ​អ៊ុយក្រែន​ ដែល​ដោត​នៅ​ក្នុង​តំបន់ Donbass បាន​កើន​ឡើង​។ វា​នឹង​បាន​បង់​នៅ​ក្នុង​តំបន់​ជា​ច្រើន​ទៀត​ នៅ​សប្ដាហ៍​ក្រោយ​»។

    ក្រសួង​ការ​ពារជាតិ​រុស្ស៊ី កាលពី​ថ្ងៃទី ០១ តុលា បាន​ប្រកាស​ថា កងទ័ព​ប្រទេស​នេះ​ និង​កងកម្លាំង​ផ្ដាច់​ខ្លួន​នៅ​ ភាគ​ខាង​កើត​អ៊ុយក្រែន បាន​ដក​ចេញ​ពី​ Lyman ដើម្បី​ត្រលប់​ទៅ​កាន់​ជួរ​ដែលមាន​អំណោយ​ផល​ល្អ​ជាង​នេះ​ នៅ​ចំពោះហានិភ័យ​​​ទីក្រុង​នេះ​ត្រូវ​រង​​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​​ពី​សំណាក់​ អ៊ុយក្រែន​។

    ចំណែក​លោក Serhiy Gaidai អភិវាល​ខេត្ត​ Lugansk បាន​ឱ្យ​ដឹង​ថា ការ​ដែល​ ទីក្រុង​កៀវ​ ដណ្ដើម​បាន​សិទ្ធិ​គ្រប់គ្រង​ Lyman ដែលជា​ទីក្រុង​ត្រូវ​ រុស្ស៊ី កាន់​កាប់​តាំងពី​ខែ​ឧសភា និង​ជា​ច្រក​ដឹក​ជញ្ជូន​របស់ មូស្គូ គឺជា​សញ្ញា​បង្ហាញ​នូវ​កត្តា​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​កងទ័ព​របស់ អ៊ុយក្រែន ឆ្ពោះ​ទៅ​មុខបាន​​ឆ្ងាយ​ជាង​នេះ​ សំដៅ​តំបន់ Kreminna និង Severodonetsk។

  • មេដឹកនាំ​ ៩ ប្រទេស​របស់ ណាតូ គាំទ្រ​សំណើ​សុំ​ចូល​ជា​សមាជិក​របស់ អ៊ុយក្រែន​

    មេដឹកនាំ​ ៩ ប្រទេស​របស់ ណាតូ គាំទ្រ​សំណើ​សុំ​ចូល​ជា​សមាជិក​របស់ អ៊ុយក្រែន​

    មេដឹកនាំ​ ៩ ប្រទេស​របស់ ណាតូ បាន​ប្រកាស​​គាំទ្រ​ដំណើរ​ការបញ្ចូល​​ជា​សមាជិក​ចំពោះ​ អ៊ុយក្រែន​ និង​អំពាវ​នាវ​ឱ្យ​បង្កើន​ជំនួយ​យោធា​ដល់​ប្រទេស​នេះ​។

    មេដឹកនាំ​ ៩ ប្រទេស​របស់ ណាតូ រួម​មាន សាធារណរដ្ឋ​ឆែក,​ អេស្តូនី​, ឡេតូនី​, លីទុយអានី​, ម៉ាសេដ្វាន​, ម៉ុងតេណេហ្គ្រោ, ប៉ូឡូញ​, រូម៉ានី​ និង ស្លូវ៉ាគី កាលពី​ថ្ងៃទី ០២ តុលា បាន​ប្រកាស​គាំទ្រ​ «សេចក្ដី​សម្រេច​របស់​មហា​សន្និបាត​ណាតូ Bucharest ឆ្នាំ​ ២០០៨ ទាក់​ទង​នឹង​តួនាទី​ជា​សមាជិក​ក្នុង​អនាគត​របស់ អ៊ុយក្រែន​»។

    នៅក្នុង​មហា​សន្និបាត​ណាតូឆ្នាំ​ ២០០៨ បណ្ដា​ប្រទេស​ជា​សមាជិក​ បាន​សាទរ​ចំពោះ​បំណង​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​នេះ​របស់ អ៊ុយក្រែន និង ហ្សកហ្ស៊ី ប៉ុន្តែ​មិន​បាន​លើកឡើង​កាល​បរិច្ឆេទ​ជាក់​លាក់​ស្ដីពី​ដំណើរ​ការ​ដែល​ប្រទេស​ទាំង​ពីរ​នេះ​អាច​ចូល​រួម​។ ប្រកាស​របស់​ មេដឹកនាំ​ ៩ ប្រទេស​របស់ ណាតូ នាពេល​ថ្មី​ៗ​នេះ​ក៏​មិន​បាន​និយាយ​ដល់​ពេល​វេលា​ជាក់​លាក់​។

    មេដឹកនាំ​ ៩ ប្រទេស​របស់ ណាតូ ខាងលើ ក៏​បាន​អំពាវ​នាវ​ឱ្យ «រុស្ស៊ី ដក​ទ័ព​ជា​បន្ទាន់​ចេញពី​ទឹក​ដី​របស់ អ៊ុយក្រែន​» និង​លើក​ទឹក​ចិត្ត​ដល់​សម្ព័ន្ធ​មិត្ត បង្កើន​ជំនួយ​យោធា​ឱ្យ​បាន​ច្រើន​ជាង​បច្ចុប្បន្ន​ សម្រាប់​ ទីក្រុង​កៀវ​។

    ប្រធានាធិបតីអ៊ុយក្រែន​ លោក ហ្សេឡែនស្គី កាលពី​ថ្ងៃទី ៣០ កញ្ញា បាន​ចុះ​ហត្ថលេខា​លើ​ពាក្យ​ស្នើ​សុំ​ចូល​ជា​សមាជិក​ណាតូ (NATO) និង​​ស្នើ​​​ឱ្យ​សម្ព័ន្ធ​យោធា​នេះ​ប្រញាប់​ទទួល​យក​ អ៊ុយក្រែន​ បន្ទាប់​ពី​ រុស្ស៊ី រឹប​អូស​ទឹក​ដី​ ៤ ខេត្ត​ទៀត​របស់​ប្រទេស​នេះ​។

  • ឥណ្ឌូណេស៊ី បញ្ជាក់​អំពី​​តួលេខ​អ្នក​ស្លាប់​ក្នុង​ករណី​រត់​ជាន់​គ្នានៅ​កីឡដ្ឋាន Kanjuruhan

    ឥណ្ឌូណេស៊ី បញ្ជាក់​អំពី​​តួលេខ​អ្នក​ស្លាប់​ក្នុង​ករណី​រត់​ជាន់​គ្នានៅ​កីឡដ្ឋាន Kanjuruhan

    មេដឹកនាំ​ខេត្ត Java ខាង​កើត បាន​បញ្ជាក់​អំពី​​តួលេខ​នៃ​អ្នក​ស្លាប់​ក្នុង​​ករណី​រត់​ជាន់​គ្នា​​នៅ​កីឡដ្ឋាន Kanjuruhan នា​ទីក្រុង Malang ថា មាន ១២៥ នាក់ មិន​មែន​ ១៧៤ ដូច​ដែល​បាន​ប្រកាស​​មុន​នោះ​។

    «តួលេខ​អ្នក​ស្លាប់​គឺ ១២៥ នាក់ ក្នុង​នោះ​មាន ១២៤ នាក់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ និង​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​។ ឈ្មោះ​របស់​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​កត់​ត្រា​ពីរ​លើក​ ដោយ​សារ​តែ​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ផ្សេង​ ដែល​នៅ​ទីនោះ​ឈ្មោះ​របស់​ពួក​គេ​ត្រូវ​បាន​កត់​ត្រា​ម្ដងទៀត​» អភិបាល​រង​ខេត្ត Java ខាង​កើត Emil Dardak ថ្លែង​កាលពី​ថ្ងៃទី ០២ តុលា​ដូច្នេះ​។ លោក​បាន​ឱ្យ​ដឹង​ថា តួលេខ​នេះ​ត្រូវ​បាន​នគរ​បាល​ក្នុង​តំបន់​ប្រមូល​យក​ពី ១០ ​មន្ទីរ​ពេទ្យ​។

    ករណី​រត់​ជាន់​ជើង​គ្នា​នៅ​កីឡដ្ឋាន​ Kanjuruhan ក្នុង​ទីក្រុង Malang ដែល​ស្ថិត​នៅ​លើ​កោះ Java របស់ ឥណ្ឌូណេស៊ី បាន​កើត​ឡើង​កាលពី​ថ្ងៃទី ០១ តុលា បន្ទាប់​ពី​ក្រុម​ប៉ូលិស​បាន​បាញ់​គ្រាប់​បែក​ផ្សែង​ដើម្បី​បង្ក្រាប​អំពើ​ហិង្សា​​របស់​ហ្វូង​មនុស្ស ក្រោយ​ពី​ការ​ប្រកួត​បាល់​ទាត់​រវាង​ក្រុម​ Arema និង​ក្រុម Persebaya Surabaya។

    ស្នងការ​ប៉ូលេស​ខេត្ត Java ខាង​កើត Nico Afinta ​បាន​ឱ្យ​ដឹង​ថា ក្រុម​អ្នក​គាំទ្រ​ក្រោយ​មក​ក៏​ភ័យ​ស្លន់​ស្លោ ដណ្ដើម​គ្នា​រត់​ចេញ​ពី​ទីលាន​បាល់​ទាត់​តាម​ច្រក​បណ្ដោះ​​អាសន្ន​ បណ្ដាល​ឱ្យ​មាន​ករណី​ជាន់​គ្នា​ស្លាប់​នេះ​។

    លោក Nico Afinta ​បញ្ជាក់​ថា ៣៤ នាក់​បាន​ស្លាប់​នៅ​ក្នុង​កីឡដ្ឋាន​ ក្នុង​នោះ​មាន​ប៉ូលិស​ ២ នាក់​ផងដែរ​។ លោក​ថា ប៉ូលិស​បាន​អនុវត្ត​វិធានការ​បង្ការ​មុន​ពេល​បាញ់​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹក​ភ្នែក ដោយ​សារ​តែ​ក្រុម​អ្នក​គាំទ្រ​ចាប់​ផ្ដើម​វាយ​ប្រហារ​លើ​ប៉ូលិស និង​បំផ្លាញ​រថយន្ត​សមត្ថកិច្ច​។

    ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo កាលពី​ម្សិលមិញ​ បាន​ចេញ​បញ្ជា​ឱ្យ​ផ្អាក​រាល់​ការ​ប្រកួត​នៅ Liga 1 រហូត​ដល់​ការ​ស៊ើប​អង្កេត​លើ​ករណី​ខាង​លើ​បាន​ចប់​សព្វ​គ្រប់​។

  • យន្តហោះ​ដឹក​អ្នក​ដំណើរ​នៅ មីយ៉ានម៉ា ត្រូវ​រង​ការ​បាញ់​ប្រហារ​

    យន្តហោះ​ដឹក​អ្នក​ដំណើរ​នៅ មីយ៉ានម៉ា ត្រូវ​រង​ការ​បាញ់​ប្រហារ​

    ជើង​ហោះ​ហើរដឹក​អ្នក​ដំណើរ​ ៦៣ នាក់​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ជាតិ​មីយ៉ានម៉ា បាន​ត្រូវ​គ្រាប់​កាំភ្លើង​នៅ​ពេល​ជិត​ចុះ​ចត​ក្នុង​ទីក្រុង​រដ្ឋបាល​របស់​រដ្ឋ Kayah បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​រង​របួស​។

    យន្តហោះ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​មីយ៉ានម៉ា ចេញ​ដំណើរ​ពី​ រដ្ឋធានីណៃពិដោ (Naypyidaw) ទៅ​កាន់ Loikaw ដែលជា​ទីក្រុង​រដ្ឋបាល​របស់រដ្ឋ Kayah នៅ​ភាគ​អាគ្នេយ៍​ប្រទេស​នេះ បាន​ត្រូវ​គ្រាប់​កាំភ្លើង​នា​ព្រឹក​ថ្ងៃ​សុក្រ​ម្សិល​​មិញ​ ​នៅ​លើ​កម្ពស់​ប្រហែល ១,០០០ ម៉ែត្រ​ ពេល​កំពុង​ត្រៀម​ចុះ​ចត​លើ​ព្រលាន​យន្តហោះ​។ គ្រាប់​កាំភ្លើង​ដែល​មិន​ទាន់​ស្គាល់​ប្រភេទ​ច្បាស់ បាន​ទម្លុះ​ជញ្ជាំង​របស់​យន្តហោះ​ និង​ត្រូវ​ចំអ្នក​ដំណើរ​ម្នាក់​។

    «អ្នក​ដំណើរ​នេះ​ត្រូវ​រង​របួស​ដោយ​សារ​ត្រូវ​គ្រាប់​កាំភ្លើង​ត្រង់​ថ្ពាល់​ខាងស្ដាំ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រជាជន Loikaw។ កងកម្លាំង​សន្តិសុខ​កំពុងធ្វើ​ការ​នៅ​ក្នុ​ង​តំបន់​កើត​មាន​ហេតុការណ៍​វាយ​ប្រហារ​នេះ» អាជ្ញាធរ​យោធា​របស់ មីយ៉ានម៉ា បាន​ប្រកាស​ដូច្នេះ​។

    របប​សឹក​មីយ៉ានម៉ា បាន​ចោទ​ថា ខ្មាន់​កាំភ្លើង​របស់​ គណបក្ស​​ចម្រើន​ជាតិ​ការ៉ែន (KNPP) ដែល​ជា​ក្រុមបះបោរ​​ជនជាតិ​ភាគ​តិច​ នៅ​ពីក្រោយ​អំពើ​នេះ​។

    ប្រទេស​មីយ៉ានម៉ា បាន​ធ្លាល់​ទៅ​ក្នុង​ភាព​ច្របូក​ច្របល់​ចាប់តាំង​ពី​កងទ័ព​បាន​ធ្វើ​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ ឆ្នាំ​កន្លង ដោយ​បាន​ផ្ដួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោក​ស្រី Aung San Suu Kyi នឹង​ប្រគល់​អំណាច​ឱ្យ​ឧត្តម​សេនីយ៍​ Min Aung Hlaing។

    យោង​តាម​អង្គការ​តាម​ដាន​សិទ្ធិមនុស្ស​នៅ មីយ៉ានម៉ា មនុស្ស​ជាង ២,០០០ នាក់​បាន​ស្លាប់ និង​ជាង ១៥,០០០ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​សារ​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អាជ្ញាធរ​យោធា​៕

     

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ០១ ខែ​​តុលា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ០១ ខែ​​តុលា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០៤ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ៣០ ខែ​កញ្ញា​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ០៤ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

  • កូរ៉េខាងត្បូង ចំណាយ​ ៤០ លាន​ដុល្លារ​ ដើម្បី​សង្គ្រោះ​វិស័យ​​គីមជី​ (Kimchi) ក្នុង​ស្រុក

    កូរ៉េខាងត្បូង ចំណាយ​ ៤០ លាន​ដុល្លារ​ ដើម្បី​សង្គ្រោះ​វិស័យ​​គីមជី​ (Kimchi) ក្នុង​ស្រុក

    រដ្ឋាភិបាល​កូរ៉េខាងត្បូង ទើប​តែ​បាន​សម្រេច​សាងសង់​រោង​ចក្រចំនួន ២ បន្ថែម​ទៀត ដើម្បី​រក្សា​ទុក​ស្ពៃបូកគោ ដែល​មាន​តម្លៃ​ ៤០ លាន​ដុល្លារ​អាម៉េរិក​ ក្នុង​គ្រាដែល​បណ្ដា​ក្រុម​ហ៊ុន​ផលិត​ជ្រក់​គីមជី​នៅ​ប្រទេស​នេះ ជួប​បញ្ហា​កង្វះ​ប្រភព​ផ្គត់​ផ្គង់​។

    សារព័ត៌មាន​ Reuters បាន​ឱ្យ​ដឹង​ថា រោង​ចក្រ​រក្សា​ស្ពៃបូក​គោ​នីមួយ​ៗ មាន​ទំហំ​ ៩,៩០០ ម៉ែត្រ​ក្រឡា នឹង​ត្រូវ​បាន​សាងសង់​នៅ​តំបន់​ជនបទ​ក្នុង​ទឹក​ដី​ Goesan និង Haenam។ ទំហំ​សរុប​របស់​រោង​ចក្រ​ទាំង​ពីរ​នេះ​គឺ​ប្រហាក់​ប្រហែល​នឹង​ទីលាន​បាល់​ទាត់​ចំនួន ៣ និង​អាច​រក្សា​ទុក​ស្ពៃបូកគោ​បាន​រហូត​ដល់ ១០,០០០ តោន​ និងជ្រក់​ស្ពៃ​បូគោ​បាន​ ៥០ តោន​ជា​រៀង​រាល់​ថ្ងៃ​។

    គម្រោង​​រោង​ចក្រ​ទាំង​ខាងលើ​ដែល​​គ្រោង​នឹង​ត្រូវ​ចំណាយ​ប្រហែល ៥៨ ពាន់​លាន​វ៉ុន (៤០ លានដុល្លារ​អាម៉េរិក)​ នេះ​ នឹង​​ត្រូវ​បាន​សាង​សង់​រួច​រាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០២៥​។

    ស្ថានភាព​អាកាស​ធាតុ​ប្រែប្រួល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំមក​នេះ បាន​បណ្ដាល​ឱ្យ​មាន​សីតុណ្ហ​ភាព​កើន​ឡើងខ្ពស់ និង​ភ្លៀង​ធ្លាក់​ច្រើន​ជាង​មុន ធ្វើ​ឱ្យប្រភព​ផ្គត់ផ្គង់​ស្ពៃ​បូកគោ​ដែល​ជា​វត្ថុ​ធាតុ​ដើម​សំខាន់​របស់​គីមជី ត្រូវ​ថយ​ចុះ​ច្រើន​។ ក្នុង​ឆ្នាំ​នេះ តម្លៃ​ស្ពៃបូកគោ​នៅ កូរ៉េខាង​ត្បូង បាន​កើន​ឡើង​ទ្វេដង​ក្នុង​រង្វង់​មិន​ដល់​ ៣ ខែ ដោយ​មូលហេតុ​បណ្ដាល​មក​ពី​អតិផរណា​ក្នុង​ខែ​កក្កដា​ឆ្នាំ​នេះ បាន​កើន​ឡើង​ខ្ពស់​បំផុត​ក្នុង​អំឡុង​ ២៤ ឆ្នាំ​ចុង​ក្រោយ​នេះ​។

    លោក Ahn Ik-jin នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ផលិត​គីមជី Cheongone Organic បាន​ឱ្យ​ដឹង​ថា «យើង​តែង​តែ​ទិញ​ស្ពៃបូកគោ​នៅ​ក្នុង​ខែ​មិថុនា ដើម្បី​រក្សា​ទុក​ និង​ប្រើប្រាស់​បណ្ដើរ​ៗ បន្ទាប់​ពី​តម្លៃ​កើន​ឡើង​។ ប៉ុន្តែ ឆ្នាំ​នេះ យើង​អស់​ទំនិញ​រលីង​ហើយ»។

    «យើង​ធ្លាប់​ផលិត​គីមជី​ ១៥ តោន​ជា​រៀងរាល់​ថ្ងៃ។ ប៉ុន្តែ ពេល​នេះ​ តួលេខ​នេះ​នៅសល់​តែ​ ១០ តោន​ ឬ​ទាប​ជាង​នេះ» លោក Ahn Ik-jin បញ្ជាក់​ និង​បន្ថែម​ថា ក្រុម​ហ៊ុន​បាន​ដំឡើង​តម្លៃ​គីម​ជី​ដល់ ២/៣ ធៀប​នឹង​តម្លៃ​មុន​នោះ​ ពោល​គឺ​ស្មើ​នឹង ៣.៥ ដុល្លារ​អាម៉េរិក​/​គីឡូក្រាម​។

    វិស័យ​ឧស្សាហកម្ម​គីមជី​របស់ កូរ៉េខាងត្បូង បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​យ៉ាង​យូរ​ ខណៈ​ដែល​ការ​នាំ​ចូល​ពី​ ប្រទេស​ចិន (តម្លៃ​ស្មើ​នឹង ១/៣ នៃ​តម្លៃ​គីមជី​ដែល​ផលិតក្នុង​ស្រុក) បាន​កើន​ឡើង​ក្នុង​រង្វង់ ២ ទសវត្សរ៍​កន្លង ដោយ​កាន់​កាប់ចំណែក​ទីផ្សារ​គីម​ជី​ក្នុង ​ប្រទេស​កូរ៉េខាងត្បូង ប្រមាណ ៤០%​។

    យោង​តាម​ការ​ស្រាវជ្រាវ​របស់ Korea Rating & Data កាលពី​ឆ្នាំ​មុន ជិត​ពាក់​កណ្ដាល​ក្នុង​ចំណោម​អ្នក​ផលិត​គីមជី របស់ កូរ៉េខាងត្បូង បាន​បិទ​ទ្វារ​ជា​រៀងរហូត ឬ​​​ងាក​ទៅ​រក​អាជីវកម្ម​ផ្សេង​។ ក្នុង​ពេល​នេះ ក្រុម​អ្នក​ផលិត​គីមជី​នៅ កូរ៉េខាងត្បូង កំពុង​តែ​រំពឹង​ថា គម្រោង​ថ្មី​របស់​រដ្ឋាភិបាល យ៉ាង​ហោច​ណាស់​ក៏​នឹង​អាច​ជួយ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​ផលិត​គីម​ជី​ក្នុង​ស្រុក​ មិន​បាត់​បង់​ «មុខ​នាទី»៕

  • រ៉ូបូត​ជើង​ពីរ​ដែល​រត់​បាន​លឿន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​

    រ៉ូបូត​ជើង​ពីរ​ដែល​រត់​បាន​លឿន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​

    រ៉ូបូត Cassie បង្កើត​បាន​កំណត់​ត្រា​ពិភពលោក​ Guinness ស្ដី​ពី​​រ៉ូបូត​ជើង​ពីរ​ដែល​រត់​លឿន​ជាង​គេ​ក្នុង​រយៈ​ចម្ងាយ ១០០ ម៉ែត្រ​ ដែលនេះ​គឺជា​ស្នាដៃ​ដ៏​អស្ចារ្យ​។

    Cassie គឺជា​​រ៉ូបូត​របស់ Agility Robotics ដែលជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​របស់​សាកល​វិទ្យា​ល័យ Oregon ​ត្រូវ​បាន​បង្ហាញ​កាលពី​ឆ្នាំ​ ២០១៧។ កាលពី​ឆ្នាំ​ ២០២១ Cassie ចំណាយ​ពេល​តែ​ជាង​ ៥៣ នាទី​ប៉ុណ្ណោះ​ ក្នុង​ការ​​រត់​ចម្ងាយ​ ៥ គីឡូម៉ែត្រ​។

    Cassie ត្រូវ​បាន​បង្កើត​ឡើងជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើប​ៗ​ជា​ច្រើន​ ហើយ​ក្បាល​ជង្គង់​របស់​វា ត្រូវ​បាន​ផលិតឡើង​ដូច​ទៅ​នឹង​សត្វ​អូទ្រីស​ដើម្បី​អាច​រក្សា​លំនឹង​បាន​ល្អ​។ Cassie ស្ថិត​ក្នុង​ចំណោម​រ៉ូបូត​ជើង​ពីរ​ដែល​ចេះ​រត់​ ក្នុង​នោះ​មាន​ដូច​ជា រ៉ូបូត​រាង​មនុស្ស Atlas របស់ Boston Dynamics និង Mabel របស់​សាកល​វិទ្យាល័យ Michigan ជាដើម​។

    មុន​នឹង​បង្កើត​បាន​កំណត់​ត្រា​ពិភពលោក Guinness រ៉ូបូត Cassie បាន​ជោគ​ជ័យ​ក្នុង​ការ​រត់​ចម្ងាយ​ ១០០ ម៉ែត្រ ដោយ​ចំណាយ​ពេល ២៤.៧៣ វិនាទី​។ ល្បឿន​នេះ​ យឺត​ជាង​ឆ្ងាយ​ បើ​ធៀប​នឹង​អ្នក​រត់​ប្រណាំង​ឆ្នើម​ជាង​គេ​ក្នុង​ពិភពលោក ដែល​ចំណាយ​ពេល​រត់​មិន​ដល់​ ១០ វិនាទី​។ ក៏ប៉ុន្តែ ក្រុម​អ្នក​ស្រាវជ្រាវ​យល់​ថា លទ្ធផល​នេះ​អាច​កែលំអ​បាន​នា​ពេល​ខាង​មុខ៕