Author: សឿន សំណាង

  • អាជ្ញាធរ​ក្រុង​កែប កំណត់​ពេល​ឱ្យ​​ពលរដ្ឋ​រុះរើ​​សំណង់ខុស​ច្បាប់​​នៅ​តាមបណ្តោយឆ្នេរសមុទ្រ

    អាជ្ញាធរ​ក្រុង​កែប កំណត់​ពេល​ឱ្យ​​ពលរដ្ឋ​រុះរើ​​សំណង់ខុស​ច្បាប់​​នៅ​តាមបណ្តោយឆ្នេរសមុទ្រ

    លោកអភិបាលក្រុងកែប កាល​ពី​រសៀលថ្ងៃទី ០៤ តុលា ​បានដឹកនាំគណៈបញ្ជាការឯកភាពក្រុងកែប ចុះវាស់វែង និងរៀបចំសំណង់នានា ដែលអាជីវករបានសង់រំលោភលើផ្លូវសាធារណៈ និង​កំណត់​​ឱ្យ​រុះ​រើ​ឱ្យ​បាន​មុន​​ថ្ងៃទី ១៥ ខែតុលា​ខាងមុខ​។

    ការ​កំណត់​ខាងលើ​របស់​អាជ្ញាធរ​ក្រុង​កែប ​ធ្វើឡើង​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​មួយ​​ជាមួយ​ប្រជា​ពលរដ្ឋ​ ស្ដីអំពី​បញ្ហា និងដំណោះស្រាយ ជុំវិញភាពរញ៉េរញ៉ៃនៅតាមបណ្តោយឆ្នេរកែប។

    ដូចដែលបានព្រមព្រៀងគ្នាជាមួយបងប្អូនអាជីវករក្នុងការប្រជុំ​នៅ សាលាក្រុងកែប អាជ្ញាធរ​មិនអនុញ្ញាតឱ្យ មានការលក់ដូរនៅថ្ងៃច័ន្ទ ដល់ សុក្រ ដោយ​អនុញ្ញាត​ឱ្យ​លក់​ដូរ​តែ​នៅ​ពេល​មាន​បុណ្យ​ទាន​ ចំណែក​ថ្ងៃ​សៅរ៍ និង​អាទិត្យ​ មិន​ទាន់​មាន​ការ​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ នេះ​បើ​តាម​លោក ខេង យ័ន អភិបាលក្រុងកែប។ លោកអភិបាល​បាន​បន្ថែម​ថា អាជ្ញាធរ​ទុក​ពេល​ឱ្យ​ម្ចាស់​សំណង់​ខុស​ច្បាប់ រុះ​រើ​ដោយ​ខ្លួន​ឯង​ឱ្យ​បាន​មុន​ថ្ងៃទី ១៥ តុលាខាងមុខ​ មុនពេល​អាជ្ញាធរ​ចាត់​វិធានការ​។

    លោក ខេង យ័ន បាន​បញ្ជាក់ថា វិធានការ​នេះ​គឺ​ដើម្បី​ស្ដារ​សណ្តាប់ធ្នាប់ សោភ័ណភាព នៅ​តំបន់ឆ្នេរកែប និង​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ អាជីវករ​យោគ​យល់ និង​សហការ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​៕

  • ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡែនស្គី ចុះហត្ថលេខា​លើ​បទ​បញ្ជា «ហាម​ការ​​​ចរចា​​ជា​មួយ​​លោក​ ​ពូទីន»

    ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡែនស្គី ចុះហត្ថលេខា​លើ​បទ​បញ្ជា «ហាម​ការ​​​ចរចា​​ជា​មួយ​​លោក​ ​ពូទីន»

    ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡែនស្គី បាន​ចុះហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ដែល​ហាម​ឃាត់​រាល់​លទ្ធភាព​ចរចា​ជាមួយ​លោក ពូទីន ប៉ុន្តែ ទុក​ផ្លូវ​សម្រាប់​ការ​ចរចា​ជាមួយ​ «ប្រធានាធិបតី​ផ្សេង​របស់ រុស្ស៊ី»។

    «អ៊ុយក្រែន សម្រេច​ចិត្ត​ថា ការ​ចរចា​ជាមួយ​ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន គឺជា​រឿង​មិន​អាច​ទៅ​រួច» ប្រការ​ទី ១ នៅ​ក្នុង​បទបញ្ជា​លេខ ៦៧៩ ដែល​ត្រូវ​បាន​លោក ហ្សេឡែស្គី ចុះហត្ថលខា​កាលពី​ម្សិល​មិញ​ មាន​ឃ្លា​សរសេរ​ដូច្នេះ​។

    បទបញ្ជា​នេះ​ហាម​ឃាត់​រាល់​លទ្ធភាព​ដែល​ អ៊ុយក្រែន អាច​ធ្វើ​ការ​ចរចា​ជាមួយ រុស្ស៊ី នៅ​ពេល​លោក ពូទីន នៅ​តែ​កាន់​អំណាច។

    លោក ពូទីន វ័យ​ជិត​ដល់ ៧០ បាន​ដឹក​នាំ​ ប្រទេស​រុស្ស៊ី ក្នុង​រយៈ​ពេល​​ជាង​ ២ ទសវត្សរ៍​មក​ហើយ និង​អាច​បន្ត​ឈរ​ឈ្មោះ​ជា​បេក្ខ​ភាព​ប្រធានាធិបតី​​ ២ អាណត្តិ​បន្ថែម​ទៀត​ ដោយ​យោង​ទៅ​តាម​រដ្ឋធម្មនុញ្ញ ដែល​ប្រការ​នេះ​នឹង​ជួយ​ឱ្យ​លោក​អាច​កាន់​អំណាច​រហូតដល់​ឆ្នាំ​ ២០៣៦។

    បទបញ្ជា​របស់​លោក ហ្សេឡែស្គី ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គ្រាដែល​កងទ័ព​របស់ អ៊ុយក្រែន វាយបំបែក​ខ្សែ​ការពារ​ជួរ​មុខ​របស់ រុស្ស៊ី នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ និង​បើក​ការ​វាយ​ប្រហារ​នៅ​ភាគ​ខាង​កើត​ ដណ្ដើម​បាន​តំបន់​មួយ​ចំនួន​ដែល​ រុស្ស៊ី​ ទើប​តែ​បាន​ធ្វើ​ប្រជាមតិ​រឹប​អូស​៕

  • សហរដ្ឋ​អាម៉េរិក ផ្ដល់​ជំនួយ​បន្ថែម​ជាង ៦០០ លាន​ដុល្លារ​ ដល់​ អ៊ុយក្រែន​

    សហរដ្ឋ​អាម៉េរិក ផ្ដល់​ជំនួយ​បន្ថែម​ជាង ៦០០ លាន​ដុល្លារ​ ដល់​ អ៊ុយក្រែន​

    ប្រធានាធិបតី​ ចូ បៃដិន ប្រកាស​ថា សហរដ្ឋ​អាម៉េរិក នឹង​ផ្ដល់ជំនួយ​សន្តិសុខ​បន្ថែម​​​​តម្លៃ​ ៦២៥ លាន​ដុល្លារ​ ដល់​ អ៊ុយក្រែន ក្នុង​នោះ​មាន​ទាំងប្រព័ន្ធ​មីស៊ីល​ HIMARS ផងដែរ​។

    នៅ​ក្នុង​ការ​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​ ប្រធានាធិបតី​អ៊ុយក្រែន ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃដិន បាន​ថ្លែង​ថា ទីក្រុង​វ៉ាស៊ីងតោន សន្យា​ថា «បន្ត​ជួយ​ដល់​ អ៊ុយក្រែន ដើម្បី​ឱ្យ​ប្រទេស​នេះ​អាច​ការ​ពារ​ខ្លួន​នៅ​ចំពោះ​មុខ​ រុស្ស៊ី ក្នុង​ពេល​ចាំបាច់» នេះ​បើ​តាម​ប្រកាស​របស់​ សេតវិមាន​។

    កញ្ចប់​ជំនួយ​តម្លៃ​ ៦២៥ លាន​ដុល្លារ​នេះ រួម​មាន ប្រព័ន្ធ​​ HIMARS ចំនួន ៤ គ្រឿង អម​ជាមួយ​មីស៊ីល, កាំភ្លើង​ធំ​ Howitzer ៣២ គ្រឿង រួម​នឹង​​គ្រាប់​កាំភ្លើង​ និង​រថពាស​ដែក​ជា​ដើម​។ គិត​មក​ដល់​ពេល​នេះ សហរដ្ឋ​អាម៉េរិក បាន​សន្យា​ផ្ដល់​ជំនួយ​​ជា​អាវុធ HIMARS ចំនួន ២០ គ្រឿង​ សម្រាប់​ អ៊ុយក្រែន​។

    ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡែនស្គី បាន​អរគុណ្យ​ដល់​សមភាគី​អាម៉េរិក ព្រោះ​បាន​ «បន្ត​ផ្ដល់​ជំនួយ​ផ្នែក​ការ​ពារ​ជាតិ​ និង​ហិរញ្ញវត្ថុ» ដល់​ អ៊ុយក្រែន​។

    ខ្ទង់​ប្រាក់ជាង ៦០០​ លាន​ដុល្លារ​ខាង​លើគឺជា​កញ្ចប់​ជំនួយ​ដំបូង​របស់ សហរដ្ឋ​អាម៉េរិក រាប់​ចាប់​តាំង​ពី រុស្ស៊ី ប្រកាស​រឹប​អូស​​ទឹក​ដី​ ៤ ខេត្តរបស់ អ៊ុយក្រែន។

    រដ្ឋាភិបាល​របស់​លោក បៃដិន បាន​ផ្ដល់​ជំនួយ​ជាង ១៦.៨ ពាន់​លាន​ដុល្លារ​ដល់ ទីក្រុង​កៀវ ចាប់​តាំង​ពី​ រុស្ស៊ី បើក​យុទ្ធនាការ​យោធាពិសេស​នៅ​ អ៊ុយក្រែន​ កាល​ពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២៕

  • មន្ត្រី​នៅ​ សេតវិមាន ព្យាករ​ថា រុស្ស៊ី នឹង​បរាជ័យ​ធំនៅ Kherson

    មន្ត្រី​នៅ​ សេតវិមាន ព្យាករ​ថា រុស្ស៊ី នឹង​បរាជ័យ​ធំនៅ Kherson

    ជំនួយ​ការ​របស់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិ​អាម៉េរិក បាន​អះអាង​ថា រុស្ស៊ី ប្រឈម​មុខ​នឹង​ហានិភ័យបរាជ័យ​ធំ​ នៅ​ពេល​ត្រូវ​បាន​ អ៊ុយក្រែន វាយ​ខ្ទាត​ចេញពី​ឆ្នេរ​ខាង​លិច​នៃ​ទន្លេ Dnieper។

    នៅក្នុង​ព្រឹត្តិការណ៍​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​ និង​អន្តរជាតិ​ (CSIS) កាលពី​ថ្ងៃទី ០៣ តុលា Celeste Wallander ជំនួយ​ការ​របស់​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិ​អាម៉េរិក ទទួល​បន្ទុក​សន្តិសុខ​អន្តរជាតិ អះអាង​ថា អ៊ុយក្រែន កំពុង​តែ​ស្ថិត​នៅ​លើ​ឈ្នាន់​រុញ​ច្រាន​កងកម្លាំង​របស់ រុស្ស៊ី នៅ​ឆ្នេរ​ខាង​លិច​របស់​ទន្លេ Dnieper។

    «នោះ​នឹង​ជា​បរាជ័យ​ធំ​ចំពោះ​ រុស្ស៊ី ព្រោះ​ថា ប្រការ​នេះ​នឹង​កាន់​តែ​រាំង​ស្ទះ​ដល់​ការ​គ្រប់​គ្រង​របស់ រុស្ស៊ី នៅ Odessa ដែល​ជា​គោល​ដៅ​មួយ​ក្នុង​ចំណោម​គោលដៅ​ដែល​ពួក​គេ​បានដាក់​ចេញ​កាល​ពី​ដើម​ឆ្នាំ​នេះ​។ អ៊ុយក្រែន មាន​ទីតាំង​ការ​ពារ​បន្ថែម​ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​ខ្លាំង​ក្លា​ដែល​គ្រោង​នឹង​កើត​ឡើង​នៅ​ក្នុង​រដូវ​រងា​» លោក​ស្រី Wallander បន្ថែមដូច្នេះ​ និង​បាន​អំពាវនាវ​ដល់​ សហរដ្ឋ​អាម៉េរិក និង​សហគមន៍​អន្តរជាតិ​បន្ត​ជួយដល់​ អ៊ុយក្រែន​។

    ភាគី​ខាង​រុស្ស៊ី មិន​ទាន់​មាន​ការ​អធិប្បាយ​អ្វី​ឆ្លើយ​តប​នឹង​មតិ​របស់​លោកស្រី Wallander នៅ​ឡើយ​។ បច្ចុប្បន្ន ទីក្រុង​មូស្គូ គ្រប់គ្រង​ទឹក​ដី​ស្ទើរ​តែ​ទាំង​អស់​នៅ Kherson និង​បាន​ប្រកាស​ច្របាច់​បញ្ចូល​ខេត្ត​នេះ​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​ រួច​ហើយ​។

    មតិ​របស់​លោក​ស្រី Wallander ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា អ៊ុយក្រែន​ បាន​បើក​ការ​វាយប្រហារ​នៅក្នុង​ខេត្ត Kherson ក្នុងនោះ​មាន​អង្គភាព​មួយ​បាន​វាយ​បំបែក​ខ្សែ​ការ​ពារ​ និង​បាន​រុល​ទៅ​ជ្រៅ​តាម​បណ្ដោយ​ទន្លេ​ Dnieper ឆ្ពោះ​ទៅ​កាន់ Dudchany។

    ការ​វាយ​ប្រហារ​នៅក្នុង​ខេត្ត Kherson របស់ កងកម្លាំង​អ៊ុយក្រែន ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គ្រាដែល​តំបន់ Donbass កំពុង​មាន​ការ​ប្រយុទ្ធ​គ្នាយ៉ាង​សាហាវ​។

  • កំពូល​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទាំង​ ៥ របស់​ពិភពលោក

    កំពូល​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទាំង​ ៥ របស់​ពិភពលោក

    គិត​មក​ដល់​បច្ចុប្បន្ន ចំណែក​ទីផ្សារ​​របស់​រថយន្ត​អគ្គិសនី​បាន​កើន​ឡើង​ដល់ ១៣% ធៀប​នឹង​រថយន្ត​សរុប​ដែល​ត្រូវ​បាន​លក់​នៅ​ទូទាំង​ពិភពលោក​ ក្នុង​នោះ រថយន្ត​ប្រើប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី​សុទ្ធ​ (BEV) កាន់​កាប់​ ៩.២%​។

    នៅ​ក្នុង​ Top 5 ស្ដី​ពី​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ គេ​ឃើញ​ថា BDY កាន់​កាប់​តំណែង​កំពូល​តារាង (១៦.៩%) ​នៅ​ពេល​រក​បាន​ចំណែក​ទីផ្សារ​ ០.៧% បន្ថែម​ទៀត​ ខណៈ​ដែល​ Tesla បាត់បង់​ ០.១% ចុះ​មក​នៅ ១២.៤%។ ប៉ុន្តែ Tesla ត្រូវ​គេ​រំពឹង​ថា អាច​កាន់កាប់​ចំណែក​ទីផ្សារ ១៣.៥% នៅក្នុង​ខែ​បន្ទាប់​។

    ក្រុមហ៊ុន Volkswagen កាន់កាប់​ ៨.៣% នៅ​ពី​លើក្រុមហ៊ុន SAIC ដែល​ក្ដាប់​ចំណែក​ទី​ផ្សារ​​ ៧.៩% (ថយចុះ ០.២%)។ ក្រុម​ហ៊ុន​ផលិត​រថយន្ត​ SAIC របស់​ ចិន ត្រូវ​ការ​ម៉ូដែល​រថយន្ត​អគ្គិសនី​ខ្នាត​ធំ​ ទន្ទឹម​នឹង Wuling Mini EV ដ៏​តូច​របស់​ពួក​គេ​។ MG4/Mulan អាច​ជួយ​បាន​ច្រើន​ ប៉ុន្តែ SAIC ត្រូវ​ការ​ក្រុម​រថយន្ត​អគ្គិសនី​ដែល​ល្អ​ជាង​នេះ​ ពិសេស​គឺ​នៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​ចិន​ បើ​សិន​ចង់​រក្សា​ភាព​សមស្រប​។

    Geely-Volvo ​កំពុង​ក្ដាប់​ទីផ្សារ​ ៥.៧% ដោយ​កើន ០.១% ហើយ​បច្ចុប្បន្ន​បាន​យក​ឈ្នះ​​ Hyundai-Kia (៥.២%) និង Stellantis (៥.១%)។

    Tesla Model Y
    BYD Song Plus

    ខាងក្រោម​នេះ​គឺជា​ «កំពូល​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទាំង​ ៥ របស់​ពិភពលោក» សម្រាប់​ពី​ខែមករាដល់សីហា ២០២២ ៖

     

    ​​​ម៉ូដែល​រថយន្ត​អគ្គិសនី​ទាំង​ ២០ ​ដែល​លក់​ដាច់​ជាង​គេ​ក្នុង​ពិភពលោក​ សម្រាប់​ខែ​សីហា ២០២២ ៖

     

    ​​​ម៉ូដែល​រថយន្ត​អគ្គិសនី​ទាំង​ ២០ ​ដែល​លក់​ដាច់​ជាង​គេ​ក្នុង​ពិភពលោក​ រាប់​ចាប់​ពី​​​ខែ​មក​រា ដល់​​សីហា ២០២២ ៖

     

    បណ្ដា​ក្រុមហ៊ុន​ដែល​លក់​​រថយន្តអគ្គិសនី​​​ដាច់​ជាង​គេ​ក្នុង​ពិភពលោក​ សម្រាប់​​ខែ​​​​សីហា ២០២២ ៖

     

    ​​​បណ្ដា​ក្រុមហ៊ុន​ដែល​លក់​​រថយន្តអគ្គិសនី​​​ដាច់​ជាង​គេ​ក្នុង​ពិភពលោក​ ចាប់ពី​​​ខែ​មករា​ដល់​​​​​សីហា ២០២២ ៖

  • បណ្ដុំ​រោង​ចក្រ​វារី​អគ្គិសនី-រោង​ចក្រ​អគ្គីសនី​​​ព្រះអាទិត្យ​ធំបំផុត​ក្នុង​ពិភពលោក​

    បណ្ដុំ​រោង​ចក្រ​វារី​អគ្គិសនី-រោង​ចក្រ​អគ្គីសនី​​​ព្រះអាទិត្យ​ធំបំផុត​ក្នុង​ពិភពលោក​

    រោង​ចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​ Kela និង​រោង​ចក្រ​វារី​អគ្គិសនី Lianghekou នឹង​ដំណើរ​ការ​ភ្ជាប់​ជាមួយ​គ្នា​ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ ២ ពាន់​លាន​គីឡូវ៉ាត់​ម៉ោង នៅ​ពេល​ស្ថាបនា​រួច​រាល់​នា​ឆ្នាំ​ក្រោយ​។

    រោង​ចក្រអគ្គិសនី​ពន្លឺ​ព្រះអាទិត្យ​ Kela នឹង​ត្រូវ​បាន​សាង​សង់​នៅ​ក្នុង​ខេត្ត Sichuan ភាគ​និរតី​នៃ​ ប្រទេស​ចិន​ ក្បែរ​រោង​ចក្រ​វារី​អគ្គិសនី Lianghekou ​ស្ថិត​នៅ​លើ​ទន្លេ​ Yalong Jiang ​​​ដែល​មាន​កម្លាំង​ផលិត​អគ្គិសនី​ឡើង​ដល់ ១ លាន​គីឡូវ៉ាត់។ ផ្ទាំង​សូឡារ​ទាំង​ឡាយ​នឹង​ត្រូវ​បាន​ដំឡើង​នៅ​លើ​ភ្នំកម្ពស់ ៤,៦០០ ម៉ែត្រ​ ផ្ដល់​ថាមពល​អគ្គិសនី​បន្ថែម ១ លាន​គីឡូវ៉ាត​ទៀត​ដល់​បណ្ដុំ​រោង​ចក្រ​នេះ​។

    តាម​ផែនការ គម្រោងខ្នាត​យក្ស​ខាងលើ​​នេះ​នឹង​ដំណើរ​ការ​ ១,៧35 ម៉ោង​​/​ឆ្នាំ​ និង​បង្កើត​អគ្គិសនី​ជា​មធ្យម​ប្រចាំ​ឆ្នាំ​បាន ២ ពាន់​លាន​គីឡូវ៉ាត់​ម៉ោង​ បន្ទាប់​ពី​សាងសង់​រួច​រាល់​នៅ​ឆ្នាំ​ ២០២៣​ នេះ​បើ​តាម CGTN ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ០១ តុលា​។

    លោក Qi Ningchun ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍ​វារី​អគ្គិសនី​ទន្លេ​ Yalong Jiang ដែល​ជា​អ្នក​អនុវត្ត​គម្រោង​ខាង​លើ​ឱ្យ​ដឹង​ថា ប្រទេស​ចិន​ កំពុង​តែ​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​ ឬ​ហៅ​ថា​ ថាមពល​កកើត​ឡើង​វិញ​ នៅ​ពេល​ឆ្ពោះ​ទៅ​រក​គោល​ដៅ​មិន​បំភាយ​ឧស្ម័ន​កាបូន​នៅមុន​ឆ្នាំ​ ២០៦០​។ រោង​ចក្រ Kela នឹង​រួម​ចំណែក​កាត់​បន្ថយ​ឧស្ម័ន​កាបូន​ជាង ១.៦ លាន​តោន​ (ស្មើ​នឹង​ការ​ដុត​ធ្យូង​ថ្ម​ ៦០០,០០០ តោន​)។

    លោក Qi Ningchun បន្ថែម​ថា រោង​ចក្រ​អគ្គិសនី​ពន្លឺ​​ព្រះ​អាទិត្យ​ ​Kela នឹង​ក្លាយ​ជា​ប្រភព​អគ្គិសនី​ជំនួយ​សម្រាប់​រោង​ចក្រ​វារីអគ្គិសនី​ Lianghekou នៅ​ពេល​កម្លាំង​របស់​រោង​ចក្រ​ទាំង​ពីរ​ប្រែប្រួល​ទៅ​តាម​លក្ខខណ្ឌ​នៃ​ពេល​វេលា​ក្នុង​ឆ្នាំ​។

    រោង​ចក្រ Kela នឹង​បង្កើត​ការ​ងារ​បន្ថែម​​​ប្រមាណ​ជាង ៣,០០០ កន្លែង​​សម្រាប់​​ប្រជាជន​ក្នុង​ខេត្ត Sichuan។ ដើម្បី​ជួយ​ឱ្យ​ប្រជាកសិករ​នៅ​តែ​អាចចិញ្ចឹម​​សត្វគោ និងពពែ​​ដោយការ​​ព្រលែង​ រោង​ចក្រ Kela បាន​ដំឡើង​ផ្ទាំង​សូឡារ​ឱ្យដល់​កម្ពស់ ១.៨ ម៉ែត្រ ធៀប​នឹង​ស្មៅ​ធម្មជាតិ​៕

    រោង​ចក្រ​វារី​អគ្គិសនី Lianghekou
  • អាម៉េរិក​ ធ្វើ​ឱ្យ​អាចម៍​ផ្កាយ​ «ដុះ​កន្ទុយ» ក្រោយ​ពី​យាន​អវកាស​​របស់​ ណាសា ហោះ​ទៅ​បុក​​ពេញ​មួយ​ទំហឹង

    អាម៉េរិក​ ធ្វើ​ឱ្យ​អាចម៍​ផ្កាយ​ «ដុះ​កន្ទុយ» ក្រោយ​ពី​យាន​អវកាស​​របស់​ ណាសា ហោះ​ទៅ​បុក​​ពេញ​មួយ​ទំហឹង

    បំណែក​ដែល​កើត​ចេញពី​ករណី​បុក​ទង្គិច​ជាមួយ​យាន​អវកាស​ DART របស់ ទីភ្នាក់​ងារ​អវកាស​អាម៉េរិក ណាសា បាន​ធ្វើ​ឱ្យ​អាចម៍​ផ្កាយ​ Dimorphos កើត​មាន​កន្ទុយ​វែង​ដូចទៅ​នឹង​​ផ្កាយ​ដុះ​កន្ទុយ​។

    ក្រោយ​ពី ណាសា បាន​បញ្ជា​ឱ្យ​យាន​អវកាស DART ​ហោះ​ទៅ​បុក​ដើម្បី​បង្វែរ​ទិស​ដៅ​របស់​អាចម៍ផ្កាយ​​ Dimorphos ​កែវយឺត​អវកាស និង​កែវ​យឺត​នៅ​លើ​ដី បានឆ្លុះ​​ឃើញ​កន្ទុយ​ដ៏​វែង​ដែល​កើត​ឡើង​ពី​បំណែក និង​ធូលី​ដែល​ក្រុម​តារាវិទូ​ហៅ​ថា ejecta។

    ការ​សង្កេត​មើល​តាម​កែវ​យឺត​​​ក្រោយ​មក​ក៏​បាន​បង្ហាញ​ថា ធូលីនៅ​ជុំ​វិញ​អាចម៍​ផ្កាយ​ Dimorphos ត្រូវ​បាន​ខ្យល់​ព្រះអាទិត្យ​កួច​ចេញ​ឆ្ងាយ​ បង្កើត​បាន​ជា​កន្ទុយដ៏វែង​​ដូច​ទៅ​នឹង​ផ្កាយ​ដុះកន្ទុយ​។

    DART ដែល​ជា​បេសក​កម្ម​ពិសោធន៍​ក្នុង​ការ​បង្វែរ​ទិស​ដៅ​របស់​អាចម៍​ផ្កាយ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឱ្យ​ដឹង​ថា តើ​ការ​បាញ់​យាន​អវកាស​ពី​ផែនដី ហោះ​សំដៅ​ទៅ​បុក​អាចម៍​ផ្កាយ​ជា​គោល​ដៅ​​ អាច​កែ​ប្រែ​គន្លង​គោចរ​របស់​វា​ ឬ​អត់​។ ក្នុង​អនាគត​ បេសក​កម្ម​បែប​នេះ​នឹង​ជួយ​ឱ្យ​ផែន​ដី​អាច​គេច​ផុត​ពីការ​ប៉ះទង្គិច​ជាមួយ​ដុំ​ថ្ម​អវកាស ឬ​ផ្កាយ​ដុះ​កន្ទុយ​​ នាំ​មក​នូវ​សុវត្ថិភាព​សម្រាប់​មនុស្ស​លោក​៕

     

  • ឥណ្ឌូណេស៊ី ដកហូត​តំណែង​មន្ត្រី​ប៉ូលិស​ច្រើន​នាក់ ក្រោយ​ករណី​រត់​ជាន់​គ្នា​ស្លាប់​រាប់​រយ​នាក់​នៅ​ទីលាន​បាល់​ទាត់​

    ឥណ្ឌូណេស៊ី ដកហូត​តំណែង​មន្ត្រី​ប៉ូលិស​ច្រើន​នាក់ ក្រោយ​ករណី​រត់​ជាន់​គ្នា​ស្លាប់​រាប់​រយ​នាក់​នៅ​ទីលាន​បាល់​ទាត់​

    ស្នង​ការ​ប៉ូលិស​ក្រុង Malang រួម​នឹង​មន្ត្រី​ប៉ូលិស​ ៩ នាក់​ទៀត​ ត្រូវ​បាន​ដកហូត​តំណែង​ ខណៈ​ប៉ូលិស ១៨ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ស៊ើប​អង្កេត​ ក្រោយ​ពី​កើត​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​ស្លាប់​ ១២៥ នាក់ នៅ​ឯ​កីឡដ្ឋាន​បាល់​ទាត់​នៅ ឥណ្ឌូណេស៊ី​។

    អ្នកនាំពាក្យ​ស្ថាប័ន​ប៉ូលិស​ជាតិ​របស់​ ឥណ្ឌូណេស៊ី Dedy Pradsetyo កាលពី​ថ្ងៃទី ០៣ តុលា បាន​ឱ្យ​ដឹង​ថា Ferli Hidayat ស្នងការ​ប៉ូលិស​ក្រុង Malang រួម​នឹង​សមាជិក​ ៩ នាក់​របស់​កងពល​តូច​ប៉ូលិស​ពិសេស​ ត្រូវ​បាន​ដកហូត​តំណែង​ និង​អាច​បណ្ដេញពី​ការ​ងារ​ក្នុង​ពេល​ខាងមុខ​ ក្រោយ​ពី​កើត​មាន​ហេតុ​ការណ៍​រត់​ជាន់​ជើង​គ្នា​ដ៏​​មហា​រន្ធត់​នៅ​ឯ​កីឡដ្ឋាន​របស់​ទីក្រុង​នេះ​កាលពី​ថ្ងៃទី ០១ តុលា​ ២០២២​។

    ចំណែក​មន្ត្រី​ប៉ូលិស​ ១៨ នាក់​ផ្សេង​ទៀត ចាប់​ពី​តំណែង​មធ្យម​ដល់​ខ្ពស់ ដែល​ទាក់​ទិន​នឹង​ការ​សម្រេច​ឱ្យ​បាញ់​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​លើ​ហ្វូង​មនុស្ស​ក្នុង​ទីលាន​បាល់​ទាត់​ ក៏​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​ នេះ​បើ​តាម​លោក Prasetyo។

    ការ​សម្រេច​ចិត្ត​ខាងលើ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី ឥណ្ឌូណេស៊ី បាន​ឆ្លង​កាត់​​ហេតុការណ៍​មួយ​ដែល​មាន​មនុស្ស​ស្លាប់​​​លើ​ទីលាន​បាល់​ទាត់​​ច្រើន​បំផុត​ក្នុង​ពិភពលោក​។ ករណី​រត់​ជាន់​គ្នា​កើត​ឡើង​កាល​ពី​ព្រលប់​ថ្ងៃទី ០១ តុលា ២០២២ នៅ​ឯ​កីឡដ្ឋាន​ Kanjuruhan ក្នុង​ទីក្រុង Malang ស្ថិត​នៅ​លើ​កោះ Java បាន​បណ្ដាល​ឱ្យ​មនុស្ស​ ១២៥ នាក់​បាត់​បង់ជីវិត និង ៣២៣ នាក់​រង​របួស​។

    សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មនុស្ស​រាប់​ពាន់​នាក់​ក្នុង​ចំណោម​​អ្នក​គាំទ្រ​ប្រមាណ​ ៤២,០០០ នាក់ ដែល​កំពុង​ខឹង​ខ្លាំង បាន​ចុះ​ទៅ​លើ​ទីលាន​ប្រកួត​បាល់​ទាត់​ ក្រោយ​ពី​ក្រុម​ម្ចាស់​ផ្ទះ​ Arema ចាញ់​ការ​ប្រកួត​ ៣ ទល់​នឹង ២ ដែល​ជា​ការ​បរាជ័យ​ដំបូង​នៅ​លើ​ទីលាន​ម្ចាស់​ផ្ទះ​ នៅ​ចំពោះ​មុខក្រុម​ Persebaya ក្រោយ​រយៈ​ពេល ២៣ ឆ្នាំ​។ ទស្សនិកជន​មួយចំនួន​បាន​គប់​ដប និង​វត្ថុ​ផ្សេង​ៗ​ទៅ​លើ​កីឡាករ និង​មន្ត្រី​នៅ​កីឡដ្ឋាន​។ រថយន្ត​ប៉ូលិស​យ៉ាង​តិច ៥ គ្រឿង​ត្រូវ​ក្រឡាប់​ និង​ត្រូវ​ដុត​បំផ្លាញ​នៅ​ខាង​ក្រៅ​ទីលាន​។

    ករណី​ស្លាប់​ស្ទើរ​តែ​ទាំង​អស់ កើត​ឡើង​នៅ​ពេល​ក្រុម​ប៉ូលិស​ប្រឆាំង​កុបកម្ម​បាញ់​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បង្ក្រាប​ហ្វូង​មនុស្ស​ទាំង​នៅ​លើ​ទីលាន​ ទាំង​នៅ​​កន្លែង​សម្រាប់​ទស្សនិកជន​ បណ្ដាល​ឱ្យ​មាន​ការ​រត់​ជន់​គ្នា​នៅ​ច្រក​ចេញ​ចូល​៕

  • ​រថយន្ត​អគ្គិសនី​រួម​ចំណែក ១១% ក្នុង​ចំណោម​រថយន្ត​សរុប​ដែល​បាន​លក់​ចេញ​ទូទាំង​សកលលោក

    ​រថយន្ត​អគ្គិសនី​រួម​ចំណែក ១១% ក្នុង​ចំណោម​រថយន្ត​សរុប​ដែល​បាន​លក់​ចេញ​ទូទាំង​សកលលោក

    បរិមាណ​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​នៅ​ទូទាំង​ពិភពលោក បាន​កើន​ ៦០% នៅ​ក្នុង​ខែ​សីហា ២០២២ ធៀប​នឹង​ខែសីហា ២០២១​ ដោយ​សម្រេច​បាន ៨៤៧,០០០ គ្រឿង​។ តាមការ​រំពឹង​ទុក ចុង​ត្រីមាស​ទី ៣ ឆ្នាំ​នេះ​ គឺជា​​ពេល​វេលាដែល​​​ទីផ្សារ​រថយន្ត​អគ្គិសនី​ «ផ្ទុះ​ឡើង» ខ្លាំង​ក្លា​។

    ដោយ​មួយ​ខែ​ប្រកប​ដោយ​ភាព​អស្ចារ្យ​ដូច​ខែ​សីហាកន្លង​ទៅ រថយន្ត​អគ្គិសនីទូទៅ​​បាន​ចូលរួម​ចំណែក​ ១៥% ធៀប​នឹង​ទីផ្សារ​រថយន្ត​ទាំង​មូល​។ ដោយ​ឡែក រថយន្ត​ប្រើប្រាស់​ថ្ម​អគ្គិសនី​ (BEV-Battery electric vehicle) រួម​ចំណែក​រហូត​ដល់ ១១% នៅ​ក្នុង​ទីផ្សារ​រថយន្ត​​។ រថយន្ត​ hybrid (HEV) មាន​កំណើន​ខ្ពស់​បំផុត​រាប់​ចាប់តាំង​ពី​ខែ​មីនា​ឆ្នាំ​កន្លង​ (កើន ៦% ធៀប​នឹង​ឆ្នាំ​មុន)។

    នៅក្នុង​ខែសីហា ២០២២ រថយន្ត​អគ្គិសនី BEV មាន​កំណើន​​ ៦៦% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​កាល​ពី​ឆ្នាំ​កន្លង​ ដែល​នេះ​កើន​លឿន​ជាង​ធៀប​នឹង ៤៧% របស់​​រថយន្ត​ hybrid ប៉ុន្តែ​ បើ​ដក​រថយន្ត plugin hybrid (PHEV) របស់​ ចិន​ ចេញពី​ស្ថិតិ គេ​ឃើញ​ថា PHEV (Plug in Hybrid Electric Vehicle) ថយ​ចុះ​ ៩%​ ធៀប​នឹង​ឆ្នាំ​មុន​។

    គិត​មក​ដល់​បច្ចុប្បន្ន ចំណែក​ទីផ្សារ​បស់​រថយន្ត​អគ្គិសនី​​ (BEV, HEV, FCEV និង PHEV) បាន​កើនឡើង​ដល់ ១៣% ក្នុង​នោះ​ BEV កាន់​កាប់​ ៩.២%។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ០៤ ខែ​​តុលា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ០៤ ខែ​​តុលា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០៤ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ០៣ ខែ​តុលា​​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ០៨ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។