Author: សឿន សំណាង

  • ម៉ាឡេស៊ី ក្លាយ​ជា​ប្រទេស​ទី ៩ ដែល​បាន​អនុម័ត​​កិច្ច​​ព្រម​​ព្រៀង​ពាណិជ្ជ​កម្ម​ ​CPTPP

    ម៉ាឡេស៊ី ក្លាយ​ជា​ប្រទេស​ទី ៩ ដែល​បាន​អនុម័ត​​កិច្ច​​ព្រម​​ព្រៀង​ពាណិជ្ជ​កម្ម​ ​CPTPP

    ម៉ាឡេស៊ី ទើប​តែ​បាន​ក្លាយ​ជា​ប្រទេស​ទី ៩ ដែលបាន​​អនុម័ត​កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដោយ​រំពឹង​ថា នឹង​ជួយ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​នាពេល​ខាងមុខ​។

    ក្នុង​ប្រកាស​កាល​ពីថ្ងៃទី ០៥ តុលា រាជរដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ឱ្យដឹង​ថា បាន​ផ្ដល់​សច្ចាប័ន​ជា​ផ្លូវ​ការ​សម្រាប់​កិច្ច​ព្រម​ព្រៀង​ CPTPP ​ដែល​ប្រទេស​នេះ​ជឿ​ថា នឹង​ជួយ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ និង​អាច​ចូល​ទៅ​ដល់​ទីផ្សារ​ជា​ច្រើនទៀត​មានដូចជា កាណាដា ម៉ិកស៊ិក និង ប៉េរូ ជា​ដើម ដែល​ ម៉ាឡេស៊ី មិន​ទាន់​មាន​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មសេរី​ទ្វេភាគី​។

    ក្រៅ​ពី​នេះ CPTPP ក៏​នឹង​នាំ​មក​នូវ​ប្រភព​វត្ថុធាតុដើម​សម្បូរបែប​ គុណភាព​ខ្ពស់​ ជាមួយ​នឹង​តម្លៃ​ទាប​ ទន្ទឹម​នឹង​ការ​ជួយ​ឱ្យ​ ម៉ាឡេស៊ី ក្លាយ​ជា​ទី​ទាក់​ទាញ​ការ​វិនិយោគ​ផងដែរ​។

    យោង​តាម​ Kikkei Asia រដ្ឋាភិបាល​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី ៣០ កញ្ញា បាន​បញ្ជូន​ឯកសារ​ផ្ដល់​សច្ចាប័ន​ CPTPP ​ទៅ​កាន់​ នូវែលសេឡង់ ដែល​ជា​ប្រទេស​កំពុង​កាន់តួនាទី​ជា​អ្នក​រក្សា​ទុក​ឯកសារ​ផ្ដល់​សច្ចាប័ន​របស់​កិច្ច​ព្រមព្រៀងនេះ​​។

    តាម​រយៈ​សកម្មភាព​ខាងលើ ម៉ាឡេស៊ី បាន​ក្លាយ​ជា​ប្រទេស​ថ្មី​បំផុត​ដែល​បាន​អនុម័ត​លើ​កិច្ច​ព្រមព្រៀង CPTPP បន្ទាប់​ពី អូស្ត្រាលី កាណាដា ជប៉ុន ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និង វៀតណាម​៕

  • មហា​សេដ្ឋី​ អ៊ីឡុន ម៉ាស មាន​មហិច្ឆតា​ប្រែក្លាយ​ Twitter ទៅ​ជា​ «កម្មវិធី​សម្រាប់​គ្រប់​យ៉ាង»

    មហា​សេដ្ឋី​ អ៊ីឡុន ម៉ាស មាន​មហិច្ឆតា​ប្រែក្លាយ​ Twitter ទៅ​ជា​ «កម្មវិធី​សម្រាប់​គ្រប់​យ៉ាង»

    ម្ចាស់​ Tesla បាន​ឱ្យដឹង​ថា លោក​មាន​ផែនការ​ធ្វើ​ឱ្យ​បណ្ដាញ​សង្គម Twitter ក្លាយ​ទៅ​ជា​ «កម្មវិធី​សម្រាប់​គ្រប់​យ៉ាង» ដែល​ដាក់​ឈ្មោះ​ឱ្យ​ថា X បន្ទាប់​ពី​ចាប់​ផ្ដើម​តភ្ជាប់​ការ​ទិញ​ដូរ​ Twitter។

    «ទិញ​ Twitter គឺជា​វិធីដើម្បី​ជំរុញ​ការ​បង្កើត​ X ដែលជា​កម្មវិធី​ផ្ទុក​គ្រប់​យ៉ាង» មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង អះអាងកាល​ពី​ថ្ងៃទី ០៥​ តុលា ក្រោយ​ពី​គាត់​បាន​ប្រកាស​ទិញ​ Twitter ដូច​ដែល​បាន​សន្យា​មុន​នោះ​។

    ម្ចាស់​ SpaceX មិន​បាន​និយាយ​លម្អិតថា ​កម្មវិធី​ X នឹង​ដំណើរ​ការ​បែប​ណា​ទេ​ ប៉ុន្តែ គាត់​បាន​អះអាង​ថា ការ​ទិញ​ Twitter នឹង​ជួយ​ «បង្កើន​ល្បឿន​ក្នុង​ការ​អភិវឌ្ឍ​ X ពី​ ៣ ឆ្នាំដល់ ៥ ឆ្នាំ​»។ យ៉ាង​នេះ​ក្ដី លោក ម៉ាស​ ក៏បាន​ទទួលស្គាល់​ថា «ការ​គណនា​នេះ​អាច​ខុស»។

    នេះ​មិន​មែនជា​លើក​ដំបូង​ទេដែល​ អ៊ីឡុន ម៉ាស (Elon Musk) បង្ហាញ​អំពី​​​មហិច្ឆតា​ទៅ​លើ​ «កំពូល​កម្មវិធី» (App)។ កាលពី​ដើម​ឆ្នាំ​នេះ គាត់​ក៏​ធ្លាប់​បាន​ប្រៀប​ធៀប​ទស្សនវិស័យ​របស់​ខ្លួន​ជាមួយ​នឹង​ WeChat ដែល​ជា​កម្មវិធី​ល្បី​ឈ្មោះ​របស់​ ចិន​ ដែល​ត្រូវ​បាន​បំពាក់​មុខ​ងារ​ជា​ច្រើន​ តាំង​ពី​ការ​ផ្ញើសារ​ ហៅ​ទូរស័ព្ទ​ជា​វីដេអូ រហូត​ដល់​មុខ​ងារ​ទូទាត់​ប្រាក់​ចល័ត​។

    នៅក្នុង​សារ​ថ្មី​បំផុត​ដែល​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​របស់​លោក ម៉ាស មហា​សេដ្ឋី​រូប​នេះ​ក៏​បាន​ចែក​រំលែក​អំពី​គំនិត​ទាក់ទង​នឹង​បណ្ដាញ​សង្គម​ដែល​គាត់​ទិញ​ជិត​បាន​សម្រេចនេះ​ដែរ​។ «ខ្ញុំ​កំពុង​គិត​អំពី​បណ្ដាញ​សង្គម​ដែល​បំពាក់​បច្ចេកវិទ្យា​ blockchain អាច​ប្រើប្រាស់​ដើម្បី​ជជែក​គ្នា ផ្ញើរូប​ភាព​ ទូទាត់​ប្រាក់​ឱ្យ​ Twitter។ អ្នក​ប្រើប្រាស់​ត្រូវ​បង់ប្រាក់​មួយចំនួន​តូច​ដើម្បី​ចុះ​ឈ្មោះ ប៉ុន្តែ​នឹង​មិន​ត្រូវ​រំខាន់​ដោយ​សារ​​សំបុត្រ​សំរាម​ និងបូត (bot)» លោក​ ម៉ាស ផ្ញើសារ​ឆ្លើយ​ឆ្លង​ជាមួយ​បង​ប្រុស Kimbal របស់​គាត់​។

    អំពី​ការ​ទិញដូរ​ Twitter វិញ ក្រោយ​ការ​បដិសេធ​ និង​រកវិធី​ដកខ្លួន​ជា​ច្រើន​លើក ចុង​ក្រោយ​លោក ម៉ាស ក៏​ប្រកាស​បន្ត​ទិញ​បណ្ដាញ​សង្គម​នេះ​ក្នុង​តម្លៃ​ ៥៤.២ ដុល្លារ​ ក្នុង​ ១ ភាគ​ហ៊ុន ដូច​ដែល​បាន​សន្យា​កាល​ពី​ខែ​មេសា ២០២២​ បើសិន​បណ្ដាញ​សង្គម​នេះ​ដក​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​រូប​គាត់​។ កិច្ច​ព្រម​ព្រៀង​រវាង​លោក ម៉ាស និង Twitter ត្រូវ​បាន​គេ​ជឿ​ថា នឹង​សម្រេច​បាន​នៅ​ក្នុងសប្ដាហ៍​នេះ​។ យោង​តាម​ក្រុម​អ្នកវិភាគ​ មូលហេតុ​ដែល​នាំ​ឱ្យ​លោក ម៉ាស ត្រូវ​បង្ខំ​ចិត្ត​បន្ត​ការ​ទិញ​ Twitter ក៏​ព្រោះ​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ មាន​ព័ត៌មាន​​ជា​ច្រើន​ដែល​បង្ក​បញ្ហា​ដល់​​​គាត់​នៅ​ក្នុង​រឿន​ក្ដី​​នៅ​តុលាការ​៕

  • អំពើ​បាញ់​ប្រហារ​​យ៉ាង​​ឃោរឃៅ​នៅ​ក្នុង​មណ្ឌល​កុមារ​ថៃ សម្លាប់​មនុស្ស​យ៉ាង​តិច ៣៤ នាក់​ស្លាប់!

    អំពើ​បាញ់​ប្រហារ​​យ៉ាង​​ឃោរឃៅ​នៅ​ក្នុង​មណ្ឌល​កុមារ​ថៃ សម្លាប់​មនុស្ស​យ៉ាង​តិច ៣៤ នាក់​ស្លាប់!

    ថ្ងៃទី ០៦ តុលា មានករណី​ផ្ទុះ​អាវុធ​ដ៏​ឃោរឃៅ​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​មណ្ឌល​កុមារ​មួយ​កន្លែង​ស្ថិត​ក្នុង​ស្រុក Na Klang ខេត្ត Nong Bua Lamphu ភាគ​ខាង​ជើង​ប្រទេស​ថៃ បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច ៣៤ នាក់ បាត់បង់ជីវិត​។

    លោក Archon Kraitong អ្នកនាំពាក្យ​របស់​ប៉ូលិស​ថៃ ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​អ្នក​ស្លាប់​ចំនួន ៣៤ នាក់ ក្នុងនោះ​មាន​ក្មេង​ចំនួន ២២​ នាក់ នៅ​ក្នុងអំពើ​បាញ់ប្រហារ​ខាងលើ នេះ​បើ​តាម​ Reuters។

    រូប​ភាព និង​វីដេអូ​នៅ​កន្លែង​កើត​ហេតុ​បង្ហាញ​ថា មាន​សាកសព​កុមារ​ជា​ច្រើននាក់​​នៅ​ក្នុង​ថ្នាក់​រៀន​។ ខាងក្រៅ​មណ្ឌល​កុមារ​វិញ ក្រុម​អាណាព្យាបាល​ និង​សិស្ស​​កំពុង​តែស្រែក​​ទ្រហោ​យំ ខណៈ​ដែល​រថយន្ត​សង្គ្រោះ​បន្ទាន់​កំពុង​មក​ដល់​។

    យោង​តាម​ក្រុម​មន្ត្រី​ថៃ ជនសង្ស័យ​មាន​ឈ្មោះ​ថា Panya Khamrap អាយុ ៣៤ ឆ្នាំ​។ ជននេះ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ជួរ​កងកម្លាំង​ប៉ូលិស​កាល​ពី​ឆ្នាំ​ ២០២១ ដោយ​សារ​ប្រើប្រាស់​គ្រឿង​ញៀន​។ ករណី​បាញ់​ប្រហារ​នេះ​កើត​ឡើង​នៅ​ម៉ោង​ ១២ កន្លះ​ថ្ងៃ​នេះ មួយ​ថ្ងៃ​មុន​ពេល​ជនសង្ស័យ​ត្រូវ​ឡើង​តុលាការ​។

    អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ ឱ្យ​ដឹង​ថា នាយករដ្ឋមន្ត្រី​ប្រទេស​នេះ​បាន​ស្នើ​ឱ្យ​គ្រប់​ស្ថាប័ន​សមត្ថកិច្ច​ ធ្វើ​សកម្មភាព​បន្ទាន់​ដើម្បី​ចាប់​ខ្លួន​ជនដៃដល់​ក្នុង​រយៈ​ពេល​ខ្លី​បំផុត​។

    ក្រោយ​ពី​បង្កហេតុ​ ជន​នេះ​បាន​បាញ់​សម្លាប់​ប្រពន្ធ​ កូន និង​រត់គេច​ខ្លួន​តាម​រថយន្ត​ Vigo 4 ដែល​មាន​ស្លាកលេខចុះ​ឈ្មោះ​នៅ​ Bangkok។

    ក៏ប៉ុន្តែ ក្រោយ​មក​ទៀត សមត្ថកិច្ច​ថៃ​ ក៏បាន​ប្រកាស​ថា ជនសង្ស័យ​ Panya Khamrap បាន​សម្លាប់​ខ្លួន​បន្ទាប់​ពី​រត់​គេច​ពីប៉ូលិស​។

     

  • សហរដ្ឋ​អាម៉េរិក បញ្ចេញ​ប្រេង​ឆៅ ១០ លាន​ធុង ដើម្បី​ទប់​ទល់​នឹង​ OPEC+

    សហរដ្ឋ​អាម៉េរិក បញ្ចេញ​ប្រេង​ឆៅ ១០ លាន​ធុង ដើម្បី​ទប់​ទល់​នឹង​ OPEC+

    ប្រធានាធិបតី​អាម៉េរិក លោក បៃដិន កាល​ពីថ្ងៃទី ០៥ តុលា បាន​ប្រកាស​ថា ខែ​ក្រោយ​នេះ​នឹង​បញ្ចេញ​​ប្រេង​បន្ថែម​ទៀត​ទៅ​ក្នុង​ទីផ្សារ​ ដើម្បី​ទប់​ស្កាត់ការ​ឡើង​ថ្លៃ​ត្រលប់មកវិញរបស់​ «មាស​ខ្មៅ​» នេះ​​។

    ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ អង្គការ​នៃ​ក្រុម​ប្រទេស​អ្នក​នាំចេញ​ប្រេង​ និង​ដៃគូសហការ​ (OPEC+) បាន​ប្រកាស​អំពីការ​កាត់​បន្ថយការ​ផលិត​​ប្រេង​​ឆៅ​ ២ លាន​ធុង​ជា​រៀង​រាល់​ថ្ងៃ​ ចាប់​ពី​ខែ​វិច្ឆិកា ប្រធានាធិបតីអាម៉េរិក ក៏​បាន​ប្រកាស​ថា ខែ​វិច្ឆិកា​ប្រទេស​នេះ​នឹង​បញ្ចេញ​ប្រេង​ ១០ លាន​ធុង​ពី​ឃ្លាំង​យុទ្ធ​សាស្ត្រ​ ទៅ​ក្នុង​ទីផ្សារ​។

    ការ​​កាត់​បន្ថយ​បរិមាណ​ប្រេង​​របស់ OPEC+ នឹង​ជួយ​ស្ដារ​ចំណែក​ទីផ្សារ​ប្រេង​របស់​ក្រុម​ប្រទេស​ផលិត​ប្រេង​លំដាប់​កំពូល​ដូច​ជា អារ៉ាប៊ីសាអូឌីត​ ឬ​ រុស្ស៊ី​ ជាដើម​ ប៉ុន្តែ វា​ក៏​នឹង​បណ្ដាល​ឱ្យ​​សាំង​ឡើង​ថ្លៃ​ត្រលប់​មកវិញ​ផងដែរ​។

    ដូច្នេះ សេតវិមាន​ កាល​ពី​ម្សិល​មិញ បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​របស់ OPEC+។ មន្ត្រី​របស់​ សហរដ្ឋ​អាម៉េរិក ប្រកាស​ថា បណ្ដា​​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​​ និង​មធ្យម​នៅ​លើ​ពិភពលោក​នឹង​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់​ជាង​គេ​ពី​ការ​កាត់បន្ថយ​បរិមាណ​ប្រេង​របស់ OPEC+។

    ប្រកាស​រួម​របស់​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក Jake Sullivan និង ទីប្រឹក្សា​សេដ្ឋកិច្ច​របស់ សេតវិមាន Brian Deese បាន​សរសេរ​ថា «ប្រធានាធិបតី​នឹង​បន្ត​ណែនាំ​ឱ្យបញ្ចេញ​ប្រេង​ពី​ឃ្លាំង​ដើម្បី​ការ​ពារ​អ្នក​ប្រើប្រាស់​នៅ​ សហរដ្ឋ​អាម៉េរិក និង​លើក​កម្ពស់​សន្តិសុខ​ថាមពល»។ ក្រុម​មន្ត្រី​អាម៉េរិក​ និយាយ​ថា រដ្ឋមន្ត្រី​ថាមពល​ ក៏ត្រូវ​បាន​ណែនាំ​ឱ្យ​ធ្វើការ​សិក្សា​បន្ថែម​លើ​លទ្ធភាព​ក្នុង​ការ​បន្ត​បង្កើន​ការ​ផលិត​ប្រេង​​ក្នុង​ស្រុក​សម្រាប់​​​រយៈ​ពេល​មធ្យម​ផងដែរ​»៕

  • អ្នកអវកាស​រុស្ស៊ី «ធ្វើ​ដំណើរ​ដោយ​សារ» យាន​អវកាស​ SpaceX ឡើង​ទៅ​កាន់ស្ថានីយ ISS

    អ្នកអវកាស​រុស្ស៊ី «ធ្វើ​ដំណើរ​ដោយ​សារ» យាន​អវកាស​ SpaceX ឡើង​ទៅ​កាន់ស្ថានីយ ISS

    យាន​អវកាស​ Dragon Endurance ដឹកក្រុម​​អ្នក​ដំណើរ​ Crew-5 ហោះ​ឡើង​​តាម​រយៈ​កាំជ្រួច​ Falcon 9 ដែល​បាញ់​ចេញ​ពី​ប្រព័ន្ធ​បាញ់​បង្ហោះ 39A នៅ​មជ្ឈមណ្ឌល​អវកាស Kennedy របស់ ណាសា កាល​ពី​ម៉ោង ២៣ ថ្ងៃទី ០៥ តុលា (ម៉ោង​នៅ កម្ពុជា)​។

    យាន​អវកាស​របស់ SpaceX ចាប់​ផ្ដើម​ជើង​ហោះ​ហើរ​ ២៩ ម៉ោង ទៅកាន់​ស្ថានីយ​អវកាស​នៅ​លើ​គន្លង​គោចរ​ផែនដី​។ អវកាស​ចរ​ ៤ នាក់ រួម​មាន Nicole Mann និង Josh Cassada របស់ ណាសា, អ្នក​អវកាស​ជនជាតិ​ជប៉ុន Koichi Wakata និង​អ្នក​អវកាសរុស្ស៊ី​ Anna Kikina។

    ជើង​ហោះ​ហើរ​នេះ​បាន​ធ្វើ​ឱ្យ​ Mann ក្លាយ​ជា​ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច​របស់ សហរដ្ឋ​អាម៉េរិក ដំបូង​គេ​ ដែល​ហោះ​​ឡើង​ទៅ​កាន់ស្ថានីយអវកាស​អន្តរជាតិ (ISS) និង Kikina ក្លាយ​ជា​អ្នក​អវកាស​រុស្ស៊ី​ ដំបូង​ ដែល​ហោះ​ទៅ​កាន់​ទីអវកាស​តាម​រយៈ​យានអវកាស​​ឯកជន​របស់ សហរដ្ឋ​អាម៉េរិក​។

    ប្រហែល ៩.៥ នាទី​ បន្ទាប់​ពី​បាន​បាញ់​បង្ហោះ កំណាត់​ដំបូង​របស់​រ៉ុក្កែត Falcon 9 បាន​ចុះ​ចត​នៅ​លើ Just Read the Instructions ដែល​ជា​ស្រឡាង​គ្មាន​មនុស្ស​បើកបរ​របស់ SpaceX ចត​នៅ​លើ​មហា​សមុទ្រ​អាត្លង់ទិច ក្នុង​ដែន​ទឹក​របស់​ រដ្ឋ Florida សហរដ្ឋ​អាម៉េរិក​។ នេះ​គឺជា​ការ​ចុះ​ចត​ដំបូង​របស់​កំណាត់​រុញ​ច្រាន​នេះ​។

    ក្រោយ​ការ​ហោះ​ឡើង​បាន​ ២ នាទី និង ៤០ វិនាទី ម៉ាស៊ីន​រ៉ុក្កែត​បាន​ផ្អាក​ដំណើរ​ការ​។ កំណាត់​​លើ​របស់ Falcon 9 បាន​ផ្ដាច់​ខ្លួន​ពី​កំណាត់​ដំបូង​។ ២០ នាទី​ក្រោយ​មក យាន​ Dragon Endurance បាន​ផ្ដាច់​ខ្លួន​ពី​កំណាត់​លើ​ដូច​ការ​គ្រោង​ទុក​ និង​ចាប់​ផ្ដើម​ដេញ​តាម​ ISS។

    តាម​ផែនការ យាន​ Dragon Endurance នឹង​ភ្ជាប់​ខ្លួន​ទៅ​នឹង​ ISS មុន​ម៉ោង​ ៤ ព្រឹក​ថ្ងៃទី ០៧ តុលា​។ ក្រុម​អ្នក​អវកាស​នៅ​លើ​យាន​​នេះ​នឹង​រស់​នៅ​លើ​ ISS ក្នុង​រយៈ​ពេល ៥ ខែ​ និង​ធ្វើ​ការ​ពិសោធ​ផ្នែក​វិទ្យា​សាស្ត្រ​ រួម​នឹង​ការ​ងារ​ជា​ច្រើន​ផ្សេង​ទៀត​។

    បច្ចុប្បន្ន ISS មាន​អ្នក​អវកាស​ចំនួន ៧ នាក់ ហើយ​នៅ​ពេល​ក្រុម​​អវកាសចរ​ថ្មីបាន​​ចូល​​ទៅ​ដល់ ស្ថានីយ​អវកាស​អន្តរ​ជាតិ​​នេះ​នឹង​មាន​អ្នក​ធ្វើ​ការ​សរុប​ ១១ នាក់​៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ០៦ ខែ​​តុលា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ០៦ ខែ​​តុលា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០៧ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ០៥ ខែ​តុលា​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ០៨ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតត្រឹមព្រឹក ថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២២ កម្ពុជា មាន​ អ្នក​ឆ្លងសរុប ៖ ១៣៧,៩០៦ នាក់, អ្នកជាសះស្បើយសរុប​ ៖ ១៣៤,៧៧៦ នាក់ និង​​អ្នកស្លាប់​សរុប​ ៖ ៣,០៥៦ នាក់។

  • ជប៉ុន កំណត់​គោល​ដៅ​ងាក​ទៅរកការ​ប្រើ​ប្រាស់​​សៀវភៅ​សិក្សា​ប្រភេទ​ឌីជីថល ជំនួស​សៀវ​ភៅ​ក្រដាស​

    ជប៉ុន កំណត់​គោល​ដៅ​ងាក​ទៅរកការ​ប្រើ​ប្រាស់​​សៀវភៅ​សិក្សា​ប្រភេទ​ឌីជីថល ជំនួស​សៀវ​ភៅ​ក្រដាស​

    គម្រោង​ប្រើប្រាស់​ទូលំទូលាយ​សៀវភៅ​សិក្សានៅ​លើ​ថ្នាល​ឌីជីថល​ នឹង​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​ឆ្នាំ​ ២០២៤​ ​ក្នុង​សាលា​មួយ​ចំនួន​នៅ ប្រទេស​ជប៉ុន​។

    យោង​តាម​សារព័ត៌មាន​ជប៉ុន Mainichi ដំបូង​ ក្រសួង​អប់រំ វប្បធម៌ កីឡា វិទ្យា​សាស្ត្រ​ និង​បច្ចេកវិទ្យា​ជប៉ុន នឹង​ប្រើប្រាស់​​សៀវភៅ​សិក្សា​ឌីជីថល​​ចំពោះ​​មុខ​វិជ្ជា​ភាសា​អង់គ្លេស​ សម្រាប់​សិស្ស​ចាប់​ពី​ថ្នាក់​ទី ៥ ដល់​អនុវិទ្យា​ល័យ។ ក្រោយ​មក សាលា​នានា​នឹង​ប្រើប្រាស់​សៀវភៅ​អេឡិច​ត្រូនិច​នេះ​​សម្រាប់​មុខវិជ្ជា​ផ្សេង​ៗ​ទៀត​យ៉ាង​ឆាប់​​ចាប់​ពី​ឆ្នាំ​ ២០២៥​។

    ផែនការ​របស់​ ក្រសួង​អប់រំ​ជប៉ុន ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃទី ២៥ សីហា​ ២០២២​។ ចាប់​ពី​ពេល​នេះ​ដល់​ឆ្នាំ​ ២០២៤ សៀវភៅ​សិក្សា​ឌីជីថល​ នឹង​ត្រូវ​បាន​ប្រើប្រាស់​ទន្ទឹម​គ្នា​នឹង​សៀវ​ភៅ​សិក្សា​បោះ​ពុម្ភ​លើ​ក្រដាស។

    ក្រសួង​អប់រំ​ជប៉ុន បាន​ឱ្យ​ដឹង​ថា ការ​ប្រើប្រាស់​សៀវភៅ​សិក្សា​អេឡិចត្រូនិច​សម្រាប់​មុខ​វិជ្ជា​​ភាសា​អង់គ្លេស​ ដំបូង​គេ គឺ​ក្នុង​បំណង​​ទាញ​យក​ផល​ប្រយោជន៍​នៃ​ការ​ស្ដាប់​ផ្ទាល់​ដើម្បី​ហាត់​បញ្ចេញ​សំឡេង​។

    សៀវភៅសិក្សាអេឡិចត្រូនិចសម្រាប់មុខវិជ្ជាភាសាអង់គ្លេស ត្រូវបានដាក់ឱ្យប្រើប្រាស់នៅសាលាបឋមសិក្សា Daiichi Nippori ក្នុង រាជធានីតួក្យូ ប្រទេសជប៉ុន

    ក្នុង​ឆ្នាំ​សិក្សា ២០២១ ក្រសួង​អប់រំ​ជប៉ុន បាន​ដាក់​ឱ្យ​​អនុវត្ត​​គម្រោង​សាកល្បង​ប្រើប្រាស់​សៀវភៅ​សិក្សា​​ប្រភេទ​​ឌីជីថល​នៅ​ក្នុង​សាលា​បឋម​ និង​អនុវិទ្យា​ល័យប្រមាណ​ ៤០% ​នៅ​ទូទាំង​ប្រទេស​។ ឧបករណ៍​បច្ចេក​វិទ្យា​ «កម្មវិធី​សាលា​ GIGA» ត្រូវ​បាន​ផ្ដល់​ជូន​ដោយ​ រាជរដ្ឋាភិបាល​ជប៉ុន​។ ឧបករណ៍​ដែល​​មាន​រូប​រាង​ដូច​ទៅ​នឹង​កុំព្យូទ័រ​ឬ ថេប្លេត​​នេះ ត្រូវ​បាន​ចែក​ដល់​សិស្សានុសិស្ស​។

    ទោះជា​យ៉ាង​ណា​ក៏ដោយ គោល​នយោបាយ​ខាងលើ​របស់​ ជប៉ុន ក៏​នឹង​ជួប​បញ្ហា​ធំ​ៗ​មួយចំនួន ក្នុង​នោះ​មាន​ដូច​ជា ​គ្រប់​សាលា​ត្រូវ​តែ​មាន​អ៊ីនធើណិត​ និង​ការ​ធានា​ចំពោះ​សុខភាព​ភ្នែក​របស់​សិស្ស៕

  • បញ្ហា​អ្វី​ខ្លះ​កើត​ឡើង​ ពេល​ OPEC+ កាត់បន្ថយ​ការ​ផលិត​ប្រេង​ឆៅ ២ លាន​ធុង​រាល់​ថ្ងៃ

    បញ្ហា​អ្វី​ខ្លះ​កើត​ឡើង​ ពេល​ OPEC+ កាត់បន្ថយ​ការ​ផលិត​ប្រេង​ឆៅ ២ លាន​ធុង​រាល់​ថ្ងៃ

    ការ​ដែល​ OPEC+ កាត់បន្ថយ​បរិមាណ​ប្រេង​ឆៅ​ អាច​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ងើប​ឡើង​ទៅកាន់​រង្វង់ ១០០ ដុល្លារ​/​ធុង ហើយ​បញ្ហា​អតិផរណា​នឹង​ពិបាក​ថមថយ​ ប៉ុន្តែ​វា​​អាច​​នឹង​ជួយ​ឱ្យ​ រុស្ស៊ី រក​បាន​ប្រាក់​ច្រើន​ ចំណែក​ សហរដ្ឋ​​អាម៉េរិក វិញ កាន់​តែ​ជួប​បញ្ហា​។

    កាលពី​ថ្ងៃទី ០៥ តុលា ក្រោយ​ពី​កិច្ច​ប្រជុំផ្ទាល់​លើក​ដំបូង​រាប់ចាប់​តាំង​ពី​ឆ្នាំ​ ២០២០ នៅ រដ្ឋធានី​វីយែន ប្រទេស​អូទ្រីស អង្គការ​នៃ​បណ្ដា​ប្រទេស​នាំចេញ​ប្រេង​រ៉ែ និង​សម្ព័ន្ធ​មិត្ត (OPEC+) បាន​ប្រកាស​ថា ចាប់​ពី​ខែ​វិច្ឆិកា នឹង​មាន​ការ​កាត់​បន្ថយ​ការ​ផលិត​ប្រេងឆៅ ២ លាន​ធុង​ជារៀង​រាល់​ថ្ងៃ​។

    ភាគហ៊ុន​ថាមពល​បាន​ឡើងថ្លៃ​បន្តិច​ បន្ទាប់​ពី​មានព័ត៌មាន​ខាងលើ​។ ចំណែក​តម្លៃ​ប្រេង​ឆៅ​បានកើន​ឡើង​មុន​កិច្ច​ប្រជុំ​របស់ OPEC+ នៅ​ពេល​ក្រុម​អ្នក​វិភាគ​បាន​ព្យាករ​អំពីលទ្ធផល​នៃ​កិច្ច​ប្រជុំ​នោះ​។

    ក្រោយ​ពីព័ត៌មាន​ស្ដីពី​ការ​កាត់​បន្ថយ​ការ​ផលិត​ប្រេង ២ លាន​ធុង​/​ថ្ងៃ​ ​ត្រូវ​បាន​ប្រកាស​ តម្លៃ​ប្រេង​ឆៅ​កាល​ពី​ម្សិលមិញបាន​ហក់​ឡើង​ខ្ពស់​បំផុត​ក្នុង​អំឡុង​ ៣ សប្ដាហ៍​មក​នេះ​។ ប្រេង​ឆៅ​ Brent ឡើង​ថ្លៃ ២.០១ ដុល្លារ​ ស្មើ​នឹង ២.២% ដោយ​ត្រូវ​បាន​ជួញ​ដូរ​ក្នុង​តម្លៃ​ ៩៣.៨១ ដុល្លារ​/ធុង​ កាលពី​ម៉ោង​ ១៥ និង ៤០ នាទី​ (GMT)។ ក្នុង​ថ្ងៃ​ដដែល តម្លៃ​របស់​ប្រេង​នេះ​ មាន​ពេល​ខ្លះ​បាន​ឡើង​​ដល់​​ ៩៣.៩៦ ដុល្លារ​/​ធុង ខ្ពស់​បំផុត​រាប់​ពី​ថ្ងៃទី ១៥ កញ្ញា​។

    «គោល​បំណង​នៃ​ការ​កាត់បន្ថយ​បរិមាណ​ប្រេង​ឆៅ​របស់ OPEC+ គឺ​ដើម្បី​ទប់​ការ​ធ្លាក់​ថ្លៃ​របស់​ប្រេង​ឆៅ។ បើ​សិន​ជា​ពួក​គេ​ជោគជ័យ ​ប្រេង​សាំង​ក៏​នឹង​ឈប់​ធ្លាក់​ថ្លៃ​ និង​ត្រូវ​បាន​ជួញដូរ​ក្នុង​រង្វង់​តម្លៃ​ដូច​បច្ចុប្បន្ន​ រហូត​ដល់​ពេល​រង​ផល​ប៉ះពាល់​ពី​កត្តា​ទីផ្សារ​អ្វី​មួយ​» Bob McNally អ្នកវិភាគ​ផ្នែក​ថាមពល​របស់ Rapidan Energy Group យល់​ឃើញ​ដូច្នេះ។

    Rohan Reddy ប្រធាន​ផ្នែក​ស្រាវជ្រាវ​របស់ Global X ETFs ជឿ​ថា ការ​សម្រេច​ចិត្ត​របស់ OPEC+ អាច​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ងើប​ឡើង​​ទៅ​កាន់​តម្លៃ​ ១០០ ដុល្លារ​/​ធុង បើ​សិនជា​មិន​មាន​រលក​នៃ​ការ​ផ្ទុះ​ឆ្លង​កូវីដ-១៩ ទ្រង់​ទ្រាយ​សកល និង​ រតនាគារ​ជាតិ​អាម៉េរិក មិន​ដំឡើង​ការ​ប្រាក់​ខ្ពស់​ភ្លាម​ៗ​។

    ចំណាត់​ការ​នេះ​របស់ OPEC+ ក៏​អាច​ធ្វើ​ឱ្យ​សម្ពាធ​នៃ​អតិផរណា​នៅ​ សហរដ្ឋ​អាម៉េរិក និង​ អឺរ៉ុប កើន​ឡើង​ខ្ពស់​បន្ថែម​ទៀត​ នេះ​បើ​តាមការ​វាយ​តម្លៃ​របស់​ Stephen Brennock អ្នកវិភាគ​ជាន់​ខ្ពស់​មក​ពី​ PVM Oil Associates នៅ ទីក្រុង​ឡុងដ៍​។

    ចំណែក​ រុស្ស៊ី វិញ នឹង​មាន​ប្រៀប​ជាង​គេ​នៅ​ក្នុង​បញ្ហា​​ហិរញ្ញវត្ថុ​។ ថវិកា​ភាគ​ច្រើន​របស់ វិមាន​ក្រឹមឡាំង ពឹង​ផ្អែក​លើ​ការ​លក់​​ឧស្ម័ន​ និង​ប្រេង​។ ជោគជ័យ​ក្នុង​ការ​កាត់​បន្ថយ​ការ​ផលិត​ប្រេង​ឆៅ​ នឹង​ជួយ​ឱ្យ​ រុស្ស៊ី មាន​ឱកាស​លក់​ប្រេង​ក្នុង​តម្លៃ​ខ្ពស់​ជាង​បច្ចុប្បន្ន​។

    ក្រៅ​ពី​បញ្ហា​ខាងលើ ការ​កាត់​បន្ថយ​បរិមាណ​ប្រេង​របស់ OPEC+ ក៏​នឹង​អាច​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​នៅ សហរដ្ឋ​អាម៉េរិក ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ប្រហែល​ ១ ខែ​ទៀត​ប៉ុណ្ណោះ​។ តម្លៃ​ប្រេង​សាំង​ចុះ​ទាបក្នុង​រដូវ​ក្ដៅ​នេះ​បាន​រួម​ចំណែក​សំខាន់​ក្នុង​ការ​លើក​កម្ពស់​អនុភាព​ផ្នែក​នយោបាយ​របស់​ បក្ស​កាន់​អំណាច​ ជា​ក្រុម​ដែល​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​បោះ​ឆ្នោត​ដ៏​លំបាក៕

  • កូរ៉េខាងជើង បាញ់​មីស៊ីល​ ដែល​មាន​គន្លង​ហោះហើរ​ខុស​ធម្មតា

    កូរ៉េខាងជើង បាញ់​មីស៊ីល​ ដែល​មាន​គន្លង​ហោះហើរ​ខុស​ធម្មតា

    កូរ៉េខាងជើង បាន​បាញ់​ប្លោង​មីស៊ីល​រយៈ​ចម្ងាយ​ជិតចំនួន​ ២ គ្រាប់​ ​ទៅ​កាន់​តំបន់​សមុទ្រ​ ក្នុង​នោះ មាន​ ១ គ្រាប់​ត្រូវ​បាន​គេ​ជឿ​ថា មានគន្លង​ហោះ​ហើរ​ខុស​ប្រក្រតី​។

    នាព្រឹក​នេះ កូរ៉េខាងជើង បាន​បាញ់​ប្លោង​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ ២ គ្រាប់​ ទៅ​កាន់​តំបន់សមុទ្រ​ភាគ​ខាង​កើត​ប្រទេស​ ក្រោយ​ពី​ សហរដ្ឋ​អាម៉េរិក និង​ កូរ៉េខាងត្បូង​ ធ្វើ​សមយុទ្ធ​បាញ់​មីស៊ីល​ និង​ វ៉ាស៊ីងតោន​ បញ្ជូន​ក្រុម​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan ត្រលប់​មក​កាន់​តំបន់​នេះ​ បន្ទាប់​ពី​ ទីក្រុង​ព្យុងយ៉ាង​ បាន​សាកល្បង​មីស៊ីលមុននោះ​។

    រដ្ឋមន្ត្រី​ការ​ពារជាតិ​ជប៉ុន Yasukazu Hamada ឱ្យ​ដឹង​ថា មីស៊ីល​ដំបូង​ហោះ​ហើរ​កម្ពស់​ ១០០ គីឡូម៉ែត្រ និង​ហោះ​បាន​ចម្ងាយ​ ៣៥០ គីឡូម៉ែត្រ​ ខណៈ​ដែល​គ្រាប់​ទីពីរ​ហោះ​កម្ពស់​ ៥០ គីឡូម៉ែត្រ​ ​ចម្ងាយ​ ៨០០ គីឡូម៉ែត្រ​ និង​អាច​ «ប្រើប្រាស់​គន្លង​គោចរ​មិន​ធម្មតា» នៅ​ក្នុង​ការ​ហោះហើរ​។ «កូរ៉េខាងជើង បាន​បង្ក​ភាព​តាន​តឹង​ដោយ​ឯកតោ​ភាគី​ ពិសេស​គឺ​ចាប់​ពី​ដើម​ឆ្នាំ​នេះ» លោក Hamada ថ្លែង​ដូច្នេះ​។

    នេះ​គឺជា​ការ​សាកល្បង​មីស៊ីល​លើក​ទី ៦ របស់ កូរ៉េខាងជើង ក្នុង​រយៈ​ពេល ១២ ថ្ងៃ​កន្លង​ទៅ​ និង​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ប្រទេស​នេះ​បាន​បាញ់មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​រំលង​ទឹកដី​របស់ ជប៉ុន បាន​ ២ ថ្ងៃ​។ «នោះ​គឺជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​» នាយក​រដ្ឋមន្ត្រី​ជប៉ុន Fumio Kishida ថ្លែង​នា​ព្រឹក​នេះ​ដូច្នេះ​។

  • OPEC+ នឹង​កាត់​បន្ថយ​ការ​ផលិត​​ប្រេង​ឆៅក្នុង​បរិមាណ​ច្រើន​បំផុត​ ​​រាប់​​ចាប់​ពី​ពេល​កូវីដ-១៩​ បង្ហាញខ្លួន

    OPEC+ នឹង​កាត់​បន្ថយ​ការ​ផលិត​​ប្រេង​ឆៅក្នុង​បរិមាណ​ច្រើន​បំផុត​ ​​រាប់​​ចាប់​ពី​ពេល​កូវីដ-១៩​ បង្ហាញខ្លួន

    ចាប់​ពី​ខែ​វិច្ឆិកាខាងមុខ OPEC+ នឹង​អនុវត្ត​ការ​កាត់​បន្ថយ​ការ​ផលិត​ប្រេង​ឆៅ ២ លាន​ធុង​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​រក្សា​តម្លៃ​ឱ្យ​នៅ​ខ្ពស់​។

    តំណាង​បណ្ដា​ប្រទេស​នៅ​ក្នុង​អង្គការ OPEC+ (ក្រុម​ប្រទេស​នាំចេញ​ប្រេងរ៉ែ និង​ដៃគូសហការ) ដែល​បាន​ចូល​រួម​ប្រជុំ​កាល​ពីម្សិលមិញ​ បាន​ឱ្យ​ដឹង​ថា ពួកគេ​នឹង​កាត់បន្ថយ​ការ​ផលិត​ប្រេង​ឆៅ ២ លាន​ធុង​ជា​រៀង​រាល់​ថ្ងៃ ដោយ​រាប់​ចាប់​ពី​ខែ​វិច្ឆិកាខាងមុខ​។

    នេះ​គឺជា​ការ​កាត់បន្ថយបរិមាណ​ប្រេង​​ធំបំផុត​ គិត​ចាប់​ពី​ខែ​មេសា ២០២០​។ ប្រការ​នេះ​បង្ហាញ​ថា OPEC+ មាន​បំណង​រក្សា​តម្លៃ​ប្រេងឱ្យ​ស្ថិត​​ក្នុង​កម្រិត​ខ្ពស់​ ក្រោយ​ពី​បាន​ឆ្លង​កាត់​ការ​ជួញដូរ​ប្រេង​ក្នុង​តម្លៃ​ទាប​អស់​ ៧ ឆ្នាំ​កន្លង នេះ​បើ​តាម​ក្រុម​អ្នក​​វិភាគ​។

    នេះ​គឺជា​ខែទីពីរ​ជាប់​ៗ​គ្នា​ហើយ​ដែល​ OPEC+ កាន់​បន្ថយ​ការ​ផលិត​ប្រេង​ឆៅ។ កាល​ពី​ខែ​មុន ពួក​គេ​បាន​ឯកភាព​គ្នា បន្ថយ​បរិមាណ​​ប្រេង​ឆៅ ១ សែន​ធុង​ជា​រៀង​រាល់​ថ្ងៃ​ សម្រាប់​ខែ​តុលា​ ២០២២​។

    តម្លៃ​ប្រេង​ឆៅធ្លាប់​ឡើង​ខ្ពស់​ជាង​ ១០០ ដុល្លារ​/ធុង​ នៅ​ក្នុង​ ៦ ខែ​ដើម​ឆ្នាំ​នេះ ដោយ​សារ​សង្គ្រាម​រវាង​ រុស្ស៊ី និង​ អ៊ុយក្រែន​។ ប៉ុន្តែ តម្លៃ​នេះ​ ក្រោយ​មក​ក៏​បាន​ថយ​ចុះ​ ៣២% ក្នុង​ ៤ ខែ​កន្លង​ ដោយ​សារ​ការ​បារម្ភ​អំពី​ឱនភាព​សេដ្ឋកិច្ច​សកល​។ ប្រេង​ឆៅ​ Brent មាន​ពេល​ខ្លះ​ធ្លាក់​ថ្លៃ​ចុះ​មក​នៅ​ក្រោម ៨៣ ដុល្លារ​/​ធុង​ជា​លើក​ដំបូង​រាប់​ចាប់​ពី​ខែ​មករាឆ្នាំ​នេះ ។