Author: សឿន សំណាង

  • ឧស្សាហកម្ម​ផលិត​ទំពាំង​ឬស្សីពក​នៅខេត្ត Guizhou ប្រទេស​ចិន ជួយ​​គាំទ្រ​ដល់​​កសិករ​ជាង ៤២ ពាន់​នាក់

    ឧស្សាហកម្ម​ផលិត​ទំពាំង​ឬស្សីពក​នៅខេត្ត Guizhou ប្រទេស​ចិន ជួយ​​គាំទ្រ​ដល់​​កសិករ​ជាង ៤២ ពាន់​នាក់

    ដោយ​មាន​​ប្រព័ន្ធ​ម៉ាស៊ីន​ស្វ័យប្រវត្ត ទំពាំង​ឫស្សី​ពកជ្រុង​​រាប់​ម៉ឺន​តោន​នៅ​ក្នុង​ស្រុក Tongzi ក្រុង Zunyi នៃ​ខេត្ត Guizhou ភាគ​និរតី​ប្រទេស​ចិន ត្រូវ​បាន​ទិញ​ កែច្នៃ និង​លក់​ទៅ​កាន់​ទីក្រុង​ធំៗ​។

    ស្រុក Tongzi នៃ​ខេត្ត Guizhou ភាគ​និរតី​ប្រទេស​ចិន ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស្រុក​កំណើត​របស់​ដើម​ឫស្សី​ពក​ជ្រុង (square bamboo)។ ក្នុង​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ស្រុក Tongzi បាន​ប្រើប្រាស់​ចំណុច​ខ្លាំង​នេះដើម្បី​អភិវឌ្ឍ​វិស័យ​ឧស្សាហ​កម្ម​ទំពាំង​ឫស្សី​​ពក​ជ្រុង​ ក្នុង​បំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​។

    ចាប់​តាំង​ពី​ឆ្នាំ​ ២០២០ ស្រុក Tongzi បាន​ដាំ​ឫស្សី​ពក​ជ្រុង​នេះ​ជាង ១ លាន​ mu (៦៦,៦០០ ហិកតា) ដែល​ផ្ដល់​ទំពាំង​ ៥៥,០០០ តោន តម្លៃ​ ៦៥០ លាន​យុន​ (ប្រហែល ៩០ លាន​ដុល្លារ​អាម៉េរិក) ក្នុង​ឆ្នាំ​ ២០២១​។

    ដើម្បី​ជំរុញ​ការ​រីក​ចម្រើន​ទូទៅ​នៅ​ក្នុង​ការ​ផលិត ការ​កែច្នៃ និង​ការ​លក់ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំពាំង​ឫស្សី​ពក​ជ្រុង​មួយ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    «យើង​កំពុង​ផលិត​ទំពាំង​វេចខ្ចប់​។ នេះ​គឺជា​ផលិតផល​​សរីរាង្គ​ដែល​ត្រូវ​បាន​ផលិត​ទៅ​តាម​ស្ដង់ដាជាតិ​​នាំចេញ​ ជាមួយ​នឹង​កាល​បរិច្ឆេទ​ប្រើ​ប្រាស់​ ២ ឆ្នាំ​។ យើង​មាន​ការ​គាំទ្រ​ពីអ្នក​ប្រើប្រាស់​នៅទីក្រុង Chengdu, Chongqing និង Shanghai» លោក Jiang Jinjie អនុប្រធាន​ក្រុម​ហ៊ុន​វិនិយោគ​ និង​ផលិត​ Guizhou Loushan បាន​ឱ្យ​ដឹង​ដូច្នេះ​។

    មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំពាំង​ឫស្សី​ពកជ្រុង Guizhou Loushan មាន​ប្រព័ន្ធ​ផលិត​ស្វ័យ​ប្រវត្ត​ចំនួន ៤ ដែល​រួម​មាន​ដំណាក់​កាល​ស្ងោរ រក្សាទុក​បែប​បង្កក​រហ័ស សម្ងួត​ និង​វេច​ខ្ចប់​។

    ទំពាំង​ឫស្សី​ពក​ជ្រុង​ចិន ត្រូវ​ការ​ប្រមូល​ផល​ក្នុង​រយៈ​ពេល​ខ្លី​។ លោក Jiang Jinjie និយាយ​ថា មជ្ឈមណ្ឌល​​ Guizhou Loushan អាច​ទទួល​ទិញ​ទំពាំង​ស្រស់​របស់​ប្រជាកសិករ​​ក្នុង​បរិមាណ​ច្រើន​ ក្រោយ​មក​យក​វា​ទៅ​លក់​ ឬ​កែច្នៃ ដើម្បី​ធានាថា មិន​មាន​ទំពាំង​ល្អ​មួយ​ណា​ត្រូវបាន​​បោះ​ចោល​។

    មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ក៏​ជួយ​ជំរុញ​ការស្រាវជ្រាវ និង​​ការ​អភិវឌ្ឍ​ថ្មី​​ទៅ​លើ​ផលិត​ផល​​ទំពាំង​នានា​ក្នុង​តំបន់​ ដើម្បី​លើក​កម្ពស់​សមត្ថភាព​ប្រកួត​ប្រជែង​​ក្នុង​ទីផ្សារ។

    បច្ចុប្បន្ន មាន​ប្រជាកសិករ​​ក្នុង​តំបន់​ជាង ៤២ ពាន់​នាក់ កំពុងរស់​នៅ​ដោយ​ការ​ពឹង​ផ្អែក​លើ​វិស័យ​ផលិត​ទំពាំង​ឫស្សី​ពក​ជ្រុង​នេះ​៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១៨ ខែ​​តុលា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១៨ ខែ​​តុលា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០៥ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ១៧ ខែ​តុលា​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១០ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតត្រឹមព្រឹក ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ កម្ពុជា មាន​ អ្នក​ឆ្លងកូវីដ-១៩ សរុប ៖ ១៣៧,៩៧៥ នាក់, អ្នកជាសះស្បើយសរុប​ ៖ ១៣៤,៨៥៤ នាក់ និង​​អ្នកស្លាប់​សរុប​ ៖ ៣,០៥៦ នាក់៕

  • រដ្ឋាភិបាល​បារាំង​ កោះ​ប្រជុំ​បន្ទាន់​ ព្រោះ​តែ​វិបត្តិ​ថាមពល​​ដោយ​សារ​កូដកម្ម

    រដ្ឋាភិបាល​បារាំង​ កោះ​ប្រជុំ​បន្ទាន់​ ព្រោះ​តែ​វិបត្តិ​ថាមពល​​ដោយ​សារ​កូដកម្ម

    ប្រធានាធិបតី​បារាំង ម៉ាក្រុង កោះ​ប្រជុំ​ជាមួយ​នឹង​ក្រុម​រដ្ឋមន្ត្រី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កូដកម្ម​ដែល​ចេះ​តែ​រីក​ធំឡើង​ និង​កំពុង​តែ​បង្កើត​ឱ្យ​មាន​វិបត្តិ​ថាមពល​នៅ​ប្រទេស​នេះ​។

    ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង កាល​ពី​ម្សិលមិញ បាន​ឱ្យ​ដឹង​ថា លោក​ចង់​ស្វែង​រក​ដំណោះ​ស្រាយ​ «លឿនបំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​» ដើម្បី​ដោះស្រាយ​បញ្ហា​បាតុកម្ម​នា​បច្ចុប្បន្ន​ និង​សន្យា​ថា​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ នេះ​បើ​តាម​ទូរទស្សន៍​បារាំង BFM TV។

    រដ្ឋាភិបាល​បារាំង ស្នើឱ្យ​កូដករ​ដែល​ធ្វើ​កូដកម្ម​នៅ​​ឯ​ឃ្លាំង​ឥន្ធនៈ​ ២ កន្លែង​នៅ​ក្នុង​តំបន់ Feyzin ក្បែរ​ទីក្រុង Lyon ត្រលប់​ចូល​ធ្វើ​ការ​ មិន​ដូច្នោះ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​​ទោស​ព្រហ្ម​ទណ្ឌ​ នេះ​បើ​តាមការ​ព្រមាន​របស់​​ រដ្ឋមន្ត្រី​ក្រសួង​ថាមពល​បារាំង Agnes Pannier-Runacher។

    ស្ថានភាព​កូដកម្ម​នៅ​មូលដ្ឋាន​ចម្រាញ់​ប្រេង​របស់ ExxonMobil និង TotalEnergies បាន​អូស​បន្លាយ​ពេល​អស់​ជា​ច្រើន​សប្ដាហ៍​មក​ហើយ​ ធ្វើ​ឱ្យ​ប្រភព​ផ្គត់ផ្គង់​សម្រាប់​ស្ថានីយ​ប្រេង​សាំង​រាប់​ពាន់​នៅ​ ប្រទេស​បារាំង ត្រូវ​រអាក់​រអួល។ ក្រុម​សហជីព​បាន​ស្នើ​ឱ្យ​ដំឡើង​ប្រាក់​ខែ​ជូនដល់​​កម្មករ​ដើម្បី​ដោះ​ស្រាយ​ជីវភាព​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​អតិផរណា​។

    បុគ្គលិក​របស់ ExxonMobil បាន​ផ្អាក​ការ​ធ្វើ​កូដកម្ម​នៅ​រោង​ចក្រ​ចម្រាញ់​ប្រេង​ Fos-sur-Mer និង​ឃ្លាំង​ប្រេងនៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង​ កាល​ពី​ចុងសប្ដាហ៍​កន្លង ក្រោយ​ពី​មាន​ការ​ចរចា​អំពី​ប្រាក់​ខែ​។ ប៉ុន្តែ​ស្ថាន​ភាព​កូដកម្ម​នៅ​តែ​បន្ត​កើត​មាន​នៅ​ឯរោង​ចក្រ​ចម្រាញ់​ប្រេង​របស់ TotalEnergies។

  • រាជបុត្រា​​របស់ស្ដេច​នៅ ប្រទេស​​អារ៉ាប៊ីសាអូឌីត​ ព្រមាន​ដល់​ប្រទេស​លោក​ខាងលិច

    រាជបុត្រា​​របស់ស្ដេច​នៅ ប្រទេស​​អារ៉ាប៊ីសាអូឌីត​ ព្រមាន​ដល់​ប្រទេស​លោក​ខាងលិច

    ព្រះអង្គ​ម្ចាស់ al-Shaalan ព្រមាន​​បស្ចិម​លោក​កុំឱ្យ​គំរាម​កំហែង​ដល់​ អារ៉ាប៊ីសាអូឌីត ដោយ​សង្កត់​ធ្ងន់​ថា ប្រទេស​មជ្ឈិម​បូព៌ា​មួយ​នេះ​គឺជា​ទឹក​ដី​របស់​អ្នក​ដើរ​តាម​​ «Jihad និង​ស្លាប់​ដើម្បី​សាសនា»។

    «ផ្ញើ​ទៅ​កាន់​លោក​ខាង​លិច អ្នក​ណា​ក៏​ដោយ​ឱ្យ​តែ​ប្រឆាំង​នឹង​ការ​រស់​រាន​របស់​រាជាណាចក្រ ចូរ​ចាំ​ថា យើង​ខ្ញុំ​គឺជា​អ្នក​ដើរ​តាម​ Jihad និង​ស្លាប់​ដើម្បី​សាសនា» រាជបុត្រា​របស់ អារ៉ាប៊ីសាអីឌីត Saud al-Shaalan កាល​ពី​ថ្ងៃទី ១៧ តុលា ប្រកាស​ដូច្នេះ​។ «នោះ​គឺជា​សារដែល​ខ្ញុំ​ផ្ញើ​ទៅ​កាន់​អ្នក​ទាំង​ឡាយ​ដែល​គិត​ថា ពួក​គេ​អាច​គំរាម​កំហែង​យើង​ខ្ញុំ»។

    ប្រភព​ព័ត៌មាន​មួយ​ពី​ អារ៉ាប៊ីសាអូឌីត បាន​ឱ្យ​ដឹង​ថា ព្រះអង្គម្ចាស់​ al-Shaalan មិន​មែន​ជា​តំណាង​របស់​រដ្ឋាភិបាល​ប្រទេស​នេះ​។ ប្រភព​ព័ត៌មាន​​បាន​និយាយ​ថា រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត អាច​ប្រកាស​ច្រាន​ចោល​សម្ដី​របស់​ព្រះអង្គ​ម្ចាស់ al-Shaalan។

    ព្រះអង្គ​ម្ចាស់ al-Shaalan បាន​រៀប​អភិសេក​ជាមួយ​ចៅ​ស្រី​របស់ អតីត​មហា​ក្សត្រ Abdulaziz Al Saud ដែល​ជា​អ្នក​បង្កើត​ អារ៉ាប៊ីសាអូឌីត​ កាល​ពី​ឆ្នាំ ១៩៣២​។

    សាររបស់​ ព្រះអង្គ​ម្ចាស់ al-Shaalan ត្រូវ​បាន​លើក​ឡើង​ក្នុង​គ្រាដែល​ភាព​តាន​តឹង​មិន​ធ្លាប់​​មាន​រវាង​ សហរដ្ឋ​អាម៉េរិក និង​ អារាប៊ីសាអូឌីត​ បាន​កើត​ឡើង​ ក្រោយ​ពី​ប្រទេស​នៅ​មជ្ឈិម​បូព៌ា​មួយ​នេះ​នាំ​មុខ OPEC+ ក្នុង​ការ​សម្រេច​ចិត្ត​កាត់​បន្ថយ​បរិមាណ​ប្រេង​ បើ​ទោះ​ជា​ សហរដ្ឋ​អាម៉េរិក ស្នើ​សុំ​ឱ្យ​បង្កើន​ការ​ផលិត​ និង​ការ​នាំ​ចេញ​ ទាក់​ទិន​​នឹង​តម្លៃ​ប្រេង​ឆៅ​​នៅ​លើ​ពិភពលោក​៕

  • រុស្ស៊ី បញ្ជូន​ទាហាន​ ៩,០០០ នាក់​ រួម​នឹង​រថក្រោះ និង​រថពាសដែក​ជិត ៤០០ គ្រឿង ទៅ​កាន់​ បេឡារុស

    រុស្ស៊ី បញ្ជូន​ទាហាន​ ៩,០០០ នាក់​ រួម​នឹង​រថក្រោះ និង​រថពាសដែក​ជិត ៤០០ គ្រឿង ទៅ​កាន់​ បេឡារុស

    អាជ្ញាធរ​បេឡារុស បាន​ប្រកាស​អំពី​រឿង​កងទ័ព​​របស់ រុស្ស៊ី ដែល​បញ្ជូន​មក​កាន់​ប្រទេស​នេះ ហើយ​ រុស្ស៊ី និង​ បេឡារុស នឹង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​ក្នុង​តំបន់​ហ្វឹកហ្វឺន​ជា​ច្រើន​។

    «ទាហាន​រុស្ស៊ី សរុប​ ដែល​នឹង​ត្រូវ​បញ្ជូន​មក​កាន់​ បេឡារុស​ គឺ ៩,០០០ នាក់​។ ប្រទេស​នេះ​ក៏​នឹង​បញ្ជូន​រថក្រោះ​ប្រហែល ១៧០, រថពាសដែកច្រើន​ប្រភេទ​ចំនួន​ ២០០ គ្រឿង រួម​នឹង​កាំភ្លើង​ធំ​ និង​កាំភ្លើង​ត្បាល់​​កាណុង​ចាប់​ពី ១០០ មម ចំនួន ​១០០ ដើមផងដែរ​» ជំនួយ​ការ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​បេឡារុស ទទួល​បន្ទុក​កិច្ច​សហប្រតិបត្តិ​ការ​​យោធា​អន្តរជាតិ​ Valery Revenko បាន​និយាយ​កាល​ពី​ថ្ងៃទី ១៧ តុលា​ដូច្នេះ​។

    អង្គភាព​រួម​របស់ រុស្ស៊ី និង​ បេឡារុស (Belarus) នឹង​ទៅ​កាន់​ ៤ តំបន់​ហ្វឹក​ហ្វឺន​​នៅ​ភាគ​ខាង​កើត​ និង​ភាគ​កណ្ដាល​របស់​​ប្រទេស​បេឡេរុស ដើម្បី​ធ្វើ​សមយុទ្ធ​។

    លោក Valery Revenko ឱ្យ​ដឹង​ថា «ខ្លឹមសារ​សំខាន់​នឹង​ជា​ការ​ហ្វឹក​ហាត់​ផ្នែក​យុទ្ធ​សាស្ត្រ​ ក្នុង​នោះ​ក៏​មាន​ការ​បាញ់​គ្រាប់​ពិត​ និង​បាញ់​ប្លោង​មីស៊ីល​ការ​ពារ​ដែន​អាកាស​ ក៏ដូច​ជា​​ការ​ប្រើប្រាស់​សម្ភារយោធា​»។ លោក​ Valery Revenko សង្កត់​ធ្ងន់​ថា កងកម្លាំង​របស់​ រុស្ស៊ី ដែល​បោះ​ទ័ព​នៅ បេឡេរុស គ្រាន់​តែ​ជា​ការ​បង្ការ​ និង​ជួយ​​ការ​ពារ​ព្រំដែន​​របស់ បេឡារុស តែ​ប៉ុណ្ណោះ។

    ផែនទី​ប្រទេស​បេឡារុស

    បេឡារុស គឺជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​របស់​ រុស្ស៊ី និង​បាន​អនុញ្ញាត​ឱ្យ​ កងកម្លាំង​រុស្ស៊ី ប្រើប្រាស់​ទឹក​ដី​ដើម្បី​សម្រុក​ចូល​ទៅ​កាន់​ អ៊ុយក្រែន​។ បេឡារុស ក៏​ត្រូវ​បាន​សង្ស័យ​ថា បាន​អនុញ្ញាត​ឱ្យ​ រុស្ស៊ី ប្រើប្រាស់​ដែន​អាកាស​ដើម្បី​បាញ់​មីស៊ីល​ចូលទឹក​ដី​របស់ អ៊ុយក្រែន​ ផងដែរ​៕

  • ទិដ្ឋភាព​យន្តហោះ​ចម្បាំង Su-34 របស់​ រុស្ស៊ី ធ្លាក់​​តំបន់​អគារ​ខ្ពស់​នៅ Yeysk

    ទិដ្ឋភាព​យន្តហោះ​ចម្បាំង Su-34 របស់​ រុស្ស៊ី ធ្លាក់​​តំបន់​អគារ​ខ្ពស់​នៅ Yeysk

    យន្តហោះចម្បាំង Su-34 របស់ រុស្ស៊ី បាន​បន្ទាប​ខ្លួន​​យ៉ាង​លឿន​ នាំ​ឱ្យ​ក្រុម​អ្នក​បើកបរ​ចុច​ប្លោង​កៅអី​រំដោះ​ខ្លួន​តែប៉ុន្មាន​នាទី​ប៉ុណ្ណោះ​មុន​ពេល​យន្តហោះ​ធ្លាក់​ចំ​អគារ​ស្នាក់​នៅ​ក្នុង​ទីក្រុង​ Yeysk។

    រូប​ភាព​ពី​កាមេរ៉ា​សន្តិសុខ​ដែល​ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​រុស្ស៊ី នា​ថ្ងៃ​នេះ​បាន​បង្ហាញ​អំពី​វិនាទី​ចុង​ក្រោយ​ មុន​ពេល​យន្តហោះ​ចម្បាំង Su-34 ធ្លាក់​ចំ​អគារ​ស្នាក់​នៅ​ដែល​មាន​កម្ពស់ ៩ ជាន់ នៅ​ឯ​ទីក្រុង Yeysk ភាគ​និរតី​នៃ​ប្រទេស​រុស្ស៊ី បណ្ដាល​ឱ្យ​មនុស្ស ៦ នាក់​បាត់បង់ជីវិត​។

    ក្នុង​វីដេអូ យន្តហោះ Su-34 ហោះ​ក្នុង​ល្បឿន​លឿន​ និង​បន្ទាប​ខ្លួន​ចុះ​យ៉ាងលឿន មុនពេល​​មាន​ដុំ​ភ្លើង​ចំនួន ២ នៅ​លើ​អាកាស​ ដែល​នេះ​ទំនង​ជា​ក្រុម​អ្នក​បើកបរ​ចុច​កៅអីប្លោង​​រំដោះ​ខ្លួន​។ ប៉ុន្មាន​វិនាទី​ក្រោយ​ យន្តហោះ​ក៏​ធ្លាក់​​ចំ​តំបន់​​អគារ​ស្នាក់​នៅ​ និង​បង្កើត​បាន​ជា​អណ្ដាត​ភ្លើង​សន្ធោសន្ធៅ​។

    អាជ្ញាធរ​ក្រុង​បាន​ឱ្យ​ដឹង​ថា អគ្គិភ័យ​ត្រូវ​បាន​គ្រប់​គ្រង​ក្រោយ​រយៈ​ពេល​ជាង ៣ ម៉ោង​។ ក្រៅ​ពី​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ នៅ​មាន ៦ នាក់​ទៀត​បាត់​ខ្លួន និង ១៩ នាក់​ត្រូវ​រង​របួស​ ខណៈ​ ២៥០ នាក់ផ្សេង​ទៀត​​ត្រូវ​ឈ្លៀស​ចេញ​ពី​តំបន់​កើត​ហេតុ​។

    យន្តហោះចម្បាំង Su-34 របស់ រុស្ស៊ី

    ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី ប្រកាស​ថា Su-34 ជួប​គ្រោះ​ថ្នាក់​​​នៅ Yeysk នៅ​ពេល​ហោះ​ហើរ​ហ្វឹកហាត់​ ហើយ​ក្រុម​អ្នក​បើកបរ​បាន​ចុច​កៅអីប្លោង​រំដោះ​ខ្លួន​។ ស្ថាបនា​នេះ​ក្រោយ​មក​បាន​ឱ្យ​ដឹង​ថា ម៉ាស៊ីន​របស់​យន្តហោះ​ត្រូវ​ឆេះ​ពេល​ហោះ​ពី​មូលដ្ឋានទ័ព​នៅ​​ភាគ​ខាង​ត្បូង​ប្រទេស​។

  • ណាតូ (NATO) ធ្វើ​សមយុទ្ធ​ប្រើ​ប្រាស់​អាវុធ​​ប្រល័យ​លោក​​នៅ​ទ្វីប​អឺរ៉ុប

    ណាតូ (NATO) ធ្វើ​សមយុទ្ធ​ប្រើ​ប្រាស់​អាវុធ​​ប្រល័យ​លោក​​នៅ​ទ្វីប​អឺរ៉ុប

    ណាតូ បើក​ដំណើរ​ការ​សមយុទ្ធ​កំញើញ​ផ្នែក​នុយក្លេអែរ​ប្រចាំ​ឆ្នាំ​នៅ អឺរ៉ុប​ខាង​កើត​ ក្នុង​គ្រាដែល​ភាព​តាន​តឹង​ជាមួយ​នឹង រុស្ស៊ី កំពុង​មាន​ការ​កើន​ឡើង​ ដោយ​សារ​សង្គ្រាម​នៅ អ៊ុយក្រែន​។

    អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ថ្ងៃ​នេះ​បាន​ចាប់​ផ្ដើម​សមយុទ្ធ​នុយក្លេអែរ​ប្រចាំ​ឆ្នាំ​ «Steadfast Noon» ដោយ​បាន​សង្កត់​ធ្ងន់​ថា នេះ​គឺជា «សកម្មភាព​ហ្វឹក​ហ្វឺន​ជា​ទៀង​ទាត់​ ជា​ប្រចាំ​» ដែល​ត្រូវ​បាន​រៀប​ផែនការ​មុន​ពេល​ រុស្ស៊ី បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយក្រែន និង​មិន​ទាន់​ទង​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​។ សមយុទ្ធ​នេះ​មាន​ការ​ចូលរួម​របស់​ប្រទេស​ចំនួន ១៤ ក្នុង​ចំណោម​សមាជិក​ ៣០ ប្រទេស​របស់ ណាតូ។

    សមយុទ្ធ​នុយក្លេអែរ​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​រហូត​ដល់​ថ្ងៃទី ៣០ តុលា ដោយមាន​វត្តមាន​របស់​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ B-52 របស់ សហរដ្ឋ​អាម៉េរិក​ ផងដែរ​។ យន្ត​ហោះ​សរុប​ចំនួន ៦០ គ្រឿង​នឹង​ចូល​រួម​ហោះហើរ​​ពី​លើ ​ប្រទេស​បែលហ្ស៊ិក អង់គ្លេស និង​សមុទ្រ​ខាងជើង (North Sea) ដើម្បី​ហ្វឹក​ហាត់​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអែរ​ ដែល​ សហរដ្ឋ​អាម៉េរិក បាន​ដាក់​ពង្រាយ​នៅ​ អឺរ៉ុប​។

    ណាតូ ឱ្យ​ដឹង​ថា នឹង​មិន​មាន​ការ​ប្រើប្រាស់​គ្រាប់​បែក​នុយក្លេអែរ​ពិត នៅ​ក្នុងសមយុទ្ធ​នេះ​។ «សមយុទ្ធ​ធ្វើ​ឡើង​ដើម្បី​ធានា​ថា សកម្មភាព​កំញើញ​ផ្នែក​នុយក្លេអែរ​របស់​សម្ព័ន្ធ​មិត្ត​ នៅ​តែ​សុវត្ថិភាព​ មាន​ការ​ធានា និងមាន​​ប្រសិទ្ធភាព» អ្នកនាំពាក្យ​របស់ ណាតូ Oana Lungescu ឱ្យ​ដឹង​ដូច្នេះ​។

    សមយុទ្ធ​របស់ ណាតូ ត្រូវ​បាន​ធ្វើឡើង​ក្នុង​គ្រាដែល​មាន​ការ​បារម្ភ​អំពី​លទ្ធភាព​ដែល​ រុស្ស៊ី អាច​ប្រើប្រាស់​អាវុធ​នុយក្លេអែរ នៅ អ៊ុយក្រែន​ ក្រោយពី ប្រធានាធិបតី​ ពូទីន កាល​ពី​ខែ​មុន បាន​និយាយ​ថា មូស្គូ អាច​ប្រើប្រាស់​គ្រប់​មធ្យោបាយដែល​មាន​ រួម​ទាំង​ប្រភេទ​អាវុធ​ដែល​មាន​កម្រិត​នៃ​ការ​ប្រល័យ​ខុស​ៗ​គ្នា ដើម្បី​ការ​ពារ​បូរណភាព​ទឹក​ដីរបស់​ខ្លួន​៕

  • អាជ្ញាធរ​ថៃ ជួយ​សម្រួល​​ការ​សុំ​​លិខិត​ស្នាម​ស្រប​ច្បាប់របស់​​ពលករ​មក​ពី​ប្រទេស​ឡាវ

    អាជ្ញាធរ​ថៃ ជួយ​សម្រួល​​ការ​សុំ​​លិខិត​ស្នាម​ស្រប​ច្បាប់របស់​​ពលករ​មក​ពី​ប្រទេស​ឡាវ

    បច្ចុប្បន្ន រដ្ឋាភិបាល​ថៃ កំពុង​បើក​មជ្ឈមណ្ឌល​ប្រឹក្សា​យោបល់​នៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​ដើម្បី​ជួយ​ឱ្យ​ ពលករ​ឡាវ​ អាច​សុំ​បណ្ណ​ពណ៌​ស្វាយ (បណ្ណ​ការ​ងារ) ដើម្បី​អាច​បន្ត​ធ្វើការ​ដោយ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​។

    បណ្ណ​ពណ៌​ស្វាយ​ គឺជា​យន្តការ​សម្រួល​សម្រាប់​ពលករ​ឡាវ​ដែល​ធ្វើការ​ក្នុង​វិស័យ​នេសាទ​ និង​ការ​ងារ​ដទៃ​ទៀត​នៅ​ ប្រទេស​ថៃ ដែល​មាន​សុពលភាព​ ២ ឆ្នាំ និង​អាច​សុំ​ពន្យារ​ពេល​បន្ត​បាន​។

    យោង​តាម​ប្រកាស​ថ្មី ពលករ​ឡាវ​ដែល​មាន​លិខិត​ឆ្លង​ដែន​អស់​សុពលភាព​ នៅ​តែ​អាច​ចុះ​ឈ្មោះ​សុំ​បណ្ណ​ការ​ងារ​ ដើម្បីក្លាយ​ជា​ពលករ​ស្រប​ច្បាប់បន្ត​ទៀត​​ បើ​សិន​បង្ហាញ​លិខិត​ស្នាម​គ្រប់​គ្រាន់​តាម​ការ​កំណត់​របស់​ អាជ្ញាធរ​ថៃ។

    ពលករ​ឡាវ​ ដែល​មិន​មាន​លិខិត​ឆ្លងដែន​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចុះ​ឈ្មោះ​ស្នើ​សុំ​លិខិតអនុញ្ញាតធ្វើដំណើរបណ្តោះអាសន្ន (បណ្ណ​ពណ៌​លឿង) ដើម្បី​ត្រលប់​ទៅ​ ប្រទេស​ឡាវ យក​លិខិត​ឆ្លងដែន​ថ្មី មុន​ពេល​ចូល​មក​ ប្រទេស​ថៃ ជា​ថ្មី ដើម្បីដាក់​ពាក្យ​សុំ​បណ្ណ​ការ​ងារ​​​។

    បណ្ណ​ការ​ងារ​សុពលភាព​ ២ ឆ្នាំ​មាន​តម្លៃ​​ ៣,៥០០ បាត (ប្រហែល ១០០ ដុល្លារ​អាម៉េរិក) និង​មិន​ទាន់​គិត​ដល់​ថ្លៃ​ប្រថាប់​ត្រា​លើ​លិខិត​ស្នាម​ដទៃ​ដែល​ទាក់​ទង​។

    យោង​តាម​ស្ថិតិ​របស់​អាជ្ញាធរ​ថៃ ក្នុង​ចំណោម​ពលករ​បរទេស​ចំនួនប្រមាណ​​ ១.៥ លាន​នាក់​នៅ​ ប្រទេស​ថៃ គឺ​មាន ១០% ជា​ពលករ​មក​ពី​ កម្ពុជា ឡាវ និង មីយ៉ានម៉ា៕

  • គម្រោង​រោង​ចក្រ​វារី​អគ្គិសនី​ Thac Ba 2 ដែល​ទើបត្រូវ​បាន​វៀតណាម​​ចាប់​ផ្ដើម​ស្ថាបនា​កាល​ពី​សប្ដាហ៍​កន្លង

    គម្រោង​រោង​ចក្រ​វារី​អគ្គិសនី​ Thac Ba 2 ដែល​ទើបត្រូវ​បាន​វៀតណាម​​ចាប់​ផ្ដើម​ស្ថាបនា​កាល​ពី​សប្ដាហ៍​កន្លង

    គម្រោង​រោង​ចក្រ​វារី​អគ្គិសនី​ Thac Ba 2 ​មាន​កម្លាំង​ ១៨.៩ MW ដោយ​មាន​បណ្ដុំ​ម៉ាស៊ីន​វារី​អគ្គិសនី​ចំនួន ៣ ​ត្រូវ​បាន​វិនិយោគ​ក្នុង​ទំហំ​ទឹក​ប្រាក់​ ៥៧៥ ពាន់​លាន​ដុង​។

    យោង​តាម​អាជ្ញាធរ​វៀតណាម ដែល​បាន​ប្រកាស​កាល​ពី​ឆ្នាំ​ ២០២០ គម្រោង​ខាង​លើ​នេះ​ ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​​​វិនិយោគ​វារី​អគ្គិសនី​ Thac Ba 2 (TBC2) ក្នុង​នោះ​មាន​ភាគ​ហ៊ុនិក​ចំនួន​ ៣ ចូល​រួម​ គឺ ក្រុម​ហ៊ុន​វារី​អគ្គិសនី Thac Ba, ក្រុម​ហ៊ុនប្រឹក្សា​ផ្នែក​ស្ថាបនា​អគ្គិសនី​ ២ និង​ក្រុម​ហ៊ុន​វិស្វកម្ម​អគ្គិសនី​។

    គម្រោង​រោង​ចក្រ​វារី​អគ្គិសនី​ Thac Ba 2 ត្រូវ​បាន​ស្ថាបនា​លើ​ទំហំ​ផ្ទៃ​ដី ១៥៣ ហិកតា​ នៅ​ក្នុង​ខេត្ត Yen Bai និងខេត្ត Tuyen Quang ភាគ​ខាង​ជើង​ប្រទេស​វៀតណាម​ ជាមួយ​នឹង​ទុន​វិនិយោគ​សរុបជិត ៥៧៥ ពាន់​លាន​ដុង​។

    យោង​តាម​ឯកសារ​ផ្លូវការ គម្រោង​រោង​ចក្រ​វារី​អគ្គិសនី​ Thac Ba 2 គឺជា​ប្រភេទ​វារីអគ្គិសនី​ថ្នាក់​ក្រោម​របស់​ ​រោង​ចក្រ​វារី​អគ្គិសនី​ Thac Ba ដែល​កំពុង​ដំណើរ​ការផលិត​អគ្គិសនី​នា​​បច្ចុប្បន្ន និង​អភិវឌ្ឍ​ទៅ​តាម​គោល​ការណ៍​ «ទទួល​រង​បរិមាណ​ទឹក​» ដែល​បញ្ចេញ​ពី​ទំនប់​ជាន់​ខាងលើ​​របស់ រោង​ចក្រ​វារី​អគ្គិសនី​ Thac Ba ដើម្បី​ផលិតអគ្គិសនី​។

    គម្រោង​ដែល​មាន​កម្លាំង​ ១៨.៩ MW នេះ​ គ្រោង​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ផលិត​អគ្គិសនី​ចាប់​ពី​ត្រីមាស​ទី​ ១ ឆ្នាំ ២០២៥​ និង​ផ្គត់ផ្គង់​អគ្គិសនី​ប្រមាណ​ ៧០.២ លាន​គីឡូវ៉ាត់​ម៉ោង/ឆ្នាំ​។

    ​គម្រោង​រោង​ចក្រ​វារី​អគ្គិសនី​ Thac Ba 2 ខាងលើ​ ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃទី ១៥ ខែ​តុលា ឆ្នាំ​ ២០២២​។

  • ណាសា (NASA) ជិត​សាកល្បង​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ ក្រោយ​រយៈ​ពេល ៧៥ ឆ្នាំ

    ណាសា (NASA) ជិត​សាកល្បង​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ ក្រោយ​រយៈ​ពេល ៧៥ ឆ្នាំ

    យន្តហោះ​ X-59 ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ទំព័រ​យុគ​សម័យ​ថ្មី​ក្នុង​វិស័យ​អាកាស​ចរណ៍​ ដោយ​មាន​សមត្ថភាព​អាច​ហោះ​ក្នុងល្បឿន​លឿន​ជាង​សំឡេង​ និង​បង្ក​សំឡេង​រំខាន​តិច​ជាង​ធៀប​នឹងយន្តហោះ​ Concorde។

    ក្រុម​អ្នក​ជំនាញ​ផ្នែក​អាកាស​ចរណ៍​ក្នុង​គម្រោង​​ Quesst របស់ ណាសា កំពុង​រក​វិធីដើម្បី​​ឆ្លង​ផុត​ពី​ឧបសគ្គ​សំឡេង​ម្ដង​ទៀត​​ ទៅតាម​វិធី​ដែល​អាច​ជួយ​ឱ្យ​ភ្ញៀវ​​ធ្វើដំណើរ​លឿន​​ដូច​ទៅ​នឹង​អ្នក​បើក​បរ​យន្តហោះ​ល្បឿន​លឿនជាង​សំឡេង X-1 នេះ​បើ​តាម Tech Times ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី ១៦ តុលា​។

    ដើម្បី​វាយ​តម្លៃ​លើ​សមត្ថភាព​កាត់​បន្ថយ​​សំឡេង​រំខាន​របស់​បច្ចេកវិទ្យាថ្មី ណាសា​ នឹង​ប្រើប្រាស់​ប្រព័ន្ធ​អង្គញាណ​ដើម្បី​វាស់ស្ទង់​សំឡេង​រំខាន​ពី​លើដី​។ តាម​គម្រោង X-59 នឹង​អាច​ហោះ​ហើរ​នៅ​ដើម​ឆ្នាំ​ ២០២៣​។

    Catherine Bahm វិស្វករ​អាកាស​ចរណ៍​នៅ​ មជ្ឈមណ្ឌល​ហោះ​ហើរ Armstrong របស់ ណាសា នៅ California គឺជា​អ្នក​គ្រប់​គ្រង​គម្រោង​សាកល្បង​ហោះ​ហើរ​​ដែល​មាន​សំឡេង​រំខាន​កម្រិត​ទាប​។ ក្រុម​របស់​នាង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រចនា​ និង​បង្កើត​​ X-59 ដែលជា​យន្តហោះ​សាកល្បង​សំខាន់​ក្នុង​គម្រោង​ Quesst។ តាម​រយៈ​ Quesst អង្គការ​ណាសា មាន​ផែនការ​បញ្ជាក់​ថា X-59 អាច​ហោះ​ហើរ​លឿន​ជាង​សំឡេង​ ប៉ុន្តែ​មិន​បង្ក​សំឡេង​រំខាន​ខ្លាំង​ដែល​ធ្លាប់​ធ្វើ​ឱ្យ​យន្តហោះ​លឿនជាង​សំឡេង​ត្រូវ​បាន​ហាម​ឃាត់​​ការ​ហោះ​ហើរ​ពី​លើ​ដី​គោក​កាល​ពី​ឆ្នាំ​ ១៩៧៣​។

    យន្តហោះ X-59 ត្រូវ​បាន​រចនា​ឡើង​ដើម្បី​អាច​ដឹក​ភ្ញៀវ និង​ហោះ​ក្នុង​ល្បឿន​ ១,៧០០ គីឡូម៉ែត្រ​/ម៉ោង​ (លឿន​ជាង​ល្បឿន​របស់​សំឡេង​ជិត ១.៤ ដង) និង​ហោះ​បាន​កម្ពស់​ ១៦.៨ គីឡូម៉ែត្រ ធៀប​នឹង​ផ្ទៃ​ដី​។ ដោយ​ហោះ​ក្នុង​ល្បឿន​នេះ អ្នក​បើក​បរ​ចំណាយ​ពេល​តែ​ ៣ ម៉ោង​ប៉ុណ្ណោះ​ ក្នុង​ការ​ហោះ​ហើរ​ពី​ ក្រុង​ឡុងដ៍ ទៅ​កាន់​ ញូវយ៉ក។

    បច្ចេកវិទ្យា​ថ្មី​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជួយ​ឱ្យ​ X-59 មាន​សំឡេង​រំខាន​ត្រឹម​​ ៦០ dBA តែ​ប៉ុណ្ណោះ ដែល​នេះ​គឺ​ជា​កម្រិត​ទាប​ជាង​ឆ្ងាយ​ បើ​ធៀប​នឹងយន្តហោះ​ Concord៕