Author: សឿន សំណាង

  • ការបើកបរសាកល្បងដ៏ធំអស្ចារ្យមិនធ្លាប់មានជាមួយរថយន្ត Ford ស៊េរីថ្មីឆ្នាំ 2023

    ការបើកបរសាកល្បងដ៏ធំអស្ចារ្យមិនធ្លាប់មានជាមួយរថយន្ត Ford ស៊េរីថ្មីឆ្នាំ 2023

    ក្រុម​ហ៊ុន​រថយន្ត Ford នឹង​ប្រារព្ធ​កម្មវិធី «បើកបរសាកល្បងរថយន្ត Ford ស៊េរីថ្មីឆ្នាំ 2023 ចាប់ពី​ ✅ ថ្ងៃ​ទី 22-23 តុលា 2022 ម៉ោង 9 ព្រឹក – 4 ល្ងាច ✅នៅបរិវេណសណ្ឋាគារ ហ្គាឌិនស៊ីធី (ផ្លូវលីយ៉ុងផាត់)។

    ➡️ ចូលរួមដើម្បីទទួលយកបទពិសោធន៍ដ៏អស្ចារ្យក្នុងការបើកបរឆ្លងកាត់ឧបសគ្គគ្រប់ស្ថានភាពផ្លូវជាមួយការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗនៃរថយន្ត Next-Generation Ford ស៊េរីថ្មីឆ្នាំ 2023

    ➡️ សម្រាប់អ្នកបើកបរសាកល្បងទទួលបានសំបុត្រចូលទស្សនាសួនសត្វភ្នំពេញសាហ្វារី ឬ សួនទឹកហ្គាឌិនស៊ីធី ដោយឥតគិតថ្លៃ!

    ទនាក់ទំនងចុះឈ្មោះចូលរួម: 078 333 748 | 016 333 785
    ➡️សម្រាប់ទីតាំងសូមចុចលើ តំណរភ្ជាប់ មួយនេះ https://goo.gl/maps/ur4gDXQagDHaYCuF8

  • សមាគមធនាគារ និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ជូន​​ដំណឹង​​​ស្ដី​ពី ​«ការ​ផ្តល់​ការ​យោគ​យល់ ​និង​អនុ​គ្រោះ​ដល់​អតិថិ​ជន​ ដែល​រង​គ្រោះ​​ដោយ​​សារ​​ទឹក​ជំនន់

    សមាគមធនាគារ និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ជូន​​ដំណឹង​​​ស្ដី​ពី ​«ការ​ផ្តល់​ការ​យោគ​យល់ ​និង​អនុ​គ្រោះ​ដល់​អតិថិ​ជន​ ដែល​រង​គ្រោះ​​ដោយ​​សារ​​ទឹក​ជំនន់

    សមាគម​ធនាគារ​នៅ​កម្ពុជា និង​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម ទាក់​ទង​នឹង​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ការ​ស្នើ​របស់​ ធនាគារ​ជាតិ​នៃ​កម្ពុជា ស្ដី​ពី​ការ​អនុគ្រោះ​ចំពោះ​អតិថិ​ដែល​រង​ផលប៉ះពាល់​ដោយ​សារ​ទឹក​ជំនន់​។

    គ្រឹះស្ថាន​ធនាគារ​ និង​​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ ដែល​ជា​សមាជិក​របស់ សមាគម​ធនាគារ​នៅ​កម្ពុជា និង​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នឹង​ផ្ដល់​ការ​យោគ​យល់​ និង​អនុគ្រោះ​ចំពោះ​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ជាក់​ស្ដែង​ដោយ​សារ​ទឹក​ជំនន់​ធ្ងន់​ធ្ងរ ទៅ​តាម​សំណើ​របស់​រដ្ឋាភិបាល​ នេះ​គឺជា​ប្រកាស​របស់ សមាគម​ធនាគារ​នៅ​កម្ពុជា និង​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា។

    ​សេចក្ដី​ថ្លែង​ការណ៍​រួមរបស់ សមាគម​ធនាគារ​នៅ​កម្ពុជា និង​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ​នឹង​មាន​ការ​ផ្ដល់​ការ​យោគ​យល់​ និង​អនុគ្រោះ​ចំពោះ​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ជាក់​ស្ដែង​ដោយ​សារ​ទឹក​ជំនន់​ធ្ងន់​ធ្ងរ តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃទី ១៧ តុលា ២០២២​ ទាក់ទង​នឹង​ឥណទាន​របស់​ធនាគារ​ និង​អតិថិជន​ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​។

    សេចក្ដី​ថ្លែង​ការណ៍​រួមបាន​បន្ត​ថា ការ​ផ្ដល់​​ជូន​នេះ​នឹង​មាន​កិច្ច​សហការ​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​ការ​ពារអតិថិជន និង​បន្ត​ការ​អនុគ្រោះ​តាម​រយៈ​ការ​រៀប​ចំ​ឥណទាន​ឡើងវិញ ទៅ​តាម​​លក្ខខណ្ឌ​​​​ដែល​ ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​កំណត់​។

    ព័ត៌មាន​បន្ថែម​ សូម​អាន​ សេចក្ដី​ថ្លែង​ការណ៍​រួមរបស់ សមាគម​ធនាគារ​នៅ​កម្ពុជា និង​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដូច​ខាង​ក្រោម ៖

  • អ៊ីឡុន ម៉ាស ថា អាម៉េរិក មិនទាន់ទូទាត់ប្រាក់សម្រាប់បណ្ដាញអ៊ីនធើណិតនៅ អ៊ុយក្រែន

    អ៊ីឡុន ម៉ាស ថា អាម៉េរិក មិនទាន់ទូទាត់ប្រាក់សម្រាប់បណ្ដាញអ៊ីនធើណិតនៅ អ៊ុយក្រែន

    មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង លោក អ៊ីឡុន ម៉ាស (Elon Musk) និយាយ​ថា បណ្ដាញ​អ៊ីនធើណិតនៅ​ អ៊ុយក្រែន ដែល​ផ្គត់​ផ្គង់​ដោយ​​ផ្កាយ​រណប Starlink របស់​ SpaceX មិន​ទាន់​ទទួ​ល​បាន​ប្រាក់​​ទូទាត់​ពី​ មន្ទីរ​បញ្ចកោណ ​នៅ​ឡើយ​។

    «មិន​ទាន់​ទទួល​បាន​ប្រាក់​ពី​ ក្រសួង​ការ​ពារ​ជាតិ​អាម៉េរិក ប៉ុន្តែ​ប្រទេស​ អង្គការ​ និង​បុគ្គល​មួយ​ចំនួន​ផ្សេង​ទៀត​កំពុង​តែ​ចេញ​ប្រាក់​សម្រាប់​​ឧបករណ៍​ទទួល​បណ្ដាញ​អ៊ីនធើណិត​ចំនួន ១១,០០០/​២៥,០០០ គ្រឿង​» លោក​អ៊ីឡុន ម៉ាស សរសេរ​លើ​ Twitter កាល​ពី​ថ្ងៃទី ១៨ តុលា​ដូច្នេះ​។

    យោង​តាម​លោក អ៊ីឡុន ម៉ាស SpaceX «បាត់​បង់​ប្រាក់​ប្រហែល ២០ លាន​ដុល្លារ​ជា​រៀង​រាល់​ខែ​ ព្រោះ​តែ​សេវាកម្ម​ដែល​មិន​មាន​ការ​ទូទាត់​ និង​ការ​ចំណាយ​ទាក់​ទង​នឹង​វិធានការ​បង្ការ​សុវត្ថិភាព​ដើម្បី​ការ​ពារ​បណ្ដាញ»។

    មតិ​របស់​លោក ​អ៊ីឡុន ម៉ាស ត្រូវ​បាន​លើក​ឡើង​ក្រោយ​ពី ទំព័រ Politico កាល​ពី​ថ្ងៃទី ១៧ តុលា បាន​ផ្សាយ​ថា មន្ទីរ​បញ្ចកោណ​ កំពុង​ពិនិត្យ​លទ្ធភាព​ទូទាត់​ប្រាក់​សម្រាប់​បណ្ដាញ​អ៊ីនធើណិត​ផ្កាយ​រណប​ Starlink របស់​ មហា​សេដ្ឋី អ៊ីឡុន ម៉ាស នៅ ប្រទេស​អ៊ុយក្រែន​។

    លោក​ អ៊ីឡុន ម៉ាស ចាប់​ពី​ខែ​មីនា បាន​ផ្គត់ផ្គង់​អ៊ីនធើណិត​ពី​ផ្កាយ​រណប​ Starlink និង​ផ្ញើ​ឧបករណ៍​ទទួល​រលក​សញ្ញា​អ៊ីនធើណិត​ប្រហែល ២៥,០០០ គ្រឿង​ ទៅ​ឱ្យ​ អ៊ុយក្រែន​​ ដើម្បី​ជួយ​ឱ្យ​កងទ័ព​ប្រទេស​នេះ​រក្សា​ទំនាក់​ទំនង​នៅ​លើ​សមរភូមិ​ ក្នុង​គ្រាដែល​បណ្ដាញ​សេវា​ទូរស័ព្ទ​ និង​បណ្ដាញ​អ៊ីនធើណិត​របស់ អ៊ុយក្រែន ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​។

    ក្រុម​ហ៊ុន SpaceX កាល​ពី​ថ្ងៃទី ១៤ តុលា​ បាន​ប្រកាស​ប្រាប់​ រដ្ឋាភិបាល​អាម៉េរិក ថា ខ្លួន​មិន​អាច​បន្ត​ផ្ដល់​ជំនួយ​ និង​រក្សា​ឧបករណ៍​ Starlink ដែល​ផ្គត់​ផ្គង់​អ៊ីនធើណិត​នៅ​ អ៊ុយក្រែន​។ SpaceX ប្រកាស​ថា ការ​ចំណាយ​សម្រាប់​សកម្ម​ភាព​ខាង​លើ​មក​ដល់​ពេល​នេះ​គឺ​ ៨០ លាន​ដុល្លារ​ ហើយ​គ្រោង​នឹង​ត្រូវ​ចំណាយ​ជាង ១២០ លាន​ដុល្លារ​បើ​សិន​ផ្គត់​ផ្គង់​ដល់​ដាច់​ឆ្នាំ​នេះ​ និង​ជិត ៤០០ លាន​ដុល្លារ​សម្រាប់​ ១២ ខែ​ទៀត​។ ក៏ប៉ុន្តែ ក្រោយ​មក លោក​ អ៊ីឡុន ម៉ាស បាន​ប្ដូរ​ចិត្ត​ ដោយ​និយាយ​ថា «នឹង​​ផ្គត់​ផ្គង់​សេវាកម្ម​នេះ​បន្ត​ទៀត»​៕

  • ឥណ្ឌូណេស៊ី រុះរើ​កីឡដ្ឋាន​បាល់​ទាត់​ដែល​កើត​មាន​ហេតុ​ការណ៍​រត់​ជាន់​គ្នា​ស្លាប់​ ១៣៣ នាក់

    ឥណ្ឌូណេស៊ី រុះរើ​កីឡដ្ឋាន​បាល់​ទាត់​ដែល​កើត​មាន​ហេតុ​ការណ៍​រត់​ជាន់​គ្នា​ស្លាប់​ ១៣៣ នាក់

    ប្រធានាធិបតី​ឥណ្ឌូណេស៊ី ប្រកាស​ថា កីឡដ្ឋាន​បាល់​ទាត់​នៅ​ក្នុង​ទីក្រុង Malang ជា​ទីដែល​បាន​កើត​ហេតុ​ការណ៍​រត់​ជាន់​គ្នា​បណ្ដាល​ឱ្យ​មនុស្ស ១៣៣ នាក់​បាត់បង់ជីវិត នឹង​ត្រូវ​បាន​រុះរើ​ ដើម្បី​​សាងសង់ជាថ្មី​។

    «យើង​នឹង​រុះរើ​កីឡដ្ឋាន​ Kanjuruhan នៅ Malang និង​សាងសង់​ឡើង​វិញ​ទៅ​តាម​ស្ដង់ដា​ FIFA ជាមួយ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​សម​ស្រប​ដែល​អាច​ធានា​សុវត្ថិភាព​សម្រាប់​កីឡាករ និង​អ្នក​គាំទ្រ» ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ ហ្សាការតា កាល​ពី​ម្សិលមិញ​ ក្រោយ​ជំនួប​ជាមួយ​ប្រធាន​ FIFA លោក Gianni Infantino។

    កីឡដ្ឋាន​ Kanjuruhan នៅ Malang ខេត្ត Java ខាង​កើត គឺជា​ទី​ដែល​បាន​កើត​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​កាល​ពី​ព្រលប់​ថ្ងៃទី ០១ តុលា ក្រោយ​ការ​ប្រកួត​រវាង​ក្រុម​ម្ចាស់​ផ្ទះ Arema និង​ក្រុម​ Persebaya Surabaya។ ដោយ​សារ​តែ​ក្រុម​ម្ចាស់​ផ្ទះ​ត្រូវ​ចាញ់ អ្នក​គាំទ្រ​ក៏​មាន​ការ​ខឹង​ខ្លាំង​ ហើយ​នាំ​គ្នា​ចុះ​ទៅ​ទីលាន​ប្រកួត​ ធ្វើ​​ឱ្យ​ក្រុម​ប៉ូលិស​បាញ់​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បង្រាប​។

    យោង​តាម​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ ប៉ូលិស​បាន​បាញ់​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ចំនួន ៨ គ្រាប់ ឡើង​ទៅ​កាន់​កន្លែង​ទស្សនិកជន​ នាំ​​ឱ្យ​ហ្វូង​មនុស្ស​មាន​ការ​ភិត​ភ័យ​ រក​វិធី​រត់​​ចេញ​ពី​កីឡដ្ឋាន បង្ក​ឱ្យ​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​ បណ្ដាល​ឱ្យ​មនុស្ស​ ១៣៣ នាក់​បាត់​បង់ជីវិត​ ក្នុង​នោះ​មាន​ក្មេង​ជាង ៤០ នាក់ ខណៈ​ដែល​​រាប់​រយ​នាក់ផ្សេង​ទៀត​​រង​របួស​។

    ទិដ្ឋភាព​នៃ​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​កីឡដ្ឋាន Kanjuruhan នៅ Malang កាលពី​ព្រលប់ថ្ងៃទី ០១ តុលា ២០២២

    ក្រុម​មន្ត្រី​ឥណ្ឌូណេស៊ី រកឃើញ​ថា ជន​សង្ស័យ​ ៦ នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​មាន​ទង្វើ​​ធ្វេស​ប្រហែស​រួម​មាន ប៉ូលិស​ ៣ នាក់ និង ៣ នាក់​ទៀត​គឺជា​​​អ្នក​ទទួល​ខុស​ត្រូវ​​ទៅ​លើ​ការ​រៀប​ចំ ធានា​សន្តិសុខ​សម្រាប់​ការ​ប្រកួតបាល់​ទាត់​។ ជន​សង្ស័យ​ទាំង​នេះ​ប្រឈម​មុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​ ៥ ឆ្នាំ បើ​សិន​ត្រូវ​បាន​ដាក់​​ទោស​។

    នៅ​ក្នុង​ជំបួប​ជាមួយ​ ប្រធានាធិបតី​ Widodo ប្រធាន FIFA លោក Infantino អធិប្បាយ​ថា ហេតុ​ការណ៍​នេះ​គឺជា «ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​បំផុត​មួយ​ចំពោះ​បាល់​ទាត់»។ លោក​ Infantino ក៏​បាន​ឱ្យ​ដឹង​ថា FIFA នឹង​ជួយ​ «កែទម្រង់​ និង​ប្ដូរ​ផ្លាស់​» បាល់​ទាត់​នៅ ឥណ្ឌូណេស៊ី​។

    កីឡដ្ឋាន​ Kanjuruhan ដែល​ត្រូវ​បាន​សម្ពោធ​បើក​ដំណើរ​ការ​កាល​ពី​ឆ្នាំ​ ២០០៤ អាច​ដាក់​មនុស្ស​បាន​ ៤២,០០០ នាក់ ប៉ុន្តែ ច្រក​ចេញ​ចូលតូច​ចង្អៀត​ ​គ្រប់​គ្រាន់​សម្រាប់​តែ​មនុស្ស​ ២ នាក់​ដើរ​ទន្ទឹម​គ្នា​ប៉ុណ្ណោះ​​។ ច្រក​មួយ​ចំនួន​ត្រូវ​បាន​គេ​បិទ​​សោ​នៅ​ពេល​ហេតុការណ៍​រត់​ជាន់​គ្នា​កើត​ឡើង​៕

     

  • ប្រេងឆៅ​​ឡើង​ថ្លៃ​ក្នុង​ថ្ងៃទី ១៨ តុលា នៅទ្វីប​អាស៊ី ដោយ​សារ​ការ​បារម្ភ​អំពី​ប្រភព​ផ្គត់​ផ្គង់​

    ប្រេងឆៅ​​ឡើង​ថ្លៃ​ក្នុង​ថ្ងៃទី ១៨ តុលា នៅទ្វីប​អាស៊ី ដោយ​សារ​ការ​បារម្ភ​អំពី​ប្រភព​ផ្គត់​ផ្គង់​

    ក្នុង​ការ​ជួញដូរ​នៅ​ថ្ងៃទី ១៨ តុលា នៅ ទ្វីប​អាស៊ី តម្លៃ​ប្រេងឆៅ​​ Brent កើន​ ៨២ សេន​អាម៉េរិក ដោយ​ឡើង​ដល់​ជាង​ ៩២ ដុល្លារ​/ធុង ចំណែក​ប្រេង​ឆៅ WTI កើន ៨៦ សេន​អាម៉េរិក ដោយ​ឡើង​ដល់​ជាង ៨៦ ដុល្លារ​/ធុង​។

    ការ​ឡើង​ថ្លៃ​របស់​ប្រេង​ឆៅ​នៅ អាស៊ី គឺ​ដោយ​សារ​ប្រាក់​ដុល្លារ​អាម៉េរិក​ថម​ថយ​កម្លាំង បូក​រួម​នឹង​ការ​បារម្ភ​អំពី​ប្រភព​ផ្គត់​ផ្គង់​ បើ​ទោះ​ជា​​ល្បឿន​នៃ​ការ​ឡើង​ថ្លៃ​ត្រូវ​បាន​បង្អាក់​ដោយ​ការ​ព្យាករ​ដែល​ថា តម្រូវការ​ឥន្ធនៈ​នៅ​ ប្រទេស​ចិន​ ថយ​ចុះ ព្រោះតែ​គោល​នយោបាយ​ «គ្មាន​កូវីដ» ត្រូវ​បាន​អនុវត្ត​បន្ត​។

    តម្លៃ​ប្រេង​ Brent ប្រគល់​មាន​កាល​កំណត់​ កើន​ ៨២ សេន​អាម៉េរិក ឬ​ ០.៩% ដោយ​ឡើង​ដល់​ ៩២.៤៤ ដុល្លារ​/ធុងនៅ​ម៉ោង​ ១៣ និង​ ៤៣ នាទី​ (ម៉ោង​នៅ កម្ពុជា) ខណៈ​ដែល​​ប្រេង​ឆៅ WTI របស់ អាម៉េរិក កើន ៨៦ សេន​អាម៉េរិក ឬ ១% ដោយ​ឡើង​ដល់ ៨៦.៣២ ដុល្លារ​/ធុង​។

    សន្ទស្សន៍​ USD ដែល​វាស់​ស្ទង់​តម្លៃ​របស់​ប្រាក់ដុល្លារ​អាម៉េរិក ជាមួយ​នឹង​រូបិយប័ណ្ណ​ដទៃ​ទៀត​ ថយចុះ​ទាប​បំផុត​រាប់​ចាប់​ពី​ថ្ងៃទី ០៦ តុលា​។ ប្រាក់​ដុល្លារ​អាម៉េរិក​ខ្សោយ​ជាង នឹង​ធ្វើ​ឱ្យ​ប្រេង​ថោក​ជាង​​​សម្រាប់​អ្នក​​ទិញ​ដែល​ទូទាត់​ដោយ​ប្រាក់ដទៃ​ដែល​​ផ្សេង​ពី​ដុល្លារ​អាម៉េរិក​។

    យោង​តាម​អ្នកវិភាគ​របស់ ANZ Research ក្រោយ​ពី​ OPEC+ (ប្រទេស​ផលិត​ប្រេង និង​ដៃគូ) កាល​ពី​ដើម​ខែ​នេះ​ប្រកាស​កាត់​បន្ថយ​បរិមាណ​ប្រេង​ ក្រុម​អ្នក​វិនិយោគ​បាន​បង្កើន​ការ​ទិញ​ដោយ​យល់​ថា តម្លៃ​នឹង​ឡើង​ក្នុង​ពេល​អនាគត​។

    ក្នុង​គ្រា​នេះ​ដែរ លទ្ធភាព​ដែល​ ចិន បន្ត​អនុវត្ត​គោលនយោបាយ​ហិរញ្ញវត្ថុ​ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយ​សារ​វិធាន​ការ​បង្ការ​ជំងឺ​កូវីដ-១៩ ក៏​បាន​គាំទ្រ​ដល់​តម្លៃ​ប្រេង​។

    អំពី​ប្រភព​ផ្គត់​ផ្គង់ Reuters បាន​ឱ្យ​ដឹង​ថា ឃ្លាំង​ប្រេង​ឆៅ​របស់ អាម៉េរិក កើន​ក្នុង​សប្ដាហ៍​ទីពីរ​បន្តបន្ទាប់​ ក្នុង​កម្រិត​ ១.៦ លាន​ធុង​នៅ​ក្នុង​សប្ដាហ៍​ដែល​បញ្ចប់​កាល​ពី​ថ្ងៃទី ១៤ តុលា​៕

  • មជ្ឈមណ្ឌល​បង្ហាញ​ត្រាប់​ខ្យល់​ព្យុះ​កម្លាំង​ ១៦៥ គីឡូម៉ែត្រ​/ម៉ោង​ នៅអឺរ៉ុប (វីដេអូ)

    មជ្ឈមណ្ឌល​បង្ហាញ​ត្រាប់​ខ្យល់​ព្យុះ​កម្លាំង​ ១៦៥ គីឡូម៉ែត្រ​/ម៉ោង​ នៅអឺរ៉ុប (វីដេអូ)

    មជ្ឈមណ្ឌល​បង្ហាញ​ត្រាប់​ខ្យល់​ព្យុះ​ថ្មី​មួយ​ទើប​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ ប្រទេស​ដាណឺម៉ាក ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​របស់​មនុស្ស​គ្រប់​គ្នា​អំពី​កម្លាំង​ដ៏មហិមា​របស់​ធម្មជាតិ​។

    ស្ថាបនិក​របស់​មជ្ឈមណ្ឌល​បង្ហាញ​ត្រាប់​ខ្យល់​ព្យុះ​ «Beat the Storm» បាន​ឱ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​បង្កើត​​ឱ្យ​មាន​មជ្ឈមណ្ឌល​នេះ​ គឺ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ធម្មជាតិ​តាម​រយៈ​ល្បែង​កំសាន្ត​។

    ស្ថាបនិក​របស់ «Beat the Storm» ថ្លែង​ថា «យើង​គួរ​តែ​ដឹង​អំពី​វិធី​ទប់​ទល់​នឹង​ខ្យល់​ព្យុះ។ ពិត​ណាស់ មនុស្ស​ជា​ច្រើន​ដឹង​ថា ព្យុះ​គឺជា​អ្វី​ ប៉ុន្តែនៅ​ពេល​អាជ្ញាធរ​ស្នើ​ ​ដូច​ជា​ ឱ្យ​ចាក​ចេញ​ពី​តំបន់​មាន​ព្យុះ មាន​មនុស្ស​ជា​ច្រើន​មិន​ធ្វើ​តាម​»។

    «បើ​សិន​ជា​​អ្នក​បាន​​ចំណាយ​ពេល​តែ​ ២០ វិនាទី​ក្នុង​ការ​ទទួល​បទពិសោធន៍​ពី Beat the Storm អ្នក​នឹង​ដឹង​ច្បាប់​អំពី​កម្លាំង​មិន​ធម្មតា​របស់​ធម្មជាតិ​ របស់​បាតុភូត​អាកាស​ធាតុ​ដ៏​អាក្រក់​នេះ​ ហើយ​អ្នក​នឹងបាន​ដឹង​​​ថា មនុស្ស​យើង​តូច​តាច​កម្រិត​ណា​» លោក Ingus Augstkalns ស្ថាបនិក​របស់ Beat the Storm និយាយ​ដូច្នេះ​។

    (ខាងលើ​គឺជា​រូប​ភាព​ដែល​បង្ហាញ​ថា Beat the Storm កំពុង​តែ​បក់​ភ្ញៀវ​មក​លេង​កំសាន្ត​​ដោយ​កម្លាំង​ខ្យល់​កើន​ឡើង​ជា​លំដាប់​ នៅ​ពេល​ពួក​គេ​ព្យាយាម​ឆ្ពោះទៅ​គោល​ដៅ​ម្ខាង​ទៀត​​ក្នុង​បន្ទប់​ខ្យល់​ដើម្បី​ចុច​ប៊ូតុង​)

    ដំណើរ​ការ​នៃ​ការ​បង្ហាញ​ត្រាប់​ Beat the Storm ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​មនុស្ស​ចាប់​ពី​អាយុ ៤ ឆ្នាំ​ ដល់ ៨០ ឆ្នាំ​ ក្នុង​នោះ ក្មេង​ៗ​អាច​ឆ្លង​កាត់​កម្លាំង​ខ្យល់​ ១៣០ គីឡូម៉ែត្រ​/ម៉ោង​។ ចំណែក​ក្មេងជំទង់​ និង​មនុស្ស​ពេញ​វ័យ​អាច​ជ្រើស​រើស​ខ្យល់​កម្លាំង​ឡើង​ដល់ ១៦៥ គីឡូម៉ែត្រ​/ម៉ោង​។

    ដោយ​សារ​តែ​បាតុភូត​ធម្មជាតិ​អាក្រក់​នឹង​កើត​ឡើង​ញឹក​ញាប់​ជាង​មុន និង​បង្ក​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ជាង​មុន ការ​បង្ហាញ​ត្រាប់​ព្យុះ​ក៏​នឹង​មាន​ប្រយោជន៍​ចំពោះ​បេសក​កម្ម​ និង​សេវាកម្ម​ជួយសង្គ្រោះ​។ ចំពោះ​ពួក​គេ​ ប្រការ​សំខាន់​គឺ​ត្រូវ​តែ​ដឹង​វិធី​ធ្វើ​ការ​នៅ​ក្នុង​ស្ថានភាព​មាន​ខ្យល់​ខ្លាំង​ នេះ​បើ​តាមលោក Ingus Augstkalns។

    ស្ថាបនិក​របស់ «Beat the Storm» បញ្ជាក់​​​ថា «យើង​មាន​ប្រព័ន្ធ​បង្ហាញ​ត្រាប់​មួយ​ដែល​ត្រូវ​បាន​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​សេវាកម្ម​ជួយ​សង្គ្រោះ​ និង​កងទ័ព​។ មាន​ភារកិច្ច​មួយ​ចំនួន​ដែល​អ្នក​អាច​ហ្វឹក​ហាត់​នៅ​ទី​នោះ​»៕

  • ធនាគារ​ជាតិ​នៃ​​កម្ពុជា ​ស្នើ​​ឱ្យ​​គ្រឹះ​ស្ថាន​​ហិរញ្ញ​វត្ថុ ​«អនុ​គ្រោះ​ចំពោះ​​អ្នក​ខ្ចី​ប្រាក់​ ដែល​រង​ផល​ប៉ះ​ពាល់​​ធ្ងន់​ធ្ងរ​ដោយ​សារ​ទឹក​ជំនន់​»

    ធនាគារ​ជាតិ​នៃ​​កម្ពុជា ​ស្នើ​​ឱ្យ​​គ្រឹះ​ស្ថាន​​ហិរញ្ញ​វត្ថុ ​«អនុ​គ្រោះ​ចំពោះ​​អ្នក​ខ្ចី​ប្រាក់​ ដែល​រង​ផល​ប៉ះ​ពាល់​​ធ្ងន់​ធ្ងរ​ដោយ​សារ​ទឹក​ជំនន់​»

    ធនាគារ​ជាតិ​នៃ​កម្ពុជា គាំទ្រ​ចំពោះប្រសាសន៍​របស់​ សម្ដេច​តេជោ ហ៊ុន សែន និង​ស្នើ​ឱ្យ​គ្រឹះស្ថាន​ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ បន្ត​ចូល​រួម​សហការ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​ការ​ពារអតិថិជន និង​បន្ត​ការ​អនុគ្រោះ​តាម​រយៈ​ការ​រៀប​ចំ​ឥណទាន​ឡើងវិញ ដោយ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ នេះ​បើ​តាម​សេចក្ដី​ជូន​​ដំណឹង​​របស់ ធនាគារ​ជាតិ​នៃកម្ពុជា ចុះ​ថ្ងៃទី ១៨ តុលា ២០២២។

    ប្រកាស​គាំទ្រ និង​ការ​ស្នើ​របស់​ ធនាគារ​ជាតិ​នៃ​កម្ពុជា ត្រូវ​បាន​ធ្វើឡើង​ក្នុង​គ្រាដែល​ខេត្ត​មួយ​ចំនួនកំពុង​ជួប​បញ្ហា​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​ និង​ក្រោ​យ​ពី​ប្រសាសន៍​​អំពាវនាវ​របស់​ សម្ដេច​តេជោ កាល​ពី​ថ្ងៃទី ១៧ តុលាកន្លង​ទៅ​ ​និង​បន្ទាប់​ពី​មាន​ការ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ ទាក់​ទង​នឹង​បំណុល​របស់​ប្រជាពលរដ្ឋក្នុង​តំបន់​ទឹក​ជំនន់​ និង​ឥណទាន​របស់​បណ្ដា​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។

    ធនាគារ​ជាតិ​នៃ​​កម្ពុជា បាន​ស្នើ​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ពិចារណា​លើ​ការ​បន្ធូរ​បន្ថយ​ការ​ប្រាក់ ឬ​លើក​លែង​ការ​ផាក​ពិន័យ​ និង​ជៀស​វាង​ការ​រឹប​អូស​ទ្រព្យ​ធានា​របស់​​អ្នក​ខ្ចី​ប្រាក់​ជា​ដើម ដែល​សំណើ​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​បំណងចូល​រួម​​ជួយសម្រាល​ទុក្ខ​របស់​អ្នក​ខ្ចី​ប្រាក់​។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដី​ប្រកាស​របស់ ធនាគារ​នៃ​កម្ពុជា ខាង​ក្រោម​ ៖

  • ចំនួនប្រជាជនពិភពលោក​ជិត​កើន​ដល់​ ៨ ពាន់​លាន​នាក់ ៖ អង្គការ​សហប្រជាជាតិ​ថា «កុំភិតភ័យ»

    ចំនួនប្រជាជនពិភពលោក​ជិត​កើន​ដល់​ ៨ ពាន់​លាន​នាក់ ៖ អង្គការ​សហប្រជាជាតិ​ថា «កុំភិតភ័យ»

    មូលនិធិ​ប្រជាជន​អង្គការ​សហប្រជាជាតិ​ អំពាវនាវ​ដល់​ពិភពលោក​ថា កុំ​ភ័យភិត​នៅ​ពេល​ចំនួនប្រជាជនពិភពលោក​កើន​ដល់​ ៨ ពាន់​លាន​នាក់​ ហើយ​គួរ​តែ​ផ្ដោត​លើ​ការ​ជួយ​ដល់​ស្ត្រី និង​កុមារ​។

    ចំនួនប្រជាជនពិភពលោក​គ្រោង​នឹង​កើន​ឡើង​ដល់ ៨ ពាន់​លាន​នាក់​នៅ​ថ្ងៃទី ១៥ វិច្ឆិកាខាងមុខ ក្នុង​គ្រា​ដែល​អ្នក​វិភាគ​មួយ​ចំនួន​បាន​សម្ដែង​ការ​បារម្ភ​អំពី​ផលប៉ះពាល់​នៃ​ការ​កើន​ឡើង​នេះ​ទៅ​លើ​ពិភពលោក​ដែល​កំពុង​តែ​ដោះ​ស្រាយយ៉ាង​ត្រដាប​ត្រដួស​នូវ​​បញ្ហា​វិសមភាព​ វិបត្តិ​អាកាស​ធាតុ ចំណាក​ស្រុក និងការ​ភៀស​ខ្លួន​​ដោយ​សារ​សង្គ្រាម​។

    ក៏ប៉ុន្តែ បណ្ឌិត​ Natalia Kanem នាយិកា​ប្រតិបត្តិ​របស់​មូលនិធិ​ប្រជាជន​របស់ អង្គការ​សហប្រជាជាតិ​ (UNFPA) បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេសថា​ កុំ​មាន​ការ​ភ័យ​ភិត​ ប៉ុន្តែ ត្រូវ​ផ្ដោត​លើ​ការ​ជួយ​ដល់​ស្ត្រី​ និង​កុមា​ ជា​ក្រុម​ដែល​ងាយ​រង​គ្រោះ​បំផុត​ នៅ​ចំពោះ​មុខការ​កើន​ឡើង​នៃ​ចំនួន​ប្រជាជន​នេះ​។

    «ខ្ញុំ​ដឹង​ថា ទិដ្ឋភាព​នេះ​មិន​ត្រូវ​បាន​មនុស្ស​គ្រប់​គ្នា​ទទួល​ស្វាគមន៍​។ មនុស្ស​មួយចំនួន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ពិភពលោក​នេះ​កំពុង​តែ​កកកុញ មនុស្ស​ច្រើនពេក និង​មិន​មាន​ប្រភព​ធនធាន​គ្រប់​គ្រាន​ដើម្បី​រក្សា​ជីវភាព​សម្រាប់​ពួក​គេ​។ ខ្ញុំ​សូម​និយាយ​ឱ្យ​បាន​ច្បាស់​ថា ចំនួន​ប្រជា​ជន​កើន​ឡើង​មិន​មែន​ជា​មូលហេតុ​ដើម្បី​ភិត​ភ័យ​ឡើយ​» លោក​ស្រី Kanem បញ្ជាក់​។

    លោក​ស្រី ​Kanem ឱ្យ​ដឹង​ថា បើសិន​ជា​រដ្ឋាភិបាល​គ្រាន់​តែ​ផ្ដោត​ទៅលើ​តួលេខ នោះ​ពួក​គេ​មាន​ហានិភ័យ​ចាត់​វិធាន​ការ​​គ្រប់​គ្រង​លើ​ចំនួន​ប្រជាជន​ដែល​ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់​ថា​ «មិន​មាន​ប្រសិទ្ធភាព​ តែ​ថែម​ទាំង​បង្ក​​គ្រោះ​ថ្នាក់​ទៀត​ផង​។

    ដោយ​សារ​តែ​អត្រា​ចាប់​កំណើត​ថយចុះ​ ល្បឿន​នៃ​កំណើន​ប្រជា​ជន​ពិភពលោក​ដែល​ធ្លាប់​ឡើង​ដល់​ជាង​ ២% ក្នុង ១ ឆ្នាំ​ កាល​ពី​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៦០​ បច្ចុប្បន្ន​ថយ​មក​នៅ​ត្រឹម​ក្រោម​ ១%​។ ប៉ុន្តែ ទិដ្ឋភាព​សកល​កំពុង​តែ​មាន​ភាព​ខុស​គ្នា​ខ្លាំង ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​​។ អង្គការ​សហប្រជាជាតិ​គណនា​ឃើញ​ថា ៦០% នៃ​ចំនួន​ប្រជាជន​សរុប ​រស់​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​មាន​អត្រា​ចាប់​កំណើត​ស្ថិត​ក្រោម​ «កម្រិត​កើត​ជំនួស» (ជា​អត្រា​​ដែល​ចំនួន​ប្រជាជន​រក្សា​បាន​ស្ថិរភាព​ ដោយ​មិន​កើន​ និង​មិន​ថយ​ចុះ)។

    ៨ ប្រទេស​ ក្នុង​នោះ​មាន​ នីហ្សេរីយ៉ា អេត្យូពី និង ហ្វ៊ីលីពីន ត្រូវ​បានព្យាករ​ថា នឹង​កាន់​កាប់​ពាក់​កណ្ដាល​នៃ​អត្រា​កំណើន​ប្រជាជន​ក្នុង​ឆ្នាំ​ ២០៥០​។ ឥណ្ឌា គ្រោង​នឹង​យក​ឈ្នះ​លើ​ ចិន ចាប់​ពី​ឆ្នាំ​ក្រោយ​ ហើយ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក៕

  • សហរដ្ឋ​អាម៉េរិក ទំនង​ជា​កំពុង​រៀប​ចំ​បញ្ចេញ​ប្រេង ១៥ លាន​ធុង​បន្ថែម​ទៀត​​ពី​​ឃ្លាំង​យុទ្ធ​សាស្ត្រ​ ​

    សហរដ្ឋ​អាម៉េរិក ទំនង​ជា​កំពុង​រៀប​ចំ​បញ្ចេញ​ប្រេង ១៥ លាន​ធុង​បន្ថែម​ទៀត​​ពី​​ឃ្លាំង​យុទ្ធ​សាស្ត្រ​ ​

    ដើម្បី​ទប់​ស្កាត់​តម្លៃ​សាំង​ឡើង​ថ្លៃ​មក​វិញ រដ្ឋាភិបាល​អាម៉េរិក ត្រូវ​បាន​គេ​ជឿ​ថា នឹង​បន្ត​លក់​ប្រេង​ច្រើន​លាន​ធុង​បន្ថែម​ទៀត​ ពីឃ្លាំង​យុទ្ធសាស្ត្រ​។

    Bloomberg ដកស្រង់​ព័ត៌មាន​ពី​ប្រភព​ជិត​ស្និទ្ធ​ បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក បៃដិន ជិត​ប្រកាស​អំពី​ការ​បញ្ចេញ​ប្រេង​បន្ថែម​ពី ១០ ទៅ ១៥ លាន​ធុង​ពី​ឃ្លាំង​ជាតិ​ ក្នុង​បំណង​រក្សា​តុល្យភាព​តម្លៃ​ក្នុង​ទីផ្សារ​ និង​ទប់​ស្កាត់​សាំង​​ឡើង​ថ្លៃ​ខ្ពស់​ជាថ្មី​​។

    ខាងលើ​នេះ​នឹង​ជា​ការ​បញ្ចេញ​ប្រេង​ថ្មី​បំផុត​នៅ​ក្នុង​កម្មវិធី​លក់​ប្រេង​ ១៨០ លាន​ធុង​ ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ដើម​ឆ្នាំ​នេះ​។ ផែនការ​បញ្ចេញ​ប្រេង​ ១៨០ លាន​ធុង​ពី​ឃ្លាំង​យុទ្ធ​សាស្ត្រ​របស់ សហរដ្ឋ​អាម៉េរិក គ្រោង​នឹង​អូស​បន្លាយ​ពេល​ ៦ ខែ​ ចាប់​ពី​ខែ​ឧសភា​ ២០២២​។

    រដ្ឋាភិបាល​របស់​លោក បៃដិន សប្ដាហ៍​នេះ​ក៏​មាន​គម្រោង​ប្រកាស​អំពី​ផែនការ​បំពេញ​ឃ្លាំង​ប្រេង​របស់​ខ្លួន​ផងដែរ​។ ក្រសួង​ថាមពល​អាម៉េរិក ក៏​កំពុង​តែ​ពិចារណា​អំពី​ការ​កាត់បន្ថយ​ការ​នាំ​ចេញ​ប្រេង​ឥន្ធនៈ​ដើម្បី​រក្សា​ប្រភព​ផ្គត់​ផ្គង់​ប្រេង​សាំង​ក្នុង​ស្រុក​ នេះ​បើ​តាម Bloomberg។

    សេតវិមាន​ នៅ​តែ​ស្វែងរក​វិធី​ដើម្បី​បញ្ចុះ​តម្លៃ​សាំង​ និង​បង្កើន​បរិមាណ​​ឥន្ធនៈ​ក្នុង​ឃ្លាំង​ ត្រៀម​សម្រាប់​រដូវ​រងា​ ពិសេស​ក្នុង​ស្ថានការណ៍​​ដែល OPEC+ (ក្រុម​ប្រទេស​ផលិត​ និង​ដៃគូ​នាំចេញ​ប្រេង​) កាត់​បន្ថយ​បរិមាណ​ប្រេង​នាំ​ចេញ​។ តម្លៃ​សាំង​នា​បច្ចុប្បន្ន គឺជា​អាទិភាព​កំពូល​របស់​លោក បៃដិន​។ កាល​ពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ​ លោក​ បៃដិន បាន​ព្រមាន​ជា​បន្ត​បន្ទាប់​ចំពោះ​ក្រុម​ហ៊ុន​ឥន្ធនៈ​ ទាក់​ទង​នឹង​ការ​កើន​ឡើង​នៃ​ប្រាក់​ចំណាយ​។

    «តម្លៃ​សាំង​កំពុង​​ឡើង​​ខ្ពស់​ខ្លាំង​ ហើយ​យើង​ត្រូវ​ការ​បញ្ចុះ​តម្លៃ​» ប្រធានាធិបតី​អាម៉េរិក លោក​ ចូ បៃដិន ថ្លែង​ដូច្នេះ​​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​​នៅ Los Angeles កាល​ពី​សប្ដាហ៍​កន្លង៕

  • អាស៊ាន និង សហភាព​អឺរ៉ុប ចុះកិច្ច​ព្រមព្រៀង​​ដឹក​ជញ្ជូន​តាម​​អាកាស​អន្តរ​តំបន់​ដំបូង​គេ​ក្នុង​ពិភពលោក

    អាស៊ាន និង សហភាព​អឺរ៉ុប ចុះកិច្ច​ព្រមព្រៀង​​ដឹក​ជញ្ជូន​តាម​​អាកាស​អន្តរ​តំបន់​ដំបូង​គេ​ក្នុង​ពិភពលោក

    សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (ASEAN) និង​ សហភាពអឺរ៉ុប (EU) បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដឹក​ជញ្ជូន​តាម​អាកាស​​ពេញ​លេញ (ASEAN-EU CATA) នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​​​ដឹកជញ្ជូន​អាស៊ានលើក​ទី ២៨ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ Bali ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃទី ១៧ តុលា​កន្លង​ទៅ។

    យោង​តាម​ប្រកាស​លើ​គេហទំព័រ​ផ្លូវ​ការ​របស់​ អាស៊ាន ASEAN-EU CATA គឺជា​កិច្ច​ព្រមព្រៀង​ផ្នែក​ដឹកជញ្ជូន​តាម​អាកាស​​រវាង​តំបន់​នឹង​តំបន់​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​ ដែល​នេះ​បាន​ស្ដែង​ឱ្យ​ឃើញ​នូវ​​គំនិត​ស្ដី​ពី​​គោល​នយោបាយ​ថ្មី​បំផុត​ទាក់ទង​នឹង​​ការ​កំណត់​នានា​នៅ​ក្នុង​វិស័យ​អាកាស​ចរណ៍​។ ការ​ចរចា​ស្ដី​អំពី​កិច្ច​ព្រមព្រៀង​នេះ​បាន​ដំណើរ​ការ​ឡើង​វិញ​កាល​ពីឆ្នាំ ២០១៦ និង​បញ្ចប់​ជា​ស្ថាពរ​កាល​ពី​ថ្ងៃទី ០២ មិថុនា ២០២១​។ កិច្ច​ព្រម​ព្រៀង​នេះ​កំពុង​រង់​ចាំ​បណ្ដា​ប្រទេស​ជា​សមាជិក​របស់ EU និង ASEAN អនុម័ត​ការ​នីតិវិធី។

    ASEAN-EU CATA ត្រូវ​បាន​គេ​រំពឹងថា នឹង​នាំ​មក​នូវ​ឱកាស​ធំធេង​សម្រាប់​បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​របស់​ អាស៊ាន និង​ សហភាព​អឺរ៉ុប ក្នុង​ការ​​ដឹក​ភ្ញៀវ​ និង​ទំនិញ​​តាម​ផ្លូវ​អាកាស​រវាង​តំបន់​ទាំង​ពីរ​នេះ​។ កិច្ច​ព្រមព្រៀង​នេះ​នឹង​ជួយ​ពន្លឿន​ការ​ស្ដារ​សេវាកម្ម​អាកាស​ចរណ៍​រវាង​តំបន់​ទាំង​ពីរ​ ក្រោយ​ពី​វិបត្តិ​កូវីដ-១៩​។ អ្នក​ដំណើរ​នឹង​មាន​ជម្រើស​​ច្រើន​ជាង​មុន​ ​ទាក់ទង​នឹង​ទីតាំង​ចុះ​ចត ចំនួន​ជើង​ហោះ​ហើរ​ជា​ដើម រវាង​ អាស៊ី​អាគ្នេយ៍​ និង​ ទ្វីប​អឺរ៉ុប​។

    អាស៊ាន និង សហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនតាមអាកាសអន្តរតំបន់ដំបូងគេក្នុងពិភពលោក កាលពីថ្ងៃទី ១៧ តុលា ២០២២ នៅ ឥណ្ឌូណេស៊ី

    កិច្ច​ព្រម​ព្រៀង​នេះ​ក៏​នឹង​អនុញ្ញាត​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​របស់​បណ្ដា​ប្រទេស​ក្នុង​តំបន់​ទាំង​ពីរ​ អាច​ដឹក​អ្នក​ដំណើរ​បាន​​រហូត​ដល់ ១៤ ជើង​ក្នុង​ ១ សប្ដាហ៍​ និង​មិន​មាន​ការ​កំណត់​ចំនួន​ជើង​ហោះ​ហើរ​សម្រាប់​ការ​ដឹក​ទំនិញ​ទៅ​កាន់​ប្រទេស​នីមួយ​ៗ​នៃ​តំបន់​ម្ខាង​ទៀត​។

    ASEAN-EU CATA អាច​ចូល​មក​ជំនួស​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ជាង ១៤០ នៅ​ក្នុង​វិស័យ​អាកាសចរណ៍​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង​ អាស៊ាន​។

    លោក Budi Karya Sumadi ប្រធាន​កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន​លើក​ទី ២៨ និង​ជា​ រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​ឥណ្ឌូណេស៊ី បាន​ឱ្យ​ដឹង​ថា «ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​នឹង​បង្កើត​ឱ្យ​មាន​​​ឯកភាព​​យ៉ាង​សុខដុម​ ដើម្បី​ពន្លឿន​ដំណើរ​ការ​ស្ដារ​សេដ្ឋកិច្ច ពិសេស​គឺ​ការ​​តភ្ជាប់​វិស័យ​អាកាស​ចរណ៍​រវាង​ អាស៊ាន និង អឺរ៉ុប​»៕