Author: សឿន សំណាង

  • លោក ដូ​ណា​ល ត្រាំ ប្រកាស​ឈរឈ្មោះ «ដណ្ដើម​កៅអី» ប្រធានាធិបតី​អាម៉េរិក ជាថ្មី

    លោក ដូ​ណា​ល ត្រាំ ប្រកាស​ឈរឈ្មោះ «ដណ្ដើម​កៅអី» ប្រធានាធិបតី​អាម៉េរិក ជាថ្មី

    អតីត​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក ដូ​ណា​ល ត្រាំ (Donald Trump) បានប្រកាស​ចូលរួម​កា​រ​ប្រកួតប្រជែង​ដណ្ដើម​កៅអី​ប្រធានាធិបតី​នៅ​ឆ្នាំ 2024 បន្ទាប់ពី​បានដាក់​ឯកសារ​ឡើងទៅ​កាន់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​របស់ សហរដ្ឋ​អាម៉េរិក។

    «ការវិល​ត្រលប់​របស់ ប្រទេស​អាម៉េរិក ចាប់ផ្ដើម​ពី​ពេលនេះ» អតីត​ប្រធានាធិបតី វ័យ 76 ឆ្នាំ ថ្លែង​នៅ​ចំពោះមុខ​អ្នកគាំទ្រ​នៅ វិមាន Mar-a-Lago រដ្ឋ Florida កាលពី​ព្រលប់​ថ្ងៃទី 15 វិច្ឆិកា។ «ដើម្បី​ធ្វើឱ្យ ប្រទេស​អាម៉េរិក មហាអស្ចារ្យ និង​រុងរឿង​មកវិញ ព្រលប់​នេះ​ខ្ញុំ​សូម​ប្រកាសថា ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​អាម៉េរិក»។

    ក្រោយ​ការប្រកាស​របស់លោក ត្រាំ អ្នកគាំទ្រ​ក៏បាន​ស្រែក​ហ៊ោ និង​ទះដៃ​យ៉ាងយូរ។ នៅក្នុង​សេចក្ដីថ្លែងការណ៍ លោក ត្រាំ ក៏បាន​សន្យាថា នឹង​បង្រួបបង្រួម​ជាតិ។ «យើង​នឹង​នាំ​គ្រប់គ្នា​ឱ្យ​ខិតចូល​ជិតគ្នា» លោក ត្រាំ អះអាង​ដូច្នេះ។

    លោក ត្រាំ បញ្ជាក់ថា «ខ្ញុំ​ធានាថា លោក បៃ​ដិ​ន នឹងមិន​អាចមាន​អាណត្តិ​ទី​ពីរ។ ប្រទេសជាតិ​យើង​មិន​ទទួលយក​ប្រការ​នោះ»។

    ឆ្លើយតប​នឹង​ការប្រកាស​ឈរឈ្មោះ​បោះឆ្នោត​ជាថ្មី​របស់លោក ត្រាំ ប្រ​ធា​នាធ​បិ​តី​អាម៉េរិក លោក បៃ​ដិ​ន យល់ថា អតីត​ប្រធានាធិបតី «បានធ្វើឱ្យ ប្រទេស​អាម៉េរិក បរាជ័យ» គ្រា​ដែល​នៅ​កាន់អំណាច។ បច្ចុប្បន្ន លោក បៃ​ដិ​ន ស្ថិត​នៅឯ​កោះ Bali ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ដំណើរ​ចូលរួម​កិច្ចប្រជុំ​កំពូល G20។

    បក្ស​ប្រជាធិបតេយ្យ បាន​វាយតម្លៃ​ទាប​ចំពោះ​ការប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំ 2024 របស់ បក្ស​សាធារណៈ ហើយ​យល់ថា លោក ត្រាំ មិនមែនជា​ដៃគូ​ប្រជែង​ដែល​គួរឱ្យ​ញញើត។

  • Shakira «រា​ជនី​ចម្រៀង World Cup» នឹង​ច្រៀង​នៅ កាតា ក្នុង​ថ្ងៃ​សម្ពោធ​បើក​ការប្រកួត

    Shakira «រា​ជនី​ចម្រៀង World Cup» នឹង​ច្រៀង​នៅ កាតា ក្នុង​ថ្ងៃ​សម្ពោធ​បើក​ការប្រកួត

    តារាចម្រៀង​ស្រី នាង Shakira ត្រូវបាន​គេ​ដាក់ឈ្មោះ​ឱ្យ​ថា «រា​ជនី​ចម្រៀង World Cup» ជាមួយនឹង​បទ​ចម្រៀង​ដ៏​ល្បីល្បាញ «Hips don’t lie Bamboo», «Waka Waka» និង «La la la»។

    តារាចម្រៀង​ស្រី​រូបនេះ​នឹង​ច្រៀង​នៅក្នុង​ពិធី​បើក​ការប្រកួត World Cup 2022 នៅ​ទីលាន​ប្រកួត Al Bayt របស់ ប្រទេស​កាតា នៅ​ថ្ងៃទី 20 វិច្ឆិកា 2022 ខាងមុខ។ យោងតាម​ទំព័រសារព័ត៌មាន Musicmundial ស្ថាប័ន FIFA បាន​អញ្ជើញ Shakira មក​ច្រៀង ដោយសារតែ​បណ្ដា​បទ​ចម្រៀង​ដែល FIFA បាន​បញ្ចេញ​កន្លងមក មិន​ទទួលបាន​ជោគជ័យ​ដូច​ការរំពឹងទុក។

    Hayya Hayya (Better Together) ជា​បទ​ចម្រៀង​ដែល​ច្រៀង​ដោយ Trinidad Cardona, Davido និង Aisha មាន​អ្នក​ចូល​មើល​តែ 29 លាន​លើក (16 វិច្ឆិកា 2022) បន្ទាប់ពី​បាន​បង្ហោះ​លើ​បណ្ដាញ Youtube រយៈពេល 7 ខែ ហើយ FIFA ក៏​ទទួលបាន​ការស្នើ​ឱ្យប្រើ​ប្រាស់​បទ Waka Waka របស់ Shakira ឡើងវិញ។

    យោងតាម Billboard តារាចម្រៀង Shakari បានបង្ហាញ​អំពី​ឥទ្ធិពល​ជាមួយនឹង World Cup តាមរយៈ​បទ​ចម្រៀង​ជា​និមិត្តរូប​មួយចំនួន​ដែល​តារាចម្រៀងក្រោយៗពិបាក​យកឈ្នះ។ ទំព័រសារព័ត៌មាន Rolling Stone យល់ថា រូបមន្ត​ជោគជ័យ​នៅក្នុង​ផលិតផល​របស់ Shakira គឺ ចង្វាក់ភ្លេង​បែប catchy tune ដ៏​គគ្រឹកគគ្រេង ស៊ិ​ច​ស៊ី រួម​នឹង​ភាពល្បីល្បាញ​របស់​នាង។

    Shakari ចាប់ផ្ដើម​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង World Cup ចាប់ពី​ឆ្នាំ 2006 ជាមួយនឹង​បទ Hips don’t lie/Bamboo។ ខុស​ពីបទ​ចម្រៀង​ដែល​បានជ្រើសរើស​ជា​ផ្លូវការ​របស់​ឆ្នាំ​នោះ The time of our lives របស់ Shakari បានធ្វើឱ្យ​កក្រើក​បរិយាកាស​នៅ​ទីលាន​ប្រកួត​របស់ ប្រទេស​អាល្លឺម៉ង់ នាពេលនោះ។

    «រាជនីចម្រៀង World Cup» នាង Shakira

    ក្នុង​កិច្ច​សម្ភាស​មួយ Shakari បានឱ្យដឹងថា បទ​ចម្រៀង The time of our lives ខាងលើ​ត្រូវបាន​ដាក់ឈ្មោះ​ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​ការជជែក​គ្នា​លេង​របស់​នាង​ជាមួយនឹង​តារាចម្រៀង​ដទៃ។ នាង​បកស្រាយ​ថា «ចង្កេះ​របស់ខ្ញុំ​នឹងមិន​ដែល​និយាយ​កុហក់​ឡើយ។ បើសិន​វា​មិន​គ្រលែង គឺ​មានន័យថា បទ​ភ្លេង​នេះ​មិនទាន់​បានល្អ​ត្រឹមត្រូវ»។

    Shakra បាន​ច្រៀង និង​សម្ដែង​បទ Hips don’t lie នៅក្នុង​ពិធី​បើក​ការប្រកួត World Cup 2006 នៅ Munich និង​មុន​ការប្រកួត​ចុងក្រោយ​នៅ បែរ​ឡាំង ហើយ​ទាក់ទាញ​ការចូល​មើល​បាន 500 លាន​នាក់​នៅលើ Youtube  និង 700 លាន​នាក់​មើល​តាម​ទូរទស្សន៍​កាលណោះ។ ឆ្នាំ 2021 Time Out New York បាន​ចាត់ Hips don’t lie ទៅក្នុង​ចំណាត់ថ្នាក់​ទី 11 ស្ដី​ពីបទ​ចម្រៀង​ប៉ប់​ដែល​ពីរោះ និង​អស្ចារ្យ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ។

    បួន​ឆ្នាំ​ក្រោយមក Shakira ក៏បាន​ច្រៀង​បទ​ចម្រៀង​ផ្លូវការ Waka Waka របស់ World Cup នៅ អាហ្វ្រិក​ខាងត្បូង។ មនុស្ស​ជាច្រើន​នៅ អាហ្វ្រិក យល់ថា ការជ្រើសរើស Shakira គឺជា​រឿង​មិន​សមស្រប ហើយ​នាង​គួរតែ​ទុក​ឱកាស​នេះ​ឱ្យ​តារាចម្រៀង​ក្នុងស្រុក។ ប៉ុន្តែ ភាព​ទាក់ទាញ​របស់ Waka Waka បាន​បញ្ជាក់ថា ការជ្រើសរើស Shakira គឺជា​រឿង​ត្រឹមត្រូវ​បំផុត។

    ចំណែក​បទ La la la របស់ World Cup 2014 នៅ ប្រេ​ស៊ី​ល ដែលជា​បទ​ទី​ពីរ​របស់​រដូវ​កាល និង​ត្រូវបាន​ច្រៀង​ដោយ Shakira ក៏​មិន​អន់​ឡើយ៕

  • ប៉ូឡូញ ត្រៀមទ័ព​ប្រយុទ្ធប្រឆាំង រុស្ស៊ី ក្រោយ​មាន​រ៉ុក្កែត​ច្រើន​គ្រាប់​ធ្លាក់​លើទឹក​ដី

    ប៉ូឡូញ ត្រៀមទ័ព​ប្រយុទ្ធប្រឆាំង រុស្ស៊ី ក្រោយ​មាន​រ៉ុក្កែត​ច្រើន​គ្រាប់​ធ្លាក់​លើទឹក​ដី

    ទីក្រុង​វ៉ា​សូវី (Warsaw) បានដាក់​អង្គភាព​ទ័ព​មួយចំនួន​ឱ្យ​ស្ថិតក្នុង​ស្ថានភាព​រួចរាល់​កម្រិត​ខ្ពស់​សម្រាប់​ការប្រយុទ្ធ បន្ទាប់ពី​មាន​ព័ត៌មាន​មិនទាន់​ច្បាស់​ការណ៍​ថា រ៉ុក្កែត​របស់ រុស្ស៊ី បាន​ធ្លាក់​ទៅលើ​ទឹកដី​របស់ ប្រទេស​ប៉ូឡូញ។

    អ្នកនាំពាក្យ Piotr Muller បានឱ្យដឹងថា ការសម្រេចចិត្ត​ដាក់​អង្គភាព​ទ័ព​មួយចំនួន​ឱ្យ​ស្ថិតក្នុង​ស្ថានភាព​ត្រៀមប្រយុទ្ធ​កម្រិត​ខ្ពស់​ត្រូវបាន​ធ្វើឡើង។ ក៏ប៉ុន្តែ លោក Piotr មិនបាន​លើកឡើង​អំពី​ព័ត៌មាន​ស្ដីពី​ករណី​រ៉ុក្កែត​ធ្លាក់ ដោយនិយាយ​ដល់​តែ​ករណី​ផ្ទុះ​នៅ​ភាគ​ខាងកើត​ដែល​បាន​បណ្ដាលឱ្យ ពលរដ្ឋ​ប៉ូឡូញ 2 នាក់​បាត់​បង់ជីវិត។

    យោងតាម​អ្នកនាំពាក្យ Piotr Muller ក្រុមប្រឹក្សាសន្តិសុខ​ប៉ូឡូញ បាន​កោះប្រជុំ​បន្ទាន់ ខណៈ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការផ្ទុះ​ខាងលើ។

    ប្រធានាធិបតី​ប៉ូឡូញ Andrzej Duda ក៏បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ ប្រធានាធិបតី​អាម៉េរិក បៃ​ដិ​ន និង អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ Jens Stoltenberg អំពី​ករណីនេះ​ផងដែរ។ ទីក្រុង​វ៉ា​សូវី កំពុង​ពិចារណា​ថា តើ​ត្រូវការ​ពិភាក្សា​បន្ទាន់​ជាមួយ​ក្រុម​មេដឹកនាំ​ណា​តូ ទៅតាម​មាត្រា​ទី 4 របស់​សម្ព័ន្ធ​យោធា​នេះ ឬ​អត់។

    យោងតាម​មាត្រា​ទី 4 របស់ ណា​តូ ការពិគ្រោះ​យោបល់​អាច​ត្រូវបាន​ធ្វើឡើង​នៅពេល​ប្រទេស​ជា​សមាជិក​ណាមួយ យល់ថា «បូរណភាព​ទឹកដី ឯករាជ្យ​ផ្នែក​នយោបាយ ឬ​សន្តិសុខ» ជួប​ហានិភ័យ។

    សារព័ត៌មាន Reuters បាន​ផ្សាយ​ថា អ្នកការទូត​អឺរ៉ុប បង្ហើប​ឱ្យដឹងថា ឯកអគ្គរដ្ឋទូត​ណា​តូ នឹង​កោះប្រជុំ​ក្នុង​ថ្ងៃទី 16 វិច្ឆិកា​នេះ ទៅតាម​សំណើ​របស់ ប៉ូឡូញ ដោយយោង​ទៅតាម​មាត្រា​ទី 4 របស់ ណា​តូ។ អ្នកការទូត​ម្នាក់​និយាយថា ណា​តូ នឹងធ្វើ​សកម្មភាព​ដោយ​ការប្រុងប្រយ័ត្ន និង​ត្រូវការ​ពេល​ដើម្បី​បញ្ជាក់​អំពី​ហេតុការណ៍។

    ក្នុង​ថ្ងៃ​ដដែល រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី បានប្រកាស​អះអាងថា មិន​ជាប់ទាក់ទង​ទៅនឹង​ហេតុការណ៍​ផ្ទុះ​នៅ ប៉ូឡូញ ហើយ​បាន​ចោទ​បណ្ដាញសារព័ត៌មាន និង​ក្រុមមន្ត្រី​ប៉ូឡូញ ថា កំពុង​រក​វិធី​ដើម្បី​បង្កើន​ភាព​តានតឹង៕

  • ក្រុម​ហ៊ុន Foxconn សហការ​ជាមួយ​ក្រុម​ហ៊ុន​ប្រេងសាំង​ថៃ ផលិត​រថយន្ត​អគ្គិសនី​នៅខេត្ត Chonburi

    ក្រុម​ហ៊ុន Foxconn សហការ​ជាមួយ​ក្រុម​ហ៊ុន​ប្រេងសាំង​ថៃ ផលិត​រថយន្ត​អគ្គិសនី​នៅខេត្ត Chonburi

    ក្រុមហ៊ុន​ចិនតៃវ៉ាន់ Foxconn កំពុង​ពង្រីក​ការផលិត​រថយន្ត​អគ្គិសនី​នៅ ប្រទេស​ថៃ ដែល​មាន​សមត្ថភាព​អាច​ផលិត​ឡើងដល់ 150,000 គ្រឿង​ជា​រៀងរាល់ឆ្នាំ។

    Foxconn បាន​សម្ពោធ​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ ប្រទេស​ថៃ ដែលជា​​ផ្នែក​​មួយ​នៃ​ការបណ្ដាក់ទុន​រួមជាមួយ​នឹង​ក្រុមហ៊ុន​ប្រេងសាំង PTT។ រោងចក្រ​នេះ​គ្រោង​នឹង​ដំណើរការ​ចាប់ពី​ឆ្នាំ 2024 ជាមួយនឹង​សមត្ថភាព​ផលិត 50,000 គ្រឿង/ឆ្នាំ​ក្នុង​ដំណាក់កាល​​ដំបូង និង​ឡើងដល់ 150,000 គ្រឿង​ក្នុង​ដំណាក់​បន្ទាប់​។

    ក្រុមហ៊ុន​បណ្ដាក់ទុន​រួម​នេះ​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំមុន​ដែលមាន​ឈ្មោះថា Horizon Plus ហើយនឹង​សាងសង់​រោងចក្រ​តម្លៃ​ប្រហែល 1 ពាន់​លាន​ដុល្លារ​អាម៉េរិក នៅក្នុង​តំបន់ឧស្សាហកម្ម Rojana Nhongyai ក្នុង​ខេត្ត Chonburi។

    ក្រុមហ៊ុន​ខាងលើ​ប្រកាសថា បណ្ដា​រថយន្ត​អគ្គិសនី​ដែល​ផលិត​ដោយ​រោងចក្រ​របស់​ពួកគេ​នៅ Chonburi ភាគច្រើន​នឹងត្រូវ​បាន​ផ្គត់ផ្គង់​ក្នុង​តំបន់ អាស៊ីអាគ្នេយ៍៕

  • បើ​មាន​គម្រោង​ទៅ​មើល World Cup 2022 សូម​ស្វែងយល់​ជាមុន​អំពី​វប្បធម៌ខ្លះៗរបស់​ជនជាតិ​កាតា

    បើ​មាន​គម្រោង​ទៅ​មើល World Cup 2022 សូម​ស្វែងយល់​ជាមុន​អំពី​វប្បធម៌ខ្លះៗរបស់​ជនជាតិ​កាតា

    កាតា គឺជា​ដែនដី​ដែល​សម្បូរ​អគារ​ខ្ពស់កប់ពពក និង​ជា​ប្រទេស​ម្ចាស់ផ្ទះ World Cup 2022 ហើយក៏​ជា​ប្រទេស​កាន់សាសនា​អ៊ីស្លាម​ដែលមាន​លក្ខណៈ​អភិរក្ស​ច្រើន ក្នុងនោះ​ក៏មាន​វប្បធម៌​នៃ​របៀប​ស្វាគមន៍​គ្នា ឬ​របៀប​ផឹក​កាហ្វេ​ជាដើម។

    World Cup 2022 នឹងធ្វើ​ឡើង​នៅ កាតា ចាប់ពី​ថ្ងៃទី 20 វិច្ឆិកា ដល់ 18 ធ្នូ 2022។ ប្រទេស​ដ៏​តូច​មួយ​នេះ​កំពុង​ក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​ពិភពលោក។

    នៅ​ទីសាធារណៈ ជនជាតិ​កាតា តែង​ក្រោកឈរ​នៅពេល​ជំរាបសួរ​អ្នកដទៃ ពិសេស​គឺ​មនុស្ស​ចាស់ ដើម្បី​បង្ហាញ​អំពី​ការគោរព។ បើសិន​អ្នកជា​បុរស និង​បាន​ជួប ហើយ​ជំរាបសួរ​ស្ត្រី​កាតា អ្នក​គួរតែ​រង់ចាំ​នាង​ហុចដៃ​ជាមុន។

    ជនជាតិ​កាតា​មួយចំនួន មិន​ចង់​ចាប់ដៃ ឬ​ប៉ះ​អ្នកដទៃ​នៅពេល​ជំរាបសួរ​គ្នា ដោយសារតែ​កត្តា​សាសនា។ ដូច្នេះ បុរស​ជនជាតិ​កាតា មិនមែន​ពេលណា​ក៏​ចាប់ដៃ​នៅពេល​ជំរាបសួរ​ស្ត្រី​នោះដែរ។ ជំនួស​ឱ្យ​ការ​ចាប់ដៃ ជនជាតិ​កាតា នឹងដាក់​ដៃស្ដាំ​លើ​ទ្រូង​ខាង​ខ្វេ​ង។

    ជនជាតិ​កាតា ចៀសវាង​ការបង្ហាញ​មនោសញ្ចេតនា​ស្នេហា ដូច​ជាការ​ឱបថើប​ជាដើម​នៅ​ទីសាធារណៈ ប៉ុន្តែ​អាច​កាន់​ដៃ​គ្នា​បាន។ បើទោះជា ភាសា​អង់គ្លេស នៅ​ប្រទេស​ដែលមាន​មនុស្ស 90% ជា​ជនបរទេស ប៉ុន្តែ កាតា ផ្ដល់​តម្លៃ​យ៉ាងខ្ពស់​ទៅលើ​អ្នក​ដែល​ចេះ​ជំរាបសួរ​ដោយ ភាសា​អារ៉ាប់ និង​ចេះ​សម្ដែង​ការដឹងគុណ។

    បើសិន​មាន ជនជាតិ​កាតា អញ្ជើញ​ឱ្យទៅ​លេង​ផ្ទះ ចូរ​កុំ​ភ្លេច​ដោះ​ស្រោមជើង​មុនពេល​ឈានចូល​ផ្ទះ​របស់​ពួកគេ។ អ្នក​ដែល​អង្គុយ​គង​អន្ទាក់ខ្លា​នឹងត្រូវ​បានចាត់ទុក​ថា ឈ្លើយ មិនមាន​ការគោរព​ដ​ល់​ម្ចាស់ផ្ទះ បើសិន​បាតជើង​បែរ​ទៅរក​ម្ចាស់ផ្ទះ។

    ជនជាតិ​កាតា តែង​ប្រើ​ម្រាមដៃ​ចាប់​អាហារ​នៅក្នុង​ចាន​រួម ដែល​នេះ​ក៏​ជា​របៀប​ទទួលទាន​អាហារ​តាម​វប្បធម៌​សមុទ្រ​ខ្សាច់ Bedouin។

    ប្រការ​សំខាន់​មួយទៀត នោះ​គឺ​អ្នក​គួរតែ​ទទួលយក​ការអញ្ជើញ​របស់ ជនជាតិ​កាតា ព្រោះថា បើសិន​បដិសេធ​នឹង​ត្រូវបាន​ចាត់ទុកថា ធ្វើឱ្យ​បាត់បង់​ទំនុកចិត្ត (ប៉ុន្តែ​កុំ​ភ្លេច​មើល​ស្ថានការណ៍​ផង!)។

    ដូច​ទៅនឹង​បណ្ដា​ប្រទេស​នៅ មជ្ឈិមបូព៌ា ដទៃទៀត​ដែរ ជនជាតិ​កាតា ចូលចិត្ត​កាហ្វេ​អារ៉ាប់ ដែល​ឆុង​ពី​គ្រាប់​កាហ្វេ​លីង និង​ដាំ​ឱ្យ​ពុះ​ជាមួយនឹង​គ្រាប់ nutmeg និង saffron។ កាហ្វេ​នេះ​មាន​ពណ៌​ស្រដៀង​ទឹកតែ និង​លឿង​បន្តិច ហើយ​សិត​ពី​ប៉ាន់ dallah ទៅក្នុង​ចាន​តូច សម្រាប់​ផឹក​អម​ជាមួយនឹង​ផ្លែ ឬ​តំណាប់​ផ្លែ​លម៉ើ។

    មុនពេល​អញ្ជើញ​ភ្ញៀវ ម្ចាស់ផ្ទះ​តែង​ភ្លក់​មុន​ដើម្បី​ពិនិត្យ​រសជាតិ។ ភ្ញៀវ​ត្រូវ​កាន់​ចាន​កាហ្វេ​ដោយ​ដៃស្ដាំ។ កាហ្វេ​នឹងត្រូវ​សិត​ជា​បន្តបន្ទាប់​រហូតដល់​អ្នក​អង្រួន​ចាន​កាហ្វេស្រាលៗដើម្បី​ជាស​ញ្ញា​ប្រាប់ថា គ្រប់គ្រាន់​ហើយ៕

  • អាចារ្យ​ម្នាក់​ត្រូវ​ដកហូត​ងារ ព្រោះតែ «បន់» ឱ្យ ប្រធានាធិបតី​កូរ៉េខាងត្បូង ជួប​គ្រោះថ្នាក់​យន្តហោះ

    អាចារ្យ​ម្នាក់​ត្រូវ​ដកហូត​ងារ ព្រោះតែ «បន់» ឱ្យ ប្រធានាធិបតី​កូរ៉េខាងត្បូង ជួប​គ្រោះថ្នាក់​យន្តហោះ

    អាចារ្យ​នៅ​វិហារ​អង់​គ្លី​កង់​កូរ៉េខាងត្បូង ត្រូវបាន​រិះគន់ និង​ដកហូត​ងារ បន្ទាប់ពី​បាន​បួងសួង​ជា​សាធារណៈ​ឱ្យ​យន្តហោះ​ដឹក ប្រធានាធិបតី Yoon ជួប​គ្រោះថ្នាក់។

    ប្រធានាធិបតី Yoon Suk-yeol និង​ភរិយា កាលពី​ថ្ងៃទី 11 វិច្ឆិកា បានធ្វើ​ដំណើរ​មកកាន់ អាស៊ីអាគ្នេយ៍ ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ាន និង G20។ លោក Yoon គ្រោង​នឹង​ត្រលប់​ទៅវិញ​នៅ​ថ្ងៃទី 16 វិច្ឆិកា​ខាងមុខ។

    អាចារ្យ Kim Gyu-dong បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ថា គាត់​ចង់ឱ្យ​យន្តហោះ​ដឹក​ប្រធានាធិបតី​ជួប​គ្រោះថ្នាក់ និង​សង្ឃឹមថា ប្រជាជន​កូរ៉េខាងត្បូង ទាំងអស់ បួងសួង​បែបនេះ។

    លោក Kim Gyu-dong បាន​លុប​សារ​របស់គាត់​បន្ទាប់ពី​រង​ការរិះគន់។ គាត់​បាន​បកស្រាយ​ថា ខ្លឹមសារ​នេះ​គ្រាន់តែ​ជាការ​កត់ត្រា​ផ្ទាល់ខ្លួន ប៉ុន្តែ​ត្រូវបាន​បែកធ្លាយ​ជា​សាធារណៈ​ដោយ​អ​ចេតនា។

    ក្រុមប្រឹក្សា​ព្រះវិហារ​អង់​គ្លី​កង់ នៃ​តំបន់ Daejeon របស់ កូរ៉េខាងត្បូង កាលពី​ថ្ងៃទី 14 វិច្ឆិកា បានប្រកាស​ដកហូត​តំណែង​អាចារ្យ​របស់លោក Kim Gyu-dong រួចហើយ ក្រោយពី​មានការ​រិះគន់​ចំពោះ​ទង្វើ​ខាងលើ។

    មន្ត្រី​ខាង​សាសនា​មួយរូប​ថ្លែងថា សារ​របស់លោក Kim គឺជា​រឿង​មិនអាច​ទទួលយកបាន​ក្នុងនាម​គាត់​ជា​អាចារ្យ​ម្នាក់។

    មុន​នោះ អាចារ្យ​មួយរូប​របស់​វិហារ​រ៉ូ​ម៉ាំ​កាតូលិក​នៅ​តំបន់ Daejeon ក៏បាន​ធ្វើឱ្យមាន​ការរិះគន់​ដោយសារតែ​ការ​បង្ហោះ​សារ​ដែលមាន​ខ្លឹមសារ​ប្រហាក់ប្រហែល​នេះ។ អាចារ្យ​រូបនេះ ក្រោយមក​ក៏បាន​បិទ​គណនី​បណ្ដាញ​សង្គម និង​ឱ្យដឹងថា គាត់​គ្រាន់តែ​សម្ដែង​អំពី​ការខកចិត្ត​របស់​សាធារណជន​ប៉ុណ្ណោះ និង​មាន​អារម្មណ៍​ថា​ខ្មាសអៀន​នៅពេល​សារ​នេះ​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន។

    ថ្មីៗនេះ ពលរដ្ឋ​កូរ៉េខាងជើង នាំគ្នា​សម្ដែង​ការមិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល ក្រោយពី​កើតមាន​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​ស្លាប់ 158 នាក់​នៅ Itaewon។ ប្រធានាធិបតី Yoon បាន​សុំទោស​ចំពោះ​ប្រជាជន និង​បាន​សន្យាថា កែទម្រង់​វិធានការ​ទប់ស្កាត់​ហានិភ័យ និង​គ្រោះថ្នាក់​ឱ្យបាន​សមស្រប៕

  • សម្ដេច​តេ​ជោ កំពុង​ត្រៀម​ចេញពី ឥណ្ឌូណេស៊ី ត្រឡប់មក កម្ពុជា វិញ ក្រោយ​ប្រកាសថា វិជ្ជមាន​នឹង​កូ​វីដ-19

    សម្ដេច​តេ​ជោ កំពុង​ត្រៀម​ចេញពី ឥណ្ឌូណេស៊ី ត្រឡប់មក កម្ពុជា វិញ ក្រោយ​ប្រកាសថា វិជ្ជមាន​នឹង​កូ​វីដ-19

    នា​រសៀល​ថ្ងៃទី 15 វិច្ឆិកា 2022 នេះ នៅលើ​ទំព័រ​បណ្ដាញ​សង្គម ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានឱ្យដឹងថា កំពុង​ត្រៀម​ចេញពី ឥណ្ឌូណេស៊ី ត្រឡប់មក កម្ពុជា វិញ ក្រោយពី​បានទទួល​លទ្ធផល​តេស្ដ​វិជ្ជមាន​នឹង​កូ​វីដ-19។

    «ខ្ញុំ​កំពុង​ត្រៀម​ចេញពី ឥណ្ឌូណេស៊ី ត្រឡប់​ទៅ កម្ពុជា វិញ បន្ទាប់ពី​អង្គុយ​រង់ចាំ​ការអនុញ្ញាត​ពី​ប្រទេស​ដែល​យើង​ត្រូវ​ហោះហើរ​ឆ្លងកាត់។ សូម​អរគុណ មិត្ត​ឥណ្ឌូណេស៊ី ដែល​បាន​យកចិត្តទុកដាក់​ទទួល​ប្រតិភូ​របស់​យើង និង​សូម​អធ្យាស្រ័យ​ដែល​យើង​មិនអាច​ចូលប្រជុំ G20 បាន» សម្ដេច​តេ​ជោ សរសេរ​ដូច្នេះ។ សម្ដេច​បន្ថែមថា «ការហោះ​រយៈពេល 3 ម៉ោង 30 នាទី ដែល​ខ្ញុំ​នឹង​ទៅដល់​ក្បាល​ព្រលប់​ល្ងាច​នេះ»។

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នា​ព្រឹក​នេះ បានប្រកាសថា ទទួលលទ្ធផល​វិជ្ជមាន​នឹង​កូ​វីដ-19 ក្រោយពី​ពេទ្យ​នៅ ឥណ្ឌូណេស៊ី បានធ្វើ​តេស្ត នៅមុន​ការចូលរួម​កិច្ចប្រជុំ G20 នៅ ឥណ្ឌូណេស៊ី។

    ក្រោយ​ទទួលបាន​លទ្ធផល​នេះ សម្ដេច​ក៏បាន​ក៏បាន​សម្រេច​ឱ្យ​ប្រតិភូ​កម្ពុជា វិល​ត្រឡប់មក កម្ពុជា វិញ ដើម្បី​សុ​វត្តិភាព​សម្រាប់​ប្រតិភូ​ដែល​ចូលរួម​ប្រជុំ ខណៈដែល​តំណាង​ប្រទេស​អាស៊ាន កំពុង​ចរចា​ប្រគល់ជូន​ឥណ្ឌូណេស៊ី ធ្វើជា​តំណាង។

  • អាយុ​ជា​មធ្យម​របស់​មនុស្សជាតិ​បាន​កើនឡើង​ខ្ពស់! តើ​ដោយសារ​កត្តា​អ្វីខ្លះ?

    អាយុ​ជា​មធ្យម​របស់​មនុស្សជាតិ​បាន​កើនឡើង​ខ្ពស់! តើ​ដោយសារ​កត្តា​អ្វីខ្លះ?

    មូលនិធិ​ប្រជាជន​នៃ​អង្គការសហប្រជាជាតិ ទើបតែ​បាន​ព្យាករ​ថា អាយុ​ជា​មធ្យម​របស់​មនុស្ស​លើ​ពិភពលោក​នឹង​កើន​ដល់ 77.2 ឆ្នាំ​នៅក្នុង​ឆ្នាំ 2050 ដោយសារតែ​ការរីកចម្រើន​របស់​វិស័យ​សុខាភិបាល លក្ខខណ្ឌ​អនាម័យ ទម្លាប់​នៃ​ការរស់នៅ​ល្អ អាហារ និង​ជាតិ​បំប៉ន​ត្រូវបាន​កែលំអ។

    ព្រឹក​ថ្ងៃទី 15 វិច្ឆិកា 2022 មូលនិធិ​ប្រជាជន​នៃ​អង្គការ​សហ​ប្រជា​តិ (UNFPA) បាន​កត់ត្រា​អំពី​ចំនួន​ប្រជាជន​ដែល​បាន​កើនឡើង​ដល់ 8 ពាន់​លាន​នាក់ នៅ​ទូទាំង​សកលលោក ហើយ​ព្យាករ​ថា​អាច​កើន​ដល់ 9 ពាន់​លាន​នាក់​នៅ​ឆ្នាំ 2037។ ក្នុង​រង្វង់ 9 ឆ្នាំ រាប់​ចាប់ពី 1990 អាយុ​ជា​មធ្យម​របស់​មនុស្ស​លើ​ពិភពលោក​បាន​កើន 9 ឆ្នាំ​បន្ថែមទៀត ដោយ​ឡើងដល់ 72.8 ឆ្នាំ និង​ត្រូវបាន​ព្យាករ​ថា អាច​កើន​ឡើងដល់ 77.2 ឆ្នាំ​នៅក្នុង​ឆ្នាំ 2050។

    ជាក់ស្ដែង អាយុ​របស់​មនុស្សជាតិ​បាន​កើនឡើង​ខ្ពស់​ក្នុង​រង្វង់ 200 ឆ្នាំ​កន្លង។ អង្គការសហប្រជាជាតិ បាន​វាយតម្លៃថា នៅពេល​បច្ចេកវិទ្យា​រីកចម្រើន​ជាង​មុន ក្រុម​អ្នកវិទ្យាសាស្ត្រ​មានឱកាស​ក្នុងការ​ស្វែងយល់​អំពី​អាថ៌កំបាំង​របស់​រាងកាយ​មនុស្ស និង​យន្តការ​ជីវសាស្ត្រ​ដែល​ទាក់ទង ដូច្នេះ​ពួកគេ​អា​ចរក​វិធី​ធ្វើឱ្យ​សុខភាព​ទូទៅ​បាន​ប្រសើរឡើង និង​អាច​បង្ការ​ជំងឺផ្សេង។

    សមិទ្ធិផល​នៃ​ការរីកចម្រើន​សំខាន់បំផុត​របស់​មនុស្ស​ជាតិ​ក្នុង​រយៈពេល 200 កន្លង​គឺ វ៉ាក់សាំង នេះ​បើតាម UNFPA។ មុនពេល​មាន​វ៉ាក់សាំង បណ្ដា​ជំងឺឆ្លង​ដូចជា អុតស្វាយ ឬ​ជំងឺ​គ្រុន​ស្វិតដៃជើង​ជាដើម បានសម្លាប់​មនុស្ស​រាប់​លាន​នាក់​ជា​រៀងរាល់ឆ្នាំ។ ក្រោយមក យុទ្ធនា​ការចាក់​វ៉ាក់សាំង បាន​លុបបំបាត់​ជំងឺ​ទាំងនេះ​នៅក្នុង​តំបន់​ជាច្រើន​របស់​ពិភពលោក ហើយ​លទ្ធផល​ទទួលបាន​នោះ​គឺ អត្រា​នៃ​ការស្លាប់​បាន​ថយចុះ​ច្រើន។

    វ៉ាក់សាំង​ក៏​ជា​អាវុធ​ពិសេស​មួយ​នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ-19 ផងដែរ។ យោងតាម​ស្ថិតិ​របស់ សហរដ្ឋ​អាម៉េរិក វ៉ាក់សាំង​បង្ការ​កូ​វីដ-19 បាន​សង្គ្រោះ​ជីវិត​មនុស្ស​ជិត 20 លាន​នាក់​នៅលើ​ពិភពលោក​នៅក្នុង​រយៈពេល​មួយឆ្នាំ។

    ការរីកចម្រើន​មួយ​ដ៏​ធំ​ផ្សេងទៀត​របស់​វិស័យ​សុខាភិបាល នោះ​គឺ​ថ្នាំ​រម្ងាប់​មេរោគ ដែល​ត្រូវបាន​ប្រើប្រាស់​តាំងពី​ឆ្នាំ 1940 ដើម្បី​ព្យាបាល​ជំងឺឆ្លង​ដោយសារ​មេរោគ (បាក់តេរី)។ ថ្នាំ​រម្ងាប់​មេរោគ​បាន​ជួយ​ឱ្យ​អាយុ​មធ្យម​របស់​មនុស្ស​ក្នុង​ពិភពលោក​កើន​ជា​មធ្យម​ពី 5 ដល់ 10 ឆ្នាំ។

    លោក​យាយ Jeanne Calment ជាជនជាតិ​បារាំង រស់​បាន​ដល់​អាយុ 122 ឆ្នាំ​ និង​បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ 1997

    សមិទ្ធិផល​ធំ​មួយទៀត​ដែល​ត្រូវបាន​វាយតម្លៃថា បានរួម​ចំណែក​ធំធេង​ក្នុង​ការជួយ​ឱ្យ​អាយុ​របស់​មនុស្ស​កើនឡើង​គឺ​បច្ចេកវិទ្យា​សុខាភិបាល។ បច្ចេកវិទ្យា​ថ្មី​ដូចជា ការថត​ស្កេ​ន CT ជាដើម ជួយ​ឱ្យ​វេជ្ជបណ្ឌិត​ធ្វើ​រោគវិនិច្ឆ័យ​បាន​សុក្រឹត​ជាង​មុន មុនពេល​ជំងឺ​បង្ហាញ​អាការ ដែល​នេះ​អនុញ្ញាតឱ្យ​ពេទ្យ​ព្យាបាល​បាន​ឆាប់ និង​ទប់ស្កាត់​ជំងឺ​វិ​វត្ត​ទៅរក​ភាព​ធ្ងន់ធ្ងរ​នាពេល​អនាគត។

    អាយុ​ជា​មធ្យម​របស់​មនុស្សជាតិ​កើន​ក៏​អាស្រ័យ​មួយផ្នែក​ទៅលើ​ការកែលំអ​ទាក់ទង​នឹង​បញ្ហា​អនាម័យ និង​ទម្លាប់​នៃ​ការរស់នៅ​ផងដែរ។ ឧទាហរណ៍ ៖ វត្តមាន​របស់​បណ្ដាញ​បំពង់​ទឹកស្អាត និង​លូ​ទំនើប បាន​ជួយ​ឱ្យ​មនុស្ស​រស់នៅក្នុង​បរិស្ថាន​ស្អាតបាត​ជាងពេលណាៗទាំងអស់។ បច្ចុប្បន្ន មនុស្ស​ជាច្រើន​កំពុង​រស់នៅ​ដោយ​មិនត្រូវ​ប៉ះពាល់​ប្រភព​មេរោគ​នានា​ដែល​អាច​នាំឱ្យ​កើត​ជំងឺ និង​ស្លាប់។

    សព្វថ្ងៃ មនុស្សម្នា​បាន​យល់ដឹង​ច្រើនជាង​មុន​ទាក់ទង​នឹង​ផលប៉ះពាល់​នៃ​ទម្លាប់​រស់នៅ ដល់​សុខា​ភាព។ ការសិក្សា​ស្រាវជ្រាវ​នានា​បាន​បង្ហាញថា សកម្មភាព​បញ្ចេញ​កម្លាំង (ហាត់ប្រាណ​ជាដើម) បាន​ជួយ​កាត់បន្ថយ​ហានិភ័យ​ឡើង​ឈាម (សម្ពាធ​ឈាម​ឡើង​ខ្ពស់) ជំងឺ​ទឹកនោមផ្អែម​កម្រិត 2 ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​មហារីក​ជាដើម។

    ការសិក្សា​ស្រាវជ្រាវ​ក៏បាន​បង្ហាញថា របប​អាហារ​ដែល​សម្បូរ​បន្លែ​ផ្លែឈើ​ស្រស់ គ្រាប់​ធញ្ញជាតិ និង​មាន​សាច់​សុទ្ធ​ក្នុង​បរិមាណ​សមល្មម​ក៏​ជួយ​អូសបន្លាយ​អាយុ​របស់​មនុស្ស​ផងដែរ។ របប​អាហារ​របស់​មនុស្ស​ដែលមាន​អាយុ​វែង​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​រកឃើញថា គឺ​សុទ្ធ​តែមាន​វត្តមាន​ត្រី សណ្ដែក ធញ្ញជាតិ និង​មិនសូវមាន​ជាតិ​ស្ករ៕

  • មនុស្ស​ទី 8 ពាន់​លាន​របស់​ពិភព​លោក បានចាប់កំណើត​នៅ អាស៊ីអាគ្នេយ៍

    មនុស្ស​ទី 8 ពាន់​លាន​របស់​ពិភព​លោក បានចាប់កំណើត​នៅ អាស៊ីអាគ្នេយ៍

    ទារិកា​ម្នាក់​បានចាប់កំណើត​នៅវេលា​ម៉ោង 1 និង 29 នាទី ថ្ងៃទី 15 វិច្ឆិកា 2022 នៅ រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វ៊ី​លី​ពី​ន ត្រូវបាន​ទទួលស្គាល់ថា ជា​មនុស្ស​ទី 8 ពាន់​លាន​របស់​ពិភពលោក។

    «នេះ​គឺជា​ការចាប់​កំណើត​តាម​ធម្មតា» វេជ្ជបណ្ឌិត Romeo Bituin ប្រធាន​ផ្នែក​សុខាភិបាល​របស់​មន្ទីរ​ពេទ្យ Jose Fabella ជាទី​ដែល​ទារិកា​ខាងលើ​បានចាប់កំណើត បាន​ប្រាប់​ដូច្នេះ នេះ​បើតាម Manila Bulletin។

    ប្រធាន​រដ្ឋបាល​របស់ គណៈកម្មាធិការ​ប្រជាជន និង​អភិវឌ្ឍ​ហ្វ៊ី​លី​ពី​ន (POPCOM) នៃ​វិទ្យាស្ថាន​ស្ថិតិ​ហ្វ៊ី​លី​ពីង (PSA) លោកស្រី Lyneth Therese Monsalve សង្ឃឹមថា ទារិកា Venice ដែលជា​មនុស្ស​ទី 8 ពាន់​លាន​របស់​ពិភពលោក នឹង​ក្លាយ «ជា​និមិត្តរូប​នៃ​ភាពរុងរឿង​ក្នុងពេល​អនាគត»។

    ម្ដាយ​របស់​ Venice អ្នក​ស្រី Maria Margarette Villorente សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​កូន​ស្រី​របស់​គាត់​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​មនុស្ស​ទី 8 ពាន់​លាន​របស់​ពិភពលោក​។ «នេះ​គឺជា​​ភ័ព្វ​សំណាង​ចំពោះ​គ្រួសារ​» អ្នក​ស្រី Maria ថ្លែង​ដូច្នេះ​។

    ព្រឹក​ថ្ងៃ​ដដែល​នេះ មូលនិធិ​ប្រជាជន​នៃ​អង្គការសហប្រជាជាតិ (UNFPA) ក៏បាន​កត់ត្រា​អំពី​ចំនួន​ប្រជាជន​ដែល​បាន​កើន​ដល់ 8 ពាន់​លាន​នាក់ និង​ព្យាករ​ថា អាច​ឡើងដល់ 9 ពាន់​លាន​នាក់​នៅ​ឆ្នាំ 2037។

    យោងតាម UNFPA ការកើនឡើង​យ៉ាង​លឿន​នៃ​ចំនួន​ប្រជាជន​របស់​ពិភពលោក​នេះ​គឺ​ព្រោះតែ​អាយុ​របស់​មនុ​ស្សវែង​ជាង​មុន ដោយសារ​ការរីកចម្រើន​ផ្នែក​សុខុមាលភាព​ក្នុង​សហគមន៍ របប​អាហារ អនាម័យ​ផ្ទាល់ខ្លួន និង​ឱសថ។ នេះ​ក៏​ជា​លទ្ធផល​នៃ​ការចាប់​កំណើត​ដែលមាន​កម្រិត​ខ្ពស់ និង​ស្ថិរភាព​នៅក្នុង​ប្រទេស​ជាច្រើន​របស់​ពិភពលោក៕

  • ទេសចរ​ដែល​នាំយក​ផ្លែឈើ​ស្រស់​ចូល​ទឹកដី​ថៃ អាច​ត្រូវបាន​ពិន័យ​ដាក់ពន្ធនាគារ

    ទេសចរ​ដែល​នាំយក​ផ្លែឈើ​ស្រស់​ចូល​ទឹកដី​ថៃ អាច​ត្រូវបាន​ពិន័យ​ដាក់ពន្ធនាគារ

    បើសិនជា​នាំយក​ផ្លែឈើ​ដែល​មិន​ទទួលបាន​ការអនុញ្ញាត ចូលទៅក្នុង​ទឹកដី​របស់ ប្រទេស​ថៃ ទេសចរ​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​រាប់រយ​ដុល្លារ​អាម៉េរិក ឬ​ជាប់ពន្ធនាគារ​ទៀតផង។

    Rapeephat Chantarasriwong អ្នកនាំពាក្យ​របស់ ក្រសួងកសិកម្ម​ថៃ បានឱ្យដឹងថា ទេសចរ​នាំយក​ផ្លែឈើ​ស្រស់​ចូល​ទឹកដី​របស់ ប្រទេស​ថៃ ដោយ​មិនមាន​លិខិត​បញ្ជាក់ថា មិនមាន​ជំងឺ​ដង្កូវ លិខិតអនុញ្ញាត​ការនាំ​ចូល ឬ​មិនបាន​រាយការណ៍ គឺជា​ការបំពានច្បាប់​ត្រួតពិនិត្យ​រុក្ខជាតិ​របស់ ប្រទេស​ថៃ នេះ​បើតាម Thai PBS World។

    យោងតាម National News Bureau of Thailand ពលរដ្ឋ​ថៃ ដែល​ទៅ​ទេសចរណ៍​នៅ​ប្រទេសក្រៅ ត្រូវបាន​ព្រមាន​មិនឱ្យ​នាំយក​បន្លែ​ផ្លែឈើ​ស្រស់​ត្រលប់មក ប្រទេស​ថៃ ព្រោះ​អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់។

    អ្នកនាំពាក្យ​របស់ ក្រសួងកសិកម្ម​ថៃ បានឱ្យដឹងថា ការ​នាំចូល​ផ្លែឈើ​ដោយ​ខុសច្បាប់​នឹងត្រូវ​ពិន័យ​ជា​ប្រាក់ 20,000 បាត (ប្រហែល 560 ដុល្លារ​អាម៉េរិក) ឬ​ជាប់ពន្ធនាគារ 1 ឆ្នាំ។ បច្ចុប្បន្ន មាន​ទេសចរ​ជាច្រើន​នាក់​ត្រូវបាន​រឹបអូស​យក​ផ្លែឈើ និង​បំផ្លាញចោល​នៅឯ​ព្រលានយន្តហោះ ប៉ុន្តែ​មិនទាន់មាន​ករណី​រង​ការពិន័យ​នៅឡើយ។

    លោក Rapeephat Chantarasriwong បន្ថែមថា នាពេលខាងមុខ ក្រសួងកសិកម្ម​ថៃ នឹង​ស្នើឱ្យ​គ្រប់​អាកាសយានដ្ឋាន ផ្ដល់ព័ត៌មាន​នេះ​ដល់​អ្នកដំណើរ​គ្រប់រូប៕