Author: សឿន សំណាង

  • តុលាការ​របស់​ប្រទេស​ហូ​ឡង់ ថា យន្តហោះ MH17 ធ្លាក់ គឺ​​ដោយ​សារ​​ត្រូវ​​គ្រាប់​​មី​ស៊ី​ល​​ផលិត​​នៅ​ រុស្ស៊ី

    តុលាការ​របស់​ប្រទេស​ហូ​ឡង់ ថា យន្តហោះ MH17 ធ្លាក់ គឺ​​ដោយ​សារ​​ត្រូវ​​គ្រាប់​​មី​ស៊ី​ល​​ផលិត​​នៅ​ រុស្ស៊ី

    តុលាការ​ហូ​ឡង់ ប្រកាសថា មី​ស៊ី​ល​ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ MH17 គឺជា​ផលិតផល​របស់ រុស្ស៊ី ហើយ មូ​ស្គូ ជា​អ្នកគ្រប់គ្រង​កងកម្លាំង​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត​របស់ ប្រទេស​អ៊ុយ​ក្រែ​ន នៅពេល​ករណី​ធ្លាក់​យន្តហោះ​កើតឡើង។

    នៅក្នុង​ការវិនិច្ឆ័យ​ដែល​ត្រូវបាន​ប្រកាស​នៅឯ​តំបន់​យុត្តិធម៌​ក្នុង​ទីរួមស្រុក Badhoevedorp ខេត្ត Noord-Holland កាលពី​ម្សិលមិញ ប្រធាន​តុលាការ Hendrik Steenhuis ថ្លែងថា ជើងហោះហើរ MH17 របស់ Malaysia Airlines ត្រូវបាន​បាញ់​ទម្លាក់​កាលពី​ឆ្នាំ 2014 ដោយ​មី​ស៊ី​ល​ដែល​ផលិត​នៅ ប្រទេស​រុស្ស៊ី។ មី​ស៊ី​ល​នេះ​បាន​ហោះ​ចេញពី​វាលស្រែ​នៅ​ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន ហើយ រុស្ស៊ី ជា​អ្នកគ្រប់គ្រង​ទាំងស្រុង​លើ​កងកម្លាំង​ផ្ដាច់ខ្លួន​នៅ​តំបន់​នេះ​ក្នុង​គ្រា​ដែល​ហេតុការណ៍​បានកើត​ឡើង។

    ប្រធាន​តុលាការ Steenhis បញ្ជាក់ថា «ចាប់ពី​ពាក់កណ្ដាល​ខែឧសភា 2014 រុស្ស៊ី គ្រប់គ្រង​ទាំងស្រុង​លើ ក្រុម​ដែល​ហៅ​ខ្លួនឯង​ថា សាធារណរដ្ឋ​ប្រជាមានិត Donetsk»។

    ការសម្រេច​របស់​តុលាការ​ខាងលើ​ត្រូវបាន​លើកឡើង​ក្នុង​សវនាការ​កាត់ទោស​កំបាំង​មុខ​ចំពោះ​ជនសង្ស័យ 4 នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ទាក់ទិន​នឹង​ករណី​យន្តហោះ​ត្រូវបាន​គេ​បាញ់​ទម្លាក់ បណ្ដាលឱ្យ​អ្នកដំណើរ និង​ក្រុម​ហោះហើរ​ទាំង 298 នាក់​បាត់​បង់ជីវិត។

    យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់ក្រុមហ៊ុន Malaysia Airlines

    ក្នុង​គ្រា​កើតហេតុ​កាលណោះ តំបន់​ដែល​យន្តហោះ​ជួប​គ្រោះថ្នាក់​គឺជា​សមរភូមិ​ប្រយុទ្ធ​រវាង​កងទ័ព​ដែល​គាំទ្រ​ដោយ រុស្ស៊ី និង​កងទ័ព​របស់ អ៊ុយ​ក្រែ​ន ដែលជា​ដើមហេតុ​នៃ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន នាបច្ចុប្បន្ន។

    តំណាង​ជនរងគ្រោះ​បានឱ្យដឹងថា ការសម្រេច​របស់​តុលាការ​នឹង​ជា​ជំ​ហ៊ាន​ដ៏​សំខាន់ បើ​ទោះ​ជនសង្ស័យ​ដែល​សុទ្ធតែ​ត្រូវ​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ​មួយជីវិត កំពុង «លាក់ខ្លួន» ក៏ដោយ។ ជនសង្ស័យ​ទាំងអស់​ត្រូវបាន​គេ​ជឿថា កំពុងស្ថិត​នៅក្នុង ប្រទេស​រុស្ស៊ី។

    រុស្ស៊ី បាន​ច្រានចោល​រាល់​ការចោទប្រកាន់ ឬ​ការទទួលខុសត្រូវ​ចំពោះ​ករណី​យន្តហោះ MH17 ត្រូវបាន​គេ​បាញ់​ទម្លាក់។ កាលពី​ឆ្នាំ 2014 រុស្ស៊ី បាន​បដិសេធថា កងទ័ព​រុស្ស៊ី មិនមាន​វត្ត​មាននៅ អ៊ុយ​ក្រែ​ន៕

  • អ៊ី​ឡុ​ន ម៉ាស (Elon Musk) ​ប្រកាស​​ថា ​មិន​​ចង់​​ធ្វើ​ជា ​CEO ​របស់​​ក្រុម​ហ៊ុន​​ណា​​ទាំង​អស់

    អ៊ី​ឡុ​ន ម៉ាស (Elon Musk) ​ប្រកាស​​ថា ​មិន​​ចង់​​ធ្វើ​ជា ​CEO ​របស់​​ក្រុម​ហ៊ុន​​ណា​​ទាំង​អស់

    «និយាយ​ដោយស្មោះ ខ្ញុំ​មិន​ចង់​ធ្វើជា CEO របស់​ក្រុមហ៊ុន​ណា​ទាំងអស់» សម្ដី​មួយ​ឃ្លា​នេះ​របស់​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស ដែលជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​លើ​ពិភពលោក ត្រូវបាន​លើកឡើង​នៅក្នុង​តុលាការ Chancery កាលពីពេលថ្មីៗនេះ។

    The Verge បាន​រាយការណ៍​ថា លោក ម៉ាស ទើបតែ​បានបង្ហាញ​វត្ត​មាននៅ​តុលាការ Chancery ក្នុង​រដ្ឋ Delaware សហរដ្ឋ​អាម៉េរិក ដើម្បី​បកស្រាយ​អំពី​កញ្ចប់​រង្វាន់​ធំ​សម្រាប់​តំណែង CEO របស់ Tesla។ សវនាការ​បានចាប់ផ្ដើម​ពី​ម្សិលមិញ ដើម្បី​បញ្ជាក់​ឱ្យបាន​ច្បាស់​ថា តើ​ក្រុមប្រឹក្សាភិបាល​របស់ Tesla មាន​សកម្ម​ភាពសមស្រប​មុនពេល​អនុម័ត​លើ​កញ្ចប់​រង្វាន់​តម្លៃ​ប្រហែល 52 លាន​ដុល្លារ​សម្រាប់​លោក ម៉ាស ឬទេ ហើយ​ថា តើ​លោក ម៉ាស បាន​បញ្ចេញ​ឥទ្ធិពល​ទៅលើ​ការសម្រេច​នេះដែរ ឬ​យ៉ាងណា?

    អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​គឺថា នៅក្នុង​សវនាការ​នេះ លោក ម៉ាស បាន​រៀប​រាប់​ថា «និយាយ​ដោយស្មោះ ខ្ញុំ​មិន​ចង់​ធ្វើជា CEO របស់​ក្រុមហ៊ុន​ណា​ទាំងអស់»។

    យោងតាម The Verge លោក ម៉ាស បាន​បកស្រាយ​នូវ​មូលហេតុ​ដែលនាំឱ្យ​គាត់​មាន​អារម្មណ៍​ពិបាក​ទ្រាំ​ជាមួយនឹង​តំណែង​នេះ។ លោក ម៉ាស ក៏​បាន​និយាយថា «ខ្ញុំ​គិតថា នឹង​កាត់បន្ថយ​ពេលវេលា​នៅ Twitter និង​រក​នាយក​ប្រតិបត្តិ​ម្នាក់​មក​ជំនួស»។

    លោក ម៉ាស ថែមទាំង​គិតដល់​ការលាលែង​ពី​តំណែង CEO របស់ Tesla ទៀតផង នេះ​បើតាម James Murdoch អតីត​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់ Tesla៕

  • កែវ​យឺត​អវកាស Hubble ថត​បាន​រូបភាព «ស្ពាន» ត​ភ្ជាប់​កាឡាក់ស៊ី នឹង​កាឡាក់ស៊ី

    កែវ​យឺត​អវកាស Hubble ថត​បាន​រូបភាព «ស្ពាន» ត​ភ្ជាប់​កាឡាក់ស៊ី នឹង​កាឡាក់ស៊ី

    ណា​សា (NASA) ប្រកាស​រូបថត​ថ្មី​មួយ​សន្លឹក​ដ៏​ស្រស់ស្អាត ស្ដីពី​ក្រុម​កាឡាក់ស៊ី Arp 248 ដែល​ស្ថិតក្នុង​តារានិករ (កញ្ចុំ​ផ្កាយ) Virgo ចម្ងាយ​រាប់រយ​លាន​ឆ្នាំ​ពន្លឺ​ពី​ផែនដី។

    រូបនេះ​ត្រូវបាន​ថត​ដោយ​កាមេរ៉ា​ទំនើប​របស់​កែវ​យឺត​អវកាស Hubble ជា​ផ្នែក​មួយ​នៃ​គម្រោង​សង្កេត​បណ្ដុំ​កាឡាក់ស៊ី​មិនធម្មតា ដែល​ដឹកនាំ​ដោយ​តារាវិទូ Halton Arp និង Barry Madore។

    បណ្ដុំ​កាឡាក់ស៊ី​មាន​ផ្ទុក កាឡាក់ស៊ី​មួយចំនួន ខ្លះ​មាន​រាងគូទខ្យង​ដែលមាន​ដៃ​ចំនួន​មួយ ឬ​ច្រើន ឬ​បណ្ដុំ​នៃ​ការ​ឡាក់​ស៊ី​ដែល​ប្រទាក់ក្រឡា​គ្នា។ ប្រព័ន្ធ Arp 248 គឺជា​ឧទាហរណ៍​សម្រាប់​បណ្ដុំ​កាឡាក់ស៊ី​បែបនេះ។

    ប្រព័ន្ធ Arp 248 នេះ​ស្ថិតក្នុង​កញ្ចុំ​ផ្កាយ Virgo ដែលមាន​ចម្ងាយ​ប្រហែល 200 ឆ្នាំ​ពន្លឺ​ពី​ផែនដី។ រូបថត​ថ្មី​នេះ​បង្ហាញថា ក្នុងចំណោម​កាឡាក់ស៊ី​ចំនួន​បី មាន​កាឡាក់ស៊ី​ពីរ​ដែល​ហាក់​ត្រូវបាន​ត​ភ្ជាប់​ជាមួយគ្នា​ដោយ «ស្ពាន​ពន្លឺ» មួយ ដែល​គេ​ហៅថា tidal tail (កន្ទុយ​ទឹកជោរ​នាច)។ កន្ទុយ ឬ​ស្ពាន​ធូលី និង​ផ្កាយ​ដែល​អូសបន្លាយ​យ៉ាង​វែង​នេះ​កើតឡើង​នៅពេល​កាឡាក់ស៊ី​ពីរ​គោចរ​ក្បែរ​គ្នា និង​ស្រូប​ទាញ​គ្នា​ដោយ​កម្លាំង​មហាសាល ដែល​ដូច​ទៅនឹង​ល្បែង​ទាញព្រ័ត្រ។

    ចំណែក​កាឡាក់ស៊ី​រាងគូទខ្យង​ទី​បី​ដែល​ស្ថិតនៅ​ខាងក្រោយ មិន​ជាប់ទាក់ទង​នឹង​ការតភ្ជាប់​របស់​កាឡាក់ស៊ី​ទាំងពីរ​ខាងលើនេះ​ដោយផ្ទាល់​ឡើយ ហើយ​វា​ស្ថិតនៅក្នុង​រយៈ​ចម្ងាយ​ប្រហែល​ជាង 10 លាន​ឆ្នាំ​ពន្លឺ នេះ​បើតាម AstroBin៕

  • កម្ពុជា ឈ្នះ​ពាន​រង្វាន់​ «អង្ករ​​ល្អ​​ជាង​គេ​​លើ​​ពិភព​លោក»​ ប្រចាំ​ឆ្នាំ ​2022

    កម្ពុជា ឈ្នះ​ពាន​រង្វាន់​ «អង្ករ​​ល្អ​​ជាង​គេ​​លើ​​ពិភព​លោក»​ ប្រចាំ​ឆ្នាំ ​2022

    «ពិតជា​កិត្តិយស​សម្រាប់​ប្រទេស​កម្ពុជា និង​មោទកភាព​របស់​ប្រជាជន​ខ្មែរ ដែល​អង្ករ​កម្ពុជា​បានឈ្នះ​ពានរង្វាន់ «អង្ករ​ល្អផ្តាច់គេ​លើ​ពិភពលោក» សាជាថ្មី (លើក​ទី 5) នៅក្នុង​វេទិកា​សន្និសីទ​អង្ករ​ពិភពលោក» នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​កម្ពុជា។

    នៅលើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា នា​ថ្ងៃទី 17 វិច្ឆិកា 2022 នេះ ក្រសួង​បានប្រកាស​ចូលរួម​អបអរសាទរ​ចំពោះ​ដំណឹង​ដែលថា កម្ពុជា ឈ្នះ​ពានរង្វាន់ «អង្ករ​ល្អ​ជាងគេ​លើ​ពិភពលោក» ប្រចាំឆ្នាំ 2022។

    ក្រសួងពាណិជ្ជកម្ម​ ​​បាន​បញ្ជាក់ថា ការ​ឈ្នះ​ពានរង្វាន់ «អង្ករ​ល្អផ្តាច់គេ​លើ​ពិភពលោក» របស់ កម្ពុជា នេះ គឺ​នៅពេល កម្ពុជា ចូលរួម​ព្រឹត្តិការណ៍ ដែល​រៀបចំឡើង​នៅ ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ នា​ថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2022។​ ចំណែក​​ ​ក្រសួង​​ព័ត៌មាន វិញ ឱ្យ​ដឹង​ថា អង្ករកម្ពុជា ដែល​បាន​ឈ្នះ​ពាន​​រង្វាន់​ពិភពលោក​ នៅ​ខេត្តភូកេត នេះ​ គឺជា​ពូជអង្ករ “ផ្ការំដួល”។

    នេះ​គឺជា​លើក​ទី 5 ហើយ​ដែល កម្ពុជា បានឈ្នះ​ពានរង្វាន់​បែបនេះ បន្ទាប់ពី​បានឈ្នះ​កាលពី​ឆ្នាំ 2012, 2013, 2014 និង 2018។

  • រថយន្ត​អគ្គិសនី​ដែលមាន​សុវត្ថិភាព​ជាង Model S របស់ Tesla ទៅទៀត (វីដេអូ​ធ្វើ​តេស្ត)

    រថយន្ត​អគ្គិសនី​ដែលមាន​សុវត្ថិភាព​ជាង Model S របស់ Tesla ទៅទៀត (វីដេអូ​ធ្វើ​តេស្ត)

    នៅក្នុង​ការសាកល្បង​ថ្មី​បំផុត​របស់ Euro NCAP គេ​ឃើញថា រថយន្ត​ដើរ​ដោយ​អគ្គិសនី​ទាំងស្រុង Hyundai Ioniq 6 ដែល​ត្រៀម​បង្ហាញខ្លួន​ក្នុង​ទីផ្សារ មិន​ត្រឹមតែ​បានទទួល​ចំណាត់ថ្នាក់​ផ្កាយ 5 នោះទេ ប៉ុន្តែ​ក៏បាន​បង្កើត​ស្ដង់ដា​សម្រាប់​ម៉ូ​ដែល​រថយន្ត​ដែល​យោងទៅលើ​ថ្នាល E-GMP។

    យោងតាម​របាយការណ៍​របស់ Euro NCAP រថយន្ត​អគ្គិសនី Hyundai Ioniq 6 អាច​ការពារ​មនុស្សពេញវ័យ​ដល់​កម្រិត​មួយ​ដែល​ស្ទើរតែ​ឥត​ខ្ជោះ ពោលគឺ​ពិន្ទុ​របស់​វា​ឡើងដល់ 97%។ ប្រការនេះ​គឺ​ល្អ​ជាង Tesla Model S (94%) និង​ស្មើនឹង Tesla Model Y (97%)។

    សមត្ថភាព​ក្នុងការ​ការពារ​កូនក្មេង​ក្នុង​រថយន្ត​របស់ Hyundai Ioniq 6 ក៏​ល្អប្រសើរ ដោយ​ទទួលបាន​ពិន្ទុ​កម្រិត 87% ដែល​អត្រា​នេះ​ស្មើនឹង Tesla Model Y។

    Hyundai Ioniq 6 ទទួលបាន​ពិន្ទុ​ស្ដីពី​ជំនួយ​សុវត្ថិភាព 90% (ទាប​ជាង 8% ធៀប​នឹង Tesla Model S) ខណៈដែល​សមត្ថភាព​ការពារ​អ្នក​ឆ្លងកាត់​ផ្លូវ​គឺ 66%។

    បើ​ប្រៀបធៀប Hyundai Ioniq 6 ជាមួយនឹង​បណ្ដា​រថយន្ត​អគ្គិសនី​ដែល​យោងទៅតាម​ថ្នាល E-GMP ដទៃទៀត​របស់ Hyundai យើង​ឃើញថា Hyundai Ioniq 6 ល្អ​ជាង Hyundai Ioniq 5 (សាកល្បង​កាលពី​ឆ្នាំ 2021), Kia EV6 (សាកល្បង​ឆ្នាំ 2022) និង Genesis GV60 (សាកល្បង​ឆ្នាំ 2022)៕

    រថយន្តដើរដោយអគ្គិសនីទាំងស្រុង Hyundai Ioniq 6
    រថយន្តដើរដោយអគ្គិសនីទាំងស្រុង Hyundai Ioniq 6 កំពុងធ្វើតេស្ត​ផ្នែក​ការ​ពារ​សុវត្ថិភាព
  • កាតា ច្រានចោល​ការចោទប្រកាន់​ដែលថា «ជួល​មនុស្ស​មក​គាំទ្រ World Cup Qatar 2022»

    កាតា ច្រានចោល​ការចោទប្រកាន់​ដែលថា «ជួល​មនុស្ស​មក​គាំទ្រ World Cup Qatar 2022»

    អាជ្ញាធរ​កាតា បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ដែលថា ប្រទេស​នេះ​បាន​ជួល​មនុ​ស្សមក​ធ្វើជា​អ្នកគាំទ្រ​ក្នុង​ព្រឹត្តិការណ៍ World Cup 2022 បន្ទាប់ពី​វីដេអូ​មួយ​ដែល​បាន​ចែករំលែក​លើ​បណ្ដាញ​សង្គម​បង្ហាញថា ជនជាតិ​ឥណ្ឌា មួយក្រុម​អបអរសាទរ ក្រុម​ជម្រើសជាតិ​អង់គ្លេស។

    «អ្នកគាំទ្រ​មកពី​គ្រប់ទិសទី​ក្នុង​ពិភពលោក រួមចំណែក​បង្កើតបាន​ជា​បរិយាកាស​អ៊ូអរ​នៅក្នុង​ស្រុក​នាពេលថ្មីៗនេះ មនុស្ស​ជាច្រើន​ក្នុងចំណោម​ពួកគេ​បានចាត់ទុក កាតា ជា​ផ្ទះ។ ពួកគេ​ធ្វើ​ការហែក្បួន​ពាសពេញ​ផ្ទៃ​ប្រទេស និង​ទទួល​អំណរ​បណ្ដា​ក្រុម​ជម្រើសជាតិ​ដែល​បានមក​កាន់​សណ្ឋាគារ» គណៈកម្មការ​កំពូល​កាតា 2022 ដែលជា​ស្ថាប័ន​ចាត់ចែង​ព្រឹត្តិការណ៍ World Cup នៅ កាតា បានប្រកាស​ដូច្នេះ​កាលពី​ថ្ងៃទី 16 វិច្ឆិកា។

    «អ្នកសារព័ត៌មាន និង​អ្នកវិភាគ​មួយចំនួន​នៅលើ​បណ្ដាញ​សង្គម មាន​មន្ទិល​ថា តើ​ពួកគេ​ពិតជា​អ្នកគាំទ្រ​មែន ឬ​មិនមែន។ យើងខ្ញុំ​សូម​បដិសេធ​ទាំងស្រុង​ចំពោះ​ការចោទប្រកាន់​ដែល​គួរឱ្យ​អស់សង្ឃឹម និង​មិនមាន​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នេះ»។

    គណៈកម្មការ​កំពូល World Cup Qatar ប្រកាស​ដូច្នេះ​បន្ទាប់ពី​វីដេអូ​មួយ​ដែល​ត្រូវបាន​ចែករំលែកតៗគ្នា​លើ​បណ្ដាញ​សង្គម បង្ហាញថា មាន​អ្នកគាំទ្រ​ជា​ជនជាតិ​ឥណ្ឌា រាប់រយ​នាក់​នៅ កាតា នាំគ្នា​ចេញ​អបអរសាទរ​ដល់ ក្រុម​ជម្រើសជាតិ​អង់គ្លេស នៅពេល​ក្រុម​នេះ​មកដល់​សណ្ឋាគារ​កាលពី​ថ្ងៃទី 15 វិច្ឆិកា។

    World Cup 2022 នឹងត្រូវ​បានធ្វើ​ឡើង​នៅ ប្រទេស​កាតា ចាប់ពី​ថ្ងៃទី 20 វិច្ឆិកា​ដល់ 18 ធ្នូ 2022។ ការប្រកួត​ដំបូង​រវាង​ក្រុម​ម្ចាស់ផ្ទះ​កាតា និង អេក្វាទ័រ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី 20 វិច្ឆិកា បន្ទាប់ពី​ពិធី​បើក​ការប្រកួត​នៅ​ទីលាន Al Bayt ជា​កន្លែង​ដែល​អាច​ផ្ទុក​មនុស្ស​បាន 60,000 នាក់៕

  • រើស​បាន​មូល​ប្ប​ទា​នប​ត្រ​តម្លៃ​ជិត 5 លាន​ដុល្លារ​អាម៉េរិក តែ​ត្រូវ​​បាន​អរគុណ​ដោយ​ស្ករ​គ្រាប់ 6 កញ្ចប់

    រើស​បាន​មូល​ប្ប​ទា​នប​ត្រ​តម្លៃ​ជិត 5 លាន​ដុល្លារ​អាម៉េរិក តែ​ត្រូវ​​បាន​អរគុណ​ដោយ​ស្ករ​គ្រាប់ 6 កញ្ចប់

    (អាល្លឺម៉ង់)-បុរស​ម្នាក់​រើស​បាន​មូល​ប្ប​ទា​នប​ត្រ​តម្លៃ 4.8 លាន​ដុល្លារ​អាម៉េរិក របស់​ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់​ល្បីឈ្មោះ​មួយ ប៉ុន្តែ​ទទួលបាន​ស្ករ​គ្រាប់​តែ 6 កញ្ចប់​សម្រាប់​ជាការ​ដឹក​គុណ បន្ទាប់ពី​បាន​ធ្វើតាម​ការណែនាំ​រប​ស់​ក្រុមហ៊ុន​នេះ។

    Anouar G អាយុ 38 ឆ្នាំ រស់នៅក្នុង​តំបន់ Frankfurt ប្រទេស​អាល្លឺម៉ង់ រើស​បាន​សែក​មួយ​សន្លឹក​នៅឯ​ស្ថានីយ​រថភ្លើង​មួយ​នៅពេល​ទៅសួរសុខទុក្ខ​ម្ដាយ នេះ​បើតាម Insider ចុះផ្សាយ​នា​ថ្ងៃនេះ។ ពេល​អាន​អក្សរ​ គាត់​ភ្ញាក់ផ្អើល​ណាស់ ដោយសារតែ​មូល​ប្ប​ទា​នប​ត្រ​នេះ​មានតម្លៃ​រហូតដល់ 4,631,538.8 អឺរ៉ូ (ប្រហែល​នឹង 4.8 លាន​ដុល្លារ​អាម៉េរិក)។

    សែក​មួយ​សន្លឹក​នេះ​ត្រូវបាន​ផ្សារ​ទំនើប Rewe ផ្ញើ​ទៅឱ្យ​ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់​ទន់ Haribo របស់ អាល្លឺម៉ង់ តាមរយៈ​ធនាគារ DZ Bank។

    នៅពេល Anouar ទាក់ទង​ទៅកាន់ Haribo មេធាវី​របស់​ក្រុមហ៊ុន​នេះ​ក៏បាន​ស្នើឱ្យ​គាត់​កម្ទេច​សែក​នេះ​ចោល និង​ថតរូប​ផ្ញើឱ្យ​ពួកគេ​ដើម្បី​ជា​ភស្ដុតាង។

    ប៉ុន្មាន​ថ្ងៃ​ក្រោយមក Anouar ក៏បាន​ទទួល​អំណោយ​មួយ​ប្រអប់ ក្នុងនោះ​មាន​ស្ករ​គ្រាប់ 6 កញ្ចប់ ដើម្បី​ជាការ​ដឹងគុណ។

    ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់​ខាងលើ​បាន​បញ្ជាក់ថា ពិត​ជាមាន​ហេតុការណ៍​នេះ និង​បាន​អះអាងថា «ដោយសារតែ​នេះ​គឺជា​សែក​ដែលមាន​ឈ្មោះ ដូច្នេះ​មានតែ​ក្រុមហ៊ុន​ទើប​មាន​សិទ្ធិ​ប្ដូរ​ជា​ប្រាក់។ ចំណែក​ស្ករ​គ្រាប់ 6 កញ្ចប់​នេះ​គឺជា​អំណោយ​ស្ដង់ដា​ដែល​យើងខ្ញុំ​តែងតែ​ផ្ញើ»។

    ហេតុការណ៍​នេះ​បាន​នាំឱ្យ​មានមតិ​ចម្រូងចម្រាស​ជាច្រើន​នៅក្នុង​បណ្ដាញ​សង្គម។ អ្នកខ្លះ​ថា «ខ្ញុំ​នឹង​ចូលទៅ​កាន់​ធនាគារ ហើយ​ប្រាប់ថា ខ្ញុំ​គឺជា​លោក Haribo បើសិនជា​គាត់​នេះ»។ អ្នកខ្លះ​ក៏​សរសេរថា «គ្រប់គ្នា​ធ្វើ​ដូច​ការដក​ប្រាក់​ពី​សែក​តម្លៃ 4.8 លាន​ដុល្លារ​អាម៉េរិក ជា​រឿង​ងាយស្រួល​អីចឹង»។

    Haribo គឺជា​ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់​ធំ​បំផុត​នៅ អឺរ៉ុប ដែលជា​កម្មសិទ្ធិ​របស់​គ្រួសារ Riegel។ ក្រុមហ៊ុន​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​យីហោ​មួយ​ដែល​ងាយស្រួល​ចំណាំ​បំផុត​ក្នុង​ពិភពលោក។ ប្រាក់ចំណូល​សរុប​រប​ស់ Haribo ប្រហែល 2.9 ពាន់​លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ៕

    មូលប្បទានបត្រ​ដែល​រើស​បាន​ដោយ​លោក Anouar G
    ស្ករគ្រាប់​ម៉ាក Haribo
  • ឥណ្ឌូណេស៊ី ប្រកាស​កិច្ចព្រមព្រៀង «​ប្ដូរ​ទៅរក​ថាមពល​កកើតឡើង​វិញ​» តម្លៃ 20 ពាន់​លាន​ដុល្លារ​នៅក្នុង​កិច្ចប្រជុំ G20

    ឥណ្ឌូណេស៊ី ប្រកាស​កិច្ចព្រមព្រៀង «​ប្ដូរ​ទៅរក​ថាមពល​កកើតឡើង​វិញ​» តម្លៃ 20 ពាន់​លាន​ដុល្លារ​នៅក្នុង​កិច្ចប្រជុំ G20

    កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 15 វិច្ឆិកា គឺជា​ការប្រឹងប្រែង​ប្រកបដោយ​មហិច្ឆតា​មួយ​របស់​បណ្ដា​ប្រទេស​រីកចម្រើន​នៅក្នុង​ការបញ្ចុះ​បញ្ចូល​ប​ណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ ឱ្យ​បោះបង់​ប្រភព​ថាមពល​ហ្វូ​ស៊ី​ល ដូចជា រ៉ែ​ប្រេង ធ្យូងថ្ម​ជាដើម ដែល​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន។

    នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ​ដែលមាន​តម្លៃ 20 ពាន់​លាន​ដុល្លារ​អា​ម៉ែ​រិ​ក ទាក់ទង​នឹង​បញ្ហា​អាកាសធាតុ​ដែល​បណ្ដា​ប្រទេស​អភិវឌ្ឍ​ដូចជា សហរដ្ឋ​អា​ម៉េ​រ​រិ​ក និង ជប៉ុន ជាដើម បាន​សន្យា​ជាមួយ ឥណ្ឌូណេស៊ី ជា​ប្រទេសមួយ​ដែល​ប្រើប្រាស់​ធ្យូងថ្ម​ច្រើនជាងគេ​ក្នុង​ពិភពលោក ដើម្បី​ប្ដូរ​ទៅរក​ថាមពល​កកើតឡើង​វិញ។ មុនពេល​ត្រូវបាន​ប្រកាស​នៅក្នុង​កិច្ចប្រជុំ​កំពូល G20 នៅ ឥណ្ឌូណេស៊ី ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 15-16 វិច្ឆិកា បណ្ដា​ប្រទេស​ពាក់ព័ន្ធ​បាន​ចរចា​គ្នា​តាំងពី​ជាង​មួយ​ឆ្នាំមុន​មកម្ល៉េះ។

    ឥណ្ឌូណេស៊ី បាន​សន្យា​កាត់បន្ថយ​បរិមាណឧស្ម័ន​​កា​បូ​ន​ដែល​បំ​ភាយ​ពី​វិស័យ​ផលិត​អគ្គិសនី​របស់ខ្លួន​ឱ្យ​ចុះមក​នៅត្រឹម 290 លាន​តោន​នៅ​ឆ្នាំ 2030 ដែល​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ខាងលើ។ ប្រការនេះ​មានន័យថា ការ​បំ​ភាយ​ឧស្ម័ន​កាបូន​របស់ ប្រទេស​ឥណ្ឌូណេស៊ី នឹង​ឡើងដល់​ចំណុចកំពូល​លឿន​ជាង 7 ឆ្នាំ ធៀប​នឹង​ការគ្រោងទុក ហើយ​ចាប់ផ្ដើម​​ការ​កាត់បន្ថយ​ការប្រើប្រាស់​ធ្យូងថ្ម។

    ក្រៅពីនេះ ឥណ្ឌូណេស៊ី ក៏ត្រូវ​សម្រេចបាន​គោលដៅ​ក្នុង​ការផលិត​អគ្គិសនី​ពី​ប្រភព​ថាមពលបៃតង​ដូចជា កម្លាំង​ខ្យល់ និង​ថាមពលព្រះអាទិត្យ​ជាដើម ពី 11% នាបច្ចុប្បន្ន ឱ្យ​ឡើងដល់ 34% នៅ​ឆ្នាំ 2030។

    ឥណ្ឌូណេស៊ី គឺជា​ប្រទេស​ដែល​បំ​ភាយ​ឧស្ម័ន​ច្រើនជាងគេ​លំដាប់​ទី 9 ក្នុង​ពិភពលោក នៅ​ឆ្នាំ 2021។ នៅមុន​កិច្ចព្រមព្រៀង​នេះ បរិមាណ​អគ្គិសនី​ដែល​ផលិត​ពី​ធ្យូងថ្ម​របស់ ឥណ្ឌូណេស៊ី មាន​ចំនួន​រហូតដល់ 60% បើ​ធៀប​នឹង​បរិមាណ​អគ្គិសនី​សរុប​របស់​ប្រទេស​នេះ។

    យោងតាម​កិច្ចព្រមព្រៀង បណ្ដា​ប្រទេស​អ្នកមាន​នឹង​ផ្ដល់ប្រាក់​កម្ចី ជំនួយ និង​វិនិយោគឯកជន​សម្រាប់ ឥណ្ឌូណេស៊ី។ នៅ​ចំពោះមុខ ខ្ទង់​ប្រាក់​ប្រហែល 10 លាន​ដុល្លារ​អាម៉េរិក នឹង​បាន​ពី សហរដ្ឋ​អាម៉េរិក ជប៉ុន កាណាដា និង​ប្រទេស​មួយចំនួន​នៅ អឺរ៉ុប រួមមាន អង់គ្លេស បារាំង និង អាល្លឺម៉ង់។ ក្រសួងការបរទេស​អា​ម៉េ​រិ​ក បញ្ជាក់ថា ថវិកា 10 ពាន់​លាន​ដុល្លារ​ផ្សេងទៀត​គ្រោង​នឹង​បាន​ពី​ក្រុម​អ្នក​វិនិយោគឯកជន មានដូចជា ធនាគារ​អាម៉េរិក (Bank of America) និង Citibank ជាដើម។

    អ្នកជំនាញ​ផ្នែក​ប្ដូរផ្លាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល មកពី​កម្មវិធី E3G (Third Generation Environmentalism) បានឱ្យដឹងថា ​បើ​សិន​ជា​កិច្ចព្រមព្រៀង​ខាងលើ​ទទួលបាន​ជោគជ័យ វា​នឹង​ក្លាយជា​គំរូ​សម្រាប់​ពិភពលោក៕

  • គម្រោង​ផ្លូវ​រថភ្លើង​ក្នុង​ក្រុង​ដំបូង​របស់​ទីក្រុង​ធំជាងគេ​នៅ​វៀតណាម នឹងដាក់​ឱ្យប្រើ​ប្រាស់​នៅ​ឆ្នាំក្រោយ

    គម្រោង​ផ្លូវ​រថភ្លើង​ក្នុង​ក្រុង​ដំបូង​របស់​ទីក្រុង​ធំជាងគេ​នៅ​វៀតណាម នឹងដាក់​ឱ្យប្រើ​ប្រាស់​នៅ​ឆ្នាំក្រោយ

    (ទីក្រុង​ហូជីមិញ)-កម្មករ​រាប់សិប​នាក់​កំពុងតែ​ដំឡើង​កញ្ចក់​សុវត្ថិភាព Tempered glass ចំនួន 85 ផ្ទាំង សម្រាប់​ដំបូល​អណ្ដូង​កម្ពស់ 6 ម៉ែត្រ របស់​ស្ថានីយ​រថភ្លើង​ក្នុង​ក្រុង​កំណាត់​ផ្លូវដែក Line 1 ដែលជា​ផ្លូវ​រថភ្លើង​ក្នុង​ក្រុង​ដំបូង​នៅ ទីក្រុង​ហូជីមិញ (ព្រៃនគរ)។

    ស្ថាបត្យកម្ម​នៃ​ដំបូល​អណ្ដូង​របស់​ស្ថានីយ​នេះ​គឺជា​ចំណុច​ពិសេស​ដែលជា​និមិត្តរូប​របស់​ស្ថានីយ​ក្រោម​ដី​នេះ ក៏ដូចជា​របស់​កំណាត់​ផ្លូវដែក Metro លេខ 1 (Line 1)។

    អណ្ដូង​ដំបូល​កញ្ចក់​នេះ​នឹង​ផ្ដល់​ពន្លឺ​សម្រាប់​ផ្នែក​ខាងក្រោម​របស់​ស្ថានីយ​រថភ្លើង និង​បង្កើតបានជា​លំហ ជួយ​ឱ្យ​អ្នកដំណើរ​អាច​មើលឃើញ​ផ្សារ​ធំ​នៅក្បែរនោះ។

    អណ្ដូង​ក្រោម​ដី​ដែលជា​ស្ថានីយ​រថភ្លើង​ស្ថិតក្នុង​គម្រោង Line 1 នេះ មាន​រូបរាង​មូល កម្ពស់ 6 ម៉ែត្រ និង​មាន​អង្កត់ផ្ចិត 21.6 ម៉ែត្រ មាន​ដំបូល​ធ្វើ​អំពី​កញ្ចក់ សុវត្ថិភាព tempered glass ចំនួន 85 ផ្ទាំង ដែល​មួយផ្ទាំងៗមាន​ទម្ងន់ 245 គីឡូក្រាម និង​ត្រូវបាន​នាំចូល​ពី ប្រទេស​ជប៉ុន។

    ស្ថានីយ​ក្រោម​ដី​ខាងលើនេះ​មាន​បណ្ដោយ 236 ម៉ែត្រ, ទទឹង 60 ម៉ែត្រ, ជម្រៅ​ប្រហែល 32 ម៉ែត្រ និង​មាន 4 ជាន់។ នេះ​គឺជា​ចំណុច​ត​ភ្ជាប់​រវាង​ខ្សែ​រថភ្លើង​នានា​នៅក្នុង​ទីក្រុង​ហូជីមិញ ដែលជា​ទីក្រុង​ធំជាងគេ​នៅ ប្រទេស​វៀតណាម។ ទីនេះ​ក៏មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ដែលមាន​ទំហំ 45,000 ម៉ែត្រក្រឡា។

    កំណាត់​ផ្លូវ Metro លេខ 1 គឺជា​គម្រោង​ផ្លូវដែក​ក្នុង​ក្រុង​ដំបូង​នៅ ទីក្រុង​ហូជីមិញ និង​មាន​ប្រវែង​ជិត 20 គីឡូម៉ែត្រ។ គម្រោង​ដែលមាន​ទុនវិនិយោគ​សរុប​ជិត 44 ទ្រី​លាន​ដុង (ប្រហែល 1.76 ពាន់​លាន​ដុល្លារ​អាម៉េរិក) នេះ គ្រោង​នឹង​បើក​ដំណើរការ​ពាណិជ្ជកម្ម​ចាប់ពី​ត្រីមាស​ទី 4 នៃ​ឆ្នាំ 2023៕

  • យានអវកាស​​នៃ​បេសក​កម្ម​ Artemis 1 ថតរូបសែលហ្វ៊ី​ជាមួយ​​ផែនដី​ ពេល​កំពុង​ហោះ​ទៅ​ឋាន​ព្រះចន្ទ

    យានអវកាស​​នៃ​បេសក​កម្ម​ Artemis 1 ថតរូបសែលហ្វ៊ី​ជាមួយ​​ផែនដី​ ពេល​កំពុង​ហោះ​ទៅ​ឋាន​ព្រះចន្ទ

    យានអវកាស Orion ក្នុង​បេសកកម្ម Artemis 1 របស់ ណា​សា ថតរូប​ផែនដី​ពី​ចម្ងាយ​នៅពេល​ហោះ​បាន 1/5 នៃ​ចម្ងាយ​ផ្លូវ​ទៅកាន់ឋាន​​ព្រះ​ចន្ទ។

    បេសកកម្ម Artemis 1 ដែល​ចាប់ផ្ដើម​ហោះហើរ​ដោយ​គ្មាន​មនុស្ស​បើកបរ កាល​ពីថ្ងៃ​ទី 16 វិច្ឆិកា 2022 ត្រូវបាន​ធ្វើឡើង​ដើម្បី​ហោះ​ជុំវិញ​ឋាន​ព្រះ​ចន្ទ។ យាន Orion បាន​ថតរូប​សែ​ល​ហ្វ៊ី​ជាមួយនឹង​ផែនដី​ដែល​ឃើញតែ​មួយផ្នែក​ដែល​ទទួលបាន​ពន្លឺ​ពី​ព្រះអាទិត្យ ក្រោយពី​ការហោះហើរ​បាន​ជាង 9 ម៉ោង។

    នៅក្នុងពេល​ថតរូប យាន Orion ហោះហើរ​ក្នុង​ល្បឿន​ជាតិ 8,800 គីឡូម៉ែត្រ/ម៉ោង និង​ស្ថិតនៅ​ឆ្ងាយ​ពី​ផែនដី 92,000 គីឡូម៉ែត្រ ដែល​ស្មើនឹង 1/5 នៃ​គម្លាត​រវាង​ផែនដី និង​ព្រះ​ចន្ទ។

    មនុស្ស​សិប្បនិម្មិត​នៅ​ក្នុង​យាន​ Orion ក្នុង​បេសកកម្ម Artemis 1

    បេសកកម្ម Artemis 1 នឹងត្រូវ​ឆ្លងកាត់​រយៈពេល 5 ថ្ងៃ​បន្តទៀត​នៅក្នុង​ការហោះហើរ​ទៅកាន់​ឋាន​ព្រះ​ចន្ទ។ យាន Orion នឹង​ទៅដល់​ព្រះ​ចន្ទ​នៅ​ថ្ងៃទី 21 វិច្ឆិកា ហើយ​​ចំណាយពេល​ច្រើន​ថ្ងៃ​ដើម្បី​ហោះហើរ​ជុំវិញ​លោក​ខែ​ មុននឹង​បង្វែរ​ទិសដៅ​ត្រលប់​មក​កាន់​ផែនដី​។ បេសកកម្ម​ជាង​ម្ភៃ​​ថ្ងៃនេះ​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី 11 ធ្នូ 2022៕