Author: សឿន សំណាង

  • សហរដ្ឋ​អាម៉េរិក ផ្ដល់ជំនួយ​ជា​អាវុធ​បន្ថែម តម្លៃ​ 400 លាន​ដុល្លារ​ដល់ អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក ផ្ដល់ជំនួយ​ជា​អាវុធ​បន្ថែម តម្លៃ​ 400 លាន​ដុល្លារ​ដល់ អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក បានប្រកាស​អំពី​កញ្ចប់​ជំនួយ​ថ្មី​ដែលមាន​តម្លៃ 400 លាន​ដុល្លារ​សម្រាប់ អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​មី​ស៊ី​ល​ការពារ​ដែនអាកាស រ៉ុក្កែត​របស់​ប្រព័ន្ធ HIMARS និង​ម៉ាស៊ីន​ផលិត​អគ្គិសនី​ជាង 200 គ្រឿង​ផងដែរ។

    ឧ​ត្ត​ម​សេនីយ៍​ត្រី Pat Ryder លេខា​ផ្នែក​សារព័ត៌មាន​របស់ មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី 23 វិច្ឆិកា បានប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ 400 លាន​ដុល្លារ​សម្រាប់ អ៊ុយ​ក្រែ​ន។ កញ្ចប់​ជំនួយ​នេះ​រួមមាន គ្រាប់​រ៉ុក្កែត​សម្រាប់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស NASAMS, រ៉ុក្កែត​សម្រាប់​ប្រព័ន្ធ HIMARS, កាំភ្លើងយន្ត​ធុន​ធ្ងន់​ប្រឆាំង​យន្តហោះ​គ្មាន​មនុស្ស​បើក និង​គ្រាប់កាំភ្លើង​ជាង 20 លាន​គ្រាប់។

    កញ្ចប់​ជំនួយ​នេះ​ក៏មាន​ម៉ាស៊ីន​ផលិត​អគ្គិសនី​ជាង 200 គ្រឿង ដើម្បី​ជួយ​ឱ្យ អ៊ុយ​ក្រែ​ន អាច​ដោះស្រាយ​បញ្ហា​ដាច់​ភ្លើង​ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​រង​ការខូចខាត។

    ប្រព័ន្ធ​រ៉ុក្កែត HIMARS

    ក្រសួងការបរទេស​អា​ម៉េ​រិ​ក ប្រកាសថា កញ្ចប់​ជំនួយ​ថ្មី​នេះ​បានធ្វើឱ្យ​ជំនួយ​សរុប​របស់​ប្រទេស​នេះ​សម្រាប់ អ៊ុយ​ក្រែ​ន ចាប់ពី​ខែមករា 2021 ឡើងដល់​ប្រហែល 19.7 លាន​ដុល្លារ​អាម៉េរិក។

    កញ្ចប់​ជំនួយ​ថ្មី​របស់ សហរដ្ឋ​អាម៉េរិក នេះ ត្រូវបាន​ប្រកាស​បន្ទាប់​ពី រុស្ស៊ី កាលពី​ថ្ងៃទី 23 វិច្ឆិកា បាន​បាញ់​មី​ស៊ី​ល​ប្រហែល 70 គ្រាប់​សំដៅលើ​គោលដៅ​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ អ៊ុយ​ក្រែ​ន៕

  • អំពើហិង្សា​ផ្ទុះឡើង​នៅឯ​រោងចក្រ​ផលិត iPhone ក្នុងប្រទេស​ចិន

    អំពើហិង្សា​ផ្ទុះឡើង​នៅឯ​រោងចក្រ​ផលិត iPhone ក្នុងប្រទេស​ចិន

    Foxconn បញ្ជាក់ថា មាន​អំពើហិង្សា​នៅឯ​រោងចក្រ​មួយ​ក្នុង​តំបន់​ភាគ​កណ្ដាល​ប្រទេស​ចិន ជាទី​តាំង​ផលិត​ទូរស័ព្ទ iPhone បន្ទាប់ពី​មាន​វីដេអូ​បង្ហាញថា ពលករ​ប៉ះទង្គិច​ជាមួយ​ក្រុម​សន្តិសុខ។

    «រាល់​សកម្មភាព​ហិង្សា ក្រុមហ៊ុន​នឹង​បន្ត​ទាក់ទង​ជាមួយនឹង​កម្មករ និង​អាជ្ញាធរ​ដើម្បី​ទប់ស្កាត់​ហេតុការណ៍​បែបនេះ​កើតឡើង​ជាថ្មី» ក្រុមហ៊ុន Foxconn កាលពី​ម្សិលមិញ​បានប្រកាស​ដូច្នេះ។

    ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែលមាន​ទីស្នាក់ការ​កណ្ដា​ល​នៅ កោះ​តៃវ៉ាន់ Foxconn បាន​បញ្ជាក់ថា មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នៅឯ​រោងចក្រ​របស់​ពួកគេ​ក្នុង​តំបន់ Zhengzhou ភាគ​កណ្ដាល​នៃ ប្រទេស​ចិន។ ក៏ប៉ុន្តែ Foxconn បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ដែលថា ពួកគេ​បាន​បណ្ដោយឱ្យ​បុគ្គលិក​ថ្មី​ស្នាក់នៅ​ជាមួយ​អ្នក​វិជ្ជមាន​នឹង​កូ​វីដ-19 នៅក្នុង​រោងចក្រ។

    ក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម គេ​ឃើញ​មាន​កម្មករ​របស់ Foxconn រាប់រយ​នាក់​បាននាំគ្នា​ធ្វើបាតុកម្ម ក្នុងនោះ​មាន​អ្នកខ្លះ​ប្រើ​អំពើហិង្សា​ប្រឆាំង​ប៉ូលិស និង​ក្រុម​អ្នក​ស្លៀកពាក់​ឈុត​ការពារ​វីរុស។ មនុស្ស​មួយចំនួន​ស្រែកថា «បើកប្រាក់​ខែ​ឱ្យ​ពួកយើង» ឬ​និយាយថា ពួកគេ​ត្រូវ​បង្ខំ​ឱ្យ​ស្នាក់នៅ​ជាមួយនឹង​បុគ្គលិក​ដែល​វិជ្ជមាន​នឹង​កូ​វីដ-19។

    Foxconn ថ្មីៗនេះ​បាន​រកឃើញថា ករណី​វិជ្ជមាន​នឹង​កូ​វីដ-19 កំពុង​កើនឡើង​នៅឯ​រោងចក្រ​ក្នុង​ទីក្រុង Zhengzhou នាំឱ្យ​ក្រុមហ៊ុន​នេះ​ត្រូវ​បិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល។ ចាប់ពីពេលនោះ​មក រោងចក្រ​ដែលមាន​កម្មករ​ប្រហែល 200,000 នាក់​នេះ ត្រូវ​ដំណើរការ​បែប​លាក់លៀម។

    ក្នុង​ខែ​នេះ លេចឮ​ព័ត៌មាន​ថា កម្មករ​ជាច្រើន​នៅក្នុង​រោងចក្រ​របស់ Foxconn បាន​រត់ចោល​ការងារ បន្ទាប់ពី​ចោទថា មាន​ហេដ្ឋារចនាសម្ព័ន្ធ​មិនល្អ។

    ប្រទេស​ចិន នៅតែ​អនុវត្ត​យុទ្ធសាស្ត្រ «គ្មាន​កូ​វីដ-19» ដោយ​ការចាត់វិធានការ​គ្រប់គ្រង​តឹងរឹង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល។ គិត​មកដល់​បច្ចុប្បន្ន ប្រទេស​នេះ​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ-19 សរុប​ជិត 300,000 នាក់ និង​អ្នកស្លាប់​ជាង 5,200 នាក់ ដោយសារ​ជំងឺ​នេះ៕

  • រាជវង្ស​សម្បូរ​ទ្រព្យ​ដែល​កំពុង​គ្រប់គ្រង «​រាជាណាចក្រ​កាតា​» នា​ពេល​បច្ចុប្បន្ន

    រាជវង្ស​សម្បូរ​ទ្រព្យ​ដែល​កំពុង​គ្រប់គ្រង «​រាជាណាចក្រ​កាតា​» នា​ពេល​បច្ចុប្បន្ន

    រាជវង្ស Al Thani បាន​គ្រង​រាជសម្បត្តិ​នៅ កាតា ចាប់ពី​ពេល​រាជាណាចក្រ​នេះ​ត្រូវបាន​បង្កើតឡើង​កាលពី​សតវត្សរ៍​ទី 19 ហើយ​បច្ចុប្បន្ន​មានទ្រព្យ​ជាង 330 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    កាតា ជា​ប្រទេស​អារ៉ាប់​ដំបូង​គេ​ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​របស់ World Cup គឺជា​ប្រទេស​ដែល​កាន់​លទ្ធិរាជាធិបតេយ្យ ដោយមាន​ស្ដេច (emir) ជា​មេដឹកនាំ​ប្រទេស ជា​មេបញ្ជាការ​កំពូល​របស់​កងទ័ព និង​ជា​និមិត្តរូប​របស់​ប្រទេសជាតិ។ ចាប់ពី​ឆ្នាំ 1847 មកដល់​បច្ចុប្បន្ន កាតា បាន​ឆ្លងកាត់​ស្ដេច​ចំនួន 11 ជំនាន់ ដែល​ទាំងអស់​សុទ្ធតែជា​សមាជិក​របស់​រាជវង្ស Al Thani។

    រាជវង្ស Al Thani បាន​ដឹកនាំ​ប្រទេស​តាំងពី​ពេល​ប្រទេស​នេះ​ស្ថិតក្រោម​អាណានិគម Ottoman ក្នុង​សតវត្សរ៍​ទី 19 និង​ក្រោយមក​ស្ថិតក្រោម​អាណានិគម​អង់គ្លេស។ ឆ្នាំ 1868 ចក្រភព​អង់គ្លេស បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ Sheikh Jassim bin Mohammed Al Thani ដែលជា​ស្ថាបនិក​របស់ ប្រទេស​កាតា​សម័យ​ទំនើប ដោយ​ទទួលស្គាល់​អាធិបតេយ្យ​របស់​ប្រទេស​នេះ។ ឆ្នាំ 1971 ប្រទេស​កាតា ទទួលបាន​ឯករាជ្យ​បន្ទាប់ពី អង់គ្លេស ចាក​ចេញពី​តំបន់។

    មហាក្សត្រ​បច្ចុប្បន្ន​រប​ស់ កាតា គឺ ព្រះអង្គម្ចាស់ Sheik Tamim bin Hamad Al Thani ជា​បុគ្គល​មានអំណាច​ជាងគេ​នៅ​ប្រទេស​នេះ។ ព្រះអង្គម្ចាស់ Sheikh Tamim ប្រសូត្រ​នៅ​ថ្ងៃទី 03 មិថុនា 1980 គឺជា​រាជបុត្រា​ទី 3 របស់​អតីត​មហាក្សត្រ Hamad bin Khalifa។ ទ្រង់​បាន​ឡើង​សោយរាជ​សម្បត្តិ​ចាប់ពី​ឆ្នាំ 2013 ក្រោយពី​បិតា​របស់​ព្រះអង្គ​បានដាក់​រាជ្យ។ ព្រះអង្គម្ចាស់ Sheik Tamim រៀប​អភិសេក 3 លើក​រួចមកហើយ និង​មាន​បុត្រា 7 អង្គ និង​បុត្រី 6 អង្គ។

    រាជវង្ស Al Thani មាន​សមាជិក​សរុប​ជាង 20,000 អង្គ ក្នុងនោះ​មាន 200 អង្គ​កំពុង​កាន់តំណែង​ខ្ពស់​ក្នុង​ប្រព័ន្ធ​នយោបាយ និង​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​ប្រទេស​កាតា នេះ​បើតាម​ក្រុមហ៊ុន Priya Dsouza។

    រាជវង្ស Al Thani បច្ចុប្បន្ន​មានទ្រព្យ​សម្បត្តិ​សរុប​ប្រហែល 335 ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ មហាក្សត្រ Sheikh Tamim មានទ្រព្យ​ប្រហែល 2 ពាន់​លាន​ដុល្លារ៕

    មហាក្សត្ររបស់ កាតា ព្រះអង្គម្ចាស់ Sheikh Tamim bin Hamad Al Thani
    មហាក្សត្ររបស់ កាតា ព្រះអង្គម្ចាស់ Sheikh Tamim bin Hamad Al Thani (រាប់​ពី​ឆ្វេងទៅ​ស្ដាំ), Sheikha Moza bint Nasser Al-Missned (មាតា​ស្ដេច) និង​ Sheikha Moza bint Nasser Al-Missned (បិតា​ស្ដេច)
  • ធនាគារ JPMorgan បង្កើត​កាបូប​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ប្រាក់​ឌីជីថល​គ្រីប​តូ (Cryptocurrency)

    ធនាគារ JPMorgan បង្កើត​កាបូប​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ប្រាក់​ឌីជីថល​គ្រីប​តូ (Cryptocurrency)

    ធនាគារ JPMorgan (សហរដ្ឋ​អាម៉េរិក) បង្កើត​កាបូប​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ប្រាក់​ឌីជីថល ដើម្បី​ត្រៀម​ផ្ដល់​សេវាកម្ម​ផ្ទេរ ដោះដូរ និង​ទូទាត់​ប្រាក់។ល។

    JPMorgan Chase បាន​ចុះបញ្ជី​ជា​ផ្លូវការ និង​ទទួលបាន​វិញ្ញ​បន​ប​ត្រ​សម្រាប់ «កាបូប​ឌីជីថល JPMorgan» ពី ការិយាល័យ​ស្លាក​សញ្ញា និង​អាជ្ញាប័ណ្ណ​អាម៉េរិក (USPTO) ដែល​នេះ​បង្ហាញថា ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ខ្នាត​យក្ស​នេះ​បន្ត​វាយលុក​ជ្រៅ​ទៅក្នុង​វិស័យ​ផ្ដល់​សេវាកម្ម​ប្រាក់​ឌីជីថល និង Bitcoin សម្រាប់​អតិថិជន​បច្ចុប្បន្ន​រប​ស់​ពួកគេ។

    JPMorgan នឹង​ផ្ដល់​សេវាកម្ម​ដែល​ទាក់ទង​នឹង​ការផ្ទេរ​ប្រាក់​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Blockchain, សេវាកម្ម​ដោះដូរ សេវា​សម្រួល​ការទូទាត់​ដោយ​ប្រាក់​ឌីជីថល ក្នុងនោះ​មានការ​ទូទាត់​ដោយ​ការប្រើ​កាត​ឥណទាន និង​ប្រាក់​ឌីជីថល​សុទ្ធ​ផងដែរ។

    កាបូប​អេ​ឡិច​ត្រូ​និ​ច​ខាងលើ​របស់ JPMorgan ក៏​ធ្វើជា​អ្នកសម្របសម្រួល​ក្នុងការ​ទូទាត់​ឆ្លង​ប្រទេស និង​សេវា​គ្រប់គ្រង​គណនី​សែក​និម្មិត​ទៀតផង។

    ធនាគារ​អាម៉េរិក JPMorgan

    យីហោ​កាបូប​ឌីជីថល​របស់ JPMorgan ត្រូវបាន​អនុម័ត​កាលពី​ថ្ងៃទី 15 វិច្ឆិកា 2022 បន្ទាប់ពី​បានដាក់​ពាក្យស្នើសុំ​ចុះឈ្មោះ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​កាលពី​ឆ្នាំ 2020។

    បើទោះជា CEO Jamie Dimon កន្លងមក​ធ្លាប់បាន​ជំទាស់​ទៅនឹង​ការប្រើប្រាស់​ប្រាក់​ឌីជីថល​គ្រីប​តូ ប៉ុន្តែ JPMorgan នៅតែ​ចូលរួម​កាន់តែ​ជ្រៅ​ទៅក្នុង​វិស័យ​ថ្មី​នេះ។ ឥរិយាបថ​នេះ​កើតឡើង​នៅពេល​ទីផ្សារ​ប្រាក់​ឌីជីថល​គ្រីប​តូ កំពុង​ជួប​វិបត្តិ ក្រោយ​ករណី​ដួលរលំ​របស់ FTX និង​ការធ្លាក់​ថ្លៃ​របស់ Bitcoin៕

  • BYD ផលិត​ថ្ម​ផ្ទុក​ថាមពល sodium-ion ក្នុង​បរិមាណ​ច្រើន សម្រាប់​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ 2023?

    BYD ផលិត​ថ្ម​ផ្ទុក​ថាមពល sodium-ion ក្នុង​បរិមាណ​ច្រើន សម្រាប់​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ 2023?

    ក្រុមហ៊ុន​ខ្នាត​យក្ស CATL គឺជា​ស្ថាប័ន​ដំបូង​គេ​ដែល​ណែនាំ​អំពី​ថ្ម​ផ្ទុក​អគ្គិសនី​ប្រភេទ sodium-ion ប៉ុន្តែ BYD អាចជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ប្រើប្រាស់​ថ្ម​ប្រភេទ​នេះ​នៅក្នុង​ការផលិត​ទ្រង់ទ្រាយ​ធំ។

    សារព័ត៌មាន​ក្នុងស្រុក LatePost បាន​ផ្សាយ​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន BYD នឹង​ផលិត​ថ្ម​ផ្ទុក​ថាមពល​ប្រភេទ sodium-ion ចាប់ពី​ត្រីមាស​ទី 2 ឆ្នាំ 2023 ហើយ​ពួកវា​នឹង​ត្រូវបាន​ប្រើប្រាស់​នៅលើ​រថយន្ត​អគ្គិសនី Qin EV, Dolphin និង Seagull របស់ BYD ដែល​កំពុង​ពេញនិយម​ខ្លាំង​នៅ ប្រទេស​ចិន។

    យោងតាម LatePost ផ្នែក​អភិវឌ្ឍ​ថ្ម​ផ្ទុក​ថាមពល​របស់ BYD ដែលមាន​ឈ្មោះថា FinDreams ទទួលខុសត្រូវ​ក្នុងការ​អភិវឌ្ឍ និង​ផលិត​ថ្ម​ប្រភេទ sodium-ion ក្នុង​បរិមាណ​ច្រើន ដែល​បច្ចុប្បន្ន​កំពុងស្ថិត​ក្នុងដំណាក់កាល​កំណត់​ម៉ូ​ដែល។

    រថយន្ត​អគ្គិសនី Qin EV របស់​ក្រុមហ៊ុន​ចិន BYD

    រថយន្ត​អគ្គិសនី Qin EV និង Dolphin សុទ្ធតែ​មានតម្លៃ​ចាប់ពី 14,000 ដុល្លារ​ឡើងទៅ ហើយ​ម៉ូ​ដែល​ថ្មី​របស់ BYD គឺ Seagull នឹងត្រូវ​បានបង្ហាញ​ក្នុង​ទីផ្សារ​នៅ​ឆ្នាំក្រោយ ហើយ​មានតម្លៃ​ចាប់ពី 11,100 ដល់ 14,000 ដុល្លារ​អាម៉េរិក៕

  • សហរដ្ឋ​អាម៉េរិក បញ្ចេញ​យន្តហោះ​ចម្បាំង F-16 ទំនើប​បំផុត​​នៅ​លើ​​ពិភពលោក

    សហរដ្ឋ​អាម៉េរិក បញ្ចេញ​យន្តហោះ​ចម្បាំង F-16 ទំនើប​បំផុត​​នៅ​លើ​​ពិភពលោក

    ក្រុមហ៊ុន Lockheed Martin បញ្ចេញ​យន្តហោះ​ចម្បាំង F-16 Block 70 ដំបូងបង្អស់ និង​បានឱ្យដឹងថា កំណែ​ទំនើប​បំផុត​នេះ​នឹងត្រូវ​ប្រគល់ឱ្យ ប្រទេស​បា​រ៉ែ​ន។

    ក្រុមហ៊ុន​ការពារជាតិ​អាម៉េរិក Lockheed Martin កាលពី​ថ្ងៃទី 22 វិច្ឆិកា បានបង្ហាញ​វីដេអូ​ស្ដីពី​ការបញ្ចេញ​យន្តហោះ​ចម្បាំង F-16 Block 70 ពី​រោងចក្រ​នៅ Carolina ខាងត្បូង។ នេះ​គឺជា F-16 Block 70 ដំបូង​នៅក្នុង​ចំណោម 16 គ្រឿង​ដែល ប្រទេស​បា​រ៉ែ​ន បាន​បញ្ជា​ទិញ។

    Block 70 គឺ​កំណែ​ទំនើប​បំផុត​របស់ F-16 ដែលជា​កំណែ​ទី 4 ត្រូវបាន សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត​ប្រើប្រាស់​ច្រើន មុនពេល​យន្តហោះ​បំបាំងកាយ​ជំនា​ន់ទី 5 បានបង្ហាញ​វត្តមាន។

    Lockheed Martin ឱ្យដឹងថា ទ័ពអាកាស​អាម៉េរិក នឹងធ្វើ​ការហោះហើរ​សាក​ល្បង​ដំបូង​ជាមួយនឹង F-16 Block 70 នៅ​ដើម​ឆ្នាំក្រោយ មុនពេល​ប្រគល់ឱ្យ បា​រ៉ែ​ន។

    រោងចក្រ​របស់ Lockheed Martin នៅ Carolina ខាងត្បូង កំពុង​ផលិត​យន្តហោះ​ចម្បាំង F-16 ចំនួន 128 គ្រឿង ទៅតាម​ការបញ្ជាទិញរ​បស់ ប្រទេស​បា​រ៉ែ​ន ស្លូ​វ៉ា​គី ប៊ុល​ហ្ការី កោះ​តៃវ៉ាន់ និង​ប្រទេស​មួយចំនួនទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។ តួលេខ​នេះ​អាច​ឡើងដល់ 136 គ្រឿង បន្ទាប់ពី ហ្សកដានី បាន​បញ្ជា​ទិញ 8 គ្រឿង៕

  • បុគ្គលិក Twitter សប្បាយរីករាយ​ពេល​ត្រូវ អ៊ី​ឡុ​ន ម៉ាស បញ្ឈប់​ពី​ការងារ

    បុគ្គលិក Twitter សប្បាយរីករាយ​ពេល​ត្រូវ អ៊ី​ឡុ​ន ម៉ាស បញ្ឈប់​ពី​ការងារ

    ជំនួស​ឱ្យ​ការខកចិត្ត បុគ្គលិក​របស់ Twitter មួយចំនួន​បាន​សម្ដែង​ការសប្បាយរីករាយ ហើយ​ខ្លះទៀត​ថែមទាំង​ជប់លៀង​នៅពេល​ត្រូវ​មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក អ៊ី​ឡុ​ន ម៉ាស (Elon Musk) បញ្ឈប់​ពី​ការងារ។

    ភ្លាមៗបន្ទាប់ពី​បាន​ចូល​ក្ដោប​ក្ដាប់​បណ្ដាញ​សង្គម Twitter មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស បានចាប់ផ្ដើម​សកម្មភាព​ជាច្រើន​ដើម្បី​កែទម្រង់​បណ្ដាញ​សង្គម​នេះ ក្នុងនោះ​មាន​ទាំង​ការផ្លាស់ប្ដូរ​តំណែងសំខាន់ៗ ក៏ដូចជា​បញ្ឈប់​បុគ្គលិក​មួយ​ភាគ​ធំ​ផងដែរ។

    ដើមខែ​វិច្ឆិកា លោក ម៉ាស បានសម្រេច​ចិត្ត​បញ្ឈប់​បុគ្គលិក​ជាង 50% ក្នុងចំណោម​បុគ្គលិក​សរុប 7,500 នាក់​របស់ Twitter និង​ស្នើឱ្យ​ពួកគេ​ជ្រើសរើស​រវាង​ការ​ខំប្រឹង​ធ្វើការ និង​ការលាឈប់។ អ្នក​ដែល​មិនបាន​ឆ្លើយតប​អ៊ី​មេ​ល​របស់លោក ម៉ាស តាម​ពេលវេលា​ដែល​បានកំណត់ នឹងត្រូវ​បានចាត់ទុក​ថា បាន​ទទួលយក​ការបញ្ឈប់​ពី​ក្រុមហ៊ុន។

    ប្រភពព័ត៌មាន​ឱ្យដឹងថា មាន​បុគ្គលិក​ជាច្រើន​សម្រេចចិត្ត​នៅ​ស្ងៀម និង​យល់ព្រម​ចាកចេញ​ពី​ក្រុមហ៊ុន។ ប៉ុន្តែ ជំនួស​ឱ្យ​ការខកចិត្ត បុគ្គលិក​របស់ Twitter មួយចំនួន​បាន​សម្ដែង​ការសប្បាយរីករាយ​នៅពេល​ពួកគេ​សម្រេចចិត្ត​លាឈប់​ពី​ក្រុមហ៊ុន។

    បុគ្គលិក​ជាច្រើន​បាន​បង្ហោះ​រូបថត និង​វីដេអូ​លើ​បណ្ដាញ​សង្គម បង្ហាញ​អំពី​ទិដ្ឋភាព​ពួកគេ​រាប់​ថយក្រោយ​រហូតដល់​វិនាទី​ចុងក្រោយ​ដែល​ត្រូវ​ឆ្លើយតប​អ៊ី​មេ​ល​របស់លោក ម៉ាស។ បុគ្គលិក​ខ្លះ​ថែមទាំង​ជប់លៀង​ទៀតផង នៅពេល​ត្រូវ CEO របស់ Tesla បញ្ឈប់​ពី​ការងារ។

    តាម​ការ​គណនា បុគ្គលិក​របស់​បណ្ដាញ​សង្គម Twitter ប្រហែល 1,200 នាក់ បានសម្រេច​ចិត្ត​ទទួលយក​ការបញ្ឈប់​ពី​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស៕

  • កីឡដ្ឋាន​សម្រាប់ World Cup 2022 ទាំង 8 របស់ កាតា ពេល​មើល​ពីលើ​មេឃ

    កីឡដ្ឋាន​សម្រាប់ World Cup 2022 ទាំង 8 របស់ កាតា ពេល​មើល​ពីលើ​មេឃ

    ផ្កាយរណប Landsat 9 របស់ ណា​សា (NASA) ថតរូប​កីឡដ្ឋាន​ថ្មី​មួយចំនួន​នៅ​ជុំវិញ រដ្ឋធានី​ដូ​ហា របស់ ប្រទេស​កាតា ជាទី​ដែល​កំពុង​ប្រារព្ធ​ព្រឹត្តិការណ៍​បាល់ទាត់ World Cup 2022។

    ក្រុមបាល់ទាត់​ជម្រើសជាតិ​ទាំង 32 និង​អ្នកគាំទ្រ​ជាង 1 លាន​នាក់ បាន​សម្រុក​ទៅកាន់ ប្រទេស​កាតា នៅក្នុង​ខែវិច្ឆិកា 2022 ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក។ ទីតាំង​ប្រកួត World Cup រដូវ​កាល​នេះ​គឺ ដូ​ហា ដែលជា​រដ្ឋធានី​របស់ កាតា ស្ថិតនៅតាម​តំបន់ឆ្នេរ​នៃ​ឈូង​សមុទ្រ​ពែ​ក្ស (Persian Gulf) ភាគ​ខាងកើត​ប្រទេស​នេះ។

    រូបភាព​ធម្មជាតិ​រប​ស់ ដូ​ហា ត្រូវបាន​ថត​កាលពី​ថ្ងៃទី 13 វិច្ឆិកា 2022 ដោយ​ឧបករណ៍ Operational Land Imager-2 (OLI-2) នៅលើ​ផ្កាយរណប Landsat 9 របស់ ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា)។

    កីឡដ្ឋាន​ទាំងឡាយ​ស្ថិតក្នុង​ចំណោម​សំណង់​ដែល​ងាយ​មើលឃើញ​បំផុត​រាប់​ចាប់ពី​ឆ្នាំ 2010 ជា​ពេលដែល កាតា ត្រូវបាន​ជ្រើសរើស​ជា​ម្ចាស់ផ្ទះ​សម្រាប់ World Cup 2022។

    កីឡដ្ឋាន​សម្រាប់ World Cup រដូវ​កាល​នេះ មាន​ចំនួន 8 ក្នុងនោះ មាន 7 ត្រូវបាន​សាងសង់​ពី​ឆ្នាំ 2010។ ទាំងអស់​សុទ្ធតែ​ស្ថិតនៅក្នុង​រង្វង់​អង្កត់ផ្ចិត 54 គីឡូម៉ែត្រ ជុំវិញ រដ្ឋធានី​ដូ​ហា ធ្វើឱ្យ World Cup 2022 ក្លាយជា​ព្រឹត្តិការណ៍​ដែលមាន​ទីតាំង​ប្រកួត​នៅ​ផ្ដុំគ្នា​បំផុត​រាប់​ចាប់ពី​ឆ្នាំ 1930៕

  • កម្ពុជា រកឃើញ​ករណី​ឆ្លង​កូវីដ-19 និង​ជា​សះស្បើយ​ចំនួន 08 ​​នាក់​នៅ​ក្នុង​ 24 ម៉ោង​កន្លង​

    កម្ពុជា រកឃើញ​ករណី​ឆ្លង​កូវីដ-19 និង​ជា​សះស្បើយ​ចំនួន 08 ​​នាក់​នៅ​ក្នុង​ 24 ម៉ោង​កន្លង​

    កម្ពុជា បាន​រកឃើញអ្នកឆ្លងកូវីដ-19 ករណី​ថ្មី ចំនួន 04 នាក់ ក្នុង​អំឡុង​ 24 ម៉ោង​ នៃ​ថ្ងៃទី 22 ខែ​វិច្ឆិកា​ ឆ្នាំ​ 2022។

    ក្នុង​អំឡុង​ពេល​ដដែល ​​មានករណីជាសះស្បើយ ចំនួន 04 នាក់ និង​​​​ មិន​មាន​ករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតត្រឹមព្រឹក ថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ 2022 កម្ពុជា មាន​អ្នក​ឆ្លងកូវីដ-១៩ សរុប ៖ 138,039 នាក់, អ្នកជាសះស្បើយសរុប​ ៖ 134,951 នាក់ និង​​អ្នកស្លាប់​សរុប​ ៖ 3,056 នាក់។

     

     

  • ឥណ្ឌូណេស៊ី លក់​ដេញថ្លៃ​កោះ​គ្មាន​មនុស្ស​រស់នៅ​ជាង 100 ដើម្បី​អភិវឌ្ឍ​តំបន់​លំហែ​កាយ

    ឥណ្ឌូណេស៊ី លក់​ដេញថ្លៃ​កោះ​គ្មាន​មនុស្ស​រស់នៅ​ជាង 100 ដើម្បី​អភិវឌ្ឍ​តំបន់​លំហែ​កាយ

    តំបន់​អភិរក្ស Widi ដែលមាន​កោះ​គ្មាន​មនុស្ស​រស់នៅ​ជាង 100 ជិត​នឹងត្រូវ​បាន​លក់​ដេញថ្លៃ​នៅក្នុង​ការជួញដូរ​អចលនទ្រព្យ​ដែល​ត្រូវបាន​គេ​យល់ថា ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ទ្វីបអាស៊ី។

    «មហាសេដ្ឋី​គ្រប់រូប​អាច​កាន់កាប់​កោះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ប៉ុន្តែ មានតែ​ម្នាក់​គត់​ដែល​នឹង​ក្លាយជា​ម្ចាស់​របស់​កោះ​ទាំង 100 នេះ» CNN កាលពី​ថ្ងៃទី 22 វិច្ឆិកា ដកស្រង់​សម្ដី​របស់ Charlie Smith អនុប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Sotheby’s Concierge Auctions នៅ សហរដ្ឋ​អាម៉េរិក បានឱ្យដឹង​ដូច្នេះ។

    Sotheby’s Concierge Auctions ដែលជា​អ្នករៀបចំ​ព្រឹត្តិការណ៍​លក់​ដេញថ្លៃ​ចាស់វស្សា នឹង​ធ្វើជា​ភាគី​តាមដាន​ការលក់​ដេញថ្លៃ​នេះ។ ក្រុមហ៊ុន​នេះ​ក៏បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ជួយ​ដល់​អ្នកវិនិយោគ ក្នុងការ​សាងសង់​តំបន់​កំ​ហែ​កាល​នៅលើ​កោះ​ទាំងនេះ។

    ច្បាប់​របស់ ឥណ្ឌូណេស៊ី កំណត់ថា ជនបរទេស​មិនអាច​ទិញ​កោះ​នៅ​ប្រទេស​នេះ។ តំបន់​អភិរក្ស Widi ដោះស្រាយ​បញ្ហា​នេះ​តាមរយៈ​ការបង្កើត​ក្រុមហ៊ុន​ភាគហ៊ុន​រួម PT។ Leadership Islands Indonesia (LII) គឺជា​អ្នកផ្ដល់ជំនួយ​ដល់​អ្នកចូលរួម​ព្រឹត្តិការណ៍​លក់​ដេញថ្លៃ។ ដូច្នេះ អ្នកវិនិយោគ​នឹងមាន​សិទ្ធិ​អភិវឌ្ឍ​កោះ​ទាំងនោះ​ដោយ​សេរី។

    ព្រឹត្តិការណ៍​លក់​ដេញថ្លៃ​តំបន់​អភិរក្ស Widi ដែលមាន​កោះ​ជាង 100 និង​មាន​ផ្ទៃក្រឡា​សរុប​ជាង 10,000 ហិកតា នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី 08 ធ្នូ​ដល់ 14 ធ្នូ 2022។ បច្ចុប្បន្ន តម្លៃ​ដំបូង​មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ ប៉ុន្តែ អ្នកចូលរួម​ដេញថ្លៃ​ត្រូវតែ​កក់​ប្រាក់ 100,000 ដុល្លារ​អាម៉េរិក៕