Author: សឿន សំណាង

  • ដើម្បី​អបអរ​ជ័យជម្នះ​នៅ World Cup 2022 អ៊ីរ៉ង់ ដោះលែង​អ្នកទោស​ច្រើន​រយ​នាក់

    ដើម្បី​អបអរ​ជ័យជម្នះ​នៅ World Cup 2022 អ៊ីរ៉ង់ ដោះលែង​អ្នកទោស​ច្រើន​រយ​នាក់

    រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អ៊ីរ៉ង់ ចុះហត្ថលេខា​លើ​បទបញ្ជា​ដោះលែង​អ្នកទោស​ជាង 700 នាក់​នៅ​ទូទាំងប្រទេស ក្រោយពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់​ប្រទេស​នេះ​យកឈ្នះ 2-0 លើ​ក្រុម​មកពី រាជាណាចក្រ​វ៉ែល​ស៍ (Wales) នៅ World Cup 2022។

    «ក្រោយ​ជ័យជម្នះ​ប្រកបដោយ​មោទកភាព​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ Gholam Hossein Mohseni Ejei បាន​ចូលរួម​អបអរ​ជាមួយ​ប្រជាជន​ទូទាំងប្រទេស និង​ចុះហត្ថលេខា​លើ​បទបញ្ជា​ពិសេស ស្នើឱ្យ​ក្រុមមន្ត្រី​យុត្តិធម៌​ជួយ​ដល់​អ្នកទោស​ដែលមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​ការលើកលែងទោស ដោះលែង​ឱ្យមាន​សេរីភាព​ត្រលប់​ទៅកាន់​គ្រួសារ» ទីភ្នាក់ងារសារព័ត៌មាន Mizan ដែលមាន​ទំនាក់ទំនង​ជាមួយនឹង ក្រសួងយុត្តិធម៌​អ៊ីរ៉ង់ ប្រកាស​កាលពី​ម្សិលមិញ​ដូច្នេះ។

    សារព័ត៌មាន​អ៊ីរ៉ង់ ឱ្យដឹងថា អ្នកទោស​ប្រហែល 715 នាក់​នៅក្នុង 12 ខេត្ត​របស់​ប្រទេស​នេះ ត្រូវបាន​ដោះលែង ក្នុងនោះ​មាន​ទាំង​អ្នកទោស​ដែល​ត្រូវបាន​ចាប់ខ្លួន «ក្នុង​ព្រឹត្តិការណ៍ថ្មីៗនេះ» ដែល​នេះ​ហាក់​សំដៅលើ​បាតុកម្ម​ដែល​បាន​ផ្ទុះឡើង​ក្រោយពី​ការស្លាប់​របស់​នារី Mahsa Amini កាលពី​ខែកញ្ញា។

    ជ័យជម្នះ 2-0 លើ រាជាណាចក្រ​វ៉ែល​ស៍ កាលពី​ថ្ងៃទី 25 វិច្ឆិកា គឺជា​លើកដំបូង​ដែល អ៊ីរ៉ង់ បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​មកពី អឺរ៉ុប នៅក្នុង​ប្រវត្តិសាស្ត្រ World Cup។

    អ៊ីរ៉ង់ បាន​ចាញ់ 2-6 នៅក្នុង​ការប្រកួត​ជាមួយនឹង អង់គ្លេស កាលពី​ថ្ងៃទី 21 វិច្ឆិកា។ ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ ក៏​រង​ការខាតបង់​ធំ​ក្រោយ​ការប្រកួត​នោះ នៅពេល​អ្នកចាំទី​សំខាន់ Alireza Beiranvand ត្រូវ​បាក់​ក្ដោងច្រមុះ​ដោយសារ​ការប៉ះទង្គិច​ជាមួយនឹង​កីឡាករ​រួម​ក្រុម​ក្នុងពេល​ទប់ស្កាត់​បាល់។

    អ៊ីរ៉ង់ កំពុងមាន​ឱកាស​ជា​លើកដំបូង​ដើម្បី​ចូលទៅ​កាន់​វគ្គ​ជម្រុះ​ផ្ទាល់។ ក្រុម​ជម្រើសជាតិ​ប្រទេស​នេះ​កំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​ពីរ​ក្នុង​ពូ​ល B ហើយនឹង​ត្រូវ​ប្រកួត​ជាមួយ សហរដ្ឋ​អាម៉េរិក នៅ​ជុំចុងក្រោយ៕

  • គម្រោង​សាងសង់​កំពង់ផែ​ថ្មី​មួយទៀត​នៅ​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម នឹង​បើក​ការដ្ឋាន​នៅ​ចុង​ឆ្នាំ​នេះ

    គម្រោង​សាងសង់​កំពង់ផែ​ថ្មី​មួយទៀត​នៅ​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម នឹង​បើក​ការដ្ឋាន​នៅ​ចុង​ឆ្នាំ​នេះ

    តាម​ផែនការ ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ប្រើប្រាស់​រួម​របស់​គម្រោង​កំពង់ផែ​ថ្មី Lien Chieu នៅ​ភាគ​កណ្ដាល​របស់ ប្រទេស​វៀតណាម នឹង​ចាប់ផ្ដើម​ការស្ថាបនា​នៅ​ចុងឆ្នាំ 2022 ដោយមាន​ទុនវិនិយោគ​ជាង 3.4 ទ្រី​លាន​ដុង។

    យោងតាម​ព័ត៌មាន​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​គេហទំព័រ​របស់ ក្រសួង​ដឹកជញ្ជូន​វៀតណាម កាលពី​ថ្ងៃទី 27 វិច្ឆិកា គម្រោង​សាងសង់​ខាងលើនេះ​គឺជា​សមាសភាគ A ក្នុងចំណោម​សមាសភាគ​ចំនួន 2 របស់​គម្រោង​វិនិយោគ​សាងសង់​កំពង់ផែ Lien Chieu ដែលមាន​ទីតាំង​ស្ថិតក្នុង​ទីក្រុង Da Nang នៅ​ភាគ​កណ្ដាល​ប្រទេស។

    ខ្ទង់​ប្រាក់​វិនិយោគ​សម្រាប់​គម្រោង​សមាសភាគ A ដែល​ឡើងដល់​ជាង 3.4 ទ្រី​លាន​ដុង ប្រហែល​នឹង 137 លាន​ដុល្លារ​អាម៉េរិក​នេះ​គឺជា​ការបណ្ដាក់ទុន​រប​ស់រ​ដ្ឋ។ ចំណែក​សមាសភាគ B របស់​គម្រោង​កំពង់ផែ Lien Chieu ទាំងមូល នឹងមាន​ទំហំ 44 ហិកតា ដែលជា​ការវិនិយោគរ​បស់​វិស័យ​ឯកជន។

    កំពង់ផែ Lien Chieu គឺជា​កំពង់ផែ​មួយ​ក្នុងចំណោម​កំពង់ផែ​ទឹក​ជ្រៅ​ចំនួន 3 របស់ វៀតណាម។ កំពង់ផែ Lien Chieu ដែល​នឹង​ចាប់ផ្ដើម​ការសាងសង់​នៅ​ថ្ងៃទី 14 ធ្នូ 2022 ខាងមុខ នឹង​ទទួល​កប៉ាល់​កុងតឺន័រ​ដែល​អាច​ដឹក​បាន​ពី 6,000 ទៅ 8,000 TEU៕

  • គម្រោង​បង្កើត​សណ្ឋាគារ និង​រោងចក្រ​ថ្មី​ចំនួន 4 មាន​ទុនវិនិយោគ​ជិត 172 លាន​ដុល្លារ ទទួលបាន​ការអនុម័ត​រួចហើយ

    គម្រោង​បង្កើត​សណ្ឋាគារ និង​រោងចក្រ​ថ្មី​ចំនួន 4 មាន​ទុនវិនិយោគ​ជិត 172 លាន​ដុល្លារ ទទួលបាន​ការអនុម័ត​រួចហើយ

    ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នា​រសៀល​ថ្ងៃទី 28 វិច្ឆិកា 2022 នេះ បានប្រកាសថា សំណើសុំ​វិនិយោគ​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ផ្កាយ 5 មួយកន្លែង រួម​នឹង​គម្រោង​បង្កើត​រោងចក្រ​ថ្មី 3 កន្លែង​ទៀត ត្រូវ​បានផ្ដល់​អាជ្ញាប័ណ្ណ​រួចហើយ។

    យោងតាម គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គម្រោង​វិនិយោគ​លើ​សណ្ឋាគារ​ផ្កាយ 5 ដែលមាន 582 បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក៏ដូចជា​មណ្ឌល​កម្សាន្ត​របស់​ក្រុមហ៊ុន MARITIME CITY CO., LTD ដែល​ទើបត្រូវ​បានផ្ដល់​វិញ្ញ​បន​ប​ត្រ​ពី ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គឺមាន​ទីតាំង​ស្ថិតនៅ​ភូមិ 2 សង្កាត់​លេខ 3 ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែលមាន​ទុនវិនិយោគ​ប្រមាណ 164.4 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ជិត 1,500 កន្លែង។

    ក្រៅពី​គម្រោង​សណ្ឋាគារ​ខាងលើ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នា​រសៀល​នេះ​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា បាន​ចេញ​វិញ្ញាបនបត្រ​ជូន​ក្រុមហ៊ុន​ចំនួន 3 ផ្សេងទៀត ដែល​គ្រោង​នឹង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈប្រើប្រាស់ រួមមាន ៖

    ក្រុមហ៊ុន ONEPLUS NEW MATERIAL TECHNOLOGY CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​ទុយោ​ប្លា​ស្ទិ​ក គ្រឿង​តំណ​បំពង់​ទីប​ជ័រ​គ្រប់​ប្រភេទ និង​គ្រឿង​បន្ទាប់បន្សំ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្នុង​ទុនវិនិយោគ​ចំនួន 5.5 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ 70 កន្លែង។

    ក្រុមហ៊ុន JINLAI TEXTILES CO., LTD. ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​ភួយ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្នុង​ទុនវិនិយោគ​ចំនួន 1 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ 100 កន្លែង។

    ក្រុមហ៊ុន XINJINCAI PLASTIC (CAMBODIA) CO., LTD. ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​វេច​ខ្ចប់​គ្រប់​ប្រភេទ ធ្វើ​ពី​ប្លា​ស្ទិ​ក ស្កុ​ត និង​ស្ទិ​ក​ឃ័​រ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្នុង​ទុនវិនិយោគ​ចំនួន 1 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ 80 កន្លែង៕

  • ប្រភេទ​បន្លែ​សម្រាប់​ជ្រូក​នៅ​ស្រុកចំការ​ខ្មែរ បែរជា​មានតម្លៃ​ខ្ពស់​នៅ ប្រទេស​ជប៉ុន

    ប្រភេទ​បន្លែ​សម្រាប់​ជ្រូក​នៅ​ស្រុកចំការ​ខ្មែរ បែរជា​មានតម្លៃ​ខ្ពស់​នៅ ប្រទេស​ជប៉ុន

    នៅផ្ទះ​របស់ខ្ញុំ ក៏ដូចជា​អ្នកស្រុក​ចំការ​នៅ​ភូមិ​ខ្ញុំ (កម្ពុជា) កូនដើម​ចេក​គឺជា​បន្លែ​ដែល​អាច​យកមក​ធ្វើជា​មុខម្ហូប​មួយចំនួន ចំណែក​ដើម​ចេក​ចាស់ ចេក​ដែល​ប្រមូល​ផល​ផ្លែ​រួច តែង​ត្រូវ​អ្នកភូមិ​កាប់រំលំ​ចោល ឬ​កាប់​យកមក​ធ្វើជា​ចំណី​សម្រាប់​សត្វ​ចិញ្ចឹម មាន​ជ្រូក និង​គោ​ជាដើម ប៉ុន្តែ នៅ ប្រទេស​ជប៉ុន វិញ ដើម​ចេញ​ក្រមុំ​ត្រូវបាន​កាត់​លក់​ថ្លឹង​គីឡូ​ក្នុងតម្លៃ​ខ្ពស់​នៅក្នុង​ផ្សារ​ទំនើប។

    នៅ ប្រទេស​ជប៉ុន ដើម​ចេក​ដែលមាន​ទម្ងន់​ពី 400-500 ក្រាម ប្រវែង​ប្រហែល 10 សម ត្រូវបាន​ដាក់លក់​នៅ​ផ្សារ​ទំនើប​ក្នុងតម្លៃ​រហូតដល់ 1,400 យ៉េន ប្រហែល​នឹង 42,000 រៀល។ មិនមែនជា​រឿង​ចម្លែក​ឡើយ​ដែល ជនជាតិ​ជប៉ុន ផ្ដល់​តម្លៃ​ខ្ពស់​ទៅលើ​ដើម​ចេក។

    យោងតាម​អ្នកវិទ្យាសាស្ត្រ និង​វេជ្ជបណ្ឌិត ដើម​ចេក​ទាំងមូល​សុទ្ធ​តែមាន​ប្រយោជន៍​ចំពោះ​សុខភាព។ ដើម​ចេក​ផ្ទុក​សារជាតិ​កាក​សរសៃ​ច្រើន ល្អ​សម្រាប់​អ្នក​ដែលមាន​បំណង​សម្រក​ទម្ងន់។ ដើម​ចេក​ក៏​ផ្ទុក​សារជាតិ ប៉ូ​តា​ស្យូ​ម វីតាមីន B6 និង​សារជាតិ​ចិញ្ចឹម​ជាច្រើន​ទៀត។ ស្លឹកចេក​ខ្ចី​ក៏​ជា​ថ្នាំ​ដ៏​ល្អ​ផងដែរ​នៅក្នុង​ឱសថ​បុរាណ។ ក៏ប៉ុន្តែ ល្អ​បំផុត​គួរ​ហូប​ក្រោម 5 ដង​ក្នុង​មួយ​សប្ដាហ៍ ព្រោះថា បើ​ហូប​ច្រើនជាង​នេះ​អាចធ្វើឱ្យ​ទល់លាមក។

    ដើម​ចេក​គឺជា​ប្រភេទ​បន្លែ​ដែល​ត្រូវបាន​គេ​វាយតម្លៃថា ស្អាត សុវត្ថិភាព ងាយស្រួល​ដាំ និង​មិនចាំបាច់​បាញ់ថ្នាំ​គីមី​ដូច​ប្រភេទ​បន្លែ​ដទៃ៕

    ដើមចេកនៅ​ផ្សារ​ទំនើប​បរទេស
    ដើម​ចេកអាច​យក​ធ្វើម្ហូប​បាន​ច្រើនមុខ​
  • យន្តហោះ​បុក​ចំ​បង្គោល​ខ្សែភ្លើង ធ្វើឱ្យ​រដ្ឋធានី​របស់ អាម៉េរិក ដាច់​អគ្គិសនី​ទ្រង់ទ្រាយ​ធំ

    យន្តហោះ​បុក​ចំ​បង្គោល​ខ្សែភ្លើង ធ្វើឱ្យ​រដ្ឋធានី​របស់ អាម៉េរិក ដាច់​អគ្គិសនី​ទ្រង់ទ្រាយ​ធំ

    យន្តហោះ​ធុន​តូច​ហោះ​ទៅបុក​ចំ​បង្គោល​ខ្សែភ្លើង​នៅក្នុង​រដ្ឋ Maryland បណ្ដាលឱ្យ​ប្រជាជន​ជាង 120,000 គ្រួសារ​នៅ រដ្ឋធានី​វ៉ា​ស៊ី​ង​តោន ត្រូវ​ដាច់​ចរន្តអគ្គិសនី។

    យន្តហោះ​ម៉ាស៊ីន​តែមួយ Mooney M20J ហោះ​បុក​ចំ​បង្គោល​ខ្សែភ្លើង​តង់ស្យុង​ខ្ពស់​នៅ​តំបន់ Montgomery ក្នុង​រដ្ឋ Maryland របស់ សហរដ្ឋ​អាម៉េរិក កាលពី​ល្ងាច​ថ្ងៃទី 27 វិច្ឆិកា (ព្រឹក​ថ្ងៃទី 28 វិច្ឆិកា​នៅ កម្ពុជា) នៅក្នុងពេល​អាកាសធាតុ​ចុះ​អ័ព្ទ​ខ្លាំង។

    រូបភាព​នៅ​កន្លែងកើតហេតុ​បង្ហាញថា យន្តហោះ​ត្រូវ​ជាប់​នៅ​កណ្ដាល​គ្រោង​សសរ និង​ខ្សែភ្លើង​តង់ស្យុង​ខ្ពស់​ដែលមាន​កម្ពស់​ជាង 30 ម៉ែត្រ។

    ក្រុមហ៊ុន​អគ្គិសនី Pepco បានឱ្យដឹងថា អតិថិជន​ប្រមាណ 120,000 នៅក្នុង រដ្ឋធានី​វ៉ា​ស៊ី​ង​តោន ត្រូវ​ដាច់​ចរន្តអគ្គិសនី​ដោយសារតែ​ហេតុការណ៍​គ្រោះថ្នាក់​នេះ។ ផ្លូវ​ជាច្រើន​ត្រូវ​បិទទ្វារ ស្រប​ពេលដែល​ភ្លើង​ចរាចរណ៍​ក្នុង​តំបន់​កើតហេតុ​ត្រូវ​ផ្អាក​ដំណើរការ។

    ក្រុមមន្ត្រី​និយាយថា មនុស្ស​ពីរ​នាក់​នៅលើ​យន្តហោះ​នៅមាន​ជីវិត​នៅឡើយ និង​បាន​ជាប់គាំង​ក្នុង​រយៈពេល​យូរ ប៉ុន្តែ​មិនបាន​ឱ្យដឹង​លម្អិត។

    អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​អាម៉េរិក (FAA) បានឱ្យដឹងថា យន្តហោះ M20J ចេញដំណើរ​ពី Westchester ក្នុង​រដ្ឋ New York ហើយ​គ្រោង​នឹង​ចុះចត​នៅឯ​ព្រលានយន្តហោះ Montgomery ក្បែរ​កន្លែងកើតហេតុ៕

  • ប្រតិភូសមាគមធុរកិច្ចថៃ-កម្ពុជា ស្វែងយល់អំពីឱកាសបង្កើនការវិនិយោគ និងពាណិជ្ជកម្មនៅ កម្ពុជា

    ប្រតិភូសមាគមធុរកិច្ចថៃ-កម្ពុជា ស្វែងយល់អំពីឱកាសបង្កើនការវិនិយោគ និងពាណិជ្ជកម្មនៅ កម្ពុជា

    ប្រតិភូ​សមាគម​ធុរកិច្ច​ថៃ-កម្ពុជា នា​ព្រឹក​មិញ​នេះ ត្រូវបាន​អនុញ្ញាត​ឱ្យចូល​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​របស់ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា។

    នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃទី 28 វិច្ឆិកា 2022 ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានអនុញ្ញាត​ជូន លោក Voratat Tantimongkolsuk ប្រធាន​ថ្មី​របស់ សមាគម​ធុរកិច្ច​ថៃ-កម្ពុជា រួម​នឹង​សមាជិក​ប្រតិភូ ចូលជួប​ពិភាក្សា​ការងារ​ស្ដីពី​វិស័យ​ធុរកិច្ច​រវាង ប្រទេស​ថៃ និង កម្ពុជា។

    លោក Voratat Tantimongkolsuk ប្រធាន​សមាគម​ធុរកិច្ច​ថៃ-កម្ពុជា បាន​ថ្លែងថា គោលបំណង​នៃ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សមាគម​ធុរកិច្ច​ថៃ-កម្ពុជា នាពេលនេះ គឺ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការបង្កើន​ឱកាស​ពាណិជ្ជកម្ម វិនិយោគ ពង្រីក​បណ្តាញ​ទីផ្សារ រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត។

    ក្នុងជំនួប​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្ដិ បាន​មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​នេះ នឹង​ជួយ​ឱ្យ គណៈប្រតិភូ​នៃ សមាគម​ធុរកិច្ច​ថៃ-កម្ពុជា ជ្រាប​ច្បាស់​ថែមទៀត​ពី​សក្តានុពល​របស់​កម្ពុ​ជា សម្រាប់​ការវិនិយោគ​នាពេល​បច្ចុប្បន្ន។

    យោងតាម​ប្រសាសន៍​របស់ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើកំណែទម្រង់​ការផ្តល់​សេវាសាធារណៈ និង​បានដាក់​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ក្នុង​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ ការចុះបញ្ជី​ក្រុមហ៊ុន និង​ការចុះបញ្ជី​ម៉ាក ដែលមាន​ភាពងាយស្រួល តម្លាភាព និង​ប្រសិទ្ធភាព​ជាង​មុន។

    ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ដល់ គណៈប្រតិភូ​សមា​គ​មធុ​រ​កិច្ច​ថៃ-កម្ពុជា ប្រើប្រាស់​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នានា​ដែល កម្ពុជា ជា​សមាជិក ដើម្បី​បង្កើន​ការដោះដូរ​ពាណិជ្ជកម្មរ​វាង​ប្រទេស​ទាំងពីរ៕

  • គម្រោង​ស្ថាបនា​ផ្លូវ​រូង​ខ្នាត​ធំ​ក្រោម​សមុទ្រ ប្រវែង 900 ម៉ែត្រ រួចរាល់​ជា​ស្ថាពរ

    គម្រោង​ស្ថាបនា​ផ្លូវ​រូង​ខ្នាត​ធំ​ក្រោម​សមុទ្រ ប្រវែង 900 ម៉ែត្រ រួចរាល់​ជា​ស្ថាពរ

    (ប្រទេស​ចិន)-រូង​ក្រោម​ដី​សម្រាប់​ផ្លូវដែក​ត​ភ្ជាប់ Macao និង​កោះ Hengqin ដែល​ស្ថាបនា​ដោយ​ម៉ាស៊ីន​ជីក​រូង​ក្រោម​ដី​ខ្នាត​យក​ប្រវែង 87 ម៉ែត្រ បាន​រួចរាល់​ជា​ស្ថាពរ​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅថ្មីៗនេះ។

    ផ្លូវ​រូង​ក្រោម​សមុទ្រ​ដែលមាន​អង្កត់ផ្ចិត​ធំ​សម្រាប់​រថភ្លើង​ធុន​ស្រាល ដែល​ត​ភ្ជាប់​តំបន់​រដ្ឋបាល​ពិសេស Macao (SAR) ជាមួយនឹង​កោះ Hengqin ខេត្ត Guangdong ប្រទេស​ចិន ត្រូវបាន​ស្ថាបនា​រួចរាល់​កាលពី​ថ្ងៃទី 25 វិច្ឆិកា 2022។

    ផ្លូវ​រូង​នេះ​មាន​អង្កត់ផ្ចិត​ខាងក្រៅ និង​ខាងក្នុង​ប្រវែង​ជា​បន្តបន្ទាប់​គឺ 7.7 ម៉ែត្រ និង 7 ម៉ែត្រ។ ផ្លូវ​រូង​នេះ​ស្ថិតក្នុង​គម្រោង Hengqin Line ដែលជា​ផ្នែក​ពង្រីក​បន្ថែម​របស់​ប្រព័ន្ធ​ដឹកជញ្ជូន​រហ័ស​ធុន​ស្រាល (LRT) របស់ Macao។ គម្រោង Hengqin Line មាន​ប្រវែង​សរុប 2.2 គីឡូ​ម៉េ​ត្រ ក្នុងនោះ 900 ម៉ែត្រ​គឺជា​ផ្លូវ​រូង​ក្រោម​សមុទ្រ។

    ដើម្បី​ដោះស្រាយ​បញ្ហា​ដី​ទន់​នៅ​ជុំវិញ​ផ្លូវ​រូង ក្រុមហ៊ុន​ឧស្សាហកម្ម​ធុន​ធ្ងន់​ស្ថាបនា​ផ្លូវដែក​ចិន បាន​ផលិត​ម៉ាស៊ីន​ជីក​រូង​ដែលមាន​ខែល​ការពារ​សម្ពាធ EPB។ នេះ​គឺជា​ម៉ាស៊ីន​ធំ​បំផុត​ក្នុង​ប្រភេទ​នេះ​ដែល​ធ្លាប់​ត្រូវបាន​ប្រើប្រាស់​នៅ Macao ដោយមាន​អង្កត់ផ្ចិត​ប្រវែង 7.98 ម៉ែត្រ និង​បណ្ដោយ 87 ម៉ែត្រ។

    ម៉ាស៊ីន​ខ្នាត​យក្ស​នេះ​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វៃ មានដូចជា​ប្រព័ន្ធ​ស្ទាបស្ទង់​ភូគព្ភសាស្ត្រ​ទំនើប ដែល​ជួយ​ធានា​សុវត្ថិភាព​របស់​សំណង់។

    តាម​ផែនការ គម្រោង​ខាងលើនេះ​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នៅ​ឆ្នាំ 2024។ នេះ​គឺជា​ផ្លូវ​សម្រាប់​ប្រជាជន​ទៅមក​រវាង​តំបន់ Macao និង Hengqin និង​ជួយ​បង្កើន​កិច្ចសហការ​ក្នុង​តំបន់​ឈូ​ត​សមុទ្រ Guangdong – Hong Kong – Maocao ផងដែរ៕

  • ករណី​ឆ្លង​​កូវីដ-19 នៅ​ កម្ពុជា មាន​ការ​កើន​ឡើង​បន្តិច​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ

    ករណី​ឆ្លង​​កូវីដ-19 នៅ​ កម្ពុជា មាន​ការ​កើន​ឡើង​បន្តិច​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ

    ក្រសួង​សុខាភិបាល​កម្ពុជា បាន​រកឃើញអ្នកឆ្លងកូវីដ-19 ករណី​ថ្មី ចំនួន 10 នាក់ ក្នុង​អំឡុង​ 24 ម៉ោង​ នៃ​ថ្ងៃទី 27 ខែ​វិច្ឆិកា​ ឆ្នាំ​ 2022។

    ក្នុង​អំឡុង​ពេល​ដដែល ​​មានករណីជាសះស្បើយ ចំនួន 05 នាក់ និង​​​​ មិន​មាន​ករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នោះទេ​។

    គិតត្រឹមព្រឹក ថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2022 កម្ពុជា មាន​អ្នក​ឆ្លងកូវីដ-១៩ សរុប ៖ 138,073 នាក់, អ្នកជាសះស្បើយសរុប​ ៖ 134,976 នាក់ និង​​អ្នកស្លាប់​សរុប​ ៖ 3,056 នាក់។

  • ករណី​ឆ្លង​​ជំងឺ​​កូ​វីដ-19 ផ្ទុះ​ឡើង​ជា​ថ្មី​ និង​​​ខ្ពស់បំផុត​ក្នុង 5 ថ្ងៃ​បន្តបន្ទាប់នៅប្រទេស​​ចិន

    ករណី​ឆ្លង​​ជំងឺ​​កូ​វីដ-19 ផ្ទុះ​ឡើង​ជា​ថ្មី​ និង​​​ខ្ពស់បំផុត​ក្នុង 5 ថ្ងៃ​បន្តបន្ទាប់នៅប្រទេស​​ចិន

    ប្រទេស​ចិន រកឃើញ​ករណី​ឆ្លង​ថ្មី​នូវ​ជំងឺ​កូ​វីដ-19 ជាង 40,000 នាក់ ក្នុងនោះ​មាន​ជាង 36,000 នាក់​មិនមាន​រោគសញ្ញា ដែល​នេះ​គឺជា​កំណើន​ក្នុង​រយៈពេល 5 ថ្ងៃ​បន្តបន្ទាប់​នៅក្នុង​ការផ្ទុះ​ឆ្លង​សាជាថ្មី​នេះ។

    គណៈកម្មការ​ជាតិ​សុខាភិបាល​របស់ ប្រទេស​ចិន ថ្ងៃនេះ​បានឱ្យដឹងថា ប្រទេស​នេះ​រកឃើញ​ករណី​ឆ្លង​ថ្មី​នូវ​ជំងឺ​កូ​វីដ-19 ចំនួន 40,347 នាក់​ក្នុងអំឡុង 24 ម៉ោង​កន្លង ក្នុងនោះ​មាន 3,822 ករណី​មាន​រោគសញ្ញា និង 36,525 ករណី​មិនមាន​រោគសញ្ញា។ នេះ​គឺជា​កំណើន​ខ្ពស់​មិន​ធ្លាប់​មាននៅ ប្រទេស​ចិន រាប់​ចាប់ពី​ការផ្ទុះ​ជំងឺ​រាតត្បាត និង​ជាការ​កើនឡើង​ថ្ងៃទី 5 នៃ​ការផ្ទុះ​ឆ្លង​បន្តបន្ទាប់​ចុងក្រោយ​នេះ។

    ក្នុង​រលក​នៃ​ការឆ្លង​រាលដាល​ថ្មី​នេះ ប្រទេស​ចិន មិនបាន​រកឃើញ​ករ​ណី​ស្លាប់​ដោយសារ​កូ​វីដ-19។ ករណី​ស្លាប់​សរុប​ដោយសារ​ជំងឺ​នេះ​នៅ ប្រទេស​ចិន បច្ចុប្បន្ន​គឺ 5,233 នាក់។

    គិត​ត្រឹម​ថ្ងៃទី 27 វិច្ឆិកា 2022 ប្រទេស​ចិន (ចិនដីគោក) បាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ-19 សរុប 311,624 នាក់ ដែល​ទាំងនេះ​សុទ្ធតែជា​ករណី​មាន​រោគសញ្ញា៕

  • World Cup 2022 – អង្គភាព​ពិសេស​របស់ FIFA ​ប្រឆាំង​​​ឧបាយកល​​​នៃ​ការ​រៀបចំ​លទ្ធផល​ជា​មុន​

    World Cup 2022 – អង្គភាព​ពិសេស​របស់ FIFA ​ប្រឆាំង​​​ឧបាយកល​​​នៃ​ការ​រៀបចំ​លទ្ធផល​ជា​មុន​

    ក្រុមហ៊ុន​បច្ចេកវិទ្យា​កីឡា​របស់ ស្វ៊ី​ស Sportradar ត្រូវបាន FIFA ប្រគល់​ភារកិច្ច​ស្វែងរក​ភាពមិនប្រក្រតី​នៅក្នុង​ទីផ្សារ​ល្បែងភ្នាល់ ដើម្បី​វែក​រកមុខ​ការប្រកួត​ដែល​សង្ស័យថា មានការ​រៀបចំ​លទ្ធផល​ជាមុន។

    Sportradar តាមដាន​ការប្រកួត​ទាំង 64 នៅក្នុង​តារាង​កាលបរិច្ឆេទ​ប្រកួត។ ក្រៅពី​ភា​រិ​កិ​ច្ចនេះ ពួកគេ​ក៏​សហការ​ជាមួយ ការិយាល័យ​ស៊ើបអង្កេត​សហរដ្ឋ​អាម៉េរិក (FBI) និង​ប៉ូលិស​អន្តរជាតិ (Interpol) ផងដែរ។

    «បាល់ទាត់​គឺជា​កីឡា​ដែល​ទាក់ទាញ​បំផុត​ចំពោះ​ក្រុម​អ្នករៀបចំ​ឧបាយកល​គ្រប់គ្រង​លទ្ធផល។ នៅ World Cup ឆ្នាំនេះ យើង​សន្និដ្ឋានថា ការប្រកួតនីមួយៗមានការ​ភ្នាល់​រហូតដល់​ជាង 1 ពាន់​លាន​ដុល្លារ​អាម៉េរិក» Andreas Krannich ដែលជា​មេដឹកនាំ​មួយរូប​នៅ Sportradar និយាយ​អំពី​កម្រិត​នៃ​សកម្មភាព​នៅក្នុង​ទីផ្សារ​ល្បែងភ្នាល់ ក្នុង​រដូវ​កាល World Cup 2022។ ចំណែក​ទស្សនាវដ្ដី​អាម៉េរិក Forbes បាន​ព្យាករ​ថា ប្រាក់​ភ្នាល់​បាល់​សរុប​នៅ​រដូវ​កាល​បាល់ទាត់​ពិភពលោក​នៅ កាតា នឹង​ឡើងដល់ 160 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    Krannich យល់ថា កីឡាករ និង​អាជ្ញាកណ្ដាល​ដែល​សុខចិត្ត​ទទួល​សំណូក​នឹង​ដូច​ទៅនឹង​មេដឹកនាំ​អាក្រក់​នៅ​ក្រុង​ហិរញ្ញវត្ថុ Wall Street របស់ New York។ «ការរៀបចំ​លទ្ធផល​បាល់ទាត់​ក៏​ដូច​ទៅនឹង​ការជួញដូរ​ភាគហ៊ុន​ខុសច្បាប់។ ឱ្យ​តែមាន​ព័ត៌មាន​ផ្ទៃក្នុង​ពេល​ណា​ ​គឺ​ប្រាក់​ច្រើនសន្ធឹក​នឹងត្រូវ​បាន​គេ​ជះ​ចូល»។

    យោងទៅតាម​គោលការណ៍​ស្នូល​​នេះ ក្រុម​អ្នកជំនាញ​នៅ Sportradar នឹង​កត់ត្រា​ភាពមិនប្រក្រតី​ដែល​បាន​ប្រែប្រួល​នៅក្នុង​ទីផ្សារ​ល្បែងភ្នាល់។ សញ្ញា​គន្លឹះ​ចំនួន​ពីរ​ដែល​អាច​ប្រាប់ថា ការប្រកួត​មួយ​​មាន​ធាតុ​ផ្សំ​ពី​ល្បែង​ចាក់​ភ្នាល់ នោះ​គឺ​ការប្រែប្រួល​ខ្លាំង​របស់​គណនី​ភ្នាល់​ដែល​ត្រូវបាន​គេ​ចុះឈ្មោះ និង​លំហូរ​នៃ​ប្រាក់​ភ្នាល់​ទៅលើ​ការប្រកួត​នោះ។ Krannich ឱ្យដឹងថា គ្រាន់តែ​មើលទៅ​លើ​ចំនួន​ទឹកប្រាក់​ក៏​ដឹងថា​ក្រុម​ណា​នឹង​ឈ្នះ។

    អង្គភាព​ពិសេស​ប្រឆាំង​ល្បែង​ភ្នាល់ Sportradar នៅ​ World Cup 2022

    នៅ Word Cup 2018 Sportradar ធ្លាប់ជួយ​ដល់​សមត្ថកិច្ច​រកឃើញ​ករណី​រៀបចំ​លទ្ធផល​ក្នុងការ​ប្រកួត​រវាង អាហ្វ្រិក​ខាងត្បូង-សេ​ណេ​ហ្កា​ល់ នៅ​វគ្គ​ជម្រុះ​តំបន់ កាលពី​ថ្ងៃទី 12 វិច្ឆិកា 2016។ ពេលនោះ អាជ្ញាកណ្ដាល Joseph Lamptey ជនជាតិ​ហ្កា​ណា អនុញ្ញាតឱ្យ អាហ្វ្រិក​ខាងត្បូង ទាត់​បាល់​ពិន័យ​ក្រោម​មូល​ហេតុថា ខ្សែការពារ Kalidou Koulibaly លេង​បាល់​ដោយ​ដៃ បើទោះជា​ការពិត​បង្ហាញ​ថា បាល់​បាន​ប៉ះ​ជើង​កីឡាករ​នេះ។

    ចុងក្រោយ អាហ្វ្រិក​ខាងត្បូង បានឈ្នះ 2-1។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក Sportradar និង​ដៃគូ​សហការ​ជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏បាន​ប្រកាស​ទិន្នន័យ និង​ភ័ស្ដុតាង​ស្ដីពី​ការប្រែប្រួល​ខុស​ប្រក្រតី​នៅលើ​ទីផ្សារ​ភ្នាល់ និង​បង្ហាញថា ក្រុមអ្នកលេង​ល្បែងភ្នាល់​បានដឹង​លទ្ធផល​មុន។ ក្រោយពី​មាន​លទ្ធផល​នៃ​ការស៊ើបអង្កេត FIFA ក៏បាន​សម្រេចចិត្ត​ព្យួរការងារ​ជា​អាជ្ញាកណ្ដាល​របស់ Joseph Lamptey ជា​រៀងរហូត។

    កាលពី​ឆ្នាំ​កន្លង Sportradar បាន​រកឃើញ 500 ប្រកួត​ដែល​គួរឱ្យ​សង្ស័យ ប៉ុន្តែ​ឆ្នាំនេះ គិត​ត្រឹម​ពាក់កណ្ដាល​ខែវិច្ឆិកា ពួកគេ​រកឃើញ 700 ករណី។ ចំណែក​ទិន្នន័យ​រួម​បង្ហាញថា មាន 1,100 ប្រកួត​គួរឱ្យ​សង្ស័យ ខណៈដែល​ពេញ​មួយឆ្នាំ​កន្លង មាន 903 ករណី៕