Author: សឿន សំណាង

  • មន្ទីរ​សម្រាក​ព្យាបាល «​ដើម​អង្ក្រង» ត្រូវ​បាន​បិទ និង​ដក​ហូត​លិខិត​អនុញ្ញាត​

    មន្ទីរ​សម្រាក​ព្យាបាល «​ដើម​អង្ក្រង» ត្រូវ​បាន​បិទ និង​ដក​ហូត​លិខិត​អនុញ្ញាត​

    ក្រសួង​សុខាភិបាល​ សម្រេច​បិទ និង​ដកហូត​លិខិត​អនុញ្ញាត​ឱ្យ​បើក​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ឈ្មោះ ដើម​អង្ក្រង ដែល​មាន​ទីតាំង​នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​ជាតិ​លេខ 3 ឃុំអង្គពពេល ស្រុក​គង់ពិសី ខេត្ត​កំពង់​ស្ពឺ របស់​លោក​ស្រីវេជ្ជបណ្ឌិត សូស ច័ន្ទ​រស្មី។

    ការ​សម្រេច​នេះ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់​ពី​ ក្រសួង​សុខាភិបាល​ បាន​បិទ​បណ្ដោះ​អាសន្ន​ចំពោះ​មន្ទីរ​សម្រាក​ព្យាបាល​ខាងលើ​ ក្រោយ​ពី​មាន​ករណី​រំលូត​យក​ទារក​ក្នុង​ផ្ទៃ​ដែល​បាន​ស្លាប់​ ហើយ​កាត់​ចំ​ពោះវៀន​របស់​ស្ត្រី​ជា​ម្ដាយ​ នាំ​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    ក្នុង​សេចក្ដី​សម្រេច​ចុះ​ថ្ងៃទី 08 ធ្នូ 2022 ក្រសួង​សុខាភិបាល​ បាន​ឱ្យ​ដឹង​ថា មន្ទីរ​សម្រាក​ព្យាបាល ដើម​អង្ក្រង បាន​ប្រើប្រាស់​បុគ្គលិក​ផ្សេង​ដែល​គ្មាន​ការ​បណ្ដុះ​បណ្ដាល​ គ្មាន​ការ​ចុះ​បញ្ជី​គណៈវិជ្ជាជីវៈ និង​ប្ដូរទីតាំង​ដោយ​គ្មាន​ការ​ជូន​ដំណឹង​។ ចំណែក​អ្នកដែល​ពាក់​ព័ន្ធ​ និង​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​នេះ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​។

     

  • ក្រោយ​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច​ ប្រធានាធិបតី​ប៉េ​រូ ក៏​ត្រូវបាន​ទម្លាក់​ពី​តំណែង

    ក្រោយ​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច​ ប្រធានាធិបតី​ប៉េ​រូ ក៏​ត្រូវបាន​ទម្លាក់​ពី​តំណែង

    ប្រធានាធិបតី​រ​ប្រទេស​ប៉េ​រូ លោក Pedro Castillo ត្រូវបាន​សភា​ទម្លាក់​ពី​តំណែង ហើយ​ក្រោយមក​ប៉ូលិស​ក៏បាន​បង្ហោះ​រូបថត​លោក​អង្គុយ​នៅក្នុង​ប៉ុស្ដិ៍ ប៉ុន្តែ​មិន​ទាន់​ដឹងថា ត្រូវបាន​ចាប់ខ្លួន ឬ​យ៉ាងណា​នៅឡើយ។

    សភា​ប៉េ​រូ បានអនុម័ត​លើ​ការសម្រេចចិត្ត​ទម្លាក់​ប្រធានាធិបតី Pedro Castillo កាលពី​ថ្ងៃទី 07 ធ្នូ ដោយមាន​សន្លឹកឆ្នោត​គាំទ្រ 101 សំឡេង, ប្រឆាំង 6 សំឡេង និង អនុបវាទ 10 សំឡេង។ ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​លោក Castillo ចេញ​បញ្ជា​ឱ្យ​​រំសាយ​សភា នៅក្នុង​ការប៉ុនប៉ង​ក្ដោប​ក្ដាប់​អំ​ណាយ​មិនបាន​ជោគជ័យ។

    សភា​ប៉េ​រូ បន្ទាប់មក​ក៏បាន​ស្នើឱ្យ​អនុ​ប្រធានាធិបតី Dina Boluarte ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី នាំឱ្យ ប៉េ​រូ មាន​ប្រធានាធិបតី​ជា​ស្ត្រីភេទ​លើកដំបូង។ លោកស្រី​នឹង​កាន់តំណែង​នេះ​រហូតដល់​ឆ្នាំ 2026 និង​បាន​អំពាវនាវ​ឱ្យមាន​ការ​សាមគ្គី​គ្នា​ដើម្បី​ឆ្លង​ផុត​វិបត្តិ​បច្ចុប្បន្ន ព្រមទាំង​បាន​រិះគន់​ចំពោះ​បទបញ្ជា​របស់លោក Castillo ថា​ ជា «អំពើ​រដ្ឋប្រហារ» ផងដែរ។

    ប៉ូលិស​ប៉េ​រូ បាន​បង្ហោះ​រូបថត​លើ​បណ្ដាញ​សង្គម​បង្ហាញថា អតីត​ប្រធានាធិបតី Castillo អង្គុយ​អាន​កាសែត​នៅក្នុង​ប៉ុស្តិ៍​ប៉ូលិស ក្រោយ​ការបោះឆ្នោត​របស់​សភា ហើយ​ថា ពួកគេ​បាន «ធ្វើ​អន្តរាគមន៍» ដើម្បី​សម្រេច​ភារកិច្ច ប៉ុន្តែ មិនបាន​ឱ្យដឹងថា លោក Castillo ត្រូវបាន​ចាប់ខ្លួន ឬ​យ៉ាងណាទេ។ រូបថត​នេះ ក្រោយមក​ក៏ត្រូវ​បាន​លុប​ចេញពី​គណនី Twitter របស់​ប៉ូលិស​ជាតិ។

    អតីត​ប្រធានាធិបតី​ប៉េរូ លោក Pedro-Castillo (អាវខៀវ)

    រដ្ឋមន្ត្រី​ជាច្រើនរូប​បាន​លាលែង​ពី​តំណែង បន្ទាប់ពី​លោក Casitillo ចេញ​បញ្ជា​ឱ្យ​រំសាយ​សភាជាតិ ខណៈដែល​កងទ័ព និង​ប៉ូលិស​របស់ ប្រទេស​ប៉េ​រូ ព្រមាន​ថា ទង្វើ​របស់លោក Casitillo គឺជា​ការបំពាន​រដ្ឋធម្មនុញ្ញ។

    បាតុកម្ម​មួយចំនួន​បានកើត​ឡើង​នៅ ប៉េ​រូ ក្រោយពី​ការបោះឆ្នោត​នៅ​សភា។ មនុស្ស​រាប់សិប​នាក់​គ្រវីទង់ជាតិ​នៅតាម​ដងផ្លូវ​ក្នុង រដ្ឋធានី​លី​ម៉ា ដើម្បី​អបអរ​ការចាកចេញរ​ប​ស់លោក Casitillo ក្នុង​គ្រា​ដែល​ក្រុមគាំទ្រ​អតីត​ប្រធានាធិបតី ក៏​ហែ​ក្បួន​ដើម្បី​ប្រឆាំងនឹង​ការសម្រេច​របស់​សភា។

    របង​បន្លា​លួស និង​ប៉ូលិស​ប្រឆាំង​កុបកម្ម​រាប់សិប​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅ​ជុំវិញ​តំបន់​អគារ​រដ្ឋាភិបាល និង​សភា​ប៉េ​រូ។

    លោក Casitillo អតីត​គ្រូបង្រៀន​នៅ​ជនបទ បាន​រង​ការរិះគន់​មិន​ឈប់ឈរ ចាប់តាំងពី​បានក្លាយ​ជា​ប្រធានាធិបតី​របស់ ប៉េ​រូ ក្រោយ​ការបោះឆ្នោត​កាលពី​ឆ្នាំ​កន្លង។ លោក​បាន​កាន់តំណែង​តាំងពី​ខែកក្កដា 2021 និង​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​​ពីរលើក ហើយក៏​ជា​បុគ្គល​ដែល​ស្ថិតក្រោម​ការស៊ើបអង្កេត​ចំនួន 6 ករណី​ផងដែរ។

    លោកស្រី Dina Boluarte

    រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ប៉េ​រូ កាលពី​ខែ​កន្លង បានដាក់​ពាក្យ​ប្ដឹង​ចោទប្រកាន់ថា លោក Castillo គឺជា​មេដឹកនាំ​ក្រុម​ជនល្មើស​ទាក់ទង​នឹង​គ្រួសារ និង​សម្ព័ន្ធមិត្ត​របស់គាត់។ អតីត​ប្រធានាធិបតី Castillo បាន​បដិសេធ​ការចោទប្រកាន់​នេះ និង​និយាយថា រូបគាត់​គឺជា​ជនរងគ្រោះ​នៅក្នុង​យុទ្ធនាការ​ទម្លាក់​តំណែង​របស់​សភា៕

  • Messi និង Ronaldo មាន​ភាពខុសគ្នា​ឆ្ងាយ​នៅ​រដូវ​កាល World Cup 2022

    Messi និង Ronaldo មាន​ភាពខុសគ្នា​ឆ្ងាយ​នៅ​រដូវ​កាល World Cup 2022

    នៅ កាតា Lionel Messi ប្រៀបបាន​ទៅនឹង «ព្រះ​ចន្ទ​ពេញបូណ៌មី» ក្នុង​អាជីព នៅ World Cup ខណៈដែល Cristiano Ronaldo កាន់តែ​ដូច​ទៅនឹង «ព្រះ​ចន្ទ 15 កើត​ដែល​ត្រូវ​ពពក​បាំង»។

    កំពូល​កីឡាករ Messi និង Ronaldo ដែល «រត់ប្រណាំង​ទន្ទឹមគ្នា» អស់​រយៈពេល​ជាង 10 ឆ្នាំ​មកហើយ​នេះ សុទ្ធតែ​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ដណ្ដើម​យកពាន​រង្វាន់​ជើងឯក World Cup 2022។ ក៏ប៉ុន្តែ Messi និង Ronaldo បង្ហាញ​អំណាច​ផ្ទុយគ្នា​ចាប់តាំងពី​ដើមរដូវ​កាល។

    Messi គឺជា​ប្រភព​ជំរុញ​ទឹកចិត្ត​ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ឡើងដល់​វគ្គ 1/8 នៅ World Cup 2022។ នៅ​វគ្គ​ចែក​ពូ​ល កំពូល​តារាបាល់ទាត់​វ័យ 35 Messi រកបាន 2 គ្រាប់ ក្នុងនោះ 1 គ្រាប់​នៅក្នុង​ការប្រកួត​ចាញ់ អា​រ៉ា​ប៊ី​សា​អូឌីត 1-2 និង 1 គ្រាប់​ក្នុងការ​ប្រកួត​ឈ្នះ ម៉ិ​ក​ស៊ិ​ក 2-0។ ក្នុង​វគ្គ 1/8 ពេល​ប៉ះ អូស្ត្រាលី Messi ក៏​បន្ត​រកបាន 1 គ្រាប់​ទៀត ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ឈ្នះ 2-1។

    កំពូល​កីឡាករ Messi

    ទំព័រ WhoScored បានដាក់​ពិន្ទុ​ឱ្យ Messi 7.39 ពិន្ទុ ក្នុងការ​ប្រួត​ជាមួយ អា​រ៉ា​ប៊ី​សា​អូឌីត ហើយ 8.4, 8.18 និង 8.15 ពិន្ទុ​សម្រាប់ 3 ប្រកួត​បន្តបន្ទាប់​ទៀត។ ជា​មធ្យម ពិន្ទុ​របស់​ប្រធាន​ក្រុម​អា​ហ្ស​ង់​ទីន គឺ 7.94។

    ចំណែក Ronaldo របស់ ព័រទុយហ្កាល់ វិញ ទើប​រកបាន 1 គ្រាប់ ក្នុងការ​ប្រកួត​ឈ្នះ ហ្កា​ណា 3-2។ ខ្សែប្រយុទ្ធ​វ័យ 37 ឆ្នាំ​រូបនេះ ថែមទាំង​ធ្វើឱ្យមាន​ភាពចម្រូងចម្រាស​នៅពេល​ទាមទារ​គ្រាប់​បាល់​ឈ្នះ​របស់ Bruno Fernandes ក្នុងការ​ប្រកួត​ឈ្នះ អ៊ុយ​រូ​ហ្កា​យ ក្នុង​ជុំ​ទី​ពីរ។ ក្រុមហ៊ុន Adidas ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ជាក់ថា បាល់​មិនបាន​ប៉ះ Ronaldo ហើយ​គណៈកម្មការ​ក៏បាន​យក​គ្រាប់​បាល់​នេះ​ឱ្យ Fernandes។

    ក្រោយមក Ronaldo ក៏បាន​បង្ហាញ​ការខឹង​សម្បា នៅពេល​ត្រូវបាន​គ្រូបង្វឹក​ប្ដូរ​ចេញ​តាំងពី​ដើមតង់​ទី​ពីរ​ពេល​ប៉ះ កូរ៉េខាងត្បូង នាំឱ្យ​លោក Fernando Santos មិន​ពេញចិត្ត។ មកដល់​ការប្រកួត​ឈ្នះ ស្វ៊ី​ស 6-1 ក្នុង​វគ្គ 1/8 Ronaldo ត្រូវបាន​ដាក់​ជា​កីឡាករ​បម្រុង ហើយ Goncalo Ramos ត្រូវ​ទាត់​ជំនួស និង​បង្កើតបាន hat-trick (រកបាន 3 គ្រាប់​ក្នុង 1 ប្រកួត) ជា​លើកដំបូង​របស់ World Cup 2022។

    Ronaldo ក្លាយ​ជា​កីឡាករ​បម្រុង​ជាលើក​ដំបូង​

    ទំព័រ Whoscored បានដាក់​ពិន្ទុ​ឱ្យ Ronaldo 7.36 ពិន្ទុ នៅក្នុង​ការប្រកួត​ជាមួយ ហ្កា​ណា និង​ការប្រកួត​បន្តបន្ទាប់​ទៀត​គឺ 6.63, 5.11 និង 6.07 ពិន្ទុ ធ្វើឱ្យ​ពិន្ទុ​មធ្យម​របស់​ខ្សែប្រយុទ្ធ ព័រទុយហ្កាល់ នេះ បានត្រឹមតែ 6.29 ពិន្ទុ។

    មិន​ត្រឹមតែ​ពិន្ទុ​នោះទេ សារព័ត៌មាន​របស់ អង់គ្លេស Sunsport ក៏បាន​បញ្ចេញ​ស្ថិតិ​ជំនាញ​បង្ហាញ​អំពី​ភាព​ផ្ទុយគ្នា​ទាក់ទង​នឹង​កម្លាំង​របស់ Messi និង Ronaldo ផងដែរ។ ជាក់ស្ដែង Messi ស៊ុត​ចំ​គោលដៅ 10 គ្រាប់, បង្កើត​ឱ​កា​ស៊ុត 13 លើក, បញ្ជូន​បាល់ 209 គ្រាប់, បង្កកំហុស 4 លើក, រកបាន 3 គ្រាប់ និង​បង្ក​ឱកាស​ស៊ុត​បញ្ចូល​ទី​បាន 1 គ្រាប់ នៅក្នុង 4 ប្រកួត​កន្លង។

    ចំណែក​ស្ថិតិ​សម្រាប់ Ronaldo វិញ​គឺ ស៊ុត​ចំ​គោលដៅ 2 គ្រាប់, បង្ក​ឱកាស​ស៊ុត 3 លើក, បញ្ជូន​បាល់ 81 លើក, បង្កកំហុស 2 លើក, រកបាន 1 គ្រាប់ និង​មិនទាន់មាន​ការបង្ក​ឱកាស​ដែល​បាន​ស៊ុត​បញ្ចូល​ទី​នៅឡើយ៕

  • អាជ្ញាធរ​ថៃ «ប្រកាសសង្គ្រាម» ជាមួយនឹង​សាច់ជ្រូក​នាំចូល​ខុសច្បាប់​ពី​បរទេស

    អាជ្ញាធរ​ថៃ «ប្រកាសសង្គ្រាម» ជាមួយនឹង​សាច់ជ្រូក​នាំចូល​ខុសច្បាប់​ពី​បរទេស

    ប្រទេស​ថៃ បាន​ព្រមាន​ថា អ្នក​ទាំងឡាយណា​ដែល​ត្រូវ​ចាប់បាន​ភស្ដុតាង​ទាក់ទិន​នឹង​ការ​នាំចូល​សាច់ជ្រូក​ខុសច្បាប់ នឹងត្រូវ​ប្រឈម​នឹង​ការពិន័យ​ធ្ងន់ធ្ងរ​ទៅតាម​ច្បាប់​របស់​ប្រទេស​នេះ។

    នាយកដ្ឋាន​អភិវឌ្ឍ​វិស័យ​ចិញ្ចឹមសត្វ​នៃ​ក្រសួងកសិកម្ម និង​សហករណ៍​ថៃ ទើបតែ​បានប្រកាស​ជំរុញ​ការចាត់វិធានការ​ទប់ស្កាត់​អំពើ​នាំចូល​សាច់ជ្រូក​ខុសច្បាប់​ពី​បរទេស ដែល​បង្ក​ការខាតបង់​ដល់​កសិករ និង​អ្នកប្រើប្រាស់​ក្នុងប្រទេសនេះ។

    ប្រកាស​របស់ នាយកដ្ឋាន​អភិវឌ្ឍ​វិស័យ​ចិញ្ចឹមសត្វ​នៃ​ក្រសួងកសិកម្ម​ថៃ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ខែ​មុន អាជ្ញាធរ​ថៃ បាន​រកឃើញ និង​រឹបអូស​សាច់ជ្រូក​ខុសច្បាប់ 40 តោន ដែល​នាំចូល​ពី​បណ្ដា​ប្រទេសជិតខាង។

    លោក Somchuan Ratanamungklanon ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​វិស័យ​ចិញ្ចឹមសត្វ បានឱ្យដឹងថា ស្ទើរតែ​ទាំង​អស់នៃ​សាច់ជ្រូក​នាំចូល​ខុសច្បាប់ សុទ្ធតែ​ត្រូវបាន​ដឹក​តាម​កប៉ាល់​កុងតឺន័រ ហើយ​នាយកដ្ឋាន​គយ អាច​ត្រួតពិនិត្យបាន​តែមួយ​ភាគ​តូច​ប៉ុណ្ណោះ។

    ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​វិស័យ​ចិញ្ចឹមសត្វ​ថៃ បាន​ព្រមាន​ថា អ្នក​ទាំងឡាយណា​ដែល​ត្រូវ​ចាប់បាន​ភស្ដុតាង​ទាក់ទិន​នឹង​ការ​នាំចូល​សាច់ជ្រូក​ខុសច្បាប់ នឹងត្រូវ​ប្រឈម​នឹង​ការពិន័យ​ធ្ងន់ធ្ងរ​ទៅតាម​ច្បាប់​ស្ដីពី​ជំងឺ​រាតត្បាត​លើ​សត្វ​ចិញ្ចឹម​របស់​ប្រទេស​នេះ។ ទំនិញ​ដែល​ត្រូវបាន​រឹបអូស​នឹងត្រូវ​កម្ទេច​ចោល ខណៈ​ម្ចាស់​ទំនិញ​នឹងត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​តាមច្បាប់​ព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី៕

  • ក្រុម​ហ៊ុន​ GM សម្ពោធ​រោងចក្រ​ធំ​ដំបូងនៅ​ កាណាដា ​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ដឹក​ទំនិញ

    ក្រុម​ហ៊ុន​ GM សម្ពោធ​រោងចក្រ​ធំ​ដំបូងនៅ​ កាណាដា ​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ដឹក​ទំនិញ

    ក្រុមហ៊ុន​ផលិត​រថយន្ត​អាម៉េរិក General Motors (GM) បាន​សម្ពោធ​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ទ្រង់ទ្រាយ​ធំ​ដំបូង​នៅ ប្រទេស​កាណាដា កាលពី​ថ្ងៃទី 05 ធ្នូ​កន្លងទៅ ក្រោម​អធិបតីភាព នាយករដ្ឋមន្ត្រី Justin Trudeau។

    រោងចក្រ​ដំឡើងរថយន្ត​ដែល​​មាន​ទីតាំង​នៅក្នុង​តំបន់ Ingersoll ខេត្ត Ontario នេះ ទទួលបាន​ទុនវិនិយោគ​ប្រហែល 380 លាន​ដុល្លារ​អាម៉េរិក ពី​រដ្ឋាភិបាល និង​ខេត្ត Ontario។ នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​រថយន្ត​អគ្គិសនី​ធំ​របស់ កាណាដា ដែល​រួមមាន​ទាំង​ការរុករក​រ៉ែ​លី​ចូ​ម​សម្រាប់​ការផលិត​ថ្ម​ផ្ទុក​ថាមពល​ដើម្បី​ផ្គត់​ផ្គត់​ដល់​រថយន្ត​អគ្គិសនី​នៅ អាម៉េរិក​ខាងជើង។

    នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau ថ្លែង​កាល​ពី​ថ្ងៃទី 05 ធ្នូ​ថា «ថ្ងៃនេះ យើង​នឹង​សម្ពោធ​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ទ្រង់ទ្រាយ​ធំ​ដំបូង​នៅ កាណាដា»។ ចំណែក​ប្រធាន​ក្រុមហ៊ុន GM កាណាដា អ្នកស្រី Marissa West បាន​និយាយថា «អនាគត​របស់​រថយន្ត​អគ្គិសនី​នៅ កាណាដា លែង​នៅ​ជា​គម្រោង​មួយ​ដែល​នៅ​ឆ្ងាយ​ទៀតហើយ»។

    រថយន្តអគ្គិសនីប្រភេទដឹកទំនិញ BrightDrop Zevo 600

    រោងចក្រ​ខាងលើនេះ​នឹង​ផលិត​រថយន្ត​អគ្គិសនី​ប្រភេទ​ដឹកទំនិញ​ដែលមាន​ឈ្មោះថា BrightDrop Zevo 600។ GM បានកំណត់​គោលដៅ​ផលិត​រថយន្ត​ប្រភេទ​នេះ​ឱ្យបាន 50,000 គ្រឿង​ជា​រៀងរាល់ឆ្នាំ​ចាប់ពី​ឆ្នាំ 2025។ ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​របស់ អាល្លឺម៉ង់ DHL Express គឺជា​អតិថិជននៅ ​កាណាដា ​ដំបូង​ដែល​បាន​បញ្ជា​ទិញ​រថយន្ត​ដឹកទំនិញ BrightDrop៕

  • (World Cup 2022) – ការតាមរក​ទិញ​សំបុត្រ​ក្នុង​ផ្សារងងឹត​ដើម្បី​ចូល​ទស្សនា

    (World Cup 2022) – ការតាមរក​ទិញ​សំបុត្រ​ក្នុង​ផ្សារងងឹត​ដើម្បី​ចូល​ទស្សនា

    Ashraf Ali ទៅដល់​កីឡដ្ឋាន 974 រយៈពេល 6 ម៉ោង មុនពេល​បាល់​ចាប់ផ្ដើម​រមៀល​ក្នុងការ​ប្រកួត​រវាង អា​ហ្ស​ង់​ទីន និង ប៉ូឡូញ កាលពី​យប់​ថ្ងៃទី 30 វិច្ឆិកា ប៉ុន្តែ អស់សង្ឃឹម ដោយសារតែ​មិនអាច​ទិញ​បាន​សំបុត្រ​ចូល​ទស្សនា ហើយក៏​បាន​លើក​បដា​សរសេរ​ដោយ​ដៃ​ថា «ខ្ញុំ​ត្រូវការ​សំបុត្រ»។

    មនុស្ស​ម្នាក់ ក្រោយមក​ក៏បាន​ចូលមក​ក្បែរ និង​ស្នើ​លក់​សំបុត្រ​មួយ​សន្លឹក​ឱ្យ Ali ក្នុងតម្លៃ 2,000 ដុល្លារ​អាម៉េរិក ខ្ពស់ជាង 9 ដង ធៀប​នឹង​តម្លៃ​ដើម។ តម្លៃ​នេះ​ខ្ពស់​ខ្លាំងណាស់​សម្រាប់​អ្នក​គាំ​ទ្រ​វ័យ 30 ឆ្នាំ មកពី អេ​ហ្ស៊ី​ប ដើម្បី​បំពេញ​ក្ដី​ស្រមៃ​ក្នុងការ​ទស្សនាការ​ប្រកួត​របស់ Lionel Messi ដោយផ្ទាល់។

    30 នាទី​មុន​ការប្រកួត​ចាប់ផ្ដើម Ali ទិញ​បាន​សំបុត្រ​មួយ​ក្នុងតម្លៃ 500 ដុល្លារ​អាម៉េរិក ដើម្បី​ចូលទៅ​កាន់​កីឡដ្ឋាន ហើយ​ក៏បាន​ទស្សនា ក្រុម​អា​ហ្ស​ង់​ទីន ឈ្នះ ប៉ូឡូញ 2-0។

    នៅពេល World Cup 2022 ឈានចូល​ដល់​វគ្គ​ជម្រុះ​ផ្ទាល់​ដែល​ប្រកបដោយ​ភាព​តានតឹង អ្នកគាំទ្រ​ក៏​ប្រមូល​ផ្ដុំគ្នា​កាន់តែច្រើន​នៅ​ខាងក្រៅ​កីឡដ្ឋាន​នានា​នៅ ដូ​ហា ប្រទេស​កាតា ដើម្បី​តថ្លៃ​សំបុត្រ​ជាមួយ​ក្រុម​អ្នកជួញដូរ​សំបុត្រ។ តម្លៃ​សំបុត្រ​សម្រាប់​ទស្សនាការ​ប្រកួត​វគ្គសំខាន់ៗអាច​ត្រូវបាន​ដំឡើង​ខ្ពស់ជាង​ធម្មតា 10 ដង។

    ក្រុម​ឈ្មួញ​សំបុត្រ​ហាក់​មិន​ខ្លា​ច​ក្រែង​ចំពោះ​សមត្ថកិច្ច​ដែល​ដើរល្បាត ក៏ដូចជា​កាមេរ៉ា​សុវត្ថិភាព និង​ច្បាប់​ហាម​លក់​សំបុត្រ​ក្នុង​ទីផ្សារងងឹត​នៅ កាតា។ «ទីផ្សារងងឹត​កំពុង​តែមាន​រូបរាង» ឈ្មួញ​សំបុត្រ​ម្នាក់​មកពី ប្រទេស​បារាំង និយាយ​ដូច្នេះ ហើយ​ថា ការងារ​នេះ​ជួយ​ឱ្យ​គាត់​រកបាន​ប្រាក់​ដើម្បី​មើល​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ។

    បុរស​ម្នាក់​កាន់​បដា «ខ្ញុំ​ត្រូវ​ការ​សំបុត្រ​មួយ» មុន​ការ​ប្រកួត​​កាល​ពី​ថ្ងៃទី 30 វិច្ឆិកា 2022

    បុរស​ខាងលើ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹងថា គាត់​លក់​សំបុត្រ​នេះ​ទៅវិញ​ក្នុងតម្លៃ​ខ្ពស់ជាង​​ធម្មតា​ 1,000% សម្រាប់ «អ្នកគាំទ្រ​ដែល​ខ្លាំងក្លា​បំផុត» នៅក្នុង​ការប្រកួត​ដែលមាន​កំពូល​តារាបាល់ទាត់​ដូចជា Messi ឬ Ronaldo ជាដើម។

    World Cup 2022 បាន និង​កំពុង​ទាក់ទាញ​ឈ្មួញ​សំបុត្រ​ជំនាញ​មកពី​ជុំវិញ​ពិភពលោក។ អ្នកគាំទ្រ​ប្រហែល 20 នាក់​បាន​បង្ហើប​ប្រាប់ Reuters ថា ពួក​បាន​ទិញ ឬ​បាន​ព្យាយាម​ទិញ​សំបុត្រ​នៅក្នុង​ផ្សារងងឹត​តាមរយៈ​បណ្ដាញ​សង្គម ឬ​ខាងក្រៅ​កីឡដ្ឋាន។

    កាលពី​សប្ដាហ៍​កន្លង គណៈកម្មការ World Cup បាន​អំពាវនាវ​ដល់​ក្រុម​អ្នកគាំទ្រ​ថា អ្នក​ដែល​មិនមាន​សំបុត្រ កុំមក​កាន់​កីឡដ្ឋាន បន្ទាប់ពី​មាន​ករណី​​ហ្វូងមនុស្ស​ព្យាយាម​ចូលទៅ​ខាងក្នុង​ដោយការ​ «ជែក» នៅក្នុង​ការប្រកួត​មួយចំនួន។

    កន្លែង​លក់​សំបុត្រ​ផ្លូវការនៅ World Cup 2022

    ចំណែក​អ្នកការទូត​ម្នាក់​មកពី អាម៉េរិក​ឡាទីន បាន​និយាយថា អាជ្ញាធរ​នៅ កាតា មិនបាន​ចាត់ការ​ឱ្យបាន​តឹងរឹង​ចំពោះ​សកម្មភាព​លក់​សំបុត្រ​ក្នុង​ផ្សារងងឹត ហើយ​ករណី​ភាគច្រើន​ត្រូវបាន​ដាក់ទោស​ត្រឹមតែ​ការពិន័យ​ជា​ប្រាក់។ ស្ថានទូត​បរទេស​នានា​នៅ កាតា មិនទាន់បាន​ទទួលដំណឹង​ណាមួយ​ស្ដីពី​ការបណ្ដេញ​ជនល្មើស​ចេញពី​ប្រទេស​ដោយសារ​ទង្វើ​ជួញដូរ​សំបុត្រ​នេះ​នៅឡើយ៕

  • ឱសថ​អភិវឌ្ឍ​ពី​ «លាមក​មនុស្ស» ទទួលបាន​ការអនុម័ត​ឱ្យប្រើ​ប្រាស់​ពី សហរដ្ឋ​អាម៉េរិក

    ឱសថ​អភិវឌ្ឍ​ពី​ «លាមក​មនុស្ស» ទទួលបាន​ការអនុម័ត​ឱ្យប្រើ​ប្រាស់​ពី សហរដ្ឋ​អាម៉េរិក

    FDA បានអនុម័ត​ចំពោះ​វិធី​ព្យាបាល​ដែល​ដាក់បញ្ចូល​បាក់តេរី​យក​ពី​លាមក​មនុស្ស ដើម្បី​ព្យាបាល​ជំងឺ​ពោះវៀន ជួយ​ទប់ស្កាត់​ករណី​ស្លាប់​ដោយសារ​កើត​ជំងឺ​ធ្ងន់​ព្រោះតែ​ឆ្លង​មេរោគ។

    ឱសថ​ដែល​រៀបរាប់​ខាងលើ​មាន​ឈ្មោះថា Rebyota ជា​ប្រភេទ​រាវ និង​ល្អក់ មាន​ផ្ទុក​បាក់តេរី​ពោះវៀន​ដែល​យក​ពី​លាមក​របស់​អ្នក​បរិច្ចាគ​ដែលមាន​សុខភាព​ល្អ។

    ឱសថ Rebyota ទទួលបាន​ការយល់ព្រម​ឱ្យប្រើ​ប្រាស់​សម្រាប់​ការព្យាបាល​អ្នកជំងឺ​ដែលមាន​អាយុ​ចាប់ពី 18 ឆ្នាំ​ឡើងទៅ ជា​អ្នក​ដែល​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ពី​ការឆ្លង​មេរោគ​ក្នុង​ពោះវៀន ប៉ុន្តែ​អាច​កើត​ជំងឺ​នេះ​ឡើងវិញ ដោយសារ​បាក់តេរី Clostridioides difficile ឬ​ហៅថា C. diff។

    បាក់តេរី​ប្រភេទ​នេះ​អាច​ចូលទៅ​គ្រប់គ្រង​ពោះវៀន បើសិន​ប្រព័ន្ធ​បាក់តេរី​ល្អ​ត្រូវបាន​បំផ្លាញ (ដោយសារតែ​ថ្នាំ​រម្ងាប់​មេរោគ​ជាដើម)។ នៅពេល​បាក់តេរី C. diff កើនឡើង​ច្រើន ពួកវា​នឹង​បញ្ចេញ​សារធាតុពុល បង្កឱ្យមាន​អាការ​រាករូស ឈឺពោះ ក្ដៅខ្លួន និង​រលាក​ពោះវៀនធំ។

    យោងតាម អាជ្ញាធរ​គ្រប់គ្រង​អាហារ និង​ឱសថ (FDA) របស់ សហរដ្ឋ​អាម៉េរិក បាក់តេរី C. diff ជួល​កាល​អាច​បណ្ដាលឱ្យមាន​ជំងឺ​ខ្សោយ​សរីរាង្គ​ខាងក្នុង និង​អាច​បាត់​បង់ជីវិត។ នៅ សហរដ្ឋ​អាម៉េរិក ជា​រៀងរាល់​ឆ្នាំមាន​មនុស្ស​ពី 15,000 ទៅ 30,000 នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ដែល​ទាក់ទង​នឹង​បាក់តេរី C. diff នេះ។

    បាក់តេរី clostridium difficile

    គ្រប់គ្នា​អាច​កើត​ជំងឺ​ជាថ្មី​ច្រើនលើក​ដែល​ទាក់ទង​នឹង C. diff ហើយ​ថ្នាំ​រម្ងាប់​មេរោគ​ក៏​មិនមែន​ពេលណា​ក៏មាន​ប្រសិទ្ធភាព​លើ​បាក់តេរី​ប្រភេទ​នេះដែរ តែ​ពេលខ្លះទៀត ថ្នាំ​រម្ងាប់​មេរោគ​អាច​បំផ្លាញ​ប្រព័ន្ធ​បាក់តេរី​ល្អ និង​ធ្វើឱ្យ​ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ។

    លោក ​Peter Marks ប្រធាន​មជ្ឈមណ្ឌល​វាយតម្លៃ និង​ស្រាវជ្រាវ​ជីវសាស្ត្រ​របស់ FDA ឱ្យដឹងថា «ការយល់ព្រម​សម្រាប់​ថ្នាំ Rebyota គឺជា​ជំហាន​មួយ​នៅក្នុង​ការថែទាំ​អ្នក​ដែលមាន​ជំងឺ​រើ​ឡើងវិញ​ដោយសារ​ឆ្លង C. difficile»។

    ដោយ​ការបញ្ចូល​ថ្នាំ​​ខាង​លើ​ទៅកាន់​តំបន់​ចុង​ពោះវៀនធំ (កន្លែង​ត​ភ្ជាប់​រវាង​ពោះវៀនធំ និង​រន្ធ​គូទ) របស់​អ្នកជំងឺ វេជ្ជបណ្ឌិត​អាច​កែលំអ​ប្រព័ន្ធ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​ផ្នែក​ខាងក្រោម ទប់ស្កាត់​ការកើត​ជំងឺ​នេះ​ជាថ្មី។ វិធី​ព្យាបាល​នេះ​ត្រូវបាន​ប្រើប្រាស់​បន្ទាប់ពី​អ្នកជំងឺ​បានបញ្ចប់​ការព្យាបាល​ដោយ​ថ្នាំ​រម្ងាប់​មេរោគ៕

  • ធនាគារពិភពលោក ថា «សេដ្ឋកិច្ចកម្ពុជា​កំពុង​ងើបឡើង​វិញ ប៉ុន្តែ​អាច​នៅ​ជួប​ឧបសគ្គ​ច្រើន​ទៀត»

    ធនាគារពិភពលោក ថា «សេដ្ឋកិច្ចកម្ពុជា​កំពុង​ងើបឡើង​វិញ ប៉ុន្តែ​អាច​នៅ​ជួប​ឧបសគ្គ​ច្រើន​ទៀត»

    សេដ្ឋកិច្ច​របស់ កម្ពុជា កំពុង​ងើបឡើង​វិញ​បានល្អ​បន្ទាប់ពី​ការផ្ទុះ​ជំងឺ​កូ​វីដ-19 ប៉ុន្តែ​កត្តា​អវិជ្ជមាន​នានា​ដែល​កំពុង​កើត​ឡើងលើ​សកលលោក អាច​បង្ក​ហានិភ័យ​ដល់​ទស្សនវិស័យ​វិជ្ជមាន​សម្រាប់​កំណើន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារពិភពលោក (WB) ចេញផ្សាយ​នៅ​ថ្ងៃទី 07 ធ្នូ​នេះ។

    របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ចកម្ពុជា សម្រាប់​ខែធ្នូ 2022 របស់ WB បានឱ្យដឹងថា ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ក្រោយ​សម័យ​កូ​វីដរ​បស់ កម្ពុជា ជាមួយនឹង​កំណើន 4.8% នៅ​ឆ្នាំ 2022 គឺ​មួយផ្នែក​អាស្រ័យទៅលើ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍។

    ឧស្សាហកម្ម​កាត់ដេរ ទំនិញ​ធ្វើដំណើរ និង​ការនាំចេញ​ស្បែកជើង​របស់ កម្ពុជា នៅ​រក្សាបាន​ភាពស្វិតស្វាញ​របស់ខ្លួន។ វិស័យ​សេវាកម្ម ជាពិសេស​ផ្នែក​ធ្វើដំណើរ និង​ទេសចរណ៍ មានដំណើរ​បាន ខណៈដែល​ភ្ញៀវ​អន្តរជាតិ​មកកាន់ កម្ពុជា បាន​កើន​ឡើងជា​លំដាប់ រហូតដល់​ទៅ 1.2 លាន​នាក់ ក្នុង​រយៈពេល 9 ខែ​ដំបូង​នៃ​ឆ្នាំ 2022 នេះ​បើតាម WB។ ធនាគារ​នេះ​បន្ថែមថា កំណើនសេដ្ឋកិច្ច​ក៏​កើនឡើង​ដោយសារ «ទំនុកចិត្ត​របស់​ធុរកិច្ច និង​អ្នកប្រើប្រាស់​បាន​កើនឡើង អមដោយ​ការកើនឡើង​នៃ​ការវិនិយោគ​ក្នុងប្រទេស និង​ពី​ក្រៅប្រទេស​ផងដែរ»។

    «កំណើនសេដ្ឋកិច្ច​របស់ កម្ពុជា នឹង​កើន 5.2% នៅ​ឆ្នាំ 2023 ព្រោះថា​កំណើន​នៃ​ការជួល​មនុស្ស​ធ្វើការ​នឹង​កាន់តែ​ជួយ​ដល់​ការកើនឡើង​នៃ​ការ​ទទួលទាន ការប្រើប្រាស់​ក្នុងស្រុក អមដោយ​ការធ្លាក់ចុះ​នៃ​អតិផរណា» ធនាគារពិភពលោក បាន​ព្យាករ​ដូច្នេះ។

    ក៏ប៉ុន្តែ WB អះអាងថា កម្ពុជា នៅ​ប្រឈមមុខ​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ​នៅឡើយ ដោយសារតែ​ការវិវត្ត​សភាពការណ៍​នៅក្រៅ​ប្រទេស ក្នុងនោះ ទស្សនវិស័យ​កំណើនសេដ្ឋកិច្ច​ពិភពលោក​នៅមាន​សភាព​អាប់អួរ។ កំណើន​ពាណិជ្ជកម្ម​សកល​បាន​ថយចុះ​នៅ​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ 2022 ហើយ​ត្រូវបាន​ព្យាករ​ថា នឹង​ថយចុះ​យ៉ាងខ្លាំង​នៅ​ឆ្នាំ 2023 ដែល​នេះ​នឹង​ប៉ះពាល់​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ ក្នុងនោះ​មាន កម្ពុជា ផងដែរ។

    យោងតាម WB វិស័យ​ផលិតកម្ម​របស់ កម្ពុជា ពឹង​ផ្អែកលើ​ទីផ្សារ​នាំចេញ​ដើម្បី​រីកចម្រើន ហើយ​វា​នឹងរង​ផលប៉ះពាល់​ជា​អវិជ្ជមាន​ខ្លាំង នៅពេល​កំណើនយឺតៗកាន់តែ​អូសបន្លាយ​ពេល​នៅ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ដែលជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់ កម្ពុជា។ ដូចគ្នានេះដែរ ការវិនិយោគ និង​លំហូរ​មូលធន​ទំនងជា​នឹង​ថយចុះ ដោយសារ​ការធ្លាក់ចុះ​បន្តិចម្តងៗនូវ​ទុន​ពី ប្រទេស​ចិន ដែលជា​ប្រភព​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​ធំ​បំផុត​របស់ កម្ពុជា គិត​មកទល់ពេលនេះ។

    នាយិកា​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ លោកស្រី ម៉ា​រៀម ស័​រ​មែន បាន​មានប្រសាសន៍ថា ដើម្បី​ការពារ​សេដ្ឋកិច្ច​ពី​ផល​ប៉ះទង្គិច​ដោយសារ​ការធ្លាក់​ចុះ​នៃ​តម្រូវការ​នៅក្រៅ​ប្រទេស កម្ពុជា​គួរ​ចាត់វិធានការ​ដើម្បី​ពង្រឹង​ជំហរ​សារពើពន្ធ​របស់ខ្លួន និង​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុងស្រុក ជាពិសេស​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​ដ៏​ទាក់ទាញ៕

  • ក្រសួងទេសចរណ៍ កំពុង​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ចាប់ពី​ថ្ងៃទី 09 ធ្នូ​ខាងមុខ

    ក្រសួងទេសចរណ៍ កំពុង​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ចាប់ពី​ថ្ងៃទី 09 ធ្នូ​ខាងមុខ

    ពិធីបុណ្យ​សមុទ្រ​ដែល​នឹង​ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 09 ដល់ 11 ធ្នូ​ខាងមុខ កំពុង​ត្រូវបាន ក្រសួងទេសចរណ៍​ត្រៀម​រៀបចំ ដើម្បី​អម​នឹង មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភពលោក។

    ក្រសួងទេសចរណ៍ សហការ​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ កំពុង​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ចាប់ពី​ថ្ងៃទី 09 ដល់ 11 ធ្នូ​ខាងមុខ ដើម្បី​អម​ជាមួយ​មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភពលោក ដែល​នឹង​ចាប់ផ្ដើម​ធ្វើឡើង​ពីថ្ងៃ​ទី 09 ដល់ 14 ធ្នូ 2022 នេះ​បើតាម ក្រសួងទេសចរណ៍​កម្ពុជា ឱ្យដឹង​នៅថ្ងៃនេះ។

    ដោយឡែក និយាយ​អំពី​ចំនួន​ទេសចរ​នៅ កម្ពុជា ក្នុង​ឆ្នាំ 2022 ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ក្នុង​រយៈពេល 11 ខែ​កន្លងទៅ​នៃ​ឆ្នាំ 2022 នេះ កម្ពុជា ទទួលបាន​ទេសចរ​ផ្ទៃក្នុង​ជាង 10 លាន​នាក់ ហើយ​បើតាម​ការប៉ាន់ស្មាន តួលេខ​នេះ​អាច​ឡើងដល់​ជិត 11 លាន​នាក់ នៅ​ពេញ​មួយឆ្នាំ 2022៕

  • ចំនួន​ករណី​ឆ្លង​ថ្មី​​នូវ​ជំងឺ​កូវីដ-19 នៅ​ កម្ពុជា ​មានជាង​ 10 នាក់​​​ក្នុង 24 ម៉ោង​​កន្លង

    ចំនួន​ករណី​ឆ្លង​ថ្មី​​នូវ​ជំងឺ​កូវីដ-19 នៅ​ កម្ពុជា ​មានជាង​ 10 នាក់​​​ក្នុង 24 ម៉ោង​​កន្លង

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មីនូវ​ជំងឺ​កូវីដ-19 ចំនួន 12 នាក់ និង​ជាសះស្បើយ 09 នាក់ ខណៈ​មិន​មាន​អ្នក​ស្លាប់ នៅ​ក្នុង​អំឡុង 24 ម៉ោង​នៃ​ថ្ងៃទី 06 ធ្នូ 2022។

    គិតត្រឹមព្រឹក ថ្ងៃទី 07 ខែធ្នូ 2022 កម្ពុជា មាន​អ្នកឆ្លងកូវីដ-19 សរុប 138,188 នាក់, អ្នកជាសះស្បើយ 135,044 នាក់ និង​​អ្នកស្លាប់​សរុប​ 3,056 នាក់។