Author: សឿន សំណាង

  • (World Cup 2022)- បេក្ខភាព​ជើងឯក​លំដាប់​ទីមួយ​ត្រូវបាន​ជម្រុះ ខណៈ អា​ហ្ស​ង់​ទីន ឆ្ពោះទៅកាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

    (World Cup 2022)- បេក្ខភាព​ជើងឯក​លំដាប់​ទីមួយ​ត្រូវបាន​ជម្រុះ ខណៈ អា​ហ្ស​ង់​ទីន ឆ្ពោះទៅកាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

    កាលពី​យប់​ថ្ងៃទី 09 ធ្នូ Lionel Messi រកបាន​គ្រាប់​បាល់ និង​បង្ក​បាន​ឱកាស ប៉ុន្តែ ការ​ស៊ុត​បញ្ចូល​ទី 2 គ្រាប់​របស់ Wout Weghorst ធ្វើឱ្យ អា​ហ្ស​ង់​ទីន និង ហូ​ឡង់ ត្រូវ​ទាត់​បាល់​ប៉េ​ណាំង​ទី ហើយ អា​ហ្ស​ង់​ទីន​ក៏​ឈ្នះ 4-3 និង​បាន​បន្តដំណើរ​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

    ចំណែក ប្រេ​ស៊ី​ល វិញ កាលពី​យប់​ថ្ងៃទី 09 ធ្នូ ក៏ត្រូវ​បាន ក្រូ​អាត ទម្លាក់​ចេញពី World Cup 2022 ដោយ​ចាញ់ 2-4 នៅក្នុង​ការទា​ត់បាល់​ប៉េ​ណាំង​ទី ក្រោយពី​ពួកគេ​រកបាន 1 គ្រាប់​ដូចគ្នា​ក្នុង​រយៈពេល 120 នាទី ក្នុងការ​ប្រកួត​នៅ​វគ្គ 1/8។

    ការធ្វើដំណើរ​នៅ World Cup 2022 របស់ ប្រេ​ស៊ី​ល បានបញ្ចប់​ដោយ​ការឈឺចាប់​នៅ​ចំពោះមុខ​គូប្រកួត​ដែល​ស័ក្ដិ​សមជា «ស្ដេច​ប៉េ​ណាំង​ទី»។ ក្រូ​អាត បានឈ្នះ​បន្តបន្ទាប់ 4 លើក​នៅក្នុង​ការ​ទាត់​ប៉េ​ណាំង​ទី​នៅ World Cup។

    ក្រុម​អាហ្សង់ទីន

    ការ​ចាញ់​របស់ ប្រេ​ស៊ី​ល នៅ World Cup លើក​នេះ គឺជា​រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​បំផុត ដោយសារ ប្រេ​ស៊ី​ល ថ្មីៗនេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​បេក្ខភាព​ទីមួយ​សម្រាប់​តំណែង​ជើងឯក World Cup 2022 ប៉ុន្តែ​បែរជា​ចាញ់​គូប្រកួត​ដែល​ត្រូវបាន​វាយតម្លៃ​ទាប​ទៅវិញ។

    ក្រោយ​ការប្រកួត​ចាញ់ ក្រូ​អាត គ្រូបង្វឹក​របស់ ប្រេ​ស៊ី​ល សុំ​លាឈប់​ពី​តំណែង។ ចំណែក Messi វិញ​ក៏បាន​បំបែក​កំណត់ត្រា​របស់ Pele នៅ World Cup បន្ទាប់ពី អា​ហ្ស​ង់​ទីន ឈ្នះ ហូ​ឡង់ កាលពី​យប់មិញ៕

  • មហាសេដ្ឋី​បារាំង បន្ត​ដណ្ដើមបាន​តំណែង​អ្នកមាន​ជាងគេ​លើ​លោក​ពី​ម្ចាស់ Tesla

    មហាសេដ្ឋី​បារាំង បន្ត​ដណ្ដើមបាន​តំណែង​អ្នកមាន​ជាងគេ​លើ​លោក​ពី​ម្ចាស់ Tesla

    ដោយមាន​សមត្ថភាព​ផ្នែក​ជំនួញ​ដ៏​អស្ចារ្យ​តែ​ពី​នៅ​ក្មេង បច្ចុប្បន្ន​មហាសេដ្ឋី​បារាំង Bernard Arnault គឺជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​លើ​ពិភពលោក ដោយ​ទើបតែ​ដណ្ដើមបាន​តំណែង​នេះ​កាលពី​ព្រឹក​មិញ។

    បង្កើតបាន​ក្រុមហ៊ុន LVMH ដ៏​ធំ​ដែលជា​អ្នកគ្រប់គ្រង​យីហោ​ប្រណិត Louis Vuitton, Tag Heuer, Christian Dior និង Celine។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 09 ធ្នូ 2022 មហាសេដ្ឋី Bernard Arnault និង​គ្រួសារ នាំមុខគេ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​ទៅតាម​ពេលវេលា​ជាក់ស្ដែងភ្លាមៗរបស់ Forbes ដោយមាន​ទ្រព្យ​តម្លៃ 186.6 ពាន់​លាន​ដុល្លារ​អាម៉េរិក។ ចំណែក​មហាសេដ្ឋី Elon Musk ដែលជា​ស្ថាបនិក​របស់ Tesla វិញ ឈរ​លំដាប់​ទី​ពីរ ដោយមាន​ទ្រព្យ​តម្លៃ 185 ពាន់​លាន​ដុល្លារ។

    ដោយមាន​សមត្ថភាព​ផ្នែក​ជំនួញ​ដ៏​អស្ចារ្យ​តែ​ពី​នៅ​ក្មេង មហាសេដ្ឋី​បារាំង Bernard Arnault បង្កើតបាន​ក្រុមហ៊ុន​ដ៏​ធំ LVMH ដែល​គ្រប់គ្រង​យីហោ​ផលិតផល​ប្រណិត Louis Vuitton, Tag Heuer, Christian Dior និង Celine។ លោក Bernard Arnault គឺជា​ប្រធាន និង​នាយក​ប្រតិបត្តិ​របស់ LVMH។

    តារាង​ចំណាត់​ថ្នាក់​មហា​សេដ្ឋី

    លោក Bernard Arnault កើត​ឆ្នាំ 1949 នៅក្នុង​គ្រសារ​ធូរធារ​មួយ​ដែល​ប្រកប​មុខ​ជំនួញ​នៅ Roubaix ប្រទេស​បារាំង។ ឪពុក​របស់គាត់​មាន​ក្រុមហ៊ុន​សំណង់ Ferret-Savinel ចំណែក​ម្ដាយ​គឺជា​អ្នក​ចូលចិត្ត​សម្លៀកបំពាក់​ប្រណិត​របស់ Dior។

    តាំងពី​នៅ​ក្មេង Bernard Arnault បានបង្ហាញ​នូវ​សមត្ថភាព​រកស៊ី​ដែល​គួរឱ្យ​កោតសរសើរ។ សមត្ថភាព​ផ្ទាល់ខ្លួន បូក​នឹង​ការសិក្សា រួម​នឹង​ការទទួលបាន​បទពិសោធ​ន៍​ពី​ឪពុក​ទៀត​នោះ លោក Bernard Arnault ក៏​ចេះតែ​ទទួលបាន​ជោគជ័យ​នៅក្នុង​មុខ​ជំនួញ៕

  • តារាចម្រៀង​កូរ៉េខាងត្បូង នឹង​ហោះ​ទៅកាន់​អវកាស​ជាមួយ​មហាសេដ្ឋី​ជប៉ុន

    តារាចម្រៀង​កូរ៉េខាងត្បូង នឹង​ហោះ​ទៅកាន់​អវកាស​ជាមួយ​មហាសេដ្ឋី​ជប៉ុន

    មហាសេដ្ឋី Yusaku Maezawa កាលពី​ថ្ងៃទី 08 ធ្នូ បានប្រកាស​ឈ្មោះ​សមាជិក​ក្រុម​ហោះហើរ 8 នាក់ ក្នុងនោះ​មាន​ទាំង​តារាចម្រៀង​រ៉ែ​ប T.O.P របស់​ក្រុម Big Bang ផងដែរ ដែល​នឹង​រួម​ដំណើរ​ជាមួយ​គាត់ ហោះ​ទៅ​គោចរ​ជុំវិញ​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2023។

    គម្រោង​ដំណើរ​ទេសចរណ៍​ជុំវិញ​ឋាន​ព្រះ​ចន្ទ​របស់ Maezawa ដែលមាន​ឈ្មោះថា DearMoon ត្រូវបាន​ប្រកាស​ជា​លើកដំបូង​កាលពី​ឆ្នាំ 2018 និង​យក​សិល្បករ​ជា​ចំណុចកណ្ដាល។ ដំបូង មហាសេដ្ឋី​ជប៉ុន គ្រោង​អញ្ជើញ​មនុស្ស​ដែល​គាត់​ចង់​ធ្វើដំណើរ​ជាមួយ ប៉ុន្តែ​ក្រោយមក​ក៏បាន​ប្ដូរផ្លាស់​ទៅជា​ការប្រកួតប្រជែង​មួយ​ដែល​បេក្ខជន​អាច​ចុះឈ្មោះ​តាម​អន​ឡាញ។ Maezawa នឹង​ចេញថ្លៃ​ទាំងស្រុង​សម្រាប់​ក្រុម​ហោះហើរ​នេះ។

    បេក្ខជន​ទាំង 8 នាក់​ដែល​ត្រូវបាន​ជ្រើសរើស​រួមមាន DJ និង​ជា​អ្នក​ផលិត​ចម្រៀង​រាំ​អេ​ឡិច​ត្រូ​និ​ច Steve Aoki របស់ សហរដ្ឋ​អាម៉េរិក, Youtuber ជនជាតិ​អាម៉េរិក Tim Dodd, សិល្បករ និងអ្នក​​បង្កើត​ក្បាច់​រាំ​ជនជាតិ​ឆែក Yemi AD, ជាង​ថតរូប​ជនជាតិ​អ​អៀរ​ឡង់ Rhiannon Adam, ជាង​ថតរូប​ជនជាតិ​អង់គ្លេស Karim Iliya, ផលិតករ​ភាពយន្ត​ជនជាតិ​អាម៉េរិក Brendan Hall, តារា​សម្ដែង​ជនជាតិ​ឥណ្ឌា Dev Joshi និង​តារាចម្រៀង​រ៉ែ​ប T.O.P របស់​ក្រុម​ចម្រៀង​កូរ៉េខាងត្បូង Big Bang។

    យោងតាម​ទិន្នន័យ​លើ​ទំព័រ DearMoon ដំណើរ​ហោះហើរ​តាម​យានអវកាស Starship ដែល​កំពុង​ត្រូវបាន​អភិវឌ្ឍ​របស់ SpaceX នេះ នឹង​អូស​បន្លាយពេល​ជិត 6 ថ្ងៃ និង​គោចរ​ជុំវិញ​ព្រះ​ចន្ទ ដោយ​មិន​មានការ​ចុះចត។ នៅពេល​ផលិត​រួចរាល់ Starship នឹង​ក្លាយជា​រ៉ុក្កែត​ដែលមាន​កម្លាំង​ខ្លាំង​បំផុត​នៅលើ​ពិភពលោក។

    កាលពី​ខែធ្នូ​ឆ្នាំ​កន្លង មហាសេដ្ឋី​ជប៉ុន Maezawa ស្ថាបនិក​របស់​មជ្ឈមណ្ឌល​ទិញដូរ​សម្លៀកបំពាក់​អន​ឡាញ​ធំ​បំផុត​នៅ ជប៉ុន បាន​ហោះ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ ក្នុង​រយៈពេល​ខ្លី ជាមួយនឹង​អ្នក​ផលិត​វីដេអូ​របស់គាត់​គឺ Yozo Hirano រួម​នឹង​​ក្រុម​អវកាស​ចរ​ជនជាតិ​រុស្ស៊ី តាម​រយៈ​​យានអវកាស Soyuz។ ថ្លៃ​សម្រាប់​ដំណើរ​ហោះហើរ​នេះ​គឺ​ប្រហែល 73 លាន​ដុល្លារ​អាម៉េរិក៕

  • យន្តហោះ​អគ្គិសនី​ផ្ទាល់ខ្លួន​ប្រភេទ​ហោះ​ឡើង-ចុះចត​ដោយ​ត្រង់ តម្លៃ 99 ពាន់​ដុល្លារ​អាម៉េរិក

    យន្តហោះ​អគ្គិសនី​ផ្ទាល់ខ្លួន​ប្រភេទ​ហោះ​ឡើង-ចុះចត​ដោយ​ត្រង់ តម្លៃ 99 ពាន់​ដុល្លារ​អាម៉េរិក

    (សហរដ្ឋ​អាម៉េរិក)- យន្តហោះ​អគ្គិសនី Dragon ដែលមាន​ស្លាប​កង្ហារ​ចំនួន 8 និង​ល្បឿន 101 គីឡូម៉ែត្រ/ម៉ោង ត្រូវបាន​លក់​ក្នុងតម្លៃ 99 ពាន់​ដុល្លារ​អាម៉េរិក។

    ក្រុមហ៊ុន​ផលិត​ឧទ្ធម្ភាគចក្រ​អាម៉េរិក RotorX បាន​ចូលប្រលូក​ក្នុងការ​ប្រកួត​លើ​វិស័យ​យន្តហោះ​អគ្គិសនី (eVTOL) ផ្ទាល់ខ្លួន ដែល​អាច​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់ ជាមួយនឹង​ម៉ូ​ដែល​យន្តហោះ​ដែលមាន​ស្លាប់​កង្ហារ​ច្រើន ឈ្មោះ Dragon នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 08 ធ្នូ។

    យន្តហោះ Dragon អាច​ដឹក​ទម្ងន់​បាន 113 គីឡូក្រាម អាច​ត្រូវបាន​បញ្ជា​ដោយ​ចង្កូត អាច​ហោះ​បណ្ដែត​ខ្លួន​ដោយ​ស្វ័យប្រវត្ត និង​ចុះចត​ដោយ​ស្វ័យប្រវត្ត។ យន្តហោះ​នេះ​បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី 16 kW សម្រាប់​កង្ហារនីមួយ។ ដើម្បី​ធានា​សុវត្ថិភាព ក្រុមហ៊ុន RotorX ក៏បាន​បំពាក់​ឆត្រយោង​មួយ​ផងដែរ។ អ្នកបើកបរ​មិនបាច់​មាន​បណ្ណ​បើកបរ​ឡើយ។

    ដូច​ទៅនឹង Jetson One របស់ ក្រុមហ៊ុន​ស៊ុយអែត យន្តហោះ Dragon អាច​ហោះ​ក្នុង​មួយ​ជើងបាន​រយៈពេល​ប្រហែល 20 នាទី និង​មាន​ល្បឿន 101 គីឡូម៉ែត្រ/ម៉ោង។ អ្នកទិញ​យន្តហោះ Dragon នឹង​ទទួលបាន​ឧបករណ៍​សម្រាប់​ដំឡើង ឬ​រុះរើ​ដោយ​ខ្លួនឯង។ ប៉ុន្តែ ក៏​អាច​ទៅកាន់​ទីស្នាក់ការ Advanced Tactics នៅ California ដើម្បី​ដំឡើង​យន្តហោះ និង​ទទួល​ការបណ្ដុះបណ្ដាល​ផងដែរ។

    RotorX នឹង​ចាប់ផ្ដើម​ប្រគល់​ទំនិញ​ដល់​អតិថិជន​នៅ​ខែសីហា 2023។ ខណៈដែល​តម្លៃ​របស់ Jetson One គឺ 92,000 ដុល្លារ​អាម៉េរិក តម្លៃ​លក់​តាម​ការគ្រោង​ទុន​របស់ Dragon គឺ 99,000 ដុល្លារ។ ប៉ុន្តែ RotorX កំពុង​ទទួល​ការបញ្ជាទិញ​ជាមុន​ដោយ​តម្លៃ​កក់ 19,500 ដុល្លារ និង​តម្លៃ​លក់​ដំបូង​ត្រឹមតែ 85,000 ដុល្លារ​ប៉ុណ្ណោះ៕

  • (World Cup 2022) – អតីត​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល ចង់ឃើញ Messi យំ ខណៈ​ឱកាស​ប៉ះគ្នា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​គឺ 43%

    (World Cup 2022) – អតីត​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល ចង់ឃើញ Messi យំ ខណៈ​ឱកាស​ប៉ះគ្នា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​គឺ 43%

    អតីត​ខ្សែប្រយុទ្ធ Fred និយាយថា គាត់​ចង់ឃើញ ប្រេ​ស៊ី​ល ប៉ះ អា​ហ្ស​ង់​ទីន នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022។

    «ខ្ញុំ​សង្ឃឹមថា ប្រេ​ស៊ី​ល និង អា​ហ្ស​ង់​ទីន នឹង​ប្រយុទ្ធ​គ្នា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ» Fred និយាយ​នៅលើ​ទូរទស្សន៍ TV Globo ដូច្នេះ។ «ខ្ញុំ​ចង់ឃើញ​ការប្រកួត​នោះ​ច្របូកច្របល់ ប្រវាយប្រតប់។ Neymar នឹង​ស៊ុត​បញ្ចូល​ទី​ពី​ការពិន័យ ហើយ Messi ត្រូវ​យំ»។

    Fred លេង​ឱ្យ ប្រេ​ស៊ី​ល ក្នុងអំឡុង​ពី​ឆ្នាំ 2005 ដល់ 2014 ក្នុងនោះ​គាត់​បាន​ចូលរួម និង​រកបាន​គ្រាប់​បាល់​នៅ World Cup 2006 និង 2014។ កីឡាករ​រូបនេះ​ចំណាយពេល​ច្រើន​ក្នុង​អាជីព​សម្រាប់​ការលេង​ឱ្យ​ក្លឹប​ប្រេ​ស៊ី​ល លើកលែងតែ​ដំណាក់​កាលពី​ឆ្នាំ 2005-2009 ដែល​លេង​ឱ្យ Lyon។ កីឡាករ​ខ្សែប្រយុទ្ធ​វ័យ 39 ឆ្នាំនេះ បាន​ចូលនិវត្តន៍​កាលពី​ខែមេសា 2022 ព្រោះតែ​រងរបួស​ច្រើន។

    ប្រេ​ស៊ី​ល និង អា​ហ្ស​ង់​ទីន បាន​ប៉ះគ្នា 4 ប្រកួត​នៅ World Cup ហើយ​សុទ្ធតែ​មានការ​ប្រកួត​យ៉ាង​ស្វិតស្វាញ និង​ហិង្សា។ លើកដំបូង​គឺ​នៅ World Cup 1974 នៅ អាល្លឺម៉ង់​ខាងលិច ដែល​កាលណោះ អា​ហ្ស​ង់​ទីន ចាញ់ ប្រេ​ស៊ី​ល 1-2 និង​ត្រូវ​ជម្រុះ​ត្រឹម​ជុំ​ទី​ពីរ​នៃ​វគ្គ​ចែក​ពូ​ល ដែល​ប្រហាក់ប្រហែល​នឹង​វគ្គ 1/8 បច្ចុប្បន្ន។

    4 ឆ្នាំ​ក្រោយមក (1978) ប្រេ​ស៊ី​ល និង អា​ហ្ស​ង់​ទីន ស្មើគ្នា 0-0 នៅ​ជុំ​ទី​ពីរ​នៃ​វគ្គ​ចែក​ពូ​ល ប៉ុន្តែ​ចុងក្រោយ Mario Kempes និង​មិត្ត​រួម​ក្រុម​អា​ហ្ស​ង់​ទីន ដណ្ដើមបាន​សិទ្ធិ​ធ្វើដំណើរ​ទៅមុខ និង​យកបាន​ពានរង្វាន់​ជើងឯក។

    Fred អតីតខ្សែប្រយុទ្ធប្រេស៊ីល

    World Cup 1982 នៅ អេ​ស្ប៉ា​ញ ក្រុម​ប្រេ​ស៊ី​ល និង អា​ហ្ស​ង់​ទីន បាន​ជួបគ្នា​ម្ដងទៀត។ លើក​នេះ ប្រេ​ស៊ី​ល ឈ្នះ 3-1 ចំណែក Diego Maradona ត្រូវ​ទទួល​កាត​ក្រហម ដោយសារតែ​ទាត់​ខ្សែបម្រើ Batista។ World Cup 1990 នៅ អ៊ីតាលី ប្រេ​ស៊ី​ល ចាញ់ អា​ហ្ស​ង់​ទីន 0-1 ហើយ​នៅក្រោយ​ការប្រកួត កីឡាករ​ប្រេ​ស៊ី​ល ចោទថា ក្រុម​គ្រូបង្វឹក​របស់ អា​ហ្ស​ង់​ទីន បានឱ្យ​ដប​ទឹក​មាន​ថ្នាំ​ងងុយដេក​មកឱ្យ​ខ្លួន​ផឹក តែ​ក្រោយមកទៀត Maradona ឱ្យដឹងថា នោះ​គឺជា​ទឹក​ទេព។

    ដើម្បី​ប៉ះគ្នា​លើក​ទី 5 នៅ World Cup ប្រេ​ស៊ី​ល និង អា​ហ្ស​ង់​ទីន សុទ្ធតែ​ត្រូវ​ឈ្នះ ក្រូ​អាត និង ហូ​ឡង់ នៅ​វគ្គ 1/8។ FiveThityEight យល់ថា ឱកាស​ដើរ​បន្ត​របស់ ប្រេ​ស៊ី​ល គឺ 77% ចំណែក អា​ហ្ស​ង់​ទីន គឺ 56%។ ប្រការនេះ​បង្ហាញថា ភាគរយ​នៃ​ការ​ប៉ះគ្នា​របស់ ប្រេ​ស៊ី​ល និង អា​ហ្ស​ង់​ទីន នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​គឺ 43%៕

  • កម្ពុជា រកឃើញអ្នកឆ្លងថ្មីនូវ​ជំងឺ​កូវីដ-19 ច្រើន​ជាង​ម្សិលមិញ 6 នាក់

    កម្ពុជា រកឃើញអ្នកឆ្លងថ្មីនូវ​ជំងឺ​កូវីដ-19 ច្រើន​ជាង​ម្សិលមិញ 6 នាក់

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មីនូវ​ជំងឺ​កូវីដ-19 ចំនួន 20 នាក់ និង​ជាសះស្បើយ 15 នាក់ ខណៈ​មិន​មាន​អ្នក​ស្លាប់ នៅ​ក្នុង​អំឡុង 24 ម៉ោង​នៃ​ថ្ងៃទី 08 ធ្នូ 2022។

    គិតត្រឹមព្រឹក ថ្ងៃទី 09 ខែធ្នូ 2022 កម្ពុជា មាន​អ្នកឆ្លងកូវីដ-19 សរុប 138,222 នាក់, អ្នកជាសះស្បើយ 135,065 នាក់ និង​​អ្នកស្លាប់​សរុប​ 3,056 នាក់។

  • ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េខាងត្បូង​តម្លៃ​ជាង​ 245 លាន​ដុល្លារ នឹង​ចាប់ផ្ដើម​ស្ថាបនា​នៅ​ឆ្នាំក្រោយ

    ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េខាងត្បូង​តម្លៃ​ជាង​ 245 លាន​ដុល្លារ នឹង​ចាប់ផ្ដើម​ស្ថាបនា​នៅ​ឆ្នាំក្រោយ

    គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-សាធារណរដ្ឋ​កូរ៉េ នឹងត្រូវ​ចុះហត្ថលេខា​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ថ្ងៃទី 09 ធ្នូ នៅ​វិមាន​សន្តិភាព ហើយ​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំក្រោយ នេះ​បើតាម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួងការបរទេស​កម្ពុ​ជា។

    គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េខាងត្បូង ឆ្លង​ទន្លេសាប និង​ទន្លេមេគង្គ ពី​ផ្សារ​ចាស់ រាជធានី​ភ្នំពេញ ទៅ​ជ្រោយចង្វារ និង អរិ​យ្ស​ត្រ ខេត្តកណ្ដាល ដែល​នឹង​ចំណាយ​ថវិកា 245,909,000 ដុល្លារ​អាមេរិក​នេះ គឺជា​ស្ពាន​ខ្សែកាប​ដែលមាន​ជើង​សសរ​ទម្រ​ខ្ពស់​សំខាន់​ចំនួន​ពីរ ហើយ​ជើង​សសរ​រង្វើល ងាយស្រួល​កប៉ាល់​ឆ្លងកាត់​ពី​ខាងក្រោម។

    យោងតាម​លោក ហ៊ាង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស្ពាន​ដែលមាន​ប្រវែង​សរុប​ជាង 2 គីឡូម៉ែត្រ​នេះ នឹង​ជួយ​សម្រួល​ឱ្យ​ការធ្វើ​ចរាចរណ៍ កាត់បន្ថយ​ការកកស្ទះ​ចេញចូល​រាជធានី​ភ្នំពេញ និង​ត​ភ្ជាប់​ទៅ​តំបន់​អភិវឌ្ឍន៍​អរិយ​ក្សត្រ ស្វាយជ្រុំ។

    គម្រោង​ស្ថាបនា​ស្ពាន​ខាងលើនេះ​ស្ថិតក្នុង​ចំណោម​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន​ពីរ​នៅ កម្ពុជា ដែល​ផ្ដល់​ឥណទាន​សម្បទាន​ដោយ កូរ៉េខាងត្បូង។ ឥណទាន​សម្បទាន​តម្លៃ 1,500 លាន​ដុល្លារ​អាម៉េរិក សម្រាប់ កម្ពុជា ពី​ឆ្នាំ 2022-2026 របស់ កូរ៉េខាងត្បូង គ្រោង​នឹង​ចុះហត្ថលេខា​នៅថ្ងៃនេះ។

    ឥណទាន​សម្បទាន​ដែល​ផ្ដល់​ដោយ កូរ៉េខាងត្បូង នេះ នឹងចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុងការ​ខិតខំ​របស់ កម្ពុជា ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា​ការពង្រឹង​ប​ន្ធែ​ម​នូវ​ទំនាក់ទំនង​ល្អ​ទ្វេភាគី​ដែលមាន​ស្រាប់​រវាង កម្ពុជា និង កូរ៉េខាងត្បូង នេះ​បើតាម ក្រសួងការបរទេស​ក​ម្ពុ​ជា៕

  • សម្ដេច​តេ​ជោ​អញ្ជើញ​ប្រជាពលរដ្ឋ​ទៅលេង​បុណ្យ​សមុទ្រ​នៅ​ក្រុងព្រះសីហនុ

    សម្ដេច​តេ​ជោ​អញ្ជើញ​ប្រជាពលរដ្ឋ​ទៅលេង​បុណ្យ​សមុទ្រ​នៅ​ក្រុងព្រះសីហនុ

    នៅលើ​ទំព័រ​បណ្ដាញ​សង្គម នា​ព្រឹក​មិញ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បង្ហោះ​សារ​អញ្ជើញ​ប្រជាពលរដ្ឋ​ទៅលេង​បុណ្យ​សមុទ្រ​នៅ ខេត្ត​ព្រះសីហនុ ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 09 ដល់ 11 ធ្នូ 2022។

    សម្ដេច​តេ​ជោ បានសរសេរថា «កំពុងធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន​ពី ភ្នំពេញ ខេត្ត​ព្រះសីហនុ។ យើង​នឹង​ខិតខំ​កសាង​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​ទៀត​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​បាវិត ព្រំដែន​វៀតណាម។ សូម​អញ្ជើញ​ទៅលេង​បុណ្យ​សមុទ្រ​នៅ ក្រុងព្រះសីហនុ ថ្ងៃស្អែក 10 ធ្នូ 2022»។

    យោងតាម ក្រសួងទេសចរណ៍ ពិធីបុណ្យ​សមុទ្រ​លើក​ទី 9 ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី 09 ដល់ 11 ធ្នូ 2022 នេះ​នឹង​ធ្វើឡើង​អម​ជាមួយនឹង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក ចាប់ពី​ថ្ងៃទី 09 ដល់ 14 ខែធ្នូ ក្រោម​ប្រធានបទ «ឆ្នេរ​នៃ​សន្តិភាព ឆ្នេរ​នៃ​ក្ដីសង្ឃឹម»។

    គិត​មកដល់ពេលនេះ សេវាកម្ម​ស្នាក់នៅ​ក្នុង ក្រុងព្រះសីហនុ មានការ​កក់​យ៉ាងច្រើន​ដើម្បី​ត្រៀម​មក​កម្សាន្ត នាឱកាស​បុណ្យ​សមុទ្រ ប៉ុន្តែ​មិនទាន់​ខ្វះ​កន្លែង​ស្នាក់នៅ​សម្រាប់​ទេសចរ​នៅឡើយ ដោយសារ​ថា ក្រុងព្រះសីហនុ មាន​បន្ទប់​ស្នាក់នៅ​សរុប​ជាង 9,000 បន្ទប់​ឯណោះ នេះ​បើតាម លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ៕

  • សភា​ជាន់​ទាប​អាម៉េរិក អនុម័ត​សេចក្ដីព្រាងច្បាប់​ផ្ដល់ជំនួយ​រាប់ពាន់​លាន​ដុល្លារ​ដល់​តៃវ៉ាន់

    សភា​ជាន់​ទាប​អាម៉េរិក អនុម័ត​សេចក្ដីព្រាងច្បាប់​ផ្ដល់ជំនួយ​រាប់ពាន់​លាន​ដុល្លារ​ដល់​តៃវ៉ាន់

    សភា​ជាន់​ទាប​អាម៉េរិក អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​ថវិកា​សម្រាប់​ការពារជាតិ​ឆ្នាំ 2023 ក្នុងនោះ​មាន​ទាំង​កញ្ចប់​ជំនួយ​យោធា​ឡើងដល់ 10 ពាន់​លាន​ដុល្លារ​សម្រាប់ កោះ​តៃវ៉ាន់ ផងដែរ។

    សេចក្ដីព្រាង​ច្រាប់​ការពារជាតិ (NDAA) សម្រាប់​ឆ្នាំ 2023 ដែល​ត្រូវបាន​សភា​ជាន់​ទាប​របស់ សហរដ្ឋ​អាម៉េរិក អនុម័ត​កាលពី​ថ្ងៃទី 08 ធ្នូ នឹង​អនុញ្ញាតឱ្យ​ប្រទេស​នេះ​ផ្ដល់ជំនួយ​ដល់ កោះ​តៃវ៉ាន់ ចំនួន 2 ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ 2023 ដល់ 2027។ ច្បាប់​នេះ​ក៏​អនុញ្ញាតឱ្យ ប្រធានាធិបតី ចូ បៃ​ដិ​ន ផ្ដល់ឱ្យ តៃវ៉ាន់ នូវ​ឧបករណ៍​ការពារជាតិ​ដែល​យក​ពី​ឃ្លាំង​របស់ អាម៉េរិក ឬ​សេវាកម្ម​ដទៃ ដែលមាន​ទំហំ​ទឹកប្រាក់​ឡើងដល់ 1 ពាន់​លាន​ដុល្លារ/ឆ្នាំ។

    យោងតាម​សេចក្ដីព្រាងច្បាប់​ថ្មី​ខាងលើ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រី​ការពារជាតិ ត្រូវ «ផ្ដល់​អាទិភាព និង​ព​ន្លឿ​ន​ការឆ្លើយតប​នឹង​សំណើ​ពី តៃវ៉ាន់ ទៅតាម​កម្មវិធី​លក់ទំនិញ​យោធា​ឱ្យ​ភាគី​ខាងក្រៅ»។

    «NDAA នឹង​បង្កើន​ទំនាក់ទំនង​ផ្នែក​ការពារជាតិ​របស់ សហរដ្ឋ​អាម៉េរិក ជាមួយនឹង តៃវ៉ាន់» តំណាងរាស្ត្រ Bob Menendez ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​នៅ​សភា​ជាន់​ទាប បានឱ្យដឹង​ដូច្នេះ​នៅក្នុង​ប្រកាស​មួយ មុនពេល​សេចក្ដីព្រាងច្បាប់​ត្រូវបាន​អនុម័ត។

    សេចក្ដីព្រាងច្បាប់​នេះ​ត្រូវការ​សភា​ជាន់ខ្ពស់​អនុម័ត​បន្តទៀត មុនពេល​ត្រូវបាន​បញ្ជូន​ទៅកាន់ សេត​វិមាន ដើម្បី​ប្រធានាធិបតី ចូ បៃ​ដិ​ន ចុះហត្ថលេខា​ជា​ច្បាប់។

    ទីក្រុង​ប៉េកាំង និង ទីក្រុង​តៃប៉ិ មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទិន​នឹង​សេចក្ដីព្រាងច្បាប់​ថ្មី​របស់ សហរដ្ឋ​អាម៉េរិក៕

  • (World Cup 2022)- អាល្លឺម៉ង់ ៖ ក្រុម WAGs (គូស្នេហ៍​របស់​កីឡាករ) គឺជា​មូលហេតុ​មួយ​នាំឱ្យ​ពួកគេ​បរាជ័យ

    (World Cup 2022)- អាល្លឺម៉ង់ ៖ ក្រុម WAGs (គូស្នេហ៍​របស់​កីឡាករ) គឺជា​មូលហេតុ​មួយ​នាំឱ្យ​ពួកគេ​បរាជ័យ

    ទំព័រ Bild របស់ អាល្លឺម៉ង់ ចុះផ្សាយ​ថា នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ការបរាជ័យ​របស់ ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ នៅ World Cup 2022 ក្រុម WAGs (គូស្នេហ៍​របស់​កីឡាករ) របស់ ក្រុម​ជម្រើសជាតិ ត្រូវបាន​មេដឹកនាំ​មួយចំនួន​នៅ សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ «ហៅ​ឈ្មោះ»។

    ក្រោយ​រដូវ​កាល World Cup 2018 ដែល​មិនបាន​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ក៏បាន​ប្ដេជ្ញាចិត្ត​ខ្ពស់​សម្រាប់​រដូវ​កាល​នៅ កាតា។ ប៉ុន្តែ ពួកគេ​នៅតែ​លេង​មិន​បានល្អ​ដដែល ហើយក៏​មិនអាច​ឡើងដល់​វគ្គ 1/8 ជា​លើក​ទី​ពីរ​នៅ World Cup ពីរ​រដូវ​កាល​ចុងក្រោយ​នេះ។

    ក្រោយ​បរាជ័យ​នៅ កាតា ក្រុម​អាល្លឺម៉ង់ ក៏​ត្រលប់​ទៅ​ស្រុក​វិញ។ ថ្មីៗនេះ សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ (DFB) បានធ្វើ​សន្និសីទ 2 ម៉ោង​ដើម្បី​វិភាគ រក​មូលហេតុ​នៃ​ការបរាជ័យ​របស់ ក្រុម​ជម្រើសជាតិ នៅ World Cup 2022។

    មាន​មូលហេតុ​ជាច្រើន​ត្រូវបាន​លើកឡើង ក្នុងនោះ​ក៏មាន​ការពិត​ដែលថា គ្រូបង្វឹក Hansi Flick បានអនុញ្ញាត​ឱ្យ​ប្រពន្ធ និង​មិត្តស្រី​របស់​កីឡាករ ស្នាក់​នៅក្នុង​សណ្ឋាគារ​របស់​ក្រុម។ ប្រធាន​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ Bernd Neuendorf និង​អនុប្រធាន Joachim Watzke យល់ថា វត្តមាន​របស់ Wags បានធ្វើឱ្យ​កីឡាករ​អាល្លឺម៉ង់ ត្រូវ​បែក​អារម្មណ៍។ ក្រុម​មេដឹកនាំ​របស់ DFB មិន​ពេញចិត្ត​នៅពេល​ឃើញ​កីឡាករ​ត្រូវ​ថែទាំ​កូន។

    យោងតាម Bild គ្រូបង្វឹក Flick នឹង​នៅតែ​បន្តការងារ​ជាធម្មតា។ លោក Flick នឹង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​របស់ អាល្លឺម៉ង់ ទៅ​ប្រកួត​នៅ Euro 2024៕