Author: សឿន សំណាង

  • AFF Cup 2022 – កម្លាំង​របស់​ក្រុម​ជម្រើសជាតិ​វៀតណាម និង​មី​យ៉ាន់​ម៉ា ដែល​ត្រូវ​ប៉ះគ្នា​នៅ​ព្រលប់​នេះ

    AFF Cup 2022 – កម្លាំង​របស់​ក្រុម​ជម្រើសជាតិ​វៀតណាម និង​មី​យ៉ាន់​ម៉ា ដែល​ត្រូវ​ប៉ះគ្នា​នៅ​ព្រលប់​នេះ

    ក្នុងការ​ប្រកួត​នៅវេលា​ម៉ោង 19 និង 30 នាទី​ព្រលប់​ថ្ងៃទី 03 មករានេះ វៀតណាម កំពុងមាន​ប្រៀប​ជាង​ក្រុម​របស់ មី​យ៉ាន់​ម៉ា និង​អាច​បាន​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

    ការប្រកួត​ជុំ​ចុងក្រោយ​នៃ​វគ្គ​ចែក​ពូ​ល​នៅ AFF Cup 2022 រវាង វៀតណាម និង មី​យ៉ាន់​ម៉ា នៅ​ព្រលប់​នេះ នឹងត្រូវ​ធ្វើឡើង​នៅលើ​ទឹកដី​របស់ វៀតណាម។

    បច្ចុប្បន្ន មី​យ៉ាន់​ម៉ា ស្ថិតនៅលើ​ចំណាត់ថ្នាក់​ទី 159 ក្នុង​បញ្ជី​របស់ FIFA ខណៈ វៀតណាម ជាប់​​ចំណាត់ថ្នាក់​ទី 96។

    អំពី​លទ្ធផល​នៃ​ការប្រកួតថ្មីៗរបស់​ក្រុម​ទាំងពីរ រួមមាន​ដូចខាងក្រោម ៖

  • ប្រទេស​អ៊ូ​ហ្ក​ង់​ដា ផ្ដល់​ម៉ូតូ​អគ្គិសនី​ដល់​ប្រជាជន​ដោយ​មិន​គិតថ្លៃ

    ប្រទេស​អ៊ូ​ហ្ក​ង់​ដា ផ្ដល់​ម៉ូតូ​អគ្គិសនី​ដល់​ប្រជាជន​ដោយ​មិន​គិតថ្លៃ

    បច្ចុប្បន្ន លើ​ពិភពលោក​មានការ​លើក​ទឹកចិត្ត និង​ការបញ្ចុះ​អត្រាពន្ធ​ជាច្រើន​ដើម្បី​ជួយ​ឱ្យ​យានយន្ត​អគ្គិសនី​មានតម្លៃ​ទាប​ជាង​មុន ប៉ុន្តែ ថ្មីៗនេះ ប្រទេស​អ៊ូ​ហ្ក​ង់​ដា បានធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍​ខ្លាំង​នៅពេល​ប្រកាស​ចែក​ម៉ូតូ​អគ្គិសនី​ដល់​ពលរដ្ឋ​ដោយ​មិន​គិតថ្លៃ។

    នៅក្នុង​សេចក្ដីថ្លែងការណ៍​ចុងឆ្នាំ ប្រធានាធិបតី​របស់ សាធារណរដ្ឋ​អ៊ូ​ហ្ក​ង់​ដា លោក Yoweri Kaguta Museveni ប្រកាសថា នឹងមាន​ការចែក​ម៉ូតូ​អគ្គិសនី​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ។ ការចែកជូន​នេះ​នឹងត្រូវ​បានធ្វើ​ឡើង​ក្នុង​ទម្រង់​ដោះដូរ​សម្រាប់​អ្នក​ដែល​កំពុង​ប្រើប្រាស់​ម៉ូតូ​ម៉ាស៊ីន​ចំហេះ​ក្នុង។

    រដ្ឋាភិបាល​អ៊ូ​ហ្ក​ង់​ដា នឹង​មិនមែនជា​អ្នកផ្ដល់ជំនួយ​ដោយផ្ទាល់​សម្រាប់​កម្មវិធី​នេះ​ទេ។ «យើង​បាន​ព្រមព្រៀងគ្នា​ជាមួយនឹង​អ្នកវិនិយោគ​មួយចំនួន​ស្ដីពី «ការបោះបង់​ម៉ូតូ​សាំង និង​ងាក​ទៅប្រើ​ម៉ូតូ​អគ្គិសនី»។ ការដោះដូរ​នេះ​នឹង​ជួយ​ឱ្យ​អ្នកប្រើប្រាស់​អាច​កាត់បន្ថយ​ការចំណាយ​បាន 50%។

    អ្នកវិនិយោគ​ទាំងនោះ​នឹង​ទទួលបាន​អាជ្ញាប័ណ្ណ​សម្រាប់​ដំណើរការ​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី និង​ស្ថានីយ​ប្ដូរ​ថ្ម ដើម្បីឱ្យ​ពួកគេ​រក​ចំណូល​ត្រលប់​មកវិញ។

    ម៉ូតូដែល​ពេញ​និយម​នៅ អ៊ូហ្កង់ដា

    ម៉ូតូ​អគ្គិសនី​ដែល​យកមក​ប្ដូរ​គឺជា​ប្រភេទ​អាច​រត់​ឌុប​បាន និង​ជា​ម៉ូតូ​ដែល​ផលិត​នៅ អ៊ូ​ហ្ក​ង់​ដា ហើយ​មានតម្លៃ​ប្រហែល 5 លាន​ស៊ី​លីង​អ៊ូ​ហ្គ​ង់​ដា ប្រហែល​នឹង 1,350 ដុល្លារ​អាម៉េរិក។

    ម៉ូតូអគ្គិសនីម៉ាក Zembo ដែល​ផលិត​នៅ អ៊ូហ្កង់ដា

    ក្រៅពី​ផលប្រយោជន៍​ផ្នែក​បរិស្ថាន ម៉ូតូ​អគ្គិសនី​ក៏​ជួយ​ដល់​អ្នករត់​ឌុប​ឯករាជ្យ​ផងដែរ ដោយសារតែ​ការចំណាយ​លើ​ការបញ្ចូល​អគ្គិសនី​មាន​កម្រិត​ទាប​ជាង​ម៉ូតូ​សាំង៕

  • ប្រធាន FIFA ដាក់សំណើ​ថា «គ្រប់​ប្រទេស​ត្រូវតែមាន​កីឡដ្ឋាន​មួយ​ដែលមាន​ឈ្មោះ Pele»

    ប្រធាន FIFA ដាក់សំណើ​ថា «គ្រប់​ប្រទេស​ត្រូវតែមាន​កីឡដ្ឋាន​មួយ​ដែលមាន​ឈ្មោះ Pele»

    ប្រធាន FIFA លោក Gianni Infantino ធ្លាប់បាន​លើកឡើង​គំនិត​មួយចំនួន​ដែល​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង ហើយថ្មីៗនេះ លោក​ក៏បាន​ស្នើឱ្យ​ប្រទេស​ទាំងអស់ ត្រូវមាន​កីឡដ្ឋាន​មួយ​ដែលមាន​ឈ្មោះ Pele អតីត​ស្ដេច​បាល់ទាត់​ពិភពលោក ដែល​ទើបបាន​ទទួលមរណភាព​កាលពី​ចុងឆ្នាំ​កន្លង។

    ប្រទេស​ប្រេ​ស៊ី​ល កំពុងកាន់​ទុក្ខ បន្ទាប់ពី​លោក Pele (Edson Arantes do Nascimento) បានទទួល​មរណភាព​ក្នុង​វ័យ 82 ឆ្នាំ។ កាលពី​ថ្ងៃទី 02 មករា 2023 ទីក្រុង Santos ជា​កន្លែង​ដែល​លោក Pele ចំណាយពេល​ប្រកួត​ពេញ​មួយ​អាជីព​របស់គាត់ បាន​ប្រារព្ធ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​ពិសេស​ដែល​អូសបន្លាយ​ពេល​ពេញ​មួយថ្ងៃ​ដើម្បី​ជាការ​គោរព​ដល់​សព​លោក Pele ក្នុងនោះ​ក៏មាន​ការចូលរួម​រប​ស់​ប្រធាន FIFA លោក Gianni Infantino ផងដែរ។

    «យើង​នៅទីនេះ​ក្នុង​ក្ដី​សោកសៅយ៉ាង​​ធំធេង។ Pele គឺជា​អមតៈ ជា​និមិត្តរូប​សកល​មួយ​របស់​បាល់ទាត់។ មនុស្ស​ជំនា​ក់​ក្រោយ​ត្រូវតែ​ស្គាល់ និង​ចងចាំ​ឈ្មោះ Pele» លោក Gianni Infantino ថ្លែង​ដូច្នេះ និង​បន្ត «FIFA នឹង​ស្នើ​ដល់​ប្រទេស​ទាំងអស់​លើ​ពិភពលោក ត្រូវយក​ឈ្មោះ Pele ដើម្បី​ដាក់ឱ្យ​កីឡដ្ឋាន​មួយ​របស់​ពួកគេ»។

    គំនិត​របស់លោក Gianni Infantino នេះ ក៏បាន​ធ្វើឱ្យ​មានមតិ​ច​ម្រូ​ង​ចម្រាស​ច្រើន។ គេ​ដឹង​ហើយ​ថា Pele មាន​ឥទ្ធិពល​ធំធេង ប៉ុន្តែ​ការតម្រូវ​ឱ្យ​គ្រប់​ប្រទេស​ត្រូវមាន​កីឡដ្ឋាន​មួយ​ដែលមាន​ឈ្មោះ Pele គឺមាន​លក្ខណៈ​បង្ខិតបង្ខំ​បន្តិច​ហើយ។

    ក្រោយពី​ទទួលមរណភាព ទីស្នាក់ការ​កណ្ដាល​រប​ស់ FIFA នៅ​ទីក្រុង Zurich របស់ ស្វ៊ី​ស បាន​បង្ហូត​ទង់​ពាក់​កណ្ដាល​ដង​ដើម្បី​សម្ដែង​ការគោរព​សោកស្ដាយ​ចំពោះសព​អតីត​​កីឡាករ​ដែល​ត្រូវបាន​ចាត់ទុកថា ឆ្នើម​ជាងគេ​បង្អស់​ក្នុង​សតវត្សរ៍​ទី 20។ នៅឯ Santos វិញ មឈូស​របស់​សព​លោក Pele ត្រូវបាន​កូនប្រុស Edinho និង​ក្រុម​អតីត​កំពូល​កីឡាករ​របស់​ក្លឹប Santos ដង្ហែ​ទៅកាន់​ព្រលាន​បាល់ទាត់ Vila Belmiro នៅ​ព្រឹក​ថ្ងៃទី 02 មករា 2023។ តាំងពី​ដំបូង អ្នកគាំទ្រ​រាប់ពាន់នាក់​បាន​ទៅកាន់​ទីតាំង​តម្កល់សព​ដើម្បី​មើលមុខ​ស្ដេច​បាល់ទាត់​ជា​លើកចុងក្រោយ។

    តាម​គម្រោង ពិធី​ហែ​សព​លោក Pele នឹងធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​សំខាន់​ក្នុង​ទីក្រុង Santos មុនពេល​ធ្វើ​ពិធី​បញ្ចុះសព​នៅ​ថ្ងៃទី 03 មករា​នេះ៕

  • រថភ្លើង​ក្រុង​ដែល​ដំណើរការ​ដោយ​​ថាមពល​អ៊ីដ្រូសែន ​បំ​ភាយ​តែ​ទឹក​ដំបូង​គេ​នៅ​អាស៊ី (វីដេអូ)

    រថភ្លើង​ក្រុង​ដែល​ដំណើរការ​ដោយ​​ថាមពល​អ៊ីដ្រូសែន ​បំ​ភាយ​តែ​ទឹក​ដំបូង​គេ​នៅ​អាស៊ី (វីដេអូ)

    (ប្រទេស​ចិន)- រថភ្លើង​ក្រុង​ដំណើរការ​ដោយ​អ៊ីដ្រូសែន និង​បំ​ភាយ​តែ​ទឹក​ដំបូង​គេ​នៅ​អាស៊ី ត្រូវបាន​បើកបរ​ចេញពី​រោងចក្រ​នៅ​ទីក្រុង Chengdu ខេត្ត Sichuan កាលពី​សប្ដាហ៍​កន្លង។

    រថភ្លើង​ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ផ្លូវដែក Changchun Railway និង​ក្រុមហ៊ុន​ផ្លូវដែក Chengdu នេះ ប្រើប្រាស់​បច្ចេកវិទ្យា​រប​ស់​រថភ្លើង​រាង​គ្រាប់កាំភ្លើង Fuxing និង​មាន​ល្បឿន 160 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រព័ន្ធ​ថាមពល​អ៊ីដ្រូសែន ដែលជា​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី​កម្លាំង​ខ្លាំង និង​មាន​ស្ថិរភាព​យូរអង្វែង អាច​រត់​បាន 600 គីឡូម៉ែត្រ ក្រោយ​ការបញ្ចូល​ថាមពល​មួយ​ពេញ។

    យោងតាម​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់ Chengdu រថភ្លើង​នេះ​ប្រើប្រាស់​ថ្ម​ផ្ទុក​ថាមពល​អ៊ីដ្រូសែន និង​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​ថ្ម​រហ័ស (Supercapacitor) ដើម្បី​ផ្គត់ផ្គង់​ថាមពល។ ថាមពល​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រតិកម្ម​អេ​ឡិច​ត្រូ​គីមី (electrochemical reaction) របស់​អ៊ីដ្រូសែន និង​អុកស៊ីសែន​ក្នុង​ថ្ម​ផ្ទុក​ថាមពល។ ប្រតិកម្ម​នេះ​បំ​ភាយ​តែ​ទឹក និង​មិនមាន​អនុផល​ផ្សេង​ឡើយ ព្រមទាំង​មាន​ស្ថិរភាព និង​មិនមាន​សំឡេង​រំខាន​ច្រើន។

    រថភ្លើង​ដែល​ដំណើរការ​ដោយ​អ៊ីដ្រូសែន ធ្វើដំណើរ 500 គីឡូម៉ែត្រ​រាល់ថ្ងៃ​ក្នុង​ល្បឿន 160 គីឡូម៉ែត្រ/ម៉ោង អាច​កាត់បន្ថយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ជាង 10,000 គីឡូក្រាម​ក្នុង​មួយឆ្នាំ នេះ​បើតាម​ក្រុម​អ្នក​អភិវឌ្ឍ​ខាងលើ។

    រថភ្លើង​នេះ​ក៏​អាច​ត្រូវបាន​ប្រើប្រាស់​ទូលំទូលាយ​សម្រាប់​ផ្លូវដែក​ក្នុង​តំបន់​ដែល​មិនទាន់មាន​បណ្ដាញ​អគ្គិសនី​ផងដែរ។

    ប្រទេស​ចិន មាន​មហិច្ឆតា​ក្នុងការ​អភិវឌ្ឍ​វិស័យ​ថាមពល​អ៊ីដ្រូសែន។ ដល់​ឆ្នាំ 2025 ប្រទេស​នេះ​គ្រោង​នឹងមាន​មធ្យោបាយ​ធ្វើដំណើរ​ប្រហែល 50,000 គ្រឿង​ដែល​ប្រើប្រាស់​ថ្ម​អ៊ីដ្រូសែន ហើយ​បរិមាណ​ផលិតផល​អ៊ីដ្រូសែន​ប្រចាំឆ្នាំ​ដែល​បានមកពី​ថាមពល​កកើតឡើង​វិញ​នឹង​សម្រេចបាន​ពី 100,000 ដល់ 200,000 តោន នេះ​បើតាម​ផែនការ​ដែល​ត្រូវបាន​ប្រកាស​កាលពី​ខែមីនា 2022 ដោយ​គណៈកម្មការ​កំណែ​ទម្រង់ អភិវឌ្ឍ​ជាតិ និង​រដ្ឋបាល​ថាមពល​ជាតិ របស់ ប្រទេស​ចិន​៕

  • «ការសង្គ្រោះ​ក្មេង​ធ្លាក់ចូល​បំពង់​​សសរ​បេតុង​​​ជម្រៅ 35 ម៉ែត្រ» នឹង​អូសបន្លាយ​ពេល​ដល់​រសៀល​ថ្ងៃនេះ

    «ការសង្គ្រោះ​ក្មេង​ធ្លាក់ចូល​បំពង់​​សសរ​បេតុង​​​ជម្រៅ 35 ម៉ែត្រ» នឹង​អូសបន្លាយ​ពេល​ដល់​រសៀល​ថ្ងៃនេះ

    អាជ្ញាធរ​វៀតណាម បានឱ្យដឹងថា រយៈពេល​នៃ​ការសង្គ្រោះ​ក្មេង​ដែល​បាន​ធ្លាក់ចូល​ក្នុង​សសរ​បេតុង​ប្រហោង​ក្នុង​នឹងត្រូវ​បន្លាយពេល​ដល់​រសៀល​ថ្ងៃទី 03 មករា 2023។

    វេលា​ថ្ងៃ​ត្រង់នេះ បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​អំពី​ពេលវេលា​នៃ​ការសង្គ្រោះ​ក្មេងប្រុស​អាយុ 10 ឆ្នាំ ដែល​បាន​ធ្លាក់ចូល​ទៅក្នុង​បំពង់​សសរ​បេតុង​ជម្រៅ 35 ម៉ែត្រ នៅ​ខេត្ត Dong Thap ភាគ​ត្បូង​ប្រទេស​វៀតណាម។ អភិបាលរង​ខេត្ត​នេះ​បាន​បញ្ជាក់ថា តាម​ផែនការ ក្នុង​រសៀល​ថ្ងៃទី 03 មករា​នេះ ក្រុម​សង្គ្រោះ​នឹង​ទាញ​បំពង់​សសរ​បេតុង​ប្រវែង 35 ម៉ែត្រ ចេញពី​ដី។

    យោងតាម​មន្ត្រី​ខាងលើ តាំងពី​ព្រលប់​ម្សិលមិញ​ដល់​វេលា​ថ្ងៃ​ត្រង់នេះ ក្រុម​សង្គ្រោះបាន និង​កំពុង​ដុតដៃដុតជើង​អនុវត្ត​វិធីសាស្ត្រ​បច្ចេកទេស បញ្ចូល​បំពង់​ដែកថែប​ទៅ​ក្រោម​ដី​ជុំវិញ​បំពង់​សសរ​បេតុង​ដែល​ជនរងគ្រោះ​កំពុង​ជាប់​ក្នុងនោះ។

    បន្ទាប់ពី​បញ្ចូល​បំពង់​ដែកថែប​ទៅក្នុង​ដី​រួច ក្រុម​សង្គ្រោះ​នឹង​បូម​យក​ដី​ចេញ។ ការងារ​នេះ​ត្រូវអនុវត្ត​រហូត​ដល់ក​ម្លាំ​ង​សម្ពាធ​ត្រូវ​ថយចុះ ទើប​អាច​ទាញ​បំពង់​សសរ​បេតុង​នេះ​ចេញពី​ក្រោម​ដី។ ក្រោយមក នឹង​កំណត់​ទីតាំង​របស់​ក្មេងរងគ្រោះ រួច​ចាប់ផ្ដើម​កាត់​បំពង់​សសរ​នោះ ដើម្បី​យក​ក្មេងរងគ្រោះ​ចេញមកក្រៅ។

    សមត្ថកិច្ច​នៅ​​ខេត្ត Dong Thap បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ បេសកកម្ម​ជួយសង្គ្រោះ​កុមារ​នេះ​ ទទួលបាន​ជោគជ័យ​ក្នុង​ជំហាន​ដំបូង។

    ករណី​ធ្លាក់​ក្មេង​ចូល​បំពង់​សសរ​បេតុង​ខាងលើនេះ​បានកើត​ឡើង​កាលពី​ម៉ោង​ប្រហែល 11 និង 30 នាទី ថ្ងៃទី 31 ធ្នូ 2022។ ក្មេងរងគ្រោះ​មានឈ្មោះ​ថា Thai Ly Hao Nam (អាយុ 10 ឆ្នាំ) និង​ក្មេង 3 នាក់​ទៀត បាន​ចូលក្នុង​ការដ្ឋាន​សាងសង់​ស្ពាន​មួយកន្លែង​ដើម្បី​រើស​អេតចាយ។ ប៉ុន្តែ Hao Nam ក៏បាន​ធ្លាក់​ទៅក្នុង​បំពង់​សសរ​បេតុង​ប្រហែល​ដែល​ត្រូវបាន​ដាំ​ទៅក្នុង​ដី​ជម្រៅ​ប្រហែល 35 ម៉ែត្រ។

    ប្រហែល​កន្លះ​ម៉ោង​ក្រោយពី​កុមារ​នេះ​បាន​ជួប​គ្រោះថ្នាក់ កម្លាំង​សង្គ្រោះ​ក៏បាន​ទៅដល់​កន្លែងកើតហេតុ និង​ចាប់ផ្ដើម​ដំណើរការ​ជួយសង្គ្រោះ៕

  • ករណី​ក្មេង​ធ្លាក់ចូល​បំពង់​សសរ​បេតុង​ជម្រៅ 35 ម៉ែត្រ – ដំណើរការ​ជួយសង្គ្រោះ​ជិតបាន​​បញ្ចប់​ហើយ

    ករណី​ក្មេង​ធ្លាក់ចូល​បំពង់​សសរ​បេតុង​ជម្រៅ 35 ម៉ែត្រ – ដំណើរការ​ជួយសង្គ្រោះ​ជិតបាន​​បញ្ចប់​ហើយ

    ក្រោយ​រយៈពេល 72 ម៉ោង​នៃ​ការជួយ​សង្គ្រោះ សសរ​បេតុង​ប្រហោង​ក្នុង​ជិត​ត្រូវបាន​អូស​ឡើង​ពីក្រោម​ដី ខណៈ​ដែល​មនុស្សម្នា​កំពុង​បួងសួង​សូមឱ្យ​ក្មេងរងគ្រោះ​នេះ​រួច​ពី​ការស្លាប់។

    មកដល់​ម៉ោង 11 និង 30 នាទី ថ្ងៃទី 03 មករា 2023 ក្រុម​សង្គ្រោះបាន​ដាំ​បំពង់​ដែក​ធំ​ដែលមាន​មុខកាត់ 1.5 ម៉ែត្រ​សម្រាប់​ឱប​យក​បំពង់​សសរ​ប្រហោង​ក្នុង 25 សម ដែល​ក្មេងរងគ្រោះ​ធ្លាក់ចូល។ កម្លាំង​សង្គ្រោះ​កំពុង​ដុតដៃដុតជើង​យក​ដី​ចេញពី​ខាងក្នុង​បំពង់​ដែក ដើម្បី​ត្រៀម​សម្រាប់​ការ​ទាញ​បំពង់​សសរ​បេតុង​ឡើង​មកលើ។

    នៅពេល​សសរ​បេតុង​ប្រហោង​ក្នុង​ត្រូវបាន​ទាញ​ឡើង​ផុតពី​ដី កម្លាំង​សង្គ្រោះ​នឹង​រក​ទីតាំង​របស់​ក្មេងរងគ្រោះ រួចហើយ​​កាត់​សសរ​នោះ ដើម្បី​យក​ក្មេង​ចេញមកក្រៅ។

    ដូច្នេះ ក្រោយ​ការជួយ​សង្គ្រោះ 72 ម៉ោង សសរ​បេតុង​ដែល​ក្មេង​រង​គ្រោះ​កំពុង​ជាប់​ ជិត​ត្រូវបាន​ទាញ​ឡើង​ផុតពី​ដី​ហើយ។ មនុស្សម្នា​កំពុង​បួងសួង​សូមឱ្យ​ក្មេងរងគ្រោះ​ឈ្មោះ Thai Ly Hao Nam (កើត​ឆ្នាំ 2012 នៅ​ខេត្ត Dong Thap ភាគខាងត្បូង​ប្រទេស​វៀតណាម) បាន​រួច​ផុតពី​ការស្លាប់៕

  • Ronaldo ដាក់​លក្ខខណ្ឌ​សម្រាប់​ករណី​ទៅ​ទាត់​ឱ្យ​​ក្លឹប Newcastle

    Ronaldo ដាក់​លក្ខខណ្ឌ​សម្រាប់​ករណី​ទៅ​ទាត់​ឱ្យ​​ក្លឹប Newcastle

    យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​កីឡា Marca កីឡាករ Cristiano Ronaldo អាច​លេង​នៅ Champions League រដូវ​កាល​ក្រោយ បន្ទាប់ពី​គាត់​ដាក់​លក្ខខណ្ឌ​សម្រាប់​ករណី​ចេញពី​ក្លឹប Al Nassr ទៅកាន់ Newcastle។

    ក្នុងករណី Newcastle ដណ្ដើមបាន​សំបុត្រ​ទៅ​ចូលរួម​ប្រកួត​នៅ Champions League 2023-2024 លក្ខខណ្ឌ​មួយ​នៅក្នុង​កិច្ចព្រមព្រៀង​រវាង Ronaldo និង​ក្លឹប Al Nassr របស់ អារ៉ាប៊ីសាអូឌីត នឹងត្រូវ​បាន «ដាស់»។ ពេលនោះ Ronaldo មាន​សិទ្ធិ​ស្នើ Al Nassr អនុញ្ញាតឱ្យ Newcastle ខ្ចី​គាត់​ទៅ​ប្រកួត​ដណ្ដើម​ពានរង្វាន់ Champions League 2023-2024។

    សារព័ត៌មាន​ខាងលើ​មិនបាន​និយាយ​ច្បាស់​ថា Newcastle បាន​យល់ព្រម​បន្ថែម Ronaldo ហើយ ឬ​នៅ ប៉ុន្តែ ក្លឹប​អង់គ្លេស Newcastle កំពុង​ត្រូវបាន​គ្រប់​គ្រង​ដោយ​ ​មូលនិធិ​វិនិយោគសាធារណៈ​អា​រ៉ា​ប៊ី​សា​អូឌីត (PIF) ខណៈដែល Al Nassr ក៏​ជា​ក្លឹប​របស់​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ។ Marca គឺជា​ទីភ្នាក់ងារសារព័ត៌មាន​ធំ​ដំបូង​គេ​មួយ​ដែល​បាន​រាយការណ៍​ថា Ronaldo នឹងចូលរួម​ជាមួយ​ក្លឹប Al Nassr។

    Ronaldo ដាក់​លក្ខខណ្ឌ​នេះ​ក៏​ព្រោះតែ​ចង់​ការពារ​កំណត់ត្រា​នានា​របស់គាត់​នៅ Champions League ក្នុងនោះ​មាន​ជាអាទិ៍ ការ​ស៊ុត​បញ្ចូល​ទី​បាន 141 គ្រាប់ និង​បង្ក​ឱកាស​បាន 42 គ្រាប់ជា​ដើម។ កំណត់ត្រា​របស់ Ronaldo កំពុង​រង​ការគំរាមកំហែង​ពី Messi ម្ចាស់​ជើងឯក World Cup 2022 ដែល​រកបាន 129 គ្រាប់ និង​បង្ក​ឱកាស​បាន 40 គ្រាប់។

    កាលពី​ថ្ងៃទី 14 វិច្ឆិកាឆ្នាំ 2022 គ្រូបង្វឹក Eddie Howe បាន​លុបបំបាត់​លទ្ធភាព​ដែល​ Newcastle អាច​ទិញ Cristiano Ronaldo ដោយ​​បាន​និយាយថា ក្លឹប​នេះ​កំពុងមាន​ក្រុម​កីឡាករ​វ័យចំណាស់ៗ ហើយ​គាត់​ចង់​បន្ថែម​កីឡាករ​វ័យក្មេង​ដែលមាន​សក្ដានុពល។ ក៏ប៉ុន្តែ ក្រុម​ថៅកែ​នៅ អា​រ៉ា​ប៊ី​សា​អូឌីត នៅតែមាន​ទឹកមាត់ប្រៃ​មិន​អន់​ដែរ លើ​ការសម្រេចចិត្ត​ក្នុងការ​ទិញដូរ​កីឡាករ​របស់ Newcastle៕

  • បេក្ខភាព​​ជាង 3 ម៉ឺន​នាក់ អង្គុយ​ប្រលង​ចូល​ធ្វើ​ប៉ូលិស​​​​នៅ ប៉ាគីស្ថាន

    បេក្ខភាព​​ជាង 3 ម៉ឺន​នាក់ អង្គុយ​ប្រលង​ចូល​ធ្វើ​ប៉ូលិស​​​​នៅ ប៉ាគីស្ថាន

    (ប៉ា​គី​ស្ថាន)- បេក្ខ​ជន បេក្ខនារី​ប្រមាណ 32,000 នាក់​ អង្គុយ​ពេញ​ណែន​លើ​កន្លែង​សម្រាប់​ទស្សនិកជន​នៅក្នុង​កីឡដ្ឋាន Jinnah កាលពី​ថ្ងៃ​ចុងឆ្នាំ ដើម្បី​ចូលរួម​សម័យ​ប្រលង​​ចូល​បម្រើការ​នៅក្នុង​ជួរ​ប៉ូលិស​របស់ អ៊ី​ស្លា​ម៉ា​បាដ។

    សារព័ត៌មាន Hidustan Times កាលពី​ថ្ងៃទី 02 មករា 2023 ដកស្រង់​សម្ដី​របស់​ប៉ូលិស​នៅ អ៊ី​ស្លា​ម៉ា​បាដ ឱ្យដឹងថា បេក្ខជន​ប្រុស​ស្រី​យ៉ាងតិច 32,000 នាក់ មកពី​គ្រប់ទិសទី​របស់​ប្រទេស​ប៉ាគីស្ថាន​ បានមក​កាន់​កីឡដ្ឋាន Jinnah កាលពី​ថ្ងៃទី 31 ធ្នូ 2022 ដើម្បី​ចូលរួម​សម័យ​ប្រលង​ជ្រើសរើស​តំណែង​នានា​ចំនួន 1,667 កន្លែង​ក្នុង​ជួរ​ប៉ូលិស។

    វីដេអូ និង​រូបភាព​ដែល​ត្រូវបាន​គេ​ចែករំលែក​លើ​បណ្ដាញ​សង្គម​បង្ហាញថា កន្លែង​ទស្សនិកជន​របស់​កីឡដ្ឋាន Jinnah ដែល​ធំជាងគេ​នៅ ប៉ា​គី​ស្ថាន ពេញ​ណែន​ដោយ​មនុស្ស។ បេក្ខភាព​ទាំងអស់​អង្គុយ​​ប្រលង ក្រោម​ការត្រួតពិនិត្យរ​បស់​មន្ត្រីនគរបាល។

    ក្នុង​ជួរ​នគរបាល​នៅ អ៊ី​ស្លា​ម៉ា​បាដ នៅ​ខ្វះ​មុខតំណែង​ជាច្រើន​ក្នុងអំឡុង 5 ឆ្នាំ​កន្លង ហើយ​សម័យ​ប្រលង​កន្លង​មក​មិន​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​យុវវ័យ​ប៉ា​គី​ស្ថាន។ មូល​ហេតុដែល​នាំឱ្យមាន​បេក្ខភាព​ច្រើន​លើសលុប​ចូលរួម​ប្រលង​នៅ​ឆ្នាំនេះ ត្រូវបាន​គេ​យល់ថា ដោយសារ​បញ្ហា​អត់​ការងារ​ធ្វើ​មាន​អត្រា​ខ្ពស់ ពិសេស​ក្នុងចំណោម​យុវវ័យ​ប៉ា​គី​ស្ថាន ក្នុងអំឡុង​សេដ្ឋកិច្ច​មាន​ឱនភាព។

    យោងតាម​វិទ្យាស្ថាន​សេដ្ឋកិច្ច​អភិវឌ្ឍ​ប៉ា​គី​ស្ថាន (PIDE) យុវវ័យ​ជាង 31% កំពុង​គ្មាន​ការងារ​ធ្វើ ក្នុងនោះ​មាន 51% គឺជា​នារី។ ការប្រលង​ជាប់​ចូល​បម្រើការ​នៅក្នុង​ស្ថាប័ន​ប៉ូលិស នឹង​ជួយ​ឱ្យ​ពួកគេ​មានការ​ងារ​ស្ថិរភាព​នៅក្នុង​កាលៈទេសៈ​លំបាក​ដូច​បច្ចុប្បន្ន។

    សេដ្ឋកិច្ច​របស់ ប៉ា​គី​ស្ថាន ប្រែជា​អាក្រក់ ក្រោយពី​មាន​គ្រោះទឹកជំនន់​ដែល​បានធ្វើឱ្យ 1/3 នៃ​ផ្ទៃដី​ប្រទេស​នេះ​ស្ថិតក្នុង​ទឹក​កាលពី​ឆ្នាំ​កន្លង។ ប្រទេស​នេះ​ក៏​កំពុងតែ​ប្រឈម​នឹង​អស្ថិរភាព​នយោបាយ នៅពេល​អតីត​នាយករដ្ឋមន្ត្រី Inran Khan ត្រូវបាន​សភា​បោះឆ្នោត​ទម្លាក់​កាលពី​ខែមេសា 2022៕

  • អ៊ុយ​ក្រែ​ន​ប្រកាសថា ដណ្ដើមបាន 40% ក្នុងចំណោម​ទឹកដី​ដែល​ត្រូវ​រុស្ស៊ី​កាន់កាប់

    អ៊ុយ​ក្រែ​ន​ប្រកាសថា ដណ្ដើមបាន 40% ក្នុងចំណោម​ទឹកដី​ដែល​ត្រូវ​រុស្ស៊ី​កាន់កាប់

    ឧ​ត្ត​ម​សេនីយ៍ Zaluzhny ប្រកាសថា កងទ័ព​អ៊ុយ​ក្រែ​ន ដណ្ដើមបាន​ទឹកដី 40% ក្នុងចំណោម​ទឹកដី​ដែល​ត្រូវបាន កងទ័ព​រុស្ស៊ី រឹបអូស ក្រោយពី​សង្គ្រាម​បាន​ផ្ទុះឡើង​កាលពី​ខែកុម្ភៈ 2022។

    «កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន រំដោះ​បាន 40% នៃ​ទឹកដី​ដែល រុស្ស៊ី គ្រប់គ្រង​ក្នុង​សង្គ្រោះ» មេបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​ន ឧ​ត្ត​ម​សេនីយ៍ Valery Zaluzhny ប្រកាស​កាលពី​ថ្ងៃទី 02 មករា 2023 និង​បានឱ្យដឹងថា សមរភូមិ​មុខ​បច្ចុប្បន្ន​មាន​ប្រវែង 1,500 គីឡូម៉ែត្រ។

    យោងតាម​លោក Zaluzhny ទាហាន​របស់ អ៊ុយ​ក្រែ​ន បាន​ឆ្លងកាត់​ការ​ហ្វឹក​ហាក់​នៅលើ​ទឹកដី​របស់​ប្រទេស​ចំនួន 17 នៅ អឺរ៉ុប។ ក្នុង​ប្រកាស លោក Zaluzhny ក៏បាន​បន្ថែមថា «ក្នុង​ឆ្នាំ 2022 មនុស្ស​ជាង 600,000 នាក់ ត្រូវបាន​ឈ្លៀស​ចេញពី​តំបន់​មាន​សង្គ្រាម»។

    ទាក់ទិន​នឹង​ការអះអាង​របស់​មេបញ្ជាកា​រ​កងទ័ព​របស់ អ៊ុយ​ក្រែ​ន ខាងលើ ភាគី​ខាង​រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ។

    សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន បាន​ផ្ទុះឡើង​កាលពី​ខែកុម្ភៈ 2022 ហើយ​មកដល់​បច្ចុប្បន្ន​មិនទាន់មាន​សញ្ញា​ថមថយ​នៅឡើយ ក្រោយ​ការប្រយុទ្ធ​គ្នា​ជាង 10 ខែ​កន្លង៕

  • (AFF Cup 2022) – ក្រោយ​យកឈ្នះ​លើ​កម្ពុជា ថៃ​និយាយថា «នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ប៉ះ​ក្រុម​ណា​ក៏​ដូច​តែ​ក្រុម​ណា»

    (AFF Cup 2022) – ក្រោយ​យកឈ្នះ​លើ​កម្ពុជា ថៃ​និយាយថា «នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ប៉ះ​ក្រុម​ណា​ក៏​ដូច​តែ​ក្រុម​ណា»

    គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​ថៃ Mano Polking និយាយថា ថៃ​ប្រឹងប្រែង​កាន់កាប់​ពូ​ល A គឺ​ដើម្បី​បាន​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់ AFF Cup 2022 នៅលើ​ទីលាន​របស់ខ្លួន ពោលគឺ​មិនមែន​ដើម្បី​គេច​ពី​ក្រុម​ដែល​ខ្លាំង​នោះឡើយ។

    ក្រុម​ថៃ បាន​យកឈ្នះ​លើ​កម្ពុជា 3-1 នៅ​ជុំ​ចុងក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ​កាលពី​ព្រលប់​ថ្ងៃទី 02 មករា 2023 ហើយ​បាន​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ AFF Cup 2022 ក្នុងនាម​ជា​អ្នក​នាំមុខគេ​នៅ​ពូ​ល A។ គូប្រកួត​បន្ទាប់​របស់​កូនសិស្ស និង​គ្រូបង្វឹក​ថៃ នឹង​ជា​ក្រុម​លេខ 2 នៅ​ពូ​ល B។

    ការប្រកួត​នានា​នៅ​ជុំ​ចុងក្រោយ​របស់​ពូ​ល B នឹង​ធ្វើឡើង​នៅវេលា​ម៉ោង 19 និង 30 នាទី ថ្ងៃទី 03 មករា​នេះ។ វៀតណាម ដែល​កំពុង​នាំមុខគេ​ដោយមាន 7 ពិន្ទុ នឹង​ទទួល​ក្រុម​របស់ មី​យ៉ាន់​ម៉ា (ក្រុម​ដែល​ត្រូវបាន​ជម្រុះ​រួចហើយ)។ សិង្ហ​បុរី ឈរ​លំដាប់​ទី​ពីរ​ក៏មាន 7 ពិន្ទុ នឹងត្រូវ​ប៉ះ ម៉ាឡេស៊ី ដែលមាន 6 ពិន្ទុ។

    នៅក្រោយ​ការប្រកួត​ឈ្នះ​កម្ពុជា 3-1 គ្រូបង្វឹក Polking របស់ ថៃ បាន​ច្រានចោល​មតិ​ដែលថា ថៃ ព្យាយាម​ដណ្ដើមយក​តំណែង​កំពូល​តារាង​គឺ​ដើម្បី​ជៀសវាង​គូប្រកួត​ដែលមាន​កម្លាំង​ខ្លាំង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ លោក Polking អះអាងថា «គោលដៅ​របស់​យើង​គឺ​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុងនាម​ជា​អ្នក​នាំមុខ​ដើម្បី​បាន​លេង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅលើ​ទឹកដី​របស់ខ្លួន។ ចំណែក​ការ​ប៉ះ​នឹង​ក្រុម​ណា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ គឺ​ដូច​តែ​គ្នា​នោះដែរ»។

    ថៃ​បច្ចុប្បន្ន​គឺជា​អ្នកការពារ​តំណែង​ជើងឯក AFF Cup បន្ទាប់ពី​ដណ្ដើមបាន​កាលពី​ឆ្នាំ 2021 ពេល​បាន​យកឈ្នះ​វៀតណាម 2-0 នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដួល​ឥណ្ឌូណេស៊ី 6-2 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕