Author: សឿន សំណាង

  • រថយន្តអគ្គិសនី Tesla ត្រូវ​បាន​បញ្ចុះតម្លៃ​ខ្លាំង នាំឱ្យ​អតិថិជន​ចិន​ធ្វើបាតុកម្ម

    រថយន្តអគ្គិសនី Tesla ត្រូវ​បាន​បញ្ចុះតម្លៃ​ខ្លាំង នាំឱ្យ​អតិថិជន​ចិន​ធ្វើបាតុកម្ម

    ម្ចាស់​រថយន្ត​អគ្គិសនី Tesla ប្រហែល 200 នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ទីតាំង​ប្រគល់​ទំនិញ​របស់ Tesla នៅ សៀង​ហៃ ប្រទេស​ចិន ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការសម្រេច​បញ្ចុះតម្លៃ​លើក​ទី​ពីរ​ក្នុង​រង្វង់​មិន​ដល់ 3 ខែ​ដែល Tesla ទើបតែ​បាន​អនុវត្ត។

    ក្រោយ​រដូវ​កាល​បញ្ចុះតម្លៃ​ថ្មី​បំផុត​ដែល​ត្រូវបាន Tesla អនុវត្ត​សម្រាប់​ទីផ្សារ​ចិន បណ្ដា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​នេះ​កំពុងតែ​ត្រូវបាន​លក់​ក្នុងតម្លៃ​ទាប​ជាង​ពី 13% ទៅ 24% ធៀប​នឹង​តម្លៃ​ក្នុង​ខែកញ្ញា 2022។

    ក្រុម​អតិថិជន​របស់ Tesla នៅក្នុង​ទីក្រុងផ្សេងៗមួយចំនួនទៀត​របស់​ប្រទេស​ចិន ក៏មាន​ការតវ៉ា​ស្រដៀង​នៅ​សៀង​ហៃ។ ក្នុងនោះ នៅ​តំបន់​ខ្លះ​ក៏មាន​ការបញ្ជូន​ក្រុមប៉ូលិស​ទៅ​រំសាយ​ក្រុមអ្នកតវ៉ា​នៅ​ខាងក្រៅ​ហាង Tesla ផងដែរ។

    អ្នកនាំពាក្យ​របស់ Tesla នៅ​ប្រទេស​ចិន បាន​ប្រាប់ Reuters ថា ក្រុមហ៊ុន​នេះ​មិនមាន​គម្រោង​ផ្ដល់​សំណង​ចំពោះ​អតិថិជន​ដែល​បានទទួល​រថយន្ត​មុនពេល​ការបញ្ចុះ​តម្លៃ​ត្រូវបាន​ប្រកាស​នាពេលថ្មីៗនេះ​ឡើយ សម្រាប់ Model 3 និង Model Y។

    សកម្មភាព​របស់ Tesla ត្រូវបាន​គេ​មើលឃើញថា គឺ​ដើម្បី​ជំរុញ​កំណើន​​នៃ​ការលក់​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​នេះ​នៅ​ទីផ្សារ​ចិន។ ប៉ុន្តែ ឥរិយាបថ​នេះ​ក៏​នឹង​អាច​ធ្វើឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដទៃ​ធ្វើ​ត្រាប់​តាម​ផងដែរ​៕

  • AFF Cup 2022 – ថៃប៉ះនឹង​ម៉ាឡេស៊ីនៅ​ព្រលប់​នេះ តើ​ក្រុម​ណា​​អាច​ឡើង​ទៅ​ជួប​វៀតណាម?

    AFF Cup 2022 – ថៃប៉ះនឹង​ម៉ាឡេស៊ីនៅ​ព្រលប់​នេះ តើ​ក្រុម​ណា​​អាច​ឡើង​ទៅ​ជួប​វៀតណាម?

    ចាញ់ 0-1 នៅលើ​វាលស្មៅ​របស់​គូប្រកួត ម្ចាស់​ជើងឯក​ថៃ ត្រូវការ​កំពូល​ថ្វី​ជើង​បញ្ចេញ​កំពូល​សមត្ថភាព​នៅក្នុង​ការប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ AFF Cup 2022 ដែល​នឹង​ប៉ះ​ជាមួយ ម៉ាឡេស៊ី នៅ​ព្រលប់​នេះ។

    ម៉ាឡេស៊ី បាន​បង្ហាញថា ខ្លួន​គឺជា​ជើង​ខ្លាំង​នៅពេល​បាន​ក្លាយជា​ក្រុម​ដំបូង​គេ​ដែល​បាន​ផ្ដួល​ថៃ​នៅ AFF Cup 2022។ គ្រាប់​បាល់ឈ្នះ​​តែមួយគ្រាប់​គត់​របស់ Faisal Halim ជា​ខ្សែប្រយុទ្ធ​ដែល​រកបាន 4 គ្រាប់​នៅក្នុង​រដូវ​កាល​នេះ បាន​ជួយ​ឱ្យ «ខ្លា​មាស» ម៉ាឡេស៊ី មានប្រៀប​នៅក្នុង​ការប្រកួត​ជើង​ទី​ពីរ។ បើសិនជា​ក្រុម​អាជ្ញាកណ្ដាល​ទទួលស្គាល់​គ្រាប់​បាល់​របស់ Quentin Cheng ទៀត​នោះ ម៉ាឡេស៊ី នឹង​ប្រកួត​ជាមួយ​ថៃ ដោយមាន 2 គ្រាប់​ធ្វើជា​ដើមទុនបន្ថែម​។

    មុនពេល​ចូល​ប្រកួត​នៅ AFF Cup 2022 ម៉ាឡេស៊ី មិន​ទទួលបាន​ការវាយតម្លៃ​ខ្ពស់ ដោយសារ​ពួកគេ​ទើបតែ​បានតែងតាំង​គ្រូបង្វឹក Kim Pan-gon កាលពី​ខែមករា។ លោក Pan-gon មិនមាន​កីឡាករឆ្នើមៗក្នុង​ដៃនោះ​ទេ។

    ក៏ប៉ុន្តែ ពេលនេះ ម៉ាឡេស៊ី មានឱកាស​ផ្ដួល​ម្ចាស់​ជើងឯក​ដើម្បី​ឡើងទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការប្រកួត​ជាមួយ​ថៃ នៅ​កីឡដ្ឋាន Thammasat នឹង​ជា​ឱកាសល្អ​សម្រាប់ ម៉ាឡេស៊ី ក្នុងការ «បិទមាត់» អ្នកគាំទ្រ​របស់​ថៃ​ម្ដងទៀត បើសិន​ពួកគេ​លេង​បានល្អ​ដូច​ការប្រកួត​ជើង​ទីមួយ។

    ចំណែក​ភាគី​ខាង​ថៃ​វិញ ក៏​មិនមាន​កីឡាករ​ល្អ​បំផុត​នៅ AFF Cup 2022 ដោយសារ​កត្តា​ជាច្រើន បណ្ដាលឱ្យ​គោលដៅ​ការពារ​តំណែង​ជើងឯក​ ប្រែជា​លំបាក​ជាង​មុន​សម្រាប់​កូនសិស្ស និង​គ្រូបង្វឹក Mano Polking។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល នឹង​ប្រើប្រាស់​កីឡាករ​ឆ្នើម Theerathon Bunmathan និង Teerasil Dangda របស់ខ្លួន​ឱ្យអស់​ពី​លទ្ធភាព។

    ក្រុម​ជម្រើសជាតិ​ថៃ ក៏មាន​ប្រៀប​លើ ម៉ាឡេស៊ី ​ខ្លះដែរ ដោយ​សារ​​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ព្រលប់​នេះ។ «យើង​ក៏​នឹងមិន​ការពារ ឬ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ ប៉ុន្តែ ទាត់​ដោយ​ម្ចាស់ការ​ជានិច្ច» គ្រូបង្វឹក​របស់​ថៃ និយាយ​ដូច្នេះ និង​បន្ថែមថា ថៃ​ត្រូវតែ​រក្សា​ទី​ឱ្យបាន​ស្អាត ហើយការ​​គ្រប់គ្រង​អារម្មណ៍​របស់​ទស្សនិកជន​ក៏​ជា​កត្តា​សំខាន់​សម្រាប់​កីឡាករថៃ។

    ដោយឡែក គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង របស់ ក្រុម​ម៉ាឡេស៊ី លោក Kim Pan-gon ក៏បាន​កំណត់​គោលដៅ​យកឈ្នះ​លើ​ថៃ​ឱ្យបាន ដោយ​មិន​គិតដល់​លទ្ធផល​ស្មើគ្នា។ បើសិន ម៉ាឡេស៊ី ធ្វើបាន​ដូច្នេះ នោះ​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ លោក Kim Pan-gon នឹងត្រូវ​ប៉ះ​ជាមួយ​គ្រូបង្វឹក​របស់ វៀតណាម Park Hang-seo ដែល​មកពី កូរ៉េខាងត្បូង ដូចគ្នា៕

  • សម្រាប់​សម្ដែង​​​តួអង្គ Wolverine របស់ Deadpool 3 កំពូល​តារា​ Hugh Jackman នឹង​​ហាត់​យក​សាច់​ដុំ​ 6 ខែ

    សម្រាប់​សម្ដែង​​​តួអង្គ Wolverine របស់ Deadpool 3 កំពូល​តារា​ Hugh Jackman នឹង​​ហាត់​យក​សាច់​ដុំ​ 6 ខែ

    កំពូល​តារា​សម្ដែង Hugh Jackman បានឱ្យដឹងថា នឹង​ចំណាយពេល 6 ខែ​ក្នុង​ការហាត់​លើក​ដុំ​ដែក ដើម្បី​ឱ្យមាន​រូបរាង​ដូច​បំណង​សម្រាប់​សម្ដែង​ជា​តួអង្គ Wolverine ក្នុង​រឿង «Deadpool 3»។

    កាលពី​ថ្ងៃទី 09 មករា Jackman បានឱ្យដឹង​នៅលើ Insider ថា «ក្រោយពី​សម្ដែង​​ល្ខោន​រឿង The Music Man នៅ Broadway ខ្ញុំ​នឹង​នៅតែ​ផ្ទះ និង​យកចិត្តទុកដាក់​ជា​អតិបរមា​ក្នុងការ​ហាត់ប្រាណ 6 ខែ​ខាងមុខ»។

    កំពូល​តារា​សម្ដែង​ជនជាតិ​អូស្ត្រាលី បច្ចុប្បន្ន​បានបញ្ចប់​ដំណើរ​សម្ដែង​នៅ​មហោស្រព Broadway ដែល​គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី 15 មករា។ ល្ខោន​រឿង The Music Man របស់ Hugh Jackman ទទួលបាន​ការគាំទ្រ​ច្រើន។

    Hugh Jackman កើត​ឆ្នាំ 1968 នៅ អូស្ត្រាលី និង​មានឈ្មោះ​ល្បី​ខ្លាំង​បន្ទាប់ពី​បាន​សម្ដែង​ជា​តួអង្គ​មនុស្ស​ចចក​ក្នុង​ខ្សែភាពយន្ត X-Men រួម​នឹង​រឿង The Prestige, The Fountain និង Les Miserables។ គាត់​ក៏​ទទួលបាន​ជោគជ័យ​នៅលើ​ឆាក​សម្ដែង Broadway និង​អាជីព​ច្រៀង​រាំ​របស់គាត់។

    តួអង្គ Logan/Wolverine បាន​ជួយ​ឱ្យ Hugh Jackman ល្បីឈ្មោះ​នៅ Hollywood។ ឆ្នាំ 2020 Deadpool និង​បណ្ដា​តួអង្គ X-Men បាន​ចូលរួម​ជា​ផ្លូវការ​ក្នុង​ពិភព​ភាពយន្ត Marvel (MCU) បន្ទាប់ពី Disney បាន​ទិញ 20th Century Fox។

    Shawn Levy ជា​អ្នកដឹកនាំ​សម្ដែង​រឿង Deadpool 3 ចំណែក Rhett Reese និង Paul Wernick ដែលជា​អ្នកនិពន្ធ​របស់​វគ្គ​ដំបូង​ៗ​របស់​ Deadpool ក៏​នៅតែ​បន្ត​សរសេរ​វគ្គ 3។ Reese ធ្លាប់បាន​ប្រកាសថា Deadpool 3 នឹងត្រូវ​បាន​ចាត់​ក្នុង​ចំណាត់ក្នុង​ប្រភេទ​ R (មិន​សម្រាប់​ទស្សនិកជន​វ័យ​ក្រោម 17 ឆ្នាំ បើសិន​មិនមាន​អាណាព្យាបាល ឬ​មនុស្ស​ធំ​អមដំណើរ)៕

  • មនុស្សជាង​ 80 នាក់​បាន​​ស្លាប់ និង​រង​របួស​ នៅ​ក្នុង​បាតុកម្ម​​ប្រឆាំង​រដ្ឋាភិបាល​ប៉េ​រូ

    មនុស្សជាង​ 80 នាក់​បាន​​ស្លាប់ និង​រង​របួស​ នៅ​ក្នុង​បាតុកម្ម​​ប្រឆាំង​រដ្ឋាភិបាល​ប៉េ​រូ

    ហ្វូង​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ប៉េ​រូ ស្វែងរក​វិធី​សម្រុកចូល​អាកាសយានដ្ឋាន​នៅ​ទីក្រុង Juliaca និង​បាន​ប៉ះទង្គិច​ជាមួយ​ក្រុមប៉ូលិស បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច 17 នាក់។

    បាតុករ​រាប់ពាន់នាក់​ដែល​ខឹង​ខ្លាំង កាលពី​ថ្ងៃទី 09 មករា បាន​ទៅដល់​ព្រលានយន្តហោះ Juliaca នៅ​ទីក្រុង Juliaca ក្នុង​តំបន់ Puno ភាគខាងត្បូង​ប្រទេស​ប៉េ​រូ ដើម្បី​ប្រឆាំងនឹង​អាជ្ញាធរ​របស់​ប្រធានាធិបតី​ថ្មី Dina Boluarte និង​ទាមទារ​ឱ្យ​ដោះលែង​អតីត​ប្រធានាធិបតី Pedro Castillo។

    អំពើហិង្សា​បានកើត​ឡើង​នៅពេល​មនុស្ស​ប្រហែល 2,000 នាក់ វាយប្រហារ​លើ​កម្លាំង​ប៉ូលិស និង​ទាហាន​ដែល​កំពុង​ការពារ​អាកាសយានដ្ឋាន។ កាលពី​ចុង​សប្ដាហ៍​កន្លង ហ្វូង​បាតុករ​ក៏បាន​ស្វែងរក​វិធី​ដើម្បី​សម្រុក​ចូលទៅក្នុង​ព្រលានយន្តហោះ ប៉ុន្តែ​មិនបាន​សម្រេច។

    ស្នូរ​ផ្ទុះ​របស់​គ្រាប់កាំភ្លើង​បាន​លាន់​ឡើង​នៅពេល​ហ្វូង​បាតុករ​គប់​ដុំថ្ម​សំដៅ​ប៉ូលិស។ នាយកដ្ឋាន​សុខាភិបាល​តំបន់ Puno បានឱ្យដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស 17 នាក់​បាន​ស្លាប់ និង 68 នាក់​រងរបួស ក្រោយ​ការប៉ះទង្គិច​គ្នា ក្នុងនោះ​មាន​សាកសព​ខ្លះ​មាន​ស្នាម​គ្រាប់កាំភ្លើង។

    AFP ដកស្រង់​សម្ដី​របស់​បាតុករ​ម្នាក់​ឱ្យដឹងថា «ប៉ូលិស​​បាញ់ប្រហារ​លើ​ពួក​ខ្ញុំ»។ ចំណែក Oscar Caceres ដែលជា​អភិបាលក្រុង Juliaca បាន​និយាយថា «ជនជាតិ​ប៉េ​រូ កំពុង​សម្លាប់​គ្នា។ ខ្ញុំ​សូមឱ្យ​គ្រប់គ្នា​ស្ងប់ចិត្ត»។

    ចំនួន​មនុស្ស​ស្លាប់​​ក្នុងករណី​ថ្មី​នេះ បានធ្វើឱ្យ​តួលេខ​សរុប​នៃ​អ្នកស្លាប់​​ក្នុងការ​ប៉ះទង្គិច​គ្នា​រវាង​បាតុករ និង​សមត្ថកិច្ច​ប៉េ​រូ ដែល​បាន​ផ្ទុះឡើង​តាំងពីដើម​ខែធ្នូ 2022 កើនឡើង​ដល់ 39 នាក់។

    សភា​ប៉េ​រូ បានអនុម័ត​បណ្ដេញ​ប្រធានាធិបតី Castillo ចេញពី​អំណាច​កាលពី​ថ្ងៃទី 07 ធ្នូ 2022 បន្ទាប់ពី​លោក​បានប្រកាស​រំសាយ​សភា​ដើម្បី​ទប់ស្កាត់​ការ​ថ្កោលទោស​របស់​សភា​មកលើ​រូបលោក ទាក់ទង​នឹង​អំពើពុករលួយ។

    លោក Castillo ត្រូវបាន​ចាប់ខ្លួន​នៅពេល​លោក​កំពុងធ្វើដំណើរ​ទៅកាន់​ស្ថានទូត​ម៉ុក​ស៊ិ​ក ជាទី​ដែល​លោក​សុំ​សិទ្ធិ​ជ្រកកោន។ លោកស្រី Boluarte ដែល​ធ្លាប់​កាន់តំណែង​អនុ​ប្រធានាធិបតី​ក្នុងសម័យ​របស់លោក Castillo បាន​ឡើងកាន់​អំណាច​ជំនួស​។ ចាប់តាំងពី​ឆ្នាំ 2016 ប្រទេស​ប៉េ​រូ បាន​ឆ្លងកាត់​ប្រធានាធិបតី​ចំនួន 6 រូប​រួចមកហើយ៕

  • ​មូលហេតុ​ដែល​ឥណ្ឌូណេស៊ី​ចាញ់​វៀតណាម 2-0 នៅ AFF Cup 2022 កាលពី​ម្សិលមិញ

    ​មូលហេតុ​ដែល​ឥណ្ឌូណេស៊ី​ចាញ់​វៀតណាម 2-0 នៅ AFF Cup 2022 កាលពី​ម្សិលមិញ

    យោងតាម CNN Indonesia ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់​គ្រូបង្វឹក Shin Tae-yong បាន​ជួបប្រទះ​បញ្ហាធំៗ​​ចំនួន 3 ដែលនាំឱ្យ​ពួកគេ​ត្រូវ​ចាញ់ 0-2 ក្នុង​ការ​ប្រកួត​​​ជើង​ទី​ពីរ​នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់ AFF Cup 2022។

    «ដំបូង ក្រុម​ត្រូវគេ​នាំមុខ​ឆាប់​ពេក (នៅ​នាទី​ទី 3) បណ្ដាលឱ្យ​ផែនការ​ដំបូង​នានា​របស់​គ្រូបង្វឹក Shin ត្រូវ​ដួលរលំ» សារព័ត៌មាន​ឥណ្ឌូណេស៊ី បកស្រាយ​ដូច្នេះ ទាក់ទិន​នឹង​ការបរាជ័យ​របស់​ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី កាលពី​ព្រលប់​ថ្ងៃទី 09 មករា។

    ក្រោយ​ត្រូវគេ​នាំមុខ​នោះ CNN Indonesia បន្ថែម​ថា ឥណ្ឌូណេស៊ី ក៏មាន​បញ្ហា​ប្រកែក​គ្នា​​ជា​ច្រើន​លើក​ជា​មួយនឹង​​ក្រុម​វៀតណាម។ ភាពច្របូកច្របល់​ចាប់ផ្ដើម​កើតឡើង​ពី​ករណី​ប៉ះទង្គិច​គ្នា​រវាង​ខ្សែប្រយុទ្ធ Dendy Sulistyawan ជាមួយនឹង​ខ្សែបម្រើ Que Ngoc Hai នៅ​នាទី​ទី 22 ដោយ​កីឡាករ​ឥណ្ឌូណេស៊ី ជឿថា ខាង​វៀតណាម​លេង​ខូច។ ក្រោយ​នាទី​ខាងលើ ភាគី​ទាំងពីរ​ទទួលបាន​កាត​លឿង​ជា​បន្តបន្ទាប់ ដោយសារ​ការប៉ះទង្គិច​គ្នា។

    ចូលដល់​តង់​ទី​ពីរ បញ្ហា​នៅ​តង់​ដំបូង​ក៏​កើតឡើង​ជាថ្មី​នៅពេល​សំណាញ់​ទី​របស់ ឥណ្ឌូណេស៊ី ត្រូវ​ប៉ើង​ម្ដងទៀត​នៅ​នាទី​ទី 47។ CNN Indonesia អះអាងថា «ពួកគេ​ពិតជា​ត្រូវ​អូសទាញ​ទៅក្នុង​ការឈ្លោះប្រកែក​គ្នា​ជាមួយ​វៀតណាម»។

    យោងតាម​សារព័ត៌មាន​ឥណ្ឌូណេស៊ី បញ្ហា​ចុងក្រោយ​ដែលនាំឱ្យ​ក្រុម​ឥណ្ឌូណេស៊ី ចាញ់​វៀតណាម នោះ​គឺ​ភាព​ខ្សោយ​នៅ​ខ្សែប្រយុទ្ធ ព្រោះថា កូនសិស្ស​របស់លោក Shin មិនអាច​បង្ក​ការគំរាមកំហែង​ណាមួយ​ដល់ទី​របស់​ក្រុម​ម្ចាស់ផ្ទះ។

    ដោយសារតែ​បញ្ហា​ទាំងនេះ ឥណ្ឌូណេស៊ី បាន​បរាជ័យ​នៅលើ​ទីលាន My Dinh របស់ វៀតណាម ព្រោះ​​ពួកគេ​មិនអាច​លេង​បានល្អ​ដូច​ការប្រកួត​ជើង​ទីមួយ​កាលពី 3 ថ្ងៃមុន​នៅ​កីឡដ្ឋាន Gelora Bung Karno។ ដូច្នេះ ជាថ្មី​ម្ដងទៀត ឥណ្ឌូណេស៊ី បាន​បាត់បង់​ឱកាស​ចាប់យក​តំណែង​ជើង​ឯ​ក AFF Cup៕

  • ក្រសួង​សាធារណការ នឹង​បើក​​ព្រឹត្តិ​ការណ៍​ «TSI OPEN DAY» សម្រាប់​សាធារណជន​​នៅ​សប្ដាហ៍​នេះ

    ក្រសួង​សាធារណការ នឹង​បើក​​ព្រឹត្តិ​ការណ៍​ «TSI OPEN DAY» សម្រាប់​សាធារណជន​​នៅ​សប្ដាហ៍​នេះ

    នៅ​ព្រឹក​ថ្ងៃទី 10 មករា​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា «TSI OPEN DAY» ដែលជា​ព្រឹត្តិការណ៍​បញ្ជ្រាប​ព័ត៌មាន​ជាច្រើន​ ​ទាក់ទង​នឹង​អាហារូបករណ៍​សម្រាប់​និស្សិត​ជាដើម នឹងត្រូវ​បើកទទួល​សាធារណជន​នៅ​ថ្ងៃចុង​​​សប្ដាហ៍​នេះ។

    យោងតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សាធារណជន មាតាបិតា អាណាព្យាបាល សិស្ស-និស្សិត ដែល​មានបំណង​ស្វែងរក​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សម្រាប់​បន្ត​ការសិក្សា អាច​អញ្ជើញ​ចូលរួម​ដោយ​សេរី​ក្នុង​ព្រឹត្តិការណ៍ «TSI OPEN DAY» របស់ វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន។

    សាធារណជន​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ នឹង​ទទួលបាន​នូវ​ការតម្រង់ទិស​ជំនាញ ការចែករំលែក​បទពិសោធ​ន៍​ពី​និស្សិត ទស្សនកិច្ច​អគារសិក្សា បរិក្ខា​បច្ចេកទេស ព័ត៌មាន​អាហារូបករណ៍ ការដាក់​ពាក្យ​ប្រឡង​ជ្រើសរើស​និស្សិត​ជំនា​ន់ទី 3 និង​ការសិក្សា​ស្វែងយល់​ពី​ឱកាស​ការងារ​ទៅតាម​ជំនាញនីមួយៗ នៃ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន។

    ព្រឹត្តិការណ៍ «TSI OPEN DAY» នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី 14 ខែមករា ឆ្នាំ 2023 នៅ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន។

  • មេធាវី​រ៉ូ​បូត​ដំបូង​គេ​លើ​ពិភពលោក ជិត​បាន​ឡើង​​ការពារ​ក្ដី​ឱ្យ​មនុស្សនៅ​តុលាការ

    មេធាវី​រ៉ូ​បូត​ដំបូង​គេ​លើ​ពិភពលោក ជិត​បាន​ឡើង​​ការពារ​ក្ដី​ឱ្យ​មនុស្សនៅ​តុលាការ

    (សហរដ្ឋ​អាម៉េរិក)- រ៉ូបូត​​បំបាក់​បច្ចេកវិទ្យា​បញ្ញា​​សប្ប​និម្មិត (AI) ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន DoNotPay នឹង​ជួយ​ការ​​ពារ​កូនក្ដី​របស់ខ្លួន ប្រឆាំងនឹង​ការ​ផាក​​ពិន័យ​ចរាចរណ៍​នៅ​តុលាការ​ក្នុង​ខែកុម្ភៈ 2023។

    មេធាវី​រ៉ូ​បូត AI មួយ ជិត​បង្កើតបាន​ប្រវត្តិសាស្ត្រ​​​នៅពេល​ក្លាយជា​រ៉ូបូត​ដំបូង​គេ​ដែល​ការពារ​កូនក្ដី​ជា​មនុស្ស​នៅក្នុង​សវនាការ នេះ​បើតាម IFL Science ចុះផ្សាយ​កាលពី​ថ្ងៃទី 09 មករា។ មេធាវី​រ៉ូ​បូត​នេះ​នឹង​ជួយ​រម្លឹក​ជនជាប់ចោទ លើកឡើង​នូវ​អំណះអំណាង​ល្អ​បំផុត ដើម្បី​ប្រឆាំងនឹង​ការ​ផាកពិន័យ​លើ​ករណី​បើកបរ​រថយន្ត​ហួស​ល្បឿន​កំណត់ នៅក្នុង​សវនាការ​មួយ​ដែល​នឹងត្រូវ​បានធ្វើ​ឡើង​នៅ​ខែ​ខាងមុខ។

    មេធាវី​រ៉ូ​បូត​បំពាក់​បញ្ញា​សិប្បនិម្មិត​របស់​ក្រុមហ៊ុន DoNotPay នេះ ត្រូវបាន​អភិវឌ្ឍ​ក្នុង​ទម្រង់ Chatbot ជា​កម្មវិធី​កុំព្យូទ័រ​ដែល​អាច​ជជែក​តទល់​នឹង​គ្នា​បាន។ វា​ត្រូវបាន​ដំឡើង​នៅលើ​ទូរស័ព្ទដៃ ហើយ​លើកឡើង​នូវ​ការ​ក្រើនរម្លឹកល្អៗសម្រាប់​ជនជាប់ចោទ តាមរយៈ​កាស។ កូនក្ដី (ជនជាប់ចោទ) បាន​យល់ព្រម​និយាយ​តែ​អ្វីដែល AI បានស្នើ។

    ករណី​ការពារ​ក្ដី​ខាងលើនេះ​ដើរតួនាទី​ដូច​ទៅនឹង​ការពិសោធ​មួយ​សម្រាប់​សេវាកម្ម​របស់ DoNotPay ហើយ​ក្រុមហ៊ុន​នេះ​នឹង​ចេញ​ថ្លៃ​​ពិន័យ​ទាំងអស់ បើសិន​មេធាវី AI របស់​ពួក​គេ​នេះ មិនអាច​ជួយ​ឱ្យ​ជនជាប់ចោទ​ឈ្នះក្ដី។

    សូមបញ្ជាក់ថា ដើមឡើយ DoNotPay ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2015 គឺជា​ក្រុមហ៊ុន​ដែល​ផ្ដោតលើ​បច្ចេកវិទ្យា Chatbot ជួយ​ឱ្យ​អតិថិជន​រួចផុត​ពី​បញ្ហា​ត្រូវ​បង់ប្រាក់​ពិន័យ និង​ការចំណាយ​លើ​ការទូទាត់​យឺត​ពេល​ជា​ដើម​។ល។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បានចាប់ផ្ដើម​ផ្ដោតលើ AI ជាង​មុន ចាប់ពី​ឆ្នាំ 2020៕

  • ទីក្រុង​របស់​ប្រទេស​ជប៉ុន គ្រោង​ផលិត​អគ្គិសនី​ពី​ព្រឹលដែល​សល់​

    ទីក្រុង​របស់​ប្រទេស​ជប៉ុន គ្រោង​ផលិត​អគ្គិសនី​ពី​ព្រឹលដែល​សល់​

    នៅឯ​ទីក្រុង Aomori នៅ​ភាគ​ឦសាន​ប្រទេស​ជប៉ុន អាជ្ញាធរ​កំពុង​រៀប​ផែន​ការផលិត​អគ្គិសនី​ពី​ព្រឹល​ដែល​សល់ ដើម្បី​ធានា​លើ​ប្រភព​ផ្គត់ផ្គង់​ថាមពល​កកើត​ឡើងវិញ និង​ជួយ​កាត់បន្ថយ​បញ្ហា​ដាច់​ភ្លើង។

    គម្រោង​ដែលជា​កិច្ចសហការ​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា Forte Co និង​សាកលវិទ្យាល័យ​ទូរគមនាគមន៍​តូ​ក្យូ​ត (UEC) រួមមាន ការប្រើប្រាស់​ភាពខុសគ្នា​នៃ​សីតុណ្ហភាព​រវាង​ព្រឹល​ដែល​គេ​រក្សាទុក និង​បរិយាកាស​ជុំវិញ ដើម្បី​ផ្ដល់​ថាមពល​ឱ្យ​ទួ​រ​ប៊ី​ន។ ថាមពល​នេះ​ត្រូវបាន​បង្កើតឡើង​នៅពេល​សីតុណ្ហភាព​ក្នុង​បរិយាកាស​ធ្វើឱ្យ​ហួត​ធាតុ​រាវ​ដែល​ត្រជាក់​ដោយសារ​ព្រឹល។

    ការផលិត​អគ្គិសនី​ពី​ព្រឹល​ដែល​គេ​រក្សាទុក​នឹង​ផ្គត់ផ្គង់​ប្រភព​ថាមពល​​ដែលមាន​ប្រយោជន៍​ផ្នែក​បរិស្ថាន សុវត្ថិភាព ហើយ​ការចំណាយ​ក៏​ទាប នេះ​បើតាម Tech Times ចុះផ្សាយ​កាលពី​ថ្ងៃទី 08 មករា 2023។

    ទីក្រុង Aomori របស់ ជប៉ុន មាន​ព្រឹល​ធ្លាក់​ច្រើន​ជា​រៀងរាល់ឆ្នាំ។ ការចំណាយ​លើ​ការសម្អាត​ព្រឹល​ក្នុង​ឆ្នាំ 2021 បាន​ឡើងដល់ 55 លាន​ដុល្លារ​អាម៉េរិក។ ជំនួស​ឱ្យ​ការយក​ព្រឹល​ដែល​សល់​នេះ​ទៅ​ចាក់ចោល អាជ្ញាធរ​ក្រុង និង​ដៃគូ​សហការ បានសម្រេច​ចិត្ត​​រៀប​ចំ​​គម្រោង​ផលិត​អគ្គិសនី​ខាងលើ។

    បើសិនជា​​ទទួល​បាន​ជោគជ័យ ប្រភព​ថាមពល​កកើត​ឡើងវិញ​ដ៏​ពិសេស​នេះ មិន​ត្រឹមតែ​ផ្គត់ផ្គង់​ប្រភេទ​អគ្គិសនី​ថ្មី​សម្រាប់​ទីក្រុង Aomori នោះទេ ប៉ុន្តែ​ក៏​អាចបង្កើត​បាន​ឧស្សាហកម្ម​ថ្មី​សន្លាង​នៅក្នុង​តំបន់​ទៀតផង៕

  • ថៃ «លុប​​ចោល» ​​ការ​តម្រូវឱ្យ​ភ្ញៀវ​បរទេស​បង្ហាញ​លិខិត​បញ្ជាក់​ការ​​ចាក់​វ៉ាក់សាំង​កូ​វីដ-19 មុន​ពេល​ឱ្យ​ចូល​ទឹក​ដី​

    ថៃ «លុប​​ចោល» ​​ការ​តម្រូវឱ្យ​ភ្ញៀវ​បរទេស​បង្ហាញ​លិខិត​បញ្ជាក់​ការ​​ចាក់​វ៉ាក់សាំង​កូ​វីដ-19 មុន​ពេល​ឱ្យ​ចូល​ទឹក​ដី​

    កាលពី​ថ្ងៃទី 09 មករា 2023 រាជរដ្ឋាភិបាល​ថៃ បាន​វិល​ទៅរក​សភាពការណ៍​ដើម នៅពេល​លុប​ចោលការ​តម្រូវឱ្យ​ភ្ញៀវ​បរទេស​បង្ហាញ​លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-19 ដែល​ត្រូវបាន​ប្រកាស​កាលពី​ចុង​សប្ដាហ៍​កន្លង។

    យោងតាម SCMP អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​ស៊ីវិល​ថៃ (CAAT) កាលពី​ថ្ងៃទី 07 មករា 2023 បានប្រកាស​វិធានការ​ថ្មី​ដើម្បី​ទប់ស្កាត់​កូ​វីដ-19 ដែល​ត្រូវអនុវត្ត​ចំពោះ​ភ្ញៀវ​បរទេស បន្ទាប់ពី ប្រទេស​ចិន បាន​បើកទ្វារ​ព្រំដែន​ជា​ផ្លូវការ ក្រោយ​ការបិទ​អស់​រយៈពេល​ប្រហែល 3 ឆ្នាំ។

    វិធាន​ការដែល​បានប្រកាស​កាលពី​ចុង​សប្ដាហ៍​កន្លង រួមមាន​ជាអាទិ៍ ការតម្រូវ​ឱ្យ​ភ្ញៀវ​បរទេស​បង្ហាញ​លិខិត​​ចាក់​វ៉ាក់សាំង​ពេញលេញ ​ភស្ដុតាង​បញ្ជាក់​ពី​ការចាក់​វ៉ាក់សាំង ឬ​លិខិតបញ្ជាក់​មូលហេតុ​នៃ​ការមិន​ទាន់​ចាក់​វ៉ាក់សាំង លិខិតបញ្ជាក់​អំពី​ការ​ជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ-19 ក្នុង​រង្វង់ 6 ខែ នៅមុន​ពេល​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលមក​ទឹកដី​ថៃ។

    CAAT បានឱ្យដឹងថា វិធានការ​ខាងលើ​នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី 09 មករា និង​អូស​បន្លាយពេល​យ៉ាងតិច​ត្រឹម​ដំណាច់ខែ​នេះ ដើម្បី​ត្រៀម​សម្រាប់​ទទួលភ្ញៀវ​ពី ប្រទេស​ចិន។

    ក៏ប៉ុន្តែ មកដល់​ថ្ងៃទី 09 មករា ប្រកាស​ថ្មី​ពី ក្រសួងសុខាភិបាល​ថៃ បានឱ្យដឹងថា ប្រទេស​នេះ​បាន​លុបចោល​វិធានការ​ទប់ស្កាត់​កូ​វីដ-19 ខាងលើ​នេះហើយ។ ក្រុម​អ្នកជំនាញ​របស់ ប្រទេស​ថៃ បាន​បញ្ជាក់ថា ការតម្រូវ​ឱ្យ​ភ្ញៀវ​បរទេស​បង្ហាញ​ភស្ដុតាង​ស្ដីពី​ការចាក់​វ៉ាក់សាំង​គឺជា​រឿង​មិនចាំបាច់ ដោយសារ​ថា ការចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ពិភពលោក​មាន​អត្រា​ខ្ពស់ នេះ​បើតាម SCMP។

    ក្រសួងសុខាភិបាល​ថៃ បញ្ជាក់ថា ទេសចរ​បរទេស​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ ក៏ត្រូវ​បានអនុញ្ញាត​ឱ្យ​ចូល​ទឹកដី​ថៃ ដោយ​មិនត្រូវ​រង​ការកំណត់​អ្វី​ឡើយ។ ប៉ុន្តែ ភ្ញៀវ​ត្រូវតែ​បង្ហាញ​លិខិតធានា​រ៉ាប់រង​ផ្នែក​សុខភាព​សម្រាប់​ការព្យាបាល​ជំងឺ​កូ​វីដ-19 ដែល​ប្រការនេះ​នឹង​អនុវត្ត​ចំពោះ​ភ្ញៀវ​​ដែល​ឆ្លង​កាត់​ប្រទេស​ដ​ដែល​តម្រូវឱ្យ​បង្ហាញ​លិខិតបញ្ជាក់​ការធ្វើ​តេស្ត​អវិជ្ជមាន​កូ​វីដ-19 ​មុនពេល​អនុញ្ញាត​ឱ្យចូល​ប្រទេស៕

  • AFF Cup 2022 – វៀតណាម​បំបែក​កំណត់​ត្រា​ជា​ច្រើន ​ក្រោយ​ឈ្នះ​ឥណ្ឌូណេស៊ី ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​

    AFF Cup 2022 – វៀតណាម​បំបែក​កំណត់​ត្រា​ជា​ច្រើន ​ក្រោយ​ឈ្នះ​ឥណ្ឌូណេស៊ី ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​

    កូនសិស្ស និង​គ្រូបង្វឹក Park Hang-seo របស់ វៀតណាម ដណ្ដើមបាន​ជ័យជម្នះ​បន្តបន្ទាប់​លើក​ទី 9 នៅលើ​ទីលាន​របស់ខ្លួន ទ​ន្នឹម​នឹង​ការរក្សា​ទី​បាន​ស្អាត​រហូតដល់ 6 ប្រកួត​នៅ AFF Cup បន្ទាប់ពី​បាន​ផ្ដួល​ឥណ្ឌូណេស៊ី នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​ព្រលប់​ថ្ងៃទី 09 មករា 2023 ក្នុង​លទ្ធផល 2-0។

    នេះ​គឺជា​ជ័យជម្នះ​បន្តបន្ទាប់​លើក​ទី 8 របស់ វៀតណាម នៅលើ​ទីលាន​របស់ខ្លួន​នៅ​គ្រប់​ការប្រកួត រាប់​ចាប់ពី​ក្រោយ​ការប្រកួត​ចាញ់ Oman 0-1 នៅ​វគ្គ​ជម្រុះ World Cup 2022 កាលពី​ថ្ងៃទី 24 មីនា 2022។ ក្នុង​ជ័យជម្នះ​ខាងលើ វៀតណាម រកបាន 20 គ្រាប់ និង​ចាញ់ 1 គ្រាប់​ពេល​ប្រកួត​ជាមួយ Dortmund។

    កូនសិស្ស និង​គ្រូបង្វឹក Park Hang-seo ក៏បាន​បំបែក​​កំណត់​ត្រា​ «ប្រកួតមិន​ចាញ់» របស់​ខ្លួន​ នៅ​គ្រប់​ការប្រកួត ​ឡើងដល់ 12 ប្រកួត ក្នុងនោះ វៀតណាម បានឈ្នះ 9 ប្រកួត និង​ស្មើ 3 ប្រកួត។

    (ការ​ប្រកួត​រវាង វៀតណាម និង ឥណ្ឌូណេស៊ី នៅ​ជើង​ទីពីរ​នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​របស់ AFF Cup 2022 កាល​ពី​ព្រលប់​ថ្ងៃទី 09 មករា 2023 នៅ​ ហាណូយ)

    ក្រោយ​ការប្រកួត​កាលពី​ព្រលប់​ម្សិលមិញ វៀតណាម ក៏បាន​បំបែក​កំណត់ត្រា «26 ឆ្នាំ​មិន​ឈ្នះ​ឥណ្ឌូណេស៊ី​នៅ AFF Cup រាប់​ពី​ឆ្នាំ 1996» ផងដែរ។ វៀតណាម ក៏បាន​បំបែក​​កំណត់ត្រា «រក្សា​ទី​បាន​ស្អាត» របស់​ខ្លួន​ ឡើងដល់ 6 ប្រកួត​នៅ AFF Cup 2022 ស្មើនឹង​កំណត់ត្រា​របស់ ថៃ នៅក្នុង​មួយ​រដូវ​កាល​មុន​របស់ AFF Cup។ ពេលនេះ វៀតណាម នៅមាន 2 ប្រកួត​ទៀត​ដើម្បី​បំបែក​កំណត់ត្រា​របស់​គូប្រជែង។ គូប្រកួត​របស់ វៀតណាម នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Cup 2022 គឺ ថៃ ឬ ម៉ាឡេស៊ី៕