Author: សឿន សំណាង

  • អ្នកគាំទ្រ​​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ជូនពរ​​​​ថៃ ឱ្យ​ឈ្នះ​​​វៀតណាម ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ AFF Cup 2022!

    អ្នកគាំទ្រ​​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ជូនពរ​​​​ថៃ ឱ្យ​ឈ្នះ​​​វៀតណាម ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ AFF Cup 2022!

    (ម៉ាឡេស៊ី) – ក្រោយ​ការប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែល​បាន​ចាញ់​ថៃ​កាលពី​ព្រលប់​ថ្ងៃទី 10 មករា ក្រុម​អ្នកគាំទ្រ​របស់​ម៉ាឡេស៊ី នាំគ្នា​ច្រៀង និង​ជូនពរ​ដល់​ក្រុម​របស់​ថៃ ឱ្យ​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក AFF Cup នៅ​ឆ្នាំនេះ។

    ទស្សនិកជន​ប្រហែល 300 នាក់ បាន​ទៅកាន់​កីឡដ្ឋាន Thammasat នៅ​បាងកក ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី។ ក្នុងការ​ប្រកួត​នេះ ក្រុម​ដែល​ពួកគេ​គាំទ្រ​​នឹង​បាន​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ឱ្យតែ​មិន​ចាញ់​ ដោយសារតែ​បានឈ្នះ 1-0 នៅ​ជើង​ទីមួយ​ដែល​បាន​ទាត់​លើ​ទីលាន Bukit Jalil របស់ ម៉ាឡេស៊ី។

    ក៏ប៉ុន្តែ ថ្វី​ជើង​របស់​កីឡាករ Teerasil Dangda, Bordin Phala និង Adisak Kraisorn បាន​ជួយ​ឱ្យ​ក្រុម​របស់​ថៃ ឈ្នះម៉ាឡេស៊ី 3-0 ហើយ​ក៏បាន​ឡើងទៅ​ប៉ះ​វៀតណាម​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

    បន្ទាប់ពី​ការប្រកួត​រវាង​ថៃ និង​ម៉ាឡេស៊ី​បានបញ្ចប់ ក្រុម​កីឡាករ​ថៃ​ក៏​ដើរ​ខាងមុខ​តាម​បណ្ដោយ​កន្លែង​ទស្សនិកជន​ដើម្បី​អរគុណ​ដល់​អ្នកគាំទ្រ។ ពេល​ពួកគេ​ឈប់​ត្រង់​ខាងមុខ​កន្លែង​ទស្ស​និក​របស់​ក្រុម​ភ្ញៀវ ក្រុម​អ្នកគាំទ្រ​ម៉ាឡេស៊ី​ក៏​នាំគ្នា​ច្រៀង «សួស្ដី​ក្រុម​ថៃ»។

    បន្ទាប់មក មនុស្ស​មួយចំនួន​ក៏បាន​ស្រែក​ឡើង៖ «យកឈ្នះ​លើ​វៀតណាម​ឱ្យបាន​ណា៎» និង «ជូនពរ​សំណាងល្អ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ»។ ភ្លាមនោះ ក្រុម​កីឡាករ​ថៃ​ក៏បាន​ទះដៃ​ឆ្លើយតប​ការជូន​ពរ​ពី​អ្នកគាំទ្រ​របស់​ម៉ាឡេស៊ី។

    ថ្វី​ជើង​របស់​កីឡាករ Teerasil Dangda, Bordin Phala និង Adisak Kraisorn បាន​ជួយ​ឱ្យ​ក្រុម​របស់​ថៃ ឈ្នះម៉ាឡេស៊ី 3-0 ហើយ​ក៏បាន​ឡើងទៅ​ប៉ះ​វៀតណាម​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ

    ឥរិយាបថ​របស់​អ្នកគាំទ្រ​ម៉ាឡេស៊ី គឺជា​រឿង​កម្រ​កើតមាន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​ទម្លាប់​ប្រឈមមុខ​ដាក់គ្នា​រវាង​ក្រុមបាល់ទាត់​នានា។ សារព័ត៌មាន​ថៃ​បាន​លើកសរសើរ​ចំពោះ​ក្រុម​​អ្នកគាំទ្រ​របស់​ម៉ាឡេស៊ី ដែល​បានបង្ហាញ​នូវ​ស្មារតី​កីឡា​ដ៏​ថ្លៃថ្នូរ។

    ម៉ាឡេស៊ី ធ្លាប់​ប៉ះ​វៀតណាម នៅ​វគ្គ​សន្សំ​ពិន្ទុ​របស់ AFF Cup 2022 ឆ្នាំនេះ ដែល​ពេលនោះ​ម៉ាឡេស៊ី​បាន​ចាញ់ 0-3 នៅលើ​កីឡដ្ឋាន My Dinh ក្នុង​ការប្រកួត​ដែល​មានការ​ប្រកែក​គ្នាច្រើន។

    ក្រុម​ជម្រើសជាតិ​ថៃ នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុម​របស់​វៀតណាម​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ក្នុងនោះ ការប្រកួត​ជើង​ទីមួយ​នឹងធ្វើ​ឡើង​ក្នុង​ថ្ងៃទី 13 មករា​លើ​វាលស្មៅ My Dinh របស់​ រដ្ឋ​ធានី​ហាណូយ​ ហើយ 3 ថ្ងៃ​ក្រោយមក នឹងត្រូវ​ប៉ះគ្នា​ម្ដងទៀត​ និង​ជា​លើក​ចុង​ក្រោយ​នៅ​ AFF Cup 2022 លើ​ទីលាន​បាល់​ទាត់​ Thammasat ក្នុង​រាជធានី​បាងកក៕

  • ក្រុមហ៊ុនអាម៉េរិក​ ប្រកាស​លក់​យន្តហោះ​​អគ្គិសនី​ផ្ទាល់ខ្លួន ល្បឿន 101 គីឡូម៉ែត្រ/ម៉ោង

    ក្រុមហ៊ុនអាម៉េរិក​ ប្រកាស​លក់​យន្តហោះ​​អគ្គិសនី​ផ្ទាល់ខ្លួន ល្បឿន 101 គីឡូម៉ែត្រ/ម៉ោង

    យន្តហោះ​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់ Recon មានតម្លៃ 150,000 ដុល្លារ​អាម៉េរិក អាច​ហោះហើរ​បាន 20 នាទី​ក្នុង​កម្ពស់ 122 ម៉ែត្រ។

    ក្រុមហ៊ុន​អាម៉េរិក​ Ryse Aero Technologies ចាប់ផ្ដើម​ទទួល​ការបញ្ជាទិញ​ជាមុន​សម្រាប់ Recon ដែលជា​យន្តហោះ​​អគ្គិសនី​ ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់ (eVTOL) ប្រភេទ​ស្រាល នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលបី​ថ្ងៃទី 10 មករា 2023។

    តាម​គម្រោង យន្តហោះ​នេះ​នឹង​ត្រូវបាន​ប្រគល់ជូន​អតិថិជន​នៅ​ត្រីមាស​ទី​បួន ឆ្នាំ 2023 ក្នុងតម្លៃ 150,000 ដុល្លារ/គ្រឿង។

    Recon ត្រូវបាន​រចនា​ឡើង​ដើម្បី​ហោះហើរ​នៅ​តំបន់​ជនបទ និង​បម្រើ​ដល់​វិស័យ​កសិកម្ម។ យន្តហោះ​នេះ​ជួយ​ឱ្យ​ការផ្លាស់​ទី​នៅ​តំបន់​វាល​ធំ​ដែល​មិនមាន​ផ្លូវ​កៅស៊ូ និង​មាន​តិចតួច មាន​ភាព​​ងាយស្រួល។

    Recon មាន​កៅអី​តែមួយ ​អាច​ហោះ​បាន​កម្ពស់ 122 ម៉ែត្រ និង​​ល្បឿន 101 គីឡូម៉ែត្រ/ម៉ោង។ ដោយ​បំពាក់​ថ្ម​ផ្ទុក​អគ្គិសនី​ចំនួន 6 គ្រាប់ យន្តហោះ​នេះ​អាច​ហោះ​បាន​ប្រហែល 20 នាទី បន្ទាប់ពី​បញ្ចូល​ថាមពល​មួយ​ពេញ។

    យោងតាមក្រុម​ហ៊ុន​ Ryse Aero Technologies អ្នកបើកបរ​យន្តហោះ Recon មិនចាំបាច់​មាន​ប័ណ្ណបើកបរ​យន្តហោះ​ឡើយ៕

  • ណាសា​ (NASA) រកឃើញ​ពិភពថ្មី​ ទំហំ​ប៉ុន​ផែនដី ​​អាចមាន​ទឹក​រាវ និង​ជីវិត

    ណាសា​ (NASA) រកឃើញ​ពិភពថ្មី​ ទំហំ​ប៉ុន​ផែនដី ​​អាចមាន​ទឹក​រាវ និង​ជីវិត

    ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA) ប្រកាសថា បាន​រកឃើញ​ពិភព​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 100 ឆ្នាំ​ពន្លឺ ស្ថិតក្នុង​តំបន់​ដែលមាន​អំណោយផល​សម្រាប់​ការកកើត​ជីវិត។

    វត្ថុ​អវកាស​ដែលមាន​ឈ្មោះថា TOI 700 e អាចជា​ពិភព​ថ្ម​មួយ​ដែលមាន​ទំហំ​ស្មើនឹង 95% ធៀប​នឹង​ផែនដី។ នេះ​គឺជា​ពិភព​ទី​បី​ដែល​ត្រូវបាន​រកឃើញ​នៅ​ជុំវិញ​កូន​ផ្កាយ TOI 700។ ពិភព​ទាំងអស់នេះ​សុទ្ធតែ​រកឃើញ​ដោយ​ផ្កាយរណប​សង្កេត​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ TESS របស់ ណា​សា នេះ​បើតាម​របាយការណ៍​ដែល​បានប្រកាស​កាលពី​ថ្ងៃទី 10 មករា នៅក្នុង​កិច្ចប្រជុំ​លើក​ទី 241 របស់​សមាគម​តារាសាស្ត្រ​អាម៉េរិក នៅ Seattle។

    ពិភព​មួយ​ផ្សេងទៀត​នៅក្នុង​ប្រព័ន្ធ​ផ្កាយ​ខាងលើ ត្រូវបាន​រកឃើញ​កាលពី​ឆ្នាំ 2020 និង​ត្រូវបាន​ដាក់ឈ្មោះ​ឱ្យ​ថា TOI 700 d ក៏មាន​ទំហំ​ប្រហែល​នឹង​ផែនដី។ ទាំង TOI 700 d និង TOI 700 e សុទ្ធតែ​ស្ថិតនៅក្នុង​តំបន់​ដែល​អាចឱ្យ​ជីវិត​រស់នៅ​បាន ដែល​នេះ​មានន័យថា គម្លាត​របស់​ពួក​វាពី​ផ្កាយ​មេ​គឺ​អនុញ្ញាត​ឱ្យមាន​វត្តមាន​ទឹក​រាវ​ហូរ​នៅលើ​ផ្ទៃ​ខាងលើ។ វត្តមាន​របស់​ទឹក​រាវ បង្ហាញថា ពិភព​ទាំងនេះ​អាច​កំពុង ឬ​ធ្លាប់មាន​វត្តមាន​ជីវិត។

    ក្នុងចំណោម​ពិភព​ចំនួន 4 របស់​ប្រព័ន្ធ​ផ្កាយ TOI 700 ពិភព TOI 700 b ស្ថិតនៅ​ក្បែរ​ផ្កាយ​មេ​បំផុត។ TOI 700 b មាន​ទំហំ​ស្មើនឹង 90% ធៀប​នឹង​ផែនដី និង​ចំណាយពេល 10 ថ្ងៃ​ក្នុងការ​គោចរ​បាន​មួយ​ជុំ​ផ្កាយ​មេ។ បន្ទាប់មក​គឺ TOI 700 c ធំ​ជាង​ផែនដី 2.5 ដង ហើយ​មួយឆ្នាំ​របស់​វា​ស្មើនឹង 16 ថ្ងៃ។

    ពិភព​ទី​ពីរ និង​ទី​បី​គឺ TOI 700 d និង TOI 700 e ស្ថិតក្នុង​តំបន់​ដែល​អាច​ឱ្យមាន​វត្តមាន​ជីវិត ហើយ​មួយឆ្នាំ​របស់​ពួកវា​គឺ 37 ថ្ងៃ និង 28 ថ្ងៃ។ ពិភព TOI 700 e ដែល​ទើប​ត្រូវបាន ណា​សា ប្រកាស​កាល​ពី​ម្សិលមិញ គឺ​ស្ថិតនៅ​ចន្លោះ​ពិភព TOI 700 c និង TOI 700 d៕

  • តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា អនុវត្ត​ចាប់ពី​ថ្ងៃទី 11 ដល់ 20 មករា 2023

    តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា អនុវត្ត​ចាប់ពី​ថ្ងៃទី 11 ដល់ 20 មករា 2023

    ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​ពី តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថ្មី ដែល​ត្រូវអនុវត្ត ចាប់ពី​ថ្ងៃទី 11 ដល់ 20 មករា 2023 ក្នុងនោះ សាំង​ធម្មតា​មានតម្លៃ​ដដែល​គឺ 4,200 រៀល/លីត្រ និង​ប្រេងម៉ាស៊ូត ចុះ ១៥០ រៀល ដោយ​ត្រូវ​លក់ 4,400 រៀល/លីត្រ។

  • ភាពយន្ត​របស់ Steven Spielberg ផ្ដួល​ «Avatar 2» និង​ទទួល​បាន​ពាន​ផែនដី​មាស

    ភាពយន្ត​របស់ Steven Spielberg ផ្ដួល​ «Avatar 2» និង​ទទួល​បាន​ពាន​ផែនដី​មាស

    (សហរដ្ឋ​អាម៉េរិក)- «The Fabelmans» របស់ Steven Spielberg ឈ្នះ «Avatar 2» ដោយ​ដណ្ដើមបាន​ពានរង្វាន់ «ភាពយន្ត​មនោសញ្ចេតនា​ល្អ​បំផុត​ប្រចាំ​ឆ្នាំ» 2023 នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់ Golden Globes លើក​ទី 80។

    ពិធី​ប្រគល់​រង្វាន់​ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី 11 មករា 2023 (ម៉ោង​នៅ​កម្ពុជា) នៅ Los Angeles និង​ត្រូវបាន​ផ្សាយ​ផ្ទាល់​បន្ទាប់ពី​អវត្តមាន​មួយឆ្នាំ​ដោយសារ​បញ្ហាអាស្រូវ​​មួយចំនួន។

    អ្នកដឹកនាំ​សម្ដែង Quentin Tarantino ប្រកាស​ឈ្មោះ​នៃ​ស្នាដៃ​ដែល​បានឈ្នះ​ពានរង្វាន់​ភាពយន្ត​មនោសញ្ចេតនា​​ល្អ​បំផុត​ឆ្នាំនេះ​ទៅឱ្យ​ភាពយន្ត​របស់ Steven Spielberg គឺ The Fabelmans។ The Fabelmans ​បាន​យកជ័យ​ជម្នះ​លើ​កំពូល​ខ្សែភាពយន្ត​ជាច្រើន​ក្នុង​ឆ្នាំ មាន​ជាអាទិ៍ រឿង​ «Avatar: The Way of Water, Top Gun: Maverick» ជាដើម ហើយ​ក្លាយ​ជា​ម្ចាស់​​ពានរង្វាន់​ខាងលើ។

    ខ្លឹមសារ​របស់ The Fabelmans ត្រូវបាន​បំផុសគំនិត​ដោយសារ​អតីតកាល​របស់ Spielberg ​អ្នក​ដែល​ធំ​ឡើង​នៅ Arizona ក្នុងសម័យ​ក្រោយ​សង្គ្រាមលោកលើកទីពីរ។ ខ្សែភាពយន្ត​នេះ​មានការ​ចូលរួម​សម្ដែង​ដោយ​តារាល្បីៗមួយចំនួន មានដូចជា Michelle Williams, Paul Dano, Seth Rogen និង Gabriel LaBelle ជា​ដើម។

    លោក Steven Spielberg

    ផលិតករ​ភាពយន្ត​​ដែលជា​ម្ចាស់​កម្មសិទ្ធិ​លើ The Fabelmans ថែមទាំង​បានឈ្នះ​ពានរង្វាន់​អ្នកដឹកនាំ​រឿង​ឆ្នើម​ជាងគេ​ទៀតផង។ នេះ​គឺជា​ពានរង្វាន់​ផែនដី​មាស (Golden Globes) ទី​បី​ក្នុង​អាជីព​របស់ Steven Spielberg។ អ្នកដឹកនាំ​រឿង​រូបនេះ​ក៏​ធ្លាប់​ទទួលបាន​ពានរង្វាន់​កិត្តិយស Cecil B. DeMille ឆ្នាំ 2008 ផងដែរ។

    ពានរង្វាន់ផែនដី​មាន​ ជា​ពាន​រង្វាន់​ដែល​ផ្ដោត​លើ​​​ការកំសាន្ត មិន​ដូច​ទៅនឹង Oscar។ ដូច្នេះ លទ្ធផល​នៃ​ការជ្រើសរើស​បេក្ខភាព​ក៏​មិន​បង្ក​ភាពចម្រូងចម្រាស​ប៉ុន្មាន​នៅក្នុង​ចំណោម​ទស្សនិកជន។ The Fabelmans និង The Banshees of Inisherin បានឈ្នះ​ពានរង្វាន់​ភាពយន្ត​ពីរ​ដែល​សំខាន់បំផុតរបស់ Golden Globes។ នេះ​ក៏​ជា​ពន្លកកំពូលៗសម្រាប់​ការ​ចូល​រួម​ដណ្ដើម​ពានរង្វាន់ «ភាពយន្ត​ល្អ​បំផុត» នៅ Oscar នាពេលខាងមុខ។

    ចំណែក​ផ្នែក​សម្ដែង​វិញ គណៈកម្មការ​មេប្រយោគ​បានប្រគល់​ពាន​ជាច្រើន​ទៅឱ្យ​អ្នក​សម្ដែង​ពហុ​ជាតិ​សាសន៍ ក្នុងនោះ​ភាគច្រើន​គឺជា​សិល្បករ សិល្បការិនី​មាន​ដើមកំណើត​អាហ្វ្រិក និង​អាស៊ី។

    ខ្លឹមសារ​របស់ The Fabelmans ត្រូវបាន​បំផុសគំនិត​ដោយសារ​អតីតកាល​របស់ Spielberg ​អ្នក​ដែល​ធំ​ឡើង​នៅ Arizona ក្នុងសម័យ​ក្រោយ​សង្គ្រាមលោកលើកទីពីរ

    ពានរង្វាន់​ផែនដី​មាស (Golden Globes) ដែល​ត្រូវបាន​បង្កើតឡើង​ដោយ HFPA កាលពី​ឆ្នាំ 1944 គឺជា​ពាន់រង្វាន់​ដែល​ទាក់ទាញ​ទស្សនិកជន​បាន​ច្រើនជាងគេ​លំដាប់​ទី​បី​នៅ សហរដ្ឋ​អាម៉េរិក បន្ទាប់ពី Oscar និង Grammy។ គណៈកម្មការ​មេប្រយោគ​គឺជា​សមាជិក​របស់ HFPA មកពី​បណ្ដា​ទីភ្នាក់ងារសារព័ត៌មាន​របស់​ប្រទេស​ជាង 50 លើ​ពិភពលោក​។ ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ Golden Globes ត្រូវបាន​គេ​ធ្វើពហិការ​មិន​ចូលរួម ដោយ​សារតែ​ក្នុង​ជួរ​​គណៈកម្មការ​មេប្រយោគ​ពុំមាន​សមាជិក​ជា​ជនជាតិ​ស្បែក​ខ្មៅ​ និង​ការ​មន្ទិល​ទាក់ទង​នឹង​អំពើពុករលួយ ទិញ​ពាន​។

    ខាង​ក្រោម​គឺជា​បញ្ជី​ឈ្មោះ​ភាព​យន្ត​ អ្នក​ដឹក​នាំ​រឿង និង​តួសម្ដែង​ដែល​បាន​ឈ្នះ​ពាន​នៅ Golden Globes ឆ្នាំ​នេះ ៖

  • ទិញ iPhone 14 Pro Max ពី​​ផ្សារ​អនឡាញ​ Shopee អតិថិជន​ទទួលបាន​ដុំ​ឈើ

    ទិញ iPhone 14 Pro Max ពី​​ផ្សារ​អនឡាញ​ Shopee អតិថិជន​ទទួលបាន​ដុំ​ឈើ

    (សិង្ហ​បុរី) – បុរស​ម្នាក់​ចូលទៅ​កាន់​ផ្សារ​អន​ឡាញ Shopee ទិញ​ទូរស័ព្ទ iPhone 14 Pro Max តម្លៃ 1,961 ដុល្លារ​សិង្ហ​បុរី ប៉ុន្តែ​ទំនិញ​ដែល​គាត់​ទទួលបាន​គឺ​ឈើ​មួយ​ដុំ។

    សារព័ត៌មាន Shin Min Daily News ដកស្រង់​សម្ដី​របស់​បុគ្គលិក​សុខាភិបាល​ម្នាក់​ឈ្មោះ Yu អាយុ 37 ឆ្នាំ ឱ្យដឹង​អំពី​បទពិសោធន៍​អាក្រក់​នៅពេល​ទិញ​ទំនិញ​លើ Shopee។ លោក Yu និយាយថា គាត់​តែងតែ​ទិញ​ទូរស័ព្ទ​ពី​ហាង​ចែកចាយ​ផ្លូវការ​របស់ Apple។ ប៉ុន្តែ​លើក​នេះ គាត់​ទិញ iPhone ពី​ផ្សារ​អន​ឡាញ ដោយសារតែ​គេ​នឹង​ទទួល​បាន​ប័ណ្ណ​​បញ្ចុះ​តម្លៃ 8 ដុល្លារ​សិង្ហ​បុរី និង​សន្យាថា​សង​ប្រាក់​វិញ​នៅលើ Shopee បើ​មាន​បញ្ហា។

    «ខ្ញុំ​បាន​ពិនិត្យមើល​មតិ​ស្ដីពី​ហាង​អន​ឡាញ​នេះ។ កំណែ​ដែល​ខ្ញុំ​ចង់​ទិញ​ក៏​ជិត​អស់ពី​ឃ្លាំង​នៅ​កន្លែង​ជាច្រើន ទើប​ខ្ញុំ​សម្រេចចិត្ត​បញ្ជា​ទិញ iPhone 14 Pro Max កំណែ 256 GB នៅលើ Shopee» លោក Yu ឱ្យដឹង​ដូច្នេះ។

    បើ​ទិញ​នៅ Apple Store ទូរស័ព្ទ​ខាងលើនេះ​មានតម្លៃ 1,987 ដុល្លារ​សិង្ហ​បុរី ប៉ុន្តែ​បើ​ទិញ​អន​ឡាញ អាច​ចំណេញ​​បាន 26 ដុល្លារ​សិង្ហ​បុរី។ លោក Yu ក៏​ជឿជាក់​លើ Shopee ដូច្នេះ គាត់​ក៏​សម្រេចចិត្ត​ទិញ។

    មកដល់​ថ្ងៃទី 31 ធ្នូ 2022 ទំនិញ​ត្រូវបាន​ដឹក​មក​ប្រគល់​ដល់​អាសយដ្ឋាន​រប​ស់លោក Yu។ អ្នក​ប្រគល់​ទំនិញ​បានដាក់​កញ្ចប់​ទំនិញ​មួយ​នៅ​ខាងក្រៅ​ទ្វារ ថតរូប​មួយ​សន្លឹក រួច​ក៏​ប្រញាប់​ចាកចេញ។ នៅពេល​បើក​ប្រអប់​ទំនិញ លោក Yu ឃើញថា ខាងក្នុង​មានតែ​ឈើ​មួយ​ដុំ​នៅ​កណ្ដាល​ថង់​ប្លា​ស្ទិ​ក​ដែលមាន​ខ្យល់​ពេញ។ ពុំមាន​ទូរស័ព្ទ iPhone ណាមួយ​ត្រូវបាន​ប្រគល់ឱ្យ​អតិថិជន​ម្នាក់​នេះឡើយ។

    លោក Yu បាន​ទាក់ទង​ទៅកាន់​អ្នកលក់ ស្នើឱ្យ​សង​ប្រាក់​មកវិញ ប៉ុន្តែ​ត្រូវបាន​បដិសេធ។ បន្ទាប់មក លោក Yu ក៏បាន​ទាក់ទង​ទៅកាន់​ផ្នែក​បម្រើ​អតិថិជន​របស់ Shopee ប៉ុន្តែ ក៏​មិន​ត្រូវបាន​ជួយ​ដោះស្រាយ ព្រោះ​គេ​ថា ទំនិញ​ត្រូវបាន​ផ្ញើ​ទៅកាន់​អាសយដ្ឋាន​ទៅតាម​សំណើ​រួចហើយ។

    លោក Yu ក៏​បន្ត​ប្ដឹង​ទៅកាន់​សមត្ថកិច្ច។ ក្រោយពី​ពិនិត្យឡើងវិញ គាត់​រកឃើញថា នៅ​បាត​ប្រអប់​មាន​ស្នាម​ស្កុត​។ គាត់​​​សង្ស័យថា ទំនិញ​ត្រូវបាន​ប្ដូរ​នៅពេល​ដឹកជញ្ជូន។

    អតិថិជន​វ័យ 35 រូបនេះ​យល់ថា អ្នកទិញ​មិនគួរ​ត្រូវ​រង​ការខាតបង់​ដូច្នេះ​សោះ។ គាត់​ក៏​ស្បថ​ថា នឹងមិន​ទិញ​ទំនិញ​នៅលើ​ផ្សារ​អន​ឡាញ​ទៀតឡើយ។

    នេះ​មិនមែនជា​លើកដំបូង​ទេ ដែល​អ្នកទិញ iPhone តាម​អន​ឡាញ បែរ​ជា​​ទទួលបាន​របស់​ចម្លែក គ្មាន​តម្លៃ។ យោង​តាម មុន​នោះ អតិថិជន​ម្នា​ក់នៅ អង់គ្លេស បាន​ទិញ iPhone 13 Pro Max តម្លៃ 1,500 ផោន ប៉ុន្តែ​ទទួលបាន​ទឹក​លាងដៃ​ពីរ​ដប៕

    iPhone 14 Pro Max
    ទំនិញ​ដែល​លោក Yu បាន​ទទួល
    សំណើ​របស់​លោក Yu ត្រូវ​បាន​បដិសេធ
  • ធនាគារ​ពិភពលោក​​ (WB) ព្យាករ​ថា សេដ្ឋកិច្ច​សកល​ឆ្នាំ 2023 អាច​ធ្លាក់​ទៅ​ក្នុង​វិបត្តិ

    ធនាគារ​ពិភពលោក​​ (WB) ព្យាករ​ថា សេដ្ឋកិច្ច​សកល​ឆ្នាំ 2023 អាច​ធ្លាក់​ទៅ​ក្នុង​វិបត្តិ

    ក្នុង​ការ​ព្យាករ​ស្ដីពី​សេដ្ឋកិច្ច​ថ្មី​បំផុត​កាល​ពី​ថ្ងៃទី 10 មករា 2023 ធនាគារ​ពិភពលោក (World Bank – WB) បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ជា​ច្រើន​ចុះ​មក​ត្រឹម​ឱនភាព​ ដោយ​សារ​តែ​ផល​ប៉ះពាល់​ពី​កំណើន​ការ​ប្រាក់​ សង្គ្រាម​រុស្ស៊ី​-​អ៊ុយក្រែន និង​សេដ្ឋកិច្ច​ធ្លាក់​ចុះ​នៅ​ក្នុង​បណ្ដា​ប្រទេស​ធំៗ​។

    Reuters ដក​ស្រង់​ព័ត៌មាន​​ពី​ធនាគារ​ពិភពលោក​ ឱ្យ​ដឹង​ថា កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP) នៅ​ទូទាំង​សកល​លោក​គ្រោង​នឹង​មាន​អត្រា 1.7% ក្នុង​ឆ្នាំ​ 2023​ ដែល​នេះ​គឺជា​កំណើន​យឺត​បំផុត​រាប់​ចាប់​ពី​ឆ្នាំ 1993 លើក​លែង​តែ​ឆ្នាំ​ 2009 និង 2020 ដែល​មាន​វិបត្តិ​ធ្ងន់​ធ្ងរ​។

    តួលេខ​ខាងលើ​ត្រូវ​បាន​ទម្លាក់​ចុះ​ទាប​ធៀប​នឹង​នៅ​ក្នុង​របាយការណ៍​​ទស្សនវិស័យសេដ្ឋកិច្ចសកល​​កាល​ពី​ខែ​មិថុនា 2022​ ដែល​ពេល​នោះ WB បាន​ព្យាករ​ថា កំណើន​ GDP ទូទាំង​ពិភពលោក​​នៅ​ឆ្នាំ 2023 ស្ថិត​នៅ​ត្រឹម 3.0%​។

    ក្រៅ​ពី​នេះ ការ​ព្យាករ​អំពីកំណើន​សេដ្ឋកិច្ច​សកល​ថ្មី​បំផុត​សម្រាប់​ 2024 ក៏​ត្រូវ​បាន​ទម្លាក់​​ពី​ 2.9% ក្នុង​របាយការណ៍​ឆ្នាំ 2022 មក​នៅ​ត្រឹម​ 2.7% ក្នុង​របាយការណ៍​​ចុង​ក្រោយ​នា​​បច្ចុប្បន្ន​។ កំណើន​មធ្យម​ក្នុង​ដំណាក់កាល​ពី​ឆ្នាំ 2020 ដល់ 2024 នឹង​ស្ថិត​ក្រោម 2% ​ជា​រយៈ​ពេល​ដែល​មាន​កំណើន​យឺត​ជាង​គេ​បង្អស់​រាប់​ពី​ឆ្នាំ 1960​។

    ក្នុង​ប្រកាស​មួយ​ដែល​អម​នឹង​របាយការណ៍​ព្យាករ​ខាងលើ WB បាន​សង្កត់ធ្ងន់​ថា ដោយ​មាន​សេដ្ឋកិច្ច​ផុយ​ស្រួយ​ដូច​បច្ចុប្បន្ន​ រាល់​ការ​ប្រែប្រួល​អវិជ្ជមាន​ណា​មួយ​ក៏​អាច​រុញ​ច្រាន​សេដ្ឋកិច្ច​សកល​ឱ្យ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​។ ការ​ប្រែប្រួល​អវិជ្ជមាន​នេះ​អាច​​ជាអតិផរណា​កើន​ឡើង​ខ្ពស់​ជាង​ការ​រំពឹង​ទុក ការ​ប្រាក់​កើន​ឡើង​ភ្លាមៗ​ដើម្បី​គ្រប់​គ្រង​អតិផរណា​ ការ​ផ្ទុះ​ឡើង​ជា​ថ្មី​នៃ​ជំងឺ​រាតត្បាត​សកល​កូវីដ-19 ឬ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​នៅ​ក្នុង​បណ្ដា​ប្រទេស​ធំៗ និង​​ភាព​តាន​តឹង​ក្នុង​ភូមិ​សាស្ត្រ​នយោបាយ​​មាន​ការ​កើន​ឡើង​ជា​ដើម​៕

  • AFF Cup 2022 – គ្រូបង្វឹក Polking ថា «ថៃរង​ផល​អវិជ្ជមាន​ច្រើន​» ​មុន​ប៉ះវៀតណាម​នៅ​​វគ្គ​ផ្ដាច់ព្រ័ត្រ

    AFF Cup 2022 – គ្រូបង្វឹក Polking ថា «ថៃរង​ផល​អវិជ្ជមាន​ច្រើន​» ​មុន​ប៉ះវៀតណាម​នៅ​​វគ្គ​ផ្ដាច់ព្រ័ត្រ

    (ប្រទេស​ថៃ)- គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល របស់​ក្រុម​ជម្រើសជាតិ​ថៃ បានឱ្យដឹងថា ថៃ​រង​ផល​មិនល្អ​ជាច្រើន​នៅពេល​ត្រៀមខ្លួន​ចូល​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ត្រូវ​ប៉ះ​នឹង​វៀតណាម។

    នៅ AFF Cup 2020 គ្រូបង្វឹក Mano Polking ដឹកនាំ​ក្រុម​ជម្រើសជាតិ​ថៃ បាន​យកឈ្នះ​លើ​វៀតណាម 2-0 ក្រោយ​ការប្រកួត​ពីរ​ជើង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ មុនពេល​ផ្ដួល​ឥណ្ឌូណេស៊ី ដើម្បី​ក្លាយជា​ជើងឯក។ ក៏ប៉ុន្តែ កាលពី​រដូវ​កាលនោះ ក្រុម​ទាំងអស់​ត្រូវ​ទៅ​ទាត់​នៅ​សិង្ហ​បុរី។ ចំណែក AFF Cup 2022 ក្រុម​ទាំងអស់​ត្រូវ​ទាត់​តាម​រូបមន្ត «ធ្វើជា​ភ្ញៀវ និង​ម្ចាស់ផ្ទះ»។ ដូច្នេះ គ្រូបង្វឹក​របស់​ថៃ វាយតម្លៃថា «វៀតណាម​មានប្រៀប​ជាង​ច្រើន​ផ្នែក»។

    «វៀតណាម​បាន​សម្រាក​ច្រើនជាង​ពួក​ខ្ញុំ​មួយថ្ងៃ» លោក Polking ថ្លែង​ដូច្នេះ បន្ទាប់ពី​បាន​ផ្ដួល​ម៉ាឡេស៊ី​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​ថ្ងៃទី 10 មករា និង​បន្តថា «…បន្ទាប់មក ពួកគេ​បាន​ទាត់​នៅលើ​ទីលាន​របស់​ពួកគេ​នៅ​ជើង​ទីមួយ​វគ្គ​ផ្ដាច់ព្រ័ត្រ ដូច្នេះ​យើងខ្ញុំ​ចាញ់​ប្រៀប​ជាង»។ ក៏ប៉ុន្តែ គ្រូបង្វឹក​របស់​ថៃ​អះអាងថា «បើសិន​ត្រូវ​ជ្រើសរើស ខ្ញុំ​នៅតែ​ចង់បាន​ស្ថានភាព​បច្ចុប្បន្ន»។

     

    គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល Polking (ឆ្វេង) អបអរ​ជាមួយនឹង​ប្រធាន​ប្រតិភូ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ អ្នកស្រី Nualphan Lamsan បន្ទាប់ពី​ថៃ​យកឈ្នះ​លើ​ម៉ាឡេស៊ី 3-0 នៅ​ជើង​ទី​ពីរ​នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ AFF Cup 2022 កាលពី​ថ្ងៃទី 10 មករា 2023

    ពេលនេះ គោលដៅ​របស់​ថៃ​គឺ​ការយក​កម្លាំង​មកវិញ មុនពេល​ផ្លាស់​ទី និង​មាន​វត្ត​មាននៅ រដ្ឋធានី​ហាណូយ នៅ​ព្រលប់​ថ្ងៃទី 11 មករា។ ក្រុម​នេះ​នឹង​ហ្វឹកហាត់​សាកល្បង​នៅលើ​ទីលាន My Dinh មួយពេល​ក្នុង​ថ្ងៃទី 12 មករា មុនពេល​ចូល​ប្រកួត​ជើង​ទីមួយ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 13 មករា។ 3 ថ្ងៃ​ក្រោយមក ការប្រកួត​ជើង​ទី​ពីរ​នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Thammasat នៅ​រាជធានី​បាងកក។

    ថៃ ប្រកួត​នឹង​ វៀតណាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទីពីរ​នៅ AFF Suzuki Cup 2020

    ក្នុងការ​ប្រកួត​ 14 រដូវ​កាលនៅ AFF Cup ថៃ​បាន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ចំនួន 10 ដង។ ពួកគេ​ធ្លាប់​ដណ្ដើមបាន​ជើងឯក 6 រដូវ​កាល គឺ​នៅ​ឆ្នាំ 1996, 2000, 2002, 2014, 2016 និង 2020 ព្រមទាំង​ដណ្ដើមបាន​លេខ 2 ចំនួន 3 រដូវ​កាល គឺ​នៅ​ឆ្នាំ 2007, 2008 និង 2012។ នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល​ថៃ​ត្រូវ​ប្រកួត​នឹង​វៀតណាម​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ បន្ទាប់ពី​លើកដំបូង​នៅ​ឆ្នាំ 2008។ កាលណោះ វៀតណាម​ឈ្នះ​ថៃ 2-1 នៅ​កីឡដ្ឋាន Rajamangala មុនពេល​ស្មើ 1-1 នៅ​កីឡដ្ឋាន My Dinh ដែល​ជួយ​ឱ្យ​​វៀតណាម​​បាន​ក្លាយជា​ជើងឯក​លើកដំបូង។ ក្នុង 28 ប្រកួត ថៃ​នៅតែ​មានប្រៀប​ជាង​វៀតណាម ក្នុងនោះ ថៃ​ឈ្នះ 16 ប្រកួត, ស្មើ 9 ប្រកួត និង​ចាញ់ 3 ប្រកួត។

    ថៃ ប្រកួត​នឹង​ វៀតណាម នៅវគ្គ​ផ្តាច់ព្រ័ត្រ ជើងទីពីរ​នៅ AFF Suzuki Cup 2008

    នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ AFF Cup 2022 ថៃ​បាន​ចាញ់​ម៉ាឡេស៊ី 0-1 ក្នុង​ជើង​ទីមួយ និង​ឈ្នះ 3-0 នៅ​ជើង​ទី​ពីរ មុនពេល​បាន​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​នឹងត្រូវ​ប៉ះ​វៀតណាម​នៅ​ជើង​ទីមួយ​ដែល​ប្រកួត​នៅ​ថ្ងៃទី 13 មករា​ នៅ​វៀត​ណា និង​ជើង​ទី​ពីរ​នៅ​ថ្ងៃទី 16 មករា នៅ​ប្រទេស​ថៃ៕

  • ប្រជាជន​នៅ​តូ​ក្យូ ហាក់​មិន​រីករាយ​នឹង​ការ​បោះបង់​ទីក្រុង​ទៅ​នៅជនបទ បើ​ទោះ​រដ្ឋ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ច្រើន​

    ប្រជាជន​នៅ​តូ​ក្យូ ហាក់​មិន​រីករាយ​នឹង​ការ​បោះបង់​ទីក្រុង​ទៅ​នៅជនបទ បើ​ទោះ​រដ្ឋ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ច្រើន​

    រាជធានី​តូ​ក្យូ របស់​ប្រទេស​ជប៉ុន បង្កើន​ខ្ទង់​ប្រាក់ឧបត្ថម្ភ​ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​រើ​ទៅ​រស់​នៅឯ​ជនបទ ដើម្បី​កាត់បន្ថយ​សម្ពោធ​នៅ​តំបន់​ស្នូល​របស់​រាជធានី ប៉ុន្តែ មិនអាច​​ទាក់ទាញ​​បាន​ចំណាប់អារម្មណ៍​ច្រើន​នោះទេ។

    តូ​ក្យូ​មាន​ផែនការ​ឧបត្ថម្ភ​ប្រាក់ 1 លាន​យ៉េន (7,500 ដុល្លារ​អាម៉េរិក) ដល់​ក្មេង​អាយុ​ក្រោម 18 ឆ្នាំ​នៅក្នុង​គ្រួសារ​នានា ដែល​ព្រម​រើចេញ​ពី 23 ខណ្ឌ​នៅ​កណ្ដាល​រាជធានី ទៅ​តាំង​លំនៅ​យ៉ាងតិច 5 ឆ្នាំ នៅក្នុង​តំបន់​ជនបទ​ក្បែរ​រាជធានី។

    ខ្ទង់​ប្រាក់ឧបត្ថម្ភ​នេះ​ខ្ពស់ជាង 3 ដង ធៀប​នឹង​ខ្ទង់​ប្រាក់​ដែល​អនុវត្ត​តាំងពី​ឆ្នាំ 2019 ធ្វើឱ្យ​ខ្ទង់​ប្រាក់​ជំនួយ​សម្រាប់​គ្រួសារ​នានា​ឡើងដល់ 3 លាន​យ៉េន។ ផែនការ​ថ្មី​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ទាក់ទាញ​គ្រួ​សារបាន​ប្រហែល 10,000 គ្រួ ត្រឹម​ឆ្នាំ 2027 ជួយ​ឱ្យ​ដង់ស៊ីតេ​ប្រជាជន​ថយចុះ និង​កាត់បន្ថយ​សម្ពាធ​លើ​សាលារៀន មន្ទីរពេទ្យ និង​មូលដ្ឋាន​នានា​នៅ​រាជធានី។

    រាជធានី​តូក្យូ របស់ ជប៉ុន

    23 ខណ្ឌ​នៅ​កណ្ដាល​រាជធានី​តូ​ក្យូ គឺជា​កន្លែង​រស់នៅ​រប​ស់​ប្រជាជន​ជាង 9.2 លាន​នាក់ និង​មាន​ដង់ស៊ីតេ​ប្រជាជន​ជាង 14,400 នាក់/គីឡូម៉ែត្រ​ក្រឡា។ ក្នុងចំណោម​ប្រជាជន 125 លាន​នាក់​នៅ​ជប៉ុន មាន​ប្រហែល 35 លាន​នាក់ ស្មើនឹង 28% កំពុង​រស់នៅក្នុង​រាជធានី​​តូ​ក្យូ និង​តំបន់​ក្បែរ​ខាង ធ្វើឱ្យ​ទីនេះ​ក្លាយជា​តំបន់​ទីក្រុង​ធំជាងគេ​មួយ​លើ​ពិភពលោក។

    ប្រជាជន​ជាច្រើន​ដែល​រស់នៅក្នុង​ទីក្រុង​តូ​ក្យូ មាន​ចំណាប់អារម្មណ៍ ឬ​ចូលចិត្ត​រស់នៅ​បែប​ស្រុកចំការ ប៉ុន្តែ​ពួកគេ​ហាក់​ចាត់ទុកថា ជីវភាព​បែប​នោះ​គឺ​សម្រាប់តែ​អ្នក​ចូលនិវត្តន៍​ប៉ុណ្ណោះ។ គ្រួសារ​ថ្មី​ភាគច្រើន​យល់ថា ការរស់នៅ​ក្នុង​ទីក្រុង​នៅតែ​ជា​កន្លែង​ល្អ​បំផុត​ដែល​ផ្ដល់ឱកាស​ច្រើន​ដល់​ការសិក្សា ធ្វើការ រកស៊ី និង​កំសាន្ត។

    ទីប្រជុំ​ជន​មួយ​នៅ តូក្យូ ប្រទេស​ជប៉ុន

    យោងតាម Nikkei កម្មវិធី​ខាងលើ​របស់​តូ​ក្យូ ទាក់ទាញ​បាន 71 គ្រួសារ​ចូលរួម​កាលពី​ឆ្នាំ 2019។ តួលេខ​នេះ​បាន​កើន​ដល់ 290 គ្រួសារ​នៅ​ឆ្នាំ 2020 និង 1,184 គ្រួសារ​នៅ​ឆ្នាំ 2021៕

  • AFF Cup 2022 – ខ្សែប្រយុទ្ធ​លេខ​មួយ​របស់​ថៃរងរបួស ​មុន​​នឹង​ប៉ះ​វៀតណាម​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ

    AFF Cup 2022 – ខ្សែប្រយុទ្ធ​លេខ​មួយ​របស់​ថៃរងរបួស ​មុន​​នឹង​ប៉ះ​វៀតណាម​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ

    ក្រុម​ជម្រើសជាតិ​ថៃ ទទួលដំណឹង​មិនល្អ​នៅពេល Teerasil Dangda រងរបួស​នៅក្នុង​ការប្រកួត​ជាមួយ​ម៉ាឡេស៊ី​នៅ​ជើង​ទី​ពីរ​នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់ AFF Cup 2022 កាលពី​ព្រលប់​ថ្ងៃទី 10 មករា ដែល​ថៃ​បាន​យកឈ្នះ 3-0។

    ខ្សែប្រយុទ្ធ​លេខ​មួយ​របស់​ថៃ Teerasil Dangda រងរបួស​ក្នុង​ម៉ោង​ចន្លោះ​ពីរតង់។ យោងតាម​សារព័ត៌មាន​ថៃ Thairath ខ្សែប្រយុទ្ធ​វ័យ 34 ឆ្នាំនេះ រងរបួស​ត្រង់​កំភួនជើង។ គាត់​ត្រូវបាន​នាំទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​លំអិត​អំពី​ស្ថានភាព​របួស។

    មុនពេល​ចាកចេញ​ពី​ទីលាន Teerasil រួមចំណែក​បាន​មួយ​គ្រាប់​ដំបូង​ដោយ​ការ​តែ​ត​បញ្ចូល​ទី​នៅ​នាទី​ទី 19។ ក្នុង​តង់​ទី​ពីរ Bordin Phala និង Adisak Kraisorn រកបាន​ពីរ​គ្រាប់​ទៀត​នៅ​នាទី​ទី 55 និង 71។ ចប់​ការប្រកួត ថៃ​ផ្ដួល​ម៉ាឡេស៊ី 3-0 ក្នុង​ជើង​ទី​ពីរ និង​ឈ្នះ​សរុប 3-1 ហើយ​ក៏បាន​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​នឹងត្រូវ​ជួប​វៀតណាម។

    ដំណឹង​ស្ដីពី​ខ្សែប្រយុទ្ធ​លេខ​មួយ​របស់​ថៃ Teerasil Dangda រងរបួស គឺជា​រឿង​មិនល្អ​សម្រាប់​ថៃ នៅក្នុង​ការត្រៀមខ្លួន​ដើម្បី​ទៅ​ប្រកួត​ជាមួយ​វៀតណាម​នៅ​ថ្ងៃទី 13 និង 16 មករា​ខាងមុខ៕