Author: សឿន សំណាង

  • ក្លឹប​បាល់ទាត់ PSG រៀប​គម្រោង​ទិញ​កីឡដ្ឋាន​ធំជាងគេ​នៅ​ប្រទេស​បារាំង

    ក្លឹប​បាល់ទាត់ PSG រៀប​គម្រោង​ទិញ​កីឡដ្ឋាន​ធំជាងគេ​នៅ​ប្រទេស​បារាំង

    ដោយសារតែ​បរាជ័យ​ក្នុង​ការទិញ​កីឡដ្ឋាន Le Parc des Princes ក្លឹប PSG បច្ចុប្បន្នកំពុង​ព្យាយាម​ក្នុងការ​កែប្រែ​កីឡដ្ឋាន​ជាតិ​បារាំង Stade de France ឱ្យទៅជា​ទីលាន​ផ្ទាល់ខ្លួន​របស់​ពួកគេ។

    ចាប់តាំងពី​បាន​បង្កើតឡើង​កាលពី​ឆ្នាំ 1970 ក្លឹប PSG តែងតែ​ផ្សារភ្ជាប់​ជាមួយនឹង​កីឡដ្ឋាន Le Parc des Princes ហើយ​នៅទីនេះ​មាន​អនុស្សាវរីយ៍​ជាច្រើន​របស់​ក្លឹប​បាល់ទាត់​រដ្ឋធានី​បារី​ស។

    កាលពី​ឆ្នាំ 2011 ប្រធាន Nasser Al Khelaifi រួម​នឹង​មូលនិធិ​ជាតិ​កាតា Qatar Investment Authority បានទទួល​ជោគជ័យ​ក្នុង​ការក្ដោបក្ដាប់​ក្លឹប PSG។ ប្រវត្តិ​របស់​ក្រុមបាល់ទាត់​នេះ​បាន​ឈាន​ចូលដល់​ទំព័រ​ថ្មី ដោយ​ក្លាយជា​ក្លឹប​ដ៏​ខ្លាំងក្លា​លំដាប់​កំពូល​នៅ​ប្រទេស​បារាំង និង​អឺរ៉ុប។

    ក្លឹប PSG បាន​ចំណាយ​ប្រាក់ 85 លាន​អឺរ៉ូ​ក្នុងការ​លើកកម្ពស់​គុណ​ភាព​របស់​កីឡដ្ឋាន Le Parc des Princes ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​កន្លង។ ហើយ​ក្នុង​ពេលខាងមុខ PSG គ្រោង​នឹង​ចំណាយ 500 លាន​អឺរ៉ូ​ដើម្បី​ស្ដារ​គុណភាព និង​ពង្រីក​កីឡដ្ឋាន​នេះ។

    ក៏ប៉ុន្តែ ការសម្រេចចិត្ត​ដកខ្លួន​ពី​ការសន្យា​លក់ Le Parc des Princes ឱ្យ PSG ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​អភិបាលក្រុង​បារី​ស លោកស្រី Anne Hidalgo បាន​នាំឱ្យ PSG ប្រឈម​នឹង​ហានិភ័យ​មិនមាន​កីឡដ្ឋាន​ផ្ទាល់ខ្លួន​នាពេលខាងមុខ។ តាមពិត Le Parc des Princes មិនមែនជា​កម្មសិទ្ធិរ​បស់ PSG ឡើយ ប៉ុន្តែ​គឺជា​កម្មសិទ្ធិ​របស់​អាជ្ញា​ធរ​រដ្ឋធានី​បារី​ស។

    បើទោះជា PSG ព្យាយាម​ចរចា​ជាមួយ​លោកស្រី Anne Hidalgo ប៉ុន្តែ​គ្រប់យ៉ាង​បាន​បរាជ័យ។ ពេលនេះ ថ្នាក់ដឹកនាំ​របស់ PSG ត្រូវ​បង្ខំចិត្ត​ដាក់​ផែន​ការរក​កីឡដ្ឋាន​មួយ​ផ្សេងទៀត​ដើម្បី​ជំនួស Le Parc des Princes។

    កីឡដ្ឋាន​បាល់ទាត់​ដែល​ត្រូវបាន​ប្រធាន Nasser Al Khelaifi ចាប់អារម្មណ៍​ខ្លាំង​គឺ Stade de France ដែលជា​ពហុ​កីឡដ្ឋាន​ជាតិ​បារាំង។ កីឡដ្ឋាន​នេះ​អាចដាក់​មនុស្ស​បាន 81,000 នាក់ (ឈរ​លេខ​មួយ​នៅ​បារាំង​ស្ដីពី​កម្លាំង​ផ្ទុក)។ Stade de France គឺជា​កម្មសិទ្ធិ​របស់រ​ដ្ឋា​ភិ​បាល​បារាំង ហើយ​បច្ចុប្បន្នកំពុង​ត្រូវបាន​ពពាយនាយ​លក់។

    ក្នុងករណី​មិនអាច​ទិញ​បាន Stade de France ក្លឹប PSG នឹងត្រូវ​ចាក​ចេញពី​រដ្ឋធានី​បារី​ស និង​ស្វែងរក​កីឡដ្ឋាន​ផ្សេងទៀត​ដែល​សមស្រប៕

    កីឡដ្ឋាន Le Parc des Princes
    ពហុកីឡដ្ឋាន Stade de France គឺជាកម្មសិទ្ធិរបស់រដ្ឋាភិបាលបារាំង
    ពហុកីឡដ្ឋាន Stade de France គឺជាកម្មសិទ្ធិរបស់រដ្ឋាភិបាលបារាំង
  • គ្រោះថ្នាក់​អាកាសចរណ៍​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ

    គ្រោះថ្នាក់​អាកាសចរណ៍​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ

    យន្តហោះ​បុកគ្នា​នៅ​លើ​ផ្លូវ​រត់ កំហុសផ្នែក​ទំនាក់ទំនង ឬ​កំហុស​ផ្នែក​បច្ចេកទេស​គឺជា​មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​អាកាសចរណ៍​សម្លាប់​មនុស្ស​ច្រើន​ពាន់​នាក់​ក្នុង​ប្រវត្តិសាស្ត្រ​។

    1-ករណី​យន្តហោះ​ Boeing 747 ពីរ​គ្រឿង​ប៉ះគ្នា​នៅ​ Tenerife ប្រទេស​អេស្ប៉ាញ​កាល​ពី​ថ្ងៃទី 27 មីនា 1977 គឺជា​គ្រោះ​ថ្នាក់​យន្តហោះ​ដែល​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រអាកាសចរណ៍​របស់​ពិភពលោក​។

    ដោយ​សារ​តែ​កំហុស​ផ្នែកទំនាក់​ទំនង យន្តហោះ KLM 4805 កំពុង​ផ្លាស់​ទី​លើ​ផ្លូវ​រត់​ដើម្បី​ត្រៀម​ហោះ​ឡើង ស្រាប់​តែ​បាន​ប៉ះ​នឹង​ Pan Am 1736 ដែលជា​យន្តហោះ​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​រត់​ដូចគ្នា​។ គ្រោះ​ថ្នាក់​យន្តហោះ​ដែល​កើត​ឡើងដោយ​សារ​មេឃ​ចុះ​អ័ព្ទ​ក្រាស់​នេះ​បាន​សម្លាប់​មនុស្ស​ 583 នាក់ ខណៈ​ 61 នាក់​ផ្សេង​ទៀត​បាន​រួច​ពី​ការ​ស្លាប់។

    2-យន្តហោះ Boeing 747 របស់ក្រុម​ហ៊ុន Japan Airlines កំពុង​ហោះ​ហើរ​ក៏​ជួប​នឹង​ឧបទ្ទវហេតុ​កាល​ពី​ថ្ងៃទី 12 សីហា 1985 នៅ​ជប៉ុន​។

    កំហុស​បច្ចេកទេស​ត្រង់​ជញ្ជាំង​ទប់​សម្ពោធ​នៅ​ខាង​ក្រោយ​យន្តហោះ​ បណ្ដាល​ឱ្យ​កន្ទុយ​របស់​វា​ត្រូវ​បាក់ នាំ​ឱ្យ​យន្តហោះ​ធ្លាក់​ទៅ​បុក​ភ្នំ Takamagahara។ គ្រោះ​ថ្នាក់​នេះ​បាន​សម្លាប់​មនុស្ស​ 520​ នាក់​ និង​​ 4 នាក់​រួច​ពី​ការ​ស្លាប់​។

    3-ករណី​ប៉ះគ្នា​លើ​អាកាស​​នៅ​ភូមិ​ Charkhi Dadri ប្រទេសឥណ្ឌា កាល​ពី​ថ្ងៃទី 12 វិច្ឆិកា ​1996 រវាង​យន្តហោះ Boeing 747 របស់​ក្រុម​ហ៊ុន​ Saudi Arabian Airlines និង Ilyushin II-76 របស់​ក្រុម​ហ៊ុន Kazakhstan Airlines។

    មូលហេតុ​ត្រូវ​បានគេ​ដឹងថា ដោយ​សារ​អ្នក​បើកបរ​របស់​ Kazakhstan Airlines មិន​បាន​រក្សា​កម្ពស់​ឱ្យ​បាន​ច្បាស់​ព្រោះ​តែ​បញ្ហា​នៅ​ពេល​ទំនាក់​ទំនង​ជាមួយ​បុគ្គលិកគ្រប់​គ្រង​ជើង​ហោះ​ហើរ​។ ឧបទ្ទវហេតុ​នេះ​បាន​សម្លាប់​មនុស្ស​ 349 នាក់ដែល​នៅ​លើ​យន្តហោះ​ទាំងពីរ​។

    ក្រៅ​ពី​នេះ នៅ​មាន​ករណី​គ្រោះ​ថ្នាក់​យន្តហោះ​ជា​ច្រើន​ទៀត​ដែល​បាន​សម្លាប់​មនុស្ស​រាប់​រយនាក់​/ករណី រួម​មាន​ ៖

    4-ករណីយន្តហោះ McDonnell Douglas DC-10 របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​តួកគី ធ្លាក់​នៅ​ប្រទេស​​បារាំង​ កាល​ពី​ថ្ងៃទី 03 មីនា 1974 បាន​សម្លាប់​មនុស្ស 346​ នាក់​។

    5-យន្តហោះក្រុម​ហ៊ុន​ឥណ្ឌា​ Air India 182 កាលពី​ថ្ងៃ​ទី 23 មិថុនា 1985 ក៏​មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​នៅ​លើ​អាកាស​ បណ្ដាល​ឱ្យ​យន្តហោះ​ធ្លាក់​ចូល​មហា​សមុទ្រ​អាត្លង់ទិក សម្លាប់​មនុស្ស​ 329 នាក់​។

    6-យន្តហោះ​ Saudi Arabian 163 កាលពី​ថ្ងៃទី 19 សីហា 1980 បាន​ឆាប​ឆេះ​នៅ​ពេល​ហោះ​ឡើង និង​បាន​ធ្លាក់ សម្លាប់​មនុស្ស​ 301 នាក់​។

    7-យន្តហោះ MH17 របស់ Malaysia Airlines ត្រូវ​បាន​គេសង្ស័យ​ថា ត្រូវរុស្ស៊ី​​បាញ់​ទម្លាក់​កាល​ពី​ថ្ងៃទី 17 កក្កដា 2014 ពេល​ហោះ​ឆ្លង​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន បណ្ដាល​ឱ្យ​មនុស្ស​ 298 នាក់​បាត់​បង់​ជីវិត​។

    8-យន្តហោះ Iran Air 655 របស់ Iran Air ត្រូវ​បាន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាម៉េរិក បាញ់​ទម្លាក់​កាល​ពី​ថ្ងៃទី 03 កក្កដា 1988 ក្នុង​ដែន​អាកាស​អ៊ីរ៉ង់ ក្នុង​សម័យ​សង្គ្រាម​អ៊ីរ៉ង់-អ៊ីរ៉ាក់​ ដែល​កាល​ណោះ​ អាម៉េរិកគឺជា​អ្នក​គាំទ្រ​អ៊ីរ៉ាក់៕

  • ទួ​រ​ប៊ី​ន​ខ្យល់​ផលិត​អគ្គិសនី​លើ​សមុទ្រ​កម្ពស់​ស្មើនឹង​អគារ 70 ជាន់​របស់​ក្រុមហ៊ុន MingYang

    ទួ​រ​ប៊ី​ន​ខ្យល់​ផលិត​អគ្គិសនី​លើ​សមុទ្រ​កម្ពស់​ស្មើនឹង​អគារ 70 ជាន់​របស់​ក្រុមហ៊ុន MingYang

    ក្រុមហ៊ុន​ចិន អភិវឌ្ឍ​ទួ​រ​ប៊ី​ន​ខ្យល់​ដែលមាន​ស្លាប​កង្ហារ​វិល​ក្នុង​ផ្ទៃក្រឡា​ឡើងដល់ជាង 66,000 ម៉ែត្រក្រឡា និង​អាច​ផលិត​អគ្គិសនី​បាន 80 GWh ជា​រៀងរាល់ឆ្នាំ។

    កាលពី​ថ្ងៃទី 06 មករា ក្រុមហ៊ុន​សាងសង់​កប៉ាល់​ចិន (CSSC) បានប្រកាស​បង្ហាញ​ទួ​រ​ប៊ី​ន​ខ្យល់ (Wind turbine) H260 18MW យកឈ្នះ​លើ MySE 16.0-242 របស់​ក្រុមហ៊ុន MingYang និង​ក្លាយជា​ទួ​រ​ប៊ី​ន​ខ្យល់​ធំជាងគេ​បង្អស់​​នៅ​លើ​ពិភពលោក។ ក៏ប៉ុន្តែ ពេលនេះ MingYang បាន​វិល​មករក​ការប្រកួត ដោយ​បង្ហើប​ឱ្យដឹងពី​កំណែ​ទួ​រ​ប៊ី​ន​ខ្យល់​ថ្មី​ដែល​ធំ​ជាង​ឆ្ងាយ និង​មាន​ឈ្មោះថា MySE 18.X-28X ដោយ​មាន​កម្ពស់​ប្រហាក់ប្រហែល​នឹង​អគារ 70 ជាន់ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 15 មករា 2023។

    ក្នុង​គ្រា​ដែល H260 18MW របស់ CSSC មាន​ស្លាប​កង្ហារ​ប្រវែង 128 ម៉ែត្រ ទួ​រ​ប៊ី​នខ្យល់ MySE 18.X-28X ​របស់ MingYang នឹងមាន​កម្លាំង​លើសពី 18 MW ដោយមាន​ស្លាប​កង្ហារ​ប្រវែង 140 ម៉ែត្រ និង​វិល​ក្នុង​ផ្ទៃក្រឡា​ឡើងដល់ 66,052 ម៉ែត្រការ៉េ។

    ក្រុមហ៊ុន MinhYang ឱ្យដឹងថា ទួ​រ​ប៊ី​ន​ខ្យល់​ថ្មី​នេះ​អាច​ទប់ទល់​រាល់​ស្ថានភាព​អាកាសធាតុ​នៅលើ​សមុទ្រ រួមទាំង​ព្យុះ​ធំ​ដែលមាន​កម្លាំង​ខ្យល់​លើសពី 202 គីឡូម៉ែត្រ/ម៉ោង។ ដោយមាន​ខ្យល់​លើ​សមុទ្រ​ជា​មធ្យម 30.6 គីឡូម៉ែត្រ/ម៉ោង ក្រុមហ៊ុន​នេះ​ព្យាករ​ថា ទួ​រ​ប៊ី​ន​នេះ​នឹង​ផលិត​អគ្គិសនី​បាន 80 GWh ក្នុងមួយឆ្នាំៗ ដែល​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​តាម​តម្រូវការ​របស់​ប្រជាជន 96,000 នាក់។

    មូលហេតុ​ដែលនាំឱ្យ​បណ្ដា​ក្រុមហ៊ុន​នេះ​គ្នា​ផលិត​ទួ​រ​ប៊ី​ន​ខ្យល់ធំៗ គឺ​ដោយ​សារ​ចង់​​កាត់បន្ថយ​ការចំណាយ​ក្នុងការ​សាងសង់។ MingYang ឱ្យដឹងថា «ធៀប​នឹង​ការដំឡើង​បណ្ដា​ទួ​រ​ប៊ី​ន​ខ្យល់ 13 MW កម្លាំង​របស់ MySE18.X-28X នឹង​ជួយ​កាត់បន្ថយ​ឧបករណ៍​បាន 18 គ្រឿង​នៅពេល​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់ 1 GW។ នេះ​មានន័យថា កាត់បន្ថយ​ការចំណាយ​ក្នុងការ​សាងសង់​បាន​ប្រហែល​ពី 120,000 ទៅ 150,000 ដុល្លារ/MW»។ ដូច្នេះ គម្រោង​មួយ​ដែលផលិត​អគ្គិសនី​បាន​ 1 GW នឹង​សំច័យ​ប្រាក់​បាន​ពី 120 លាន​ទៅ 150 លាន​ដុល្លារ​អាម៉េរិក៕

  • ម្ចាស់​ជើងឯក AFF Cup 2022 ទទួលបាន​ប្រាក់រង្វាន់​ប៉ុន្មាន​រៀល?

    ម្ចាស់​ជើងឯក AFF Cup 2022 ទទួលបាន​ប្រាក់រង្វាន់​ប៉ុន្មាន​រៀល?

    ក្រុម​ជម្រើសជាតិ​ថៃ បានទទួល​ប្រាក់រង្វាន់​យ៉ាងច្រើន គឺ​ឡើងដល់ជាង 35 លាន​បាត ប្រហែល​​នឹង​ 4,353,000,000 រៀល បន្ទាប់ពី​ដណ្ដើមបាន​តំណែង​ជើងឯក​នៅ AFF Cup 2022។

    ការប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​ព្រលប់​ថ្ងៃទី 16 មករា នៅ​កីឡដ្ឋាន Thammasat ថៃ​បាន​ផ្ដួល​វៀតណាម​ដោយ​​លទ្ធផល 1-0។ លទ្ធផល​ដែលនាំឱ្យ​ថៃ​ឈ្នះ​សរុប 3-2 ក្នុង​វគ្គ​ចុងក្រោយ​បាន​ជួយ​ឱ្យ​ថៃ​ក្លាយជា​ជើងឯក​លើក​លើក​ទី 7 នៅ AFF Cup បន្ទាប់ពី​ឆ្នាំ 1996, 2000, 2002, 2014, 2016 និង 2021។

    ក្រោយ​ពី​ការ​ការ​ពារ​ជើងឯក AFF Cup បាន​ជោគជ័យ ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​ថៃ បានទទួល​ប្រាក់រង្វាន់​ធំ។ ក្រៅពី 10 លាន​បាត​ (302,000 ដុល្លារ) ពី​សហព័ន្ធ​បាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) ក្រុម​ថៃ​ក៏​ទទួលបាន​ប្រាក់​បន្ថែម 20 លាន​បាត​ (605,000 ដុល្លារ) ពី​ប្រធាន​ប្រតិភូ​ក្រុម​ថៃ លោក​ស្រី Nualphan Lamsam និង 5 លាន​បាត (151,000 ដុល្លារ) ​ពី​ប្រធាន​សហព័ន្ធ​បាល់ទាត់​ថៃ លោក Somyot Boompanmuang ផងដែរ។

    ជា​សរុប Teerasil Dangda និង​ក្រុម​កីឡាករ​ថៃ បានទទួល 35 លាន​បាត​ (1,059,000 ដុល្លារ​អាម៉េរិក) សម្រាប់​តំណែង​ជើងឯក AFF Cup 2022។ ខ្ទង់​ប្រាក់​នេះ​អាច​នឹង​កើនឡើង​បន្ថែមទៀត បើសិន​មាន​ម្ចាស់​ឧបត្ថម្ភ​ដែល​ចង់​លើកតម្កើង​ក្រុម​ជម្រើសជាតិ។

    ក្រៅពីតំណែង និង​​កិត្តិនាម​រួម ខ្សែប្រយុទ្ធ​ថៃ Teerasil Dangda ក៏​ទទួលបាន​តំណែង​ «ស្ដេច​កម្ទេច​សំណាញ់​ទី» ​ដូច​ទៅនឹង Nguyen Tien Linh របស់​វៀតណាម ដោយ​រកបាន 6 គ្រាប់​ដូចគ្នា។ ចំណែក​ខ្សែបម្រើ​របស់​ថៃ Theerathon Bunmathan ក៏​ទទួលបាន​តំណែង​ «កីឡាករ​ឆ្នើម​បំផុត​នៅ AFF Cup 2022»៕

    ខ្សែប្រយុទ្ធ​ថៃ Teerasil Dangda ក៏​ទទួលបាន​តំណែង​ «ស្ដេច​កម្ទេច​សំណាញ់​ទី» ​ដូច​ទៅនឹង Nguyen Tien Linh របស់​វៀតណាម ដោយ​រកបាន 6 គ្រាប់​ដូចគ្នា
    ខ្សែបម្រើរបស់ថៃ Theerathon Bunmathan ក៏ទទួលបានតំណែង «កីឡាករឆ្នើមបំផុតនៅ AFF Cup 2022»
    ក្រុម​ជម្រើសជាតិ​ថៃ បានទទួល​ប្រាក់រង្វាន់​យ៉ាងច្រើន គឺ​ឡើងដល់ជាង 35 លាន​បាត ប្រហែល​​នឹង​ 4,353,000,000 រៀល បន្ទាប់ពី​ដណ្ដើមបាន​តំណែង​ជើងឯក​នៅ AFF Cup 2022
  • ប្រធាន​ក្រុម​កីឡាករ​វៀតណាមថា «ថៃ​ក្លាយជា​ជើងឯក AFF Cup 2022 គឺ​ស័ក្ដិសម»

    ប្រធាន​ក្រុម​កីឡាករ​វៀតណាមថា «ថៃ​ក្លាយជា​ជើងឯក AFF Cup 2022 គឺ​ស័ក្ដិសម»

    (ប្រទេស​ថៃ) – ប្រធាន​ក្រុម​កីឡាករ​វៀតណាម Do Hung Dung ទទួលស្គាល់ថា ក្រុម​ជម្រើសជាតិ​ថៃ​លេង​បានល្អ​ជាង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី​ពីរ និង​ស័ក្ដិ​សមជា​ជើងឯក AFF Cup 2022។

    ការប្រកួត​នៅ​កីឡដ្ឋាន Thammasat កាលពី​ព្រលប់​ថ្ងៃទី 16 មករា បានបញ្ចប់​ដោយ​ថៃ​ឈ្នះ​វៀតណាម 1-0 នៅ​នាទី​ទី 24 នាំ​​ឱ្យ​វៀតណាម​ចាញ់​សរុប 2-3 ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ជួយ​ឱ្យ​ថៃ​ក្លាយជា​ជើងឯក AFF Cup លើក​ទី 7។

    ប្រធាន​ក្រុម​កីឡាករ​វៀតណាម Do Hung Dung និយាយថា «យើង​​ចាញ់ ប៉ុន្តែ​ត្រូវតែ​ទទួលស្គាល់ថា ថៃ​គឺជា​ក្រុម​ខ្លាំង។ ពួកគេ​ឈ្នះ និង​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​គឺ​ស័ក្ដិសម។ យើង​បាន​លេង​មួយ​ប្រកួត​ដោយ​ការ​ខំប្រឹង និង​មិនមាន​អ្វី​ត្រូវ​ស្ដាយក្រោយ​ឡើយ​នៅថ្ងៃនេះ»។

    ប្រធានក្រុមកីឡាករវៀតណាម Do Hung Dung (លេខ 8)

    ខុសពី​ការប្រកួត​ជើង​ទីមួយ នៅ​ជើង​ទី​ពីរ​នេះ វៀតណាម​មិនអាច​បង្ក​ឱកាសច្បាស់ៗណាមួយ​ឡើង។ ចំណែក​ខាង​ថៃ​វិញ ក្រុម​កីឡាករ​សហការ​គ្នា​បានល្អ​នៅ​ខ្សែ​កណ្ដាល។ នេះ​គឺជា​បរាជ័យ​ទី​ពីរ​របស់​វៀតណាម ក្រោម​សម័យ​គ្រូបង្វឹក Park Hang-seo នៅ​ចំពោះមុខ​ក្រុម​ជម្រើសជាតិ​ថៃ​នៅ​ AFF Cup។ មុន​នោះ វៀតណាម​បាន​ចាញ់ 0-2 ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទីមួយ​កាលពី​ឆ្នាំ 2021។

    ការ​ប្រកួត​វគ្គ​ផ្ដច់​ព្រ័ត្រ​ជើង​ទីមួយ​រវាង​ថៃ និង​វៀតណាម នៅ AFF Cup 2022

    ការ​ប្រកួត​វគ្គ​ផ្ដច់​ព្រ័ត្រ​ជើង​ទីពីរ​​រវាង​ថៃ និង​វៀតណាម នៅ AFF Cup 2022

    ជើង​ចុងក្រោយ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​ម្សិលមិញ​ក៏​ជាការ​ប្រកួត​បិទ​បញ្ចប់​វត្តមាន 5 ឆ្នាំ​របស់​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង លោក Park Hang-seo នៅក្នុង​ក្រុម​ជម្រើសជាតិ​វៀតណាម។ កិច្ចសន្យា​រវាង​លោក Park និង​ក្រុម​វៀតណាម នឹង​ត្រូវអស់​សុពលភាព​ចាប់ពី​ថ្ងៃទី 31 មករា 2023៕

  • ប្ដី​ប្រពន្ធ​ជា​ពី​ឡុ​ត​មួយគូ​ «ស្លាប់​ឃ្លាត​ពីគ្នា 16 ឆ្នាំ​ក្នុងករណី​ធ្លាក់​យន្តហោះ​នៅ​នេ​ប៉ាល់»

    ប្ដី​ប្រពន្ធ​ជា​ពី​ឡុ​ត​មួយគូ​ «ស្លាប់​ឃ្លាត​ពីគ្នា 16 ឆ្នាំ​ក្នុងករណី​ធ្លាក់​យន្តហោះ​នៅ​នេ​ប៉ាល់»

    Khatiwada ដែលជា​អ្នកបើកបរ​យន្តហោះ​ដឹក​មនុស្ស 72 នាក់ និង​បាន​ជួប​គ្រោះថ្នាក់​​ធ្លាក់​យន្តហោះ​កាលពី​ថ្ងៃទី 15 មករា 2023 ក៏មាន​ស្វាមី​ឈ្មោះ Pokhrel ជា​ពី​ឡុ​តម្នាក់​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​កាលពី​ឆ្នាំ 2006។

    ពី​ឡុ​តរង Anju Khatiwada កាលពី​ឆ្នាំ 2010 បាន​ចូលធ្វើ​ការឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ Yeti Airlines របស់​នេ​ប៉ាល់ ដើម្បី​បន្ត​អាជីព​ជា​អ្នកបើកបរ​យន្តហោះ​រប​ស់​ស្វាមី Dipak Pokhrel ជា​ពី​ឡុ​ត​ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​យន្តហោះ​កាលពីមុន​នោះ 4 ឆ្នាំ។

    «ស្វាមី​របស់​អ្នកស្រី​បាន​ស្លាប់​កាលពី​ឆ្នាំ 2006 ក្នុង​គ្រោះថ្នាក់​យន្តហោះ​ធុន​តូច Twin Otter របស់ Yeti Airlines នៅ Jumla (ឃុំ​មួយ​របស់​ប្រទេស​នេ​ប៉ាល់)។ អ្នកស្រី​បាន​ចូលរួម​កម្មវិធី​បណ្ដុះបណ្ដាល​ពី​ឡុ​ត​ដោយ​ប្រើប្រាស់​​ប្រាក់​ធានារ៉ាប់រង​ជីវិត​របស់​ស្វាមី ក្រោយពី​គាត់​បាន​ស្លាប់» Sudarshan Bartaula អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Yeti Airlines កាលពី​ថ្ងៃទី 16 មករា បានឱ្យដឹង​ដូច្នេះ។

    យោងតាម​សារព័ត៌មាន​របស់​នេ​ប៉ា់ល់ Dipak Pokhrel គឺជា​ម្នាក់​ក្នុងចំណោម​មនុស្ស 10 នាក់​ដែល​បាន​ស្លាប់​នៅពេល​យន្តហោះ Twin Otter បាន​ធ្លាក់​ក្នុងពេល​កំពុង​ហោះហើរ​ពី Nepalganj ទៅកាន់ Jumla កាលពី​ថ្ងៃទី 21 មិថុនា 2006។ Pokhrel ពេលនោះ​គឺជា​ពី​ឡុ​តរង​នៅលើ​យន្តហោះ​ដែល​បាន​ជួប​គ្រោះថ្នាក់​នោះ។

    អ្នកស្រី Khatiwada

    អ្នកស្រី Khatiwada ដែលជា​ភរិយា​របស់​សព​អតីត​អ្នកបើកបរ​យន្តហោះ Pokhrel កាលពី​ថ្ងៃទី 15 មករា គឺជា​ពី​ឡុ​តរង​នៅលើ​យន្តហោះ​ដឹក​មនុស្ស 72 នាក់ របស់​ក្រុមហ៊ុន Yeti Airlines ដូចគ្នា ដែល​ហោះ​ពី​រដ្ឋធានី​ក​ដ្ឋ​ម​ណ្ឌូ ទៅកាន់​ទីក្រុង Pokhara។ យន្តហោះ​នេះ​បាន​ធ្លាក់​មុន​ការ​ចុះចត​តែ 10 វិនាទី​ប៉ុណ្ណោះ។ ហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ​បានសម្លាប់​មនុស្ស​យ៉ាងតិច 68 នាក់ ខណៈ​ជនរងគ្រោះ​ក្រៅពីនេះ​ក៏​មិនមាន​សង្ឃឹមថា​នៅមាន​ជីវិត​។

    ជើងហោះហើរ​កាលពី​ថ្ងៃទី 15 មករា 2023 គួរ​ណាស់​តែ​ជា​ជើងហោះហើរ​ចុងក្រោយ​របស់ Khatiwada ក្នុងឋានៈ​ជា​ពី​ឡុ​តរង មុនពេល​អ្នកស្រី​ត្រូវបាន​ដំឡើង​ឋានៈ​ជា​ប្រធាន​ពី​ឡុ​ត។

    ប្រអប់​ខ្មៅ​ចំនួន​ពីរ​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃ​​ទី 16 មករា នឹង​ជួយ​ឱ្យ​សមត្ថកិច្ច​អាច​រកឃើញ​មូលហេតុ​ដែលនាំឱ្យ​កើតមាន​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នេះ។

    យន្តហោះ​របស់​ក្រុម​ហ៊ុន Yeti Airlines

    នៅ​ប្រទេស​នេ​ប៉ាល់ ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​ក្នុងករណី​ធ្លាក់​យន្តហោះ និង​ឧទ្ធម្ភាគចក្រ បាន​កើន​ជិត​ដល់ 350 នាក់ រាប់​ចាប់ពី​ឆ្នាំ 2000។ ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ដែល​រន្ធត់​បំផុត​នៅ​នេ​ប៉ាល់ គឺ​ករណី​ឆ្នាំ 1992 ដែល​កាលណោះ មនុស្ស​ទាំង 167 នាក់​លើ​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ប៉ា​គី​ស្ថាន បាន​ស្លាប់​ពេល​យន្តហោះ​ធ្លាក់​ក្នុង​គ្រា​ត្រៀម​ចុះចត​នៅ​ក​ដ្ឋ​ម​ណ្ឌូ៕

  • ក្រោយ​ឈ្នះ​វៀតណាម 1-0 គ្រូបង្វឹក Polking ថា «ថៃ​តែងតែ​លេខ​មួយ​នៅ​អាស៊ីអាគ្នេយ៍»

    ក្រោយ​ឈ្នះ​វៀតណាម 1-0 គ្រូបង្វឹក Polking ថា «ថៃ​តែងតែ​លេខ​មួយ​នៅ​អាស៊ីអាគ្នេយ៍»

    (ប្រទេស​ថៃ) – គ្រូបង្វឹក Mono Polking អះអាងថា ថៃ​បានបញ្ជាក់​អំពី​ឋានៈ​លេខ​មួយ​នៅ​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​បាន​ផ្ដួល​វៀតណាម និង​ក្លាយជា​ជើងឯក AFF Cup 2022។

    «…យើង​តែងតែ​លេខ​មួយ និង​តែងតែ​ឈាន​ផុតពី​អាស៊ីអាគ្នេយ៍។ ថៃ​ត្រូវការ​បញ្ជាក់​នៅក្នុង​បណ្ដា​ពាន​ធំ​ជាង​នេះ មានដូចជា Asian Cup ជាដើម ដែលមាន​គូប្រជែងខ្លាំងៗ មាន​ជាអាទិ៍ ជប៉ុន កូរ៉េខាងត្បូង ឬ UAE» គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល​របស់​ក្រុម​ជម្រើសជាតិ​ថៃ លោក Polking ថ្លែង​ដូច្នេះ​បន្ទាប់ពី​បាន​យកឈ្នះ​វៀតណាម 1-0 ក្នុងការ​ប្រកួត​ជើង​ចុងក្រោយ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ឈ្នះ​សរុប 3-2 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រនៅ AFF Cup 2022 កាលពី​ព្រលប់​ម្សិលមិញ។

    គ្រូបង្វឹករបស់ថៃ លោក Mono Polking

    គ្រូបង្វឹក​របស់​ថៃ​និយាយថា លោក​មាន​កីឡាករឆ្នើមៗ និង​លើកសរសើរ​ចំពោះ​​ស្មារ​តី​របស់​ក្រុម​ទាំងមូល។ ក្នុងការ​ប្រកួត​ជើង​ចុងក្រោយ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ គ្រូបង្វឹក Polking រក្សា​វត្តមាន​កីឡាករ​ជម្រើស​ដំបូង​ទាំង 11 នាក់។ ថៃ​រកបាន 1 គ្រាប់​ដំបូង​ក្នុង​នាទី​ទី 24 ពេល Adisak Kraisorn បញ្ជូន​បាល់​ឱ្យ Theerathon Bunmathan ស៊ុត​ពី​ចម្ងាយ ផ្ដួល​អ្នកចាំទី​វៀតណាម Dang Van Lam នាំឱ្យ​ពួកគេ​ឈ្នះ​វៀតណាម 3-2 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

    ថៃឈ្នះ​វៀតណាម 3-2 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ AFF Cup 2022

    ជ័យជម្នះ​ខាងលើ បាន​ជួយ​ឱ្យ​ថៃ​ក្លាយជា​ម្ចាស់​ជើងឯក AFF Cup លើក​ទី 7 ក្រោយពី​ឆ្នាំ 1996, 2000, 2002, 2014, 2016 និង 2020។ នេះ​ក៏​ជា​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​ពីរ​របស់​គ្រូបង្វឹក Polking ផងដែរ។ គ្រូបង្វឹក​រូបនេះ​បាន​ចូល​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ថៃ​មុន AFF Cup 2020 មកដល់ និង​បាន​ជួយ​ឱ្យ​ថៃ​ដណ្ដើមបាន​ជើងឯក ក្រោយពី​ផ្ដួល​វៀតណាម​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ឈ្នះ​ឥណ្ឌូណេស៊ី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕

  • AFF Cup 2022 – ដំណឹង​សំខាន់​ៗ​នៅ​មុន​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជើងចុង​ក្រោយ​រវាង​ថៃ និង​វៀតណាម

    AFF Cup 2022 – ដំណឹង​សំខាន់​ៗ​នៅ​មុន​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជើងចុង​ក្រោយ​រវាង​ថៃ និង​វៀតណាម

    ការ​ប្រកួត​រវាង​ថៃ និង​វៀតណាម នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជើង​ដំបូង​កាល​ពី​ថ្ងៃទី 13 មករា 2023 លើ​ទីលាន​របស់​កីឡដ្ឋាន My Dinh នៅ​វៀតណាម ទទួល​បាន​លទ្ធផល​ស្មើគ្នា 2-2 ដូច្នេះ​នៅ​លើ​ទីលាន​របស់កីឡដ្ឋាន Thammasat នៅ​ប្រទេស​​ថៃ វៀតណាម​នឹង​ត្រូវ​តែ​ប្រឹង​ជាង​មុន​ទ្វេ​ដង បើ​សិន​ចង់​ក្លាយ​ជា​ជើង​ឯក​។

    • នៅ​មុន​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជើង​ទីពីរ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ព្រលប់​ថ្ងៃ​នេះ ក្រុម​ជម្រើស​ជាតិ​ថៃមិន​ធ្លាប់​បាន​ ​ឈ្នះ​វៀតណាម​​ម្ដង​ណា​ទេ នៅក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​របស់​ពាន​រង្វាន់ AFF Cup ប៉ុន្តែ ថៃ​បាន​ឈ្នះ​ 8 ប្រកួត​ក្នុង​ចំណោម 10 ប្រកួត​ដែល​ក្រុម​ទាំង​ពីរ​ធ្លាប់​បាន​ប៉ះ​គ្នា​នៅ​វគ្គជម្រុះ​ផ្ទាល់ (knock-out)។
    • ខ្សែ​ប្រយុទ្ធ​លំដាប់​លេខ​មួយ​របស់​ថៃ Teerasil Dangda មិន​ទាន់​ជា​ពី​របួស​ត្រង់​កំភួន​ជើង ខណៈ​ខ្សែ​បម្រើ​ជើង​ខ្លាំង​ Bui Tien Dung របស់​វៀតណាម ក៏​មាន​របួស​ត្រង់​ភ្នែក​គោរ​ ហើយ​ពួក​គេ​ទំនង​ជា​មិន​អាច​ចូល​រួម​ប្រកួត​នៅ​ព្រលប់​ថ្ងៃទី 16 មករា​នេះ​​។
    • ការ​ប្រកួត​ជើង​ទីពីរ​នៃវគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ AFF Cup 2022 គឺជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​គ្រូបង្វឹក​ Park Hang-seo នៃ​​ក្រុម​វៀតណាម​។ គ្រូបង្វឹក​រូប​នេះ​មិន​ធ្លាប់​បាន​បណ្ដោយ​ឱ្យ​ចាញ់​​ម្ដង​ណា​ឡើយ​នៅ​លើ​ទឹក​ដី​ថៃ​។
    • នៅឯ​កីឡដ្ឋាន Thammasat ថ្ងៃ​នេះ ថៃ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រហែល 20,000 សំបុត្រ ក្នុង​នោះ​អ្នក​គាំទ្រ​វៀតណាម​អាច​ទិញ​ប្រហែល 8% ស្មើ​នឹង​ 1,600 សំបុត្រ​។
    • ថ្លែង​នៅ​មុន​ការ​ប្រកួត​ជើង​​ចុង​ក្រោយ​នៃ​វគ្គ​ផ្ដាច់​ព្រ័ត្ររបស់ AFF Cup 2022​ គ្រូបង្វឹក​ Polking អះអាង​ថា ថៃ​នឹង​នៅ​តែ​រក្សា​បែប​ផែន​វាយ​លុកដដែល​៕
  • វៀតណាម និង​ថៃ​សុទ្ធតែ​បាត់បង់​កម្លាំង​ពិសេស​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី​ពីរ

    វៀតណាម និង​ថៃ​សុទ្ធតែ​បាត់បង់​កម្លាំង​ពិសេស​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី​ពីរ

    ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ និង​វៀតណាម សុទ្ធតែ​ទទួលបាន​ព័ត៌មាន​មិនល្អ​នៅមុន​ការប្រកួត​លើកចុងក្រោយ​បង្អស់​នៅ AFF Cup 2022 ដោយសារ​ថៃ​ទំនងជា​បាត់បង់​ខ្សែប្រយុទ្ធ Teerasil Dangda គ្រា​ដែល​វៀតណាម​ត្រូវ​បាត់បង់​ខ្សែបម្រើ Bui Tien Dung។

    យោងតាម​សារព័ត៌មាន​វៀតណាម ក្នុង​ការហាត់​កាលពី​ម្សិលមិញ Bui Tien Dung មិនបាន​ចូលរួម​នោះទេ។ គាត់​មាន​របួស និង​ហើម​ត្រង់​ភ្នែកគោរ ដូច្នេះ​កីឡាករ​រូបនេះ​ប្រាកដជា​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ប្រកួត​នៅ​ព្រលប់​នេះ។ របួស​របស់ Tien Dung កើតឡើង​ដោយសារ​ការប្រកួត​ជា​បន្តបន្ទាប់​ក្នុង​សម្ពាធ​ខ្ពស់។

    Tien Dung និង Que Ngoc Hai របស់​វៀតណាម ត្រូវបាន​វាយតម្លៃថា ជា​កីឡាករដែល​​ប្រកួត​មាន​ស្ថិរភាព​ជាងគេ​នៅ​ឯ​ខ្សែបម្រើ។ សារព័ត៌មាន​វៀតណាម​ឱ្យដឹងថា ការស្វែងរក​កីឡាករ​មក​ជំនួយ​កន្លែង​របស់ Tien Dung គឺជា​រឿង​លំបាក​ខ្លាំង​សម្រាប់​ក្រុម​ជម្រើសជាតិ​វៀតណាម។

    ដោយឡែក ក្រុម​ជម្រើសជាតិ​ថៃ​វិញ ក៏​ប្រហែល​មិន​សប្បាយចិត្ត​ប៉ុន្មាន​នៅពេល​ទទួលដំណឹង​ថា របួស​ត្រង់​កំភួន ជើង​របស់​ខ្សែប្រយុទ្ធ​លេខ​មួយ Teerasil Dangda មិនទាន់​ជា។ Dangda រងរបួស​ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពេល​ប៉ះ​នឹង​ក្រុម​ម៉ាឡេស៊ី។ ការប្រកួត​ជើង​ទីមួយ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ Dangda មិនបាន​ចូល​ទីលាន​នោះទេ ហើយ​គាត់​ទំនងជា​ពិបាក​បន្ត​ការប្រកួត​នៅ​ជើង​ចុងក្រោយបង្អស់​រប​ស់ AFF Cup 2022។

    ការប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ថៃ និង​វៀតណាម នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ម៉ោង 19 និង 30 នាទី​ថ្ងៃទី 16 មករា 2023 លើ​ទីលាន​របស់​កីឡដ្ឋាន Thammasat ក្នុង​រាជធានី​បាងកក ប្រទេស​ថៃ៕

  • ការ​រស់នៅ​នៃ​ប្រជាជនក្នុង​ទីក្រុង​ដែល​ត្រជាក់​ជាង​គេ​លើ​ពិភពលោក

    ការ​រស់នៅ​នៃ​ប្រជាជនក្នុង​ទីក្រុង​ដែល​ត្រជាក់​ជាង​គេ​លើ​ពិភពលោក

    Nurgusun Starostina ជា​អ្នកស្រុក Yakutsk ដែលជា​ទីក្រុង​របស់​ស៊ី​បេ​រី នៅ​តំបន់​ចុង​បូព៌ា​នៃ​ប្រទេស​រុស្ស៊ី ឱ្យដឹងថា ដើម្បី​ទប់ទល់​នឹង​អាកាសធាតុ​ត្រជាក់ -50 អង្សា​សេ នាង​ត្រូវ​ស្លៀកពាក់ «ដូច​ទៅនឹង​ស្ពៃក្ដោប»។

    ស្ថិតនៅ​ឆ្ងាយ​ពី​រដ្ឋធានី​មូ​ស្គូ​ប្រហែល 5,000 គីឡូម៉ែត្រ​ទៅ​ទិសខាងកើត និង​នៅលើ​តំបន់​កក​ជា​រៀងរហូត Yakutsk តែងតែមាន​សីតុណ្ហភាព -40 អង្សា​សេ និង​ជាទី​ក្រុង​ដែល​ត្រជាក់​ជាងគេ​បង្អស់​លើ​ពិភពលោក។ កាលពី​សប្ដាហ៍​កន្លង រដូវ​ត្រជាក់​បានអូសបន្លាយ​ពេល​ខុសពី​ធម្មតា ធ្វើឱ្យ​សីតុណ្ហភាព​ចុះ​ដល់ -50 អង្សា​សេ។

    «មិនអាច​ប្រឆាំងនឹង​អាកាសធាតុ​បែបនេះ​បានឡើយ។ អ្នក​បានត្រឹមតែ​សម្រប​ខ្លួន និង​ស្លៀកពាក់​ឱ្យបាន​សមស្រប» Anastasia Gruzdeva ដែល​បាន​ស្ថិតនៅ​ក្រៅ​ផ្ទះ​កាលពី​ថ្ងៃទី 15 មករា ប្រាប់​ដូច្នេះ។

    បើទោះជា​អាកាសធាតុ​ត្រជាក់​ខ្លាំង ទីក្រុង​ខាងលើ​នៅតែមាន​ប្រជាជន​រស់នៅ​ប្រហែល 300,000 នាក់។ ទីក្រុង​សម្បូរ​រ៉ែ Yakutsk នេះ មាន​វឌ្ឍន​ភាពខ្លាំង​ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​កន្លង និង​ទាក់ទាញ​បាន​យុវវ័យ​ជាច្រើន​មក​រស់នៅ។

    «បានរស់នៅ​ទីនេះ អ្នក​មិនមាន​អារម្មណ៍​ថា​ត្រជាក់​ទៀត​ទេ។ ខួរក្បាល​នឹង​ប្រាប់​អ្នក​ថា គ្រប់យ៉ាង​នៅតែ​ធម្មតា» Gruzdeva រៀបរាប់​បន្ថែម​អំពី​ទីក្រុង​ដែល​ត្រូវ​គ្របដណ្ដប់​ដោយ​ព្រឹល អ័ព្ទ និង​ទឹកកក។

    Nurgusun Starostina ដែលជា​អ្នកលក់​ត្រី​បង្ក​កនៅ​ផ្សារ​ដោយ​មិនបាច់​មាន​ទូ​ក្លាសេ បាន​និយាយថា ពុំមាន​គន្លឹះ​អាថ៌កំបាំង​ណាមួយ​សម្រាប់​ទប់ទល់​នឹង​ធាតុ​ត្រជាក់។ នាង​ថា «ត្រូវការ​តែ​សម្លៀកបំពាក់ក្រាស់។ ស្លៀកពាក់​ច្រើន​ជាន់ ដូច​ទៅនឹង​ស្ពៃក្ដោប​អីចឹង!»។ Starostina បន្ថែមថា «ផ្សារ​របស់​យើង​គឺជា​ផ្សារ​ដែល​ត្រជាក់​បំផុត​លើ​ពិភពលោក»។

    នៅក្នុង​ខែមករា សីតុណ្ហភាព​នៅ Yakutia អាច​ចុះ​ដល់ -70 អង្សា​សេ។ ប្រជាជន​នៅទីនេះ​ត្រូវបាន​ណែនាំ​មិនឱ្យ​ពាក់​វ៉ែនតា ព្រោះថា ផ្នែក​លោហធាតុ​របស់​វ៉ែនតា​នឹង​កក ហើយ​ជាប់​ទៅនឹង​ស្បែក ព្រមទាំង​អាច​រលាត់ស្បែក បើ​ប្រឹង​បំបែក​វាពី​ស្បែក។

    នៅ Yakutia ប្រជាជន និង​សិស្សានុសិស្ស​ភាគច្រើន​ទៅធ្វើ​ការ និង​ទៅ​សាលារៀន​ដោយ​ជិះ​រថយន្តក្រុង។ ចំណែក​អ្នកជិះរថយន្ត​ផ្ទាល់ខ្លួន ត្រូវ​បំពាក់​ប្រព័ន្ធ​កម្ដៅ​ក្នុង​​រថយន្ត និង​រុំ​ភួយ​ជុំវិញ​អាគុយ បើ​មិន​ដូច្នេះ​ទេ រថយន្ត​នឹង​ពិបាក​ដំណើរការ។

    «ត្រូវតែ​គ្របដណ្ដប់​ក្បាល នេះ​គឺជា​រឿង​សំខាន់។ ក្រៅពីនេះ អ្នក​ត្រូវតែ​ស្លៀកខោ​ក្រាស់ ព្រោះ​យើង​តែង​បាត់បង់​កម្ដៅ​ច្រើន​ត្រង់​ជើង។ បើ​ជើង​អ្នក​ត្រជាក់ ដងខ្លួន​ទាំងមូល​របស់​អ្នក​ក៏​ត្រជាក់។ ដូច្នេះ ចូរ​ស្លៀកពាក់ក្រាស់ៗ» Gruzdeva រៀបរាប់៕