Author: សឿន សំណាង

  • ក្រោយ​ Ronaldo រង​របួស​ Mbappe ក៏ចូល​ទៅ​​បង្ហាញ​សកម្មភាពដ៏​កក់​ក្ដៅក្នុ​ងការ​ប្រកួត​មិត្ត​ភាព​កាលពី​ម្សិលមិញ

    ក្រោយ​ Ronaldo រង​របួស​ Mbappe ក៏ចូល​ទៅ​​បង្ហាញ​សកម្មភាពដ៏​កក់​ក្ដៅក្នុ​ងការ​ប្រកួត​មិត្ត​ភាព​កាលពី​ម្សិលមិញ

    ទន្ទឹមនឹង​ភាព​ទាក់ទាញ​របស់ Cristiano Ronaldo និង Lionel Messi ការប្រកួត​មិត្តភាព​រវាង PSG និង Al Nassr & Al Hilal (Saudi All Star XI) កាលពី​យប់​ម្សិលមិញ​ក៏មាន​សកម្មភាព​គួរឱ្យ​កក់ក្ដៅ​ផងដែរ​ពី Kylian Mbappe។

    ការប្រកួត​ដែលមាន​កំពូល​តារាបាល់ទាត់​ច្រើន​រូប​របស់​ក្រុម PSG និង Saudi All Star XI កាលពី​យប់​ថ្ងៃទី 19 មករា នៅ អា​រ៉ា​ប៊ី​សា​អូឌីត​ ពិតជា​ពិសេស។ ភាព​ទាក់ទាញ​នៃ​ការប្រកួត​នេះ​ត្រូវបាន​រុញ​ដល់​ចំណុចកំពូល​នៅពេល​មាន​វត្តមាន​របស់​កំពូល​តារាបាល់ទាត់ Ronaldo និង Messi។

    Ronaldo និង Messi ក្រោយមក​ក៏​មិនបាន​ធ្វើឱ្យ​ទស្សនិកជន​ខកចិត្ត​ដែរ។ Messi គឺជា​អ្នក​រកបាន 1 គ្រាប់​ដំបូង​គេ​ឱ្យ PSG ហើយ Ronaldo ក៏​រកបាន 2 គ្រាប់​ឱ្យ Al Nassr & Al Hilal ក្នុង​តង់​ទីមួយ។

    Messi និង Ronaldo

    ក្រៅពី​កំពូល​កីឡាករ​ទាំង​ពីររូប​ខាងលើ​ក៏​នៅមាន​កំពូល​ថ្វី​ជើង​មួយរូប​ទៀត​ដែល​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ច្រើន នោះ​គឺ Mbappe។ កីឡាករ​បារាំង​រូបនេះ​បាន​បញ្ចេញ​សកម្មភាព​ដ៏​កក់ក្ដៅ​សម្រាប់ Ronaldo។ រូបភាព​បាន​ពី​ការប្រកួត​ខាងលើ​បង្ហាញថា Mbappe បោះជំហាន​ទៅរក CR7 សួរនាំ​ពីរ​បួស​លើ​ផ្ទៃមុខ​ដែល​បង្កឡើង​ដោយ​អ​ចេតនា​ពី​​អ្នកចាំទី Keylor Navas របស់ PSG នៅ​នាទី​ទី 31។ នេះ​គឺជា​កំហុស​ដែល​ជួយ​ឱ្យ Ronaldo រកបាន 1 គ្រាប់​ពី​ការទា​ត់បាល់​ពិន័យ។

    CR7 រងរបួសលើផ្ទៃមុខដែលបង្កឡើងដោយអចេតនាពីអ្នកចាំទី Keylor Navas របស់ PSG នៅនាទីទី 31

    និយាយ​អំពី Mbappe វិញ កីឡាករ​បារាំង​រូបនេះ​បានទទួល​ស្គាល់​តាំងពី​យូរ​មកហើយ​ថា Cristiano Ronaldo គឺជា​កីឡាករ​ដែល​គាត់​ចូលចិត្ត​ជាង​គេ​តាំងពី​នៅ​តូច ហើយក៏​ជា​និមិត្តរូប​សម្រាប់​គោលដៅ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​ខ្លួនផងដែរ​។

    Mbappe និង Ronaldo

    ក្នុងការ​ប្រកួត​កាលពី​យប់​ម្សិលមិញ Mbappe ក៏​ទទួល​បានការ​សាទរ​យ៉ាងខ្លាំង​ពី​ទស្សនិកជន​ នៅពេល​រកបាន 1 គ្រាប់ ហើយ​ក៏​បង្ក​ឱកាស​ស៊ុត​បញ្ចូល​ទី​បាន 2 គ្រាប់ និង​ទទួលបាន 9.0 ពិន្ទុ ដែលជា​ពិន្ទុ​ខ្ពស់​ជាងគេ​សម្រាប់ PSG ខណៈ Ronaldo ទទួល​បាន 9.2 ពិន្ទុ។ ការ​ប្រកួត​នេះ​បាន​បញ្ចប់​ដោយ PSG ឈ្នះ Saudi All-Star XI ក្នុង​លទ្ធផល​ 5-4៕

  • ​អ្នក​សម្ដែង​​របស់​ភាព​យន្ត​រឿង​ «Mission Impossible» ជាប់ចោទ​ពីបទ​សម្លាប់​មនុស្ស​ពេល​កំពុង​ថតកុន

    ​អ្នក​សម្ដែង​​របស់​ភាព​យន្ត​រឿង​ «Mission Impossible» ជាប់ចោទ​ពីបទ​សម្លាប់​មនុស្ស​ពេល​កំពុង​ថតកុន

    (សហរដ្ឋ​អាម៉េរិក) – តារា​សម្ដែង​អាម៉េរិក Alec Baldwin ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​សម្លាប់​មនុស្ស​ដោយ​អ​ចេតនា ប្រឈម​នឹង​ការជាប់​ពន្ធនាគារ 5 ឆ្នាំ ក្រោយពី​គាត់​បាន​កេះកៃ​កាំភ្លើង​បណ្ដាល​ឱ្យ​​​មិត្ត​រួម​អាជីព​ម្នាក់​ស្លាប់​នៅ​កន្លែង​ថតកុន។

    យោងតាម TMZ កាលពី​ថ្ងៃទី 19 មករា រដ្ឋអាជ្ញា​នៅ​ស្រុក Santa Fe រដ្ឋ New Mexico បានប្រកាសថា Alec Baldwin ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា ក្នុងនាម​ជា​ផលិតករ​ និង​អ្នក​សម្ដែង​ភាព​យន្ត​ ហើយ​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ 5 ឆ្នាំ។

    មេធាវី​របស់ Alec Baldwin ប្រកាសថា ការចោទប្រកាន់​របស់​តុលាការ​ខាងលើ​គឺជា​ការ «មួលបង្កាច់​ការស្លាប់រ​បស់​អ្នកស្រី Halyan Hutchins» ហើយ​ថា នឹង​តស៊ូ​មតិផ្លូវ​ច្បាប់​​ដល់ទី​បញ្ចប់។

    ក្រៅពី​លោក Alec Baldwin តុលាការ​ក៏បាន​ចោទប្រកាន់​ពីបទ​សម្លាប់​មនុស្ស​ដោយ​អ​ចេតនា​ចំពោះ Hannah Gutierrez-Reed ដែលជា​ប្រធាន​គម្រោង​ភាពយន្ត​រឿង «Rust» នេះដែរ។

    អ្នក​ស្រី Halyna Hutchins

    កាលពី​ខែតុលា 2021 Alec Baldwin ថត​ឈុត​ហិង្សា​របស់​ភាពយន្ត​រឿង Rust នៅក្នុង​រដ្ឋ New Mexico។ ក្រោយ​ត្រូវបាន​ប្រាប់ថា កាំភ្លើង​មិនមាន​គ្រាប់ អ្នក​សម្ដែង Alec Baldwin ក៏បាន​កេះកៃ​កាំភ្លើង ប៉ុន្តែ​ស្រាប់តែ​កាំភ្លើងនៅ​​មាន​គ្រាប់។ អ្នកដឹកនាំ​រឿង និង​ជា​អ្នកនិពន្ធ Joel Souza ត្រូវ​គ្រាប់កាំភ្លើង តែ​បាន​ព្យាបាល​ជាសះស្បើយ​។ ចំណែក​អ្នកដឹកនាំ​ផ្នែក​រូបភាព អ្នកស្រី Halyan Hutchins រងរបួស​ធ្ងន់ ហើយក៏​បាន​បាត់បង់​ជីវិត។

    កាលពី​ខែកុម្ភៈ 2022 គ្រួសារ​របស់ Hutchins បានដាក់​ពាក្យ​ប្ដឹង​ប្រឆាំង Alec Baldwin ប៉ុន្តែ​បាន​ដក​ពាក្យបណ្ដឹង​វិញ​កាលពី​ខែតុលា 2022។ ទោះជា​យ៉ាងនេះ​ក៏ដោយ រដ្ឋអាជ្ញា​មួយរូប ពេល​នោះបាន​និយាយថា Alec Baldwin នៅតែ​អាច​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់ ព្រោះ​បាន​នាំឱ្យ​អ្នកដឹកនាំ​ផ្នែក​រូបភាព Halyna Hutchins អាយុ 42 ឆ្នាំ ត្រូវ​បាត់បង់​ជីវិត។ ដំណើរការ​រឿងក្ដី​នៅ​តុលាការ​បាន​ស៊ីពេល​អស់​ជាង​មួយឆ្នាំ ដោយសារតែ​រដ្ឋអាជ្ញា​ត្រូវ​រង់ចាំ​ការបញ្ជាក់​ពី FBI។

    លោក Alec-Baldwin

    លោក Alec Baldwin អាយុ 63 ឆ្នាំ គឺជា​តារា​សម្ដែង​ជនជាតិ​អាម៉េរិក​មួយរូប​ដែល​ធ្លាប់​ទទួលបាន​ពាន់រង្វាន់ Emmy និងពាន​រង្វាន់​​ផែនដី​មាស (Golden Globes) ជាច្រើនលើក។ តារា​សម្ដែង​រូបនេះ​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​ភាពយន្ត​​រឿង The Hunt for Red October (1990), The Aviator (2004) និង Mission Impossible ជាដើម។ លោក Alec Baldwin មាន​ភរិយា​ឈ្មោះ Hilaria និង​មានកូន 7 នាក់៕

  • ម្ដាយ​ជនជាតិ​ចិន​ម្នាក់​បារម្ភ​ខ្លាច​កូនស្រី​ជា​បណ្ឌិត «មិនអាច​រកបាន​ប្ដី» នឹង​គេ

    ម្ដាយ​ជនជាតិ​ចិន​ម្នាក់​បារម្ភ​ខ្លាច​កូនស្រី​ជា​បណ្ឌិត «មិនអាច​រកបាន​ប្ដី» នឹង​គេ

    ស្ដ្រី​ជា​ម្ដាយ​មួយរូប​នៅ​ខេត្ត Zhejiang ប្រទេស​ចិន បាន​បង្ហោះ​វីដេអូ​បង្ហាញ​ពី​កូនស្រី​ជា​បណ្ឌិត​របស់គាត់​កំពុង​អង្គុយ​អាន​សៀវភៅ និង​រអ៊ូដាក់​នាង​ថា គិតតែ​ពី​រៀន ដោយ​បារម្ភ​ខ្លាច​កូនស្រី​មិនអាច​រកបាន​ប្ដី​នឹង​គេ។

    ក្នុង​វីដេអូ​មួយ​ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ក្នុង​សប្ដាហ៍​នេះ ម្ដាយ​របស់​នារី​ជា​បណ្ឌិត​មួយ​​រូប​នៅ​ខេត្ត Zhejiang ភាគ​ខាងកើត​ប្រទេស​ចិន និយាយថា គាត់​បារម្ភ​ថា កូនស្រី​គាត់​នឹងមិន​អាច​បាន​ជួប​បុរស​ដែល​អាច​រៀបការ​ជាមួយគ្នា​បាន ក្នុងពេលកូនស្រី​គាត់​កំពុង​អាន​សៀវភៅ​នៅក្បែរ​តុ​ធ្វើការ។

    «ដល់​ម៉ោង​ចូល​គេង​ហើយ។ ឈប់រៀន​ទៀត​ទៅ ហើយ​ទៅ​គេង​ភ្លាម​ទៅ» ស្ត្រី​ជា​ម្ដាយ​និយាយ​នៅក្នុង​វីដេអូ​ដូច្នេះ។ កូនស្រី​គាត់​ងើបមុខ​ឡើង និង​សើច ប៉ុន្តែ​មិន​ឆ្លើយតប។

    ស្ត្រី​ជា​ម្ដាយ​រូបនេះ​បានឱ្យដឹងថា កូនស្រី​របស់គាត់​គឺជា​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​ក្នុង​តំបន់ បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​នៅ​កាណាដា។ អ្នកស្រី​គិតថា កូនស្រី​គាត់​ល្អ​ខ្លាំងណាស់ និង​មាន​មោទកភាព​ចំពោះ​សមិទ្ធ​ផល​របស់​នាង។

    ក៏ប៉ុន្តែ អ្នកស្រី​ក៏​បារម្ភ​ខ្លាំង​ដែរ​នៅពេល​ឃើញ​កូនស្រី​មិន​ចំណាយ​ពេលខ្លះ​សម្រាប់​មិត្តភក្ដិ ឬ​រក​មិត្តភក្ដិ​ថ្មី ហើយ​គិតតែ​ពី​នៅផ្ទះ និង​អាន​សៀវភៅ។

    វីដេអូ​ស្ដី​ពី​រឿងរ៉ាវ​នេះ​បាន​ទាក់ទាញ​អ្នក​ចូល​មើល​ជិត 9 លាន​លើក និង​បញ្ចេញមតិ​ជិត 3,700 លើក ក្រោយពី​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ក្នុងនោះ អ្នកខ្លះ​បញ្ចេញយោបល់​គាំនារី​ជា​កូន​ ហើយ​អ្នក​ខ្លះ​យល់​ស្រប​នឹង​ការ​បារម្ភ​របស់​ស្ត្រី​ជា​ម្ដាយ​។

    អ្នក​ចូល​មើល​បាន​​លើក​ហេតុផល​ជាច្រើន​មក​អះអាង មានដូចជា​ថា «មិន​រាប់អាន​មិត្តថ្មីៗគឺ​មិនអាច​ជួប​មនុស្ស​ក្នុង​ក្ដី​ស្រមៃ», «ប្រុសៗមិនសូវ​ហ៊ាន​ស្រលាញ់​នារី​ដែលមាន​ចំណេះដឹង​ខ្ពស់ជាង​ខ្លួន​នោះទេ» ឬ​​ថា «ការអាន​សៀវភៅ ការទទួលយក​​ចំណេះដឹងថ្មីៗគឺជា​សេចក្ដីសុខ​របស់​នាង» ជា​ដើម​។ល។

  • ប្រព័ន្ធ​រុញច្រាន​ទម្រង់​​ថ្មី ជួយ​ឱ្យ​យានអវកាស​ហោះ​ដល់​ភព​អង្គារ​ក្នុង​រយៈពេល 45 ថ្ងៃ

    ប្រព័ន្ធ​រុញច្រាន​ទម្រង់​​ថ្មី ជួយ​ឱ្យ​យានអវកាស​ហោះ​ដល់​ភព​អង្គារ​ក្នុង​រយៈពេល 45 ថ្ងៃ

    (សហរដ្ឋ​អាម៉េរិក) -ណា​សា (NASA) ផ្ដល់​ថវិកា​សម្រាប់​ការអភិវឌ្ឍ​​បច្ចេកវិទ្យា​តាម​គំនិត​ស្ដីពី​ការប្រើប្រាស់​ប្រព័ន្ធ​រុញច្រាន​នុយ​ក្លេ​អែរ​ដើម្បី​ដឹក​មនុស្ស​ទៅកាន់​ពិភព​ព្រះ​អង្គារ​ដោយ​ប្រើពេល​តែ 45 ថ្ងៃ ជំនួស​ឱ្យ​ពី 6 ខែ​ដល់ 9 ខែ​ដូច​បច្ចុប្បន្ន។

    យោងតាម​ណា​សា គំនិត​ស្ដីពី​ប្រព័ន្ធ​រុញច្រាន​ដោយ​ប្រើ​ថាមពល​អគ្គិសនី​បាន​ពី​​នុយ​ក្លេ​អែរ និង​កម្ដៅ​នុយ​ក្លេ​អែរ (NTP/NEP) គឺជា​ប្រភេទ​ប្រព័ន្ធ​រុញច្រាន​ដោយ​កម្លាំង​នុយ​ក្លេ​អែរ​ថ្មី​ដែល​ប្រើប្រាស់​វដ្ដ​នៃ​រ៉ូ​ទ័​រ​ទម្រង់​រលក។ សាស្ត្រាចារ្យ Ryan Gosses មកពី​សាកលវិទ្យាល័យ Florida ដែលជា​អ្នកវិទ្យាសាស្ត្រ​នៅ​ពីក្រោយ​សំណើ​ខាងលើ បានឱ្យដឹងថា ប្រព័ន្ធ​នេះ​អាច​កាត់បន្ថយ​ការ​ពេល​ហោះ​ទៅកាន់​ពិភព​អង្គារ​ចុះមក​នៅត្រឹម 45 ថ្ងៃ។ បើសិនជា​បច្ចេកវិទ្យា​នេះ​ដំណើរការ​ដូច​បានគ្រោង​ទុក វា​នឹង​ជួយ​ឱ្យ​ការធ្វើដំណើរ​ពី​ភព​មួយ​ទៅ​ភព​មួយ​បាន​ឆាប់រហ័ស និង​សុវត្ថិភាព។

    ខាងលើនេះ​គឺជា​សំណើ​មួយ​ក្នុងចំណោម 14 ដែល​ត្រូវបាន​កម្មវិធី Innovative Advanced Concepts (NIAC) របស់​ណា​សា ​ជ្រើសរើស​សម្រាប់​ការអភិវឌ្ឍ​ដំណាក់កាល​ទីមួយ និង​ទទួលបាន​ថវិកា 12,500 ដុល្លារ​អាម៉េរិក ដើម្បី​ស្រាវជ្រាវ និង​អភិវឌ្ឍ។

    ឧបករណ៍​រុញច្រាន​ដោយ​កម្ដៅ​នុយ​ក្លេ​អែរ (NTP) របស់ សាស្ត្រាចារ្យ Ryan Gosses ប្រើប្រាស់​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ​ដើម្បី​ដុត​កម្ដៅ​ឥន្ធនៈ​អ៊ីដ្រូសែន​រាវ ធ្វើឱ្យ​វា​ក្លាយជា​ផ្លា​ស្មា និង​ត្រូវបាន​បញ្ចេញ​មក​ក្រៅ​ដើម្បី​បង្កើតជា​កម្លាំង​រុញច្រាន។ ចំណែក​ឧបករណ៍​រុញច្រាន​ដោយ​អគ្គិសនី​នុយ​ក្លេ​អែរ (NEP) វិញ ប្រើប្រាស់​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ​ដើម្បី​ផ្ដល់​កម្លាំង​រុញច្រាន​ដោយ​ថាមពល​អគ្គិសនី។

    លោក Ryan Gosses ក៏​ស្នើឱ្យ​ប្រើប្រាស់​រ៉ូ​ទ័​រ​ទម្រង់​រលក (WR) ដើម្បី​បង្ហាប់​បរិមាណនៃ​​ប្រតិកម្ម​ក្រោម​សម្ពាធ​ដែល​ផលិត​ពី​​កម្ដៅ​របស់​ឥន្ធនៈ​អ៊ីដ្រូសែន​រាវ​នៅក្នុង​ម៉ាស៊ីន​ប្រតិកម្ម​ផងដែរ។ ការ​រួមផ្សំ​ជាមួយនឹង​វដ្ដ NEP នឹង​បង្កើតបាន​កម្លាំង​រុញច្រាន​កាន់តែខ្លាំង​ជាង​មុន។

    ការប្រើប្រាស់​បច្ចេកវិទ្យា​ដូច​បច្ចុប្បន្ន ជើងហោះហើរ​ដឹក​មនុស្ស​ទៅកាន់​ពិភព​អង្គារ​អាច​អូសបន្លាយ​ពេល​ពី 6 ដល់ 9 ខែ។ ដូច្នេះ ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដែល​ជួយ​កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​ខាងលើ​មក​នៅត្រឹម 45 ថ្ងៃ​គឺជា​រឿង​ដ៏​អស្ចារ្យ៕

  • បង្គា​មាន​ផ្ទុក​សារធាតុ​​ចាហួយ​ជិត 200 គីឡូក្រាម ត្រូវ​អាជ្ញាធរ​រកឃើញ​នៅ​ភ្នំពេញ

    បង្គា​មាន​ផ្ទុក​សារធាតុ​​ចាហួយ​ជិត 200 គីឡូក្រាម ត្រូវ​អាជ្ញាធរ​រកឃើញ​នៅ​ភ្នំពេញ

    ផលិតផល​សមុទ្រ​ស្រស់​រាប់រយ​គីឡូក្រាម​នៅ​ម្តុំ​ត្រឡោកបែក ត្រូវបាន​មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (CCF) រកឃើញថា មាន​ផ្ទុក​ចាហួយ។

    ក្នុង​គោលបំណង​ដើម្បី​ការពារ​សុខុមាលភាព និង​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់ ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​ខាងមុខ  ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក.ប.ប. បាន​ណែនាំ​មន្ត្រីក្រោមឱវាទ ឱ្យ​បង្កើន​សកម្ម​ភាពចុះ​ត្រួតពិនិត្យ​បណ្តា​ទីផ្សារ​នៅ​ទូទាំងប្រទេស ដើម្បី​ទប់ស្កាត់​ការ​ចរាចរ​ទំនិញ​មិនមាន​អនុលោមភាព ពិសេស​ម្ហូបអាហារ។

    ជាក់ស្តែង កាល​ពី​​ថ្ងៃទី 19 មករា 2023 ក្រុម​មន្ត្រី​អគ្គនាយកដ្ឋាន​ក.ប.ប. ប្រចាំរាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ស្តង់​លក់​ផលិតផល​សមុទ្រ​ស្រស់​នៅ​ម្តុំ​ត្រឡោកបែក ដើម្បី​យក​គំរូ​មក​វិភាគ​រក​វត្តមាន​សារធាតុ​គីមី​ហាមឃាត់ ដោយ​ប្រើប្រាស់​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ។

    យោង​លទ្ធផល​វិភាគ​ខាងលើ​បាន​រកឃើញថា បង្គា​ចំនួន 180 គីឡូក្រាម មាន​ចាក់​បញ្ចូល​សារធាតុ CMC (ចាហួយ)។ មន្ត្រី​ជំនាញ​បាន​អនុវត្ត​នីតិវិធី​ពិន័យ​អន្តរការណ៍ រឹបអូស​ទំនិញ​ទាំង​នោះមក​កម្ទេចចោល នេះ​បើតាម អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF។

    យោងតាម​អគ្គនាយកដ្ឋាន​ក.ប.ប. សារធាតុ CMC (ចាហួយ) ជា​សារធាតុ​ដែល​ឈ្មួញ ខិលខូច​មួយចំនួន តែង​យកមកប្រើ​ប្រាស់​សម្រាប់​ចាក់​បញ្ចូល​ក្នុង​ផលិតផល​បង្គា​ស្រស់ ដើម្បី​បង្កើន​ទម្ងន់ ក្នុង​គោលបំណង​កឹ​ប​កេង​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់៕

  • ប្រជ្រៀត​​ជាន់​គ្នា​​ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​ Arabian Gulf Cup​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​ច្រើន​សិប​នាក់​

    ប្រជ្រៀត​​ជាន់​គ្នា​​ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​ Arabian Gulf Cup​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​ច្រើន​សិប​នាក់​

    ហេតុការណ៍​ប្រជ្រៀត​​ជាន់​គ្នា​​ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​ Arabian Gulf Cup ​កើត​ឡើង​ក្បែរ​ច្រក​ចេញ-ចូល​របស់​កីឡដ្ឋាន​មួយ​នៅ​​ទីក្រុង Basra ​ប្រទេស​អ៊ីរ៉ាក់ បណ្ដាល​មនុស្ស​រាប់​សិប​នាក់​រង​របួស​ និង​ស្លាប់​។

    កាលពី​ថ្ងៃទី 19 មករា ហេតុការណ៍​ប្រជ្រៀត​ជាន់​គ្នា​មួយ​បាន​កើត​ឡើង​ខាងក្រៅ​កីឡដ្ឋានមួយ​នៅអ៊ីរ៉ាក់ នៅ​ប៉ុន្មាន​ម៉ោង​មុន​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម​ពាន​រង្វាន់​ជើង​ឯក​បាល់​ទាត់​ឈូងសមុទ្រអារ៉ាប់ (Arabian Gulf Cup) រវាង​អ៊ីរ៉ាក់ និង​អូម៉ង់ បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង 83 នាក់​​រង​របួស​។

    ហេតុការណ៍​នេះ​កើត​ឡើង​ក្បែរ​ច្រក​ចេញ-ចូល​របស់​កីឡដ្ឋាន​នៅ​​ទីក្រុង Basra ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីរ៉ាក់ នៅ​ពេល​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ព្យាយាម​ចូល​ទៅ​ខាង​ក្នុង​កីឡដ្ឋាន​។

    ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខាងលើ​ អ៊ីរ៉ាក់​បាន​ឈ្នះ​អូម៉ង់ 3-2 និង​បាន​ក្លាយ​ជា​ជើង​ឯក​ Arabian Gulf Cup​ ជា​លើក​ដំបូង​រាប់​ចាប់​ពី​ឆ្នាំ 1988។

    Arabian Gulf Cup​ ដែល​ជា​ពាន​រង្វាន់​​​បាល់​ទាត់​​សម្រាប់ 8 ប្រទេស​​នៅ​តំបន់​ឈូងសមុទ្រអារ៉ាប់ តែង​តែ​ធ្វើ​ឡើង​ 2 ឆ្នាំ​ម្ដង​។ Arabian Gulf Cup​ លើក​ចុង​ក្រោយ​នេះ​ត្រូវ​បាន​សម្ពោធ​បើក​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី 6 មករា 2023 ដោយ​មាន​ការ​ចូល​រួម​ពី​ប្រធាន FIFA លោក Gianni Infantino ផងដែរ៕

  • ក្មេង​​អាយុ​ 10 ឆ្នាំ​ដែល​​​ជាប់ 21 ថ្ងៃ​ ​ក្នុង​​សសរ​បេតុង​​​ក្រោម​ដី​ជម្រៅ​ 35 ម៉ែត្រ​​នៅ​វៀតណាម ត្រូវ​បាន​យក​ឡើង​មក​លើ​ហើយ

    ក្មេង​​អាយុ​ 10 ឆ្នាំ​ដែល​​​ជាប់ 21 ថ្ងៃ​ ​ក្នុង​​សសរ​បេតុង​​​ក្រោម​ដី​ជម្រៅ​ 35 ម៉ែត្រ​​នៅ​វៀតណាម ត្រូវ​បាន​យក​ឡើង​មក​លើ​ហើយ

    (វៀតណាម) – ក្រោយ​រយៈពេល 21 ថ្ងៃ​ដែល​បាន​ធ្លាក់​ចូល​ជាប់​ក្នុង​ប្រហោង​សសរ​បេតុង​ក្រោម​ដី​ជម្រៅ 35 ម៉ែត្រ នៅក្នុង​ការដ្ឋាន​សាងសង់​ស្ពាន​មួយកន្លែង​នៅ​ខេត្ត Dong Thap ចុក្រោយ​ សាកសព​របស់​ក្មេងប្រុស​រងគ្រោះ Thai Ly Hao Nam ក៏ត្រូវ​បាន​យក​ឡើង​មកលើ​​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 20 មករា 2023។

    នៅវេលា​ម៉ោង 01 និង 20 នាទី ក្រុម​សង្គ្រោះបាន​ចុះ​ដល់​ជម្រៅ 25 ម៉ែត្រ​ខាងក្នុង​បំពង់​ដែក​ព័ទ្ធជុំវិញ​សសរ​បេតុង​ប្រហោង​ក្នុង ជាទី​ដែល​សព​របស់​ក្មេងប្រុស​វ័យ 10 ឆ្នាំ​ ឹកំពុង​ជាប់​ខាងក្នុង។ ជិត 2 ម៉ោង​ក្រោយមក ក្រុម​សង្គ្រោះក៏​យក​សាកសព​ឡើងមក​លើ​បានសម្រេច។

    មឈូស និង​សាកសព​របស់​ក្មេងរងគ្រោះ​នេះ​ត្រូវ​ដឹក​ទៅកាន់​ផ្ទះ​ដែល​នៅ​ឆ្ងាយ​ពី​កន្លែងកើតហេតុ​ប្រហែល 1 គីឡូម៉ែត្រ ដើម្បី​ធ្វើបុណ្យ​បញ្ចុះសព។

    អាជ្ញាធរ​វៀតណាម​បានឱ្យដឹងថា លទ្ធផល​នៃ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​បង្ហាញថា ក្មេងរងគ្រោះ​បាន​ស្លាប់​ដោយសារ​របួស​ច្រើន​កន្លែង​ពេល​ធ្លាក់​ប៉ះ​នឹង​ជញ្ជាំង​សសរ និង​ស្ថិតក្នុង​ទឹក។ បន្ទាប់ពី​បានធ្វើ​បុណ្យ​បញ្ចុះសព​រួចរាល់ សមត្ថកិច្ច​នឹង​ចាប់ផ្ដើម​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ ហើយ​នឹងមាន​ចំណាត់ការ​ចំពោះ​បុគ្គល ឬ​អង្គភាព​ដែល​បាន​បង្កឱ្យមាន​កំហុសឆ្គង។

    ករណី​ធ្លាក់​ក្មេង​ចូល​បំពង់​សសរ​បេតុង​ខាងលើនេះ​បានកើត​ឡើង​កាលពី​ម៉ោង​ប្រហែល 11 និង 30 នាទី ថ្ងៃទី 31 ធ្នូ 2022។ មុន​ពេល​កើត​ហេតុ​ ក្មេងរងគ្រោះ​មានឈ្មោះ​ថា Thai Ly Hao Nam (អាយុ 10 ឆ្នាំ) និង​ក្មេង 3 នាក់​ទៀត បាន​ចូលក្នុង​ការដ្ឋាន​សាងសង់​ស្ពាន​មួយកន្លែង​ដើម្បី​រើស​អេតចាយ។ ប៉ុន្តែ Hao Nam ក៏បាន​ធ្លាក់​ទៅក្នុង​បំពង់​សសរ​បេតុង​ប្រហែល​ដែល​ត្រូវបាន​ដាំ​ទៅក្នុង​ដី​ជម្រៅ​ប្រហែល 35 ម៉ែត្រ។ ប្រហែល​កន្លះ​ម៉ោង​ក្រោយ​ពី​កុមារ​នេះ​បាន​ជួប​គ្រោះថ្នាក់ កម្លាំង​សង្គ្រោះ​ក៏បាន​ទៅដល់​កន្លែងកើតហេតុ និង​ចាប់ផ្ដើម​ដំណើរការ​ជួយ​សង្គ្រោះ​៕

  • ជិត​កើតមាន​បាតុភូត «ព្រះ​ចន្ទ​ថ្មី – New Moon» លើក​ដំបូង​ក្នុងអំឡុងជិត 1,000 ឆ្នាំ​កន្លង

    ជិត​កើតមាន​បាតុភូត «ព្រះ​ចន្ទ​ថ្មី – New Moon» លើក​ដំបូង​ក្នុងអំឡុងជិត 1,000 ឆ្នាំ​កន្លង

    នៅវេលា​ម៉ោង​ប្រហែល 03 និង 53 នាទី ថ្ងៃទី 22 មករា 2023 (ម៉ោង​នៅ​កម្ពុជា) ព្រះ​ចន្ទ​ថ្មី (New Moon) នឹងមាន​គម្លាត​ពី​ផែនដី​ប្រហែល 356,568 គីឡូម៉ែត្រ ដែលជា​រយៈ​ចម្ងាយ​ជិត​បំផុត​រាប់​ចាប់ពី​មជ្ឈិមសម័យ។

    ដោយសារតែ​ស្ថិតនៅ​ក្បែរ​ផែនដី​ពេក ព្រះ​ចន្ទ​​នៅ​ថ្ងៃទី 22 មករា​ខាងមុខ នឹង​ជាព្រឹត្តិការណ៍​​ព្រះ​ចន្ទ​ថ្មី​ធំជាងគេ​បង្អស់​ដែល​បង្ហាញខ្លួន​លើ​មេឃ រាប់​ចាប់ពី​ថ្ងៃទី 03 ធ្នូ 1030 នេះ​បើតាម​ទិន្នន័យ​នៅលើ​គេហទំព័រ Timeanddate។ ព្រឹត្តិការណ៍​ព្រះ​ចន្ទ​ថ្មី​នេះ​នឹង​កើតឡើង​ជាថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃទី 20 មករា 2368។

    គន្លង​គោចរ​របស់​ព្រះ​ចន្ទ​ជុំវិញ​ផែនដី​មិនមែន​មូល​ល្អឥតខ្ចោះ​នោះទេ ប៉ុន្តែ​វា​មាន​រាង​ប្រហាក់​ប្រហែល​នឹង​​ពងក្រពើ ដែល​នេះ​មានន័យថា គម្លាត​រវាង​ព្រះ​ចន្ទ និង​ផែនដី​គឺ​មិន​ដូចគ្នា​គ្រប់ពេល​ឡើយ ក្នុងនោះ​ចំណុច​ឆ្ងាយ​បំផុត​ត្រូវបាន​ហៅថា Apogee និង​ចំណុច​ជិត​បំផុត​ហៅថា Perigee។

    ក្នុង​ព្រឹត្តិការណ៍​ព្រះ​ចន្ទ​ថ្មី ព្រះ​ចន្ទ​ស្ថិតនៅ​ចន្លោះ​រវាង​ព្រះអាទិត្យ និង​ផែនដី។ ពេលនោះ មនុស្ស​លើ​ផែនដី​មិនអាច​មើលឃើញ​ព្រះ​ចន្ទឡើយ ដោយសារ​ចំហៀង​ដែល​ងងឹត​របស់​ព្រះ​ចន្ទ​បែរមក​កាន់​ផែនដី ហើយ​វា​ក៏​កើតឡើង​នៅពេល​ថ្ងៃ និង​ចំ​ថ្ងៃ 15 រោច។ ក្នុង​ព្រឹត្តិការណ៍​នេះ ព្រះ​ចន្ទ​រះ និង​លិច​ជិត​ស្ទើរ​តែ​ដូច​ទៅនឹង​ព្រះអាទិត្យ ធ្វើឱ្យ​ភ្នែក​ធម្មតា​មិនអាច​មើលឃើញ​ព្រះ​ចន្ទ៕

  • Ronaldo ឱប Messi ក្នុងការ​ប្រកួត​មិត្តភាព​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ម្សិលមិញ

    Ronaldo ឱប Messi ក្នុងការ​ប្រកួត​មិត្តភាព​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ម្សិលមិញ

    (អា​រ៉ា​ប៊ី​សា​អូឌីត) – កាលពី​ព្រលប់​ថ្ងៃទី 19 មករា 2023 កំពូល​តារាបាល់ទាត់ Lionel Messi និង Cristiano Ronaldo ឱប និង​កៀក ក ​គ្នា​នៅក្នុង​ការប្រកួត​បាល់ទាត់​មួយ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​អាច​ជាការ​ប៉ះគ្នា​ចុងក្រោយ​របស់​ពួកគេ។

    ប៉ុន្មាន​វិនាទី​មុនពេល​គ្រាប់​បាល់​រមៀល​ក្នុង​ការប្រកួត​មិត្តភាព​រវាង PSG និង Saudi All-Star XI កីឡាករ Ronaldo ដើរទៅ​ចាប់ដៃ និង​កៀក​ស្មា Messi។ ម្ចាស់​ជើងឯក World Cup 2022 ក៏​ចាប់ដៃ និង​យកដៃ​ម្ខាង​ឱប​ចង្កេះ​របស់​ខ្សែប្រយុទ្ធ​ជនជាតិ​ព័រទុយហ្កាល។ Ronaldo និយាយ​មួយ​ឃ្លា ហើយ Messi ក៏​ងក់​ក្បាល​យល់​ព្រម​។

    នៅក្នុង​ផ្លូវ​ក្រោម​ដី​ ពេល​ត្រៀម​ចេញមក​កាន់​ទីលាន​ប្រកួត Ronaldo ក៏បាន​​ចាប់ដៃ និង​ឱប​កីឡាករ​នានា​របស់ PSG ក្នុងនោះ​មាន​ទាំង Neymar, Kylian Mbappe និង Messi ផងដែរ។ ខ្សែប្រយុទ្ធ​វ័យ 37 ឆ្នាំ Ronaldo ធ្វើជា​ប្រធាន​ក្រុម​កីឡាករ​ម្ចាស់ផ្ទះ នៅក្នុង​ការប្រកួត​ដំបូង​របស់ខ្លួន​បន្ទាប់​ពី​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល​ត្រូវបាន​ម៉ា​រ៉ុ​ក​ជម្រុះ​ចេញពី World Cup 2022 ត្រឹម​វគ្គ 8 ក្រុម​ចុងក្រោយ។

    Messi និង Ronaldo

    ក្នុងការ​ប្រកួត​ដែលមាន​វត្តមាន​របស់​កីឡាករកំពូលៗ មាន​ជាអាទិ៍ Ronaldo, Messi, Neymar និង Mbappe នេះ Ronaldo រកបាន 2 គ្រាប់ ខណៈ Messi ក៏​រកបាន 1 គ្រាប់ មុនពេល PSG ឈ្នះ Saudi All-Star XI ក្នុង​លទ្ធផល​ 5-4។

    https://www.youtube.com/watch?v=bmazFxCXtF0

  • សហរដ្ឋ​អាម៉េរិក​ប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធាថ្មី​តម្លៃ​ 2.5 ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក​ប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធាថ្មី​តម្លៃ​ 2.5 ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន

    ក្រសួងការពារជាតិ​អាម៉េរិក ប្រកាស​ឱ្យដឹង​អំពី​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ 2.5 ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​រថពាសដែក រួម​នឹង​អាវុធ​ធំ​តូច​ជា​ច្រើន​ផ្សេង​ទៀត។

    យោងតាម​ប្រកាស​មួយ​កាលពី​ថ្ងៃទី 19 មករា របស់​មន្ទីរ​បញ្ច​កោណ កញ្ចប់​ជំនួយ​ថ្មី​បំផុត​នេះ​រួមមាន រថពាសដែក Bradley 59 គ្រឿង, រថពាសដែក Stryker 90 គ្រឿង, ប្រព័ន្ធ​ការពារ​ដែនអាកាស Avenger និង​អាវុធ​តូចធំ​ច្រើន​ប្រភេទ​ទៀត ប៉ុន្តែ​​មិនមាន​រថក្រោះ​ដូច​ការស្នើ​របស់​អ៊ុយ​ក្រែ​ន​នោះទេ។

    កញ្ចប់​ជំនួយ​ថ្មី​បំផុត​នេះ​បានធ្វើឱ្យ​ជំនួយ​យោធា​សរុប​របស់​សហរដ្ឋ​អាម៉េរិក សម្រាប់​អ៊ុយ​ក្រែ​ន ឡើងដល់​ជាង 26.7 ពាន់​លាន​ដុល្លារ រាប់​ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង។

    រថពាសដែក Stryker មិន​ក្រាស់​ដូច​រថក្រោះ ប៉ុន្តែ​វា​ធ្វើ​សកម្មភាព​បានល្អ​នៅក្នុង​ភូមិសាស្ត្រ​ដែលមាន​ព្រឹល ខ្សាច់ និង​ល្បាប់។ រថពាសដែក Stryker អាច​ដឹក​ទាហាន 9 នាក់ ខណៈដែល​រថពាសដែក Bradley អាច​ដឹក​បាន 6 នាក់។

    ​រថពាសដែក Bradley

    អាម៉េរិក​ប្រើប្រាស់​រថពាសដែក Stryker តាំងពី​ឆ្នាំ 2002 រហូតដល់​បច្ចុប្បន្ន ក្នុងនោះ Stryker មួយគ្រឿង​មានតម្លៃ​ប្រហែល 4.9 លាន​ដុល្លារ។ Stryker ត្រូវបាន​បំពាក់​កាំភ្លើង​ធំ​ប្រភេទ 30 ម​ម, 40 ម​ម ឬ 105 ម​ម អាស្រ័យ​លើ​កំណែនីមួយៗ និង​មាន​កាំភ្លើងយន្ត 12.7 ម​ម និង 7.62 ម​ម។ រថពាសដែក​នេះ​អាច​រត់​ក្នុង​ល្បឿន 97 គីឡូម៉ែត្រ/ម៉ោង និង​មាន​រង្វង់​ប្រតិបត្តិការ​ប្រហែល 500 គីឡូម៉ែត្រ។

    ចំណែក​រថពាសដែក Bradley វិញ បំពាក់​កាំភ្លើង​ធំ 25 ម​ម, មី​ស៊ី​ល​ប្រឆាំង​រថក្រោះ និង​អាចធ្វើ​សកម្មភាព​ក្នុង​រង្វង់ 480 គីឡូម៉ែត្រ៕