Author: សឿន សំណាង

  • ទុន​ជាង 444 លាន​ដុល្លារ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិនិយោគ​នៅ​កម្ពុជា នៅក្នុង​ 15 ថ្ងៃ​ដំបូង​នៃ​ខែ​កុម្ភៈ 2024

    ទុន​ជាង 444 លាន​ដុល្លារ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិនិយោគ​នៅ​កម្ពុជា នៅក្នុង​ 15 ថ្ងៃ​ដំបូង​នៃ​ខែ​កុម្ភៈ 2024

    (ភ្នំពេញ) – ពាក់​កណ្ដាល​ដើម​​ខែកុម្ភៈនេះ ក្រុម​​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន 22 ដែលមានទុនវិនិយោគសរុបប្រមាណជាង 444 លានដុល្លារអាម៉េរិក​។

    យោង​តាម​ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពូជា (CDC) បណ្ដា​ខេត្ត​ដែល​ទទួល​បាន​ការ​វិនិយោគ​ច្រើន​ជាង​គេ​បង្អស់ រួម​មាន​ រាជធានី​ភ្នំពេញ និង​ខេត្ត​ស្វាយ​រៀង ដោយ​មាន​ទុន​វិនិយោគ​ 4 គម្រោងដូច​គ្នា​។ ក្រៅ​ពី​នេះ ខេត្តព្រះ​សីហនុ និង​ខេត្ត​កំពង់​ស្ពឺ ក៏ទទួលបាន​ការ​វិនិយោគ​ 3 គម្រោង​ដូច​គ្នា​​ផង​ដែរ​។

    ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដី​ប្រកាស​របស់ CDC ដែល​មាន​ដូច​ខាង​ក្រោម​៖

  • ក្រុម​ហ៊ុន​​មួយ​របស់​ឥណ្ឌូណេស៊ី ចាប់​អារម្មណ៍​លើ​វិស័យ​មួយចំនួន​នៅ​កម្ពុជា

    ក្រុម​ហ៊ុន​​មួយ​របស់​ឥណ្ឌូណេស៊ី ចាប់​អារម្មណ៍​លើ​វិស័យ​មួយចំនួន​នៅ​កម្ពុជា

    (ភ្នំពេញ) – ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Jonh Riady នាយក​ប្រតិបត្តិរបស់​ក្រុមហ៊ុន Lippo Group និងសហការី អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

    យោង​តាម​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក្នុងជំនួបនេះ លោក Jonh Riady បានបង្ហាញ​ចំណាប់អារម្មណ៍លើវិស័យមួយចំនួននៅកម្ពុជា រួមមានជា​អាទិ៍ វិស័យអចលនទ្រព្យ ផ្សារទំនើប សុខាភិបាល និងសេវាកម្មហិរញ្ញវត្ថុ-ធនាគារជាដើម។

    ក្រុមហ៊ុន Lippo Group ជាក្រុមហ៊ុនមានបទពិសោធន៍ប្រមាណ 60 ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ ការលក់រាយ បដិសណ្ឋារកិច្ចនិងការកម្សាន្ត ការថែទាំសុខភាព ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល និងសេវាកម្មហិរញ្ញវត្ថុជាដើម។ នេះបើ​តាម​ CDC ចេញផ្សាយ​នា​យប់​ថ្ងៃទី 19 កុម្ភៈ 2024​៕

  • ខាង​ក្នុង​យាន​អវកាស​ដែល​នឹង​នាំ​មនុស្ស​ត្រឡប់​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​

    ខាង​ក្នុង​យាន​អវកាស​ដែល​នឹង​នាំ​មនុស្ស​ត្រឡប់​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​

    អង្គការ​ណាសា​ទើប​តែ​បាន​បង្ហាញ​រូប​រាង​ចុង​ក្រោយ​របស់​យាន​អវកាស​ Orion ដែល​នឹង​ត្រូវបាន​ប្រើ​ប្រាស់​សម្រាប់​ការ​ដឹក​អវកាសចរ​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ជា​លើក​ដំបូង ​ក្រោយ​រយៈ​ពេល​កន្លះ​សតវត្សរ៍​។

    ណាសាបាន​​ចែក​រំលែក​​រូប​ថត​ថ្មី​ៗ​របស់​យាន​អវកាស​ Orion ដែល​នឹង​ដឹក​អ្នក​អវកាស 4 រូប​ ហោះ​ឡើង​ទៅ​គោចរ​​ជុំ​វិញ​ព្រះ​ចន្ទ​នៅ​ក្នុង​បេសក​កម្ម​ Artemis 2 ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​ការ​ហោះ​ហើរ​​យ៉ាង​ឆាប់​ត្រឹម​ខែ​កញ្ញា​ឆ្នាំ 2025​។ ផ្នែក​ខាង​ក្នុង​របស់ Orion ត្រូវ​បាន​ដំឡើង​រួច​រាល់​នៅ​ឯ​មជ្ឈមណ្ឌល​អវកាស​ Kennedy របស់​ណាសា​នៅ Florida។ នេះ​បើ​តាម​ Space ចុះ​ផ្សាយ​កាល​ពីពេល​ថ្មី​ៗ​នេះ​។

    យាន Orion ​ហោះ​ទៅ​កាន់​ទីអវកាស​បាន​ពីរ​លើក​មក​ហើយ​ នៅ​ក្នុង​បេសកកម្ម​​គ្មាន​មនុស្ស​បើកបរ​ Artemis 1 ដែល​ក្នុង​នោះ វា​ធ្លាប់​ហោះ​ដល់​គន្លង​តារាវិថី​ព្រះ​ចន្ទ​កាល​ពី​ចុង​ឆ្នាំ 2022 និង​ជើង​ហោះ​ហើរ​ជុំវិញ​គន្លង​តារាវិថី​ផែនដី​កាល​ពី​ឆ្នាំ 2014។

    Artemis 2 នឹង​ជា​បេសកកម្ម​ដំបូង​ដែល​ដឹក​អវកាសចរ​នៅ​ក្នុង​កម្មវិធី​ Artemis។ Artemis 2 គឺជា​ការ​បើក​ផ្លូវ​សម្រាប់​គោលដៅ​នាំមនុស្ស​ទៅ​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ នៅ​ក្នុង​បេសក​កម្ម Artemis 3។

    កម្មវិធី​ Artemis របស់​សហរដ្ឋ​អាម៉េរិក ត្រូវ​បាន​កំណត់​គោលដៅ​​សាងសង់​តំបន់​រស់​នៅ​របស់​មនុស្ស​ ដែល​ស្ថិត​នៅ​ក្បែរ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ ដើម្បី​ប្រើ​ប្រាស់​ប្រភព​ទឹក​នៅ​ទី​នោះ​៕

  • រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ បានមកដល់ទីផ្សារកម្ពុជាហើយ !

    រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ បានមកដល់ទីផ្សារកម្ពុជាហើយ !

    រាជធានីភ្នំពេញ ៖ រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤​ គឺជារថយន្តប្រភេទដឹកអ្នកដំណើរដ៏ពេញនិយមនៅទីផ្សារប្រទេសកម្ពុជា ដែលបានផ្តល់នូវភាពធន់ រឹងមាំ ផាសុកភាព ទំនើប និងសុវត្ថិភាពដល់អតិថិជនដែលទទួលបានគាំទ្រពីអតិថិជន មកពីសំណាកវិស័យទេសចរណ៍ វិស័យដឹកជញ្ជូនអ្នកដំណើរ និងវិស័យបដិសណ្ឋារកិច្ចកន្លងមក ។ សម្រាប់រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ គឺនៅតែបន្តផ្តល់នូវទំនុកចិត្តដល់អតិថិជនដោយបានបំពាក់នូវបច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាពចុងក្រោយដែលផ្តល់ផាសុកភាព សុវត្ថិភាពជូនដល់អ្នកបើកបរ និងអ្នករួមដំណើរផងដែរ ។

    រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ ត្រូវបានរចនាឡើងដែលមានលក្ខណៈធំទូលាយ និងដំបូលខ្ពស់ស្រឡះភ្ជាប់មកជាមួយប្រព័ន្ធម៉ាស៊ីនត្រជាក់គ្រប់ជួរ ដែលផ្តល់នូវផាសុកភាព និងភាពស្រស់ស្រាយដល់អ្នកធ្វើដំណើរ មិនថាការធ្វើដំណើរកម្សាន្តទីជិត ឬទីឆ្ងាយ ។ ជាពិសេស រថយន្ត Ford Transit ក៏បានបំពាក់បន្ថែមនូវឈ្នាន់ជាន់អេឡិចត្រូនិច និងដែកបង្កាន់ដៃដ៏រឹងមាំដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកដំណើរក្នុងការឡើងចុះ និងចេញចូលរថយន្ត ។ សម្រាប់អ្នកបើកបរផ្នែកខាងមុខ ត្រូវបានរចនាឡើងដោយផ្តល់នូវផ្ទៃធំទូលាយងាយស្រួលក្នុងការមើលឃើញឧបសគ្គខាងមុខ មិនថាពេលថ្ងៃ ឬពេលយប់ បូករួមកញ្ចក់មើលក្រោយពីចំហៀងធំ រួមទាំងភ្លើងស៊ីញ៉ូរផ្តល់នូវសុវត្ថិភាព និងភាពងាយស្រួលដល់អ្នកបើកបរ ។

    មិនតែប៉ុណ្ណោះ រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ គឺមានបំពាក់នូវប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀតជាច្រើនដូចជា ប្រព័ន្ធការពារសុវត្ថិភាពពីចោរកម្ម ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS ប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំងដោយស្វ័យប្រវត្ត EBD ប្រព័ន្ធជំនួយក្នុងការឡើងចំណោត ប្រព័ន្ធទប់លំនឹងនិងស្ថេរភាពនៃរថយន្តសម្រាប់ផ្លូវកោង ឬផ្លូវរអិល ប្រព័ន្ធទប់លំនឹងរថយន្តក្នុងការបើកបរ និងប្រព័ន្ធសេនស័រជំនួយក្នុងការចូលចតចំនួន ៨គ្រាប់ រួមទាំងប្រព័ន្ធកាមេរ៉ាមើលក្រោយចំនួន ១ ផងដែរ ។

    លើសពីនេះទៅទៀត រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ មិនមែនត្រឹមតែជារថយន្តដឹកដំណើរនោះទេ ប៉ុន្តែរថយន្តនេះ ក៏អាចត្រូវបានកែឆ្នៃពិសេសដែលតម្រូវទៅតាមវិស័យផ្សេងៗដូចជារថយន្តសង្គ្រោះបន្ទាន់ បម្រើដល់វិស័យសុខាភិបាល រថយន្តមន្ទីរពិសោធន៍ចល័ត រថយន្តបំពាក់នូវទូដែក សម្រាប់វិស័យធនាគារ និងអាចកែឆ្នៃជាហាងកាហ្វេចល័ត ផ្ទះចល័ត ផងដែរ ។​

    សម្រាប់ការទំនាក់ទំនងផ្នែកលក់ និង ទទួលព័ត៌មានផ្សេងៗអំពីរថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ៖ 088 6777 200 / 087 777 200 ៕

  • ថៃ​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​សាច់មាន់​ធំ​ជាង​គេ​លំដាប់​ទីបី​លើ​ពិភពលោក

    ថៃ​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​សាច់មាន់​ធំ​ជាង​គេ​លំដាប់​ទីបី​លើ​ពិភពលោក

    ប្រទេស​ថៃ​បាន​នាំចេញ​សាច់​មាន់​ជាង 100,000 តោន​ ដែល​ស្មើ​នឹង​ជាង 100 ពាន់​លាន​បាត​ (ប្រហែល​នឹង 2.78 ពាន់​លាន​ដុល្លារ​អាម៉េរិក​) នៅ​ក្នុង​ឆ្នាំ 2023​។

    លោក​ស្រី Chaweewan Kampa ប្រធាន​សមាគម​ជំរុញ​បសុបក្សី​ថៃ ឱ្យ​ដឹង​ថា លំដាប់​ថ្នាក់​របស់​ថៃ​បាន​ប្រសើរ​ឡើង​មួយ​ថ្នាក់​ បើ​ធៀប​នឹង​ចំណាត់ថ្នាក់​ទី​បួន​របស់​ឆ្នាំ 2022​។

    លោក​ស្រី​បាន​កោត​សរសើរ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​មាន​វិធាន​ការ​ជំរុញ​ការ​នាំចេញ​ ក៏ដូច​ជា​សម្រេច​ចិត្ត​យ៉ាង​ឆាប់​រហ័ស​ក្នុង​ការ​ពន្យារ​ពេល​សម្រាប់​​ការ​នាំ​ចូល​ម្សៅ​សណ្ដែក​សៀង​ ទៅ​តាម​​កិច្ច​ព្រម​ព្រៀង​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) ថែម​មួយ​ឆ្នាំ​ទៀត​ ដែលនេះ​នឹង​​​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ និង​បញ្ហា​ឡើង​ថ្លៃ​របស់​ចំណី​សត្វ​។

    ក្រុម​អ្នក​ចិញ្ចឹម​សត្វ​នៅ​ប្រទេស​ថៃ បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​លទ្ធភាព​ពន្យារ​ពេល​សម្រាប់​ការ​នាំ​ចូល​ចំណី​សត្វ​បន្ថែម​ទៀត​ ទន្ទឹម​នឹង​ការ​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ចុះ​អត្រា​ពន្ធ​នាំចូល​ចំណី​សត្វ​ ដើម្បីរួម​ចំណែក​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ការ​ផលិត​៕

  • គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-ជប៉ុន ចាប់ផ្ដើម​ត្រូវ​បាន​ពិភាក្សា​

    គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-ជប៉ុន ចាប់ផ្ដើម​ត្រូវ​បាន​ពិភាក្សា​

    (ភ្នំពេញ) – នាព្រឹកថ្ងៃទី 12 កុម្ភៈនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកជាប្រធានក្រុមការងារគោលនយោបាយក្នុងការរៀបចំការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័នប្រជុំពិភាក្សាលើការរៀបចំឯកសារទស្សនទាន ត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន។

    យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមអគ្គលេខាធិការគណៈកម្មការវិនិយោគនៃក.អ.ក. ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

    កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​អនុវត្តស្រមតាមគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្ងៃទី 15-19 ខែធ្នូ ឆ្នាំ 2023 កន្លងទៅ។ ផែនការ​រៀប​ចំ​សម្រាប់​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​កម្ពុជា​-ជប៉ុន​ គឺជា​ការ​​ត្រៀម​ខ្លួន​ដើម្បី​​ទាក់​ទាញ​វិនិយោគិនជប៉ុន មក​បណ្ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា ឱ្យ​បាន​ច្រើន​ជាង​បច្ចុប្បន្ន​៕

  • រក​ឃើញ​ភព​ថ្មី​មួយ​ទៀត​ដែល​ស្ថិត​ក្នុង​តំបន់​អំណោយ​ផល​ដល់​ជីវិត

    រក​ឃើញ​ភព​ថ្មី​មួយ​ទៀត​ដែល​ស្ថិត​ក្នុង​តំបន់​អំណោយ​ផល​ដល់​ជីវិត

    ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​ផែនដី​យក្ស​មួយទៀត​ដែល​​ស្ថិត​ក្នុងតំបន់​ដែល​អាច​រស់​នៅ​បាន​ និង​វិល​ជុំ​វិញ​ផ្កាយ​មេ​ដែល​មាន​ចម្ងាយ​ពី​ព្រះអាទិត្យ​ 137 ឆ្នាំ​ពន្លឺ​។

    ភព​ខាងលើ​ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា TOI-715b វិល​ជុំវិញកូន​ផ្កាយ​ក្រហម​មួយ​ដួង​ មាន​ទំហំតូច​ជាង​ព្រះ​អាទិត្យ​របស់​មនុស្ស​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ភព​ថ្មី​នេះ​តាម​រយៈ​ការ​ប្រើ​ប្រាស់​ផ្កាយ​រណប​តេឡេស្កុប TESS របស់​ណាសា​។ យោង​តាម​ CNN ដែល​បាន​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃទី 10 កុម្ភៈ 2024 ព័ត៌មាន​ខាង​លើ​​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដី Monthly Notices of the Royal Astronomical Society។

    TOI-715b ធំជាង​ផែនដី​ 1.5 ដង ហើយ​មួយ​ឆ្នាំ​របស់​វា​គឺ​មាន​តែ​ 19 ថ្ងៃ​។ TOI-715b ស្ថិត​នៅ​ក្បែរ​ផ្កាយ​មេ​របស់​វា ដែល​នេះ​ អនុញ្ញាត​ឱ្យ​ទឹក​មាន​សភាព​រាវ​ ដែល​ជា​អំណោយ​ផល​ល្អ​ដល់​ការ​កកើត​ជីវិត​​។

    អ្នក​ស្រាវ​ជ្រាវ​ឱ្យ​ដឹងថា ឆាប់ៗ​ខាងមុខ​នេះ ភព TOI-715b នឹង​ត្រូវ​បាន​សង្កេត​ដោយ​តេឡេស្កុប​អវកាស​ James Webb ហើយ​បរិយាកាស​របស់​វា​នឹង​ត្រូវ​បាន​បញ្ជាក់​៕

  • NASA និង SpaceX បាញ់​បង្ហោះផ្កាយ​រណប​អាកាសធាតុ​ដោយ​ជោគ​ជ័យ

    NASA និង SpaceX បាញ់​បង្ហោះផ្កាយ​រណប​អាកាសធាតុ​ដោយ​ជោគ​ជ័យ

    ក្រោយ​ការ​ពន្យារពេល​ច្រើន​ថ្ងៃ​ដោយ​សារ​អាកាសធាតុ​មិន​ល្អ ថ្មី​ៗ​នេះ ក្រុម​ហ៊ុន​អវកាស​ SpaceX (អាម៉េរិក) និង​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (NASA – ណាសា) ក៏​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ PACE​។

    កាល​ពី​ថ្ងៃទី 08 កុម្ភៈ ផ្កាយ​រណប​ឧតុនិយម​ថ្មី​បំផុត​របស់​ណាសា ត្រូវ​បាន​ក្រុម​ហ៊ុន SpaceX បាញ់​បង្ហោះឡើង​ទៅ​កាន់​គន្លង​តារាវិថី​ផែនដី​​ដោយ​ជោគ​ជ័យ​។ ផ្កាយរណប​នេះ​មាន​ភារកិច្ច​តាម​ដាន​មហា​សមុទ្រ​ និង​បរិយាកាស​ផែនដី ប្រកប​ដោយ​ភាព​លម្អិត​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​។

    PACE ត្រូវ​បាន​នាំ​ឡើង​ទៅ​កាន់​គោល​ដៅ​ដោយ​រ៉ុក្កែត​ Falcon 9 របស់ SpaceX។ នៅ​ពេល​ដំណើរ​ការ​ PACE នឹង​សង្កេត​មើល​ និង​ជួយ​គាំទ្រ​ដល់​ការ​ស្រាវ​ជ្រាវ​អំពី​ការ​ផ្លាស់​ប្ដូរ​ ​ការ​ប្រែប្រួល​របស់​​​កាបូន​ឌីអុកស៊ីត​ រវាង​មហា​សមុទ្រ​ និង​បរិយាកាស​ ព្រម​ទាំង​​តាម​ដាន​គុណ​ភាព​ខ្យល់ វាយ​តម្លៃ​ឧតុនិយម​ផែនដី​ និង​ស្ថាន​ភាព​មហា​សមុទ្រ​។ PACE គឺជា​បេសកកម្ម​ដំបូង​របស់រដ្ឋាភិបាល​អាម៉េរិក​ ដែល​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​តារាវិថី​លើ​តំបន់​ប៉ូល​ ពី​ Florida រាប់​ចាប់​ពី​ថ្ងៃទី 30 វិច្ឆិកា 1960​។

    ​PACE នឹង​ចំណាយ​ពេល​យ៉ាង​តិច 3 ឆ្នាំ​ នៅ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​បរិយាកាស​ ក៏ដូច​ជា​មហា​សមុទ្រ​ ពី​កម្ពស់ 676 គីឡូម៉ែត្រ​។ PACE ត្រូវ​បាន​រំពឹង​ថា នឹង​ជួយ​កែ​លម្អ​សមត្ថភាព​ព្យាករ​អំពី​បាតុភូត​ធម្មជាតិ​អាក្រក់​ៗ​​នៅលើ​ផែនដី​។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ទំនង​ជា​នឹង​ចាប់​ផ្ដើម​ទទួល​ទិន្នន័យ​ពី PACE នៅ​ក្នុង​ចន្លោះ​ពី​មួយ​ទៅ​ពីរ​ខែ​ទៀត​។

  • ថៃ ម៉ាឡេស៊ី សិង្ហបុរី លើក​លែង​ទិដ្ឋាការ​ដើម្បី​ទាក់​ទាញ​ទេសចរ​ចិន​

    ថៃ ម៉ាឡេស៊ី សិង្ហបុរី លើក​លែង​ទិដ្ឋាការ​ដើម្បី​ទាក់​ទាញ​ទេសចរ​ចិន​

    ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី និង​ប្រទេស​ថៃ កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​មួយ​ដើម្បី​អូស​ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ពី​ប្រទេស​ចិន​ នោះ​គឺ​គោល​នយោបាយ​លើក​លែង​ទិដ្ឋាការ​ (Visa) ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

    ដោយ​ការ​លើក​លែង​ទិដ្ឋាការ​នេះ ប្រទេស​​នៅ​អាស៊ី​អាគ្នេយ៍ទាំង​បី​ខាង​លើ​ កំពុង​ប្រើ​ប្រាស់​ភាព​ទាក់​ទាញ​នៃ​ការ​ដើរ​ហើរ​ដោយ​សេរី​ ដើម្បី​ជំរុញ និង​ស្ដារ​​វិស័យ​ទេសចរណ៍​ ដែល​បាន​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដោយ​សារ​វិបត្តិ​សុខភាព​នា​ប៉ុន្មាន​ឆ្នាំ​កន្លង។ នេះ​បើ​តាម Reuters ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 09 កុម្ភៈ 2024​។

    វិស្វករជនជាតិចិន លោក Wei Ming គឺជា​សាក្សី​មួយ​សម្រាប់​​បញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​ខាងលើ​ នៅ​ពេល​គាត់​ប្ដូរ​គម្រោង​ទេសចរណ៍​របស់​ខ្លួន​ពី​អូស្ត្រាលី មក​សិង្ហបុរី​ គ្រា​ដែល​ទិដ្ឋាការ​ត្រូវ​បាន​លើក​លែង​។ ថ្នាក់​ដឹក​នាំ​របស់​ប្រទេស​ថៃ សិង្ហបុរី និង​ម៉ាឡេស៊ី​ សង្ឃឹម​ថា ការ​លើក​លែង​ទិដ្ឋាការ​នឹង​ទាក់​ទាញ​ទេសចរ​ចិន​បាន​ច្រើន​នៅ​ក្នុង​រដូវ​បុណ្យ​និទាឃរដូវ​ឆ្នាំ​នេះ ដែល​ជា​រដូវ​ឈប់សម្រាក​ដំបូង ​រាប់​ចាប់​តាំង​ពី​ទីក្រុង​ប៉េកាំង បាន​​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​ព្រោះ​តែ​កូវីដ-19​។

    ទោះជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​វិភាគ​ព្រមាន​ថា ឱនភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ ស្ថានភាព​អស្ថិរ​ភាព​ក្នុង​មុខ​របរ​ ការ​ងារ​ និង​ប្រាក់​ចំណូល​ធ្លាក់​ចុះ​ អាច​កាត់​បន្ថយ​ដំណើរ​ទេសចរណ៍​ក្រៅ​ប្រទេស​របស់​ពលរដ្ឋ​ចិន នាំ​ឱ្យ​គោល​នយោបាយ​លើក​លែង​ទិដ្ឋាការ​ខាងលើ​មិន​សូវ​មាន​ប្រសិទ្ធភាព​៕

  • កម្ពុជា​ទទួល​បាន​ទុនវិនិយោគជិតបួនពាន់លានដុល្លារ​អាម៉េរិក​ រាប់​ចាប់​ពី​ខែ​សីហាឆ្នាំ 2023 ដល់​បច្ចុប្បន្ន

    កម្ពុជា​ទទួល​បាន​ទុនវិនិយោគជិតបួនពាន់លានដុល្លារ​អាម៉េរិក​ រាប់​ចាប់​ពី​ខែ​សីហាឆ្នាំ 2023 ដល់​បច្ចុប្បន្ន

    ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ចាប់តាំងពីសម្តេចបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីពោលគឺ ចាប់ពីខែសីហា ឆ្នាំ 2023 មកដល់បច្ចុប្បន្ន កម្ពុជា​​ទាក់ទាញបាន​ការ​វិនិយោគប្រមាណ 172​គម្រោង ដែល​មាន​ទុន​សរុប​​ជិត​ 4 ពាន់លានដុល្លារ និងអាចបង្កើតការងារបាន​ជាង 19 ម៉ឺនកន្លែង។

    ការអះអាងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីដូច​ខាងលើនេះ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុងពិធី «​បិទ​សន្និបាត​បូក​សរុបការងារឆ្នាំ 2023 និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ 2024 របស់ក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ» និងប្រកាសដាក់ឱ្យអនុវត្តន៍ «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម» នារសៀលថ្ងៃទី 08 ខែកុម្ភៈឆ្នាំ 2024  នៅសណ្ឋាគារសុខាភ្នំពេញ។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល គឺជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារជូនប្រជាពលរដ្ឋ។

    យោង​តាម​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា កន្លងមក កំណើនសេដ្ឋកិច្ចរបស់កម្ពុជាគឺមានប្រមាណ 7% រាប់​ចាប់​​តាំងពីពេលដែលកម្ពុជា​ទទួលបានសន្តិភាព រហូតមកទល់ពេលផ្ទុះជំងឺកូវីដ-19៕