Author: សឿន សំណាង

  • យន្តហោះ Hybrid ​កូនកាត់​ឧទ្ធម្ភាគចក្រ​ អាច​ហោះ​បាន​ជិត 1,000 គីឡូ​ម៉ែត្រ/ជើង

    យន្តហោះ Hybrid ​កូនកាត់​ឧទ្ធម្ភាគចក្រ​ អាច​ហោះ​បាន​ជិត 1,000 គីឡូ​ម៉ែត្រ/ជើង

    (អង់គ្លេស) – ក្រុមហ៊ុន Arc Aero Systems បានបង្ហាញ​យន្តហោះ​កូនកាត់​ឧទ្ធម្ភាគចក្រ Linx P9 ដែលនឹង​អាច​​យកឈ្នះ​លើ​បណ្ដា​ឧទ្ធម្ភាគចក្រ​ដែលមាន​ទំហំ​ប្រហាក់​​ប្រហែល​គ្នា ទាក់ទង​នឹងល្បឿន ​រយៈ​ចម្ងាយ​ និង​ការ​ចំណាយ​នៅ​​ក្នុង​​​ការ​ហោះ​ហើរ។

    គ្រោងឆ្អឹង​របស់ Linx P9 គឺជា​ការរួម​ផ្សំ​រវាង​យន្តហោះ​ធម្មតា ឧទ្ធម្ភាគចក្រ​ធម្មតា និង​ឧទ្ធម្ភាគចក្រ​មាន​ស្លាប​ហោះ​ឡើង​ដោយ​សេរី។ រចនា​រូបរាង​ចម្រុះ​នេះ​មាន​ទម្ងន់​តែ 1,930 គីឡូក្រាម​ប៉ុណ្ណោះ។ Linx P9 មាន​កៅអី​ចំនួន 9, ស្លាប​ប្រវែង 12.6 ម៉ែត្រ, ស្លាប​កង្ហារ​រុញច្រាន​មួយគូ​នៅ​ផ្នែក​ខាងក្រៅ និង​កន្ទុយ​ខ្នាត​ធំ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 23 មករា។

    ម៉ាស៊ីន​រ៉ូ​ទ័​រ (rotor) 13 ម៉ែត្រ​របស់​យន្ត​ហោះ​នេះ ​អាច​កែប្រែ​ទិស​របស់រ​ង្វិ​ល។ យន្តហោះ Linx P9 នេះ​ប្រើប្រាស់​ម៉ូ​ទ័​រ​អគ្គិសនី​មួយគ្រឿង ជួយ​ឱ្យ​រ៉ូ​ទ័​រ​ខាងលើ​វិល​បាន​លឿន​ដើម្បីឱ្យ​យន្តហោះ​អាច​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់។ ក្រោយពី​បាន​ហោះ​ឡើង​ទៅលើ ស្លាប​កង្ហារ​រុញច្រាន​នឹង​ដំណើរការ និង​ផ្ដល់​កម្លាំង​លើក​ជាង 90% អនុញ្ញាតឱ្យ​រ៉ូ​ទ័​រ​ដំណើរការ​យឺត​មកវិញ​បាន។ រូបរាង​របស់ Linx P9 រួមចំណែក​កាត់​បន្ថយ​ក​ម្លាំ​ង​កកិត និង​កម្លាំង​លើក​មិនមាន​សមប្បមាណ (កម្លាំង​មិន​ស្មើ​គ្នា)។ ជា​លទ្ធផល យន្តហោះ​នេះ​អាច​ហោះ​ក្នុង​ល្បឿន​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ 370 គីឡូម៉ែត្រ/ម៉ោង។

    ស្លាប​កង្ហារ​រុញច្រាន​របស់​ Linx P9 ​ដំណើរការ​ដោយ​ម៉ាស៊ីន​ទួ​រ​ប៊ី​ន (turbomachinery) កម្លាំង 496 សេះ។ យោងតាម​ក្រុមហ៊ុន Arc Aero Systems ​ម៉ាស៊ីន​ទាំងនេះ​ដំណើរការ​ដោយ​ឥន្ធនៈ​អាកាសចរណ៍​និរន្តរភាព អាច​ជំនួស​ដោយ​ថ្ម​ផ្ទុក​ថាមពល​អ៊ីដ្រូសែន។ ទំហំ និង​ល្បឿន​របស់ Linx P9 សមស្រប​នឹង​ការហោះហើរ​រយៈ​ចម្ងាយ​ឆ្ងាយ។ Arc Aero Systems ឱ្យដឹងថា យន្តហោះ​នេះ​អាច​ហោះ​បាន 950 គីឡូម៉ែត្រ ដោយ​ប្រើប្រាស់​ឥន្ធនៈ 600 គីឡូក្រាម ឬ 1,300 គីឡូម៉ែត្រ​នៅពេល​បំពាក់​ឥន្ធនៈ​មួយ​ធុង​ទៀត។ Linx P9 ស៊ី​ឥន្ធនៈ​ប្រហែល 505 ដុល្លារ/ម៉ោង ទាប​ជាង 40% ធៀប​នឹង​ការចំណាយ​ទៅ​លើ​​ឧទ្ធម្ភាគចក្រ​ធម្មតា​ដែលមាន​ទំហំ​ប៉ុនគ្នា។

    យន្តហោះ​ Linx P9 មាន​ពីរ​ចំណុច​ដែលមាន​ប្រៀប​ជាងគេ ធៀប​នឹង​តាក់ស៊ី​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់​នាបច្ចុប្បន្ន។ ទីមួយ​គឺ រ៉ូ​ទ័​រ​ធំ​រប​ស់វា​នឹង​ត្រូវ​បាន​ប្រើ​ជា​​មុខងារ​ដូច​ឆត្រយោង ក្នុង​ករណី​ម៉ាស៊ីន​ដទៃ​ជួប​បញ្ហា។ ទី​ពីរ​គឺ​វា​ងាយស្រួល​ក្នុង​ការសុំ​លិខិតអនុញ្ញាត​ទៅតាម​ច្បាប់​ប​ច្ចុ​ប្បន្ន ដោយសារ​​មិនចាំ​បាច់​​ឱ្យ​ក្រុម​អ្នកតាក់តែង​ច្បាប់​កែប្រែ ឬ​បង្កើត​ច្បាប់​អនុញ្ញាត​ថ្មី៕

  • ការងារ​បន្ទាប់បន្សំ​អាចធ្វើ​នៅផ្ទះ​ ​រក​បាន​ 100,000 ដុល្លារ​អាម៉េរិក/ឆ្នាំ

    ការងារ​បន្ទាប់បន្សំ​អាចធ្វើ​នៅផ្ទះ​ ​រក​បាន​ 100,000 ដុល្លារ​អាម៉េរិក/ឆ្នាំ

    ការ​រចនា​កាត់​ត​រូបភាព (design) គឺជា​ការងារ​មួយ​ក្នុងចំណោម​មុខរបរ​ដែល​អាចធ្វើ​ក្រៅ​ម៉ោង និង​អាច​រក​បាន​​ប្រាក់ចំណូល​ខ្ពស់ នេះ​បើតាម​ការ​ស្រង់​ទិន្នន័យ​របស់​ទំព័រ Freelancer។

    លទ្ធផល​នេះ​ត្រូវបាន Freelancer លើកឡើង​ដោយយោង​ទៅលើ​តារាង​ផ្ដល់ឱកាស​ការងារ​ក្រៅ​ម៉ោងជាង 300,000 ដែល​ត្រូវបាន​បង្ហោះ​លើ​គេហទំព័រ​នេះ ចាប់ពី​ខែតុលា​រហូតដល់​ខែធ្នូ 2022។

    ការពេញនិយម​របស់​រូបមន្ត​ធ្វើការ​ពី​ចម្ងាយ​បានផ្ដល់​ឱកាស​ច្រើន​ដល់​អ្នក​ចង់​ធ្វើ​ការងារ​បន្ទាប់បន្សំ ការងារ​ក្រៅ​ម៉ោង ការងារ​ដែល​អាចធ្វើ​ពី​ចម្ងាយ នេះ​បើ​តាម CNBC។

    យោងតាម​ការស្ទង់មតិ​កាលពី​ខែធ្នូ 2022 របស់ LendingTree ទៅលើ​មនុស្សពេញវ័យ​ប្រមាណ​ 2,100 នាក់​នៅ​សហរដ្ឋ​អាម៉េរិក មាន​ប្រហែល 44% ក្នុងចំណោម​នោះ​កំពុងមាន​ការងារ​បន្ទា​ប់ប​ន្សំ។ តួលេខ​នេះ​កើនឡើង​ខ្ពស់ បើ​ធៀប​នឹង​អត្រា 12% កាលពី​ឆ្នាំ 2020។

    Sebastian Sisele អនុប្រធាន​អន្តរជាតិ​របស់ Freelancer.com បានឱ្យដឹងថា ទីផ្សារ​​ការ​ងារ​អន​ឡាញ​សម្រាប់​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​សេរី​បាន​ផ្ទុះឡើង​ពេញ​មួយឆ្នាំ​កន្លង បើ​ទោះ​ស្ថានភាព​កាត់បន្ថយ​បុគ្គលិក​នៅតែ​បង្ក​ការលំបាក​ដល់​វិស័យ​បច្ចេកវិទ្យា។

    ការងារ​បន្ទាប់បន្សំ​អាចធ្វើ​នៅផ្ទះ​រកបាន 100,000 ដុល្លារ​អាម៉េរិក/ឆ្នាំ

    ក្រុម​អ្នកជំនាញ​យល់ថា បើ​ចាប់អារម្មណ៍​លើ​ការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា អ្នកស្វែងរក​ការងារ​គួរតែ​កសាង​ចំណេះ​ជំនាញ​ឯកទេស​តាមរយៈ​ការ​បង្កើត​​វគ្គ​សិក្សា​​តាម​អន​ឡាញ និង​បង្កើត​ប្រវត្តិរូប​ផ្ទាល់ខ្លួន​ដើម្បី​តាម​ចាប់​គោលដៅ​អតិថិជន​​ដែល​មាន​សក្ដានុពល។

    ក្រៅពីនេះ បើសិន​មិនមាន​ជំនាញ​ខាង​បច្ចេកវិទ្យា អ្នកស្វែងរក​ការងារ​ក៏​នៅតែ​មានឱកាស​ធ្វើការ​ក្រៅ​ម៉ោង មាន​ដូចជា ការ​ងារ​បង្រៀន​ក្រៅម៉ោង សរសេរ​ប្លក់ និង​ប្រឹក្សា​ផ្នែក​ធុរកិច្ច​ជាដើម។ យោងតាម Siseles ការងារ​ទាំងនេះ​កំពុង​តែមាន​តម្រូវការ​ខ្ពស់ឡើងៗ ហើយ​ប្រាក់ចំណូល​ក៏​អាច​ឡើងដល់ 100 ដុល្លារ/ម៉ោង៕

  • ហែក​ឃើ​រ បញ្ចូល​សេចក្ដីថ្លែងការណ៍​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទៅ​លើ​​ទូរទស្សន៍​នៅ​គ្រី​មៀ

    ហែក​ឃើ​រ បញ្ចូល​សេចក្ដីថ្លែងការណ៍​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទៅ​លើ​​ទូរទស្សន៍​នៅ​គ្រី​មៀ

    ក្រុមមន្ត្រី​រុស្ស៊ី​នៅ​ឧបទ្វីប​គ្រី​មៀ (Crimea) និយាយថា ហែក​ឃើ​រ (Hacker) បានធ្វើ​ឱ្យមាន​ភាព​រអា​ក់រ​អួល និង​បញ្ចូល​សេចក្ដីថ្លែងការណ៍​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ទៅក្នុង​រលក​ទូរទស្សន៍​ដែល​ផ្សាយ​ក្នុង​តំបន់​នេះ។

    ទូរទស្សនិកជន​ដែល​បាន​តាមដាន​ទូរទស្សន៍​នៅ​ឧបទ្វីប​គ្រីមៀ កាលពី​ថ្ងៃទី 25 មករា បាន​រាយការណ៍​ថា កម្មវិធី​ដែល​ពួកគេ​កំពុង​មើល ស្រាប់តែ​ត្រូវ​ដាច់ និង​ជំនួស​ដោយ​សេចក្ដីថ្លែងការណ៍​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ក្នុង​រយៈពេល​ប្រហែល 1 នាទី មុនពេល​បញ្ហា​ត្រូវបាន​ដោះស្រាយ។

    ក្រុមមន្ត្រី​នៅ​ឧបទ្វីប​គ្រី​មៀ ចោទថា ហែក​ឃើ​របា​ន​វាយប្រហារ​លើ​រលក​ទូរទស្សន៍​ក្នុង​តំបន់​នេះ និង​ទម្លាក់កំហុស​ទៅលើ​ស្ថាប័ន​ចារកម្ម​របស់​អ៊ុយ​ក្រែ​ន។

    រុស្ស៊ី​បាន​រឹបអូស​យក​ឧបទ្វីប​គ្រី​មៀ​ពី​អ៊ុយ​ក្រែ​ន ក្រោយ​ការធ្វើប្រជាមតិ​ក្នុង​ឆ្នាំ 2014។ សហរដ្ឋ​អាម៉េរិក អឺរ៉ុប និង​អ៊ុយ​ក្រែ​ន​បាន​ហៅ​សកម្មភាព​របស់​រុស្ស៊ី​ថា​ជា​អំពើ​រំលោភច្បាប់។ ទីក្រុង​កៀវ​បានប្រកាស​ជាច្រើន​ដង​ថា នឹង​រំដោះ​ឧបទ្វីប​គ្រី​មៀ​ឱ្យបាន។

    ឧបទ្វីប​គ្រីមៀ

    ក្រៅពី​គ្រី​មៀ ហេតុការណ៍​ហែក​ឃើ​រ​វាយប្រហារ​ទូរទស្សន៍​ក៏បាន​កើតឡើង​នៅក្នុង​ខេត្ត Belgorod នៅ​ភាគ​ខាង​លិច​ប្រទេស​រុស្ស៊ី ជាប់​ព្រំដែន​នឹង​អ៊ុយ​ក្រែ​ន។ អាជ្ញាធរខេត្ត​នេះ​មិនទាន់​ចោទប្រកាន់​លើ​ភាគី​ណាមួយ ប៉ុន្តែ​ឱ្យដឹង កំពុង​ស្រាវជ្រាវ។

    ទាក់ទិន​នឹង​ហេតុការណ៍​ហែក​ឃើ​រ​​វាយប្រហារ​លើ​រលក​ទូរទស្សន៍​​ក្នុង​តំបន់​គ្រីមៀ ភាគី​ខាង​អ៊ុយ​ក្រែ​ន មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ។​

    វិមាន​ក្រឹម​ឡាំង កាលពី​ថ្ងៃទី 19 មករា បាន​ព្រមាន​អ៊ុយ​ក្រែ​ន​ថា ការវាយប្រហារ​លើ​គ្រី​មៀ​គឺជា​សកម្មភាព​គ្រោះ​ថ្នាក់ បន្ទាប់ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក Ned Price កាលពី​ថ្ងៃទី 18 មករា បានប្រកាសថា ឧបទ្វីប​គ្រី​មៀ​គឺជា​ផ្នែក​មួយ​របស់​អ៊ុយ​ក្រែ​ន ហើយ​វ៉ា​ស៊ី​ង​តោន​កំពុង​ផ្គត់ផ្គង់​អាវុធ​ដើម្បី​ជួយ​ឱ្យ​ទីក្រុង​កៀវ​ការពារ​ទឹកដី​របស់ខ្លួន៕

  • សម្រស់​របស់​ភរិយា​កីឡាករ Luiz Gustavo ខ្សែបម្រើ​នៅក្នុង​ក្រុម​ថ្មី​របស់ Ronaldo

    សម្រស់​របស់​ភរិយា​កីឡាករ Luiz Gustavo ខ្សែបម្រើ​នៅក្នុង​ក្រុម​ថ្មី​របស់ Ronaldo

    អ្នកនាង Milene Marques Silva គឺជា​ភរិយា​របស់​តារាបាល់ទាត់​នៃ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល Luiz Gustavo។

    Luiz Gustavo ជា​កីឡាករ​ខ្សែបម្រើ​ដ៏​ល្បីល្បាញ​នៅ​ពានរង្វាន់​ជើងឯក​ថ្នាក់ជាតិ Saudi Pro League របស់​អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​លេង​ឱ្យ​ Al-Nassr និង​ធ្លាប់​ទាត់​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ចំនួន 41 លើក ហើយក៏​ធ្លាប់​លេង​​ឱ្យ Bayern Munich ផងដែរ។

    គូស្នេហ៍​ខាងលើនេះ​បានរស់នៅ​ជាមួយគ្នា​អស់​រយៈពេល​ជា​យូរ​មកហើយ និង​បាន​ភ្ជាប់ពាក្យ​កាលពី​ឆ្នាំ 2010។ ស្ត្រី​ដែលមាន​កូន 2 រួចហើយ​នេះ​តែងតែ​បង្ហាញ​រូបរាង​ស៊ិ​ច​ស៊ី​នៅលើ​បណ្ដាញ​សង្គម។ Milene Marques Silva ចូលចិត្ត​បង្ហោះ​រូបថត​ដែល​នាង​ស្លៀកពាក់​ឈុត​រឹប​រាង និង​រូប​ដែល​នាង​ថត​ជាមួយ Gustavo។

    អតីត​តារាបាល់ទាត់​របស់​ក្លឹប Fenerbahce ហាក់​បាន​ទុក​គ្រួសារ​នៅឯ​អ៊ី​ស្តង់​ប៊ុល ព្រោះថា រូបថត​ដែល Milene បង្ហោះ​លើ Instagram ថ្មីៗនេះ​គឺជា​រូបថត​ដែល​នាង​ថត​ជាមួយ Gustavo អម​ជាមួយនឹង​សារ «អូន​នឹក​បង»។

  • មហា​សេដ្ឋី​ចំណាយ 2 លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ ដើម្បី​បាន​រូបរាង​ដូច​អាយុ 18 ឆ្នាំ

    មហា​សេដ្ឋី​ចំណាយ 2 លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ ដើម្បី​បាន​រូបរាង​ដូច​អាយុ 18 ឆ្នាំ

    (សហរដ្ឋ​អាម៉េរិក) – មហាសេដ្ឋី Bryan Johnson អាយុ 45 ឆ្នាំ ចំណាយ​ប្រាក់​ប្រហែល 2 លាន​ដុល្លារ​អាម៉េរិក​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​មាន​រូបរាង និង​កម្លាំងកាយ​ដូច​កំលោះ​វ័យ 18 ឆ្នាំ។

    មហាសេដ្ឋី Johnson បានឱ្យដឹងថា គាត់​មាន «បេះដូង​របស់​មនុ​ស្សវ័យ 37 ឆ្នាំ, ស្បែក​របស់​មនុ​ស្សវ័យ 28 ឆ្នាំ, សួត និង​កម្លាំងកាយ​របស់​កំលោះ​វ័យ 18 ឆ្នាំ»។ ដើម្បី​ធ្វើបាន​ដូច្នេះ Johnson បង្កើត​ក្រុម​ពិ​សេសមួយ​ដែលមាន​វេជ្ជបណ្ឌិត និង​អ្នកជំនាញ​ចំនួន 30 នាក់ សម្រាប់​តាមដាន​របប​អាហារ ការរស់នៅ និង​ការ​ហាត់ប្រាណ​របស់ខ្លួន។ គោលដៅ​ចុងក្រោយ​របស់​មហាសេដ្ឋី​រូបនេះ​គឺ​ធានា​ឱ្យ​ខួរក្បាល ថ្លើម តម្រងនោម ធ្មេញ ស្បែក សក់ ប្រដាប់ភេទ និង​ពោះវៀន​ដំណើរ​ការល្អ​ដូច​មនុស្ស​វ័យ​កំលោះ។

    លោក Johnson បាន​បង្កើត​កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា Project Blueprint ដែល​តម្រូវឱ្យ​គាត់​គោរព​តាម​របប​អាហារ​សម្បូរ​បន្លែស្រស់ បញ្ចូល 1,977 កាឡូរី និង​ហាត់ប្រាណ​មួយ​ម៉ោង​ជា​រៀងរាល់ថ្ងៃ។ គាត់​ក៏​ហាត់​ប្រាណ​ធ្ងន់ 3 ដង/សប្ដាហ៍ និង​ចូល​ទទួលទានដំណេក​ក្នុង​ពេលវេលា​ជាក់លាក់​តាម​ការកំណត់។

    «អ្វីដែល​ខ្ញុំ​ធ្វើ ស្ដាប់ទៅ​ដូច​ជ្រុល​ពេក ប៉ុន្តែ​ខ្ញុំ​កំពុង​ព្យាយាម​បញ្ជាក់ថា អ្នក​អាច​ទប់ស្កាត់​ភាព​ចាស់ និង​ឥទ្ធិពល​អាក្រក់​ដល់​ខ្លួនឯង» មហាសេដ្ឋី Johnson ថ្លែង​ដូច្នេះ។ Oliver Zolman ដែលជា​វេជ្ជបណ្ឌិត​វ័យ 29 ឆ្នាំ និង​បច្ចុប្បន្ន​​ជា​ប្រធាន​ក្រុមសុខាភិបាល​របស់​មហា​សេដ្ឋី Johnson ឱ្យដឹងថា គោលដៅ​របស់លោក Johnson គឺ​ចង់​បញ្ជាក់ថា មនុស្ស​អាច​ពន្យារ​ការ​វិវត្ត​ទៅ​រក​ភាព​ចាស់​របស់​អវយវៈ​នានា​របស់​រាង​កាយ​បាន 25%។

    តាម​ធម្មតា លោក Johnson ក្រោក​ពី​គេង​នៅ​ម៉ោង 05 ព្រឹក, លេប​អាហារ​បំប៉ន 20 ប្រភេទ, ហាត់ប្រាណ 1 ម៉ោង, ផឹកទឹក​ផ្លែឈើ​ដែលមាន​ផ្ទុក creatine និង collagen peptide, ដុសធ្មេញ​ដោយ​ថ្នាំ​ផលិត​ពី​ប្រេង​ដើម​តែ និង​ជែ​ល​ប្រឆាំង​អុកស៊ីតកម្ម។

    មុនពេល​ចូល​ទទួលទានដំណេក មហាសេដ្ឋី​រូបនេះ​ពាក់​វ៉ែនតា​ទប់ស្កាត់​ពន្លឺ​ខៀវ​ក្នុង​រយៈពេល​ច្រើន​ម៉ោង។ គាត់​ក៏ត្រូវ​តាមដាន​សុខភាព​តាម​កាលកំណត់​របស់​ក្រុម​វេជ្ជបណ្ឌិត ក្នុងនោះ​មានដូចជា​ពិនិត្យ​ឈាម អេកូ​មើល​គ្រឿងក្នុង ថតកាំរស្មីអ៊ិច​ជាដើម។ល។

    ដើម្បី​ព្យាបាល​ស្បែក​ដែល​រងរបួស​ដោយសារ​កម្ដៅថ្ងៃ Johnson ត្រូវ​លាប​ឡេ 7 ប្រភេទ​រាល់ថ្ងៃ ហើយ​ខាត់​ស្បែក​ដោយ​អាស៊ីត និង​ព្យាបាល​ដោយ​រស្មី​ឡាស៊ែរ​រាល់​សប្ដាហ៍។ គាត់​ក៏​ថ្លឹង​ទម្ងន់ វាស់វែង និង​គណនា​ស​ន្ទ​ស្សន៍​ម៉ាស​រាងកាយ (BMI), ពិនិត្យ​ជាតិ​ខ្លាញ់ ស្ករ​ក្នុង​ឈាម និង​វាស់​ចង្វាក់បេះដូង​ជា​រៀងរាល់ថ្ងៃ​ផងដែរ៕

  • អាជ្ញាធរ​​កម្ពុជា​​ ធ្វើ​​ពិធី​​ទទួល​​ស្វាគមន៍​​ទេសចរ​​ចិន​​ជើង​​ទី​មួយ​​នៅ​​ខេត្ត​​ព្រះ​សីហនុ

    អាជ្ញាធរ​​កម្ពុជា​​ ធ្វើ​​ពិធី​​ទទួល​​ស្វាគមន៍​​ទេសចរ​​ចិន​​ជើង​​ទី​មួយ​​នៅ​​ខេត្ត​​ព្រះ​សីហនុ

    ទេសចរ​ជនជាតិ​ចិន​ជាង 100 នាក់ មកពី​ទីក្រុង Kunming តាម​យន្តហោះ​ជើង​ទីមួយ បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ 27 មករា​នេះ ក្រោយពី​ជើងហោះហើរ​ត្រង់​មក​ខេត្ត​ព្រះសីហនុ បាន​ខកខាន​ក្នុង​រយៈ​ពេល​ជា​យូរ ដោយសារ​វិបត្តិ​សុខភាព​សកល។

    ក្រសួងទេសចរណ៍ តំណាង​ដោយ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បានធ្វើ​ពិធី​ទទួល​ស្វាគមន៍​ទេសចរ​ទាំងអស់​​ដែល​មក​ពី​ទីក្រុង Kunming នៃ​ខេត្ត​ Yunnan ភាគ​និរតី​ប្រទេស​ចិន នៅពេល​យន្តហោះ​បាន​ចុះចត​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ដោយមាន​ការសហការ​ពី​អាជ្ញាធរ​អាកាសចរណ៍​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ។

    យោងតាម​ក្រសួងទេសចរណ៍ ការមកដល់​របស់​ភ្ញៀវ​ខាងលើនេះ គឺជា​ការ​ចុះចត​ជើង​ទីមួយ​សម្រាប់​ទេសចរ​ចិន​នៅ​ខេត្ត​ព្រះសីហនុ។ ក្រសួង​សង្ឃឹមថា នឹងមាន​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ចិន​មកកាន់​ ​ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់​ទៀត​នាពេលខាងមុខ៕

  • ជនសង្ស័យ​បាញ់សម្លាប់​មនុស្ស 7 នាក់​នៅ California និយាយថា ត្រូវគេ​សម្លុត​គំរាម

    ជនសង្ស័យ​បាញ់សម្លាប់​មនុស្ស 7 នាក់​នៅ California និយាយថា ត្រូវគេ​សម្លុត​គំរាម

    (សហរដ្ឋ​អាម៉េរិក) – ជនសង្ស័យ Chunli Zhao ដែល​បាន​បាញ់សម្លាប់​មនុស្ស 7 នាក់​នៅក្នុង​កសិដ្ឋាន​ចំនួន 2 នៅ California បាន​សារភាពថា ខ្លួន​ធ្លាប់​ត្រូវគេ​សម្លុត​គំរាម​នៅ​កន្លែងធ្វើការ ទើប​នាំឱ្យមាន​អំពើ​ឃាត​កម្មនេះ​កើតឡើង។

    Chunli Zhao អាយុ 66 ឆ្នាំ កាលពី​ថ្ងៃទី 26 មករា បាន​ប្រាប់ NBC Bay Area ថា ខ្លួន​គាត់​ធ្លាប់​ត្រូវបាន​គេ​សម្លុត​គំរាម ត្រូវ​បង្ខំ​ឱ្យធ្វើ​ការ​ច្រើន​ម៉ោង​ជា​បន្តបន្ទាប់​នៅក្នុង​កសិដ្ឋាន​ និង​ត្រូវគេ​មិន​អើពើ​នៅពេល​មានការ​តវ៉ា។ Zhao បន្ថែមថា គាត់​មក​រស់នៅ​លើទឹក​ដី​អាម៉េរិក​បាន 11 ឆ្នាំ​ហើយ និង​មាន​លិខិត​ស្នាក់នៅ និង​រស់នៅ​ជាមួយ​ភរិយា​នៅក្នុង​ទីក្រុង Half Moon Bay។

    អ្នកតំណាង​របស់​កសិដ្ឋាន Terra Garden ជា​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា Zhao រស់នៅក្នុង​កសិដ្ឋាន​ជាមួយ​ភរិយា ប៉ុន្តែ​ថា ពួកគេ​មិនបាន​ដឹង​ពី​​ការតវ៉ា​ណាមួយ​ស្ដីពី​ករណី​សម្លុត​គំរាម​ទៅលើ Zhao នោះ​ទេ។

    ជនសង្ស័យ Zhao បាន​រៀបរាប់​អំពី​ករណី​បាញ់ប្រហារ​ពីរ​លើ​កកាលពី​ថ្ងៃទី 23 មករា ថា ដំបូង​គាត់​បាន​សម្រុក​ចូលក្នុង​កសិដ្ឋាន Terra Garden និង​បាន​បាញ់សម្លាប់​មនុស្ស 4 នាក់ និង​របួសធ្ងន់​ម្នាក់។ ក្រោយមក Zhao ក៏បាន​បើកឡាន​ទៅកាន់​កសិដ្ឋាន Concord ដែល​នៅក្បែរនោះ ជាទី​ដែល​គាត់​ធ្លាប់​បានធ្វើការ និង​បាន​បាញ់សម្លាប់​មនុស្ស 3 នាក់​ថែមទៀត។ Zhao និយាយ​ថា កាំភ្លើង​ដែល​​​ប្រើប្រាស់​ក្នុងករណី​ខាងលើ គឺគាត់​​​ទិញ​បាន​យ៉ាង​ងាយ​កាលពី​ឆ្នាំ 2021។

    ជនសង្ស័យ Chunli Zhao

    តុលាការ​ស្រុក San Mateo បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ 7 ករណី និង​បទ​​ប៉ុនប៉ង​សម្លាប់​មនុស្ស​ចំនួន 1 ករណី ប្រឆាំងនឹង Zhao ដែល​ទាំងនេះ​អាច​នាំឱ្យ​ជនសង្ស័យ​ត្រូវ​ប្រឈម​នឹង​ទោស​ប្រហារជីវិត ឬ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ដោយ​មិនមាន​ការបន្ធូរបន្ថយ។

    ករណី​សម្លាប់​មនុស្ស 7 នាក់​របស់​ជនសង្ស័យ​ឈ្មោះ Zhao នេះ កើត​ឡើង​ក្រោយពី​​​​ករណី​បាញ់សម្លាប់​មនុស្ស 11 នាក់​​នៅ Monterey Park រដ្ឋ California កាល​ពី​​​ប្រហែល 48 ម៉ោង​​មុន​។ ជនសង្ស័យ​ត្រូវបាន​គេ​ដឹងថា ឈ្មោះ Huu Can Tran អាយុ 72 ឆ្នាំ ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ​នៅឡើយ៕

  • «នាវា​ទេសចរណ៍​ហោះ» របស់​ក្រុម​ហ៊ុន​​ Lazzarini ដំណើរការ​ដោយ​ថាមពល​អ៊ីដ្រូសែន

    «នាវា​ទេសចរណ៍​ហោះ» របស់​ក្រុម​ហ៊ុន​​ Lazzarini ដំណើរការ​ដោយ​ថាមពល​អ៊ីដ្រូសែន

    ក្រុមហ៊ុន​រចនា Lazzarini របស់​អ៊ីតាលី បាន​បង្ហើប​ឱ្យដឹងពី​គំរូ​នាវា​ទេសចរណ៍​លំដាប់​ប្រណិត អាច​ហោះ​ក្បែរ​ផ្ទៃ​ទឹក​ក្នុង​ល្បឿន 140 គីឡូម៉ែត្រ/ម៉ោង។

    នាវា​ទេសចរណ៍​លំដាប់​ប្រណិត​នេះ​ត្រូវបាន​ហៅថា Plectrum យក​លំនាំ​តាម​នាវា​ប្រណាំង Luna Rossa របស់​ក្លឹប American Magic ដោយ​ប្រើប្រាស់​ស្លាប​ក្រោម​ទឹក​ជំនាន់​ថ្មី។ នាវា​នេះ​នឹងមាន​ប្រវែង 74 ម៉ែត្រ និង​ត្រូវបាន​ផលិត​ពី​វត្ថុ​ធាតុ​កាបូន​ស្រាល នេះ​បើ​​តាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី 25 មករា របស់ Interesting Engineering។

    Plectrum មាន 4 ជាន់, បន្ទប់ទទួលភ្ញៀវ​ចំនួន 6, បន្ទប់​មួយ​ជួរ​​សម្រាប់​ម្ចាស់​នាវា, អាង​ហែល​ទឹក​ខាងក្រៅ​បន្ទប់, កន្លែង​ដាក់​ឧទ្ធម្ភាគចក្រ, កន្លែង​ដាក់​រថយន្ត និង​កន្លែង​ដាក់​ទូក។

    ជំនួស​ឱ្យ​ការរត់​ដោយ​កម្លាំង​ខ្យល់​ដូច Luna Rossa គំរូ concept នៃ​នាវា​ទេសចរណ៍​ប្រណិត Plectrum ប្រើប្រាស់​ម៉ូ​ទ័​រ​ចំនួន 3 គ្រឿង​ដែល​ដំណើរការ​ដោយ​ថ្ម​ផ្ទុក​ថាមពល​អ៊ីដ្រូសែន ហើយ​ក្នុងមួយគ្រឿងៗមាន​កម្លាំង 5,000 សេះ។ Plectrum មាន​ប្រព័ន្ធ​ស្លាប​ក្រោម​ទឹក​ដែល​ជួយ​លើក​ដងខ្លួន​របស់​វា​ឡើង​ផុតពី​ផ្ទៃ​ទឹក​ពេល​កំពុង​បើកបរ ដែល​ដូច​ទៅនឹង​ការហោះហើរ​ក្នុង​ល្បឿន​ឡើងដល់ 139 គីឡូម៉ែត្រ/ម៉ោង។

    បើទោះជា​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ជា​គំនិត​នៅឡើយ ប៉ុន្តែ ក្រុមហ៊ុន Lazzarini បានឱ្យដឹងថា Plectrum អាច​ត្រូវបាន​សាងសង់​ទៅតាម​សំណើ​ក្នុងតម្លៃ 80 លាន​អឺរ៉ូ និង​អាច​ដាក់ចុះ​ទឹក​នៅ​ឆ្នាំ 2025។

    ថ្មីៗនេះ ក្រុមហ៊ុន​ខាងលើ​ក៏បាន​បង្ក​ចំណាប់អារម្មណ៍​ទាក់ទង​នឹង​នាវា​ទេសចរណ៍ Pangeos ខ្នាត​យក្ស។ នាវា​នេះ​មាន​រូបរាង​ដូច​ទៅនឹង​សត្វ​អណ្ដើក​បណ្ដោយ 550 ម៉ែត្រ និង​មាន​សណ្ឋាគារ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ឧទ្យាន កំពង់​​ផែ ព្រលានយន្តហោះ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត​ដែល​អាចជួយ​ឱ្យ​អតិថិជន 60,000 នាក់​រស់​នៅលើ​សមុទ្រ​បាន​យ៉ាង​មាន​ផាសុកភាព៕

  • Messi, Neymar, Mbappe និង​ក្រុម​ PSG ទៅ​មើល​​​មជ្ឈមណ្ឌល​ហ្វឹកហាត់​ថ្មី (វីដេអូ)

    Messi, Neymar, Mbappe និង​ក្រុម​ PSG ទៅ​មើល​​​មជ្ឈមណ្ឌល​ហ្វឹកហាត់​ថ្មី (វីដេអូ)

    ថ្មីៗនេះ ក្រុម​កីឡាករ​បាល់ទាត់​របស់​ក្លឹប PSG ដែលមាន Messi, Neymar, Mbappe ជាដើម បាន​ជួបជុំគ្នា និង​ធ្វើដំណើរ​ទៅ​មើល​មជ្ឈមណ្ឌល​ហ្វឹកហាត់​ថ្មី​របស់​ពួកគេ ដែល​នឹង​សង់​រួច​រាល់​នៅ​ឆ្នាំ​ក្រោយ​។

    កាលពី​ថ្ងៃទី 26 មករា Messi បាន​ត្រលប់​មកកាន់​ក្លឹប PSG ក្រោយ​ការសម្រាកលំហែ​កាយ​រយៈ​ពេល​ខ្លី​ជាមួយ​គ្រួសារ​នៅ​ប្រទេស​ស្វ៊ី​ស។ Messi គ្រោង​នឹង​ត្រលប់​ទៅ​​ចូល​រួម​ការ​ប្រកួត​រវាង PSG និង Reims នៅ Ligue 1 ក្នុង​ថ្ងៃ​ទី 30 មករា​ខាងមុខ។

    មុន​នោះ Lionel Messi រួម​នឹង​ប្រធាន Al-Khelaifi និង​សមាជិក​ទាំងអស់​របស់ PSG បាន​រួម​​​ដំណើរ​ទៅធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​ថ្មី​របស់​ក្លឹប ដែល​នឹងត្រូវ​ប្រគល់ឱ្យ​ពួកគេ​ចាប់ពី​រដូវ​កាល 2023-2024។

    មជ្ឈមណ្ឌល​ហ្វឹកហាត់​ថ្មី​របស់ PSG ត្រូវបាន​ហៅថា Campus PSG ដែលមាន​ចម្ងាយ​ពី​មជ្ឈមណ្ឌល​ចាស់ Camp des Loges ប្រហែល 8 គីឡូម៉ែត្រ។ ទីនេះ​មាន​ទំហំ​ធំ​ជាង 74 ហិកតា ក្នុងនោះ​មាន​អគារ​ទំហំ 10,000 ម៉ែត្រក្រឡា សម្រាប់​​ក្រុម​កីឡាករ​។ ក្រោយ​ពីនេះ Campus PSG ក៏មាន​ទីលាន​ហ្វឹកហាត់​ចំនួន 17 និង​បន្ទប់​ប្រណិត​ចំនួន 43 សម្រាប់​កិច្ចប្រជុំ​មុន​ការប្រកួត។

    យោងតាម PSG នេះ​គឺជា​ទីតាំង​ដែល​មិនមាន​កន្លែង​ណា​ល្អ​ជាង សម្រាប់​បម្រើ​ដល់​ការបណ្ដុះបណ្ដាល និង​លើកកម្ពស់​ប្រសិទ្ធភាព​ក្រុម និង​បុគ្គល។ ខាងក្នុង​បន្ទប់​ទាំងឡាយ​នឹងត្រូវ​បាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​បំផុត​ដើម្បី​ជួយ​ឱ្យ​កីឡាករ​យក​កម្លាំង​មកវិញ និង​លើកកម្ពស់​សុខភាព​រាង​កាយ​ក្រោយ​ការ​ប្រកួត​ម្ដងៗ។

    ដោយមាន​មជ្ឈមណ្ឌល​ហ្វឹកហាត់​ថ្មី​នេះ Paris Saint-Germain សង្ឃឹមថា គុណភាព​នៃ​ការហ្វឹកហាត់​របស់​ពួកគេ​នឹង​បាន​ប្រសើរឡើង។

    Campus PSG ត្រូវបាន​រៀប​គម្រោង​សាងសង់​តាំងតែ​ពី​ក្លឹប PSG បាន​​ធ្លាក់​ទៅលើ​ដៃ Qatar Sport Investment។ ម្ចាស់​ក្លឹប​នៅ​ប្រទេស​កាតា បាន​ចំណាយ​ប្រាក់​អស់​ 300 លាន​អឺរ៉ូ និង​ចំណាយពេល​ជិត 4 ឆ្នាំ​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ហ្វឹក​ហាត់​ Campus PSG ដែល​គ្រោង​នឹង​ស្ថាបនា​​រួចរាល់​ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ 2024៕

  • Manchester City ត្រៀម​រួចរាល់​សម្រាប់​ការទិញ​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន

    Manchester City ត្រៀម​រួចរាល់​សម្រាប់​ការទិញ​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន

    នៅ​ចំពោះមុខ​ព័ត៌មាន​ចរចា​ម​អា​រ៉ា​ម​ដែលថា Lionel Messi បច្ចុប្បន្ន​បាន​ផ្លាស់ប្ដូរ​ការសម្រេចចិត្ត ដោយ​នឹងមិន​ពន្យារ​សុពលភាព​នៃ​កិច្ចព្រមព្រៀង​ជាមួយ PSG ក្រោយ​ដណ្ដើមបាន​ជើងឯក World Cup 2022 ក្លឹប Manchester City ក៏បាន​សម្ដែង​ការចាប់អារម្មណ៍​ខ្លាំង​លើ​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន។

    យោងតាម Daily Mail ប្រធាន​ក្លឹប Man City លោក Sheikh Mansour នៅតែ​ចិញ្ចឹមចិត្ត​ក្នុងការ​ទិញយក​កំពូល​កីឡាករ Messi ដែលជា​ម្ចាស់​គ្រាប់​បាល់​មាស​ចំនួន 7 និង​ត្រៀម​រួចរាល់​សម្រាប់​ការអូសទាញ​យក​កីឡាករ​នេះ បើ​ទោះ​បាន​ខកខាន​ច្រើនលើក​កាលពី​អតីតកាល។

    បច្ចុប្បន្ន Messi កំពុង​លេង​ឱ្យ​ក្លឹប​បារាំង Paris Saint-Germain (PSG)។ Messi ត្រូវបាន​ចាត់ទុកថា​ជា​កីឡាករ​ឆ្នើម​ជាងគេ​មួយរូប​នៅ​គ្រប់​សម័យកាល និង​ត្រូវបាន​ប្រៀបធៀប​ជាមួយនឹង Pele និង Diego Maradona នៅក្នុង​ការ​ប្រជែង​ដណ្ដើម​តំណែង​ជា​កីឡាករ​អស្ចារ្យ​ជាងគេ​បង្អស់​នៅ​គ្រប់​សម័យកាល៕