Author: សឿន សំណាង

  • តួអង្គ​ក្នុង​រឿង «Avatar 2» មាន​រូបរាង​ប្រែប្រួល​ខ្លាំង សូម្បីតែ​ម្ដាយបង្កើត​ក៏​ពិបាក​ស្គាល់

    តួអង្គ​ក្នុង​រឿង «Avatar 2» មាន​រូបរាង​ប្រែប្រួល​ខ្លាំង សូម្បីតែ​ម្ដាយបង្កើត​ក៏​ពិបាក​ស្គាល់

    ដោយសារតែ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការថត​យក​ឥរិយាបថ ក្រុម​តារា​សម្ដែង​ល្បីឈ្មោះ​បានបង្ហាញ​ទឹកមុខ និង​កាយវិការ​គ្រប់​ជ្រុងជ្រោយ​របស់​ពួកគេ​នៅលើ​កញ្ចក់​ទូរទស្សន៍ ប៉ុន្តែ មុខមាត់​របស់​ពួកគេ​មានការ​ប្រែប្រួល​ច្រើន សូម្បីតែ​ម្ដាយបង្កើត​ក៏​ពិបាក​ចំណាំបាន។

    ខាងក្រោម​នេះ​គឺជា​ការប្រៀបធៀប​មុខមាត់​រវាង​តារាង​សម្ដែង​នៅក្រៅ​ឆាក និង​តួអង្គ​របស់​ពួក​គេ​​ក្នុង​ខ្សែ​ភាព​យន្ត​រឿង Avatar: The Way of Water ៖

    1-Sam Worthington ក្នុង​តួអង្គ Jake Sully

    2-Zoe Saldana ក្នុង​តួអង្គ Neytiri ភរិយា​របស់​មេ​កុលសម្ព័ន្ធ Omaticaya

    3- CC H Pounder ក្នុង​តួអង្គ Mo’at មេដឹកនាំ​ផ្នែក​ស្មារតី​របស់​កុលសម្ព័ន្ធ Omaticaya

    4- Sigourney Weaver ក្នុង​តួអង្គ Kiri កូនស្រី​ចិញ្ចឹម​របស់ Jake និង Neytiri

    5- Jamie Flutters ក្នុង​តួអង្គ Neteyam កូនប្រុស​របស់ Jake និង Neytiri

    6- Brithen Dalton ក្នុង​តួអង្គ Lo’ak កូនប្រុស​ពៅ​របស់ Jake និង Neytiri

    7- Trinity Bliss ក្នុង​តួអង្គ Tuktirey កូនស្រី​របស់ Jake និង Neytiri

    8- Stephen Lang ក្នុង​តួអង្គ វរសេនីយឯក Miles Quaritch

    9- Jack Champion ក្នុង​តួអង្គ Miles “Spider” Socorro មនុស្ស​ពី​ផែនដី​ដែល​កើត​នៅលើ​ភព Pandora

    10- Duane Evans Jr. ក្នុង​តួអង្គ Rothxo អ្នកប្រមាញ់​វ័យក្មេង​របស់​កុលសម្ព័ន្ធ Metkayina

    11- Cliff Curtis ក្នុង​តួអង្គ Tonowari មេ​កុលសម្ព័ន្ធ Metkayina Reef

    12- Kate Winslet ក្នុង​តួអង្គ Ronal ភរិយា​របស់​មេ​កុលសម្ព័ន្ធ Metkayina Reef

    13- Bailey Bass ក្នុង​តួអង្គ Cireya អ្នក​មុជទឹក​របស់​កុលសម្ព័ន្ធ Metkayina កូនស្រី​របស់ Tonowari

    14- Philip Geldzho ក្នុង​តួអង្គ Aonung អ្នកប្រមាញ់​វ័យក្មេង​របស់​កុលសម្ព័ន្ធ Metkayina កូនប្រុស​របស់ Tonowari

  • ក្លឹប​បាល់​ទាត់ Chelsea ប្ដេជ្ញា​ចិត្ត​ទិញ Enzo Fernandez មុនពេល​បិទ​ផ្សារ​រដូវរងា

    ក្លឹប​បាល់​ទាត់ Chelsea ប្ដេជ្ញា​ចិត្ត​ទិញ Enzo Fernandez មុនពេល​បិទ​ផ្សារ​រដូវរងា

    ក្លឹប​បាល់ទាត់ Chelsea ត្រូវបាន​គេ​ជឿថា បាន «បើក​ឡើងវិញ» នូវ​ការចរចា​ជាមួយ​ក្លឹប Benfica ស្ដីពី​កិច្ចព្រមព្រៀង​​ប្រកប​ដោយ​សក្ដានុពល​សម្រាប់កីឡាករ​អាហ្សង់ទីន Enzo Fernandez។

    ម្ចាស់​កម្មសិទ្ធិលើ​ក្លឹប Chelsea លោក Todd Boehly បាន​ចំណាយ​ប្រា​ក់ជាង 500 លាន​ផោន​សម្រាប់ទិញ​​កីឡាករ​ថ្មី 16 រូប រាប់​ចាប់តាំងពី​រដូវ​កាល​ទិញដូរ​កីឡាករ​ឆ្នាំ​កន្លង។

    ខ្សែការពារ Malo Gusto អាយុ 19 ឆ្នាំ បាន​ក្លាយជា​កីឡាករ​បន្ថែម​ថ្មី​បំផុត​សម្រាប់​ក្រុម​របស់គ្រូបង្វឹក Graham Potter នៅ​ចុង​សប្ដាហ៍​នេះ បន្ទាប់ពី​បាន​ចុះ​កិច្ចព្រមព្រៀង​ដែលមាន​សុពលភាព​រហូត​ដល់​​ឆ្នាំ 2030 ក្រោយពី​ករណី​ទិញដូរ​តម្លៃ 31 លាន​ផោន​ពី Lyon។

    កាលពីដើម​សប្ដាហ៍​នេះ មាន​ព័ត៌មាន​ថា Boehly មាន​ផែនការ​ចំណាយ​ប្រាក់​បន្ថែម​ដើម្បី​ដណ្ដើមយក​ខ្សែបម្រើ​ជនជាតិ​អា​ហ្ស​ង់​ទីន វ័យ 21 ឆ្នាំ កីឡាករ​ Fernandez។ សំណើ​របស់ Chelsea តម្លៃ 112 លាន​ផោន (ច្រើនជាង 6 លាន​ផោន​ធៀប​នឹង​សំណើ 105 លាន​ផោន​មុន​នោះ) ​ត្រូវបាន​បដិសេធ​ក្នុង​ខែ​នេះ។ ប្រការនេះ​ធ្វើឱ្យ​មនុស្ស​ជា​ច្រើ​ជឿថា Chelsea បាន​បោះ​បង់ការ​តាម​ចាប់យក​កីឡាករ Fernandez យ៉ាង​ឆាប់​ក៏​ត្រឹម​រដូវក្ដៅ​ខាងមុខ។

    ក៏ប៉ុន្តែ ទំព័រ The Telegraph បានឱ្យដឹងថា ក្លឹប​ម្ចាស់​កីឡដ្ឋាន Stamford Bridge បានចាប់ផ្ដើម​ការ​ចរ​ចា​​ឡើងវិញ​ជាមួយនឹង Benfica នៅពេល​ពួកគេ​ប្ដេជ្ញាចិត្ត​​ទិញយក​សមាជិក​​ម្ចាស់​ពានរង្វាន់​ជើងឯក World Cup 2022 ឱ្យបាន​មុន​វេលា​ផុតកំណត់ ត្រឹម​ម៉ោង 23 ថ្ងៃទី 31 មករា 2023។

    https://www.youtube.com/watch?v=ZHO4XF_0RTY

    អ្នកជំនាញ​ខាង​ព័ត៌មាន​​ស្ដី​ពី​ការ​ទិញដូរ​កីឡាករ Fabrizio Romano ក៏​បាន​បង្ហោះ​សារ​លើ Twitter ថា «Chelsea បាន​វិល​ត្រលប់មក​ចរចា​ផ្ទាល់​ជាមួយ Benfica សម្រាប់ការ​ទិញដូរ​ Enzo Fernandez។ ពួកគេ​ចង់បាន​កីឡាករ​នេះ​តាម​គ្រប់​មធ្យោបាយ-Chelsea នឹង​ឱ្យ​ថ្លៃ 120 លាន​អឺរ៉ូ (105 ផោន​អង់គ្លេស)»។

    លោក Fabrizio បន្ថែមថា «ប្រធាន Benfica លោក Rui Costa នៅតែ​មិនទាន់​មានបំណង​ទទួលយក ប៉ុន្តែ Chelsea នឹង​ប្ដេជ្ញាចិត្ត​បង្ហើយការ​ទិញដូរ​ឱ្យ​បាន​នៅពេលឥឡូវ»។

    Fernandez ទើបតែ​ចេញពី River Plate និង​បាន​ចូល​ទាត់​ឱ្យ Benfica ចាប់ពី​រដូវក្ដៅ​ឆ្នាំ​កន្លង ហើយ​កិច្ចសន្យា​នៅមាន​សុពលភាព​រហូតដល់​ឆ្នាំ 2027។ Fernandez បាន​លេង​ពេញ​ពីរតង់​ក្នុងការ​ប្រកួត​ដែល Benfica ឈ្នះ Pacos Ferreira 2-0 កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង៕

  • រថយន្ត​អគ្គិសនី​កំពុង​ផ្ទុះ​ការពេញនិយម​ខ្លាំង​នៅ​ទីផ្សារ​​ប្រទេស​ថៃ និង​ឥណ្ឌូណេស៊ី

    រថយន្ត​អគ្គិសនី​កំពុង​ផ្ទុះ​ការពេញនិយម​ខ្លាំង​នៅ​ទីផ្សារ​​ប្រទេស​ថៃ និង​ឥណ្ឌូណេស៊ី

    ទីផ្សារ​អាស៊ីអាគ្នេយ៍​ចំនួន​ពីរ​គឺ ប្រទេស​ថៃ និង​ឥណ្ឌូណេស៊ី កំពុង​គាំទ្រ​រថយន្ត​អគ្គិសនី​ជាខ្លាំង ដោយបរិមាណ​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​ មាន​កំណើន​ខ្ពស់​នៅក្នុង​ឆ្នាំ 2022។

    បរិមាណ​រថយន្ត​​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធដែល​បាន​លក់​ចេញ​​នៅ​ប្រទេស​ថៃ និង​ឥណ្ឌូណេស៊ី ក្នុង​ឆ្នាំ 2022 បាន​កើនឡើង​លើសពី​ការរំពឹងទុក​ដំបូង នេះ​បើតាម​ទិន្នន័យ​ដែល​ក្រុមហ៊ុន​ប្រឹក្សា​រថយន្ត LMC Automotive ប្រមូលបាន។ មួយផ្នែកធំ​នៃ​ជោគជ័យ​នេះ​គឺ​បានមកពី​បណ្ដា​ក្រុមហ៊ុន​ចិន និង​កូរ៉េខាងត្បូង ខណៈដែល​បណ្ដា​ក្រុមហ៊ុន​រថយន្ត​ជប៉ុន ហាក់​បាន​អន់ថយ​ទាំងស្រុង​នៅ​ចំពោះមុខ​គូប្រជែង។

    យោងតាម LMC បរិមាណ​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​នៅ​ប្រទេស​ថៃ បាន​កើនឡើង​លើសពី 5,200 គ្រឿង​ត្រឹម​ដំណាច់​ខែសីហា 2022 និង​កើន​ដល់ 13,000 គ្រឿង​នៅ​ដំណាច់ឆ្នាំ 2022 ដែល​ស្មើនឹង​កំណើន​ប្រហែល 700% ធៀប​នឹង 1,900 គ្រឿងក្នុង​ឆ្នាំ 2021។

    ចំណែក​បរិមាណ​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​នៅ​ឥណ្ឌូណេស៊ី​វិញ​គឺ​ទាប​ជាង​ថៃ​បន្តិច ប៉ុន្តែ​បាន​ផ្ទុះ​ការពេញនិយម​ខ្លាំង​នៅ​ចុងឆ្នាំ 2022។ ក្នុង 8 ខែ​ដំបូង​នៃ​ឆ្នាំ 2022 រថយន្ត​អគ្គិសនី​ប្រហែល 1,600 គ្រឿង​ត្រូវបាន​លក់​​ចេញ ប៉ុន្តែ 4 ខែ​ចុងក្រោយ​បានធ្វើឱ្យ​បរិមាណ​រថយន្ត​សរុប​ដែល​បាន​លក់​ចេញ​កើន​ដល់ 9,000 គ្រឿង ស្មើនឹង​កំណើន 13.5 ដង ធៀប​នឹង 667 គ្រឿង​ដែល​បាន​លក់​ចេញ​ក្នុង​ប៉ុណ្ណោះ​ឆ្នាំ 2021។

    Hyundai បានចាប់ផ្ដើម​ដំឡើងរថយន្ត​អគ្គិសនី IONIQ 5 នៅ​ឥណ្ឌូណេស៊ី

    កំណើន​ខាងលើ​នៅ​ប្រទេស​ថៃ គឺ​ដោយសារ​គោលនយោបាយ​ជំរុញ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី និង​ទាក់ទាញ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​បរទេស។ នៅ​ប្រទេស​ថៃ រថយន្ត​អគ្គិសនី​ចិន​ក្ដោប​ក្ដាប់​ចំណែក​ទីផ្សារ​បាន 87% ក្នុង​ចំណោម​រថយន្ត​អគ្គិសនី​សរុប​ដែលបាន​លក់​ចេញ​។

    ​ឥណ្ឌូណេស៊ី​ក៏​កំពុង​ត្រៀម​អនុវត្ត​កញ្ចប់​ជំនួយ​នានា​ទាក់ទង​នឹង​រថយន្ត​អគ្គិសនី។ ទីផ្សារ​នេះ​ក៏​ជា​កន្លែង​ដែល Hyundai បានចាប់ផ្ដើម​ដំឡើងរថយន្ត​អគ្គិសនី IONIQ 5 ហើយ​រថយន្ត​ម៉ូ​ដែល​នេះ​ក៏​ជា​រថយន្ត​ដែល​លក់ដាច់​ជាង Honda CR-V ទៅទៀត​នៅក្នុង​ខែឧសភា 2022៕

  • «នំដង្ហើម​នាគ» ធ្វើឱ្យ​ក្មេង​ច្រើន​នាក់​នៅ​ឥណ្ឌូណេស៊ី​រលាក​ក្រពះ

    «នំដង្ហើម​នាគ» ធ្វើឱ្យ​ក្មេង​ច្រើន​នាក់​នៅ​ឥណ្ឌូណេស៊ី​រលាក​ក្រពះ

    កុមារ​ប្រមាណ 25 នាក់​នៅ​ឥណ្ឌូណេស៊ី ត្រូវបាន​រាយការណ៍​ថា មាន​បញ្ហា​​រលាក​ក្រពះ​បន្ទាប់ពី​ញ៉ាំ​ចំណី​​មួយ​ប្រភេទ​ដែលមាន​ផ្សែង​ដ៏​ទាក់ទាញ និង​មាន​ឈ្មោះថា «នំដង្ហើម​នាគ» ​chiki ngebul។

    Chiki ngebul ឬ​ហៅថា «ដង្ហើម​នាគ» (dragons​ breath) គឺជា​នំ​មាន​ផ្សែងដែល​ត្រូវបាន​គេ​ច្នៃ​ដោយ​យកនំ​បំពង​ស្រួយ ស្ករ​គ្រាប់​​ស្រួយ​ ឬ​នំ​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ​នានា ​ជ្រលក់​ចូលក្នុង​នី​ដ្រូ​សែន​រាវ។ អ្នក​ញ៉ាំ​នំ​នេះ​នឹង​ដកដង្ហើម​​ចេញចូល​មាន​ផ្សែង​ដូច​ទៅនឹង​ដង្ហើម​របស់​សត្វ​នាគ។ បើទោះជា​បង្ហាញ​វត្តមាន​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ «នំ​ដង្ហើម​នាគ» នេះ កំពុងមាន​ការពេញនិយម​ខ្លាំង ពិសេស​គឺ​ក្មេងតូចៗ។

    ថ្មីៗនេះ លោក Maxi Rein Rondonuwu រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី បានឱ្យដឹងថា ចាប់ពី​ខែមិថុនា ដល់​ខែធ្នូ 2022 មាន​ក្មេង​ប្រហែល 25 នាក់​បាន​រលាក​ក្រពះ និង​ពីរ​ករណី​ត្រូវ​ចូល​ពេទ្យ​ទទួល​ការព្យាបាល បន្ទាប់​ពី​ញ៉ាំ​ស្ករ​គ្រាប់ ឬ​នំ​ស្រួយ​ដង្ហើម​នាគ។ លោក Maxi បញ្ជាក់ថា ក្មេង​ដែល​ពុល​នឹង​ចំណី​នេះ​មាន​អាការ​​ឈឺពោះ​ខ្លាំង​។​ សារព័ត៌មាន​ក្នុងស្រុក​របស់​ឥណ្ឌូណេស៊ី​ក៏បាន​រាយការណ៍​ថា មាន​ក្មេង​ម្នាក់​ត្រូវ​ចូល​ពេទ្យវះកាត់ ដោយ​​សារ​តែ​​​ដាច់រលាត់​​ក្រពះបន្ទាប់ពីបាន​​ញ៉ាំ​ស្ករ​គ្រាប់​ប្រភេទ​នេះ។ ប៉ុន្តែ​មិនទាន់មាន​ករណី​ស្លាប់​នៅឡើយ​ទាក់​ទង​នឹង​នំ​ដង្ហើម​នាគ។

    Chiki ngebul ឬ​ហៅថា «ដង្ហើម​នាគ» (dragons​ breath) គឺជា​នំ​មាន​ផ្សែងដែល​ត្រូវបាន​គេ​ច្នៃ​ដោយ​យកនំ​បំពង​ស្រួយ ស្ករ​គ្រាប់​​ស្រួយ​ ឬ​នំ​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ​នានា ​ជ្រលក់​ចូលក្នុង​នី​ដ្រូ​សែន​រាវ

    ការប្រើប្រាស់​នី​ដ្រូ​សែន​រាវ​ក្នុង​ការច្នៃ​អាហារ​មិនមែនជា​រឿង​ខុសច្បាប់។ ពួក​មេ​ចុងភៅ​តែងតែ​ប្រើប្រាស់​ចំហាយ​នី​ដ្រូ​សែន​ដើម្បី​បង្កើតជា​បាតុភូត​ផ្សែង​ដ៏​ស្រស់ស្អាត​នៅក្នុង​អាហារ ប៉ុន្តែ​បើសិន​មិនបាន​ចាត់ការ​ត្រឹមត្រូវ​ទេ វា​អាច​នឹង​ក្លាយជា​រឿង​គ្រោះថ្នាក់។

    «នី​ដ្រូ​សែន​រាវ​មិន​ត្រឹមតែ​គ្រោះថ្នាក់​នៅពេល​ញ៉ាំ​នោះទេ តែបើ​សិន​ស្រូប​ផ្សែង​នី​ដ្រូ​សែន​ក្នុង​រយៈពេល​យូរ​ អាច​នឹង​បង្កឱ្យមាន​អាការ​ពិបាក​ដកដង្ហើម​ធ្ងន់ធ្ងរ» រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី​និយាយ​ដូច្នេះ ព្រមទាំង​បានស្នើ​ឱ្យ​បង្កើន​ការគ្រប់គ្រង​សកម្មភាព​ទិញ​លក់នំ​ chiki ngebul នៅ​ប្រទេស​នេះ​។

    កាលពី​ឆ្នាំ 2018 អាជ្ញាធរ​គ្រប់គ្រង​អាហារ និង​ឱសថ​​របស់​សហរដ្ឋ​អាម៉េរិក (FDA) បាន​ព្រមាន​អំពី​បញ្ហា​សុវត្ថិភាព​ដែល​ទាក់​ទិន​នឹង​​​អាហារ «ដង្ហើម​នាគ» ដែល​​ច្នៃ​ពី​នី​ដ្រូ​សែន​រាវនេះ​ផងដែរ៕

  • គ្រូបង្វឹក​នៅក្លឹប Al Nassr ​និយាយ​ថា «Cristiano Ronaldo នឹង​ត្រលប់​ទៅកាន់​អឺរ៉ុប»

    គ្រូបង្វឹក​នៅក្លឹប Al Nassr ​និយាយ​ថា «Cristiano Ronaldo នឹង​ត្រលប់​ទៅកាន់​អឺរ៉ុប»

    (អារ៉ាប៊ីសាអូឌីត) – គ្រូបង្វឹក​ Rudi Garcia បាន​ឱ្យ​ដឹង​ថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹង​ត្រលប់ទៅកាន់​អឺរ៉ុប​ដើម្បី​ប្រកួត​ និង​មិន​ចូល​និវត្តន៍​ត្រឹម​​ក្លឹប​ Al Nassr របស់​អារ៉ាប៊ីសាអូឌីត​ឡើយ។

    បន្ទាប់ពី​បាន​បញ្ចប់​កិច្ច​សន្យា​មុនកាល​កំណត់​​ 6 ខែ​ជាមួយ​ Manchester United កំពូល​តារា​បាល់​ទាត់ Ronaldo បាន​បិទ​ទំព័រ​ 20 ឆ្នាំ​ដែល​បាន​លេង​បាល់​នៅ​ទ្វីប​អឺរ៉ុប ហើយ​មក​កាន់​ក្លឹប Al Nassr។ Ronaldo ទទួលបាន​ប្រាក់​បៀវត្សរ៍ 200 លាន​ដុល្លារ​អាម៉េរិក​ដែល​ជា​កំណត់​ត្រា​ពិភពលោក​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​ ទៅតាម​កិច្ច​ព្រម​ព្រៀង​ដែលមាន​សុពលភាព​រហូតដល់​ខែ​មិថុនា 2025​។

    យោង​​តាម​ការ​អះអាង​របស់ Ronaldo ក្រោយ​ពី​ដណ្ដើម​បាន​គ្រប់​តំណែងធំៗ​​នៅ​អឺរ៉ុប គាត់ចង់​ចែក​រំលែក​បទ​ពិសោធន៍​នៅ​ទ្វីប​អាស៊ី​។

    ក៏ប៉ុន្តែ គ្រូបង្វឹក Rudi Garcia យល់​ថា ក្លឹប Al Nassr អាច​មិន​មែនជា​ចំណត​ចុង​ក្រោយ​ក្នុងអាជីព​របស់​ Ronaldo។ គ្រូបង្វឹក​ជនជាតិ​បារាំង​រូប​នេះ​ប្រាប់ Sport កាល​ពី​ថ្ងៃទី 29 មករា​ថា «គាត់​ (Ronaldo) គឺជា​ម្នាក់ក្នុងចំណោម​កីឡាករ​ឆ្នើម​បំផុត​លើ​ពិភពលោក​។ Ronaldo នឹង​មិន​បញ្ចប់​អាជីព​នៅត្រឹម​ក្លឹប​ Al Nassr ឡើយ ប៉ុន្តែ​នឹង​ត្រលប់​ទៅកាន់​អឺរ៉ុប​»។

    បច្ចុប្បន្ន Ronaldo និង​មិត្ត​រួម​ក្រុម​នៅ Al Nassr កំពុង​នាំ​មុខ​គេ​នៅ​ក្នុង​ការ​ប្រកួតដណ្ដើម​ពាន​រង្វាន់ Saudi Pro League របស់​អារ៉ាប៊ីសាអូឌីត ដោយ​មាន 33 ពិន្ទុ ក្រោយ​ការ​ទាត់បាន​ 14 ប្រកួត​ ហើយ​នឹង​ត្រូវ​ប៉ះ​ក្រុម Al Fateh នៅ​ក្នុងការ​ប្រកួត​បន្ទាប់​នៅ​ថ្ងៃទី 03 កុម្ភៈ 2023​៕

  • នាំគ្នា​លេងបិទពួន​ក្នុង​កុងតឺន័រ ក្មេង​ម្នាក់​ត្រូវ​វង្វេង​ទៅដល់​ប្រទេស​ផ្សេង

    នាំគ្នា​លេងបិទពួន​ក្នុង​កុងតឺន័រ ក្មេង​ម្នាក់​ត្រូវ​វង្វេង​ទៅដល់​ប្រទេស​ផ្សេង

    ក្មេងប្រុស​ជនជាតិ​បង់​ក្លា​ដែ​សម្នាក់​អាយុ 15 ឆ្នាំ បាន​ជាប់​ដោយ​មិនដឹង​ខ្លួន​នៅក្នុង​កុងតឺន័រ​មួយពេល​កំពុង​លេងល្បែង​បិទពួន ហើយ​មួយ​សប្ដាហ៍​ក្រោយមក​ទើប​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ប្រទេស​ម៉ាឡេស៊ី។

    កាលពី​ថ្ងៃទី 17 មករា ក្រុម​បុគ្គលិក​លើកដាក់​កុងតឺន័​រ​ពី​កប៉ាល់​បង់​ក្លា​ដែ​ស​នៅឯ​កំពង់ផែ Klang ប្រទេស​ម៉ាឡេស៊ី មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​បានឃើញ Fahim ដែលជា​ក្មេងប្រុស​បរទេស ឈាន​ជើង​ចេញពី​កុងតឺន័រ​ក្នុង​សភាព​អស់កម្លាំង​ខ្លាំង។

    ដំបូង​ឡើយ បុគ្គលិក​នៅ​កំពង់ផែ​ខាងលើ​ស្មានថា ក្មេង​នេះ​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ជួញដូរ​មនុស្ស ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ម៉ាឡេស៊ី បានឱ្យដឹងថា ក្រោយពី​បាន​ស៊ើបអង្កេត សមត្ថកិច្ច​មិនបាន​រកឃើញ​សញ្ញា​ណាមួយ​បង្ហាញថា​នេះ​គឺជា​អំពើ​ជួញដូរ​មនុស្ស​ឡើយ។ យោងតាម​អាជ្ញាធរ​ម៉ាឡេស៊ី ក្មេង​នេះ​ដេក​ភ្លេចខ្លួន​ក្នុង​កុងតឺន័រ និង​ត្រូវបាន​រកឃើញ​នៅ​ម៉ាឡេស៊ី។

    India Times ផ្សាយ​ថា កាលពី​ថ្ងៃទី 11 មករា Fahim កំពុង​លេងបិទពួន​ជាមួយ​មិត្តភក្ដិ​នៅ​ទីក្រុង Chittagong ប្រទេស​បង់​ក្លា​ដែ​ស និង​បាន​ចូលទៅ​ពួន​ក្នុង​កុងតឺន័រ ហើយ​ក៏បាន​ដេកលក់។ កុងតឺន័រ​នេះ ក្រោយមក​ក៏ត្រូវ​បាន​លើកដាក់​ទៅលើ​កប៉ាល់​មួយគ្រឿង ​ធ្វើដំណើរ​ទៅកាន់​កំពង់ផែ Klang នៅ​ប្រទេស​ម៉ាឡេស៊ី ដែលមាន​ចម្ងាយ​ពី Chittagong ប្រហែល 3,700 គីឡូម៉ែត្រ។

    https://www.youtube.com/watch?v=dxWyvqE5qs8

    ក្នុង​រយៈពេល 6 ថ្ងៃ​ដែល​ជាប់​ក្នុង​កុងតឺន័រ Fahim បាន​ស្រែក​ឱ្យជួយ ប៉ុន្តែ​មិនមាន​អ្នកណា​ឮ​សោះ។ ក្រុមមន្ត្រី​ម៉ាឡេស៊ី កំពុងតែ​ធ្វើលិខិត​ស្នាម​ដើម្បី​នាំ Fahim ត្រលប់​ទៅ​បង់​ក្លា​ដែ​ស​វិញ ក្រោយពី​ត្រូវបាន​ព្យាបាល​អាការ​អស់កម្លាំង។

    កាលពី​ខែតុលា 2022 ប៉ូលិស​ម៉ាឡេស៊ី​ក៏​ធ្លាប់បាន​ប្រទះឃើញ​សាកសព​ក្មេងប្រុស​អាយុ 15 ឆ្នាំ​ម្នាក់​កំពុង​រលួយ​នៅក្នុង​កុងតឺន័រ​ដែល​ត្រូវបាន​ដឹក​ពី Chittagong ទៅកាន់​កំពង់ផែ Penang៕

  • រក​បាន​ប្រាក់​​ចំណូល​​ជិត 40,000 ដុល្លារ​រៀង​រាល់ខែ​ បើ​ទោះ​ធ្វើការ​កន្លះម៉ោង​/ថ្ងៃ

    រក​បាន​ប្រាក់​​ចំណូល​​ជិត 40,000 ដុល្លារ​រៀង​រាល់ខែ​ បើ​ទោះ​ធ្វើការ​កន្លះម៉ោង​/ថ្ងៃ

    JP Mancini II បោះ​បង់​អាជីព​ជា​អ្នក​លក់​រថយន្ត រួច​​ខ្ចី​ប្រាក់​ធនាគារ​ទិញ​កូន​នាវា​ដើម្បី​ទុក​ជួល​ឱ្យ​គេ​ និង​រក​បាន​ប្រាក់​ចំណូល​អកម្ម​ជិត 40,000 ដុល្លារ​អាម៉េរិក​រៀង​រាល់​ខែ​។

    JP Mancini II គឺជា​បុគ្គលិក​ផ្នែក​លក់​មួយ​រូប​មាន​អាយុ 32 ឆ្នាំ រស់នៅ​ Virginia សហរដ្ឋ​អាម៉េរិក​។ គាត់​ចូល​ចិត្ត​របស់​ថ្លៃៗ ប៉ុន្តែ​មិន​មាន​លទ្ធភាព​ទិញ ដូច្នេះ​ក៏សម្រេច​ចិត្ត​ខ្ចីប្រាក់​ធនាគារ​ដើម្បី​ទិញ និង​ដាក់​ឱ្យ​ជួល​។

    កាល​ពី​ខែ​មករា​ 2021 គាត់​ឱ្យ​គេ​ជួល​កូន​នាវា​តម្លៃ​ 400,000 ដុល្លារ​របស់​គាត់​ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋ Florida។ បន្ទាប់​ពី​បង្ហោះ​ពពាយ​នាយ​ជួល​នៅ​លើ​ទំព័រ Boatsetter លោក Mancini ក៏​ទទួល​បាន​សំណើ​ជួល​ចំនួន 11 ក្នុង​រយៈ​ពេល​មួយ​ខែ​។ តួលេខ​នេះ​បាន​កើន​ទ្វេដង​ក្នុង​ខែ​បន្ទាប់​។

    ដោយ​មើល​ឃើញ​ឱកាស គាត់​ក៏​ចាប់ផ្ដើមផ្សព្វផ្សាយ​លើ​ទំព័រ​ជួល​សម្ភារៈ​ដទៃទៀត​មាន​ដូច​ជា Get My Boat ជា​ដើម​ ហើយ​ទិញ​កូន​នាវា​តូច​ជាង​មុន​មួយ​គ្រឿង​ទៀត​ដើម្បី​ដាក់​ឱ្យ​ជួល​នៅ Hampton, Virginia ជា​កន្លែង​ដែល​គាត់កំពុង​​រស់​នៅ​។

    បច្ចុប្បន្ន កូន​នាវា​ទាំង​ពីរ​គ្រឿង​របស់​គាត់ រក​ប្រាក់​ចំណូល​ឱ្យ​គាត់​ជា​មធ្យមបាន​ 38,800 ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ខែ​ៗ​ ក្នុង​គ្រាដែល​គាត់​ធ្វើ​ការ​តែ​កន្លះម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។

    កាល​ពី​ឆ្នាំ​កន្លង JP Mancini II ឱ្យ​ដឹង​ថា រក​បាន​ប្រាក់​ចំណេញ 190,000 ដុល្លារ​ ក្រោយ​ពី​បាន​ទូទាត់​ការ​ចំណាយ​នានា​សម្រាប់​នាវា​របស់​គាត់​។ តួលេខ​នេះ​តិច​ជាង​ 100,000 ដុល្លារ បើ​ធៀប​ជាមួយ​នឹង​ប្រាក់​ចំណូល​អតិបរមា​របស់​គាត់​កាល​​នៅ​ធ្វើការ​ឱ្យ​គេ​ ប៉ុន្តែ​ពេល​វេលា​ធ្វើ​ការ​បច្ចុប្បន្ន​ ខ្លី​ជាង​ឆ្ងាយ​ណាស់​។

    ជំនួស​ឱ្យ​ការ​យក​ប្រាក់​ខាងលើ​ទៅ​សង​បំណុល​ 550,000 ដុល្លារ​ដែល​គាត់​បាន​ខ្ចី​យក​មក​ទិញ​កូននាវា​ទាំង​ពីរ​គ្រឿង​នេះ​ភ្លាម​ៗ JP Mancini II ប្រាប់​ថា នឹង​ទិញ​កូន​នាវា​សម្រាប់​ជួល​បន្ថែម​ទៀត​ ហើយ​​ប្រើ​ប្រាស់​រាល់​ឱកាស​ដទៃ​ទៀត​ដែល​បាន​ពី​អចលន​ទ្រព្យ​ដើម្បី​ពង្រីក​មុខ​របរ​៕

  • ខ្សែ​ប្រយុទ្ធ​​​ជប៉ុន ធ្វើឱ្យ Liverpool ក្លាយជា​អតីត​ជើងឯក​នៅ Cup FA

    ខ្សែ​ប្រយុទ្ធ​​​ជប៉ុន ធ្វើឱ្យ Liverpool ក្លាយជា​អតីត​ជើងឯក​នៅ Cup FA

    (អង់គ្លេស) – Kaoru Mitoma រកបាន​គ្រាប់​បាល់​ក្នុង​នាទី​បន្ថែម​ម៉ោង​ទី​ពីរ ជួយ​ឱ្យ Brighton ឈ្នះ Liverpool 2-1 នៅ​វគ្គ 4 នៅ FA Cup (The Football Association Challenge Cup) ដែលជា​ពានរង្វាន់​បាល់ទាត់​ជម្រុះ​ផ្ទាល់​ប្រចាំឆ្នាំ​សម្រាប់​បុរស​នៅ​ប្រទេស​អង់គ្លេស កាលពី​ព្រលប់​ថ្ងៃទី 29 មករា 2023។

    ពី​ការ​ទាត់​ពិន័យ បាល់​ត្រូវ​រុញ​ទៅកាន់​ជ្រុង​ឆ្វេង​របស់​តំបន់ 16.5 ម៉ែត្រ ដើម្បីឱ្យ Pervis Estupinan នាំ​បាល់​ទៅខាង​មុខ​ទី​របស់ Liverpool។ Mitoma ទទួលបាន​បាល់ និង​បញ្ឆោត​​ខ្សែបម្រើ Joe Gomez បាន​មួយ​ជើង រួច​​ស៊ុត​សំដៅ​​ជ្រុង​ទី ផ្ដួល Alisson Becker បានសម្រេច។

    កាលពី​រដូវក្ដៅ 2021 Mitoma ចូល​ទាត់​ឱ្យ Brighton ក្នុងតម្លៃ​​ខ្លួន​ជាង 3 លាន​ដុល្លារ​អាម៉េរិក បន្ទាប់ពី​ចាកចេញ​ពី​ក្លឹប​ជប៉ុន Kawasaki Frontale ហើយ​ទាត់​ឱ្យ​ក្លឹប​បែលហ្ស៊ិក Union SG ក្រោមរូបភាព​ឱ្យ​ខ្ចី​កាលពី​រដូវ​កាល​មុន។ ត្រលប់មក Brighton ខ្សែប្រយុទ្ធ​ជនជាតិ​ជប៉ុន​រូបនេះ​ក៏មាន​ភាពលេច​ធ្លោ​ខ្លាំង និង​ត្រូវបាន Transfermarkt កំណត់​តម្លៃឡើង​ដល់ 9.2 លាន​ដុល្លារ​អាម៉េរិក។

    គ្រាប់​បាល់​របស់ Mitoma ធ្វើឱ្យ Liverpool ក្លាយជា​អតីត​ម្ចាស់​ជើងឯក​នៅ AF Cup

    គ្រាប់​បាល់​របស់ Mitoma ធ្វើឱ្យ Liverpool ក្លាយជា​អតីត​ម្ចាស់​ជើងឯក​នៅ AF Cup។ កាលពី​រដូវ​កាល​មុន កូនសិស្ស និង​គ្រូបង្វឹក Jurgen Klopp របស់ Liverpool បាន​បាន​ផ្ដួល Chelsea 6-5 នៅក្នុង​ការប្រកួត​ទាត់​ប៉េ​ណាំង​ទី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយក៏​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​នៅឯ​កីឡដ្ឋាន Wembley។ កាលពី​ចុងឆ្នាំ​កន្លង Liverpool ក៏ត្រូវ​បាន Man City ដណ្ដើមបាន​តំណែង​នៅ EFL Cup (League Cup) ដោយបាន​ចាញ់ 2-3 នៅឯ​កីឡដ្ឋាន Etihad ក្នុង​វគ្គ 1/8។

    នៅ​លិ​គ​កំពូល​អង់គ្លេស (English Premier League) Liverpool កំពុង​ឈរ​លំដាប់​ទី 9 ដោយមាន 29 ពិន្ទុ តិចជាង​ក្រុម​លេខ 4 ចំនួន 10 ពិន្ទុ។ ចំណែក​នៅ Champions League វិញ ពួកគេ​នឹង​ប្រកួត​ជាមួយ​ម្ចាស់​ជើងឯក Real ពីរលើក​ក្នុង​វគ្គ 1/8 នៅ Anfield នា​ថ្ងៃទី 21 កុម្ភៈ និង​នៅ Bernabeu ថ្ងៃទី 15 មីនា។

    Brighton ឈ្នះ Liverpool 2-1 នៅ​វគ្គ 4 នៅ FA Cup (The Football Association Challenge Cup) ដែលជា​ពានរង្វាន់​បាល់ទាត់​ជម្រុះ​ផ្ទាល់​ប្រចាំឆ្នាំ​សម្រាប់​បុរស​នៅ​ប្រទេស​អង់គ្លេស កាលពី​ព្រលប់​ថ្ងៃទី 29 មករា 2023

    បញ្ជី​ឈ្មោះ​កីឡាករ​ដែល​បាន​ចូលរួម​ប្រកួត​រវាង Brighton និង Liverpool ៖

    Brighton ៖ Steele, Lamptey (Van Hecke 90), Dunk, Webster (Veltman 46), Estupinan, Mac Allister, Gross, March, Welbeck (Gilmour 67), Mitoma, Ferguson (Undav 89)។

    Liverpool ៖ Alisson, Trent Alexander-Arnold (Milner 59), Gomez, Konate, Robertson, Bajcetic (Fabinho 84), Thiago (Jones 79), Keita (Henderson 59), Elliott (Nunez 59), Salah, Gakpo។

  • របប​តា​លី​បង់​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ហាម​សិស្សស្រី​ប្រលងចូល​​មហាវិទ្យាល័យ

    របប​តា​លី​បង់​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ហាម​សិស្សស្រី​ប្រលងចូល​​មហាវិទ្យាល័យ

    ក្រសួង​អប់រំ​របស់​អាជ្ញាធរ​តា​លី​បង់ ស្នើឱ្យ​សាកលវិទ្យាល័យ​ឯកជន​​នានា​នៅ​​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ហាម​សិស្សស្រី​​ប្រលង​​ចូល​មហាវិទ្យាល័យ​ក្នុង​ឆ្នាំ​សិក្សា​ខាងមុខ។

    កាលពី​ចុង​សប្ដាហ៍​កន្លង ក្រសួង​អប់រំ​របស់​អាជ្ញាធរ​តា​លី​បង់ បាន​ផ្ញើលិខិត​ទៅកាន់​សាកលវិទ្យាល័យ​ឯកជន​នៅក្នុង​បណ្ដា​ខេត្ត​ក្រុង​ភាគ​ខាងជើង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុងនោះ​មាន​ទាំង​រដ្ឋធានី​កា​ប៊ុល​ផងដែរ ដើម្បី​ស្នើឱ្យ​មាន​ការ​ហាម​សិស្សស្រី​ប្រលង​ចូល​មហាវិទ្យាល័យ​ដែល​នឹង​ធ្វើឡើង​ចាប់ពី​ចុងខែ​កុម្ភៈ​ខាងមុខ។ លិខិត​របស់​តា​លី​បង់​ថែមទាំង​បាន​ព្រមាន​ថា ស្ថាប័ន​ណា​ដែល​មិន​អនុវត្តតាម​សំណើ​នេះ​នឹងត្រូវ​ប្រឈម​នឹង​​ចំណាត់​ការ​​តាម​​ផ្លូវច្បាប់។

    មុន​នោះ របប​តា​លី​បង់ បាន​ស្នើឱ្យ​សាកលវិទ្យាល័យ​ទាំងអស់​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន «ហាម​សិស្សស្រី​ទៅ​សាលារៀន​រហូតដល់​មាន​ប្រកាស​ថ្មី»។ រដ្ឋមន្ត្រីក្រសួង​អប់រំ​របស់​តា​លី​បង់ ក្រោយមក​បាន​បកស្រាយ​ថា មូល​ហេតុដែល​សិស្សស្រី​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ត្រូវ​បាន​ហាម​មិនឱ្យ​ចូលរៀន​នៅ​មហាវិទ្យាល័យ​គឺ​ដោយសារ​ពួកគេ​មិនបាន​គោរព​តាម​ការណែនាំ ក្នុងនោះ​មានការ​កំណត់​ស្ដីពី​​សម្លៀកបំពាក់​សមស្រប​ជាដើម។

    បណ្ដា​មេដឹកនាំ​ពិភពលោក​បាន​សម្ដែង​ការបារម្ភ​អំពី​បទបញ្ជា​ខាងលើ​របស់​តា​លី​បង់ និង​រិះគន់ថា ប្រការនេះ​នឹង​បំផ្លាញ​អនាគត និង​ប្រមាថ​ចំពោះ​សិទ្ធិសេរីភាព​មូលដ្ឋាន​របស់​ស្ត្រី​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន។

    កន្លងមក តា​លី​បង់​បានប្រកាសថា បាន​ផ្លាស់ប្ដូរ​ច្រើន​ធៀប​នឹង​អំឡុងពេល​កាន់អំណាច​កាលពី​ជាង 20 ឆ្នាំមុន ព្រមទាំង​បាន​អះអាងថា កំពុង​អនុញ្ញាតឱ្យ​ស្ត្រី​ទទួលបាន​សិទ្ធិ​ទៅតាម​ច្បាប់​សាសនា​អ៊ីស្លាម និង​វប្បធម៌​របស់​អា​ហ្វ​ហ្កា​នី​ស្ថាន។ ក៏ប៉ុន្តែ ការកំណត់ ឬ​បទបញ្ជា​ដ៏​តឹងរឹង​របស់​ពួកគេ​ក្នុង​ប៉ុន្មាន​ខែ​កន្លងទៅនេះ​ បានធ្វើឱ្យ​ពិភពលោក​​​មន្ទិលសង្ស័យ និង​មាន​ការ​រិះគន់​ច្រើន​ផងដែរ​៕

  • កាយវិការ​ចំអក​របស់​អ្នកចាំទី​អា​ហ្ស​ង់​ទីន ធ្វើឱ្យ FIFA សម្រេចចិត្ត​កែប្រែ​ច្បាប់​ពិន័យ

    កាយវិការ​ចំអក​របស់​អ្នកចាំទី​អា​ហ្ស​ង់​ទីន ធ្វើឱ្យ FIFA សម្រេចចិត្ត​កែប្រែ​ច្បាប់​ពិន័យ

    ស្ថាប័ន​គ្រប់គ្រង​វិស័យ​បាល់ទាត់​ពិភពលោក FIFA នឹង​បញ្ចេញ​គោលការណ៍​ថ្មី​ដើម្បី​ទប់ស្កាត់​អ្នកចាំទី​ប្រើ​ក្បាច់ «ចំអក» ធ្វើឱ្យ​គូប្រជែង​បែក​អារម្មណ៍ ក្រោយពី​មាន​ភាពចម្រូងចម្រាស​ប​ន្ទា​ប់​ពី​កីឡាករ Emiliano Martinez បាន​បង្កឡើង​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2022 រវាង​អា​ហ្ស​ង់​ទីន និង​បារាំង។

    ក្នុង​យុទ្ធនាការ​ដណ្ដើមពានរ​ង្វាន់​ជើងឯក World Cup 2022 អ្នកចាំទី Emiliano Martinez គឺជា​កីឡាករ​លេចធ្លោ​នៅក្បែរ Lionel Messi។ អ្នកចាំទី​របស់​ក្លឹប Aston Villa នេះ​បានបង្ហាញ​សមត្ថភាព​របស់ខ្លួន​ក្នុង​សំណាញ់​ទី ពិសេស​នៅក្នុង​ការ​ស៊ុត 11 ម៉ែត្រ ដែល​បាន​ជួយ​ឱ្យ​អា​ហ្ស​ង់​ទីន​ក្លាយជា​ជើងឯក ក្រោយ​ការរង់ចាំ​អស់ 36 ឆ្នាំ។

    អ្នកចាំទី Emiliano Martinez គឺជា​វីរបុរស​របស់​ប្រជាជន​អា​ហ្ស​ង់​ទីន ប៉ុន្តែ​ក៏​ជា «បន្លា» ក្នុង​ភ្នែក​របស់​អ្នកគាំទ្រ​ជាច្រើន ក្នុងនោះ​ក៏មាន​បារាំង​ផងដែរ។ ក្រោយពី​ដណ្ដើមបាន​ពាន World Cup 2022 អ្នកចាំទី​រូបនេះ​បាន​បញ្ចេញ​កាយវិការ​ចំអក​ឱ្យ Mbappe នាំឱ្យមាន​ការរិះគន់​ច្រើន​នៅពេលនោះ។

    ជាង​នេះ អ្នកចាំទី Emiliano Martinez ថែមទាំង​បាន​អបអរ​ជ័យជម្នះ​នៅពេល​ខ្លួន​ទទួលបាន​ពាន​ស្រោមដៃ​មាស​សម្រាប់​អ្នកចាំទី​ឆ្នើម​បំផុត​នៅ World Cup 2022 ដោយ​ការយក​ស្រោមដៃ​មាស​នេះ​ដាក់​ពីមុខ «របស់​ពិសេស» នៅ​ចំពោះមុខ​ទស្សនិកជន​រាប់ម៉ឺន​នាក់។

    ទោះជា​យ៉ាងនេះ​ក៏ដោយ គេ​នៅតែ​មិនអាច​បដិសេធ​សមត្ថ​ម​ភាព​ចាប់​បាល់​ពិន័យ 11 ម៉ែត្រ​របស់​អ្នកចាំទី Emiliano Martinez រូបនេះ។ គាត់​បាន​ជួយសង្គ្រោះ​អា​ហ្ស​ង់​ទីន។ ក្រោយ​ការ​ស៊ុត​របស់​កីឡាករ​បារាំង អ្នក​ចាំ​ទី​ Martinez ចេះតែ​ទាត់​បាល់​ឱ្យចេញ​ឆ្ងាយ​ពី​ចំណុច 11 ម៉ែត្រ ដើម្បី​ដាក់​សម្ពាធ​លើ​កីឡាករ​ជា​គូប្រជែង។ អ្នកចាំទី​រូបនេះ​ក៏​ត្រូវបាន​អាជ្ញាកណ្ដាល​ពិន័យ​កាត​លឿង​បន្ទាប់ពី​​បាល់​ពិន័យ​គ្រាប់​ទី​បី​របស់​បារាំង ដោយសារតែ​បង្ក​ភាព​តានតឹង​ដាក់ Tchouameni ជា​បន្តបន្ទាប់។

    យោងតាម The Sun ឥរិយាបថ​ដូច​ករណី​អ្នកចាំទី Emiliano Martinez ទំនងជា​នឹងត្រូវ​ FIFA ពិនិត្យឡើងវិញ។ FIFA កំពុង​ត្រៀម​បញ្ចេញ​គោលការណ៍​ថ្មី​ដើម្បី​ហាម​អ្នកចាំទី​បញ្ចេញ​ឥរិយាបថ​បង្កហេតុ​ដាក់​គូប្រជែង​នៅពេល​ទាត់​បាល់​ពិន័យ។ កន្លងមក អ្នកចាំទី Emiliano Martinez បាន​ប្រើប្រាស់​ចំណុច​នេះ​បាន​យ៉ាង​ល្អ នៅមុន​ការត្រៀម​ចាប់​បាល់​ពិន័យ​ម្ដងៗ ​ក្នុងពេល​លេង​ឱ្យ​ក្លឹប Aston Villa និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន។

    FIFA នឹង​អនុម័ត​គោលការណ៍​ថ្មី​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ពួកគេ​ដែល​នឹង​ធ្វើឡើង​ក្នុង​ខែមីនា​ខាងមុខ មុនពេល​​មាត្រា​ថ្មី​​នេះ​ត្រូវបាន​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​ក្នុង​ច្បាប់​បាល់ទាត់។ គោលការណ៍​ថ្មី​ទាំងនេះ​ក៏​អាច​ទប់ស្កាត់​អ្នកចាំទី​រាំរែក ឬ​បញ្ចេញ​កាយវិការ​នានា​ដែល​អាចជា​សម្ពាធសម្រាប់​គូ​ប្រកួត​ ព្រោះថា ប្រការ​នោះ​ក៏​ត្រូវបាន​ចាត់ទុកថា​ជា​សកម្មភាព​បំបែក​អារម្មណ៍៕

    អ្នកចាំទី Emiliano Martinez គឺជាវីរបុរសរបស់ប្រជាជនអាហ្សង់ទីន