Author: សឿន សំណាង

  • Ronaldo លេច​ធ្លោ​​នៅក្នុង​ជ័យជម្នះ​របស់​ក្លឹប Al Nassr កាលពី​ព្រលប់​ម្សិលមិញ

    Ronaldo លេច​ធ្លោ​​នៅក្នុង​ជ័យជម្នះ​របស់​ក្លឹប Al Nassr កាលពី​ព្រលប់​ម្សិលមិញ

    (អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត)- កីឡាករ​ខ្សែប្រយុទ្ធ​វ័យ 38 ឆ្នាំ Cristiano Ronaldo បង្ក​ឱកាស​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​ពីរ​គ្រាប់ ជួយ​ឱ្យ​ក្លឹប Al Nassr ឈ្នះ Al Taawoun 2-1 នៅ​វគ្គ 17 នៃ​ពានរង្វាន់ Saudi League កាលពី​ព្រលប់​ថ្ងៃទី 17 កុម្ភៈ។

    ថ្វីបើ​មិនបាន​ស៊ុត​បញ្ចូល​ទី ប៉ុន្តែ Ronaldo នៅតែ​បានរួម​ចំណែក​ធំ​នៅក្នុង​ជ័យជម្នះ​របស់​ក្រុម​ម្ចាស់ផ្ទះ Al Nassr ដោយ​ការបញ្ជូន​បាល់​ពីរ​គ្រាប់​ជួយ​ឱ្យ Abdulrahman Ghareeb និង Abdullah Madu ស៊ុត​បញ្ចូល​ទី​បានសម្រេច។ នេះ​គឺជា​ការ​បង្ក​ឱកាសដំបូងៗដែល CR7 បានធ្វើ​ឡើង​នៅ Saudi League ហើយ​ជួយ​ឱ្យ Al Nassr ដណ្ដើមបាន​តំណែង​កំពូល​តារាង​ពី Al Ittihad មកវិញ។

    Ronaldo មានឱកាស​ពីរលើក​ដើម្បី​ស៊ុត​ផ្ដាច់ ប៉ុន្តែ​គាត់​ធ្វើ​មិនអាច​ធ្វើបាន។ យ៉ាង​ណា​ក៏​ដោយ​ Al Nassr នៅតែ​ជា​ក្រុម​ដែល​រកបាន​គ្រាប់​បាល់​មុនគេ​ គឺ​នៅ​នាទី​ទី 17។ ក្រោយពី​ទទួលបាន​បាល់​នៅ​កណ្ដាល​ទីលាន Ronaldo ក៏​បញ្ជូន​រហ័ស​ឱ្យ Ghareeb ឆ្ពោះទៅកាន់​តំបន់​គ្រោះថ្នាក់ ប្រឈមមុខ​នឹង​អ្នកចាំទី។ ខ្សែបម្រើ Ghareeb ក៏​ស៊ុត​កោង​​ខ្ពស់ ផ្ដួល​អ្នកចាំទី​បានសម្រេច ជួយ​ឱ្យ Ronaldo មាន​គ្រាប់​បាល់​បង្ក​ឱកាស​បាន​ជោគ​ជ័យ​លើកដំបូង​នៅពាន​រង្វាន់ Saudi League។

    ក្រុម​ម្ចាស់ផ្ទះ Al Nassr ត្រូវបាន Al Taawoun រកបាន​គ្រាប់​បាល់​ស្មើ 1-1 នៅ​នាទី​ទី 47 ប៉ុន្តែ​ត្រូវបាន Al Nassr ​បន្ត​រកបាន​ 1 ​គ្រាប់​ទៀត​នៅ​នាទី​ទី 78។ ខ្សែបម្រើ Luiz Gustavo Al Nassr ស៊ុត​ពី​ជាយ​តំបន់​គ្រោះថ្នាក់ ត្រូវចំ​ទីតាំង​របស់ Ronaldo ភ្លាមនោះ CR7 ក៏​ទប់ រួច​បាល់​ក៏​ស្ថិតនៅ​ក្បែរ​ជើង ល្មម​ឱ្យ Madu ស៊ុត​ប៉ើង​សំណាញ់​​ទី​ ​របស់ Al Taawoun។ ដំបូង អាជ្ញាកណ្ដាល​មិន​ទទួលស្គាល់​គ្រាប់​បាល់​នេះ ប៉ុន្តែ​ក្រោយពី​បាន​មើល​សកម្មភាព​ឡើងវិញ គាត់​ក៏​ប្ដូរ​ការសម្រេចចិត្ត។

    https://www.youtube.com/watch?v=_B2GVqKtfDU

    ​ក្លឹប Al Nassr ឈ្នះ Al Taawoun 2-1 នៅ​វគ្គ 17 នៃ​ពានរង្វាន់ Saudi League កាលពី​ព្រលប់​ថ្ងៃទី 17 កុម្ភៈ

    ចប់​ការប្រកួត ក្រុម Al Taawoun ដែល​កំពុង​ឈរ​លំដាប់​ទី​ប្រាំ​នៅ Saudi League ត្រូវ​ចាកចេញ​ដោយ​ដៃទទេ ខណៈ Al Nassr ត្រលប់​ទៅកាន់​តំណែង​កំពូល​តារាង។

    នៅក្នុង​ការរកបាន 7 គ្រាប់​នាពេលថ្មីៗនេះ​របស់​ក្លឹប Al Nassr គឺ​សុទ្ធ​តែមាន​ស្នាម​ស្បែកជើង​របស់ Ronaldo ដោយ​គាត់​រកបាន 5 គ្រាប់ និង​បង្ក​ឱកាស​បាន 2 គ្រាប់។

    នៅ​វគ្គ​បន្ទាប់ ក្រុម​របស់ Ronaldo នឹង​ធ្វើជា​ភ្ញៀវ​នៅលើ​ទីលាន​របស់ Damac ដែល​កំពុង​ឈរលើ​លំដាប់​ទី 7 នៅ​ថ្ងៃទី 25 កុម្ភៈ​ខាងមុខ ហើយ​ក្រោយមក​នឹង​ត្រលប់មក​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ត្រូវ​​ប៉ះ​នឹង​ក្រុម​បាត​តារាង Al Batin៕

  • ក្លឹបអាម៉េរិកបាត់បាឡុងក្នុងថ្ងៃដែលកងទ័ពបាញ់ទម្លាប់វត្ថុហោះហើរលើដែនអាកាស

    ក្លឹបអាម៉េរិកបាត់បាឡុងក្នុងថ្ងៃដែលកងទ័ពបាញ់ទម្លាប់វត្ថុហោះហើរលើដែនអាកាស

    ក្លឹប​បា​ឡុង​ហោះ​មួយ​នៅ Illinois សហរដ្ឋ​អាម៉េរិក​ ប្រកាសថា បាន​បាត់​បា​ឡុង​មួយ​នៅ Alaska ក្នុង​ថ្ងៃ​ដែល​យន្តហោះ​ចម្បាំង​អាម៉េរិក​បាន​បាញ់​ទម្លាក់​វត្ថុ​ហោះហើរ​ចម្លែក​នៅក្បែរ​តំបន់​នេះ ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ថា មាន​ទំនាក់ទំនង​ជាមួយគ្នា ឬ​អត់​នៅឡើយ។

    សារព័ត៌មាន​អាម៉េរិក និង​អង់គ្លេស នៅ​ថ្ងៃទី 18 កុម្ភៈ​នេះ​បាន​រាយការណ៍​ថា សមាគម​បា​ឡុង​ហោះ Bottlecap នៅ​រដ្ឋ Illinois ភាគ​ខាងជើង (NIBBB) បានប្រកាសថា ក្លឹប​នេះ​បាន​បាត់​សញ្ញា​បា​ឡុង​ហោះ Pico មួយ​សប្ដាហ៍​មុន​នោះ។ លើក​​ចុងក្រោយ​ដែល​បា​ឡុង Pico បញ្ជូន​សញ្ញា​គឺ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី 11 កុម្ភៈ ពេលដែល​វា​ស្ថិតនៅ​ក្បែរ​កោះ​តូច​មួយ​នៅ​ឆ្នេរសមុទ្រ​ភាព​ខាងលិច​របស់ Alaska។

    ក្នុង​ថ្ងៃទី NIBBB បាត់ដាន​បា​ឡុង​ហោះ Pico យន្តហោះ​ចម្បាំង​អាម៉េរិក F-22 បាន​បាញ់​ទម្លាក់​វត្ថុ​ហោះហើរ​លើ​អាកាស​មិន​ស្គាល់​អត្តសញ្ញាណ​នៅលើ​តំបន់ Yukon របស់​កាណាដា ដែល​ជាប់​នឹង​រដ្ឋ Alaska របស់​អាម៉េរិក។ NIBBB មិនបាន​ភ្ជាប់​ហេតុការណ៍​ទាំងពីរ​នេះ​ជាមួយគ្នា​នោះទេ។ ក្រុមមន្ត្រី​អាម៉េរិក​ក៏​មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ​ចំពោះ​ព័ត៌មាន​នេះ។

    បាឡុង​បែប​នេះ​អាច​ជា​ប្រភេទ​ដែល​ត្រូវ​បាន​អាម៉េរិក​បាញ់ទម្លាក់​កាល​ពី​សប្ដាហ៍​កន្លង ពេល​វា​ហោះចូល​ដែន​អាកាស​អាម៉េរិក

    បា​ឡុង​ហោះ Pico មាន​បំពាក់​ម៉ាស៊ីន​បញ្ជូន​រលកសញ្ញា​ខ្នាតតូច​តម្លៃ​ប្រហែល 12 ដុល្លារ និង​អាច​ហោះ​ដល់​កម្ពស់​ប្រហែល 14,300 ម៉ែត្រ។ Pico បាន​ហោះ​ក្នុង​រយៈពេល​ជាង 4 ខែ មុនពេល NIBBB បាត់ដាន។

    កងទ័ព​អាម៉េរិក កាលពី​ថ្ងៃទី 10-12 កុម្ភៈ បាន​បាញ់​ទម្លាប់​បា​ឡុង​ហោះ​ចំនួន 3 គ្រឿង​ជា​បន្តបន្ទាប់។ ប្រធានាធិបតី​អាម៉េរិក កាលពី​ថ្ងៃទី 16 កុម្ភៈ បាន​និយាយថា វត្ថុ​ហោះហើរ​ទាំង 3 នេះ​អាច​ជាប់ទាក់ទង​នឹង​បណ្ដា​ក្រុមហ៊ុន​ឯកជន ក្រុម​កំសាន្ត ឬ​ក្រុម​ស្រាវជ្រាវ។

    បា​ឡុង​ហោះ ឬ​វត្ថុ​ហោះហើរ​មិន​ស្គាល់​អត្តសញ្ញាណ​កំពុង​ក្លាយជា​ប្រធានបទ​សំខាន់​ដែល​ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង បន្ទាប់ពី​ករណី​បា​ឡុង​ហោះ​របស់​ចិន​ដែល​ធ្វើ​សកម្មភាព​លើ​ដែនអាកាស​អាម៉េរិក 7 ថ្ងៃ និង​ត្រូវបាន​បាញ់​ទម្លាក់​កាលពី​ថ្ងៃទី 04 កុម្ភៈ។ អាម៉េរិក​និយាយថា នេះ​គឺជា​ឧបករណ៍​ឈ្លបយកការណ៍ ប៉ុន្តែ​ចិន​និយាយថា នេះ​គឺជា​បា​ឡុង​ស្រាវជ្រាវ​អាកាសធាតុ​របស់ខ្លួន​ដែល​បាន​វង្វេងទិស។

    ទាហានជើងទឹកអាម៉េរិក ស្រង់សាកសពបាឡុងហោះរបស់ចិន នៅលើសមុទ្រ Carolina ខាងត្បូង កាលពីថ្ងៃទី 05 កុម្ភ 2023

    អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ Jens Stoltenberg ក្នុង​សប្ដាហ៍​នេះ​បាន​ព្រមាន​ថា ចិន និង​រុស្ស៊ី កំពុង​បង្កើន​សកម្មភាព​ចារកម្ម និង​តាមដាន ក្នុងនោះ​ក៏មាន​ការប្រើប្រាស់​បា​ឡុង​ហោះ​ផងដែរ៕

  • មនុស្ស​ជាង 45,000 នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​តួ​ក​គី និង​ស៊ី​រី

    មនុស្ស​ជាង 45,000 នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​តួ​ក​គី និង​ស៊ី​រី

    ចំនួន​មនុស្ស​ស្លាប់​ក្នុង​គ្រោះធម្មជាតិ​រញ្ជួយ​ដី​នៅ​ប្រទេស​តួ​ក​គី និង​ស៊ី​រី បាន​កើន​ឡើងដល់​ជាង 45,000 នាក់ ខណៈ​កម្លាំង​សង្គ្រោះបាន​រកឃើញ​សាកសព​ និង​​អ្នក​នៅមាន​ជីវិត​ជា​បន្តបន្ទាប់​ក្រោយ​រយៈពេល 11 ថ្ងៃ​កន្លង។

    កាលពី​ថ្ងៃទី 17 កុម្ភៈ មន្ត្រី​នៅ​ប្រទេស​តួ​ក​គី បានប្រកាសថា ចំនួន​មនុស្ស​ស្លាប់​នៅក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​នេះ​គឺ 39,672 នាក់។ តួលេខ​នេះ​អាច​នឹង​កើនឡើង​បន្តទៀត ដោយសារតែ​នៅមាន​ជនរងគ្រោះ​កំពុង​ជាប់​ក្រោម​គំនរ​បាក់បែក​របស់​ផ្ទះ​រាប់សែន​ខ្នង​ក្រោយពី​បាន​បាក់​រលំ​ក្នុងពេល​​រញ្ជួយ​ដី​កើត​ឡើង។

    ដោយឡែក ប្រទេស​ស៊ី​រី វិញ បានឱ្យដឹងថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ប្រទេស​នេះ​បាន​កើន​ដល់​ជាង 5,800 នាក់ ដែល​នេះ​បានធ្វើឱ្យ​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នៅ​តួ​ក​គី និង​ស៊ី​រី កើនឡើង​ដល់​ជាង 45,470 នាក់។

    ក្រុម​អ្នកជំនាញ​និយាយថា មូលហេតុ​នាំ​គ្រោះ​រញ្ជួយ​ដី​ដ៏​គួរឱ្យ​ភ័យខ្លាច​នៅ​តួ​ក​គី និង​ស៊ី​រី ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី 06 កុម្ភៈ 2023 បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​ច្រើន គឺ​ដោយសារ​វា​កើតឡើង​នៅពេល​ព្រឹក​ព្រលឹម ហើយ​ប្រទេស​តួ​ក​គី​សម្បូរ​ដោយ​សំណង់​គុណភាព​ទាប ងាយ​ដួលរលំ៕

  • បាល់ទាត់​បុរស SEA Games 32 នៅ​កម្ពុជា នឹងមិន​មាន​កីឡាករ​លើស​អាយុ

    បាល់ទាត់​បុរស SEA Games 32 នៅ​កម្ពុជា នឹងមិន​មាន​កីឡាករ​លើស​អាយុ

    យោងតាម​ការសម្រេចរ​បស់​ម្ចាស់ផ្ទះ​កម្ពុជា បណ្ដា​ក្រុម​ជម្រើសជាតិ​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​តែ​កីឡាករ​វ័យ​ក្រោម 22 ឆ្នាំ​ប៉ុណ្ណោះ នៅពេល​ចូលរួម​ប្រកួត​កីឡាបាល់ទាត់​បុរស​ក្នុង​ព្រឹត្តិការណ៍ SEA Games 32។

    ការកំណត់​ថ្មី​បាន​ចែងថា ក្រុមបាល់ទាត់​ជម្រើសជាតិ​នានា​ត្រូវ​ប្រើប្រាស់​កីឡាករ​ដែល​កើត​ចាប់ពី​ថ្ងៃទី 01 មករា 2001 ចុះ​ ដោយ​លុបចោល​ការប្រើប្រាស់​កីឡាករ​លើស​​អាយុ​ដែល​ធ្លាប់មាន​ក្នុង SEA Games ពីរ​រដូវ​កាល​មុន។ ដំ​បូងឡើយ កម្ពុជា​ក៏​ចង់​មាន​កីឡាករ​លើស​អាយុ ប៉ុន្តែ សហព័ន្ធ​បាល់ទាត់​អាស៊ី (AFC) បានស្នើ​ឱ្យ​ឈប់​ប្រើប្រាស់​ដើម្បីឱ្យ​សមស្រប​ជាមួយនឹង​វគ្គ​ផ្ដាច់ព្រ័ត្រ U23 អាស៊ី ដែល​ធ្វើឡើង​ពីរ​ឆ្នាំ​ម្ដង​នៅក្នុង​ឆ្នាំ​គត់។

    ឆ្នាំ 2001 SEA Games ជា​លើកដំបូង​បាន​កំណត់ថា បាល់ទាត់​បុរស​អាច​ប្រើប្រាស់​ក្រុម U23។ ដល់​ឆ្នាំ 2017 ភាគី​ពាក់ព័ន្ធ​ក៏បាន​មូលមតិ​គ្នា​កែប្រែ ដោយ​យក​ក្រុម U22 វិញ។ ពីរ​ឆ្នាំ​ក្រោយមក​ទៀត​ ហ្វ៊ី​លី​ពី​ន ដែលជា​ម្ចាស់ផ្ទះ​លើកដំបូង​ក៏​​បានអនុញ្ញាត​ឱ្យ​បន្ថែម U23 ចំនួន​ពីរ​ជើង។ ចំណែក SEA Games 31 វិញ វៀតណាម បាន​បង្កើន​ជា​បី​ជើង។

    ព្រឹត្តិការណ៍ SEA Games 32 នៅ​កម្ពុជា នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 05 ឧសភា ដល់ 17 ឧសភា 2023។ វិញ្ញាសា​បាល់ទាត់​បុរស​គ្រោង​នឹង​ចាប់ផ្ដើម​មុន​ពិធី​សម្ពោធ​ជា​ផ្លូវការ ដោយ​ចាប់​ផ្ដើម​ប្រកួត​ពី​​ថ្ងៃទី 29 មេសា៕

  • ក្រុមហ៊ុន Adidas បច្ចុប្បន្ន​គឺ​កើតចេញពី​រោង​ជាង​ស្បែកជើង​តូច​មួយ​​នៅក្រោយ​ផ្ទះ

    ក្រុមហ៊ុន Adidas បច្ចុប្បន្ន​គឺ​កើតចេញពី​រោង​ជាង​ស្បែកជើង​តូច​មួយ​​នៅក្រោយ​ផ្ទះ

    Adolf Dassler បាន​បោះបង់​មុខរបរ​ធ្វើ​នំ​ដើម្បី​វិល​ទៅរក​មុខរបរ​ដេរ​ស្បែកជើងរបស់​គ្រួសារ និង​បាន​ដឹកនាំ Adidas ឆ្លងកាត់​ការលំបាក​ធំ​ៗរបស់​សេដ្ឋកិច្ច​អាល្លឺម៉ង់ បន្ទាប់ពី​សង្គ្រាមលោក​​ផ្ទុះឡើង និង​បញ្ចប់​។

    Adidas គឺជា​យីហោ​ផលិតផល​កីឡា​លំដាប់​កំពូល​របស់​ពិភពលោក និង​មាន​លក់​ស្បែកជើង​ដែល​ស្ថិតក្នុង​ប្រភេទ​ប្រណិត និង​ថ្លៃ​បំផុត​លើ​ពិភពលោក។ យោងតាម​ក្រុមហ៊ុន Macro Trends តម្លៃ​មូលធន​ទីផ្សារ​របស់ Adidas គិត​ត្រឹម​ខែមករា 2023 គឺ 30 ពាន់​លាន​ដុល្លារ​អាម៉េរិក។ ក៏ប៉ុន្តែ មុនពេល​បាន​ក្លាយជា​ក្រុមហ៊ុន​ជោគជ័យ​ដូច​សព្វថ្ងៃ Adidas ដំបូង​ឡើយ​គ្រាន់តែ​ជា​រោង​ជាង​ស្បែកជើង​ដ៏​តូច​មួយ​ប៉ុណ្ណោះ​នៅក្នុង​បន្ទប់​បោក​ខោអាវ​របស់​គ្រួសារ។

    Adidas ត្រូវបាន​បង្កើតឡើង​ដោយ Adolf Dassler។ Adolf កើត​ឆ្នាំ 1900 នៅ​ទីរួមស្រុក Herzogenaurach (ប្រទេស​អាល្លឺម៉ង់) នៅក្នុង​គ្រួសារ​ក្រីក្រ​មួយ​ដែលមាន​កូន 4 នាក់ ដែលមាន​ឪពុក​ជា​ជាងដេរ​ស្បែកជើង និង​ម្ដាយ​ជា​អ្នកបោក​អ៊ុតខោអាវ។ ក្រោយពី​បានបញ្ចប់​មធ្យមសិក្សា Adolf ក៏​រៀន​ធ្វើ​នំ​ទៅតាម​បំណង​របស់​ឪពុក។ ប៉ុន្តែ ដោយសារ​ការធ្វើ​នំ​មិនមែនជា​ចំណូលចិត្ត ដូច្នេះ Adolf ក៏​វិល​ទៅ​រៀន​ដេរ​ស្បែកជើង។

    ក្រៅពី​ការងារ​ដេរ​ស្បែកជើង Adolf ក៏​ចូលចិត្ត​លេង​កីឡា​មួយចំនួន មានដូចជា បាល់ទាត់ និង​វាយ​បុក​ជាដើម។ ប្រការនេះ​ធ្វើឱ្យ​គាត់​រកឃើញ​គន្លឹះ​មួយ​ដែល​ក្រោយមក​បាន​ជួយ​ឱ្យ Adidas ទទួលបាន​ជោគជ័យ នោះ​គឺ «​កីឡាករ​ពេលនោះ​សុទ្ធតែ​ពាក់​ស្បែកជើង​មួយ​ប្រភេទ​ដូចគ្នា។ Adolf យល់ថា បើសិន​គេ​ធ្វើ​ស្បែកជើង​ទៅតាម​ប្រភេទ​កីឡានីមួយៗ អ្នក​ពាក់​នឹងមាន​ប្រៀប​ជាង​មុន»។

    Adolf Dassler គឺជាមនុស្ស​តស៊ូ​នឹង​ការ​ងារ

    ឆ្នាំ 1919 Adolf បាន​កែប្រែ​កន្លែង​បោក​អ៊ុតខោអាវ​នៅក្រោយ​ផ្ទះ​ឱ្យទៅជា​កន្លែង​ដេរ​ស្បែកជើង។ គាត់​ក៏​រកបាន​ប្រាក់​ពី​ការជួសជុល​ស្បែកជើង​ឱ្យ​អ្នកភូមិ។ ប្រការនេះ​ក៏​ជួយ​ឱ្យ​គាត់​មាន​ពេល​ច្រើន​សម្រាប់​ច្នៃ និង​ផលិត​ស្បែកជើង​ទៅតាម​ក្ដី​ស្រមៃ​ប្រកបដោយ​ការច្នៃប្រឌិត​របស់គាត់។

    ឆ្នាំ 1942 Adolf និង​បងប្រុស​របស់គាត់​ក៏បាន​សហការគ្នា​បើក​ក្រុមហ៊ុន​មួយ​ដែល​ដាក់ឈ្មោះថា Dassler Brothers Shoe Factory។ ឆ្នាំ 1929 ពួកគេ​បាន​រើ​រោងចក្រ​ដេរ​ស្បែកជើង​ទៅកាន់​ទីតាំង​ថ្មី។ នៅទីនេះ ពួកគេ​ផលិត​ស្បែកជើង​រាប់រយ​គូ​ជា​រៀងរាល់ថ្ងៃ។ ទំហំ​របស់​រោងចក្រ​ក៏​ចេះតែ​ធំឡើង។ Adolf ក៏​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ជា​ហូរហែ និង​បង្កើតបាន​ទំនាក់ទំនង​ល្អ និង​កិច្ចសហការ​ជាមួយ​កីឡាករ ក៏ដូចជា​ក្លឹប​កីឡា​នានា​នៅក្នុង​ស្រុក និង​បរទេស។ កិច្ចការ​នេះ​ក៏​ចេះតែ​ត្រូវបាន​ធ្វើឡើង និង​ពង្រីក​វិសាល​ភាពជា​បន្តបន្ទាប់។

    ឆ្នាំ 1949 Adolf បង្កើត​ក្រុមហ៊ុន Adidas ដោយ​យកតាម​ឈ្មោះ​ខ្លួនឯង គឺ Adolf (Adi) និង Dassler (das) បន្ទាប់ពី​បាន​ចែក​ក្រុមហ៊ុន​រួម Dassler Brothers Shoe Factory ជាមួយ​បងប្រុស​ ម្នាក់​ពាក់កណ្ដាល។

    ក្នុង​សង្គ្រាមលោកលើកទីពីរ​ដែ​ល​កំពុង​កើតឡើង Adolf ត្រូវ​ដឹកនាំ​ក្រុមហ៊ុន​ដោយ​ការច្នៃប្រឌិត និង​ស្មារតី​រកស៊ី​ដំណាក់កាល​ដំបូង។ Adolf បាន​ប្រើប្រាស់​ទំនាក់ទំនង​ដែលមាន​ស្រាប់​របស់ខ្លួន​ដើម្បី​រក​ដៃគូ​សហការ​ដែល​អាច​ផ្គត់ផ្គង់​វត្ថុ​ធាតុ​សំណល់​ពី​សង្គ្រាម។ Adolf ក៏​រកបាន​ពាណិជ្ជសញ្ញា​សម្រាប់​ផលិតផល​របស់ខ្លួន ដែលមាន​រហូតដល់​ប​ច្ចុ​ប្បន្ន។

    Adolf ត្រូវបាន​គេ​ជឿថា​ជាម​នុស្ស​ព្យាយាម តស៊ូ​នឹង​ការងារ។ ឆ្នាំ​អាយុ 50 Adolf នៅតែ​លេង​កីឡា​មួយចំនួន​ដើម្បី​តាមដាន​និន្នាការ​ប្រើប្រាស់​ស្បែកជើង​ដើម្បី​អភិវឌ្ឍ​ផលិតផល។ បន្តបន្ទាប់​មកទៀត Adidas ក៏​ចេះតែ​រកបាន​ដៃគូ​សហកា​រ និង​ដៃគូ​ជំនួញថ្មីៗ និង​ពង្រីក​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ។

    អ្នកស្រី Kathe និង​កូន​ប្រុស​ច្បង​ Horst កាល​ពី​ឆ្នាំ 1978

    លោក Adolf បានទទួល​មរណភាព​កាលពី​ឆ្នាំ 1978។ អ្នកស្រី Kathe ដែលជា​ភរិយា​របស់លោក​ក៏​បន្ត​គ្រប់គ្រង​ក្រុមហ៊ុន Adidas ជាមួយនឹង​កូនប្រុស Horst រហូតដល់​អ្នកស្រី​បាន​លាចាក​លោក​កាលពី​ឆ្នាំ 1984។

    បច្ចុប្បន្ន Adidas គឺជា​មួយ​ក្នុងចំណោម​យីហោ​សម្លៀកបំពាក់​កីឡា​លំដាប់​កំពូល​លើ​ពិភពលោក ទន្ទឹមនឹង Nike ឬ Puma។ ប្រាក់ចំណូល​ប្រចាំឆ្នាំ​ក្នុង​ឆ្នាំ 2021 របស់ Adidas គឺ 25 ពាន់​លាន​ដុល្លារ​អាម៉េរិក កើន 10% ធៀប​នឹង​ឆ្នាំ 2020 ហើយ​ប្រាក់ចំណេញ​ប្រចាំឆ្នាំ​គឺ 2.3 ពាន់​លាន​ដុល្លារ៕

  • វីដេអូ​ស្ដីពី​សាកសព​កប៉ាល់ Titanic ដែល​មិន​ធ្លាប់​ត្រូវបាន​បញ្ចេញក្នុង​អំឡុង 100 ឆ្នាំ​កន្លង

    វីដេអូ​ស្ដីពី​សាកសព​កប៉ាល់ Titanic ដែល​មិន​ធ្លាប់​ត្រូវបាន​បញ្ចេញក្នុង​អំឡុង 100 ឆ្នាំ​កន្លង

    វីដេអូ​បង្ហាញ​ពី​សាកសព​កប៉ាល់ Titanic ដែល​ស្ថិតនៅ​បាតសមុទ្រ​អា​ត្ល​ង់​ទិច ត្រូវបាន​ចែករំលែក​ជា​សាធារណៈកាលពី​ពេល​ថ្មី​ៗ​នេះ ក្រោយពី​ជាង​មួយ​សតវត្សរ៍​ដែល​កប៉ាល់​នេះ​បាន​លិច​ដោយសារ​បុក​នឹង​ភ្នំ​ទឹកកក។

    ប៉ុន្មាន​ខែក្រោយ​ពី​ក្រុម​អ្នក​មុជ​ទឹកបាន​រកឃើញ​សាកសព​កប៉ាល់ Titanic កាលពី​ឆ្នាំ 1985 ទិដ្ឋភាព​ស្ដីពី​សាកសព​កប៉ាល់​នេះ​ក៏​ត្រូវបាន​ផ្ដិត​យក​ជា​ទម្រង់​វីដេអូ ដោយ​វិទ្យាស្ថាន​សាគរវិទ្យា Woods Hole (WHOI) ក្នុងនោះ ក្បាល​កប៉ាល់ ជាន់របស់​កប៉ាល់ និង​ឧបករណ៍​នានា​របស់​កប៉ាល់ ​ត្រូវបាន​បង្ហាញ​ច្បាស់​ជាងគេ។ ភាគច្រើន​នៃ​វីដេអូ 80 នាទី ដែល​ថត​ក្នុង​ជម្រៅជាង 3 គីឡូម៉ែត្រ​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​នេះ​ មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​ក្នុងអំឡុង​មួយ​ទសវត្សរ៍​កន្លង។ ក្នុង​វីដេអូ​ដែល​ទើប​ត្រូវបាន​ចែករំលែក​ឱ្យឃើញថ្មីៗនេះ បានបង្ហាញ​ពី​របស់របរ​ខាងក្នុងកប៉ាល់ ក៏ដូចជា​មច្ឆជាតិ​ក្នុង​សមុទ្រ​ដែល​កំពុង​ហែលក្បែរៗនោះ។

    យោងតាម CNN បើទោះជា​សមត្ថកិច្ច​បាន​ធ្វើការ​ស្វែងរក​បន្ទាប់​ពី​ដឹងថា កប៉ាល់ Titanic បាន​លិច ប៉ុន្តែ រហូតដល់​ខែកញ្ញា 1985 ទើប​ក្រុម​អ្នកស្វែងរក​ដែល​ដឹកនាំ​ដោយ Robert Ballard សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​បារាំង IFEMER រកឃើញ​សាកសព​កប៉ាល់នេះ។ ឆ្នាំ 1985 WHOI បាន​អភិវឌ្ឍ​បច្ចេកទេស​ថត​វីដេអូ​ថ្មី និង​ផ្ដិត​យក​ទិដ្ឋភាព​ដំបូង​របស់​សាកសព​កប៉ាល់ Titanic ក្នុង​ជម្រៅ​ជាង 3,780 ម៉ែត្រ។

    ឆ្នាំ 1986 WHOI ក៏​បញ្ជូន​មនុស្ស​មួយក្រុម​ដំបូង​ទៅកាន់​ទីតាំង​របស់​សាកសព​កប៉ាល់ ដោយ​ប្រើ​នាវាមុជទឹក​ចំនួន 3 គ្រឿង។ វីដេអូ​ដែល​បានប្រកាស​កាលពី​ថ្ងៃទី 16 កុម្ភៈ 2023 បានបង្ហាញ​អំពី​ដំណើរ​ផ្សងព្រេង​កាលពី​ឆ្នាំ 1986 របស់​ក្រុម WHOI។ នេះ​គឺជា​ការ​ផ្សេង​ព្រេង​លើកដំបូង​របស់​មនុស្ស​ដែល​បាន​ចុះទៅ​មើល​សាកសព​​កប៉ាល់​ដែល​បាន​លិច​កាលពី​ឆ្នាំ 1912។

    Titanic ត្រូវបាន​គេ​ជឿថា​ជា​កប៉ាល់​ដែល​នឹងមិន​អាច​លិច នៅពេល​ត្រូវបាន​សាងសង់។ វា​ជា​កប៉ាល់​ដឹក​ភ្ញៀវ​ធំ​បំផុត​លើ​ពិភពលោក​ក្នុងសម័យ​នោះ។ Titanic បាន​បុក​នឹង​ភ្នំ​ទឹកកក​អណ្ដែត​កាលពី​ថ្ងៃទី 14 មេសា 1912 នៅលើ​សមុទ្រ​អា​ត្ល​ង់​ទិច ក្នុងការ​ធ្វើដំណើរ​លើក​ដំបូង​ពី Southampton អង់គ្លេស ទៅកាន់ New York សហរដ្ឋ​អាម៉េរិក។ មនុស្ស​ជាង 1,500 នាក់​បាន​ស្លាប់​ក្នុងករណី​លិច​កប៉ាល់​នេះ។

    ក្រុម​របស់ WHOI រកឃើញថា កប៉ាល់ Titanic បាន​បាក់​ជា​ពីរ​កំណាត់​ និង​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​តំបន់ Newfoundland របស់​កាណាដា​ កាលពី​ថ្ងៃទី 01 កញ្ញា 1985។

    វីដេអូ​ដែល​បានប្រកាស​កាលពី​ថ្ងៃទី 16 កុម្ភៈ 2023

    WHOI ប្រកាស​បង្ហាញ​វីដេអូ​ពិសេស​ថ្មី​នេះ​នៅក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​ដែល​ខ្សែភាពយន្ត Titanic របស់លោក James Cameron បានទទួល​ពានរង្វាន់។ ខ្សែភាពយន្ត​នេះ​ទទួលបាន​ពាន Oscar ចំនួន 11 ក្នុងនោះ​ក៏មាន​ពានរង្វាន់​ខ្សែភាពយន្ត​ល្អមើល​បំផុត​ផងដែរ៕

  • Cristiano Ronaldo ​ទទួល​​សំណង​​ក្នុង​​រឿង​ក្ដី​​រំលោភ​​ផ្លូវ​ភេទ​​កាល​ពី​​ជាង​ 13​ ឆ្នាំ​មុន

    Cristiano Ronaldo ​ទទួល​​សំណង​​ក្នុង​​រឿង​ក្ដី​​រំលោភ​​ផ្លូវ​ភេទ​​កាល​ពី​​ជាង​ 13​ ឆ្នាំ​មុន

    មេធាវី​របស់ Kathryn Mayorga (អ្នក​ដែល​បាន​ប្ដឹង​កីឡាករ​បាល់ទាត់ Cristiano Ronaldo ពីបទ​រំលោភបំពាន​ផ្លូវភេទ កាលពី​ឆ្នាំ 2009) ត្រូវ​តុលាការ​បង្គាប់​ឱ្យ​បង់ប្រាក់​សំណង​ជំងឺ​ចិត្ត 334,637.5 ដុល្លារ​អាម៉េរិក ទៅឱ្យ​កំពូល​តារាបាល់ទាត់ Cristiano Ronaldo ព្រោះតែ​សកម្មភាព​ដែល «មិនមាន​បំណងល្អ»។

    ចៅក្រម​តុលាការ​អាម៉េរិក​មួយរូប​បានប្រកាសថា មេធាវី Leslie Stovall របស់ Mayorga ត្រូវតែ​បង់ប្រាក់​សំណង​ជំងឺ​ចិត្ត​នេះ​ដោយ​ផ្ទាល់ដៃ​ទៅឱ្យ Ronaldo។ សេចក្ដីសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​កីឡាករ​ខ្សែប្រយុទ្ធ​ជនជាតិ​ព័រទុយហ្កាល់ បាន​និយាយថា គាត់​បាន​រង​ផលប៉ះពាល់​ដោយសារតែ «សកម្មភាព​គ្រោះថ្នាក់» របស់​មេធាវី​នៅក្នុង​រឿងក្ដី​ដែល​បានអូសបន្លាយ​ពេល​យ៉ាងយូរ​នេះ។

    Cristiano Ronaldo តែងតែ​បដិសេធ​ការ​ចោទ​ដែលថា ខ្លួន​បាន​រំលោភបំពាន​ផ្លូវភេទ​លើ Mayorga ដែល​បច្ចុប្បន្ន​មាន​អាយុ 40 ឆ្នាំ នៅក្នុង​សណ្ឋាគារ​មួយ​នៅ Las Vegas កាលពី​ឆ្នាំ 2009 និង​អះអាងថា ពួកគេ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ដោយមាន​ការព្រមព្រៀង។ ប៉ូលិស​ក៏​មិន​ធ្លាប់​បានលើកឡើង​ការចោទប្រកាន់​ណាមួយ​ឡើយ ទាក់ទង​នឹង​រឿងក្ដី​នេះ។

    យោងតាម​សម្ដី​របស់ Mayora កីឡាករ Ronaldo បាន​រំលោភបំពាន​ផ្លូវភេទ​លើ​នាង​នៅ Palms Casino Resort ក្នុង​ទីក្រុង Las Vegas កាលពី​ខែមិថុនា 2009 ពេល​កីឡាករ​នេះ​កំពុង​ទាត់​ឱ្យ Man Utd។ ឆ្នាំ 2010 Mayorga បាន​យល់ព្រម​ទទួលយក​ប្រាក់ 375,000 ដុល្លារ​ពី Ronaldo ជា​ថ្នូរ​នឹង​ការយល់ព្រម​រក្សា​ការសម្ងាត់​នេះ។

    Roanldo (ឆ្វេង) ក្នុងពេលសប្បាយជាមួយ Mayorga នៅក្នុងក្លឹបរាត្រី Rain

    ក៏ប៉ុន្តែ មកដល់​ឆ្នាំ 2018 ស្រី​ស្អាត​ជនជាតិ​អាម៉េរិក​ខាងលើ​ក៏បាន​ប្រែ​ក្រឡាស់ និង​បានដាក់​ពាក្យបណ្ដឹង​ឡើង​តុលាការ​នៅ Las Vegas។ ក្រុម​មេធាវី​របស់ Mayorga យល់ថា កូនក្ដី​របស់ខ្លួន​ចុះហត្ថលេខា​ជាមួយ Ronaldo ក្នុងស្ថានភាព «ស្មារតី​មិនធម្មតា» និង​ត្រូវ​បង្ខំ។

    ដូច្នេះហើយ Mayorga ក៏​ទាមទារ​សំណង​ជំងឺ​ចិត្ត​ក្នុង​រយៈពេល​ជាង 10 ឆ្នាំ ចំនួន 78 លាន​ដុល្លារ​អាម៉េរិក​ពី Ronaldo ក្រោយពី Football Leaks បង្ហើប​ឱ្យដឹង​អំពី​ការទាក់ទង​គ្នា​រវាង​មេធាវី​របស់ Ronaldo។ ខែមិថុនា 2022 ចៅក្រម​ខណ្ឌ Jennifer Dorsey បាន​ច្រានចោល​សំណើ​នេះ។

    ក្រុម​មេធាវី​របស់ Ronaldo និយាយ​ច្រើនដង​ហើយ​ថា ឯកសារ​នានា​ដែល​ដើមបណ្ដឹង​ប្រមូលបាន​គឺ​ក្លែងក្លាយ និង​ធ្វើឡើង​ក្នុង​បំណង​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់​កូនក្ដី​របស់ខ្លួន។ ដូច្នេះ​ភាគី​ខាង Ronaldo ក៏​ទាមទារ​សំណង 609,680 ដុល្លារ​ដែល​បាន​ចំណាយ​លើ​រឿងក្ដី ពី​មេធាវី Leslie Stovall និង​ក្រុម​មេធាវី​របស់ Mayorga។

    Kathryn Mayorga បច្ចុប្បន្ន​មាន​អាយុ 40 ឆ្នាំ

    ប៉ុន្តែ ចៅក្រម Dorsey បានសម្រេច​ចិត្ត​បង្គាប់​ឱ្យ Stovall និង​សហការី បង់ប្រាក់​សំណង​ត្រឹម​ពាក់កណ្ដាល​នៃ​ការទាមទារ​ខាងលើ ព្រោះ​យល់ថា Ronaldo គួរ​ណាស់​តែ​ធ្វើ​សកម្មភាព​ឱ្យបាន​ឆាប់​ដើម្បី​ឆ្លើយតប​នឹង​ពាក្យបណ្ដឹង។

    កាលពី​អំឡុងពេល​កើតហេតុ Ronaldo (មាន​វ័យ​ទើបតែ 24 ឆ្នាំ និង​ទាត់​ឱ្យ​ក្លឹប Man Utd ជា​លើកដំបូង) ទៅ​លំហែកាយ​នៅ Las Vegas ជាមួយនឹង​បងថ្លៃ និង​ប្អូនជីដូនមួយ។ ចំណែក Mayorga ដែល​កាលណោះ​មាន​វ័យ 25 ឆ្នាំ ក៏​ទើប​ចូលប្រលូក​ក្នុង​វិស័យ​ដើរ​ម៉ូដ និង​កំពុងធ្វើការ​ក្នុង​ក្លឹប​រាត្រី Rain ខាងក្នុង Palms Casino Resort។ ពួកគេ​បាន​ជួបគ្នា​នៅ​ទីតាំង VIP របស់​រី​សត​នេះ៕

  • ប្រទេស​ថៃ ជំរុញ​ការសាងសង់ «ទីក្រុង​អាកាសចរណ៍» តម្លៃ 8.8 ពាន់​លាន​ដុល្លារ​អាម៉េរិក

    ប្រទេស​ថៃ ជំរុញ​ការសាងសង់ «ទីក្រុង​អាកាសចរណ៍» តម្លៃ 8.8 ពាន់​លាន​ដុល្លារ​អាម៉េរិក

    រាជរដ្ឋាភិបាល​ថៃ​នឹង​ចាប់ផ្ដើម​ដំណើរការ​សាងសង់​ទីក្រុង​អាកាសចរណ៍​នៅ​ភាគ​ខាងកើតប្រទេស តម្លៃ 290 ពាន់​លាន​បាត ដែល​ប្រហែល​នឹង 8.8 ពាន់​លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ឆ្នាំនេះ។

    គម្រោង​នេះ​នឹង​ធ្វើឱ្យ​ព្រលានយន្តហោះ U-Tapao ក្នុង​ខេត្ត​ជាប់​សមុទ្រ Rayong នៅ​ភាគ​ខាងកើត​ ក្លាយ​ជា​អាកាសយានដ្ឋាន​អន្តរជាតិ​ដ៏​ធំ​មួយ​របស់​ប្រទេស​នេះ។ ព្រលានយន្តហោះ​ U-Tapao ​នឹង​ត​ភ្ជាប់ជាមួយ​​ព្រលានយន្តហោះ​អន្តរជាតិ​​ទីពីរ Don Muang និង​​​ព្រលានយន្តហោះអន្តរជាតិ​ទីមួយ​​ Suvarnabhumi នៅ​រាជធានី​បាងកក។

    គម្រោង​នេះ​នឹង​ស្ថិតនៅលើ​តំបន់​ដែលមាន​ទំហំ​ជាង 1,040 ហិកតា និង​មាន​ស្ថានីយ​អ្នកដំណើរ ឃ្លាំងទំនិញ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ផ្នែក​អាកាសចរណ៍ និង​មជ្ឈមណ្ឌល​ថែទាំ ជួសជុល​យន្តហោះ។

    អាជ្ញាធរ​ថៃ​បានឱ្យដឹងថា ក្នុង 5 ឆ្នាំ​ដំបូង គម្រោង​នេះ​នឹង​ផ្ដល់​ការងារ​ប្រមាណ 15,000 កន្លែង និង​ជំរុញ​កំណើន​សម្រាប់​វិស័យ​អាកាសចរណ៍​របស់​ប្រទេស​នេះ។ នេះ​គឺជា​គម្រោង​រដ្ឋ-ឯកជន ហើយ​បើ​តាម​ផែនការ​នឹង​ទាក់ទាញ​ទេសចរ​បរទេស​ក្នុង​តំបន់​បានកាន់​តែ​​ច្រើន​ថែមទៀត។

    នៅក្នុង​គម្រោង​ខាងលើ​នេះដែរ ព្រមាន​យន្តហោះ​អន្តរជាតិ U-Tapao នឹង​ត្រូវបាន​អភិវឌ្ឍ​ដើម្បី​អាច​ទទួលភ្ញៀវ​ចាប់ពី 60 លាន ទៅ 75 លាន​នាក់​ជា​រៀងរាល់ឆ្នាំ៕

  • វិធី​ពិនិត្យមើល​ពិន្ទុ​ក្នុង​បណ្ណ​បើកបរ​យានយន្ត ដោយ​ស្កេ​ន QR Code លើ​បណ្ណ​បើកបរ…

    វិធី​ពិនិត្យមើល​ពិន្ទុ​ក្នុង​បណ្ណ​បើកបរ​យានយន្ត ដោយ​ស្កេ​ន QR Code លើ​បណ្ណ​បើកបរ…

    ដើម្បី​អាច​ពិនិត្យមើល​ពិន្ទុ​ក្នុង​បណ្ណ​បើកបរ​យានយន្ត ម្ចាស់​កម្មសិទ្ធិ​ត្រូវ​ស្កេ​ន QR Code លើ​បណ្ណ​បើកបរ ឬ​ចូលទៅ​កាន់​គេហទំព័រ  https://point.mpwt.gov.kh នេះ​បើតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ក្នុងករណី​បណ្ណ​បើកបរ​ដែល​គ្មាន QR Code  លោកអ្នក​ចូលទៅ​កាន់​គេហទំព័រ https://point.mpwt.gov.kh រួច​បំពេញ​ឈ្មោះ​ជា​អក្សរ​ឡាតាំង លេខ​សម្គាល់​បណ្ណ​បើកបរ ថ្ងៃ-ខែ-ឆ្នាំ​កំណើត រួច​ចុច​ពិនិត្យ​ពិន្ទុ នោះ​លោកអ្នក និង​ឃើញ​ពិន្ទុ​បណ្ណ​បើកបរ​ដូចគ្នា។

    សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​បើកបរ​ដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​សុខ​សុ​វត្តិភាព​របស់​យើង​ទាំង​គ្នា។

  • ទីក្រុង​របស់​ប្រទេស​ចិន ឧបត្ថម្ភ​ប្រាក់ 1,500 ដុល្លារ​ ដើម្បី​លើកទឹកចិត្ត​ប្រជាជន​ប្រើ​រថយន្ត​អគ្គិសនី

    ទីក្រុង​របស់​ប្រទេស​ចិន ឧបត្ថម្ភ​ប្រាក់ 1,500 ដុល្លារ​ ដើម្បី​លើកទឹកចិត្ត​ប្រជាជន​ប្រើ​រថយន្ត​អគ្គិសនី

    គោលការណ៍​ឧបត្ថម្ភ​​ប្រាក់​​របស់​ប្រទេស​ចិន​សម្រាប់​ការទិញ​រថយន្ត​អគ្គិសនី​បាន​អស់​សុពលភាព​តាំងពី​ចុងឆ្នាំ 2022 ប៉ុន្តែ​បច្ចុប្បន្ន​មាន​​តំបន់​មូលដ្ឋាន​ជាច្រើន​នៅ​តែ​រក្សា​គោល​នយោបាយ​នេះ​ដូចដើម។

    ថ្មីៗនេះ អាជ្ញាធរ​ក្រុង​សៀង​ហៃ បានប្រកាសថា ទីក្រុង​នេះ​នឹង​ការកែប្រែ​ខ្ទង់​ប្រាក់​ជំនួយ​ដើម្បី​បន្ត​ជំរុញ​ការប្រើប្រាស់​ផលិតផល​ចាំបាច់ និង​រថយន្ត​ដែល​ប្រើ​​ថាមពល​អគ្គិសនី​ជាដើម។

    នៅ​សៀង​ហៃ អតិថិជន​ទិញ​រថយន្ត​អគ្គិសនី​មុន​ថ្ងៃទី 30 មិថុនា 2023 នឹង​ទទួលបាន​ខ្ទង់​ប្រាក់​ជំនួយ 10,000 យុន (1,500 ដុល្លារ​អាម៉េរិក) សម្រាប់​មួយគ្រឿង។ គម្រោង​ឧបត្ថម្ភ​លើកដំបូង​របស់​ទីក្រុង​សៀង​ហៃ​នេះ នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី 01 កុម្ភៈ 2023 រហូតដល់​ថ្ងៃទី 31 ធ្នូ 2023។

    នៅ​ប្រទេស​ចិន ថ្វីបើ​កញ្ចប់​ជំនួយ​របស់​រដ្ឋបាល​ថ្នាក់​ជាតិ​​សម្រាប់​ការទិញ​រថយន្ត​អគ្គិសនី​មិនទាន់​ត្រូវបាន​ពន្យារ​សុពលភាព ប៉ុន្តែ​ទីក្រុង​ជាច្រើន​របស់​ប្រទេស​នេះ​នៅ​តែ​បន្ត​​រក្សា​​សុពលភាព​នៃ​កញ្ចប់​ឧបត្ថម្ភ​របស់​ពួកគេដដែល ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​មូលដ្ឋាន៕