Author: សឿន សំណាង

  • គម្រោង​បង្កើត​រោងចក្រ​ថ្មី​ចំនួន​បី​នៅ​កម្ពុជា មាន​ទុន​​​សរុប​ជាង 17 លាន​ដុល្លារ ទទួលបាន​ការចុះបញ្ជី

    គម្រោង​បង្កើត​រោងចក្រ​ថ្មី​ចំនួន​បី​នៅ​កម្ពុជា មាន​ទុន​​​សរុប​ជាង 17 លាន​ដុល្លារ ទទួលបាន​ការចុះបញ្ជី

    គណៈកម្មាធិការ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​បី ដែលមាន​ទុនវិនិយោគ​សរុប ប្រមាណ 17.6 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ជាង 4,400 កន្លែង។

    ក្នុងការ​វិនិយោគ​ថ្មី​នេះ មាន​គម្រោង​ពីរ​ស្ថិតនៅក្នុង​ខេត្តកំពង់ស្ពឺ និង​មួយ​ស្ថិតក្នុង​ខេត្តតាកែវ៖

    គម្រោង PENGJIAO (CAMBODIA) INDUSTRIAL CO., LTD នឹង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សំរោង ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ ក្នុង​ទុនវិនិយោគ​ប្រមាណ 7 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 3,258 កន្លែង។

    គម្រោង ZHONG SHAN TENG FEI (CAMBODIA) PACKAGING MATERIAL CO., LTD គ្រោង​នឹង​បង្កើត​រោងចក្រ​ផលិត​សម្ភា​រៈវេច​ខ្ចប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទួលសំបូរ ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.5 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,076 កន្លែង។

    គម្រោង SSH CB SUSTAINABLE FASHION CO., LTD គ្រោង​នឹង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​សាលា ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.1 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 2,148 កន្លែង។

  • ដើម្បី​ភរិយា​និង​កូន Messi មានការ​សម្រេចចិត្ត​សំខាន់​ស្ដីពី​ក្លឹប​អនាគត

    ដើម្បី​ភរិយា​និង​កូន Messi មានការ​សម្រេចចិត្ត​សំខាន់​ស្ដីពី​ក្លឹប​អនាគត

    នៅក្នុង​ស្ថានភាព​ដែល​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប PSG នឹង​ត្រូវអស់​សុពលភាព​នៅ​ចុងរដូវ​កាល​នេះ Lionel Messi នឹងត្រូវ​ប្រញាប់​សម្រេច​ចិត្ត​ក្នុងការ​ជ្រើសរើស​ក្រុមបាល់ទាត់​អនាគត។

    Messi កំពុងស្ថិត​ក្នុងដំណាក់កាល​ចុងក្រោយ​នៃ​កិច្ចសន្យា​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​ក្លឹប​បារាំង PSG កាលពី​ឆ្នាំ 2021។ ដំណើរការ​នៃ​ការពន្យារ​សុពលភាព​បាន​ឈាន​ចូលដល់​ដំណាក់កាល​សំខាន់ ដែល​បានចាប់ផ្ដើម​ការចរចា​កាលពី​ដើមខែ​នេះ ប៉ុន្តែ​មិនទាន់បាន​ជោគជ័យ។

    នេះ​ក៏​ជា​ពេលដែល Messi អាច​ចរចា​ជាមួយ​ក្លឹប​ដទៃ​ដោយ​សេរី។ ចំណែក​បណ្ដា​ក្លឹប​ក៏មាន​ឱកាស​ច្រើន​ក្នុងការ «ចាប់យក» កំពូល​តារាបាល់ទាត់​ពិភពលោក​នេះ។ យោងតាម​ប្រភពព័ត៌មាន​នៅ​អឺរ៉ុប មិន​ត្រឹមតែ​ក្លឹប​ចាស់ Barca នោះទេ ក្លឹប​ជាច្រើន​ក្រៅ​អឺរ៉ុប មានដូចជា Inter Miami (សហរដ្ឋ​អាម៉េរិក) របស់ Beckham ឬ Al Hilal (អា​រ៉ា​ប៊ី​សា​អូឌីត) ជាដើម ក៏​កំពុង​ចាប់អារម្មណ៍​លើ Messi។

    ទោះជា​យ៉ាងណាក៏ដោយ ថ្មីៗនេះ ប្រភពព័ត៌មាន​ដែល​ស្និទ្ធ​នឹង El Pulga (Messi) បានបញ្ជាក់​អំពី​បញ្ហា​នេះ។ ជាក់ស្ដែង អ្នកយកព័ត៌មាន Gaston Edul របស់ TyC Sport Argentina ជា​អ្នក​ធ្លាប់​សម្ភាស​ជាមួយ Messi ជា​ញឹកញាប់ បានឱ្យដឹងថា លទ្ធភាព​ដែលថា M10 នឹង​ចាក​ចេញពី​អឺរ៉ុប គឺជា​មាន​កម្រិត​ទាប​ណាស់។

    Edul ជឿថា Messi នឹង​ជ្រើសរើស​តែ PSG ឬ Barca ប៉ុណ្ណោះ។ ដោយសារ​កត្តា​គ្រួសារ Messi នឹងមិន​ទៅ​ទាត់​ឱ្យ​ក្លឹប​នៅ​ខាងក្រៅ​អឺរ៉ុប​ឡើយ។ ជាង​នេះ អំឡុងពេល​បច្ចុប្បន្ន ក្រុម​អ្នកគ្រប់គ្រង​របស់ Messi ក៏​ចរចា​ជាមួយ​តែ​ក្លឹប PSG ប៉ុណ្ណោះ ខណៈដែល Barca មិន​ធ្លាប់មាន​សំណើ​ចរចា​ជា​ផ្លូវការ​ណាមួយ​ឡើយ។

    ថ្វីបើ​មាន​ពាក្យ​ចចាមអារ៉ាម​ស្ដីពី​ទំនោរ​ចាក​ចេញពី​ប៉ារីស​នៅ​ចុងរដូវ​កាល ប៉ុន្តែ​បើ​គិត​ជារួម ការ​ស្ថិតនៅ PSG ទំនងជា​ល្អ​បំផុត​សម្រាប់ Messi។ ព្រោះថា PSG សន្យាថា​នឹង​រក្សា​ប្រាក់បៀវត្សរ៍ 41 លាន​អឺរ៉ូ/រដូវ សម្រាប់​កីឡាករ​រូបនេះ។ សំខាន់​ជាង​នេះ គឺថា គ្រួសារ​របស់ M10 ក៏​កំពុងមាន​សុភមង្គល និង​រស់នៅ​យ៉ាង​រីករាយ​ជាមួយ​ជីវភាព​នៅ​ប្រទេស​បារាំង៕

  • អាម៉េរិក ជប៉ុន និង​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​ប្រឆាំង​មី​ស៊ី​ល​ប្លោង​របស់​កូរ៉េខាងជើង

    អាម៉េរិក ជប៉ុន និង​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​ប្រឆាំង​មី​ស៊ី​ល​ប្លោង​របស់​កូរ៉េខាងជើង

    នាវាចម្បាំង​របស់​អាម៉េរិក ជប៉ុន និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​ប្រឆាំង​មី​ស៊ី​ល​ដើម្បី​ឆ្លើយតប​នឹង​ករណី​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល និង​​រ៉ុក្កែត​​​កាលពីពេលថ្មីៗនេះ។

    នាវា​ពិឃាត USS Barry របស់​សហរដ្ឋ​អាម៉េរិក, ​Sejong របស់​កូរ៉េខាងត្បូង និង JS Atago របស់​ជប៉ុន កាលពី​ថ្ងៃទី 22 កុម្ភៈ បាន​ចូលរួម​សមយុទ្ធ​យោធា​នៅលើ​សមុទ្រ​ជប៉ុន។ សមយុទ្ធ​នេះ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅកាន់​កូរ៉េខាងជើង​ដែល​បាន​បាញ់​មី​ស៊ី​ល​ប្លោង​អន្តរទ្វីប (ICBM) Hwasong-15 កាលពី​ថ្ងៃទី 18 កុម្ភៈ និង​រ៉ុក្កែត​ប្រឆាំង​នាវា​ពិឃាត​កាលពី​ថ្ងៃទី 20 កុម្ភៈ។

    ក្រោយ​ការបាញ់​មី​ស៊ី​ល Hwasong-15 របស់​កូរ៉េខាងជើង សហរដ្ឋ​អាម៉េរិក​ក៏បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B ចំនួន​ 2 ​គ្រឿង​មកកាន់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី 19 កុម្ភៈ។ យន្តហោះ​ចម្បាំង F-35A និង F-15K របស់​កូរ៉េខាងត្បូង រួម​នឹង​ F-16 របស់​អាម៉េរិក បាន​អមដំណើរ​យន្តហោះ B-1B នៅលើ​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស (ADIZ) របស់​កូរ៉េខាងត្បូង។ ចំណែក​ក្រសួងការពារជាតិ​ជប៉ុន ក្រោយមក​ក៏បាន​ប្រកាសថា យន្តហោះ​ចម្បាំង F-15 ចំនួន​ 3 ​គ្រឿង​របស់​ប្រទេស​នេះ និង F-16 ចំនួន​ 4 ​គ្រឿង​របស់​អាម៉េរិក ធ្វើ​សមយុទ្ធ​ជាមួយនឹង B-1B នៅលើ​សមុទ្រ។

    កូរ៉េខាងត្បូង កាលពី​ថ្ងៃទី 16 កុម្ភៈ 2023 បាន​បញ្ចេញ​សៀវភៅ​ស​ការពារជាតិ​ឆ្នាំ 2022។ ក្នុង​សៀវភៅ​នេះ កូរ៉េខាង​ត្បូង​បាន​​​ហៅ​កូរ៉េខាងជើង​ថា «សត្រូវ» ជា​លើក​ដំបូង​ក្រោយ​រយៈពេល 6 ឆ្នាំ​កន្លងមក​នេះ។ នេះ​គឺជា​សញ្ញា​បង្ហាញថា ទីក្រុង​សេ​អ៊ូ​ល​ចាប់ផ្ដើម​តឹងរឹង​ជាង​មុន​ចំពោះ​ទីក្រុង​ព្យុងយ៉ាង៕

  • រកឃើញដុំបាល់ដែកទំហំជាង 600 គីឡូម៉ែត្រនៅកណ្ដាលស្នូលផែនដី

    រកឃើញដុំបាល់ដែកទំហំជាង 600 គីឡូម៉ែត្រនៅកណ្ដាលស្នូលផែនដី

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​វត្តមាន​របស់​ដុំ​បាល់​ដែក nickel មួយ​យ៉ាង​ធំ​នៅក្នុង​ផែនដី តាមរយៈ​ការពិនិត្យ​លើ​ទិន្នន័យ​ដែល​បាន​រក​ពី​រលក​រញ្ជួយ​ដី។

    នៅ​ខាងក្រោម​សម្បក​ផែនដី គឺមាន​ស្រទាប់​កណ្ដាល ស្នូល​ខាងក្រៅ​ដែល​ក្ដៅ​រលាយ ស្នូល​ខាងក្នុង​ដែលជា​ដែក​រឹង​របស់​ផែនដី។ ក៏ប៉ុន្តែ​ស្នូល​ខាងក្នុង​ដែលជា​ដែក​រឹង​នេះ​នៅមាន​ស្នូល​ខាងក្នុង​បង្អស់​មួយ​ស្រទាប់​ទៀត នេះ​បើតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​ដែល​បានប្រកាស​កាលពី​ថ្ងៃទី 21 កុម្ភៈ លើ​ទស្សនាវដ្ដី Nature Communications។

    អ្នកវិទ្យាសាស្ត្រ​ជាច្រើន កាលពី​ប្រហែល 20 ឆ្នាំមុន បាន​សង្ស័យថា ស្នូលផែនដី​មាន​ស្រទាប់​មួយ​ផ្សេងទៀត​ដែល​ពិបាក​រកឃើញ។ ពេលនេះ ដោយ​ការប្រើប្រាស់​ទិន្នន័យ​ដែល​ប្រមូលបាន​ពី​រលកសញ្ញា​នៃ​ហេតុការណ៍​រញ្ជួយ​ដី អ្នកវិទ្យាសាស្ត្រ​ក៏បាន​រកឃើញ​ស្រទាប់​ក្នុង​បង្អស់។

    ការរកឃើញ​ស្រទាប់​ថ្មី​នៅក្នុង​ជម្រៅ​ជាង 1,600 គីឡូម៉ែត្រ​ក្រោម​ដី និង​ទំហំ​ប្រហែល 644 គីឡូម៉ែត្រ​នេះ គឺ​ពិត​ជាមាន​សារសំខាន់។ វា​បង្ហាញថា ផែនដី​មាន 5 ស្រទាប់សំខាន់ៗ មិនមែន 4 នោះទេ។ របកគំហើញ​នេះ​ក៏​នឹង​ជួយ​ដល់​អ្នក​វិទ្យា​សស្ត្រ​ស្វែងយល់​បន្ថែម​ពី​ដែនម៉ាញេទិច និង​ការវិវត្ត​របស់​វា រួម​នឹង​អាថ៌កំបាំង​នានា​របស់​ផែនដី ក៏ដូចជា​ការកកើត និង​ការវិវត្ត​របស់​ពិភព​ដទៃ៕

  • ក្រុមហ៊ុនថ្មីមួយចង់ធ្វើឱ្យឥណ្ឌាទៅជាកន្លែងផលិតរថយន្តអគ្គិសនីធំជាងគេលើលោក

    ក្រុមហ៊ុនថ្មីមួយចង់ធ្វើឱ្យឥណ្ឌាទៅជាកន្លែងផលិតរថយន្តអគ្គិសនីធំជាងគេលើលោក

    ក្រុមហ៊ុន​មួយ​ដែលមាន​ដើមកំណើត​ពី​ភ្នាក់ងារ​ហៅ​រថយន្ត​តាក់ស៊ី​កំពុង​រៀប​ផែនការ​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី និង​ម៉ូតូ​អគ្គិសនី​ ក្នុង​ទ្រង់​ទ្រាយ​ធំ​នៅ​ឥណ្ឌា។

    យោងតាម Bloomberg ក្រុមហ៊ុន Ola Electric Mobility មាន​គម្រោង​សាងសង់ «មជ្ឈមណ្ឌល​រថយន្ត​អគ្គិសនី​ធំ​បំផុត​លើ​លោក» ដោយមាន​ទុនវិនិយោគ 76.1 ពាន់​លាន​រូពី (ប្រហែល 918.3 ពាន់​លាន​ដុល្លារ​អាម៉េរិក)។

    ក្នុង​ប្រកាសកាល​ពី​ពេល​ថ្មីៗ​នេះ Ola ឱ្យដឹងថា មជ្ឈមណ្ឌល​នេះ​នឹងមាន​ទំហំ​ប្រហែល 809 ហិកតា នៅក្នុង​រដ្ឋ Tamil Nadu ភាគខាងត្បូង​ប្រទេស​ឥណ្ឌា។ នេះ​នឹង​ក្លាយជា​កន្លែង​ផលិត​ម៉ូតូ​អគ្គិសនី រថយន្ត​អគ្គិសនី និង​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​យាន​យន្ត​​អគ្គិសនី។ ក្រៅពីនេះ មជ្ឈមណ្ឌល​ខាងលើ​ក៏​នឹងមាន​ឧទ្យាន និង​ផ្ទះ​សម្រាប់​កម្មករ​ស្នាក់នៅ​ផងដែរ។ ក្រុមហ៊ុន​ឥណ្ឌា​នេះ​គ្រោង​នឹង​ផលិត​ទ្រង់ទ្រាយ​ធំ​នូវ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​ចាប់ពី​ចុងឆ្នាំ​នេះ។

    ក្រៅពី​ Ola នៅ​មាន​ក្រុមហ៊ុន Reliance Industries របស់​មហាសេដ្ឋី Mukesh Ambani និង​ក្រុមហ៊ុន Rajesh Exports ជា​ដើម​ក៏​នឹង​ទទួលបាន​អត្ថប្រយោជន៍​ទៅតាម​កម្មវិធី​ដែលមាន​តម្លៃ 2.3 ពាន់​លាន​ដុល្លារ​អាម៉េរិក​របស់​រដ្ឋា​ភិ​បាល​ឥណ្ឌា ដើម្បី​អភិវឌ្ឍ​ថ្ម​ផ្ទុក​ថាមពល​ទំនើប។

    កាលពី​ឆ្នាំមុន Ola បានឱ្យដឹងថា ថ្ម​ប្រភេទ​លី​ចូ​ម (Lithium-ion) ដំបូង​ត្រូវបាន​អភិវឌ្ឍ​នៅក្នុង​មជ្ឈមណ្ឌល​ផលិត​ថ្ម​របស់ខ្លួន​នៅ Bengaluru ជាទី​ដែល​ក្រុមហ៊ុន​នេះ​បាន​វិនិយោគ 500 លាន​ដុល្លារ។

    លោក Bhavish Aggarwal ដែលជា​ស្ថាបនិក​ក្រុមហ៊ុន Ola បាន​បង្ហើប​ឱ្យដឹងពី​គម្រោង​ចូលរួម​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​កាលពីដើម​សប្ដាហ៍​នេះ ដើម្បី​ប្រកួតប្រជែង​ជាមួយ Tata Group និង Hyundai Motor ឬ Tesla ជាដើម។

    អ្នកជំនួញ​វ័យ 36 ឆ្នាំ​ខាងលើ​ថ្លែងថា Ola កំណត់​គោលដៅ​បញ្ចេញ​រថយន្ត​អគ្គិសនី​ដំបូង​នៅ​រដូវក្ដៅ​ឆ្នាំក្រោយ និង​មានតម្លៃ​ក្រោម 50,000 ដុល្លារ​អាម៉េរិក/គ្រឿង៕

  • អាម៉េរិក​ព្រមាន​អំពី​ «គ្រឿង​ញៀន​ប្រភេទ​ថ្មី​» ដែល​ធ្វើឱ្យ​ «ស្បែ​ក​រលួយ​ស្អុយ»

    អាម៉េរិក​ព្រមាន​អំពី​ «គ្រឿង​ញៀន​ប្រភេទ​ថ្មី​» ដែល​ធ្វើឱ្យ​ «ស្បែ​ក​រលួយ​ស្អុយ»

    មន្ត្រី​អាម៉េរិក​ព្រមាន​ថា បច្ចុប្បន្ន​មាន​ប្រភេទ​ម៉ា​ថ្មី​ដ៏​គួរឱ្យ​បារម្ភ និង​មាន​ឈ្មោះថា xylazine ដែល​អាចធ្វើឱ្យ​ស្បែក​អ្នកប្រើប្រាស់​មាន​ក្លិន​អាក្រក់។

    ក្នុង​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ Tracey McCann រស់នៅក្នុង​រដ្ឋ Philadelphia ត្រូវ​រន្ធត់​ខ្លាំង​នៅពេល​ឃើញ​ស្លាម​ចាក់​គ្រឿងញៀន​ឡើង​រឹង បង្កើតបានជា​ស្រទាប់​ពណ៌​ខ្មៅ ដាច់​រលាត់ និង​មាន​អាការ​ឈឺចាប់។ «ខ្ញុំ​ក្រោក​ពី​ព្រលឹម និង​យំ ព្រោះតែ​ឃើញ​ដៃ​ដូច​ជិត​ស្លាប់» ស្ត្រី​វ័យ 39 ឆ្នាំ រៀបរាប់​កាលពី​ថ្ងៃទី 20 កុម្ភៈ​ដូច្នេះ។

    ដៃ​ដែល​រងរបួស​របស់ McCann ភាយ​ក្លិន​អាក្រក់ ចេញ​ទឹករងៃ រមាស់ និង​ក្ដៅក្រហាយ។ ចុង​ក្រោ​យ នាង​ត្រូវ​ទៅ​ពេទ្យ​ដើម្បីឱ្យ​វេជ្ជបណ្ឌិត​កាត់​សាច់​រលាក​នោះ​ចោល។ ប៉ុន្មាន​ខែក្រោយ​មក McCann បាន​ស្រក​ទម្ងន់​ពី 68 មក​នៅ 40 គីឡូក្រាម។

    នេះ​គឺជា​ផលវិបាក​នៃ​ការចាក់​គ្រឿងញៀន xylazine ក្នុង​រយៈពេល​យូរ។ ក្នុង​តំបន់​ដែល McCann រស់នៅ គេ​ឃើញ​មាន​គ្រឿងញៀន​ប្រភេទ xylazine នេះ​ស្ទើរ​គ្រប់កន្លែង។

    Xylazine ដើមឡើយ​គឺជា​ថ្នាំ​ងងុយដេក ជួយ​កាត់បន្ថយ​ការឈឺចាប់ និង​តែង​ត្រូវបាន​បសុពេទ្យ​ប្រើប្រាស់​សម្រាប់​សត្វ​ចិញ្ចឹម មាន​ជាអាទិ៍ គោ ក្របី និង​សេះ​ជាដើម ដោយ​ស្របច្បាប់ នៅ​សហរដ្ឋ​អាម៉េរិក ប៉ុន្តែ​មិនទាន់​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​សម្រាប់​មនុស្ស ដូច្នេះ​វា​ក៏មាន​វត្តមាន​នៅក្នុង​សង្គម​ងងឹត។

    បច្ចុប្បន្ន អាជ្ញាធរ​គ្រប់គ្រង​អាហារ និង​ឱសថ​អាម៉េរិក (FDA) កំពុង​ស្រាវជ្រាវ​រក​ប្រភព​របស់ xylazine នៅក្នុង​ករណី​អ្នកជំងឺ​ត្រូវ​ចូល​ពេទ្យ ក្នុង​បំណង​ឱ្យដឹង​ច្បាស់​ថា វា​ត្រូវបាន​យក​ពី​ប្រភព​ថ្នាំ​បសុពេទ្យ ឬ​ផលិត​ដោយ​ខុសច្បាប់។

    តាំងពី​ឆ្នាំ 2012 ថ្នាំញៀន xylazine បាន​ក្លាយជា​ផលិតផល​ជំនួស​ឱ្យ heroin និង​ត្រូវបាន​រកឃើញ​នៅក្នុង fentanyl និង cocaine។ Fentanyl ដែល​ប្រើ​ជាមួយ xylazine អាចជួយ​អូសបន្លាយ​ប្រសិទ្ធភាព​របស់​ថ្នាំញៀន។ អ្នកប្រើប្រាស់​គ្រឿងញៀន​ប្រភេទ​នេះ​នឹងមាន​អារម្មណ៍​ដូច​ពាក់កណ្ដាល​រលឹក ពាក់កណ្ដាល​សន្លប់។ ប៉ុន្តែ នៅពេល​ចាក់​ថ្នាំញៀន​នេះ​ចូលទៅក្នុង​ស្បែក វា​នឹងធ្វើ​ឱ្យមាន​ស្នាមរបួស​ស្ងួត​រឹង​នៅលើ​ស្បែក ហើយ​របួស​នេះ​នឹង​រីក​ទៅតាម​ពេលវេលា។ បើសិន​មិនបាន​ព្យាបាល​ទាន់ពេល វា​នឹង​ទៅជា​ស្អុយរលួយ និង​ត្រូវ​កាត់​សាច់​នោះ​ចោល។

    ការ​បន្សាប​អាការ​ញៀន​ថ្នាំ xylazine មិនមែនជា​រឿង​ងាយស្រួល​សោះឡើយ។ អ្នកជំងឺ​ត្រូវ​ឈឺចាប់​មួយ​ចំហៀង​ក្បាល ​ភ្នែកប្រែជា​ស្រ​វាំង​ ក្អួតចង្អោរ ស្ពឹក​ម្រាម​ដៃជើង បែកញើស និង​ថប់​អារម្មណ៍៕

  • ពេលចាក​ចេញពី​ក្លឹប​បារាំង ម្ចាស់​ជើង​ឯក World Cup 2022 នឹង​ជ្រើសរើស​គោលដៅ​ថ្មី​សម្រាប់​ការចូលនិវត្តន៍

    ពេលចាក​ចេញពី​ក្លឹប​បារាំង ម្ចាស់​ជើង​ឯក World Cup 2022 នឹង​ជ្រើសរើស​គោលដៅ​ថ្មី​សម្រាប់​ការចូលនិវត្តន៍

    ពេល​ចាក​ចេញពី PSG កីឡាករ​កំពូល​របស់​ពិភពលោក Messi ចង់ទៅ​ទាត់​ឱ្យ Inter Miami ហើយ​ចូលនិវត្តន៍​នៅទីនេះ។

    ក្លឹប​បារាំង PSG បច្ចុប្បន្នកំពុង​ប្រឹងប្រែង​បញ្ចុះបញ្ចូល Messi ឱ្យ​ចុះ​កិច្ចព្រមព្រៀង​ថ្មី ប៉ុន្តែ យោងតាម​ទំព័រ L’Equipe ម្ចាស់​ជើងឯក World Cup 2022 ពីមួយថ្ងៃ​ទៅមួយថ្ងៃ កាន់តែ​ទោរទន់​ទៅរក​ការចាកចេញ​ពី​កីឡដ្ឋាន Le Parc des Princes តាម​ទម្រង់​ដោះដូរ​ដោយ​សេរី​នៅ​រដូវក្ដៅ​ឆ្នាំ 2023 នេះ។

    បច្ចុប្បន្ន ក្រៅពី PSG ក្លឹប Man City, Chelsea និង​ក្រុមបាល់ទាត់ធំៗមួយចំនួនទៀត​នៅ​អឺរ៉ុប ក៏មាន​បំណង​ទិញយក​កំពូល​តារាបាល់ទាត់​ជនជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ផងដែរ។ ក៏ប៉ុន្តែ ប្រភពព័ត៌មាន​ខាងលើ​បាន​អះអាងថា Lionel Messi ចង់ទៅ​ទាត់​ឱ្យ Inter Miami ហើយ​ចូលនិវត្តន៍​នៅទីនេះ ជាជាង​ការបន្ត​ទាត់​ឱ្យ PGS ឬ​ក្លឹប​ដទៃទៀត៕

  • មតិ​ចម្រូងចម្រាស​ស្ដីពី​ការស្លាប់​របស់​តួអង្គ Jack ក្នុង​រឿង «Titanic» នៅ​តែ​បន្ត​កើត​មាន

    មតិ​ចម្រូងចម្រាស​ស្ដីពី​ការស្លាប់​របស់​តួអង្គ Jack ក្នុង​រឿង «Titanic» នៅ​តែ​បន្ត​កើត​មាន

    អ្នកដឹកនាំ​រឿង​របស់ «Titanic» បាន​ទទួលស្គាល់ថា តួអង្គ Jack អាច​នៅ​មាន​ជីវិត បន្ទាប់ពី​បាន​បង្កើត​​ឡើង​វិញ​នូវ​ស្ថានការណ៍​ដូច​ទៅ​នឹង​ឈុត​ឆាក​ក្នុង​ខ្សែភាពយន្ត​​។

    យោងតាម​ទំព័រ Complex ការជជែក​គ្នា​អំពី​ការស្លាប់​របស់ Jack បានអូសបន្លាយ​ពេល​ពេញ 25 ឆ្នាំ ធ្វើឱ្យ​អ្នក​ដឹក​រឿង James Cameron ត្រូវ​ចេញមុខ​បកស្រាយ​ជាច្រើនលើក។ កាលពី​ឆ្នាំ 2019 លោក James បាន​ប្រាប់​ទំព័រ The Toronto Sun ថា ការស្លាប់​របស់ Jack (សម្ដែង​ដោយ Leonardo DiCaprio) គឺជា «ជម្រើស​សិល្បៈ» មិនទាន់​ទង​នឹង​កត្តា​រូបវិទ្យា​ឡើយ។ «គាត់​ត្រូវតែ​ស្លាប់។ ដូច​ទៅនឹង Romeo និង Juliet។ នេះ​គឺជា​ភាពយន្ត​ស្ដីពី​ស្នេហា ការលះបង់ និង​ការស្លាប់។ ស្នេហា​ត្រូវបាន​គណនា​ដោយ​ការលះបង់» លោក James Cameron ថ្លែង​ដូច្នេះ។

    ក្នុងឱកាស​ខួប 25 ឆ្នាំ​នៃ​ការបង្ហាញ​វត្តមាន​របស់​ភាពយន្ត Titanic លោក James Cameron បាន​យល់ព្រម​ចូលរួម​ក្នុង​ការពិសោធ​អំពី​ឱកាស​នៃ​ការរស់រានមានជីវិត​របស់​តួអង្គ Jack។ ដោយមាន​ការចូលរួម​របស់​ក្រុម​អ្នកស្រាវជ្រាវ​អំពី​ឥទ្ធិពល​នៃ​ភាព​ត្រជាក់​ទៅលើ​រាងកាយ​មនុស្ស ក្រុម​ផលិត​ភាពយន្ត​បាន​បង្កើត​បន្ទះ​​ក្ដារ​អណ្ដែត​ដូច​ក្នុង​រឿង Titanic និង​ជួល​អ្នក​សម្ដែង​ពីរ​នាក់​ដែលមាន​អាយុ កម្ពស់ ​ទម្ងន់ និង​ស្លៀក​ពូក​ដូច​ទៅនឹង Jack និង Rose ហើយ​ធ្វើ​ត្រាប់​តាម​សកម្មភាព និង​សម្ដី​ដូច​ក្នុង​ភាពយន្ត​នេះ។

    បន្ទាប់​ពី​បាន​ធ្វើ​ការ​ពិសោធ អ្នក​ដឹក​រឿង Titanic លោក James Cameron ទទួលស្គាល់​ថា Jack អាច​នៅ​មាន​ជីវិត

    ក្នុងការ​ពិសោធ​ដំបូង Jack និង Rose សុទ្ធតែ​នឹង​ត្រូវ​លិច​ក្នុង​ទឹក បើសិន​ឡើងលើ​បន្ទះក្ដារ​ជាមួយគ្នា។ ក្នុងការ​ពិសោធ​ទី​ពីរ អ្នក​ទាំងពីរ​តោង​បន្ទះក្ដារ និង​បណ្ដែត​ខ្លួន​មួយ​កំណាត់​នៅលើ​ផ្ទៃ​ទឹក។ James Cameron យល់ថា វិធី​នេះ​មិនអាច​ទៅរួច ព្រោះ​ពួកគេ​អស់កម្លាំង​ទៅហើយ​ក្រោយពី​កប៉ាល់​បាន​លិច។ ក្នុងការ​ពិសោធ​ទី​បី Rose យក​​អាវ​ពោង​ឱ្យ Jack ចំណែក​នាង​ឡើង​ទៅលើ​បន្ទះក្ដារ ជួយ​ឱ្យ​កំលោះ​នេះរ​ស់បាន​ច្រើន​ម៉ោង​បន្ថែមទៀត។

    «ស្ថានភាព​របស់​កំលោះ​នេះ​នៅ​ល្អ អាច​រង់ចាំ​រហូត​ដល់​​ទូក​សង្គ្រោះ​មកដល់។ Jack អាច​រស់រានមានជីវិត។ ប៉ុន្តែ​នឹង​នៅមាន​បញ្ហា​ជាច្រើន​ទៀត​ដែល​អាច​នឹង​កើតឡើង» លោក James Cameron និយាយ​ដូច្នេះ និង​បន្តថា Jack អាច​នឹងមិន​ព្រម​ទទួលយក​អាវ​ពោង​ពី Rose ព្រោះ​គិតថា «ខ្ញុំ​នឹងមិន​ធ្វើ​អ្វីដែល​នាំឱ្យ​នាង​ជួប​គ្រោះថ្នាក់»។ ក្រោយពី​បាន​ទទួលស្គាល់ថា Jack មាន​លទ្ធភាព​អាច​​រស់​រាន លោក James Cameron បញ្ជាក់​ថា «ខ្ញុំ​គួរ​ណាស់​តែ​ធ្វើ​បន្ទះក្ដារ​តូច​ជាង​នេះ»។

    ទិដ្ឋភាព​ Jack បាន​ស្លាប់ ខណៈ​ Rose អស់សង្ឃឹម

    ក្នុង​កម្មវិធី podcast Happy Sad Confused កាលពី​ចុងឆ្នាំ​កន្លង ពិធីករ Josh Horowitz បាន​និយាយ​ដល់​ស្ថានការណ៍​ខាងលើ​ជាមួយនឹង​តារា​សម្ដែង​ Kate Winslet ដែល​បាន​សម្ដែង​ជា​​តួអង្គ​ឯក Rose។ ដោយមាន​បទពិសោធន៍​ច្រើន​ទាក់ទង​នឹង​កីឡា​មុជទឹក​សមុទ្រ ជិះ​ស្គី​លើ​រលក​សមុទ្រ អ្នកស្រី Kate Winslet និយាយថា «បើ​សិន​​អ្នក​ដាក់​មនុស្ស​ពីរ​នាក់​ឡើងលើ​បន្ទះក្ដារ វា​នឹង​បាត់បង់​តុល្យភាព​ភ្លាម។ … ខ្ញុំ​ពិតជា​មិន​ជឿថា អ្នក​ទាំងពីរ​នឹង​នៅមាន​ជីវិត បើសិន​ឡើងលើ​បន្ទះក្ដារ​នោះ។

    ឈុតឆាកនៃ​ការ​ស្លាប់​របស់តួអង្គ Jack បន្ទាប់ពី​កប៉ាល់ Titanic បាន​លិច

    នៅលើ​បណ្ដាញ​សង្គម Quora ប្រធានបទ​ស្ដីពី «រឿងរ៉ាវ​អ្វីខ្លះ​នឹង​កើតឡើង​បើសិន Jack មិន​ស្លាប់​ក្នុង​ហេតុ​ការណ៍​លិច​កប៉ាល់ Titanic» បាន​ទាក់ទាញ​មតិ​រាប់​​ពាន់​លើក។ ទស្សនិកជន​ជាច្រើន​ស្រមៃ​ថា គូស្នេហ៍​នេះ​អាច​បែក​​គ្នា​ ដោយសារ Rose រង​សម្ពាធ​ពី​គ្រួសារ វណ្ណៈ​របស់​ពួកគេ​ខុសគ្នា​ឆ្ងាយ ពិសេស​គឺ​នៅពេល Jack ជា​អ្នកក្រ មិនមាន​ប្រាក់​មួយ​សេន​នៅក្នុង​ថង់។ ចំណែក​ទស្សនិកជន​ខ្លះ​ទៀត​ជឿថា Rose មិន​គប់​ខ្សែក​ដែលមាន​តម្លៃ​ខ្ពស់​ចូលទៅក្នុង​សមុទ្រ ប៉ុន្តែ​​ពួកគេ​នឹង​លក់​វា ហើយ​​អាច​រស់នៅ​ជាមួយគ្នា។ ទស្សនិកជន​ភាគច្រើន​យល់ថា បើ​សិន Jack មិន​ស្លាប់ ខ្សែភាពយន្ត​នេះ​នឹង​បាត់បង់​អត្ថន័យ​មួយចំនួន៕

  • អតីតរដ្ឋមន្ត្រី​ប្រឆាំង​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក ត្រូវបាន​កាត់ទោស​ពីបទ​ជួញដូរ​គ្រឿងញៀន

    អតីតរដ្ឋមន្ត្រី​ប្រឆាំង​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក ត្រូវបាន​កាត់ទោស​ពីបទ​ជួញដូរ​គ្រឿងញៀន

    អតីតរដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ Luna ជា​អ្នក​ដែល​ធ្លាប់​ទទួលបន្ទុក​ប្រឆាំង​គ្រឿងញៀន​របស់​ម៉ិ​ក​ស៊ិ​ក ត្រូវបាន​កាត់ទោស​នៅ​តុលាការ​អាម៉េរិក ពីបទ​គប់គិត​​ជាមួយ​ក្រុម​ជួញដូរ​គ្រឿងញៀន។

    ចៅក្រម​តុលាការ​នៅ​ខណ្ឌ New York ខាងកើត​របស់​សហរ​ដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 21 កុម្ភៈ 2023 បានឱ្យដឹងថា គណៈវិនិច្ឆ័យ​បាន​កាត់ទោស​អតីតរដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​ម៉ិ​ក​ស៊ិ​ក លោក Genaro Garcia Luna ដោយសារ​អំពើរួម​គំនិត​គ្នា​ និង​ទទួល​សំណូក​ពី​បណ្ដា​ក្រុម​ជួញដូរ​គ្រឿងញៀន​ក្នុងពេល​កាន់អំណាច។

    លោក Luna អាយុ 54 ឆ្នាំ បាន​កាន់តំណែង​រដ្ឋមន្ត្រី​​ក្រសួង​សន្តិសុខ​សាធារណៈ​ម៉ិ​ក​ស៊ិ​ក​ក្នុង​អាណត្តិ​ពី​ឆ្នាំ 2006 ដល់ 2012 និង​ធ្លាប់​ទទួលបន្ទុក​បង្ក្រាប​គ្រឿងញៀន​នៅ​ប្រទេស​នេះ។ គណៈវិនិច្ឆ័យ​បាន​រកឃើញថា លោក Luna បាន​ចូលរួម​ធ្វើ​សកម្មភាព​នាំចូល រក្សាទុក ចែកចាយ​កូកាអ៊ីន​ទូទាំង​ពិភពលោក និង​ភូតកុហក​តុលាការ។ Luna គឺជា​មេដឹកនាំ​ជាន់ខ្ពស់​បំផុត​ក្នុង​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក ដែល​ត្រូវបាន​កាត់ទោស​នៅ​សហរដ្ឋ​អាម៉េរិក។

    ចៅក្រម​តុលាការ​អាម៉េរិក​គ្រោង​នឹង​ប្រកាស​សាលក្រម​ជំនុំជម្រះ​លើ​លោក Luna នៅ​ថ្ងៃទី 27 មិថុនា​ខាងមុខ ក្រោយ​ការកាត់ទោស​រយៈពេល 4 សប្ដាហ៍។ ជននេះ​កំពុង​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​យ៉ាង​តិច 20 ឆ្នាំ និង​យ៉ាងយូរ​អស់​មួយជីវិត។

    លោក Luna ត្រូវបាន​ចាប់ខ្លួន​នៅ​រដ្ឋ Texas សហរដ្ឋ​អាម៉េរិក កាលពី​ខែធ្នូ 2019

    ក៏ប៉ុន្តែ មេធាវី​របស់លោក Luna បានឱ្យដឹងថា នឹង​ពិចារណា​លើ​ការដាក់​ពាក្យ​ប្ដឹង​​សាទុក្ខ​ទៅកាន់​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​តុលាការ​ប្រកាស​សាលក្រម។

    Jesus Ramirez Cuevas ដែលជា​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក Andres Manuel Lopez Obrador បាន​សរសើរ​ចំពោះ​ការសម្រេច​របស់​តុលាការ​អាម៉េរិក និង​ថ្លែងថា «អំពើ​ឧក្រិដ្ឋ​ប្រឆាំងនឹង​ប្រជាជន​នឹងមិន​ត្រូវបាន​គេ​បំភ្លេចចោល​ឡើយ»។

    លោក Luna ត្រូវបាន​ចាប់ខ្លួន​នៅ​រដ្ឋ Texas សហរដ្ឋ​អាម៉េរិក កាលពី​ខែធ្នូ 2019 ក្រោម​បទ​ចោទ «ទទួល​សំណូក​ច្រើន​ដើម្បីឱ្យ​ក្រុមសង្គមងងឹត «El Chapo» Guzman ដឹកជញ្ជូន​គ្រឿងញៀន​ចូល​ទឹកដី​អាម៉េរិក»៕

  • វត្ថុ​បុរាណ​អាយុកាល​ពីរពាន់​ឆ្នាំ​ត្រូវគេ​សង្ស័យថា​ជា​ឧបករណ៍​​បម្រើ​ផ្លូវភេទ

    វត្ថុ​បុរាណ​អាយុកាល​ពីរពាន់​ឆ្នាំ​ត្រូវគេ​សង្ស័យថា​ជា​ឧបករណ៍​​បម្រើ​ផ្លូវភេទ

    (អង់គ្លេស) – វត្ថុ​បុរាណ​មួយ​ដែលមាន​អាយុកាល​ជិត 2,000 ឆ្នាំ មាន​ប្រវែង​ប្រហែល 16 សង់ទីម៉ែត្រ អាច​ដើរតួនាទី​ជា​ឧបករណ៍​បម្រើ​ផ្លូវភេទ​របស់​ជនជាតិ​រ៉ូមម៉ាំង​​បុរាណ​នៅ​ចក្រភព​អង់គ្លេស។

    វត្ថុ​បុរាណ​នេះ​ត្រូវបាន​ក្រុម​បុរាណ​វិទូ​រកឃើញ​កាលពី​ឆ្នាំ 1992 នៅក្នុង​ប្រឡាយ​មួយ​នៅឯ​បន្ទាយ​រ៉ូ​ម៉ាំង Vindolanda ក្បែរ​រូបសំណាក Hadrian នៅ​ប្រទេស​អង់គ្លេស ដែលជា​សំណង់​បញ្ជាក់​ពី​ព្រំដែន​ភាគ​ពាយព្យ​របស់​ចក្រភព​រ៉ូម។

    វត្ថុ​បុរាណ​​អាយុកាល​ជិត 2,000 ឆ្នាំនេះ ដំបូង​ឡើយ​ត្រូវបាន​គេ​យល់ថា​ជា​ឧបករណ៍​ដេរ​ប៉ាក់។ ក៏ប៉ុន្តែ ក្រោយពី​បាន​ពិនិត្យមើល​យ៉ាង​លំអិត ក្រុម​បុរាណ​វិទូ​សន្និដ្ឋានថា នេះ​គឺជា​លិង្គ​សិប្បនិម្មិត។ វត្ថុ​ចម្លាក់​ដែលមាន​ប្រវែង 160 មិល្លីម៉ែត្រ​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ជា​ឧបករណ៍​ផ្លូវភេទ។ បើសិន​ពិតជា​បែបនេះ​មែន នោះ​វា​គឺជា​ភស្ដុតាង​តែមួយគត់​ស្ដីពី​លិង្គ​នៅ​​ក្នុង​យុគសម័យ​រ៉ូ​ម៉ាំង នេះ​បើតាម​បុរាណ​វិទូ Rob Collins សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Newcastle អង់គ្លេស។

    យោងតាម​ក្រុម​ស្រាវជ្រាវ​ខាងលើ វត្ថុ​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ដោយ​ម្ចាស់​ទាសករ​ដើម្បី​ដាក់ទណ្ឌកម្ម ឬ​ប្រើប្រាស់​សិទ្ធិ​គ្រប់គ្រង និង​ស្ដារ​អំណាច។ ក្រៅពីនេះ បុរាណ​វិទូ​បាន​សន្និដ្ឋានថា វត្ថុ​នេះ​ក៏​អាច​ត្រូវបាន​ដាក់​នៅលើ​រូបសំណាក​អ្វីមួយ​នៅក្បែរ​ផ្លូវ ហើយ​អ្នកធ្វើដំណើរ​ឆ្លងកាត់​អាច​ស្ទាប​ដើម្បី​សុំ​សេចក្ដីសុខ។ ជាង​នេះ​វា​ក៏​អាច​ត្រូវបាន​ប្រើប្រាស់​ជា​អង្រែ​សម្រាប់​បុក​ឱសថ​បុរាណ​ផងដែរ។ បច្ចុប្បន្ន វត្ថុ​បរាណ​នេះ​ត្រូវបាន​ដាក់តាំង​នៅក្នុង​សារមន្ទីរ Vindolanda នៅ​ចក្រភព​អង់គ្លេស៕