Author: សឿន សំណាង

  • សត្វ​កណ្ដុរ​យក្ស​ប៊ី​វើ​រ សង់​ទំនប់​សង្គ្រោះ​​ទីរួមស្រុក​នៅ​អង់គ្លេស​ចាក​ផុតពី​ទឹកជំនន់

    សត្វ​កណ្ដុរ​យក្ស​ប៊ី​វើ​រ សង់​ទំនប់​សង្គ្រោះ​​ទីរួមស្រុក​នៅ​អង់គ្លេស​ចាក​ផុតពី​ទឹកជំនន់

    សត្វ​កណ្ដុរ​យក្ស​ប៊ី​វើ​រ (Beaver) រស់​នៅតាម​បណ្ដោយ​មាត់ទន្លេ នាំគ្នា​សាងសង់​ទំនប់​ដ៏​ធំ​មួយ​នៅ​ប្រទេស​អង់គ្លេស ជួយ​ឱ្យ​មនុស្ស​ប្រមាណ 7,000 នាក់​ដែល​កំពុង​រស់នៅក្នុង​ទីរួមស្រុក​ Pickering ដេកលក់​ស្រួល​ក្នុងផ្ទះ បើ​ទោះ​មាន​ភ្លៀង​ធំ​ច្រើន​ថ្ងៃ។

    ក្រុម​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា គ្រួសារ​របស់​កណ្ដុរ​ប៊ី​វើ​រ បាន​សាងសង់​ទំនប់​ធម្មជាតិ​មួយ​ដែល​ការពារ​តំបន់ Pickering នៅ Yorkshire ភាគ​ខាងជើង ពី​គ្រោះទឹកជំនន់ នេះ​បើតាម​ទំព័រ Daily Star ចុះផ្សាយ​កាលពី​ថ្ងៃទី 21 កុម្ភៈ។ រាប់​ចាប់តាំងពី​ត្រូវបាន​នាំមក​កាន់​ទន្លេ Seven នៅក្នុង​តំបន់​ព្រៃ Cropton កាលពី 3 ឆ្នាំមុន ហ្វូង​សត្វ​កណ្ដុរ​យក្ស​ប៊ី​វើ​រ បាន​កែប្រែ​ទិដ្ឋភាព​នៅក្នុង​តំបន់។

    យោងតាម Cath Bashforth ដែលជា​បរិស្ថាន​វិទូ​មកពី​ស្ថាប័ន​ការពារ​ព្រៃឈើ​អង់គ្លេស ទំនប់​របស់​ហ្វូង​សត្វ​កណ្ដុរ​ប៊ី​វើ​រ​គឺ​ធ្វើ​ពី​មែកឈើ និង​ភក់ល្បាប់ ហើយ​មាន​បណ្ដោយ​ជិត 70 ម៉ែត្រ។ «បច្ចេកទេស និង​ភាព​ប្រសប់​របស់​ពួកវា​គឺ​លើសពី​អ្វីដែល​មនុស្ស​អាច​ស្រមៃឃើញ​អំពី​ពួក​វា» Bashforth និយាយ​ដូច្នេះ។

    សម្បុក​របស់​សត្វប៊ីវើរ

    តំបន់ Pickering ធ្លាប់​ឆ្លងកាត់​ហេតុការណ៍​លិចលង់​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ ដោយសារតែ​ទឹកជំនន់​ពី​តំបន់​​ភាគ​ខាងជើង​របស់​ទីរួមស្រុក​នេះ។ ស្ថាប័នគ្រប់​គ្រង​​ធម្មជាតិ និង​​​ឧទ្យាន​ជាតិ North York Moor បាន​នាំ​ហ្វូង​សត្វ​កណ្ដុរ​យក្ស​ប៊ី​វើ​រ​មកកាន់​តំបន់​ខាងលើ បន្ទាប់ពី​អាជ្ញាធរ​គ្រប់គ្រង​បរិស្ថាន​ប្រកាសថា ពួកគេ​មិនមាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​អនុវត្ត​កម្មវិធី​ទប់ស្កាត់​ទឹកជំនន់​ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​អាម៉េរិក។ ជំ​នប់​របស់​ប៊ី​វើ​រ​កំពុង​សង្គ្រោះ​​ទីរួមស្រុក Pickering។

    សកម្មភាព​ទប់​ទំនប់​របស់​សត្វកណ្ដុរយក្សប៊ីវើរ

    សត្វ​ប៊ី​វើ​រ​ល្បីឈ្មោះ​ខ្លាំង​ដោយសារតែ​ការធ្វើ​ទំនប់​ទទឹង​ជ្រោះ និង​ធ្វើ​សម្បុក​ក្នុង​បឹង​ដែល​ពួកវា​បាន​បង្កើត បន្ទាប់ពី​សង់​ទំនប់។ សម្បុក​របស់​ពួកវា​ធ្វើ​ពី​មែកឈើ និង​ល្បាប់។ ផ្លូវ​ចូល​សម្បុក​តែង​ស្ថិតនៅក្រោម​ទឹក។ ពេល​ជួប​ហេតុការណ៍​អាក្រក់ សត្វ​នេះ​នឹង​យក​កន្ទុយ​បោក​ទៅលើ​ទឹក​ដើម្បី​ជាស​ញ្ញា​ប្រាប់ថា ពួកវា​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់៕

  • ភាពយន្តរឿង «ចិញ្ចៀន​អាទិទេព – The Lord Of The Rings» នឹងមាន​វគ្គ​ថ្មី

    ភាពយន្តរឿង «ចិញ្ចៀន​អាទិទេព – The Lord Of The Rings» នឹងមាន​វគ្គ​ថ្មី

    ផលិតកម្ម​ភាពយន្ត Warner Bros បាន​បញ្ជាក់ថា នឹង​ផលិត​វគ្គ​បន្ទាប់​ដោយយោង​ទៅលើ​ប្រលោមលោក​ដែល​ស្ថិតក្នុង​យីហោ «ចិញ្ចៀន​អាទិទេព» (The Lord Of The Rings) របស់​អ្នកនិពន្ធ J. R. Tolkien។

    កាលពី​ថ្ងៃទី 23 កុម្ភៈ David Zaslav បុគ្គលិក​ជាន់ខ្ពស់​មួយរូប​របស់​ក្រុមហ៊ុន Warner Bros បានប្រកាសថា សម្រេចបាន​កិច្ចព្រមព្រៀង​ដើម្បី​ដំណើរការ​យីហោ «The Lord Of The Rings» ជាថ្មី ក្នុងនោះ New Line Cinema ទទួលបន្ទុក​ក្នុង​ការផលិត​ភាពយន្ត​នេះ។ ស្ថាប័ន​ទាំងពីរ​ខាងលើនេះ​ធ្លាប់បាន​បញ្ចេញ​ខ្សែភាពយន្ត «The Lord Of The Rings» (2001-2003) និង «The Hobbit (2012-2014)។

    តំណាង​របស់​ផលិតកម្ម​ភាពយន្ត​ឱ្យដឹងថា បណ្ដា​គម្រោង​ថ្មី​នឹងមិន​ផលិត​វគ្គមុនៗឡើងវិញ​ឡើយ។ ពួកគេ​នឹង​ផលិត​វគ្គ​បន្ទាប់​របស់ «The Lord Of The Rings»។ Warner Bros និង New Line Cinema បច្ចុប្បន្នកំពុង​ចាប់ដៃគ្នា​ផលិត​វគ្គ «The Lord Of The Rings: The War of the Rohirrim»។ សាច់រឿង​នេះ​យក​ទិដ្ឋភាព 183 ឆ្នាំមុននៃ​​វគ្គ «The Lord Of The Rings: The Two Towers (2002)។ ចំណែក​វគ្គ​បន្ទាប់ពីនោះ មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ។

    កាលពីដើម​ទសវត្សរ៍​ឆ្នាំ 2000 ផលិតកម្ម​ភាពយន្ត Warner Bros បាន​កែសម្រួល​ប្រលោមលោក​ទៅជា​ខ្សែភាពយន្ត «The Lord of the Rings» ដែលមាន​ 3 ​វគ្គ និង​​ដឹកនាំ​រឿង​ដោយ​លោក Peter Jackson។ ខ្សែភាពយន្ត​ទាំងនេះ​មាន​ចំណងជើង​រង​ថា «The Fellowship of the Ring», «The Two Towers» និង «The Return of the King»។

    ឈុតឆាក​សង្ខេប​របស់​រឿង «The Lord Of The Rings: The Two Towers»

    ភាពយន្ត​ទាំង 3 វគ្គ​ខាងលើ​រកប្រាក់​ចំណូល​ពី​ការលក់​សំបុត្រ​បាន​ជិត 3 ពាន់​លាន​ដុល្លារ​អាម៉េរិក ក្លាយជា​ខ្សែភាពយន្ត​មួយ​ដែល​ជោគជ័យ​ជាងគេ។ ភាពយន្ត​ទាំងនេះ​ក៏​ដណ្ដើមបាន​ពានមាស Oscar ចំនួន 17 នៅក្នុង​ចំណោម​បេក្ខភាព​សរុប​ចំនួន 30។

    ក្រោយ​ជោគជ័យ​របស់ «The Lord of the Rings» ផលិតកម្ម Warner Bros ក៏​បន្ត​ផលិត​ភាពយន្ត​រឿង «Hobbit» ដែលមាន 3 វគ្គ នឹង​រកប្រាក់​ចំណូល​បាន​ជាង 2.29 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

  • កាបូបដៃ​រាង​បេះដូង​កំពុង «Hot» ជាងគេ​ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់

    កាបូបដៃ​រាង​បេះដូង​កំពុង «Hot» ជាងគេ​ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់

    កាបូបដៃ​រាង​បេះដូង Le Coeur របស់ Alaïa កំពុង​ត្រូវ​អ្នក​សម័យនិយម​ជ្រើសរើស​ប្រើប្រាស់​នៅក្នុង​បណ្ដា​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​លើ​ពិភពលោក។

    Le Coeur កំពុង​ក្លាយជា​គំរូ​ម៉ូដ​កាបូបដៃ «Hot» បំផុត​ក្នុង​រដូវ​ម៉ូ​ដ​សម្លៀកបំពាក់​រងា-ស្លឹកឈើ​ជ្រុះ (ខែកុម្ភៈ-មីនា) ឆ្នាំ 2023។ ម៉ូដ​កាបូប​របស់ Alaïa ត្រូវបាន​ច្នៃ​ពី​ស្បែ​កនៅ​អ៊ីតាលី និង​មាន​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស តាំងពី​ក្រហម ខ្មៅ ស និង​ខៀវ​ជាដើម។ ទំហំ 18×23 សង់ទីម៉ែត្រ​របស់​កាបូ​ប​នេះ​គឺ​តូច​ល្មម ​អាចដាក់​បាន​របស់របរ​​ចាំបាច់​សម្រាប់​ស្ត្រី។

    កាបូបដៃ Le Coeur ដែលមាន​តម្លៃ​ចាប់ពី 790 ដល់ 1,320 ផោន (950 ដល់ 1,586 ដុល្លារ​អាម៉េរិក) នេះ ស័ក្ដិសម​សម្រាប់​ប្រើប្រាស់​នៅពេល​ទៅធ្វើ​ការ ចូលរួម​ព្រឹត្តិការណ៍​សប្បាយ​​រីករាយ និង​អាច​ប្រើប្រាស់​បាន​អម​ជាមួយនឹង​សម្លៀកបំពាក់​កំសាន្ត​តាម​ក្រុង ការិយាល័យ និង​រ៉ូ​ប​ចូលរួម​ពិធីជប់លៀង។

    ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់​ទស្សនា​វ​ដ្ដី​អង់គ្លេស British Vogue របស់​អង់គ្លេស អ្នកស្រី Naomi Smart និយាយថា « Alaïa Coeur គឺជា​ម៉ូដ​កាបូបដៃ​ដ៏​លេចធ្លោ​ក្នុងសម័យ​ទំនើប។ រចនាបថ​បែប​រីករាយ ថ្លៃថ្នូរ និង​ប្រកបដោយ​ភាព​ប្រណិត​របស់​វា​កើតឡើង​ដោយ​ភាពសាមញ្ញ។

  • ហេតុអ្វី​មនុស្ស​មួយចំនួន «ស្លាប់​ហើយ» តែ​​បែរជា «រស់​ឡើងវិញ» ?

    ហេតុអ្វី​មនុស្ស​មួយចំនួន «ស្លាប់​ហើយ» តែ​​បែរជា «រស់​ឡើងវិញ» ?

    (សហរដ្ឋ​អាម៉េរិក) -ថ្នាំ​ងងុយដេក ថ្នាំ​សណ្ដំ ជាតិពុល​ប៉ះពាល់ដល់​​សរសៃប្រសាទ​មួយចំនួន និង​សីតុណ្ហភាព​ទាប​ជា​ដើម អាច​ជា​កត្តា​ដែល​ងាយ​ធ្វើឱ្យ​អ្នកជំងឺ​មួយចំនួនធ្លាក់​ក្នុង​សភាព​សន្លប់ និង​​ត្រូវគេ​ច្រឡំ​ថា​បាន​ស្លាប់។

    កាលពី​ថ្ងៃទី 07 កុម្ភៈ 2023 មណ្ឌ​ល​ចាស់ជរា​មួយ​នៅ New York បានប្រកាសថា ស្ត្រី​វ័យ 82 ឆ្នាំ​មួយរូប​បានទទួល​មរណភាព។ ប៉ុន្តែ ក្រោយមក​ទើប​ដឹងថា លោកយាយ​រូបនេះ​នៅមាន​ជីវិត។ ហេតុការណ៍​ស្រដៀង​គ្នា​នេះ​ក៏បាន​កើត​ឡើងលើ​អ្នកជំងឺ​វ័យ 66 ឆ្នាំ​ម្នាក់​ផ្សេងទៀត​ដែលមាន​ជំងឺ​បាត់បង់​ការចងចាំ នៅ​រដ្ឋ Iowa សហរដ្ឋ​អាម៉េរិក។ ស្ត្រី​រូបនេះ​ត្រូវបាន​រកឃើញ​នៅក្នុង​ស្ថានភាព​មាន​ដង្ហើម​ក្នុងពេល​បុគ្គលិក​នៅ​ឈាបនដ្ឋាន បើក​ថង់​សាកសព។

    បច្ចុប្បន្ន វេជ្ជបណ្ឌិត​ទាំងអស់​សុទ្ធតែ​ត្រូវបាន​បង្រៀន​អំពី​វិធីសាស្ត្រ​ដែល​អាច​បញ្ជាក់ថា មនុស្ស​ណា​ម្នា​ក់បាន​ស្លាប់ តាមរយៈ​ការពិនិត្យ​ចង្វាក់បេះដូង និង​ដង្ហើម​ជាដើម តាំងពី​នៅ​រៀន។ ប៉ុន្តែ​នៅតែមាន​ករណី​អ្នកស្លាប់​រស់​ឡើងវិញ​បន្ទាប់ពី​ត្រូវបាន​វេជ្ជបណ្ឌិត​បញ្ជាក់ថា​បាន​អស់ជីវិត។

    ការដែល​មិនបាន​ធ្វើ​ត្រឹមត្រូវ​នៅក្នុង​ការពិនិត្យ​បញ្ជាក់​អំពី​ការស្លាប់ អាច​នាំឱ្យមាន​ករណី​ប្រកាស​បញ្ជាក់​ដោយ​ភាន់​ច្រឡំ​ចំពោះ​ស្ថានភាព​របស់​អ្នកជំងឺ​ដែល​កំពុង​បាត់បង់​ស្មារតី។ ករណីខ្លះ​កើត​ឡើ​ងដោ​យ​សារ​វេជ្ជបណ្ឌិត​ត្រូវ​បែក​អារម្មណ៍ មិនអាច​ស្ដាប់ឮ​សំឡេង​បេះដូង និង​ខ្ស​ល់​ដង្ហើម​ដែល​ខ្លី និង​ខ្សោយ។ ថ្នាំ​ព្យាបាល​ជំងឺ​មួយចំនួន​ក៏​អាច​បណ្ដាលឱ្យ​អ្នកជំងឺ​ខ្លះ​ធ្លាក់​ទៅក្នុង​ស្ថានភាព «ស្លាប់​ក្លែងក្លាយ»។

    ថ្នាំ​សណ្ដំ​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​ខួរក្បាល​ពី​ការខូចខាត តែង​ត្រូវបាន​ប្រើ​ដើម្បី​សណ្ដំ​នៅក្នុង​ករណី​វះកាត់​ធំ ពិសេស បើសិនជា​វេជ្ជបណ្ឌិត​ត្រូវការ​បញ្ឈប់​ចរន្តឈាម​របស់​អ្នកជំងឺ​នៅក្នុង​រយៈពេល​យូរ។ ការប្រើប្រាស់​ថ្នាំ​នេះ​លើស​ចំណុះ​អាចធ្វើឱ្យ​ការ​ប្រតិកម្ម​ថយចុះ ដង្ហើម និង​ចរន្តឈាម​ខ្សោយ នាំឱ្យ​អ្នកជំងឺ​មាន​អារម្មណ៍​ជិត​ដូច​ទៅនឹង​ការស្លាប់។ ក្នុងពេល​ជាមួយគ្នា​នោះ ខួរក្បាល​ត្រូវបាន​ការពារ​ពី​បញ្ហា​ខ្វះ​អ៊ុក​ស៊ី​សែន។ បន្ទាប់ពី​ជាតិ​ថ្នាំ​សណ្ដំ​ត្រូវបាន​បញ្ចេញ​មក​ក្រៅ អ្នកជំងឺ​នឹង​ដឹក​ខ្លួន​ឡើងវិញ។

    ថ្នាំ Diazepam (ឱសថ​ពិសេស​របស់ Valium), alprazolam (ថ្នាំ​ពិសេស​របស់ Xanax) និង​សារធាតុពុល​មួយចំនួន​ក៏​អាចធ្វើឱ្យ​អ្នកជំងឺ​ត្រូវបាន​គេ​ច្រឡំ​ថា​បាន​ស្លាប់។ កាលពី​យុគសម័យ​កណ្ដាល គ្រូធ្មប់ គ្រូ​វេទមន្ត​ជាដើម តែង​ឱ្យ​ជនរងគ្រោះ​ផឹកទឹក ឬ​ម្សៅ​ដែលមាន​ផ្ទុក​ជាតិពុល tetrodotoxin ដែលបាន​មក​​​ពី​ត្រី​ពុល​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា Tetraodontidae ដើម្បី​សណ្ដំ។ ជនរងគ្រោះ​នេះ ក្រោយមក​ក៏ត្រូវ​គេ​ចាប់​យកទៅ​បូជាយញ្ញ​ សែន​ឱ្យ​បីសាច​ជាដើម។ តាមពិត នេះ​ត្រូវបាន​ហៅថា ស្ថានភាព «ខ្មោចឆៅ» កើតឡើង​នៅពេល​ជនរងគ្រោះ​លេប​ចំ​សារធាតុពុល tetrodotoxin។

    ការ​ត្រាំ​ខ្លួន​នៅក្នុង​ទឹក​ត្រជាក់​យូរពេក​ក៏​អាច​នាំឱ្យ​រាងកាយ​ប្រែជា​បាត់បង់​ស្មារតី ជិត​ដូច​ទៅនឹង​ស្ថានភាព​ស្លាប់ ព្រោះថា​សីតុណ្ហភាព​ត្រជាក់​ពេក​ធ្វើឱ្យ​បេះដូង​ដើរ​យឺត និង​ខ្សោយ ដែល​នេះ​អាចធ្វើ​ឱ្យគេ​ច្រឡំ​ថា​បាន​ស្លាប់។

    ក្នុងការ​សង្គ្រោះបន្ទាន់ វេជ្ជបណ្ឌិត​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​បញ្ជាក់​អំពី​ការស្លាប់​ចំពោះ​អ្នកស្លាប់​ដោយសារ​លង់ទឹកនោះ​ទេ រហូត​ដល់ពេល​ស្អំ​កម្ដៅ​បាន​គ្រប់គ្រាន់​ទៅតាម​វេជ្ជសាស្ត្រ។ ការ​សន្លប់ ពេលខ្លះ​ក៏​ធ្វើឱ្យ​មានការ​ស្រឡំ​ថា​បាន​ស្លាប់ ព្រោះថា ស្ថានភាព​នៃ​ការ​ដាស់​សរសៃប្រសាទ vagus nerve (សរសៃប្រសាទ​វែង​ជាងគេ​ក្នុង​រាងកាយ) កើតឡើង​ក្នុងពេល​សន្លប់ ធ្វើឱ្យ​ចង្វាក់បេះដូង​ដើរ​យឺត​ជាង​មុន ហើយ​សម្ពាធ​ឈាម​ក៏​ធ្លាក់ចុះ។

    កាលពី​ឆ្នាំ 2015 ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ត្រូវបាន​វេជ្ជបណ្ឌិត​បញ្ជាក់ថា​បាន​ស្លាប់​ព្រោះតែ​រន្ធត់​នៅ​ពេលឮ​សំឡេង​ផ្ទុះ​របស់​​គ្រាប់កាំភ្លើង។ មួយថ្ងៃ​បន្ទាប់ពី​ពិធី​បុណ្យសព មនុស្ស​ជាច្រើន​បានឱ្យដឹងថា បានឮ​សំឡេង​នាង​ស្រែក​ចេញពី​ផ្នូរ​របស់ខ្លួន។ នៅ​កម្ពុជា ហេតុការណ៍​ស្រដៀង​នេះ​ក៏​ធ្លាប់​កើតមាន​ផងដែរ៕

  • អ្នកចាំទី​របស់​ក្លឹប Sevilla ចាប់​បោក​ផ្ដួល​អ្នកគាំទ្រ​នៅពេល​កំពុង​ប្រកួត

    អ្នកចាំទី​របស់​ក្លឹប Sevilla ចាប់​បោក​ផ្ដួល​អ្នកគាំទ្រ​នៅពេល​កំពុង​ប្រកួត

    (ហូ​ឡង់) – បន្ទាប់ពី​ត្រូវ​ដាល់​មួយ​ដៃ​ចំ​ផ្ទៃមុខ​នៅពេល​ក្រុម Sevilla កំពុង​ប្រកួត​នៅ Europa League អ្នកចាំទី Marko Dmitrovic ក៏បាន​បោក​ផ្ដួល​បុរស​ជា​អ្នកគាំទ្រ​ម្នាក់​ដែល​បាន​ចូលទៅ​ខាងមុខ​ទី កាលពី​ព្រលប់​ថ្ងៃទី 23 កុម្ភៈ។

    នៅ​នាទី​ទី 90 ពេល​ក្រុម​ម្ចាស់ផ្ទះ PSV (Philips Sport Vereniging) ត្រូវការ 2 គ្រាប់​បន្ថែមទៀត​ដើម្បី​ចៀស​វាង​ត្រូវ​ជម្រុះ ស្រាប់តែ​បុរស​ជនជាតិ​ហូ​ឡង់​ម្នាក់​ចុះ​ទៅដល់​ទីលាន​ប្រកួត និង​រត់​ទៅកាន់ Dmitrovic ពី​ខាងក្រោយ។ ពេលនោះ អ្នកចាំទី​ជនជាតិ​ស៊ែ​ប៊ី មិនបាន​ចាប់អារម្មណ៍ ដោយសារតែ​កំពុង​តាមដាន​បាល់។ អ្នកគាំទ្រ​ម្នាក់នេះ​ក៏​ចាប់​ជាប់​អាវ និង​ដាល់​មួយ​ដៃ​ទៅលើ​ផ្ទៃមុខ​អ្នកចាំទី​របស់​ក្រុម​ភ្ញៀវ Sevilla។ Dmitrovic ក៏បាន​ដាល់​តបត ហើយ​ចាប់​បោក​ផ្ដួល និង​សង្កត់​អ្នកគាំទ្រ​រូបនេះ​រហូតដល់​បុគ្គលិក​សន្តិសុខ​មកដល់។

    អ្នកគាំទ្រ​នេះ​ត្រូវបាន​នាំខ្លួន​ចេញទៅ​ក្រៅ។ ការប្រកួត​ក៏ត្រូវ​បាន​បន្ត​ក្រោយពី​ផ្អាក​ពី​បី​នាទី។ PSV ក្រោយមក​ក៏​រកបាន 1 គ្រាប់​ទៀត ហើយក៏​ឈ្នះ 2-0 នៅ​ជើង​ទី​ពីរ ប៉ុន្តែ​ត្រូវ​ចាញ់​សរុប 2-3។ ដូច្នេះ PSV ក៏ត្រូវ​អង្គុយ​មើល Sevilla ឡើងទៅ​កាន់​វគ្គ 1/8 នៅ Europa League។

    Dmitrovic ទទួលបាន​ការបណ្ដុះបណ្ដាល​ពី​ក្លឹប Red Star Belgrade ហើយ​ធ្លាប់​លេង​បាល់​នៅ​ហុង​គ្រី និង​អង់គ្លេស មុនពេល​ទៅកាន់​អេ​ស្ប៉ា​ញ។ គាត់​គឺជា​អ្នកចាំទី​លេខ​មួយ​របស់ Eibar នៅ La Liga អំឡុង​ឆ្នាំ 2017-2021 តែ​ក្រោយមក​ក៏បាន​ក្លាយជា​អ្នកចាំទី​បម្រុង​របស់ Sevilla។

    https://www.youtube.com/watch?v=BXh0HT0p4BY

  • រកឃើញ​ «កូន​ព្រះ​ចន្ទ​» មួយ​ដួង​ដែល​អាច​ហោះ​មក​បុក​នឹង​ផែនដីនា​ពេល​ខាងមុខ

    រកឃើញ​ «កូន​ព្រះ​ចន្ទ​» មួយ​ដួង​ដែល​អាច​ហោះ​មក​បុក​នឹង​ផែនដីនា​ពេល​ខាងមុខ

    កូន​ព្រះ​ចន្ទ​មាន​ទទឹង​ពី 5 ទៅ 10 ម៉ែត្រ ឈ្មោះ 2022 NX 1 ដែល​ធ្លាប់​ត្រូវបាន​ផែនដី​ស្រូប​ទាញ​ជាច្រើនលើក ប្រហែលជា​អាច​ហោះ​មក​បុក​នឹង​ផែនដី​ក្នុង​រង្វង់​ពី​ឆ្នាំ 2070 – 2122។

    តារាវិទូ «ក្រៅ​ប្រព័ន្ធ» ពីររូប គឺ Grzegorz Duszanowicz និង Jordi Camarasa កាលពី​ឆ្នាំ​កន្លង​បាន​រកឃើញ​វត្ថុ​អវកាស​មួយ​ដែល​គោចរ​ជុំវិញ​ផែនដី ប៉ុន្តែ​ហោះ​មិនបាន​មួយ​ជុំ​នៃ​គន្លង​តារាវិថី។ វត្ថុ​អវកាស​ចម្លែក​នេះ​ត្រូវបាន​គេ​ហៅថា 2022 NX 1។ ពេលនោះ ពួកគេ​យល់ថា នេះ​អាចជា​អាចម៍ផ្កាយ​ដែល​ត្រូវបាន​កម្លាំង​ទំនាញផែនដី​ស្រូប​ទាញ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​វា​ក៏​អាច​គ្រាន់តែ​ជា​បំណែក​រ៉ុក្កែត។

    ទំព័រ IFL Science កាលពី​ថ្ងៃទី 21 កុម្ភៈ 2023 បានឱ្យដឹងថា លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​ដែល​បាន​ផ្សាយ​លើ​ទស្សនាវដ្ដី Astronomy and Astrophysics បញ្ជាក់ថា 2022 NX 1 គឺជា​កូន​ព្រះ​ចន្ទ ហើយ​វា​អាច​ហោះ​មក​បុក​នឹង​ផែនដី​នៅ​ចុង​សតវត្សរ៍​នេះ។ ការសិក្សា​ស្រាវជ្រាវ​ថ្មី​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នកជំនាញ R. de la Fuenta Marcos មកពី​សាកលវិទ្យាល័យ Complutense Madrid និង​​សហការី។

    ក្រៅពី​ព្រះ​ចន្ទ​សព្វថ្ងៃ ផែនដី ពេលខ្លះ​ក៏ស្រូប​ទាញ​វត្ថុ​អវកាស​ដទៃ ដែល​នេះ​ត្រូវបាន​ហៅថា កូន​ព្រះ​ចន្ទ ដោយ​ពួកវា​គោចរ​ចូលដល់​តំបន់​ទំនាញ​របស់​ផែនដី ហើយ​ស្ថិតនៅ​មួយរយៈ​ពេល​ខ្លី មុននឹង​ចាក​ផុតពី​ដែន​ទំនាញ។

    2022 NX 1 ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី 02 កក្កដា 2022 ដោយ​ស្ថានីយ​សង្កេត​តារា Moonbase South នៅ​ណាំ​មី​ប៊ី។ យោងតាម​ការ​គណនា វត្ថុ​អវកាស​នេះ​ហោះ​មក​ក្បែរ​ផែនដី​បំផុត​នៅ​ថ្ងៃទី 26 កក្កដា 2022។ ក្រុម​អ្នកជំនាញ​ជឿថា លទ្ធភាព​ដែល 2022 NX 1 ប៉ះទង្គិច​ជាមួយ​ផែនដី​គឺ 1.2% នៅ​ក្នុង​ចន្លោះ​​ពី​ឆ្នាំ 2070 ដល់ 2122។

    ដោយមាន​អង្កត់ផ្ចិត​ពី 5 ទៅ 10 ម៉ែត្រ កូន​ព្រះ​ចន្ទ​នេះ​នឹងមិន​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​ទ្រង់ទ្រាយ​ធំដល់​ផែនដី​ ប៉ុន្តែ​អាច​នាំឱ្យមាន​ហេតុការណ៍​ដូច​ទៅនឹង Chelyabinsk។ ព្រឹត្តិការណ៍ Chelyabinsk បាន​កើតឡើង​កាលពី​ថ្ងៃទី 15 កុម្ភៈ 2013 នៅពេល​អាចម៍ផ្កាយ​មួយ​ដុំ​ដែលមាន​ទទឹង​ប្រហែល 18 ម៉ែត្រ បាន​ផ្ទុះ​នៅលើ​អាកាស​នៃ​តំបន់ Chelyabinsk របស់​ប្រទេស​រុស្ស៊ី។ រលក​​ខ្យល់​កញ្ឆក់​ដែល​កើត​ពី​ការផ្ទុះ​នេះ​បាន​បំបែក​កញ្ចក់​បង្អួច​នៅក្នុង​ទីក្រុង​ចំនួន 6 និង​បណ្ដាលឱ្យ​មនុស្ស​ប្រហែល 1,500 នាក់​ត្រូវ​ចូល​ពេទ្យ៕

  • អង្គការសហប្រជាជាតិ​អំពាវនាវ​ដល់​រុស្ស៊ី ឱ្យ​ដកទ័ព​ចេញពី​អ៊ុយ​ក្រែ​ន​ដោយ​គ្មាន​លក្ខខណ្ឌ

    អង្គការសហប្រជាជាតិ​អំពាវនាវ​ដល់​រុស្ស៊ី ឱ្យ​ដកទ័ព​ចេញពី​អ៊ុយ​ក្រែ​ន​ដោយ​គ្មាន​លក្ខខណ្ឌ

    មហាសន្និបាត​អង្គការសហប្រជាជាតិ​បានអនុម័ត​សេចក្ដីសម្រេចចិត្ត​អំពាវនាវ​ដល់​រុស្ស៊ី ឱ្យ​ដក​កងទ័ព​ចេញពី​អ៊ុយ​ក្រែ​ន ធានា​សន្តិភាព​ស្មើភាព​គ្នា និង​យូរអង្វែង​ដល់ទី​ក្រុង​កៀវ។

    កាលពី​ថ្ងៃទី 23 កុម្ភៈ 2023 មហាសន្និបាត​អង្គការសហប្រជាជាតិ បានអនុម័ត​លើ​សេចក្ដីសម្រេចចិត្ត​ស្ដីពី​ការអំពាវនាវ​ឱ្យ​បញ្ចប់សង្គ្រាម​រវាង​រុស្ស៊ី-អ៊ុយ​ក្រែ​ន នៅក្នុង​គ្រា​ដែល​ជម្លោះ​ប្រដាប់អាវុធ​នេះ​បានអូសបន្លាយ​ពេល​​ពេញ​មួយឆ្នាំ។ សេចក្ដីសម្រេច​ដែល​​មិនមាន​លក្ខណៈ​ចាប់បង្ខំ​នេះ ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ​ចំនួន 141 សំឡេង នៅក្នុង​ចំណោម​សមាជិក 193 ប្រទេស​​ដែល​បាន​ចូលរួម។ ប្រទេស​ចំនួន 6 បាន​បោះឆ្នោត​ប្រឆាំង និង 32 ប្រទេស​បោះឆ្នោត​អនុបវាទ ក្នុងនោះ​មាន​ចិន និង​ឥណ្ឌា​ផងដែរ។

    សេចក្ដីសម្រេចចិត្ត​ថ្មី​នេះ​បាន​អះអាង និង​គាំទ្រ​លើ​បូរណភាព និង​អធិបតេយ្យ​ភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ហើយ​មិន​ទទួលស្គាល់​រាល់​ដែនដី​ដែល​រុស្ស៊ី​ទើបតែ​បាន​រឹបអូស។

    មហាសន្និបាត​អង្គការសហប្រជាជាតិ​ក៏​អំពាវនាវ​ឱ្យ​កសាង​សន្តិភាព​ពេញលេញ យុ​ត្តិ​ធម៌ និង​យូរអង្វែង» នៅ​អ៊ុយ​ក្រែ​ន។ មហាសន្និបាត​ក៏បាន​ស្នើឱ្យ​រុស្ស៊ី​ដកទ័ព​ទាំងស្រុង និង​ដោយ​គ្មាន​លក្ខខណ្ឌ ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន ដោយ​គិត​ទៅតាម​ព្រំដែន​ដែល​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់ និង​បញ្ចប់​រាល់​សកម្មភាព​អរិភាព។

    ក្រោយ​ការសម្រេច​របស់​មហាសន្និបាត ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី បាន​កោតសរសើរដល់​​អង្គការសហប្រជាជាតិ ស្រប​ពេលដែល​ទីក្រុង​មូ​ស្គូ​រិះគន់ថា ខ្វះ​យុត្តិធម៌ និង​ផាត់​ចោល​រុស្ស៊ី៕

  • អ៊ី​ន​ធើ​ណិ​ត​ផ្កាយរណប​របស់​មហាសេដ្ឋី Elon Musk មកដល់​កម្ពុជា​ក្នុងឆ្នាំនេះ

    អ៊ី​ន​ធើ​ណិ​ត​ផ្កាយរណប​របស់​មហាសេដ្ឋី Elon Musk មកដល់​កម្ពុជា​ក្នុងឆ្នាំនេះ

    សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត​ផ្កាយរណប Starlink ដែលមាន​តម្លៃ​ប្រហែល 49 ដុល្លារ​អាម៉េរិក/ខែ ចាប់ផ្ដើម​ផ្គត់ផ្គង់​តាំងពី​ម្សិលមិញ (22 កុម្ភៈ) នៅ​ហ្វ៊ី​លី​ពី​ន ហើយ​គ្រោង​នឹង​ផ្គត់ផ្គង់​នៅ​កម្ពុជា និង​ប្រទេស​មួយចំនួនទៀត​នៅ​អាស៊ីអាគ្នេយ៍​ចាប់ពី​ឆ្នាំ 2023 នេះ។

    «Starlink បាន​មាន​វត្ត​មាននៅ​ហ្វ៊ី​លី​ពី​ន» គណនី Twitter របស់ SpaceX បាន​បង្ហោះ​សារ​ជា​ភាសា​ក្នុងស្រុក​មួយ​ឃ្លា​ដូច្នេះ​កាលពី​រសៀល​ថ្ងៃទី 22 កុម្ភៈ។ មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk ក៏បាន​ចែករំលែក​បន្ត​សារ​នេះ​ផងដែរ។

    នៅក្នុង​ផែនទី​ផ្គត់ផ្គង់​សេវា​អ៊ី​ន​ធើ​ណិ​ត Starlink ហ្វ៊ី​លី​ពី​ន​គឺជា​ប្រទេស​ដំបូង​នៅ​អាស៊ីអាគ្នេយ៍​ដែល​ត្រូវបាន​ពង្រាយ​សេវា​កម្មនេះ។ ចំណែក​ប្រទេស​កម្ពុជា ម៉ាឡេស៊ី ព្រុយ​ណេ សិង្ហ​បុរី និង​ឥណ្ឌូណេស៊ី ក៏​គ្រោង​នឹងមាន​សេវា​អ៊ី​ន​ធើ​ណិ​ត Starlink នៅក្នុង​ឆ្នាំនេះ ខណៈ​ឡាវ​នឹង​មាននៅ​ឆ្នាំក្រោយ។ ដោយឡែក ប្រទេស​ថៃ និង​វៀតណាម ពុំទាន់​ឃើញ​មានការ​កំណត់​ពេលវេលា​ជាក់លាក់​នៅឡើយ។

    ដើម្បី​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត Starlink អតិថិជន​នៅ​ហ្វ៊ី​លី​ពី​ន​ត្រូវ​ទិញ​ឧបករណ៍​ចាប់​រលកសញ្ញា​តម្លៃ 29,320 ប៉េ​សូ (ប្រហែល 532 ដុល្លារ​អាម៉េរិក) និង​ថ្លៃ​សេវា​អ៊ី​ន​ធើ​ណិ​ត​ប្រចាំខែ 2,700 ប៉េ​សូ (49 ដុល្លារ) ក្នុង​មួយខែ។ ល្បឿន​នៃ​ការទាញយក​ទិន្នន័យ​ដោយ​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត Starlink ស្ថិតក្នុង​ចន្លោះ​ពី 50 ទៅ 200 Mbps៕

  • ប្រទេស​ចិន​បដិសេធ​ការ​ចោទថា «ជិត​ផ្គត់ផ្គង់​​អាវុធ​ដល់​​រុស្ស៊ី»

    ប្រទេស​ចិន​បដិសេធ​ការ​ចោទថា «ជិត​ផ្គត់ផ្គង់​​អាវុធ​ដល់​​រុស្ស៊ី»

    រដ្ឋាភិបាល​ចិន​បាន​ច្រានចោល​ការចោទប្រកាន់​មកលើ​ប្រទេស​នេះ​ថា មានបំណង​ផ្ដល់​អាវុធ​ទៅឱ្យ​រុស្ស៊ី ហើយ​ថា រាល់​ព័ត៌មាន​ចារកម្ម​របស់​សហរដ្ឋ​អាម៉េរិក​គឺជា «ការសន្និដ្ឋាន»។

    «អ្វីដែល​គេ​ហៅថា​ព័ត៌មាន​ចារកម្ម​នោះ វា​​គ្រាន់តែ​ជាការ​ស្មាន និង​ជាការ​មួលបង្កាច់​សំដៅ​ប្រទេស​ចិន» អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Wang Wenbin ថ្លែង​នៅថ្ងៃនេះ​ដូច្នេះ។

    លោក Wang Wenbin ព្រមាន​ថា ការចោទប្រកាន់​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ដំណើរ​ការចរចា​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ តែ​ក៏​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​រវាង​ចិន-អាម៉េរិក​ផងដែរ។

    ការអះអាង​របស់លោក Wang Wenbin ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ទំព័រ Wall Street Journal របស់​អាម៉េរិក កាលពី​ថ្ងៃទី 22 កុម្ភៈ ដកស្រង់​ប្រភពព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​អាម៉េរិក ឱ្យដឹងថា សហរដ្ឋ​អាម៉េរិក​កំពុង​ពិចារណា​លើ​លទ្ធភាព​នៃ​ការប្រកាស​ព័ត៌មាន​ចារកម្ម​ដែលថា ប្រទេស​ចិន​អាច​បញ្ចប់​គោលនយោបាយ​មិន​ផ្ដល់​អាវុធ​ឱ្យ​រុស្ស៊ី។

    យោងតាម​ការវាយតម្លៃ​របស់​ក្រុមមន្ត្រី​ចារកម្ម​អាម៉េរិក ប្រទេស​ចិន​កន្លងមក​បានផ្ដល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​ទិញ​ប្រេង​របស់​រុស្ស៊ី ប៉ុន្តែ​គោលនយោបាយ​នោះ​ហាក់​កំពុង​ផ្លាស់​ប្ដូរ បើទោះជា​ទីក្រុង​ប៉េកាំង​មិនទាន់​សម្រេចចិត្ត​ចុងក្រោយ។

    ប្រទេស​ចិន​គឺជា​ប្រទេស​ដែល​នាំមុខគេ​លើ​ពិភពលោក ស្ដីពី​ការផលិត​អាវុធ​ទៅតាម​ស្ដង់ដា​សូ​វៀត ​ដែល​ត្រូវបាន​ប្រើប្រាស់​ច្រើន​នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន។ កងទ័ព​រុស្ស៊ី​ត្រូវបាន​គេ​ជឿថា កំពុងតែ​ខ្វះ​ប្រភព​ផ្គត់ផ្គង់​គ្រាប់រំសេវ បន្ទាប់ពី​សង្គ្រាម​បានអូសបន្លាយ​ជិត​មួយឆ្នាំ។

    ក្រុមមន្ត្រី​អាម៉េរិក និង​អឺរ៉ុប​ឱ្យដឹងថា ទីក្រុង​ប៉េកាំង​នឹងមិន​ចាំបាច់​ផ្គត់ផ្គង់​អាវុធ​ទំនើប ប៉ុន្តែ​ពួកគេ​អាច​ផ្ដល់​ឱ្យនូវ​អ្វីដែល​វិមាន​ក្រឹម​ឡាំង​កំពុង​ត្រូវការ​នៅក្នុង​សាមរ​ភូមិ​អ៊ុយ​ក្រែ​ន៕

  • រថយន្ត​អគ្គិសនី PHEV Peugeot 408 2023 ជិត​បង្ហាញខ្លួន​នៅ​ប្រទេស​ថៃ

    រថយន្ត​អគ្គិសនី PHEV Peugeot 408 2023 ជិត​បង្ហាញខ្លួន​នៅ​ប្រទេស​ថៃ

    បន្ទាប់ពី​សង្ហ​បុរី ប្រទេស​ថៃ​នឹង​ក្លាយជា​ទីផ្សារ​ទី​ពីរ​នៅ​អាស៊ីអាគ្នេយ៍​ដែល​ទទួលយក​រថយន្ត​ហាយ​ប្រី​ដ SUV កូនកាត់ Coupe តម្លៃ​ទាប Peugeot 408 2023។

    រថយន្ត Peugeot 408 2023 ដែល​គ្រោង​នឹង​បង្ហាញ​វត្ត​មាននៅ​ប្រទេស​ថៃ​នេះ​នឹង​ជា​ប្រភេទ​កូនកាត់​អគ្គិសនី-សាំង PHEV ដែល​សន្សំសំចៃ​សាំង​បាន​ច្រើន។ បច្ចុប្បន្ន Peugeot 408 2023 មាន​កំណែ PHEV ចំនួន​ពីរ​ផ្សេងគ្នា​គឺ Peugeot 408 Hybrid 180 e-EAT8 2023 និង Peugeot 408 Hybrid 225 e-EAT8 2023។

    រថយន្ត Peugeot 408 Hybrid 180 e-EAT8 2023 មាន​ម៉ាស៊ីន​សាំង 1.6 លីត្រ 4 ស៊ីឡាំង កម្លាំង 150 សេះ។ម៉ាស៊ីន​នេះ​ភ្ជាប់​ជាមួយនឹង​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 110 សេះ រួម​នឹង​បណ្ដុំ​ថ្ម​លី​ចូ​ម (lithium-ion) 12.4 គីឡូវ៉ាត់ម៉ោង។ ជា​សរុប រថយន្ត Peugeot 408 Hybrid 180 e-EAT8 2023 មាន​កម្លាំង 180 សេះ។

    ចំណែក​រថយន្ត Peugeot 408 Hybrid 225 e-EAT8 2023 វិញ គឺ​វា​ប្រើប្រាស់​ម៉ាស៊ីន​សាំង​ដូច​កំណែ​ទីមួយ តែមាន​កម្លាំង 180 សេះ ហើយ​បើ​បូក​នឹង​ម៉ូ​ទ័​រ​អគ្គិសនី​ទៀត នោះ​វា​មាន​កម្លាំង​សរុប​ឡើងដល់ 225 សេះ។

    រថយន្ត​កូនកាត់​សាំង-អគ្គិសនី ប្រភេទ SUV-Coupe ទាំងពីរ​ខាងលើនេះ​សុទ្ធតែ​អាច​ប្រើ​ឆ្នាំង​បញ្ចូល​ថាមពល AC 7.4 គីឡូ​វ៉ាត អនុញ្ញាតឱ្យ​បញ្ចូល​អគ្គិសនី​មួយ​ពេញ​ប្រើពេល​តែ 1 ម៉ោង និង 55 នាទី​ប៉ុណ្ណោះ៕