Author: សឿន សំណាង

  • តាក់ស៊ី​ហោះ​អគ្គិសនី​អាល្លឺម៉ង់​-ចិន បំបែក​កំណត់ត្រា​ហោះ​បាន​ឆ្ងាយ​ជាងគេ​លើ​ពិភពលោក

    តាក់ស៊ី​ហោះ​អគ្គិសនី​អាល្លឺម៉ង់​-ចិន បំបែក​កំណត់ត្រា​ហោះ​បាន​ឆ្ងាយ​ជាងគេ​លើ​ពិភពលោក

    តាក់ស៊ី​ហោះ​គំរូ Prosperity I ហោះ​បាន​ជាង 250 គីឡូម៉ែត្រ​បន្ទាប់ពី​បញ្ចូល​អគ្គិសនី​ម្ដង ​ក្លាយជា​យន្តហោះ-ឧទ​ម្ភា​គ​ចក្រ​អគ្គិសនី​ដែល​ហោះ​បាន​ឆ្ងាយ​បំផុត​លើ​ពិភពលោក។

    Autoflight ដែលជា​ក្រុមហ៊ុន​មាន​ទីស្នាក់ការ​​កណ្ដាល​នៅ​ប្រទេស​ចិន និង​អាល្លឺម៉ង់ បានបង្ហាញ​តាក់ស៊ី​ហោះ​គំរូ​ពេញលេញ Prosperity I ជំនាន់​ទី​បួន​ដោយ​ព្រឹត្តិការណ៍​ធំ​មួយ នោះ​គឺ​ការហោះហើរ​រយៈ​ចម្ងាយ​ឆ្ងាយ​បំផុត​របស់​យន្តហោះ​កូនកាត់​ឧទ្ធម្ភាគចក្រ​អគ្គិសនី (eVTOL) នេះ កាលពី​ចុង​ខែកុម្ភៈ​កន្លងទៅ។ យោងតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 02 មីនា កំណត់ត្រា​ថ្មី​នេះ​ត្រូវបាន​ទទួលស្គាល់​ដោយ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​អាកាសចរណ៍​របស់​ភាគី​ទី​បី និង​ឧបករណ៍​របស់​ Prosperity I។

    ជាក់ស្ដែង Prosperity I ហោះ​បាន 250.3 គីឡូម៉ែត្រ​បន្ទាប់ពី​បញ្ចូល​អគ្គិសនី​មួយ​លើក។ កំណត់ត្រា​នេះ​បាន​យកឈ្នះ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាម៉េរិក Joby ដែល​ហោះ​បាន 249 គីឡូម៉ែត្រ​ក្នុង​រយៈពេល 77 នាទី​កាលពី​ឆ្នាំ 2021។

    យន្តហោះ-ឧ​ទ្ធ​ម្ភា​គ​​អគ្គិសនី Prosperity I ត្រូវបាន​រចនា​ដោយ​ក្រុមហ៊ុន Frank Stephenson។ តាក់ស៊ី​ហោះ​នេះ​មាន​ស្លាប​វែង​ជាង​កំណែ​ចាស់ និង​មាន​ទម្រ​ចំនួន 4 រួម​នឹង​ស្លាប​កង្ហារ​ចំនួន 10 គ្រឿងនៅ​ជុំវិញ​ និង​ស្លាប​កង្ហារ​រុញច្រាន​នៅ​ពីក្រោយ។ កាប៊ីន​របស់​តាក់ស៊ី​ហោះ​នេះ​អាចដាក់​មនុស្ស​បាន 5 នាក់៕

     

  • Messi ជូន​ iPhone ស្រោប​មាស​ 35 គ្រឿង​ដល់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន

    Messi ជូន​ iPhone ស្រោប​មាស​ 35 គ្រឿង​ដល់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន

    Lionel Messi បាន​ចំណាយ​ប្រាក់​ 210,000 ដុល្លារ​អាម៉េរិក ដើម្បី​ទិញ​ទូរស័ព្ទ​ iPhone ស្រោប​មាស​ចំនួន 35 គ្រឿង​ ជូន​ដល់​សមាជិក​​​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន ក្រោយ​ពី​ដណ្ដើម​បាន​ជើង​ឯក​នៅ World Cup 2022។

    ទូរស័ព្ទ iPhone នីមួយ​ៗ​ត្រូវ​បាន​ Messi ស្នើ​ឱ្យ​គេ​រចនា​ដោយ​ឡែក ក្នុង​នោះ​មាន​ស្រោប​មាសសុទ្ធ​ ខ្នង​ទូរស័ព្ទ​មាន​ឡូហ្គោក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន និង​ឈ្មោះ​របស់​សមាជិក​ម្នាក់​ៗ​របស់​ក្រុម​។

    «Messi ចង់​ធ្វើ​អ្វី​មួយ​ដែល​ពិសេស​ និង​រីករាយ​ ដើម្បី​ជា​ការ​រម្លឹក​ដល់​ទិដ្ឋភាពដ៏​​គួរ​ឱ្យ​មាន​មោទកភាព​បំផុត​ក្នុង​ជីវិត» សារព័ត៌មាន Sun (អង់គ្លេស) ឱ្យ​ដឹង​ដូច្នេះ​។

    Ben Lyons នាយក​ប្រតិបត្តិ​​របស់​ក្រុម​ហ៊ុន iDesign Gold ដែល​ជា​អ្នក​ទទួល​រ៉ាប់​រង​ការ​រចនា​ iPhone ស្រោប​មាស​ខាង​លើ ​បាន​និយាយ​ថា Messi គឺជា​អតិថិជន​យូរ​ឆ្នាំ​របស់​ក្រុម​ហ៊ុន​នេះ​ និង​បាន​ទាក់ទង​ដើម្បីឱ្យ​ធ្វើ​ iPhone ស្រោប​មាស​ចំនួន 35 គ្រឿង បន្ទាប់​ពី​ដណ្ដើម​បាន​តំណែង​ជើង​ឯក World Cup 2022 បាន​មួយ​រយៈ​ពេល​។

    អាហ្សង់ទីន​ដណ្ដើម​បាន​ពាន​រង្វាន់​ជើង​ឯក​បាល់​ទាត់​ពិភពលោក​កាល​ពី​ខែ​ធ្នូ 2022 ក្រោយ​ពី​​បាន​ឈ្នះ​បារាំង​​នៅ​ក្នុង​ការ​ប្រកួត​ស៊ុត​ប៉េណាំងទី​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ Messi ទទួល​បាន​គ្រាប់​បាល់​មាស​ World Cup ពី FIFA ដែល​ជា​ពានរង្វាន់​សម្រាប់​កីឡាករ​ឆ្នើម​បំផុត​។ Messi ក៏​ជា​កីឡាករ​ដំបូង​គេ​ដែល​ទទួល​បាន​ពាន​រង្វាន់​គ្រាប់​បាល់​មាស​ចំនួន​ពីរ​នៅ​ World Cup ក្នុង​នោះ​ មួយ​គ្រាប់​នៅ​ឆ្នាំ 2014 និង​មួយ​គ្រាប់​នៅ​ឆ្នាំ 2022៕

  • គន្លង​តារាវិថី​ផែនដី​កំពុង​ប្រែ​ជា​​ «ខ្វះសុវត្ថិភាព»​ ដោយ​សារ​សំរាម​

    គន្លង​តារាវិថី​ផែនដី​កំពុង​ប្រែ​ជា​​ «ខ្វះសុវត្ថិភាព»​ ដោយ​សារ​សំរាម​

    សុវត្ថិភាព​នៃ​គន្លង​គោចរ​របស់​ផែនដី​កំពុង​ប្រែទៅ​ជា​អន់ថយ​ដោយ​សារ​តែ​មាន​ផ្កាយ​រណប​ច្រើន​ពេក​កំពុង​ធ្វើ​សកម្មភាព​ ប្រៀប​បាន​ទៅ​នឹង​ផ្លូវ​ល្បឿន​នៅ​ពេល​មាន​ចរាចរណ៍​មមាញឹក ហើយ​រថយន្ត​ទាំង​អស់​សុទ្ធ​តែ​ធ្វើ​ដំណើរ​ក្នុងល្បឿន​លឿន​។

    កាល​ពី 10 ឆ្នាំ​មុន​ នៅ​លើ​គន្លង​គោចរជុំវិញ​​ផែនដី មាន​ផ្កាយ​រណប​ប្រហែល 1,000 គ្រឿង​ប៉ុណ្ណោះ​ ប៉ុន្តែ 10 ឆ្នាំ​បន្ទាប់​ទៀត​​ តួលេខ​នេះ​អាច​ឡើង​ដល់​រាប់​សែន​គ្រឿង​។ កាល​ពី​ច្រើន​ឆ្នាំ​កន្លង ក្រុម​អ្នក​ជំនាញ​បាន​ព្រមាន​ថា គន្លង​តារាវិថិ​ផែនដី​កំពុង​ប្រែ​ទៅ​ជា​មមាញឹក​។ ដូច្នេះ​តើ​មនុស្ស​លោក​អាច​បាញ់​បង្ហោះ​ផ្កាយ​រណប​ប៉ុន្មាន​គ្រឿង​ មុន​ពេលគន្លង​គោចរ​ជុំវិញ​ផែនដី​បាត់​បង់​សុវត្ថិភាព​?

    «ស្ថានភាព​នឹង​ដូច​ទៅ​នឹង​ផ្លូវ​ល្បឿន​លឿន​ក្នុង​ម៉ោង​មមញឹក​ ក្រោម​ព្យុះ​ព្រឹល ហើយ​គ្រប់​គ្នា​សុទ្ធ​តែ​បើក​បរ​រថយន្ត​ក្នុង​ល្បៀន​លឿន​ជ្រុល​។ ប៉ុន្តែ​ចំណុច​ខុស​គ្នា​គឺ​ថា នឹង​មាន​ផ្លូវ​ល្បឿន​លឿន​ច្រើន​ដែល​ឆ្លង​កាត់​គ្នា​ដោយ​មិន​មាន​ភ្លើង​ចរាចរណ៍​» Jonathan McDowell អ្នក​វិទ្យា​សាស្ត្រ​ប្រចាំ​មជ្ឈមណ្ឌល​រូប​វិទ្យា​តារា​សាស្ត្រ​ Harvard-Smithsonian និយាយ​ពី​ស្ថានភាព​នៃ​​គន្លង​គោចរផែនដី​ បើ​សិន​គម្រោង​ប្រព័ន្ធ​ផ្កាយ​រណប​របស់​ SpaceX, OneWeb និង Amazon ក្លាយ​​ជា​ការ​ពិត​។

    យោង​តាម SpaceX ផ្កាយ​រណប​ Starlink នីមួយ​ៗ​ក្នុង​ចំណោម 4,000 គ្រឿង​ដែល​ SpaceX បាន​បាញ់​បង្ហោះ រហូត​មក​ដល់​ពេល​នេះ​ ​បាន​ធ្វើ​ការ​បញ្ចៀស​ការប៉ះគ្នា​ដោយ​ស្វ័យ​ប្រវត្ត ជា​មធ្យម 12 លើក​រួច​ទៅ​ហើយ​។

    ក៏ប៉ុន្តែ ចំនួន​ Starlink បច្ចុប្បន្ន មិន​ទាន់​ស្មើ​នឹង 10% នៅ​ឡើយ បើ​ធៀប​នឹង​ចំនួន​ដែល SpaceX គ្រោង​នឹង​ដាក់​ពង្រាយ​លើ​គន្លង​គោចរ​ផែនដី​។ ក្នុង​ 10 ឆ្នាំ​ទៅ​មុខ ចំនួនផ្កាយ​រណប​ Starlink នៅ​លើ​គន្លង​តារាវិថី​របស់​ផែនដី​អាច​កើន​ដល់​ 42,000 គ្រឿង​។ ក្រៅ​ពី​នេះ គន្លង​គោចរ​ផែន​ដី​ក៏​នឹង​មាន​ផ្កាយ​រណប 4,000 គ្រឿង​របស់ OneWeb, 3.200 គ្រឿងរបស់​ Amazon និង 13,000 គ្រឿង​ក្នុង​ប្រព័ន្ធ​ Guowang របស់​ចិន​បន្ថែម​ទៀត​។ នេះ​មិន​ទាន់​និយាយ​ដល់​ផ្កាយ​រណប​នានា​របស់​បណ្ដា​ប្រទេស​លើ​ពិភព​លោក​។

    ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប (ESA) បាន​ឱ្យដឹង​ថា តំបន់​អវកាស​ក្បែរ​ផែនដីមាន​សំរាម​អវកាស​ប្រហែល 36,000 ដុំដែល​មាន​ទំហំ​ធំជាង​ 10 សង់ទីម៉ែត្រ​, ប្រហែលមួយ​លាន​ដុំ​មាន​ទំហំ​ចាប់​ពី 1 ដល់ 10 សង់ទីម៉ែត្រ និង​ 130 លាន​ដុំ​តូច​ជាងមួយ​សង់ទីម៉ែត្រ​។ ជាង​នេះ​ទៀត សំរាម​អវកាស​តូច​ៗ​នឹង​បន្ត​កើន​ឡើង​នៅ​ពេល​សំរាម​ធំ​ហោះ​បុក​គ្នា​ក្នុង​ល្បឿន​លឿន​។

    កម្រិត​នៃ​គ្រោះ​ថ្នាក់​ដោយ​សារ​សំរាមអវកាស​​គឺ​អាស្រ័យ​លើ​កម្ពស់​របស់​ពួក​វា​។ លោក McDowell និយាយ​ថា «ពី 5 ទៅ​ 10 ឆ្នាំ​ទៀត​ មនុស្ស​យើង​នឹង​មាន​ផ្កាយរណប​ប្រហែល​ពី 20,000 ទៅ 100,000 គ្រឿង។ ខ្ញុំ​សង្ស័យ​ថា គ្រប់​យ៉ាង​នឹង​អាច​ត្រូវ​បាន​ដំណើរ​ការ​ដោយ​មិន​មាន​សុវត្ថិភាព​»៕

  • រថភ្លើង​ប្រភេទ​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​ ល្បឿន​ 600 គីឡូម៉ែត្រ/ម៉ោង «ហោះ​លើ​ផ្លូវដែក»

    រថភ្លើង​ប្រភេទ​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​ ល្បឿន​ 600 គីឡូម៉ែត្រ/ម៉ោង «ហោះ​លើ​ផ្លូវដែក»

    តាមរយៈ​សេន​សឺរ (អង្គ​ញាណ) រថភ្លើង​ប្រភេទ Maglev គ្រប់គ្រង​ដែន​​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​នៅតាម​បណ្ដោយ​រថភ្លើង​ក្នុង​ពេលវេលា​ជាក់ស្ដែង ជួយ​រក្សា​គម្លាត​ពី 8 ទៅ 10 មិល្លីម៉ែត្រ​រវាង​រថភ្លើង និង​ផ្លូវដែក។

    កាលពី 100 ឆ្នាំមុន គំនិត​ស្ដីពី​រថភ្លើង​ធ្វើដំណើរ​ដោយ​អណ្ដែត​លើផ្លូវ​ដែក​គឺជា​រឿង​ស្រមើស្រមៃ។ ក៏ប៉ុន្តែ សម័យ​ទំនើប​បច្ចុប្បន្ន បានឱ្យ​យើង​ដឹងថា ពុំមាន​អ្វីដែល​មិនអាច​ទៅរួច។

    ភ្នែក​របស់​អ្នកនឹង​ហាក់​មិនអាច​មើល​ដឹងថា​រថភ្លើង​មួយ​ខ្សែ​កំពុងធ្វើដំណើរ នៅពេល​វា​មាន​ល្បឿន 600 គីឡូម៉ែត្រ/ម៉ោង។ ដើម្បី​រត់​បាន 1,000 គីឡូម៉ែត្រ រថយន្ត F1 ត្រូវការ​ពេល 3.3 ម៉ោង ខណៈដែល​រថភ្លើង Fuxing ត្រូវការ 2.8 ម៉ោង ចំណែក​រថភ្លើង EMS ប្រភេទ Maglev ត្រូវការ​តែ 1.7 ម៉ោង​ប៉ុណ្ណោះ ដោយ​វា​​យឺត​ជាង 20 នាទី​ធៀប​នឹង​យន្តហោះ​ដឹក​អ្នកដំណើរ។ នៅក្នុង​ល្បឿន​ដូច​រថភ្លើង EMS ជា​មូលដ្ឋាន អ្នក​កំពុងតែ​ហោះហើរ​។

    ក្រុម​វិស្វករ​បញ្ចូល​ថាមពល​ដល់​មេដែក​អគ្គិសនី​នៅ​ខាងក្រោម​រថភ្លើង​ប្រភេទ Maglev ដើម្បី​លើក​រថភ្លើង​ផុតពី​ផ្លូវដែក ដោយ​យោងទៅតាម​​រូបមន្ត​ម៉ាញេ​ទិច។ នៅពេល​រត់ រថភ្លើង​ប្រភេទ Maglev ត្រូវការ​ឆ្លងកាត់​កម្លាំង​ឥទ្ធិពល​ពី​ទម្ងន់​របស់​វា ដើម្បី​អណ្ដែត ប៉ុន្តែ​នៅតែ​អាច​គ្រប់គ្រង​ដែនម៉ាញេទិច​បាន​យ៉ាង​សុក្រឹត មិនឱ្យ​រថភ្លើង​ចាកចេញ​ផុតពី​ផ្លូវដែក។ ក្នុងពេល​ធ្វើដំណើរ រថភ្លើង​នេះ​នឹង​បណ្ដែត​ខ្លួន ធ្វើឱ្យ​ភាព​កកិត​សម្រេច​បាន​ដល់​កម្រិត​​សូន្យ។

    តាមរយៈ​សេន​សឺរ (អង្គ​ញាណ) រថភ្លើង​ប្រភេទ Maglev គ្រប់គ្រង​បណ្ដាញ​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​នៅតាម​​បណ្ដោយ​​រថភ្លើង​ក្នុង​ពេលវេលា​ជាក់ស្ដែង ជួយ​រក្សា​គម្លាត​ពី 8 ទៅ 10 មិល្លីម៉ែត្រ ​រវាង​រថភ្លើង និង​ផ្លូវដែក។ នេះ​ពិតជា​បច្ចេកវិទ្យា​ដែល​កើតចេញពី​ភាព​យន្ត​ប្រឌិត​បែប​វិទ្យាសាស្ត្រ។

    នៅ​ប្រទេស​ចិន រថភ្លើង​ប្រភេទ Maglev នឹងមាន​ភាពលេច​ធ្លោ ដោយសារ​ផ្ទៃដី​ធំ​ទូលាយ អាច​ប្រើប្រាស់​រថភ្លើង​ម៉ាញេ​ទិច​បានល្អ ព្រោះ​វា​លឿន​ជាង​ការធ្វើដំណើរ​តាម​រថយន្ត​លើផ្លូវ​ល្បឿន​លឿន និង​ងាយស្រួល​ជាង​យន្តហោះ៕

  • ព្រះ​ចន្ទ​ជិត​មាន​តំបន់​សម្គាល់​ពេលវេលា​ (Time Zone) ផ្ទាល់ខ្លួន

    ព្រះ​ចន្ទ​ជិត​មាន​តំបន់​សម្គាល់​ពេលវេលា​ (Time Zone) ផ្ទាល់ខ្លួន

    ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​លើកសំណើ​បង្កើត​តំបន់​សម្គាល់​ពេលវេលា​ស្ដង់ដា ដើម្បី​បង្កើន​ភាពស៊ីចង្វាក់​គ្នា និង​ងាយស្រួល​សម្រាប់​បេសកកម្ម​អវកាស​នាពេល​អនាគត។

    ​បេសកកម្ម​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​​នៅ​ជុំវិញ​ពិភពលោក​ក្នុង​ទសវត្សរ៍​ខាងមុខ ​​មាន​រាប់សិប​គម្រោង ដូច្នេះ ទីភ្នាក់ងារ​អវកាស​អឺរ៉ុប បាន​លើកសំណើ​បង្កើត​តំបន់​សម្គាល់​ពេលវេលា​ថ្មី​នៅលើ​ឋាន​ព្រះ​ចន្ទ ដើម្បី​ជួយ​ឱ្យ​ការផ្លាស់ប្ដូរ​ព័ត៌មាន​មាន​ភាពងាយស្រួល​ជាង​បច្ចុប្បន្ន។ នេះ​បើតាម Smithsonian ចេញផ្សាយ​កាលពី​ថ្ងៃទី 28 កុម្ភៈ 2023។

    បច្ចុប្បន្ន បេសកកម្ម​ព្រះ​ចន្ទ​ប្រើប្រាស់​តំបន់​សម្គាល់​ម៉ោង​ទៅតាម​ប្រទេស​ម្ចាស់​បេសកកម្ម។ ក៏ប៉ុន្តែ វិធី​នេះ​មិនមាន​ភាព​សុក្រឹត និង​បណ្ដាលឱ្យ​យានអវកាស​របស់​បណ្ដា​ប្រទេស​ខ្វះ​ភាពស៊ីចង្វាក់​គ្នា។ ESA បានប្រកាស​អំពី​សំណើ​នេះ​កាលពី​ថ្ងៃទី 27 កុម្ភៈ 2023 ប៉ុន្តែ​គំនិតនេះ​​ត្រូវបាន​លើកឡើង​ដំបូង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ហូ​ឡង់​កាលពី​ចុងឆ្នាំ 2022។

    ការបង្កើត​តំបន់​សម្គាល់​ពេលវេលា​ដោយឡែក​នៅលើ​ឋាន​ព្រះ​ចន្ទ មិន​ត្រឹមតែ​ជួយ​ឱ្យមាន​ភាពងាយស្រួល​ក្នុងការ​ផ្លាស់ប្ដូរ​ព័ត៌មាន​នោះទេ តែ​ក៏​នឹង​ជួយ​ឱ្យ​អវកាស​ចរ​ងាយស្រួល​កំ​ណ​ត់​ទិស​ផងដែរ។

    ទោះជា​យ៉ាងនេះ​ក្ដី ក្រុម​អ្នកជំនាញ​មិនទាន់​កំណត់​បាន​ថា ម៉ោង​នៅលើ​ឋាន​ព្រះ​ចន្ទ​គួរ​គណនា​បែបណា​នៅឡើយ។ លើ​ឋាន​ព្រះ​ចន្ទ នាឡិកា​ដើរ​លឿន​ជាង​លើ​ផែនដី ដោយសារតែ​កម្លាំង​ទំនាញ​ដែល​អាច​កាច់​កោង​ពេលវេលា។ ជាក់ស្ដែង នាឡិកា​នៅលើ​ឋាន​ព្រះ​ចន្ទ​នឹង​កើន​ប្រហែល 56 មីក្រូ​វិនាទី ក្រោយ​រយៈពេល 24 ម៉ោង។ យោងតាម ESA កម្រិត​នេះ​ក៏​ផ្លាស់ប្ដូរ​ទៅតាម​ទីតាំង​របស់​នាឡិកា៕

  • «អាម៉ាប់» ត្រូវ​បាន​លើក​តម្កើង​​ក្នុង​ព្រឹត្តិការណ៍​ប្រគល់​ពាន​រង្វាន់ភាព​យន្ត​អាស៊ី 2023

    «អាម៉ាប់» ត្រូវ​បាន​លើក​តម្កើង​​ក្នុង​ព្រឹត្តិការណ៍​ប្រគល់​ពាន​រង្វាន់ភាព​យន្ត​អាស៊ី 2023

    Sammo Hung (Sammo Hung Kam-bo) ដែល​ទស្សនិកជន​នៅ​កម្ពុជា​ហៅ​ថា «អាម៉ាប់» នឹង​ទទួល​ពាន​រង្វាន់​សមិទ្ធផល​ពេញ​មួយ​ជីវិត​នៅ​ឯព្រឹត្តិការណ៍ Asian Film Awards 2023 ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី 12 មីនា 2023 នៅ​ហុងកុង​។

    កាល​ពី​ថ្ងៃទី 01 មីនា គណៈកម្មការ​គ្រប់​គ្រង​ព្រឹត្តិការណ៍​ផ្ដល់​​ពានរង្វាន់ភាពយន្តអាស៊ីឆ្នាំ 2023 (Asian Film Awards 2023) បាន​ប្រកាស​ថា កំពូល​តារា​សម្ដែង​ផ្នែក​ក្បាច់គុន​ Sammo Hung ទទួល​បាន​ពាន​រង្វាន់​នេះ​ក៏​ព្រោះ​តែ​ការ​រួម​ចំណែក​នៅក្នុង​វិស័យ​ភាព​យន្ត។ តាម​រយៈ​លិខិត​ផ្ញើ​ទៅ​កាន់​អ្នក​សារព័ត៌មាន លោក Sammo Hung សរសេរ​ថា «ខ្ញុំ​ពិត​ជា​រីក​រាយ និង​ភ្ញាក់​ផ្អើល​នៅ​ពេល​ឈ្នះពាន​រង្វាន់​នានា​នៅ​ក្នុង​វ័យ​នេះ​។ ពាន​រង្វាន់​នេះ​ថែម​ទាំង​មាន​អត្ថន័យ​ពិសេស​ បញ្ជាក់​ពី​អាជីព​​សម្ដែង​ទាំង​មូល​​របស់ខ្ញុំ»។

    អាម៉ាប់​កើត​ឆ្នាំ 1952 និង​បានចូល​​រៀន​នៅ​សាលា​ល្ខោន​ចិន Yu Jim Yuen ពេល​មាន​អាយុ 10 ឆ្នាំ​។ ក្នុង​ដំណាក់​កាល​នោះ អាម៉ាប់ ក៏​មាន​ឱកាស​សម្ដែង​ក្នុង​ខ្សែ​ភាព​យន្ត​មួយ​ចំនួន​។ ចាប់ពី​អាយុ 18 ឆ្នាំ​ អាម៉ាប់​ ចាប់​ផ្ដើម​មាន​អាជីព​ជា​អ្នក​សម្ដែង​ជំនួស​​នៅ​ក្នុង​ឈុត​ឆាក​គ្រោះថ្នាក់ និង​ក្បាច់​គុន។

    លោក Sammo Hung ហៅ​ អាម៉ាប់

    ក្នុង​អំឡុង​ប្រហែល 60 ឆ្នាំ​នៅ​ក្នុង​វិស័យ​ភាព​យន្ត លោក Sammo Hung បាន​កាន់​តួនាទី​ជា​ច្រើន​ ចាប់​ពី​អ្នក​សម្ដែង អ្នក​ដឹក​នាំ​សម្ដែង​ក្នុង​ឈុតឆាក​សកម្ម អ្នក​ដឹក​នាំ​រឿង និង​ផលិតករ​ភាព​យន្ត​។ អាម៉ាប់ ទទួល​បាន​ការ​គាំទ្រ​ច្រើន​ និង​មាន​ភាព​ល្បី​ល្បាញ​បន្ទាប់​ពី​មាន​វត្តមាន​នៅ​ក្នុង​ខ្សែភាព​យន្ត​មួយ​ចំនួន​ មាន​ជា​អាទិ៍​ រឿង Iron Fisted Monk, Winners and Sinners, Eastern Condors (បេសកកម្ម​ឥន្ទ្រីបូព៌ា) ឬ Kill Zone ។ល។

  • គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​នៅ​ប្រទេស​ក្រិ​ក​អាច​បណ្ដាលមកពី​កំហុស​របស់​មនុស្ស

    គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​នៅ​ប្រទេស​ក្រិ​ក​អាច​បណ្ដាលមកពី​កំហុស​របស់​មនុស្ស

    នាយករដ្ឋមន្ត្រី​ក្រិ​ក Mitsotakis ថ្លែងថា «កំហុស​របស់​មនុស្ស» អាចជា​មូលហេតុ​ដែល​នាំ​ឱ្យមាន​ឧបទ្ទវហេតុ​រថភ្លើង​ពីរ​គ្រឿង​បុក​គ្នា​បណ្ដាលឱ្យ​មនុស្ស 38 នាក់​បាត់​បង់ជីវិត។

    «ពិតជា​គួរឱ្យ​សោកស្ដាយ គ្រប់យ៉ាង​បង្ហាញថា សោកនាដកម្ម​ភាគច្រើន​គឺ​ដោយសារ​កំហុសឆ្គង​ដ៏​គ្រោះថ្នាក់​របស់​មនុស្ស» នាយករដ្ឋមន្ត្រី​ក្រិ​ក Kyriakos Mitsotakis ថ្លែង​លើ​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃទី 01 មីនា។ លោក​បន្ថែមថា «នេះ​គឺជា​ករណី​គ្រោះថ្នាក់​រថភ្លើង​ដ៏​សាហាវ​មិន​ធ្លាប់​មានមុន​នេះ​នៅ​ប្រទេស​ក្រិ​ក ហើយ​វា​នឹង​ត្រូវបាន​ស៊ើបអង្កេត​យ៉ាង​ពេញលេញ»។

    ទូរថភ្លើង​ចំនួន​ពីរ​ត្រូវ​ខូច​ខ្ទេចខ្ទី​គ្មាន​សល់ និង​ទូ​មួយ​ផ្សេងទៀត​ត្រូវ​ភ្លើង​ឆាបឆេះ នៅពេល​រថភ្លើង​ដឹក​អ្នកដំណើរ​បុក​ពេញ​ទំហឹង​ជាមួយ​នឹង​រថភ្លើង​ដឹកទំនិញ​នៅក្បែរ​ទីក្រុង Larissa ភាគ​ខាងកើត​ប្រទេស​ក្រិ​ក​កាលពី​ថ្ងៃទី 28 កុម្ភៈ 2023។ អាជ្ញាធរ​ក្រិ​ក​ឱ្យដឹងថា មនុស្ស 38 នាក់​បាន​ស្លាប់ និង 57 នាក់​កំពុង​ត្រូវបាន​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុងនោះ​មាន 6 នាក់​ត្រូវ​សង្គ្រោះបន្ទាន់។ យោងតាម​ក្រុមមន្ត្រី​ក្រិ​ក ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​បន្តទៀត ដោយសារ​មនុស្ស​មួយចំនួន​នៅតែ​បាត់​ខ្លួន។

    ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ​ជាង 350 នាក់​ ​បាន​ជួប​គ្រោះថ្នាក់​នៅពេល​កំពុងធ្វើដំណើ​រ​ពី​រដ្ឋធានី​អាថែន ទៅកាន់​ទីក្រុង Thessaloniki នៅ​ភាគ​ខាងជើង​ប្រទេស​ក្រិ​ក។

    សហរដ្ឋ​អាម៉េរិក រុស្ស៊ី ចិន បារាំង អាល្លឺម៉ង់ អ៊ុយ​ក្រែ​ន ក៏ដូចជាបណ្ដា​ប្រទេស​នានា​ និង​​បណ្ដា​ប្រទេស​ក្បែរ​ខាង​ បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ប្រជាជន​ក្រិ​ក បន្ទាប់ពី​សោកនាដកម្ម​បានកើត​ឡើង។ ក្រុមមន្ត្រី​ក្រិ​ក​ប្រកាស​កាន់ទុក្ខ 3 ថ្ងៃ​ដើម្បី​គោរព និង​រម្លឹក​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ៕

  • កីឡាករ​បាល់ទាត់​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​គ្រាប់​ជាងគេ​នៅ​មួយ​រដូវ World Cup បានទទួល​មរណភាព

    កីឡាករ​បាល់ទាត់​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​គ្រាប់​ជាងគេ​នៅ​មួយ​រដូវ World Cup បានទទួល​មរណភាព

    (បារាំង) – អតីត​កំពូល​ថ្វី​ជើង​ដែល​ស៊ុត​បញ្ចូល​ទី​បាន 13 គ្រាប់​នៅក្នុង​ការប្រកួត​បាល់ទាត់ World Cup 1958 លោក Just Fontaine បានទទួល​មរណភាព​កាលពី​ថ្ងៃទី 01 មីនា 2023 ក្នុង​វ័យ 89 ឆ្នាំ។

    យោងតាម​ព័ត៌មាន​ពី​ក្រុមគ្រួសារ អតីត​កីឡាករ Fontaine បានទទួល​មរណភាព​កាលពី​ល្ងាច​ថ្ងៃទី 01 មីនា នៅ​ទីក្រុង Toulouse ប្រទេស​បារាំង។ ក្លឹប​ចាស់​ចំនួន​ពីរ​របស់លោក គឺ Stade de Reims និង PSG សុទ្ធតែ​បាន​ផ្ញើលិខិត​ចូលរួម​រំលែក​ទុក្ខ។

    លោក Fontaine បានចាប់កំណើត​នៅ​ម៉ា​រ៉ុ​ក កាលពី​ឆ្នាំ 1933 នៅក្នុង​គ្រួសារ​ដែលមាន​ឪពុក​ជា​ជនជាតិ​បារាំង និង​ម្ដាយ​ជា​ជនជាតិ​អេ​ស្ប៉ា​ញ។ នៅ World Cup 1958 ដែល​ធ្វើឡើង​នៅ​ប្រទេស​ស៊ុយអែត លោក Fontaine ស៊ុត​បញ្ចូល​ទី​បាន 13 គ្រាប់។ រហូតមកដល់​បច្ចុប្បន្ន នេះ​នៅតែ​ជា​សមិទ្ធផល​ល្អ​បំផុត​របស់​កីឡាករ​មួយរូប​នៅក្នុង​មួយ​រដូវ​កាល​របស់ World Cup។

    លោក Fontaine ស៊ុត​បញ្ចូល​ទី​បាន 13 គ្រាប់​នៅក្នុង​ការប្រកួត​បាល់ទាត់ World Cup 1958

    ក្នុង World Cup 1958 លោក Fontaine រកបាន 6 គ្រាប់​នៅក្នុង 3 ប្រកួត​ដែល​ប៉ះ​នឹង ប៉ា​រ៉ា​ហ្កា​យ, អតីត​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស្កុ​តឡែ​ន នៅ​វគ្គ​ជម្រុះ។ លោក​រកបាន 2 គ្រាប់​ក្នុងការ​ប្រកួត​នៅ​វគ្គ ¼ ដែល​ឈ្នះ​អៀរ​ឡង់​ខាងជើង 4-0 និង 1 គ្រាប់​ទៀត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែល​ត្រូវ​ចាញ់​ប្រេ​ស៊ី​ល 2-5។ ក្នុងការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​មេដាយ​សំរឹទ្ធ​ដែល​បានឈ្នះ​អាល្លឺម៉ង់​ខាងលិច 6-3 លោក Fontaine រកបាន 4 គ្រាប់​ជូន​ក្រុម​ជម្រើសជាតិ​បារាំង។

    កំណត់​របស់លោក Fontaine ច្រើនជាង 2 គ្រាប់ បើ​ធៀប​នឹង​សមិទ្ធផល​របស់​កំពូល​ថ្វី​ជើង​លំដាប់​ទី​ពីរ Sandor Kocsis ដែល​រកបាន 11 គ្រាប់​នៅ World Cup 1954។ បណ្ដា​កំពូល​ថ្វី​ជើង​ដែល​ជាប់​ចំណាត់ថ្នាក់​បន្ទាប់​រួមមាន Gerd Muller រក​បាន​ 10 គ្រាប់​នៅ World Cup 1970, Eusebio 9 គ្រាប់​នៅ World Cup 1966, Ademir 9 គ្រាប់​នៅ World Cup 1950, Guillermo Stabile 8 គ្រាប់​នៅ World Cup 1930, Ronaldo Nazario 8 គ្រាប់​នៅ World Cup 2002 និង Kylian Mbappe 8 គ្រាប់​នៅ World Cup 2022។

    លោក Fontaine និង​ពាន​រង្វាន់​ស្បែក​ជើង​មាស​នៅ World Cup 1958

    លោក Fontaine ត្រូវ​បោះ​បង់​អាជីព​ជា​កីឡាករ​បាល់​ទាត់​នៅ​ក្នុង​វ័យ 28 ឆ្នាំ​ ដោយ​សារ​តែ​របួស​។ លោក​រក​បាន​គ្រាប់​បាល់​សរុប​ 30 គ្រាប់​នៅ​ក្នុង​ 21 ប្រកួត​ដែល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​៕

  • សភា​ជាន់​ទាប​អាម៉េរិកបាន​​អនុម័ត​សេចក្ដីព្រាងច្បាប់ «ហាមឃាត់ TikTok»

    សភា​ជាន់​ទាប​អាម៉េរិកបាន​​អនុម័ត​សេចក្ដីព្រាងច្បាប់ «ហាមឃាត់ TikTok»

    គណៈកម្មការ​កិច្ចការបរទេស​របស់​សភា​ជាន់​ទាប​អាម៉េរិក បានអនុម័ត​សេចក្ដីព្រាងច្បាប់​ដែល​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​របស់លោក ចូ បៃ​ដិ​ន ហាមឃាត់ TikTok និង​កម្មវិធី​បច្ចេកវិទ្យា​នានា​ដែល​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ។

    កាលពី​ថ្ងៃទី 01 មីនា 2023 គណៈកម្មការ​កិច្ចការបរទេស​របស់​សភា​ជាន់​ទាប​អាម៉េរិក​បាន​បោះឆ្នោត​អនុម័ត ដោយមាន​សន្លឹកឆ្នោត​គាំទ្រ​ចំនួន 24 សំឡេង និង​ប្រឆាំង 16 សំឡេង លើ​សេចក្ដីព្រាងច្បាប់​ហាមឃាត់​បណ្ដាញ​សង្គម TikTok ​របស់​ក្រុមហ៊ុន​ចិន ByteDance ដែល​បច្ចុប្បន្ន​មាន​អ្នកប្រើប្រាស់​ជាង 100 លាន​នាក់​នៅ​សហរដ្ឋ​អាម៉េរិក។

    ដោយមាន​ច្បាប់​ថ្មី​នេះ ប្រធានាធិបតី​អាម៉េរិក លោក បៃ​ដិ​ន អាច​ហាមឃាត់​ការរកស៊ី​ជាមួយនឹង TikTok ដែលនេះ​​មានន័យថា បុគ្គល​នានា​នៅ​សហរដ្ឋ​អាម៉េរិក នឹង​មិនអាច​ចូល​លេង ឬ​ទាញយក​កម្មវិធី​នេះ​នៅលើ​ទូរស័ព្ទ។ សេចក្ដីព្រាងច្បាប់​នេះ​ក៏​ស្នើឱ្យ​ម្ចាស់​សេត​វិមាន​ហាមឃាត់​រាល់​ស្ថាប័ន​ដែល​អាច​បញ្ជូន​ទិន្នន័យសំខាន់ៗរបស់​បុគ្គល​នានា​ទៅកាន់​អង្គភាព​ដែល​ទទួល​ឥទ្ធិពល​របស់​ប្រទេស​ចិន​ផងដែរ។

    «TikTok គឺជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ…។ ដល់​ពេលដែល​ត្រូវធ្វើ​សកម្មភាព​ហើយ» ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​របស់​សភា​ជាន់​ទាប​អាម៉េរិក Michael McCaul នៃ​បក្ស​សាធារណរដ្ឋ​ ថ្លែង​ដូច្នេះ។

    ក្រុមតំណាងរាស្ត្រ​របស់​បក្ស​កាន់អំណាច​យល់ថា នេះ​គឺជា​សកម្មភាព «ប្រញាប់ប្រញាល់» និង​ត្រូវការ​ពិភាក្សា​លំអិត​ជាមួយ​ក្រុម​អ្នកជំនាញ។ ដើម្បី​ក្លាយជា​ច្បាប់ សេចក្ដីព្រាងច្បាប់​នេះ​នឹង​ត្រូវការ​ការអនុម័ត​ពី​សភា​ជាន់​ទាប និង​សភា​ជាន់ខ្ពស់ មុនពេល​បញ្ជូន​ទៅកាន់​លោក បៃ​ដិ​ន ដើម្បី​ចុះហត្ថលេខា​ចុងក្រោយ។

    TikTok កំពុង​ប្រឈម​នឹង​ការតាមដាន និង​រឹតបន្តឹង​កាន់តែខ្លាំងឡើងៗពី​បណ្ដា​ប្រទេស​លោកខាងលិច​នៅក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ព្រោះតែ​មានការ​បារម្ភ​ថា ទីក្រុង​ប៉េកាំង​អាច​ប្រមូលយក​ទិន្នន័យ​អ្នកប្រើប្រាស់។

    TikTok និង​គណៈកម្មការ​វិនិយោគ​បរទេស​នៅ​សហរដ្ឋ​អាម៉េរិក (CFIUS) បាន​ចរចា​ជាមួយគ្នា​អស់​ជាង​ពីរ​ឆ្នាំ​មកហើយ ទាក់ទង​នឹង​សំណើ​ស្ដីពី​ការធានា​សុវត្ថិភាព​របស់​ទិន្នន័យ។ TikTok ឱ្យដឹងថា ខ្លួន​បាន​ចំណាយ​ប្រាក់​អស់​ជាង 1.5 ពាន់​លាន​ដុល្លារ​សម្រាប់​កិច្ច​ការធានា​សុវត្ថិភាព​ទិន្នន័យ និង​បាន​ច្រានចោល​ការចោទប្រកាន់​ពី​អាជ្ញាធរ​អាម៉េរិក៕

  • រថភ្លើង​​ពីរ​គ្រឿង​បុកគ្នា​នៅ​ប្រទេស​ក្រិក សម្លាប់​មនុស្ស​យ៉ាង​តិច 36 នាក់​

    រថភ្លើង​​ពីរ​គ្រឿង​បុកគ្នា​នៅ​ប្រទេស​ក្រិក សម្លាប់​មនុស្ស​យ៉ាង​តិច 36 នាក់​

    រថភ្លើង​ដឹក​អ្នកដំណើរ​បាន​បុក​នឹង​រថភ្លើង​ដឹក​ទំនិញ​នៅ​ក្បែរ​ទីក្រុង Larissa ភាគ​ខាង​កើត​​​​ប្រទេស​ក្រិក បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច 36 នាក់​បាត់បង់ជីវិត​ និង 85 នាក់​រង​របួស​។

    ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ 350 នាក់​ពី Athens ទៅកាន់​ទីក្រុង Thessaloniki ភាគ​ខាងជើង​ប្រទេស​ក្រិ​ក កាលពី​ព្រលប់​ថ្ងៃទី 28 កុម្ភៈ បាន​បុក​គ្នា​នឹង​រថភ្លើង​ដឹកទំនិញ នៅពេល​ទើប​ចេញ​ផុតពី​ផ្លូវ​រូង​ក្រោម​ដី​នៅ Larissa ភាគ​ខាង​កើត​​ប្រទេស​នេះ។

    ការបុក​គ្នា​យ៉ាង​ពេញទំហឹង​នេះ​បណ្ដាលឱ្យ​ទូរថភ្លើង​មួយចំនួន​ត្រូវ​ខូចខាត​ទាំងស្រុង ក្នុងនោះ​មាន​ខ្លះ​ត្រូវ​ឆាបឆេះ ខណៈ​អ្នកដំណើរ​ត្រូវ​ជាប់​ខាងក្នុង។

    បុគ្គលិក​ពន្លត់​អគ្គិភ័យ​ប្រហែល 150 នាក់ និង​រថយន្ត​សង្គ្រោះ​ប្រហែល 40 គ្រឿង​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ។

    បុគ្គលិក​សង្គ្រោះ​ម្នាក់​និយាយថា យ៉ាងហោចណាស់​មាន​មនុស្ស 36 នាក់​បាន​ស្លាប់ និង 85 នាក់​រងរបួស ក្នុងនោះ​មាន 66 នាក់​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

    បច្ចុប្បន្ន​មិនទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ ប៉ុន្តែ ប្រធាន​សមាគម​អ្នកបើកបរ​រថភ្លើង OSE លោក Kostas Genidounias និយាយថា រថភ្លើង​ទាំងពីរ​ខ្សែ​នេះ​ធ្វើដំណើរ​លើផ្លូវ​ដែក​តែមួយ និង​បុក​គ្នា​ដោយផ្ទាល់ ខណៈ​ក្រុមមន្ត្រី និង​ប៉ូលិស​កំពុងតែ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ។

    ប្រព័ន្ធ​ផ្លូវដែក​ដ៏​ចាស់​របស់​ក្រិ​ក​កំពុង​ត្រូវការ​ការជួសជុល​ឡើងវិញ។ កាលពី​ឆ្នាំ 1972 មាន​គ្រោះថ្នាក់​ស្រដៀង​គ្នា​នេះ​កើត​ឡើង​ម្ដង​រួច​ហើយ ដោយ​វា​បាន​សម្លាប់​មនុស្ស​ចំនួន 19 នាក់​ ​បន្ទាប់ពី​រថភ្លើង​ពីរ​ខ្សែ​បុក​គ្នា​នៅក្បែរ Larissa៕