Author: សឿន សំណាង

  • ក្រុមហ៊ុន​អាម៉េរិក​ធ្វើតេស្ត​ឡាន​ហោះអគ្គិសនី ល្បឿន​ 225 គីឡូម៉ែត្រ/ម៉ោង

    ក្រុមហ៊ុន​អាម៉េរិក​ធ្វើតេស្ត​ឡាន​ហោះអគ្គិសនី ល្បឿន​ 225 គីឡូម៉ែត្រ/ម៉ោង

    ក្រុមហ៊ុន​អាកាសចរណ៍ Doroni Aerospace ដែលមាន​ទីស្នាក់កា​រ​នៅ Miami បានធ្វើការ​សាកល្បង​លើ​ការហោះ​ឡើង និង​ចុះចត​ដោយ​ជោគជ័យ​​លើកដំបូង​ចំពោះ​ឡាន​ហោះ​គំរូ Doroni H1។

    បន្ទាប់ពី​ត្រូវបាន​បង្ហាញ​ជា​លើកដំបូង​ក្នុង​ទម្រង់ concept កាលពី​ឆ្នាំ 2019 និង​ចាប់ផ្ដើម​អភិវឌ្ឍ​ជា​ទម្រង់​គំរូ​តាំងពី​ដើមឆ្នាំ 2022 ឡាន​ហោះ Doroni H1 អាច​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់ និង​ប្រើប្រាស់​អគ្គិសនី (eVTOL)។ ដោយសារ​​មាន​រូបរាង​តូច​ល្មម ឡាន​ហោះ​នេះ​អាច​ចត​ក្នុង​កន្លែង​ដាក់​ឡាន​របស់​គ្រួសារ។ Doroni H1 មាន​បណ្ដោយ 7 ម៉ែត្រ, ទទឹង 4.5 ម៉ែត្រ, កម្ពស់ 1.7 ម៉ែត្រ និង​អាច​ហោះ​ក្នុង​ល្បឿន 225 គីឡូម៉ែត្រ/ម៉ោង​។

    ថ្មីៗនេះ ក្រុមហ៊ុន​ខាងលើ​បានធ្វើការ​សាកល្បង​ហោះ​ឡើង និង​ចុះចត​ចំពោះ Doroni H1 និង​​បាន​ទទួល​​ជោគ​ជ័យ នេះ​បើតាម TMZ ចុះផ្សាយ​កាលពី​ថ្ងៃទី 14 មីនា។ នេះ​គឺជា​ជំហាន​ដំបូង​ដើម្បីឱ្យ​ក្រុមហ៊ុន​បន្តធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​នា​ប៉ុន្មាន​ខែ​ខាងមុខ។

    Doroni H1 ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​អាច​ហោះហើរ​ជា​បន្តបន្ទាប់​បាន​ជិត 100 គីឡូម៉ែត្រ។ ដោយ​ប្រើប្រាស់​មុខងារ​បញ្ចូល​អ​គ្គិ​ស​នី​រហ័ស ឡាន​ហោះ​នេះ​ស៊ី​​ពេល​ប្រហែល​តែ​ជាង 20 នាទី​ប៉ុណ្ណោះ​គឺមាន​ថាមពល​​ 80%។ ក្រោយពី​បាន​ចុះចត អ្នកប្រើប្រាស់​អាច​បើកបរ​ឡាន​ហោះ​នេះ​ចូលទៅក្នុង​ហ្កា​រ៉ា​ស​ធម្មតា​ដើម្បី​បញ្ចូល​អគ្គិសនី។

    អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​អាម៉េរិក​បានទទួល​ស្គាល់​ថា Doroni H1 គឺជា​ឡាន​ហោះ​គំរូ​បែប​កីឡា​ធុន​ស្រាល។ Doroni H1 មាន​កៅអី​ចំនួន​ពីរ និង​អាច​ផ្ទុក​ទម្ងន់​បាន 227 គីឡូក្រាម។ គ្រប់គ្នា​ដែលមាន​ប័ណ្ណបើកបរ​សមស្រប និង​បានបញ្ចប់​វគ្គ​ហ្វឹកហ្វឺន 20 ម៉ោង​របស់ Doroni Aerospace សុទ្ធតែ​អាច​បើកបរ​ឡាន​ហោះ​នេះ​បាន។

    ដើមឡើយ តម្លៃ​លក់រាយ​របស់ Doroni H1 គឺ​ត្រឹម​តែ​ 195,000 ដុល្លារ​អាម៉េរិក ប៉ុន្តែ​តម្លៃ​នេះ​បច្ចុប្បន្ន​បាន​ឡើងដល់ 350,000 ដុល្លារ ដោយសារ​វត្ថុធាតុដើម​ឡើងថ្លៃ​ខ្ពស់។

    Doroni Aerospace ឱ្យដឹងថា ទទួលបាន​ការបញ្ជាទិញ​ជាង 230 គ្រឿង និង​បាន​បញ្ជាក់ថា Doroni H1 នឹងមាន​វត្តមាន​ក្នុង​ទីផ្សារ​ចាប់ពី​ឆ្នាំ 2025៕

  • គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​លំអ​ថ្មី​មួយ​នៅ​កម្ពុជា គ្រោង​នឹង​បង្កើត​ការងារ​បាន​ជាង 300 កន្លែង

    គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​លំអ​ថ្មី​មួយ​នៅ​កម្ពុជា គ្រោង​នឹង​បង្កើត​ការងារ​បាន​ជាង 300 កន្លែង

    ក្រុមហ៊ុន «Won Star Enterprise Co., Ltd.» ត្រូវបាន​គណៈកម្មាធិកា​រ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​រួចហើយ។ នេះ​បើតាម​ទំព័រ​បណ្ដាញ​សង្គម​របស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចុះផ្សាយ​នា​រសៀល​ថ្ងៃនេះ។

    យោងតាម ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Won Star Enterprise នឹង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​លំអ សម្ភារៈ​លំអ​ធ្វើ​ពី​ប្លា​ស្ទិ​ក និង​សម្ភារៈ​តាំង​លំអផ្សេងៗ (String Light, LED, Sculpture, Ancient Tree Elf…)។

    រោងចក្រ​របស់​ក្រុមហ៊ុន “Won Star Enterprise ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង ហ្គី​ហ្គា រី​សស៍ នៅ​ខេត្តស្វាយរៀង​នេះ មាន​ទុនវិនិយោគ​ចំនួន​ពីរលាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ 350 កន្លែង។

  • តំណាងរាស្ត្រ​អាម៉េរិក អំពាវនាវ​ឱ្យ​ «បាញ់​ទម្លាក់​» យន្តហោះ​ចម្បាំង​រុស្ស៊ី ក្រោយ​ករណី​ធ្លាក់ UAV

    តំណាងរាស្ត្រ​អាម៉េរិក អំពាវនាវ​ឱ្យ​ «បាញ់​ទម្លាក់​» យន្តហោះ​ចម្បាំង​រុស្ស៊ី ក្រោយ​ករណី​ធ្លាក់ UAV

    តំណាងរាស្ត្រ​នៅ​សភា​ជាន់ខ្ពស់​អាម៉េរិក Lindsey Graham បាន​លើកសំណើ​ឱ្យ​វ៉ា​ស៊ី​ង​តោន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​ដែល​ហោះ​មក​ក្បែរ​យាន​យោធា​អាម៉េរិក ដើម្បី​ឆ្លើយតប​នឹង​ករណី​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) របស់​អាម៉េរិក​នៅលើ​ស​មុ​ទ្រ​ខ្មៅ​កាលពី​ប៉ុន្មាន​ថ្ងៃមុន។

    «បើជា​ប្រធានាធិបតី Ronald Reagan វិញ លោក​នឹងធ្វើ​អ្វី​នៅក្នុង​ស្ថានការណ៍​នេះ? លោក​នឹង​បញ្ជា​ឱ្យ​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី បើ​ពួកគេ​គំរាម​ដល់​យាន​យោធា​របស់​យើង» លោក Lindsey Graham សមាជិកសភា​របស់​ប​ក្ស​សាធារណរដ្ឋ បាន​ថ្លែង​លើ​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃទី 15 មីនា​ដូច្នេះ។

    លោក Graham យល់ថា រុស្ស៊ី​ត្រូវតែ​ទទួលខុសត្រូវ​ក្នុងករណី​ធ្លាក់ UAV MQ-9 Reaper របស់​សហរដ្ឋ​អាម៉េរិក​នៅ​សមុទ្រ​ខ្មៅ​កាលពីមុន​នោះ​មួយថ្ងៃ ព្រមទាំង​បានចេញ​ការព្រមាន​ដល់​ក្រុម​មេដឹកនាំ​រុស្ស៊ីផងដែរថា «បើសិនជា​យន្តហោះ​រុស្ស៊ី នៅតែ​ហោះ​ក្បែរ​យាន​យោធា​អាម៉េរិក​ដែល​ធ្វើ​សកម្មភាព​នៅលើ​ដែនអាកាស​អន្តរជាតិ វា​នឹង​ត្រូវបាន​បាញ់​ទម្លាក់»។

    ប្រតិកម្ម​ទៅនឹង​ប្រកាស​របស់លោក Graham ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហរដ្ឋ​អាម៉េរិក Anatoly Antonov ឱ្យដឹងថា ម៉ូស្គូ​មិន​ចង់​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​វ៉ា​ស៊ី​ង​តោន ប៉ុន្តែ​បាន​សង្កត់ធ្ងន់ថា រាល់​ការវាយប្រហារ​ដោយ​ចេតនា​មកលើ​យន្តហោះ​រុស្ស៊ី​លើ​ដែនអាកាស​អន្តរជាតិ​នឹង​ជា «ការប្រកាសសង្គ្រាម​សំដៅលើ​មហាអំណាច​នុយ​ក្លេ​អែរ​ធំជាងគេ​លើ​លោក»។

    បញ្ជាការដ្ឋាន​កងទ័ព​ប្រចាំ​អឺរ៉ុប​របស់​អាម៉េរិក បានឱ្យដឹងថា យន្តហោះ​ចម្បាំង Su-27 ពីរ​គ្រឿង​របស់​រុស្ស៊ី បាន​ហោះ​មក​ក្បែរ ហោះ​កាត់មុខ និង​បាញ់​ប្រេងសាំង​ទៅលើ UAV MQ-9 Reaper នៅលើ​តំបន់​សមុទ្រ​អន្តរជាតិ​កាលពី​ថ្ងៃទី 14 មីនា មុនពេល​យន្តហោះ Su-27 មួយគ្រឿង​ផ្សេងទៀត​ប៉ះទង្គិច​លើ​ស្លាប​កង្ហារ​របស់ UAV ​បង្ខំ​ឱ្យ​ទ័ពអាកាស​អាម៉េរិក​ទ​ម្លា​ក់ UAV ចូលក្នុង​សមុទ្រ។

    តំណាងរាស្ត្រ​នៅ​សភា​ជាន់ខ្ពស់​អាម៉េរិក Lindsey Graham

    មន្ទីរ​បញ្ច​កោណ​និយាយថា MQ-9 ពេលនោះ​កំពុង​ឈ្លបយកការណ៍​ដូច​ធម្មតា។ អាម៉េរិក​ប្រើប្រាស់ MQ-9 សម្រាប់​សកម្មភាព​ឈ្លបយកការណ៍ និង​វាយប្រហារ​គោលដៅ​លើដី។ យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​តែង​ហោះ​លើ​សមុទ្រ​ខ្មៅ​ដើម្បី​តាមដាន​កងទ័ព​រុស្ស៊ី។

    ក្រុមមន្ត្រី​រុស្ស៊ី​បាន​ច្រានចោល​ការចោទប្រកាន់​ពី​អាម៉េរិក និង​យល់ថា UAV របស់​អាម៉េរិក​ផ្លាស់ប្ដូរ​ទិស​​ដៅ​រហ័ស និង​ធ្លា​ក់ដោយ​ឯកឯង​នៅពេល​បាត់បង់​ការគ្រប់គ្រង។ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អាម៉េរិក Anatoly Antonov អះអាងថា MQ-9 កំពុង​ប្រមូល​ទិន្នន័យ​ដើម្បី​បញ្ជូនទៅឱ្យ​អ៊ុយ​ក្រែ​ន មុនពេល​ត្រូវ​ធ្លាក់។

    នេះ​គឺជា​ការប៉ះទង្គិច​ផ្ទាល់​ជា​លើកដំបូង​រវាង​កងក​ម្លាំ​ង​រុស្ស៊ី និង​អាម៉េរិក រាប់​ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង​កាលពី​ខែកុម្ភៈ​ឆ្នាំ​កន្លង។ ហេតុការណ៍​នេះ​មិនបាន​ធ្វើឱ្យមាន​ការប្រឈមមុខ​ដាក់គ្នា​នៅ​កន្លែង​ជាក់ស្ដែង​បន្ទាប់​ទៀត​នោះទេ ប៉ុន្តែ​វា​ធ្វើឱ្យ​ទ័ពអាកាស​អាម៉េរិក​ខាតបង់​អស់យ៉ាង​តិច 30 លាន​ដុល្លារ​អាម៉េរិក នៅ​ពេល MQ-9 Reaper បាន​បាត់​ខ្លួន​ទាំងស្រុង​ពី​អាកាស៕

  • ណា​សា (NASA) ​បង្ហាញ​ឈុត​សម្លៀកបំពាក់​​អវកាស​សម្រាប់​​បេសកកម្ម​ព្រះ​ចន្ទ Artemis III

    ណា​សា (NASA) ​បង្ហាញ​ឈុត​សម្លៀកបំពាក់​​អវកាស​សម្រាប់​​បេសកកម្ម​ព្រះ​ចន្ទ Artemis III

    នៅឯ​មជ្ឈមណ្ឌល​អវកាស Johnson ក្នុង​ទីក្រុង Houston រដ្ឋ Texas សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 15 មីនា ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា-NASA) រួម​នឹង​ដៃគូ​សហការ Axiom Space បានបង្ហាញ​ឈុត​សម្លៀកបំពាក់​អវកាស​ជំនាន់​ថ្មី​ដែល​ផលិតឡើង​សម្រាប់​អ្នក​អវកាស​នៅក្នុង​បេសកកម្ម​ត្រលប់​ទៅកាន់​ឋាន​ព្រះ​ចន្ទ Artemis III។

    ឈុត​ថ្មី​ដែល​​មាន​ឈ្មោះថា ឧបករណ៍​ផ្លាស់​ទី​ស្រាវជ្រាវ​ភព​ក្រៅ (Axiom Extravehicular Mobility Unit – AxEMU) នេះ ត្រូវបាន​រចនា និង​ផលិត​ដោយ​ក្រុមហ៊ុន Axiom Space ទៅតាម​កិច្ចព្រមព្រៀង​តម្លៃ 225.5 លាន​ដុល្លារ​អាម៉េរិក​ជាមួយនឹង​ណា​សា។

    ឈុត​សម្លៀកបំពាក់​នេះ​មាន​មុខងារ​ការពារ​ម​នុស្ស និង​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប ​លេចធ្លោ​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ឈុត​អវកាស​ដែល​បាន​ប្រើប្រាស់​ក្នុង​បេសកកម្ម Apollo កាលពី​ជាង 50 ឆ្នាំមុន។

    ឈុត​នេះ​មាន​ពណ៌​ខ្មៅ រំលេច​ដោយ​ពណ៌​ទឹកក្រូច ពណ៌​ផ្ទៃមេឃ​ដើម្បី​បង្ហាញ​ពី​រូប​រាង​​ដ៏​លេចធ្លោ និង​ប្លែក​ភ្នែក។ ក៏ប៉ុន្តែ កំណែ​ចុងក្រោយ​នឹងមាន​ពណ៌​ស​ដូច​សម័យ Apollo ដើម្បី​អាច​ទប់​ទល់នឹង​វិទ្យុសកម្ម​ពី​ព្រះអាទិត្យ និង​ការពារ​អ្នក​អវកាសពី​អាកាស​​ធាតុ​ដ៏​អាក្រក់​នៅលើ​ឋាន​ព្រះ​ចន្ទ។

    សម្លៀកបំពាក់​អវកាស​ថ្មី​របស់ Axiom Space មាន​ច្រើន​ស្រទាប់ ក្នុងនោះ​មាន ស្រទាប់​សម្រាប់​រក្សា​ខ្យល់, ស្រទាប់​សម្រាប់​រក្សា​រូបរាង​របស់​ឈុត​សម្លៀកបំពាក់, ស្រទាប់​សម្រាប់​រារាំង​ក​ម្ដៅ ហើយ​​ស្រទាប់​ខាងក្រៅ​គឺ​សម្រាប់​ទប់ទល់​នឹង​ធូលី និង​ការ​ពារ​បញ្ហា​​​ដាច់​រហែក។

    ឈុត​សម្លៀកបំពាក់​អវកាស​ក្នុង​សម័យ​ Apollo

    បេសកកម្ម Artemis III នឹងធ្វើ​ឡើង​នៅ​ចុងឆ្នាំ 2025 បន្ទាប់ពី Artemis II ដែល​នាំ​អ្នក​អវកាស​ទៅ​ហោះ​ជុំវិញ​ឋាន​ព្រះចន្ទ​បានបញ្ចប់។ ណា​សា​នឹង​ប្រកាស​ឈ្មោះ​ក្រុម​អវកាសចរ​​នៅក្នុង​បេសកម្ម​លើក​នេះ​នៅ​ថ្ងៃទី 03 មេសា។ Artemis III នឹង​ជា​បេសកកម្ម​ដំបូង​ដែលអ្នក​អវកាស​ត្រូវ​​ចុះចត​លើ​តំបន់​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ៕

  • អំពើហិង្សាដ៏​ធំ​កើត​ឡើង​នៅ​វគ្គ ​1/8 ​នៃ​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​បាល់​ទាត់​ Champions​ League​ 2022/2023​

    អំពើហិង្សាដ៏​ធំ​កើត​ឡើង​នៅ​វគ្គ ​1/8 ​នៃ​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​បាល់​ទាត់​ Champions​ League​ 2022/2023​

    (អ៊ីតាលី) – ករណី​ប្រើ​អំពើហិង្សា​ធំ​ដែល​មួយ​បាន​កើតឡើង​នៅមុន​ការប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ 1/8 UEFA Champions League 2022/2023 រវាង​ក្រុម Napoli និង Frankfurt។

    វេលា​ទៀបភ្លឺ​ថ្ងៃទី 15 មីនា (ម៉ោង​នៅ​កម្ពុជា) មាន​ហេតុការណ៍​វឹកវរ​ដ៏​ធំ​មួយ​បាន​កើតឡើង​នៅក្នុង​ទីក្រុង Naples កៀក​នឹង​ម៉ោង​ប្រកួត​រវាង​ក្លឹប Napoli និង Frankfurt ក្នុង​វគ្គ 1/8 នៃ​ពានរង្វាន់​បាល់ទាត់ Champions League 2022/2023។

    អ្នកយកព័ត៌មាន​ជនជាតិ​អ៊ីតាលី Tancredi Palmeri បានឱ្យដឹងថា ក្រុម​អ្នកគាំទ្រ​មកពី​ប្រទេស​អាល្លឺម៉ង់ និង​ក្រុម​អ្នកគាំទ្រ​ជ្រុលនិយម​របស់​ក្លឹប Atlanta បាន​ចូលរួម​ក្នុង​ហេតុការណ៍​នេះ។

    ហេតុការណ៍​វឹកវរ​ដ៏​ធំ​មួយ​បាន​កើតឡើង​នៅក្នុង​ទីក្រុង Naples វេលា​ទៀបភ្លឺ​ថ្ងៃទី 15 មីនា (ម៉ោង​នៅ​កម្ពុជា) កៀក​នឹង​ម៉ោង​ប្រកួត​រវាង​ក្លឹប Napoli និង Frankfurt ក្នុង​វគ្គ 1/8 នៃ​ពានរង្វាន់​បាល់ទាត់ Champions League 2022/2023

    វីដ​អូ​ដែល​ថត​បាន​សកម្មភាព​បង្ហាញថា អ្នកគាំទ្រ​ពីរ​ក្រុម​ខាងលើ​បាន​វាយប្រហារ​លើ​ប៉ូលិស។ ជាការ​ឆ្លើយតប សមត្ថកិច្ច​អ៊ីតាលី​ប្រហែល 800 នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​ដងផ្លូវ​ដើម្បី​ទប់​ទល់នឹង​ក្រុមមនុស្ស​ជាង 300 នាក់​ដែល​កំពុង​បង្ក​ភាពវឹកវរ។ ចំណែក​រថយន្តក្រុងរ​បស់​ក្លឹប Frankfurt ក៏ត្រូវ​ភ្លើង​ឆាបឆេះ។

    ប៉ូលិស​រាប់​រយនាក់​ត្រូវ​បាន​បញ្ជូន​មក​កាន់​កន្លែង​កើតហេតុ

    ចុងក្រោយ ពុំមាន​របាយការណ៍​ណាមួយ​និយាយ​ពី​ការបាត់បង់​ជី​វិម​នុស្ស​នៅក្នុង​ហេតុការណ៍​ហិង្សា​ខាងលើ ហើយ​ក្លឹប Napoli របស់​អ៊ីតាលី ក៏បាន​យកឈ្នះ Frankfurt របស់​អាល្លឺម៉ង់ 3-0៕

  • កូរ៉េខាងត្បូង​សម្រេច​ចំណាយ​ជិត​បី​ពាន់​លាន​ដុល្លារ​​ទៀត​ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​អាម៉េរិក

    កូរ៉េខាងត្បូង​សម្រេច​ចំណាយ​ជិត​បី​ពាន់​លាន​ដុល្លារ​​ទៀត​ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​អាម៉េរិក

    រដ្ឋាភិបាល​កូរ៉េខាងត្បូង​អនុម័ត​គម្រោង​ចំណាយ​ជិត​បី​ពាន់​លាន​ដុល្លារ​អាម៉េរិក​ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​អាម៉េរិក F-35A ក្នុង​គ្រា​ដែល​ភាព​តាន​តឹង​កំពុង​កើន​ឡើង​នៅ​ឧបទ្វីប​កូរ៉េ។

    ការិយាល័យ​គ្រប់គ្រង​កម្មវិធី​ទិញដូរ​កូរ៉េខាងត្បូង (DAPA) កាលពី​ថ្ងៃទី 15 មីនា ប្រកាសថា រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានអនុម័ត​ផែនការ​តម្លៃ 2.85 ពាន់​លាន​ដុល្លារ​អាម៉េរិក​ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​អាម៉េរិក F-35A បន្ថែមទៀត និង​គ្រោង​ទទួលបាន​នៅ​ឆ្នាំ 2028។

    មកដល់ពេលនេះ​មិនទាន់​ដឹង​ច្បាស់ថា គម្រោង​ទិញ​យន្តហោះ​ចម្បាំង​ខាងលើ​នឹងមាន​ចំនួន​ប៉ុន្មាន​គ្រឿង​នៅឡើយ។ ទ័ពអាកាស​កូរ៉េខាងត្បូង​កំពុង​គ្រប់គ្រង​យន្តហោះ F-35A ចំនួន 40 គ្រឿង និង​គ្រោង​ទិញ​ 20 គ្រឿង​ថែមទៀត។ ចំណែក​ទ័ពជើងទឹក​កូ​រ៉េ​ខាងត្បូង​ក៏មាន​គម្រោង​ទិញ F-35B ចំនួន 20 គ្រឿង ប៉ុន្តែ​សភា​មិនទាន់​អនុញ្ញាត។

    រដ្ឋាភិបាល​កូរ៉េខាងត្បូង​ក៏បាន​អនុម័ត​គម្រោង​ទិញ​មី​ស​ស៊ី​ល​ការពារ​ដែនអាកាស SM-6 តម្លៃ 582.8 លាន​ដុល្លារ​អាម៉េរិក ដែល​គ្រោង​នឹងធ្វើ​ឡើងជា​ពីរ​ដំណាក់កាល។ មី​ស៊ី​ល​ទាំងនេះ​នឹង​ត្រូវបាន​បំពាក់​ឱ្យ​នាវា​ពិឃាត​ថ្នាក់ Sejong ជំនាន់​ទី​ពីរ។

    ការ​ហោះឡើង និង​ចុះចត​របស់យន្តហោះចម្បាំង F-35

    ក្រសួងការពារជាតិ​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី 15 មីនា ក៏បាន​អះអាងថា ពួកគេ​ចង់​អភិវឌ្ឍ​នាវា​ផ្ទុក​យន្តហោះ​សម្រាប់ F-35B ផងដែរ។

    គម្រោង​ទាំងឡាយ​ខាងលើនេះ​ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល​ភាព​តានតឹង​នៅ​ឧបទ្វីប​កូ​រ៉​កំពុង​កើនឡើង។ កាលពី​ថ្ងៃទី 16 កុម្ភៈ កូរ៉េខាងត្បូង​បានប្រកាស​បង្ហាញ​សៀវភៅ​ស​ការពារជាតិ​ឆ្នាំ 2022 ក្នុងនោះ ទីក្រុង​សេ​អ៊ូ​ល​បាន​ហៅ​កូរ៉េខាងជើង​ថា «សត្រូវ» ជា​លើកដំបូង​ក្រោយ​រយៈពេល 6 ឆ្នាំ និង​បានបង្ហាញ​ពី​គោលជំហរ​ម៉ឺងម៉ាត់​ជាង​មុន​ចំពោះ​ទីក្រុង​ព្យុងយ៉ាង។

    បងប្អូនគូ​​សត្រូវ​នៅ​ឧបទ្វីប​កូរ៉េ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​បាន​ដំឡើង​សាច់ដុំ​ដាក់គ្នា​ជា​បន្តបន្ទាប់។ ទីក្រុង​ព្យុងយ៉ាង​បាញ់​​សាក​ល្បង​មី​ស៊ី​ល​ជា​ហូរហែ ខណៈដែល​ទីក្រុង​សេ​អ៊ូ​ល​ក៏​​បង្កើន​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​សម្ព័ន្ធមិត្ត៕

  • រថយន្ត​អគ្គិសនី MG កំពុង​វាយលុក​ទីផ្សារ​ពិភពលោក

    រថយន្ត​អគ្គិសនី MG កំពុង​វាយលុក​ទីផ្សារ​ពិភពលោក

    ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន MG បាន​បង្ហើប​ឱ្យដឹងពី​តម្លៃ​សម្រាប់​​កំណែ​រត់​បាន​ឆ្ងាយ Long Range របស់​រថយន្ត​អគ្គិសនី ZS EV ហើយ​ថា ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ខ្នាតតូច MG4 ថ្មី​​នឹង​បង្ហាញខ្លួន​នៅ​ពាក់កណ្ដាល​ចុងក្រោយ​ឆ្នាំនេះ។

    CEO របស់ MG អូស្ត្រាលី លោក Peter Ciao បាន​និយាយថា អតិថិជន​ចង់បាន​កំណែ ZS EV Long Range។ «ក្រោយពី​ការទទួលបាន​ជោគជ័យ​ពី​រថយន្ត​ ZS EV កាលពី​ខែកញ្ញា​ឆ្នាំមុន យើង​បាន​ទទួលយកមតិ​​ប្រតិកម្ម​តប​ពី​អតិថិជន ហើយក៏​ជំរុញ​ការបង្ហាញ​ម៉ូ​ដែល ZS EV ដែល​បើកបរ​បាន​ឆ្ងាយ​ជាង​មុន»។

    កំណែ MG ZS EV Long Range មានតម្លៃ​ចាប់ពី​ប្រហែល 57,000 ដុល្លារ​អាម៉េរិក ថ្លៃ​ជាង​ប្រហែល 11,000 ដុល្លារ បើ​ធៀប​នឹង​កំណែ​ស្ដង់ដា។ អតិថិជន​អាច​បញ្ជា​ទិញ​ជាមុន​រថយន្ត​នេះ​នៅ​ចុងខែ​មីនា ហើយ​គ្រោង​នឹង​ទទួលបាន​ទំនិញ​ចាប់ពី​ខែមេសា។

    កំណែ MG ZS EV Long Range

    MG ZS EV Long Range អាច​បរបាន​ចម្ងាយ 440 គីឡូម៉ែត្រ​ក្រោយពី​បញ្ចូល​អគ្គិសនី​មួយ​ពេញ ឆ្ងាយ​ជាង 120 គីឡូម៉ែត្រ​ធៀប​នឹង 320 គីឡូម៉ែត្រ​របស់​កំណែ​ស្ដង់ដា។

    MG អូស្ត្រាលី នៅតែ​រក្សា​ការសម្ងាត់​របស់​រថយន្ត​អគ្គិសនី MG4 ដែល​ជិត​បង្ហាញខ្លួន ប៉ុន្តែ​កំណែ​ដែល​កំពុង​ត្រូវបាន​ដាក់លក់​នៅ​ប្រទេស​អង់គ្លេស​បានផ្ដល់​ព័ត៌មាន​គ្រប់គ្រាន់​ដែល​អ្នកប្រើប្រាស់​ត្រូវការ។ សម្រាប់​កំណែ​អន្តរជាតិ​របស់ MG4 អតិថិជន​អាច​ជ្រើសរើស​រវាង​ថ្ម និង​ម៉ូ​ទ័​រ​អគ្គិសនី​ពីរ​កំណែ។ ទីមួយ​គឺមាន​ថ្ម 50.8 kWh អាច​បើក​បរបាន 350 គីឡូម៉ែត្រ និង​មាន​ម៉ូ​ទ័​រ​អគ្គិសនី 125kW/250Nm។ ទី​ពីរ​គឺ​កំណែ​សម្រាប់​ផ្លូវ​ឆ្ងាយ ដែលមាន​ថ្ម​កម្លាំង 61kWh អាច​រត់​បាន 450 គីឡូម៉ែត្រ អម​ជាមួយនឹង​ម៉ូ​ទ័​រ​អគ្គិសនី 150kW/250Nm។

    ​រថយន្ត​អគ្គិសនី MG4

    ចំណែក​តម្លៃ​របស់​រថ​យន្ត​អគ្គិសនី MG4 នេះ​វិញ គឺ​ត្រូវបាន​លក់​ចាប់ពី 49,000 ដល់ 59,200 ដុល្លារ​អាម៉េរិក៕

  • អតិផរណា​នៅ​ប្រទេស​ម្ចាស់​ជើង​ឯក World Cup 2022 ​កើនឡើង​លើសពី 100%

    អតិផរណា​នៅ​ប្រទេស​ម្ចាស់​ជើង​ឯក World Cup 2022 ​កើនឡើង​លើសពី 100%

    ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង 30 ឆ្នាំ​មកនេះ អតិផរណា​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​បាន​កើនឡើង​លើសពី 100% ដែល​នេះ​បង្ហាញថា ក្រុមមន្ត្រី​ប្រទេស​នេះ​នៅតែ​ជួប​បញ្ហា​ក្នុងការ​គ្រប់គ្រង​តម្លៃ​ទំនិញ។

    ការិយាល័យ​ជាតិ​ស្ថិតិ​អា​ហ្ស​ង់​ទីន (INDEC) កាលពី​ថ្ងៃទី 14 មីនា បានឱ្យដឹងថា ស​ន្ទ​ស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់ (CPI) របស់​ប្រទេស​នេះ​ក្នុង​ខែកុម្ភៈ កើន 102.5% ធៀប​នឹង​ឆ្នាំ​កន្លង។ ល្បឿន​នេះ​ស្ថិតក្នុង​ក្រុម​ប្រទេស​ដែលមាន​អតិផរណា​ខ្ពស់បំផុត​លើ​ពិភពលោក។

    ​កាលពី​ខែមករា 2023 អតិផរណា​របស់​អា​ហ្ស​ង់​ទី​គឺ 6.6%។ អាហារ និង​ភេសជ្ជ​ស្ថិតក្នុង​ក្រុម​ទំនិញ​ដែល​ឡើងថ្លៃ​ខ្ពស់​ជា​ងគេ ដោយ​អតិផរណា​កើន 9.8% នៅក្នុង​ខែកុម្ភៈ បើ​ធៀប​នឹង​ខែមករា។ ទំនិញ​ដែល​បាន​ឡើងថ្លៃ​ខ្ពស់​បន្ទាប់​គឺ​ទំនិញ​ជា​ឧបករណ៍​ព័ត៌មានវិទ្យា ភោជនីយដ្ឋាន និង​សណ្ឋាគារ។

    សេដ្ឋកិច្ច​ធំជាងគេ​លំដាប់​ទី​បី​នៅ​អាម៉េរិក​ឡាទីន កំពុង​វិលវល់​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ និង​សង្គម​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ចុង​ក្រោយនេះ។ ថ្មីៗនេះ សេដ្ឋកិច្ច​របស់​អាហ្សង់ទីន​​កាន់តែ​ដុនដាបទៅៗ ដោយ​សារតែ​សង្គ្រាម​រុស្ស៊ី-អ៊ុយ​ក្រែ​ន។

    ដើម្បី​ទប់ទល់​នឹង​បញ្ហា​អតិផរណា និង​ទប់ស្កាត់​ការធ្លាក់​ថ្លៃ​របស់​រូបិយប័ណ្ណ​ប៉េ​សូ រដ្ឋាភិបាល​របស់​ប្រធានាធិបតី Alberto Fernandez បាន​អនុវត្ត​គោលនយោបាយ​គាំទ្រ​អត្រា​ប្តូរប្រាក់​ចំពោះ​វិស័យ​មួយចំនួន។ គោលនយោបាយ​នេះ​ជួយ​ឱ្យ​បណ្ដា​ក្រុមហ៊ុន​អាច​ទិញ​រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក​បាន​ថោក​ជាង​ទីផ្សារ។

    ទន្ទឹមនឹងនេះ រដ្ឋាភិបាល​ក៏​ចាត់វិធានការ​ជាច្រើន​ផ្សេងទៀត​ដើម្បី​ទប់​ទល់នឹង​អតិផរណា មាន​ជាអាទិ៍ ការដំឡើង​ការប្រាក់​របស់​ធនាគារ​ជាតិ ការផ្អាក​សកម្មភាព​បោះពុម្ព​ក្រដាសប្រាក់។ល។

    យោងតាម CNN និង Reuters នៅលើ​ពិភពលោក​បច្ចុប្បន្ន មិនមែន​មានតែ​អា​ហ្ស​ង់​ទីន​មួយ​ទេ​​ដែល​កំពុង​ឈឺក្បាល​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ។ ទិន្នន័យ​ផ្លូវការ​ថ្មី​បំផុត​ដែល​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ប្រកា​ស​កាលពី​ខែតុលា​ឆ្នាំ​កន្លង​ប​ង្ហាញថា អតិផរណា​នៅ​ប្រទេស​នេះ​បាន​ឡើងដល់ 155%។ ចំណែក​នៅ​ប្រទេស​លី​បង់​វិញ តម្លៃ​ទំនិញប្រើប្រាស់​ក្នុង​ខែមករា 2023 បាន​កើន​ដល់ 124% គ្រា​ដែល​អតិផរណា​នៅ​ប្រទេស​ស៊ីម​បា​វ៉េ​ក្នុង​ខែមករា​ក៏​កើន​ដល់ 101.5%៕

  • រដ្ឋាភិបាល​អាម៉េរិក​ឧបត្ថម្ភ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​បន្ថែមទៀត​សម្រាប់​ឆ្នាំង​សាក​ថ្ម​រថយន្ត​អគ្គិសនី

    រដ្ឋាភិបាល​អាម៉េរិក​ឧបត្ថម្ភ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​បន្ថែមទៀត​សម្រាប់​ឆ្នាំង​សាក​ថ្ម​រថយន្ត​អគ្គិសនី

    កាលពី​ថ្ងៃទី 15 មីនា 2023 រដ្ឋាភិបាល​របស់លោក ចូ បៃ​ដិ​ន បានប្រកាស​ពី​កញ្ចប់​ថវិកា​ឧបត្ថម្ភ​ថ្មី​តម្លៃ 2.5 ពាន់​លាន​ដុល្លារ សម្រាប់​ការសាងសង់​ស្ថានីយ​បញ្ចូល​ថាមពល​ថ្ម​រថយន្ត​អគ្គិសនី និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ឥន្ធនៈ​បៃតង។

    ការផ្ដល់ប្រាក់​ឧបត្ថម្ភ​នេះ​គឺជា​ផ្នែក​មួយ​នៅក្នុង​គោលដៅ​បង្កើន​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​នៅតាម​តំបន់​ដែល​មិនទាន់​ទទួលបាន​ការយកចិត្ត​ទុកដាក់​ច្រើន​ពី​រដ្ឋាភិបាល។ កញ្ចប់​ថវិកា​ឧបត្ថម្ភ​ខាងលើ​ក៏​ផ្ដោតទៅលើ​ការដំឡើង​ឆ្នាំង​សាក​ថ្ម​រថយន្ត​អគ្គិសនី​នៅលើ​ផ្លូវ​ល្បឿន​លឿន​ផងដែរ។

    យោងតាម​កម្មវិធី​ឧបត្ថម្ភ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្នាំង​សាក និង​ផ្គត់ផ្គង់​ឥន្ធនៈ​បៃតង កញ្ចប់​ថវិកា 2.5 ពាន់​លាន​ដុល្លារ​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ។

    ក្រសួង​ចរាចរណ៍ និង​ដឹកជញ្ជូន​សហរដ្ឋ​អាម៉េរិក​បានឱ្យដឹងថា នេះ​គឺជា​ជំហាន​សំខាន់​ឆ្ពោះទៅកាន់​គោលដៅ​នានា​របស់​ប្រធានាធិបតី បៃ​ដិ​ន ដែល​គ្រោង​សាងសង់​បណ្ដាញ​ស្ថានីយ​សាក​ថ្ម​រថយន្ត​អគ្គិសនី​ឱ្យបាន 5,00,000 កន្លែង និង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុងប្រទេស​នេះ​ពី 50% ទៅ 52% នៅ​ឆ្នាំ 2030៕

  • ក្លឹប​បាល់ទាត់​​អា​រ៉ា​ប៊ី​សា​អូឌីត ស្នើឱ្យ Messi ចុះ​កិច្ចព្រមព្រៀង​តម្លៃ​ស្មើនឹង Ronaldo

    ក្លឹប​បាល់ទាត់​​អា​រ៉ា​ប៊ី​សា​អូឌីត ស្នើឱ្យ Messi ចុះ​កិច្ចព្រមព្រៀង​តម្លៃ​ស្មើនឹង Ronaldo

    (អា​រ៉ា​ប៊ី​សា​អូឌីត) – ក្លឹប Al Hilal អញ្ជើញ Lionel Messi ចុះ​កិច្ចព្រមព្រៀង​តម្លៃ 240 លាន​ដុល្លារ​អាម៉េរិក ដូច​ទៅនឹង​ប្រាក់បៀវត្សរ៍​សម្រាប់ Cristiano Ronaldo ពេល​មក​ទាត់​ឱ្យ Al Nassr។

    កាលពី​ថ្ងៃទី 14 មីនា ឪ​ពុក និង​ជា​តំណាង​របស់ Messi លោក Jorge Messi បាន​ទៅដល់​សណ្ឋាគារ​ទំនើប​មួយ​នៅ​រាជធានី​រី​យ៉ា​ដ ប្រទេស​អារ៉ាប៊ីសាអូឌីត​ រួម​នឹង​មនុស្ស​ពីរ​នាក់​ទៀត​ដែល​ត្រូវបាន​គេ​ជឿថា​ជា​សមាជិក​រាជវាំង​អា​រ៉ា​ប៊ី​សា​អូឌីត។ យោងតាម​ទស្សនាវដ្ដី Forbes ឥរិយាបថ​នេះ​ធ្វើឱ្យមាន​ដំណឹង​ចចាមអារ៉ាម​ទាក់ទង​នឹង​រឿង Messi រើ​មកកាន់​អា​រ៉ា​ប៊ី​សា​អូឌីត បើទោះជា​ដំណើរ​របស់​ឪពុក​កីឡាករ Messi មាន​គោលដៅ​ពាណិជ្ជកម្ម។ កំពូល​តារាបាល់ទាត់រ​បស់​ក្លឹប​បារាំង PSG បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើជា​ឯកអគ្គរាជទូត​ទេសចរណ៍​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​ត្រូវ​មក​ធ្វើ​ទស្សនកិច្ច​អាស៊ី​នៅក្នុង​ពេលខាងមុខ។

    កាលពី​ខែមករា 2023 ទីភ្នាក់ងារសារព័ត៌មាន​អេ​ស្ប៉ា​ញ Mundo Deportivo បាន​រាយការណ៍​ថា ក្លឹប​មួយ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត កំពុង​ត្រៀម​ផ្ញើ​សំណើ​ដែលមាន​តម្លៃ 350 លាន​ដុល្លារ​អាម៉េរិក​ទៅឱ្យ Messi។ មន្ត្រី​ជំនិត​របស់​មហា​ក្ប​ត្រ​កាតា Nasser Al-Attiyah ថែមទាំង​បាន​អះអាងថា ខ្សែប្រយុទ្ធ​វ័យ 35 ឆ្នាំ នឹង​មកកាន់ អា​រ៉ា​ប៊ី​សា​អូឌីត លេង​ឱ្យ​ក្លឹប Al Hilal ចាប់ពី​រដូវក្ដៅ​ឆ្នាំ 2023។

    មកដល់​ថ្ងៃទី 15 មីនា ទំព័រ Marca បានឱ្យដឹងថា ក្លឹប Al Hilal បាន​ត្រៀម​រួចរាល់​ក្នុង «ការពិនិត្យ​មើល​ការសម្រេចចិត្ត​របស់ Messi» ដោយ​ការអញ្ជើញ M10 ចុះ​កិច្ចព្រមព្រៀង​ដូច​ទៅនឹង​អ្វីដែល Ronaldo បានធ្វើ​ជាមួយ​ក្លឹប Al Nassr។ ប្រការនេះ​មានន័យថា Messi នឹងមាន​ប្រាក់បៀវត្សរ៍ 240 លាន​ដុល្លារ​អាម៉េរិក/រដូវ​កាល ដែល​រួមមាន ប្រាក់បៀវត្ស​រ៍គោល ប្រាក់រង្វាន់​នានា និង​ក្លាយជា​និមិត្តរូប​តំណាងឱ្យ​មហិច្ឆតា​ក្នុង​វិស័យ​បាល់ទាត់​របស់​អា​រ៉ា​ប៊ី​សា​អូឌីត។

    ក្លឹប​ Al Hilal ឈ្នះពានរង្វាន់​ជើង​ឯក​អាស៊ី 2021 (2021 Asian Champions League) បន្ទាប់​ពី​បាន​យក​ឈ្នះ​ Pohang Steelers របស់​កូរ៉េខាងត្បូង​ 2-0 នៅ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដែល​ធ្វើ​ឡើង​នៅរាជធានី​រីយ៉ាដ

    Al Hilal គឺជា​ក្លឹប​បាល់ទាត់​ដែលមាន​សមិទ្ធផល​ច្រើនជាងគេ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​ដណ្ដើមបាន​ពាន​សរុប 65 ពាន ក្នុងនោះ​មានពាន​ជើងឯក 18 លើក​នៅ Saudi League និង​ជើងឯក AFC Champions League ចំនួន​បួន​លើក។

    ការ​មាន​ទាំង Messi មាន​ទាំង Ronaldo នឹងធ្វើ​ឱ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​កាន់​តែមាន​ឥទ្ធិពល​​ទៅ​លើ​មហិច្ឆតា​ក្លាយជា​ម្ចាស់ផ្ទះ​សម្រាប់ World Cup 2030។ ក៏ប៉ុន្តែ អា​ហ្ស​ង់​ទីន​ក៏​កំពុង​ប្រឹងប្រែង​ដើម្បី​ដណ្ដើម​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​រួមគ្នា​ជាមួយ​អ៊ុយ​រូ​ហ្កា​យ ប៉ា​រ៉ា​ហ្កា​យ និង​ស៊ី​លីផងដែរ​។

    កិច្ចសន្យា​រវាង​ក្លឹប PSG និង Messi នឹង​អស់​សុពលភាព​ត្រឹម​ខែមិថុនា 2023 ក្នុងនោះ Messi មាន​សិទ្ធិ​ក្នុងការ​សម្រេចចិត្តថា​តើ​គួរ​ពន្យារ​សុពលភាព​មួយឆ្នាំ​ថែមទៀត ឬ​អត់។

    ទំព័រ​ Marca បាន​រាយការណ៍​ថា Messi ចង់​ពន្យារ​សុពលភាព ប៉ុន្តែ​ការចរចា​ជាមួយក្លឹប​ PSG «មិន​ងាយ​ដូច​កាលពីមុន World Cup 2022»៕