Author: សឿន សំណាង

  • រកឃើញ​ទឹក​នៅលើ​ភព​ដែលមាន​ចម្ងាយ 40 ឆ្នាំ​ពន្លឺ​ពី​ផែនដី

    រកឃើញ​ទឹក​នៅលើ​ភព​ដែលមាន​ចម្ងាយ 40 ឆ្នាំ​ពន្លឺ​ពី​ផែនដី

    ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញ​ពិភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​មួយ​ដែល​ដាក់ឈ្មោះ​ឱ្យ​ថា VHS 1256 b មាន​ថាស​ធូលី​វិល​ជុំវិញ​ក្នុង​បរិយាកាស និង​មាន​ផ្ទុក​ឧស្ម័ន​មេតាន កាបូនឌីអុកស៊ីត និង​ទឹក។

    VHS 1256 b ជា​ភព​គោចរ​ជុំវិញ​ផ្កាយ​មួយគូ​ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 378.5 ទ្រី​លាន​គីឡូម៉ែត្រ​ទៅ​ទិស​កញ្ចុំ​ផ្កាយ Corvus។ ភព​នេះ​ត្រូវបាន​សង្កេត និង​វិភាគ​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Arizona សហរដ្ឋ​អាម៉េរិក ដោយ​ប្រើប្រាស់​តេ​ឡេ​ស្កុប​អវកាស James Webb របស់​ណា​សា។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ព្យុះធំៗជាច្រើន​កើតឡើង​ពី​ពពក silicate នៅលើ​ផ្ទៃ​ភព​ដែល​សម្បូរ​ឧស្ម័ន​មេតាន កាបូនឌីអុកស៊ីត (CO2) រួម​នឹង​កាបូន​ម៉ូ​ណូ​ស៊ីត (CO) និង​ទឹក។ របកគំហើញ​នេះ​នឹងត្រូវ​បានប្រកាស​នៅលើ​ទស្សនាវដ្ដី The Astrophysical Journal Letters។ នេះ​បើតាម Newsweek ចុះផ្សាយ​ក្នុង​ថ្ងៃទី 24 មីនា។

     

    VHS 1256 b ត្រូវបាន​រកឃើញ​ជា​លើកដំបូង​ដោយ​តេ​ឡេ​ស្កុប Vista នៅ​ប្រទេស​ស៊ី​លី កាលពី​ឆ្នាំ 2015។ VHS 1256 b គឺជា​ភព​ឧស្ម័ន​ខ្នាត​យក្ស ធំ​ជាង​ពី 12 ទៅ 18 ដង ធៀប​នឹង​ភព​ព្រហស្បតិ៍ (Jupiter)។ មួយថ្ងៃ​នៅលើ​ភព​នេះ​មាន​រយៈពេល 22 ម៉ោង។ ពពក silicate (ពពក​ស៊ី​លី​កុន និង​អុកស៊ីសែន) នៅលើ​ភព​នេះ អណ្ដែត​ទៅលើ និង​ច្របាច់​បញ្ចូល​គ្នា​នៅពេល​ថ្ងៃ ពេលដែល​សីតុណ្ហភាព​ខ្ពស់​ខ្លាំង និង​ត្រជាក់​ខ្លាំង។ ពេល​ក្ដៅ​ខ្លាំង ភព​នេះ​នឹងមាន​សីតុណ្ហភាព​ឡើងដល់ 816 អង្សា​សេ។

    បើទោះជា​មានទឹក​ក្នុង​បរិយាកាស ភព VHS 1256 b នេះ​មិន​សមស្រប​សម្រាប់​ជីវិត​ឡើយ ព្រោះ​វា​ដូច​ទៅនឹង​ភព​ព្រហស្បតិ៍​ជាជាង​ផែនដី៕

  • «The Eras Tour» ​ជា​ឆាក​តន្ត្រី​​ធំជាងគេ​បំផុត​ក្នុង​អាជីព​របស់ Taylor Swift

    «The Eras Tour» ​ជា​ឆាក​តន្ត្រី​​ធំជាងគេ​បំផុត​ក្នុង​អាជីព​របស់ Taylor Swift

    ត្រលប់​មកកាន់​ទេសចរណ៍​តន្ត្រី (concert tour) ថ្មី​ដែលមាន​ឈ្មោះថា «The Eras Tour» Taylor Swift មិនបាន​ធ្វើឱ្យ​ទស្សនិកជន​ខកចិត្ត​ឡើយ នៅពេល​នាំមក​នូវ​ទស្ស​និ​យ​ភាព​ចំនួន 44 ប្រកបដោយ​ភាព​ទាក់ទាញ។

    ចម្រៀង​ចំនួន 44 បទ​ដែល​ដកស្រង់​ពី​អាល់​ប៊ុ​ម​ចំនួន​ដប់ មាន​ថេរវេលា​ជាង​បី​ម៉ោង​គឺជា​ដំណើរការ​អាជីព 17 ឆ្នាំ​នៅក្នុង​ការនិពន្ធ និង​ច្រៀង​របស់ Taylor Swift។

    ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដំបូង​នៅក្នុង​ដំណើរ​ទេសចរណ៍​តន្ត្រីរ​បស់ Taylor Swift លើក​នេះ ត្រូវបាន​ធ្វើឡើង​នៅឯ​កីឡដ្ឋាន State Farm នាទី​ក្រុង Glendale (រដ្ឋ Arizona សហរដ្ឋ​អាម៉េរិក)។ នេះ​ក៏​ជា​ឆាក​សម្ដែង​ធំជាងគេ​បំផុត​នៅក្នុង​អាជីព​របស់​កំពូល​តារា​ចម្រៀង​វ័យ 35 ឆ្នាំ​រូបនេះ។

     

    ឆាក​សម្ដែង «The Eras Tour» ត្រូវបាន​វិនិយោគ​យ៉ាង​អស្ចារ្យ ដោយមាន​អេក្រង់ Led ខ្នាត​យក្ស រួម​នឹង​ប្រព័ន្ធ​ពន្លឺ​ភ្លើងពណ៌​ដែល​ត្រូវបាន​គិតគូរ​យ៉ាង​ល្អិតល្អន់ ធានា​សម្រាប់​ការប្រែប្រួល​ជា​បន្តបន្ទាប់​ទៅតាម​ប្រធានបទ ចម្រៀងនីមួយៗរបស់ Taylor Swift។

    អ្នកគាំទ្រ​ដែល​បាន​ចូលមក​ទស្សនា​ការប្រគំ​តន្ត្រី «The Eras Tour» នេះ ត្រូវបាន​ធានាថា «ពុំមាន​អារម្មណ៍មិនល្អ» ចំពោះ​ខន​សឺត​របស់ Taylor Swift៕

    https://www.youtube.com/watch?v=nPgcjoINjTA

    https://www.youtube.com/watch?v=WCgHhQI0PYk

    Taylor Swift កំពុង​ច្រៀង ស្រាប់​តែ​លោត​ចូល​ទឹក​ហែលទៅបាត់

  • Toshiba ជិត «លក់ខ្លួន» ក្នុងតម្លៃ​ជាង 15 ពាន់​លាន​ដុល្លារ​អាម៉េរិក

    Toshiba ជិត «លក់ខ្លួន» ក្នុងតម្លៃ​ជាង 15 ពាន់​លាន​ដុល្លារ​អាម៉េរិក

    ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​អាយុកាល 140 ឆ្នាំ​របស់​ជប៉ុន Toshiba ជិត​បញ្ចប់​ដំណាក់កាល​លំបាក​នៅពេល​ព្រម​ទទួលយក​សំណើសុំ​ទិញ​ក្នុងតម្លៃ​ពីរ​ទ្រី​លាន (2,000,000,000,000) យេន។

    យោងតាម​ប្រកាស​កាលពី​ថ្ងៃទី 23 មីនា ក្រុមប្រឹក្សាភិបាល Toshiba ឱ្យដឹងថា បាន​​អនុម័ត​សំណើ​ទិញ​របស់​ក្រុមហ៊ុន​មួយក្រុម​ដែល​ដឹកនាំ​ដោយ Japan Industrial Partners (JIP)។ Toshiba ឱ្យដឹងថា ក្រុមហ៊ុន​ជប៉ុន 17 ស្ថាប័ន និង​ធនាគារ​ក្នុង​ស្រុក 6 ស្ថាប័ន​ នឹងចូលរួម​អនុវត្ត​ដំណើរការ​ទិញដូរ​មួយ​នេះ។

    តម្លៃ​ពីរ​ទ្រី​លាន​យេន (15.3 ពាន់​លាន​ដុល្លារ​អាម៉េរិក) នេះ ​គឺ​ស្មើនឹង 4,620 យេន/ហ៊ុន (ភាគហ៊ុន​របស់ Toshiba)។ តួលេខ​នេះ​ក៏​ខ្ពស់ជាង 9.7% ធៀប​នឹង​តម្លៃ​ភាគហ៊ុន Toshiba កាលពី​ថ្ងៃទី 23 មីនា 2023។

     

    ករណី​ទិញដូរ​ក្រុមហ៊ុន​នេះ​អាចជា​ការបញ្ចប់​ដំណាក់កាល​លំបាក​ច្រើន​ឆ្នាំ​របស់ Toshiba។ ច្រើន​ឆ្នាំ​មកនេះ ក្រុមប្រឹក្សាភិបាល​របស់ Toshiba រួម​នឹង​រាជរដ្ឋាភិបាល​ជប៉ុន និង​ភាគ​ហ៊ុ​និកធំៗនៅ​បរទេស ខ្វែងគំនិត​គ្នា​ទាក់ទង​នឹង​អនាគត​របស់​ក្រុមហ៊ុន​នេះ។ ក្រុម​អ្នកវិនិយោគ​ចង់​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​រក​​ប្រាក់ចំណូល ខណៈដែល​រាជរដ្ឋាភិបាល​ជប៉ុន​បែរជា​ផ្ដល់​អាទិភាព​ដល់​ការរក្សា​បណ្ដាញ​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យាសំខាន់ៗ មិនឱ្យ​ធ្លាក់​ទៅ​ក្នុង​ដៃ​បរទេស។

    យោងតាម Bloomberg បើសិន​ការទិញ​ដូរ​នេះ​បាន​ជោគជ័យ វា​នឹង​ក្លាយ​ជាមួយ​ក្នុងចំណោម​ការទិញ​ដូរ​ក្រុមហ៊ុន​ធំ​បំផុត​នៅ​អាស៊ី​ក្នុងឆ្នាំនេះ។ វា​ក៏​នឹង​ក្លាយ​ជាមួយ​ក្នុងចំណោម​ការទិញ​ដូរ​ភាគហ៊ុន​ក្រុមហ៊ុន​ឯកជន​ធំ​បំផុត​នៅ​ប្រទេស​ជប៉ុន គិត​មក​ដល់​បច្ចុប្បន្ន។

    កាលពីដើម​ឆ្នាំមុន ភាគ​ហ៊ុ​និក​នានា​មិនបាន​យល់ព្រមតាម​​សំណើ «បំបែក» Toshiba របស់​ក្រុមប្រឹក្សាភិបាល ដែល​ជា​​វិធីសាស្ត្រ​ជំនួស​ឱ្យ​ការ «លក់ខ្លួន» ទៅឱ្យ​មូលនិធិ​ឯកជន ដែល​ក្រុម​អ្នកវិនិយោគ​ចង់បាន។ បរាជ័យ​របស់​ផែនការ​នេះ​បាន​ជំរុញ​ឱ្យ​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ស្វែងរក​ជម្រើស​ដទៃទៀត​ដើម្បី​ចាត់ចែង​អនាគត​របស់ Toshiba ក្នុងនោះ​ក៏មាន​ការលក់ខ្លួន​ផងដែរ​។ JIP ត្រូវបាន​ជ្រើសរើស​ជា​អ្នកទិញ​អាទិភាព​កាលពី​ខែតុលា 2022៕

  • Lionel Messi និង​ក្រុម​អាហ្សង់ទីន «វាយ​សម្រុក​ដូច​ព្យុះ» ផ្ដួលប៉ាណាម៉ាបានសម្រេច​

    Lionel Messi និង​ក្រុម​អាហ្សង់ទីន «វាយ​សម្រុក​ដូច​ព្យុះ» ផ្ដួលប៉ាណាម៉ាបានសម្រេច​

    (លទ្ធផល​បាល់ទាត់​អា​ហ្ស​ង់​ទីន – ប៉ា​ណា​ម៉ា) – ក្រុម​ជើងឯក World Cup 2022 បាន​ផ្ដួល​ក្រុម​ជម្រើសជាតិ​ប៉ា​ណា​ម៉ា ក្នុងនោះ Lionel Messi ក៏ជា​អ្នក​បាន​ចូលរួមចំណែក​ក្នុង​ជ័យជម្នះ​នេះ។

    ព្រឹក​ថ្ងៃទី 24 មីនា ក្រុម​ជម្រើសជាតិអាហ្សង់ទីន បាន​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ប៉ា​ណា​ម៉ា។ ដោយមាន​កម្លាំង និង​ជំនាញ​ខ្លាំង​ជាង Lionel Messi និង​មិត្ត​រួម​ក្រុម​បាន​បើក​ការវាយលុក​តាំងពី​នាទី​ដំបូង។ នៅ​នាទី​ទី 17 Messi ត្រូវ​ឱប​ក្បាល​សោកស្ដាយ​បន្ទាប់ពី​ស៊ុត​បាល់​ពិ​ន័យចំ​បង្គោល​ទី។ នាទី​ក្រោយមក អា​ហ្ស​ង់​ទីន​នៅតែ​ជា​អ្នកគ្រប់គ្រង​ស្ថានការណ៍ តែ​មិនអាច​បំ​ប៉ើង​សំណាញ់​របស់​ប៉ា​ណា​ម៉ា បណ្ដោយឱ្យ​តង់​ទីមួយ​ចប់​ក្នុង​លទ្ធផល 0-0។

    ចូលដល់​តង់​ទី​ពីរ ស្ថានការណ៍​នៅតែ​មិនបាន​ផ្លាស់ប្ដូរ។ នាទី​ទី 50 Messi បានសម្រេច​ចិត្ត​ទាត់​ផ្ដាច់​បាល់​ពិន័យ​ជ្រុង ប៉ុន្តែ​អ្នកចាំទី​របស់​ប៉ា​ណា​ម៉ា សង្គ្រោះ​ទាន់ពេល។ ក្រោយមក អ្នកចាំទី​របស់​ប៉ា​ណា​ម៉ា Guerra ក៏​បាន​យកឈ្នះ​ជា​បន្តបន្ទាប់​លើ​កីឡាករ​នានា​របស់​អា​ហ្ស​ង់​ទីន​ដែល​ទាត់​ផ្ដាច់​ជា​ហូរហែ។

     

    ទោះជា​យ៉ាងនេះ​ក៏ដោយ នៅ​ចំពោះ​មុខការ​វាយ​សម្រុង​ដូច​ព្យុះ​របស់​ម្ចាស់​ជើងឯក World Cup 2022 អ្នកចាំទី Guerra មិនអាច​ទប់ទល់​បានយូរ​ឡើយ។ នៅ​នាទី​ទី 80 Messi ស៊ុត​បាល់​ពិ​ន័យចំ​បង្គោល​ទី តែ​លើក​នេះ Thiago Almada មានមុខ​ទាន់ពេល ហើយក៏​ទាត់​បញ្ចូល​ទី​បានសម្រេច ជួយ​ឱ្យ​អា​ហ្ស​ង់​ទីន​នាំមុខ 1-0។ ប្រហែល 10 នាទី​ក្រោយមក Messi ក៏​រកបាន​មួយ​គ្រាប់​នៅពេល​ទាត់​បាល់​ពិន័យចំ​គោល​ដៅ​បាន​ល្អ ហើយ​ជួយ​ឱ្យ​អា​ហ្ស​ង់​ទីន​នាំមុខ 2-0។

    https://www.youtube.com/watch?v=4MwYpjlGKhs

    លទ្ធផល 2-0 ត្រូវបាន​រក្សា​រហូតដល់​ចប់​ការប្រកួត។ ចុងក្រោយ អា​ហ្ស​ង់​ទីន​ឈ្នះ​ប៉ា​ណា​ម៉ា 2-0 និង​បន្ត​សប្បាយរីករាយ​ក្រោយពី​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​បាល់ទាត់​ពិភពលោក​ឆ្នាំ 2022៕

  • បេតុង​ឆ្លាត​វៃ​​ពហុ​មុខ​ងារ​អាច​ផលិត​អគ្គិសនី​ដោយ​ស្វ័យប្រវត្ត

    បេតុង​ឆ្លាត​វៃ​​ពហុ​មុខ​ងារ​អាច​ផលិត​អគ្គិសនី​ដោយ​ស្វ័យប្រវត្ត

    (សហរដ្ឋ​អាម៉េរិក) – ក្រុម​វិស្វករ​នៅ​សាកលវិទ្យាល័យ Pittsburgh (Pitt) អភិវឌ្ឍ​បេតុង​ឆ្លាត​វៃ​ស្រាល​ពហុមុខ​ងារ​មួយ​ប្រភេទ​ដែល​អាច​កែសម្រួល​លក្ខណៈពិសេស​ដើម្បី​តម្រូវ​ទៅតាម​សំណង់​នានា និង​ផលិត​អគ្គិសនី​ដោយ​ខ្លួនឯង។

    វត្ថុ​ធាតុ​ដ៏​អស្ចារ្យ​ថ្មី​នេះ​ត្រូវបាន​បង្កើតឡើង​ពី​ប្រព័ន្ធ auxetic polymer ដែល​ត្រូវបាន​បំពេញបន្ថែម​នៅ​ខាងក្នុង​ម៉ា​ទ្រី​ស​ស៊ីម៉ង់​ចម្លង​ចរន្តអគ្គិសនី។ ស៊ីម៉ង់​ចម្លង​ចរន្តអគ្គិសនី​ដែល​ត្រូវបាន​ពង្រឹង​ដោយ​ម្សៅ graphite បង្កើតបានជា​អេឡិចត្រូត។ ការជំរុញ​យន្តការ​មេកា​និក​អាច​នាំឱ្យមាន​ចរន្តអគ្គិសនី​នៅក្នុង​ចន្លោះ​នៃ​បណ្ដា​ស្រទាប់​ខាង​ក្នុង​បេតុង។

    បេតុង​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​របស់ Amir Alavi ជំនួយការ​សាស្ត្រាចារ្យ​វិស្វកម្ម​សំណង់​ស៊ីវិល និង​បរិស្ថាន​នៅ Pitt មិនអាច​ផលិត​អគ្គិសនី​ច្រើន​គ្រប់គ្រាន់​ដើម្បី​បញ្ចូល​ទៅក្នុង​បណ្ដាញ​អគ្គិសនី ប៉ុន្តែ​អាច​ប្រើប្រាស់​ដើម្បី​តាមដាន​ការខូចខាត​ផ្នែក​ខាងក្នុង​របស់​សំណង់​បេតុង។ លទ្ធផល​នៃ​ការស្រាវ​ជ្រាវ​នេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Advanced Materials និង​ត្រូវ​បាន​ដក​ស្រង់​ និង​រាយការណ៍​កាលពី​ថ្ងៃទី 22 មីនាដោយ​គេហទំព័រ New Atlas។

     

    ក្រុម​អ្នកស្រាវជ្រាវ​សង្ឃឹមថា ប្រភេទ​បេតុង​ពហុមុខ​ងារ​ថ្មី​នេះ​អាច​នឹង​​ត្រូវបាន​ប្រើប្រាស់​ទូលំទូលាយ​នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​នានា។ វត្ថុ​ធាតុ​នេះ​ក៏​អាច​ផ្ដល់​អគ្គិសនី​ដល់​ឈី​ប​ដែល​ភ្ជាប់​ក្នុង​ផ្លូវ​ល្បឿន​លឿន​ដើម្បី​ជួយ​ដល់​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្ត​របស់​រថយន្ត នា​ពេល​អនាគត។ ប៉ុន្តែ បច្ចុប្បន្ន​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​រក​វិធី​ដើម្បី​បន្ត​អភិវឌ្ឍ​បេតុង​នេះ​ឱ្យដល់​ចំណុច​ដែល​ពួកគេ​ចង់បាន៕

  • ស្លូ​វ៉ា​គី​ប្រគល់​យន្តហោះ​ចម្បាំង MiG-29 ឱ្យ​អ៊ុយ​ក្រែ​ន​ដោយ​សុវត្ថិភាព

    ស្លូ​វ៉ា​គី​ប្រគល់​យន្តហោះ​ចម្បាំង MiG-29 ឱ្យ​អ៊ុយ​ក្រែ​ន​ដោយ​សុវត្ថិភាព

    ស្លូ​វ៉ា​គី​បាន​បញ្ជូន​យន្តហោះ​ចម្បាំង MiG-29 ចំនួន​បួន​គ្រឿង​ដំបូង​ទៅឱ្យ​អ៊ុយ​ក្រែ​ន គ្រា​ដែល 9 គ្រឿង​ទៀត​នឹងត្រូវ​បានប្រគល់​ឱ្យនៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។

    «យន្តហោះ​ចម្បាំង GiG-29 ចំនួន​បួន​គ្រឿង​ត្រូវ​បានប្រគល់​ដោយ​សុវត្ថិភាព​ទៅឱ្យ​កម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន។ ខ្ញុំ​សូម​អរគុណ​ចំពោះ​គ្រប់គ្នា​ដែល​បាន​ចូលរួម​ធ្វើ​កិច្ច​ការដែល​ប្រកបដោយ​វិ​ជា​ជីវៈ​ដ៏​អស្ចារ្យ​នេះ» រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ស្លូ​វ៉ា​គី Jaroslav Nad កាលពី​ម្សិលមិញ ថ្លែង​ដូច្នេះ។

    យោងតាម​លោក Nad យន្តហោះ​ទាំងនេះ​ត្រូវបាន​ពី​ឡុ​ត​អ៊ុយ​ក្រែ​ន​បើកបរ​ពី​ស្លូ​វ៉ា​គី​ទៅកាន់​អ៊ុយ​ក្រែ​ន ដោយមាន​ការ​អម​ការពារ​ពី​ទ័ពអាកាស​ស្លូ​វ៉ា​គី ទាហាន​អ៊ុយ​ក្រែ​ន និង​ក្រុម​ដទៃទៀត។ «ក្នុងអំឡុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ យន្តហោះ​ដែល​នៅសល់​នឹងត្រូវ​បានប្រគល់» រដ្ឋមន្ត្រី​ក្រសួងការពារជាតិ Nad បញ្ជាក់​បន្ថែម​។

     

    កាលពី​សប្ដាហ៍​កន្លង ស្លូ​វ៉ា​គី​បាន​ក្លាយជា​សម្ព័ន្ធមិត្ត​ទី​ពីរ​របស់​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ប៉ូឡូញ ដែល​បានផ្ដល់​យន្តហោះ​ចម្បាំង​ដល់​អ៊ុយ​ក្រែ​ន ហើយ​នេះ​គឺជា​អាវុធ​ដែល​ទីក្រុង​កៀវ​ជឿថា មាន​សារ​សំខាន់​ខ្លាំង​សម្រាប់​ការ​​វាយ​រុញច្រាន​កងទ័ព​រុស្ស៊ី។

    យន្តហោះ​ចម្បាំង GiG-29 របស់​ស្លូវ៉ាគី

    ស្លូ​វ៉ា​គី​នឹង​ផ្ដល់​យន្តហោះ​ចម្បាំង​សរុប 13 គ្រឿង​ទៅឱ្យ​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន 10 គ្រឿង​អាច​ប្រើ​ការណ៍​បាន និង​បី​គ្រឿង​ទៀត​សម្រាប់​កាប់សាច់​យក​គ្រឿងបន្លាស់។ ទីក្រុង​ប្រា​ទី​ស្លា​វ៉ា​ក៏​នឹង​ផ្ដល់​ប្រព័ន្ធ​ការពារ​ដែនអាកាស KUB ដល់ទី​ក្រុង​កៀវ​ផងដែរ៕

  • ក្រុមហ៊ុន​ចិនចាប់ផ្ដើម​ផលិត​​រថយន្ត​អគ្គិសនីលំដាប់​ប្រណិត Aion Hyper SSR

    ក្រុមហ៊ុន​ចិនចាប់ផ្ដើម​ផលិត​​រថយន្ត​អគ្គិសនីលំដាប់​ប្រណិត Aion Hyper SSR

    បណ្ដា​រូបភាព​ដែល​ត្រូវបាន​លួច​ថត​កាលពីពេលថ្មីៗនេះ​បង្ហាញថា កំពូល​រថយន្ត​អគ្គិសនី Aion Hyper SSR ដំបូង​របស់​ចិន កំពុងស្ថិត​ក្នុង​រោងចក្រ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត Guangzhou Automobile (GAC)។

    Aion Hyper SSR គឺជា​រថយន្ត​អគ្គិសនី​លំដាប់​ប្រណិត​ដែល​ត្រូវបាន​ផលិត​ទ្រង់ទ្រាយ​ធំ​ដំបូង​របស់​ក្រុមហ៊ុន​ចិន។ យោងតាម​ទំព័រ IT Home រថយន្ត Aion Hyper SSR ត្រូវបាន​ផលិតឡើង​បែប​សិប្បកម្ម ព្រោះ​មិន​ប្រើប្រាស់​រ៉ូ​បូត​នៅពេល​ដំឡើង។ រថយន្ត​នេះ​មាន​ 6 ពណ៌​គឺ ទឹកក្រូច ប្រាក់ ខៀវ បៃតង និង​លឿង។ GAC ឱ្យដឹងថា ការប្រគល់ Aion Hyper SSR ដល់​អតិថិជន​នឹងធ្វើ​ឡើង​ចាប់ពី​ខែតុលា 2023។

    Aion Hyper SSR បច្ចុប្បន្ន​ទទួល​ការបញ្ជាទិញ​នៅ​ប្រទេស​ចិន​ក្នុងតម្លៃ 187,000 ដុល្លារ​អាម៉េរិក​សម្រាប់​កំណែ​ស្ដង់ដា ខណៈ​កំណែ​ខ្ពស់ជាង​នេះ​មានតម្លៃ 244,000 ដុល្លារ។

    រថយន្ត Aion Hyper SSR ត្រូវបាន​បង្ហាញ​តាំងពី​ខែកញ្ញា 2022 ហើយ​ត្រូវបាន GAC ហៅថា «រថយន្ត​ប្រណិត​ដំបូង​របស់​ប្រទេស​ចិន ព្រោះ​ត្រូវបាន​រចនា អភិវឌ្ឍ និង​ផលិត​ 100% ដោយ​ជនជាតិ​ចិន​នៅ​ប្រទេស​​ចិន»៕

  • «ព្រះនាង​ទេព​មច្ឆា» ត្រូវ​អ្នកលេង​បណ្ដាញ​សង្គម​ «សម្លុត» រឿង​សម្បុរ​ស្បែក​

    «ព្រះនាង​ទេព​មច្ឆា» ត្រូវ​អ្នកលេង​បណ្ដាញ​សង្គម​ «សម្លុត» រឿង​សម្បុរ​ស្បែក​

    ការណ៍​ដែល Disney ប្រកាស​បង្ហាញ​តារា​សម្ដែង​ស្បែក​ខ្មៅ Halle Bailey តើ​ជា​តួអង្គ​ព្រះ​នាង Ariel ក្នុង​ភាពយន្ត​រឿង ព្រះ​នាង​ទេព​មច្ឆា កំណែ live-action (ភាពយន្ត​សម្ដែង​ដោយ​មនុស្ស) ទទួល​បាន​ប្រតិកម្ម​មិនល្អ​ពី​អ្នកលេង​បណ្ដាញ​សង្គម​នៅលើ​ពិភពលោក។

    នៅលើ​វេទិកា​នានា ទស្សនិកជន​យល់ថា ផលិតកម្ម​ភាពយន្ត​មិន​គោរព​គោលការណ៍ និង​បាន​បំផ្លាញ​និមិត្តរូប​របស់​ព្រះ​នាង Ariel នៅក្នុង​ខ្សែភាពយន្ត​ជីវ​ច​ល​ឆ្នាំ 1989។ Hashtag #notmyariel (មិនមែនជា Ariel របស់ខ្ញុំ) បាន​ក្លាយជា​ពាក្យ​ពេញនិយម​នៅលើ​បណ្ដាញ​សង្គម​នានា។

    Trailer របស់​ភាពយន្ត​នេះ​ត្រូវបាន​គេ​ចុច dislike (មិន​ចូលចិត្ត) ចំនួន 1.5 លាន​លើក អម​នឹង​ការបញ្ចេញមតិ​មិនល្អ​ជា​ច្រើន​សំដៅលើ​ពណ៌​សម្បុរស្បែក​របស់​តួអង្គ ធ្វើឱ្យ YouTube ត្រូវ​បង្ខំចិត្ត​លាក់ dislike និង​បិទ​មុខងារ​បញ្ចេញមតិ។

    តួអង្គព្រះនាង Ariel ក្នុង​ភាព​យន្ត​ឆ្នាំ 2023

    យោងទៅលើ​ប្រការ​អ្វីខ្លះ​បានជា​មាន​ទស្សនិកជន​យ៉ាងច្រើន​ប្រតិកម្ម​មិនល្អ​ទៅនឹង​ភាពយន្ត​ដែល​មិនទាន់​ចាក់​បញ្ចាំង​មួយ​នេះ?

    តួអង្គព្រះនាង Ariel ក្នុង​ភាព​យន្ត​ឆ្នាំ 2023

    «ព្រះ​នាង​ទេព​មច្ឆា​គឺជា​រឿងព្រេង​​ដែល​និពន្ធ​ដោយ​ជនជាតិ​ដា​ណឺ​ម៉ាក ដូច្នេះ​ព្រះ​នាង Ariel ត្រូវតែ​ជា​មនុស្ស​មាន​សម្បុរស្បែក​ពណ៌​ស» នេះ​គឺជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ជាច្រើន​ដែល​ត្រូវបាន​អ្នក​រិះគន់​លើក​យកមក​អះអាង។ អ្នកខ្លះ​ក៏​និយាយថា វា​ជា​រឿង​ដែល​ក្បត់​នឹង​យុវវ័យ​របស់​មនុស្ស​មួយចំនួន​ដែល​បាន​ទស្សនា​ភាពយន្ត​ជី​វច​ល​នេះ​កាលពី​អំឡុង​ក្រោយ​ឆ្នាំ 1989។ ជាង​នេះ អ្នកខ្លះ​ក៏​ថា អ្នករស់នៅ​ក្នុង​តំបន់​ទឹក​ជ្រៅ​នឹង​មិនមាន​សម្បុរស្បែក​ខ្មៅ។

    តួអង្គព្រះនាង Ariel ក្នុង​ភាព​យន្ត​ឆ្នាំ 1989

    ទោះជា​យ៉ាង​ណា​ក៏​ដោយ មាន​មតិ​មួយ​ចំនួន​យល់​ថា នេះ​គ្រាន់​តែ​ជា​ភាព​យន្ត​ និង​ជា​ការ​ប្រឌិត​ឡើង​ប៉ុណ្ណោះ មិន​គួរ​មាន​ការ​រិះគន់​ទៅ​លើ​ពណ៌​សម្បុរ​ស្បែក​នោះ​ឡើយ​៕

  • រ៉ុក្កែត​បោះពុម្ព 3D ដំបូង​គេ​លើ​ពិភពលោក បាញ់​សាកល្បង​ «ជិត​បាន​ជោគ​ជ័យ»

    រ៉ុក្កែត​បោះពុម្ព 3D ដំបូង​គេ​លើ​ពិភពលោក បាញ់​សាកល្បង​ «ជិត​បាន​ជោគ​ជ័យ»

    រ៉ុក្កែត Terran 1 របស់​ក្រុមហ៊ុន​អាម៉េរិក Relativity Space ហោះ​ឡើង​ពី​មូលដ្ឋានទ័ព​អវកាស Cape Canaveral រដ្ឋ Florida កាលពី​ម៉ោង 07 និង 25 នាទី ថ្ងៃទី 23 មីនា (ម៉ោង​នៅ​កម្ពុជា)។

    បេសកកម្ម​ដំបូង​របស់ Terran 1 មាន​ឈ្មោះថា «Good Luck, Have Fun» (GLHF)។ រ៉ុក្កែត​នេះ ដំបូង​ឡើយ​ដំណើរ​ការល្អ។ កំណាត់ ឬ​ជាន់​ទីមួយ និង​ទី​ពីរបាន​ផ្ដាច់ចេញ​ដោយ​ជោគជ័យ។ ក៏ប៉ុន្តែ បន្ទាប់ពី​ហោះ​ឡើង​បាន​ប្រហែល 3 នាទី បញ្ហា​ក៏បាន​កើតឡើង ធ្វើឱ្យ​ជាន់​លើ​គេ​បង្អស់​មិនអាច​ហោះ​ដល់​គន្លង​គោចរ​ដូច​ការគ្រោងទុក។

    Relativity Space ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2016 ក្នុង​បំណង​នាំយក​ទំនិញ​ឡើងទៅ​កាន់​គោលដៅ​នៅ​ទី​អវកាស​ដោយ​ប្រើប្រាស់​រ៉ុក្កែត Terran 1។ រ៉ុក្កែត​នេះ​មាន​កម្ពស់ 33 ម៉ែត្រ អាច​ដឹកទំនិញ​បាន 1,250 គីឡូក្រាម​ឡើងទៅ​កាន់​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី (LEO)។ ក្រុមហ៊ុន​នេះ​កំពុងផ្ដល់​សេវាកម្ម​ក្នុងតម្លៃ 12 លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ការបាញ់​បង្ហោះ Terran 1 មួយ​ជើង។

    រ៉ុក្កែត Terran 1 របស់​ក្រុមហ៊ុន​អាម៉េរិក Relativity Space ហោះ​ឡើង​ពី​មូលដ្ឋានទ័ព​អវកាស Cape Canaveral រដ្ឋ Florida កាលពី​ម៉ោង 07 និង 25 នាទី ថ្ងៃទី 23 មីនា

    ក៏ប៉ុន្តែ ក្នុង​បេសកកម្ម GLHF រ៉ុក្កែត Terran 1 មិនមាន​ផ្ទុកទំនិញ​នោះទេ ដោយ​វា​គ្រាន់តែ​ដឹក​ចិញ្ចៀន​មួយ​វង់​ដែល​គេ​បោះពុម្ព 3D។ រ៉ុក្កែត​នេះ​មាន​ម៉ាស៊ីន Aeon-1 ចំនួន 9 គ្រឿង​នៅ​ជាន់​ក្រោម​បង្អស់៕

  • ពានរង្វាន់​ជើងឯក​បាល់ទាត់​បារាំង 2023 នឹងធ្វើ​ឡើង​នៅ​ប្រទេស​ថៃ

    ពានរង្វាន់​ជើងឯក​បាល់ទាត់​បារាំង 2023 នឹងធ្វើ​ឡើង​នៅ​ប្រទេស​ថៃ

    ស្ថាប័ន​គ្រប់គ្រង​បណ្ដា​ពានរង្វាន់​បាល់ទាត់​អាជីព​បារាំង LFP (Ligue de Football Professionnel) សម្រេចចិត្ត​ជ្រើសរើស​ទឹកដី​ថៃ​ធ្វើជា​កន្លែង​សម្រាប់​បើក​ការប្រកួត​រដូវ​កាល 2023-2024 របស់​ពានរង្វាន់​ជើងឯក​បាល់ទាត់​បារាំង (Trophée des Champions)។

    ការប្រកួត​ដណ្ដើម​ពានរង្វាន់​ជើងឯក​បាល់ទាត់​បារាំង 2023 គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 05 សីហា 2023 រវាង​ក្រុម​ម្ចាស់​ជើងឯក Ligue 1 និង​ម្ចាស់​ជើងឯក​ពានរង្វាន់​បាល់ទាត់​បារាំង​រដូវ​កាល 2022-2023។ បច្ចុប្បន្ន ក្លឹប PSG កំពុង​នាំមុខ​ពូ​ល Ligue 1 ដោយ​រកបាន 66 ពិន្ទុ ក្រោយពី​បាន​ចូលរួម 28 ប្រកួត ច្រើនជាង​ក្រុម​លេខ​ពីរ Mareille 7 ពិន្ទុ។ បើទោះជា​នៅសល់​ដប់​ជុំ​ទៀត ប៉ុន្តែ PSG ត្រូវបាន​គេ​មើលឃើញថា ទំនង​នឹង​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​​ Trophée des champions 2023។

    ពេលនោះ ទស្សនិកជន​នៅ​ប្រទេស​ថៃ ក៏ដូចជា​នៅ​អាស៊ីអាគ្នេយ៍​មានឱកាស​បាន​ទស្សនាការ​ប្រកួត​ដែលមាន​វត្តមាន​របស់​កំពូល​តារាបាល់ទាត់ល្បីៗ មាន​ជាអាទិ៍ Kylian Mbappe, Neymar រួមទាំង Messi ផងដែរ បើសិន M10 ពន្យារ​សុពលភាព​នៃ​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប PGS ដែល​នឹងត្រូវ​បញ្ចប់​នៅ​រដូវក្ដៅ​នេះ។

    ពានរង្វាន់​ជើងឯក​បាល់ទាត់​បារាំង 2023 នឹង​ស្វែងរក​ម្ចាស់​ជើងឯក​នៅ​ថ្ងៃទី 29 មេសា 2023។ ពានរង្វាន់​នេះ​បាន​ចូលដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយមាន​ការប្រកួត​ពីរ​គូ​គឺ Nantes – Lyon និង Annecy – Toulouse។

    PSG បាន​ក្លាយជា​ជើង​ឯក Trophée des Champions 2022 ពេល​បាន​ផ្ដួល Nantes ដោយ​លទ្ធផល 4-0

    យោងតាម​ទំព័រ L’Équipe ដើមឡើយ​ស្ថាប័ន LFP ចង់​នាំយក​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ជើងឯក​បាល់ទាត់​បារាំង 2023 ទៅធ្វើ​នៅ Miami សហរដ្ឋ​អាម៉េរិក ប៉ុន្តែ​ក្រោយមក​ក៏​សម្រេចចិត្ត​ជ្រើសរើស​ទឹកដី​មួយ​នៅ​អាស៊ី។ បន្ទាប់មក​ LFP ក៏​បន្ត​គិតដល់​​​ប្រទេស​ជប៉ុន​ជា​គោលដៅ​សម្រាប់​ការប្រកួត​នេះ ប៉ុន្តែ​ចុង​ក្រោយ​​​ក៏​សម្រេចចិត្ត​ប្រគល់​ឱកាស​​នេះ​ទៅឱ្យ​ប្រទេស​ថៃ។

    ពានរង្វាន់​ជើងឯក​បាល់ទាត់​បារាំង (Trophée des Champions) ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 1949 និង​ធ្លាប់បាន​ធ្វើឡើង 48 លើក។ PSG ដណ្ដើមបាន​ពានរង្វាន់​នេះ​ចំនួន 11 លើក ដែល​ច្រើនជាងគេបង្អស់ ក្នុងនោះ​ពួកគេ​បាន​ក្លាយជា​ជើងឯក 8 ឆ្នាំ​បន្តបន្ទាប់ ចាប់ពី 2013 ដល់ 2020។ ក្លឹប​បាល់ទាត់​ប៉ារីស​ត្រូវ Lille ដណ្ដើមបាន​តំណែង​នេះ​នៅ​ឆ្នាំ 2021 ក្នុង​លទ្ធផល 0-1 តែ​ក៏​យកមក​វិញ​បាន​នៅ​ឆ្នាំ 2022 ពេល​បាន​ផ្ដួល Nantes 4-0។

    ឆ្នាំ 2009 ពានរង្វាន់​ជើងឯក​បាល់ទាត់​បារាំង ត្រូវបាន​ធ្វើឡើង​នៅ​បរទេស​ជា​លើកដំបូង ដោយបាន​រៀបចំ​ការប្រកួត​នៅ​ប្រទេស​កាណាដា ជា​ទឹកដី​ដែល​ក្លឹប Bordeaux បាន​ក្លាយជា​ជើងឯក នៅពេល​ឈ្នះ Guingamp 2-0។ ក្រោយមក Trophée des Champions ក៏ត្រូវ​បានធ្វើ​ឡើង​នៅ​ទុយ​នេ​ស៊ី ម៉ា​រ៉ុ​ក សហរដ្ឋ​អាម៉េរិក ហ្កា​បុ​ង ចិន អូទ្រីស និង​អ៊ីស្រាអែល៕