Author: សឿន សំណាង

  • គ្រូបង្វឹក​ឥណ្ឌូណេស៊ី «ដេក​មិន​លក់ បក់​មិន​ល្ហើយ» ពេល Ronaldo មិនទាន់​ប្រាកដថា ទាត់​នៅ​ស៊ី​ហ្គេម

    គ្រូបង្វឹក​ឥណ្ឌូណេស៊ី «ដេក​មិន​លក់ បក់​មិន​ល្ហើយ» ពេល Ronaldo មិនទាន់​ប្រាកដថា ទាត់​នៅ​ស៊ី​ហ្គេម

    គ្រួ​បង្វឹក Indra Sjafri ទទួលស្គាល់ថា លោក​មិនទាន់​ទទួលបាន​ចម្លើយ​ពី Ronaldo Kwateh បន្ទាប់ពីបាន​កោះ​ហៅ​​​កម្លាំង​បន្ថែម 7 នាក់​ទៀត​ពី​​​ក្រុម U-20 ឱ្យ​ឡើងមក​កាន់ U-22 ដើម្បី​​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ដែល​នឹង​ធ្វើឡើង​នៅ​កម្ពុជា​នា​ពេល​ខាងមុខ។

    ថ្មីៗនេះ ទំព័រ Bola Times របស់​ឥណ្ឌូណេស៊ី បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅពេល​សរសេរថា «Ronaldo Kwateh មិន​ទទួលយក​ការកោះហៅ​មកកាន់​ក្រុម U-22 ឥណ្ឌូណេស៊ី តើ​គាត់​មិន​ចាប់អារម្មណ៍​ដល់​ការប្រកួត​នៅ​ស៊ី​ហ្គេម 2023?»។

    កន្លងទៅថ្មីៗនេះ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការដណ្ដើម​មេដាយមាស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 គ្រូបង្វឹក​របស់ U-22 ឥណ្ឌូណេស៊ី​លោក Indra Sjafri បាន​ពិភាក្សា​ជាមួយ​គ្រូបង្វឹក Shin Tae Yong ដើម្បី​ធ្វើការ​កោះហៅ​កីឡាករ 7 នាក់​នៅ U-20 ឱ្យ​ឡើងមក​កាន់ U-22 របស់​ប្រទេស​នេះ ក្នុងនោះ​មាន Ronaldo Kwateh, Hokky Caraka, Daffa Fasya, Muhamamad Ferrari, Doni Tri Pamungkas, Ahmad Maulana និង Marselino Ferdinan។

    ក៏ប៉ុន្តែ ទំព័រ Bola Times ដកស្រង់​សម្ដី​របស់លោក Indra Sjafri ឱ្យដឹងថា រហូតមកដល់​ពេលនេះ លោក​មិនទាន់​ទទួលបាន​ការឆ្លើយតប​ណាមួយ​ពី Ronaldo Kwateh នៅឡើយ ក្រោយពី​បាន​កោះហៅ​ឱ្យមក​កាន់ U-22 ឥណ្ឌូណេស៊ី ដើម្បី​ត្រៀម​ធ្វើដំណើរ​មក​កម្ពុជា។

    Ronaldo Kwateh (ឆ្វេង)

    Ronaldo Kwateh គឺជា​កីឡាករ​វ័យក្មេង​ជាងគេ​ដែល​ធ្លាប់បាន​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 31 នៅ​វៀតណាម។ Ronaldo Kwateh ធ្លាប់​ចូល​ប្រកួត​នៅ​ពានរង្វាន់​ជើងឯក​ថ្នាក់ជាតិ​ឥណ្ឌូណេស៊ី​ពេល​មាន​អាយុ​ទើបតែ 16 ឆ្នាំ។ បច្ចុប្បន្ន កីឡាករ​រូបនេះ​កំពុង​ទាត់​ឱ្យ​ក្លឹប Bodrumspor នៅ​​ប្រទេស​តួ​ក​គី។

    ទន្ទឹមនឹង Ronaldo Kwateh កីឡាករ​បី​រូប​ផ្សេងទៀត​ដែល​កំពុង​ទាត់​ឱ្យ​ក្លឹប​បរទេស និង​ត្រូវបាន​កោះហៅ ក៏​មិនទាន់មាន​ការឆ្លើយតប​នៅឡើយ​ដែរ ព្រោះ​កំពុង​បំពេញការងារ​របស់​ពួកគេ។ ក៏ប៉ុន្តែ យោងតាម​សហព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) បច្ចុប្បន្ន​មាន​កីឡាករ​បីនាក់​ក្នុងចំណោម 7 នាក់​នៅ​ក្រុម U-20 ដែល​ត្រូវបាន​កោះហៅ បានមក​ដល់​ប្រទេស​កាលពី​ថ្ងៃទី 02 មេសា រួមមាន Hokky Caraka, Made Tito Wiratama និង Daffa Fasya៕

  • ទ័ពអាកាស​អាម៉េរិក​ច​ង់​ទិញ​យន្ត​ហោះ​ចម្បាំង​​ចំនួន​ច្រើន​គ្រឿង​​មិន​ធ្លាប់មាន

    ទ័ពអាកាស​អាម៉េរិក​ច​ង់​ទិញ​យន្ត​ហោះ​ចម្បាំង​​ចំនួន​ច្រើន​គ្រឿង​​មិន​ធ្លាប់មាន

    ទ័ពអាកាស​របស់​សហ​រដ្ឋ​អាម៉េរិក រៀប​ផែន​ការបញ្ជាទិញ​យន្តហោះ​ចម្បាំង​ថ្មី​ចំនួន 72 គ្រឿងក្នុង​ឆ្នាំ 2024 ដើម្បី​ធ្វើ​ទំនើបកម្ម​ទ័ពអាកាស ដែល​នេះ​គឺជា​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់មាន​ក្នុងអំឡុង​រាប់សិប​ឆ្នាំ​កន្លង។

    សំណើ​នេះ​ត្រូវបាន​ឧ​ត្ត​ម​សេនីយ៍​ឯក Richard Moore មេបញ្ជាការរង​ទ័ពអាកាស​អាម៉េរិក លើកឡើង​នៅមុខ​សភា​កាលពី​ថ្ងៃទី 06 មេសា ដើម្បី​ធ្វើការ​ពិនិត្យ​សម្រេច​ចំពោះ​គម្រោង​ថវិកា​សម្រាប់​ឆ្នាំ​បន្ទាប់។ យោងតាម​សំណើ​នេះ ទ័ពអាកាស​អាម៉េរិក​ច​ង់​បាន​យន្តហោះ​ចម្បាំង​បំបាំងកាយ F-35A ចំនួន 48 គ្រឿង និង F-15EX ចំនួន 24 បន្ថែមទៀត នៅក្នុង​ឆ្នាំសារពើពន្ធ 2024។

    «នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ទ័ពអាកាស​អាម៉េរិក​ស្នើ​ទិញ​យន្ត​ចម្បាំង​ច្រើន​បែបនេះ ​រាប់​ចាប់តាំងពី​ខ្ញុំ​ធ្វើការ​ក្នុង​ជួរ​កងទ័ព» ឧ​ត្ត​ម​សេនីយ៍​ឯក Moore និយាយ​ដូច្នេះ និង​បន្តថា សំណើ​នេះ​នឹងមិន​ត្រូវធ្វើឡើង​តែម្ដង​ឡើយ តែ​នឹង​ត្រូវធ្វើ​ឡើងវិញ​នៅក្នុង​បណ្ដា​ឆ្នាំ​ខាងមុខ។

    ក្រុម​មេដឹកនាំ និង​មេបញ្ជាការ​ទ័ពអាកាស​អាម៉េរិក ច្រើន​ឆ្នាំ​មកនេះ​បាន​បញ្ជាក់ថា ទ័ពអាកាស​ត្រូវ​ការទិញ​យន្តហោះ​ចម្បាំង​ថ្មី​ចំនួន 72 គ្រឿង​ជា​រៀងរាល់ឆ្នាំ ដើម្បី​ធ្វើ​ទំនើបកម្ម​កងកម្លាំង ក៏ដូចជា​កាត់បន្ថយ​អាយុកាល​មធ្យម​របស់​យ​ន្ត​ហោះ។ បើសិន​មិន​ដូច្នោះ​ទេ ពួកគេ​នឹងមិន​មាន​យន្តហោះ​គ្រប់គ្រាន់​ដើម្បី​ផ្លាស់ប្ដូរ​យន្តហោះ​ចាស់ និង​ជិត​ត្រូវបាន​ដាក់ឱ្យចូល​និវត្តន៍ ដូច F-15C ជាដើម។

    ក៏ប៉ុន្តែ សភា​អាម៉េរិក ច្រើន​ឆ្នាំ​កន្លង​បាន​យល់ព្រម​ឱ្យ​ទិញ​យន្តហោះ​ចម្បាំង​តិចជាង​ការចង់បានរ​បស់ទ័ព​អាកាសប្រទេស​នេះ។ ក្នុង​ឆ្នាំសារពើពន្ធ 2023 សភា​អាម៉េរិក​អនុម័ត​ឱ្យ​ទិញ​តែ 67 គ្រឿង​ប៉ុណ្ណោះ ដែល​រួមមាន 43 គ្រឿង​ជា F-35A និង 24 គ្រឿង​ជា F-15EX៕

  • បុគ្គលិក​ផ្នែក​លាងចាន​បង្ក​ការភ្ញាក់ផ្អើល ព្រោះ​ជិះឡាន​ទំនើប​ទៅធ្វើ​ការ​រាល់​ថ្ងៃ​

    បុគ្គលិក​ផ្នែក​លាងចាន​បង្ក​ការភ្ញាក់ផ្អើល ព្រោះ​ជិះឡាន​ទំនើប​ទៅធ្វើ​ការ​រាល់​ថ្ងៃ​

    (ប្រទេស​ចិន) – ស្ត្រី​ម្នាក់​ធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​ត្រូវ​បើកភ្នែកធំៗ ព្រោះ​នៅតែ​ទៅ​បំពេញការងារ​ជា​អ្នក​លាងចាន​ឱ្យ​ភោជនីយដ្ឋាន​មួយ​នៅ​ទីក្រុង Chengdu បើ​ទោះ​គ្រួសារ​មាន​ជីវភាព​ធូរធារ និង​មាន​ទាំង​រថយន្ត​ប្រណិត Bentley។

    នៅក្នុង​វីដេអូ​ដែល​ត្រូវបាន​ចែករំលែក​ត​គ្នា​លើ​បណ្ដាញ​សង្គម​នៅ​ប្រទេស​ចិន ស្ត្រី​វ័យ​កណ្ដាល​ម្នាក់ មាន​សក់ស្កូវ ពាក់​អៀម និង​ស្រោមដៃ​កៅស៊ូ ឈាន​ជើង​ចេញពី​រថយន្ត Bentley Mulsanne ពណ៌​ខ្មៅ​ដែល​ចត​នៅខាងមុខ​ហាង​ស៊ុប​មួយ​ក្នុង​ទីក្រុង Chengdu ខេត្ត Sichuan កាលពី​ថ្ងៃទី 01 មេសា។

    «នៅផ្ទះ​ធុញ​ណាស់។ ខ្ញុំ​មាន​អារម្មណ៍មិនល្អ​បើសិន​មិនបាន​លាងចាន​មួយថ្ងៃ» ស្ត្រី​ខាងលើ​បកស្រាយ​ពី​មូលហេតុ​ដែល​គាត់​នៅតែ​ធ្វើជា​អ្នក​លាងចាន។

    ម្ចាស់​ហាង​ស៊ុប​នេះ​បានឱ្យដឹងថា គ្រួសារ​បុគ្គលិក​រូបនេះ​មាន​ជីវភាព​ធូរធារ ហើយ​អ្នកស្រី​ចង់​មក​ធ្វើការ​ដើម្បី​កំដរ​ពេលវេលា។ អ្នកបើកបរ​ដែលជា​កូនស្រី​របស់​ស្ត្រី​ខាងលើ​និយាយថា មិនអាច​ឃាត់​ម្ដាយ​ធ្វើ​អ្វីដែល​គាត់​ចង់ ទើប​ជួយ​បើកឡាន​ជូន​គាត់​ទៅធ្វើ​ការ និង​មក​ទទួល​គាត់​ជា​រៀងរាល់ថ្ងៃ។

    អ្នកលេង​បណ្ដាញ​សង្គម​សម្ដែង​ការកោតសរសើរ​ចំពោះ​ភាព​ឧស្សាហ៍ «អ្នកមាន​លាងចាន» ខាងលើ ហើយ​អ្នកខ្លះ​ចាត់ទុកថា អ្នកស្រី​គឺជា​គំរូ​ល្អ ជា​ប្រភព​កម្លាំងចិត្ត៕

    អ្នកស្រីចង់មកធ្វើការដើម្បីកំដរពេលវេលា
    រថយន្ត​ប្រណិត Bentley Mulsanne
  • យន្តហោះ​អវកាស​​​បំពាក់​ម៉ាស៊ីន​រ៉ុក្កែត​ដំបូង​គេ​លើ​លោក​ ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ហោះ​ហើរ​​សាកល្បង​​

    យន្តហោះ​អវកាស​​​បំពាក់​ម៉ាស៊ីន​រ៉ុក្កែត​ដំបូង​គេ​លើ​លោក​ ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ហោះ​ហើរ​​សាកល្បង​​

    Dawn Aerospace ដែលជា​ក្រុមហ៊ុន​អវកាស​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​នូ​វែ​ល​សេ​ឡង់ សម្រេចបាន​ជំហាន​សំខាន់​មួយ​នៅពេល​យន្តហោះ​​​គន្លង​គោចរ​កម្រិត​ទាប​ Mk-II Aurora របស់​ពួកគេ បាន​ហោះ​ឡើង​ដោយ​ជោគជ័យ​ជាមួយនឹង​ម៉ាស៊ីន​រ៉ុក្កែត។

    កាលពី​ថ្ងៃទី 05 មេសា ក្រុមហ៊ុន Dawn Aerospace ដែលមាន​ការិយាល័យ​នៅ​នូ​វែ​ល​សេ​ឡង់ ហូ​ឡង់ និង​សហរដ្ឋ​អាម៉េរិក ប្រកាសថា សម្រេចបាន​ការហោះហើរ​សាកល្បង​ម៉ាស៊ីន​រ៉ុក្កែត​ដំបូង​របស់​យន្តហោះ​អវកាស Mk-II Aurora។ ជើងហោះហើរ​ត្រូវបាន​ធ្វើឡើង​ពីថ្ងៃ​ទី 29 ដល់ 31 មីនា 2023 ​ដោយ​ហោះ​ចេញពី​ព្រលានយន្តហោះ Glentanner។ Dawn Aerospace គឺជា​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​អវកាស​ឯកជន​ដែល​រីកចម្រើន​ឆាប់រហ័ស​ជាងគេ​លើ​ពិភពលោក ដោយមាន​ផ្កាយរណប 11 គ្រឿង​កំពុង​ធ្វើ​សកម្មភាព​លើ​គន្លង​តារាវិថី។

    នៅមុន​ការធ្វើ​តេស្ត​នេះ Mk-II Aurora បាន​ហោះហើរ​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​យន្តហោះ។ ការសាកល្បង​កាលពី​សប្ដាហ៍​កន្លង​គឺជា​ការហោះហើរ​ដំបូង​ដែល​ប្រើប្រាស់​ម៉ាស៊ីន​រ៉ុក្កែត​ផ្ទាល់ខ្លួន​របស់ Dawn Aerospace។ យោងតាម Dawn Aerospace ការធ្វើ​តេស្ត​នេះ​ដំណើរការ​ដោយ​រលូន។ ក្នុង​ជើងហោះហើរដំបូងៗ យន្តហោះ​នេះ​ហោះ​ឡើងដល់​កម្ពស់ 1,829 ម៉ែត្រ និង​ល្បឿន 314 គីឡូម៉ែត្រ/ម៉ោង ប្រហាក់ប្រហែល​នឹង​លទ្ធផល​នៃ​ការធ្វើ​តេស្ត​មុន​នោះ​ដែល​ប្រើ​ម៉ាស៊ីន​​យន្ត​ហោះ​ប្រភេទ​ប្រតិកម្ម​រហ័ស​។

    Mk-II Aurora គឺជា​យន្តហោះ​អវកាស​បញ្ជា​ពី​ចម្ងាយ និង​អាចបំពេញ​បេសកកម្ម​ហោះហើរ​ទៅកាន់​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី ហើយ​ចុះចត​លើផ្លូវ​រត់​នៅ​ព្រលានយន្តហោះ ដូច​ទៅនឹង​យន្តហោះ​ប្រតិកម្ម​រហ័ស​ធម្មតា។

    យន្តហោះអវកាស Mk-II Aurora របស់ក្រុមហ៊ុន Dawn Aerospace

    ក្នុង​អនាគត យន្តហោះ​អវកាស​​នេះ​នឹង​អាច​ដឹកទំនិញ​ឡើងទៅ​កាន់​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី​ជាច្រើន​ជើង​ក្នុង​មួយថ្ងៃ។ បន្ទាប់ពី​បាន​ជោគជ័យ​ក្នុង​កម្មវិធី Mk-II Aurora ក្រុមហ៊ុន Dawn Aerospace មាន​ផែន​ការផលិត Mk-III ដែលមាន​ពីរ​ជាន់ ក្នុងនោះ​ជាន់​ទី​ពីរ​អាច​ផ្ដាច់ខ្លួន អាច​ដឹកទំនិញ​ទម្ងន់​មួយ​តោន ឬ​ដឹក​ផ្កាយរណប​ទម្ងន់ 250 គីឡូក្រាម​ឡើងទៅ​កាន់​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី។ យោងតាម CEO Stefan Powell Mk-III នឹង​​ត្រូវ​បាន​ផលិតឡើង​ដើម្បី​អាច​ប្រើប្រាស់​ឡើងវិញ​បាន 96%។

    ការធ្វើ​តេស្ត​លើក​ក្រោយ Mk-II Aurora នឹង​ហោះហើរ​ខ្ពស់ជាង​ការសាកល្បង​លើក​នេះ។ ក្នុង​សកម្មភាព​ពាណិជ្ជ​កម្មនា​ពេលអនាគត យន្តហោះ​អវកាស​នេះ​នឹង​ហោះ​ដល់​កម្ពស់ 100 គីឡូម៉ែត្រ ហើយនឹង​អាច​ក្លាយជា​យាន​ដំបូង​គេ​ដែល​ហោះហើរ​បាន​ពីរ​ជើង​ក្នុង​មួយថ្ងៃ៕

  • អតីត​គ្រូបង្វឹក​បាល់​ទាត់​ U-22 ថៃ «​ខ្លាច​» ម៉ាឡេស៊ី គ្រា​ដែល​ឥណ្ឌូណេស៊ី​ «ខ្លាច» ​កម្ពុជា

    អតីត​គ្រូបង្វឹក​បាល់​ទាត់​ U-22 ថៃ «​ខ្លាច​» ម៉ាឡេស៊ី គ្រា​ដែល​ឥណ្ឌូណេស៊ី​ «ខ្លាច» ​កម្ពុជា

    អតីត​គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ Wittaya Laohakul បាន​បង្ហើប​ឱ្យដឹង​អំពី​ក្រុម​ដែល​អាចជា​បេក្ខភាព​លំដាប់​កំពូល​សម្រាប់​មេដាយមាស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ក្នុងពេលដែល គ្រូបង្វឹក​របស់​ឥណ្ឌូណេស៊ី បែរជា​ខ្លាច​ចាញ់​កម្ពុជា​ទៅវិញ។

    យោងតាម​ទំព័រ Siam Sport នៅ​ប្រទេស​ថៃ អតីត​គ្រូបង្វឹក Wittaya Laohakul អះអាងថា ខ្លួន​លោក​មិន​បារម្ភ​ទេ​នៅពេល U-22 ថៃ ត្រូវ​ប៉ះ U-22 វៀតណាម​យ៉ាង​ឆាប់​នៅ​វគ្គ​ចែក​ពូ​ល។ ប៉ុន្តែ លោក​យល់ថា U-22 ម៉ាឡេស៊ី ទើប​ជា​គ្រោះថ្នាក់​ដែល​ក្រុម​ថៃ​ត្រូវតែ​ប្រុងប្រយ័ត្ន​ជាង​គេ។

    «…បេក្ខភាព​ទីមួយ​សម្រាប់​មេដាយមាស​របស់​វិញ្ញាសា​បាល់ទាត់​បុរស​គឺ ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី។ ព្រោះថា ក្រុមបាល់ទាត់​វ័យក្មេង​នេះ​បាន​ត្រៀមខ្លួន​យ៉ាង​ហ្មត់ចត់​ក្នុង​រយៈពេល​វែង​មុន​នោះ» លោក Laohakul វាយតម្លៃ​ខ្ពស់​ទៅលើ​ក្រុម U-22 ម៉ាឡេស៊ី។

    អតីត​គ្រូបង្វឹកថៃ​ Wittaya Laohakul បញ្ជាក់ថា វៀតណាម​ក៏​ជា​គូប្រកួត​ដែល​គួរឱ្យ​ញញើត ហើយ «ហ្វូង​ដំរី​ចម្បាំង» ត្រូវតែ​ប្រយ័ត្នប្រយែង​តាំងពី​វគ្គ​ចែក​ពូ​ល។

    អតីត​គ្រូបង្វឹកថៃ​ Wittaya Laohakul

    ដោយឡែក គ្រូបង្វឹក Indra Sjafri របស់ U-22 ឥណ្ឌូណេស៊ី​វិញ ក៏បាន​ព្រមាន​ដល់​ក្រុម​កូនសិស្ស​របស់លោក​អំពី U-22 កម្ពុជា បើ​ទោះ​ស្ថិតក្នុង​ពូ​ល​ដែល​ភាគច្រើន​ជា​ក្រុមខ្សោយៗ រួមមាន ឥណ្ឌូណេស៊ី កម្ពុជា មី​យ៉ាន់​ម៉ា ហ្វ៊ី​លី​ពីន និង​ទី​ម័​រ​ខាងកើត ក៏ដូចជា ឥណ្ឌូណេស៊ី​ត្រូវបាន​រំពឹងថា នឹង​អាច​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅពេល​នាំមុខគេ​នៅក្នុង​ពូ​ល។

    ក្នុងចំណោម​បណ្ដា​ក្រុម​ជម្រើសជាតិ​ដែល U-22 ឥណ្ឌូណេស៊ី ត្រូវ​ប្រកួត U-22 កម្ពុជា​គឺជា​ក្រុម​ដែល​គ្រូបង្វឹក Indra Sjafri មានការ​ប្រុងប្រយ័ត្ន​ជាងគេ។ «នៅ​វគ្គ​ចែក​ពូ​ល​របស់​យើង​មាន​ក្រុម​ម្ចាស់ផ្ទះ។ ប៉ុន្មាន​ឆ្នាំ​មកនេះ កម្ពុជា​មានការ​រីកចម្រើន​ខ្លាំង ក្នុងនោះ​កីឡាករ​មានគុណ​ភាព​ខ្ពស់ជាង​មុន​ឆ្ងាយ»។

    ទោះជា​យ៉ាងណាក៏ដោយ គ្រូបង្វឹក Indra Sjafri នៅតែ​ដាក់​គោលដៅ​ឡើង​ឱ្យដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

    គ្រូបង្វឹក Indra Sjafri របស់ U-22 ឥណ្ឌូណេស៊ី

    ពូ​ល A នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​នេះ​នឹងត្រូវ​ប្រកួត​នៅឯ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ​ ខណៈដែល​ពូ​ល B នឹងត្រូវ​ប្រកួត​នៅ​កីឡដ្ឋាន​ព្រី​នស៍​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី 29 មេសា៕

  • ចិន​ធ្វើតេស្ត​រ៉ុក្កែត​ចុះចត​បញ្ឈរ​​ត្រង់​លើ​សមុទ្រ​ដោយ​ជោគជ័យ

    ចិន​ធ្វើតេស្ត​រ៉ុក្កែត​ចុះចត​បញ្ឈរ​​ត្រង់​លើ​សមុទ្រ​ដោយ​ជោគជ័យ

    ប្រទេស​ចិន ថ្មីៗនេះ​បានទទួល​ជោគជ័យ​ក្នុងការ​សាកល្បង​រ៉ុក្កែត​ចុះចត​ឈរ​ត្រង់​នៅលើ​សមុទ្រ ដូច​ទៅនឹង​រ៉ុក្កែត​របស់​ក្រុមហ៊ុន​អាម៉េរិក SpaceX។

    វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ចិន (CAS) កាលពី​ថ្ងៃទី 06 មេសា ឱ្យដឹងថា បច្ចេកវិទ្យា​នេះ​នឹង​ជា​គ្រឹះ​សម្រាប់​ការអនុវត្ត​នាពេល​អនាគត រួមទាំង​គ្រឹះ​សម្រាប់​ការសាកល្បង​ក្នុង​អវកាស​ជាន់​ទាប​ដែល​អា​ចក​កែច្នៃ​ឡើងវិញ ក៏ដូចជា​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​អវកាស។

    ក្រុមហ៊ុន​ពាណិជ្ជកម្ម CAS Space ដែលជា​កម្មសិទ្ធិ​របស់ CAS បង្ហើប​ឱ្យដឹងថា ស្ថាប័ន​នេះ​បានទទួល​ជោគជ័យ​ក្នុង​ការបាញ់​បង្ហោះ​រ៉ុក្កែត​ពី​ដីគោក ហើយ​ចុះចត​លើ​សមុទ្រ Haiyang នៃ​ខេត្ត Shandong។

    រ៉ុក្កែត​នេះ​ហោះ​ឡើងដល់​កម្ពស់​ជាង 1,000 ម៉ែត្រ ហើយ​ទម្លាក់ខ្លួន​បន្តិចម្ដងៗដោយ​ប្រើប្រាស់​ម៉ាស៊ីន​រុញច្រាន​បញ្ច្រាស។ ក្នុងដំណាក់កាល​ចុងក្រោយ ល្បឿន​របស់​រ៉ុក្កែត​ថយ​ចុះមក​នៅត្រឹម​ជិត 2 ម៉ែត្រ/វិនាទី។ CAS និយាយថា ការសាកល្បង​​នេះ​​ត្រូវ​បាន​ធ្វើ​ឡើង​​​ក្នុង​រយៈពេល 10 នាទី។

    រ៉ុក្កែត​ត្រូវ​បាន​បាញ់​បង្ហោះ​​ពី​ដីគោក ហើយ​ចុះចត​បញ្ឈរ​ត្រង់​លើ​សមុទ្រ Haiyang នៃ​ខេត្ត Shandong

    យោងតាម​វិស្វករ​នៅ CAS Space រ៉ុក្កែត​ដែលមាន​បណ្ដោយ 2.1 ម៉ែត្រ​នេះ មាន​អង្កត់ផ្ចិត 0.5 ម៉ែត្រ ទម្ងន់ 93 គីឡូក្រាម និង​បំពាក់​ម៉ាស៊ីន​រុញច្រាន​ចំនួន​ពីរ​គ្រឿង​ដែលមាន​កម្លាំង 550 newton៕

  • ក្រុម​បាល់​ទាត់​ U-22 ឥណ្ឌូណេស៊ី​ អាច​ត្រូវ FIFA ហាម​​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​នេះ​?

    ក្រុម​បាល់​ទាត់​ U-22 ឥណ្ឌូណេស៊ី​ អាច​ត្រូវ FIFA ហាម​​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​នេះ​?

    ប្រធាន​​សហ​ព័​ន្ទ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី នៅតែ​បារម្ភ​ចំពោះ​ទណ្ឌកម្ម​បន្ថែម​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) អាច​នឹង​ដាក់​មកលើ​ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី។

    យោងតាម​លទ្ធផល​នៃ​ការចាប់​ឆ្នោត​ចែក​ពូ​ល U-22 ឥណ្ឌូណេស៊ី​ហាក់​មាន​សំណាងល្អ​នៅពេល​អាច​គេច​ពី​ការ​ប្រឈម​នឹង​វៀតណាម និង​ថៃ។ ក៏ប៉ុន្តែ បច្ចុប្បន្ន ឥណ្ឌូណេស៊ី​កំពុង​បារម្ភ​ចំពោះ​ទណ្ឌកម្ម​ពី FIFA។

    ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir ថ្លែងថា «PSSI នៅតែ​រក្សា​ទំនាក់ទំនង​ជាមួយ FIFA។ យើង​សង្ឃឹមថា ឥណ្ឌូណេស៊ី​នៅតែ​អាច​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​ដើម្បី​សម្រេច​គោលដៅ​ដណ្ដើម​មេដាយមាស»។

    ក្រោយពី​ត្រូវបាន FIFA ដកហូត​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ U-20 World Cup 2023 ព្រោះតែ​បញ្ហានយោបាយ​ទាក់ទង​នឹង​អ៊ីស្រាអែល ឥណ្ឌូណេស៊ី​កំពុងមាន​ហានិភ័យ​ត្រូវ​ទទួល​ទណ្ឌកម្ម​បន្ថែម។ ក៏ប៉ុន្តែ នៅសល់​ពេល​មិន​ដល់​មួយខែ​ទៀត​ប៉ុណ្ណោះ ស៊ី​ហ្គេម​លើក​ទី 32 ដែល​ធ្វើឡើង​នៅ​កម្ពុជា នឹងត្រូវ​ចាប់ផ្ដើម ដូច្នេះ ទណ្ឌកម្ម​ថ្មី​មកលើ​ឥណ្ឌូណេស៊ី ទំនងជា​ពិបាក​លេច​ជា​រូប​រាង​៕

  • ក្រុមហ៊ុន​ផលិត​រថយន្ត Genesis ធ្វើតេស្ត​ប្រព័ន្ធ​បញ្ចូល​អគ្គិសនី​គ្មាន​ខ្សែ

    ក្រុមហ៊ុន​ផលិត​រថយន្ត Genesis ធ្វើតេស្ត​ប្រព័ន្ធ​បញ្ចូល​អគ្គិសនី​គ្មាន​ខ្សែ

    ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណិត Genesis បាន​សាកល្បង​ប្រព័ន្ធ​បញ្ចូល​ថាមពល​អគ្គិសនី​មិនមាន​ខ្សែ​ដើម្បី​ជួយ​ឱ្យ​ម្ចាស់​រថយន្ត​មិនចាំបាច់​ចាប់​កាន់​ឌុយ​ឆ្នាំ​សាក​​នៅពេល​បញ្ចូល​ថាមពល​គ្គិ​ស​នី​ឱ្យ​រថយន្ត​របស់​ពួកគេ ក៏ដូចជា​ការ​ទុកដាក់​ខ្សែកាប​ឆ្នាំង​សាក។

    ការធ្វើ​តេស្ត​ខាងលើនេះ​នឹង​អូស​បន្លាយពេល​រហូតដល់​ខែមិថុនា 2023 និង​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​កូរ៉េខាងត្បូង។ ការសាកល្បង​បច្ចេកវិទ្យា​នេះ ធ្វើឡើង​ចំពោះ​រថយន្ត​អគ្គិសនី Genesis GV60 និង Genesis GV70។

    ការធ្វើ​តេស្ត​របស់ Genesis ត្រូវបាន​ចាត់ទុកថា​ជា​គម្រោង​ស្វែងរក​ឱកាស​កែលំអ​បទពិសោធន៍​ប្រើប្រាស់​សម្រាប់​អតិថិជន ដោយ​ប្រើ​ប្រព័ន្ធ​ផ្គត់ផ្គង់​ថាមពល​តាមរយៈ​កម្លាំង​ម៉ាញេ​ទិច។ នេះ​គឺជា​កិច្ចប្រឹងប្រែង​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត ក្នុង​បំណង​ជួយ​ឱ្យ​ការបញ្ចូល​ថាមពល​ដល់​រថយន្ត​អគ្គិសនី​កាន់តែ​ងាយស្រួល។

    នេះក៏ជាប្រព័ន្ធបញ្ចូលអគ្គិសនីគ្មានខ្សែ

    បើសិន​ជោគជ័យ Genesis នឹងមាន​ប្រៀប​ជាង​គូប្រជែង​មួយចំនួនធំ​នៅលើ​ទីផ្សារ​រថយន្ត​អគ្គិសនី។ ប្រព័ន្ធ​បញ្ចូល​ថាមពល​អគ្គិសនី​ដោយ​មិនបាច់​មាន​ខ្សែ​នេះ​អាច​ត្រូវបាន​ដំឡើង​ជា​ស្ថានីយ​សាក​ថ្ម​នៅតាម​ដងផ្លូវ ក៏ដូចជា​អាច​ដំឡើង​នៅតាម​ផ្ទះ​របស់​អតិថិជន។

  • កីឡាបាល់ទាត់​លើ​តុ​ដែល​ប្រកួត​នៅ​បុ​រេ​ស៊ី​ហ្គេម​លើក​ទី 32 មាន​បួន​ប្រទេស​ចូលរួម

    កីឡាបាល់ទាត់​លើ​តុ​ដែល​ប្រកួត​នៅ​បុ​រេ​ស៊ី​ហ្គេម​លើក​ទី 32 មាន​បួន​ប្រទេស​ចូលរួម

    ព្រឹត្តិការណ៍​បុ​រេ​ការប្រកួត​កីឡាបាល់ទាត់​លើ​តុ នឹងត្រូវ​បានរៀបចំ​ប្រកួត​ឡើង​នៅ​ទីលាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​សម្រាប់​ចូលរួម​ដណ្ដើម​មេដាយ​នៅ​ស៊ី​ហ្គេម​លើក​ទី 32 នា​ខែឧសភា 2023 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។

    យោងតាម​ទំព័រ Cambodia2023 ព្រឹត្តិការណ៍​បុ​រេ​ការប្រកួត​កីឡាបាល់ទាត់​លើ​តុ ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ​គឺ ថ្ងៃទី 06 និង​ទី 07 មេសា។ ប្រភេទ​កីឡា​នេះ នឹងត្រូវ​ដាក់ឱ្យ​ប្រកួត​ក្នុង​ស៊ី​ហ្គេម​លើក​ទី 32 នា​ខែឧសភា 2023 ដោយមាន​មេដាយ​ដូច​ប្រភេទ​កីឡាផ្សេងៗដែរ ប៉ុន្តែ​មិនត្រូវ​បាន​រាប់​ប​ញ្ជូ​ល​ក្នុង​បញ្ជី​មេដាយ​ផ្លូវការ។

    ឯកឧត្តម ញ៉ា​ន សុខ​វិសាល ទីប្រឹក្សា​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) សង្ឃឹមថា កីឡាបាល់ទាត់​លើ​តុ​នេះ នឹងត្រូវ​បានដាក់​បញ្ចូល​ឱ្យ​ប្រកួត​ជា​ផ្លូវការ​នៅ​ស៊ី​ហ្គេម​លើក​ក្រោយ និង​រីកចម្រើន​ជា​បន្តបន្ទាប់។

    ការប្រកួត​បាល់ទាត់​លើ​តុ​បុ​រេ​ស៊ី​ហ្គេម រយៈពេល​ពីរ​ថ្ងៃនេះ មាន​បួន​ប្រទេស​ចូលរួម ដោយមាន​ប្រាំ​ក្រុម ក្នុងនោះ​ម្ចាស់ផ្ទះ​កម្ពុ​ជាមាន​ពីរ​ក្រុម។ នេះ​បើតាម លោក អន ច​ន្ត្រា​សំរិត អគ្គលេខាធិការរង សហព័ន្ធ​កីឡាបាល់ទាត់​លើ​តុ​កម្ពុជា៕

  • នេះ​ជា​រូប​ភាព​ច្បាស់ និង​រស់​រវើក​បំផុត​ស្ដី​ពី​ផ្ទៃ​ព្រះ​អាទិត្យ​ ដែល​បង្កើត​ឡើង​ពី​រូប​ថត​ 9 ម៉ឺន​សន្លឹក

    នេះ​ជា​រូប​ភាព​ច្បាស់ និង​រស់​រវើក​បំផុត​ស្ដី​ពី​ផ្ទៃ​ព្រះ​អាទិត្យ​ ដែល​បង្កើត​ឡើង​ពី​រូប​ថត​ 9 ម៉ឺន​សន្លឹក

    ក្រុម​អ្នក​ថតរូប​តារាសាស្ត្រ​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​បញ្ចេញ​រូប​ភាព​​ស្ដីពី​ផ្ទៃ​ព្រះអាទិត្យ​លឿង​ឆ្អៅ ដោយ​ការផ្គុំ​​រូបថត​ប្រមាណ​ 90,000 សន្លឹក​។

    ដើម្បី​បង្កើតបានជា​រូបភាព​នេះ Andrew McCarthy និង Jason Guenzel បាន​ប្រើប្រាស់​រូបថត​មួយចំនួន​របស់​ពួកគេ និង​រូបថតបាន​​ពី​ស្ថានីយ​សង្កេត​ព្រះអាទិត្យ និង​បរិយាកាស​ព្រះអាទិត្យ រួមទាំង​រូបថត​ពី​យានអវកាស​របស់​ណា​សា ដើម្បី​ផ្គុំ​ចូលគ្នា។ នេះ​បើតាម Live Science ចុះផ្សាយ​កាលពី​ថ្ងៃទី 05 មេសា។

    អ្នក​ថតរូប​ខាងលើ​បាន​ផ្គុំ​រូបថត​ស្ដីពី​ព្រះអាទិត្យ​ប្រហែល 90,000 សន្លឹក​ចូលគ្នា ដើម្បី​បង្កើតបានជា​រូបភាព​មួយ​សន្លឹក​ចុងក្រោយ​ដែល​ពួកគេ​ហៅថា «ការរួបរួម​របស់ Helios» បង្ហាញ​ពី​ផ្ទៃ​ដែល​ពេញ​ដោយ​អណ្ដាតភ្លើង​លឿង​ឆ្អៅ​របស់​ព្រះអាទិត្យ អម​នឹង​កាំរស្មី​ប្លា​ស្មា​វិលវល់​ដូច​ទៅនឹង​ស្រទាប់​រោម​ជុំវិញ​​លើ​កូន​បាល់​តេ​នី​ស។

    ចំណុះ​ដែល​លេចធ្លោ​ជាងគេ​នៅលើ​រូបភាព​នេះ​គឺ «កំណួច​ខ្យល់​ប្លា​ស្មា» ដែល​ខ្ពស់បំផុត​នៅលើ​ព្រះអាទិត្យ។ កំណួច​ខ្យល់​ប្លា​ស្មា​នេះ​មាន​កម្ពស់​រហូតដល់ 178,000 គីឡូម៉ែត្រ ស្មើនឹង​ផែនដី​ចំនួន​បួន​រៀប​ជា​ជួរ។ ព្រឹត្តិការណ៍​នេះ​កើត​ឡើង​រយៈពេល​បី​ថ្ងៃ មុនពេល​ក្លាយជា​ពពក​ប្លា​ស្មា និង​ត្រូវបាន​រុញច្រាន​ចេញ​ឆ្ងាយ​ពី​ព្រះ​អាទិត្យ​។

    Guenzel និយាយថា ស្នាដៃ «ការរួបរួម​របស់ Helios» នេះ គឺជា​រូបភាព​ស្ដីពី​ព្រះអាទិត្យ​ដែល​ច្បាស់ និង​រស់​រវើក​បំផុត ដែល​គាត់ និង McCarthy ធ្លាប់បាន​បង្កើតឡើង។