Author: សឿន សំណាង

  • Tesla គឺជា​ម៉ាក​រថយន្ត​ដែលត្រូវ​បាន​កំណត់​​​តម្លៃ​ខ្ពស់​ជាងគេ​​បង្អស់​លើ​ពិភព​លោក

    Tesla គឺជា​ម៉ាក​រថយន្ត​ដែលត្រូវ​បាន​កំណត់​​​តម្លៃ​ខ្ពស់​ជាងគេ​​បង្អស់​លើ​ពិភព​លោក

    Tesla បានឈ្នះ Mercedes-Benz និង Toyota ហើយ​បាន​​ក្លាយជា​ម៉ាក​រថយន្ត​ដែលមាន​តម្លៃ​បំផុត​នៅ​ទូទាំង​សកលលោក។ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​អាម៉េរិក Tesla បាន​លោត​ឡើង​ពីរ​កាំ​នៅក្នុង​បញ្ជី​ស្ដីពី​បណ្ដា​ម៉ាកយីហោ​​រថយន្តដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ​ ហើយ​បច្ចុប្បន្ន​ត្រូវបាន​កំណត់​តម្លៃ 66.2 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    Tesla បាន​ឆ្លងកាត់​ការលំបាក​ជាច្រើន​ដំណាក់កាល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ប៉ុន្តែ មកដល់​ឆ្នាំ 2023 ក្រុមហ៊ុន​នេះ​ត្រូវបាន​វាយតម្លៃថា «វិជ្ជមាន»។ ថ្វីបើ​តម្លៃ​ភាគហ៊ុន​របស់ Tesla នៅតែ​មិន​កើនឡើង​ខ្លាំង​ដូច​ការរំពឹងទុក​រប​ស់​អ្នកវិនិយោគ​មួយចំនួន តម្លៃ​របស់​យីហោ Tesla ក៏​កំពុងតែ​កើនឡើង ខណៈដែល​បណ្ដា​ម៉ាក​រថយន្ត​ដទៃ​កំពុង​ធ្លាក់ចុះ។

    តម្លៃ​របស់​ក្រុមហ៊ុន Tesla បាន​កើន​ប្រហែល 44% ហើយ​ក៏​​នាំមុខគេ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់ នេះ​បើតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Brand Finance ។ របាយការណ៍​របស់ Brand Finance ឱ្យដឹងថា នេះ​គឺជា​លើកដំបូង​ដែល Tesla ឈរលើ​កំពូល​តារាង​ស្ដីពី​បណ្ដាម៉ាក​​រថយន្ត​ដែលមាន​តម្លៃ​ខ្ពស់បំផុត ហើយក៏​ជា​លើកទីមួយ​ដែល​បាន​ក្លាយ​ជា​​ក្រុមហ៊ុន​ផលិត​រថយន្ត​នាំមុខគេ​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​សុទ្ធ។

    Brand Finance ក៏បាន​បញ្ជាក់ថា តម្លៃ​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន Tesla គឺ​ខ្ពស់ជាង​ប្រាំ​ដង​ធៀប​នឹង​តម្លៃ​នៅមុន​វិបត្តិ​កូ​វីដ​-​19។ ម៉ាក​រថយន្ត Mercedes-Benz ដែល​ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​កាលពី​ឆ្នាំមុន បច្ចុប្បន្ន​ថយចុះ 3% មក​នៅត្រឹម 58.8 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    តារាង​ចំណាត់​ថ្នាក់​ស្ដី​ពី​បណ្ដា​ម៉ាក​រថយន្ត​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ​លើ​ពិភពលោក

    ចំណែក Toyota វិញ ឆ្នាំនេះ​នៅតែ​រក្សាបាននូវ​កម្រិត​ដូច​ទៅ​នឹង​​ចំណាត់ថ្នាក់​លេខ​ពីរ​​របស់​ខ្លួន​កាលពី​ឆ្នាំ 2022 តែ​តម្លៃ​ម៉ាក​របស់​វា​បាន​ធ្លាក់​ថ្លៃ​អស់ 18% មក​នៅត្រឹម 52.5 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

  • ភូមិ​ស៊ី​ហ្គេម​លើក​ទី 32 អាចឆ្លើយតប​នឹង​តម្រូវការ​ស្នាក់នៅ 32% នៃ​សមាជិក​សរុប​

    ភូមិ​ស៊ី​ហ្គេម​លើក​ទី 32 អាចឆ្លើយតប​នឹង​តម្រូវការ​ស្នាក់នៅ 32% នៃ​សមាជិក​សរុប​

    ភូមិ​ស៊ី​ហ្គេមលើក​​ទី 32 អាចដាក់​មនុស្ស​បាន 3,500 នាក់ ស្មើនឹង 32% នៃ​ចំនួន​សមាជិក​សរុប​មក​ពី 11 ក្រុម​ប្រតិភូ​ដែល​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​នៅ​រាជធានី​ភ្នំពេញ។

    ភូមិ​ស៊ី​ហ្គេម​លើក​ទី 32 ស្ថិតនៅលើ​តំបន់​ដែលមាន​ទំហំ 8 ហិកតា ក្បែរ​ពហុ​កីឡដ្ឋាន​​ជាតិ​មរតក​តេ​ជោ ដែលមាន​ទីតាំងនៅ​ភ្នំពេញ។ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ស៊ី​ហ្គេម​លើក​ទី 32 (CAMSOC) ឱ្យដឹងថា ភូមិ​ស៊ី​ហ្គេម​ត្រូវ​បានរៀបចំ​រួចរាល់ និង​អាច​ទទួល​អត្ត​ព​លិ​ក​ចាប់ពី​ថ្ងៃទី 17 មេសា។

    យោងតាម CAMSOC ចំនួន​សមាជិក​សរុប​​របស់​បណ្ដា​ក្រុម​ប្រតិភូ​កីឡា​ដែល​នឹងចូលរួម​ព្រឹត្តិការណ៍​​ស៊ី​ហ្គេម​លើក​ទី 32 មាន 12,404 នាក់។ ក្នុងនោះ ប្រទេស​ថៃ​មាន​ច្រើនជាងគេ ពោលគឺ 1,985 នាក់, បន្ទាប់មក​គឺ ឥណ្ឌូណេស៊ី (1,802 នាក់), វៀតណាម (1,663 នាក់), ម៉ាឡេស៊ី (1,532 នាក់), ហ្វ៊ី​លី​ពី​ន (1,342 នាក់), សិង្ហ​បុរី (1,228 នាក់), កម្ពុជា (1,158 នាក់), មី​យ៉ាន់​ម៉ា (694 នាក់), ឡាវ (656 នាក់), ទី​ម័​រ​ខាងកើត (171 នាក់) និង​ប្រុយ​ណេ (113 នាក់)។

    ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​នេះ​មាន 37 វិញ្ញាសា ក្នុងនោះ​មាន 32 វិញ្ញាសា​ត្រូវ​ប្រកួត​នៅ​ភ្នំពេញ។ ភូមិ​ស៊ី​ហ្គេម​លើក​ទី 32 អាចដាក់​មនុស្ស​បាន 3,500 នាក់ ស្មើនឹង 32% នៃ​ចំនួន​សមាជិក​សរុប​ប្រមាណ​ 11,000 នាក់​ដែល​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​នៅ​រាជធានី​ភ្នំពេញ។ ក្រៅពីនេះ​​នឹងត្រូវ​ប្រកួត និង​ស្នាក់​នៅក្នុង​ខេត្ត​ចំនួន​បួន​ទៀត រួមមាន ខេត្ត​កែប កំពត សៀមរាប និង​ខេត្ត​ព្រះសីហនុ។

    សមាជិក​ប្រមាណ 68% ដែល​មិន​ស្នាក់នៅ​ក្នុងភូមិ​ស៊ី​ហ្គេម នឹងត្រូវ​បានរៀបចំ​ឱ្យ​ស្នាក់នៅ​ក្នុង​បណ្ដា​សណ្ឋាគារ​ចាប់ពី​ផ្កាយ​បួន​ឡើងទៅ​ដែល​នៅក្បែរ​ទីតាំង​ប្រកួត។

    យោងតាម​ការកំណត់រ​បស់​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ ថ្លៃ​ស្នាក់នៅ​ហូបចុក​របស់​អត្ត​ព​លិ​ក​គឺ 50 ដុល្លារ​អាម៉េរិក/ម្នាក់/ថ្ងៃ។ បណ្ដា​ក្រុម​ដែល​ចូលរួម​គឺ​​ជា​អ្នក​រ៉ាប់​រង​ថ្លៃ​ហូប​ចុក​ស្នាក់​នៅ​​ឱ្យ​ប្រទេស​ម្ចាស់ផ្ទះ។

    ថ្មីៗនេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC បាន​បញ្ជាក់ថា កម្ពុជា​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ស៊ី​ហ្កេ​ម​លើក​ទី 32 បាន 90% ហើយ។ ចំណែក 10% ទៀត​គឺជា​ការងារ​តុបតែង​លំអ៕

  • យន្តហោះ និង​នាវាយោធា​​ចិន​ជាង 100 គ្រឿង បង្ហាញខ្លួន​នៅ​ជុំវិញ​កោះ​តៃវ៉ាន់

    យន្តហោះ និង​នាវាយោធា​​ចិន​ជាង 100 គ្រឿង បង្ហាញខ្លួន​នៅ​ជុំវិញ​កោះ​តៃវ៉ាន់

    ស្ថាប័ន​ការពារ​កោះ​តៃវ៉ាន់ បាន​រកឃើញ​យន្តហោះ​យោធា​ចំនួន​ 91 គ្រឿង និង​នាវា​យោធា 12 គ្រឿង​របស់​ចិនដីគោក ធ្វើ​សកម្មភាព​នៅ​បណ្ដា​តំបន់​ជុំវិញ​កោះ​នេះ​នៅក្នុង​មួយថ្ងៃ។

    «គិត​ត្រឹម​ម៉ោង 18 ថ្ងៃទី 10 មេសា យើង​បាន​រកឃើញ​យន្តហោះ​យោធា 91 គ្រឿង និង​នាវា​យោធា 12 គ្រឿង​នៅ​ជុំវិញ​កោះ​តៃវ៉ាន់។ យន្តហោះ 54 គ្រឿងក្នុង​ចំណោម​នោះ បាន​ឆ្លង​បន្ទាត់​កណ្ដាល​នៅ​ច្រក​សមុទ្រ ឬ​ធ្វើដំណើរ​ចូលក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស។ កងកម្លាំង​ការពារ​បាន​តាមដាន​ស្ថានការណ៍ និង​ដាក់ពង្រាយ​កម្លាំង​ដើម្បី​ជា​ប្រតិកម្ម» ស្ថាប័ន​ការពារ​កោះ​តៃវ៉ាន់​ឱ្យដឹង​ដូច្នេះ។

    របាយការណ៍​ខាងលើ​ត្រូវ​បានលើកឡើង​បន្ទាប់ពី​កងទ័ព​ចិន​ប្រកាសថា បានបញ្ចប់​ព្រឹត្តិការណ៍​សមយុទ្ធ​បី​ថ្ងៃ​នៅក្នុង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ និង​បណ្ដា​តំបន់​សមុទ្រ​នៅ​ជុំវិញ​កោះ​នេះ។

    ថ្វីបើ​ចិនដីគោក​បានប្រកាសថា​បាន​បញ្ចប់​សមយុទ្ធ​ដែល​ប្រើប្រាស់​សេណារីយោ «ឡោមព័ទ្ធ​កោះ» ហើយ​ក្ដី ភាគី​ចិន​ដី​កោះ​តៃវ៉ាន់​នៅតែ​បញ្ជាក់ថា នឹង​បន្ត​ការតាមដាន​ស្ថានការណ៍ និង​បង្កើន​សមត្ថភាព​ត្រៀម​​ប្រយុទ្ធ។

    នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ និង​យន្តហោះ​របស់​ប្រទេស​ចិន នៅ​លើ​មហា​សមុទ្រ​ប៉ាស៊ីហ្វ៊ិក ភាគ​ខាង​លិច​កោះ​តៃវ៉ាន់

    សមយុទ្ធ​របស់​ចិនដីគោក​ត្រូវបាន​ធ្វើឡើង​ក្រោយពី​មេដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai Ing-wen ជួបពិភាក្សា​ការ​ងារ​ជាមួយ​ប្រធានសភា​ជាន់​ទាប​អាម៉េរិក Kevin McCarthy នៅ California កាលពី​ថ្ងៃ​តី 05 មេសា ដែលជា​ជំនួប​ដំបូង​រវាង​មេដឹកនាំ​សភា​ជាន់​ទាប​អាម៉េរិក និង​មេដឹកនាំ​កោះ​តៃវ៉ាន់ នៅលើ​ទឹកដី​អាម៉េរិក។

    ប្រទេស​ចិន​ប្រកាសថា តៃវ៉ាន់​គឺជា​ខេត្ត​មួយ​របស់ខ្លួន​ដែល​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ និង​មិន​រំលង​ចោលការ​ប្រើប្រាស់​កម្លាំងបាយ បើសិន​ចាំបាច់។ ចំណែក​តៃវ៉ាន់​វិញ​ក៏បាន​អះអាងថា មានតែ​ប្រជាជន​របស់​ពួកគេ​ប៉ុណ្ណោះ​ដែល​អាច​សម្រេច​វាសនា​អនាគត​របស់​កោះ​នេះ៕

  • មហា​សេដ្ឋី Elon Musk ប្ដូរ​ឈ្មោះ​យីហោ Twitter ទៅជា Titter

    មហា​សេដ្ឋី Elon Musk ប្ដូរ​ឈ្មោះ​យីហោ Twitter ទៅជា Titter

    មហាសេដ្ឋី Elon Musk ឱ្យ​កម្ម​ករលាប​ថ្នាំ​ពណ៌​លើ​អក្សរ «w» នៅលើ​ឈ្មោះ​យីហោ Twitter នៅឯ​ទីស្នាក់ការ​កណ្ដាល​ក្នុង​ទីក្រុង San Francisco បើ​ទោះ​អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់។

    យោងតាម Business Insider លោក Musk ទំនងជា​ចង់​ប្ដូរ​ឈ្មោះ Twitter ហើយ​ការ​លាបថ្នាំ​ពណ៌​លើ​ផ្លាក​យីហោ​នេះ​បង្ហាញថា មហាសេដ្ឋី​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូប​នេះ អាច​នឹងធ្វើ​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​បន្ទាប់​នៅក្នុង​ការគ្រប់គ្រង​បណ្ដាញ​សង្គម។ នៅក្នុង​ភាសា​អង់គ្លេស «titter» មានន័យថា «សើច​ក្អាកក្អាយ»។

    ក្នុង tweet កាលពី​ថ្ងៃទី 10 មេសា CEO របស់ Twitter ក៏បាន​បង្ហោះ​រូបភាព​អធិប្បាយ​អំពី​ផ្លាក​យីហោ​ដែលមាន​អក្សរ «w» ត្រូវបាន​លាប​ពណ៌​ស ធ្វើឱ្យ​អ្នកមើល​ឃើញតែ «Titter»។

    លោក Musk សរសេរថា «ម្ចាស់​ផ្ទះជួល​ទី​ស្នាក់នៅ San Francisco និយាយថា ក្រុមហ៊ុន​ត្រូវបាន​ស្នើ​ដោយ​ស្របច្បាប់​ដើម្បី​រក្សា​ផ្លាក​យីហោ Twitter និង​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​លុបអក្សរ «w»។ ដូច្នេះ យើង​បាន​លាបថ្នាំ​ពណ៌​ស (ដូច​ទៅនឹង​ពណ៌ background របស់​យីហោ) ទៅលើ​វា ហើយ​បញ្ហា​ត្រូវបាន​ដោះស្រាយ»។

    ម្ចាស់​អគារ​ជួល SRI Nine Market Square មិនបាន​បញ្ចេញមតិ​អ្វី​ឡើយ​នៅពេល​ត្រូវបាន​សួរ​អំពី​បញ្ហា​ផ្លូវច្បាប់​ទាក់ទិន​នឹង​សកម្មភាព​លាប​ពណ៌​ខាងលើ។

    ទំព័រ Insider បានឱ្យដឹងថា ភាពចម្រូងចម្រាស​អំពី​ផ្លាក​យីហោ Twitter គឺជា​បញ្ហា​ថ្មី​បំផុត​រវាង​លោក Musk និង SRI Nine Market Square។ កាលពី​ខែមករា Twitter ត្រូវបាន​ម្ចាស់​កម្មសិទ្ធិ​របស់​អគារ​ជួល​នេះ​ប្ដឹង​ម្ដង​រួច​ហើយ​ ដោយសារ​មិនបាន​បង់ថ្លៃ​ជួល 3.4 លាន​ដុល្លារ​អាម៉េរិក/ខែ សម្រាប់​ខែធ្នូ 2022 និង​ខែមករា 2023។

    កាលពី​ដើមខែ​នេះ CEO របស់ Tesla ក៏បាន​ប្ដូរ​និម្មិត​សញ្ញា​បក្សី​ពណ៌​ខៀវ​របស់ Twitter ទៅជា​រូប​សុនក Shiba របស់ Dogecoin ធ្វើឱ្យ​ប្រាក់​ឌីជីថល​គ្រីប​តូ​នេះ​ឡើងថ្លៃ 25%៕

  • តារា​ភាព​យន្ត​កំប្លែង​ល្បី​ឈ្មោះ​នៅ​ហុងកុង Richard Ng បាន​ទទួលមរណភាព

    តារា​ភាព​យន្ត​កំប្លែង​ល្បី​ឈ្មោះ​នៅ​ហុងកុង Richard Ng បាន​ទទួលមរណភាព

    លោក​ Richard Ng Yiu-hon ដែលជា​តារា​សម្ដែង​ប្រភេទ​កំប្លែង​ដ៏​ល្បីឈ្មោះ​នៅ​ហុងកុងអំឡុង​ទសវត្សរ៍​ឆ្នាំ 1980, 1990 បានទទួល​មរណភាព​កាលពី​ថ្ងៃទី 09 មេសា ដោយ​រោគា​ពា​ធ។

    យោងតាម​ទំព័រ HK01 តារាភាពយន្ត​រូបនេះ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ក្នុង​វ័យ 84 ឆ្នាំ ក្រោយពី​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ត្រូវ​លាង​ឈាម​ដើម្បី​ព្យាបាល​ជំងឺ​ខ្សោយតម្រងនោម។ គាត់​ក៏​ធ្លាប់​ទទួល​ការវះកាត់ ព្រោះតែ​ស្ទះ​សរសៃឈាម​បេះដូង។

    លោក Richard Ng Yiu-hon (ឬ Richard Woo) គឺជា​​តារា​សម្ដែង​បែប​កំប្លែង​ល្បីឈ្មោះ​មួយរូប​នៅ​ហុងកុង និង​បាន​សម្ដែង​ក្នុង​ខ្សែ​ភាព​ចំនួន​ជាង 100 រឿងនៅក្នុង​អាជីព​។

    ទំព័រ On បានឱ្យដឹងថា ដោយសារតែ​សម្ដែង​បាន​ច្រើន​រឿង ទសវត្សរ៍​ឆ្នាំ 1980 ទ្រព្យសម្បត្តិ​របស់លោក Richard Ng ក៏បាន​កើនឡើង​លើសពី 100 លាន​ដុល្លារ​ហុងកុង (12.7 លាន​ដុល្លារ​អាម៉េរិក)។ ប៉ុន្តែ ចាប់ពី​ឆ្នាំ 2019 លោក​ក៏បាន​ឈប់​សម្ដែង ព្រោះតែ​កម្លាំង​ខ្សោយ។

    លោក Richard Ng ធ្លាប់​ឆ្លងកាត់​អាពាហ៍ពិពាហ៍​ពីរលើក ក្នុងនោះ​ភរិយា​ដំបូង​គឺ​ជនជាតិ​អង់គ្លេស តែ​បាន​លែងលះ​ក្រោយពី​រស់នៅ​ជាមួយគ្នា​បាន​កន្លះ​ឆ្នាំ។ ឆ្នាំ 1965 គាត់​ក៏បាន​រៀបការ​ជាមួយ​អ្នកស្រី Susan និង​មានកូន​បូ​ន​នាក់ ក្នុងនោះ​មាន​ស្រី​បីនាក់ និង​ប្រុស​ម្នាក់។

  • ការត្រៀម​សម្រាប់​កីឡា​បី​ប្រភេទ​របស់​ស៊ី​ហ្គេម 2023 នៅ​ខេត្ត​ព្រះសីហនុ បាន​ធ្វើឡើង​រួចរាល់

    ការត្រៀម​សម្រាប់​កីឡា​បី​ប្រភេទ​របស់​ស៊ី​ហ្គេម 2023 នៅ​ខេត្ត​ព្រះសីហនុ បាន​ធ្វើឡើង​រួចរាល់

    ខេត្ត​ព្រះសីហនុ បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី32 ឆ្នាំ 2023។ នេះ​បើតាម Cambodia2023 ដកស្រង់​សម្ដី​របស់ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ។

    ខេត្ត​ព្រះសីហនុ នឹងត្រូវ​ទទួល​រៀបចំ​ការប្រកួត​កីឡា​បី​ប្រភេទ​នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ក្នុងនោះ​មាន​កីឡា​ទូកក្ដោង កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់ និង​កីឡា​ប្រណាំង​ម៉ូតូ​ទឹក។

    យោងតាម CAMSOC (គណៈកម្មាធិការ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា) ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ថា គ្រប់ការ​រៀបចំ​គឺ​បាន​ត្រៀម​រួចរាល់​អស់ហើយ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ សណ្ដាប់ធ្នាប់។ លោក​បន្ថែមថា ប្រភេទ​កីឡា​ទាំងបី​ខាងលើនេះ ពាក់ព័ន្ធ​នឹង​សក្ដានុពល​ខេត្ត​ព្រះសីហនុ ដោយមាន​ឆ្នេរសមុទ្រ មាន​ខ្សាច់ ដែលជា​អំណោយផល​ដល់​ក្រុម​អត្ត​ព​លិ​ក​ក្នុង​ការប្រកួត។

    យោងតាម​កាល​វិភា​គប្រ​កួត​នៅក្នុង​ខេត្ត​ព្រះសីហនុ កីឡា​ទូកក្ដោង នឹង​ចាប់ផ្ដើម​ប្រកួត​មុនគេ​ពោលគឺ​នៅ​ថ្ងៃទី01 ដល់​ថ្ងៃទី 08 ឧសភា ក្រោយមក​មកទៀត កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី 11 ដល់ 16 ឧសភា និង​កីឡា​ម៉ូតូ​ទឹក ពីថ្ងៃ​ទី 13 ដល់​ថ្ងៃទី 16 ឧសភា ឆ្នាំ 2023៕

  • បណ្ដាញ​កាប៊ីន​ខ្សែកាប​ផ្លាស់​ទី​ជួយ​បញ្ចៀស​បញ្ហា​កកស្ទះ​ចរាចរណ៍

    បណ្ដាញ​កាប៊ីន​ខ្សែកាប​ផ្លាស់​ទី​ជួយ​បញ្ចៀស​បញ្ហា​កកស្ទះ​ចរាចរណ៍

    (ប៊ុល​ហ្ការី) – Studio Half Company រចនា​ប្រព័ន្ធ​ខ្សែកាប​ដែលមាន​កាប៊ីន​ដឹក​មនុស្ស និង​ទំនិញ​នៅ​ខាងលើ​ផ្លូវថ្នល់​ក្នុង​ទីក្រុង ​បញ្ជា​ដោយ​បញ្ញា​និម្មិត (AI)។

    ប្រព័ន្ធ​កាប៊ីន​ខ្សែកាប​ដែល​​មាន​ឈ្មោះថា Halfgrid នេះ អាច​បញ្ជា​កាប៊ីន​ដឹក​អ្នកដំណើរ និង​ទំនិញ​ទៅមក​នៅក្នុង​ទីក្រុង។ ថ្វីបើ​មិនទាន់​ដំណើរការ ប៉ុន្តែ ក្រុមហ៊ុន Studio Half Company កំពុង​ស្វែងរក​ទីក្រុង​ដើម្បី​ធ្វើតេស្ត​ប្រព័ន្ធ​គំរូ។

    អ្នកដំណើរ ឬ​អតិថិជន​ត្រូវ​កក់​កាប៊ីន​របស់​ប្រព័ន្ធ​​នេះ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ។ ប្រព័ន្ធ AI នឹង​រៀបចំ​កាលបរិច្ឆេទ​នៃ​ការធ្វើដំណើរ និង​ស្វែងរក​កាប៊ីន​ដែល​សប​ស្រប​បំផុត។

    ប្រព័ន្ធ​ខ្សែកាប់​ស្ដង់ដា ប្រើប្រាស់​កងចក្រ​ខ្នាត​ធំ​ដើម្បី​អូស​កាប៊ីន​ទៅតាម​បណ្ដោយ​ខ្សែកាប ខណៈដែល​កាប៊ីន​តោង​ជាប់​ទៅនឹង​ខ្សែកាប​ដែល​កំពុង​ផ្លាស់​ទី។ ចំណែក​ប្រព័ន្ធ Halfgrid វិញ កាប៊ីន​ផ្លាស់​ទី​ជំនួស​ខ្សែកាប។ ប្រការនេះ​អនុញ្ញាតឱ្យ​កាប៊ីន​ធ្វើដំណើរ​ទៅកាន់​ខ្សែកាប់​មួយណា​ក៏បាន។ Halfgrid ក៏​កាត់បន្ថយ​បាន​ច្រើន​នូវ​បរិមាណ​គ្រឿង​បង្គុំ​ចាំបាច់។

    ប្រព័ន្ធ​កាប៊ីនខ្សែកាប​ Halfgrid ​របស់​ក្រុមហ៊ុន​ប៊ុលហ្ការី Half Company

    Halfgrid គឺជា​គំនិត​របស់​ក្រុមហ៊ុន Half Company នៅ​ប្រទេស​ប៊ុល​ហ្ការី។ ពួកគេ​បង្កើត​ប្រព័ន្ធ​នេះ​ឡើង​ក្នុង​បំណង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង។ កាប៊ីន​របស់ Halfgrid អាច​ដឹក​មនុស្ស និង​ទំនិញ ដែល​នេះ​នឹង​ជួយ​កាត់បន្ថយ​ចំនួន​រថយន្ត​ដឹកទំនិញ​នៅ​កណ្ដាល​ទីក្រុង។ វា​ក៏​ជួយ​កាត់បន្ថយ​សំឡេង​រំខាន និង​ផ្ដល់​សុវត្ថិភាព​ដល់​ស្ត្រី និង​ជនពិការ ក៏ដូចជា​​អ្នក​មាន​ចំណូល​ទាប៕

  • កសិដ្ឋាន​រាង​មូល​ខ្នាត​យក្ស​លើ​សមុទ្រ​ខ្សាច់របស់អេមីរ៉ាត់​អារ៉ាប់រួម

    កសិដ្ឋាន​រាង​មូល​ខ្នាត​យក្ស​លើ​សមុទ្រ​ខ្សាច់របស់អេមីរ៉ាត់​អារ៉ាប់រួម

    កសិដ្ឋាន​ស្ថិតនៅក្នុង​រដ្ឋ Sharjah រួមមាន​តំបន់​ដាំ​ដុះ​ចំនួន 8 ដែលមាន​រាង​មូល ប្រើប្រាស់​បញ្ញា​និមិត្ត (IA) និង​ប្រព័ន្ធ​ស្កេ​នក​ម្ដៅ​ដើម្បី​គ្រប់គ្រង​ទឹក​ស្រោចស្រព និង​តាមដាន​ដំណាំ។

    កសិដ្ឋាន​ទំនើប​នេះ​ជួយ​បង្កើន​សន្តិសុខ​ស្បៀង​នៅក្នុង​ដែនដី​នៃ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE)។ វា​ស្ថិតនៅ Sharjah ដែលជា​រាជាណាចក្រ​ធំជាងគេ​លំដាប់​ទី​បី​នៅ UAE។ កសិដ្ឋាន​នេះ​មាន​តំបន់​ដាំ​ដុះ​ចំនួន 8 ដែលមាន​រាង​មូល និង​​ខ្នាត​យក្ស។ កសិដ្ឋាន​នេះ​ត្រូវបាន​ស្រោចស្រព​ទឹក​ដែល​បាន​បន្សាប​​ជាតិ​ប្រៃ ប្រមាណ​ 18 លាន​លីត្រ​ជា​រៀងរាល់ថ្ងៃ។

    កសិដ្ឋាន​នេះ​ដាំ​ស្រូវ​សាលី​ចំនួន 35 ប្រភេទ​ដែល​យកមក​ពី​ជុំវិញ​ពិភពលោក ដើម្បី​ស្វែងរក​ប្រភេទ​ដែល​សមស្រប​បំផុត​សម្រាប់​បណ្ដា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស។ កសិដ្ឋាន​នេះ​មិន​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត គីមី ឬ​ដំណាំ​ដែល​បាន​កែប្រែ​ហ្សែ​ន។

    បញ្ញា​និម្មិត និង​ប្រព័ន្ធ​ស្កេ​នក​ម្ដៅ វិភាគ​ទិន្នន័យ​ស្ដីពី​អាកាសធាតុ និង​ដី។ វិធី​នេះ​ជួយ​ឱ្យ​កសិដ្ឋាន​ទទួលបាន​ការស្រោចស្រព​ទឹក​ប្រកបដោយ​ប្រសិទ្ធភាព ទន្ទឹមនឹង​ការតាមដាន​ការលូតលាស់​របស់​ដំណាំ។ តាម​ការរំពឹងទុក កសិដ្ឋាន​នេះ​អាច​ផ្ដល់​ទិន្នផល​ស្រូវ​សាលី​​ប្រមាណ 1,600 តោន​ជា​រៀងរាល់ឆ្នាំ។ ប៉ុន្តែ​តួលេខ​នេះ​នឹង​កើនឡើង​ខ្ពស់​នាពេល​ដ៏​ខ្លី​ខាងមុខ ព្រោះ UAE មាន​គម្រោង​បង្កើន​ទំហំ​ផ្ទៃដី​នៃ​កសិដ្ឋាន​នេះ​ឱ្យបាន​ដល់ 1,400 ហិកតា​នៅ​ឆ្នាំ 2025 ហើយ​ចុងក្រោយ​គឺ 1,900 ហិកតា។

    នៅពេល​មាន​ទំហំ​ផ្ទៃដី​ដាំ​ដុះ​ដូចខាងលើ រដ្ឋាភិបាល UAE សង្ឃឹមថា កសិដ្ឋាន​របស់​ពួកគេ​អាច​ប្រកួតប្រជែង​តម្លៃ​ជាមួយនឹង​ស្រូវ​សាលី​​ដែល​នាំចូល​ពី​បរទេស។ UAE នាំចូល​ស្រូវ​សាលី 1.7 លាន​តោន​ក្នុង​ឆ្នាំ 2022។

    អេ​មី​រ៉ា​ត​អារ៉ាប់​រួម​កំពុងតែ​ប្រឹងប្រែង​ក្នុង​ការផលិត​ស្បៀង​ក្នុងស្រុក បន្ទាប់ពី​បានទទួល​ផលប៉ះពាល់​ពី​វិបត្តិ​សុខភាព និង​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន។ ព្រឹត្តិការណ៍​ទាំងពីរ​នេះ​សុទ្ធតែ​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សន្តិសុខ​ស្បៀង​របស់​ពិភពលោក៕

  • Foxconn ចំណាយ 820 លាន​ដុល្លារ​អាម៉េរិក​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី និង​ថ្ម​នៅ​តៃវ៉ាន់

    Foxconn ចំណាយ 820 លាន​ដុល្លារ​អាម៉េរិក​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី និង​ថ្ម​នៅ​តៃវ៉ាន់

    ក្នុង​បី​ឆ្នាំ​ទៀត Foxconn នឹង​វិនិយោគ​សរុបជិត​មួ​យពាន់​​លាន​ដុល្លារ​អាម៉េរិក​ដើម្បី​ពង្រីក​ការផលិត​រថយន្ត​អគ្គិសនី និង​ថ្ម​ផ្ទុក​អគ្គិសនី​នៅ​តៃវ៉ាន់ នេះ​បើ​​យោងតាម Reuters។

    ក្រោយពី​មាន​កិច្ចព្រមព្រៀង​ជាមួយ Lordstown Motors ក្រុមហ៊ុន​តៃវ៉ាន់ Foxconn ក៏​ចាប់ផ្ដើម​ពង្រីក​កិច្ចសន្យា​ផលិត​រថយន្ត​អគ្គិសនី​នៅ​រដ្ឋ Ohio (សហរដ្ឋ​អាម៉េរិក) ហើយថ្មីៗនេះ ពួកគេ​ក៏​ពង្រីក​វិសាលភាព​នៃ​ផលិតផល​របស់ខ្លួន​ទៅលើ​ត្រាក់ទ័រ​​អគ្គិសនី ប៉ុន្តែ ប្រការនេះ​មិនមែន​មានន័យថា Foxconn ភ្លេច​ស្រុកកំណើតឡើយ។

    យោងតាម Reuters ក្នុង​បី​ឆ្នាំ​ទៀត Foxconn នឹង​វិនិយោគ​សរុប 820 លាន​ដុល្លារ​អាម៉េរិក​ដើម្បី​ពង្រីក​ការផលិត​រថយន្ត​អគ្គិសនី និង​ថ្ម​ផ្ទុក​អគ្គិសនី​នៅ​តៃវ៉ាន់ ដែលជា​ស្រុក​កំណើត​របស់​ក្រុម​ហ៊ុន​នេះ។

    Foxconn គឺជា​អ្នក​ផលិត​គ្រឿងបន្លាស់​អេឡិចត្រូនិក​ធំជាងគេ​លើ​ពិភពលោក និង​ជា​អ្នក​ដំឡើង​ទូរស័ព្ទ iPhone ប្រមាណ 70% នៅ​ទូទាំង​សក​លោក។ បច្ចុប្បន្ន ក្រុមហ៊ុន​តៃវ៉ាន់​មួយ​នេះ​កំពុងមាន​មហិច្ឆតា​ធំ​នៅក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី ក្នុងពេល​កំពុង​ប្រឹងប្រែង​រក​វិធី​ធ្វើ​ពិពិធ​កម្ម​ផលិតផល និង​ប្រភព​ចំណូលរបស់​ខ្លួន​។

  • ក្រុមបាល់ទាត់ U-22 កម្ពុជា ប្រកួត​ជាមួយ​ក្រុម​ថៃ នៅមុន​​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​មកដល់

    ក្រុមបាល់ទាត់ U-22 កម្ពុជា ប្រកួត​ជាមួយ​ក្រុម​ថៃ នៅមុន​​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​មកដល់

    ក្រុមបាល់ទាត់​បុរស​ជ​ម្រើ​ស​ជាតិ​កម្ពុជា​អាយុ​ក្រោម 22 ឆ្នាំ ថ្មីៗនេះ​បាន​ទៅ​ប្រកួត​មិត្តភាព​ជាមួយនឹង U-22 ថៃ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ចូលរួម​ព្រឹត្តិការណ៍​​ស៊ី​ហ្គេម​លើក​ទី 32 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។

    នៅ​មិន​ដល់​មួយខែ​ទៀត ស៊ី​ហ្គេម​លើក​ទី 32 នឹង​ចាប់ផ្ដើម​ការប្រកួត​ជា​ផ្លូវការ។ បាល់ទាត់​បុរស​គឺជា​វិញ្ញាសា​ដែល​នឹងត្រូវ​ចាប់ផ្ដើម​ការប្រកួត​មុនគេ គឺ​ចាប់ពី​ថ្ងៃទី 29 មេសា​ខាងមុខ។ ម្ចាស់ផ្ទះ​កម្ពុជា​ស្ថិតក្នុង​ពូ​ល A ជាមួយនឹង​ក្រុម​ឥណ្ឌូណេស៊ី មី​យ៉ាន់​ម៉ា ហ្វ៊ី​លី​ពី​ន និង​ទី​ម័​រ​ខាងកើត។ នេះ​គឺជា​ពូ​ល​ដែល​ត្រូវបាន​វាយតម្លៃថា ស្រួល​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​នេះ។

    ថ្មីៗនេះ ដើម្បី​ត្រៀម​សម្រាប់​មហា​ព្រឹត្តិការណ៍​កីឡា​នៅ​អាស៊ីអាគ្នេយ៍ ក្រុម U-22 កម្ពុជា ដឹកនាំ​ដោយ​គ្រូបង្វឹក Keisuke Honda មានដំណើរ​ហ្វឹកហាត់​​នៅ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី 08 ដល់ 18 មេសា។ ក្រោយ​ស៊ី​ហ្គេម​លើក​ទី 32 នេះ កិច្ចព្រមព្រៀង​រវាង​គ្រូបង្វឹក​ជនជាតិ​ជប៉ុន Honda និង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​កម្ពុជា​នឹង​អស់​សុពលភាព។ ចំណែក​កីឡាករ​ទាំង 23 រូប​របស់​ក្រុម U-22 កម្ពុជា ​ត្រូវបាន​ជ្រើសរើស​ពី​ពានរង្វាន់​លី​គ​​កំពូល​កម្ពុជា (Cambodian Premier League) និង​លី​គ​លំដាប់​ទី​ពីរ​កម្ពុជា (Cambodian League 2) ដើម្បី​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម។

    លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានឱ្យដឹងថា នេះ​គឺជា​រដូវ​ហ្វឹកហាត់​ចុងក្រោយ ដែល​​ផ្ដោត​សំខាន់​លើ​យុទ្ធសាស្ត្រ​ប្រកួត និង​ជួយ​ឱ្យ​កីឡាករ​ស្គាល់​ច្បាស់​ពី​ក្រុមបាល់ទាត់ជា​គូប្រកួត។

    ដំណើរ​ហ្វឹកហាត់​លើក​នេះ​ក៏​នឹងមាន​ការប្រកួត​មិត្តភាព​រវាង U-22 កម្ពុជា ជាមួយនឹង​ក្លឹប​បាល់ទាត់​មួយចំនួន​នៅ​ប្រទេស​ថៃ។ នេះ​គឺជា​ការពិសោធ​កម្លាំងរ​បស់​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​នៅមុន​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32។

    នេះ​ក៏​ជា​ដំណើរ​ហ្វឹកហាត់លើក​​ទី​ពីរ​របស់ U-22 កម្ពុជា។ មុន​នោះ ក្រុម​កម្ពុជា​ក៏បាន​ហ្វឹក​​ហាត់ និង​ប្រកួត​​ចាប់ពី​ថ្ងៃទី 27 កុម្ភៈ ដល់ 15 មីនា ក្នុងនោះ កម្ពុជា​បានឈ្នះ​សិង្ហ​បុរី ក្នុង​លទ្ធផល 2-1 និង​ចាញ់​ម៉ាឡេស៊ី 2-4 នៅ​ពានរង្វាន់​មិត្តភាព Merlion Cup។