Author: សឿន សំណាង

  • បណ្ដាញស្ថានីយ​ប្រេង​ក្នុង​ទី​​អវកាស​នឹង​បង្ហាញ​ខ្លួន​ក្នុង​ពេល​អនាគត

    បណ្ដាញស្ថានីយ​ប្រេង​ក្នុង​ទី​​អវកាស​នឹង​បង្ហាញ​ខ្លួន​ក្នុង​ពេល​អនាគត

    ក្រុមហ៊ុន Orbit Fab កំណត់​គោលដៅ​សាងសង់​ស្ថានីយ​ឥន្ធនៈ​អវកាស​ជាច្រើន​កន្លែង ដោយ​សង្ឃឹមថា បច្ចេកវិទ្យា​ចាក់​សាំង​ក្នុង​ទី​អវកាស​នឹង​ជួយ​ជំរុញ​​វិស័យ​ផ្កាយរណប​​ឱ្យ​រីកចម្រើន​ជាង​មុន។

    ផ្ទាំង​សូ​ឡា​ដែល​បំពាក់​លើ​ផ្កាយរណប​អាចបង្កើត​អគ្គិសនី​សម្រាប់​កាមេរ៉ា ឬ​វិទ្យុ ប៉ុន្តែ​មិនអាច​ជួយ​ផ្កាយរណប​ ​កែប្រែ​គន្លង​គោចរ នេះ​បើតាម Daniel Faber សហ​ស្ថាបនិក​ដែល​បាន​បង្កើត​ក្រុមហ៊ុន Orbit Fab កាលពី​ឆ្នាំ 2018។ ដើម្បីឱ្យ​ផ្កាយរណប​ហោះហើរ​ចំ​គន្លង​គោចរ ក្រុម​អ្នកជំនាញ​ត្រូវ​ប្រើប្រាស់​ឥន្ធនៈ​ដើម្បី​កែប្រែ​ទីតាំង​របស់​ពួកវា។ ដូច្នេះ អាយុកាល​របស់​ផ្កាយរណប​ក៏ត្រូវ​បានកំណត់​ដោយ​បរិមាណ​ឥន្ធនៈ​ដែល​អ្នកវិទ្យាសាស្ត្រ​បាន​បំពាក់​ឱ្យ​ពួកវា​នៅមុន​ពេល​បាញ់​បង្ហោះ​។

    យោងតាម AFP ចុះផ្សាយ​កាលពី​ថ្ងៃទី 27 មេសា ក្រុមហ៊ុន Orbit Fab មាន​ផែន​ការបាញ់​បង្ហោះ​អាងធំៗឡើងទៅ​កាន់​គន្លង​តារាវិថី ក្នុងនោះ អាងនីមួយៗមាន​ឥន្ធនៈ​រាប់​តោន។ ក្រោយមក យានតូចៗ និង​ងាយស្រួល​បញ្ជា​នឹង​ផ្លាស់​ទី​ទៅមក​រវាង​អាង​ផ្ទុក​ឥន្ធនៈ និង​ផ្កាយរណប​ដើម្បី​ចាក់​ប្រេង។

    ដូច​ទៅនឹង​រថយន្ត ផ្កាយរណប​ដែល​ចង់​ចាក់​ប្រេង​បន្ថែម​ពី Orbit Fab គឺ​ត្រូវតែមាន​ប្រព័ន្ធ​ចាក់​ប្រេង​សមស្រប។ Faber បានឱ្យដឹងថា ផ្កាយរណប​ប្រហែល​ពី 200 ទៅ 250 គ្រឿង ត្រូវបាន​រចនា​ដើម្បី​អាច​ប្រើប្រាស់​បណ្ដាញ​ស្ថានីយ​ប្រេងអវកាស​​របស់ Orbit Fab ។ នេះ​គឺជា​ទីផ្សារ​ដ៏​មាន​សក្ដានុពល ព្រោះថា​ មាន​ផ្កាយរណប​រហូតដល់ 24,500 គ្រឿង​គ្រោង​នឹងត្រូវ​បាញ់​បង្ហោះ​ចន្លោះ​ពី​ឆ្នាំ 2022 ដល់ 2030។

    Orbit Fab បាន​បាញ់​បង្ហោះ​អាង​ផ្ទុក​ឥន្ធនៈ​មួយ​ឡើងទៅ​កាន់​គន្លង​គោចរ ហើយ​គ្រោង​នឹងធ្វើ​តេស្ត​លើ​ការចាក់​ប្រេង​នាពេលខាងមុខ។

    ផលប្រយោជន៍​នៃ​ការចាក់​ប្រេង​ក្នុង​ទី​អវកាស​គឺ​ការកាត់បន្ថយ​ទម្ងន់​របស់​ផ្កាយរណប​នៅពេល​បាញ់​បង្ហោះ​ដោយសារតែ​ការ​កាត់បន្ថយ​ឥន្ធនៈ និង​ជួយ​បង្កើន​អាយុកាល​របស់​ផ្កាយរណប់។

    ក្រៅពី​ផ្កាយរណប Orbit Fab ក៏​ឆ្ពោះទៅរក​ការផ្ដល់សេវា​កម្មដ​ល់ប​ណ្ដា​ស្ថានីយ​អវកាស​ឯកជន​ផងដែរ។ ក្រុមហ៊ុន​ក៏​យកចិត្តទុកដាក់​លើ​ទីផ្សារ​នៅលើ​ផ្ទៃ និង​នៅលើ​គន្លង​តារាវិថី​របស់​ព្រះ​ចន្ទ​ ដោយ​ការ​​ផ្ដោតលើ​ការកែច្នៃ​វត្ថុធាតុដើម​ឱ្យទៅជា​ឥន្ធនៈ ហើយ​ផ្គត់ផ្គង់​ដល់​អតិថិជន៕

  • ក្រោយ​ពី​រៀន​ចប់​​នៅ​​វៀតណាម «នារី​​គុននិយម» ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​ នឹងដណ្ដើម​មេដាយ​​នៅស៊ីហ្គេម​

    ក្រោយ​ពី​រៀន​ចប់​​នៅ​​វៀតណាម «នារី​​គុននិយម» ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​ នឹងដណ្ដើម​មេដាយ​​នៅស៊ីហ្គេម​

    ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​រយៈ​ពេល​ប្រាំ​ឆ្នាំ​នៅ​​ប្រទេស​វៀតណាម កីឡាការិនី​កម្ពុជា ឈឿង លីណា ក៏​បាន​ត្រលប់​មក​ស្រុក​កំណើត​​ដើម្បី​ចូលរួម​ប្រកួត​ដណ្ដើម​មេដាយ​​​ផ្នែក​ក្បាច់គុន​​តៃក្វាន់ដូ​នៅ​ព្រឹត្តិការណ៍​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍​ (ស៊ីហ្គេម) លើក​ទី 32​។

    ឈឿង លីណា អាយុ​ 28 ឆ្នាំ​ ធ្លាប់​បាន​ចូលរួម​ប្រកួត​នៅ​ស៊ីហ្គេម​លើក​ទី 27 នៅ​មីយ៉ាន់ម៉ា កាល​ពី​ឆ្នាំ 2013 និង​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​មួយ​គ្រឿង​។ ក្រោយ​ពី​បាន​ចូល​រួម​ប្រកួត​នៅ​ស៊ីហ្គេម​លើក​ទី 29 ឈឿង លីណា

    ​ក៏​បាន​ឈប់​ប្រកួត​ដើម្បី​ផ្ដោត​លើ​ការ​សិក្សា​។ ក្រៅ​ពី​ស៊ីហ្គេម ស្រីស្អាត​ ឈឿង លីណា ​ក៏​ធ្លាប់ចូលរួមការប្រកួតកម្រិតពិភពលោក នៅប្រទេសកូរ៉េផងដែរ។

    នៅលើ​ទំព័រ​បណ្ដាញ​សង្គម កាល​ពី​ម្សិលមិញ ឈឿង លីណា បាន​សរសេរ​ថា «ខ្ញុំ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សំរាប់​ការ​ប្រកួត​ប្រជែង​ សង្ឃឹម​ថា ខ្ញុំ​នឹង​ធ្វើ​បាន​ល្អ​សំរាប់​ប្រទេស​ជាតិ​របស់​ខ្ញុំ»។

    ឈឿង លីណា បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ប្រទេស​វៀតណាម​។ នាង​បាន​រស់​នៅ​ និង​សិក្សា​នៅ​ទីក្រុង​ព្រៃនគរ (ហូជីមិញ) រយៈ​ពេល​ប្រាំ​ឆ្នាំ​។ នាង​បាន​ត្រលប់​មក​ហ្វឹក​ហាត់​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ និង​ចូល​រួម​ប្រកួត​នៅ​ស៊ីហ្គេម​លើក​ទី 32 ដែល​នៅ​ទី​នេះ​ ឈឿង លីណា បាន​ចាត់​ទុក​ថា ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​សម្រាប់​កម្ពុជា​។

  • ព្រះ​អគ្គិ​ជ័យ​កីឡា នៃ​ស៊ី​ហ្គេម​លើក​ទី 32 បានធ្វើ​ដំណើរ​មកដល់​កម្ពុជា​វិញ​ហើយ

    ព្រះ​អគ្គិ​ជ័យ​កីឡា នៃ​ស៊ី​ហ្គេម​លើក​ទី 32 បានធ្វើ​ដំណើរ​មកដល់​កម្ពុជា​វិញ​ហើយ

    ព្រះ​អគ្គិ​ជ័យ​កីឡា នៃ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ 2023 បានធ្វើ​ដំណើរ​មកដល់​កម្ពុជា នា​ព្រឹក​ថ្ងៃទី 27 ខែមេសា ឆ្នាំ2023។

    បន្ទាប់ពី​បាន​ដង្ហែ​នៅតាម​បណ្តា​ប្រទេស​អាស៊ាន ប្រកបដោយ​ជោគជ័យ ព្រះ​អគ្គិ​ជ័យ​កីឡា នៃ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ 2023 បានធ្វើ​ដំណើរ​មកដល់​កម្ពុជា​តាម​ច្រកព្រំដែន​អន្ដរជាតិ​ត្រពាំង​គ្រៀល-ណង​ណុ​ក​ឃៀន នៃ​ខេត្តស្ទឹងត្រែង និង​ខេត្ត​ចំប៉ា​សាក់ នា​ព្រឹក​ថ្ងៃទី 27 ខែមេសា ឆ្នាំ2023។ នេះ​បើតាម​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ​របស់ គណៈកម្មការ​ធិ​ការ​ជាតិ CAMSOC។

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​គណៈកម្មការ​ធិ​ការ​ជាតិ CAMSOC រួមជាមួយ​អាជ្ញាធរខេត្ត​ស្ទឹងត្រែង និង​ប្រជាពលរដ្ឋ​ជាច្រើន បាន​អញ្ជើញ​ទទួល​ស្វាគមន៍​ការមកដល់​ព្រះ​អគ្គិ​ជ័យ​កីឡា​ដោយ​ភាពសប្បាយ​រីករាយ។

  • ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​ថា ​ម្ចាស់​ផ្ទះ​កម្ពុជា​ធ្វើឱ្យ​ការប្រកួត​បើកឆាក​របស់ U-22 វៀតណាម ច្របូកច្របល់

    ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​ថា ​ម្ចាស់​ផ្ទះ​កម្ពុជា​ធ្វើឱ្យ​ការប្រកួត​បើកឆាក​របស់ U-22 វៀតណាម ច្របូកច្របល់

    អ្នកគាំទ្រ​ជាច្រើន​របស់​ក្រុមបាល់ទាត់​វៀតណាម​ជួប​ការលំបាក​ក្នុងការ​មក​លើកទឹកចិត្ត​ដល់​កូនសិស្ស និង​គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​បុរស​ជម្រើស​ជាតិ​វៀតណាម​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ នេះ​បើតាម​ការចុះផ្សាយ​របស់​បណ្ដាញ​ផ្សព្វផ្សាយ​មួយ​របស់​វៀតណាម។

    គេហទំព័រ​កីឡា​មួយ​របស់​វៀតណាម បានសរសេរថា ការលក់​សំបុត្រ​ដោយ​មិន​យក​ថ្លៃ​របស់​ម្ចាស់ផ្ទះ​កម្ពុជា​សម្រាប់​ស៊ី​ហ្គេម​លើក​នេះ ធ្វើឱ្យ​ការងារ​បោះពុម្ព និង​ការបែងចែក​សំបុត្រ​ចូល​ទស្សនា​មានការ​យឺត​យ៉ាវ។

    «U-22 វៀតណាម និង U-22 ឡាវ នឹង​ត្រូវ​ប្រកួត​បើកឆាក​របស់ខ្លួន​នៅវេលា​ម៉ោង 19 ថ្ងៃទី 30 មេសា​ខាងមុខ ប៉ុន្តែមកដល់​បច្ចុប្បន្ន គម្រោង​ចែក​សំបុត្រ​ចូល​ទស្សនា​នៅតែ​មិនទាន់​ត្រូវបាន​ម្ចាស់ផ្ទះ​កម្ពុជា​ប្រកាស​ជា​ផ្លូវការ» សារព័ត៌មាន​វៀតណាម​សរសេរ​ដូច្នេះ។

    ក្រុម​ U-22 វៀតណាម​នៅ​កម្ពុជា

    តំណាង​គណៈកម្មការ​អូឡាំពិក​វៀតណាម ឱ្យដឹងថា បាន​សាកសួរ​ភាគី​កម្ពុជា​អំពី​ផែនការ​បែងចែក​សំបុត្រ​អញ្ជើញ ពិសេស​សម្រាប់​អ្នក​គាំទ្រ​​បាល់ទាត់។ ចំណែក​សហព័ន្ធ​បាល់ទាត់​វៀតណាម (VFF) វិញ និយាយថា មិនទាន់​ទទួលបាន​សេចក្ដីជូនដំណឹង​ជាក់លាក់​ណាមួយ​ស្ដីពី​រឿង​​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​​នៅ​ថ្ងៃទី 29 មេសា រវាង​វៀតណាម និង​ឡាវ​នៅ​ឡើយ​។

    កម្មវិធី​ទូរស័ព្ទ​បែងចែក​សំបុត្រ​សម្រាប់​ស៊ី​ហ្គេម​លើក​ទី 32 ទើបតែ​បង្ហាញ​សំបុត្រ​សម្រាប់​ការប្រកួត​នៅ​ពូ​ល A របស់ U-22 ឥណ្ឌូណេស៊ី vs U-22 ហ្វ៊ី​លី​ពី​ន និង U-22 កម្ពុជា vs U-22 ទី​ម័​រ​ខាងកើត

    យោងតាម​សារព័ត៌មាន​វៀតណាម ប្រការនេះ​ធ្វើឱ្យ​អ្នកគាំទ្រ​វៀតណាម​ដែលមាន​ផែនការ​មក​កម្ពុជា​លើកទឹកចិត្ត​ដល់​កីឡាករ​របស់​ពួកគេ ត្រូវ​ជួប​ការលំបាក។ កម្មវិធី​ទូរស័ព្ទ​បែងចែក​សំបុត្រ​សម្រាប់​ស៊ី​ហ្គេម​លើក​ទី 32 ក៏​ទើបតែ​បង្ហាញ​សំបុត្រ​សម្រាប់​ការប្រកួត​ចំនួន​ពីរ​នៅ​ពូ​ល A គឺ U-22 ឥណ្ឌូណេស៊ី vs U-22 ហ្វ៊ី​លី​ពី​ន និង U-22 កម្ពុជា vs U-22 ទី​ម័​រ​ខាងកើត។

  • ស្ពាន​ត​ភ្ជាប់​ពី​កោះ​ពេជ្រ​ទៅ​កោះនរា សម្រេចការ​សាងសង់​បាន 70%

    ស្ពាន​ត​ភ្ជាប់​ពី​កោះ​ពេជ្រ​ទៅ​កោះនរា សម្រេចការ​សាងសង់​បាន 70%

    ស្ពាន​កោះនរា ដែលមាន​តម្លៃ 37 លាន​ដុល្លារ​អាម៉េរិក បច្ចុប្បន្ន​សម្រេចការ​សាងសង់​បាន 70% ហើយ​គ្រោង​នឹង​សាងសង់​រួចរាល់​នៅ​ចុងខែ​វិច្ឆិកា 2023។

    ស្ពាន​កោះនរា ដែល​ត​ភ្ជាប់​ពី​កោះ​ពេជ្រ​ទៅកាន់​កោះនរា ស្ថិត​ក្នុងភូមិ​កោះនរា សង្កាត់​និរោធ ខណៈ​ច្បារអំពៅ រាជធានី​ភ្នំពេញ សម្រេចការ​សាងសង់​បាន 70% ហើយ នេះ​បើ​យោងតាម លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ។

    ស្ពានបេតុង​ខ្សែកាប់​ដែលមាន​ប្រវែង 824 ម៉ែត្រ និង​ទទឹង 24.50 ម៉ែត្រ​នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​តី 26 តុលា 2020។ ស្ពាន​នេះ​នឹងមាន​តួនាទី​យ៉ាងសំខាន់​សម្រាប់​ការធ្វើដំណើរ​រវាង​តំបន់​កោះនរា និង​តំបន់​កោះ​ពេជ្រ ដោយ​វា​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​តំបន់​ផ្សារ​ច្បារអំពៅ​បាន​មួយកម្រិត។

  • រូបថត​ជិត​ដំបូង​ស្ដីពី​ព្រះ​ចន្ទ Deimos ​របស់​ភព​ព្រះ​អង្គារ

    រូបថត​ជិត​ដំបូង​ស្ដីពី​ព្រះ​ចន្ទ Deimos ​របស់​ភព​ព្រះ​អង្គារ

    យានអវកាស Hope របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) ផ្ដិត​យក​រូបភាព​រប​ស់ Deimos ដែលជា​ព្រះ​ចន្ទ​មួយ​ក្នុងចំណោម​ពីរ​របស់​ភព​ព្រះ​អង្គារ បង្ហើប​ឱ្យដឹងខ្លះៗអំពី​ហេតុការណ៍​ប៉ះទង្គិច​គ្នា​កាលពី​យុគសម័យ​បុរាណ។

    រូបភាព​ដែល​ថត​បាន​ក្នុង​ដំណើរ​ហោះហើរ​ក្បែរ​ព្រះ​ចន្ទ Deimos របស់​យានអវកាស Hope កាលពី​ថ្ងៃទី 10 មីនា 2023 បង្ហាញថា ព្រះ​ចន្ទ​នេះ​កកើតឡើង​ពី​ធាតុ​ផ្សំ​ដែល​ដូច​ទៅនឹង​ភព​អង្គារ។ ប្រការនេះ​បញ្ជាក់ថា Deimos កកើតឡើង​ដំណាលគ្នា​នឹង​ភព​អង្គារ ពុំមែនជា​​អាចម៍ផ្កាយ​​ដែល​​ត្រូវបាន​ស្រូប​ទាញ​ដោយ​ភព​អង្គារ​ដូច​សម្មតិកម្ម​មួយចំនួន​ដែល​បានលើកឡើង​នាពេល​កន្លង។ ការរកឃើញ​ថ្មី​នេះ​ត្រូវបាន​អធិប្បាយ​នៅក្នុង​កិច្ចប្រជុំ​របស់​សម្ព័ន្ធ​ភូគព្ភសាស្ត្រ​អឺរ៉ុប (EGU) នៅ​ប្រទេស​អូទ្រីស ពីថ្ងៃ​ទី 23 – 28 មេសា 2023។

    រូបថត​ថ្មី​នេះ​បង្ហាញឱ្យឃើញ​ទិដ្ឋភាព​ភព​អង្គារ និង​ព្រះ​ចន្ទ Deimos ពី​ជ្រុង​មួយ​ដែល​មិន​ធ្លាប់​បានឃើញ​ពីមុនមក។ មនុស្ស​បាន​បញ្ជូន​យាន​ទៅ​ស្រាវជ្រាវ​ភព​អង្គារ​ពេញ​មួយ​ទសវត្សរ៍​កន្លង ប៉ុន្តែ​យាន​ទាំងអស់​ភាគច្រើន​ធ្វើ​សកម្មភាព​ក្បែរ​ផ្ទៃ​ភព​ក្រហម​នេះ​ប៉ុណ្ណោះ។ មួយ​ចំហៀងនៃ​​ព្រះចន្ទ Deimos តែង​បែរ​ទៅរក​ភព​អង្គារ​ដូច​ទៅនឹង​ព្រះ​ចន្ទ​របស់​ផែនដី ដូច្នេះ​បណ្ដា​យាន​ក្បែរ​ភព​ក្រហម​នេះ​អាច​មើលឃើញ Deimos តែមួយ​ចំហៀង​ប៉ុណ្ណោះ។

    Hope ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ពាក់​កណ្ដាល​​ឆ្នាំ 2020 និង​ហោះ​ទៅដល់​ភព​អង្គារ​នៅ​ដើមឆ្នាំ 2021។ នេះ​គឺជា​យានអវកាស​អន្តរ​ភព​ដំបូង​របស់​ប្រទេសមួយ​ក្នុង​ពិភព​អារ៉ាប់ និង​ផ្ដោត​លើ​ការ​ស្រាវជ្រាវ​អំពី​ការប្រែប្រួល​ក្នុង​បរិយាកាស​ភព​នេះ។ ក្រោយពី​សម្រេច​ភារកិច្ច Hope ក៏​ត្រូវបាន​រុញច្រាន​ឡើងទៅ​កាន់​គន្លង​គោចរ​ខ្ពស់ជាង​មុន នៅ​ពីលើ​ព្រះ​ចន្ទ Deimos ដែល​នេះ​​ជួយ​ឱ្យ​អ្នកវិទ្យាសាស្ត្រ​ថត​បាន​ទិដ្ឋភាព​ពី​ផ្នែក​ខាងលើ​របស់​ព្រះ​ចន្ទ​នេះ។ នៅក្នុង​រូបថត​ថ្មី​នេះ ភព​ព្រះ​អង្គារ​នៅ​ខាងក្រោយ​ព្រះ​ចន្ទ Deimos ។

    យោងតាម Space ការរកឃើញ​ថ្មី​ស្ដីពី​ព្រះ​ចន្ទ Deimos ដែលមាន​ទំហំ​ប្រហែល​តែ 12.4 (15 x 12 x 11) គីឡូម៉ែត្រ​នេះ ធ្វើឱ្យ​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​ភ្ញាក់ផ្អើល ព្រោះ​កន្លងមក ពួកគេ​តែង​គិតថា Deimos គឺជា​អាចម៍ផ្កាយ​ដែល​ត្រូវបាន​ភព​អង្គារ «ចាប់​ឃាត់ខ្លួន»។ លទ្ធផល​នៃ​ការសង្កេត​ថ្មី​បង្ហាញថា ព្រះ​ចន្ទ​មួយ​នេះ​ទំនងជា​ផ្នែក​មួយ​របស់​ភព​អង្គារ ដែលបាន​​ខ្ទាត​ចេញទៅ​កាន់​ទី​អវកាស​នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​មួយ​កាលពី​អតីតកាល។ ព្រះ​ចន្ទ​របស់​ផែនដី​ក៏ត្រូវ​បាន​គេ​ជឿថា កើតឡើង​ពី​ហេតុការណ៍​ប៉ះទង្គិច​ដូចគ្នានេះ​កាលពី​រាប់ពាន់​លាន​ឆ្នាំមុន៕

  • ​ម៉ាស​នៃ​កាឡាក់ស៊ី​​របស់​មនុស្ស​ជាតិ​​ (Milky Way) ធ្ងន់​ស្មើ​នឹង​ព្រះអាទិត្យ​ជាង 800 ពាន់​លាន​ដួង

    ​ម៉ាស​នៃ​កាឡាក់ស៊ី​​របស់​មនុស្ស​ជាតិ​​ (Milky Way) ធ្ងន់​ស្មើ​នឹង​ព្រះអាទិត្យ​ជាង 800 ពាន់​លាន​ដួង

    ទិន្នន័យ​បាន​ពី​ស្ថានីយ​សង្កេត​តារា GAIA បាន​ជួយ​ឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន​គណនា​ឃើញថា ម៉ាស​របស់​កាឡាក់ស៊ី​មី​ល​គី​វ៉េ​គឺ​ស្មើនឹង​ព្រះអាទិត្យ​ចំនួន 805 ពាន់​លាន​ដួង។

    តួលេខ 805 ពាន់​លាន​ដួង​ស្ដាប់ទៅ​ដូច​ធំ​សម្បើម​ខ្លាំងណាស់ ប៉ុន្តែ​តាមពិត​វា​តូច​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ការ​គណនា​របស់​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក​មួយក្រុម​កាលពី​ឆ្នាំ 2019។ ដោយសារតែ​ការវាស់ថ្លឹង​ម៉ាស​របស់​មី​ល​គី​វ៉េ​គឺជា​រឿង​មិនអាច​ទៅរួច​​សម្រាប់​បច្ចេក​វិទ្យា​នាបច្ចុប្បន្ន ដូច្នេះ​ក្រុម​អ្នកស្រាវជ្រាវ​មានតែ​គណនា​តាម​ការ​ប៉ាន់​​ប្រមាណ​ ហើយ​​ភាព​សុក្រឹតនៃ​ការ​គណនា​នេះ​​បាន​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​ស្ថានីយ​ជាតិ​សង្កេត​តារា​នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចិន ត្រូវបាន​ប្រកាស​​លើ​ទស្សនាវដ្ដី Astrophysical Journal ។ នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 24 មេសា 2023។

    ការស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ គឺ​យោងទៅតាម​ទិន្នន័យ​ធំ​ជាង​មុន ក្នុងនោះ​មាន​ផ្កាយ​ចំនួន 260,000 ដួង។ ទិន្នន័យ​ភាគច្រើន​បានមកពី​ស្ថានីយ​សង្កេត​តារា GAIA ដែល​បាន​បាញ់​បង្ហោះ​​ពី​ប្រទេស​បារាំង កាលពី​ឆ្នាំ 2013​។

    រូប​ភាព​កាឡាក់ស៊ីមីលគីវ៉េ​ទាំង​មូល​ដែល​​ត្រូវ​បាន​បង្កើត​ឡើង​ដោយការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុម​​អ្នក​វិទ្យា​សាស្ត្រ​

    យោងតាម​ទិន្នន័យ​នានា ក្រុម​អ្នកស្រាវជ្រាវ​បានធ្វើការ​សង្កេត​ទៅលើ​កាឡាក់ស៊ី​មី​ល​គី​វ៉េ និង​វាស់​រង្វង់​កោង​វិល​របស់​វា។ រង្វង់​កោង​​នេះ​បង្ហាញ​ពី​ល្បឿន​នៃ​គន្លង​គោចរ​របស់​វត្ថុ​អវកាស​មួយ​ធៀប​នឹង​គម្លាត​អង្កត់ផ្ចិត​ពី​ចំណុចកណ្ដាល​របស់​កាឡា​ក់​ស៊ី​មី​ល​គី​វ៉េ។ ក្នុង​អត្ថបទ​ចុះផ្សាយ​នោះ ពួកគេ​ឱ្យដឹងថា ការ​គណនា​ថ្មី​នេះ​អនុញ្ញាតឱ្យ​វាស់​វែង​បាន​សុក្រឹត​ជាង​មុន​ស្ដីពី​កម្រិត​នៃ​ភាព​កោង​របស់​មី​ល​គី​វ៉េ។ ក៏ប៉ុន្តែ ទិន្នន័យ​ដែលមាន​ផ្កាយ​តែ 260,000 ដួង​នេះ​នៅតែ​តូច ព្រោះថា មី​ល​គី​វ៉េ​ត្រូវបាន​គេ​ជឿថា មាន​ផ្ទុក​ផ្កាយ​យ៉ាងតិច 100 ពាន់​លាន​ដួង។

    កាលពី​ឆ្នាំ 2019 ​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក​​មួយ​ក្រុម​បាន​គណនា​ឃើញថា កាឡាក់ស៊ី​មី​ល​គី​វ៉េ មាន​ម៉ាស​ស្មើនឹង​ព្រះអាទិត្យ 1.5 ពាន់​លាន​ដួង។

  • ក្រុមបាល់ទាត់​ជម្រើសជាតិ U-22 ថៃ ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​នឹងប្រកួត​ក្នុង​​ស៊ី​ហ្គេម​នៅ​កម្ពុជា

    ក្រុមបាល់ទាត់​ជម្រើសជាតិ U-22 ថៃ ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​នឹងប្រកួត​ក្នុង​​ស៊ី​ហ្គេម​នៅ​កម្ពុជា

    នៅក្នុង​បញ្ជី​ឈ្មោះ​ស្ដីពី​កីឡាករ 20 រូប​របស់​ក្រុម U-22 ថៃ ដែល​នឹងចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ក៏មាន​កីឡាករ​សំខាន់​បី​រួប រួមមាន Jonathan Khemdee, Teerasak Poeiphimai និង Airafan Doloh ។

    សហព័ន្ធ​បាល់ទាត់​ថៃ បានប្រកាស​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​កីឡាករ 20 រូប​ដែល​នឹងត្រូវ​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ​លើក​ទី 32 នៅ​កម្ពុជា។ នៅក្នុង​បញ្ជី​ឈ្មោះ​នេះ ខ្សែការពារ Jonathan Khemdee, ខ្សែប្រយុទ្ធ Teerasak Poeiphimai និង​ខ្សែបម្រើ Airafan Doloh សុទ្ធ​តែមាន​វត្តមាន។

    ក្រៅពីនេះ កីឡាករ​ពីររូប​ដែល​ទាត់​នៅ​អឺរ៉ុប គឺ Chayapipat និង Achitpol Keereerom ក៏មាន​ឈ្មោះ​នៅក្នុង​បញ្ជី U-22 ថៃ​ផងដែរ។ គ្រូបង្វឹក Issataro របស់​ថៃ នាំយក​អ្នកចាំទី​មកកាន់​ស៊ី​ហ្គេម​តែ​ពីររូប​ប៉ុណ្ណោះ រួមមាន Thirawoot Sraunson និង Soponwit Rakyart ។

    ខ្សែការពារ​របស់ U-22 ថៃ នៅ​ស៊ី​ហ្គេម​លើក​នេះ​មាន 7 នាក់ រួមមាន Khemdee, Apisit Saenseekammuan, Chatmongkol Rueangthanarot, Songchai Thongcham, Bukkoree Lemdee, Jakkapong Sanmahung និង Pongsakorn Trisat។ ខ្សែបម្រើ​រួមមាន Airfan Doloh, Chayapipat Supunpasuch, Purachet Thodsanit, Settasit Suvannaseat, Channarong Promsrikaew, Thirasak Prueangna, Anan Yodsangwal និង Leon James ។ ចំណែក​ខ្សែប្រយុទ្ធ​មាន​បីនាក់ គឺ Teerasak Poeiphimai, Yotsakorn Burapha និង Achitpol Keereerom ។

    Teerasak Poeiphimai ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​ផ្លូវ​ការ​ស្ដី​ពី​កីឡាករ​ដែល​ត្រូវ​ចូល​រួម​ប្រកួត​នៅ​ស៊ីហ្គេម​កម្ពុជា

    យោងតាម​ផែនការ ថ្ងៃទី 27 មេសា​នេះ ក្រុម U-22 ថៃ នឹងធ្វើ​ដំណើរ​មក​កម្ពុ​ជា ដើម្បី​ត្រៀមខ្លួន​ចូល​ប្រកួត​នៅ​ស៊ី​ហ្គេម។ គោលដៅ​របស់​ពួកគេ​គឺ​មេដាយមាស​កីឡាបាល់ទាត់ ដែល​បច្ចុប្បន្ន​ក្រុម​វៀតណាម​គឺជា​អ្នកការពារ។

    កាលវិភាគ​នៃ​ការប្រកួត​បង្ហាញថា U-22 ថៃ នឹង​ចាប់ផ្ដើម​ដំណើរការ​ឆ្ពោះទៅរក​មេដាយ​ដោយ​ការ​ប៉ះ​នឹង​ក្រុម U-22 សិង្ហ​បុរី នៅ​ថ្ងៃទី 30 មេសា​ខាងមុខ។ បន្ទាប់មក U-22 ថៃ ​នឹងត្រូវ​ប្រកួត​ជាមួយ U-22 ម៉ាឡេស៊ី​នៅ​ថ្ងៃទី 06 ឧសភា និង ឡាវ​នៅ​ថ្ងៃទី 08 ឧសភា។ ចំណែក​ការប្រកួត​ចុងក្រោយ​របស់​ថៃ​នៅ​វគ្គ​ចែក​ពូ​ល​ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី 11 ឧសភា ដោយ​ត្រូវ​ប៉ះ​ក្រុម​វៀតណាម៕

  • វត្ថុ​ធាតុ​​ចម្លង​កម្រិត​ខ្ពស់​​ជួយ​រុញ​ច្រាន​​រថយន្ត​​ឱ្យ​បរ​​ក្នុង​ល្បឿន​ជាង 600 គីឡូម៉ែត្រ/ម៉ោង

    វត្ថុ​ធាតុ​​ចម្លង​កម្រិត​ខ្ពស់​​ជួយ​រុញ​ច្រាន​​រថយន្ត​​ឱ្យ​បរ​​ក្នុង​ល្បឿន​ជាង 600 គីឡូម៉ែត្រ/ម៉ោង

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Houston សហរដ្ឋ​អាម៉េរិក ស្នើឱ្យ​ប្រើប្រាស់​វត្ថុ​ធាតុ​ចម្លង​កម្រិត​ខ្ពស់​ដើម្បី​រុញច្រាន​រថយន្ត​ដឹក​អ្នកដំណើរ និង​ទំនិញ ឱ្យ​រត់​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បំពាក់​ក្នុង​​ផ្លូវ​ល្បឿន​លឿន​នាបច្ចុប្បន្ន។

    គំនិត​ដែល​លើកឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ មិន​ត្រឹម​តែមាន​សក្ដានុពល​ក្នុងការ​កាត់បន្ថយ​ការចំណាយ​លើ​ដំណើរ​ការ​​របស់​ប្រព័ន្ធនីមួយៗនោះ​តែ តែ​ថែមទាំង​ផ្លាស់ប្ដូរ​វិធី​រក្សាទុក និង​ការ​​ដឹកជញ្ជូន​អ៊ីដ្រូសែន​រាវ​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ប្រភព​ថាមពល​ស្អាត​សំខាន់​មួយ​ក្នុង​អនាគត។ អ៊ីដ្រូសែន​នឹងត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បញ្ចុះ​កម្ដៅ​បណ្ដាញ​ដែល​ស្ថាបនា​ពី​វត្ថុ​ធាតុ​ចម្លង​កម្រិត​ខ្ពស់ កាត់បន្ថយ​តម្រូវការ​ស្ថាបនា​បណ្ដាញ​លូ​ពិសេស​សម្រាប់​បញ្ចុះ​កម្ដៅ​វត្ថុ​ធាតុ​ចម្លង​បាន​រហូតដល់ -253.3 អង្សា​សេ។ សំណើ​ខាងលើនេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី APL Energy និង​ត្រូវបាន​ទំព័រ Interesting Engineering ផ្សាយ​បន្ត​កាលពី​ថ្ងៃទី 25 មេសា 2023។

    ការភ្ជាប់​វត្ថុ​ធាតុ​ចម្លង​កម្រិត​ខ្ពស់​ (superconductor) ​ទៅក្នុង​ផ្លូវ​ល្បឿន​លឿន​នាបច្ចុប្បន្ន និង​ការ​បន្ថែម​មេដែក​ទៅក្នុង​រថយន្ត​ នឹង​ជួយ​លុបបំបាត់​តម្រូវការ​បញ្ចុះ​កម្ដៅ​វត្ថុ​ធាតុ​ចម្លង​កម្រិត​ខ្ពស់​នៅលើ​រថយន្ត។ រូបមន្ត​នេះ​គឺ​យោងទៅលើ​អ៊ីដ្រូសែន​ដើម្បី​បញ្ចុះ​កម្ដៅ​វត្ថុ​ធាតុ​ចម្លង​កម្រិត​ខ្ពស់ ​នៅពេល​រថយន្ត​ផ្លាស់​ទី​តាម​បណ្ដោយ​ប្រព័ន្ធ​នេះ។

    បច្ចេកវិទ្យា​វត្ថុធាតុ​ចម្លង​កម្រិត​ខ្ពស់ (Superconductivity​) កំពុង​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ ព្រោះ​វា​ជួយ​ឱ្យ​វត្ថុ​មួយ​អាច​អណ្ដែត​ខ្លួន​ក្នុង​បរិយាកាស

    យោងតាម​ក្រុម​អ្នកស្រាវជ្រាវ នៅ​ពេល​មធ្យោបាយ​ដឹកជញ្ជូន​ដែលមាន​គ្រោងឆ្អឹង​បំពាក់​​ម៉ាញ៉េ​ទិច​ ចូល​ដល់​​​បណ្ដាញ​ផ្លូវ​ទំនើប​នេះ វា​​នឹង​អណ្ដែត និង​ផ្លាស់​ទី​ក្នុង​ល្បឿន​លឿន​ ឆ្ពោះ​ទៅកាន់​គោលដៅ។ បន្ទាប់ពី​មធ្យោបាយ​ដឹកជញ្ជូន​បាន​ចាក​ចេញពី​ផ្លូវ​ទំនើប​នេះ វា​នឹងធ្វើ​ដំណើរ​តាមបែប​ធម្មតា ដូច​ទៅ​នឹង​រថយន្ត​បច្ចុប្បន្ន​។

    ប្រព័ន្ធ​បែបនេះ​អាចធ្វើឱ្យ​ចរាចរណ៍​ផ្លូវអាកាស និង​ការដឹកជញ្ជូន​ទំនិញ​ដូច​សព្វថ្ងៃ​ ក្លាយជា​រឿង​ហួស​សម័យ ព្រោះថា វា​អនុញ្ញាតឱ្យ​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន និង​ពាណិជ្ជកម្ម ផ្លាស់​ទី​ក្នុង​ល្បឿន 645 គីឡូម៉ែត្រ/ម៉ោង ហើយ​អាច​លឿន​ជាង​នេះ​ទ្វេដង។ នេះ​បើតាម Zhifeng Ren ប្រធាន​មជ្ឈមណ្ឌល​វត្ថុ​ធាតុ​ចម្លង​កម្រិត​ខ្ពស់​នៅ​រដ្ឋ Texas សហរដ្ឋ​អាម៉េរិក។

    រថភ្លើងល្បឿនលឿនទំនើបដែលបំពាក់បច្ចេកវិទ្យា Maglev នេះ ក៏ប្រើបច្ចេកវិទ្យា Superconductivity

    ប្រព័ន្ធ​ខាងលើ​ក៏នឹង​ចូល​រួម​​កាត់បន្ថយ​ការប្រើប្រាស់​ឥន្ធនៈ ឬ​អគ្គិសនី​បាន​យ៉ាងច្រើន​ផងដែរ។ ទន្ទឹមនឹងនេះ រថយន្ត​ដែល​បរ​លើ​ប្រព័ន្ធ​នេះ​ក៏​ជួយ​កាត់បន្ថយ​ការចំណាយ និង​ការ​បំ​ភាយ​ឧស្ម័ន​ពុល​ទៅក្នុង​បរិស្ថាន៕

  • ឥណ្ឌូណេស៊ី​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង 18 គ្រឿង​ទៀត​ពី​បារាំង

    ឥណ្ឌូណេស៊ី​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង 18 គ្រឿង​ទៀត​ពី​បារាំង

    ការបញ្ជាទិញ​យន្តហោះ​ចម្បាំង​ 18 គ្រឿង​បន្ថែម​ទៀត​នេះ​ គឺ​​ស្ថិតក្នុង​ចំណោម​យន្តហោះ​ចម្បាំង Rafale 42 គ្រឿង​ដែល​ទីក្រុង​ហ្សា​កា​រ៉ា​តា​គ្រោង​នឹង​បញ្ជា​ទិញ​ពី​ប្រទេស​បារាំង ដើម្បី​ធ្វើ​ទំនើបកម្ម​កម្លាំង​ទ័ពអាកាស​របស់​ឥណ្ឌូណេស៊ី។

    បណ្ដាញ​ផ្សព្វផ្សាយ​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី 26 មេសា ដកស្រង់​ប្រភពព័ត៌មាន​ពី​សារព័ត៌មាន La Tribune របស់​បារាំង ឱ្យដឹងថា ប្រទេស​ឥណ្ឌូណេស៊ី​នឹង​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង Rafale ចំនួន 18 គ្រឿង​បន្ថែមទៀត នៅក្នុង​កិច្ចព្រមព្រៀង​តម្លៃ 2.3 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ប្រភពព័ត៌មាន​ឱ្យដឹងថា ឥណ្ឌូណេស៊ី​បាន​ធានា​ចំពោះ​ប្រភព​ហិរញ្ញវត្ថុ​សម្រាប់​ការទិញ​យន្តហោះ​ចម្បាំង​ទាំងនោះ ក៏ដូចជា​បណ្ដា​មី​ស៊ី​ល​អាកាស​ប្រឆាំង​អាកាស។

    កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង Rafale 18 គ្រឿង​បន្ថែមទៀត​នេះ​អាច​នឹង​ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​នាពេលខាងមុខ​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី Prabowo Subianto។

    មុន​នោះ កាលពី​ខែកញ្ញា 2022 រដ្ឋមន្ត្រី​ក្រសួងការពារជាតិ Prabowo ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង Rafale ចំនួន 6 គ្រឿង​ដំបូង​ដែលមាន​តម្លៃ​សរុប 1.1 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    Rafale ដែល​ជា​យន្តហោះ​ចម្បាំង​ប្រតិកម្ម​រហ័ស​ដ៏​ទំនើប មាន​ម៉ាស៊ីន​ពីរ​គ្រឿង ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Dassault Aviation និង​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅក្នុង​ជួរ​កងទ័ព​បារាំង។ យន្តហោះ​នេះ​អាច​តាមដាន​គោលដៅ​ចំនួន 8 ក្នុងពេល​តែមួយ និង​បំពាក់​មី​ស៊ី​លបាញ់​ក្នុង​អាកាស​ ASRAAM, AMRAAM , មី​ស៊ី​ល​កម្ទេច​ផ្លូវ​រត់​ក្នុង​ព្រលានយន្តហោះ Apache រួម​នឹង​​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង Harpoon ជា​ដើម​៕