Author: អេបិល

  • អ្នកនាង ខាត់ សុឃីម តឿនឱ្យកូនខ្មែរស្រឡាញ់តន្ត្រីបុរាណតាមរយៈចម្រៀងនេះ…

    អ្នកនាង ខាត់ សុឃីម តឿនឱ្យកូនខ្មែរស្រឡាញ់តន្ត្រីបុរាណតាមរយៈចម្រៀងនេះ…

    តារាពហុជំនាញ និងជាសិល្បៈការិនីបុរាណសម័យ អ្នកនាង ខាត់ សុឃីម នៅតែទទួលបានសន្ទុះនៃការគាំទ្រ និងប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជនទូទាំងប្រទេសកម្ពុជា ដោយអ្នកនាងតែងតែចូលរួមយ៉ាងសកម្មផងដែរក្នុងការលើកកម្ពស់សិល្បះបុរាណខ្មែរដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។

    ដោយឡែក អ្នកនាង ខាត់ សុឃីម បានធ្វើឱ្យមានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីអ្នកនាង បានបញ្ចេញបទចម្រៀងមួយបទ មានចំណងជើងថា “រងារ” ដែលរៀបរាប់ពីការសោកស្តាយដែលសិល្បះទម្រង់បុរាណជាច្រើន កំពុងតែមានភាពរងារឯការ មិនសូវមានមហាជនខ្មែរចាប់អារម្មណ៍ដូចការពីមុន។ តាមរយះការប្រគុំតន្រ្តីបុរាណ ហាក់កំពុងតែដាស់អារម្មណ៍ដល់កូនខ្មែរគ្រប់រូបឱ្យរួមគ្នា ថែរក្សាសិល្បៈបុរាណខ្មែរដែលបុព្ធបុរសខ្មែរខំចងក្រងបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានដឹងបានលឺ។ បើសិនជាយើងមិនបានចូលរួមបង្កើតអ្វីថ្មី ប៉ុន្តែសូមត្រឹមថែរក្សារបស់ដែលសល់ពីបុព្វបុរសយើងដែលខំប្រឹង ខំចងក្រង ទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ បានដឹងផង។

    គួរកត់សម្គាល់ផងដែរថា មួយរយៈចុងក្រោយនេះ គេសម្គាល់ឃើញថា សិល្បករ-សិល្បការិនី ប្រទេសកម្ពុជា កំពុងព្យាយាមបំផុសបំផុលគំនិតមហាជន រួមជាមួយអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ជួយគាំទ្រ និងលើកស្ទួយ ផ្សព្វផ្សាយពី សិល្បៈបុរាណខ្មែរ ដែលដូនតាបុព្វបុរស បានបន្សល់ទុកឱ្យ ដោយមិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងច្រើនដួង ធ្លាប់បានស្នើសុំ និង ក្រើនរំឭក តាមរយៈការបង្ហើរសំនៀងនៅក្នុងចម្រៀង ដើម្បីឱ្យទស្សនិកជន មានការចាប់អារម្មណ៍ ប៉ុន្តែផ្ទុយទៅវិញ គេបែរជាមិនសូវឃើញមហាជនមួយចំនួន មានការគាំទ្រទាល់តែសោះ៕

  • លោក គួច ខេវិន អ្នកដឹកនាំកម្មវិធីទូរទស្សន៍បញ្ចេញមតិក្នុងរឿងល្ខោនខោល

    លោក គួច ខេវិន អ្នកដឹកនាំកម្មវិធីទូរទស្សន៍បញ្ចេញមតិក្នុងរឿងល្ខោនខោល

    ដូចប្រិយមិត្តទាំងអស់គ្នាបានស្គាល់មកហើយថា លោកគួច ខេវិន ដែលជាអ្នកផលិតកម្មវិធីសិល្បៈដ៏ល្បីល្បាញឈ្មោះ តាមបណ្តាទូរទស្សន៏ជាច្រើន ដូចជាធ្លាប់គ្រប់គ្រងផលិតសិល្បៈកម្សាន្ដនៅទូរទស្សន៏CTN, អាស៊ីអាគ្នេយ៍ និងពេលនេះកំពុងបម្រើរអារម្មណ៍ទស្សនិកជន តាមរយៈបង្កើតកម្មវិធីថ្មីៗជាច្រើន នៅទូរទស្សន៏ETV និងPNN នោះ ហើយថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកំពុងតែពុះកញ្ជ្រោលកក្រើកនូវការបង្ហោះពីរឿង ល្ខោនខោល ជារបស់ខ្មែរនោះ អ្នកដឹកនាំកម្មវិធីទូរទស្សន៍រូបនេះ ក៏បានលើកឡើងមកនិយាយ និងមតិខ្លះៗចំពោះរឿងដែរ។

    គួច ខេ​វិន បានបញ្ជាក់នៅក្នុងសាររបស់លោកថា « មើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀកប៉ុន្តែមិនពិចារណា គឺគួរឲ្យស្រណោះកូនខ្មែរខ្លះៗ ដែលតែងតែហួងហែង អៈអាងថា”ល្ខោនខោល”គឺមរតក របស់ដូនតាបុព្វបុរស របស់ខ្លួន បានបន្សល់ជាកេរដំណែល ដល់ខ្លួន ! ឆ្ងល់ថាតើមានកូនខ្មែរ ប៉ុន្មាននាក់ ដែលស្គាល់”ល្ខោនខោល”ប៉ុន្មាននាក់ស្គាល់ ល្ខោនស្បែកតូច ស្បែកធំ ស្គាល់ល្ខោនអាប៉េ ។ល។ និង។ល។ តើស្គាល់ច្រើនជាងពួកដែលដើររុករកដើររកប្រមែប្រមូល សម្បត្តិវប្បធ៌ម ដែលខ្មែរ បោះចោលទៅធ្វើជារបស់ពួកគេនោះទេ? គួរគិត ហើយពិចារណាផងថាពេលនេះ ខ្មែរច្រើនណាស់បានលា “អង្គរ”ហើយ—សូម្បីតែឈ្មោះកូនក៏ពួកគេលែង ប្រើឈ្មោះ តំណរដូនតាដែរ គឺគ្មានឡើយ អា សម អាសួន… គឺមាមតែអាដេវីដ អាមីសែល… ។បើខ្មែរមិនស្តាយអង្គរ មិនខ្វល់ពីមរតកបុព្វបុរស មិនស្រណោះដូនតា ផងនោះ តើទៅសោកស្តាយធ្វើអ្វីសព្វបើ សិល្បៈដែលខ្លួនឯងមិនស្គាល់នោះ? បើស្តាយត្រូវស្គាល់ ហើយត្រូវចេះរក្សា!!! តើនេះជាកំហុសអ្នកណា »។

    អមដោយរូបភាពជាច្រើនសន្លឹក ​និងរូបភាពសារព័ត៌មានបានចេញផ្សាយពីជំហរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ខេវិន បានបន្ដមតិថា « អូហ៍! ពិតជាត្រឹមត្រូវណាស់ឯកឧត្តមពូ…​ យើងត្រូវតែនាំគ្នាដេក​ និងរក្សាភាពស្ងៀមស្ងាត់តទៅទៀត…​ហើយយើង នាំគ្នាត្រៀមលើកដៃទះ​ អបអរសាទរដល់អាចោរស៊ូពូជនេះ​អោយហើយនៅ? សូម្បីប្រាសាទព្រះវិហាររបស់ខ្មែរយើងដែល មានចុះបញ្ជីត្រឹមត្រូវនៅទីក្រុងឡាអេយ៉ាងច្បាស់​ ក៏នៅតែអាចោរមួយសំបុកនេះ​ អះអាងថាជារបស់វាដែរ​ ចុះទម្រាំល្ខោនខោល​… តើខ្មែរមានឯកសារអ្វីខ្លះ​ ដែលជាការអះអាងថាជារបស់យើង? ដេកទើបតែភ្ញាក់​ វាយឺតពេលហើយ! »៕

    តើប្រិយមិត្តអ្នកយល់ឃើញយ៉ាងណាចំពោះការលើកឡើងរបស់អ្នកដឹកនាំកម្មវិធីល្បីរូបនេះ ?

  • កុំរំលង!! ឈៀងរ៉ាយ តំបន់ទេសចរណ៍ធម្មជាតិ

    កុំរំលង!! ឈៀងរ៉ាយ តំបន់ទេសចរណ៍ធម្មជាតិ

    អ្វីដែលប្លែកអារម្មណ៍នៅក្នុងថ្ងៃនេះ គេហទំព័រឡារ៉ែនសូមនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាទៅកាន់ដែនដីស្រស់ស្អាតមួយផ្នែកនៅ ក្នុងប្រទេសថៃ និងស័ក្ដសមបំផុតសម្រាប់ស្ថាបត្យករ និងអ្នកនិយមទស្សនាស្ថាបត្យកម្មប្លែកៗ ដែលមិនគួរមើលរំលង ។ ក្រៅពីសម្បូរដោយវត្តបុរាណ លោកអ្នកនឹង បានឃើញ ពីការរបៀប នៃការរស់នៅ របស់ជនជាតិ ភាគតិចថៃ រួមទាំងទីសក្ករៈ បូជាដ៏ស័ត្តិសិទ្ធិល្បីល្បាញជាច្រើន ។ ទិដ្ឋភាពដ៏ស្រស់ត្រកាលនេះ គឺមាននៅក្នុងខេត្ត ឈៀងរ៉ាយ ។

    មណ្ឌលទេសចរណ៍ដ៏ស្រស់បំព្រង ដែលគួរឱ្យចង់ទៅទស្សនាកម្សាន្ត និងស្វែងយល់នៅតំបន់ភាគ​ខាង​​​ជើង នៃប្រទេស​ថៃ​បន្ទាប់ពី ឈៀងម៉ៃ នោះគឺ ឈៀងរ៉ាយ ជាខេត្តដែល​ស្ថិត​នៅជាប់នឹងខេត្តឈៀងម៉ៃ និង​មាន​​​​ព្រំ​ប្រទល់ជាប់នឹងប្រទេស 2 គឺ ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា មានជន​ជាតិ​កុល​សម្ពន្ធជាច្រើនពូជសាសន៍ តែពួកគេ​រស់​នៅ​យ៉ាងសុខសន្តិភាពកណ្តាលធម្មជាតិព្រៃភ្នំដ៏ស្រស់ត្រកាល និងការ​អភិវឌ្ឍន៍។ រមណីយដ្ឋាន និងមណ្ឌលទេសចរណ៍សំខាន់ៗដ៏ល្អប្រណិត បានភ្ញៀវទេសចរទាំងឡាយចាប់អារម្មណ៍ខ្លាំងចង់​ទៅទស្សនា និងដើរកម្សាន្តនៅទីនោះ ដែលមានកន្លែងទេសចរណ៍ធម្មជាតិព្រៃភ្នំ វត្តបុរាណ និង​​ទី​កន្លែង​ដ៏គួរឱ្យសិក្សាស្វែងយល់។ ចំពោះអ្នកដែលមានបំណងចង់ទៅទស្សនា និង​ដើរ​លេងកម្សាន្ត នៅក្នុងខេត្ត​ភាគខាង​ជើង​របស់​ប្រទេសថៃមួយនេះ មានដូចតទៅ៖

    1-វត្តរ៉ង់ ឃុន​

    វត្ត រ៉ង់ ឃុន ត្រូវបានអ្នកទេសចរជាតិ និងអន្តរជាតិស្គាល់ច្បាស់ នៅក្នុងឈ្មោះថា វត្តប្រាសាទស ជា​វត្ត​​ដែល​មាន​​ក្បាច់​ចម្លាក់ប្លែកចម្លែកខុសពីវត្តដទៃទៀត នៅក្នុងប្រទេសថៃ និងត្រូវបានកសាងឡើងដោយវិចិត្រករ និងជា​ជាង​ចម្លាក់​ដ៏ល្បីល្បាញជនជាតិថៃម្នាក់ ឈ្មោះថា លោកគ្រូអាចារ្យ ឈ្លើមឆ័យ ខូស៊ីតភិផាត់ រួមជាមួយ និងកូនសិស្សជាង 80 នាក់​ទៀត ដោយបាន​ចាប់ផ្តើមកសាងមកបាន 17ឆ្នាំហើយ។ នៅក្នុងបរិវេណវត្ត រ៉ង់ ឃុន មានប្រាសាទធំៗចំនួន 4 ដែលមានពណ៌ស​3 និងពណ៌មាស1 ដែលសុទ្ធតែលម្អដោយក្បូរក្បាច់រចនា នៃចម្លាក់បែបពុទ្ធិសិល្បៈសម័យថ្មីរបស់ថៃ ហើយនៅតាមជញ្ជាំងខាង​ក្នុង​របស់ប្រាសាទនីមួយៗ មានគំនូរ​រូបភាពពណ៌ធម្មជាតិ ដែលបង្ហាញពីការតតាំងគ្នារវាងពួកកង​ទ័ពយក្ស​មារ​ ដែលតំណាង​ឱ្យ​សភាវ​អាក្រក់ និងព្រះពោធិសត្វ ​ដែលតំណាងឱ្យសភាវល្អ សតិ សមាធិ និងបញ្ញាញាណ។ ការចូលទស្សនាក្នុងវត្តរ៉ង់ឃុននេះ មិនត្រូវបានតម្រូវឱ្យបង់ប្រាក់ទេ ព្រម​ទាំង​អាច​​​ថតរូបបានដោយសេរីទៀតផង។

    2-សារមន្ទីរបានដាំ ឬផ្ទះខ្មៅ

    ជាសារមន្ទីរដែលធ្វើអំពីឈើពណ៌ខ្មៅ បង្ហាញពីប្រពៃណី វប្បធម៌ និងការរស់នៅរបស់ជនជាតិភ្នំនៅ​ក្នុងតំបន់​ភាគខាង​ជើង​​​ប្រទេសថៃនេះ ដែលមានទាំងផ្ទះឈើបុរាណសង់ខ្ពស់ពីដីពណ៌ខ្មៅ និងឧបករណ៍ចម្លាក់ គ្រឿងប្រើប្រាស់កាលពីសម័យ​ដើម ព្រម​ទាំងមានសត្វព្រៃនៅរស់មួយចំនួន ដែលមានខ្លះនៅក្នុងទ្រុង និងខ្លះព្រលែងនៅទីវាល ដើម្បីឱ្យ​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​បានថតរូបជាមួយទៀតផង។

    3-សួនឧទ្យានស៊ីង្ហ

    គឺជាមណ្ឌលទេសចរណ៍ដ៏ធំមួយ នៅកណ្តាលធម្មជាតិដ៏ស្រស់បំព្រង នៅលើផ្ទៃដីជាងរាប់សែនរ៉ៃ ដ៏ធំល្វឹងល្វើយ ប្រកប​​ដោយ​ចំការតែ ពណ៌បៃតងខ្ចី អ៊ូឡុង និងអាណាចក្រចំការដំណាំហូបផ្លែ ដូចជាស្រ្តប៊ើរី ពុទ្រាផ្អែមខុសរដូវ-ល- ព្រម​ទាំងប្លែកភ្នែកស្រឡះអារម្មណ៍ ជាមួយនឹងវាលផ្កាចម្រុះពណ៌ដ៏ស្រស់បំព្រង ដោយក្រុមភ្ញៀវទេសចរនឹងត្រូវនាំទៅ​ទស្សនា​តាម​រថយន្តបើកចំហប្រកបដោយផាសុកភាព និងសុវត្ថិភាព។

    4-តំបន់អភិវឌ្ឍនម៉ែហ្វា ដយ ធុង

    នេះគឺជាមណ្ឌលទេសចរណ៍ដ៏ល្បីល្បាញមួយរបស់​ ខេត្តឈៀងរ៉ាយ ដែល​ពោរពេញ​ដោយ​ភាព​ស្រស់​ត្រកាល​នៃ​ជួរ​កំពូលភ្នំ ផ្សែងអ័ព្វដ៏ត្រជាក់ និងវិថីជីវិតជនជាតិ​កុល​​សម្ពន្ធភ្នំ។ កន្លែងដែលគួរតែទៅទស្សនាកម្សាន្ត ឱ្យបាននៅលើកំពូលភ្នំ នេះគឺ ព្រះរាជ​ដំណាក់ ដយ ធុង ដែលស្ថិតនៅលើកំពូលភ្នំ ខាងមុខព្រះរាជដំណាក់ គឺជាសួនបុប្ផាចម្រុះ​ពណ៌ ​ដែល​រីក​គ្រប់​រដូវ និងអាចមើលឃើញទៅក្រោមឆ្ងាយ រហូតទៅដល់​ជួរ​ភ្នំ​ នៅ​ក្នុងទឹកដីប្រទេសឡាវទៀតផង។ កន្លែងមួយទៀត​ ដែល​អ្នក​ទេសចរ​យើងមិនគួរ​ខក​ខានដែរនោះគឺ ភូមិជនកុលសម្ព័ន្ធឆាវដយ ដែលមានទាំងអស់ 29ភូមិ ដូចជា កុលសម្ពន្ធអំបូរ អាខា ឬ ​អ៊ី-ក ឡាហ៊ូ ថៃយ៉ៃ…ជាដើម ដែលមាន​វប្បធម៌ ទំនៀមទម្លាប់ និងការរស់នៅគួរឱ្យចង់ទស្សនាស្វែងយល់៕

  • តារាសម្តែង អេឡិច ហ្សូរ៉ា អំពាវនាវឱ្យតារាល្បីៗនៅក្នុងប្រទេសកម្ពុជា ចូលរួមជួយចែករំលែកអំពីល្ខោនខោលខ្មែរ

    តារាសម្តែង អេឡិច ហ្សូរ៉ា អំពាវនាវឱ្យតារាល្បីៗនៅក្នុងប្រទេសកម្ពុជា ចូលរួមជួយចែករំលែកអំពីល្ខោនខោលខ្មែរ

    ការ​សើ្នសុំ​ដាក់​បញ្ចូល​ ល្ខោន​ខូនថៃ ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌវប្បធម៌​របស់​អង្គការ ​យូណេស្កូ​របស់ប្រទេសថៃ បាន​បង្ក​ជា​កំហឹង​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជាជា​ច្រើន​ដែល​បាន​អះ​អាង​ថា ល្ខោន​ពាក់​របាំង​មុខ​នេះ​ជា​សម្បត្តិ​វប្បធម៌​​របស់​​ជន​ជាតិ​ខ្មែរ។

    បើតាមការចេញផ្សាយរបស់សារព័ត៌មានថៃកន្លងមកបានឱ្យដឹងថា ​ប្រទេស​ថៃ​បាន​ស្នើ​សុំ​ដាក់​បញ្ចូល​ល្ខោន​ខូន​ទៅ​ក្នុងបញ្ជី​​បេតិកភណ្ឌ​វប្បធម៌​អរូបិ ដោយ​មាន​គោលបំណង​ថែរក្សា​នូវ​ការ​ហាត់ ឧបករណ៍​ភ្លេង និង​ជំនាញ​វប្បធម៌​​ប្រពៃណី។

    ដោយឡែក កាលពីថ្ងៃម្សិលនេះ គេមើលឃើញអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និងធ្វីតធើរនៅកម្ពុជាបានបង្ហោះពីសកម្មភាពស្នើសុំឱ្យខាងអង្គការ ​យូណេស្កូ ពិចារណាចំពោះល្ខោនខោល ដោយមានបង្ហោះរូបល្ខោនខោលជាច្រើនសន្លឹកពាសពេញបណ្ដាញសង្គម។ ព្រោះតែទឹកចិត្តភ័យខ្លាច និងព្រួយបារម្ភនេះហើយ ទើបយើងសង្កេតឃើញថា មានការផុសផុលខ្លាំង ពីការចែករំលែកល្ខោនខោលខ្មែរយ៉ាងច្រើន មិនថាក្នុង ឬក្រៅប្រទេស សិស្សសាលា មន្រ្តីរាជការ ឬសិល្បករនោះទេ។

    យ៉ាងណាមិញ ថ្មីៗនេះតារាសម្តែងកម្ពុជា លោក អេឡិច ហ្សូរ៉ា បានអំពាវនាវនៅលើបណ្តាញសង្គមរបស់លោក សុំឱ្យតារាល្បីៗនៅក្នុងប្រទេសកម្ពុជា ចូលរួមជួយចែករំលែក អំពីល្ខោនខោលខ្មែរឱ្យបានច្រើន ដើម្បីចូលរួមផ្សព្វផ្សាយដល់ពិភពលោក និងបណ្តាប្រទេសផ្សេងៗ ពិសេស គឺអង្គការយូណេស្តូឱ្យទទួលស្គាល់ និងកាត់សេចក្តីថា ល្ខោនខោល ពិតជារបស់ខ្មែរ។ នៅលើបណ្តាញសង្គមរបស់ខ្លួន អេឡិច ហ្សូរ៉ា បានរៀបរាប់យ៉ាងដូច្នេះថា «សូមកំពូលតារាល្បីៗ ប្រចាំប្រទេសកម្ពុជា និងបងប្អូនប្រជាពលរដ្ឋខ្មែរ មេត្តាចូលរួមចែករំលែកល្ខោនខោលខ្មែរ ឱ្យបានច្រើនៗផង ព្រោះជិតដល់ថ្ងៃដែល យូណេស្កូ សម្រេចលទ្ធផលហើយ។ សម្រាប់អ្នកមាន Acc Twitter ក្រែង UNESCO គាត់បានឃើញ ព្រោះពួកយើងធ្វើអីអត់កើតក្រៅពី Share នោះទេ»។

    តារាសម្តែង អេឡិច ហ្សូរ៉ា បានបន្តថា “ជិតដាច់ឆ្នាំ ជិតដល់ពេលដែល UNESCO សម្រេចថា ល្ខោនខោលជារបស់ប្រទេសខ្មែរ ឬថៃហើយ តើកូនខ្មែរអាចរួមគ្នាលើកស្ទួយល្ខោនខោលខ្មែរ ឱ្យល្បីរន្ទឺជាសកលលោកបានដែរឬទេ? សូមមេត្តាចូលរួមទាំងអស់គ្នា ដើម្បីបុព្វហេតុជាតិយើង ការគាំទ្ររបស់អស់លោកអ្នក ចំពោះល្ខោនកេរដូនតាខ្មែរមួយនេះ គឺជាការឱ្យតម្លៃដូនតាខ្មែរយើងយ៉ាងធំធេង!”៕

  • ឈីន រតនៈ កាន់តែមើលលែងស្គាល់ ពេលគ្រងឈុតអប្សរា 100ឆ្នាំ

    ឈីន រតនៈ កាន់តែមើលលែងស្គាល់ ពេលគ្រងឈុតអប្សរា 100ឆ្នាំ

    គ្រប់គ្នាកំពុងភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយឈុតអប្សរា 100ឆ្នាំ ដែលគ្រងដោយតារាចម្រៀង​ ឈីន រតនៈ ជាតារាចម្រៀងនៅក្នុងទ្រនំរស្មីហង្សមាស។ មួយឈុតនេះ ជាការត្រៀមបញ្ចេញនូវសាច់រឿងថ្មីតាមរយៈវីដេអូចម្រៀងថ្មី ដែលនឹងចេញនាពេលឆាប់ៗខាងមុខនេះ។ តារាស្រីរូបនេះបាននិយាយរៀបរាប់ពីអារម្មណ៍ដំបូងនៅក្នុងជីវិត​ដែលបានគ្រងឈុតបុរាណបែបនេះ។

    នាងរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងទាំងក្ដីរំភើបខ្លាំងថា «នាងខ្ញុំសប្បាយចិត្ត ហើយរំភើបខ្លាំងណាស់ថ្ងៃនេះ ដែលបានគ្រងសម្លៀកបំពាក់អប្សរា 100ឆ្នាំ ឈុតទាំងនេះនឹងមាននៅក្នុងMV បទថ្មីរបស់នាងខ្ញុំ ជាពិសេសអរគុណបង Eco Vak Song ដែលបានដឹកនាំសម្តែង ឱ្យឈុតឆាកអប្សរា100ឆ្នាំ រំភើបខ្លាំងណាស់… ចង់ដឹងថាប្លែកយ៉ាងណានោះ រង់ចាំទាំងអស់គ្នាណា…. នឹងមាននៅពេលឆាប់ៗនេះ…”។

    គួររំឭកដែរថា ទោះបីជាកញ្ញា ឈីន រតនៈ មិនបានជាប់ជាជយលាភីនៅក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី2 ក៏ដោយ ប៉ុន្តែនាងនៅតែទទួលបានការគាំទ្រជាច្រើន ព្រោះតែទឹកដមសំឡេង និងពូកែខាងច្រៀងបទស្រែក មានតុងខ្ពស់ៗ ក៏ដូចជាការប្រើប្រាស់ដង្ហើមបានវែងៗផងដែរនៅក្នុងការបកស្រាយបទចម្រៀង។ ក៏ប៉ុន្ដែ នៅពេលបានឃើញកញ្ញា ឈីន រតនៈ គ្រងឈុតអប្សរា100ឆ្នាំបែបនេះវិញម្ដងនោះ ប្រិយមិត្តអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានបញ្ចេញមតិថា ប្លែកភ្នែកមើលសឹងតែមិនស្គាល់ទៅហើយ និងទន្ទឹងរង់ចាំ ចង់ឃើញការសម្តែងរបស់នាងនៅក្នុងតួអង្គជាអប្សរាទៀតផង៕

  • CBS​បើក​សង្វៀន​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ​ ដណ្តើម​ប្រា​ក់លាន

    CBS​បើក​សង្វៀន​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ​ ដណ្តើម​ប្រា​ក់លាន

    ក្រុមហ៊ុន​ភេសជ្ជៈ​ខា​រ៉ា​បាវ បាន​សហការ​ជាមួយ​ទូរទស្សន៍ CNC MYTV និង​CTN រួមជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ រៀបចំ​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​មួយ នៅ​រាល់​រសៀល​ថ្ងៃ​សៅរ៍ ​រៀងរាល់​សប្ដាហ៍ ចាប់ពី​ម៉ោង​2 ដល់​ម៉ោង​4និង30​នាទី។

    ក្នុង​សន្និសីទកាសែត​នា​ថ្ងៃទី​29​សីហា​ 2018បាន​ឲ្យ​ដឹងថា កម្មវិធី​ប្រដាល់​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​1​ខែកញ្ញា​ខាងមុខនេះ​តទៅ គឺ​ប្រសិទ្ធ​នាម​ថា “​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ​ដណ្តើម​ប្រា​ក់លាន “ ដែលជា​ការប្រកួត​លក្ខ​ណះ​មិត្តភាព​អន្តរជាតិ ដែលមាន​ពីរ​គូ​ក្នុង​មួយ​កម្មវិធី ។

    លោក គង់ ចំរើន​រដ្ឋា ប្រធាន​ផ្នែក​លក់​ក្រុមហ៊ុន​CBS បានអោយដឹងថា នេះ​ជា​កម្មវិធី​ថ្មី​ដែល CBS (CNC MYTV​និង​CTN )​និង CARABAO បាន​សហការគ្នា ដើម្បី​បង្កើត​កម្មវិធី​ប្រដាល់​ថ្មី​នេះ​ឡើង ។ លោក​បន្តថា កម្ម​វី​ធី​ប្រដាល់ ” អន្តរជាតិ​ខា​រ៉ា​បាវ​ដណ្តើម​ប្រា​ក់លាន “ ប្រសិនបើ​ការប្រកួត​នេះ​ដំណើរការ​ទៅបាន​ល្អ នោះ​នឹង​ដំណើរការ​ជាប់​រហូត ។​

    លោក ហ៊ុយ សុខា ប្រធាន​ទីផ្សារ​ផ្នែក​លក់​ក្រុមហ៊ុន​ខា​រ៉ា​បាវ បានបញ្ជាក់​អោយដឹង​ដែរ​ថា ការដែល​ក្រុមហ៊ុន​លោក​មក​រួមសហការ​ជាមួយ​CBS បើក​កម្មវិធី​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ​ដណ្តើម​ប្រា​ក់លាន គឺ​ក្នុង​គោលបំណង​តែមួយគត់ គឺ​រួមចំណែក​លើកស្ទួយ​វិស័យ​កីឡាប្រដាល់​នៅ​កម្ពុជា អោយមាន​ការរីកចំរើន​កាន់តែខ្លាំង​ថែមទៀត ។ ជាមួយនេះ ក៏​ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​កីឡាករ​ប្រដាល់​តាមរយះ​ការ​បាន​ឡើង​ប្រកួត ហើយក៏​រួមចំណែក​ជួយ​ដល់​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​ផងដែរ ។​ហើយ​បើ​កម្មវិធី​នេះ​ដំណើរការ​ទៅ​ល្អ​នោះ ក្រុមហ៊ុន​នឹង​បង្កើត​អោយទៅជា​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ថែមទៀត ។​

    លោក​ឧ​ត្ត​ម​សេនីយ៍​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​សំណូមពរ​ដល់​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម ត្រូវតែ​ខិតខំ​បំពេញការងារ​ឲ្យ​អស់ពី​សមត្ថភាព ត្រូវមាន​ភាព​សុច​រឹត​ក្នុង​ការងារ ព្រោះនេះ​ជា​ជាការ​ងារ​មួយ​ដែល​ទាំងអស់គ្នា សុទ្ធតែ​បាន​ទ​ទូល​ផលប្រយោជន៍។

    កម្មវិធី​ប្រដាល់​ថា “​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ​ដណ្តើម​ប្រា​ក់លាន “ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​1​កញ្ញា​ ខាងមុខនេះ​តទៅ និង​ផ្សាយ​មាន​ផ្ទាល់​៣Chanel​នោះ សម្រាប់​ការប្រកួត​ថ្ងៃ​ដំបូង​មាន​5គូ ដែលមាន​គូ​ខ្មែរ​និង​ខ្មែរ​ចំនួន​3​គូ និង​គូប​រទេស​ខ្មែរ​-​ថៃ​ចំនួន​2គូ។ លោក ម៉ា ស៊ី​ថេត ប្រធាន​ចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​នៅ​CBS​នេះ បានបញ្ជាក់​ឲ្យ​ដឹងថា នៅក្នុង​ការប្រកួត​គូ​អន្តរជាតិ​ពីរ​គូ​នោះ អ្នក​ដែល​ឈ្នះ​នឹង​ទទួលបាន​ប្រាក់​លាន​ដែលជា​រង្វាន់​បន្ថែម​លើ​តម្លៃ​ខ្លួន​របស់​កីឡាករ ដែល​ក្នុងនោះ​អ្នក​ដែល​ឈ្នះ​ទទួលបាន​1​លាន​រៀន ហើយ​បើ​ស្មើគ្នា គឺ​កាច់​ជា​ពីរ​50​ម៉ឺន​ម្នាក់ ។

    លោក ស៊ី​ថេត បញ្ជាក់ទៀតថា ក្នុង​មួយ​កម្ម​វី​ធី ឬមួយ​សប្តាហ៍ ខា​រ៉ា​បាវ​ត្រូវ​រ៉ាប់រង​ចំណាយ​សម្រាប់​ប្រាក់រង្វាន់​នេះ​ចំនួន​2​លាន សម្រាប់​ពីរ​គូ​នោះ ។ លោក​បន្តថា កម្មវិធី​នេះ​លោក​យល់ឃើញថា​ល្អ ព្រោះ​វា​បាន​ជួយ​ដល់​ជីវភាព​កីឡាករ ហើយក៏​ជាការ​លើកទឹកចិត្ត ដើម្បីអោយ​កីឡាករ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ក៏ដូចជា​ប្រកួត​អស់ពី​សមត្ថភាព​ផង៕

  • លី ឌីណា ត្រូវវិញ្ញាណចូលសណ្ឋិត ពេលគ្រងឈុតព្រះនាងឥន្ទ្រទេវី

    លី ឌីណា ត្រូវវិញ្ញាណចូលសណ្ឋិត ពេលគ្រងឈុតព្រះនាងឥន្ទ្រទេវី

    តារាសម្តែងទើបឡើងកូដ កញ្ញា លី ឌីណា ឬឈ្មោះហៅលេងថា ម៉ែគ្រូ ហាក់មានអារម្មណ៍ចម្លែកក្នុងចិត្តរាល់ពេលដែលនាងបន់ស្រន់នៅទីអារាមណាមួយ គឺរមែងមានគ្រូចូលមែនទែន ធ្វើឱ្យអ្នកជុំវិញខ្លួននាំគ្នាស្រឡាំងកាំងតែម្ដង។ ភាពចម្លែកនេះមិនដឹងថា តើថ្ងៃក្រោយនាងនឹងក្លាយជាគ្រូស្នងរូបដ៏ល្បី ឬយ៉ាងណាឡើយ ហើយបើពិតជាដូច្នោះមែន ច្បាស់ជាមានកម្លោះៗរត់ទៅរកគ្រូស្នងរូបម្នាក់នេះមិនខាន បើស្អាតបែបនេះ។

    ជាក់ស្ដែងថ្មីៗនេះ នាងបានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលសាជាថ្មី ជាពិសេសអ្នកដឹកនាំសម្តែង និងអ្នករួមអាជីព ខណៈកំពុងតែសម្តែងដោយគ្រងឈុតព្រះនាងឥន្ទ្រទេវី នាងត្រូវវិញ្ញាណចូលសណ្ឋិតជាថ្មី ដែលលើកនេះមិនមែនជាលើកដំបូងទេ សម្រាប់តារាស្រីកញ្ញា លី ឌីណា។

    តាមរយៈវីដេអូដែលត្រូវបានគេបង្ហោះនៅក្នុងគណនីហ្វេសប៊ុកឈ្មោះ «បរមរាជ ចតុឋាន» បានសរសេរសារយ៉ាងដូច្នេះថា «បារមី វិញ្ញាណ គ្រង..! កំពុងតែសម្តែង ហើយគ្រងឈុតព្រះនាងឥន្ទ្រទេវី ស្រាប់តែវិញ្ញាណចូលសណ្ឋិត កញ្ញា លី ឌីណា ជាក់ស្ដែង កញ្ញា ភីយ៉ា បានអះអាងថា គ្រាន់តែនាងគ្រងឈុតព្រះនាងឥន្ទ្រទេវីហើយភ្លាម រូបនាងចេះតែមានអ្វីម្យ៉ាង មកបញ្ជារាងកាយនាងឱ្យធ្វើសកម្មភាពប្លែកៗ និងឱ្យរាំជាច្រើនលើកមកហើយ ប៉ុន្តែបណ្ដាលមកពីនាងចេះតែបន់ និងចេះតែប្រឹងទប់អារម្មណ៍ ទើបអាការនោះ មិនធ្វើឱ្យឆោឡោក្នុងពេលដំបូងៗ»។

    «យ៉ាងណាមិញ នៅពេលដែលនាងរៀបចូលថត ហើយកំពុងសេរ៉េជាយសំពត់ ស្រាប់តែវិញ្ញាណចម្លែកធ្វើឱ្យនាងបង្វិលខ្លួន រាំរែកទាល់តែបាន ដោយនាងមិនអាចបញ្ជារាងកាយរបស់ខ្លួនបានឡើយ។ នាងត្រូវគេឃើញបង្ហាញទឹកមុខស្លេកស្លាំង និងភ័យយ៉ាងខ្លាំង បន្ទាប់ពីនោះ អ្នករៀបចំកម្មវិធី និងក្រុមការងារចាប់ដៃចាប់ជើង និងជួយបន់ឱ្យនាងបានដឹងស្មារតីឡើងវិញ»។ នេះបើតាមការបញ្ជាក់របស់ប្រភពដដែល។

    គួរបញ្ជាក់ដែរថា កន្លងមកនាង លី ឌីណា និយាយថា ខ្លួនតែងតែភ័យឱ្យតែគ្រងឈុតបុរាណ តែសម្រាប់ស្ថានភាពលើកនេះ គឺនាងមានអារម្មណ៍ភិតភ័យជាងមុន ដោយសារតែតាំងពីតែងឈុតព្រះនាងឥន្ទ្រទេវីហើយភ្លាម ក៏ចង់តែឱ្យនាងលើកដៃរាំដូចអប្សរា ដល់ថ្នាក់នាងខំទប់ស្មារតី មិនហ៊ានទាំងផឹកទឹក និងញាំអីផង ដើម្បីកុំឱ្យភ្លេចខ្លួន បណ្ដោយឱ្យវិញ្ញាណដែលសណ្ឋិតនោះបញ្ជាខ្លួននាងបាន។ ក្រោយពេលគេធ្វើចលនាឱ្យដឹងស្មារតីឡើងវិញ រូបនាងភ័យចង់ស្លន់តែម្ដង ដោយសារតែនាងខ្លាចមានអាការបែបនេះ ហើយថតមិនកើត៕

    ដើម្បីឱ្យជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • ឆ្លើយឆ្លងគ្នាក្ដៅៗ!!  ហេង នរៈកក្កដា អ៊ិន សុភិន និងហង្ស សម្បើមស័ក្ដ

    ឆ្លើយឆ្លងគ្នាក្ដៅៗ!!  ហេង នរៈកក្កដា អ៊ិន សុភិន និងហង្ស សម្បើមស័ក្ដ

    ខណៈដែលតារាសម្ដែង លោក ហង្ស សម្បើមស័ក្ដ បានបង្ហោះសារទារលុយផលិតកម្មមហាហង្សជុំវិញការថតរឿង «សង្គ្រាមមរតក» ដែលបានបញ្ចាំងចប់ទៅហើយ តែនៅមិនទាន់បានបើកលុយដែលនៅសល់នោះ លោក ហេង នរៈកក្កដា និងលោក អ៊ិន សុភិន ត្រូវគេឃើញថា បានចេញមុខប្រតិកម្មភ្លាមៗតែម្ដង។ ទស្សនៈរបស់អ្នកទាំងពីរ បានធ្វើឱ្យម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលស្រទាប់មហាជនកំពុងថ្លឹងថ្លែងថា តើភាគីលោក ហង្ស សម្បើមស័ក្ដ ដែលប្រកាសទារលុយនោះជារឿងត្រឹមត្រូវ ឬការបកស្រាយរបស់ផលិតករ និងតារាសម្ដែងជារឿងសមស្របជាង?។

    លោក ហេង នរៈកក្កដា បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំសូមបញ្ចេញយោបល់បន្តិច សម្រាប់ខ្ញុំ ថតឱ្យផលិតកម្ម (មហាហង្ស) ខ្ញុំដូចជាអត់ដែលមានបញ្ហាកើតឡើងអ៊ីចឹងសោះ ចុះម៉េចគេគ្រប់ៗគ្នាមានបញ្ហារហូតអ៊ីចឹង? ដូចរាល់ថ្ងៃនេះអ៊ីចឹង ខ្ញុំកំពុងបំពេញការងារឱ្យផលិតកម្ម (មហាហង្ស) គឺខ្ញុំកំពុងតែថតរឿង(ព្រលឹង) ខ្ញុំនិយាយដោយស្មោះត្រង់ ខ្ញុំថតឱ្យគាត់ ខ្ញុំស៊ីថ្ងៃ ហើយកុងត្រាបាននិយាយថា ថតចប់បានមួយអាទិត្យ បើកលុយ មែន! ខ្ញុំថតចប់បានមួយអាទិត្យ ខ្ញុំបានបើកលុយទាំងអស់មែន ហើយស្រួលធ្វើការជាមួយខាងពួកគាត់ទៀត! តែម៉េចបានពួកគាត់តែងតែមានបញ្ហារហូតអ៊ីចឹង? តែសម្រាប់ខ្ញុំ គឺវាមិនដែលមានរឿងអីកើតឡើងសោះ អ្វីដែលសំខាន់បំផុត គឺយើងត្រូវមកថតឱ្យទាន់ពេលវេលា គោរពតាមលក្ខខណ្ឌក្នុងកុងត្រា និងតាមអ្វីដែលយើងបាននិយាយគ្នា..! ខ្ញុំសង្ឃឹមថា ភាគីទាំងសងខាងនឹងដោះស្រាយបញ្ហានេះបានឆាប់ៗ»។

    ស្រដៀងគ្នានឹងលោក ហេង នរៈកក្កដាដែរ ចាងហ្វាងផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានឆ្លើយបញ្ជាក់ថា ហេតុផលដែលខាងមហាហង្សមិនព្រមបើកលុយ 50ភាគរយឱ្យលោក ហង្ស សម្បើមស័ក្ដ គឺបណ្ដាលមកពីលោកមិនបានមកថតភាពយន្តរឿង «សង្គ្រាមមរតក» ឱ្យចប់សព្វគ្រប់តាមអ្វីដែលបានព្រមព្រៀងនោះទេ ដោយភាពយន្តទាំងមូលមានចំនួន 50ភាគ តែភាពយឺតយ៉ាវ ដែលបណ្ដាលមកពីលោក ហង្ស សម្បើមស័ក្ដ មិនមានពេលថតឱ្យគ្រប់គ្រាន់ ទើបធ្វើឱ្យក្រុមហ៊ុនសម្រេចចិត្តកាត់ប្លង់មួយចំនួនចោល ហើយថតបានតែ 38ភាគឱ្យខាងទូរទស្សន៍។ លោកបានបញ្ចេញឯកសារបណ្ដឹងមួយ ដែលមេធាវីតំណាងឱ្យក្រុមហ៊ុនបានជូនដំណឹងឱ្យលោក ហង្ស សម្បើមស័ក្ដ មកបំពេញការងារ​ឱ្យចប់សព្វគ្រប់ ដើម្បីកុំឱ្យមានការសងថ្លៃខូចខាតរបស់ផលិតកម្ម ឬត្រូវបង្កកប្រាក់កម្រៃមិនទាន់បើក។ យ៉ាងណាមិញ លោកថា ខ្លួនសុខចិត្តតម្កល់បណ្ដឹងនោះ ដោយនៅតែប្រកាន់ជំហរបើកលុយឱ្យគ្រប់ដដែល ដោយគ្រាន់តែសម្រេចចិត្តឱ្យយូរបន្ដិច​ប៉ុណ្ណោះ ដើម្បីឱ្យបានដឹងថា បើពេលថតរឿងធ្វើបាបផលិតករ គឺផលិតករត្រូវតែធ្វើបាបវិញពេលសុំបើកលុយ។

    មកទល់ម៉ោងនេះ គេនៅមិនទាន់ឃើញលោក ហង្ស សម្បើមស័ក្ដ បង្ហោះសារថ្មីជាការឆ្លើយតបនោះទេ ក្រៅតែពីការបានបង្ហោះសារដដែលថា «ជំរាបសួរបងប្រុសអូនឧស្សាហ៍ ខ្ញុំខលទៅបង គឺជាប់រវល់រហូត ហើយខ្ញុំបានឆាតទៅបង ក៏គ្មានការឆ្លើយតបដែរ មូលហេតុដែលជំរុញឱ្យខ្ញុំផូស្ត ព្រោះមិនមានវិធីទាក់ទងបាន បងបានសន្យាបើកលុយបញ្ចប់ 80%ក្នុងរឿងសង្រ្គាមមរតកដែលបានដាក់បញ្ចាំងចប់បរិបូរណ៍ហើយនៅស្ថានីយទូរទស្សន៍មួយ ហើយលើកថ្ងៃជាមួយខ្ញុំ 4ដងហើយពេលនេះខ្ញុំត្រូវការប្រើប្រាស់ចាំបាច់បើបងបានឃើញហើយ សូមទាក់ទងមកប្អូនវិញផង ព្រោះគួរតែគោរពសម្តីខ្លួនឯង យើងបានចរចាគ្នាថានឹងបើកបញ្ចប់ហើយ បើនៅតែគ្មានការឆ្លើយតបពីបងប្រុសអូនឧស្សាហ៍ វាត្រូវជំរុញឱ្យខ្ញុំសុំចម្លើយពីលោកអគ្គនាយកផលិតកម្មដើម្បីបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួនសូមអគុណ!»៕

  • Strootman នឹងចេញពីក្លិប Roma ទៅចូល​រួម​ជាមួយ​ក្លិប Marseille

    Strootman នឹងចេញពីក្លិប Roma ទៅចូល​រួម​ជាមួយ​ក្លិប Marseille

    ខ្សែ​បម្រើ​អន្តរ​ជាតិ​ហូ​ឡង់ Kevin Strootman ពី​ក្លិប Roma បាន​ចូល​រួម​ជាមួយនឹង​ក្លិប Marseille ក្នុង​តម្លៃខ្លួន​ 25លាន​អឺ​រ៉ូ (ស្មើនឹង​ 29លានដុល្លារ​អាមេរិក)​។

    កីឡាករ​វ័យ​ 28ឆ្នាំ​រូបនេះបាន​​លេង​ក្នុងការ​ប្រកួត​ 44លើក ​កាលពី​រដូវ​កាល​មុន ខណៈ​ដែលក្រុម Roma បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​3 ​នៅ​លើ​តារាងក្រប​ខ័ណ្ឌ Serie A និង​បាន​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃក្រប​ខ័ណ្ឌ Champions League​។ ក្លិប Marseille បានប្រកាស​ពីការ​ចុះហត្ថលេខា​នេះតាម​រយៈ​ការ​បង្ហោះ​វី​ដេអូ​ផងដែរ​។ ក្លិប  Roma​ បាន​ឱ្យ​ដឹង​ថា៖ «ក្លិបនេះ សូម​ថ្លែង​អំណរ​គុណ​ដល់ Kevin សម្រាប់​សេវា​កម្ម​របស់​គេ​ក្នុង​រយៈពេល​ជាច្រើនឆ្នាំមក​នេះ និង​សូម​ជូនពរ​ឱ្យ​រូប​​គេ​ជួប​តែ​សំណាង​ល្អ​ទៅថ្ងៃ​អនាគត​»​។ Strootman បាន​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Rudi Garcia ដែល​ជា​គ្រូបង្វឹក​របស់ Marseille នា​ពេល​បច្ចុប្បន្ន នៅពេល​ដែល​រូបគេ​បាន​ចូល​រួម​ជា​មួយ​នឹង​ក្លិប Roma ពីក្លិប PSV Eindhoven កាលពីឆ្នាំ​2013​។ រូប​គេគឺ​ជាកីឡាករ​​​ឆ្នើម​ទី​3 ​ក្នុងការ​ចាក​ចេញពី Roma នៅ​រដូវក្តៅនេះ ក្រោយពី​អ្នក​ចាំ​ទី​អន្តរ​ជាតិ​ប្រេស៊ីល Alisson ​បាន​ចូល​រួម​ជាមួយ​នឹងក្លិប Liverpool ហើយ​ខ្សែ​បម្រើ RadjaNainggolan បានចូល​​រួម​ជាមួយ​នឹងក្លិប Inter Milan​។

    រូប​គេ​បាន​បង្ហាញខ្លួន​ជា​អន្តរ​ជាតិ​ចំនួន​ 41លើក​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ហូ​ឡង់ បើ​ទោះ​បី​​បញ្ហា​របួស​ 2លើក​បាន​រំខាន​ដល់​ពេល​វេលា​របស់​គេនៅឯ​ក្លិប Roma និង​បាន​ធ្វើ​ឱ្យរូប​គេ​អវត្តមាន​ក្នុង​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​2014 ក៏ដោយ​។ ការ​ចុះហត្ថលេខា​ជាមួយ​នឹង Strootman នឹង​ជួយ​ឱ្យ​ក្លិប Marseille បំពេញកន្លែង​ទំនេរ​ដែល​ត្រូវ​បាន​ចាក​ចេញ​ដោយ​ខ្សែ​បម្រើ​អន្តរ​ជាតិ​កាមេរូន Andre-Frank ZamboAnguissa ដែល​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ក្លិប Fulham កាល​ពី​ដើម​ខែ​នេះ សម្រាប់​តម្លៃខ្លួន​ 30​លាន​អឺ​រ៉ូ​៕

    ប្រភព​​ពី៖ BBC

  • ស្ងាត់ៗ តារាសម្ដែង ភុល សុវណ្ណដានីន ឡើងតំណែងក្នុងអាជីពជាមន្ត្រីរាជការ

    ស្ងាត់ៗ តារាសម្ដែង ភុល សុវណ្ណដានីន ឡើងតំណែងក្នុងអាជីពជាមន្ត្រីរាជការ

    នៅលើហ្វេសប៊ុក គេឧស្សាហ៍ឃើញតារាសម្ដែង លោក ភុល សុវណ្ណដានីន បង្ហោះពីសកម្មភាពការងារជាប៉ូលិសក្នុងឯកសណ្ឋានជាហូរហែ ប៉ុន្តែមានមនុស្សតិចណាស់ដែលចាប់អារម្មណ៍ ព្រោះមានអ្នកគាំទ្រខ្លះនឹកស្មានថា នោះគ្រាន់តែជាសកម្មភាពក្នុងការថតកុន ឬស្លៀកឯកសណ្ឋានប៉ូលិសក្នុងឈុតឆាកណាមួយប៉ុណ្ណោះ ដូច្នេះហើយទើបម្នាក់ៗស្រាប់តែលាន់មាត់ភ្ញាក់ផ្អើលតែម្ដង នៅពេលដែលតួអង្គចិត្តអាក្រក់រូបនេះ ត្រូវបានក្រសួងមហាផ្ទៃដំឡើងមុខតំណែង ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា លោកគឺជាតារាសិល្បៈដែលឡូយមិនធម្មតាឡើយ។

    នៅលើហ្វេសប៊ុកលោកបានបង្ហោះថា លោកបានឡើងមុខតំណែងជានាយផ្នែកសរុបនៃការិយាល័យបណ្ដុះបណ្ដាល ដែលមានតួនាទីជាអ្នកបណ្ដុះបណ្ដាលមន្ត្រីប៉ូលិសនៅទូទាំងប្រទេសខាងផ្នែកកម្ចាត់គ្រឿងញៀន ការជួញដូរ និងបញ្ហាព្រហ្មទណ្ឌផ្សេងៗ។ យ៉ាងណាមិញ លោកបានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ការទទួលឋានន្តរស័ក្តិជាអនុសេនីយ៍ឯក(ស័ក្ដិ 3)នេះដោយសារតែមុខតំណែងរបស់លោក មិនមែនជាការលើកបន្តុបដោយសារតែលោកជាតារាសិល្បៈនោះទេ តែជាមុខតំណែងដែលបានពីការតស៊ូបម្រើការងារនៅក្នុងអគ្គស្នងការនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ តាំងពីឆ្នាំ2014មកម្ល៉េះ គឺបន្ទាប់ពីលោកបានប្រឡងជាប់ក្របខ័ណ្ឌ និងទទួលការហ្វឹកហ្វឺនក្លាយជាមន្ត្រីពេញសិទ្ធិប្រចាំក្រសួងរួចមក។

    ការបង្ហោះឱ្យដឹងពីការឡើងតំណែងថ្មីៗនេះ មានអ្នកគាំទ្រជាច្រើនបានសរសើរថា តារាសម្ដែងរូបនេះ គឺជាតារាដែលមានការងារជារាជការ និងមុខតំណែងធំដុំ ស្របគ្នាដែលកេរ្តិ៍ឈ្មោះនៅក្នុងវិស័យសិល្បៈរបស់លោកក៏ងើបត្រដែតឡើងខ្លាំងនាពេលចុងក្រោយនេះដែរ។ គួររំឭកដែរថា លោកត្រូវបានគេស្គាល់ច្រើន បន្ទាប់ពីបានសម្ដែងក្នុងតំណែងជាតួកាចតួចិត្តអាក្រក់ និងជាតួបាញ់បោះ ដោយស្នាដៃដែលផ្ទុះខ្លាំងជាងគេគឺរឿង «មនុស្សឆ្កួត» ដែលបានទទួលជោគជ័យនៅក្នុងរោងភាពយន្តកាលពីពេលមុននេះ។

    ថ្មីៗនេះ លោកបានប្រកាសថា លោកកំពុងត្រៀមខ្លួនសម្ដែងនៅក្នុងភាពយន្តធំមួយទៀតរបស់ផលិតកម្ម LD  ដោយលោកនឹងសម្ដែងជាតួអង្គចិត្តអាក្រក់ដូចសព្វដងនៅក្នុងខ្សែភាពយន្តរឿង «កូនក្រក» ដែលត្រៀមនឹងចេញថតក្នុងពេលឆាប់ៗនេះឯង។ លោកអះអាងថា ការសម្ដែងភាពយន្ត មិនប៉ះពាល់ដល់ការងារជាមន្ត្រីរាជការរបស់លោកឡើយ ដោយសារតែលោកទទួលសម្ដែងតែក្នុងថ្ងៃសៅរ៍-អាទិត្យ និងថ្ងៃឈប់សម្រាកប៉ុណ្ណោះ ឯម៉ោងពេលរដ្ឋបាល គឺលោកទៅធ្វើការ និងបំពេញបេសកកម្មដូចមន្ត្រីទូទៅជាធម្មតា៕