Author: អេបិល

  • តិចច្រឡំដុតផាវ​ថ្ងៃចូលឆ្នាំចិន!! ឆ្នាំនេះសាលារាជធានីភ្នំពេញ​នៅតែចេញ​បម្រាម​មិនឱ្យ​ដុតផាវ

    តិចច្រឡំដុតផាវ​ថ្ងៃចូលឆ្នាំចិន!! ឆ្នាំនេះសាលារាជធានីភ្នំពេញ​នៅតែចេញ​បម្រាម​មិនឱ្យ​ដុតផាវ

    សាលារាជធានីភ្នំពេញ​បានចេញសេចក្តីជូនដំណឹង​នៅថ្ងៃទី29 ខែមករា ម្សិលមិញ ឱ្យ​មន្ត្រីនៅមូលដ្ឋាន​រៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយ​សាធារណៈ​ក្នុងឱកាស​ចូលឆ្នាំចិ​ន និងវៀតណាមនេះឱ្យបានល្អ។

    នៅក្នុងសេចក្តីជូនដំណឹងនោះ សាលារាជធានីបាន​ធ្វើការណែនាំដល់មន្ទីរអង្គភាពទាំងអស់​ចំនួន 7ចំណុចសំខាន់ៗដូចជា៖

    ទី1- ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ​ក្នុងឱកាសពិធីបុណ្យនេះ។ ហាមមិនឱ្យលេងល្បែងគ្រប់ប្រភេទដែលមានលក្ខណៈស៊ីសង និង​រាល់ការហែក្បួនផ្សេងៗទាំង​បែបសាសនា ឬប្រពៃណីត្រូវសុំការអនុញ្ញាតជាមុន។

    ទី2- នៅគ្រប់ទីកន្លែង​កម្សាន្តសប្បាយ​ មន្ទីរ អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និង​ត្រូវប្រុងប្រយ័ត្ន​ក្នុងការអុចទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន​ ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើង។ ដោយឡែកការដុតក្រដាសសែន​ត្រូវប្រើធុងដែក ឬឆ្នាំដីដើម្បីដុត ហាមដាច់ខាតមិនឱ្យ​ដុតលើចិញ្ចើម​ផ្លូវ​ ឬទ្រូងផ្លូវសាធារណៈ។

    ទី3- ចាប់ពីពេលនេះតទៅអាជ្ញាធរ​មានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវចាត់វិធានការ​ឱ្យបានម៉ឹងម៉ាត់​បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទ​តាមច្រកចូលរាជធានីភ្នំពេញ និងត្រូវ​ត្រួតពិនិត្យ​និងដកហូតវត្ថុទាំងនោះ បើមានតាំងលក់គ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។

    ទី4- គ្រប់អង្គភាព សាលាខណ្ឌ និងសង្កាត់ ត្រូវផ្សព្វផ្សាយ​ណែនាំដល់មន្ត្រីរាជការ និយោជិត កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋ​ក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព។

    ទី5- មន្ទីរធម្មការ និងសាសនា​រាជធានីត្រូវអញ្ជើញសមាគមចិន និងវៀតណាម មកដើម្បីផ្សព្វផ្សាយ​ជូននូវខ្លឹមសា​រ​ខាងលើឱ្យបានទូលំទូលាយ។

    ទី6- ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ និងបញ្ជាការដ្ឋាន​យោធភូមិភាគ​ពិសេស​ត្រូវចេញបទបញ្ជាឱ្យបានម៉ឹងម៉ាត់​ដល់កម្លាំងរបស់ខ្លួនដើម្បីអនុវត្តឱ្យ​មាន​ប្រសិទ្ធភាព។

    ទី7- ជនណាបំពាន​លើសេចក្តីណែនាំ​នេះ ឬប្រព្រឹត្តល្មើស​ បង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់​សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ​ ត្រូវទទួលទោសតាមច្បាប់ជាធរមាន៕

  • ត្រូវតាមក្បួនហុងស៊ុយ ឆ្នាំជ្រូក 2019 ត្រូវរៀបសំណែនអ្វីខ្លះ?

    ត្រូវតាមក្បួនហុងស៊ុយ ឆ្នាំជ្រូក 2019 ត្រូវរៀបសំណែនអ្វីខ្លះ?

    បុណ្យចូលឆ្នាំចិន ឬហៅម្យ៉ាងទៀតថា បុណ្យនិទាឃរដូវ គឺថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតសម្រាប់ជនជាតិចិន។ បុណ្យចូលឆ្នាំចិនត្រូវបានប្រើប្រតិទិនឆ្នាំដូចគ្នា និងក៏ត្រូវបានប្រើនៅក្នុងប្រទេសដែលយល់ព្រមទទួល ឬក៏បានទទួលឥទ្ធិពលពីវប្បធម៌នៃជនជាតិហាន ជាពិសេសប្រជាជនតៃវ៉ាន់ ជនជាតិកូរ៉េ ជនជាតិជប៉ុន និងជនជាតិយួន។

    គេជឿថា បើតាមក្បួនហុងស៊ុយនៅឆ្នាំ2019 នៃចក្ររាសីសត្វក្នុងតម្រា គឺចំលើសត្វជ្រូកមាសដែលមានសាខារាសី ( 亥ហៃ ) ដែល​នាំនូវជោគជ័យ លាភសំណាង និងសិរីសួស្តី ដែលជនជាតិចិននិយមហៅថា ងូវហេង នាំសុខសប្បាយចូលខ្លួន និងក្រុមគ្រួសារ។ បើតាមតម្រា តង្វាយសំណែនសម្រាប់សត្វជ្រូកទេព គឺមានអាហារប្រភេទផ្លែឈើ ដែលគេហៅថា គ្រឿងទិព្វ និងគ្រឿងអាហារសរសៃ ដែលជាចំណីរបស់សត្វជ្រូក និងមានជំនឿថា នឹងរកស៊ីឡើងដូចសរសៃអំបោះមាស។ តង្វាយនេះនឹងត្រូវរៀបចំសែននៅក្នុងថ្ងៃច័ន្ទ ទី4 ខែកុម្ភៈ ឆ្នាំ2019។

    ចំពោះអត្ថន័យនៃការថ្វាយតង្វាយមានដូចជា ៖

    *តង្វាយផ្លែឈើ

    -ចេក៖ នាំលាភចូលផ្ទះ។

    -ប៉ោម៖ នាំមកនូវក្ដីសុខសប្បាយ។

    -សារីមាស៖ នាំទ្រព្យមាស ប្រាក់ លុយកាក់មកឱ្យ។

    -ក្រូចមាស៖ នាំសុភមង្គល។

    -ទំពាំងបាយជូរ៖ នាំមកនូវភាពចម្រើនរុងរឿង។

    -ម្នាស់៖ នាំមកនូវជ័យជំនះ បណ្ដេញឧបមង្គល។

    *តង្វាយអាហារ

    -មាន់៖ រីកចម្រើនក្នុងការងារ។

    -ទា៖ ស្មោះត្រង់ បរិសុទ្ធ។

    -ត្រី ៖ ទទួលបាននូវគ្រឿងបរិភោគបរិបូរណ៍ហូរហៀរ។

    -ជ្រូក៖ ភាពសម្បូរសប្បាយ ឧត្តុង្គឧត្តម។

    -គ្រឿងសរសៃមី៖ រកស៊ីឡើងដូចសរសៃអំបោះមាស អាយុវែង។

    -សារាយសមុទ្រ៖ ភាពមានបាន រុងរឿង។

    *តង្វាយក្រដាស

    ក្រៅពីការថ្វាយតង្វាយខាងលើហើយ បុព្វបុរសចិនជឿថា ការដុត និងសែនក្រដាសប្រាក់-មាស និងរបស់ប្រើប្រាស់ផ្សេងៗទៀត គឺទុកសម្រាប់ប្រើនាស្ថានភព ព្រោះជនជាតិចិនជឿថា នៅពេលស្លាប់ទៅ ពួកគេនឹងទៅភពមួយទៀតដែលហៅថា « អ៊ីមកាំង» ដូច្នោះទើបកូនចៅត្រូវដុតក្រដាសលុយ មាស-ប្រាក់ ទៅឱ្យបុព្វបុរសខ្លួន ដើម្បីសម្ដែងភាពកត្តញ្ញូ ដឹងគុណដល់កាលដែលលោកចិញ្ចឹមបីបាច់ថែរក្សាកូនចៅ កាលនៅមានជីវិត៕

  • ប្រាសាក់សម្ពោធបណ្ណាល័យមួយខ្នងទៀត ដើម្បីលើកកម្ពស់វិស័យអប់រំ និងចូលរួមអភិវឌ្ឍជាតិ

    ប្រាសាក់សម្ពោធបណ្ណាល័យមួយខ្នងទៀត ដើម្បីលើកកម្ពស់វិស័យអប់រំ និងចូលរួមអភិវឌ្ឍជាតិ

    ខេត្តកំពង់ស្ពឺ៖ ក្នុងការបន្តចូលរួម​ជំរុញ​វប្បធម៌អានរបស់​សិស្សានុសិស្ស​ និងលើកកម្ពស់​ធនធាន​មនុស្សនៅកម្ពុជា អគារ​បណ្ណាល័យ​ដ៏​ថ្មី​សន្លាង​ពណ៌បៃតងមួយ​ខ្នង ដែលបានសាងសង់ និងបំពាក់បរិក្ខារបណ្ណាល័យ ដោយប្រើមូលនិធិ​នៃគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ប្រាសាក់ ​ស្ថិតក្នុង​​សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ចំការដូងក្នុងភូមិត្រពាំងអន្ទង់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺត្រូវ​បានដាក់សម្ពោធ​ឱ្យ​ប្រើប្រាស់​​ជា​ផ្លូវ​ការ​ កាលពីព្រឹក​ថ្ងៃទី28 ខែមករា ឆ្នាំ2019 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។

    ចូលរួមជាគណៈអធិបតីក្នុងពិធីនេះផងដែរ រួមមាន ​ឯកឧត្ដម សំ រិទ្ធី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ឯកឧត្ដម លី សុន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភាជាតិ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តមវ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ាង ស៊ីណេ អនុរដ្ឋ​លេខា​ធិការក្រសួងអប់រំ យុវជន និងកីឡា លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ លោក ងួន វាសនា អភិបាលនៃគណៈអភិបាលស្រុកឧដុង្គ និងលោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។

    ​ពិធីសម្ពោធសមិទ្ធផលថ្មីនេះ ក៏មានការ​ចូលរួម​ផងដែរពីតំណាង​មន្ទីរ​នានានៅខេត្ត​កំពង់ស្ពឺ អាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និង​ប្រជាជន​ជាច្រើនរយនាក់។

    នៅក្នុងឱកាសនោះ លោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានថ្លែងថា ប្រាសាក់ ជាគ្រឹះស្ថានឯកជនបានផ្ដួចផ្ដើមកសាងអគារបណ្ណាល័យជូនដល់សិស្សនុសិស្សនៅតាមសាលារៀនជាច្រើននៅទូទាំងប្រទេស។ ទន្ទឹមនឹងការរីកចម្រើនរបស់ប្រាសាក់ ក៏ដូចជាការថ្លែងអំណរគុណចំពោះអតិថិជនដែលបានគាំទ្រ និងប្រើប្រាស់ផលិតផល និងសេវារបស់ប្រាសាក់នាពេលកន្លងមក ប្រាសាក់បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារសង្គម និងបង្កើតកម្មវិធីជាច្រើន ដែលផ្ដល់អត្ថប្រយោជន៍ដល់សង្គមដូចជា កម្មវិធីជំនួយសង្គ្រោះបន្ទាន់ដើម្បីគាំពារអតិថិជនរបស់ខ្លួនដែលជួបប្រទះ និងទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ កម្មវិធីមនុស្សធម៌ និងការឧបត្ថម្ភសកម្មភាពសង្គមនានា ជាពិសេសការចូលរួមចំណែកបណ្ដុះវប្បធម៌អានតាមរយៈ «គម្រោងបណ្ណាល័យ» ។

    លោកបន្តថា សម្រាប់អគារបណ្ណាល័យនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុនសែន ចំការដូងនេះគឺជាអគារបណ្ណាល័យទី27ហើយ ដែលបានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការក្នុងចំណោមបណ្ណាល័យទាំងអស់ 31ខ្នង។ អគារបណ្ណាល័យនេះជានិមិត្តរូបមិនចេះរីងស្ងួត និងមិនចេះសាបសូន្យនៃទំនាក់ទំនង និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមករវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ និងអតិថិជន ក៏ដូចជាប្រជាជនក្នុងសហគមន៍ទាំងមូល ហើយបណ្ណាល័យនេះក៏ជាកេរមរតករបស់ប្រាសាក់សម្រាប់ទុកជូនសិស្សានុសិស្សដែលជាកូនចៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ទាំងបច្ចុប្បន្ន និងអនាគត។ លោកបញ្ជាក់ថា ប្រាសាក់​មិន​ត្រឹម​តែ​ផ្ដល់​តួ​អគារបណ្ណាល័យ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​​ឧបត្ថម្ភ​ការបំពាក់​ធនធាន​សម្ភារ ឯកសារ និង​ការបណ្ដុះបណ្ដាល​បណ្ណារក្សថែមទៀតផង ដើម្បី​ឱ្យ​បណ្ណាល័យ​នេះដំណើរការបានដោយ​រលូន​ ក្រោមកិច្ច​សហការលើគម្រោងពីនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា​។ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរដែនដី ដែលបានជួយជ្រោមជ្រែងឱ្យគម្រោង​នេះ​លេច​ជារូបរាង​ឡើង។

    លោក ថន ណារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រាសាក់ ដែល​បាន​កសាងអគារ​បណ្ណាល័យជាច្រើនដល់ទឹកដីខេត្តកំពង់ស្ពឺ ដើម្បី​រួម​ចំណែក​លើកស្ទួយ​វិស័យអប់រំនៅ​ក្នុង​ខេត្ត ក៏ដូចជាលើកស្ទួយធនធានមនុស្សនៅ​កម្ពុជា​ផងដែរ។ នេះជាការរួមចំណែក​ដ៏ធំធេង​ដល់វិស័យអប់រំ និងសូម​វាយ​តម្លៃ​ខ្ពស់​ចំពោះកាយវិការដែលមិនអាចកាត់ថ្លៃនេះបាន។ លោកក៏បាន​សំណូមពរ​ឱ្យ​សិស្សានុសិស្សត្រូវខិតខំរៀនសូត្រ និងស្រាវជ្រាវដោយយកបណ្ណាល័យ​នេះ​ជាមិត្ត និងជួយ​ថែរក្សា​អគារបណ្ណាល័យ​នេះ​ឱ្យ​បាន​ល្អ​ ដើម្បី​អាច​ប្រើប្រាស់​បានរាប់​ជំនាន់​តទៅ​មុខ​។

    ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ដោយសារ​ម្លប់សុខ​សន្តិភាព និងសុវត្ថិភាពសង្គម ប្អូនៗជាសិស្សានុសិស្ស ពិតជាមានសំណាង​ណាស់ដែល​បាន​ទទួល​ការ​សិក្សា​អប់រំ​បាន​ត្រឹមត្រូវ ដោយមានសាលារៀន មានបណ្ណាល័យ និងមានសៀវភៅច្រើនសម្បូរ​បែប​សម្រាប់​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ ក្រេបយក​ចំណេះដឹង។ ហេតុនេះ ប្អូនៗត្រូវខិតខំរៀន​សូត្រ​អភិវឌ្ឍខ្លួន​ឱ្យបាន​ល្អ​ប្រសើរតាមរយៈ​បណ្ណាល័យ​នេះដើម្បីសមជាទំពាំងស្នងឫស្សី។

    ថ្លែងនៅក្នុងពិធីនេះដែរឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែល​ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនមានការវិវឌ្ឍជាច្រើនដំណាក់កាលគួរឱ្យ​កត់​សម្គាល់ និង​រួមចំណែក​ក្នុងការ​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋតាមរយៈការផ្ដល់កម្ចីផ្ដល់ឱកាស​ការងារជាច្រើនដល់ប្រជាជនខ្មែរ ដែល​ជាចំណែក​ក្នុងការកសាង​ខឿន​សេដ្ឋកិច្ចកម្ពុជា។ ទោះបីជាគ្រឹះស្ថានឯកជនក្ដី ក្រៅពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ប្រាសាក់ក៏បានខិតខំប្រឹងប្រែងក្នុងកិច្ចការសង្គម និងការងារមនុស្សធម៌ ដែលជាពិសេសគឺការផ្ដោតជាអាទិភាព លើវិស័យអប់រំ។

    ឯកឧត្ដមសង្ឃឹម​និងជឿជាក់យ៉ាង​មុតមាំថាការជួយកសាងបណ្ណាល័យរបស់ប្រាសាក់នៅតាមបណ្ដាខេត្តនានា គឺជាការចូលរួមដ៏សំខាន់ដោយផ្ទាល់ក្នុងការលើក​កម្ពស់​វិស័យ​អប់រំ ជាពិសេស​ចូលរួម​ចំណែក បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ប្រកប​ដោយ​សក្ដានុពល​សម្រាប់​ចូលរួម​អភិវឌ្ឍ​ជាតិ។ សមិទ្ធ​ផល​ដ៏​ល្អ​ផូរ​ផង់​មួយ​នេះ ក៏​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ជា​ដៃ​គូ​ដ៏​ល្អរវាង​វិស័យ​ឯកជន និង​រដ្ឋ​ផងដែរ។

    ឯកឧត្ដមបានលើកឡើង​ទៀតថា ឯកឧត្ដមចង់ឃើញប្អូនៗដែលជាអនាគតនៃប្រទេសជាតិ មានជោគជ័យ​ក្នុង​ជីវិត មានសមត្ថភាពគ្រប់គ្រាន់ មានភាពចាស់ទុំ ហើយឈានទៅទទួល​ខុសត្រូវ​ជោគវាសនា​របស់​ប្រទេសជាតិ ។ ហេតុនេះ ប្អូនៗត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតកម្ពុជា ដ្បិតគ្មានអ្វីសំខាន់ជាងចំណេះដឹង​នោះទេ ដោយត្រូវប្រឹងប្រែងសិក្សាបន្ត ត្រូវអានសៀវភៅ ព្រោះសៀវភៅជាប្រភពនៃគំនិត និងចំណេះ សមដូច​ពាក្យ​ស្លោក​ថា «រៀនហើយរៀនទៀត រៀនពេញមួយជីវិត»។

    ឯកឧត្ដម ក៏បាន​ណែនាំឱ្យសិស្សានុសិស្ស ត្រូវកសាងខ្លួន​ឱ្យ​មានគុណភាព​ សីលធម៌ គុណធម៌ មេត្តាធម៌ មានភាពជឿជាក់ ចេះជួយគ្នា​ទៅវិញទៅមក កុំសេពគប់​ជាមួយបាបមិត្ត ឬ​មនុស្សអវិជ្ជមាន ដែល​រំខាន​ដល់​ការ​កសាង​សមត្ថភាព​របស់​ខ្លួន។ ហើយ​នៅពេល​ប្អូនៗ​ទទួល​បានជោគជ័យ សូមជួយចែករំលែកភាពជោគជ័យរបស់ខ្លួនមកសង្គមជាតិវិញ ដូចដែល​ប្រាសាក់​បាន​ធ្វើនាពេល​នេះ។

    ជាចុងបញ្ចប់ ឯកឧត្ដមក៏​បាន​ថ្លែង​អំណរគុណ​ចំពោះ​លោកគ្រូ-អ្នកគ្រូ ដែល​បាន​ខិតខំ​បណ្ដុះបណ្ដាល​សិស្សានុសិស្សឱ្យ​មានចំណេះ​គ្រប់ៗគ្នា ដើម្បី​ជាសរសរទ្រូង​ប្រទេសជាតិ និងជាអ្នកដឹកនាំពេលអនាគត។

    ​            សូមបញ្ជាក់ថា ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុលំដាប់ទី1 ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជា​ស្ថាប័ន​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​ធ​នា​គារ​ធំៗ​ទាំង​​5​ ​នៅ​កម្ពុជា​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​ ​រួមមាន​៖​ ​សេវា​ឥណទាន​ ​ប្រាក់បញ្ញើ​សន្សំ​ ​ទូទាត់​វិក្កយបត្រ​ទឹក​ ​ទូទាត់​វិក្កយបត្រ​ភ្លើង​ ​​ផ្ទេរ​ប្រាក់​ ​ប្តូរ​ប្រាក់​ ​ទិញ​កាត​ទូរស័ព្ទ​ ​បើកប្រាក់​បៀវត្សរ៍​ ​សេវា​ទូទាត់​រហ័ស​ ​អេ​ធី​អឹម​ សេវា​ធនាគារ​ចល័ត ​ម៉ាស៊ីន​ឆូត​កាត​ ​និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេង​ៗ​ទៀត​ ​ជាមួយនឹង​បណ្តាញ​ការិយាល័យ​ជិត​ 200​​ទីតាំង​ ​និង​បាន​បំពាក់​ម៉ាស៊ីន​អេ​ធី​អឹ​មនៅ​ទូទាំង​ប្រទេស​។

  • បើមិនចង់កើតជំងឺបាក់ទឹកចិត្ត​ (depression)ត្រូវ​សរសេរពីរឿងវិជ្ជមានឱ្យបានច្រើន

    បើមិនចង់កើតជំងឺបាក់ទឹកចិត្ត​ (depression)ត្រូវ​សរសេរពីរឿងវិជ្ជមានឱ្យបានច្រើន

    មនុស្សម្នាក់ៗរស់នៅក្នុងជីវិតដែលលាយឡំគ្នាជាមួយសេចក្តីសុខ និងសេចក្តីទុក្ខ ដែលបញ្ហាទាំងអស់នេះ​បានរុញច្រានមនុស្សឱ្យរស់នៅក្នុងស្ថានភាពឡើងចុះមិនទៀងទាត់។ កត្តានេះទាមទារជាចាំបាច់នូវការគ្រប់គ្រងខ្លួនឯងឱ្យបានល្អ ដើម្បីធានាថា យើងអាចរក្សាសេចក្តីសុខបាននៅគ្រប់ដំណាក់កាល​ កុំបណ្តែតបណ្តោយឱ្យខ្លួនឯងធ្លាក់ក្នុងសភាពសោកសៅ ឬមានវិបត្តិទៅតាមស្ថានការណ៍ធម្មតាៗមួយចំនួន រហូតបង្កើតបានជាទម្លាប់​សោកសៅ។

    មានអ្នកខ្លះដោយសារតែមានទម្លាប់សោកសៅ និងអវិជ្ជមានច្រើនពេក​បានធ្វើឱ្យគាត់ក្លាយជាមនុស្សឆេវឆាវ ទន់ខ្សោយ ហើយ​កើតទុក្ខដោយមិនដឹងមូលហេតុ។ ចំណុចអវិជ្ជមានទាំងអស់នេះអាចអូសទាញឱ្យគាត់ក្លាយជាមនុស្ស​រស់នៅ​ដោយពឹងផ្អែកលើអារម្មណ៍រវើរវាយ ដែលពេលខ្លះ​គាត់មើលឃើញជីវិត​ងងឹតខ្លាំងជ្រុល រហូតរកច្រកចេញមិនឃើញក៏សម្លាប់ខ្លួនតែម្តង។

    យោងតាមការស្រាវជ្រាវពី​ស្ថាប័នចិត្តសាស្ត្ររបស់អង់គ្លេស (British Journal of Health Psychology) បានបញ្ជាក់ថា ការសរសេរ​ពី​អារម្មណ៍វិជ្ជមានអាចជួយ​ដោះស្រាយបញ្ហាទាំងអស់នេះបាន។ ការស្រាវជ្រាវដដែលក៏បានបញ្ជាក់ពីចំណុចផ្ទុយផងដែរថា នៅពេលដែលយើងកត់ត្រាទុក​តែអារម្មណ៍​​អវិជ្ជមាន វានឹងធ្វើឱ្យ​អារម្មណ៍របស់យើងដិតដាមជាមួយនឹងភាពសោកសៅកាន់តែខ្លាំង ហើយវាអាចប៉ះពាល់​ដល់សុខភាពផ្លូវចិត្តកាន់តែខ្លាំង។

    ការសិក្សាស្រាវជ្រាវនេះបានធ្វើឡើងដោយមានអ្នកចូលរួម​ប្រមាណ 71នាក់ ដែលមានអាយុ​ចាប់ពី 19ឆ្នាំ ដល់ 77ឆ្នាំ។ បន្ទាប់មក​អ្នកជំនាញបានបែងចែកអ្នកចូលរួមទាំងអស់ជា 2ក្រុម ដោយ​ក្នុងនោះ​អ្នកចូលរួម 37នាក់ត្រូវបានគេតម្រូវឱ្យសរសេរពី​បទពិសោធ​ល្អៗក្នុងជីវិត ប្រមាណ 20នាទី ក្នុងរយៈពេល 3ថ្ងៃជាប់គ្នា។ ចំពោះអ្នកចូលរួម​ចំនួន 34នាក់ផ្សេងទៀត ត្រូវបានតម្រូវឱ្យសរសេរពីប្រធានបទធម្មជាតិ ក្នុងរយៈពេលដូចគ្នា។

    ជាលទ្ធផល​បានបង្ហាញឱ្យឃើញថា កម្រិតនៃភាពធុញថប់របស់អ្នកចូលរួមដែលសរសេរពី​រឿងល្អៗមានការថយចុះច្រើនជាងអ្នកដែលសរសេរពីធម្មជាតិ។ អ្នកចូលរួមក៏បាន​ផ្តល់របាយការណ៍ផងដែរអំពីកម្រិតនៃការស្ត្រេស អារម្មណ៍ធុញថប់ និង​ស្ថានភាពផ្លូវចិត្តផងដែរក្នុងរយៈពេល 4សប្តាហ៍ក្រោយពេលធ្វើតេស្តសរសេរនេះ ហើយមនុស្សម្នាក់ៗមានស្ថានភាពល្អប្រសើរ និងមានអារម្មណ៍ថា ការរស់នៅមានតុល្យភាពជាងពេលមុន​ចូលរួមកម្មវិធី។

    យុវវ័យកម្ពុជាគួរចាប់អារម្មណ៍លើទម្លាប់សាមញ្ញៗទាំងអស់នេះដើម្បីលើកទឹកចិត្តខ្លួនឯង ហើយដកឃ្លាចេញពីភាព​សោកសៅ​ដែលកើតឡើងដោយហេតុផល​មិនសមស្របមួយចំនួនដូចជា​ការមើលរឿងអាក្រក់​ៗក្នុងបណ្តាញសង្គម បណ្តែតអារម្មណ៍ (drama) ជ្រុលហួសហេតុ និង​​ចែករំលែកតែរឿងកើតទុក្ខជាដើម៕

  • ទឹកប្រាក់100លានរៀល ពីតែបៃតង អ៊ីឈីតាន់ រដូវកាលទី3លើកដំបូង បានធ្លាក់ទៅលើស្ត្រីម្នាក់រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

    ទឹកប្រាក់100លានរៀល ពីតែបៃតង អ៊ីឈីតាន់ រដូវកាលទី3លើកដំបូង បានធ្លាក់ទៅលើស្ត្រីម្នាក់រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

    មានទាំងអស់គ្នាទូទាំងភពផែនដី សម្រាប់រដូវកាលថ្មីទី3 ប្រចាំឆ្នាំ2019 ទឹកប្រាក់រង្វាន់ 100លានរៀល លើកដំបូងរបស់ តែបៃតង អ៊ីឈីតាន់ បានរកឃើញអ្នកដែលមានសំណាង ឈ្នះរង្វាន់ធំរបស់ខ្លួនហើយ គឺបានទៅលើស្ដ្រីវ័យក្មេងម្នាក់មានឈ្មោះ ឌីវ ស្រីឡា អាយុ27ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងបរិវេណទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ថ្លែងប្រាប់ក្រុមការងារដែលជាអ្នកតំណាងក្រុមហ៊ុនចុះប្រគល់ទឹកប្រាក់រង្វាន់ដល់លំនៅដ្ឋានផ្ទាល់ដែលមានអាស័យដ្ឋានដូចខាងលើនេះថា ៖ កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅពេលនាំកូនស្រីទៅផ្សារទិញម្ហូបប្រចាំថ្ងៃ កូនស្រីនបានទារទិញតែបៃតង អ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំ ពេលនោះអ្នកនាងក៏បានទិញមួយដបពីអ្នកលក់នៅក្នុងផ្សារទួលពង្រ ហើយមួលគម្របឱ្យកូនស្រីទទួលទានក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅក្នុងគម្របដបតែម្ដង ។ ភ្លាមនោះអ្នកនាងពិតជាមានបអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏យកមកប្រាប់បងប្អូន និងស្វាមី ដែលមានមុខរបរជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសឱ្យបានដឹង រួមជាមួយនឹងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។

    អ្នកនាងបានបញ្ជាក់ទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ 100លានរៀល ពីតែបៃតង អ៊ីឈីតាន់ អ្នកនាងរួមជាមួយនឹងគ្រួសារ នឹងយកមួយចំនួនទិញដី សង់ផ្ទះ និងទុកមួយចំណែកទៀតសម្រាប់បង្កើតអាជីវកម្មលក្ខណៈគ្រួសារ ដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។ ជាមួយគ្នានេះ អ្នកនាងក៏ដូចជាក្រុមគ្រួសារ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ ដែលបានបង្កើតឱ្យមានកម្មវិធីដ៏អស្ចារ្យ ដែលអាចជួយកែប្រែជីវភាពគ្រួសាររបស់អ្នកនាងឱ្យកាន់តែល្អប្រសើរជាងមុន។

    គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី3 ឆ្នាំ2019 នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ 100លានរៀល រហូតដល់ 70រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន70រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក ៕

  • ជំនឿ និងតំណមថ្ងៃចូលឆ្នាំចិន…បើធ្វើបានតាមហ្នឹង ច្បាស់ជារកស៊ីកាន់តែមានឡើងមិនខាន

    ជំនឿ និងតំណមថ្ងៃចូលឆ្នាំចិន…បើធ្វើបានតាមហ្នឹង ច្បាស់ជារកស៊ីកាន់តែមានឡើងមិនខាន

    តាមប្រវត្តិសាស្រ្តចិន មានជំនឿពីបុរាណលើការគោរពបូជាពិធីបុណ្យចូលឆ្នាំថ្មី ឬហៅថា បុណ្យនិទាឃរដូវ យ៉ាងកប់ជ្រៅ និងមានតំណមជាច្រើននៅក្នុងអំឡុងពេលចូលឆ្នាំ 3ថ្ងៃ ជាពិសេសនៅថ្ងៃទី1 ឫហៅថា ឈឺអ៊ិច។ ក្នុងរយៈពេល 3ថ្ងៃនេះ គេចាត់ទុក ជាថ្ងៃពិសេសបំផុតដែលមិនត្រូវធ្វើអ្វីឱ្យល្អក់កករ​​​​​​​​​ប៉ះពាល់ដល់សិរីមង្គល ឫដល់ឆ្នាំថ្មីឡើយ។ គេត្រួវសាងបរិយាកាសឱ្យសប្បាយរីករាយដើម្បីនាំសិរីសួស្តីចូលក្នុងគ្រួសារ និងសមាជិកទាំងអស់។

    តំណមទាំងអស់នោះមានដូចជា ៖

    1-តំណមមិនយំស្រែក

    ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីនេះ ជនជាតិចិនមានតំណមមិនឱ្យកើតរឿងសោកសៅ យំស្រែកឡើយ ពីព្រោះវាអាចនាំមក នូវរឿងអពមង្គលដល់ឆ្នាំថ្មី និងរហូតពេញមួយឆ្នាំ។ តំណមនេះសូម្បីតែកូនចៅដែលតែងតែទទឹងរឹងរូស ក៏ឳពុកម្តាយ ឫមនុស្សចាស់មិនវាយប្រៀនប្រដៅដែរ គឺអត់ទ្រាំរហូតចប់បុណ្យចូលឆ្នាំថ្មីសិន។

    2-តែងខ្លួនឱ្យស្អាត ប៉ុន្តែមិនឱ្យកក់សក់ទេ

    ការស្លៀកពាក់ខោអាវថ្មី និងតុបតែងខ្លួនស្អាតបាត គឺជារឿងសំខាន់បំផុតសម្រាប់ជនជាតិចិនគ្រប់រូបក្នុងការទទួលឆ្នាំថ្មី។ តែទោះបីយ៉ាងណា ក្នុងអំឡុងពេលនេះ គេមានតំណមមួយ គឺហាមកក់សក់ក្បាល ប៉ុន្តែកន្លែងដទៃៗទៀតអាចធ្វើការសម្អាតបានធម្មតា ពីព្រោះថា ការកក់សក់គេមានជំនឿថា ហាក់បីដូចជាការលាងជម្រះជោគសំណាងចេញពីខ្លួនដូច្នោះដែរ។ ចំពោះសម្លៀកបំពាក់ពណ៌ក្រហម គឺជាទីពេញនិយមបំផុត សម្រាប់ស្លៀកពាក់ក្នុងអំឡុងថ្ងៃចូលឆ្នាំចិន។ ពណ៌នេះគេចាត់ទុកជាពណ៌ងូវហេង នាំជោគលាភ សំណាង បណ្ដេញសភាវអាក្រក់ និងនាំយកមកនូវសិរីសួស្តី។ សម្រាប់ក្មេងៗ ឫមនុស្សនៅលីវវិញ គេតែងឱ្យអាំងប៉ាវដែលជាកញ្ចប់លុយពណ៌ក្រហម ព្រមទាំងក្រដាសប្រាក់ថ្មីៗ ដើម្បីទទួលជោគលាភ។

    3-ហាមចូលបន្ទប់អ្នកដទៃ

    ការចូលទៅរកនរណាម្នាក់នៅក្នុងបន្ទប់ដេករបស់គេក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ចាត់ទុកជារឿងអាក្រក់។ ដូច្នេះទោះបីជាមានអ្នកជំងឺ ដែលយើងត្រូវចូលទៅសួរសុខទុក្ខក៏ដោយ ក៏ចាំបាច់ត្រូវតែអង្គុយចាំនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់គេដែរ និង មិនគួរលេងកាំបិត ឬកន្រ្តៃក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីទេ ព្រោះគេមានជំនឿថា នេះជាការកាត់ជោគលាភ ហើយបើមានមុតដៃមុតជើងផងនោះ គឺកាន់តែជួបរឿងអាក្រក់ថែមទៀត។

    4-មិនឱ្យបែកចាន ឬកែវ

    ក្នុងថ្ងៃនេះគេមានការប្រយ័ត្នប្រយែងចំពោះការកាន់ចាន ឬកែវខ្លាំងណាស់ ព្រោះបើមានការបង្កឱ្យមានប្រេះស្រាំ ឬធ្លាក់បែកបាក់ នោះអាចជាប្រផ្នូលនៃការនាំឱ្យបាត់បង់ជោគលាភសំណាង ហើយជីវិតក្នុងឆ្នាំនោះនឹងជួបតែរឿងប្រេះឆាពុំសូវមានសេចក្តីសុខឡើយ៕

  • អ្នកគាំទ្រសម្រែកទ្រហ៊ោយំ ពេលបានស្ដាប់ប្រវត្តិកម្សត់របស់ ខេមរៈ ស្រីពៅ

    អ្នកគាំទ្រសម្រែកទ្រហ៊ោយំ ពេលបានស្ដាប់ប្រវត្តិកម្សត់របស់ ខេមរៈ ស្រីពៅ

    កាលពីរសៀលថ្ងៃទី28 មករា សពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ ត្រូវបានដង្ហែដោយក្បួនរថយន្ត និងក្បួនអ្នកថ្មើរជើង យ៉ាងច្រើនកុះករបានចូលរួមដង្ហែសពរបស់នាងដែលទើបដឹកមកពីមន្ទីរពេទ្យនៅប្រទេសឥណ្ឌា យកទៅបូជាក្នុងវត្តសំរោងអណ្ដែត។ ពិធីដង្ហែក្បួនសពរបស់នាង ក្រៅពីសាច់ញាតិបងប្អូន នៅមានការចូលរួមពីអ្នកដំណើរដែលធ្វើចរាចរណ៍តាមដងផ្លូវផងដែរ។

    មិនត្រឹមតែសាច់ញាតិបងប្អូន ក្រុមគ្រួសារ និងអ្នកសិល្បៈប៉ុណ្ណោះទេដែលបានសម្តែងនូវក្តីអាណិតអាសូរ និងសោកស្តាយ ស្រណោះចំពោះការបាត់បង់តារាចម្រៀងសំនៀងមានទឹកដម ខេមរៈ ស្រីពៅនោះ អ្នកគាំទ្រទាំងអស់ក៏បានសម្ដែងនូវក្ដីរំជួលចិត្តគ្រប់គ្នាផងដែរក្នុងអំឡុងពេលនៃពិធីបូជាសពតារាស្រីរូបនេះ។ នៅក្នុងនោះ មហាជនសង្កេតឃើញថា បន្ទាប់ពីសាកសពបានដង្ហែទៅដល់វត្តសំរោងអណ្តែតហើយ ខណៈពេលរៀបចំពិធីការដើម្បីបូជាសព និងស្ដាប់អំពីប្រវត្តិដ៏កម្សត់របស់ស្រីពៅនោះ សម្រែកទ្រហោយំទួញសោកសង្រេងរបស់មហាជនអ្នកគាំទ្រ និងតារាសិល្បៈ ព្រមទាំងក្រុមគ្រួសារនៃសពជាច្រើននាក់ផងនោះបានបន្លឺឡើងយ៉ាងទ្រហឹង បង្ហាញពីការអាឡោះអាល័យចំពោះតារាស្រីរូបនេះជាខ្លាំង ប្រៀបបាននឹងការជូនដំណើរនាងជាលើកចុងក្រោយដែរ៕

    សូមជម្រាបផងដែរថា ពិធីបុណ្យប្រាំពីរថ្ងៃរបស់តារាស្រី​ ខេមរៈ ស្រីពៅ នឹងធ្វើឡើងនៅថ្ងៃទី 30 ខែមករា ឆ្នាំ 2019 នេះ៕

    សូមស្ដាប់ប្រវត្តិកម្សត់របស់ ខេមរៈ ស្រីពៅ ខាងក្រោមនេះ៖

  • លោកពូ ក្ដឹប ត្រូវបានដឹកចេញពីមន្ទីរពេទ្យថៃ កំពុងធ្វើដំណើរមកកម្ពុជាវិញហើយ

    លោកពូ ក្ដឹប ត្រូវបានដឹកចេញពីមន្ទីរពេទ្យថៃ កំពុងធ្វើដំណើរមកកម្ពុជាវិញហើយ

    ដូចប្រិយមិត្តអ្នកទាំងអស់គ្នាបានដឹងរួចមកហើយអំពីស្ថានភាពជំងឺរបស់នាយក្ដឹប ដែលកន្លងមកមានសភាពស្គមស្គាំង ដេកនឹងកន្ទេល ហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯប្រទេសថៃ។

    គេកត់សម្គាល់ឃើញថា លោកធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរត្រឹមរយៈពេលតែ 1ខែជាងសោះ តែជំងឺប្រចាំកាយរបស់លោកដែលមានដូចជា ទឹកក្នុងសួត ជំងឺ​បេះដូង ​ដាច់សរសៃ​ឈាម និងស្លាប់​មួយ​ចំហៀង​ខ្លួនទៀតនោះ​ បានរុករានរាងកាយរបស់លោកយ៉ាងខ្លាំង ដោយកូនស្រីរបស់តារាកំប្លែងរូបនេះបានបញ្ជាក់ថា ឪពុករបស់នាងត្រូវបានដឹកចេញពីមន្ទីរពេទ្យនៅក្នុងប្រទេសថៃ និងកំពុងធ្វើដំណើរមកកម្ពុជាវិញហើយ។ ស្ថានភាពជំងឺលោក ពិតជាធ្វើឱ្យមហាជន និងសប្បុរសជនទាំងឡាយមានក្ដីព្រួយបារម្ភណាស់។

    នៅក្នុងនោះ កូនស្រីរបស់លោកពូក្ដឹប បានសរសេរសារបញ្ជាក់ពីស្ថានភាពជំងឺរបស់ឪពុកនាងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «29.01.2019សូមឱ្យការវិលត្រឡប់របស់ឳ ប្រកបដោយសុវត្ថិភាពផងចុះ ឳក្ដឹបត្រឡប់មកផ្ទះវិញហើយ សូមឱ្យឳឆាប់ជាពីជំងឺណា៎ឳ។ ម៉ែគាត់នឹងព្យាយាម ទោះពេទ្យថៃនិយាយថាយ៉ាងម៉េចក៏ដោយ ក៏ម៉ែនៅតែព្យាយាមមើលថែឳដែរ ឳត្រូវតែតស៊ូណា៎ ដើម្បីកូនៗ និងម៉ែ ឳមិនត្រូវទៅណាទេ ឮទេឳ!  នាយ(ក្ដឹប)តារាកំប្លែងជើងចាស់ ទោះល្បីខ្លាំងតែមិនសុសសាយ»៕

  • នោះ!! តារាសម្ដែង បញ្ញាសិទ្ធ ត្រូវនារីម្នាក់ពន្លះរឿងខ្ចីលុយមិនសង និងយកលុយចិញ្ចឹមតែប្រុសៗ

    នោះ!! តារាសម្ដែង បញ្ញាសិទ្ធ ត្រូវនារីម្នាក់ពន្លះរឿងខ្ចីលុយមិនសង និងយកលុយចិញ្ចឹមតែប្រុសៗ

    ពិតជារឿងដែលភ្ញាក់ផ្អើលមួយទៀតហើយ ដែលតារាសម្ដែងប្រុស និងច្រៀង លោក បញ្ញាសិទ្ធ ត្រូវបាននារីអ្នកលេងបណ្ដាញសង្គមម្នាក់ បកអាក្រាតរឿងខ្ចីលុយមិនសង ដែលសំណេររបស់នាងអះអាងពីអត្តចរឹតពិតរបស់តារាប្រុសរូបនេះ និងឱ្យលោក សិទ្ធ ចេញមុខដោះស្រាយចំពោះបញ្ហានេះ។

    នារីដែលបង្កភាពភ្ញាក់ផ្អើលនេះ មានគណនីហ្វេសប៊ុកឈ្មោះថា កញ្ញា តែងអន បានបង្ហោះរូបភាពលោក បញ្ញាសិទ្ធ និងបានរៀបរាប់ថា « ពេលត្រូវសងលុយមិច មិនធ្វើចរឹតដូចពេលខ្ចីលុយគេ កុំស្មានតែ Block FB Block លេខទូរស័ព្ទខ្ញុំ ខលមិនលើកអត់មានរឿងអីកើតឡើងនោះ។ ពេលមកពឹងលន់តួម៉េស អះអាងចេះអះអាងចុះ ឥឡូវម្ដេចធ្វើចរឹតធូរថ្លៃម៉េស បើមិនចេញមុខមកដោះស្រាយរឿងលុយនេះទេ និងមានអីលើសពីនេះទៀត ទុកមុខឱ្យច្រើនហើយ ហើយក៏អត់ធ្មត់ច្រើនដែល កុំឱ្យមានលើសពីនេះទេអា …មានលុយអត់សងគេទេ យកចិញ្ចឹមតែប្រុសនឹងហើយ ..មានលុយទើបបានបង់ឡានផ្ដាច់ហ្នឹងហើយ កាលសងលុយគេ»។

    គ្រាន់តែបង្ហោះភ្លាម ស្រាប់តែមហាជនជាច្រើន បានខម្មិន្តចោទសួរពីបញ្ហាពិតរបស់តារាសម្ដែងប្រុសរូបនេះ ។ នារីខាងលើនេះ បានបញ្ជាក់ទៀតថា នាងមិនខ្លាចប្រឈមមុខចំពោះមុខច្បាប់នោះទេ ទទូចឱ្យតារាប្រុសរូបនេះទៅជួបនាងនូវសាលាឃុំ កោះខែលទាំងអស់គ្នាទៀតផង។

    យ៉ាងណាមិញ លោក បញ្ញាសិទ្ធ បានប្រកាសនៅលើបណ្ដាញសង្គមថា ខ្ញុំសូមអោយ acc ( គណនីហ្វេសប៊ុក )មានឈ្មោះ កញ្ញា តែង អន ចេញមុខបកស្រាយ នឹង សូមទោសខ្ញុំជាសារធាណៈ ជាបន្ទាន់ បើមិនចឹងទេ ខ្ញុំនឹងធ្វើតាមផ្លូវច្បាប់។ សូមជម្រាប ខណៈនេះសារព័ត៌មានឡារ៉ែន កំពុងព្យាយាមសុំការបកស្រាយពីសំណាក់តារាសម្ដែង បញ្ញាសិទ្ធ នាព្រឹកនេះ៕

  • កុំឱ្យរំលងភាពយន្ដល្អមើលរឿង «ម៉ាដាមអាប» ផ្ទុះសំណើចពីដើមដល់ចប់

    កុំឱ្យរំលងភាពយន្ដល្អមើលរឿង «ម៉ាដាមអាប» ផ្ទុះសំណើចពីដើមដល់ចប់

    ផលិតកម្មក្លាស៊ិកបានទម្លាយភាពយន្តខ្នាតធំថ្មីរបស់ខ្លួនមួយរឿងទៀត មានចំណងជើងថា «ម៉ាដាមអាប» ដែលជារឿងបែបភ័យរន្ធត់ ព្រឺព្រួច និងកំប្លែងសើចតាំងពីដើមរហូតដល់ចប់ ខណៈដែលទើបតែដាក់សម្ផោធនៅថ្ងៃទី 28 ខែមករា នេះ គេមើលឃើញថា ទាំងសាច់រឿងល្អ ហើយឈុតឆាកសុទ្ធតែបង្កប់ពាក្យពេចន៍ផ្ទុះសម្ដីគ្រប់ប្លង់ រហូតដល់អ្នកទស្សនាលាន់មាត់ថា រឿងមួយនេះល្អមើលមិនចាញ់រឿងប្រទេសជិតខាងឡើយ។ គេរំពឹងថា នឹងទទួលបានជោគជ័យខ្ពស់ ហើយទាក់ទាញហ្វេនៗឱ្យទស្សនារហូតដល់កក់សំបុត្រមិនទាន់។

    ចាងហ្វាងផលិតកម្មក្លាស៊ិកលោក ហួរ សុផល បានប្រាប់ថា ផលិតកម្មក្លាស៊ិកផលិតរឿងបាន 8 មកហើយ ព្រមទាំងមិនធ្វើឱ្យទស្សនិកជនខកបំណងនោះទេ ពោលគឺ សុទ្ធសឹងជារឿងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ហើយលោកក៏គ្រោងផលិតរឿងធំទី9 បន្ដទៀត ដែលសម្រិតសម្រាំងតួសម្ដែងល្បីៗ និងប្រកបដោយទេពកោសល្យសិល្បៈ។ លោក​ថា រឿង«ម៉ាដាមអាប»ចំណាយពេលថត1ឆ្នាំ ព្រោះត្រូវចំណាយពេលចុះទៅរើសទីតាំងថតដល់ទៅ 5កន្លែងដូចនៅប្រាសាទទន្លេបាទី នៅអមលាំងក្នុងបាតជ្រោះ ថតនៅផ្ទះបុរាណខ្មែរ និងថតនៅព្រែកចាកខេត្តកំពត។ យ៉ាងណាមិញ លោក សុផល បានធ្វើការបកស្រាយថា មកទល់សម័យ2019 ហើយ ហេតុអ្វីបានជាងាកទៅផលិតរឿងអាបបែបបុរាណហើយស្រែៗបែបនេះទៅវិញ?។ លោកថា ការពិតអ្វីដែលលោកខំធ្វើដើម្បីបង្ហាញអបិជំនឿរបស់ខ្មែរ និងច្នៃច្របាច់គ្នាដូចជាប្រភេទជាអាប ខ្មោចនាងនាថ ខ្មោចដើមចេកជ្វា និងព្រះម៉ែនាគ ព្រោះចង់ឲ្យ​ខុសគេ ដោយសារផលិតករផ្សេង គេច្រើនផលិតរឿងខ្មោចតាមច្នៃរៀងៗខ្លួន។

    គួរបញ្ជាក់ផងដែរថា ភាពយន្ដល្អមើលមួយនេះ មានវត្តមានសម្ដែងដោយតារាល្បីៗដូចជា អ្នកនាង កាតុ ញឹម ចាន់ថន ឌីជេម៉ៃ កញ្ញាស៊ីស៊ី​ រំដួលលិចទឹក នាយព្រែក តារាហ្វេសប៊ុក ចៅខ្មែរ លោក ឈួន ពន្លឺ និងតារាល្បីៗជាច្រើនរូបទៀត។ សូមជម្រាបដែរថា រឿង «ម៉ាដាមអាប» នឹងចាក់បញ្ចាំងចាប់ពីថ្ងៃ31 មករា ឆ្នាំ2019 គ្រប់រោងភាពយន្តនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាបផងដែរ។ តាមរយៈការទស្សនារួចហើយ ក្រោយកម្មវិធីបញ្ចប់ និងគិតថា រឿងនេះក្រោយចាក់បញ្ចាំងហើយ ពិតជាទាក់ទាញមិត្តអ្នកទស្សនា ជាពិសេសយុវវ័យនាំគ្នាមកទស្សនាកម្សាន្តពេលសម្រាកពីការងារការសិក្សា៕