Author: អេបិល

  • Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​ជំរុញ​សហគ្រាស​ខ្នាត​តូច​ ​និង​មធ្យម​នៅ​កម្ពុជា​ឱ្យ​អភិវឌ្ឍ​ដោយ​បង្កើត​ម៉ាក​សញ្ញា​ខ្លួនឯង​សម្រាប់​ប្រកួតប្រជែង​

    Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​ជំរុញ​សហគ្រាស​ខ្នាត​តូច​ ​និង​មធ្យម​នៅ​កម្ពុជា​ឱ្យ​អភិវឌ្ឍ​ដោយ​បង្កើត​ម៉ាក​សញ្ញា​ខ្លួនឯង​សម្រាប់​ប្រកួតប្រជែង​

    ​ការជំរុញ​ ​និង​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​តូច​ ​និង​មធ្យម​នៅក្នុង​ប្រទេស​ឱ្យ​មាន​ភាពរឹងមាំ​ ​ជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​រួមចំណែក​ពង្រឹង​ឯករាជ​ភាព​នៃ​វិស័យ​សេដ្ឋកិច្ច​ ​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​សំដៅ​សម្រេច​គោលដៅ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​ ​និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050​។​

    ​ដោយ​មើលឃើញ​ពី​ចំណុច​ប្រកបដោយ​ភាព​វិជ្ជមាន​នេះ​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ ​និង​នាំចូល​គ្រឿង​ថែបំប៉ន​សម្ផស្ស​ធំជាង​គេ​តែមួយគត់​នៅ​កម្ពុជា​ ​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ម៉ាក​សញ្ញា​ខ្លួនឯង​ ​ដល់​សហគ្រាស​ខ្នាត​តូច​ ​និង​មធ្យម​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​កម្ពុជា​។​ ​

    ​លោក​ឧកញ៉ា​ ​ចិត្រ​ ​សិរី​សុ​ភ័ក្ត្រ​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​បាន​លើកឡើង​ថា​ ​ការ​ផ្តល់​ឱកាស​ ​និង​ជំរុញ​ឱ្យ​អាជីវកម្ម​ខ្នាត​តូច​ ​និង​មធ្យម​ ​ឱ្យ​មានការ​អភិវឌ្ឍ​ជា​វិជ្ជមាន​ជា​ចំណុច​សំខាន់​ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ​ព្រោះ​កាលណា​អាជីវកម្ម​ខ្នាត​តូច​ ​និង​មធ្យម​មានលទ្ធភាព​ពង្រីក​ខ្លួន​បាន​ល្អ​ ​ពួកគេ​នឹងអាច​បង្កើត​ការងារ​ជាច្រើន​ដល់​ប្រជាជន​ ​ទាញ​យក​ផលប្រយោជន៍​ទីផ្សារ​សម្រាប់​ដោះស្រាយ​បញ្ហា​មនុស្ស​ក្នុង​សង្គម​ ​និង​ធ្វើ​ឱ្យ​ចរន្ត​លុយ​មាន​សកម្មភាព​ជា​វិជ្ជមាន​នៅក្នុង​ប្រទេស​។​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​យើង​ឃើញ​ហើយ​ថា​ ​នៅក្នុងចំណោម​អាជីវកម្ម​ដែល​កំពុង​មាន​សកម្មភាព​រស់រវើក​ទាំងឡាយ​នៅ​កម្ពុជា​ ​វិស័យ​ថែបំប៉ន​សម្ផស្ស​ជាផ្នែក​យ៉ាង​សំខាន់​មួយ​ដែល​កំពុង​មាន​សម្ទុះ​ខ្លាំង​ ​ព្រោះ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​បាន​នាំមក​នូវ​ប្រភព​ចំណូល​កាន់តែ​ច្រើន​សម្រាប់​ប្រជាជន​នៅ​គ្រប់​ទីកន្លែង​។​ ​ហេតុនេះ​ទាំង​នៅពេល​បច្ចុប្បន្ន​ ​និង​អនាគត​ ​មនុស្ស​នឹង​ចាប់ផ្តើម​គិតគូរ​ពី​រូប​សម្រស់​ ​និង​ការ​ថែរក្សា​សោភណភាព​ ​ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​លើ​វិស័យ​នេះ​អាច​រីកចម្រើន​ប្រកបដោយ​និរន្តរភាព​ ​និង​សក្តា​នុ​ពល​ខ្ពស់​ជាប់​ជាប្រចាំ​។​

    ​លោក​ឧកញ៉ា​ ​ចិត្រ​ ​សិរី​សុ​ភ័ក្ត្រ​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​ដោយ​មើលឃើញ​ពី​សក្តា​នុ​ពល​នៃ​វិស័យ​ថែបំប៉ន​សម្ផស្ស​ ​និង​ចង់​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​តាមរយៈ​ការ​លើកស្ទួយ​សហគ្រាស​ខ្នាត​តូច​ ​និង​មធ្យម​នៅ​កម្ពុជា​ ​ក្នុងនាម​យើង​ជា​ក្រុមហ៊ុន​ដែល​មាន​រោងចក្រ​ផលិត​គ្រឿង​ថែបំប៉ន​សម្ផស្ស​ប្រកបដោយ​គុណភាព​ ​និង​ស្តង់​ដា​ខ្ពស់​នៅ​ប្រទេស​ថៃ​ ​យើង​បាន​ផ្តល់​ឱកាស​ដល់​អ្នករក​ស៊ី​ទាំងអស់​ដែល​មានបំណង​ចង់​ពង្រីក​អាជីវកម្ម​ ​និង​បង្កើត​ម៉ាក​សញ្ញា​ដោយខ្លួនឯង​តាមរយៈ​ការ​ជួយ​ផលិត​ ​និង​ផ្តល់​សិទ្ធិ​សម្រាប់​ការចែកចាយ​យ៉ាង​ទូលំទូលាយ​នៅ​កម្ពុជា​»​។​

    ​សហគ្រិន​វ័យក្មេង​ប្រកប​ដោយសក្តានុពល​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​មិន​ត្រឹមតែ​អាច​សម្រេច​ក្តី​ស្រមៃ​ដល់​ម្ចាស់​សហគ្រាស​ខ្នាត​តូច​ ​និង​មធ្យម​ក្នុង​ការ​ទទួល​បាន​ផលិតផល​ដែល​មាន​ម៉ាក​សញ្ញា​របស់​ខ្លួនឯង​ប្រក​ដោយ​គុណភាព​ប៉ុណ្ណោះទេ​ ​តែ​ក្រុមហ៊ុន​ក៏​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ផ្នែក​សម្ផស្ស​ទាំងអស់​ឱ្យ​យល់ដឹង​ពី​ផ្លូវច្បាប់​យ៉ាង​លម្អិត​តាមរយៈ​ការ​ផ្តល់​សេវា​ពិគ្រោះ​ពិភាក្សា​ផ្តល់​យោបល់​ផ្លូវច្បាប់​ថែមទៀត​ផង​។​ ​ការ​ធ្វើបែប​នេះ​ ​គឺ​បង្ហាញ​ពី​ការ​គិតគូរ​គ្រប់ជ្រុងជ្រោយ​ដល់​ម្ចាស់​អាជីវកម្ម​ផ្នែក​សម្ផស្ស​ទាំងអស់​ ​ឱ្យ​មាន​សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍ​មុខរបរ​ប្រកបដោយ​និរន្តរភាព​។​ ​

    ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​ជា​ក្រុមហ៊ុន​ផ្តល់​សិទ្ធិ​អាជីវកម្ម​ដ៏​ធំ​មួយ​ដែល​មាន​រោងចក្រ​ផលិត​គ្រឿងសម្អាង​នៅ​ប្រទេស​ថៃ​ ​និង​ជា​ក្រុមហ៊ុន​នាំចូល​ផលិត​ផ​លល្បីៗ​ប្រកបដោយ​គុណភាព​ខ្ពស់​នៅក្នុង​ទីផ្សារ​កម្ពុជា​ ​ហើយក៏​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​ថៃ​ ​ដែល​ទទួល​ផលិត​រាល់​ ​ផលិតផល​ថែរក្សា​សម្រស់​គ្រប់​ប្រភេទ​ ​និង​ផលិតផល​ប្រើប្រាស់​ទូទៅ​ជាច្រើន​ប្រភេទ​ទៀត​ ​ដែល​មាន​បទ​ពិសោធ​ខ្ពស់​ ​និង​មានការ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ពី​អាជីវករ​ ​និង​ពាណិជ្ជករ​កម្ពុជា​ ​និង​ថៃ​ជាច្រើន​ស្ថាប័ន​៕​

  • កុមារា​ម្នាក់​នាំ​សំណាង​ដល់​គ្រួសារ​បាន​ឈ្នះ​រង្វាន់១០០លាន​រៀល​ពី​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​

    កុមារា​ម្នាក់​នាំ​សំណាង​ដល់​គ្រួសារ​បាន​ឈ្នះ​រង្វាន់១០០លាន​រៀល​ពី​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​

    ​ភ្នំពេញ​ ​៖​ ​កុមារា​ម្នាក់​មានឈ្មោះ​ ​អៃ​ ​ពិចិត្ត​បញ្ញា​ ​អាយុ១៥ឆ្នាំ​ ​ជា​សិស្ស​កំពុង​សិក្សា​ថ្នាក់​ទី៥​ ​និង​ជា​កូនប្រុស​ទោល​នៅក្នុង​គ្រួសារ​កសិករ​ក្រីក្រ​មួយ​ ​រស់នៅ​ខេត្តព្រៃវែង​ ​បាន​នាំ​សំណាង​ដល់​គ្រួសារ​ ​ឈ្នះ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​នូវ​ទឹកប្រាក់​ចំនួន​ ​១០០លាន​រៀល​ ​បន្ទាប់ពី​ឪពុក​-​ម្តាយ​ ​នាំមក​លេង​សាច់ញាតិ​ ​នៅ​ភូមិ​ជ្រៃធំ​ ​ឃុំ​សំពៅពូន​ ​ស្រុក​កោះធំ​ ​ខេត្តកណ្តាល​។​ ​

    ​នៅចំពោះមុខ​ក្រុមការងារ​ ​ដែល​ចុះ​ប្រគល់​រង្វាន់​នូវ​ចំនួន​ទឹកប្រាក់​ ​១០០លាន​រៀល​ដល់ទី​តាំង​ដែល​ត្រូវ​រង្វាន់​ខាងលើ​នេះ​ ​កុមារា​ ​អៃ​ ​ពិចិត្ត​បញ្ញា​ ​បាន​បញ្ជាក់​ប្រាប់​ថា​ ​កាលពី​សប្ដាហ៍​កន្លងទៅ​នេះ​ ​បន្ទាប់​ឪពុកម្ដាយ​នាំមក​លេង​ ​បងប្អូន​សាច់ញាតិ​ដែល​កំពុង​រស់នៅ​ ​ភូមិ​ជ្រៃធំ​ ​ឃុំ​សំពៅពូន​ ​ស្រុក​កោះធំ​ ​ខេត្តកណ្តាល​ ​ម្ដាយ​បាន​ប្រើ​ឱ្យទៅ​ទិញ​ភេសជ្ជៈ​ខា​រ៉ា​បាវ​ ​មួយ​កំប៉ុង​ ​ដើម្បី​ទទួលទាន​ ​លុះ​ពេល​ទៅ​ទិញ​ ​ហើយ​យក​មក​ឱ្យ​ម្ដាយ​គាស់​ ​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​ ​១០០លាន​រៀល​នៅនឹង​ក្រវិល​កំប៉ុង​តែម្ដង​។​ ​ភ្លាម​នោះ​ទាំង​ម្ដាយ​ ​ទាំង​រូប​ប្អូន​ពិតជា​មាន​អារម្មណ៍​រំភើប​ ​រីករាយ​ជា​ខ្លាំង​ ​ហើយក៏​ស្រែក​ប្រាប់​មនុស្ស​ដែល​ស្ថិត​ជិត​គ្នា​ឱ្យ​ជួយ​ពិនិត្យ​ ​និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែម្ដង​។​ ​សម្រាប់​ថវិកា​រង្វាន់​ទាំងអស់​ ​ប្អូន​នឹង​ប្រគល់​ជូន​ម្ដាយ​ទាំងអស់​ ​គ្រាន់តែ​សុំ​ទិញ​កង​ថ្មី​មួយ​សម្រាប់​ជិះ​ទៅរៀន​។​ ​

    ​ដោយឡែក​អ្នកស្រី​ ​ថូ​ ​រី​ ​អាយុ៤៧ឆ្នាំ​ ​ដែល​ត្រូវជា​ម្ដាយបង្កើត​របស់​កុមារា​មានសំណាង​ខាងលើ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​នេះ​ ​ជីវភាព​គ្រួសារ​គឺ​មាន​ភាព​លំបាក​ខ្លាំង​ ​ដោយសារតែ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ធ្វើស្រែ​បន្តិចបន្តួច​ ​ហើយ​ពឹង​អាស្រ័យ​លើ​ប្ដី​ដែល​ធ្វើការ​ជា​កម្មករ​សំណង់​ ​រកចំណូល​បាន​ត្រឹម​មួយ​ចម្អែត​ក្រពះ​ស្ទើរ​មិន​គ្រប់​ផង​ ​ដែល​សូម្បីតែ​លទ្ធភាព​ទិញ​កង​សម្រាប់​កូន​ជិះ​ទៅរៀន​ឱ្យ​បាន​សមរម្យ​ដូច​គេ​ក៏​គ្មាន​លទ្ធភាព​ដែរ​។​ ​អ្នកស្រី​បាន​បន្ត​ទៀត​ថា​ ​មាន​ពេលខ្លះ​ ​នៅពេល​ប្ដី​មិន​ស្រួលខ្លួន​មិន​អាច​ទៅ​ធ្វើការងារ​សំណង់​បាន​ ​គឺ​ត្រូវ​ខ្ចី​លុយ​អ្នកជិតខាង​ដើម្បី​ដោះស្រាយ​ទាល់​ម្ដងម្កាល​ ​ហើយក៏​ធ្លាប់​នឹកស្រមៃ​ថា​ ​ទាល់តែ​មានសំណាង​បាន​ត្រូវ​រង្វាន់​ពី​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​ទើប​អាច​កែប្រែ​ជីវភាព​គ្រួសារ​បាន​ទាំងស្រុង​។​ ​ប៉ុន្តែ​ពេលនេះ​ ​ខា​រ៉ា​បាវ​ ​ពិតជា​ជួយ​កែប្រែ​ជីវិត​គ្រួសារ​របស់​អ្នកស្រី​ពិតមែន​។​ ​ក្រោយពី​ទទួល​បាន​ទឹកប្រាក់​រង្វាន់​ ​១០០លាន​រៀល​ពី​ភេសជ្ជៈ​ខា​រ៉ា​បាវ​ ​អ្នកស្រី​នឹង​យក​មួយចំនួន​ទៅ​សងបំណុល​គេ​ ​និង​សង់ផ្ទះ​ឱ្យ​បាន​សមរម្យ​បន្តិច​ ​ហើយ​ទុក​មួយចំណែកទៀត​សម្រាប់​ការសិក្សា​របស់​កូន​ ​និង​ ​បង្កើត​មុខរបរ​ ​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។​ ​

    ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ ​ក្រុមហ៊ុន​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​ ​១០០លាន​រៀល​ ​កើនឡើង​ដល់​ ​១០០​ ​រង្វាន់​ ​,​ ​បន្ថែម​ទឹកប្រាក់​ចំនួន​ ​១០​ ​លាន​រៀល​ ​ចំនួន១០០​ ​រង្វាន់​,​ ​ម៉ូតូ​ ​HONDA​ ​Dream​ ​កើនឡើង​ដល់​ ​១០០​ ​រង្វាន់​ ​,​ ​ទូរស័ព្ទ​ដៃ​ ​iPhone​ ​កើនឡើង​ដល់​ ​១០០​ ​រង្វាន់​ ​រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់1កំប៉ុង​ ​រាប់​លាន​កំប៉ុង​ ​ដោយ​គ្មាន​ការកំណត់​នោះ​ទេ​ ​។​ ​សូម​ចំណាំ​ ​៖​ ​សម្រាប់​រង្វាន់​ពិតប្រាកដ​ ​គឺ​មានតែ​នៅ​សម្បក​កំប៉ុង​ ​ដែល​មាន​អក្សរខ្មែរ​ជា​សញ្ញាសម្គាល់​តែប៉ុណ្ណោះ​ ​៕​

  • អ្នកសារព័ត៌មាន​ ​មក​ពី​ប្រទេស​ ​កម្ពុជា​ ​និង​អ្នកសារព័ត៌មាន​អន្តរជាតិ​​ទាំង​ ​20​ ​ប្រទេស​ផ្សេងគ្នា​ទទួល​បាន​វិញ្ញាបនបត្រ​ ​ពី​ប្រទេស​ម៉ាឡេស៊ី​ ​ក្នុង​ព្រឹត្តិ​ការណ៍​ ​Mega​ ​Fam​ ​

    អ្នកសារព័ត៌មាន​ ​មក​ពី​ប្រទេស​ ​កម្ពុជា​ ​និង​អ្នកសារព័ត៌មាន​អន្តរជាតិ​​ទាំង​ ​20​ ​ប្រទេស​ផ្សេងគ្នា​ទទួល​បាន​វិញ្ញាបនបត្រ​ ​ពី​ប្រទេស​ម៉ាឡេស៊ី​ ​ក្នុង​ព្រឹត្តិ​ការណ៍​ ​Mega​ ​Fam​ ​

    ​(​គួ​ឡា​ឡាំ​ពួរ​,​ ​ម៉ាឡេស៊ី​)​៖​ ​អ្នកសារព័ត៌មាន​ ​Fresh​ ​News​ ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ​វេ​ប​សាយ​ ​Sabay​ ​និង​កាសែត​ឡា​រ៉េ​ន​ ​ព្រមទាំង​អ្នកសារព័ត៌មាន​ ​មក​ពី​បណ្តា​ប្រទេស​ផ្សេង​មួយចំនួន​ផ្សេងទៀត​ ​នៅ​ថ្ងៃទី៣​ ​ខែសីហា​ ​ឆ្នាំ២០១៩នេះ​ ​បាន​ទទួល​វិញ្ញាបនបត្រ​ពី​ប្រទេស​ម៉ាឡេស៊ី​ ​ក្នុង​ព្រឹត្តិ​ការណ៍​ ​Mega​ ​Fam​ ​តាមរយៈ​ក្រសួងទេសចរណ៍​ ​នៃ​ប្រទេស​នេះ​។​

    ​វិញ្ញាបនបត្រ​ដែល​ត្រូវ​បាន​ផ្ដល់​ ​ដោយ​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី​ ​គឺជា​លិខិត​ ​ដើម្បី​អះអាង​ថា​ ​អ្នកសារព័ត៌មាន​កម្ពុជា​ទាំង៤រូប​ ​បាន​ចូលរួម​យ៉ាងសកម្ម​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ ​Mega​ ​Fam​ ​«​It’s​ ​Summertime​ ​in​ ​Malasysia​-​Let’s​ ​go​ ​to​ ​the​ ​beach​ ​visit​ ​Malaysia​ ​2020​»​។​ ​ព្រឹត្តិ​ការណ៍​នេះ​ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​រយៈពេល៥ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី២​ ​ដល់​ថ្ងៃទី៧​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​នៅ​ទីក្រុង​កូឡាឡាំពួរ​ ​ព្រមទាំង​តំបន់​ទេសចរណ៍​មួយចំនួន​ទៀត​ ​របស់​ម៉ាឡេស៊ី​។​

    ​បើ​តាម​លិខិត​របស់​អគ្គនាយក​ ​នៃ​អគ្គនាយក​ដ្ឋាន​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី​ ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ​«​យើង​សង្ឃឹមថា​ ​បទពិសោធន៍​ ​ដែល​អ្នកទទួល​បាន​ពី​កម្មវិធី​នេះ​ ​នឹង​ដឹកនាំ​ទៅ​រក​ការបង្កើត​ចំណេះដឹង​ ​កាន់តែ​អស្ចារ្យ​ជាង​មុន​អំពី​ម៉ាឡេស៊ី​ ​ព្រមទាំង​ជួយ​សម្រួល​ដល់​អ្នក​ ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ ​និង​ការ​ប្រឹក្សា​យោបល់​ប្រកបដោយ​វិជ្ជាជីវៈ​ ​អំពី​ប្រទេស​ម៉ាឡេស៊ី​ ​ដើម្បី​ឱ្យ​អតិថិជន​របស់​អ្នក​ពេញចិត្ត​»​។​

    ​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី​ ​តាមរយៈ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា​ ​បាន​អញ្ជើញ​អ្នកសារព័ត៌មាន​កម្ពុជា​ ​និង​អ្នកសារព័ត៌មាន​មក​ពី​បណ្តា​ប្រទេស​មួយចំនួន​ ​ដើម្បី​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ ​Mega​ ​Fam​ ​«​It’s​ ​Summertime​ ​in​ ​Malasysia​-​Let’s​ ​go​ ​to​ ​the​ ​beach​ ​visit​ ​Malaysia​ ​2020​»​។​ ​ដូច្នេះ​ ​តាមរយៈ​លិខិត​អញ្ជើញ​នេះ​ ​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី​ ​បាន​បែង​ចែ​ក្រុម​អ្នកសារព័ត៌មាន​ជា៣ក្រុម​ ​ដើម្បី​បន្តដំណើរ​ទស្សនកិច្ច​នៅ​តាម​គោលដៅ​ទេសចរណ៍​ធម្មជាតិ​,​ ​តំបន់​ទេសចរណ៍​វប្បធម៌​ ​និង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ផង​ដែរ​។​

    ​បើ​តាម​លោក​ ​Datuk​ ​Musa​ ​HJ​,​ ​Yusof​ ​អគ្គនាយក​ដ្ឋាន​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី​ ​ដែល​បាន​អញ្ជើញ​ជា​អធិបតី​ចែក​វិញ្ញាបនបត្រ​នៅ​ព្រឹកមិញ​ ​បានឱ្យ​ដឹង​ថា​ ​វិស័យ​ទេសចរណ៍​ ​ក៏​មាន​កំណើន​ផង​ដែរ​ ​តាមរយៈ​ភ្ញៀវ​ទេសចរណ៍​ម្នាក់​ ​បាន​ចំណាយ​ប្រាក់​ ​៣,១២១.៦​ ​ringgit​ ​ឬ​កើនឡើង១.៩ភាគរយ​ ​ខណៈ​អា​ត្រា​ស្នាក់នៅ​រយៈពេល​វែង​កើតឡើង​ពី០.៤យប់​ ​ដល់៦.២យប់​។​ ​

    ​លោក​ ​បាន​បន្ត​ថា​ ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ឈរ​នៅ​លំដាប់​កំពូល​ទាំង១០​ ​ដែល​មក​ទេសចរ​ ​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ២០១៩​ ​មាន​សិង្ហបុរី​ ​(​៥,៣៨១,៥៦៦នាក់​)​,​ ​ឥណ្ឌូណេស៊ី​ ​(​១,៨៥៧,៨៦៤នាក់​)​,​ ​ចិន​ ​(​១,៥៥៨,៧៨២នាក់​)​,​ ​ថៃ​ ​(​៩៩០,៥៦៥នាក់​)​,​ ​ប្រ៊ុយណេ​ ​(​៦២៧,១២២នាក់​)​,​ ​ឥណ្ឌា​ ​(​៣៥៤,៤៨៦នាក់​)​,​ ​កូរ៉េ​ខាងត្បូង​ ​(​៣២៣,៩៥២នាក់​)​,​ ​ហ្វីលីពីន​ ​(​២១០,៩៧៤នាក់​)​,​ ​វៀតណាម​ ​(​២០០,២១៤នាក់​)​ ​និង​ជប៉ុន​ ​(​១៩៦,៥៦១នាក់​)​

    ​បន្ថែម​ពីនេះ​ ​ភ្ញៀវ​ទេសចរណ៍​មកកាន់​តំបន់​អាស៊ាន​ ​នៅតែ​បន្ត​ក្ដោបក្ដាប់​ការចែក​រំលែក​ ​នៃ​ការ​មកដល់​របស់​ភ្ញៀវ​ទេសចរណ៍​ ​មកកាន់​ម៉ាឡេស៊ី​ ​ជាមួយ​អា​ត្រា៧០ភាគរយ​។​ ​ទីផ្សារ​ជើងហោះហើរ​រយៈ​ចំងាយ​មធ្យម​មាន​អា​ត្រា២១ភាគរយ​ ​និង​ជើង​ចំងាយ​ឆ្ងាយ៩ភាគរយ​។​ ​សម្រាប់​ទីផ្សារ​ជើងហោះហើរ​ ​រយៈ​ចំងាយ​ខ្លី​ ​មាន​អា​ត្រា​កំណើន​ ​៤.៧ភាគរយ​,​ ​រយៈ​ចំងាយ​មធ្យម៧.១ភាគរយ​ ​និង​រយៈ​ចំងាយ​ឆ្ងាយ​ ​១.៨ភាគរយ​ ​នៅ​ឆមាស​ទីមួយ​ឆ្នាំ២០១៨​។​ ​

    ​ភ្ញៀវ​ទេសចរណ៍​មក​ពី​ប្រទេស​ចំនួន៥​ ​ដែល​ចំណាយ​ខ្ពស់​ធ្វើ​ទេសចរណ៍​នៅ​ម៉ាឡេស៊ី​ ​មាន​អា​រ៉ា​ប៊ី​សា​អូឌីត​ ​(​១១,៣៧៦.៩០​ ​ringgit​)​,​ ​អង់គ្លេស​ ​(​៥,២៤១.៥​ ​ringgit​)​,​ ​កាណាដា​ ​(​៤,៥៩៣.១​ ​ringgit​)​,​ ​ចិន​ ​(​៤,៥៤៦​ ​ringgit​)​ ​និង​សហរដ្ឋអាមេរិក​ ​(​៤,៥៣៧.៩០​ ​ringgit​)​៕​

  • ធ​នា​គារ​អឹ​ម​ប៊ី​កម្ពុជា​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​ក្រោម​វត្តមាន​មន្ត្រី​ជាន់ខ្ពស់​ធនាគារជាតិនៃកម្ពុជា​

    ធ​នា​គារ​អឹ​ម​ប៊ី​កម្ពុជា​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​ក្រោម​វត្តមាន​មន្ត្រី​ជាន់ខ្ពស់​ធនាគារជាតិនៃកម្ពុជា​

    ​រាជធានី​ភ្នំពេញ​៖​ ​ធ​នា​គារ​អឹ​ម​ប៊ី​ ​កម្ពុជា​ ​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ​៤​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២០១៩​ ​ជាមួយនឹង​ពិធី​កាត់​ខ្សែ​បូរ​ក្រោម​អធិបតីភាព​លោក​ឯកឧត្តម​ ​ជា​ ​ចាន់​តូ​ ​ទេសាភិបាល​នៃ​ធន​គារ​ជាតិ​កម្ពុជា​ ​រួម​ជាមួយ​វត្តមាន​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​អ្នកការទូត​និង​ពាណិជ្ជករ​។​ ​



    ​ការ​បើក​ការិយាល័យ​ថ្មី​នៅ​ ​អាគារ​លេខ​ ​១៤៦​ ​មហាវិថី​ព្រះនរោត្ដម​ ​សង្កាត់​ទន្លេបាសាក់​ ​ខណ្ឌចំការមន​ ​រាជធានី​ភ្នំពេញ​ ​ព្រះរាជាណាចក្រ​កម្ពុជា​ ​គឺជា​ព្រឹត្តិ​ការណ៍​សំខាន់​មួយ​នៅក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ ​និង​ការពង្រីក​អាជីវកម្ម​របស់​ធ​នា​គារ​អឹ​ម​ប៊ី​ ​កម្ពុជា​។​ ​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​ធ​នា​គារ​អឹ​ម​ប៊ី​ ​កម្ពុជា​ ​ដើម្បី​លើកកម្ពស់​ការយល់​ដឹង​អំពី​យីហោ​របស់​ខ្លួន​ ​និង​ដើម្បី​បម្រើ​ឱ្យ​តម្រូវការ​អតិថិជន​ក្នុង​ស្រុក​កាន់តែ​ប្រសើរ​ឡើង​។​ ​



    ​សាខា​ដំបូង​របស់​ធ​នា​គារ​អឹ​ម​ប៊ី​ ​នៅ​កម្ពុជា​ត្រូវ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ​២០​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១១​ ​ដោយមាន​ដើមទុន​ដំបូង​ចំនួន​ ​៣៩​ ​លាន​ដុល្លារ​អាមេរិក​ ​ដែល​ឥឡូវ​ឈាន​ដល់​ ​៨៥​ ​លាន​ដុល្លារ​អាមេរិក​ ​និង​ទ្រព្យសម្បត្តិ​សរុប​ ​១៦៨​ ​លាន​ដុល្លារ​។​ ​«​យើង​មាន​ក្តី​រំភើប​ក្នុង​ការពង្រីក​ជំហរ​របស់​យើង​ទៅជា​សហគមន៍​ដែល​មាន​ភាព​រស់រវើក​ក្នុង​រាជធានី​ភ្នំពេញ​»​ ​លោក​ ​ខៀវ​ ​សា​រ៉ាង​ ​ប្រធាន​ធ​នា​គារ​អឹ​ម​ប៊ី​ ​សាខា​អូ​ឬស្សី​ ​មានប្រសាសន៍​ ​និង​បន្ត​ផង​ដែរ​ថា​ ​«​ក្នុងនាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្តោត​លើ​ពាណិជ្ជកម្ម​ ​យើង​ជឿជាក់​ថា​គុណ​តម្លៃ​និង​ទស្សនវិស័យ​ធនាគារ​ផ្អែកលើ​ទំនាក់ទំនង​ឆ្លើយតបទៅនឹង​តម្រូវការ​ធនាគារ​និង​អាជីវកម្ម​របស់​ប្រទេស​កម្ពុជា​។​ ​យើង​ទន្ទឹង​រង​ចាំ​ជួយ​ដល់​សហគ្រាស​ធុន​តូច​និង​ពាណិជ្ជករ​ដែល​រីកចម្រើន​»​។​



    ​«​ជាផ្នែក​មួយ​នៃ​ធ​នា​គារ​អឹ​ម​ប៊ី​ ​សាខា​កម្ពុជា​ប្តេជ្ញា​ផ្តល់​នូវ​ផលិតផល​ ​និង​សេវាកម្ម​ធនាគារ​ដែល​មានគុណ​ភាព​ខ្ពស់​ដល់​អតិថិជន​ជាទីស្រឡាញ់​របស់​យើង​»​ ​លោក​ ​ជីញ​ ​ឌឹគ​ ​គឿង​ ​នាយក​ប្រតិបត្តិ​ ​មានប្រសាសន៍​។​ ​ទីតាំង​ថ្មី​របស់​យើង​ ​នឹង​ជួយ​ពង្រឹង​វត្តមាន​របស់​ធ​នា​គារ​អឹ​ម​ប៊ី​ ​និង​ផ្តល់​ជូន​អតិថិជន​នូវ​មធ្យោបាយ​ងាយស្រួល​ ​និង​សេវាកម្ម​ធនាគារ​។​ ​ដូចគ្នា​នេះ​ផង​ដែរ​ ​សាខា​ថ្មីនេះ​អាច​ទាញ​យក​អត្ថ​ប្រយោជន៍​ពីទី​តាំង​ដ៏​ល្អ​របស់​ខ្លួន​ដើម្បី​ជំរុញ​ភាព​មើល​ ​ឃើញ​របស់​ខ្លួន​ក្នុងចំណោម​សហគមន៍​មូលដ្ឋាន​។​ ​ធ​នា​គារ​អឹ​ម​ប៊ី​ ​កម្ពុជា​ ​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​អឹ​ម​ប៊ី​ ​គ្រុប​នៅ​ប្រទេស​វៀតណាម​។​ ​សាខា​នេះ​ត្រូវ​បាន​ទទួលស្គាល់​ផង​ដែរ​ថា​ ​ជា​អ្នកត្រួសត្រាយ​ផ្លូវ​ម្នាក់​ក្នុង​ការអនុវត្ត​បច្ចេកវិទ្យា​ជឿនលឿន​ ​ទៅ​ក្នុង​ការ​អភិវឌ្ឍ​ផលិតផល​ ​និង​ការ​ផ្លាស់​ប្តូរ​ឌីជីថល​នៃ​សេវាកម្ម​ធនាគារ​ជាមួយនឹង​ការណែនាំ​កម្មវិធី​ទូរស័ព្ទ​ ​ដូចជា​ ​eMoney​ ​សម្រាប់​អតិថិជន​ទាំង​ឯកត្តជន​ ​ឬ​សេវាកម្ម​ធនាគារ​អេឡិចត្រូនិក​ផលិតផល​ប្រាក់កម្ចី​ ​និង​សេវាកម្ម​ផ្សេងទៀត​ ​ដូចជា​គណនីចរន្ត​ ​និង​គណនី​សន្សំប្រាក់​បញ្ញើ​មានកាល​កំណត់​សន្សំប្រាក់​ចល័ត​ ​eSaving​ ​លើកដំបូង​នៅ​កម្ពុជា​ ​ប្រាក់កម្ចី​រថយន្ត​ ​ប្រាក់កម្ចី​ទិញ​ផ្ទះ​ ​ប្រាក់កម្ចី​អាជីវកម្ម​ ​កន្លែង​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ​ ​ខ្នាត​តូច​និង​មធ្យម​។​



    ​អំពី​ ​ធ​នា​គារ​អឹ​ម​ប៊ី​ ​កម្ពុជា​៖​សាខា​ទីមួយ​របស់​អឹ​ម​ប៊ី​ ​នៅ​កម្ពុជា​ ​ដែល​មាន​យីហោ​ ​“​ធ​នា​គារ​អឹ​ម​ប៊ី​ ​ភ្នំពេញ​”​ ​ត្រូវ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ​២០​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១១​ ​ហើយ​ឥឡូវនេះ​ធ​នា​គារ​អឹ​ម​ប៊ី​ ​កម្ពុជា​ ​មាន​ទីតាំង​ស្ថិតនៅ​ ​អាគារ​លេខ​ ​១៤៦​ ​មហាវិថី​ព្រះ​រន​រោ​ត្ត​ម​ ​សង្កាត់​ទន្លេបាសាក់​ ​ខណ្ឌចំការមន​ ​រាជា​ធានី​ភ្នំពេញ​ ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ធ​នា​គារ​អឹ​ម​ប៊ី​ ​កម្ពុជា​ ​ក៏​ជា​ធនាគារ​ដ៏​រឹងមាំ​ក្នុង​ការ​អភិវឌ្ឍ​សេវាកម្ម​ធនាគារ​ដ៏​ទំនើប​ ​ជាពិសេស​សេវាកម្ម​ធនាគារ​ ​និង​ទូរគមនាគមន៍​ ​ហើយក៏​ជា​ធនាគារ​ត្រួសត្រាយ​មួយ​ក្នុង​ការណែនាំ​ ​និង​ដាក់​ពង្រាយ​ប្រតិបត្តិ​ការ​ធនាគារ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ ​ដូចជា​ ​eMoney​ ​សម្រាប់​អតិថិជន​និ​ ​ង​អាជីវកម្ម​ ​ឬ​សេវាកម្ម​ធនាគារ​អេ​ឡិច​ត្រូ​និច​ ​ផលិតផល​ប្រាក់កម្ចី​ ​និង​សេវាកម្ម​ផ្សេងទៀត​។​


  • ក្រោយពី​ពន្យារពេលបញ្ចាំង​រឿង​ ​«​ ​សង្សារ១៤ថ្ងៃ​ ​»​ ​អ្នកនិពន្ធ​ល្បី​ ​សុខ​ ​ចាន់​ផល​ ​ទម្លាយ​សារ​បាក់ទឹកចិត្ត​ ​

    ក្រោយពី​ពន្យារពេលបញ្ចាំង​រឿង​ ​«​ ​សង្សារ១៤ថ្ងៃ​ ​»​ ​អ្នកនិពន្ធ​ល្បី​ ​សុខ​ ​ចាន់​ផល​ ​ទម្លាយ​សារ​បាក់ទឹកចិត្ត​ ​

    មហាជន​ជាច្រើន​បាន​ទន្ទឹង​ចាំ​ស្នាដៃ​ផលិតភាព​យន្ដ​របស់​អ្នកនិពន្ធ​ល្បី​ ​សុខ​ ​ចាន់​ផល​ ​គឺ​រឿង​ ​«​ ​សង្សារ១៤ថ្ងៃ​ ​»​ ​ដែល​កន្លងមក​មាន​គម្រោង​បញ្ចាំង​នៅ​អំឡុង​ឆ្នាំ​ ​2018​ ​តែ​ក្រោយ​ត្រូវ​ពន្យារពេល​បញ្ចាំង​វិញ​។​

    ​មូលហេតុ​ដែល​ភាពយន្ដ​របស់​ផលិតកម្ម​ ​ឥន្ទ្រី​ហ្វី​មល៍​ ​មួយ​នេះ​ត្រូវ​បាន​ផ្អាក​ការ​បញ្ចាំង​នោះ​ ​ប្រភព​ពី​ចង្កោម​អ្នក​សិល្បៈ​បាន​ប្រាប់​ដំណឹង​ថា​ ​ភាពយន្ដ​មួយ​នេះ​ត្រូវ​បាន​សើរើ​កាត់ត​សារ​ជាថ្មី​ឡើងវិញ​ ​បន្ទាប់ពី​មានការ​ត្រួតពិនិត្យ​ពី​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​។​ ​ប្រភព​ដដែរក៏បាន​បញ្ជាក់​ដែរ​ថា​ ​រឿង​ ​«​ ​សង្សារ១៤ថ្ងៃ​ ​»​ ​អាច​នឹង​បញ្ចាំង​នៅ​ចុងឆ្នាំ​ ​2019​ ​នេះ​ហើយ​នៅចន្លោះ​ពី​ខែ​ ​វិច្ឆិកា​ ​ឬ​ ​ធ្នូ​ ​តែ​មិនទាន់​សម្រេច​ច្បាស់​ការណ៍​នោះ​ទេ​។​ បើងាកទៅមើលរឿងថ្មីៗផលិតក្រោយៗរបស់ផលិតកម្មផ្សេងៗទៀតនោះ ត្រូវបានដាក់បញ្ចាំងក្នុងរោងកុនជាហូរហែ។



    ​ទន្ទឹម​និង​មានការ​ពន្យារពេល​បញ្ចាំង​រឿង​ស្នេហា​បែប​យុវវ័យ​នេះ​អស់​ជិត​ ​2​ ​ឆ្នាំ​មក​នោះ​ ​ស្រាប់តែ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​គេ​បានឃើញ​សារ​បាក់ទឹកចិត្ត​របស់​លោក​ ​សុខ​ ​ចាន់​ផល​ ​ជា​អ្នកនិពន្ធ​រឿង​នេះ​ផ្ទាល់​ ​រៀបរាប់​ថា​ ​«​នៅពេល​មើល​ស្នា​ដៃ​ចាស់​ៗ​ឡើងវិញ​ ​ខ្ញុំ​ក៏​ទទួលអារម្មណ៍​ថា​ ​«​ស្កប់ស្កល់​»​ ​បើ​ទោះជា​ ​វា​មិន​ល្បីល្បាញ​ខ្ទរខ្ទារ​ ​តែ​ទាំងនេះ​គឺជា​អ្វី​ដែល​ខ្ញុំ​តែងតែ​ចង់​ចូលរួម​នៅក្នុង​វិស័យ​សិល្បៈ​របស់​ប្រទេស​នេះ​។​ ​ខ្ញុំ​ចង់​បង្ហាញ​ពីរ​បៀ​បត​ម្លើង​សាច់រឿង​ ​របៀប​និទានរឿង​ ​របៀប​បង្ហាញ​អារម្មណ៍​ ​របៀប​សន្ទនា​ ​ឬក៏​របៀប​ផ្សព្វផ្សាយ​ស្នាដៃ​ ​។​ល​។​ ​ខ្ញុំ​មិនមែន​គ្រាន់តែ​ចង់​ផ្សព្វផ្សាយ​ស្នាដៃ​ខ្លួន​ឱ្យ​ល្បី​នោះ​ទេ​ ​តែ​ខ្ញុំ​ចង់ឱ្យ​អ្នក​ផ្សេង​មើល​ ​និង​អាច​រៀនសូត្រ​អ្វី​ម្យ៉ាង​ ​ពី​កិច្ចការ​របស់ខ្ញុំ​។​ ​ខ្ញុំ​បាន​គ្រោង​ផលិត​ជា​វីដេអូ​ខ្លី​ចំនួន​បី​វគ្គ​ ​ជា​ធ្នាក់​ទៅកាន់​ការ​ផ្សព្វផ្សាយ​ ​Offical​ ​Trailer​ ​បញ្ចាំង​នៅក្នុង​រោងភាពយន្ត​ ​ដោយមាន​ការ​ចេញផ្សាយ​សៀវភៅ​ប្រលោមលោក​ ​ក្នុង​គោលបំណង​ប្រាប់​ថា​ ​ស្នាដៃ​ភាពយន្ត​ដ៏​ល្អ​មួយ​ ​មិន​អាច​ផ្ដាច់​ចេញ​បាន​ឡើយ​ ​ពី​ការ​និពន្ធ​សៀវភៅ​»​។​ ​

    ​លោក​បន្ដ​ថា​ ​«​ប៉ុន្តែ​ស្មាន​មិនដល់​ថា​ ​ការ​បញ្ចាំង​ស្នាដៃ​នៅក្នុង​រោងភាពយន្ត​ចេះ​តែ​ពន្យា​ពេល​ ​ដែល​ផ្ដល់​សម្ពាធ​ឱ្យ​ខ្ញុំ​ ​និង​ធ្វើ​ឱ្យ​ខ្ញុំ​គិតថា​ ​តើ​ខ្ញុំ​ពិតជា​មិន​សក្តិ​សមនឹង​កិច្ចការ​ក្នុង​សង្គម​មួយ​នេះ​មែនទេ​?​ ​ទោះជាយ៉ាងណា​ ​ក្រោយមក​ខ្ញុំ​ក៏បាន​គិត​យល់ថា​ ​រាល់​បញ្ហា​ពិតជា​កំពុងតែ​ចង់​ប្រាប់​អ្វី​ម្យ៉ាង​ដល់​ខ្ញុំ​។​ ​ធម្មជាតិ​អាច​នឹង​កំពុងតែ​សាក​នូវ​ភាព​អំណត់​របស់ខ្ញុំ​។​ ​ខ្ញុំ​ក៏​សួរ​ខ្លួនឯង​ថា​ ​ចុះបើ​ស្នាដៃ​មួយ​នេះ​នៅតែ​មិន​អាច​ចាក់​ផ្សាយ​នៅ​រោងភាពយន្ត​បាន​?​ ​មិន​អី​ទេ​!​ ​ខ្ញុំ​នឹង​ទទួលយក​ការពិត​នេះ​ ​ហើយ​ខ្ញុំ​នៅតែ​អរគុណ​ ​ដែល​ធម្មជាតិ​អនុញ្ញាត​ឱ្យ​ខ្ញុំ​បាន​ធ្វើ​នូវ​រឿង​ជាច្រើន​កន្លងមក​នេះ​។​ ​ខ្ញុំ​យល់ថា​ ​ខ្លួនឯង​សំណាង​ពេក​ហើយ​ ​ពិសេស​នៅពេល​ដែល​ខ្ញុំ​មើល​ត្រឡប់​ក្រោយ​នូវ​អ្វី​ដែល​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​។​ ​ចាប់ពី​ថ្ងៃនេះ​ទៅ​ ​មនុស្ស​សំណាង​ម្នាក់​នេះ​ត្រូវតែ​រៀន​លះបង់​ ​រៀន​ផ្ដល់​កម្លាំងចិត្ត​ដល់​មនុស្ស​ទាំងឡាយ​ ​និង​ត្រូវ​ចំណាយពេល​បដិបត្តិ​ ​ឬ​ប្រឹក្សា​ធម៌​ ​ជាជាង​នៅ​បន្ត​ក្ដី​ស្រមៃ​ដែល​គ្មាន​ទីបំផុត​សោះ​នោះ​»​៕​



  • ពិធីករ​ ​អឿង​ ​សុខ​ស៊ី​ណា​រ៉ា​ ​ប្រាប់​មហិ​ច្ឆិ​តា​ក្នុង​ពិភព​សិល្បៈ​ ​

    ពិធីករ​ ​អឿង​ ​សុខ​ស៊ី​ណា​រ៉ា​ ​ប្រាប់​មហិ​ច្ឆិ​តា​ក្នុង​ពិភព​សិល្បៈ​ ​

    ​ពិធីករ​ស្រស់​សង្ហារ​របស់​ស្ថានីយ​ទូរទស្សន៍​ ភីអ៊ីនអ៊ិន​ ​លោក​ ​អឿង​ ​សុខ​ស៊ី​ណា​រ៉ា​ ​បាន​និយាយ​ថា​លោក​ចង់​ពង្រឹង​អាជីព​ជាពិធី​ករ​របស់​ខ្លួន​កាន់តែ​ខ្លាំង​ថែមទៀត​បន្ទាប់ពី​ទទួលការ​ងារ​ថ្មី​ជាពិធី​ករ​នៅ​ ភីអ៊ីនអ៊ិន។​ ​ក្នុង​នោះ​លោក​ក៏​ត្រៀម​ចូលរួម​សកម្មភាព​សង្គម​នានា​ ​ប្រសិនបើ​មាន​តម្រូវការ​ពី​ពី​ស្ថាប័ន​ផ្សេង​ៗ​។​



    ​ការ​បញ្ជាក់​ដូច្នេះ​ដោយសារតែ​លោក​យល់ឃើញ​ថា​ ​ក្នុងនាម​ជា​សិល្បករ​មួយ​រូបការ​ចូលរួម​ការងារ​សង្គម​គឺជា​រឿង​ចាំបាច់​ទោះជា​ការងារ​នោះ​ស្ថិត​ក្នុង​កម្រិត​ណាក៏ដោយ​។​ ​ពិធីករ​ក្នុង​កម្មវិធី​សិល្បៈ​ ​កម្សាន្ត​របស់ភីអ៊ីនអ៊ិន ​បាន​បញ្ជាក់​ថា​៖​”​ខ្ញុំ​សប្បាយរីករាយ​នៅពេល​ក្លាយជា​ ​MC​ ​ម្នាក់​ក្នុង​កម្មវិធី​ព័ត៌មាន​សិល្បៈ​ ​កម្សាន្ត​ ​និង​កម្មវិធី​សិល្បៈ​កម្សាន្ត​របស់​ភីអ៊ីនអ៊ិន​។​ ​វា​ជា​រឿង​មួយ​ដែល​យើង​ត្រូវតែ​យកចិត្ត​ទុកដាក់​បំផុត​រឿង​ការងារ​សង្គម​នេះ​ ​ប្រសិនបើ​យើង​ជាតា​រា​ម្នាក់​ ​ទោះជា​ល្បី​ ​ឬមិន​ល្បី​ក៏ដោយ​ ​តែ​ជា​ការងារ​មួយ​ដែល​តា​រាៗ​រីករាយ​នឹង​ចូលរួម​”​។​​ ​បើ​ទោះជា​មិនទាន់​មានឈ្មោះ​បោះ​សំឡេង​ក្នុង​សង្គម​សិល្បៈ​ដូចជា​តារា​មួយចំនួន​ក្ដី​ ​ក៏ប៉ុន្តែ​ពិធីករ​ស្រស់​សង្ហារ​រូប​នេះ​ ​ហាក់​មិន​អាក់អន់​ស្រពន់ចិត្ត​នោះ​ទេ​។​ ​លោក​មានតែ​បង្ហាញ​ក្ដី​សប្បាយរីករាយ​នៅពេល​ក្លាយជា​ពិធីករ​ម្នាក់​ក្នុង​កម្មវិធី​ ​ព័ត៌មាន​ ​ជីវិត​កម្សាន្ត​ ​និង​កម្មវិធី​ ​សិល្បៈ​ ​កម្សាន្ត​របស់​ស្ថានីយ​ទូរទស្សន៍ភីអ៊ីនអ៊ិន ​។​



    ​ពិធីករ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក Business​ ​នៅ​ ​CAMIU​ ​បន្ថែម​ថា​លោក​នឹង​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ថែមទៀត​ដើម្បី​ក្លាយជា​ពិធីករ​អាជីព​ម្នាក់​នា​ពេល​ដ៏​ខ្លី​ខាងមុខ​។​ ​ក្នុង​នោះ​តារា​វ័យ​ ​២៦ឆ្នាំ​រូប​នេះ​ក៏​ប្រកាស​ទទួលការ​ថត​ស្ប៉ត​ ​និង​ភាពយន្ត​ផង​ដែរ​ប្រសិនបើ​មាន​បណ្ដា​ផលិតកម្ម​ចង់​ទាក់ទង​។​ ​បច្ចុប្បន្ន​លោក​ ​រឿង​ ​សុខ​ស៊ី​ណា​រ៉ា​ ​កំពុង​កាន់​កម្មវិធី២នៅ​ ​PNN​ ​គឺ​កម្មវិធី​ព័ត៌មាន​ជីវិត​កម្សាន្ត​របស់ភីអ៊ីនអ៊ិន​ ​ផ្សាយ​រៀងរាល់ថ្ងៃ​ពី​ចន្ទ​ ​ដល់​ព្រហស្បតិ៍​ ​វេលា​ម៉ោង​ ​៧ដល់ម៉ោង​ ​៧និង៥០នាទី​យប់​ ​និង​ទី២កម្មវិធី​សិល្បៈ​ ​កម្សាន្ត​ផ្សាយ​រៀងរាល់ថ្ងៃ​សៅរ៍​ ​វេលា​ម៉ោង១១​ ​ដល់ម៉ោង​ ​១១​ ​និង៣០នាទី​ថ្ងៃត្រង់​។​ ​

    ​តារា​រូប​នេះ​ក៏​កំពុង​សិក្សា​បន្ថែម​ភាសា​ ​អង់គ្លេស​ ​និង​ភាសា​ ​ថៃ​ ​ដើម្បី​ជួយ​បង្កើត​ចំណេះដឹង​ ​និង​តម្រូវការ​ទីផ្សារ​ផ្នែក​ពិធីករ​។​ ​លោក​ធ្លាប់​ជា​ ​ធ្លាប់​ជា​បុគ្គលិក​ជំនួយការ​អ្នក​ផលិតកម្ម​វិធី​ ​និង​ ​creative​ ​កម្មវិធី​កម្សាន្ត​ ​២០១៥​-​២០១៧​ ​និង​ធ្វើជា​ពិធីករ​ក្នុង​កម្មវិធី​ ​PNN​ ​Hi​-​Light​ ​និង​ ​Funny​ ​Clip​ ​និង​ ​outdoor​ ​reporter​ ​ឆ្នាំ២០១៦​៕​




  • គ្រូបង្វឹក​ក្រុម​ជម្រើស​កោះ​ហុងកុង​និយាយ​ថា​ ​កីឡាករ​របស់​លោក​នឹង​មិនសូវ​រត់​ឡើយ​ពេល​ប្រកួត​ជាមួយ​កម្ពុជា​

    គ្រូបង្វឹក​ក្រុម​ជម្រើស​កោះ​ហុងកុង​និយាយ​ថា​ ​កីឡាករ​របស់​លោក​នឹង​មិនសូវ​រត់​ឡើយ​ពេល​ប្រកួត​ជាមួយ​កម្ពុជា​

    ​លោក​ ​Mixu​ ​Paatelainen​ ​គ្រូបង្វឹក​ជម្រើស​កោះ​ហុងកុង​ ​មុន​ពេល​ឡើង​យន្តហោះ​មក​ប្រទេស​កម្ពុជា​ ​បាន​និយាយ​ថា​ ​លោក​ប្រហែលជា​នឹង​មាន​សម្ពាធ​ច្រើន​ពេល​ប្រកួត​ជាមួយនឹង​កម្ពុជា​ ​ដោយសារតែ​លោក​មិនធ្លាប់​មក​កម្ពុជា​ពិ​មុន​មក​ឡើយ​។​

    ​គ្រូបង្វឹក​រូប​នេះ​បាន​បញ្ជាក់​ថា​ ​លោក​ដឹង​ថា​ ​កម្ពុជា​មាន​អាកាសធាតុ​ក្តៅ​ ​មាន​ទីលាន​សិប្បនិម្មិត​ ​ហើយ​មាន​អ្នកគាំទ្រ​ច្រើនលើស​លប់​ ​ដូចនេះ​ច្បាស់​ណាស់​ ​ក្រុម​លោក​នឹង​លេង​មិនសូវ​បាន​ល្អ​ប៉ុន្មាន​ឡើយ​។​

    ​លោក​ក៏បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ទម្រង់​លេង​របស់​ក្រុម​របស់​លោក​ដែល​នឹង​លេង​ជាមួយ​កម្ពុជា​ដែរ​ថា​ ​លោក​នឹង​ឱ្យ​កីឡាករ​ម្នា​ក់ៗ​លេង​តាម​តំបន់​ដែល​ខ្លួន​ត្រូវ​លេង​ ​ដោយ​មិន​ឱ្យ​រត់ឡើង​ ​ឫ​ចុះ​ច្រើន​ឡើយ​ ​ដោយសារ​អាកាសធាតុ​ក្តៅ​បែបនេះ​អាច​នឹង​ធ្វើ​ឱ្យ​កីឡាករ​របស់​លោក​ឆាប់​អស់កម្លាំង​៕​

  • បញ្ជី​ឈ្មោះ​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​ ​25នាក់​ចុងក្រោយ​ ​ភាគច្រើន​ជា​យុវជន​

    បញ្ជី​ឈ្មោះ​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​ ​25នាក់​ចុងក្រោយ​ ​ភាគច្រើន​ជា​យុវជន​

    ​កាលពី​រាត្រី​ថ្ងៃទី3​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ម្សិលមិញ​ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ជាប់​ជម្រើស​ ​25នាក់​ចុងក្រោយ​ក្នុង​ក្រុមជម្រើសជាតិ​កម្ពុជា​ក្រោយពី​បាន​ជម្រុះ​ចេញ​ចំនួន​ ​10នាក់​រួច​។​

    ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​ ​25រូប​ចុងក្រោយ​នេះ​ ​មាន​កីឡាករ​ចំនួន​ ​15នាក់​ជា​កីឡាករ​ដែល​មាន​អាយុ​ក្រោម​ ​22ឆ្នាំ​ ​ដែល​ជា​ឈុតU22​ ​របស់​កម្ពុជា​ ​ដែល​បាន​ចំណាត់ថ្នាក់​លេខ2​ ​ក្នុង​ពានរង្វាន់​ ​AFF​ ​U22​ ​CUP​ ​នៅ​កម្ពុជា​កាលពីដើម​ឆ្នាំ2019​ ​កន្លងទៅ​។​

    ​បញ្ជី​ឈ្មោះ​ទាំង​ ​25នាក់​នេះ​ ​ក្រុម​កម្ពុជា​នៅ​មាន​គម្រោង​កាត់​កីឡាករ​ចេញ​ចំនួន​ ​2រូប​បន្ថែម​ទៀត​ ​ដោយសារតែ​សហព័ន្ធ​បាល់ទាត់​ពិភពលោក​អនុញ្ញាត​ឱ្យ​ក្រុមជម្រើសជាតិ​នី​មួយ​ៗ​មាន​កីឡាករ​ត្រឹមតែ​ ​23នាក់​ប៉ុណ្ណោះ​ក្នុង​បញ្ជី​ឈ្មោះ​ចុងក្រោយ​៕​




  • តោះ​!​ ​មក​មើល​ប្រវត្តិ​ប្រកួត​របស់​កីឡាការិនី​គុន​ខ្មែរ​ ​នូ​ ​ស្រីពៅ​ ​លើឆាកអន្តរជាតិ​

    តោះ​!​ ​មក​មើល​ប្រវត្តិ​ប្រកួត​របស់​កីឡាការិនី​គុន​ខ្មែរ​ ​នូ​ ​ស្រីពៅ​ ​លើឆាកអន្តរជាតិ​

    ​នូ​ ​ស្រីពៅ​ ​ជា​កីឡាការិនី​គុន​ខ្មែរ​ដំបូង​គេ​ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​ឱ្យ​កម្ពុជា​លើក​ឆាក​អន្តរជាតិ​ ​ដោយ​បាន​ឈ្នះ​ពានរង្វាន់​ ​និង​មេដាយ​ជាច្រើន​ពី​ការប្រកួត​គុន​ខ្មែរ​ ​មិនថា​ក្នុង​ស្រុក​ ​ឫ​តំណាង​ឱ្យ​កម្ពុជា​នៅ​ក្រៅ​ស្រុក​ឡើយ​។​

    ​ចំពោះ​ស្ថិតិ​ការប្រកួត​របស់​កីឡាការិនី​រូប​នេះ​វិញ​ ​គឺ​នាង​ធ្លាប់​ប្រកួត​ ​4ដង​ ​ឈ្នះ​ទាំង​ ​4ដង​ ​ដោយ​ធ្លាប់​ឈ្នះ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ​2ដង​ ​និង​នៅ​ថៃ​ ​2ដង​ ​ដែល​ទាំងអស់​នោះ​សុទ្ធតែ​ជា​ការប្រកួត​លើ​សង្វៀន​ធំៗ​លំដាប់​អន្តរជាតិ​ទាំងអស់​ ​ដោយ​ការប្រកួត​លើកដំបូង​របស់​នាង​ ​គឺ​នៅ​លើ​សង្វៀន​ ​ASEAN​ ​Fight​ ​នៅ​ប្រទេស​ថៃ​។​ ​ចំណែក​ឯ​ស្នាដៃ​ក្នុង​ស្រុក​វិញ​ ​នាង​គឺជា​កីឡាការិនី​មេដាយមាស​ផ្នែក​ប្រដាល់សកល​ក្នុង​ការប្រកួត​កីឡា​ជាតិ​ឆ្នាំ2018​ ​ហើយក៏​ជា​ម្ចាស់​មេដាយមាស​ ​Kun​ ​Khmer​ ​World​ ​Championship​ ​ផង​ដែរ​។​ ​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កាលពី​ឆ្នាំ2018​ ​សង្វៀន​ប្រដាល់​ ​World​ ​Lethwei​ ​Championship​ ​របស់​មីយ៉ាន់ម៉ា​ ​បាន​ជ្រើសរើស​កីឡាការិនី​ប្រដាល់​ ​នូ​ ​ស្រីពៅ​ ​របស់​កម្ពុជា​ឱ្យ​គ្រង​តំណែង​ជា​កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ2018​ ​ដោយសារ​ ​ស្រីពៅ​ ​បាន​ទៅ​វាយ​នៅ​សង្វៀន​នេះ​ ​2ដង​ ​ហើយ​ទទួល​បាន​ជ័យជម្នះ​ទាំង​ ​2ដង​ ​និង​រក្សា​បាន​កំណត់ត្រា​ឈ្នះ​ ​100​%​៕​



  • វីសា ប្រកាសពីផែនការពង្រឹងសុវត្ថិភាពលើការទូទាត់ប្រាក់ ដើម្បីគាំទ្រក្នុងដំណើរបំលាស់ប្តូរការទូទាត់ ដោយមិនប្រើសាច់ប្រាក់សុទ្ធនៅក្នុងប្រទេសកម្ពុជា

    វីសា ប្រកាសពីផែនការពង្រឹងសុវត្ថិភាពលើការទូទាត់ប្រាក់ ដើម្បីគាំទ្រក្នុងដំណើរបំលាស់ប្តូរការទូទាត់ ដោយមិនប្រើសាច់ប្រាក់សុទ្ធនៅក្នុងប្រទេសកម្ពុជា

    បញ្ហាសុវត្ថិភាពនៅតែជាការពិចារណាដ៏សំខាន់មួយសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា នៅពេលពួកគេប្រើប្រាស់វិធីទូទាត់ប្រាក់បែបថ្មីៗ

     រាជធានីភ្នំពេញថ្ងៃទី៤ ខែកញ្ញាឆ្នាំ ២០១៩ – ក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេនៅក្នុងពិភពលោក​  នៅថ្ងៃនេះបានដាក់ចេញនូវផែនទីសុវត្ថិភាព ផ្លូវនៃអនាគតរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា ដោយគូសបញ្ជាក់នូវវិធីសាស្រ្តដ៏រឹងមាំសម្រាប់ពង្រឹងសុវត្ថិភាពក្នុងការទូទាត់នៅប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុននេះ។

     ផែនទីបង្ហាញផ្លូវរបស់វីសាផ្តោតលើគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដែលសុវត្ថិភាព មានការវិវឌ្ឍន៍ក្នុងល្បឿនដូចគ្នាជាមួយនឹងការផ្លាស់ប្តូរលើបច្ចេកវិទ្យានៃការទូទាត់របស់យើងដូច្នោះដែរ។ គំនិតផ្តួចផ្តើមលើសុវត្ថិភាពទាំងនោះរួមមាន៖

    • ទិន្នន័យត្រូវបានការពារដោយមិនងាយក្លែងបន្លំក្នុងពេលធ្វើប្រតិបត្តិការ។
    • ការពារទិន្នន័យ ដោយអនុវត្តគោលការណ៍សុវត្ថិភាពដើម្បីការពារទិន្នន័យផ្ទាល់ខ្លួន ក៏ដូចជាព័ត៌មានលំអិតអំពីគណនី។
    • បំពាក់ទិន្នន័យ ដោយកំណត់អត្តសញ្ញាណនៃការក្លែងបន្លំដ៏គួរអោយកត់សម្គាល់ណាមួយ មុនពេលវាកើតឡើង និងបង្កើនទំនុកចិត្តក្នុងការអនុម័តលើប្រតិបត្តិការដែលត្រឹមត្រូវ។
    • ផ្តល់សិទ្ធិអំណាចដល់មនុស្សគ្រប់គ្នា រួមទាំងម្ចាស់គណនីផ្ទាល់ ភាគីទីបី និងអាជីវករ ដើម្បីអោយពួកគេដើរតួនាទីយ៉ាងសកម្មក្នុងការធានាសុវត្ថិភាពលើការទូទាត់។


    អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ យើងមានមោទកភាពដែលបានចាប់ផ្តើមដាក់ចេញនូវផែនទីសុវត្ថិភាព សម្រាប់អនាគតប្រទេសកម្ពុជា។ ការធានាសុវត្ថិភាពលើ ប្រព័ន្ធពាណិជ្ជកម្មបែបអេកូសាស្ត្រ (commerce ecosystem) គឺជាអាទិភាពចម្បងរបស់យើង ហើយយើងចាត់ទុកជាការទទួលខុសត្រូវរួមគ្នា រវាងបណ្តាញសេវាកម្មទូទាត់ អ្នកប្រើប្រាស់ ធនាគារ និងរដ្ឋាភិបាល។ បច្ចេកវិទ្យាបានផ្តល់មធ្យោបាយច្នៃប្រឌិតថ្មីៗក្នុងការបង់ប្រាក់ និងទទួលប្រាក់ ប៉ុន្តែវាក៏បាននាំមកនូវហានិភ័យដ៏ស្មុគស្មាញផងដែរ។ ដើម្បីអាចដើរមួយជំហានលឿនជាងកា​រក្លែងបន្លំ យើងត្រូវធ្វើការរួមគ្នាផ្តល់សុវត្ថិភាពដូចគ្នាជាមួយការវិនិយោគ ដូចដែលយើងធ្វើលើការច្នៃប្រឌិតនានា ដែលជំរុញដល់បទពិសោធន៍ពាណិជ្ជកម្មថ្មីៗដូច្នេះដែរ។ ”

    ការបង្ហាញនូវផែនទីបង្ហាញផ្លូវរបស់វីសា កើតឡើងនៅពេលដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សសម្រាប់ទម្រង់នៃការទូទាត់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការអភិវឌ្ឈផ្សេងៗដូចជាការទូទាត់តាមរយៈទូរស័ព្ទដៃ ដែលបង្កើនបទពិសោធន៍សម្រាប់អ្នកប្រើប្រាស់។ យោងលើការសិក្សាស្រាវជ្រាវអំពីឥរិយាបទក្នុងការទូទាត់របស់អតិថិជនប្រើប្រាស់វីសាកាត សុវត្ថិភាពគឺស្ថិតនៅតែជាការពិចារណាចម្បងសម្រាប់អ្នកប្រើប្រាស់នៅទូទាំងអាស៊ីអាគ្នេយ៍ ក្នុងនោះ ៦៧ភាគរយមានការព្រួយបារម្ភអំពីសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ នៅពេលប្រើប្រាស់ទូរស័ព្ទដៃដើម្បីទូទាត់[1]ប្រាក់។

    នៅពេលសួរជាពិសេសអំពីអ្វីដែលជាកង្វល់ធំបំផុតទាំងបីរបស់ពួកគេ នៅពេលប្រើទូរស័ព្ទដៃដើម្បីធ្វើការទូទាត់ប្រាក់ អតិថិជននៅប្រទេសកម្ពុជាបាននិយាយថា ការជ្រុះបាត់ទូរស័ព្ទ ឬទូរស័ព្ទត្រូវបានគេលួច ឬទូរស័ព្ទត្រូវបានគេចូលលួចទិន្នន័យ និងប្រឈមជាមួយ malware ឬទូស័ព្ទត្រូវបានមេរោគចូលវាយលុកជាដើម។

    ក្រុមហ៊ុនវីសាបានធ្វើការជាមួយអ្នកពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មនេះ រួមមានស្ថាប័នហិរញ្ញវត្ថុ អាជីវក អ្នកបង្កើតច្បាប់ អ្នកអនុវត្តច្បាប់ និងម្ចាស់គណនីផ្ទាល់ ដើម្បីទទួលបានការទូទាត់ប្រកបដោយសុវត្ថិភាព។ ផែនទីបង្ហាញផ្លូវសុវត្ថិភាពនាពេលអនាគតរបស់វីសា គឺជាលទ្ធផលនៃការពិគ្រោះយោបល់ និងការសហការគ្នាដ៏ទូលំទូលាយ ដែលធ្វើឱ្យឯកសារនេះក្លាយជាឯកសារផ្លូវការមួយស្តីពីការទូទាត់ប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា។

    វីសាកំពុងចែកចាយនូវផែនទីបង្ហាញផ្លូវរបស់ខ្លួននៅជុំវិញពិភពលោក ដើម្បីធានាដល់ប្រព័ន្ធសុវត្ថិភាពពាណិជ្ជកម្មបែបអេកូសាស្រ្តនៅក្នុងពិភពលោក ក៏ដូចជាធ្វើការជាមួយស្ថាប័នឧស្សាហកម្មធនាគារកម្ពុជា ដើម្បីជួយតម្រែតម្រង់គំនិតផ្តួចផ្តើមលើបញ្ហាសុវត្ថិភាពនេះដែរ។

    អំពីក្រុមហ៊ុន Visa
    Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។  បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និង​ជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាន និងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគត cashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល វីសាក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល​ បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។

    ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រ usa.visa.com/aboutvisa, visacorporate.tumblr.com​ និង @VisaNews.

    ព័ត៌មានបន្ថែម សូមទាក់ទងមក៖

    ត្រាងង្វៀន (Trang Nguyen)
    ក្រុមហ៊ុន Visa Worldwide Pte. Limited
    ទូរស័ព្ទ (84) 28 3520 7439
    អ៊ីម៉ែល   [email protected]         

    គ្រី សុវណ្ណារី

    ក្រុមហ៊ុន Red Dot, តំណាងក្រុមហ៊ុន Visa Inc.

    ទូរស័ព្ទ +85511733368

    អ៊ីម៉ែល  [email protected]

    [1] ការសិក្សាអំពីឥរិយាបទទូទាត់ប្រាក់របស់អ្នកប្រើប្រាស់វីសា ត្រូវបានធ្វើឡើងក្នុងចំណោមអតិថិជនចំនួន ៤០០០ នាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជា នៅខែសីហាឆ្នាំ ២០១៧ ។